ចូរថ្វាយបង្គំព្រះពិត«ដោយវិញ្ញាណ»
ចូរថ្វាយបង្គំព្រះពិត«ដោយវិញ្ញាណ»
«តើអ្នករាល់គ្នាចង់ប្រៀបប្រដូចព្រះជាម្ចាស់ទៅនឹងព្រះណា? តើអ្នករាល់គ្នាយកអ្វីមកតំណាងព្រះអង្គ?»។—អេសាយ ៤០:១៨, «ព្រះគម្ពីរភាសាខ្មែរសម្រាយ»
អ្នកប្រហែលជាជឿយ៉ាងស្មោះអស់ពីចិត្តថា ព្រះពិតសព្វព្រះហឫទ័យពេលអ្នកប្រើរូបភាពសាសនាក្នុងការថ្វាយបង្គំទ្រង់។ អ្នកប្រហែលជាមានអារម្មណ៍ថា ការប្រើរូបភាពសាសនាក៏នាំឲ្យអ្នកមានភាពជិតស្និទ្ធជាមួយនឹងព្រះអង្គដែលសណ្ដាប់សេចក្ដីអធិស្ឋានរបស់អ្នក ដែលទ្រង់ជាបុគ្គលមានរូបតែមើលមិនឃើញដែលពិបាកស្គាល់និងពិបាកនិយាយសំណេះសំណាលគ្នា។
ប៉ុន្តែ តើយើងមានសេរីភាពពេញទីក្នុងការជ្រើសរើសនូវរបៀបណាដែលយើងចង់ទាក់ទងនឹងព្រះឬ? ឬមួយក៏ តើព្រះពិតត្រូវសម្រេចព្រះទ័យដោយអង្គទ្រង់ផ្ទាល់ អំពីអ្វីដែលទ្រង់សព្វព្រះហឫទ័យនិងអ្វីដែលទ្រង់មិនសព្វព្រះហឫទ័យ? ព្រះយេស៊ូបានពន្យល់អំពីទស្សនៈរបស់បិតាទ្រង់ ដោយមានបន្ទូលថា៖ «ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត។ បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ»។ (យ៉ូហាន ១៤:៦) បន្ទូលនោះតែមួយប៉ុណ្ណោះ អាចជាបំរាមកុំឲ្យប្រើរូបភាពសាសនាឬវត្ថុពិសិដ្ឋណាផ្សេងទៀត។
ត្រូវមែន ព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងការថ្វាយបង្គំដ៏ជាក់លាក់ម្យ៉ាង។ តើទ្រង់សព្វព្រះហឫទ័យនឹងការថ្វាយបង្គំបែបណា? ព្រះយេស៊ូបានមានបន្ទូលពន្យល់ថា៖ «នឹងមានពេលវេលាមក ក៏នៅឥឡូវនេះហើយ នោះពួកអ្នកដែលថ្វាយបង្គំដោយពិតត្រង់ គេនឹងថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណ នឹងសេចក្ដីពិត ពីព្រោះព្រះវរបិតា ទ្រង់រកពួកអ្នកយ៉ាងនោះ ឲ្យថ្វាយបង្គំទ្រង់។ ឯព្រះ ទ្រង់ជាវិញ្ញាណ ហើយអ្នកណាដែលថ្វាយបង្គំទ្រង់ នោះត្រូវតែថ្វាយបង្គំ ដោយវិញ្ញាណ នឹងសេចក្ដីពិតដែរ»។—យ៉ូហាន ៤:២៣, ២៤
តើរូបបដិមាករអាចតំណាងព្រះដែល«ជាវិញ្ញាណ»បានមែនឬ? គឺមិនអាចបានឡើយ! មិនថារូបភាពសាសនាមានក្បាច់រចនាលំអដ៏ប្រណីតយ៉ាងណាក៏ដោយ រូបនោះមិនមានភាពស្មើនឹងសិរីលំអរបស់ព្រះឡើយ។ ដូច្នេះ រូបបដិមាករមិនអាចតំណាងទ្រង់យ៉ាងពិតបានឡើយ។ (រ៉ូម ១:២២, ២៣) តើមនុស្សពិតជា‹ថ្វាយបង្គំព្រះដោយសេចក្ដីពិត›មែនឬ បើគេទូលថ្វាយទ្រង់តាមរយៈរូបណាដែលធ្វើដោយដៃមនុស្សនោះ?
