ច្បាប់របស់ព្រះគឺសំរាប់ប្រយោជន៍យើង
ច្បាប់របស់ព្រះគឺសំរាប់ប្រយោជន៍យើង
«ឱទូលបង្គំស្រឡាញ់ក្រិត្យវិន័យរបស់ទ្រង់ណាស់ហ្ន៎!»។—ទំនុកដំកើង ១១៩:៩៧
១. តាមធម្មតា តើមនុស្សមានទស្សនៈយ៉ាងណាអំពីការគោរពតាមច្បាប់របស់ព្រះ?
សព្វថ្ងៃនេះ មនុស្សមិននិយមធ្វើតាមច្បាប់របស់ព្រះទេ។ មនុស្សជាច្រើនចាត់ទុកការស្ដាប់តាមបុគ្គលមួយអង្គដ៏ខ្ពង់ខ្ពស់ដែលគេមើលមិនអាចឃើញនោះ ជាការឥតប្រយោជន៍ទទេ។ យើងកំពុងតែរស់នៅក្នុងសម័យមួយដែលនិយមបង្កើតគោលការណ៍សីលធម៌តាមតែចំណង់ចំណូលចិត្តនៃសង្គម ហើយក៏ចូលចិត្តធ្វើឲ្យភាពខុសគ្នារវាងខុសនិងត្រូវទៅជាអ្វីដ៏ស្រពិចស្រពិល ថែមទាំងមានគោលការណ៍ច្រើនឥតគណនាដែលមិនច្បាស់លាស់។ (សុភាសិត ១៧:១៥; អេសាយ ៥:២០) ស្តីអំពីគំនិតទូទៅនៃមនុស្សជាច្រើនក្នុងសង្គមដែលកំពុងតែជឿនលឿននោះ ការស្ទង់មតិពេលថ្មីៗនេះបានឆ្លុះបញ្ចាំងឲ្យឃើញថា «ជនជាតិអាមេរិកភាគច្រើនចង់សម្រេចចិត្តដោយខ្លួនឯងអំពីអ្វីដែលត្រឹមត្រូវ អ្វីដែលល្អ និងអ្វីដែលមានប្រយោជន៍»។ «ខាងសីលធម៌និងខាងរឿងផ្សេងទៀត»គេចង់បាន«ព្រះដែលធូររលុង ច្បាប់ដ៏ធូររលុង និងអាជ្ញាធរធូររលុង»។ អ្នកវិភាគសង្គមមួយរូបបានសង្កេតឃើញថា សព្វថ្ងៃនេះ«មនុស្សម្នាក់ៗត្រូវសម្រេចចិត្តដោយខ្លួនឯងថា សីលធម៌និងការសាងអំពើល្អរួមបញ្ចូលអ្វីខ្លះ»។ គាត់និយាយបន្ថែមទៀតថា៖ «អាជ្ញាខ្ពស់ដល់កំរិតណាក៏ដោយ ត្រូវកែប្រែច្បាប់វិន័យរបស់គេឲ្យសមស្របទៅតាមសេចក្ដីត្រូវការរបស់មនុស្សសាមញ្ញ»។
២. លើកដំបូងក្នុងព្រះគម្ពីរដែលព្រះបានមានបន្ទូលអំពីច្បាប់ តើដូចម្ដេចដែលនោះជាប់ទាក់ទងនឹងការទទួលពរពីព្រះនិងការបំពេញព្រះហឫទ័យទ្រង់?
២ ដោយសារមនុស្សជាច្រើនកំពុងតែសង្ស័យទៅលើតម្លៃនៃច្បាប់របស់ព្រះយេហូវ៉ានោះ យើងត្រូវពង្រឹងជំនឿរបស់យើងឲ្យរឹងមាំចំពោះខ្នាតតម្រារបស់ព្រះដោយជឿជាក់ថា ច្បាប់ទាំងនោះគឺដើម្បីឲ្យយើងទទួលប្រយោជន៍។ កំណត់ហេតុព្រះគម្ពីរដែលប្រើពាក្យច្បាប់ជាលើកដំបូងនោះ គឺគួរឲ្យចាប់អារម្មណ៍មែន។ នៅលោកុប្បត្តិ ២៦:៥ យើងអានព្រះបន្ទូលរបស់ព្រះដែលថា៖ «អ័ប្រាហាំបាន . . . រក្សាបញ្ញើ នឹងបញ្ញត្ត ហើយច្បាប់ នឹងក្រិត្យវិន័យរបស់អញ»។ ព្រះយេហូវ៉ាបានមានបន្ទូលនេះរាប់សតវត្សមុនទ្រង់ប្រទានក្របខ័ណ្ឌច្បាប់ដល់កូនចៅអ័ប្រាហាំទៅទៀត។ ដោយសារអ័ប្រាហាំបានស្ដាប់បង្គាប់ព្រះ ព្រមទាំងគោរពតាមច្បាប់របស់ទ្រង់ តើព្រះបានប្រទានរង្វាន់អ្វីដល់គាត់? ព្រះយេហូវ៉ាសន្យាថា៖ «គ្រប់ទាំងសាសន៍នៅផែនដីនឹងបានពរដោយសារពូជឯង»។ (លោកុប្បត្តិ ២២:១៨) យ៉ាងនេះ ការគោរពតាមច្បាប់របស់ព្រះជាប់ទាក់ទងនឹងការទទួលពរពីទ្រង់ និងការពេញព្រះហឫទ័យរបស់ទ្រង់ផងដែរ។
៣. (ក) តើអ្នកតែងទំនុកដំកើងមានអារម្មណ៍យ៉ាងណាចំពោះច្បាប់របស់ព្រះយេហូវ៉ា? (ខ) តើយើងគួរពិចារណាសំនួរអ្វីខ្លះ?
