លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរយកតម្រាប់តាមអ្នកបង្រៀនដ៏ឧត្តម

ចូរយកតម្រាប់តាមអ្នកបង្រៀនដ៏ឧត្តម

ចូរ​យក​តម្រាប់​តាម​អ្នក​បង្រៀន​ដ៏​ឧត្តម

​«​ដូច្នេះ ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស . . . ហើយ​បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង​»។—ម៉ាថាយ ២៨:១៩, ២០

១, ២. (​ក​) ក្នុង​ន័យ​ម្យ៉ាង តើ​យើង​គ្រប់​គ្នា​ជា​គ្រូ​បង្រៀន​យ៉ាង​ដូច​ម្ដេច? (​ខ​) ស្តី​អំពី​ការ​បង្រៀន តើ​ពួក​គ្រីស្ទាន​ពិត​មាន​ភារកិច្ច​ដ៏​ល្អ​ឯក​អ្វី?

 តើ​អ្នក​ជា​គ្រូ​បង្រៀន​ម្នាក់​ឬ​ទេ? ក្នុង​ន័យ​ម្យ៉ាង យើង​ទាំង​អស់​គ្នា​ជា​គ្រូ​បង្រៀន​ម្នាក់។ រៀង​រាល់​ដង​ដែល​អ្នក​ប្រាប់​ទិស​ដៅ​ដល់​អ្នក​ធ្វើ​ដំណើរ​ដែល​វង្វេង​ផ្លូវ ឬ​បង្ហាញ​អ្នក​ធ្វើ​ការ​ជា​មួយ​គ្នា​នូវ​របៀប​ធ្វើ​កិច្ច​ការ​ណា​មួយ ឬ​ក៏​ពន្យល់​ប្រាប់​ក្មេង​ម្នាក់​ឲ្យ​ចេះ​ចង​ខ្សែ​ស្បែក​ជើង នោះ​អ្នក​កំពុង​តែ​បង្រៀន​គេ​ហើយ។ ការ​ជួយ​មនុស្ស​តាម​របៀប​នេះ​នាំ​ឲ្យ​មាន​ការ​ស្កប់​ចិត្ត​ដែរ មែន​ទេ?

ពួក​គ្រីស្ទាន​ពិត​មាន​ភារកិច្ច​ដ៏​ល្អ​ឯក​ស្តី​អំពី​ការ​បង្រៀន។ យើង​បាន​ត្រូវ​ប្រគល់​មុខ​ងារ​ឲ្យ​បំពេញ ពោល​គឺ​៖ ​«​ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស . . . ហើយ​បង្រៀន​»។ (​ម៉ាថាយ ២៨:១៩, ២០​) សូម្បី​តែ​នៅ​ក្នុង​ក្រុម​ជំនុំ យើង​ក៏​មាន​ឱកាស​បង្រៀន​ដែរ។ បុរស​ដែល​មាន​សមត្ថភាព​ត្រូវ​បាន​រើស​តាំង​ដើម្បី​បំរើ​ជា​«​គ្រូ​គង្វាល ហើយ​ខ្លះ​ជា​គ្រូ​បង្រៀន​»​ ដោយ​មាន​បំណង​លើក​ទឹក​ចិត្ត​ក្រុម​ជំនុំ។ (​អេភេសូរ ៤:១១​-​១៣​) ពួក​ស្ត្រី​ដែល​មាន​គំនិត​ចាស់​ទុំ ត្រូវ​«​ខំ​បង្រៀន​សេចក្ដី​ត្រឹម​ត្រូវ​»​ដល់​ស្ត្រី​ក្មេង​ៗ​ក្នុង​សកម្មភាព​គ្រីស្ទាន​ប្រចាំ​ថ្ងៃ​ដែរ។ (​ទីតុស ២:៣​-​៥​) យើង​គ្រប់​គ្នា​បាន​ត្រូវ​ដាស់​តឿន​ឲ្យ​លើក​ទឹក​ចិត្ត​អ្នក​ជឿ​គ្នី​គ្នា ហើយ​យើង​អាច​ធ្វើ​តាម​ការ​ដាស់​តឿន​នេះ ដោយ​ប្រើ​ព្រះ​គម្ពីរ​ដើម្បី​ស្អាង​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ (​ថែស្សាឡូនីច​ទី​១ ៥:១១​) យើង​មាន​ឯកសិទ្ធិ​ដ៏​ពិសេស​ណាស់​ក្នុង​ការ​ធ្វើ​ជា​គ្រូ​បង្រៀន​នៃ​ព្រះ​បន្ទូល​របស់​ព្រះ និង​ចែក​ប្រាប់​នូវ​គោល​ការណ៍​ខាង​វិញ្ញាណ​ដែល​អាច​មាន​ផល​ប្រយោជន៍​ជា​រៀង​រហូត!

៣. ជា​គ្រូ​បង្រៀន តើ​យើង​អាច​បង្កើន​នូវ​ប្រសិទ្ធភាព​របស់​យើង​យ៉ាង​ដូច​ម្ដេច?

