លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការរងទុក្ខដែលមកពីការប្រកាន់វណ្ណៈ

ការរងទុក្ខដែលមកពីការប្រកាន់វណ្ណៈ

ការ​រង​ទុក្ខ​ដែល​មក​ពី​ការ​ប្រកាន់​វណ្ណៈ

​«​មនុស្ស​ប្រហែល​ជា​មាន​សិទ្ធិ​ស្មើ​គ្នា ប៉ុន្តែ​គ្មាន​អំណាច​ណា​សោះ​នៅ​លើ​ផែនដី​ដែល​អាច​ធ្វើ​ឲ្យ​បាន​ដូច​នេះ​ទេ​»។

អ្នក​និពន្ធ​ម្នាក់​ជន​ជាតិ​បារាំង​ពី​សតវត្ស​ទី​១៩ ឈ្មោះ​អរ​នរ​រេ​ដឺ​ប​ល្សា​ក បាន​មាន​ប្រសាសន៍​នូវ​ពាក្យ​ខាង​លើ​នេះ។ តើ​អ្នក​ឯកភាព​នឹង​ទស្សនៈ​របស់​គាត់​ទេ? មនុស្ស​ជា​ច្រើន​មាន​ទំនោរ​ចិត្ត​ថា ការ​បែង​ចែក​វណ្ណៈ​គឺ​ជា​ការ​ខុស។ ក៏​ប៉ុន្តែ សង្គម​មនុស្ស​នៅ​តែ​បែង​ចែក​វណ្ណៈ សូម្បី​តែ​នៅ​ក្នុង​សតវត្ស​ទី​២១​យើង​នេះ​ក្ដី។

លោក​ខាលវិន​ឃូ​លិច​ដែល​ជា​ប្រធានាធិបតី​នៅ​សហរដ្ឋ​អាមេរិក​ពី​ឆ្នាំ​១៩២៣ ដល់​ឆ្នាំ​១៩២៩ បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​ដែល​បណ្ដាល​មក​ពី​ការ​ប្រកាន់​វណ្ណៈ និង​គាត់​បាន​រៀប​រាប់​ថា​៖ ​«​នៅ​ទី​បំផុត​នឹង​មាន​ការ​បំបាត់​ចោល​នូវ​វណ្ណៈ​ខ្ពង់​ខ្ពស់​»។ ប្រមាណ​៤០​ឆ្នាំ​ក្រោយ​ពី​លោក​ឃូ​លិច​បំរើ​ជា​ប្រធានាធិបតី នោះ​មាន​គណៈ​កម្មការ​ឃើ​នើ​បាន​ត្រូវ​រៀបចំ​ឡើង​ដើម្បី​សិក្សា​អំពី​ទំនាក់​ទំនង​រវាង​ពូជ​សាសន៍​ផ្សេង​ៗ។ គណៈ​កម្មការ​នោះ​បាន​សង្ស័យ​ថា នៅ​ទី​បំផុត​សហរដ្ឋ​អាមេរិក​នឹង​ត្រូវ​បែង​ចែក​ឲ្យ​មាន​សង្គម​ពីរ​ប្រភេទ គឺ​«​សង្គម​មនុស្ស​សម្បុរ​ខ្មៅ និង​សង្គម​មនុស្ស​សម្បុរ​ស ដែល​រស់​នៅ​ដោយ​ឡែក​ពី​គ្នា​និង​គ្មាន​ភាព​ស្មើ​គ្នា​ឡើយ​»។ មនុស្ស​ខ្លះ​អះអាង​ថា ទំនាយ​នេះ​បាន​ក្លាយ​ទៅ​ជា​ការ​ពិត​ហើយ និង​«​ការ​បែង​ចែក​ខាង​ពូជ​សាសន៍​និង​ខាង​សេដ្ឋកិច្ច​នោះ ក៏​កំពុង​តែ​រីក​រាល​ដាល​ធំ​ឡើង​ៗ​»​នៅ​ប្រទេស​នោះ។