៣ អ្នកតែងទំនុកដំកើងម្នាក់ដែលប្រហែលជានាម៉ឺនមួយរូប ដែលនឹងក្លាយជាស្តេចមួយអង្គនៅស្រុកយូដានោះ បានបញ្ជាក់ទឹកចិត្តខុសប្លែកពីធម្មតាស្តីអំពីច្បាប់។ គាត់បានឧទានថា៖ «ឱទូលបង្គំស្រឡាញ់ក្រិត្យវិន័យរបស់ទ្រង់ណាស់ហ្ន៎!»។ (ទំនុកដំកើង ១១៩:៩៧, កំណែជាអក្សរទ្រេត) នេះមិនមែនជាការលាន់មាត់ដោយចិត្តរំជើបរំជួលប៉ុណ្ណោះទេ។ នេះជាការបញ្ជាក់ពីសេចក្ដីស្រឡាញ់ចំពោះព្រះហឫទ័យរបស់ព្រះដែលបង្ហាញយ៉ាងចំៗក្នុងច្បាប់របស់ទ្រង់។ ព្រះយេស៊ូគ្រីស្ទ ជាព្រះរាជបុត្រាគ្រប់ល័ក្ខណ៍របស់ព្រះបានមានអារម្មណ៍ដូចគ្នាដែរ។ ទំនាយមួយបានរៀបរាប់ថា ព្រះយេស៊ូគ្រីស្ទត្រូវមានបន្ទូលថា៖ «ឱព្រះនៃទូលបង្គំអើយ! ទូលបង្គំមានសេចក្ដីអំណរ នឹងធ្វើតាមព្រះហឫទ័យទ្រង់ . . . ក្រិត្យវិន័យរបស់ទ្រង់ក៏នៅក្នុងចិត្តទូលបង្គំ»។ (ទំនុកដំកើង ៤០:៨; ហេព្រើរ ១០:៩) ចុះយើងវិញ តើយើងអរសប្បាយនឹងការធ្វើតាមព្រះហឫទ័យរបស់ព្រះឬ? តើយើង ជឿជាក់ថា ច្បាប់របស់ព្រះមានប្រយោជន៍និងនាំឲ្យមានផលល្អឬទេ? តើការធ្វើតាមច្បាប់របស់ព្រះទាក់ទងយ៉ាងដូចម្ដេចនឹងការថ្វាយបង្គំរបស់យើងក្នុងជីវិតប្រចាំថ្ងៃ ក្នុងការសម្រេចចិត្ត និងក្នុងទំនាក់ទំនងរបស់យើងជាមួយអ្នកដទៃ? ដើម្បីស្រឡាញ់ច្បាប់របស់ព្រះ យកល្អឲ្យយើងយល់ដឹងពីមូលហេតុដែលព្រះមានសិទ្ធិបង្កើតច្បាប់និងមានសិទ្ធិធ្វើយ៉ាងណាឲ្យមនុស្សអនុវត្តតាមច្បាប់នោះ។
ព្រះយេហូវ៉ាមានសិទ្ធិបង្កើតច្បាប់
៤. ហេតុអ្វីបានជាព្រះយេហូវ៉ាមានសិទ្ធិជាងគេបំផុតដើម្បីបង្កើតច្បាប់?
៤ ដោយសារព្រះយេហូវ៉ាជាអ្នកបង្កើតយើង ទ្រង់មានសិទ្ធិជាងគេបំផុតក្នុងសកលលោកដើម្បីបង្កើតច្បាប់។ (វិវរណៈ ៤:១១) ព្យាការីអេសាយបានមានប្រសាសន៍ថា៖ «ព្រះយេហូវ៉ាទ្រង់ជាអ្នកតែងច្បាប់ឲ្យយើងរាល់គ្នា»។ (អេសាយ ៣៣:២២) ទ្រង់បានបង្កើតច្បាប់ធម្មជាតិដែលកាន់កាប់ដូចគ្នាទៅលើភាវៈរស់និងភាវៈដែលគ្មានជីវិតដែរ។ (យ៉ូប ៣៨:៤-៣៨; ៣៩:១-១២; ទំនុកដំកើង ១០៤:៥-១៩) ដោយសារព្រះយេហូវ៉ាក៏បានបង្កើតមនុស្សជាតិផងដែរ មនុស្សក៏ត្រូវចុះចូលចំពោះច្បាប់ធម្មជាតិរបស់ទ្រង់ដែរ។ បន្ថែមទៅទៀត ទោះជាមនុស្សមានចិត្តសេរីយ៉ាងណាក៏ដោយ ហើយអាចគិតវែកញែកដោយខ្លួនឯងបាន នោះមនុស្សអាចមានសុភមង្គលតែក្នុងពេលគេចុះចូលនឹងច្បាប់របស់ព្រះ ស្តីពីសីលធម៌និងការថ្វាយបង្គំ។—រ៉ូម ១២:១; កូរិនថូសទី១ ២:១៤-១៦
៥. តើដូចម្ដេចដែលគោលការណ៍នៅកាឡាទី ៦:៧ ជាការពិតចំពោះច្បាប់របស់ព្រះដែរ?