ប៉ុន្តែ ជា​គ្រូ​បង្រៀន តើ​យើង​អាច​បង្កើន​នូវ​ប្រសិទ្ធភាព​របស់​យើង​យ៉ាង​ដូច​ម្ដេច? ជា​បឋម គឺ​ដោយ​យក​តម្រាប់​តាម​ព្រះ​យេស៊ូ ដែល​ជា​អ្នក​បង្រៀន​ដ៏​ឧត្តម។ អ្នក​ខ្លះ​ប្រហែល​ជា​ឆ្ងល់​ថា​៖ ‹ប៉ុន្តែ ព្រះ​យេស៊ូ​ជា​បុគ្គល​គ្រប់​ល័ក្ខណ៍ តើ​យើង​អាច​យក​តម្រាប់​តាម​ទ្រង់​យ៉ាង​ដូច​ម្ដេច​បាន?›។ ពិត​ហើយ យើង​មិន​អាច​ជា​គ្រូ​បង្រៀន​ដ៏​គ្រប់​ល័ក្ខណ៍​បាន​ទេ។ ប៉ុន្តែ ទោះ​ជា​យើង​មាន​សមត្ថភាព​ប៉ុន​ណា​ក៏​ដោយ យើង​ក៏​អាច​ខំ​អស់​ពី​សមត្ថភាព​ក្នុង​ការ​យក​តម្រាប់​តាម​វិធី​ដែល​ព្រះ​យេស៊ូ​បាន​បង្រៀន។ យើង​សូម​ពិគ្រោះ​នូវ​របៀប​ដែល​យើង​អាច​ប្រើ​វិធី​បង្រៀន​បួន​យ៉ាង​របស់​ទ្រង់ គឺ​ការ​ប្រើ​ពាក្យ​សម្ដី​ដ៏​ស្រួល​យល់ សំនួរ​ដែល​មាន​ប្រសិទ្ធភាព ការ​វែក​ញែក​ដែល​សម​ហេតុ​ផល និង​ប្រើ​រឿង​ប្រៀប​ប្រដូច​ដែល​ត្រូវ​តាម​កាលៈទេសៈ។

ចូរ​បង្រៀន​ដោយ​ប្រើ​ពាក្យ​សម្ដី​ដ៏​ស្រួល​យល់

៤, ៥. (​ក​) ហេតុ​អ្វី​ក៏​ពាក្យ​សម្ដី​ដ៏​ស្រួល​យល់​ជា​លក្ខណៈ​ដ៏​សំខាន់​នៃ​សេចក្ដី​ពិត​ក្នុង​ព្រះ​គម្ពីរ? (​ខ​) ដើម្បី​បង្រៀន​ដោយ​ប្រើ​ពាក្យ​សម្ដី​ដ៏​ស្រួល​យល់ ហេតុ​អ្វី​ក៏​សំខាន់​ដែល​យើង​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​ដែល​យើង​ប្រើ?

សេចក្ដី​ពិត​បឋម​ក្នុង​ព្រះ​បន្ទូល​គឺ​មិន​ស្មុគ​ស្មាញ​ទេ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​អធិស្ឋាន​ថា​៖ ​«​ទូល​បង្គំ​សរសើរ​ដល់​ទ្រង់ ដោយ​ព្រោះ​ទ្រង់​លាក់​សេចក្ដី​ទាំង​នេះ​នឹង​ពួក​អ្នក​ប្រាជ្ញ ហើយ​នឹង​ពួក​ឈ្លាស​វៃ តែ​បាន​សំដែង​ឲ្យ​ពួក​កូន​ក្មេង​យល់​វិញ​»។ (​ម៉ាថាយ ១១:២៥​) ព្រះ​យេហូវ៉ា​បាន​បើក​សម្ដែង​ឲ្យ​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប​និង​ចិត្ត​ស្មោះ​ស​ជ្រាប​ដឹង​នូវ​គោល​បំណង​របស់​ទ្រង់។ (​កូរិនថូស​ទី​១ ១:២៦​-​២៨​) ដូច្នេះ​ហើយ ពាក្យ​សម្ដី​ដ៏​ស្រួល​យល់​គឺ​ជា​លក្ខណៈ​ដ៏​សំខាន់​នៃ​សេចក្ដី​ពិត​ក្នុង​ព្រះ​គម្ពីរ។

