លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

វិធីបន្ធូរអារម្មណ៍តានតឹងយ៉ាងមានប្រសិទ្ធិភាព

វិធីបន្ធូរអារម្មណ៍តានតឹងយ៉ាងមានប្រសិទ្ធិភាព

វិធី​បន្ធូរ​អារម្មណ៍​តាន​តឹង​យ៉ាង​មាន​ប្រសិទ្ធិភាព

​«​ចូរ​មក​ឯ​ខ្ញុំ​ចុះ! អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ! ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន​កម្លាំង​ចិត្ត​ឡើង​វិញ​»។—ម៉ាថាយ ១១:២៨, ព.ថ.

១, ២. (​ក​) តើ​ព្រះ​គម្ពីរ​មាន​អ្វី​ខ្លះ​ដែល​ជួយ​បន្ធូរ​អារម្មណ៍​តាន​តឹង​ហួស​ហេតុ​នោះ? (​ខ​) តើ​សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូ​មាន​ប្រសិទ្ធិភាព​យ៉ាង​ណា?

 អ្នក​ទំនង​ជា​នឹង​យល់​ស្រប​ថា អាការ​តាន​តឹង​ក្នុង​អារម្មណ៍​ច្រើន​ហួស​ហេតុ អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ខ្លួន ហើយ​នាំ​ឲ្យ​កើត​ទុក្ខ​ផង​ដែរ។ ព្រះ​គម្ពីរ​បញ្ជាក់​ថា មនុស្សជាតិ​ទាំង​ពួង​មាន​បន្ទុក​ធ្ងន់​ផ្សេង​ៗ​ពី​គ្នា ដែល​សង្កត់​មក​លើ​ខ្លួន​គេ​ឲ្យ​ងើប​មិន​រួច​ដល់​ម្ល៉េះ​បាន​ជា​មនុស្ស​ជា​ច្រើន​កំពុង​តែ​រង់​ចាំ ដោយ​ចិត្ត​អន្ទះអន្ទែង​នូវ​ការ​រំដោះ​ពី​ជីវភាព​បែប​នេះ​ដែល​បង្ក​ឲ្យ​មាន​ភាព​តាន​តឹង​ក្នុង​ចិត្ត។ (​រ៉ូម ៨:២០​-​២២​) ប៉ុន្តែ បទ​គម្ពីរ​ក៏​លើក​បញ្ជាក់​ថា យើង​អាច​ទទួល​ការ​សម្រាល​ទុក្ខ​បាន​មួយ​កំរិត​ក្នុង​ពេល​ឥឡូវ​នេះ។ ការ​សម្រាល​ទុក្ខ​នេះ​កើត​ពី​ការ​ប្រព្រឹត្ត​តាម​ឱវាទ​របស់​យុវបុរស​ម្នាក់​ដែល​ធ្លាប់​រស់​២០​សតវត្ស​មុន​នេះ។ គាត់​ជា​ជាង​ឈើ​ម្នាក់ តែ​អ្វី​ដែល​គាត់​ស្រឡាញ់​ជាង​នោះ​ទៅ​ទៀត គឺ​ជា​មនុស្សជាតិ។ ពាក្យ​សំដី​របស់​គាត់​ធ្លាប់​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត​មនុស្ស ហើយ​ក៏​បាន​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​គេ ដោយ​ជួយ​អ្នក​ទន់​ខ្សោយ ថែម​ទាំង​ដោយ​លួង​លោម​សម្រួល​ចិត្ត​របស់​អ្នក​ដែល​បាក់​ទឹក​ចិត្ត។ សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ គាត់​ក៏​បាន​ជួយ​មនុស្ស​ជា​ច្រើន​ឲ្យ​ចំរើន​នូវ​សមត្ថភាព​ខាង​វិញ្ញាណ​របស់​គេ​ដល់​កំពូល។ ដូច្នេះ គេ​បាន​ទទួល​នូវ​ការ​ធូរ​ស្រាល​ពី​ភាព​តាន​តឹង​ហួស​ហេតុ​ក្នុង​អារម្មណ៍​វិញ ហើយ​អ្នក​ក៏​អាច​ទទួល​នេះ​បាន​ដែរ។—លូកា ៤:១៦​-​២១; ១៩:៤៧, ៤៨; យ៉ូហាន ៧:៤៦

បុរស​នេះ​គឺ​ជា​ព្រះ​យេស៊ូ​ពី​ភូមិ​ណាសារ៉ែត ហើយ​ទ្រង់​មិន​បាន​យក​ប្រជា​ប្រាជ្ញា​របស់​លោកីយ៍​នេះ​មក​ដឹក​មុខ ដូច​ដែល​អ្នក​ខ្លះ​បាន​ស្វះ​ស្វែង​រក​នៅ​ទី​ក្រុង​រ៉ូម អាថែន និង​អ័លេក្សានទ្រា​ពី​បុរាណ​នោះ​ឡើយ។ យ៉ាង​ណា​ក៏​ដោយ សេចក្ដី​បង្រៀន​របស់​ទ្រង់​ត្រូវ​គេ​ស្គាល់​ជា​ទូទៅ។ គន្លឹះ​នៃ​ប្រធាន​សេចក្ដី​បង្រៀន​នោះ គឺ​ជា​រដ្ឋាភិបាល ដែល​ជា​ខ្សែ​រយៈ​របស់​ព្រះ​សំរាប់​ការ​គ្រប់​គ្រង​លើ​ផែនដី​យើង​ដោយ​ជោគ​ជ័យ។ ព្រះ​យេស៊ូ​ក៏​បាន​ពន្យល់​នូវ​គោល​ការណ៍​បឋម​ៗ​អំពី​របៀប​រស់​នៅ។ គោល​ការណ៍​ទាំង​នេះ​មាន​គុណ​ប្រយោជន៍​ពិត​ៗ​នៅ​សព្វ​ថ្ងៃ​នេះ។ អ្នក​ដែល​រៀន​និង​អនុវត្ត​តាម​អ្វី​ដែល​ព្រះ​យេស៊ូ​បាន​បង្រៀន​នោះ នឹង​ទទួល​អត្ថប្រយោជន៍​ភ្លាម​ៗ រួម​ទាំង​ការ​បន្ធូរ​នូវ​អាការ​តាន​តឹង​ហួស​ហេតុ​ក្នុង​អារម្មណ៍។ តើ​អ្នក​ចង់​បាន​ដែរ​ឬ​ទេ?

៣. តើ​ព្រះ​យេស៊ូ​បាន​ផ្ដល់​សេចក្ដី​អញ្ជើញ​អ្វី​ដ៏​ប្រសើរ​នោះ?

ប្រហែល​ជា​អ្នក​សង្ស័យ​និង​ដណ្ដឹង​សួរ​ខ្លួន​ឯង​ថា​៖‹តើ​មនុស្ស​ម្នាក់​ដែល​បាន​រស់​នៅ​សម័យ​បុរាណ​នោះ ពិត​ជា​អាច​ផ្ដល់​ឲ្យ​នូវ​ប្រយោជន៍​ក្នុង​ជីវិត​ខ្ញុំ​ឥឡូវ​នេះ​បាន​ទេ?›។ សូម​ស្ដាប់​នូវ​សេចក្ដី​អញ្ជើញ​របស់​ព្រះ​យេស៊ូ​ដែល​ថា​៖ ​«​អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ! ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង[​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន​កម្លាំង​ចិត្ត​ឡើង​វិញ, ព.ថ.​] ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ! ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សំរាក​ដល់​ព្រលឹង ពីព្រោះ​នឹម​ខ្ញុំ​ងាយ​ទេ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល​»។ (​ម៉ាថាយ ១១:២៨​-​៣០​) តើ​ទ្រង់​ចង់​មាន​បន្ទូល​ដូច​ម្ដេច? សូម​ឲ្យ​យើង​ពិនិត្យ​ពិច័យ​យ៉ាង​ល្អិត​ល្អន់​នូវ​បន្ទូល​នេះ ឲ្យ​ដឹង​ពី​របៀប​ដែល​នេះ​អាច​ជួយ​បន្ធូរ​ភាព​តាន​តឹង​ក្នុង​អារម្មណ៍​ដែល​ធ្វើ​ទុក្ខ​ដល់​យើង។

៤. តើ​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ទៅ​កាន់​មនុស្ស​បែប​ណា? ហើយ​អ្នក​ស្ដាប់​ទ្រង់​ប្រហែល​ជា​ពិបាក​ធ្វើ​អ្វី​ដែល​តម្រូវ​ពី​គេ​និង​ដោយ​ព្រោះ​អ្វី?

ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ទៅ​កាន់​មនុស្ស​ជា​ច្រើន​នាក់ ដែល​ស៊ូ​ព្យាយាម​ធ្វើ​អ្វី​ៗ​សម្រប​ទៅ​តាម​ក្រិត្យ​វិន័យ តែ​ត្រូវ​«​ផ្ទុក​ធ្ងន់​»​ដោយ​ព្រោះ​អ្នក​ដឹក​នាំ​សាសនា​យូដា​នោះ​បាន​ធ្វើ​ឲ្យ​សាសនា​ក្លាយ​ទៅ​ជា​បន្ទុក​មួយ​ដ៏​ធ្ងន់។ (​ម៉ាថាយ ២៣:៤​) ពួក​គេ​បាន​បង្កើត​វិន័យ​សំរាប់​ជីវិត​សឹង​តែ​គ្រប់​ផ្នែក​ទាំង​អស់។ អ្នក​ក៏​នឹង​មាន​អារម្មណ៍​តាន​តឹង​ផង​ដែរ បើ​សិន​ជា​អ្នក​ត្រូវ​គេ​បញ្ជា​អ្នក​ថា​«​កុំ​»​ធ្វើ​នេះ​ឬ​«​ចូរ​»​ធ្វើ​នោះ​ម្ដង​ហើយ​ម្ដង​ទៀត​ឥត​ឈប់​ឈរ​នោះ មែន​ទេ? ផ្ទុយ​ទៅ​វិញ សេចក្ដី​អញ្ជើញ​របស់​ព្រះ​យេស៊ូ​នាំមនុស្ស​ទៅ​ដល់​សេចក្ដី​ពិត សេចក្ដី​សុចរិត និង​ជីវិត​ដ៏​ល្អ​ប្រសើរ​ជាង ប្រសិន​បើ​គេ​ស្ដាប់​តាម​ទ្រង់។ ពិត​ណាស់ ការ​ស្គាល់​ព្រះ​ពិត​តម្រូវ​ឲ្យ​ស្ដាប់​តាម​ព្រះ​យេស៊ូ​គ្រីស្ទ​ដោយ​យក​ចិត្ត​ទុក​ដាក់ ដ្បិត​មនុស្ស​អាច​មើល​ឃើញ​លក្ខណៈ​សម្បត្ដិ​របស់​ព្រះ​យេហូវ៉ា​ដែល​បង្កប់​ក្នុង​ការ​ប្រព្រឹត្ត​របស់​ព្រះ​យេស៊ូ។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ ​«​អ្នក​ណា​ដែល​ឃើញ​ខ្ញុំ នោះ​បាន​ឃើញ​ព្រះ​វរបិតា​ដែរ​»។—យ៉ូហាន ១៤:៩

តើ​ជីវិត​របស់​អ្នក​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​តាន​តឹង​ហួស​ហេតុ​ទេ?

៥, ៦. តើ​បែប​បទ​រក​ស៊ី​នៅ​សម័យ​ព្រះ​យេស៊ូ​និង​កំរៃ​របស់​គេ​អាច​ប្រៀប​ធៀប​យ៉ាង​ណា​នឹង​កំរៃ​របស់​យើង​នៅ​សព្វ​ថ្ងៃ​នេះ?

អ្នក​ប្រហែល​ជា​ចាប់​អារម្មណ៍​នឹង​រឿង​នេះ​ដោយ​សារ​ការ​ងារ​ធ្វើ​របស់​អ្នក​ឬ​ស្ថានភាព​ក្នុង​ក្រុម​គ្រួសារ​បង្កើត​ឲ្យ​មាន​អំពល់​ខ្វាត់​ខ្វែង​ដែល​រួម​រឹត​ខ្លួន​អ្នក​ពេញ​ទី។ ឬ​មួយ​ក៏​ប្រហែល​ជា​កាតព្វកិច្ច​ផ្សេង​ទៀត​ហាក់​ដូច​ជា​ធំ​លើស​លប់​ពិបាក​ទ្រាំ​ទ្រ។ បើ​ដូច្នេះ​មែន អ្នក​ក៏​ដូច​មនុស្ស​ចិត្ត​ស្មោះ​ស​ដែល​ព្រះ​យេស៊ូ​ធ្លាប់​ជួប​នឹង​ជួយ​នោះ​ដែរ។ ជា​ឧទាហរណ៍ សូម​គិត​អំពី​បញ្ហា​ការ​រក​ស៊ី។ នៅ​សម័យ​ព្រះ​យេស៊ូ​មនុស្ស​ជា​ច្រើន​កំពុង​តែ​ពុះ​ពារ​នឹង​បញ្ហា​នេះ​និង​សព្វ​ថ្ងៃ គឺ​ដូច​គ្នា​ដែរ។

នៅ​សម័យ​ព្រះ​យេស៊ូ កម្មករ​ធ្លាប់​ធ្វើ​ការ​១២​ម៉ោង​ក្នុង​មួយ​ថ្ងៃ ៦​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ហើយ​ធម្មតា​បាន​ឈ្នួល​តែ​១​ដួង​ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ។ (​ម៉ាថាយ ២០:២​-​១០​) តើ​ប្រាក់​ខែ​អ្នក​ឬ​ពួក​ម៉ាក​អ្នក​អាច​យក​មក​ប្រៀប​យ៉ាង​ណា​នឹង​ឈ្នួល​នោះ? ការ​ប្រៀប​ថ្លៃ​ឈ្នួល​នៅ​សម័យ​បុរាណ​និង​សម័យ​ទំនើប​នេះ​អាច​ពិបាក​ប្រៀប​មែន។ វិធី​មួយ​ដែល​យើង​អាច​ប្រៀប​ធៀប​បាន គឺ​ដោយ​គិត​អំពី​អ្វី​ដែល​កំរៃ​នោះ​អាច​ទិញ​មក​បាន។ បណ្ឌិត​ម្នាក់​ប្រាប់​ថា នៅ​សម័យ​ព្រះ​យេស៊ូ ម្សៅ​សាលី​មួយ​លីត្រ​ដើម្បី​ធ្វើ​នំ​ប៉័ង​មួយ​ដុំ​មាន​តម្លៃ​ស្មើ​នឹង​ថ្លៃ​ឈ្នួល​សំរាប់​មួយ​ម៉ោង។ បណ្ឌិត​ម្នាក់​ផ្សេង​ទៀត​ពន្យល់​ថា ស្រា​ល្អ​មួយ​កែវ​មាន​តម្លៃ​ស្មើ​នឹង​ឈ្នួល​ពីរ​ម៉ោង។ ដូច្នេះ ពត៌មាន​ល្អិត​ល្អន់​បែប​នេះ​បំភ្លឺ​ឲ្យ​យល់​ថា មនុស្ស​នៅ​សម័យ​នោះ​ត្រូវ​ធ្វើ​ការ​ទាំង​នឿយ​ហត់​ដើម្បី​ចិញ្ចឹម​ជីវិត​ខ្លួន។ គេ​ត្រូវ​ការ​នូវ​ការ​បន្ធូរ​អារម្មណ៍ និង​ទទួល​កម្លាំង​ចិត្ត​ឡើង​វិញ​ដូច​យើង​ដែរ។ បើ​សិន​ជា​អ្នក​មាន​ការ​ងារ​ធ្វើ នោះ​ប្រហែល​ជា​មាន​ការ​បង្ខិត​បង្ខំ​គាប​សង្កត់​ឲ្យ​អ្នក​ខំ​ប្រឹង​ធ្វើ​អោយ​បាន​ផលិតផល​រឹត​តែ​ច្រើន​ទៅ​ទៀត។ យើង​ច្រើន​តែ​គ្មាន​ពេល​ដើម្បី​គិត​គូរ​វែង​ឆ្ងាយ​មុន​ដែល​យើង​ធ្វើ​ការ​សម្រេច​នោះ​ទេ។ អ្នក​ប្រហែល​ជា​នឹង​សារភាព​ថា អ្នក​ត្រូវ​ការ​ការ​បន្ធូរ​អារម្មណ៍​ផង​ដែរ។

៧. តើ​មនុស្ស​បាន​ប្រព្រឹត្ត​តប​យ៉ាង​ណា​ចំពោះ​បន្ទូល​របស់​ព្រះ​យេស៊ូ?

ជាក់​ស្តែង​ណាស់ សេចក្ដី​អញ្ជើញ​របស់​ព្រះ​យេស៊ូ​ចំពោះ​អស់​អ្នក​ដែល​«​នឿយ​ព្រួយ​ហើយ​ផ្ទុក​ធ្ងន់​»​នឹង​ទាក់​ទាញ​ចិត្ត​មនុស្ស​ភាគ​ច្រើន​នៅ​សម័យ​នោះ។ (​ម៉ាថាយ ៤:២៥; ម៉ាកុស ៣:៧, ៨​) ហើយ​សូម​នឹក​ចាំ​ថា​ព្រះ​យេស៊ូ​ក៏​បាន​សន្យា​ថា ទ្រង់​នឹង‹ជួយ​ឲ្យ​អ្នក​មាន​កម្លាំង​ចិត្ត​ឡើង​វិញ›ដែរ។ ទ្រង់​ក៏​សន្យា​ដូច្នេះ​សំរាប់​យើង​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ បើ​សិន​ជា​យើង​ក៏​«​នឿយ​ព្រួយ​និង​ផ្ទុក​ធ្ងន់​»​នោះ។ ហើយ​ក៏​សំរាប់​អ្នក​ជា​ទី​ស្រឡាញ់​របស់​យើង​ដែល​ទំនង​ជា​មាន​កាលៈទេសៈ​ដូច​គ្នា​ដែរ។

៨. តើ​ដូច​ម្ដេច​ដែល​ការ​ចិញ្ចឹម​អប់រំ​កូន និង​ភាព​ចាស់​ជរា រឹត​តែ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​តាន​តឹង​ដូច្នេះ?