៥ ជាក់ស្តែងណាស់ គ្មានអ្នកណាអាចប្រឆាំងនឹងច្បាប់ធម្មជាតិរបស់ព្រះយេហូវ៉ាបានឡើយ។ (យេរេមា ៣៣:២០, ២១) បើមនុស្សម្នាក់ធ្វើខុសនឹងច្បាប់ធម្មជាតិខ្លះ ដូចជាច្បាប់ទំនាញផែនដីជាដើម គាត់នឹងមានគ្រោះថ្នាក់ជាមិនខាន។ ស្រដៀងគ្នាដែរ ច្បាប់សីលធម៌របស់ព្រះមិនអាចត្រូវបដិសេធ ហើយមិនអាចត្រូវបញ្ចៀសឬបំពានដោយគ្មានទោសនោះទេ។ ដូចជាច្បាប់ធម្មជាតិរបស់ព្រះដែរ ទ្រង់ក៏ធ្វើយ៉ាងណាឲ្យមនុស្សអនុវត្តតាមច្បាប់សីលធម៌របស់ទ្រង់ដែរ ទោះជាទោសសំរាប់ការមិនស្ដាប់តាមប្រហែលជាមិនមកភ្លាមៗក៏ដោយ។ «នឹងបញ្ឆោតព្រះមិនបានទេ ដ្បិតពូជណាដែលមនុស្សព្រោះចុះ នោះនឹងច្រូតបានពូជនោះឯងវិញ»។—កាឡាទី ៦:៧; ធីម៉ូថេទី១ ៥:២៤
ប្រភេទផ្សេងៗនៃច្បាប់ព្រះយេហូវ៉ា
៦. តើច្បាប់របស់ព្រះទាក់ទងអ្វីខ្លះ?
៦ ក្រិត្យវិន័យលោកម៉ូសេគឺជាក្របខ័ណ្ឌច្បាប់ដ៏ប្រសើរ ក្នុងចំណោមច្បាប់របស់ព្រះ។ (រ៉ូម ៧:១២) ក្រោយមក ព្រះយេហូវ៉ាជំនួសក្រិត្យវិន័យលោកម៉ូសេដោយ«ក្រិត្យវិន័យនៃព្រះគ្រីស្ទ»។ a (កាឡាទី ៦:២; កូរិនថូសទី១ ៩:២១) ដោយសារយើងជាគ្រីស្ទាននៅក្រោម«ក្រិត្យវិន័យដ៏គ្រប់លក្ខណ៍ គឺជាក្រិត្យវិន័យខាងឯសេរីភាព»នោះ យើងយល់ថា ច្បាប់របស់ព្រះគឺមិនមែនសំរាប់តែផ្នែកខ្លះៗនៃជីវិតយើង ដូចជាការថ្វាយបង្គំឬក្បួនរីតិ៍ប៉ុណ្ណោះទេ។ ខ្នាតតម្រារបស់ទ្រង់ទាក់ទងនឹងគ្រប់ផ្នែកនៃជីវិត រួមមានរឿងខាងក្រុមគ្រួសារ ការរកស៊ី ការប្រព្រឹត្តទៅលើអ្នកភេទផ្ទុយ ទស្សនៈចំពោះគ្រីស្ទានគ្នីគ្នា និងការចូលរួមក្នុងការថ្វាយបង្គំពិត។—យ៉ាកុប ១:២៥, ២៧
៧. សូមលើកឧទាហរណ៍អំពីច្បាប់ដ៏សំខាន់ៗរបស់ព្រះ។
៧ ជាឧទាហរណ៍ ព្រះគម្ពីរចែងថា៖ «ពួកមនុស្សកំផិត ពួកថ្វាយបង្គំរូបព្រះ ពួកសហាយស្មន់ ពួកអ្នកសំរេចកិច្ចដោយខ្លួនឯង ពួកលេងកូនជឹង[«ពួកអ្នករួមសង្វាសនឹងភេទដូចគ្នា», ព្រះគម្ពីរភាសាខ្មែរសម្រាយ] ពួកចោរ ពួកមនុស្សលោភ ពួកប្រមឹក ពួកត្មះតិះដៀល នឹងពួកប្លន់កំហែង នោះមិនដែលបានគ្រងនគរព្រះទុកជាមរដកឡើយ»។ (កូរិនថូសទី១ ៦:៩, ១០) ពិតមែនហើយ ការផិតក្បត់និងការសហាយស្មន់មិនមែនជា«រឿងស្នេហា»ធម្មតាទេ។ ការរួមសង្វាសនឹងបុគ្គលភេទដូចគ្នាមិនមែនជា«របៀបរស់នៅតាមផ្លូវផ្សេង»ប៉ុណ្ណោះទេ។ អំពើទាំងអស់នេះគឺជាការបំពានលើច្បាប់របស់ព្រះយេហូវ៉ា ដូចជាការលួច ការភូតភរ និងការនិយាយបង្កាច់គេជាដើម។ (ទំនុកដំកើង ១០១:៥; កូល៉ុស ៣:៩; ពេត្រុសទី១ ៤:១៥) យ៉ាកុបបានផ្ដន្ទាទោសការនិយាយអួតខ្លួន ហើយប៉ុលបានទូន្មានយើងឲ្យជៀសផុតពីការនិយាយចំកួតនិងរឿងកំប្លែងអាសអាភាស។ (អេភេសូរ ៥:៤; យ៉ាកុប ៤:១៦) សំរាប់ជនគ្រីស្ទាន ក្រិត្យក្រមសំរាប់ការប្រព្រឹត្តទាំងអស់នេះគឺផ្គុំគ្នាជាក្រិត្យវិន័យដ៏គ្រប់ល័ក្ខណ៍របស់ព្រះ។—ទំនុកដំកើង ១៩:៧
៨. (ក) តើច្បាប់របស់ព្រះមានលក្ខណៈបែបណា? (ខ) ពាក្យភាសាហេព្រើរដែលប្រែថា «ក្រិត្យវិន័យ» តើនោះបានន័យយ៉ាងដូចម្ដេច?
