លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ព្រះគ្រីស្ទនាំមុខក្រុមជំនុំរបស់ទ្រង់

ព្រះគ្រីស្ទនាំមុខក្រុមជំនុំរបស់ទ្រង់

ព្រះ​គ្រីស្ទ​នាំ​មុខ​ក្រុម​ជំនុំ​របស់​ទ្រង់

​«​ចូរ​ដឹង​ថា ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​អវសានកាល​នៃ​ពិភព​លោក​»។—ម៉ាថាយ ២៨:២០, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ

១, ២. (​ក​) ក្រោយ​ពី​ព្រះ​យេស៊ូ​បាន​រស់​ឡើង​វិញ ទ្រង់​បាន​បញ្ជា​ឲ្យ​អ្នក​កាន់​តាម​ទ្រង់​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស។ នៅ​ពេល​នោះ តើ​ទ្រង់​សន្យា​ថា​នឹង​ប្រទាន​អ្វី​ដល់​គេ? (​ខ​) តើ​ព្រះ​យេស៊ូ​នាំ​មុខ​ក្រុម​ជំនុំ​គ្រីស្ទាន​ពី​ដើម​នោះ​យ៉ាង​សកម្ម តាម​របៀប​ណា?

 ព្រះ​យេស៊ូ​គ្រីស្ទ​ដែល​បាន​រស់​ឡើង​វិញ​នោះ ទ្រង់​ជា​មគ្គុទ្ទេសក៍​របស់​យើង ទ្រង់​ក៏​បាន​សម្ដែង​អង្គ​ទ្រង់​ឲ្យ​ពួក​សិស្ស​របស់​ទ្រង់​ឃើញ​មុន​នឹង​យាង​ឡើង​ទៅ​ស្ថាន​សួគ៌​វិញ ហើយ​មាន​បន្ទូល​ថា​៖ ​«​គ្រប់​ទាំង​អំណាច​បាន​ប្រគល់​មក​ខ្ញុំ​នៅ​លើ​ស្ថាន​សួគ៌ ហើយ​លើ​ផែនដី​ផង។ ដូច្នេះ ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ ដោយ​នូវ​ព្រះ​នាម​ព្រះ​វរបិតា ព្រះ​រាជបុត្រា នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ចុះ! ហើយ​បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង។ ហើយ​មើល! ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត​កល្ប[​«​អវសានកាល​នៃ​ពិភព​លោក​»​, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ​]​»។—ម៉ាថាយ ២៣:១០, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ; ២៨:១៨​-​២០

ព្រះ​យេស៊ូ​មិន​គ្រាន់​តែ​បាន​ចាត់​ឲ្យ​សិស្ស​ទ្រង់​ធ្វើ​កិច្ច​ការ​សង្គ្រោះ​ដោយ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​បន្ថែម​ទៀត​ប៉ុណ្ណោះ​ទេ តែ​ទ្រង់​បាន​សន្យា​ថា​នឹង​នៅ​ជា​មួយ​ពួក​គេ​ផង​ដែរ។ ដូច​បាន​កត់​ទុក​នៅ​ក្នុង​សៀវភៅ​កិច្ចការ​ដែល​មាន​ក្នុង​ព្រះ​គម្ពីរ ប្រវត្ដិសាស្ត្រ​នៃ​សាសនា​គ្រីស្ទាន​ពី​ដើម​នោះ​បង្ហាញ​ជាក់​ច្បាស់​ថា ព្រះ​គ្រីស្ទ​បាន​ប្រើ​គ្រប់​អំណាច​ដែល​បាន​ត្រូវ​ប្រគល់​ឲ្យ​ទ្រង់ ដើម្បី​នាំ​មុខ​ក្រុម​ជំនុំ​ដែល​បាន​ស្ថាបនា​ឡើង​នៅ​ពេល​ថ្មី​ៗ​នោះ។ ទ្រង់​បាន​ចាត់​នូវ​«​ជំនួយ​»​ គឺ​វិញ្ញាណ​បរិសុទ្ធ ដើម្បី​ពង្រឹង​កម្លាំង​អ្នក​កាន់​តាម​ទ្រង់ និង​ដើម្បី​ដឹក​នាំ​ផ្លូវ​ពួក​គេ។ (​យ៉ូហាន ១៦:៧; កិច្ច​ការ ២:៤, ៣៣; ១៣:២​-​៤; ១៦:៦​-​១០​) ព្រះ​យេស៊ូ​ដែល​បាន​រស់​ឡើង​វិញ​នោះ បាន​ប្រើ​ពួក​ទេវតា​ក្រោម​បញ្ជាការ​របស់​ទ្រង់ ដើម្បី​ជួយ​គាំទ្រ​សិស្ស​ទ្រង់​ទាំង​ឡាយ។ (​កិច្ច​ការ ៥:១៩; ៨:២៦; ១០:៣​-​៨, ២២; ១២:៧​-​១១; ២៧:២៣, ២៤; ពេត្រុស​ទី​១ ៣:២២​) មគ្គុទ្ទេសក៍​របស់​យើង​ក៏​បាន​ប្រទាន​ឲ្យ​ក្រុម​ជំនុំ​មាន​អ្នក​នាំ​មុខ​ផង​ដែរ ដោយ​រៀបចំ​ឲ្យ​បុរស​ដែល​មាន​លក្ខណៈ​គ្រប់​គ្រាន់​បំរើ​ជា​គណៈ​អភិបាល។—កិច្ច​ការ ១:២០, ២៤​-​២៦; ៦:១​-​៦; ៨:៥, ១៤​-​១៧

៣. តើ​អត្ថបទ​នេះ​នឹង​ពិគ្រោះ​អំពី​សំនួរ​អ្វី​ខ្លះ?

តែ​ចុះ​យ៉ាង​ណា​នា​បច្ចុប្បន្នកាល​យើង​នេះ គឺ​ជា​ពេល​ដែល​គេ​ហៅ​ថា គ្រា​«​អវសានកាល​នៃ​ពិភព​លោក​»​? តើ​ព្រះ​យេស៊ូ​គ្រីស្ទ​កំពុង​តែ​នាំ​មុខ​ក្រុម​ជំនុំ​គ្រីស្ទាន​សព្វ​ថ្ងៃ​នេះ​ដោយ​របៀប​ណា? តើ​ដោយ​ដូច​ម្ដេច​ដែល​យើង​អាច​បង្ហាញ​ថា យើង​ចាត់​ទុក​ទ្រង់​ជា​មគ្គុទ្ទេសក៍​នោះ?

ចៅហ្វាយ​មាន​អ្នក​បំរើ​ស្មោះ​ត្រង់

៤. (​ក​) តើ​«​អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ​»​រួម​បញ្ចូល​អ្នក​ណា​ខ្លះ? (​ខ​) តើ​ចៅហ្វាយ​បាន​ប្រគល់​អ្វី​ខ្លះ​ឲ្យ​អ្នក​បំរើ​នោះ​ថែ​រក្សា?

