តើអ្នកបានទទួល«វិញ្ញាណនៃសេចក្ដីពិត»ហើយឬនៅ?
តើអ្នកបានទទួល«វិញ្ញាណនៃសេចក្ដីពិត»ហើយឬនៅ?
‹ព្រះវរបិតានឹងប្រទានជំនួយ១ទៀតមកអ្នករាល់គ្នាឲ្យបានគង់នៅជាមួយ នៅអស់កល្បរៀងទៅ គឺជាព្រះវិញ្ញាណនៃសេចក្ដីពិត›។—យ៉ូហាន ១៤:១៦, ១៧
១. តើព្រះយេស៊ូបានមានបន្ទូលប្រាប់ពត៌មានសំខាន់ៗអ្វីទៅកាន់សិស្សរបស់ទ្រង់ ក្នុងកំឡុងពេលចុងក្រោយដែលទ្រង់បាននៅជាមួយពួកគេនៅបន្ទប់ខាងលើនោះ?
«ព្រះអម្ចាស់អើយ! តើទ្រង់យាងទៅឯណា»? នេះជាសំនួរមួយដែលសាវ័កព្រះយេស៊ូបានសួរទ្រង់ក្នុងកំឡុងពេលចុងក្រោយបង្អស់ដែលទ្រង់បាននៅជាមួយពួកគេនៅបន្ទប់ខាងលើមួយនៅទីក្រុងយេរូសាឡិម។ (យ៉ូហាន ១៣:៣៦) ក្នុងកំឡុងការប្រជុំនោះ ព្រះយេស៊ូបានមានបន្ទូលប្រាប់ពួកគេថា គឺដល់ពេលទ្រង់ត្រូវចាកចេញពីពួកគេ និងយាងត្រឡប់ទៅព្រះវរបិតារបស់ទ្រង់វិញហើយ។ (យ៉ូហាន ១៤:២៨; ១៦:២៨) ទ្រង់នឹងមិនអាចនៅជាមួយគេតទៅទៀតជាសាច់ឈាមដើម្បីណែនាំនិងឆ្លើយសំនួររបស់ពួកគេបានទៀតនោះទេ។ ប៉ុន្តែទ្រង់បានផ្ដល់ឲ្យគេនូវទំនុកចិត្តដោយមានបន្ទូលថា៖ ‹ខ្ញុំនឹងទូលអង្វរព្រះវរបិតា ហើយទ្រង់ប្រទានជំនួយការពារ[ឬក៏ អ្នកសម្រាលទុក្ខ]១ទៀត អោយគង់នៅជាមួយអ្នករាល់គ្នាជាដរាបតរៀងទៅ›។—យ៉ូហាន ១៤:១៦, ព្រះគម្ពីរភាសាខ្មែរសម្រាយ, សម្គាល់ហេតុខាងក្រោម។
២. តើព្រះយេស៊ូបានសន្យានឹងប្រទានអ្វី មកដល់សិស្សទ្រង់ក្រោយទ្រង់យាងចាកចេញរួចហើយនោះ?
២ ព្រះយេស៊ូបានបញ្ជាក់ថាជំនួយនោះគឺជាអ្វី ហើយនិងបានពន្យល់ពីរបៀបជំនួយនោះនឹងជួយសិស្សរបស់ទ្រង់។ ទ្រង់មានបន្ទូលថា៖ ‹ខ្ញុំមិនបានប្រាប់កាលពីដើមទេ ពីព្រោះខ្ញុំកំពុងនៅជាមួយនឹងអ្នករាល់គ្នានៅឡើយ តែឥឡូវនេះ ខ្ញុំទៅឯព្រះអង្គដែលចាត់ឲ្យមក ដែលខ្ញុំទៅនោះមានប្រយោជន៍ដល់អ្នករាល់គ្នាវិញ ដ្បិតបើខ្ញុំមិនទៅទេ នោះជំនួយក៏មិនមកឯអ្នករាល់គ្នាដែរ តែបើខ្ញុំទៅ នោះខ្ញុំនឹងប្រទានជំនួយឲ្យមក កាលណានោះ គឺជាព្រះវិញ្ញាណនៃសេចក្ដីពិត បានមកដល់ នោះនឹងនាំអ្នករាល់គ្នាចូលក្នុងគ្រប់ទាំងសេចក្ដីពិត›។—យ៉ូហាន ១៦:៤, ៥, ៧, ១៣
៣. (ក) តើ«វិញ្ញាណនៃសេចក្ដីពិត»បានត្រូវប្រទានដល់គ្រីស្ទាននៅសម័យដើមនៅពេលណា? (ខ) តើវិញ្ញាណបានជា«ជំនួយ»ដល់គេតាមវិធីមួយណាដ៏សំខាន់នោះ?