មនុស្ស​ក៏​មាន​បន្ទុក​ផ្សេង​ទៀត​ដែរ។ ការ​ចិញ្ចឹម​អប់រំ​កូន​គឺ​ជា​ការ​ដ៏​ពិបាក​ជា​ទី​បំផុត។ សូម្បី​តែ​ជីវភាព​រស់​នៅ​របស់​កុមារ​ក៏​មិន​ស្រួល​ណាស់​ណា​ដែរ។ មនុស្ស​រឹត​តែ​ច្រើន​គ្រប់​វ័យ​គ្រប់​អាយុ​កំពុង​តែ​រង​ទ្រាំ​នឹង​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​និង​ផ្លូវ​កាយ។ ហើយ​ទោះ​បី​អាយុ​កាល​មធ្យម​របស់​មនុស្ស​គឺ​ច្រើន​ជាង​មុន​ក្ដី តែ​មនុស្ស​វ័យ​ចាស់​ក៏​មាន​បញ្ហា​ដែល​គេ​ត្រូវ​រង​ទ្រាំ​ដែល​ខុស​ប្លែក​ពី​អ្នក​ផ្សេង​ទៀត ថ្វី​បើ​មាន​ការ​ជឿន​លឿន​ផ្នែក​វេជ្ជសាស្ត្រ​ក៏​ដោយ។—សាស្ដា ១២:១

ការ​ធ្វើ​ការ​ដោយ​ពាក់​នឹម

៩, ១០. នៅ​សម័យ​បុរាណ តើ​នឹម​តំណាង​អ្វី? ហើយ​ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូ​អញ្ជើញ​មនុស្ស​ឲ្យ​ទទួល​នឹម​របស់​ទ្រង់​វិញ​នោះ?

តើ​អ្នក​បាន​កត់​សម្គាល់​ទេ​ថា ក្នុង​បន្ទូល​នៅ​ម៉ាថាយ ១១:២៨, ២៩ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ ​«​ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ!​»​? នៅ​សម័យ​នោះ បុរស​សាមញ្ញ​ប្រហែល​ជា​ធ្លាប់​មាន​អារម្មណ៍​ថា គាត់​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​ដូច​ជា​ពាក់​នឹម។ a តាំង​តែ​ពី​សម័យ​បុរាណ​នោះ នឹម​បាន​តំណាង​ជា​សេវកភាព​និង​ទាសភាព។ (​លោកុប្បត្តិ ២៧:៤០; លេវីវិន័យ ២៦:១៣; ចោទិយកថា ២៨:៤៨​) កម្មករ​ជា​ច្រើន​ដែល​ព្រះ​យេស៊ូ​ធ្លាប់​ជួប​នៅ​សម័យ​នោះ​ធ្លាប់​ធ្វើ​ការ​ដោយ​ពាក់​នឹម​ពិត​ប្រាកដ​មួយ​លើ​ស្មា​ទាំង​មូល​របស់​គេ​ទាំង​សង​ខាង​និង​ជញ្ជូន​របស់​ធ្ងន់​ៗ។ នេះ​ស៊ីសង​ទៅ​លើ​ប្រភេទ​នឹម​នោះ វា​អាច​ស្រួល​ពាក់ មិន​ធ្វើ​ឲ្យ​រលាក​ករ​លាក​ស្មា​ទេ។ ដោយ​ព្រោះ​ព្រះ​យេស៊ូ​ជា​ជាង​ឈើ​ម្នាក់​នោះ ទ្រង់​ប្រហែល​ជា​ធ្លាប់​ធ្វើ​នឹម ហើយ​ទ្រង់​ជ្រាប​ពី​របៀប​ធ្វើ​នឹម​ឲ្យ​មាន​រាង​«​ងាយ​»​ពាក់។ ប្រហែល​ជា​ទ្រង់​ដាក់​ទ្រនាប់​មួយ​ធ្វើ​ពី​ស្បែក​ឬ​ក៏​ក្រណាត់​ដើម្បី​ឲ្យ​នឹម​នោះ​ស្រួល​ពាក់​ជា​ទី​បំផុត។

១០ ពេល​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ ​«​ចូរ​ទទួល​នឹម​ខ្ញុំ​»​ នោះ​ទ្រង់​ប្រហែលជា​កំពុង​តែ​ប្រៀប​ធៀប​អង្គ​ទ្រង់​ទៅ​នឹង​អ្នក​ដែល​ផ្គត់​ផ្គង់​នឹម​ដែល​មាន​គុណ​ភាព​ល្អ​និង​ដែល​«​ងាយ​»​ពាក់​មិន​ធ្វើ​ឲ្យ​ក​និង​ស្មា​កម្មករ​រលាក​នោះ​ទេ។ ដូច្នេះ​ទ្រង់​មាន​បន្ទូល​បន្ថែម​ថា​៖ ​«​បន្ទុក​ខ្ញុំ​ក៏​ស្រាល​»។ នេះ​បញ្ជាក់​ថា ដង​នឹម​នោះ​មិន​ពិបាក​ប្រើ​ហើយ​ការ​ងារ​ក៏​មិន​ធ្វើ​ដូច​ជា​ខ្ញុំ​កញ្ជះ​ដែរ។ ដោយ​ទ្រង់​អញ្ជើញ​អ្នក​ស្ដាប់​ទទួល​នឹម​ទ្រង់​នោះ ទ្រង់​ទំនង​ជា​មិន​ជួយ​រំដោះ​ភ្លាម​ៗ​ពី​ស្ថានការណ៍​ទាំង​អស់​ដែល​ជិះ​ជាន់​គេ​នៅ​សម័យ​នោះ​ទេ។ ក៏​ប៉ុន្តែ ទស្សនៈ​ផ្សេង​ដែល​ទ្រង់​ផ្ដល់​ឲ្យ​នោះ នឹង​ធ្វើ​ឲ្យ​គេ​មាន​កម្លាំង​ចិត្ត​ច្រើន​ឡើង។ ការ​កែ​ប្រែ​របៀប​រស់​នៅ​និង​ការ​ប្រព្រឹត្ត​របស់​គេ​ក៏​នឹង​ជួយ​ធ្វើ​ឲ្យ​គេ​ធូរ​ស្រាល​ដែរ។ សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ជា​សេចក្ដី​សង្ឃឹម​ដ៏​ភ្លឺ​ស្វាង​និង​ពិត​ប្រាកដ​ដែល​នឹង​ជួយ​គេ​ឲ្យ​មាន​អារម្មណ៍​ធូរ​ជាង​ក្នុង​ជីវិត។

អ្នក​អាច​ទទួល​កម្លាំង​ចិត្ត​ឡើង​វិញ​បាន

១១. តើ​ដោយ​ដូច​ម្ដេច​បាន​ជា​យើង​ដឹង​ថា ព្រះ​យេស៊ូ​មិន​និយាយ​អំពី​ការ​ប្ដូរ​នឹម​មួយ​និង​យក​មួយ​ទៀត​នោះ?

១១ សូម​កត់​សម្គាល់​ថា ព្រះ​យេស៊ូ​មិន​ចង់​មាន​បន្ទូល​ថា មនុស្ស​ប្ដូរ​នឹម​មួយ​ចោល​និង​យក​មួយ​ទៀត​នោះ​ទេ។ គេ​នឹង​នៅ​តែ​ស្ថិត​ក្រោម​អំណាច​ចក្រភព​រ៉ូម​ដដែល ដូច​ជា​មាន​រដ្ឋាភិបាល​គ្រប់​គ្រង​នៅ​កន្លែង​ដែល​ជន​គ្រីស្ទាន​រស់​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។ ពន្ធ​ដែល​ពួក​រ៉ូម​ទារ​ពី​គេ​ក៏​នឹង​មាន​នៅ​ដដែល។ បញ្ហា​សុខភាព​និង​សេដ្ឋកិច្ច​នឹង​មិន​សាប​សូន្យ​ទៅ​ទេ។ ភាព​ឥត​គ្រប់​ល័ក្ខណ៍​និង​បាប​នឹង​មាន​ឥទ្ធិពល​ទៅ​លើ​មនុស្ស​ដូច​ពី​មុន​ដដែល។ ក៏​ប៉ុន្តែ គេ​អាច​ទទួល​កម្លាំង​ចិត្ត​ឡើង​វិញ​បាន​ដោយ​អនុវត្ត​តាម​សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូ ដូច​ជា​យើង​អាច​ទទួល​នៅ​សព្វ​ថ្ងៃ​នេះ។

១២, ១៣. តើ​ព្រះ​យេស៊ូ​បាន​លើក​បញ្ជាក់​អ្វី​ដែល​នឹង​ធ្វើ​ឲ្យ​មនុស្ស​មាន​កម្លាំង​ចិត្ត​ឡើង​វិញ​នោះ? ហើយ​តើ​មនុស្ស​ខ្លះ​បាន​ប្រព្រឹត្ត​តប​យ៉ាង​ណា?

