លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើភាពស្អាតសំខាន់ប៉ុនណាទៅ?

តើភាពស្អាតសំខាន់ប៉ុនណាទៅ?

តើ​ភាព​ស្អាត​សំខាន់​ប៉ុន​ណា​ទៅ?

មនុស្ស​ម្នាក់​ៗ​តែង​តែ​មាន​ទស្សនៈ​ខុស​ៗ​គ្នា​អំពី​អ្វី​ដែល​គេ​ចាត់​ទុក​ជា​ស្អាត​ស្អំ។ ជា​ឧទាហរណ៍ ពេល​មាតា​ម្នាក់​ប្រាប់​កូន​ប្រុស​របស់​គាត់​ឲ្យ​ទៅ​លាង​ដៃ​និង​លុប​លាង​មុខ ប្រហែល​ជា​ក្មេង​នេះ​គិត​ថា​បើ​ខ្ញុំ​គ្រាន់​តែ​ចូល​បន្ទប់​ទឹក​និង​ផ្សើម​មុខ​តិច​ៗ​និង​ម្រាម​ដៃ​ប៉ុណ្ណោះ ខ្ញុំ​បាន​លុប​លាង​មុខ​និង​លាង​ដៃ​ស្អាត​ហើយ។ តែ​ម្ដាយ​គាត់​ដឹង​ថា​នេះ​មិន​ស្អាត​គ្រប់​គ្រាន់​ទេ។ ដូច្នេះ ម្ដាយ​គាត់​ចាប់​ដៃ​កូន​នាំ​ទៅ​បន្ទប់​ទឹក​ម្ដង​ទៀត យក​សាប៊ូ​និង​ប្រើ​ទឹក​យ៉ាង​ច្រើន​ដើម្បី​លុប​លាង​មុខ​និង​លាង​ដៃ​ឲ្យ​កូន ទោះ​ជា​កូន​នោះ​ស្រែក​យំ​យ៉ាង​ណា​ក៏​ដោយ!

ជា​ការ​ពិត​ណាស់ កំរិត​ភាព​ស្អាត​ស្អំ​និង​អនាម័យ​គឺ​ខុស​គ្នា​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ហើយ​មនុស្ស​តែង​តែ​ធំ​ឡើង​ដោយ​មាន​ទស្សនៈ​ខុស​ៗ​គ្នា​ទាំង​អស់​អំពី​ភាព​ស្អាត​ស្អំ។ រីឯ​ប្រទេស​ជា​ច្រើន​នៅ​សម័យ​មុន​ៗ សាលា​រៀន​ដ៏​ស្អាត​ស្អំ និង​ដែល​មាន​របៀប​រៀប​រយ​ល្អ​នោះ បាន​បង្ហាត់​កូន​សិស្ស​ឲ្យ​បង្កើត​ទម្លាប់​ល្អ​ខាង​ភាព​ស្អាត​ស្អំ​និង​អនាម័យ។ សព្វ​ថ្ងៃ ទី​ធ្លា​សាលា​ខ្លះ​មាន​សម្រាម​ស្អេក​ស្កះ​ដល់​ម្ល៉េះ​បាន​ជា​ទី​ធ្លា​នោះ មើល​ទៅ​ដូច​ជា​កន្លែង​ចាក់​សម្រាម​ជា​ជាង​កន្លែង​ដែល​កូន​ក្មេង​អាច​រត់​លេង​ឬ​លំហែ​កាយ។ ចុះ​យ៉ាង​វិញ​ចំពោះ​ថ្នាក់​រៀន? លោក​ដារិន ជា​អ្នក​បោស​សំអាត​ម្នាក់​នៅ​សាលា​មួយ​នៅ​ប្រទេស​អូស្ដ្រាលី​បាន​ស្រដី​ថា​៖ ​«​ឥឡូវ​នេះ សូម្បី​តែ​ថ្នាក់​រៀន​ក៏​ស្មោក​គ្រោក​ដែរ​»។ ពេល​មនុស្ស​ម្នាក់​ប្រាប់​កូន​សិស្ស​ថា​«​បោស​កើប​សម្រាម​ចោល​»​ឬ​ក៏​«​សំអាត​កន្លែង​អង្គុយ​របស់​ខ្លួន​»​នោះ ពួក​សិស្ស​ចាត់​ទុក​នេះ​ជា​ការ​ដាក់​ទណ្ឌកម្ម​វិញ។ បញ្ហា​នេះ​ផ្ដើម​ចេញ​ពី​គ្រូ​ខ្លះ​ដែល​ដាក់​ទណ្ឌកម្ម​សិស្ស​ឲ្យ​បោស​សំអាត។