នៅ​ពេល​ដែល​ព្រះ​យេស៊ូ​បាន​ទាយ​អំពី​ទី​សម្គាល់​នៃ​វត្តមាន​របស់​ទ្រង់ នោះ​ទ្រង់​បាន​មាន​បន្ទូល​ថា​៖ ​«​អ្នក​ណា​ជា​អ្នក​បំរើ​ស្មោះ​ត្រង់​មាន​មារយាទ[​«​មាន​វិនិច្ឆ័យ​ល្អ​»​, ព.ថ.​] ដែល​ចៅហ្វាយ​បាន​តាំង​ឲ្យ​ត្រួត​លើ​ពួក​ផ្ទះ​លោក នឹង​ឲ្យ​អាហារ​គេ​បរិភោគ តាម​ត្រូវ​ពេល? បើ​កាល​ណា​ចៅហ្វាយ​មក​ដល់ ឃើញ​អ្នក​បំរើ​នោះ​កំពុង​តែ​ធ្វើ​ដូច្នោះ នោះ​មាន​ពរ​ហើយ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ចៅហ្វាយ​នឹង​តាំង​អ្នក​នោះ​ឡើង ឲ្យ​ត្រួត​លើ​របស់​ទ្រព្យ​លោក​ទាំង​អស់​»។ (​ម៉ាថាយ ២៤:៤៥​-​៤៧​) ​«​ចៅហ្វាយ​»​នេះ​ជា​មគ្គុទ្ទេសក៍​របស់​យើង គឺ​ព្រះ​យេស៊ូ​គ្រីស្ទ ហើយ​ទ្រង់​បាន​តែង​តាំង​ក្រុម​គ្រីស្ទាន​ចាក់​ប្រេង​តាំង​នៅ​លើ​ផែនដី គឺ​ជា​«​អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ​»​ ឲ្យ​ត្រួត​លើ​អ្វី​ៗ​ទាំង​អស់​របស់​ទ្រង់​នៅ​លើ​ផែនដី​នេះ។

៥, ៦. (​ក​) ក្នុង​ចក្ខុនិមិត្ត​ដែល​សាវ័ក​យ៉ូហាន​បាន​ទទួល​នោះ តើ​«​ជើង​ចង្កៀង​ទាំង​៧​»​ និង​«​ផ្កាយ​ទាំង​៧​នោះ​»​តំណាង​អ្វី? (​ខ​) ដោយ​ព្រះ​យេស៊ូ​មាន​«​ផ្កាយ​ទាំង​៧​នោះ​»​ក្នុង​ព្រះ​ហស្ត​ស្ដាំ​ទ្រង់ តើ​នេះ​បញ្ជាក់​យ៉ាង​ណា?

សៀវភៅ​វិវរណៈ​ក្នុង​ព្រះ​គម្ពីរ​បង្ហាញ​ថា ព្រះ​យេស៊ូ​គ្រីស្ទ​កំពុង​តែ​កាន់​កាប់​ទៅ​លើ​អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ។ ពេល​លោក​យ៉ូហាន​មាន​ចក្ខុនិមិត្ត​អំពី​«​ថ្ងៃ​នៃ​ព្រះ​អម្ចាស់​»​ នោះ​គាត់​បាន​ឃើញ​«​ជើង​ចង្កៀង​មាស​៧ នៅ​ត្រង់​កណ្ដាល​ជើង​ចង្កៀង​ទាំង​៧​នោះ ឃើញ​មាន​១​អង្គ ដូច​ជា​កូន​មនុស្ស​»​ដែល​«​នៅ​ព្រះ​ហស្ត​ស្ដាំ​ទ្រង់​កាន់​ផ្កាយ​៧​»។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ទៅ​កាន់​យ៉ូហាន ដោយ​ពន្យល់​អំពី​ចក្ខុនិមិត្ត​នោះ​ថា​៖ ​«​ឯ​សេចក្ដី​អាថ៌​កំបាំង​ពី​ផ្កាយ​ទាំង​៧ ដែល​ឯង​បាន​ឃើញ​នៅ​ដៃ​ស្ដាំ​អញ ហើយ​ពី​ជើង​ចង្កៀង​មាស​ទាំង​៧ នោះ​ស្រាយ​ថា ផ្កាយ​ទាំង​៧​នោះ គឺ​ជា​ទេវតា​របស់​ពួក​ជំនុំ​ទាំង​៧ ហើយ​ជើង​ចង្កៀង​ទាំង​៧ នោះ​គឺ​ជា​ពួក​ជំនុំ​ទាំង​៧​នោះ​ឯង​»។—វិវរណៈ ១:១, ១០​-​២០

​«​ជើង​ចង្កៀង​ទាំង​៧​»​នោះ​តំណាង​ក្រុម​ជំនុំ​គ្រីស្ទាន​ពិត​ទាំង​ឡាយ​នៅ​«​ថ្ងៃ​នៃ​ព្រះ​អម្ចាស់​»​ដែល​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩១៤។ តែ​ចុះ​អ្វី​ទៅ​«​ផ្កាយ​ទាំង​៧​នោះ​»​? ជា​ដំបូង​នោះ ពួក​គេ​តំណាង​អ្នក​ត្រួត​ពិនិត្យ​ក្រុម​ជំនុំ​ដែល​ជា​អ្នក​ចាក់​ប្រេង​តាំង​ដែល​បាន​ត្រូវ​នាំ​ដោយ​វិញ្ញាណ​បរិសុទ្ធ ហើយ​ដែល​បាន​ថែ​រក្សា​ក្រុម​ជំនុំ​នានា​នៅ​សតវត្ស​ទី​មួយ។ a ពួក​អ្នក​ត្រួត​ពិនិត្យ​នោះ​បាន​នៅ​ក្នុង​ព្រះ​ហស្ត​ស្ដាំ​របស់​ទ្រង់ គឺ​ក្រោម​អំណាច​និង​ការ​ដឹក​នាំ​នៃ​ទ្រង់។ មែន​ហើយ ព្រះ​យេស៊ូ​បាន​នាំ​មុខ​ក្រុម​អ្នក​បំរើ​នោះ។ ក៏​ប៉ុន្តែ នៅ​ពេល​ឥឡូវ​នេះ​វិញ មាន​ចំនួន​អ្នក​ត្រួត​ពិនិត្យ​ចាក់​ប្រេង​តាំង​តែ​បន្ដិច​ទេ។ តើ​ព្រះ​គ្រីស្ទ​អាច​នាំ​មុខ​៩៣.០០០​ក្រុម​ជំនុំ​នៃ​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ទូទាំង​ពិភព​លោក​បាន​យ៉ាង​ណា?

៧. (​ក​) តើ​ព្រះ​យេស៊ូ​ប្រើ​គណៈ​អភិបាល​យ៉ាង​ណា ក្នុង​ការ​នាំ​មុខ​ក្រុម​ជំនុំ​ទាំង​ឡាយ​ទូទាំង​ពិភព​លោក? (​ខ​) តើ​ដូច​ម្ដេច​បាន​ជា​យើង​អាច​និយាយ​ថា អ្នក​ត្រួត​ពិនិត្យ​គ្រីស្ទាន​បាន​តែង​តាំង​ឡើង​ដោយ​វិញ្ញាណ​បរិសុទ្ធ?

