លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរចុះចូលយ៉ាងស្មោះចំពោះអំណាចគ្រប់គ្រងដែលព្រះតែងតាំង

ចូរចុះចូលយ៉ាងស្មោះចំពោះអំណាចគ្រប់គ្រងដែលព្រះតែងតាំង

ចូរ​ចុះ​ចូល​យ៉ាង​ស្មោះ​ចំពោះ​អំណាច​គ្រប់​គ្រង​ដែល​ព្រះ​តែង​តាំង

​«​ព្រះ​យេហូវ៉ា​ទ្រង់​ជា​ចៅ​ក្រម​នៃ​យើង​រាល់​គ្នា ព្រះ​យេហូវ៉ា​ទ្រង់​ជា​អ្នក​តែង​ច្បាប់​ឲ្យ​យើង​រាល់​គ្នា ព្រះ​យេហូវ៉ា​ទ្រង់​ជា​មហា​ក្សត្រ​នៃ​យើង​រាល់​គ្នា​»។—អេសាយ ៣៣:២២

១. តើ​កត្ដា​អ្វី​ខ្លះ​បាន​ធ្វើ​ឲ្យ​អ៊ីស្រាអែល​ជា​សាសន៍​មួយ​ដ៏​ប្លែក​ពី​សាសន៍​ឯ​ទៀត?

 នៅ​ឆ្នាំ​១៥១៣​មុន​ស.យ. សាសន៍​អ៊ីស្រាអែល​បាន​ត្រូវ​ស្ថាបនា​ឡើង។ នៅ​ពេល​នោះ អ៊ីស្រាអែល​គ្មាន​រាជធានី ជាតិ ភូមិ និង​គ្មាន​ស្តេច​នៅ​លើ​ផែនដី​ឡើយ។ ប្រជារាស្ត្រ​អ៊ីស្រាអែល​ធ្លាប់​ជា​ខ្ញុំ​កញ្ជះ​គេ។ ប៉ុន្តែ អ៊ីស្រាអែល​ដែល​ជា​សាសន៍​ថ្មី​នេះ​បាន​មាន​លក្ខណៈ​មួយ​ដ៏​វិសេស​ប្លែក​ពី​គេ គឺ​ព្រះ​យេហូវ៉ា​ធ្វើ​ជា​ចៅ​ក្រម អ្នក​តែង​ច្បាប់ និង​ព្រះ​មហា​ក្សត្រ​របស់​ពួក​គេ ដែល​ពួក​គេ​ពុំ​អាច​មើល​ទ្រង់​ឃើញ​ឡើយ។ (​និក្ខមនំ ១៩:៥, ៦; អេសាយ ៣៣:២២​) គ្មាន​សាសន៍​ណា​ផ្សេង​ទៀត​ដែល​អាច​អះអាង​ដូច្នេះ​បាន​ទេ!

២. តើ​មាន​សំនួរ​អ្វី​ស្តី​អំពី​របៀប​អ៊ីស្រាអែល​បាន​ត្រូវ​រៀបចំ​នោះ? ហើយ​ហេតុ​អ្វី​ចម្លើយ​ចំពោះ​សំនួរ​នេះ​មាន​សារ:សំខាន់​ចំពោះ​យើង?

ដោយ​សារ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​របៀប​រៀប​រយ នោះ​យើង​ដឹង​ជា​មុន​ថា សាសន៍​ណា​ដែល​ទ្រង់​គ្រប់​គ្រង​នោះ​ក៏​នឹង​មាន​របៀប​រៀប​រយ​ដ៏​ល្អ​ប្រសើរ​ដែរ។ (​កូរិនថូស​ទី​១ ១៤:៣៣​) អ៊ីស្រាអែល​ពិត​ជា​មាន​រៀប​រៀប​រយ​ដ៏​ល្អ​ប្រសើរ។ ក៏​ប៉ុន្តែ តើ​អង្គការ​មួយ​នៅ​លើ​ផែនដី​អាច​ត្រូវ​ដឹក​នាំ​ដោយ​ព្រះ​មួយ​អង្គ​ដែល​ពួក​គេ​មើល​មិន​ឃើញ​យ៉ាង​ដូច​ម្ដេច​បាន? យក​ល្អ​យើង​ត្រូវ​ពិចារណា​នូវ​របៀប​ព្រះ​យេហូវ៉ា បាន​គ្រប់​គ្រង​អ៊ីស្រាអែល​ពី​បុរាណ ដោយ​កត់​សម្គាល់​ជា​ពិសេស​នូវ​របៀប​ដែល​ទ្រង់​ប្រព្រឹត្ត​ចំពោះ​សាសន៍​អ៊ីស្រាអែល បញ្ជាក់​សារៈ​សំខាន់​នៃ​ការ​ចុះ​ចូល​យ៉ាង​ស្មោះ​ចំពោះ​អំណាច​គ្រប់​គ្រង​របស់​ព្រះ។

របៀប​អ៊ីស្រាអែល​ពី​បុរាណ​បាន​ត្រូវ​គ្រប់​គ្រង

៣. តើ​ព្រះ​យេហូវ៉ា​បាន​រៀបចំ​អ្វី​ខ្លះ​ដើម្បី​ជួយ​រាស្ត្រ​របស់​ទ្រង់?

ទោះ​ជា​ព្រះ​យេហូវ៉ា​ជា​ព្រះ​មហា​ក្សត្រ​របស់​អ៊ីស្រាអែល​ដែល​ពួក​គេ​មើល​មិន​ឃើញ​ក៏​ដោយ តែ​ទ្រង់​បាន​តែង​តាំង​បុរស​ស្មោះ​ត្រង់​មួយ​ចំនួន​ជា​អ្នក​តំណាង​ទ្រង់​នៅ​លើ​ផែនដី។ មាន​ពួក​ប្រមុខ​ក្រុម ប្រមុខ​ត្រកូល និង​អ្នក​ចាស់​ទុំ ដើម្បី​បំរើ​ជា​អ្នក​ជូន​ឱវាទ និង​ជា​ចៅ​ក្រម​របស់​អ៊ីស្រាអែល។ (​និក្ខមនំ ១៨:២៥, ២៦; ចោទិយកថា ១:១៥​) ប៉ុន្តែ យើង​មិន​គួរ​សន្និដ្ឋាន​ថា បុរស​ទាំង​ប៉ុន្មាន​នោះ​ដែល​ទទួល​មើល​ខុស​ត្រូវ​អាច​មាន​សមត្ថភាព​ជំនុំ​ជំរះ​ក្ដី​យ៉ាង​ល្អ​ឥត​ខ្ចោះ​ដោយ​គ្មាន​ការ​ណែនាំ​ពី​ព្រះ​ឡើយ។ បុរស​ទាំង​នោះ​គឺ​មិន​គ្រប់​ល័ក្ខណ៍​ទេ ហើយ​ពួក​គេ​ក៏​មិន​អាច​ដឹង​ពី​អ្វី​ដែល​នៅ​ក្នុង​ចិត្ត​របស់​អ្នក​ជឿ​គ្នី​គ្នា​ឡើយ។ យ៉ាង​ណា​ក៏​ដោយ ចៅ​ក្រម​ដែល​កោត​ខ្លាច​ព្រះ​អាច​ផ្ដល់​នូវឱវាទ​ដ៏​ល្អ​ចំពោះ​អ្នក​ជឿ​គ្នី​គ្នា ដោយ​សារ​ឱវាទ​នោះ​មាន​មូលដ្ឋាន​លើ​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា។—ចោទិយកថា ១៩:១៥; ទំនុក​ដំកើង ១១៩:៩៧​-​១០០

៤. តើ​ចៅ​ក្រម​ដ៏​ស្មោះ​ត្រង់​របស់​អ៊ីស្រាអែល​ព្យាយាម​វៀរ​ចាក​ពី​អ្វី? ហើយ​ហេតុ​អ្វី?