សេចក្ដីបង្រៀនមួយក្នុងព្រះគម្ពីរ ដែលច្បាស់លាស់
ក្រិត្យវិន័យរបស់ព្រះបានហាមដាច់ខាតនូវការឆ្លាក់រូបណាដើម្បីប្រើក្នុងការថ្វាយបង្គំ។ ក្រិត្យវិន័យទីពីរក្នុងចំណោមក្រិត្យវិន័យទាំងដប់ប្រការ បានបង្គាប់ថា៖ «កុំឲ្យឆ្លាក់ធ្វើរូបណាសំរាប់ឯងឲ្យសោះ ក៏កុំឲ្យធ្វើរូបណាឲ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីផង ក៏កុំឲ្យក្រាបសំពះនៅចំពោះរបស់ទាំងនោះ ឬគោរពប្រតិបត្ដិតាមនោះឡើយ»។ (និក្ខមនំ ២០:៤, ៥) បទគម្ពីរសំរាប់គ្រីស្ទានដែលបានបណ្ដាលមកពីព្រះក៏បង្គាប់ដែរថា៖ «ចូររត់ពីការថ្វាយបង្គំរូបព្រះចេញ»។—កូរិនថូសទី១ ១០:១៤
មនុស្សច្រើនតែប្រកែកថា ការប្រើរូបបដិមាករក្នុងការថ្វាយបង្គំព្រះ នោះមិនត្រូវចាត់ទុកជាការថ្វាយបង្គំរូបទេ។ ហើយពួកគេច្រើនតែបដិសេធថា ការឱនក្បាល លុតជង្គង់ និងបន់ព្រះពីមុខរូបភាពសាសនានោះ ក៏មិនមែនជាការថ្វាយបង្គំរូបនោះដែរ។ បព្វជិតម្នាក់បានសរសេរថា៖ «យើងក្រាបសំពះចំពោះរូបភាពសាសនាពីព្រោះរូបភាពនោះជាវត្ថុបរិសុទ្ធ ហើយដោយព្រោះយើងគោរពតាមអ្វីដែលរូបនោះតំណាង»។
ក៏ប៉ុន្តែ យើងនៅតែគួរសួរខ្លួនឯងថា៖ តើព្រះពិតសព្វព្រះហឫទ័យនឹងការប្រើរូបភាពសាសនា សូម្បីតែជាវត្ថុតំណាងប៉ុណ្ណោះឬ? គ្មានខណាសោះក្នុងព្រះគម្ពីរ ដែលយល់ព្រមនឹងការប្រព្រឹត្តបែបនោះ។ នៅពេលដែលប្រជាជនអ៊ីស្រាអែលបានធ្វើរូបកូនគោមួយ ទាំងអះអាងថាជារបៀបថ្វាយបង្គំព្រះយេហូវ៉ា នោះព្រះយេហូវ៉ាបានមានបន្ទូលកាត់ទោសគេយ៉ាងខ្លាំង ថាពួកគេបានក្បត់ជំនឿពិត។—គ្រោះថ្នាក់ដែលយើងស្មានមិនដល់
ការប្រើរូបឆ្លាក់និងរូបភាពសាសនាក្នុងការថ្វាយបង្គំ គឺជាការប្រព្រឹត្តដែលមានគ្រោះថ្នាក់។ ការធ្វើដូច្នេះអាចល្បួងមនុស្សឲ្យថ្វាយបង្គំវត្ថុនោះ ជាជាងគោរពថ្វាយបង្គំព្រះដែលវត្ថុនោះត្រូវតំណាង។ នេះបានសេចក្ដីថា រូបភាពសាសនាអាចក្លាយជារូបដែលមនុស្សក្រាបសំពះនិងថ្វាយបង្គំ។