១២ អត្ថន័យ​ចំបង​នៃ​ការ​ប្រៀប​ធៀប​របស់​ព្រះ​យេស៊ូ​ស្តី​ពី​នឹម​នោះ គឺ​ស​ឲ្យ​ឃើញ​ចំពោះ​កិច្ច​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស។ គ្មាន​ការ​សង្ស័យ​ទេ អំពី​សកម្មភាព​បង្រៀន​អ្នក​ដទៃ​ជា​អាទិភាព​ទី​មួយ​របស់​ព្រះ​យេស៊ូ​ដោយ​ដាក់​ទម្ងន់​ទៅ​លើ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ក្នុង​កិច្ច​បង្រៀន​នោះ។ (​ម៉ាថាយ ៤:២៣​) ដូច្នេះ ពេល​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​«​ចូរ​ទទួលនឹម​ខ្ញុំ​»​ នោះ​គង់​តែ​នឹង​រួម​បញ្ចូល​ការ​ដើរ​តាម​ទ្រង់​ក្នុង​សកម្មភាព​នេះ​ដែរ។ កំណត់​ហេតុ​ក្នុង​សៀវភៅ​ដំណឹង​ល្អ បង្ហាញ​ថា​ព្រះ​យេស៊ូ​បាន​ជំរុញ​ចិត្ត​ស្មោះ​របស់​មនុស្ស​ខ្លះ​ឲ្យ​ផ្លាស់​ប្ដូរ​ការ​ងារ ដែល​ជា​ហេតុ​នាំ​ឲ្យ​គេ​ជា​ច្រើន​នាក់​ខ្វល់​ខ្វាយ​នោះ។ សូម​នឹក​ចាំ​ពី​ពេល​ទ្រង់​ហៅ​ពេត្រុស អនទ្រេ យ៉ាកុប និង​យ៉ូហាន​ដោយ​ថា​៖ ​«​ចូរ​មក​តាម​ខ្ញុំ ខ្ញុំ​នឹង​តាំង​ឲ្យ​អ្នក​នេសាទ​មនុស្ស​វិញ​»។ (​ម៉ាកុស ១:១៦​-​២០​) ទ្រង់​សម្ដែង​ឲ្យ​អ្នក​នេសាទ​នោះ​ឃើញ​ក្ដី​ស្កប់​ស្កល់​ដែល​គេ​នឹង​ទទួល បើ​សិន​ជា​គេ​ធ្វើ​កិច្ចការ​ដែល​ទ្រង់​ទុក​ជា​អាទិភាព​ក្នុង​ជីវិត​ទ្រង់​ផ្ទាល់​ដែរ ដោយ​ធ្វើ​ដូច្នេះ​ក្រោម​ការ​ណែនាំ​និង​ជំនួយ​ពី​ទ្រង់។

១៣ ជនជាតិ​យូដា​ខ្លះ​បាន​យល់​ខ្លឹម​សារ​នៃ​សេចក្ដី​បង្រៀន​របស់​ទ្រង់​និង​អនុវត្ត​តាម។ សូម​ស្រមៃ​ទៅ​ដល់​អ្វី​ដែល​កើត​ឡើង​នៅ​ឆ្នេរ​សមុទ្រ​ដែល​រៀប​រាប់​នៅ​លូកា ៥:១​-​១១។ អ្នក​នេសាទ​បួន​នាក់​បាន​ធ្វើ​ការ​ទាំង​លំបាក​អស់​ពេញ​មួយ​យប់ តែ​នេសាទ​មិន​បាន​អ្វី​សោះ ស្រាប់​តែ សំណាញ់​គេ​មាន​ត្រី​ពេញ​មួយ​រំពេច! នេះ​មិន​មែន​ចៃដន្យ​ទេ តែ​គឺ​ដោយ​អន្តរាគមន៍​ពី​ព្រះ​យេស៊ូ​តែ​ម្ដង។ ពេល​គេ​ក្រឡេក​មើល​ទៅ​ត្រើយ​ម្ខាង​វិញ គេ​ឃើញ​មនុស្ស​ជា​ច្រើន​កុះ​ករ​ចាប់​អារម្មណ៍​ទៅ​លើ​សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូ។ នេះ​ជួយ​ពន្យល់​ពី​អ្វី​ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​បុរស​បួន​នាក់​នោះ​ដែល​ថា​៖ ​«​ពី​នេះ​ទៅ​មុខ អ្នក​នឹង​ចាប់​មនុស្ស​វិញ​»។ តើ​គេ​បាន​ប្រព្រឹត្ត​តប​យ៉ាង​ណា? ​«​រួច​កាល​ទូក​បាន​ដល់​គោក នោះ​គេ​ទុក​របស់​ទាំង​អស់​ចោល ហើយ​ដើរ​តាម​ទ្រង់​ទៅ​»។

១៤. (​ក​) នៅ​សព្វ​ថ្ងៃ​នេះ តើ​យើង​អាច​មាន​កម្លាំង​ចិត្ត​ឡើង​វិញ​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​ព្រះ​យេស៊ូ​ធ្លាប់​ប្រកាស​ដំណឹង​ល្អ​អ្វី​ដែល​ធ្វើ​ឲ្យ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ​នោះ?

១៤ អ្នក​ក៏​អាច​ប្រព្រឹត្ត​តប​ដូច្នេះ​ដែរ។ កិច្ច​ការ​បង្រៀន​មនុស្ស​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ​នៅ​តែ​បន្ត។ ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ប្រមាណ​៦.០០០.០០០​នាក់​បាន​តប​តាម​សេចក្ដី​អញ្ជើញ​របស់​ព្រះ​យេស៊ូ​ឲ្យ​«​យក​នឹម[​ទ្រង់​]​»​ ហើយ​គេ​បាន​ក្លាយ​ជា​«​អ្នក​នេសាទ​មនុស្ស​»។ (​ម៉ាថាយ ៤:១៩​) នេះ​ជា​កិច្ច​ការ​ពេញ​ពេល​សំរាប់​ស្មរ​បន្ទាល់​ខ្លះ អ្នក​ឯ​ទៀត​ចូល​រួម​ក្រៅ​ម៉ោង​ឲ្យ​បាន​ច្រើន​បំផុត​ដែល​គេ​អាច​ធ្វើ​ទៅ​បាន។ ទាំង​អស់​គ្នា​មាន​កម្លាំង​ចិត្ត​ឡើង​វិញ​ពី​កិច្ច​ការ​នេះ ដូច្នេះ ជីវិត​គេ​មិន​មាន​ការ​តាន​តឹង​ចិត្ត​ហួស​ហេតុ​នោះ​ទេ។ នេះ​រួម​បញ្ចូល​ការ​ធ្វើ​អ្វី​ដែល​គេ​ចូល​ចិត្ត គឺ​ថា ការ​ប្រកាស​ប្រាប់​នូវ​ដំណឹង​ល្អ​អំពី‹ព្រះ​រាជាណាចក្រ›។ (​ម៉ាថាយ ៤:២៣​) ការ​ប្រាប់​ដំណឹង​ល្អ​នាំ​ឲ្យ​សប្បាយ​ចិត្ត​មែន ជា​ពិសេស​ដំណឹង​ល្អ​នេះ។ ព្រះ​គម្ពីរ​មាន​ពត៌មាន​ជា​មូលដ្ឋាន​ដែល​យើង​ត្រូវ​ការ ដើម្បី​នាំ​ឲ្យ​អ្នក​ផ្សេង​ទៀត​ជឿ​ជាក់​ថា​គេ​អាច​រស់​នៅ​ដោយ​មាន​អារម្មណ៍​ធូរ​ស្រាល​បាន។—ធីម៉ូថេ​ទី​២ ៣:១៦, ១៧

១៥. តើ​អ្នក​អាច​ទទួល​ប្រយោជន៍​អ្វី​ពី​សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូ​ស្តី​ពី​ជីវភាព​រស់​នៅ?