៨ ក្រិត្យវិន័យដ៏បឋមបែបនេះក្នុងព្រះបន្ទូលរបស់ព្រះយេហូវ៉ា ឆ្លុះបញ្ចាំងឲ្យឃើញថាច្បាប់របស់ទ្រង់មិនជាការរាយនាមលក្ខន្ដិកៈដ៏តឹងរ៉ឹងផ្សេងៗប៉ុណ្ណោះទេ។ ក្រិត្យវិន័យនោះធ្វើឲ្យជីវិតរបស់យើងប្រកបទៅដោយតុល្យភាពនិងមានខ្លឹមសារ ហើយច្បាប់នោះមានអានុភាពល្អទៅលើការប្រព្រឹត្តសព្វបែបយ៉ាង។ ច្បាប់របស់ព្រះជួយលើកទឹកចិត្តយើង ច្បាប់នោះក៏ត្រឹមត្រូវតាមសីលធម៌ និងជួយណែនាំយើងផងដែរ។ (ទំនុកដំកើង ១១៩:៧២) ពាក្យថា«ក្រិត្យវិន័យ»ដែលអ្នកតែងបទទំនុកដំកើងបានប្រើនោះ គឺបកប្រែពីពាក្យភាសាហេព្រើរថា តូរ៉ា។ បណ្ឌិតម្នាក់ខាងព្រះគម្ពីរស្រដីថា៖ «ពាក្យនេះជាកិរិយាស័ព្ទមួយដែលមាន ន័យថា ណែនាំ ដឹកនាំ តម្រង់ បាញ់ត្រង់។ ដូច្នេះ ពាក្យនេះ . . . បានន័យថា វិន័យសំរាប់ការប្រព្រឹត្តសព្វបែបយ៉ាង»។ អ្នកតែងបទទំនុកដំកើងបានចាត់ទុកច្បាប់របស់ព្រះជាអំណោយពីទ្រង់។ យើងក៏គួរចាត់ទុកច្បាប់ព្រះជាអំណោយមួយ ថែមទាំងអនុញ្ញាតឲ្យច្បាប់នោះកែប្រែជីវិតរបស់យើងដែរ មែនទេ?
៩, ១០. (ក) ហេតុអ្វីបានជាយើងត្រូវការការណែនាំដែលយើងអាចទុកចិត្តនោះ? (ខ) តើតាមវិធីណាតែប៉ុណ្ណោះ ដែលយើងអាចរីកចំរើននិងមានសុភមង្គលក្នុងជីវភាពរស់នៅ?
៩ សត្តនិករទាំងអស់ត្រូវការការណែនាំដែលគេអាចយកជាទីពឹងពំនាក់និងទុកចិត្តផងដែរ។ ព្រះយេស៊ូនិងទេវតាឯទៀតដែលមានភាពខ្ពស់ជាងមនុស្ស ក៏ត្រូវការការណែនាំផងដែរ។ (ទំនុកដំកើង ៨:៥; យ៉ូហាន ៥:៣០; ៦:៣៨; ហេព្រើរ ២:៧; វិវរណៈ ២២:៨, ៩) បើសិនជាសត្តនិករគ្រប់ល័ក្ខណ៍ទាំងនេះទទួលប្រយោជន៍ពីការណែនាំពីព្រះ នោះមនុស្សឥតគ្រប់ល័ក្ខណ៍ក៏នឹងទទួលប្រយោជន៍ជាងអំបាលម៉ានទៅទៀត! ប្រវត្ដិមនុស្សជាតិនិងការពិសោធន៍របស់យើងផ្ទាល់ខ្លួន ជាភស្តុតាងដែលបញ្ជាក់សេចក្ដីពិតនៃអ្វីដែលលោកយេរេមាបានសង្កេតឃើញថា៖ «ឱព្រះយេហូវ៉ាអើយ! ទូលបង្គំដឹងថា ផ្លូវរបស់មនុស្សមិនស្រេចនៅខ្លួនគេទេ ហើយដែលដំរង់ជំហានរបស់ខ្លួន នោះក៏មិនស្រេចនៅមនុស្សដែលដើរដែរ»។—យេរេមា ១០:២៣
១០ ប្រសិនបើយើងប្រាថ្នាចង់រីកចំរើននិងមានសុភមង្គលក្នុងជីវភាពរស់នៅរបស់យើង នោះយើងត្រូវពឹងពាក់ព្រះក្នុងការណែនាំ។ ស្តេចសាឡូម៉ូនបានកត់សម្គាល់គ្រោះថ្នាក់ដែលកើតចេញពីការបង្កើតខ្នាតតម្រាសំរាប់ខ្លួនដែលប្រាសចាកពីការណែនាំរបស់ព្រះ។ សាឡូម៉ូនបានមានបន្ទូលថា៖ «មានផ្លូវមួយដែលមើលទៅដូចជាត្រឹមត្រូវល្អដល់មនុស្ស តែចុងបំផុតនៃផ្លូវនោះ គឺជាសេចក្ដីស្លាប់វិញ»។—សុភាសិត ១៤:១២
ហេតុដែលយើងអាចស្រឡាញ់ច្បាប់ របស់ព្រះយេហូវ៉ា
១១. យើងត្រូវមានចិត្តប្រាថ្នាចង់យល់នូវច្បាប់របស់ព្រះដោយព្រោះអ្វី?