ប៉ុន្តែ ការ​ធ្វើ​ជា​ចៅ​ក្រម​រួម​បញ្ចូល​អ្វី​ច្រើន​ជាង​ការ​គ្រាន់​តែ​ស្គាល់​ច្បាប់​ប៉ុណ្ណោះ។ ដោយ​សារ​អ្នក​ចាស់​ទុំ​គឺ​មិន​គ្រប់​ល័ក្ខណ៍​នោះ ពួក​គេ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ទប់​ស្កាត់​នូវ​ទំនោរ​ចិត្ត​របស់​ខ្លួន ដូច​ជា​អត្តទត្ថភាព ចិត្ត​ល្អៀង និង​ចិត្ត​លោភ​លន់ ដែល​អាច​លំអៀង​ការ​ជំនុំ​ជំរះ​របស់​ពួក​គេ។ ម៉ូសេ​បាន​បង្គាប់​អ្នក​ចាស់​ទុំ​ទាំង​នោះ​ថា​៖ ​«​មិន​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ល្អៀង​ទៅ​ខាង​ណា​ក្នុង​ការ​កាត់​ក្ដី​ឡើយ ត្រូវ​ស្ដាប់​អ្នក​តូច​ដូច​ជា​អ្នក​ធំ​ដែរ មិន​ត្រូវ​ខ្លាច​មុខ​មនុស្ស​ណា​ឲ្យ​សោះ ដ្បិត​ការ​វិនិច្ឆ័យ នោះ​ស្រេច​នៅ​ព្រះ​វិញ​»។ ត្រូវ​ហើយ ចៅ​ក្រម​របស់​អ៊ីស្រាអែល​កំពុង​តែ​ជំនុំ​ជំរះ​ក្នុង​នាម​ព្រះ​យេហូវ៉ា។ នេះ​ជា​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​ណាស់!—ចោទិយកថា ១:១៦, ១៧

៥. ក្រៅ​ពី​ការ​តែង​តាំង​ចៅ​ក្រម តើ​ព្រះ​យេហូវ៉ា​បាន​រៀបចំ​អ្វី​ទៀត​ដើម្បី​ថែ​រក្សា​រាស្ត្រ​ទ្រង់?

ព្រះ​យេហូវ៉ា​បាន​រៀបចំ​សំ​វិធានការ​មួយ​ទៀត ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ​របស់​រាស្ត្រ​ទ្រង់។ សូម្បី​តែ​មុន​ពួក​គេ​បាន​ចូល​ក្នុង​ស្រុក​សន្យា​ក៏​ដោយ ព្រះ​យេហូវ៉ា​បាន​បង្គាប់​ឲ្យ​ពួក​គេ​ដំឡើង​រោង​ឧបោសថ ដែល​ត្រូវ​ជា​មណ្ឌល​សំរាប់​ការ​ថ្វាយ​បង្គំ​ដ៏​ពិត។ ព្រះ​យេហូវ៉ា​ក៏​បាន​រៀបចំ​គណៈ​សង្ឃ​ដើម្បី​បង្រៀន​ក្រិត្យ​វិន័យ ថ្វាយ​សត្វ​ជា​ដង្វាយ និង​ដុត​កំញាន​ពេល​ព្រឹក​និង​ល្ងាច។ ព្រះ​បាន​តែង​តាំង​អើរ៉ុន ដែល​ជា​បង​ប្រុស​របស់​ម៉ូសេ​ជា​សម្ដេច​សង្ឃ​ទី​មួយ​នៃ​សាសន៍​អ៊ីស្រាអែល និង​បាន​តែង​តាំង​កូន​ប្រុស​របស់​អើរ៉ុន​ឲ្យ​ជួយ​ឪពុក​បំពេញ​ភារកិច្ច​របស់​ខ្លួន​ជា​សង្ឃ​នោះ។—និក្ខមនំ ២៨:១; ជន​គណនា ៣:១០; របាក្សត្រ​ទី​២ ១៣:១០, ១១

៦, ៧. (​ក​) តើ​ពួក​លេវី​ដែល​ជា​សង្ឃ​និង​ពួក​លេវី​ដែល​មិន​មែន​ជា​សង្ឃ មាន​ទំនាក់​ទំនង​អ្វី​នឹង​គ្នា? (​ខ​) តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី​ពី​ហេតុ​ថា ពួក​លេវី​មាន​មុខ​ងារ​ផ្សេង​ៗ​គ្នា​នោះ?(​កូល៉ុស ៣:២៣​)

ការ​បំពេញ​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ​នៃ​មនុស្ស​រាប់​លាន​នាក់​គឺ​ជា​ការ​ងារ​ដ៏​ធំ ហើយ​ពួក​សង្ឃ​មិន​សូវ​មាន​ច្រើន​ទេ។ ដូច្នេះ ព្រះ​យេហូវ៉ា​បាន​រៀបចំ​ឲ្យ​មាន​បុគ្គល​ឯ​ទៀត​ពី​កុលសម្ព័ន្ធ​លេវី​មក​ជួយ​ពួក​សង្ឃ។ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​នឹង​ម៉ូសេ​ថា​៖ ​«​ត្រូវ​ឲ្យ​ឯង​ប្រគល់​ពួក​លេវី​ដល់​អើរ៉ុន នឹង​ពួក​កូន​លោក​ដ្បិត​អញ​បាន​ញែក​គេ​ចេញ​ពី​ពួក​កូន​ចៅ​អ៊ីស្រាអែល ឲ្យ​ដាច់​ទៅ​លោក​ហើយ​»។—ជន​គណនា ៣:៩, ៣៩

ពួក​លេវី​បាន​មាន​របៀប​រៀប​រយ​ដ៏​ល្អ​ប្រសើរ។ ពួក​គេ​បាន​ត្រូវ​រៀបចំ​ជា​ក្រុម​គ្រួសារ​បី គឺ​គ្រួសារ​គើសុន គ្រួសារ​កេហាត់ និង​គ្រួសារ​ម្រ៉ារី ដោយ​គ្រួសារ​និមួយ​ៗ​មាន​មុខ​ងារ​របស់​ខ្លួន។ (​ជន​គណនា ៣:១៤​-​១៧, ២៣​-​៣៧​) មុខ​ងារ​ខ្លះ​ប្រហែល​ជា​មើល​ទៅ​ដូច​ជា​សំខាន់​ជាង​មុខ​ងារ​ឯ​ទៀត ប៉ុន្តែ​មុខ​ងារ​ទាំង​អស់​សុទ្ធ​តែ​ចាំ​បាច់​ដូច​គ្នា។ មុខ​ងារ​របស់​ពួក​លេវី​គ្រួសារ​កេហាត់​បាន​តម្រូវ​ឲ្យ​ពួក​គេ​ធ្វើ​ការ​នៅ​ជិត​ហិប​ពិសិដ្ឋ​នៃ​កិច្ច​ព្រម​ព្រៀង និង​ប្រដាប់​ប្រដា​នៃ​រោង​ឧបោសថ។ ប៉ុន្តែ ពួក​លេវី​គ្រប់​រូប មិន​ថា​គ្រួសារ​កេហាត់​ឬ​ក៏​មិន​មែន​ក៏​ដោយ ពួក​គេ​មាន​ឯកសិទ្ធិ​មួយ​ដ៏​ល្អ​ឯក។ (​ជន​គណនា ១:៥១, ៥៣​) គួរ​ឲ្យ​ស្ដាយ​ណាស់ ពួក​លេវី​ខ្លះ​មិន​បាន​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ឯកសិទ្ធិ​របស់​ខ្លួន​ទេ។ ជា​ជាង​ចុះ​ចូល​យ៉ាង​ស្មោះ​ចំពោះ​អំណាច​គ្រប់​គ្រង​ដែល​ព្រះ​បាន​តែង​តាំង​នោះ ពួក​គេ​បាន​បែរ​ជា​មិន​ស្កប់​ចិត្ត​នឹង​ឯកសិទ្ធិ​នោះ និង​បាន​បណ្ដោយ​តាម​ចិត្ត​គំនិត​ដ៏​ក្រអឺត​ក្រទម មហិច្ឆតា និង​ចិត្ត​ច្រណែន។ លោក​កូរេ បុរស​សាសន៍​លេវី​ម្នាក់​បាន​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​មាន​ចិត្ត​គំនិត​បែប​នេះ។