៣ សេចក្ដីសន្យានេះបានក្លាយជាពិតនៅបុណ្យថ្ងៃទី៥០ នាឆ្នាំ៣៣ស.យ.។ សាវ័កពេត្រុសបានបញ្ជាក់ការសម្រេចនេះដោយថា៖ «ឯព្រះយេស៊ូវនេះ ព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ឡើងវិញ ហើយពួកយើងនេះជាទីបន្ទាល់ពីទ្រង់ទាំងអស់គ្នា ដូច្នេះ ដែលទ្រង់បានដំកើងឡើង ដោយសារព្រះហស្តស្ដាំនៃព្រះ ហើយបានទទួលសេចក្ដីសន្យា គឺជាព្រះវិញ្ញាណបរិសុទ្ធពីព្រះវរបិតា នោះទ្រង់បានចាក់សេចក្ដីនេះមកដែលអ្នករាល់គ្នាកំពុងតែមើលហើយស្ដាប់»។ (កិច្ចការ ២:៣២, ៣៣) យើងនឹងពិចារណាឃើញថា វិញ្ញាណបរិសុទ្ធដែលបានត្រូវចាក់ទៅលើសិស្សព្រះយេស៊ូ នៅបុណ្យថ្ងៃទី៥០នោះបានសម្រេចការយ៉ាងច្រើនណាស់សំរាប់ជនគ្រីស្ទាននៅសម័យដើម។ តែព្រះយេស៊ូបានសន្យាថា«វិញ្ញាណនៃសេចក្ដីពិត»នឹង‹រំឭកពីគ្រប់ទាំងសេចក្ដី ដែលទ្រង់បានប្រាប់ដល់ពួកគេ›។ (យ៉ូហាន ១៤:២៦) ព្រះវិញ្ញាណនៃសេចក្ដីពិតនោះនឹងផ្ដល់សមត្ថភាពឲ្យគេនឹកចាំពីកិច្ចបំរើផ្សាយរបស់ព្រះយេស៊ូនិងសេចក្ដីបង្រៀនរបស់ទ្រង់ សូម្បីតែបន្ទូលនិមួយៗដែលទ្រង់បានពោលក៏ដោយ ហើយពួកគេនឹងអាចកត់សរសេរសេចក្ដីទាំងនោះបាន។ នេះនឹងជាជំនួយដ៏ធំសំរាប់សាវ័កយ៉ូហានដ៏ចាស់ជរានៅចុងសតវត្សទីមួយស.យ. ពេលគាត់ចាប់ផ្ដើមសរសេរកំណត់ហេតុសៀវភៅដំណឹងល្អរបស់គាត់។ កំណត់ហេតុនោះរួមបញ្ចូលឱវាទពិសេសពិសាលដែលព្រះយេស៊ូបានមានបន្ទូលមក ពេលទ្រង់ផ្ដើមធ្វើពិធីបុណ្យរំឭកនៃការសោយទិវង្គតរបស់ទ្រង់។—យ៉ូហាន ជំពូក១៣-១៧
៤. តើ«វិញ្ញាណនៃសេចក្ដីពិត»បានជួយគ្រីស្ទាននៅសម័យដើមយ៉ាងដូចម្ដេចខ្លះ?
៤ ព្រះយេស៊ូក៏បានមានបន្ទូលសន្យាថា វិញ្ញាណនោះនឹង‹បង្រៀនគេ ពីគ្រប់សេចក្ដីទាំងអស់›ហើយក៏‹នាំគេចូលក្នុងគ្រប់ទាំងសេចក្ដីពិត›។ វិញ្ញាណនឹងជួយគេយល់សេចក្ដីដ៏ជ្រាលជ្រៅក្នុងបទគម្ពីរនិងរក្សាសាមគ្គីភាពរបស់គេខាងចិត្តគំនិត យោបល់ និងគោលបំណង។ (កូរិនថូសទី១ ២:១០; អេភេសូរ ៤:៣) ដូចនេះ វិញ្ញាណបរិសុទ្ធបានផ្ដល់កម្លាំងដល់បណ្ដាគ្រីស្ទាននៅសម័យដើមនោះ ដើម្បីបំរើជាក្រុម‹អ្នកបំរើស្មោះត្រង់មានវិនិច្ឆ័យល្អ› ដែលផ្គត់ផ្គង់នូវ«អាហារគេបរិភោគតាមត្រូវពេល»សំរាប់គ្រីស្ទានចាក់ប្រេងតាំងម្នាក់ៗ។—ម៉ាថាយ ២៤:៤៥
វិញ្ញាណក៏ធ្វើបន្ទាល់
៥. (ក) តើព្រះយេស៊ូបានលាតត្រដាងនូវសេចក្ដីសង្ឃឹមអ្វីទៀតសំរាប់សិស្សទ្រង់នៅរាត្រីថ្ងៃទី១៤ ខែណែសាន ៣៣ស.យ.? (ខ) តើវិញ្ញាណបរិសុទ្ធនឹងមានមុខងារអ្វីក្នុងការបំពេញសេចក្ដីសន្យានេះរបស់ព្រះយេស៊ូ?