នៅជំនាន់ពួកអ៊ីស្រាអែល ពួកគេបានប្រើវត្ថុផ្សេងៗដោយធ្វើដូចគ្នាដែរ។ ជាក់ស្តែងដូចជាក្នុងកំឡុងពេលដែលអ៊ីស្រាអែលកំពុងតែធ្វើដំណើរកាត់ទីរហោស្ថាននោះ លោកម៉ូសេបានធ្វើរូបពស់ពីស្ពាន់ ពេលសាសន៍អ៊ីស្រាអែលបានធ្វើដំណើរចេញពីស្រុកអេស៊ីប។ មុនដំបូង រូបពស់នោះលើបង្គោល ជាអ្វីដែលអាចនាំឲ្យប្រជាជនទទួលការព្យាបាលបាន។ ពួកអ្នកដែលបានទទួលទោសដោយពស់ចឹកនោះ អាចសម្លឹងមើលពស់ស្ពាន់នោះ ហើយទទួលជំនួយពីព្រះយេហូវ៉ាបាន។ ប៉ុន្តែ ដល់ពេលដែលសាសន៍អ៊ីស្រាអែលបានរើទៅនៅក្នុងស្រុកសន្យារួចហើយ ពួកគេទំនងជាបានចាប់ផ្ដើមប្រើវត្ថុតំណាងនោះជារូបព្រះមួយ ដូចជាពស់ស្ពាន់នោះឯងមានសមត្ថភាពព្យាបាលជម្ងឺដូច្នោះដែរ។ បណ្ដាជននោះបានអុជធូបថ្វាយដល់ពស់ស្ពាន់ ក៏បានថ្វាយព្រះនាមហៅវានេហ៊ូសថាន់។—ជនគណនា ២១:៨, ៩; ពង្សាវតារក្សត្រទី២ ១៨:៤
សាំយូអែលទី១ ៤:៣, ៤; ៥:១១) ហើយនៅជំនាន់លោកយេរេមា ពលរដ្ឋនៅទីក្រុងយេរូសាឡិមបានយកចិត្តទុកដាក់នឹងព្រះវិហារច្រើនជាងគិតអំពីព្រះដែលគេថ្វាយបង្គំនៅទីនោះទៅទៀត។—យេរេមា ៧:១២-១៥
ពួកអ៊ីស្រាអែលក៏បានសាកប្រើហិបនៃកិច្ចព្រមព្រៀងជាវត្ថុស័ក្ដសិទ្ធិប្រឆាំងនឹងខ្មាំងសត្រូវរបស់គេដែរ តែបានអន្តរាយវិញ។ (នាបច្ចុប្បន្នកាលនេះ មនុស្សទូទៅនៅតែមានទំនោរចិត្តចង់ថ្វាយបង្គំវត្ថុផ្សេងៗ ជាជាងគោរពថ្វាយបង្គំព្រះ។ អ្នកស្រាវជ្រាវម្នាក់ឈ្មោះវិតាលី អ៊ីវ៉ានណូវិច ពីត្រេងកូ បានមានប្រសាសន៍ថា៖ «រូបភាពសាសនា . . . ក្លាយជាអ្វីដែលមនុស្សក្រាបថ្វាយបង្គំ ហើយនៅទីបំផុតក៏អាចនាំឲ្យធ្លាក់ខ្លួនទៅថ្វាយបង្គំរូបបដិមាករវិញ . . . យើងត្រូវទទួលស្គាល់ថា ការគោរពចំពោះរូបភាពសាសនាមកពីជំនឿដែលគេនិយមទូទៅតាមទំលាប់របស់ពួកពាហិរជន»។
ការអះអាងថា រូបភាពសាសនាគ្រាន់តែជាជំនួយក្នុងការថ្វាយបង្គំព្រះប៉ុណ្ណោះ គឺពិបាកជឿណាស់។ ហេតុអ្វីបានជាពិបាកជឿ? គឺពីព្រោះមនុស្សគោរពនិងស្រឡាញ់រូបភាពខ្លះៗ ថាមានឫទ្ធានុភាពច្រើនជាងរូបភាពឯទៀតនៃបុគ្គលដែលបានស្លាប់យូរយារមកហើយ មែនទេ? ឧទាហរណ៍ មនុស្សសាសនាគ្រីស្ទនិកាយអូធូដុក្សមួយចំនួន ពួកគេប្រកាន់គោរពតាមរូបភាពនាងម៉ារានៅកោះទីន័រ ប្រទេសក្រិច។ ប៉ុន្តែ មនុស្សសាសនាដូចគ្នាដែលមានជំនឿស៊ប់ដែរនោះ តែទីសំណាក់សាសនារបស់គេឈ្មោះថា ស៊ូមីឡា នៅប្រទេសក្រិចខាងជើងវិញ គេក៏គោរពតាមរូបភាពនាងម៉ារាមួយផ្សេងទៀត។ ក្រុមទាំងពីរនេះជឿថា រូបភាពសាសនារបស់គេមានអំណាចខ្លាំងរៀងខ្លួនៗ ហើយថារូបនោះអាចធ្វើអព្ភូតហេតុដ៏អច្ឆរិយជាងរូបមួយទៀតនោះ ទោះបីរូបទាំងពីរតំណាងបុគ្គលតែម្នាក់ដែលបានស្លាប់ជាយូរយារមកហើយក្ដី។ ដូច្នេះ តាមពិត មនុស្សចាត់ទុករូបភាពសាសនាខ្លះមានឫទ្ធានុភាព ហើយក៏គោរពថ្វាយបង្គំវាផងដែរ។
តើយើងគួរអធិស្ឋានទូលថ្វាយបុគ្គលផ្សេងៗឬទេ?
ចុះយ៉ាងណាការគោរពបុគ្គលផ្សេងៗវិញ? ពេលព្រះយេស៊ូមានបន្ទូលទៅកាន់សាតាំង បន្ទាប់ពីវាបានល្បួងទ្រង់នោះ ព្រះយេស៊ូបានមានបន្ទូលសំដៅទៅលើសៀវភៅចោទិយកថា ៦:១៣ ថា៖ «ឯងត្រូវថ្វាយបង្គំដល់ព្រះអម្ចាស់ ជាព្រះនៃឯង ហើយត្រូវគោរពដល់ទ្រង់តែមួយព្រះអង្គប៉ុណ្ណោះ»។ (ម៉ាថាយ ៤:១០) ក្រោយៗមក ព្រះយេស៊ូបានមានបន្ទូលថា ពួកអ្នកថ្វាយបង្គំពិតនឹងថ្វាយបង្គំ«ព្រះវរបិតា»តែប៉ុណ្ណោះ។ (យ៉ូហាន ៤:២៣) ទេវតាមួយរូបបានយល់ដូច្នេះដែរ ក៏បានបន្ទោសសាវ័កយ៉ូហានពេលលោកចង់ទំលាក់ខ្លួនថ្វាយបង្គំ ទេវតាពោលថា៖ «កុំឲ្យធ្វើដូច្នេះឡើយ . . . ចូរថ្វាយបង្គំដល់ព្រះវិញចុះ!»។—វិវរណៈ ២២:៨-៩
តើការអធិស្ឋានទូលថ្វាយមាតារបស់ព្រះយេស៊ូនៅលើផែនដី ឬដល់បរិស័ទផ្សេងៗក្នុងការសុំពួកគេជួយសុំអធ្យាស្រ័យពីព្រះជំនួសយើង ជាការសមត្រឹមត្រូវឬទេ? ចម្លើយចំៗពីព្រះគម្ពីរចែងថា៖ «មានស្ពានមេត្រីតែមួយរវាងព្រះជាម្ចាស់ និងមនុស្សលោក គឺព្រះគ្រីស្តយេស៊ូដែលជាមនុស្ស»។—ធីម៉ូថេទី១ ២:៥, ព្រះគម្ពីរភាសាខ្មែរសម្រាយ
ចូររក្សាការពារទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះ
ដោយសារការប្រើរូបភាពសាសនាក្នុងការថ្វាយបង្គំព្រះពិតជាអ្វីដែលប្រឆាំងនឹងសេចក្ដីបង្រៀនដ៏ច្បាស់ក្នុងព្រះគម្ពីរ នោះការប្រើរូបភាពសាសនាមិនអាចជួយយើងទទួលព្រះគុណពីព្រះ ឬសេចក្ដីសង្គ្រោះបានឡើយ។ ផ្ទុយទៅវិញ ព្រះយេស៊ូបានមានបន្ទូលថា ជីវិតជារៀងរហូតស្រេចតែយើងទទួលចំណេះអំពីព្រះពិតតែមួយ ហើយស្គាល់បុគ្គលិកលក្ខណៈដ៏ល្អឯករបស់ទ្រង់ ព្រមទាំងរៀនអំពីគោលបំណងទ្រង់ និងរបៀបដែលទ្រង់ធ្លាប់មានទំនាក់ទំនងជាមួយមនុស្សជាតិ។ (យ៉ូហាន ១៧:៣) រូបភាពសាសនាមានភ្នែកតែមើលមិនឃើញ មានដៃមិនអាចកំរើកបាន ហើយនិយាយអត់កើត នោះមិនអាចជួយយើងស្គាល់ព្រះ ឬមិនអាចជួយយើងថ្វាយបង្គំទ្រង់តាមរបៀបដែលផ្គាប់ព្រះហឫទ័យរបស់ទ្រង់បានដែរ។ (ទំនុកដំកើង ១១៥:៤-៨) យើងអាចទទួលការអប់រំអំពីព្រះពិតតាមរបៀបតែមួយគត់ប៉ុណ្ណោះ គឺតាមរយៈការសិក្សាព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះ។
ការគោរពថ្វាយបង្គំរូបភាពសាសនាមិនគ្រាន់តែជាអសារឥតការប៉ុណ្ណោះទេ តែអាចនាំឲ្យមានគ្រោះថ្នាក់ខាងវិញ្ញាណផងដែរ។ តើអាចមានគ្រោះថ្នាក់យ៉ាងណា? សំខាន់ទីមួយ គឺអាចបណ្ដាលឲ្យបែកបាក់នូវទំនាក់ទំនងរបស់យើងជាមួយព្រះយេហូវ៉ា។ ព្រះយេហូវ៉ាបានមានបន្ទូលអំពីសាសន៍អ៊ីស្រាអែលដែលបាន«បណ្ដាលឲ្យទ្រង់មានសេចក្ដីខ្ញាល់ដោយសាររូបព្រះដ៏គួរស្អប់ខ្ពើម» ទ្រង់មានបន្ទូលទាយថា៖ «យើងនឹងបាំងព្រះភក្ដ្រកុំឲ្យគេស្គាល់»។ (ចោទិយកថា ៣២:១៦, ២០, The New American Bible) ការស្ថាបនាឡើងវិញនូវទំនាក់ទំនងជាមួយព្រះ នោះអាស្រ័យទៅលើគេ‹បោះចោលរូបព្រះដែលរាប់ជាអំពើបាប›សិន។—អេសាយ ៣១:៦, ៧
អាស្រ័យហេតុនេះហើយ បានជាឱវាទពីព្រះគម្ពីរមានប្រយោជន៍មែន! ពោលគឺ៖ «កូនតូចៗរាល់គ្នាអើយ! ចូរឲ្យអ្នករាល់គ្នារក្សាខ្លួនឲ្យផុតពីរូបព្រះចេញ»។—យ៉ូហានទី១ ៥:២១
[ប្រអប់នៅទំព័រ៦]
ពួកអ្នកដែលបានទទួលជំនួយដើម្បីថ្វាយបង្គំព្រះដោយវិញ្ញាណ
តាំងតែពីដើមមក ស្ត្រីម្នាក់ឈ្មោះអូលីវេរ៉ាជាសមាជិកដែលជឿស៊ប់តាមសាសនាគ្រីស្ទនិកាយអូធូដុក្ស នៅប្រទេសអាល់បានី។ នៅឆ្នាំ១៩៦៧ ពេលរដ្ឋាភិបាលនៅស្រុកនោះបានដាក់បំរាមលើសាសនានានា អូលីវេរ៉ាបានបន្តធ្វើតាមទំនៀមទំលាប់សាសនាគាត់ដោយលួចលាក់។ គាត់បានទទួលប្រាក់និវត្តន៍បន្ដិចបន្តួចប៉ុណ្ណោះ ហើយបានចំណាយលុយកាក់ភាគច្រើននោះដើម្បីទិញរូបភាពសាសនាដែលមានស៊ុមមាសនិងប្រាក់ និងបានប្រើលុយនោះផងដែរដើម្បីទិញធូបនិងទៀន។ របស់ទាំងនេះគាត់បានលាក់ទុកក្រោមភួយលើគ្រែគាត់ ហើយជាញឹកញយនោះគាត់ដេកអង្គុយលើកៅអីជិតគ្រែគាត់ ដោយសារខ្លាចមានអ្នកឃើញឬលួចរូបភាពសាសនាទាំងនោះ។ នៅដើមទសវត្សឆ្នាំ១៩៩០ ពួកស្មរបន្ទាល់ព្រះយេហូវ៉ាបានជួបអូលីវេរ៉ា នៅពេលនោះគាត់បានទទួលស្គាល់ថា