‹តើ​ឯង​រាល់​គ្នា​ចង់​បាន​ការ​ងារ​ជា​សង្ឃ​ថែម​ទៀត​ឬ?›

៨. (​ក​) តើ​កូរេ​ជា​អ្នក​ណា? (​ខ​) តើ​អ្វី​ដែល​ប្រហែល​ជា​ធ្វើ​ឲ្យ​កូរេ​គិត​វែក​ញែក​តាម​ទស្សនៈ​របស់​មនុស្សជាតិ​អំពី​គណៈ​សង្ឃ?

លោក​កូរេ​មិន​មែន​ជា​ប្រមុខ​ក្រុម​គ្រួសារ​មួយ​ក្នុង​ចំណោម​ពួក​លេវី​ទេ ហើយ​គាត់​ក៏​មិន​មែន​ជា​ប្រមុខ​ក្រុម​គ្រួសារ​កេហាត់​ដែរ។ (​ជន​គណនា ៣:៣០, ៣២​) យ៉ាង​ណា​ក៏​ដោយ កូរេ​ជា​អ្នក​ចាស់​ទុំ​ម្នាក់​ដែល​ត្រូវ​គេ​គោរព​ជា​ទូទៅ​នៅ​អ៊ីស្រាអែល។ មុខ​ងារ​របស់​កូរេ​ប្រហែល​ជា​តម្រូវ​ឲ្យ​គាត់​ទាក់​ទង​ជា​មួយ​លោក​អើរ៉ុន​និង​កូន​របស់​អើរ៉ុន។ (​ជន​គណនា ៤:១៨, ១៩​) ដោយ​សារ​កូរេ​ឃើញ​ភាព​ឥត​គ្រប់​ល័ក្ខណ៍​របស់​បុរស​ទាំង​នោះ​ផ្ទាល់​នឹង​ភ្នែក នោះ​គាត់​ប្រហែល​ជា​បាន​គិត​វែក​ញែក​ថា​៖ ‹ភាព​ឥត​គ្រប់​ល័ក្ខណ៍​របស់​ពួក​សង្ឃ​ទាំង​នេះ​គឺ​ឃើញ​ច្បាស់​ក្រឡែត​នឹង​ភ្នែក តែ​ខ្ញុំ​ត្រូវ​ចុះ​ចូល​ចំពោះ​ពួក​គេ! មិន​យូរ​មុន​នេះ​អើរ៉ុន​បាន​ធ្វើ​រូប​កូន​គោ​មាស។ ការ​ថ្វាយ​បង្គំ​រូប​កូន​គោ​នោះ​បាន​ធ្វើ​ឲ្យ​ជាតិ​យើង​ធ្លាក់​ខ្លួន​ថ្វាយ​បង្គំ​រូប​ព្រះ។ ឥឡូវ អើរ៉ុន បង​ប្រុស​របស់​ម៉ូសេ​គឺ​ជា​សម្ដេច​សង្ឃ​វិញ! នេះ​ជា​ការ​លំអៀង​ណាស់! ចុះ​ណាដាប​និង​អ័ប៊ីហ៊ូវ​ដែល​ជា​កូន​របស់​អើរ៉ុន​នោះ? ពួក​គេ​បាន​បង្ហាញ​ការ​ឥត​គោរព​ចំពោះ​ឯកសិទ្ធិ​របស់​ខ្លួន​ក្នុង​កិច្ច​បំរើ​ដល់​ម្ល៉េះ បាន​ជា​ព្រះ​យេហូវ៉ា​សម្លាប់​ពួក​គេ​ចោល!›។ a (​និក្ខមនំ ៣២:១​-​៥; លេវីវិន័យ ១០:១, ២​) មិន​ថា​កូរេ​បាន​វែក​ញែក​យ៉ាង​ណា​ក៏​ដោយ អ្វី​ដែល​ជាក់​ស្តែង​គឺ​ថា គាត់​ចាប់​ផ្ដើម​គិត​វែក​ញែក​អំពី​គណៈ​សង្ឃ​តាម​ទស្សនៈ​របស់​មនុស្សជាតិ​វិញ។ នេះ​បាន​នាំ​ឲ្យ​កូរេ​បះ​បោរ​ប្រឆាំង​នឹង​ម៉ូសេ​និង​អើរ៉ុន និង​នៅ​ទី​បំផុត​បះ​បោរ​នឹង​ព្រះ​យេហូវ៉ា​តែ​ម្ដង។—សាំយូអែល​ទី​១ ១៥:២៣; យ៉ាកុប ១:១៤, ១៥

៩, ១០. តើ​កូរេ​និង​អ្នក​បះ​បោរ​ជា​មួយ​គាត់​ចោទ​ប្រកាន់​អ្វី​នឹង​ម៉ូសេ? ហើយ​ហេតុ​អ្វី​ពួក​គេ​គួរ​ដឹង​ខ្លួន​ជា​មុន​នោះ?

ដោយ​សារ​កូរេ​មាន​ឥទ្ធិពល​នោះ គាត់​បាន​ប្រមូល​យ៉ាង​ងាយ​នូវ​មនុស្ស​ឯ​ទៀត​ដែល​គិត​ដូច​គាត់​ដែរ។ កូរេ​ជា​មួយ​នឹង​ដាថាន​និង​អ័ប៊ីរ៉ាម​បាន​ប្រមូល​ផ្ដុំ​មនុស្ស​២៥០​នាក់​ដែល​មាន​គំនិត​ដូច​គាត់ ហើយ​អ្នក​នោះ​សុទ្ធ​តែ​ជា​ប្រមុខ​ពួក​ជំនុំ។ អ្នក​ទាំង​នេះ​បាន​នាំ​គ្នា​ទៅ​ជួប​ម៉ូសេ​និង​អើរ៉ុន​ដោយ​ពោល​ថា​៖ ​«​ពួក​ជំនុំ​ក៏​បាន​បរិសុទ្ធ​ទាំង​អស់​គ្នា​ដែរ ហើយ​ព្រះ​យេហូវ៉ា​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​គេ​ផង ម្ដេច​ឡើយ​អ្នក​ទាំង​២​លើក​កំពស់​ខ្លួន ត្រួត​លើ​ពួក​ជំនុំ​ផង​ព្រះ​យេហូវ៉ា​ដូច្នេះ?​»។—ជន​គណនា ១៦:១​-​៣