ដូច​នៅ​សតវត្ស​ទី​មួយ​ដែរ មាន​គណៈ​អភិបាល​ជា​បុរស​មួយ​ក្រុម​តូច​ដែល​មាន​លក្ខណៈ​គ្រប់​គ្រាន់ ដែល​បាន​ត្រូវ​រើស​ចេញ​ពី​ចំណោម​អ្នក​ត្រួត​ពិនិត្យ​ចាក់​ប្រេង​តាំង​ទាំង​ឡាយ ឲ្យ​ធ្វើ​ជា​អ្នក​តំណាង​ឲ្យ​ក្រុម​អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ។ មគ្គុទ្ទេសក៍​របស់​យើង​តែង​ប្រើ​គណៈ​អភិបាល​មួយ​នេះ​ដើម្បី​តែង​តាំង​បុរស​ដែល​មាន​លក្ខណៈ​គ្រប់​គ្រាន់ ឲ្យ​ធ្វើ​ជា​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​និមួយ​ៗ មិន​ថា​ពួក​គេ​ជា​អ្នក​ចាក់​ប្រេង​តាំង​ឬ​ក៏​មិន​មែន​ក៏​ដោយ។ វិញ្ញាណ​បរិសុទ្ធ​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រគល់​ឲ្យ​ព្រះ​យេស៊ូ​នោះ មាន​មុខ​នាទី​សំខាន់​ណាស់​ក្នុង​ការ​តែង​តាំង​នេះ។ (​កិច្ច​ការ ២:៣២, ៣៣​) មុន​ដំបូង​បង្អស់ អ្នក​ត្រួត​ពិនិត្យ​ទាំង​នេះ​ត្រូវ​តែ​បំពេញ​តាម​តម្រូវ​ការ​នានា​ដែល​មាន​កត់​ទុក​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ ដែល​បាន​បណ្ដាល​មក​តាម​រយៈ​វិញ្ញាណ​បរិសុទ្ធ។ (​ធីម៉ូថេ​ទី​១ ៣:១​-​៧; ទីតុស ១:៥​-​៩; ពេត្រុស​ទី​២ ១:២០, ២១​) ការ​លើក​ឡើង​នូវ​ឈ្មោះ​បង​ប្អូន​ប្រុស​ៗ​ឲ្យ​ទទួល​តំណែង​និង​ការ​តែង​តាំង​ទាំង​នេះ​ត្រូវ​ធ្វើ​ឡើង​ក្រោយ​ពី​បាន​អធិស្ឋាន ព្រម​ទាំង​ក្រោម​ការ​ដឹក​នាំ​ដោយ​វិញ្ញាណ​បរិសុទ្ធ។ បន្ថែម​ទៅ​ទៀត បុគ្គល​ម្នាក់​ៗ​ដែល​ត្រូវ​តែង​តាំង​ឡើង គឺ​កំពុង​តែ​បង្ហាញ​ផល​ផ្លែ​នៃ​វិញ្ញាណ​នោះ។ (​កាឡាទី ៥:២២, ២៣​) ដូច្នេះ​ហើយ ឱវាទ​របស់​ប៉ុល​ទាក់​ទង​នឹង​អ្នក​ចាស់​ទុំ​ទាំង​ឡាយ មិន​ថា​ពួក​គេ​ជា​អ្នក​ចាក់​ប្រេង​តាំង​ឬ​ក៏​មិន​មែន​ក៏​ដោយ។ ប៉ុល​ជូន​ឱវាទ​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត​ខ្លួន ហើយ​ខំ​ថែ​រក្សា​ហ្វូង​សិស្ស ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​តាំង​អ្នក​រាល់​គ្នា ឲ្យ​ធ្វើ​ជា​អ្នក​គង្វាល​ដល់​គេ​»។ (​កិច្ច​ការ ២០:២៨​) បុរស​ទាំង​នេះ​ដែល​បាន​តែង​តាំង​ឡើង បាន​ទទួល​ការ​ដឹក​នាំ​ពី​គណៈ​អភិបាល និង​ឃ្វាល​ពួក​ជំនុំ​ដោយ​ស្មោះ​ស្ម័គ្រ​ពី​ចិត្ត។ គឺ​តាម​របៀប​នេះ​ហើយ​ដែល​ព្រះ​គ្រីស្ទ​នៅ​ជា​មួយ​យើង​ឥឡូវ​នេះ ព្រម​ទាំង​កំពុង​តែ​នាំ​មុខ​ក្រុម​ជំនុំ​យ៉ាង​សកម្ម​ផង​ដែរ។

៨. តើ​ព្រះ​គ្រីស្ទ​ប្រើ​ទេវតា​យ៉ាង​ណា​ក្នុង​ការ​នាំ​មុខ​អ្នក​កាន់​តាម​ទ្រង់?

ព្រះ​យេស៊ូ​ក៏​ប្រើ​ទេវតា​ដែរ​ដើម្បី​នាំ​មុខ​អ្នក​កាន់​តាម​ទ្រង់​សព្វ​ថ្ងៃ​នេះ។ យោង​ទៅ​តាម​ពាក្យ​ប្រៀប​ប្រដូច​អំពី​ស្រូវ​សាលី​និង​ស្រងែ នោះ​ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ​ចែង​ថា នឹង​មាន​ចំរូត​នៅ​គ្រា​ដែល​ហៅ​ថា ​«​អវសានកាល​នៃ​ពិភព​លោក​»។ តើ​ចៅហ្វាយ​នឹង​ចាត់​ឲ្យ​អ្នក​ណា​ធ្វើ​កិច្ច​ការ​ចំរូត​នោះ? ព្រះ​គ្រីស្ទ​បាន​មាន​បន្ទូល​ថា​៖ ​«​ពួក​ច្រូត​នោះ គឺ​ជា​ពួក​ទេវតា​»។ ទ្រង់​បាន​មាន​បន្ទូល​ថែម​ទៀត​ថា​៖ ​«​កូន​មនុស្ស​នឹង​ចាត់​ពួក​ទេវតា ទៅ​ច្រូត​យក​អស់​ទាំង​ក្បួន ដែល​នាំ​ឲ្យ​មនុស្ស​រវាត​ចិត្ត នឹង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ទទឹង​ច្បាប់ ពី​នគរ​ចេញ​»។ (​ម៉ាថាយ ១៣:៣៧​-​៤១​) ដូច​ទេវតា​មួយ​រូប​បាន​នាំ​ផ្លូវ​ភីលីព​ឲ្យ​មក​ជួប​បុរស​កំរៀវ​សាសន៍​អេធីយ៉ូពី​ម្នាក់ នោះ​មាន​ទី​សំអាង​ច្រើន​ណាស់​សព្វ​ថ្ងៃ​នេះ​ដែល​បង្ហាញ​ថា ព្រះ​យេស៊ូ​កំពុង​តែ​ប្រើ​ពួក​ទេវតា​របស់​ទ្រង់​ដើម្បី​នាំ​មុខ​កិច្ច​ការ​នៃ​ពួក​គ្រីស្ទាន​ពិត ក្នុង​ការ​ស្វែង​រក​អស់​អ្នក​ដែល​មាន​ចិត្ត​ស្មោះ​ស។—កិច្ច​ការ ៨:២៦, ២៧; វិវរណៈ ១៤:៦

៩. (​ក​) សព្វ​ថ្ងៃ​នេះ តើ​ព្រះ​គ្រីស្ទ​នាំ​មុខ​ក្រុម​ជំនុំ​គ្រីស្ទាន​តាម​របៀប​ណា? (​ខ​) បើ​យើង​ចង់​ទទួល​ប្រយោជន៍​ពី​ការ​នាំ​មុខ​របស់​ព្រះ​គ្រីស្ទ តើ​យើង​គួរ​យក​សំនួរ​អ្វី​មក​ពិចារណា?

យើង​ពិត​ជា​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​មែន! ដោយ​ដឹង​ថា​ព្រះ​យេស៊ូ​គ្រីស្ទ​កំពុង​តែ​នាំ​មុខ​ពួក​សិស្ស​របស់​ទ្រង់​សព្វ​ថ្ងៃ​នេះ​តាម​រយៈ​គណៈ​អភិបាល វិញ្ញាណ​បរិសុទ្ធ និង​ពួក​ទេវតា។ ទោះ​បើ​មាន​ការ​បៀត​បៀន​ឬ​អ្វី​ៗ​ស្រដៀង​នោះ​ធ្វើ​ឲ្យ​អ្នក​ថ្វាយ​បង្គំ​ខ្លះ​របស់​ព្រះ​យេហូវ៉ា​លែង​មាន​ទំនាក់​ទំនង​ជា​មួយ​គណៈ​អភិបាល​មួយ​រយៈ​ក៏​ដោយ នោះ​ព្រះ​គ្រីស្ទ​នៅ​តែ​ជា​មគ្គុទ្ទេសក៍​របស់​គេ​តាម​រយៈ​វិញ្ញាណ​បរិសុទ្ធ​និង​ការ​គាំទ្រ​ដោយ​ពួក​ទេវតា។ ក៏​ប៉ុន្តែ ប្រយោជន៍​ដែល​យើង​អាច​ទទួល​ពី​ការ​នាំ​មុខ​របស់​ទ្រង់ នោះ​អាស្រ័យ​លើ​យើង​ទទួល​ធ្វើ​តាម​ជា​មុន​សិន។ តើ​តាម​របៀប​ណា​ដែល​យើង​អាច​បង្ហាញ​ថា យើង​ព្រម​ទទួល​ព្រះ​គ្រីស្ទ​ជា​មគ្គុទ្ទេសក៍?