៥ នៅរាត្រីថ្ងៃទី១៤ ខែណែសាន ឆ្នាំ៣៣ស.យ. ព្រះយេស៊ូបានមានបន្ទូលបង្ហើបប្រាប់សិស្សទ្រង់ថា ក្រោយពួកគេនឹងត្រូវទ្រង់ទទួលឲ្យទៅរស់នៅជាមួយទ្រង់និងព្រះវរបិតាទ្រង់នៅស្ថានសួគ៌។ ព្រះយេស៊ូមានបន្ទូលថា៖ «នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំ មានទីលំនៅជាច្រើន ពុំនោះ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា បើខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា នោះខ្ញុំនឹងត្រឡប់មកវិញ នឹងទទួលអ្នករាល់គ្នាទៅឯខ្ញុំ ប្រយោជន៍ឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរ»។ (យ៉ូហាន ១៣:៣៦; ១៤:២, ៣) ពួកគេនឹងសោយរាជ្យជាមួយព្រះយេស៊ូក្នុងព្រះរាជាណាចក្ររបស់ទ្រង់។ (លូកា ២២:២៨-៣០) ដើម្បីបើកឲ្យគេមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌យ៉ាងនេះ ពួកគេនឹងត្រូវ«កើតពីព្រះវិញ្ញាណ»ជាកូនខាងវិញ្ញាណរបស់ព្រះនិងជាអ្នកចាក់ប្រេងតាំងដើម្បីបំរើជាស្តេចនិងជាសង្ឃជាមួយព្រះគ្រីស្ទនៅស្ថានសួគ៌។—យ៉ូហាន ៣:៥-៨; កូរិនថូសទី២ ១:២១, ២២; ទីតុស ៣:៥-៧; ពេត្រុសទី១ ១:៣, ៤; វិវរណៈ ២០:៦
៦. (ក) តើការប្រកាសហៅអ្នកដែលនឹងឡើងទៅស្ថានសួគ៌បានចាប់ផ្ដើមនៅពេលណា? ហើយតើប៉ុន្មាននាក់បានត្រូវប្រកាសហៅនោះ? (ខ) តើអ្នកដែលត្រូវហៅបានទទួលបុណ្យជ្រមុជក្នុងអ្វីខ្លះ?
៦ «ការងារស្ថានសួគ៌[«ការប្រកាសហៅអ្នកដែលនឹងឡើងទៅស្ថានសួគ៌», ព.ថ.]» បានចាប់ផ្ដើមនៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ស.យ. និងមើលទៅដូចជាបានចប់នៅពាក់កណ្ដាលទសវត្សឆ្នាំ១៩៣០។ (ហេព្រើរ ៣:១) ចំនួនអ្នកដែលបានត្រូវបោះត្រាដោយវិញ្ញាណបរិសុទ្ធដើម្បីរួមជាសមាសភាពនៃអ៊ីស្រាអែលខាងវិញ្ញាណនោះ គឺ១៤៤.០០០នាក់ដែល‹បានត្រូវលោះចេញពីពួកមនុស្សលោក›។ (វិវរណៈ ៧:៤; ១៤:១-៤) អ្នកទាំងនេះបានទទួលបុណ្យជ្រមុជក្នុងរូបកាយខាងវិញ្ញាណរបស់ព្រះគ្រីស្ទ ក្នុងក្រុមជំនុំរបស់ទ្រង់ និងក្នុងការសោយទិវង្គតរបស់ទ្រង់។ (រ៉ូម ៦:៣; កូរិនថូសទី១ ១២:១២, ១៣, ២៧; អេភេសូរ ១:២២, ២៣) ក្រោយគេបានទទួលបុណ្យជ្រមុជទឹក ហើយបានចាក់ប្រេងតាំងដោយវិញ្ញាណបរិសុទ្ធនោះ ពួកគេបានចាប់ផ្ដើមមានវិថីជីវិតមួយដែលប្រកបទៅដោយការលះបង់គឺថា គេនឹងរក្សាភាពស្មោះត្រង់រហូតទៅដល់គេស្លាប់។—រ៉ូម ៦:៤, ៥
៧. ហេតុអ្វីបានជាមានតែគ្រីស្ទានចាក់ប្រេងតាំងដែលមានសិទ្ធិបរិភោគវត្ថុតំណាងនៅពិធីបុណ្យរំឭកនោះ?
៧ ដោយព្រោះគ្រីស្ទានចាក់ប្រេងតាំងនេះជាអ៊ីស្រាអែលខាងវិញ្ញាណនោះ ពួកគេក៏ចូលរួមក្នុងកិច្ចព្រមព្រៀងថ្មីរវាងព្រះយេហូវ៉ានិង«អ៊ីស្រាអែលនៃព្រះ»។ (កាឡាទី ៦:១៦; យេរេមា ៣១:៣១-៣៤) ព្រះលោហិតរបស់ព្រះគ្រីស្ទធ្វើឲ្យកិច្ចព្រមព្រៀងថ្មីចាប់ផ្ដើមមានសុពលភាព។ ព្រះយេស៊ូបានមានបន្ទូលអំពីរឿងនេះពេលទ្រង់ចាប់ផ្ដើមពិធីបុណ្យរំឭកនៃការសោយទិវង្គតរបស់ទ្រង់។ លោកលូកាបានកត់សរសេរថា៖ «រួចទ្រង់ក៏យកនំប៉័ងមកអរព្រះគុណ ហើយកាច់ប្រទានទៅគេ ដោយបន្ទូលថា នេះហើយជារូបកាយខ្ញុំ ដែលបានប្រទានមកសំរាប់អ្នករាល់គ្នា ចូរធ្វើបុណ្យនេះ ដើម្បីរំឭកពីខ្ញុំចុះ! ក្រោយដែលបានបរិភោគហើយ នោះទ្រង់យកពែងមកធ្វើបែបដូច្នោះដែរ ដោយបន្ទូលថា ពែងនេះជាសញ្ញាថ្មី ដែលតាំងដោយនូវឈាមខ្ញុំ គឺជាឈាម ដែលត្រូវច្រួចចេញសំរាប់អ្នករាល់គ្នា»។ (លូកា ២២:១៩, ២០) អ្នកសំណល់ឬក៏សមាជិក១៤៤.០០០នាក់ដែលនៅផែនដីនៅឡើយនោះ គឺជាអ្នកមានសិទ្ធិយ៉ាងត្រឹមត្រូវដើម្បីបរិភោគនំប៉័ងនិងស្រាដែលជាវត្ថុតំណាងនៅពិធីបុណ្យរំឭកនៃការសោយទិវង្គតរបស់ព្រះគ្រីស្ទ។
៨. តើអ្នកចាក់ប្រេងតាំងដឹងយ៉ាងដូចម្ដេចថា ពួកគេបានត្រូវប្រកាសហៅឲ្យឡើងទៅស្ថានសួគ៌?