ពេល​ដែល​អ្នក​នាំ​មុខ​ការ​សិក្សា​ព្រះ​គម្ពីរ​តាម​ផ្ទះ ឬ​ត្រឡប់​ទៅ​ជួប​អ្នក​ចាប់​អារម្មណ៍​វិញ តើ​អ្នក​អាច​បង្រៀន​ដោយ​ប្រើ​ពាក្យ​សម្ដី​ដ៏​ស្រួល​យល់​យ៉ាង​ដូច​ម្ដេច? តើ​យើង​បាន​រៀន​អ្វី​ពី​ព្រះ​យេស៊ូ​ដែល​ជា​អ្នក​បង្រៀន​ដ៏​ឧត្តម​នោះ? ព្រះ​យេស៊ូ​បាន​ប្រើ​ពាក្យ​ដ៏​ស្រួល​យល់​ដើម្បី​ប្រាកដ​ថា មនុស្ស​អាច​ស្ដាប់​យល់​បាន​ច្បាស់ ដ្បិត​ពួក​គេ​ជា​ច្រើន​«​ជា​មនុស្ស​មិន​សូវ​ចេះ​ជ្រៅ​ជ្រះ​»។ (​កិច្ច​ការ ៤:១៣​) ដូច្នេះ តម្រូវ​ការ​ដំបូង​ដើម្បី​បង្រៀន​ដោយ​ប្រើ​ពាក្យ​សម្ដី​ដ៏​ស្រួល​យល់ គឺ​ត្រូវ​ប្រយ័ត្ន​ប្រយែង​នឹង​ពាក្យ​ដែល​យើង​ប្រើ។ យើង​មិន​ចាំ​បាច់​ប្រើ​ពាក្យ​ឬ​ឃ្លា​ដ៏​ជ្រៅ​ៗ ដើម្បី​ធ្វើ​ឲ្យ​អ្នក​ដទៃ​ជឿ​លើ​សេចក្ដី​ពិត​នៃ​បន្ទូល​របស់​ព្រះ​ឡើយ។ ​«​សំនួន​វោហារ​»​បែប​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ដទៃ​រវាត​ចិត្ត ជា​ពិសេស​អស់​អ្នក​ដែល​ឥត​សូវ​ចេះ​ជ្រៅ​ជ្រះ ឬ​ពុំ​សូវ​មាន​សមត្ថភាព​នោះ។ (​កូរិនថូស​ទី​១ ២:១, ២, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ​) គំរូ​របស់​ព្រះ​យេស៊ូ​បង្ហាញ​ថា ការ​ជ្រើស​រើស​ពាក្យ​ដ៏​ស្រួល​យល់​មាន​ប្រសិទ្ធភាព​ច្រើន​បំផុត ក្នុង​ការ​និយាយ​អំពី​សេចក្ដី​ពិត​នោះ។

៦. តើ​តាម​របៀប​ណា​ដែល​យើង​អាច​ជៀស​វាង​ការ​ផ្ដល់​ពត៌មាន​ច្រើន​ពេក​ដល់​សិស្ស​ព្រះ​គម្ពីរ?

ដើម្បី​បង្រៀន​ដោយ​ប្រើ​ពាក្យ​សម្ដី​ដ៏​ស្រួល​យល់ យើង​ក៏​ត្រូវ​ប្រយ័ត្ន​កុំ​បង្រៀន​ពត៌មាន​ច្រើន​ពេក​ដល់​សិស្ស​ព្រះ​គម្ពីរ​របស់​យើង។ ព្រះ​យេស៊ូ​ទ្រង់​យល់​ដល់​កំរិត​សមត្ថភាព​នៃ​ពួក​សិស្ស​របស់​ទ្រង់។ (​យ៉ូហាន ១៦:១២​) យើង​ក៏​ត្រូវ​យល់​ដល់​កំរិត​សមត្ថភាព​របស់​សិស្ស​យើង​ដែរ។ ជា​ឧទាហរណ៍ ពេល​បង្រៀន​សិស្ស​ដោយ​ប្រើ​សៀវភៅ​ចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់​កល្ប​ជា​និច្ច យើង​មិន​ចាំ​បាច់​ពន្យល់​នូវ​ពត៌មាន​សព្វ​គ្រប់​នោះ​ទេ។ a ហើយ​យើង​ក៏​មិន​គួរ​បង្រៀន​លឿន​ពេក ដូច​ជា​ចាត់​ទុក​ការ​បង្រៀន​ពត៌មាន​ឲ្យ​បាន​ច្រើន​គឺ​សំខាន់​បំផុត​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ យក​ល្អ​យើង​គួរ​គិត​អំពី​តម្រូវ​ការ​របស់​សិស្ស និង​សមត្ថភាព​របស់​គាត់​វិញ។ គោល​ដៅ​របស់​យើង​គឺ​ដើម្បី​ជួយ​សិស្ស ឲ្យ​ក្លាយ​ទៅ​ជា​សិស្ស​ម្នាក់​របស់​ព្រះ​គ្រីស្ទ និង​ជា​អ្នក​ថ្វាយ​បង្គំ​របស់​ព្រះ​យេហូវ៉ា។ យើង​ត្រូវ​ចំណាយ​ពេល​វេលា​ដែល​ត្រូវ​ការ ដើម្បី​ជួយ​សិស្ស​ដែល​ចាប់​អារម្មណ៍ ឲ្យ​យល់​បាន​យ៉ាង​ច្បាស់​នូវ​អ្វី​ដែល​គាត់​កំពុង​តែ​រៀន។ ដូច្នេះ​ហើយ សេចក្ដី​ពិត​អាច​ជ្រួត​ជ្រាប​ចូល​ក្នុង​ចិត្ត ហើយ​ជំរុញ​គាត់​ឲ្យ​ប្រព្រឹត្ត​តាម​អ្វី​ដែល​គាត់​បាន​រៀន។—រ៉ូម ១២:២

៧. តើ​មាន​យោបល់​អ្វី​ខ្លះ ដែល​អាច​ជួយ​យើង​បង្រៀន​ដោយ​ប្រើ​ពាក្យ​សម្ដី​ដ៏​ស្រួល​យល់​ពេល​ថ្លែង​សុន្ទរកថា​ក្នុង​ក្រុម​ជំនុំ?