១៥ សូម្បី​តែ​អ្នក​ដែល​ទើប​តែ​ចាប់​ផ្ដើម​រៀន​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ ក៏​បាន​ទទួល​ប្រយោជន៍​ពី​សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូ​ស្តី​ពី​របៀប​រស់​នៅ​ដែរ។ ពួក​គេ​ជា​ច្រើន​នាក់​អាច​និយាយ​ដោយ​ពិត​ត្រង់​ថា សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូ​បាន​ធ្វើ​ឲ្យ​គេ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ និង​ជួយ​គេ​ផ្លាស់​ប្រែ​ជីវិត​គេ​ទាំង​ស្រុង។ អ្នក​អាច​ឃើញ​ផ្ទាល់​បាន​ដោយ​ពិចារណា​គោល​ការណ៍​សំរាប់​ជីវភាព​រស់​នៅ​ក្នុង​កំណត់​ហេតុ​អំពី​កិច្ច​បំរើ​និង​ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូ ជា​ពិសេស​ក្នុង​សៀវភៅ​ដំណឹង​ល្អ​ដូច​ជា​ម៉ាថាយ ម៉ាកុស និង​លូកា។

របៀប​នាំ​ឲ្យ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ

១៦, ១៧. (​ក​) តើ​អ្នក​អាច​រក​ឃើញ​សេចក្ដី​បង្រៀន​ចំបង​របស់​ព្រះ​យេស៊ូ​នៅ​កន្លែង​ណា? (​ខ​) តើ​អ្វី​គឺ​ចាំ​បាច់​ដើម្បី​មាន​កម្លាំង​ចិត្ត​ឡើង​វិញ តាម​រយៈ​ការ​អនុវត្ត​តាម​សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូ​នោះ?

១៦ ក្នុង​កំឡុង​និទាឃ​រដូវ​នា​ឆ្នាំ​៣១ ស.យ. ព្រះ​យេស៊ូ​ថ្លែង​ធម្មទាន​មួយ ដែល​គេ​នៅ​តែ​ស្គាល់​ទូទាំង​ផែនដី​រហូត​មក​ដល់​ពេល​នេះ។ ធម្មតា​នោះ​ត្រូវ​ហៅ​ថា ធម្មទាន​លើ​ភ្នំ។ នោះ​ត្រូវ​កត់​ក្នុង​ម៉ាថាយ​ជំពូក​៥​ដល់​៧​និង​លូកា​ជំពូក​៦ ហើយ​នោះ​សង្ខេប​នូវ​សេចក្ដី​បង្រៀន​ជា​ច្រើន​របស់​ទ្រង់។ អ្នក​អាច​រក​ឃើញ​សេចក្ដី​បង្រៀន​ផ្សេង​ទៀត​របស់​ទ្រង់​នៅ​កន្លែង​ដទៃ​ទៀត​ក្នុង​សៀវភៅ​ដំណឹង​ល្អ។ ភាគ​ច្រើន​នៃ​អ្វី​ដែល​ទ្រង់​បាន​មាន​បន្ទូល​មក​គឺ​ស្រួល​យល់​ណាស់ តែ​ការ​អនុវត្ត​តាម​អាច​ពិបាក​ធ្វើ​វិញ។ សូម​អញ្ជើញ​អាន​ជំពូក​ទាំង​ប៉ុន្មាន​នោះ​យ៉ាង​ផ្ចិត​ផ្ចង់​និង​ដោយ​គិត​ពិចារណា។ ចូរ​ឲ្យ​ឥទ្ធិពល​នៃ​ព្រះ​តំរិះ​ទ្រង់​មាន​អានុភាព​ទៅ​លើ​ចិត្ត​គំនិត​និង​អាកប្បកិរិយា​របស់​អ្នក។

១៧ ជាក់​ស្តែង​ហើយ សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូ​អាច​ត្រូវ​បែង​ចែក​តាម​វិធី​ផ្សេង​ៗ​បាន។ ចូរ​ឲ្យ​យើង​បែង​ចែក​សេចក្ដី​បង្រៀន​ចំបង​ៗ ដើម្បី​ឲ្យ​មាន​មួយ​សំរាប់​ថ្ងៃ​និមួយ​ៗ​ក្នុង​មួយ​ខែ ដោយ​កំណត់​គោល​ដៅ​អនុវត្ត​តាម​នោះ​ក្នុង​ជីវិត​យើង​ផ្ទាល់។ តើ​អ្នក​អាច​ធ្វើ​នេះ​យ៉ាង​ដូច​ម្ដេច​បាន? កុំ​អាន​សេចក្ដី​នោះ​យ៉ាង​រហ័ស​ពេក។ សូម​នឹក​ចាំ​ពី​នាម៉ឺន​នោះ​ដែល​បាន​សួរ​ព្រះ​យេស៊ូ​គ្រីស្ទ​ថា​៖ ​«​តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្ដេច ឲ្យ​បាន​ជីវិត​រស់​អស់​កល្ប​ជា​និច្ច?​»។ ពេល​ព្រះ​យេស៊ូ​រៀប​រាប់​ឡើង​វិញ​នូវ​តម្រូវ​ការ​សំខាន់​បំផុត​នៃ​ក្រិត្យ​វិន័យ​របស់​ព្រះ នាម៉ឺន​នោះ​បាន​តប​ថា​គាត់​កំពុង​តែ​ធ្វើ​នោះ​រួច​ហើយ។ ក៏​ប៉ុន្តែ គាត់​ទទួល​ស្គាល់​ថា​គាត់​នៅ​តែ​ត្រូវ​ធ្វើ​ថែម​ទៀត។ ព្រះ​យេស៊ូ​បាន​សុំ​ឲ្យ​គាត់​ខិត​ខំ​អនុវត្ត​តាម​គោល​ការណ៍​ព្រះ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ឲ្យ​បាន​ច្រើន​ជាង ដោយ​ធ្វើ​ជា​សិស្ស​សកម្ម​ម្នាក់។ មើល​ទៅ​ដូច​ជា​បុរស​នោះ​មិន​សុខ​ចិត្ត​ធ្វើ​ដូច្នេះ​ទេ។ (​លូកា ១៨:១៨​-​២៣​) ដូច្នេះ អ្នក​ដែល​ចង់​រៀន​សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូ​ត្រូវ​នឹក​ចាំ​ថា ការ​យល់​ស្រប​នឹង​សេចក្ដី​បង្រៀន​នោះ និង​ការ​ប្រព្រឹត្ត​តាម​យ៉ាង​សកម្ម​គឺ​ខុស​គ្នា ដោយ​ការ​ប្រព្រឹត្ត​ទើប​អាច​កាត់​បន្ថយ​ការ​តាន​តឹង​ក្នុង​អារម្មណ៍។

១៨. សូម​រៀប​រាប់​របៀប​អ្នក​អាច​ទទួល​ប្រយោជន៍​ពី​ប្រអប់​ក្នុង​អត្ថបទ​នេះ។

១៨ ដើម្បី​ចាប់​ផ្ដើម​ពិនិត្យ​មើល​និង​អនុវត្ត​តាម​សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូ សូម​មើល​ចំណុច​ទី​១​ក្នុង​ប្រអប់​ជា​មួយ​អត្ថបទ​នេះ។ នេះ​សំដៅ​ទៅ​លើ​ម៉ាថាយ ៥:៣​-​៩។ មែន​ហើយ យើង​ទាំង​អស់​គ្នា​អាច​ចំណាយ​ពេល​ជា​ច្រើន​ទៅ​លើ​ការ​រំពឹង​គិត​អំពី​ឱវាទ​ដ៏​អស្ចារ្យ​ក្នុង​ខ​ទាំង​ប៉ុន្មាន​នេះ។ ដោយ​គិត​អំពី​ខ​ទាំង​អស់​នោះ​តែ​ម្ដង តើ​អ្នក​សន្និដ្ឋាន​យ៉ាង​ណា​អំពី​សារៈ​សំខាន់​នៃ​ទស្សនៈ​នោះ? បើ​អ្នក​ពិត​ជា​ចង់​ឈ្នះ​លើ​ការ​តាន​តឹង​ហួស​ហេតុ​ក្នុង​ជីវិត​របស់​អ្នក តើ​អ្វី​នឹង​ជួយ​អ្នក? តើ​អ្នក​អាច​បាន​ប្រយោជន៍​អ្វី​ដោយ​គិត​អំពី​អ្វី​ខាង​វិញ្ញាណ​ឲ្យ​បាន​ច្រើន​ជាង និង​ដោយ​ផ្ដោត​អារម្មណ៍​ទៅ​លើ​នោះ? តើ​មាន​អ្វី​មួយ​ក្នុង​ជីវិត​របស់​អ្នក ដែល​អ្នក​មិន​ចាំ​បាច់​រាប់​ទុក​ជា​ការ​សំខាន់​ពេក ហើយ​យក​ពេល​នោះ​ដើម្បី​អ្នក​ប្រមូល​អារម្មណ៍​ទៅ​លើ​អ្វី​ខាង​វិញ្ញាណ​វិញ​បាន​ទេ? បើ​សិន​ជា​អ្នក​ធ្វើ​ដូច្នេះ​មែន អ្នក​នឹង​មាន​សុភមង្គល​ច្រើន​ជាង​ឥឡូវ​នេះ។

១៩. តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ឲ្យ​បាន​ការ​យល់​ធ្លុះ​ជ្រៅ​និង​ការ​យល់​ដឹង​ច្រើន​ជាង​នោះ?