៨ តើអ្នកចាក់ប្រេងតាំងដឹងយ៉ាងដូចម្ដេចថា ពួកគេបានត្រូវប្រកាសហៅឲ្យឡើងទៅស្ថានសួគ៌នោះ? ពួកគេទទួលបន្ទាល់នៃវិញ្ញាណបរិសុទ្ធតាមរបៀបមួយដែលគេមិនអាចយល់ច្រឡំបានឡើយ។ សាវ័កប៉ុលបាននិយាយអំពីអ្នកបែបនេះថា៖ «អស់អ្នកណាដែលព្រះវិញ្ញាណនៃព្រះទ្រង់នាំ អ្នកទាំងនោះហើយជាពួកកូនរបស់ព្រះ . . . ព្រះវិញ្ញាណទ្រង់ក៏ធ្វើបន្ទាល់នឹងវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ។ បើសិនណាជាកូនព្រះហើយ នោះយើងក៏បានគ្រងមរដកដែរ គឺជាអ្នកគ្រងមរដកនៃព្រះជាមួយនឹងព្រះគ្រីស្ទផង ឲ្យតែយើងទទួលរងទុក្ខជាមួយនឹងទ្រង់ចុះ ដើម្បីឲ្យបានដំកើងឡើងជាមួយនឹងទ្រង់ដែរ»។ (រ៉ូម ៨:១៤-១៧) បន្ទាល់នៃវិញ្ញាណនោះ គឺខ្លាំងដល់ម្ល៉េះបានជា បើមនុស្សម្នាក់សង្ស័យតែបន្ដិចប៉ុណ្ណោះថា គេមិនបានត្រូវប្រកាសហៅឲ្យឡើងស្ថានសួគ៌នោះ គឺ ជាការសមហេតុសមផលដែលគេសន្និដ្ឋានថា គេគ្មានសេចក្ដីសង្ឃឹមនោះឡើយ ហើយពួកគេនឹងមិនបរិភោគវត្ថុតំណាងនៅពិធីបុណ្យរំឭកនោះទេ។
វិញ្ញាណនិងចៀមឯទៀត
៩. តើក្រុមពីរអ្វីដ៏ខុសគ្នាដែលសៀវភៅដំណឹងល្អនិងសៀវភៅវិវរណៈ រៀបរាប់នោះ?
៩ ព្រះយេស៊ូបានមានបន្ទូលហៅជនគ្រីស្ទានចំនួនតិចដែលជាសាសន៍អ៊ីស្រាអែលខាងវិញ្ញាណនោះជា«ហ្វូងតូច»។ ពួកគេត្រូវអនុញ្ញាតឲ្យចូលក្នុង«ក្រោល»កិច្ចព្រមព្រៀងថ្មីនោះ ហើយក៏ពណ៌នាអំពីភាពខុសគ្នារវាងពួកគេនឹង«ចៀមឯទៀត»ដែលគ្មានចំនួនកំណត់និងដែលព្រះយេស៊ូក៏ត្រូវប្រមូលពួកគេដែរ។ (លូកា ១២:៣២; យ៉ូហាន ១០:១៦) ចៀមឯទៀតដែលត្រូវប្រមូលនៅថ្ងៃជាន់ក្រោយបង្អស់នេះ នឹងជា«ហ្វូងធំ»ដែលត្រូវរួចរស់ផុតពី«សេចក្ដីវេទនាជាខ្លាំង»ទាំងមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅលើផែនដីមនោរម្យ។ គួរឲ្យចាប់អារម្មណ៍មែនដែលចក្ខុនិមិត្តដែលយ៉ូហានបានទទួលនៅដំណាច់សតវត្សទីមួយស.យ.នោះ បង្ហាញភាពខុសគ្នារវាងហ្វូងធំនិង១៤៤.០០០នាក់ដែលជាសមាជិកនៃសាសន៍អ៊ីស្រាអែលខាងវិញ្ញាណ។ (វិវរណៈ ៧:៤, ៩, ១៤) តើចៀមឯទៀតក៏ទទួលវិញ្ញាណបរិសុទ្ធដែរឬទេ? ហើយបើសិនជាពួកគេទទួលនោះ តើវិញ្ញាណបរិសុទ្ធមានឥទ្ធិពលយ៉ាងណាទៅលើជីវិតរបស់គេ?
១០. តើដូចម្ដេចដែលចៀមឯទៀតទទួលបុណ្យជ្រមុជទឹក«ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា នឹងព្រះវិញ្ញាណបរិសុទ្ធ»?