ពេល​ដែល​យើង​ថ្លែង​សុន្ទរកថា​ក្នុង​ក្រុម​ជំនុំ ជា​ពិសេស​បើ​មាន​អ្នក​ថ្មី​កំពុង​តែ​ស្ដាប់ តើ​តាម​របៀប​ណា​ដែល​យើង​អាច​ប្រើ​ពាក្យ​ដែល​គេ​«​ស្ដាប់​បាន​»​? (​កូរិនថូស​ទី​១ ១៤:៩​) ចូរ​ពិនិត្យ​នូវ​យោបល់​បី​យ៉ាង​ដែល​មាន​ប្រយោជន៍។ មុន​ដំបូង ចូរ​ពន្យល់​ពាក្យ​ណា​ដែល​អ្នក​នឹង​ប្រើ​ដែល​ពួក​គេ​មិន​ស្គាល់។ ការ​យល់​ដឹង​អំពី​ព្រះ​បន្ទូល​របស់​ព្រះ បាន​នាំ​ឲ្យយើង​រៀន​នូវ​ពាក្យ​ប្លែក​ៗ។ ប្រសិន​បើ​យើង​ប្រើ​ពាក្យ​ដូច​ជា ‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ› ​«​ចៀម​ឯ​ទៀត​»​ និង​«​បាប៊ីឡូន​ដ៏​ធំ​»​ យើង​ប្រហែល​ជា​ត្រូវ​ពន្យល់​ពួក​គេ​ដោយ​ប្រើ​ឃ្លា​ដ៏​ស្រួល​យល់​ដែល​ធ្វើ​ឲ្យ​អត្ថន័យ​បាន​យល់​ច្បាស់។ ទី​ពីរ ចៀស​វាង​កុំ​ប្រើ​ពាក្យ​ច្រើន​ពេក​ដែល​ឥត​បាន​ការ។ ការ​និយាយ​ច្រើន​ពេក ហើយ​បរិយាយ​យ៉ាង​ល្អិត​ល្អន់ ធ្វើ​ឲ្យ​អ្នក​ស្ដាប់​លែង​មាន​ការ​ចាប់​អារម្មណ៍​វិញ។ ពាក្យ​សម្ដី​របស់​យើង​នឹង​មាន​ន័យ​ច្បាស់​លាស់ បើ​យើង​កំចាត់​ចោល​ពាក្យ​និង​ឃ្លា​ដែល​មិន​ចាំ​បាច់​នោះ។ ទី​បី កុំ​ខំ​លើក​ឡើង​នូវ​ចំណុច​ច្រើន​ពេក។ ការ​ស្រាវ​ជ្រាវ​របស់​យើង​ប្រហែល​ជា​នាំ​ឲ្យ​មាន​ពត៌មាន​ល្អិត​ល្អន់​ជា​ច្រើន​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍។ ប៉ុន្តែ​យក​ល្អ​យើង​គួរ​រៀបចំ​ពត៌មាន​ដោយ​មាន​ចំណុច​សំខាន់​ៗ​ពីរ​បី ដោយ​ប្រើ​តែ​ពត៌មាន​ដែល​គាំទ្រ​ចំណុច​ទាំង​នោះ ហើយ​ដែល​អាច​ពន្យល់​បាន​ច្បាស់​លាស់​ក្នុង​រយៈ​ពេល​កំណត់​នោះ។

ការ​ប្រើ​សំនួរ​តាម​របៀប​ដែល​មាន​ប្រសិទ្ធភាព

៨, ៩. តើ​តាម​របៀប​ណា​ដែល​យើង​អាច​សួរ​សំនួរ ដែល​ត្រូវ​នឹង​ចំណាប់​អារម្មណ៍​របស់​ម្ចាស់​ផ្ទះ​ណា​មួយ? សូម​ឲ្យ​ឧទាហរណ៍។

ចូរ​នឹក​ចាំ​ថា​ព្រះ​យេស៊ូ​ពូកែ​ប្រើ​សំនួរ​ណាស់ ដើម្បី​ឲ្យ​ពួក​សិស្ស​របស់​ទ្រង់​ប្រាប់​ពី​គំនិត​របស់​ខ្លួន និង​ដាស់​សតិ​ព្រម​ទាំង​អប់រំ​គំនិត​របស់​ពួក​គេ។ ដោយ​ប្រើ​សំនួរ នោះ​ព្រះ​យេស៊ូ​បាន​មាន​អានុភាព​លើ​ចិត្ត​គំនិត​របស់​ពួក​គេ​ដោយ​មិន​បង្ខំ​ពួក​គេ​ឡើយ។ (​ម៉ាថាយ ១៦:១៣, ១៥; យ៉ូហាន ១១:២៦​) តើ​យើង​អាច​ប្រើ​សំនួរ​តាម​របៀប​ដែល​មាន​ប្រសិទ្ធភាព​ដូច​ព្រះ​យេស៊ូ​យ៉ាង​ដូច​ម្ដេច?