«​ចូរ​ស្ដាប់​តាម ហើយ​ចុះ​ចូល​»​

១០. តើ​យើង​អាច​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ណា ចំពោះ​ពួក​អ្នក​ចាស់​ទុំ​ដែល​តែង​តាំង​ក្នុង​ក្រុម​ជំនុំ?

១០ មគ្គុទ្ទេសក៍​របស់​យើង​បាន​ជូន‹អំណោយ​ទាន​ជា​មនុស្ស›ដល់​ក្រុម​ជំនុំ​ទាំង​ឡាយ គឺ‹អ្នក​ខ្លះ​ធ្វើ​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ ខ្លះ​ជា​អ្នក​គង្វាល ហើយ​ខ្លះ​ជា​អ្នក​បង្រៀន›។ (​អេភេសូរ ៤:៨, ១១, ១២​) អាកប្បកិរិយា​របស់​យើង​ចំពោះ​ពួក​គាត់ ព្រម​ទាំង​របៀប​ដែល​យើង​ប្រព្រឹត្ត​លើ​គាត់​ដែរ នោះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា យើង​ព្រម​ទទួល​ព្រះ​គ្រីស្ទ​ជា​មគ្គុទ្ទេសក៍​ឬ​មិន​ទទួល។ ជា​ការ​សម​គួរ​ឲ្យ​យើង​«​ដឹង​គុណ​»​ចំពោះ​ពួក​បុរស​ដែល​មាន​លក្ខណៈ​គ្រប់​គ្រាន់​ខាង​វិញ្ញាណ​ដែល​ព្រះ​គ្រីស្ទ​បាន​ប្រទាន​ឲ្យ។ (​កូល៉ុស ៣:១៥​) យើង​គួរ​បង្ហាញ​ការ​គោរព​ចំពោះ​ពួក​គាត់​ផង​ដែរ។ សាវ័ក​ប៉ុល​បាន​សរសេរ​ថា​៖ ​«​អ្នក​ចាស់​ទុំ​ណា ដែល​ជា​អ្នក​នាំ​មុខ​យ៉ាង​ល្អ នោះ​ត្រូវ​រាប់​ជា​គួរ​នឹង​គោរព​ប្រតិបត្ដិ​ជា​ទ្វេ​គុណ​ឡើង​»។ (​ធីម៉ូថេ​ទី​១ ៥:១៧​) តើ​ដោយ​ដូច​ម្ដេច​ដែល​យើង​អាច​បង្ហាញ​កតញ្ញូ​ធម៌ និង​ការ​គោរព​ចំពោះ​អ្នក​ចាស់​ទុំ​ឬ​អ្នក​ត្រួត​ពិនិត្យ​ក្នុង​ក្រុម​ជំនុំ? សាវ័ក​ប៉ុល​ឆ្លើយ​ថា​៖ ​«​ចូរ​ស្ដាប់​តាម ហើយ​ចុះ​ចូល​នឹង​ពួក​អ្នក ដែល​នាំ​មុខ​អ្នក​រាល់​គ្នា​ចុះ!​»។ (​ហេព្រើរ ១៣:១៧​) មែន​ហើយ យើង​ត្រូវ​ស្ដាប់​បង្គាប់​និង​ចុះ​ចូល​ចំពោះ​ពួក​គាត់ ហើយ​ក៏​ត្រូវ​បន្ទន់​ទៅ​តាម​គាត់​ដូច្នេះ​ដែរ។

១១. តើ​ដោយ​ដូច​ម្ដេច​បាន​ជា​ការ​គោរព​ចំពោះ​មុខ​តំណែង​នៃ​ពួក​អ្នក​ចាស់​ទុំ ទាក់​ទង​នឹង​ការ​រស់​នៅ​សម​ស្រប​ទៅ​តាម​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​យើង?

១១ មគ្គុទ្ទេសក៍​របស់​យើង​គឺ​គ្រប់​ល័ក្ខណ៍។ បុរស​ដែល​ទ្រង់​បាន​ប្រទាន​ជា​អំណោយ​ទាន​នោះ មិន​មែន​គ្រប់​ល័ក្ខណ៍​ទេ។ ដូច្នេះ​ម្ដង​ម្កាល​ពួក​គាត់​ក៏​ប្រហែល​ជា​ធ្វើ​ខុស​ផង​ដែរ។ ក៏​ប៉ុន្តែ ការ​រក្សា​ចិត្ត​ស្មោះ​ភក្ដី​ចំពោះ​ការ​រៀបចំ​របស់​ព្រះ​គ្រីស្ទ គឺ​ជា​ការ​សំខាន់​ណាស់។ តាម​ការ​ពិត ការ​រស់​នៅ​សម​ស្រប​ទៅ​តាម​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​និង​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​យើង​មាន​ន័យ​ថា យើង​ទទួល​ស្គាល់​អ្នក​កាន់​អំណាច​ក្នុង​ក្រុម​ជំនុំ​ជា​អ្នក​ដែល​បាន​តែង​តាំង​ឡើង​តាម​រយៈ​វិញ្ញាណ​នៃ​ព្រះ​មែន ហើយ​យើង​ក៏​ចុះ​ចូល​ស្មោះ​ស្ម័គ្រ​ពី​ចិត្ត​ចំពោះ​ពួក​គាត់​ដែរ។ ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក‹ដោយ​នូវ​ព្រះ​នាម​វិញ្ញាណ​បរិសុទ្ធ› នោះ​ជា​ការ​បង្ហាញ​ដោយ​សាធារណៈ​ថា យើង​មាន​ចំណេះ​ដឹង​អំពី​វិញ្ញាណ​បរិសុទ្ធ ព្រម​ទាំង​ទទួល​ស្គាល់​នូវ​មុខ​នាទី​របស់​វិញ្ញាណ​នោះ​ក្នុង​គោល​បំណង​របស់​ព្រះ​យេហូវ៉ា។ (​ម៉ាថាយ ២៨:១៩​) ពិធី​បុណ្យ​ជ្រមុជ​ទឹក​បែប​នេះ​បង្ហាញ​ថា យើង​កំពុង​តែ​រួម​កម្លាំង​ជា​មួយ​វិញ្ញាណ​នោះ ហើយ​មិន​ធ្វើ​អ្វី​ៗ​ណា​សោះ​ដែល​រា​រាំង​ដំណើរ​ការ​នៃ​វិញ្ញាណ​នោះ​ក្នុង​ចំណោម​អ្នក​កាន់​តាម​ព្រះ​គ្រីស្ទ។ បើ​វិញ្ញាណ​បរិសុទ្ធ​មាន​មុខ​នាទី​សំខាន់​ក្នុង​ការ​លើក​ឡើង​នូវ​ឈ្មោះ​បង​ប្អូន​ប្រុស​ៗ​ឲ្យ​ទទួល​តំណែង​និង​ការ​តែង​តាំង​ពួក​អ្នក​ចាស់​ទុំ​ដូច្នេះ តើ​យើង​ពិត​ជា​បង្ហាញ​ចិត្ត​ស្មោះ​ចំពោះ​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​របស់​យើង​បាន​ទេ បើ​យើង​មិន​បាន​ចុះ​ចូល​ចំពោះ​ការ​រៀបចំ​របស់​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​នោះ?

១២. តើ​លោក​យូដាស​បាន​រៀប​រាប់​អំពី​គំរូ​អ្វី​ខ្លះ ស្តី​អំពី​ការ​មិន​គោរព​តាម​អ្នក​មាន​អំណាច? ហើយ​តើ​គំរូ​ទាំង​នោះ​បង្រៀន​យើង​អ្វី​ខ្លះ?