១៩ ឥឡូវ ចូរ​ធ្វើ​តាម​ជំហាន​មួយ​ទៀត។ សូម​ពិគ្រោះ​ខ​ទាំង​នេះ​ជា​មួយ​អ្នក​ឯ​ទៀត​ដែល​បំរើ​ព្រះ ប្រហែល​ជា​គូ​របស់​អ្នក ញាតិ​មិត្ត​ជិត​ស្និទ្ធ​ឬ​សំឡាញ់​ម្នាក់។ (​សុភាសិត ១៨:២៤; ២០:៥​) កុំ​ភ្លេច​ថា នាម៉ឺន​នោះ​បាន​និយាយ​ជា​មួយ​មនុស្ស​ម្នាក់​ទៀត គឺ​ព្រះ​យេស៊ូ អំពី​រឿង​ដែល​ទាក់​ទង​នោះ។ របៀប​គាត់​ប្រព្រឹត្ត​តប​អាច​បន្ថែម​សុភមង្គល​របស់​គាត់​និង​ក្ដី​សង្ឃឹម​ចំពោះ​ជីវិត​អស់​កល្ប​ជា​និច្ច។ អ្នក​ថ្វាយ​បង្គំ​គ្នី​គ្នា​ដែល​អ្នក​ពិគ្រោះ​ខ​នេះ​ជា​មួយ​នោះ​គឺ​មិន​ស្មើ​នឹង​ព្រះ​យេស៊ូ​ទេ តែ​ការ​សន្ទនា​អំពី​សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូ​នឹង​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​ទាំង​ពីរ។ ចូរ​ខិត​ខំ​ធ្វើ​ដូច្នេះ​យ៉ាង​ឆាប់​ជា​ទី​បំផុត។

២០, ២១. តើ​អ្នក​អាច​ធ្វើ​តាម​កម្ម​វិធី​អ្វី ដើម្បី​រៀន​អំពី​សេចក្ដី​បង្រៀន​ព្រះ​យេស៊ូ? ហើយ​តើ​អ្នក​អាច​ឆែក​មើល​ការ​រីក​ចំរើន​របស់​អ្នក​បាន​យ៉ាង​ណា?

២០ សូម​មើល​ប្រអប់​ម្ដង​ទៀត​ដែល​មាន​ចំណង​ជើង​ថា​៖ ​«​សេចក្ដី​បង្រៀន​ផ្សេង​ៗ​ដើម្បី​ជួយ​អ្នក​»។ សេចក្ដី​បង្រៀន​ទាំង​នេះ​បាន​ត្រូវ​បែង​ចែក ដើម្បី​ឲ្យ​អ្នក​ពិចារណា​សេចក្ដី​បង្រៀន​មួយ​សំរាប់​មួយ​ថ្ងៃ។ មុន​បង្អស់ អ្នក​អាច​អាន​អ្វី​ដែល​ព្រះ​យេស៊ូ​មាន​បន្ទូល​ក្នុង​ខ​ទាំង​នោះ។ ក្រោយ​នោះ ចូរ​គិត​អំពី​បន្ទូល​ទ្រង់។ ចូរ​ពិចារណា​របៀប​អ្នក​អាច​អនុវត្ត​តាម​នោះ​ក្នុង​ជីវិត​របស់​អ្នក​ផ្ទាល់។ បើ​សិន​ជា​អ្នក​គិត​ថា​អ្នក​កំពុង​តែ​ធ្វើ​ដូច្នេះ​ហើយ សូម​គិត​អំពី​អ្វី​ថែម​ទៀត ដែល​អ្នក​អាច​ធ្វើ​ដើម្បី​សម្រប​ទៅ​តាម​សេចក្ដី​បង្រៀន​ពី​ព្រះ​ឲ្យ​បាន​ច្រើន​ជាង​នោះ។ ខំ​អនុវត្ត​តាម​សេចក្ដី​បង្រៀន​នោះ​ក្នុង​កំឡុង​ថ្ងៃ​នោះ។ បើ​សិន​ជា​អ្នក​ត្រូវ​តែ​ខំ​ប្រឹង​ដើម្បី​យល់​ឬ​រក​វិធី​អ្នក​អាច​អនុវត្ត​តាម​សេចក្ដី​បង្រៀន​នោះ ចូរ​ចំណាយ​ពេល​មួយ​ថ្ងៃ​ទៀត។ ក៏​ប៉ុន្តែ ចូរ​ចាំ​មិន​ភ្លេច​ថា អ្នក​មិន​ចាំ​បាច់​ធ្វើ​នោះ​យ៉ាង​គ្រប់​ល័ក្ខណ៍​មុន​អ្នក​បន្ត​ទៅ​សេចក្ដី​បង្រៀន​មួយ​ទៀត​នោះ​ទេ។ ថ្ងៃ​ស្អែក​មក​ដល់ ចូរ​ពិចារណា​សេចក្ដី​បង្រៀន​មួយ​ទៀត។ នៅ​ចុង​សប្ដាហ៍​នោះ អ្នក​អាច​មើល​ថា​តើ​អ្នក​បាន​ជោគ​ជ័យ​យ៉ាង​ណា​ក្នុង​ការ​អនុវត្ត​តាម​សេចក្ដី​បង្រៀន​បួន​ឬ​ប្រាំ​របស់​ព្រះ​យេស៊ូ។ សប្ដាហ៍​ទី​ពីរ បន្ថែម​សេចក្ដី​បង្រៀន​ទៀត ជា​រៀង​រាល់​ថ្ងៃ។ បើ​សិន​ជា​អ្នក​បាន​ភ្លាត់​មិន​អនុវត្ត​តាម​សេចក្ដី​បង្រៀន​ណា​មួយ​នោះ សូម​កុំ​ធ្លាក់​ទឹក​ចិត្ត​ឲ្យ​សោះ។ គ្រីស្ទាន​ទាំង​អស់​នឹង​ពិសោធន៍​នោះ​ដែរ។ (​របាក្សត្រ​ទី​២ ៦:៣៦; ទំនុក​ដំកើង ១៣០:៣; សាស្ដា ៧:២០; យ៉ាកុប ៣:៨​) បន្ត​អនុវត្ត​នោះ​ក្នុង​សប្ដាហ៍​ទី​បី​និង​ទី​បួន​ទៀត។

២១ ក្រោយ​មួយ​ខែ​ជាង អ្នក​ប្រហែល​ជា​មើល​អស់​៣១​ចំណុច​នោះ។ បើ​ដូច្នេះ​មែន តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​ជា​លទ្ធផល​នោះ? អ្នក​នឹង​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ជាង​និង​អារម្មណ៍​ធូរ​ស្រាល​ជាង មែន​ទេ? ទោះ​បើ​អ្នក​រីក​ចំរើន​តែ​បន្ដិច​ក៏​ដោយ អ្នក​ទំនង​ជា​នឹង​បាន​បន្ថយ​ការ​តាន​តឹង​ក្នុង​អារម្មណ៍ ឬ​យ៉ាង​ហោច​ណាស់ អ្នក​នឹង​អាច​ទ្រាំ​នឹង​ការ​តាន​តឹង​នោះ​បាន​ល្អ​ជាង ហើយ​ក៏​មាន​វិធី​បន្ត។ កុំ​ភ្លេច​ថា ព្រះ​យេស៊ូ​មាន​សេចក្ដី​បង្រៀន​ដ៏​ប្រសើរ​ផ្សេង​ទៀត​ដែល​មិន​បាន​ត្រូវ​កត់​ក្នុង​ប្រអប់​នោះ​ទេ។ ចូរ​ខំ​រក​សេចក្ដី​នោះ​និង​អនុវត្ត​តាម។—ភីលីព ៣:១៦

២២. តើ​ការ​អនុវត្ត​តាម​សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូ​នឹង​មាន​លទ្ធផល​អ្វី? តែ​តើ​យើង​គួរ​យក​ផ្នែក​ណា​មក​សិក្សា​ទៀត?