១០ ពួក​គេ​គួរ​ដឹង​ខ្លួន​ថា​ពួក​គេ​មិន​ត្រូវ​ជំទាស់​នឹង​អំណាច​គ្រប់​គ្រង​របស់​ម៉ូសេ​ទេ។ មិន​យូរ​ពី​មុន​នោះ អើរ៉ុន​និង​ម៉ារាម​បាន​ធ្វើ​យ៉ាង​នេះ។ ការ​ពិត អើរ៉ុន​និង​ម៉ារាម​ក៏​បាន​វែក​ញែក​ស្រដៀង​នឹង​កូរេ​ដែរ! យោង​ទៅ​តាម​ជន​គណនា ១២:១, ២ អើរ៉ុន​និង​ម៉ារាម​បាន​សួរ​ថា​៖ ​«​តើ​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​តែ​នឹង​ម៉ូសេ​តែ​ម្នាក់​ឯង ឥត​បាន​មាន​បន្ទូល​នឹង​យើង​ដែរ​ទេ​ឬ​»​? ព្រះ​យេហូវ៉ា​ទ្រង់​ក៏​ឮ​ពាក្យ​នោះ។ ព្រះ​យេហូវ៉ា​បាន​បញ្ជា​ម៉ូសេ អើរ៉ុន និង​ម៉ារាម​ឲ្យ​ប្រជុំ​គ្នា​នៅ​ទ្វារ​ចូល​ត្រសាល​ជំនុំ​ដើម្បី​បង្ហាញ​ពួក​គេ​ថា ទ្រង់​បាន​ជ្រើស​អ្នក​ណា​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ។ រួច​ព្រះ​យេហូវ៉ា​មាន​បន្ទូល​យ៉ាង​ច្បាស់​ថា​៖ ​«​បើ​មាន​ហោរា​ណា​នៅ​ក្នុង​ពួក​ឯង​រាល់​គ្នា នោះ​អញ ដ៏​ជា​ព្រះ​យេហូវ៉ា អញ​នឹង​ឲ្យ​អ្នក​នោះ​ស្គាល់​អញ​ក្នុង​ការ​ជាក់​ស្តែង ហើយ​អញ​នឹង​និយាយ​នឹង​អ្នក​នោះ ដោយ​ការ​ពន្យល់​សប្ដិ ឯ​ម៉ូសេ​ជា​អ្នក​បំរើ​អញ នោះ​អញ​មិន​ធ្វើ​ដូច្នោះ​ទេ ព្រោះ​ជា​អ្នក​ស្មោះ​ត្រង់[​ឬ​«​ទទួល​ភារកិច្ច​មើល​ខុស​ត្រូវ​»​, ព.ថ.​]ក្នុង​ផ្ទះ​របស់​អញ​ទាំង​មូល​»។ ក្រោយ​នោះ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ម៉ារាម​កើត​ឃ្លង់​អស់​មួយ​រយៈ​ពេល។—ជន​គណនា ១២:៤​-​៧, ១០

១១. តើ​ម៉ូសេ​បាន​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ករណី​របស់​លោក​កូរេ?

១១ កូរេ​និង​អ្នក​ដែល​បាន​គាំទ្រ​គាត់​ច្បាស់​ជា​បាន​ដឹង​អំពី​ហេតុ​ការណ៍​របស់​ម៉ារាម​នោះ​ហើយ។ ដូច្នេះ ការ​បះ​បោរ​របស់​ពួក​គេ​មិន​អាច​ត្រូវ​អនុគ្រោះ​ឡើយ។ យ៉ាង​ណា​ក៏​ដោយ ម៉ូសេ​បាន​ខិត​ខំ​វែក​ញែក​បញ្ជាក់​ហេតុ​ផល​យ៉ាង​អត់​ធ្មត់​នឹង​អ្នក​បះ​បោរ​ទាំង​នោះ។ ម៉ូសេ​បាន​ខំ​ជំរុញ​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​យល់​តម្លៃ​នៃ​ឯកសិទ្ធិ​របស់​ខ្លួន​ដោយ​ពោល​ថា​៖ ‹ដែល​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​បាន​ញែក​ឯង​រាល់​គ្នា​ចេញ​ពី​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រាអែល ឲ្យ​បាន​នាំ​ឯង​ចូល​ទៅ​ជិត​ទ្រង់​នោះ តើ​ឯង​រាល់​គ្នា​ស្មាន​ថា​ជា​ការ​តូច​ពេក​ឬ?›។ នោះ​ពិត​ជា​មិន​មែន​ជា​មុខ​ងារ​តូច​នោះ​ទេ! ពួក​លេវី​បាន​មាន​ឯកសិទ្ធិ​ច្រើន​ហើយ។ តើ​ពួក​គេ​ត្រូវ​ការ​អ្វី​ទៀត? ពំនោល​របស់​ម៉ូសេ​បន្ទាប់​ពី​នោះ​បាន​លាត​ត្រដាង​បំណង​ចិត្ត​របស់​ពួក​គេ ពេល​គាត់​សួរ​ថា​៖ ‹តើ​ឯង​រាល់​គ្នា​ចង់​បាន​ការ​ងារ​ជា​សង្ឃ​ថែម​ទៀត​ឬ›? b (​ជន​គណនា ១២:៣; ១៦:៩, ១០​) ប៉ុន្តែ តើ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រតិកម្ម​យ៉ាង​ណា ចំពោះ​ការ​បះ​បោរ​នឹង​អំណាច​គ្រប់​គ្រង ដែល​ទ្រង់​បាន​តែង​តាំង​នោះ?

ចៅ​ក្រម​របស់​អ៊ីស្រាអែល​ធ្វើ​អន្តរាគមន៍

១២. តើ​ចំណង​មេត្រី​ភាព​រវាង​អ៊ីស្រាអែល​ជា​មួយ​នឹង​ព្រះ​អាស្រ័យ​ទៅ​លើ​អ្វី?

១២ ពេល​ព្រះ​យេហូវ៉ា​ប្រទាន​ច្បាប់​ដល់​អ៊ីស្រាអែល ទ្រង់​បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​គេ​ថា បើ​ពួក​គេ​ស្ដាប់​បង្គាប់ នោះ​អ៊ីស្រាអែល​នឹង​ក្លាយ​ជា​«​សាសន៍​បរិសុទ្ធ​»​ហើយ​នឹង​នៅ​បរិសុទ្ធ​ដរាប​ណា​ដែល​ពួក​គេ​ចុះ​ចូល​នឹង​ការ​រៀបចំ​របស់​ព្រះ​យេហូវ៉ា។ (​និក្ខមនំ ១៩:៥, ៦​) ឥឡូវ ដោយ​សារ​មាន​ការ​បះ​បោរ​ដូច្នេះ គឺ​ដល់​ពេល​ឲ្យ​ចៅ​ក្រម​និង​អ្នក​ប្រទាន​ច្បាប់​របស់​អ៊ីស្រាអែល​ចាត់​វិធានការ​ម្ដង​វិញ! ម៉ូសេ​ប្រាប់​កូរេ​ថា​៖ ​«​ថ្ងៃ​ស្អែក​នេះ ចូរ​ឲ្យ​ឯង នឹង​ពួក​ឯង​ទាំង​ប៉ុន្មាន មក​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ចុះ គឺ​ឯង នឹង​ពួក​អ្នក​ទាំង​នោះ ព្រម​ទាំង​អើរ៉ុន​ផង។ ចូរ​ឲ្យ​គ្រប់​គ្នា​នាំ​យក​ពាន​របស់​ខ្លួន មក​រោយ​កំញាន​ពី​លើ គឺ​ត្រូវ​ឲ្យ​គ្រប់​គ្នា​នាំ​យក​ពាន​របស់​ខ្លួន​មក នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ពាន​មាន​ចំនួន​២៥០ ទាំង​ឯង នឹង​អើរ៉ុន ក៏​ត្រូវ​យក​ពាន​របស់​ខ្លួន​មក​ដែរ​»។—ជន​គណនា ១៦:១៦, ១៧