ពេល​ដែល​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ នោះ​យើង​អាច​ប្រើ​សំនួរ​ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​ចាប់​អារម្មណ៍ ដោយ​រៀបចំ​ផ្លូវ​ឲ្យ​យើង​និយាយ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ តើ​យើង​អាច​ជ្រើស​រើស​សំនួរ ដែល​ជា​ទី​ចាប់​អារម្មណ៍​សំរាប់​ម្ចាស់​ផ្ទះ​នោះ​តាម​របៀប​ណា? ចូរ​ចេះ​សង្កេត។ ពេល​ដើរ​ឆ្ពោះ​ទៅ​ផ្ទះ​ណា​មួយ ចូរ​ពិនិត្យ​មើល​នូវ​បរិវេណ​ផ្ទះ។ តើ​មាន​គ្រឿង​ប្រដាប់​ក្មេង​លេង​នៅ​មុខ​ផ្ទះ ដែល​បង្ហាញ​ថា​មាន​កូន​ចៅ​ក្នុង​គ្រួសារ​នេះ​ឬ​ទេ? បើ​មាន​មែន យើង​អាច​សួរ​សំនួរ​ថា​៖ ‹តើ​អ្នក​ដែល​ឆ្ងល់​ថា ពិភព​លោក​នឹង​មាន​ស្ថានភាព​យ៉ាង​ណា​ពេល​កូន​របស់​អ្នក​ធំ​ឡើង​ទេ›?។ (​ទំនុក​ដំកើង ៣៧:១០, ១១​) តើ​មាន​សោ​ច្រើន​នៅ​លើ​ទ្វារ ឬ​មាន​ប្រព័ន្ធ​ការ​ពារ​បែប​អេឡិចត្រូនិច​ឬ​ទេ? យើង​អាច​សួរ​ថា​៖ ‹តើ​អ្នក​គិត​ថា​នឹង​មាន​ពេល​ណា​មួយ ដែល​យើង​គ្រប់​គ្នា​មាន​សុវត្ថិភាព​ក្នុង​ផ្ទះ​និង​នៅ​តាម​ផ្លូវ​ឬ​ទេ?›។ (​មីកា ៤:៣, ៤​) តើ​មាន​ច្រក​ដែល​បង្ហាញ​ថា​មាន​កៅអី​សំរាប់​អ្នក​ពិការ​ជិះ​ចេញ​ចូល​ឬ​ទេ? យើង​អាច​សួរ​ថា​៖ ‹តើ​នឹង​មាន​គ្រា​មួយ​ដែល​មនុស្ស​គ្រប់​គ្នា​មាន​សុខភាព​ល្អ​ឬ​ទេ?›។ (​អេសាយ ៣៣:២៤​) យោបល់​ជា​ច្រើន​អាច​រក​ឃើញ​ក្នុង​កូន​សៀ​ភៅ​របៀប​ចាប់​ផ្ដើម​និង​បន្ត​ការ​ពិគ្រោះ​គ្នា​អំពី​ព្រះ​គម្ពីរ។ b

១០. តើ​តាម​របៀប​ណា​ដែល​យើង​អាច​ប្រើ​សំនួរ ដើម្បី​«​ដង​ឡើង​»​នូវ​គំនិត​និង​អារម្មណ៍​របស់​សិស្ស​ព្រះ​គម្ពីរ? ប៉ុន្តែ តើ​យើង​គួរ​ចង​ចាំ​ទុក​អ្វី?