១០ វិញ្ញាណបរិសុទ្ធពិតជាមានតួនាទីដ៏សំខាន់ក្នុងជីវិតរបស់ចៀមឯទៀត។ ពួកគេបង្ហាញថាគេបានថ្វាយខ្លួនចំពោះព្រះយេហូវ៉ាដោយទទួលបុណ្យជ្រមុជទឹក«ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា នឹងព្រះវិញ្ញាណបរិសុទ្ធ»។ (ម៉ាថាយ ២៨:១៩) ពួកគេទទួលស្គាល់ព្រះធិបតេយ្យរបស់ព្រះយេហូវ៉ានិងចុះចូលនឹងព្រះគ្រីស្ទជាស្តេចនិងអ្នកលោះរបស់គេ ហើយគេចុះចូលនឹងការដឹកនាំដោយវិញ្ញាណរបស់ព្រះឬក៏សកម្មពលរបស់ទ្រង់ក្នុងជីវិតរបស់គេ។ រាល់តែថ្ងៃ ពួកគេខិតខំបង្ហាញនូវ«ផលផ្លែនៃព្រះវិញ្ញាណ» ពោលជា«សេចក្ដីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត»។—កាឡាទី ៥:២២, ២៣
១១, ១២. (ក) តើយ៉ាងដូចម្ដេចដែលអ្នកចាក់ប្រេងតាំងត្រូវធ្វើឲ្យវិសុទ្ធតាមរបៀបដ៏ពិសេសមួយ? (ខ) តើតាមរបៀបណាដែលចៀមឯទៀតត្រូវធ្វើឲ្យវិសុទ្ធនិងញែកជាបរិសុទ្ធ?
១១ ចៀមឯទៀតក៏ត្រូវអនុញ្ញាតឲ្យព្រះបន្ទូលរបស់ព្រះនិងវិញ្ញាណបរិសុទ្ធធ្វើឲ្យគេស្អាតស្អំឬក៏ញែកគេចេញឲ្យបានវិសុទ្ធដែរ។ អ្នកចាក់ប្រេងតាំងបានត្រូវធ្វើឲ្យវិសុទ្ធតាមវិធីដ៏ពិសេសមួយ ដោយត្រូវចាត់ទុកជាសុចរិតនិងបរិសុទ្ធជាប្រពន្ធថ្មោងថ្មីរបស់ព្រះគ្រីស្ទ។ (យ៉ូហាន ១៧:១៧; កូរិនថូសទី១ ៦:១១; អេភេសូរ ៥:២៣-២៧) ព្យាការីដានីយ៉ែលរៀបរាប់អំពីអ្នកទាំងនោះជា«ពួកបរិសុទ្ធរបស់ព្រះដ៏ខ្ពស់បំផុត»ដែលគ្រងរាជ្យក្រោម«មនុស្សជាតិ[«កូនមនុស្ស», ព.ថ.]»ជាព្រះយេស៊ូគ្រីស្ទ។ (ដានីយ៉ែល ៧:១៣, ១៤, ១៨, ២៧) នៅសម័យមុននោះ ព្រះយេហូវ៉ាបានប្រកាសតាមរយៈលោកម៉ូសេនិងអើរ៉ុនដល់សាសន៍អ៊ីស្រាអែលថា៖ «អញនេះ គឺព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នា ដូច្នេះ ចូរឲ្យឯងរាល់គ្នាញែកខ្លួនចេញ ហើយឲ្យនៅជាបរិសុទ្ធចុះ! ដ្បិតអញជាបរិសុទ្ធ!»។—លេវីវិន័យ ១១:៤៤
១២ ក្នុងន័យខាងវិញ្ញាណពាក្យថា«វិសុទ្ធកម្ម»មានន័យថា«ការធ្វើឲ្យបានបរិសុទ្ធ ការញែកឬទុកដោយឡែកសំរាប់កិច្ចបំរើឬក៏ការប្រើដោយព្រះយេហូវ៉ា។ ភាពជាបរិសុទ្ធ ឬត្រូវធ្វើឲ្យស្អាតស្អំឬក៏អ្វីដែលបានត្រូវញែកជាបរិសុទ្ធ»។ សូម្បីតែនៅឆ្នាំ១៩៣៨ ទស្សនាវដ្ដីប៉មយាមបានចែងអំពីពួកយ៉ូណាដាបឬក៏ចៀមឯទៀតថា «ត្រូវរៀនថាអស់អ្នកណាដែលនឹងទៅជាសមាជិកនៃហ្វូងធំនិងរស់នៅលើផែនដី ត្រូវឧទ្ទិស[ថ្វាយខ្លួន]និងធ្វើវិសុទ្ធកម្មជាចាំបាច់»។ ក្នុងចក្ខុនិមិត្តអំពីហ្វូងធំដែលត្រូវកត់ទុកក្នុងសៀវភៅវិវរណៈនោះ ពួកគេត្រូវពណ៌នាជាអ្នកដែល«បានបោកអាវ ហើយធ្វើឲ្យឡើងសក្នុងឈាមរបស់កូនចៀម»ហើយកំពុងតែ«បំរើទ្រង់[ព្រះយេហូវ៉ា] នៅក្នុងព្រះវិហារទាំងយប់ទាំងថ្ងៃ»។ (វិវរណៈ ៧:៩, ១៤, ១៥) ដោយមានជំនួយពីវិញ្ញាណបរិសុទ្ធនោះ ចៀមឯទៀតខិតខំអស់ពីសមត្ថភាពដើម្បីធ្វើតាមខ្នាតតម្រារបស់ព្រះយេហូវ៉ាស្តីអំពីភាពបរិសុទ្ធ។—កូរិនថូសទី២ ៧:១
ការធ្វើល្អចំពោះបងប្អូនរបស់ព្រះគ្រីស្ទ
១៣, ១៤. (ក) យោងទៅតាមរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូអំពីចៀមនិងពពែនោះ តើសេចក្ដីសង្គ្រោះរបស់ចៀមអាស្រ័យទៅលើអ្វី? (ខ) នៅថ្ងៃជាន់ក្រោយបង្អស់នេះ តើចៀមឯទៀតបានធ្វើល្អដល់បងប្អូនរបស់ព្រះយេស៊ូយ៉ាងដូចម្ដេចខ្លះ?