១១ យកល្អឲ្យយើងទាំងអស់គ្នាបណ្ដុះឲ្យមានសេចក្ដីប៉ងប្រាថ្នាយ៉ាងខ្លាំងចង់យល់ច្បាប់របស់ព្រះយេហូវ៉ា។ អ្នកតែងទំនុកដំកើងបានបញ្ជាក់សេចក្ដីប៉ងប្រាថ្នាបែបនេះពេលគាត់ចែងថា៖ «សូមបំភ្លឺភ្នែកទូលបង្គំ ឲ្យបានឃើញសេចក្ដីអស្ចារ្យ នៅក្នុងក្រិត្យវិន័យរបស់ទ្រង់»។ (ទំនុកដំកើង ១១៩:១៨) បើយើងស្គាល់ផ្លូវរបស់ព្រះកាន់តែច្បាស់ នេះធ្វើឲ្យយើងកាន់តែយល់សេចក្ដីពិតនៃពាក្យរបស់លោកអេសាយថា៖ «អញនេះ គឺយេហូវ៉ា ជាព្រះនៃឯង ជាអ្នកដែលបង្រៀនឲ្យឯងបានទទួលប្រយោជន៍ ហើយក៏នាំឯងទៅក្នុងផ្លូវដែលឯងគួរដើរ។ ឱ! បើឯងបានស្ដាប់តាមបញ្ញត្តទាំងប៉ុន្មានរបស់អញ»។ (អេសាយ ៤៨:១៧, ១៨) ព្រះយេហូវ៉ាចង់ឲ្យរាស្ត្រទ្រង់ជៀសផុតពីគ្រោះថ្នាក់អន្តរាយនិងអរសប្បាយនឹងជីវិតវិញ ដោយស្ដាប់តាមបញ្ញត្ដិរបស់ទ្រង់។ ចូរឲ្យយើងពិនិត្យមើលនូវហេតុចំបងៗខ្លះ ដែលយើងគួរស្រឡាញ់ច្បាប់របស់ព្រះ។
១២. ហេតុដូចម្ដេចបានជាការយល់ដឹងរបស់ព្រះយេហូវ៉ាអំពីយើង ធ្វើឲ្យទ្រង់មានសមត្ថភាពច្រើនជាងគេដើម្បីតែងច្បាប់សំរាប់យើង?
១២ ច្បាប់របស់ព្រះមកពីបុគ្គលដែលស្គាល់យើងច្បាស់ជាងគេ។ ដោយព្រោះព្រះយេហូវ៉ាជាអ្នកបង្កើតយើងនោះ គឺសមហេតុសមផលដែលទ្រង់ជ្រាបពីលក្ខណៈមនុស្សជាតិច្បាស់ជាងគេ។ (ទំនុកដំកើង ១៣៩:១, ២; កិច្ចការ ១៧:២៤-២៨) មិត្តជិតស្និទ្ធ ញាតិមិត្ត និងសូម្បីតែមាតាបិតារបស់យើងក៏ដោយ ក៏មិនអាចស្គាល់យើងច្បាស់ដូចព្រះយេហូវ៉ាស្គាល់យើងដែរ។ តាមពិត ព្រះស្គាល់យើងច្បាស់ជាងយើងស្គាល់ខ្លួនឯង ទៅទៀត! អ្នកបង្កើតយើងយល់ដឹងច្បាស់ជាទីបំផុតអំពីសេចក្ដីត្រូវការខាងវិញ្ញាណ ខាងផ្លូវចិត្ត ខាងសតិ និងខាងផ្លូវកាយ។ ពេលទ្រង់ផ្ដោតព្រះហឫទ័យទ្រង់មកលើយើង ទ្រង់បង្ហាញថាទ្រង់ជ្រាបយ៉ាងល្អិតល្អន់អំពីធាតុពិត សេចក្ដីប៉ងប្រាថ្នា និងគោលបំណងរបស់យើង។ ព្រះយេហូវ៉ាជ្រាបពីកំរិតនៃសមត្ថភាពយើង តែទ្រង់ក៏ជ្រាបពីលទ្ធភាពរបស់យើងដើម្បីសម្រេចការល្អផងដែរ។ អ្នកតែងបទទំនុកដំកើងរ៉ាយរ៉ាប់ថា៖ «ទ្រង់ស្គាល់រាងកាយរបស់យើង ក៏នឹកចាំថា យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ»។ (ទំនុកដំកើង ១០៣:១៤) ដូច្នេះ យើងអាចមានសេចក្ដីសុខខាងវិញ្ញាណ ពេលយើងខិតខំដើរតាមក្រិត្យវិន័យទ្រង់ ហើយចុះចូលនឹងការណែនាំពីទ្រង់ស្ម័គ្រពីចិត្ត។—សុភាសិត ៣:១៩-២៦
១៣. ហេតុដូចម្ដេចយើងអាចទុកចិត្តថា ព្រះយេហូវ៉ាមានព្រះទ័យចង់ឲ្យយើងទទួលប្រយោជន៍ច្រើនបំផុត?