ហេតុ​ដូច​ម្ដេច​បាន​ជា​មាន​ការ​ពិបាក​ម្ល៉េះ ក្នុង​ការ​បង្កើត​ឲ្យ​មាន​ភាព​ស្មើ​គ្នា? លក្ខណៈ​របស់​មនុស្សជាតិ​ជា​ដើម​ហេតុ​មួយ។ លោក​វី​ល្លៀ​ម​រ៉ា​ន់​ដូ​ល​ហឺស អតីត​សមាជិក​សភា​បាន​មាន​ប្រសាសន៍​ថា​៖ ​«​មនុស្ស​ទាំង​ឡាយ​បាន​ត្រូវ​បង្កើត​មក​យ៉ាង​ហោច​ណាស់​មាន​ភាព​ស្មើ​គ្នា​មួយ ដែល​នោះ​គឺ​ជា​ការ​ប៉ង​ប្រាថ្នា​ចង់​បាន​ភាព​មិន​ស្មើ​គ្នា​»។ តើ​គាត់​ចង់​មាន​ន័យ​អ្វី? នៅ​សតវត្ស​ទី​១៩ ជន​ជាតិ​បារាំង​ម្នាក់ ឈ្មោះ​អន​រី​បិ​ក ដែល​ជា​អ្នក​និពន្ធ​ល្ខោន​បាន​មាន​ប្រសាសន៍​ដែល​ប្រហែល​ជា​ស្រួល​យល់​ជាង​ដោយ​ថា​៖ ​«​មូលហេតុ​ដែល​មាន​ការ​ពិបាក​រក​ភាព​ស្មើ​គ្នា នោះ គឺ​មក​ពី​យើង​ចង់​បាន​ភាព​ស្មើ​គ្នា​ជា​មួយ​អ្នក​ធំ​តែ​ប៉ុណ្ណោះ​»។ នេះ​បាន​សេចក្ដី​ថា មនុស្ស​ចង់​ស្មើ​ភាព​ជា​មួយ​អស់​អ្នក​ដែល​មាន​វណ្ណៈ​ខ្ពង់​ខ្ពស់​ក្នុង​សង្គម​ជាង​ខ្លួន តែ​មាន​មនុស្ស​តិច​ទេ​ដែល​សុខ​ចិត្ត​លះ​បង់​សិទ្ធិ​ពិសេស​និង​ប្រយោជន៍​ផ្ទាល់​ខ្លួន ដើម្បី​ឲ្យ​បាន​ស្មើ​ភាព​ជា​មួយ​នឹង​មនុស្ស​ដែល​មាន​ឋានៈ​ទាប។

តាំង​ពី​សម័យ​មុន មនុស្ស​បាន​កើត​មក​ជា​ជន​សាមញ្ញ មាន​វណ្ណៈ​អភិជន ហើយ​ក៏​មាន​ពូជ​ពង្ស​ស្តេច​ផង​ដែរ។ នៅ​តំបន់​ខ្លះ​ៗ​សព្វ​ថ្ងៃ​នេះ ក៏​នៅ​មាន​វណ្ណៈ​បែប​នេះ​ផង​ដែរ។ ក៏​ប៉ុន្តែ​នៅ​ប្រទេស​ភាគ​ច្រើន​សព្វ​ថ្ងៃ​នេះ ការ​មាន​ទ្រព្យ​សម្បត្ដិ​និង​ការ​អត់​មាន​វត្ថុ​ទ្រព្យ​ជា​អ្វី​ដែល​បញ្ជាក់​អំពី​ឋានៈ​មនុស្ស ថា​ស្ថិត​ក្នុង​ឋានៈ​ខ្ពស់ មាន​ជីវភាព​មធ្យម ឬ​មាន​ឋានៈ​ទាប។ តែ​ក៏​នៅ​មាន​កត្ដា​ផ្សេង​ទៀត​ដែល​បញ្ជាក់​ពី​វណ្ណៈ​និង​ឋានៈ ដូច​ជា​ពូជ​សាសន៍ កំរិត​នៃ​ការ​អប់រំ និង​ការ​ចេះ​អក្សរ​ជា​ដើម។ នៅ​តំបន់​ខ្លះ ការ​ប្រកាន់​ភេទ​ក៏​ជា​ហេតុ​ចំបង​ឲ្យ​គេ​រើស​អើង​ដែរ ដោយ​ចាត់​ទុក​ស្ត្រី​ជា​មនុស្ស​មាន​ឋានៈ​ទាប​ថោក។

តើ​អាច​មាន​ក្ដី​សង្ឃឹម​ទេ?