១៣ ព្រះយេស៊ូបានលើកបញ្ជាក់នូវភាពជិតស្និទ្ធរវាងចៀមឯទៀតនិងហ្វូងតូចក្នុងរឿងប្រៀបប្រដូចរបស់ទ្រង់អំពីចៀមនិងពពែដែលរួមក្នុងទំនាយទ្រង់ស្តីពីទី«បំផុតកល្ប»។ ក្នុងរឿងប្រៀបប្រដូចនោះ ព្រះគ្រីស្ទបានពន្យល់យ៉ាងជាក់ច្បាស់ថា សេចក្ដីសង្គ្រោះរបស់ចៀមឯទៀតជាប់ពាក់ព័ន្ធយ៉ាងស្អិតរមួតនឹងរបៀបដែលគេប្រព្រឹត្តទៅលើអ្នកចាក់ប្រេងតាំងដែលព្រះយេស៊ូបានហៅជា‹បងប្អូនរបស់ទ្រង់›។ ព្រះយេស៊ូក៏មានបន្ទូលថា៖ «ស្តេច នឹងមានបន្ទូលទៅពួកអ្នកដែលនៅខាងស្ដាំថា ឱពួកអ្នកដែលព្រះវរបិតាយើងបានប្រទានពរអើយ! ចូរមកទទួលមរដកចុះ! គឺជានគរដែលបានរៀបចំទុកសំរាប់អ្នករាល់គ្នា តាំងពីកំណើតលោកីយមក . . . យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ដែលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថា បានធ្វើដល់យើងដែរ»។—ម៉ាថាយ ២៤:៣; ២៥:៣១-៣៤, ៤០
១៤ ពាក្យថា«ដែលអ្នករាល់គ្នាបានធ្វើការទាំងនោះ»សំដៅទៅលើការប្រព្រឹត្តដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ដោយគាំទ្របងប្អូនរបស់ព្រះយេស៊ូដែលបានកើតពីវិញ្ញាណនោះ ហើយដែលសាតាំងបានប្រព្រឹត្តទៅលើគេដូចជាអ្នកចម្លែក និងរហូតដល់ចាប់គេខ្លះដាក់គុកទៅទៀត។ ពួកគេធ្លាប់ត្រូវការម្ហូបអាហារ សំលៀកបំពាក់និងការថែទាំសុខភាពទៀតផង។ (ម៉ាថាយ ២៥:៣៥, ៣៦) នៅទីបំផុត តាំងតែពីឆ្នាំ១៩១៤ អ្នកចាក់ប្រេងតាំងជាច្រើននាក់បានស្ថិតក្នុងកាលៈទេសៈបែបនេះមែន។ ប្រវត្ដិសាស្ត្របច្ចុប្បន្នរបស់ស្មរបន្ទាល់ព្រះយេហូវ៉ាគឺជាភស្តុតាងបញ្ជាក់ថា ពួកគេបានត្រូវគាំទ្រដោយសហការីដ៏ភក្ដីរបស់គេជាចៀមឯទៀត ដែលបានត្រូវជំរុញដោយវិញ្ញាណនោះ។
១៥, ១៦. (ក) តើចៀមឯទៀតបានជួយបងប្អូនចាក់ប្រេងតាំងរបស់ព្រះគ្រីស្ទដែលនៅលើផែនដីធ្វើសកម្មភាពអ្វីជាពិសេសនោះ? (ខ) តើអ្នកចាក់ប្រេងតាំងបានថ្លែងអំពីកតញ្ញូធម៌របស់គេចំពោះចៀមឯទៀតយ៉ាងដូចម្ដេច?