១០ តើ​យើង​អាច​ប្រើ​សំនួរ​តាម​របៀប​ដែល​មាន​ប្រសិទ្ធភាព​យ៉ាង​ណា ពេល​នាំ​មុខ​បង្រៀន​សិស្ស​ព្រះ​គម្ពីរ? យើង​មិន​អាច​ស្គាល់​ចិត្ត​មនុស្ស​ដូច​ព្រះ​យេស៊ូ​នោះ​ទេ។ ប៉ុន្តែ ការ​ប្រើ​សំនួរ​ដែល​ចេះ​គិត​ពិចារណា​និង​ដោយ​ប៉ិន​ប្រសប់ នឹង​ជួយ​យើង​ឲ្យ​«​ដង​ឡើង​»​នូវ​គំនិត​និង​អារម្មណ៍​នៃ​ចិត្ត​របស់​សិស្ស​នោះ។ (​សុភាសិត ២០:៥​) ជា​ឧទាហរណ៍ ឧបមា​ថា​យើង​កំពុង​តែ​សិក្សា​ក្នុង​សៀវភៅ​ចំណេះ ក្នុង​ជំពូក​«​ហេតុ​ដែល​ការ​រស់​នៅ​តាម​ផ្លូវ​របស់​ព្រះ​នាំ​ឲ្យ​មាន​សុភមង្គល​»។ ជំពូក​នេះ​ពិគ្រោះ​នូវ​ទស្សនៈ​របស់​ព្រះ​ចំពោះ​រឿង​ភាព​ឥត​ទៀង​ត្រង់ អំពើ​សហាយ​ស្មន់ និង​រឿង​ផ្សេង​ៗ​ទៀត​ជា​ដើម។ សិស្ស​នេះ​ប្រហែល​ឆ្លើយ​សំនួរ​បាន​ត្រឹម​ត្រូវ ប៉ុន្តែ តើ​គាត់​យល់​ព្រម​នឹង​អ្វី​ដែល​គាត់​កំពុង​តែ​រៀន​នោះ​ទេ? យើង​អាច​សួរ​ថា​៖ ‹ចំពោះ​អ្នក តើ​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​រឿង​បែប​នេះ គឺ​សម​ហេតុ​ផល​ឬ​ទេ?›។ ‹តើ​អ្នក​អាច​អនុវត្ត​តាម​គោល​ការណ៍​ទាំង​នេះ​បាន​យ៉ាង​ដូច​ម្ដេច?›។ ប៉ុន្តែ ចូរ​កុំ​ភ្លេច​បង្ហាញ​ការ​គោរព ចំពោះ​សិស្ស​នោះ​ទាំង​ផ្ដល់​ឲ្យ​កិត្ដិយស​ចំពោះ​គាត់។ យើង​មិន​ចង់​សួរ​សំនួរ​ដែល​ធ្វើ​ឲ្យ​សិស្ស​នោះ​អាម៉ាស់​មុខ​នោះ​ទេ។—សុភាសិត ១២:១៨

១១. តើ​តាម​របៀប​ណា​ដែល​អ្នក​ថ្លែង​សុន្ទរកថា​សាធារណៈ អាច​ប្រើ​សំនួរ​តាម​របៀប​ដែល​មាន​ប្រសិទ្ធភាព?

១១ អ្នក​ថ្លែង​សុន្ទរកថា​សាធារណៈ ក៏​អាច​ប្រើ​សំនួរ​តាម​របៀប​ដែល​មាន​ប្រសិទ្ធភាព​ដែរ។ សំនួរ​ត្រិះរិះ​ជា​សំនួរ​ម្យ៉ាង​ដែល​ពុំ​តម្រូវ​ឲ្យ​អ្នក​ស្ដាប់​ឆ្លើយ​ដោយ​ឮ​ៗ​ទេ តែ​សំនួរ​ត្រិះរិះ​អាច​ជួយ​អ្នក​ស្ដាប់​ឲ្យ​គិត​និង​វែក​ញែក​ដែរ។ ម្ដង​ម្កាល​ព្រះ​យេស៊ូ​បាន​ប្រើ​សំនួរ​បែប​នេះ។ (​ម៉ាថាយ ១១:៧​-​៩​) ម្យ៉ាង​ទៀត ក្រោយ​ពី​និយាយ​ពាក្យ​ផ្ដើម អ្នក​ថ្លែង​សុន្ទរកថា​អាច​ប្រើ​សំនួរ​ដើម្បី​បញ្ជាក់​នូវ​ចំណុច​សំខាន់​ៗ​ដែល​នឹង​ត្រូវ​ពិគ្រោះ។ គាត់​អាច​និយាយ​ថា​៖ ​«​ក្នុង​ការ​ពិគ្រោះ​របស់​យើង​ថ្ងៃ​នេះ​យើង​នឹង​ពិនិត្យ​មើល​ចម្លើយ​ចំពោះ​សំនួរ​ដែល​មាន​ដូច​ត​ទៅ​នេះ . . . ​»។ រួច​មក ក្នុង​សេចក្ដី​បញ្ចប់ គាត់​អាច​សួរ​សំដៅ​ទៅ​សំនួរ​ទាំង​នេះ ដើម្បី​មើល​សា​ឡើង​វិញ​នូវ​ចំណុច​សំខាន់​ៗ។

១២. ចូរ​ឲ្យ​ឧទាហរណ៍ ដើម្បី​បង្ហាញ​នូវ​របៀប​ដែល​អ្នក​ចាស់​ទុំ​គ្រីស្ទាន អាច​ប្រើ​សំនួរ​ដើម្បី​ជួយ​អ្នក​ជឿ​គ្នី​គ្នា​ទទួល​បាន​ការ​សម្រាល​ទុក្ខ​ពី​បន្ទូល​របស់​ព្រះ។