សារដែលពួកគេកំពុងតែផ្សព្វផ្សាយគឺជាសេចក្ដីពិតពីព្រះគម្ពីរ។ អូលីវេរ៉ាបានមើលអ្វីដែលចែងទុកក្នុងព្រះគម្ពីរអំពីការថ្វាយបង្គំពិត«ដោយវិញ្ញាណ» ហើយគាត់ក៏បានរៀនអំពីទស្សនៈរបស់ព្រះពិតចំពោះការប្រើរូបភាពសាសនាដែរ។ (យ៉ូហាន ៤:២៤) ស្មរបន្ទាល់ម្នាក់ដែលបានសិក្សាព្រះគម្ពីរជាមួយអូលីវេរ៉ា បានកត់សម្គាល់ថា ជារៀងរាល់ដងដែលគាត់ទៅផ្ទះរបស់អូលីវេរ៉ា នៅទីនោះតែងបាត់រូបភាពសាសនាខ្លះៗ។ ក្រោយៗមក រូបភាពសាសនាបានបាត់អស់រលីង។ ក្រោយពីអូលីវេរ៉ាបានទទួលបុណ្យជ្រមុជទឹកហើយ គាត់មានប្រសាសន៍ថា៖ «សព្វថ្ងៃនេះ ជាជាងមានរូបភាពសាសនាដែលគ្មានប្រយោជន៍សោះ ឥឡូវខ្ញុំមានវិញ្ញាណបរិសុទ្ធរបស់ព្រះយេហូវ៉ាវិញ។ ខ្ញុំត្រេកអរណាស់ដែលខ្ញុំអាចទទួលវិញ្ញាណរបស់ព្រះបាន ទោះជាលែងមានរូបភាពសាសនាក៏ដោយ»។
ស្ត្រីម្នាក់ឈ្មោះអាធីណានៅកោះឡេវ៉ស ប្រទេសក្រិច ជាអ្នកកាន់សាសនាគ្រីស្ទនិកាយអូធូដុក្សយ៉ាងសកម្មណាស់។ អាធីណាគាត់នៅក្នុងក្រុមអ្នកចម្រៀងក្នុងវិហារ ហើយបានធ្វើតាមទំនៀមទំលាប់សាសនានោះយ៉ាងហ្មត់ចត់ ដែលរួមទាំងការគោរពរូបភាពសាសនាផងដែរ។ ស្មរបន្ទាល់ព្រះយេហូវ៉ាបានជួយឲ្យអាធីណាទទួលស្គាល់ថា អ្វីៗដែលគាត់បានរៀនពីមុនមក មានអ្វីខ្លះៗដែលមិនស្របគ្នានឹងព្រះគម្ពីរទេ។ នេះរួមបញ្ចូលការថ្វាយបង្គំដោយប្រើរូបភាពសាសនានិងរូបឈើឆ្កាង។ អាធីណាសម្រេចចិត្តស្រាវជ្រាវដោយខ្លួនគាត់ផ្ទាល់ ស្តីពីដើមកំណើតនៃរូបសាសនាទាំងនោះ។ ក្រោយពីបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់នូវឯកសារជាច្រើនមក អាធីណាជឿស៊ប់ថា រូបផ្សេងៗនោះពុំមានឫសគល់មកពីសាសនាគ្រីស្ទានទេ។ អាធីណាប្រាថ្នាចង់ថ្វាយបង្គំព្រះពិត«ដោយវិញ្ញាណ» ដល់ម្ល៉េះបានជាគាត់បោះបង់ចោលរូបភាពសាសនារបស់គាត់ ទោះជាវាមានតម្លៃដ៏ថ្លៃលើសលប់ក្ដី។ ទោះជាយ៉ាងណាក្ដី អាធីណាបានសុខចិត្តខាតបង់របស់ទាំងនោះ ប្រយោជន៍ឲ្យគាត់អាចថ្វាយបង្គំព្រះពិតតាមរបៀបស្អាតស្អំខាងវិញ្ញាណ ហើយដើម្បីអាចផ្គាប់ព្រះហឫទ័យរបស់ព្រះបាន។—កិច្ចការ ១៩:១៩
[ប្រអប់នៅទំព័រ៧]
រូបគំនូរខាងសាសនា តើគ្រាន់តែជាគំនូរសិល្បៈឬ?