១៥ ជាពិសេស បងប្អូនចាក់ប្រេងតាំងរបស់ព្រះគ្រីស្ទដែលនៅលើផែនដីនៅថ្ងៃជាន់ក្រោយបង្អស់នេះ បានទទួលការគាំទ្រយ៉ាងសកម្មក្នុងការធ្វើតាមបង្គាប់ពីព្រះឲ្យ‹ប្រកាសប្រាប់ដំណឹងល្អអំពីព្រះរាជាណាចក្រទូទៅគ្រប់ក្នុងលោកីយ៍ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍›។ (ម៉ាថាយ ២៤:១៤; យ៉ូហាន ១៤:១២) ទោះជាចំនួនអ្នកចាក់ប្រេងតាំងនៅលើផែនដីបានថយចុះតាមលំដាប់អស់ប៉ុន្មានឆ្នាំហើយក៏ដោយនោះ ចំនួនចៀមឯទៀតបានកើនឡើងដល់រាប់លាននាក់។ រាប់ពាន់នាក់បានបំរើជាអ្នកផ្សព្វផ្សាយពេញពេលជាអ្នកត្រួសត្រាយ និងជាសាសនទូតដោយផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្ររហូតដល់«ចុងផែនដីបំផុត»។ (កិច្ចការ ១:៨) អ្នកផ្សេងទៀតចូលរួមក្នុងកិច្ចការធ្វើបន្ទាល់ជាច្រើនបំផុតតាមតែលទ្ធភាពរបស់គេ ហើយក៏គាំទ្រកិច្ចការនេះខាងលុយកាក់ដោយចិត្តត្រេកអរ។
១៦ បងប្អូនចាក់ប្រេងតាំងរបស់ព្រះយេស៊ូពិតជាមានកតញ្ញូធម៌យ៉ាងច្រើនណាស់ហ្ន៎! ដែលគេទទួលការគាំទ្រយ៉ាងស្មោះត្រង់ពីចៀមឯទៀតដែលជាសហការីរបស់ពួកគេនោះ។ អារម្មណ៍របស់គេបានត្រូវបញ្ជាក់យ៉ាងក្បោះក្បាយក្នុងសៀវភៅចំណងជើងថាសន្ដិភាពក្នុងពិភពលោកក្រោម«ម្ចាស់នៃមេត្រីភាព»ដែលក្រុមអ្នកបំរើបានផ្គត់ផ្គង់នៅឆ្នាំ១៩៨៦។ សៀវភៅនោះចែងថា៖ «តាំងតែពីសង្គ្រាមលោកលើកទី២មកម្ល៉េះ ការសម្រេចនូវទំនាយរបស់ព្រះយេស៊ូស្តីពី‹ទីបញ្ចប់នៃរបបលោកីយ៍›គឺច្រើនតែដោយសារមុខងារដែល‹ហ្វូងធំ›ជា‹ចៀមឯទៀត›នោះបានបំពេញ។ . . . ដូច្នេះ យើងសូមអរគុណជាអនេកនូវ‹ហ្វូងធំ›ដ៏អន្តរជាតិនិងពហុភាសា ចំពោះការរួមចំណែកក្នុងការសម្រេចនូវទំនាយ[របស់ព្រះយេស៊ូ]នៅម៉ាថាយ ២៤:១៤!»។
‹មិនបានគ្រប់លក្ខណ៍ ក្រៅពីយើងឡើយ›
១៧. តើតាមវិធីណាដែលអ្នកស្មោះត្រង់ពីសម័យបុរាណដែលនឹងត្រូវប្រទានជីវិតរស់ឡើងវិញនៅលើផែនដីនោះ នឹង‹មិនបានគ្រប់លក្ខណ៍›ក្រៅពីអ្នកចាក់ប្រេងតាំង?
១៧ សាវ័កប៉ុលដែលជាអ្នកចាក់ប្រេងតាំងបាននិយាយអំពីបុរសស្ត្រី ស្មោះត្រង់ដែលបានរស់នៅសម័យមុនព្រះគ្រីស្ទដោយថា៖ «ទោះបើមានសេចក្ដីបន្ទាល់ពីគេថា គេមានសេចក្ដីជំនឿក៏ដោយ គង់តែគេមិនបានទទួលសេចក្ដីដែលបានសន្យានោះទេ ដ្បិតព្រះបានផ្គត់ផ្គង់សេចក្ដីប្រសើរជាងសំរាប់យើងរាល់គ្នា[ជាអ្នកចាក់ប្រេងតាំង] ដើម្បីមិនឲ្យអ្នកទាំងនោះបានគ្រប់លក្ខណ៍ ក្រៅពីយើងឡើយ»។ (ហេព្រើរ ១១:៣៥, ៣៩, ៤០) ក្នុងកំឡុងការសោយរាជ្យមួយពាន់ឆ្នាំនោះ ព្រះគ្រីស្ទនិងបងប្អូនចាក់ប្រេងតាំង១៤៤.០០០នាក់របស់ទ្រង់នៅស្ថានសួគ៌នឹងធ្វើជាស្តេចនិងសង្ឃ ហើយនិងផ្ដល់នូវប្រយោជន៍នៃតម្លៃលោះរបស់ព្រះគ្រីស្ទចំពោះអ្នកនៅផែនដី។ យ៉ាងនេះចៀមឯទៀតនឹងត្រូវធ្វើឲ្យគ្រប់ល័ក្ខណ៍ខាងរូបកាយនិងខាងគំនិត។—វិវរណៈ ២២:១, ២
១៨. (ក) តើហេតុការណ៍ព្រះគម្ពីរគួរជួយចៀមឯទៀតឲ្យយល់ដឹងអ្វី? (ខ) តើចៀមឯទៀតរង់ចាំ«កូនរបស់ព្រះលេចមកឲ្យឃើញ»នោះដើម្បីមានសេចក្ដីសង្ឃឹមអ្វី?
១៨ សេចក្ដីទាំងអស់នេះគួរផ្ដិតជាប់ក្នុងចិត្តគំនិតរបស់ចៀមឯទៀតនូវមូលហេតុដែលបទគម្ពីរភាសាក្រិកលើកបញ្ជាក់យ៉ាងខ្លាំងអំពីព្រះគ្រីស្ទនិងបងប្អូនចាក់ប្រេងតាំងរបស់ទ្រង់ ថែមទាំងតួនាទីដ៏ចំបងរបស់គេក្នុងការសម្រេចនូវគោលបំណងរបស់ព្រះយេហូវ៉ា។ ចៀមឯទៀតចាត់ទុកការគាំទ្រក្រុមអ្នកបំរើចាក់ប្រេងតាំងតាមវិធីណាដែលអាចធ្វើទៅបាននោះជាឯកសិទ្ធិមួយ ចន្លោះពេលដែលគេរង់ចាំ«កូនរបស់ព្រះលេចមកឲ្យឃើញ»នៅអើម៉ាគេដូននិងក្នុងកំឡុងការសោយរាជ្យមួយពាន់ឆ្នាំ។ ពួកគេអាចទន្ទឹងចាំទាល់តែ«បានរួចពីចំណងនៃសេចក្ដីពុករលួយ ឲ្យបានសេរីភាពនៃសិរីល្អរបស់ពួកកូនព្រះវិញ»។—រ៉ូម ៨:១៩-២១
សាមគ្គីភាពក្នុងវិញ្ញាណនៅពិធីបុណ្យរំឭក
១៩. តើ«វិញ្ញាណនៃសេចក្ដីពិត»បានធ្វើអ្វីសំរាប់អ្នកចាក់ប្រេងតាំងនិងសហការីរបស់ពួកគេ? ហើយតើពួកគេបានត្រូវបង្រួបបង្រួមយ៉ាងពិសេសយ៉ាងណា នារាត្រីថ្ងៃទី២៨ ខែមីនា?