១៣ ច្បាប់របស់ព្រះមកពីអ្នកដែលស្រឡាញ់យើង។ ព្រះទ្រង់យកព្រះទ័យទុកដាក់យ៉ាងខ្លាំងចង់ឲ្យយើងទទួលប្រយោជន៍ជារៀងរហូត។ យ៉ាងណាមិញ ព្រះយេហូវ៉ាបានប្រទានព្រះរាជបុត្រារបស់ទ្រង់ជា«ថ្លៃលោះមនុស្សជាច្រើន»ទោះជានេះបានធ្វើឲ្យទ្រង់ឈឺចាប់ព្រះទ័យយ៉ាងខ្លាំងក្ដី មែនទេ? (ម៉ាថាយ ២០:២៨) ព្រះយេហូវ៉ាក៏បានសន្យាដែរថា ‹ទ្រង់នឹងមិនឲ្យយើងកើតមានសេចក្ដីល្បួងហួសកំឡាំងយើងទេ› ពិតទេ? (កូរិនថូសទី១ ១០:១៣) ម្យ៉ាងទៀត ព្រះគម្ពីរធានាថា ទ្រង់‹តែងយកព្រះទ័យទុកដាក់នឹងយើងរាល់គ្នា› មែនទេ? (ពេត្រុសទី១ ៥:៧) គ្មានអ្នកណាទៀតដែលមានសេចក្ដីស្រឡាញ់និងចាប់អារម្មណ៍ខ្លាំងទៅលើការប្រទានការណែនាំសំរាប់ប្រយោជន៍មនុស្សជាតិជាងព្រះយេហូវ៉ាទេ។ ទ្រង់ជ្រាបពីអ្វីដែលមានប្រយោជន៍សំរាប់យើង ហើយទ្រង់ចេះវិនិច្ឆ័យថា អ្វីនឹងនាំមកនូវសុភមង្គលដល់យើងនិងអ្វីនឹងនាំមកនូវទុក្ខព្រួយ។ ទោះជាយើងជាបុគ្គលឥតគ្រប់ល័ក្ខណ៍ហើយភ្លាត់ធ្វើខុសក៏ដោយ បើសិនជាយើងតាមរកសេចក្ដីសុចរិត ព្រះយេហូវ៉ានឹងបង្ហាញសេចក្ដីស្រឡាញ់ចំពោះយើងតាមវិធីផ្សេងៗដែលនាំយើងទៅដល់ជីវិតនិងពរជាច្រើន។—អេសេគាល ៣៣:១១
១៤. តើច្បាប់របស់ព្រះខុសប្លែកពីគំនិតមនុស្សត្រង់លក្ខណៈអ្វីដ៏សំខាន់?
១៤ យើងអាចទុកចិត្តថា ច្បាប់របស់ព្រះមិនប្រែប្រួលឡើយ។ ក្នុងគ្រាច្រួលច្របល់ដែលយើងកំពុងតែរស់នៅក្នុងពេលនេះ ព្រះយេហូវ៉ាប្រៀបដូចជាថ្មដាដ៏រឹងមាំរង្គើមិនបាន ដែលស្ថិតស្ថេរចាប់តាំងពីអស់កល្ប រៀងទៅដល់អស់កល្បជានិច្ច។ (ទំនុកដំកើង ៩០:២) ទ្រង់មានបន្ទូលអំពីអង្គទ្រង់ថា៖ «អញ គឺយេហូវ៉ា អញមិនប្រែប្រួលឡើយ»។ (ម៉ាឡាគី ៣:៦) យើងអាចទុកចិត្តទាំងស្រុងទៅលើខ្នាតតម្រារបស់ព្រះដែលត្រូវកត់ទុកក្នុងព្រះគម្ពីរ ជាខ្នាតតម្រាខុសប្លែកពីគំនិតមនុស្សជាតិដែលផ្លាស់ប្ដូរជានិច្ចនិងជាអន្ទាក់ដាក់យើងឲ្យលិចលុងផុងចូលទៅក្នុងដូចជាធរណីស្រូប។ (យ៉ាកុប ១:១៧) តួយ៉ាងដូចជា អ្នកចិត្តវិទ្យាដែលបានប្រកាសក្ដែងៗអស់ប៉ុន្មានឆ្នាំហើយថា មាតាបិតាត្រូវចិញ្ចឹមអប់រំកូនដោយបណ្ដែតបណ្ដោយពួកគេទៅ តែក្រោយមកពួកគេខ្លះបានផ្លាស់គំនិតវិញនិងសារភាពថា យោបល់របស់គេគឺខុសទេ។ ខ្នាតតម្រានិងការណែនាំក្នុងលោកីយ៍នេះស្តីពីការអប់រំកូន ចេះតែផ្លាស់ចុះផ្លាស់ឡើងដូចជាត្រូវបក់ផាត់ដោយខ្យល់។ ប៉ុន្តែ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាមិនប្រែប្រួលឡើយ។ អស់ជាច្រើនសតវត្សមកហើយ ព្រះគម្ពីរបានផ្ដល់ឱវាទអំពីរបៀបចិញ្ចឹមអប់រំកូនដោយសេចក្ដីស្រឡាញ់។ សាវ័កប៉ុលបានសរសេរថា៖ «ឪពុករាល់គ្នាអើយ! កុំឲ្យចាក់រុកកូនរបស់ខ្លួនឡើយ ចូរបង្រៀនវាទៅតាមដំបូន្មាន នឹងសេចក្ដីដាស់តឿនរបស់ព្រះអម្ចាស់វិញ»។ (អេភេសូរ ៦:៤) ដោយដឹងថាខ្នាតតម្រារបស់ព្រះយេហូវ៉ាមិនប្រែប្រួលសោះនោះ យើងមានទំនុកចិត្តខ្លាំងណាស់ទៅលើទ្រង់!
ពរចំពោះអស់អ្នកដែលស្ដាប់តាមច្បាប់របស់ព្រះ
១៥, ១៦. (ក) តើអ្វីនឹងកើតឡើង បើយើងអនុវត្តតាមខ្នាតតម្រារបស់ព្រះយេហូវ៉ា? (ខ) តើច្បាប់របស់ព្រះអាចជាការណែនាំយ៉ាងដូចម្ដេចក្នុងអាពាហ៍ពិពាហ៍?