១២ នៅ​ក្នុង​ព្រះ​គម្ពីរ​មាន​គំរូ​ផ្សេង​ៗ​ដែល​បង្រៀន​យើង​អំពី​ប្រយោជន៍​ដែល​មក​ពី​ការ​ស្ដាប់​បង្គាប់​និង​ការ​ចុះ​ចូល។ លោក​យូដាស​បាន​បញ្ជាក់​គំរូ​បី​ដែល​អាច​ទុក​ជា​ព្រមាន​ដល់​យើង ដោយ​គាត់​សំដៅ​ទៅ​លើ​អ្នក​ខ្លះ​ដែល​បាន​និយាយ​ប្រមាថ​មើល​ងាយ​ដល់​ពួក​អ្នក​តែង​តាំង​ក្នុង​ក្រុម​ជំនុំ។ គាត់​ព្រមាន​ថា​៖ ​«​វេទនា​ដល់​មនុស្ស​ទាំង​នោះ ពីព្រោះ​គេ​បាន​ទៅ​តាម​ផ្លូវ​របស់​កាអ៊ីន ក៏​ស្ទុះ​ទៅ​ក្នុង​សេចក្ដី​ខុស​ឆ្គង​របស់​បាឡាម ឲ្យ​តែ​បាន​កំរៃ ហើយ​គេ​ត្រូវ​វិនាស​ក្នុង​ការ​បះ​បោរ​របស់​កូរេ​ទៅ!​»។ (​យូដាស ១១​) កាអ៊ីន​មិន​បាន​អើពើ​នឹង​ឱវាទ​ពី​ព្រះ​យេហូវ៉ា​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​នោះ​ទេ តែ​បាន​តាំង​ចិត្ត​ដើរ​ទៅ​តាម​ផ្លូវ​ដែល​ពេញ​ទៅ​ដោយ​សេចក្ដី​ស្អប់​ដល់​ម្ល៉េះ​បាន​ជា​គាត់​ប្រព្រឹត្ត​អំពើ​ឃាតកម្ម។ (​លោកុប្បត្តិ ៤:៤​-​៨​) ថ្វី​បើ​ព្រះ​បាន​ព្រមាន​លោក​បាឡាម​ម្ដង​ហើយ​ម្ដង​ទៀត​ក៏​ដោយ នោះ​គាត់​នៅ​តែ​បាន​សាក​ដាក់​បណ្ដា​សា​លើ​រាស្ត្រ​របស់​ព្រះ​ដើម្បី​ឲ្យ​បាន​ទ្រព្យ​សម្បត្ដិ​ជា​រង្វាន់។ (​ជន​គណនា ២២:៥​-​២៨, ៣២​-​៣៤; ចោទិយកថា ២៣:៥​) លោក​កូរេ​ធ្លាប់​មាន​ឋានៈ​គួរ​ឲ្យ​គោរព​ផង​ដែរ ក្នុង​ចំណោម​ពួក​អ៊ីស្រាអែល តែ​គាត់​មិន​ស្កប់​ចិត្ត​ទេ។ គាត់​បាន​បង្ក​ឲ្យ​មាន​ការ​បះ​បោរ​ប្រឆាំង​នឹង​លោក​ម៉ូសេ​ដែល​ជា​អ្នក​បំរើ​របស់​ព្រះ​ដែល​មាន​ចិត្ត​រាប​ទាប​ជាង​គេ​នៅ​លើ​ផែនដី។ (​ជន​គណនា ១២:៣; ១៦:១​-​៣, ៣២, ៣៣​) កាអ៊ីន លោក​បាឡាម និង​លោក​កូរេ​បាន​ជួប​នឹង​អន្តរាយ។ គំរូ​ទាំង​ប៉ុន្មាន​នេះ​បង្រៀន​យើង​យ៉ាង​ជាក់​ច្បាស់​ថា យើង​ត្រូវ​ស្ដាប់​តាម​ដំបូន្មាន​ពី​អស់​អ្នក​ដែល​ព្រះ​យេហូវ៉ា​កំពុង​តែ​ប្រើ​ដែល​មាន​មុខ​តំណែង​ទទួល​ខុស​ត្រូវ ហើយ​យើង​ក៏​ត្រូវ​បង្ហាញ​ការ​គោរព​ចំពោះ​ពួក​គាត់​ផង​ដែរ!

១៣. តើ​ព្យាការី​អេសាយ​បាន​ទាយ​អំពី​ពរ​អ្វី​ខ្លះ ដែល​នឹង​មក​លើ​អស់​អ្នក​ដែល​ចុះ​ចូល​នឹង​ការ​រៀបចំ​ឲ្យ​មាន​ពួក​អ្នក​ចាស់​ទុំ?

១៣ យើង​ទាំង​អស់​គ្នា​ចង់​ទទួល​ប្រយោជន៍​ពី​របៀប​រៀបចំ​របស់​ព្រះ​ដែល​ឲ្យ​មាន​អ្នក​ត្រួត​ពិនិត្យ​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន ដែល​មគ្គុទ្ទេសក៍​របស់​យើង​បាន​ផ្ដើម​ឡើង មែន​ទេ? ព្យាការី​អេសាយ​បាន​ទាយ​អំពី​ពរ​ដែល​ត្រូវ​មក​ពី​របៀប​រៀបចំ​នោះ ដោយ​ចែង​ថា​៖ ​«​មើល! នឹង​មាន​ស្តេច​១​អង្គ​សោយ​រាជ្យ​ដោយ​សុចរិត ពួក​ចៅហ្វាយ​នឹង​គ្រប់​គ្រង​ដោយ​យុត្ដិធម៌។ ហើយ​មនុស្ស​ម្នាក់​នឹង​បាន​ដូច​ជា​ទី​បាំង​ឲ្យ​រួច​ពី​ខ្យល់ នឹង​ជា​ទី​ជ្រក​ឲ្យ​រួច​ពី​ព្យុះ​សង្ឃរា ដូច​ផ្លូវ​ទឹក​ហូរ​នៅ​ទី​ហួត​ហែង ហើយ​ដូច​ជា​ម្លប់​នៃ​ថ្ម​ដា​យ៉ាង​ធំ​នៅ​ទី​ខ្សោះ​ល្វើយ​»។ (​អេសាយ ៣២:១, ២​) អ្នក​ចាស់​ទុំ​ម្នាក់​ៗ​ប្រៀប​ដូច​ជា​«​ទី​»​ការ​ពារ​ឲ្យ​មាន​សុវត្ថិភាព។ ទោះ​ជា​យើង​ប្រហែល​ជា​មិន​សូវចេះ​ចុះ​ចូល​ចំពោះ​ពួក​អ្នក​មាន​អំណាច​ក៏​ដោយ ចូរ​ឲ្យ​យើង​ខំ​ព្យាយាម​ព្រម​ទាំង​អធិស្ឋាន​ផង ដើម្បី​ចេះ​ស្ដាប់​បង្គាប់​និង​ចុះ​ចូល​ចំពោះ​អ្នក​កាន់​អំណាច​ក្នុង​ក្រុម​ជំនុំ​ដែល​បាន​តែង​តាំង​ដោយ​ព្រះ។

របៀប​ដែល​ពួក​អ្នក​ចាស់​ទុំ​ចុះ​ចូល​ចំពោះ​ព្រះ​គ្រីស្ទ​ជា​មគ្គុទ្ទេសក៍

១៤, ១៥. តើ​ពួក​អ្នក​ដែល​នាំ​មុខ​ក្នុង​ក្រុម​ជំនុំ​បង្ហាញ​យ៉ាង​ណា ថា​គេ​ចុះ​ចូល​ចំពោះ​ព្រះ​គ្រីស្ទ​ជា​មគ្គុទ្ទេសក៍?