១៣. (​ក​) ពេល​អ្នក​បះ​បោរ​ទាំង​នោះ​បាន​ដុត​កំញាន​ថ្វាយ​ព្រះ​យេហូវ៉ា ហេតុ​អ្វី​នោះ​ជា​ការ​បំពាន​សិទ្ធិ? (​ខ​) តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​យ៉ាង​ណា ទៅ​លើ​អ្នក​បះ​បោរ​ទាំង​នោះ?

១៣ យោង​ទៅ​តាម​ច្បាប់​របស់​ព្រះ មាន​តែ​ពួក​សង្ឃ​ទេ​ដែល​អាច​ដុត​កំញាន​ថ្វាយ​ព្រះ​បាន។ សំនើរ​ដែល​ឲ្យ​ពួក​លេវី​ដែល​មិន​មែន​ជា​សង្ឃ ដុត​កំញាន​ថ្វាយ​ព្រះ​យេហូវ៉ា គួរ​ធ្វើ​ឲ្យ​អ្នក​បះ​បោរ​ទាំង​នេះ​ភ្ញាក់​រឭក​ហើយ។ (​និក្ខមនំ ៣០:៧; ជន​គណនា ៤:១៦​) ប៉ុន្តែ កូរេ​និង​អ្នក​គាំទ្រ​គាត់​មិន​បាន​ភ្ញាក់​រឭក​សោះ! ថ្ងៃ​ស្អែក​ឡើង កូរេ​«​ប្រមូល​ពួក​ជំនុំ​ទាំង​អស់​គ្នា មក​ទាស់​នឹង[​ម៉ូសេ​និង​អើរ៉ុន​] នៅ​ត្រង់​មាត់​ទ្វារត្រសាល​ជំនុំ​»។ កំណត់​ហេតុ​ចែង​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ ហើយ​នឹង​អើរ៉ុន​ថា ‹ចូរ​ឯង​ដក​ខ្លួន​ពី​ពួក​ជំនុំ​នេះ​ចេញ ដើម្បី​ឲ្យ​អញ​បាន​បំផ្លាញ​គេ​ទៅ​ជា​១​រំពេច›​»។ ប៉ុន្តែ ម៉ូសេ​និង​អើរ៉ុន​បាន​អង្វរ​ព្រះ​កុំ​ឲ្យ​សម្លាប់​រាស្ត្រ​ទ្រង់​ឡើយ។ ព្រះ​យេហូវ៉ា​បាន​ព្រះ​សណ្ដាប់​នូវ​សេចក្ដី​ទូល​អង្វរ​របស់​ម៉ូសេ​និង​អើរ៉ុន។ រីឯ​កូរេ​និង​ពួក​គ្នា​គាត់​វិញ​«​មាន​ភ្លើង​ចេញ​ពី​ព្រះ​យេហូវ៉ា មក​បញ្ឆេះ​មនុស្ស​២៥០​នាក់ ដែល​កំពុង​តែ​ថ្វាយ​កំញាន​នោះ​ដែរ​»។—ជន​គណនា ១៦:១៩​-​២២, ៣៥ c

១៤. ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​ចាត់​វិធានការ​យ៉ាង​ម៉ឺង​ម៉ាត់​ចំពោះ​ពួក​ជំនុំ​អ៊ីស្រាអែល?

១៤ គឺ​ប្លែក​ណាស់ ជន​ជាតិ​អ៊ីស្រាអែល​ដែល​ឃើញ​របៀប​ព្រះ​យេហូវ៉ា​បាន​ប្រព្រឹត្ត​ទៅ​លើ​អ្នក​បះ​បោរ​ទាំង​នេះ​នៅ​តែ​មិន​បាន​រាង​ចាល​ទៀត។ ​«​លុះ​ដល់​ថ្ងៃ​ស្អែក​ឡើង ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​គ្នា ក៏​រទូ​រទាំ​ទាស់​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​ថា‹លោក​បាន​សំឡាប់​ពួក​ជន​នៃ​ព្រះ​យេហូវ៉ា›​»។ ជន​ជាតិ​អ៊ីស្រាអែល​ចាប់​ផ្ដើម​គាំទ្រ​ពួក​អ្នក​ដែល​បាន​ក្បត់​វិញ! នៅ​ទី​បំផុត ព្រះ​យេហូវ៉ា​លែង​ប្រណី​ទៀត។ នៅ​ពេល​នោះ គ្មាន​អ្នក​ណា​ម្នាក់​អាច​ទូល​អង្វរ​ឲ្យ​ទ្រង់​មិន​ដាក់​ទោស​ពួក​គេ​ឡើយ សូម្បី​តែ​ម៉ូសេ​និង​អើរ៉ុន​ទូល​សុំ​ក៏​ដោយ។ ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​មាន​គ្រោះ​កាច​ប្រហារ​ជីវិត​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់ ហើយ​«​ពួក​មនុស្ស​ដែល​ស្លាប់ ដោយ​ការ​ប្រហារ​ជីវិត​នោះ មាន​ចំនួន​១​ម៉ឺន​៤​ពាន់​៧០០​នាក់ ទីទៃ​ពី​ពួក​អ្នក​ដែល​ត្រូវ​ស្លាប់​ពី​ដំណើរ​កូរេ​»។—ជន​គណនា ១៦:៤១​-​៤៩

១៥. (​ក​) ហេតុ​អ្វី​ជន​ជាតិ​អ៊ីស្រាអែល​គួរ​ទទួល​ការ​ដឹក​នាំ​របស់​ម៉ូសេ​និង​អើរ៉ុន ដោយ​មិន​ទើស​ទាល់? (​ខ​) តើ​កំណត់​ហេតុ​នេះ​បាន​បង្រៀន​អ្នក​អ្វី​ខ្លះ​អំពី​ព្រះ​យេហូវ៉ា?