១៥ តាមរយៈព្យាការីអេសាយ ព្រះបានមានបន្ទូលថា៖ «ពាក្យអញ ដែលចេញពីមាត់អញទៅ . . . នឹងចំរើនកើនឡើង»។ (អេសាយ ៥៥:១១) ដូចគ្នាដែរ ពេលយើងខិតខំស្មោះអស់ពីចិត្តដើម្បីធ្វើតាមខ្នាតតម្រាក្នុងព្រះគម្ពីររបស់ព្រះ នោះជីវិតយើងនឹងប្រកបទៅដោយជោគជ័យ យើងនឹងសម្រេចការល្អ ហើយក៏នឹងទទួលសុភមង្គលផងដែរ។
១៦ សូមពិចារណារបៀបដែលច្បាប់របស់ព្រះជាការណែនាំដ៏ល្អសំរាប់សុភមង្គលក្នុងអាពាហ៍ពិពាហ៍។ ប៉ុលបានសរសេរថា៖ «ការវិវាហមង្គលជាការប្រសើរដល់គ្រប់គ្នា ហើយដែលរួមដំណេក នោះក៏ជាការឥតសៅហ្មងដែរ តែព្រះទ្រង់នឹងជំនុំជំរះមនុស្សកំផិត ហើយនឹងមនុស្សសហាយស្មន់គ្នាវិញ»។ (ហេព្រើរ ១៣:៤) គូស្វាមីភរិយាត្រូវគោរពនិងស្រឡាញ់គ្នាទៅវិញទៅមក៖ «ត្រូវឲ្យអ្នករាល់គ្នាទាំងអស់ស្រឡាញ់ប្រពន្ធខ្លួន ដូចជាខ្លួនឯង ហើយប្រពន្ធក៏ត្រូវកោតខ្លាចប្ដីដែរ»។ (អេភេសូរ ៥:៣៣) សេចក្ដីស្រឡាញ់ប្រភេទដ៏ចាំបាច់នោះត្រូវរៀបរាប់នៅកូរិនថូសទី១ ១៣:៤-៨ ថា៖ «ឯសេចក្ដីស្រឡាញ់តែងតែអត់ធ្មត់ ហើយក៏សប្បុរស។ សេចក្ដីស្រឡាញ់មិនចេះឈ្នានីស មិនចេះអួតខ្លួន ក៏មិនដែលមានចិត្តធំផង មិនដែលប្រព្រឹត្តបែបមិនគួរសម មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង មិនប្រកាន់ទោស មិនដែលអរសប្បាយចំពោះសេចក្ដីទុច្ចរិតឡើយ គឺអរសប្បាយតែនឹងសេចក្ដីស្មោះត្រង់វិញ ក៏គ្របបាំងទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់។ . . . សេចក្ដីស្រឡាញ់មិនដែលផុតឡើយ»។ អាពាហ៍ពិពាហ៍ដែលប្រកបទៅដោយសេចក្ដីស្រឡាញ់បែបនេះ នោះមិនដែលបែកបាក់គ្នាទេ។
១៧. តើយើងបានប្រយោជន៍អ្វីពីការអនុវត្តតាមខ្នាតតម្រារបស់ព្រះយេហូវ៉ាស្តីពីការពិសាស្រា?
១៧ ភស្តុតាងមួយទៀតដែលបញ្ជាក់ថា ខ្នាតតម្រារបស់ព្រះយេហូវ៉ាមានប្រយោជន៍ គឺជាខ្នាតតម្រាដែលផ្ដន្ទាទោសការប្រមឹក។ ព្រះយេហូវ៉ារហូតដល់មិនពេញព្រះហឫទ័យនឹងការ«ចំណូលស្រាជ្រុល»ទៀតផង។ (ធីម៉ូថេទី១ ៣:៣, ៨, ព្រះគម្ពីរភាសាខ្មែរសម្រាយ; រ៉ូម ១៣:១៣) បុគ្គលជាច្រើនដែលមិនធ្វើតាមខ្នាតតម្រារបស់ព្រះស្តីពីរឿងនេះ ពួកគេធ្លាក់ខ្លួនមានជម្ងឺដែលបណ្ដាលមកពីការពិសាស្រាច្រើនហួសប្រមាណ ឬក៏ធ្វើឲ្យជម្ងឺរបស់គេទៅជាធ្ងន់ធ្ងរជាងដោយសារការពិសានោះទៀតផង។ បុគ្គលខ្លះធ្វើព្រងើយនឹងឱវាទក្នុងព្រះគម្ពីរ ហើយអះអាងថាគេពិសាច្រើនដើម្បី«ជួយសម្រួលសម្រាន្តក្នុងអារម្មណ៍»។ បញ្ហាមានជាច្រើនដែលផ្ដើមចេញពីការពិសាច្រើនហួសប្រមាណ រួមមានការបាត់បង់ការគោរព បញ្ហាឬក៏ការបែកបាក់គ្នាក្នុងក្រុមគ្រួសារ នាំឲ្យខាតបង់ប្រាក់ខែ និងបាត់បង់ការងារធ្វើជាដើម។ (សុភាសិត ២៣:១៩-២១, ២៩-៣៥) ខ្នាតតម្រារបស់ព្រះយេហូវ៉ាស្តីពីការពិសាស្រា ពិតជាការពារយើងប្រាកដណាស់ មែនទេ?