១៤ ជន​គ្រីស្ទាន​ម្នាក់​ៗ ជា​ពិសេស​ពួក​អ្នក​ចាស់​ទុំ​ត្រូវ​ធ្វើ​តាម​ព្រះ​គ្រីស្ទ​ជា​មគ្គុទ្ទេសក៍។ អ្នក​ត្រួត​ពិនិត្យ​ឬ​អ្នក​ចាស់​ទុំ​មាន​អំណាច​តែ​មួយ​កំរិត​ទេ​ក្នុង​ក្រុម​ជំនុំ។ ក៏​ប៉ុន្តែ​ពួក​គាត់​មិន​មែន​ជា​អ្នក​ដែល​រក​តែ​ធ្វើ​ជា‹ម្ចាស់​លើ​ជំនឿ​របស់​អ្នក​រួម​ជំនឿ​គ្នី​គ្នា› ដោយ​ចង់​ធ្វើ​ជា​អ្នក​កាន់​កាប់​ទៅ​លើ​ជីវិត​បង​ប្អូន​ទេ។ (​កូរិនថូស​ទី​២ ១:២៤​) ពួក​អ្នក​ចាស់​ទុំ​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​បន្ទូល​របស់​ព្រះ​យេស៊ូ​ដែល​ថា​៖ ​«​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ ពួក​អ្នក​គ្រប់​គ្រង​ស្រុក តែង​តែ​ជិះ​ជាន់​ប្រជារាស្ត្រ​របស់​ខ្លួន រីឯ​អ្នក​ធំ​ក៏​តែង​តែ​ប្រើ​អំណាច​លើ​ប្រជារាស្ត្រ​របស់​ខ្លួន​ដែរ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​មែន​ដូច្នោះ​ទេ​»។ (​ម៉ាថាយ ២០:២៥​-​២៧, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ​) ពេល​ពួក​អ្នក​ចាស់​ទុំ​បំពេញ​ភារកិច្ច​របស់​ខ្លួន នោះ​ពួក​គេ​ខំ​បំរើ​អ្នក​ដទៃ​ដោយ​ស្មោះ​អស់​ពី​ចិត្ត។

១៥ មាន​សេចក្ដី​ដែល​ដាស់​តឿន​ពួក​គ្រីស្ទាន​ថា​៖ ​«​ចូរ​នឹក​ចាំ​ពី​ពួក​អ្នក​នាំ​មុខ . . . អ្នក​រាល់​គ្នា ត្រូវ​តែ​ត្រាប់​តាម​សេចក្ដី​ជំនឿ​របស់​អ្នក​ទាំង​នោះ ទាំង​ពិចារណា​មើល​ចុង​បំផុត​នៃ​កិរិយា​គេ​ផង​»។ (​ហេព្រើរ ១៣:៧​) នេះ​មិន​មែន​ជា​តម្រូវ​ការ​ដោយ​ព្រោះ​អ្នក​ចាស់​ទុំ​ជា​មគ្គុទ្ទេសក៍​ទេ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ ​«​មាន​តែ​ព្រះ​គ្រី​ស្ត​មួយ​ព្រះ​អង្គ​ប៉ុណ្ណោះ ដែល​ជា​មគ្គុទ្ទេសក៍​របស់​អ្នក​រាល់​គ្នា​»។ (​ម៉ាថាយ ២៣:១០, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ​) គឺ​ជា​ជំនឿ​របស់​ពួក​អ្នក​ចាស់​ទុំ​ដែល​យើង​គួរ​នឹង​យក​តម្រាប់​តាម ពីព្រោះ​ពួក​គេ​ជា​អ្នក​ត្រាប់​តាម​មគ្គុទ្ទេសក៍​ពិត​របស់​យើង គឺ​ព្រះ​គ្រីស្ទ។ (​កូរិនថូស​ទី​១ ១១:១​) សូម​ពិចារណា​មើល​របៀប​ផ្សេង​ៗ​ដែល​ពួក​អ្នក​ចាស់​ទុំ​ខំ​មាន​លក្ខណៈ​ដូច​ព្រះ​គ្រីស្ទ ក្នុង​ការ​ប្រស្រ័យ​ទាក់​ទង​នឹង​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ។

១៦. ថ្វី​ដ្បិត​ព្រះ​យេស៊ូ​មាន​អំណាច​ក៏​ដោយ តើ​ទ្រង់​បាន​ប្រព្រឹត្ត​យ៉ាង​ណា​ទៅ​លើ​អ្នក​ដែល​កាន់​តាម​ទ្រង់?

១៦ ទោះ​ជា​ព្រះ​យេស៊ូ​មាន​ភាព​ខ្ពង់​ខ្ពស់​ជាង​មនុស្ស​មិន​គ្រប់​ល័ក្ខណ៍​ក្នុង​គ្រប់​ប្រការ​ទាំង​អស់​ក្ដី ការ​ពិត​ទ្រង់​មាន​អំណាច​លើស​លប់​ដែល​មក​ពី​ព្រះ​វរបិតា​របស់​ទ្រង់​ទេ តែ​ទ្រង់​នៅ​តែ​បាន​ទាក់​ទង​នឹង​សិស្ស​ទ្រង់​ដោយ​ចិត្ត​សុភាព​រាប​ទាប។ ព្រះ​យេស៊ូ​មិន​ដែល​អួត​អំពី​ចំណេះ​ដឹង​ដ៏​លើស​លប់ ដើម្បី​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​កោត​ស្ងើច​ស្ញប់​ស្ញែង​នឹង​ទ្រង់​នោះ​ឡើយ។ ព្រះ​យេស៊ូ​បាន​បង្ហាញ​ព្រះ​ទ័យ​យោគ​យល់ និង​មាន​ចិត្ត​មេត្ដា​ចំពោះ​អ្នក​កាន់​តាម​ទ្រង់ ថែម​ទាំង​សម្រប​ទៅ​តាម​តម្រូវ​ការ​របស់​គេ​ជា​មនុស្ស​ផង​ដែរ។ (​ម៉ាថាយ ១៥:៣២; ២៦:៤០, ៤១; ម៉ាកុស ៦:៣១​) ទ្រង់​មិន​ដែល​ទាម​ទារ​ច្រើន​ហួស​ពី​សមត្ថភាព​របស់​សិស្ស​ទ្រង់​ទេ ហើយ​ក៏​មិន​បាន​តម្រូវ​អ្វី​ពី​អ្នក​ដែល​គេ​ពុំ​អាច​ធ្វើ​បាន​នោះ​ដែរ។ (​យ៉ូហាន ១៦:១២​) ព្រះ​យេស៊ូ​ជា​បុគ្គល​«​ស្លូត ហើយ​មាន​ចិត្ត​សុភាព​»។ ហេតុ​នោះ​ហើយ​បាន​ជា​មនុស្ស​ជា​ច្រើន​បាន​កម្លាំង​ចិត្ត​ឡើង​វិញ​ពី​ទ្រង់។—ម៉ាថាយ ១១:២៨​-​៣០

១៧. ស្តី​អំពី​ទំនាក់​ទំនង​រវាង​ពួក​អ្នក​ចាស់​ទុំ​និង​បង​ប្អូន​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ តើ​ពួក​អ្នក​ចាស់​ទុំ​គួរ​បង្ហាញ​នូវ​ចិត្ត​សុភាព​ដូច​ព្រះ​គ្រីស្ទ​យ៉ាង​ដូច​ម្ដេច​ខ្លះ?