១៥ មនុស្ស​ទាំង​អស់​នោះ​អាច​បាន​រួច​រស់​ជីវិត​យ៉ាង​ងាយ​ស្រួល​ណាស់ បើ​ពួក​គេ​បាន​វែក​ញែក​ឲ្យ​សព្វ​គ្រប់​ទៅ។ អ្នក​ទាំង​នោះ​អាច​សួរ​ខ្លួន​ថា​៖ ‹តើ​អ្នក​ណា​បាន​ប្រថុយ​ជីវិត​ដើម្បី​ទៅ​គាល់​ស្តេច​ផារ៉ោន? តើ​អ្នក​ណា​បាន​ទាម​ទារ​ឲ្យ​ស្តេច​នោះ​រំដោះ​អ៊ីស្រាអែល​ឲ្យ​រួច? ក្រោយ​អ៊ីស្រាអែល​ត្រូវ​រំដោះ​នោះ តើ​អ្នក​ណា​ជា​បុគ្គល​តែ​មួយ​គត់ ដែល​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ឡើង​ភ្នំ​ហូរែប ដើម្បី​និយាយ​នឹង​ទេវតា​របស់​ព្រះ​ផ្ទាល់?› ទង្វើ​ដ៏​អស្ចារ្យ​របស់​ម៉ូសេ​និង​អើរ៉ុន​ជា​ភស្តុ​តាង ដែល​បញ្ជាក់​ពី​ភក្ដី​ភាព​របស់​ពួក​គាត់​ចំពោះ​ព្រះ​យេហូវ៉ា និង​សេចក្ដី​ស្រឡាញ់​របស់​ពួក​គាត់​ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល។ (​និក្ខមនំ ១០:២៨; ១៩:២៤; ២៤:១២​-​១៥​) ព្រះ​យេហូវ៉ា​មិន​បាន​មាន​ព្រះ​ទ័យ​រីក​រាយ​នឹង​ការ​ប្រហារ​ជីវិត​ជន​បះ​បោរ​ទាំង​នោះ​ឡើយ។ យ៉ាង​ណា​ក៏​ដោយ ពេល​ដែល​អ្នក​ទាំង​នោះ​បង្ហាញ​ថា ពួក​គេ​នឹង​បន្ត​បះ​បោរ​ប្រឆាំង​នោះ ទ្រង់​បាន​ចាត់​វិធានការ​ផ្ដាច់​ព្រាត់។ (​អេសេគាល ៣៣:១១​) ព្រឹត្ដិការណ៍​ទាំង​អស់​នេះ​មាន​សារ​សំខាន់​សំរាប់​យើង​សព្វ​ថ្ងៃ​នេះ។ ហេតុ​អ្វី?

ការ​សម្គាល់​ខ្សែ​រយៈ​របស់​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នេះ

១៦. (​ក​) នៅ​សតវត្ស​ទី​មួយ តើ​ភស្តុ​តាង​អ្វី​គួរ​បាន​បញ្ជាក់​ឲ្យ​សាសន៍​យូដា​ដឹង​ថា ព្រះ​យេស៊ូ​គឺ​ជា​អ្នក​តំណាង​ព្រះ​យេហូវ៉ា? (​ខ​) ហេតុ​អ្វី​ព្រះ​យេហូវ៉ា​បាន​ដូរ​គណៈ​សង្ឃ​កុលសម្ព័ន្ធ​លេវី​ចោល? ហើយ​តើ​គណៈ​សង្ឃ​លេវី​បាន​ត្រូវ​ជំនួស​ដោយ​អ្វី?

១៦ សព្វ​ថ្ងៃ​នេះ មាន​«​សាសន៍​»​ថ្មី​មួយ​ដែល​មាន​ព្រះ​យេហូវ៉ា​ជា​ចៅ​ក្រម អ្នក​ប្រទាន​ច្បាប់ និង​ព្រះ​មហា​ក្សត្រ​ដែល​យើង​មើល​មិន​ឃើញ​នោះ។ (​ម៉ាថាយ ២១:៤៣​) ​«​សាសន៍​»​នេះ​បាន​កើត​មក​នៅ​សតវត្ស​ទី​មួយ​ស.យ.។ នៅ​ពេល​នោះ រោង​ឧបោសថ​បាន​ត្រូវ​ជំនួស​ដោយ​ព្រះ​វិហារ​មួយ​ដ៏​ល្អ​ប្រណីត​នៅ​ទី​ក្រុង​យេរូសាឡិម ដោយ​មាន​ពួក​លេវី​បំពេញ​មុខ​ងារ​នៅ​ទី​នោះ​ដដែល។ (​លូកា ១:៥, ៨, ៩​) ប៉ុន្តែ នៅ​ឆ្នាំ​២៩​ស.យ. ព្រះ​វិហារ​មួយ​ទៀត​គឺ​ព្រះ​វិហារ​ខាង​វិញ្ញាណ បាន​ត្រូវ​ស្ថាបនា​ឡើង​ដោយ​មាន​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​សម្ដេច​សង្ឃ។ (​ហេព្រើរ ៩:៩, ១១​) រឿង​ទាក់​ទង​នឹង​អំណាច​គ្រប់​គ្រង​ដែល​ព្រះ​តែង​តាំង​បាន​លេច​មក​ម្ដង​ទៀត។ តើ​ព្រះ​យេហូវ៉ា​នឹង​ប្រើ​អ្នក​ណា​ដើម្បី​ដឹក​នាំ​«​សាសន៍​»​ថ្មី​នេះ? ព្រះ​យេស៊ូ​បាន​សម្ដែង​ថា​ទ្រង់​មាន​ភក្ដី​ភាព​ឥត​ល័ក្ខខ័ណ្ឌ​ចំពោះ​ព្រះ។ ព្រះ​យេស៊ូ​ស្រឡាញ់​មនុស្សជាតិ​ណាស់។ ទ្រង់​ក៏​បាន​ធ្វើ​ទី​សម្គាល់​ដ៏​អស្ចារ្យ​ជា​ច្រើន។ ប៉ុន្តែ ពួក​លេវី​ភាគ​ច្រើន​បាន​បង្ហាញ​ភាព​រឹង​ចចេស​ដូច​ជីដូន​ជីតា​របស់​ពួក​គេ និង​មិន​ព្រម​ទទួល​ព្រះ​យេស៊ូ​ទេ។ (​ម៉ាថាយ ២៦:៦៣​-​៦៨; កិច្ច​ការ ៤:៥, ៦, ១៨; ៥:១៧​) នៅ​ទី​បំផុត ព្រះ​យេហូវ៉ា​បាន​ជំនួស​គណៈ​សង្ឃ​ពួក​លេវី​ដោយ​គណៈ​សង្ឃ​មួយ​ដែល​ខុស​គ្នា​ឆ្ងាយ គឺ​គណៈ​សង្ឃ​ដែល​ជា​ស្តេច​ផង​ដែរ។ គណៈ​សង្ឃ​ដែល​ជា​ស្តេច​នោះ​ក៏​មាន​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ។

១៧. (​ក​) តើ​ក្រុម​ណា​ដែល​រួម​ជា​ពួក​សង្ឃ​ហ្លួង​សព្វ​ថ្ងៃ​នេះ? (​ខ​) តើ​ព្រះ​យេហូវ៉ា​ប្រើ​ពួក​សង្ឃ​ហ្លួង​នេះ​យ៉ាង​ដូច​ម្ដេច?