ម្យ៉ាង​ទៀត មនុស្ស​ពេញ​វ័យ​មិន​តែង​តែ​ជា​គំរូ​ល្អ​ខាង​ភាព​ស្អាត​ស្អំ​ជា​និច្ច​ទេ មិន​ថា​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ឬ​មួយ​ក៏​ក្នុង​ពិភព​ពាណិជ្ជកម្ម​ក៏​ដោយ។ ជាក់​ស្តែង​ដូច​ជា ទី​កន្លែង​សាធារណៈ​គឺ​ស្មោក​គ្រោក​និង​គួរ​ឲ្យ​ទាស់​ភ្នែក​ណាស់។ ឧស្សាហកម្ម​ខ្លះ​ធ្វើ​ឲ្យ​បរិស្ថាន​ក្រខ្វក់។ ប៉ុន្តែ ការ​ក្រខ្វក់​ផែនដី​មិន​មែន​មក​ពី​ក្រុម​ហ៊ុន​ឬ​ឧស្សាហកម្ម​នោះ​ឡើយ តែ​គឺ​ជា​មនុស្ស​ទៅ​វិញ​ទេ ដែល​បណ្ដាល​ឲ្យ​មាន​ភាព​ក្រខ្វក់​នោះ។ ទោះ​ជា​ចិត្ត​លោភ​លន់​គឺ​ជា​ដើម​ហេតុ​នៃ​បញ្ហា​ក្រខ្វក់​និង​វិបត្ដិ​ពិភព​លោក​ដែល​ផ្ដើម​ចេញ​ពី​ភាព​ក្រខ្វក់​ក៏​ដោយ តែ​កត្ដា​មួយ​ទៀត​គឺ​ជា​ទម្លាប់​មិន​ស្អាត​ស្អំ​ឬ​គ្មាន​អនាម័យ​របស់​មនុស្ស​ម្នាក់​ៗ​ទៀត​ផង។ អតីត​អគ្គនាយក​សហព័ន្ធ​ប្រទេស​អូស្ដ្រាលី​បាន​យល់​ស្រប​នឹង​គំនិត​នេះ ពេល​គាត់​មាន​ប្រសាសន៍​ថា​៖ ​«​រឿង​ទាំង​អស់​ដែល​ជាប់​ទាក់​ទង​នឹង​សុខភាព​សាធារណជន គឺ​ផ្អែក​ទៅ​លើ​ភាព​ស្អាត​ស្អំ​នៃ​បុរស​ម្នាក់​ៗ ស្ត្រី​ម្នាក់​ៗ និង​កុមារ​ម្នាក់​ៗ​»។

ក៏​ប៉ុន្តែ មនុស្ស​ផ្សេង​ទៀត​ចាត់​ទុក​ភាព​ស្អាត​ស្អំ​និង​អនាម័យ​ជា​រឿង​ផ្ទាល់​ខ្លួន​ដែល​មិន​ទាក់​ទង​អ្នក​ឯ​ទៀត​ទេ។ តើ​នេះ​ជា​ការ​ពិត​ទេ?

ភាព​ស្អាត​ស្អំ​និង​អនាម័យ​គឺ​សំខាន់​ណាស់ ពេល​ដែល​នោះ​ទាក់​ទង​នឹង​ម្ហូប​អាហារ​របស់​យើង មិន​ថា​ម្ហូប​នោះ​យើង​ទិញ​នៅ​ផ្សារ បរិភោគ​នៅ​តាម​ភោជនីយដ្ឋាន ឬ​ញ៉ាំ​បាយ​នៅ​ផ្ទះ​មិត្ត​ភក្ដិ​យើង​ក៏​ដោយ។ យើង​សង្ឃឹម​ថា​អ្នក​ដែល​ចំអិន​ម្ហូប​អាហារ​ដែលយើង​ញ៉ាំ​នោះ គឺ​ជា​អ្នក​ស្អាត​ស្អំ​និង​មាន​អនាម័យ។ បើ​សិន​ជា​ដៃ​របស់​ពួក​គេ ឬ​មួយ​ក៏​ដៃ​របស់​យើង​មិន​ស្អាត នោះ​អាច​ជា​ដើម​ហេតុ​បណ្ដាល​ឲ្យ​មាន​ជម្ងឺ​ច្រើន​យ៉ាង។ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​មន្ទីរ​ពេទ្យ ដែល​យើង​សង្ឃឹម​ថា​នឹង​ស្អាត​ស្អំ​ជា​ទី​បំផុត​នោះ? ទស្សនាវដ្ដី​វេជ្ជសាស្ត្រ​ប្រទេស​អង់គ្លេស​ថ្មី​រាយ​ការណ៍​ថា ដៃ​មិន​ស្អាត​របស់​គ្រូ​ពេទ្យ​និង​គិលានុបដ្ឋាយិកា ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ជម្ងឺ​ដែល​ដេក​នៅ​មន្ទីរ​ពេទ្យ​កើត​មាន​ដំបៅ និង​ចំណាយ​អស់​មួយ​ពាន់​កោដិ​ដុល្លារ​អាមេរិក​ជា​រៀង​រាល់​ឆ្នាំ​ដើម្បី​ព្យាបាល។ យើង​សង្ឃឹម​យ៉ាង​ត្រឹម​ត្រូវ​ថា គ្មាន​អ្នក​ណា​នឹង​បង្ក​បញ្ហា​ដល់​សុខភាព​យើង​ដោយ​សារ​គេ​មិន​ស្អាត​ស្អំ​នោះ​ទេ។