១៧ បើ​ព្រះ​គ្រីស្ទ​ដែល​ជា​មគ្គុទ្ទេសក៍​បាន​បង្ហាញ​ចិត្ត​សុភាព នោះ​ពួក​អ្នក​ដែល​នាំ​មុខ​ក្នុង​ក្រុម​ជំនុំ​ក៏​ត្រូវ​ធ្វើ​ដូច្នេះ​ជា​ជាង​អម្បាលម៉ាន​ទៅ​ទៀត! មែន​ហើយ ពួក​គេ​ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​ប្រើ​អំណាច​ដែល​បាន​ប្រគល់​ដល់​គេ ដើម្បី​បំពាន​លើ​សិទ្ធិ​បង​ប្អូន​ណា​ឡើយ។ ពួក​គេ​ក៏‹មិន​មក​ដោយ​ប្រើ​វោហារ› ដោយ​ប្រាថ្នា​ចង់​ឲ្យ​អ្នក​ដទៃ​កោត​ស្ងើច​នឹង​គេ​នោះ​ដែរ។ (​កូរិនថូស​ទី​១ ២:១, ២​) ផ្ទុយ​ទៅ​វិញ ពួក​គេ​ខំ​បង្រៀន​ពាក្យ​ពិត​តាម​ព្រះ​គម្ពីរ ដែល​ស្រួល​យល់​ហើយ​ចេញ​ពី​ចិត្ត​ស្មោះ​របស់​គេ។ ម្យ៉ាង​ទៀត ពួក​អ្នក​ចាស់​ទុំ​ព្យាយាម​យោគ​យល់​នឹង​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ដទៃ ទាំង​មិន​តម្រូវ​អ្វី​ហួស​ហេតុ​ពេក​ពី​គេ​ទេ។ (​ភីលីព ៤:៥​) ដោយ​ដឹង​ថា​កំរិត​សមត្ថភាព​របស់​បង​ប្អូន​ទាំង​ឡាយ​មាន​ផ្សេង​ៗ​ពី​គ្នា​នោះ ដូច្នេះ​ពួក​អ្នក​ចាស់​ទុំ​តែង​ប្រព្រឹត្ត​លើ​បង​ប្អូន​សម​ស្រប​ទៅ​តាម​កំរិត​សមត្ថភាព​នោះ​ដែរ។ (​ពេត្រុស​ទី​១ ៤:៨​) ហើយ​អ្នក​ចាស់​ទុំ​ដែល​មាន​ចិត្ត​រាប​ទាប​និង​ស្លូត​បូត​នោះ ពិត​ជា​ជួយ​ឲ្យ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ បាន​មែន​ទេ? ពួក​គេ​ពិត​ជា​អាច​ធ្វើ​ដូច្នេះ​មែន!

១៨. ស្តី​អំពី​របៀប​ព្រះ​យេស៊ូ​បាន​ប្រព្រឹត្ត​នឹង​ពួក​ក្មេង​ៗ​នោះ តើ​ពួក​អ្នក​ចាស់​ទុំ​អាច​រៀន​អ្វី​ខ្លះ?

១៨ ព្រះ​យេស៊ូ​ជា​បុគ្គល​ស្រួល​ជួប​ស្រួល​ទាក់​ទង សូម្បី​តែ​ចំពោះ​ពួក​អ្នកដែល​ហាក់​ដូច​ជា​មិន​សូវ​សំខាន់​ក៏​ដោយ។ សូម​ពិចារណា​មើល​ពាក្យ​បន្ទូល​របស់​ទ្រង់​តប​ចំពោះ​ពួក​សិស្ស​ដែល​បាន​បន្ទោស​ពួក​បណ្ដា​ជន​ដែល​«​នាំ​ក្មេង​តូច​ៗ​មក​ថ្វាយ​ទ្រង់​»។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ ​«​ទុក​ឲ្យ​កូន​ក្មេង​មក​ឯ​ខ្ញុំ​ចុះ! កុំ​ឃាត់​វា​ឡើយ​»។ រួច​មក ​«​ទ្រង់​ក៏​ឱប​វា​រាល់​គ្នា ហើយ​ដាក់​ព្រះ​ហស្ត​លើ ទាំង​ប្រទាន​ពរ​ឲ្យ​ផង​»។ (​ម៉ាកុស ១០:១៣​-​១៦​) ព្រះ​យេស៊ូ​មាន​ព្រះ​ទ័យ​កក់​ក្ដៅ​និង​សប្បុរស ហើយ​មនុស្ស​នានា​មាន​ចិត្ត​ចង់​មក​ឯ​ទ្រង់។ ពួក​បណ្ដា​ជន​ក៏​មិន​ខ្លាច​ទ្រង់​ដែរ។ សូម្បី​តែ​ពួក​ក្មេង​ៗ​ក៏​មិន​ខ្លាច​រអែង​នឹង​ទ្រង់​ទេ។ ពួក​អ្នក​ចាស់​ទុំ​ក៏​ជា​មនុស្ស​ស្រួល​ទាក់​ទង​ផង​ដែរ ហើយ​ពេល​ពួក​គេ​បង្ហាញ​សេចក្ដី​សប្បុរស​និង​សេចក្ដី​ស្រឡាញ់​យ៉ាង​កក់​ក្ដៅ នោះ​អ្នក​ឯ​ទៀត​រួម​ទាំង​កូន​ក្មេង​ក៏​មិន​ភ័យ​ព្រួយ​ទេ។

១៩. តើ​ការ​«​មាន​គំនិត​ជា​របស់​ផង​ព្រះ​គ្រីស្ទ​»​រួម​បញ្ចូល​អ្វី​ខ្លះ? ហើយ​តើ​ត្រូវ​ខំ​ប្រឹង​យ៉ាង​ណា​ដើម្បី​ធ្វើ​ដូច្នេះ?

១៩ ដែល​ពួក​អ្នក​ចាស់​ទុំ​ស្គាល់​ព្រះ​យេស៊ូ​គ្រីស្ទ​ប៉ុន​ណា គឺ​ប៉ុន​នោះ​ឯង​ដែល​ពួក​គេ​អាច​យក​តម្រាប់​តាម​ទ្រង់។ ប៉ុល​បាន​សួរ​ថា​៖ ​«​តើ​អ្នក​ណា​បាន​ស្គាល់​គំនិត​នៃ​ព្រះ​អម្ចាស់[​«​ព្រះ​យេហូវ៉ា​»​, ព.ថ.​]? តើ​អ្នក​ណា​នឹង​បង្រៀន​ទ្រង់​បាន?​»។ រួច​មក​គាត់​បាន​និយាយ​បន្ថែម​ទៀត​ថា​៖ ​«​តែ​យើង​រាល់​គ្នា​មាន​គំនិត​ជា​របស់​ផង​ព្រះ​គ្រីស្ទ​វិញ​»។ (​កូរិនថូស​ទី​១ ២:១៦​) ការ​មាន​គំនិត​ជា​របស់​ផង​ព្រះ​គ្រីស្ទ​តម្រូវ​ឲ្យ​យើង​យល់​ដឹង​អំពី​របៀប​គិត​គូរ​របស់​ទ្រង់ ព្រម​ទាំង​ស្គាល់​បុគ្គលិក​លក្ខណៈ​ទាំង​មូល​របស់​ទ្រង់ ដើម្បី​ឲ្យ​យើង​អាច​ដឹង​ថា​ទ្រង់​នឹង​ធ្វើ​យ៉ាង​ណា​ក្រោម​កាលៈទេសៈ​ណា​ក៏​ដោយ។ ជា​ការ​ល្អ​ណាស់​ហ្ន៎! បើ​យើង​អាច​ស្គាល់​មគ្គុទ្ទេសក៍​របស់​យើង​យ៉ាង​ច្បាស់​នោះ។ ត្រូវ​មែន នេះ​តម្រូវ​ឲ្យ​យើង​យក​ចិត្ត​ទុក​ដាក់​នឹង​ដំណើរ​រឿង​ក្នុង​សៀវភៅ​ដំណឹង​ល្អ​និមួយ​ៗ ហើយ​យើង​ត្រូវ​មាន​គំនិត​ពេញ​ទៅ​ដោយ​ការ​យល់​ដឹង​អំពី​ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូ និង​គំរូ​ទ្រង់​ជា​និច្ច។ នៅ​ពេល​ដែល​ពួក​អ្នក​ចាស់​ទុំ​ខំ​ប្រឹង យក​តម្រាប់​តាម​ព្រះ​គ្រីស្ទ​ជា​មគ្គុទ្ទេសក៍ នោះ​អស់​អ្នក​ក្នុង​ក្រុម​ជំនុំ​នឹង​មាន​ចិត្ត​ចង់​ត្រាប់​តាម​ជំនឿ​របស់​ពួក​គេ​ផង​ដែរ។ ពួក​អ្នក​ចាស់​ទុំ​ក៏​មាន​ចិត្ត​សប្បាយ​រីក​រាយ​ផង​ដែរ​ពេល​ឃើញ​បង​ប្អូន​ឯ​ទៀត​យក​តម្រាប់​តាម​លំអាន​នៃ​មគ្គុទ្ទេសក៍​របស់​គេ​ដោយ​អំណរ។

ចូរ​បន្ត​ចុះ​ចូល​ចំពោះ​ព្រះ​គ្រីស្ទ​ជា​មគ្គុទ្ទេសក៍

២០, ២១. ពេល​យើង​សម្លឹង​មើល​ពិភព​លោក​ថ្មី​ដែល​បាន​ត្រូវ​សន្យា​ថា​នឹង​មាន​នៅ​ពេល​ខាង​មុខ​នេះ តើ​យើង​គួរ​ប្ដេជ្ញា​ចិត្ត​ធ្វើ​យ៉ាង​ណា?