១៧ តើ​អ្នក​ណា​រួម​ជា​ស្តេច​និង​សង្ឃ​ក្នុង​គណៈ​នេះ​នៅ​សព្វ​ថ្ងៃ? សាវ័ក​ពេត្រុស​ឆ្លើយ​សំនួរ​នេះ​ក្នុង​សំបុត្រ​ទី​មួយ​របស់​គាត់ ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​សរសេរ​នោះ។ ពេត្រុស​បាន​សរសេរ​ទៅ​កាន់​សមាជិក​នៃ​រូប​កាយ​ព្រះ​គ្រីស្ទ​ថា​៖ ​«​អ្នក​រាល់​គ្នា​ជា​ពូជ​ជ្រើស​រើស ជា​ពួក​សង្ឃ​ហ្លួង ជា​សាសន៍​បរិសុទ្ធ ជា​រាស្ត្រ​ដ៏​ជា​កេរ្ដិ៍​អាករ​នៃ​ព្រះ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សំដែង​ចេញ ឲ្យ​ឃើញ​អស់​ទាំង​លក្ខណៈ​របស់​ព្រះ ដែល​ទ្រង់បាន​ហៅ​អ្នក​រាល់​គ្នា​ចេញ​ពី​សេចក្ដី​ងងឹត មក​ក្នុង​ពន្លឺ​អស្ចារ្យ​របស់​ទ្រង់​»។ (​ពេត្រុស​ទី​១ ២:៩​) សំដី​នេះ​បញ្ជាក់​ច្បាស់​ថា អ្នក​កាន់​តាម​ព្រះ​យេស៊ូ​ដែល​ជា​អ្នក​ចាក់​ប្រេង​តាំង​ជា​ក្រុម គឺ​ជា​សមាសភាព​នៃ​«​ពួក​សង្ឃ​ហ្លួង​»​ឬ​គណៈ​សង្ឃ​ដែល​ជា​ស្តេច ដែល​ពេត្រុស​ក៏​បាន​ហៅ​ថា​«​សាសន៍​បរិសុទ្ធ​»។ អ្នក​ទាំង​នេះ​គឺ​ជា​ខ្សែ​រយៈ​ដែល​ព្រះ​យេហូវ៉ា​ប្រើ ដើម្បី​ផ្ដល់​ការ​ណែនាំ​និង​ការ​ដឹក​នាំ​ខាង​វិញ្ញាណ។—ម៉ាថាយ ២៤:៤៥​-​៤៧

១៨. តើ​ពួក​សង្ឃ​ហ្លួង​និង​អ្នក​ចាស់​ទុំ​ដែល​បាន​ត្រូវ​តែង​តាំង​នោះ​មាន​ទំនាក់​ទំនង​អ្វី​នឹង​គ្នា?

១៨ ដើម្បី​តំណាង​ពួក​សង្ឃ​ហ្លួង​នេះ អ្នក​ចាស់​ទុំ​បាន​ត្រូវ​តែង​តាំង​ឲ្យ​ទទួល​ខុស​ត្រូវ​ក្នុង​ក្រុម​ជំនុំ​ដែល​ជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ទូទាំង​ពិភព​លោក។ បុរស​ទាំង​នេះ​គួរ​នឹង​ទទួល​ការ​គោរព​និង​ការ​គាំទ្រ​អស់​អំពី​ចិត្ត​របស់​យើង មិន​ថា​ពួក​គេ​ជា​អ្នក​ចាក់​ប្រេង​តាំង​ឬ​ក៏​មិន​មែន​ក៏​ដោយ។ ហេតុ​អ្វី? ពីព្រោះ​ព្រះ​យេហូវ៉ា​បាន​តែង​តាំង​អ្នក​ចាស់​ទុំ​ទាំង​នេះ​តាម​រយៈ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់។ (​ហេព្រើរ ១៣:៧, ១៧​) តើ​ព្រះ​យេហូវ៉ា​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

១៩. តើ​អ្នក​ចាស់​ទុំ​ត្រូវ​តែង​តាំង​ដោយ​វិញ្ញាណ​បរិសុទ្ធ​យ៉ាង​ដូច​ម្ដេច?

១៩ អ្នក​ចាស់​ទុំ​ទាំង​នេះ​បំពេញ​តម្រូវ​ការ​ដែល​មាន​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ ដែល​វិញ្ញាណ​របស់​ព្រះ​បាន​បណ្ដាល​ឲ្យ​សរសេរ។ (​ធីម៉ូថេ​ទី​១ ៣:១​-​៧; ទីតុស ១:៥​-​៩​) ដូច្នេះ ការ​តែង​តាំង​របស់​អ្នក​ទាំង​នេះ​អាច​ត្រូវ​ចាត់​ទុក ជា​ការ​តែង​តាំង​ដោយ​វិញ្ញាណ​បរិសុទ្ធ​បាន។ (​កិច្ច​ការ ២០:២៨​) អ្នក​ចាស់​ទុំ​ទាំង​នេះ​ត្រូវ​ស្គាល់​ព្រះ​បន្ទូល​របស់​ព្រះ​យ៉ាង​ច្បាស់។ ដូច​គ្នា​នឹង​ចៅ​ក្រម​ខ្ពស់​បំផុត​ដែល​បាន​តែង​តាំង​អ្នក​ចាស់​ទុំ​នោះ អ្នក​ចាស់​ទុំ​ក៏​ត្រូវ​ស្អប់​អ្វី​ក៏​ដោយ​ដែល​មាន​លក្ខណៈ​ល្អៀង។—ចោទិយកថា ១០:១៧, ១៨

២០. ស្តី​អំពី​អ្នក​ចាស់​ទុំ​ដែល​ធ្វើ​ការ​នឿយ​ហត់​នោះ តើ​អ្នក​មាន​ចិត្ត​កតញ្ញូ​ចំពោះ​អ្វី​ខ្លះ?

២០ ជា​ជាង​ជំទាស់​អំណាច​គ្រប់​គ្រង​របស់​អ្នក​ចាស់​ទុំ យើង​ត្រូវ​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ការ​នឿយ​ហត់​របស់​ពួក​គាត់​វិញ! ដោយ​សារ​អ្នក​ចាស់​ទុំ​បាន​បំរើ​យ៉ាង​ស្មោះ​ត្រង់​ជា​យូរ​មក​ហើយ ជួន​កាល​អស់​ច្រើន​ទសវត្ស​ទៀត ប្រការ​នេះ​ហើយ​ធ្វើ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​ទៅ​លើ​ពួក​គាត់។ អ្នក​ចាស់​ទុំ​រៀបចំ​និង​ដឹក​នាំ​កិច្ច​ប្រជុំ​ក្រុម​ជំនុំ​ដោយ​ស្មោះ និង​ប្រកៀក​ស្មា​គ្នា​ធ្វើ​ការ​ជា​មួយ​យើង​ក្នុង​ការ​ផ្សព្វ​ផ្សាយ​នូវ​«​ដំណឹង​ល្អ​នេះ ដែល​សំដែង​ពី​នគរ​»​ ហើយ​ផ្ដល់​ឱវាទ​តាម​ព្រះ​គម្ពីរ​ពេល​យើង​ត្រូវ​ការ​នោះ។ (​ម៉ាថាយ ២៤:១៤; ហេព្រើរ ១០:២៣, ២៥; ពេត្រុស​ទី​១ ៥:២​) អ្នក​ចាស់​ទុំ​ក៏​មក​សួរ​សុខ​ទុក្ខ​យើង​ពេល​យើង​ឈឺ ថែម​ទាំង​ជួយ​សម្រាល​ទុក្ខ​យើង​ពេល​យើង​សោយ​សោក។ អ្នក​ចាស់​ទុំ​ក៏​គាំទ្រ​ព្រះ​រាជាណាចក្រ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​ដោយ​គ្មាន​គំនិត​អត្តទត្ថបុគ្គល​ឡើយ។ វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា​សណ្ឋិត​លើ​អ្នក​ទាំង​នេះ​និង​ពួក​គាត់​ទទួល​ព្រះ​គុណ​ពី​ព្រះ។—កាឡាទី ៥:២២, ២៣

២១. តើ​អ្នក​ចាស់​ទុំ​ត្រូវ​នឹក​ចាំ​អំពី​អ្វី? ហើយ​ហេតុ​អ្វី?