១៨. តើច្បាប់របស់ព្រះមានប្រយោជន៍ខាងលុយកាក់ឬទេ? សូមពន្យល់។
១៨ ខ្នាតតម្រារបស់ព្រះក៏មានប្រយោជន៍ខាងការរកលុយចិញ្ចឹមជីវិតទៀតផង។ ព្រះគម្ពីរជំរុញឲ្យគ្រីស្ទានព្យាយាមធ្វើការនិងប្រព្រឹត្តដោយ ទៀងត្រង់។ (លូកា ១៦:១០; អេភេសូរ ៤:២៨; កូល៉ុស ៣:២៣) ពីព្រោះពួកគេអនុវត្តតាមឱវាទនេះ គ្រីស្ទានជាច្រើនបានទទួលឋានៈខ្ពស់ជាង ឬក៏អាចនៅតែមានការងារធ្វើដដែលទោះជាអ្នកផ្សេងទៀតបានត្រូវគេរំសាយចោលក៏ដោយ។ ជនគ្រីស្ទានក៏ទទួលបានប្រយោជន៍ខាងលុយកាក់ ពេលគេជៀសវាងទម្លាប់ប្រើគ្រឿងញៀនផ្សេងៗដែលខុសនឹងព្រះគម្ពីរ ដូចជាការលេងល្បែងស៊ីសង ការពិសាបារី និងការប្រើថ្នាំយ៉ាងផ្ដេសផ្ដាស។ អ្នកទំនងជាអាចគិតអំពីឧទាហរណ៍ឯទៀតដែលបញ្ជាក់ពីប្រយោជន៍ខាងលុយកាក់ដែលមកពីខ្នាតតម្រារបស់ព្រះ។
១៩, ២០. ការព្រមកាន់តាមច្បាប់របស់ព្រះជាមាគ៌ាប្រកបទៅដោយប្រាជ្ញា ដោយព្រោះអ្វី?
១៩ មនុស្សឥតគ្រប់ល័ក្ខណ៍អាចងាកចេញពីច្បាប់និងខ្នាតតម្រារបស់ព្រះបានយ៉ាងងាយស្រួលណាស់។ សូមគិតអំពីជនជាតិអ៊ីស្រាអែលពេលគេនៅភ្នំស៊ីណាយ។ ព្រះមានបន្ទូលទៅកាន់គេថា៖ «បើឯងរាល់គ្នានឹងស្ដាប់តាមអញឥឡូវ ហើយកាន់តាមសេចក្ដីសញ្ញារបស់អញ នោះឯងរាល់គ្នានឹងបានដាច់ជារបស់ផងអញ លើសជាងអស់ទាំងសាសន៍»។ ពួកគេបានតបឆ្លើយថា៖ «យើងខ្ញុំរាល់គ្នានឹងធ្វើតាមគ្រប់សេចក្ដី ដែលព្រះយេហូវ៉ាទ្រង់មានបន្ទូលមក»។ ប៉ុន្តែ ទង្វើរបស់គេគឺខុសស្រឡះពីពាក្យសំដីរបស់គេ! (និក្ខមនំ ១៩:៥, ៨; ទំនុកដំកើង ១០៦:១២-៤៣) ផ្ទុយទៅវិញ ចូរឲ្យយើងព្រមទទួលនិងកាន់តាមខ្នាតតម្រារបស់ព្រះ។
២០ ពេលយើងកាន់ជាប់តាមច្បាប់ដ៏ល្អ ដែលព្រះយេហូវ៉ាបានប្រទានឲ្យដើម្បីជួយណែនាំជីវិតរបស់យើង នោះយើងប្រព្រឹត្តដោយប្រាជ្ញា ហើយយើងក៏ទទួលសុភមង្គលផងដែរ។ (ទំនុកដំកើង ១៩:៧-១១) ដើម្បីរីកចំរើនក្នុងការនេះ យើងក៏ត្រូវតែយល់តម្លៃនិងស្រឡាញ់ចំពោះគោលការណ៍របស់ព្រះ។ នេះជាប្រធាននៃអត្ថបទជាបន្ទាប់។
[កំណត់សម្គាល់]
a ដើម្បីឲ្យបានការពិគ្រោះលំអិតអំពី«ក្រិត្យវិន័យនៃព្រះគ្រីស្ទ» សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែធ្នូ ឆ្នាំ១៩៩៦ ទំព័រ១២-២២
តើអ្នកចាំទេ?
• ហេតុអ្វីបានជាយើងអាចទុកចិត្តថា ច្បាប់របស់ព្រះគឺសំរាប់ជាប្រយោជន៍ដល់យើង?
• យើងគួរស្រឡាញ់ច្បាប់របស់ព្រះយេហូវ៉ាដោយព្រោះតែអ្វីខ្លះ?
• តើច្បាប់របស់ព្រះមានប្រយោជន៍អ្វីខ្លះ?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ២០]
អ័ប្រាហាំបានទទួលពរជាច្រើនដោយសារគាត់ប្រព្រឹត្តតាម ច្បាប់របស់ព្រះយេហូវ៉ា
[រូបភាពនៅទំព័រ២២]
កង្វល់កង្វាយនៃជីវិតដ៏មមាញឹកសព្វថ្ងៃនេះ បង្វែរស្មារតីមនុស្សជាច្រើន ចេញពីច្បាប់របស់ព្រះ
[រូបភាពនៅទំព័រ២៤]
ដូចជាដងគោមបញ្ចាំង ពន្លឺនាវា ច្បាប់របស់ព្រះ ក៏ស្ថិតស្ថេរជាដរាបនិង មិនប្រែប្រួលឡើយ