១៩ ក្នុងសេចក្ដីអធិស្ឋានបញ្ចប់របស់ព្រះយេស៊ូនៅរាត្រីថ្ងៃទី១៤ ឆ្នាំ៣៣ស.យ. នោះទ្រង់មានបន្ទូលថា៖ ‹ទូលបង្គំអធិស្ឋាន ដើម្បីឲ្យទាំងអស់បានរួមមកតែមួយ ឱព្រះវរបិតាអើយ! ដូចជាទ្រង់គង់ក្នុងទូលបង្គំ ហើយទូលបង្គំនៅក្នុងទ្រង់ដែរ គឺឲ្យអ្នកទាំងនោះបានរួមគ្នាតែមួយ នៅក្នុងយើង ប្រយោជន៍ឲ្យលោកីយបានជឿថា ទ្រង់ចាត់ឲ្យទូលបង្គំមកពិត›។ (យ៉ូហាន ១៧:២០, ២១) ដោយព្រោះសេចក្ដីស្រឡាញ់របស់ព្រះ នោះទ្រង់បានចាត់រាជបុត្រារបស់ទ្រង់ឲ្យមកបូជាព្រះជន្មទ្រង់ដើម្បីសង្គ្រោះអ្នកចាក់ប្រេងតាំងនិងមនុស្សជាតិដែលស្ដាប់បង្គាប់។ (យ៉ូហានទី១ ២:២) «វិញ្ញាណនៃសេចក្ដីពិត»បានបង្រួបបង្រួមបងប្អូនរបស់ព្រះគ្រីស្ទជាមួយគ្នានឹងសហការីរបស់ពួកគេ។ នៅរាត្រីថ្ងៃទី២៨ ខែមីនា ក្រោយថ្ងៃលិច ក្រុមទាំងពីរបានជួបជុំគ្នាដើម្បីរំឭកការសោយទិវង្គតរបស់ព្រះគ្រីស្ទ និងអ្វីៗទាំងអស់ដែលព្រះយេហូវ៉ាបានប្រព្រឹត្តសំរាប់ពួកគេតាមរយៈយញ្ញបូជារបស់រាជបុត្រាស្ងួនភ្ងារបស់ទ្រង់ជាព្រះយេស៊ូគ្រីស្ទ។ សូមឲ្យវត្តមានរបស់ពួកគេនៅឱកាសដ៏សំខាន់នោះជួយពង្រឹងនូវសាមគ្គីភាពរបស់ពួកគេនិងជួយគេប្ដេជ្ញាចិត្តសារជាថ្មីឲ្យបន្តប្រព្រឹត្តតាមព្រះហឫទ័យរបស់ព្រះ ហើយយ៉ាងនេះបញ្ជាក់ទីសំអាងថា ពួកគេអបអរដែលគេស្ថិតក្នុងចំណោមពួកអ្នកដែលព្រះយេហូវ៉ាស្រឡាញ់នោះ។
ដើម្បីរៀនសារឡើងវិញ?
• តើ«វិញ្ញាណនៃសេចក្ដីពិត»បានត្រូវប្រទានទៅគ្រីស្ទាននៅសម័យដើមនៅពេលណា? ហើយតើនោះបានបំរើជា«ជំនួយ»យ៉ាងដូចម្ដេច?
• តើអ្នកចាក់ប្រេងតាំងដឹងយ៉ាងដូចម្ដេចថា ពួកគេត្រូវប្រកាសហៅឲ្យឡើងស្ថានសួគ៌?
• តើវិញ្ញាណរបស់ព្រះមានឥទ្ធិពលយ៉ាងណាទៅលើចៀមឯទៀត?
• តើចៀមឯទៀតបានធ្វើល្អចំពោះបងប្អូនរបស់ព្រះគ្រីស្ទយ៉ាងដូចម្ដេច? ហើយហេតុអ្វីបានជាពួកគេនឹង«មិនត្រូវធ្វើឲ្យគ្រប់ល័ក្ខណ៍ក្រៅពី»អ្នកចាក់ប្រេងតាំង?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ១៥]
«វិញ្ញាណនៃសេចក្ដីពិត»បានត្រូវចាក់ទៅលើសិស្សព្រះយេស៊ូ នៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ស.យ.
[រូបភាពនៅទំព័រ១៧]
ចៀមឯទៀតបានធ្វើល្អចំពោះបងប្អូនចាក់ប្រេងតាំងរបស់ព្រះគ្រីស្ទ ដោយគាំទ្រពួកគេក្នុងការធ្វើតាមបង្គាប់ពីព្រះឲ្យផ្សព្វផ្សាយ