១២ ពួក​អ្នក​ចាស់​ទុំ​គ្រីស្ទាន​អាច​ប្រើ​សំនួរ​ក្នុង​កិច្ច​ការ​គង្វាល​របស់​ខ្លួន ដើម្បី​ជួយ‹មនុស្ស​ដែល​បាក់​ទឹក​ចិត្ត›ទទួល​នូវ​ការ​សម្រាល​ទុក្ខ​ពី​បន្ទូល​របស់​ព្រះ​យេហូវ៉ា។ (​ថែស្សាឡូនីច​ទី​១ ៥:១៤​) ជា​ឧទាហរណ៍ ដើម្បី​ជួយ​អ្នក​ដែល​បាក់​ទឹក​ចិត្ត អ្នក​ចាស់​ទុំ​ម្នាក់​អាច​លើក​ឡើង​នូវ​ទំនុក​ដំកើង ៣៤:១៨ ដែល​ចែង​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​គង់​ជិត​បង្កើយ​នឹង​អស់​អ្នក​ដែល​មាន​ចិត្ត​សង្រេង ហើយ​ទ្រង់​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក ដែល​មាន​វិញ្ញាណ​ទន់​ទាប​»។ ដើម្បី​ធ្វើ​ឲ្យ​បុគ្គល​ដែល​បាក់​ទឹក​ចិត្ត​នេះ​ដឹង​ប្រាកដ​ថា សេចក្ដី​នេះ​ទាក់​ទង​នឹង​គាត់ នោះ​អ្នក​ចាស់​ទុំ​អាច​សួរ​ថា​៖ ‹តើ​ព្រះ​យេហូវ៉ា​គង់​នៅ​ជិត​អ្នក​ណា? តើ​នៅ​ពេល​ខ្លះ​អ្នក​មាន​«​ចិត្ត​សង្រេង​»​និង​មាន​«​វិញ្ញាណ​ទន់​ទាប​»​ឬ​ទេ?›។ បើ​ព្រះ​យេហូវ៉ា​គង់​នៅ​ជិត​បុគ្គល​បែប​នេះ​ដូច​ព្រះ​គម្ពីរ​ចែង​នោះ តើ​នេះ​មាន​ន័យ​ថា​ទ្រង់​គង់​នៅ​ជិត​អ្នក​ដែរ មែន​ទេ?›។ ការ​ផ្ដល់​ទំនុក​ចិត្ត​យ៉ាង​ជឿ​ជាក់​បែប​នេះ អាច​បង្កើន​ការ​លើក​ទឹក​ចិត្ត​អ្នក​ដែល​មាន​ចិត្ត​សោក​សង្រេង។—អេសាយ ៥៧:១៥

ការ​វែក​ញែក​ដែល​សម​ហេតុ​ផល

១៣, ១៤. (​ក​) តើ​យើង​អាច​វែក​ញែក​នឹង​បុគ្គល​ម្នាក់​យ៉ាង​ណា ពេល​គាត់​និយាយ​ថា​គាត់​មិន​ជឿ​លើ​ព្រះ​ដែល​គាត់​ពុំ​អាច​មើល​ឃើញ​នោះ? (​ខ​) ហេតុ​អ្វី​ក៏​យើង​មិន​សង្ឃឹម​ថា​មនុស្ស​គ្រប់​គ្នា​នឹង​ជឿ​នោះ?

១៣ នៅ​ក្នុង​កិច្ច​បំរើ​ផ្សាយ យើង​ចង់​មាន​អានុភាព​ដ៏​ល្អ​លើ​ចិត្ត​មនុស្ស ដោយ​ប្រើ​ការ​វែក​ញែក​ដែល​ត្រឹម​ត្រូវ និង​ដែល​គួរ​ជឿ​ដែរ។ (​កិច្ច​ការ ១៩:៨; ២៨:២៣, ២៤​) តើ​នេះ​បាន​សេចក្ដី​ថា យើង​ត្រូវ​តែ​រៀន​ឲ្យ​ចេះ​ប្រើ​ការ​វែក​ញែក​ដ៏​ស្មុគ​ស្មាញ ដើម្បី​ធ្វើ​ឲ្យ​អ្នក​ដទៃ​ជឿ​សេចក្ដី​ពិត​អំពី​បន្ទូល​របស់​ព្រះ​ឬ​ទេ? មិន​មែន​ដូច្នោះ​ទេ! ការ​វែក​ញែក​ត្រឹម​ត្រូវ​មិន​តម្រូវ​ឲ្យ​ស្មុគ​ស្មាញ​នោះ​ទេ។ ការ​វែក​ញែក​ដែល​សម​ហេតុ​ផល និង​ស្រួល​យល់ តែង​មាន​ប្រសិទ្ធភាព​ជា​និច្ច។ ចូរ​ពិនិត្យ​មើល​នូវ​ឧទាហរណ៍​មួយ។