ការ​បង្កើត​ច្បាប់​សិទ្ធិ​មនុស្ស​បាន​ជួយ​ដក​ចេញ​នូវ​ឧបសគ្គ​ខ្លះ​ៗ​ខាង​វណ្ណៈ។ នៅ​សហរដ្ឋ​អាមេរិក​គេ​បាន​បង្កើត​ច្បាប់​ដែល​ហាម​មិន​ឲ្យ​បែង​ចែក​វណ្ណៈ។ នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​គេ​បាន​បំបាត់​ចោល​នូវ​ការ​ប្រកាន់​ពណ៌​សម្បុរ។ ទោះ​ជា​នៅ​មាន​ទាសករ​នៅ​ឡើយ​ក៏​ដោយ តែ​ចំពោះ​ប្រទេស​ជា​ច្រើន នេះ​ជា​ការ​ខុស​ច្បាប់។ នីតិ​កម្ម​ខ្លះ​ៗ​បាន​បង្ខំ​ឲ្យ​មនុស្ស​ទទួល​ស្គាល់​សិទ្ធិ​របស់​មនុស្សជាតិ​ដើម​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ដី ហើយ​ច្បាប់​ដែល​ប្រឆាំង​នឹង​ការ​រើស​អើង​ក៏​បាន​កាត់​បន្ថយ​នូវ​ទុក្ខ​ព្រួយ​របស់​មនុស្ស​ដែល​មាន​ឋានៈ​ទាប​ផង​ដែរ។

តើ​ការ​បង្កើត​ច្បាប់​ទាំង​នេះ​បញ្ជាក់​ថា ការ​ប្រកាន់​វណ្ណៈ​បាន​មក​ដល់​ទី​បញ្ចប់​ឬ? មិន​មែន​ទេ! ទោះ​ជា​ឥឡូវ​នេះ​មិន​សូវ​មាន​ការ​បែង​ចែក​វណ្ណៈ​ក៏​ដោយ នោះ​ក៏​មាន​ការ​បែង​ចែក​ថ្មី​ទៀត​បាន​លេច​ឡើង​ដែរ។ សៀវភៅ​ការ​ប្រឆាំង​គ្នា​រវាង​មនុស្ស​វណ្ណៈ​ផ្សេង​ៗ​ក្នុង​សម័យ​កុំព្យូទ័រ (​ជា​ភាសា​អង់គ្លេស​) បាន​ចែង​ថា​៖ ​«​សព្វ​ថ្ងៃ​នេះ​ការ​បែង​ចែក​រវាង​ក្រុម​អ្នក​ជំនួញ​និង​ក្រុម​បុគ្គលិក​នោះ ទំនង​មើល​ទៅ​ដូច​ជា​មិន​សូវ​ត្រឹម​ត្រូវ​ប៉ុន្មាន​ទេ។ មូលហេតុ​គឺ​មក​ពី​ក្រុម​ទាំង​ពីរ​នេះ​បាន​បែក​បាក់​ទៅ​ជា​ក្រុម​តូច​ៗ​ឯ​ទៀត ដែល​ពួក​គេ​សុទ្ធ​តែ​ជា​មនុស្ស​ពូកែ​ខឹង​»។

តើ​មនុស្ស​លោក​ត្រូវ​មាន​ការ​បែង​ចែក​ដូច​នេះ​រហូត​ឬ? អត្ថបទ​ជា​បន្ទាប់​នឹង​បង្ហាញ​ថា នេះ​មិន​មែន​ជា​ស្ថានការណ៍​ដ៏​គួរ​ឲ្យ​អស់​សង្ឃឹម​នោះ​ឡើយ។