២២ អ្នក​អាច​ឃើញ​ថា ទោះ​ជា​នឹម​របស់​ព្រះ​យេស៊ូ​មិន​មែន​គ្មាន​ទម្ងន់​ទាំង​ស្រុង​ក្ដី តែ​នឹម​នោះ​ពិត​ជា​ស្រួល​ពាក់​មែន។ បន្ទុក​នៃ​សេចក្ដី​បង្រៀន​របស់​ទ្រង់​និង​កិច្ច​ការ​នៃ​សិស្ស​ទ្រង់​ពិត​ជា​ស្រាល​មែន។ ក្រោយ​សាវ័ក​យ៉ូហាន​ដែល​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​ព្រះ​យេស៊ូ​បាន​ពិសោធន៍ គឺ​ជាង​៦០​ឆ្នាំ​ទៅ​ហើយ គាត់​បាន​ស្រដី​ថា​៖ ​«​នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់​ដល់​ព្រះ គឺ​ឲ្យ​យើង​កាន់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់ ឯ​បញ្ញត្ត​ទ្រង់​នោះ​មិន​មែន​ជា​បន្ទុក​ដ៏​ធ្ងន់​ទេ​»។ (​យ៉ូហាន​ទី​១ ៥:៣​) អ្នក​អាច​មាន​ទំនុក​ចិត្ត​ដូច​គ្នា​ដែរ។ ដោយ​អនុវត្ត​តាម​សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូ​កាន់​តែ​យូរ​ទៅ អ្នក​នឹង​កាន់​តែ​ទទួល​ស្គាល់​ថា អ្វី​ៗ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ​មាន​អារម្មណ៍​តាន​តឹង​នោះ នឹង​មិន​ធ្វើ​ឲ្យ​អ្នក​តាន​តឹង​ខ្លាំង​នោះ​ទេ។ អ្នក​នឹង​យល់​ឃើញ​ថា អ្នក​បាន​រក​ឃើញ​ក្ដី​ធូរ​ស្រាល​មួយ​កំរិត។ (​ទំនុក​ដំកើង ៣៤:៨​) ក៏​ប៉ុន្តែ មាន​ផ្នែក​មួយ​ទៀត​នៃ​នឹម​ដ៏​ស្រួល​ពាក់​របស់​ព្រះ​យេស៊ូ​ដែល​យើង​ត្រូវ​ពិចារណា​ដែរ។ ព្រះ​យេស៊ូ​ក៏​បាន​មាន​បន្ទូល​ថា ទ្រង់​«​ស្លូត ហើយ​មាន​ចិត្ត​សុភាព​»។ តើ​នេះ​ទាក់​ទង​នឹង​ការ​រៀន​អំពី​ទ្រង់​និង​ការ​យក​តម្រាប់​តាម​ទ្រង់​យ៉ាង​ដូច​ម្ដេច​ទៅ? យើង​នឹង​ពិចារណា​ចំណុច​នេះ​ក្នុង​អត្ថបទ​ជា​បន្ទាប់។—ម៉ាថាយ ១១:២៩

[​កំណត់​សម្គាល់​]

a នៅ​សម័យ​បុរាណ កម្មករ​និង​ទាសករ​ធ្លាប់​ពាក់​នឹម​មួយ​ដែល​ត្រូវ​ធ្វើ​សំរាប់​មនុស្ស ដើម្បី​រែក​ជញ្ជូន​ឬ​ទាញ​របស់​ធ្ងន់​ៗ។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​ពឹង​ពាក់​ព្រះ​យេស៊ូ​ពេល​យើង​ចង់​បាន​ការ​ធូរ​ស្រាល​ពី​ភាព​តាន​តឹង​ហួស​ហេតុ​ក្នុង​អារម្មណ៍?

• តើ​នឹម​ធ្លាប់​តំណាង​អ្វី? ហើយ​ហេតុ​អ្វី?

• ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូ​អញ្ជើញ​មនុស្ស​ឲ្យ​ទទួល​នឹម​របស់​ទ្រង់?

• តើ​អ្នក​អាច​ទទួល​កម្លាំង​ចិត្ត​ខាង​វិញ្ញាណ​ឡើង​វិញ​យ៉ាង​ដូច​ម្ដេច​បាន?

[​សំណួរ​សម្រាប់​អត្ថបទ​សិក្សា​]

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​២៣​]

ខ​គម្ពីរ​ប្រចាំ​ឆ្នាំ​សំរាប់​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា កំឡុង​ឆ្នាំ​២០០២​គឺ​ជា ​«​ចូរ​មក​ឯ​ខ្ញុំ​ចុះ! . . . ខ្ញុំ​នឹង​ធ្វើ​ឲ្យ អ្នក​រាល់​គ្នា​មាន​កម្លាំង​ចិត្ត​ឡើង​វិញ​»។—ម៉ាថាយ ១១:២៨, ព.ថ.

[​ប្រអប់/រូប​ភាព​នៅ​ទំព័រ​២០, ២១​]

សេចក្ដី​បង្រៀន​ផ្សេង​ៗ​ដើម្បី​ជួយ​អ្នក

តើ​អ្នក​អាច​រក​ឱវាទ​ល្អ​ៗ​អ្វី​ខ្លះ​នៅ​ក្នុង​ម៉ាថាយ​ជំពូក​៥​ដល់​៧? ជំពូក​ទាំង​នេះ​មាន​សេចក្ដី​បង្រៀន​ដែល​បាន​ថ្លែង​នៅ​ជំ​រាល​ភ្នំ​មួយ​នៅ​ទី​ក្រុង​កាលីឡេ ដោយ​ព្រះ​យេស៊ូ​ជា​អ្នក​បង្រៀន​ដ៏​ចំណាន។ សូម​អាន​ខ​ទាំង​ប៉ុន្មាន​នៅ​ខាង​ក្រោម​នេះ​ដោយ​ប្រើ​ព្រះ​គម្ពីរ​របស់​ខ្លួន​ផ្ទាល់​និង​ដណ្ដឹង​សួរ​ខ្លួន​ឯង​នូវ​សំនួរ​ទាំង​ប៉ុន្មាន​ដែល​ជាប់​ទាក់​ទង​នឹង​នោះ។

១. ៥:៣​-​៩ តើ​នេះ​បញ្ជាក់​យ៉ាង​ណា​អំពី​ទស្សនៈ​ទូទៅ​របស់​ខ្ញុំ? តើ​ខ្ញុំ​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​មាន​សុភមង្គល​ច្រើន​ជាង​នេះ? តើ​ខ្ញុំ​អាច​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ​របស់​ខ្ញុំ​តាម​របៀប​ណា?

២. ៥:២៥, ២៦ តើ​អ្វី​គឺ​ប្រសើរ​ជាង​ការ​យក​តម្រាប់​តាម​ចិត្ត​គំនិត​ចង់​តែ​ទាស់​ទែង​គ្នា ដូច​មនុស្ស​ជា​ច្រើន​មាន​នោះ?—លូកា ១២:៥៨, ៥៩

៣. ៥:២៧​-​៣០ តើ​បន្ទូល​របស់​ព្រះ​យេស៊ូ​បញ្ជាក់​យ៉ាង​ណា​អំពី​ការ​ស្រមៃ​គិត​ឲ្យ​កើត​មាន​ការ​ត្រេក​ត្រអាល​ខាង​កាម​នោះ? បើ​សិន​ជា​ខ្ញុំ​ជៀស​វាង​ពី​ការ​ប្រព្រឹត្ត​បែប​នេះ តើ​ខ្ញុំ​នឹង​សប្បាយ​ចិត្ត​ជាង​និង​មាន​អារម្មណ៍​ស្ងប់​ស្រួល​ជាង​យ៉ាង​ណា​ទៅ?

៤. ៥:៣៨​-​៤២ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​ត្រូវ​បណ្ដោយ​តាម សង្គម សម័យ ទំនើប​នេះ​និង​ប្រកាន់​សិទ្ធិ​របស់​ខ្លួន?

៥. ៥:៤៣​-​៤៨ តើ​ខ្ញុំ​អាច​ទទួល​ប្រយោជន៍​បាន​យ៉ាង​ណា​ពី​ការ​សំណេះ​សំណាល​ជា​មួយ​អ្នក​ដែល​ពី​មុន​ខ្ញុំ​ធ្លាប់​ចាត់​ទុក​ជា​សត្រូវ​នោះ? តើ​តាម​របៀប​ណា​ដែល​នេះ​អាច​កាត់​បន្ថយ​ឬ​បំបាត់​នូវ​ការ​តាន​តឹង​ក្នុង​ចិត្ត?

៦. ៦:១៤, ១៥ បើ​សិន​ជា​ជួន​កាល​ខ្ញុំ​មិន​ចង់​អត់​ឱន​ទោស​ឲ្យ​អ្នក​ដទៃ​នោះ តើ​នេះ​ប្រហែល​កើត​ចេញ​ពី​ចិត្ត​ច្រណែន​ឬ​ការ​តូច​ចិត្ត​ទេ​ដឹង? តើ​ខ្ញុំ​អាច​កែ​ខ្លួន​យ៉ាង​ដូច​ម្ដេច​បាន?

៧. ៦:១៦​-​១៨ តើ​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​រូបសម្បត្ដិ​របស់​ខ្ញុំ​ច្រើន​ជាង​លក្ខណៈ​សម្បត្ដិ​របស់​ខ្ញុំ​ឬ​ទេ? តើ​ខ្ញុំ​គួរ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អ្វី​ឲ្យ​បាន​ច្រើន​ជាង​នោះ?

៨. ៦:១៩​-​៣២ បើ​សិន​ជា​ខ្ញុំ​ខ្វល់​ខ្វាយ​ច្រើន​ហួស​ហេតុ​អំពី​លុយ​និង​ទ្រព្យ​សម្បត្ដិ​នោះ តើ​នឹង​មាន​លទ្ធផល​អ្វី? តើ​ការ​គិត​អំពី​អ្វី​ខ្លះ​ដែល​នឹង​ជួយ​ខ្ញុំ​ឲ្យ​មាន​តុល្យភាព​ក្នុង​រឿង​នេះ?

៩. ៧:១​-​៥ តើ​ខ្ញុំ​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ខ្ញុំ​នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​ចេះ​តែ​ថ្កោល​ទោស រិះ​គន់ ហើយ​និង​ចាប់​កំហុស​គេ​ជា​និច្ច​នោះ? ហេតុ​អ្វី​បាន​ជា​សំខាន់​ដែល​ខ្ញុំ​មិន​ធ្វើ​យ៉ាង​នេះ?