ពេល​មនុស្ស​ម្នាក់​បំពុល​ប្រភព​ទឹក​របស់​យើង មិន​ថា​ដោយ​ចេតនា​ឬ​អចេតនា​ក៏​ដោយ នោះ​គឺ​ជា​រឿង​ធ្ងន់​ធ្ងរ​ផង​ដែរ។ តើ​អ្នក​ពិត​ជា​មាន​សុវត្ថិភាព​មែន​ទេ បើ​សិន​ជា​អ្នក​ដើរ​អត់​ពាក់​ស្បែក​ជើង​តាម​ឆ្នេរ​សមុទ្រ តែ​ឃើញ​មាន​សឺ​រាំង​រាត់​រាយ​ដេរដាស​តាម​ឆ្នេរ ដែល​អ្នក​ចាក់​ថ្នាំ​ញៀន​ឬ​អ្នក​ផ្សេង​ទៀត​បាន​ប្រើ​ហើយ​ចោល​នោះ? សំនួរ​សំខាន់​ហួស​ពី​សំខាន់​ទៅ​ទៀត​នោះ​គឺ​ថា​៖ តើ​យើង​ស្អាត​ស្អំ​និង​មាន​អនាម័យ​ក្នុង​ផ្ទះ​របស់​យើង​ទេ?

ក្នុង​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា​ការ​បណ្ដេញ​ធូលី​ដី​របស់​លោក​ស្រី ស៊ូអេលិន ហូយ លោក​ស្រី​បាន​សួរ​ថា​៖ ​«​ឥឡូវ​នេះ តើ​យើង​ខំ​ឲ្យ​បាន​ស្អាត​ស្អំ​ដូច​គ្រា​មុន​ៗ​ទេ?​»។ គាត់​ឆ្លើយ​ថា​៖ ​«​ទំនង​ជា​មិន​ស្អាត​ស្អំ​ដូច​ពី​មុន​ទេ!​»។ គាត់​លើក​បញ្ជាក់​ថា ការ​កែ​ប្រែ​ក្នុង​គោល​ការណ៍​សង្គម​គឺ​ជា​ហេតុ​ចំបង។ ដោយ​ព្រោះ​មនុស្ស​ចំណាយ​ពេល​កាន់​តែ​តិច​ទៅ​ៗ​នៅ​ផ្ទះ​នោះ គេ​គ្រាន់​តែ​ជួល​ម្នាក់​ទៀត​មក​បោស​សំអាត​ផ្ទះ​ឲ្យ​គេ។ ជា​លទ្ធផល បរិស្ថាន​ស្អាត​ស្អំ​បាន​លែង​ជា​អ្វី​ដែល​មនុស្ស​ម្នាក់​ៗ​ចាត់​ទុក​ជា​សំខាន់​ទៀត​ហើយ។ បុរស​មួយ​រូប​ស្រដី​ថា​៖ ​«​ខ្ញុំ​មិន​សំអាត​បន្ទប់​ទឹក​ទេ ខ្ញុំ​សំអាត​តែ​រូប​កាយ​ខ្ញុំ​ប៉ុណ្ណោះ។ យ៉ាង​ហោច​ណាស់ ខ្ញុំ​ស្អាត ទោះ​ជា​ផ្ទះ​ខ្ញុំ​ស្មោក​គ្រោក​ក៏​ដោយ​»។

ក៏​ប៉ុន្តែ ភាព​ស្អាត​ស្អំ​គឺ​ស៊ី​ជំរៅ​ជាង​ការ​ឃើញ​តែ​សំបក​ក្រៅ​ប៉ុណ្ណោះ។ នោះ​ជា​គោល​ការណ៍​ទូទៅ​មួយ​ដែល​ទាក់​ទង​នឹង​របៀប​រស់​នៅ​ដ៏​ត្រឹម​ត្រូវ។ នោះ​ក៏​ជា​សន្ដាន​ចិត្ត​និង​សតិ​ដែល​ជាប់​ទាក់​ទង​នឹង​សីលធម៌​ហើយ​ការ​ថ្វាយ​បង្គំ​របស់​យើង។ យើង​សូម​ពិចារណា​មូលហេតុ​ដែល​នេះ​ជា​ការ​ពិត។