២១ អ្នក​ចាស់​ទុំ​គឺ​ឥត​គ្រប់​ល័ក្ខណ៍​ពិត​មែន។ ដោយ​សារ​អ្នក​ចាស់​ទុំ​ទទួល​ស្គាល់​ភាព​ឥត​គ្រប់​ល័ក្ខណ៍​របស់​ខ្លួន ពួក​គេ​មិន​ខិត​ខំ​ត្រួត​ត្រា​លើ​ហ្វូង​ចៀម​របស់​ព្រះ​ដែល​ជា‹ទ្រព្យ​របស់​ព្រះ›ឡើយ។ ផ្ទុយ​ទៅ​វិញ ពួក​គាត់​ចាត់​ទុក​ខ្លួន‹ជា​គូកន ជួយ​ឲ្យ​បង​ប្អូន​បាន​អំណរ​វិញ›។ (​ពេត្រុស​ទី​១ ៥:៣; កូរិនថូស​ទី​២ ១:២៤​) អ្នក​ចាស់​ទុំ​ដែល​មាន​ចិត្ត​រាប​ទាប​និង​ធ្វើ​ការ​នឿយ​ហត់​នោះ​ដោយ​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​ដឹង​ថា ពេល​ពួក​គាត់​ធ្វើ​រឹត​តែ​ល្អ​ក្នុង​ការ​យក​តម្រាប់​តាម​ទ្រង់ នោះ​ពួក​គាត់​នឹង​អាច​ជួយ​រឹត​តែ​ច្រើន​ក្នុង​ក្រុម​ជំនុំ​ដែរ។ ដោយ​គិត​អំពី​ចំណុច​នេះ អ្នក​ចាស់​ទុំ​តែង​តែ​ខិត​ខំ​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្ដិ​ដូច​ព្រះ គឺ​សេចក្ដី​ស្រឡាញ់ សេចក្ដី​មេត្ដា​ករុណា​និង​ចិត្ត​អត់​ធ្មត់​ជា​ដើម។

២២. តើ​ជំនឿ​របស់​អ្នក​ទៅ​លើ​អង្គការ​របស់​ព្រះ​យេហូវ៉ា​នៅ​លើ​ផែនដី​បាន​ត្រូវ​ពង្រឹង​យ៉ាង​ណា ដោយ​មើល​ឡើង​វិញ​នូវ​កំណត់​ហេតុ​អំពី​លោក​កូរេ​នោះ?

២២ ទោះ​ជា​យើង​មើល​មិន​ឃើញ​ព្រះ​យេហូវ៉ា​ក៏​ដោយ យើង​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ដែល​យើង​មាន​ទ្រង់​ជា​អ្នក​គ្រប់​គ្រង​យើង មាន​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​សម្ដេច​សង្ឃ​របស់​យើង មាន​សមាជិក​នៃ​គណៈ​សង្ឃ​ហ្លួង​គឺ​ជា​គ្រូ​បង្រៀន​របស់​យើង ហើយ​មាន​អ្នក​ចាស់​ទុំ​គ្រីស្ទាន​ដ៏​ស្មោះ​ត្រង់​ជា​អ្នក​ឲ្យ​ឱវាទ​យើង! ទោះ​ជា​អង្គការ​ណា​ដឹក​នាំ​ដោយ​មនុស្ស​មិន​អាច​គ្រប់​ល័ក្ខណ៍​ក៏​ដោយ យើង​នៅ​តែ​សប្បាយ​ចិត្ត​បំរើ​ព្រះ​ជា​មួយ​អ្នក​ជឿ​គ្នី​គ្នា​ដែល​ចុះ​ចូល​នឹង​អំណាច​គ្រប់​គ្រង​ដែល​ព្រះ​តែង​តាំង!

[​កំណត់​សម្គាល់​]

a អេលាសារ​និង​អ៊ីថាម៉ារ កូន​ប្រុស​ពីរ​នាក់​ទៀត​របស់​អើរ៉ុន​ជា​គំរូ​ល្អ​ក្នុង​កិច្ច​បំរើ​ព្រះ​យេហូវ៉ា។—លេវីវិន័យ ១០:៦

b ដាថាន​និង​អ័ប៊ីរ៉ាម ដែល​បាន​មូល​គំនិត​ជា​មួយ​កូរេ​នោះ ជា​សមាជិក​កុលសម្ព័ន្ធ​រូបេន។ ដូច្នេះ ពួក​គេ​ទំនង​ជា​មិន​ចង់​ដណ្ដើម​ធ្វើ​ជា​សង្ឃ​នោះ​ទេ។ ករណី​របស់​ពីរ​នាក់​នេះ គឺ​ពួក​គេ​បាន​តូច​ចិត្ត​ដោយ​សារ​ម៉ូសេ​ជា​អ្នក​ដឹក​នាំ និង​ដោយ​សារ​មក​ទល់​ពេល​នោះ ពួក​គេ​មិន​ទាន់​បាន​ទៅ​ដល់​ស្រុក​សន្យា​តាម​ដែល​ពួក​គេ​សង្ឃឹម​នោះ​ទេ។—ជន​គណនា ១៦:១២​-​១៤

c នៅ​សម័យ​មុន​ក្រិត្យ​វិន័យ មេ​គ្រួសារ​នានា​បាន​តំណាង​ក្រុម​គ្រួសារ​របស់​ខ្លួន​នៅ​ចំពោះ​ព្រះ ហើយ​រហូត​ដល់​អាច​ថ្វាយ​ដង្វាយ​ក្នុង​នាម​ជា​ក្រុម​គ្រួសារ​ខ្លួន​ទៀត​ផង។ (​លោកុប្បត្តិ ៨:២០; ៤៦:១; យ៉ូប ១:៥​) ប៉ុន្តែ ពេល​ដែល​ក្រិត្យ​វិន័យ​ចាប់​ផ្ដើម ព្រះ​យេហូវ៉ា​បាន​តែង​តាំង​បុរស​ពី​ក្រុម​គ្រួសារ​អើរ៉ុន​ឲ្យ​ធ្វើ​ជា​សង្ឃ​ដើម្បី​ថ្វាយ​ដង្វាយ។ អ្នក​បះ​បោរ​២៥០​នាក់​នេះ​ទំនង​ជា​មិន​ចង់​ចុះ​ចូល​តាម​ការ​រៀបចំ​ថ្មី​នេះ​ទេ។

តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ?

• ដោយ​សេចក្ដី​ស្រឡាញ់ តើ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​សំ​វិធានការ​អ្វី ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ពួក​អ៊ីស្រាអែល?

• ហេតុ​អ្វី​ការ​បះ​បោរ​របស់​កូរេ​ទាស់​នឹង​ម៉ូសេ​និង​អើរ៉ុន​មិន​គួរ​អនុគ្រោះ​ឲ្យ​បាន?

• តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី​ពី​របៀប​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​ទៅ​លើ​អ្នក​បះ​បោរ​នោះ?

• តើ​យើង​អាច​បង្ហាញ​ថា យើង​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ការ​រៀបចំ​របស់​ព្រះ​យេហូវ៉ា​នៅ​សព្វ​ថ្ងៃ​នេះ​យ៉ាង​ដូច​ម្ដេច?

[​សំណួរ​សម្រាប់​អត្ថបទ​សិក្សា​]

[​រូប​ភាព​នៅ​ទំព័រ​៨​]

តើ​អ្នក​ចាត់​ទុក​ការ​ងារ​ណា​ដែល​អ្នក​ទទួល​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា ជា​ឯកសិទ្ធិ​មួយ​ដ៏​វិសេស​ឬ​ទេ?