១០. ៧:៧​-​១១ បើ​សិន​ជា​ការ​ត​ស៊ូ​គឺ​សំខាន់​ពេល​ខ្ញុំ​ទូល​សុំ​អ្វី​ពី​ព្រះ​នោះ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​ការ​ត​ស៊ូ​ក្នុង​ផ្នែក​ផ្សេង​ទៀត​នៃ​ជីវិត?—លូកា ១១:៥​-​១៣

១១. ៧:១២ ទោះ​ជា​ខ្ញុំ​ដឹង​ខ្ញុំ​ត្រូវ​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ដទៃ​តាម​របៀប​ខ្ញុំ​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​មក​លើ​ខ្ញុំ​វិញ​ក៏​ដោយ​នោះ តើ​ខ្ញុំ​អនុវត្ត​តាម​ឱវាទ​នេះ​តាម​របៀប​ខ្ញុំ​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ឯ​ទៀត​ឬ​ទេ?

១២. ៧:២៤​-​២៧ ដោយ​ព្រោះ​ខ្ញុំ​ទទួល​ខុស​ត្រូវ​ចំពោះ​ជីវិត​ខ្ញុំ​ផ្ទាល់ តើ​ខ្ញុំ​អាច​ប្រុង​ប្រៀប​បាន​ល្អ​ជាង​នេះ​ទៅ​ទៀត ដើម្បី​ស៊ូ​ទ្រាំ​នឹង​ការ​ពិបាក​ហើយ​បញ្ហាផ្សេង​ៗ​យ៉ាង​ដូច​ម្ដេច? ហេតុ​អ្វី​បាន​ជា​ខ្ញុំ​គួរ​គិត​អំពី​រឿង​នេះ​ឥឡូវ?—លូកា ៦:៤៦​-​៤៩

សេចក្ដី​បង្រៀន​ផ្សេង​ទៀត​ដែល​ខ្ញុំ​អាច​ពិចារណា:

១៣. ៨:២, ៣ តើ​ខ្ញុំ​អាច​ធ្វើ​តាម​ព្រះ​យេស៊ូ​និង​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ចំពោះ​អ្នក​ដែល​មាន​កង្វះ​ខាត​យ៉ាង​ដូច​ម្ដេច?

១៤. ៩:៩​-​៣៨ តើ​សេចក្ដី​មេត្ដា​ករុណា​ជាប់​ពាក់​ព័ន្ធ​នឹង​ជីវិត​យ៉ាង​ដូច​ម្ដេច​ទៅ? ហើយ​តើ​ខ្ញុំ​អាច​បង្ហាញ​គុណ​សម្បត្ដិ​នេះ​ឲ្យ​បាន​ច្រើន​ជាង​យ៉ាង​ដូច​ម្ដេច?

១៥. ១២:១៩ ដោយ​រៀន​ពី​បទ​ទំនាយ​អំពី​ព្រះ​យេស៊ូ តើ​ខ្ញុំ​ខិត​ខំ​ជៀស​វាង​ពី​ការ​ទាស់​ទែង​គ្នា​ទេ?

១៦. ១២:២០, ២១ តើ​មាន​ប្រយោជន៍​មក​ពី​ការ​មិន​ធ្វើ ឬ​និយាយ​អ្វី​ដែល​បញ្ឈឺ​ចិត្ត​អ្នក​ដទៃ​នោះ​ទេ?

១៧. ១២:៣៤​-​៣៧ ធម្មតា តើ​ខ្ញុំ​និយម​និយាយ​អំពី​រឿង​អ្វី​ខ្លះ? ខ្ញុំ​ដឹង​ថា​នៅ​ពេល​ខ្ញុំ​ច្របាច់​ផ្លែ​ក្រូច នោះ​ទឹក​ក្រូច​នឹង​ចេញ​មក។ ដូច្នេះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ខ្ញុំ​ត្រូវ​គិត​ពិចារណា​នូវ​អ្វី​ដែល​នៅ​ក្នុង​ចិត្ត​របស់​ខ្ញុំ?—ម៉ាកុស ៧:២០​-​២៣

១៨. ១៥:៤​-​៦ ដោយ​គិត​ពី​បន្ទូល​របស់​ព្រះ​យេស៊ូ តើ​ខ្ញុំ​យល់​យ៉ាង​ណា​អំពី​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​មនុស្ស​ចាស់?

១៩. ១៩:១៣​-​១៥ តើ​ខ្ញុំ​ត្រូវ​ឆ្លៀត​ពេល​សំរាប់​អ្វី​ខ្លះ?

២០. ២០:២៥​-​២៨ ហេតុ​អ្វី​ការ​កាន់​អំណាច​ប៉ុណ្ណោះ​គឺ​គ្មាន​ប្រយោជន៍? តើ​ខ្ញុំ​អាច​យក​តម្រាប់​តាម​ព្រះ​យេស៊ូ​ក្នុង​រឿង​នេះ​យ៉ាង​ដូច​ម្ដេច?

យោបល់​ឯ​ទៀត​ដែល​លោក​ម៉ាកុស​បាន​កត់​សរសេរ:

២១. ៤:២៤, ២៥ តើ​របៀប​ខ្ញុំ​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ឯ​ទៀត​គឺ​សំខាន់​យ៉ាង​ណា?

២២. ៩:៥០ បើ​សិន​ជា​ខ្ញុំ​និយាយ​និង​ប្រព្រឹត្ត​យ៉ាង​មាន​សុជីវធម៌​នោះ តើ​នឹង​មាន​លទ្ធផល​អ្វី?

ឥឡូវ​សូម​ពិចារណា​សេចក្ដី​បង្រៀន​ខ្លះ​ៗ​ដែល​លោក​លូកា​បាន​កត់​ទុក​មក:

២៣. ៨:១១, ១៤ បើ​សិន​ជា​ខ្ញុំ​ឲ្យ​ការ​ខ្វល់​ខ្វាយ ទ្រព្យ​សម្បត្ដិ និង​ការ​សប្បាយ​កាន់​កាប់​ទៅ​លើ​ជីវិត​របស់​ខ្ញុំ តើ​នឹង​មាន​លទ្ធផល​អ្វី?

២៤. ៩:១​-​៦ ទោះ​ជា​ព្រះ​យេស៊ូ​មាន​សមត្ថភាព​ប្រោស​មនុស្ស​ឈឺ​ឲ្យ​ជា​ឡើង​វិញ​ក៏​ដោយ តើ​ទ្រង់​បាន​ទុក​អ្វី​ដែល​សំខាន់​ជាង​នោះ​ទៅ​ទៀត?

២៥. ៩:៥២​-​៥៦ តើ​ខ្ញុំ​ឆាប់​ខឹង​គេ​ទេ? តើ​ខ្ញុំ​បដិសេធ​មិន​ព្រម​សង​សឹក​ទេ?

២៦. ៩:៦២ តើ​ខ្ញុំ​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ឯកសិទ្ធិ​របស់​ខ្ញុំ​ខាង​ការ​ផ្សព្វ​ផ្សាយ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ?

២៧. ១០:២៩​-​៣៧ តើ​ខ្ញុំ​អាច​ស​ឲ្យ​ឃើញ​ថា​ខ្ញុំ​ជា​អ្នក​ជិត​ខាង​ពិត មិន​មែន​ជា​អ្នក​ចម្លែក​យ៉ាង​ដូច​ម្ដេច?

២៨. ១១:៣៣​-​៣៦ តើ​ខ្ញុំ​អាច​កែ​ប្រែ​ជីវិត​ខ្ញុំ​យ៉ាង​ណា ដើម្បី​ប្រយោជន៍​ឲ្យ​ខ្ញុំ​អាច​រស់​តាម​របៀប​សាមញ្ញ​ៗ​បាន​ទេ?

២៩. ១២:១៥ តើ​ជីវិត​និង​ទ្រព្យ​សម្បត្ដិ​មាន​ទំនាក់​ទំនង​អ្វី​នឹង​គ្នា?

៣០. ១៤:២៨​-​៣០ បើ​សិន​ជា​ខ្ញុំ​ឆ្លៀត​ពេល​ដើម្បី​គិត​ថ្លឹង​ថ្លែង​អំពី​ការ​សម្រេច​ចិត្ត​យ៉ាង​ហ្មត់​ចត់​នោះ តើ​ខ្ញុំ​អាច​ជៀស​ផុត​ពី​អ្វី? ហើយ​តើ​នោះ​មាន​ប្រយោជន៍​អ្វី?

៣១. ១៦:១០​-​១២ តើ​ខ្ញុំ​អាច​បាន​ប្រយោជន៍​អ្វី​ពី​ការ​រក្សា​ភាព​ស្មោះ​ត្រង់​អស់​មួយ​ជីវិត?

[​រូប​ភាព​នៅ​ទំព័រ​១៩​]

កិច្ច​ការ​សង្គ្រោះ​ជីវិត​ដោយ​ពាក់​នឹម​របស់​ព្រះ​យេស៊ូ គឺ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