លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើមានហេតុឲ្យសង្ឃឹមថា យើងនឹងបានសង្គ្រោះទេ?

តើមានហេតុឲ្យសង្ឃឹមថា យើងនឹងបានសង្គ្រោះទេ?

តើ​មាន​ហេតុ​ឲ្យ​សង្ឃឹម​ថា យើង​នឹង​បាន​សង្គ្រោះ​ទេ?

សតវត្ស​ទី​២០​បាន​ត្រូវ​ហៅ​ជា​សតវត្ស​ដែល​មាន​ការ​បង្ហូរ​ឈាម​ច្រើន​ជាង​គេ​បំផុត។ ក្នុង​កំឡុង​ប៉ុន្មាន​ទសវត្ស​ចុង​ក្រោយ​នេះ មាន​បទ​ឧក្រិដ្ឋ សង្គ្រាម ភាព​ចលាចល​រវាង​ពូជ​សាសន៍​ផ្សេង​ៗ ការ​ប្រើ​គ្រឿង​ញៀន​ផ្ដេស​ផ្ដាស ភាព​មិន​ទៀង​ត្រង់ និង​អំពើ​ហិង្សា​ចំរើន​ឡើង​ជា​ដើម។ បន្ថែម​ទៅ​ទៀត ក៏​មាន​ការ​រង​ទុក្ខ​និង​ការ​ឈឺ​ចាប់​ដែល​ជា​លទ្ធផល​ពី​ជម្ងឺ ភាព​ចាស់​ជរា និង​សេចក្ដី​ស្លាប់។ គ្រប់​គ្នា​ប្រាថ្នា​ចង់​រួច​ពី​បញ្ហា​ដ៏​ធំ​ក្រៃ​លែង​ដែល​មាន​ក្នុង​ពិភព​លោក​នេះ មែន​ទេ? ពេល​យើង​សម្លឹង​ទៅ​មើល​អនាគតកាល តើ​មាន​ហេតុ​ឲ្យ​សង្ឃឹម​ថា យើង​នឹង​បាន​សង្គ្រោះ​ទេ?

សូម​យក​មក​ពិចារណា​នូវ​ចក្ខុនិមិត្ត​ដែល​សាវ័ក​យ៉ូហាន​បាន​ទទួល​ប្រមាណ​២.០០០​ឆ្នាំ​មុន​នេះ។ គាត់​បាន​សរសេរ​ថា​៖ ​«​មើល! រោង​ឧបោសថ​របស់​ព្រះ បាន​នៅ​ជា​មួយ​នឹង​មនុស្ស​ហើយ ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​គេ គេ​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​ទ្រង់។ ហើយ​ព្រះ​អង្គ​ទ្រង់​ក៏​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ។ ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ នឹង​គ្មាន​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​សោក​សង្រេង ឬ​សេចក្ដី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ។ ដ្បិត​សេចក្ដី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ​»។ (​វិវរណៈ ២១:៣, ៤​) ព្យាការី​អេសាយ​ក៏​បាន​ទាយ​ដូច​គ្នា​ដែរ​ថា​៖ ​«​ទ្រង់​នឹង​បំផ្លាញ​សេចក្ដី​ស្លាប់​ឲ្យ​សូន្យ​បាត់​ទៅ​ជា​ដរាប នោះ​ព្រះ​អម្ចាស់​យេហូវ៉ា ទ្រង់​នឹង​ជូត​ទឹក​ភ្នែក​ពី​មុខ​មនុស្ស​ទាំង​អស់។ ហើយ​ទ្រង់​នឹង​ដក​សេចក្ដី​ត្មះ​តិះ​ដៀល​ចំពោះ​រាស្ត្រ​ទ្រង់ ពី​ផែនដី​ទាំង​មូល​ចេញ ដ្បិត​ព្រះ​យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​ដូច្នេះ​ហើយ​»។—អេសាយ ២៥:៨