ពេលថ្មីៗនេះ មនុស្សទូទាំងផែនដីបានចាប់ផ្ដើមប្រមូលទុករូបភាពសាសនាគ្រីស្ទនិកាយអូធូដុក្ស។ តាមធម្មតា ពួកអ្នកដែលប្រមូលទុករូបភាពសាសនាទាំងនេះ មិនចាត់ទុកវាជាវត្ថុពិសិដ្ឋខាងសាសនាទេ តែជាគំនូរសិល្បៈខាងវប្បធម៌បែហ្សងទីន។ គឺមិនមែនជារឿងចម្លែកណាស់ណាទេ ដែលរូបភាពសាសនាជាច្រើននេះកំពុងតែត្រូវយកមកដាក់តាំងក្នុងផ្ទះ ឬការិយាល័យរបស់មនុស្សដែលសារភាពថាខ្លួនគេមិនជឿទៅលើព្រះណាសោះ។
ក៏ប៉ុន្តែ ចំពោះជនគ្រីស្ទានស្មោះត្រង់វិញ ពួកគេតែងចាំមិនភ្លេចថា មនុស្សច្រើនតែមានរូបភាពសាសនាជាអ្វីដែលគេគោរពថ្វាយបង្គំ។ បណ្ដាគ្រីស្ទានពិតមិនមានរូបភាពសាសនាជាកម្មសិទ្ធិរបស់ខ្លួនទេ ថ្វីបើគ្រាន់តែសន្សំទុកសំរាប់ដាក់តាំងក្ដី តែពួកគេក៏មិនប្រឆាំងនឹងសិទ្ធិរបស់មនុស្សដទៃក្នុងការមានរូបភាពសាសនាជាកម្មសិទ្ធិនោះដែរ។ នេះគឺសមស្របទៅតាមគោលការណ៍ក្នុងសៀវភៅចោទិយកថា ៧:២៦ ដែលចែងថា៖ «មិនត្រូវឲ្យឯងនាំយករបស់ដែលគួរស្អប់ខ្ពើម[ដែលជារូបព្រះសំរាប់ការថ្វាយបង្គំ] មកក្នុងផ្ទះឯងឡើយ ក្រែងឯងត្រឡប់ទៅជាត្រូវវិនាស ដូចរបស់ទាំងនោះដែរ។ ត្រូវឲ្យឯងស្អប់អស់ពីចិត្ត ហើយខ្ពើមរបស់យ៉ាងនោះឲ្យអស់ពីចិត្តដែរ»។
[រូបភាពនៅទំព័រ៧]
ព្រះពិតមិនដែលសព្វព្រះហឫទ័យនឹង ការប្រើរូបព្រះក្នុងការថ្វាយបង្គំឡើយ
[រូបភាពនៅទំព័រ៨]
ចំណេះពីព្រះគម្ពីរអាចជួយយើង ថ្វាយបង្គំព្រះពិត ដោយវិញ្ញាណ