២០ ការ​បន្ត​ចុះ​ចូល​ចំពោះ​ព្រះ​គ្រីស្ទ​ជា​មគ្គុទ្ទេសក៍​នោះ​គឺ​ចាំ​បាច់​ណាស់។ ពេល​យើង​មក​ជិត​ដល់​ទី​បញ្ចប់​នៃ​របប​លោកីយ៍​នេះ យើង​កាន់​ជំហរ​ស្រដៀង​នឹង​ពួក​អ៊ីស្រាអែល​ដែល​នៅ​វាល​ម៉ូអាប់​នៅ​ឆ្នាំ​១៤៧៣ មុន​ស.យ.។ ពួក​គេ​បាន​មក​ដល់​ព្រំ​ប្រទល់​ចូល​ស្រុក​សន្យា ហើយ​ព្រះ​បាន​មាន​បន្ទូល​តាម​រយៈ​ព្យាការី​ម៉ូសេ​ថា​៖ ​«​ត្រូវ​ឲ្យ​ឯង[​យ៉ូស្វេ​]ទៅ​ជា​មួយ​នឹង​បណ្ដា​ជន​ទាំង​នេះ ចូល​ទៅ​ក្នុង​ស្រុក ដែល​ព្រះ​យេហូវ៉ា​បាន​ស្បថ​នឹង​ពួក​ឰយុកោ​ថា នឹង​ឲ្យ​ដល់​គេ​»។ (​ចោទិយកថា ៣១:៧, ៨​) លោក​យ៉ូស្វេ​ជា​មគ្គុទ្ទេសក៍​ដែល​បាន​ត្រូវ​តែង​តាំង​ឲ្យ​នាំ​មុខ​គេ។ បើ​សាសន៍​អ៊ីស្រាអែល​ចង់​ចូល​ទៅ​ក្នុង​ស្រុក​សន្យា​នោះ ពួក​គេ​ត្រូវ​ចុះ​ចូល​ចំពោះ​លោក​យ៉ូស្វេ​ជា​មគ្គុទ្ទេសក៍។

២១ ព្រះ​គម្ពីរ​ចែង​ប្រាប់​យើង​ថា​៖ ​«​មាន​តែ​ព្រះ​គ្រី​ស្ត​មួយ​ព្រះ​អង្គ​ប៉ុណ្ណោះ ដែល​ជា​មគ្គុទ្ទេសក៍​របស់​អ្នក​រាល់​គ្នា​»។ គឺ​មាន​តែ​ព្រះ​គ្រីស្ទ​មួយ​អង្គ​ប៉ុណ្ណោះ​ដែល​នឹង​នាំ​យើង​ឲ្យ​ចូល​ទៅ​ក្នុង​ពិភព​លោក​ថ្មី​ដែល​បាន​សន្យា​ទុក​ជា​មុន ជា​ទី​កន្លែង​ពោរ​ពេញ​ទៅ​ដោយ​ភាព​សុចរិត។ (​ពេត្រុស​ទី​២ ៣:១៣​) អាស្រ័យ​ហេតុ​នេះ​ហើយ ចូរ​ឲ្យ​យើង​ប្ដេជ្ញា​ចិត្ត​ចុះ​ចូល​ចំពោះ​ទ្រង់​ជា​មគ្គុទ្ទេសក៍ ក្នុង​គ្រប់​ផ្នែក​ទាំង​អស់​នៃ​ជីវិត​របស់​យើង។

[​កំណត់​សម្គាល់​]

a ក្នុង​ខ​នេះ ​«​ផ្កាយ​»​ មិន​មែន​តំណាង​ទេវតា​មែន​ទែន​ទេ។ ព្រះ​យេស៊ូ​ច្បាស់​ជា​មិន​ប្រើ​មនុស្ស​ម្នាក់​ដើម្បី​កត់​ពត៌មាន​ប្រយោជន៍​ឲ្យ​សត្តនិករ​វិញ្ញាណ​ដ៏​មើល​មិន​ឃើញ​នោះ​ទេ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​«​ផ្កាយ​»​នោះ​ត្រូវ​តំណាង​មនុស្ស​ដែល​ជា​អ្នក​ត្រួត​ពិនិត្យ ឬ​ក៏​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​នានា ដែល​ពួក​គេ​ត្រូវ​ចាត់​ទុក​ជា​អ្នក​នាំ​សារ​របស់​ព្រះ​យេស៊ូ។ ដោយ​មាន​ចំនួន​ប្រាំ​ពីរ​នោះ បញ្ជាក់​ពី​ការ​បង្គ្រប់​តាម​ខ្នាត​តម្រា​របស់​ព្រះ។

តើ​អ្នក​នៅ​ចាំ​ទេ?

• តើ​ព្រះ​គ្រីស្ទ​បាន​នាំ​មុខ​ក្រុម​ជំនុំ​ពី​ជំនាន់​ដើម​នោះ​ដោយ​ដូច​ម្ដេច?

• តើ​ព្រះ​គ្រីស្ទ​នាំ​មុខ​ក្រុម​ជំនុំ​របស់​ទ្រង់​សព្វ​ថ្ងៃ​នេះ​យ៉ាង​ណា?

• ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​ចុះ​ចូល​ចំពោះ​ពួក​អ្នក​ដែល​នាំ​មុខ​ក្នុង​ក្រុម​ជំនុំ?

• តើ​ពួក​អ្នក​ចាស់​ទុំ​អាច​បង្ហាញ​ដោយ​របៀប​ណា​ខ្លះ ថា​ព្រះ​គ្រីស្ទ​ជា​មគ្គុទ្ទេសក៍​របស់​គេ?

[​សំណួរ​សម្រាប់​អត្ថបទ​សិក្សា​]

[​រូប​ភាព​នៅ​ទំព័រ​២៦​]

ព្រះ​គ្រីស្ទ​នាំ​មុខ​ក្រុម​ជំនុំ​របស់​ទ្រង់ ថែម​ទាំង​មាន ពួក​អ្នក​ត្រួត​ពិនិត្យ​នៅ​ក្នុង​ព្រះ​ហស្ត​ស្ដាំ​ទ្រង់

[​រូប​ភាព​នៅ​ទំព័រ​២៧​]

​«​ចូរ​ស្ដាប់​តាម​ហើយ​ចុះ​ចូល នឹង​ពួក​អ្នក​ដែល​នាំ​មុខ​អ្នក​រាល់​គ្នា​ចុះ!​»​

[​រូប​ភាព​នៅ​ទំព័រ​២៩​]

ព្រះ​យេស៊ូ​ជា​បុគ្គល​ស្រួល​ទាក់​ទង​និង​មាន​ព្រះ​ទ័យ​កក់​ក្ដៅ ហើយ​ពួក​អ្នក​ចាស់​ទុំ​គ្រីស្ទាន​ក៏​ខំ​យក​តម្រាប់​តាម​ទ្រង់​ដែរ