សូម​គិត​ទៅ​មើល ថា​ការ​សម្រេច​តាម​ទំនាយ​របស់​ព្រះ​នឹង​មាន​ន័យ​យ៉ាង​ណា! មនុស្សជាតិ​នឹង​ត្រូវ​បាន​ប្រោស​ឲ្យ​រួច គឺ​រំដោះ​ចេញ​ពី​ការ​គាប​សង្កត់​និង​អំពើ​ឃោរឃៅ ដែល​ជា​ដើម​ហេតុ​បណ្ដាល​ឲ្យ​រង​ទុក្ខ​និង​តប់​ប្រមល់។ សូម្បី​តែ​ជម្ងឺ ជរា​ភាព និង​សេចក្ដី​ស្លាប់​និង​លែង​ធ្វើ​បាប​យើង​ទៀត​ហើយ! ព្រះ​បន្ទូល​របស់​ព្រះ គឺ​ព្រះ​គម្ពីរ សន្យា​អំពី​ជីវិត​ជា​រៀង​រហូត​នៅ​លើ​ផែនដី ក្រោម​ស្ថានការណ៍​ដ៏​គ្រប់​ល័ក្ខណ៍។ (​លូកា ២៣:៤៣; យ៉ូហាន ១៧:៣​) ហើយ​អស់​អ្នក​ណា​ដែល​ចង់​បាន​នោះ អាច​ទទួល​បាន។ ​«​[​ព្រះ​]ទ្រង់​សព្វ​ព្រះ​ហឫទ័យ ឲ្យ​មនុស្ស​ទាំង​អស់​បាន​សង្គ្រោះ ហើយ​ឲ្យ​បាន​ស្គាល់​សេចក្ដី​ពិត​»។—ធីម៉ូថេ​ទី​១ ២:៣, ៤

ក៏​ប៉ុន្តែ ដើម្បី​ទទួល​គុណ​ប្រយោជន៍​ពី​សេចក្ដី​សន្យា​របស់​ព្រះ យើង​ត្រូវ​តែ​យល់​អំពី​មុខ​នាទី​របស់​ព្រះ​យេស៊ូ ក្នុង​ការ​សង្គ្រោះ​យើង ហើយ​យើង​ត្រូវ​តែ​អនុវត្ត​ជំនឿ​ទៅ​លើ​ទ្រង់។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ដោយ​អង្គ​ទ្រង់​ផ្ទាល់​ថា​៖ ​«​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម្ល៉េះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជបុត្រា​នោះ មិន​ត្រូវវិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជា​និច្ច​វិញ​»។ (​យ៉ូហាន ៣:១៦​) ក្នុង​ការ​បញ្ជាក់​អំពី​មុខ​នាទី​ដ៏​ចាំ​បាច់​របស់​ព្រះ​យេស៊ូ​គ្រីស្ទ​ក្នុង​រឿង​នេះ សាវ័ក​ពេត្រុស​បាន​ស្រដី​ថា​៖ ​«​គ្មាន​សេចក្ដី​សង្គ្រោះ ដោយ​សារ​អ្នក​ណា​ទៀត​សោះ ដ្បិត​នៅ​ក្រោម​មេឃ គ្មាន​នាម​ឈ្មោះ​ណា​ទៀត​បាន​ប្រទាន​មក​មនុស្ស​លោក ឲ្យ​យើង​រាល់​គ្នា​បាន​សង្គ្រោះ​នោះ​ឡើយ​»។ (​កិច្ច​ការ ៤:១២​) សាវ័ក​ប៉ុល​និង​សហការី​របស់​គាត់ ឈ្មោះ​ស៊ីឡាស បាន​ដាស់​តឿន​អ្នក​សួរ​សំនួរ​ស្មោះ​អស់​ពី​ចិត្ត​ម្នាក់​ថា​៖ ​«​ចូរ​ជឿ​ដល់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​ទៅ នោះ​នឹង​បាន​សង្គ្រោះ​ហើយ ព្រម​ទាំង​ពួក​គ្រួសារ​លោក​ផង​»។—កិច្ច​ការ ១៦:៣០, ៣១

មែន​ហើយ ព្រះ​យេស៊ូ​គ្រីស្ទ​គឺ​ជា‹ព្រះ​អម្ចាស់​នៃ​ជីវិត› ហើយ​មាន​សេចក្ដី​សង្គ្រោះ​តាម​រយៈ​តែ​ទ្រង់​ប៉ុណ្ណោះ។ (​កិច្ច​ការ ៣:១៥​) ប៉ុន្តែ តើ​ដោយ​ដូច​ម្ដេច​បាន​ជា​មាន​តែ​បុរស​ម្នាក់​ប៉ុណ្ណោះ ជា​បុគ្គល​សំខាន់​ម្ល៉េះ​ក្នុង​ការ​សង្គ្រោះ​យើង? ការ​យល់​យ៉ាង​ច្បាស់​លាស់​អំពី​មុខ​នាទី​ដូច​នោះ​របស់​ទ្រង់ គួរ​ពង្រឹង​នូវ​សេចក្ដី​សង្ឃឹម​របស់​យើង​ឲ្យ​បាន​សង្គ្រោះ។

[​អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូប​ភាព​នៅ​ទំព័រ​២​]

ទំព័រ​ទី​៣: យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក: USAFphoto; កូន​ក្មេង​អត់​បាយ​ហូប: UNITED NATIONS/J. FRAND; នាវា​ចម្បាំង​កំពុង​តែ​ឆេះ: U.S.Navy photo