១៤ តើ​យើង​អាច​តប​ឆ្លើយ​យ៉ាង​ណា បើ​បុគ្គល​ម្នាក់​និយាយ​ថា​គាត់​ឥត​ជឿ​លើ​ព្រះ​ដែល​គាត់​មើល​ពុំ​ឃើញ​នោះ? យើង​អាច​វែក​ញែក​លើ​ច្បាប់​ធម្មជាតិ​នៃ​បុព្វហេតុ​និង​លទ្ធផល។ ពេល​ដែល​យើង​សង្កេត​មើល​នូវ​លទ្ធផល នោះ​យើង​យល់​ព្រម​ថា​មាន​បុព្វហេតុ​មែន។ យើង​អាច​និយាយ​ថា​៖ ‹បើ​អ្នក​នៅ​កន្លែង​ដាច់​ស្រយាល ហើយ​បាន​ឃើញ​ផ្ទះ​ដែល​បាន​សាង​សង់​យ៉ាង​ល្អ​មួយ ដែល​មាន​អាហារ​គ្រប់​មុខ​ក្នុង​នោះ (​លទ្ធផល​) អ្នក​ច្បាស់​ជា​នឹង​យល់​ព្រម​ថា​បុគ្គល​ម្នាក់ (​បុព្វហេតុ​) បាន​សង់​ផ្ទះ​នោះ និង​បាន​ដាក់​ម្ហូប​អាហារ​ក្នុង​នោះ​ហើយ។ ដូច្នេះ​ដែរ ពេល​អ្នក​ឃើញ​ការ​បង្កើត​ក្នុង​ធម្មជាតិ និង​ម្ហូប​អាហារ​ដ៏​បរិបូរ (​លទ្ធផល​) នេះ​គឺ​សម​ហេតុ​ផល​ដែល​ថា​មាន​បុគ្គល​ម្នាក់ (​បុព្វហេតុ​)ជា​អ្នក​បង្កើត​នោះ›។ ការ​វែក​ញែក​របស់​ព្រះ​គម្ពីរ​ចែង​យ៉ាង​ច្បាស់​ថា​៖ ​«​ព្រោះ​គ្រប់​ទាំង​ផ្ទះ​តែង​មាន​គេ​ធ្វើ តែ​ឯ​អ្នក​ដែល​បាន​ធ្វើ​គ្រប់​របស់​ទាំង​អស់ នោះ​គឺ​ជា​ព្រះ​វិញ​»។ (​ហេព្រើរ ៣:៤​) ប៉ុន្តែ ទោះ​ជា​មាន​ការ​វែក​ញែក​ដ៏​ល្អ​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​មែន​មនុស្ស​គ្រប់​គ្នា​ជឿ​នោះ​ទេ។ ព្រះ​គម្ពីរ​រំឭក​យើង​ថា​មាន​តែ​អស់​អ្នក​ដែល‹សម​ទទួល​ជីវិត​ជា​រៀង​រហូត› ដែល​នឹង​ក្លាយ​ទៅ​ជា​អ្នក​ជឿ​នោះ។—កិច្ច​ការ ១៣:៤៨; ថែស្សាឡូនីច​ទី​២ ៣:២

១៥. តើ​ការ​វែក​ញែក​បែប​ណា ដែល​យើង​អាច​ប្រើ​ដើម្បី​បញ្ជាក់​នូវ​គុណ​សម្បត្ដិ​និង​ផ្លូវ​របស់​ព្រះ​យេហូវ៉ា? តើ​មាន​ឧទាហរណ៍​ពីរ​ណា​ដែល​បង្ហាញ​នូវ​របៀប​ដែល​យើង​អាច​វែក​ញែក​បែប​នេះ?

១៥ ក្នុង​សេចក្ដី​បង្រៀន​របស់​យើង ទោះ​ជា​ក្នុង​កិច្ច​បំរើ​ផ្សាយ​ឬ​ក្នុង​ក្រុម​ជំនុំ យើង​អាច​ប្រើ​ការ​វែក​ញែក​សម​ហេតុ​ផល ដើម្បី​បញ្ជាក់​នូវ​គុណ​សម្បត្ដិ​និង​ការ​ប្រព្រឹត្ត​របស់​ព្រះ​យេហូវ៉ា។ ការ​វែក​ញែក​ដែល​មាន​ប្រសិទ្ធភាព​ច្រើន គឺ​ការ​ប្រើ​ឃ្លា​ដែល​ថា‹ជាង​អម្បាលម៉ាន​ទៅ​ទៀត› ដែល​ព្រះ​យេស៊ូ​បាន​ប្រើ​យូរ​ៗ​ម្ដង​នោះ។ (​លូកា ១១:១៣; ១២:២៤​) ការ​វែក​ញែក​បែប​នេះ​ដែល​មាន​មូលដ្ឋាន​លើ​ការ​ប្រៀប​ធៀប គឺ​ធ្វើ​ឲ្យ​ពត៌មាន​ផ្ដិត​ជាប់​ក្នុង​គំនិត។ ដើម្បី​បង្ហាញ​នូវ​ភាព​មិន​ទំនង​នៃ​លទ្ធិ​ភ្លើង​នរក យើង​អាច​និយាយ​ថា​៖ ‹គ្មាន​ឪពុក​ណា​ដែល​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ នឹង​ធ្វើ​ទារុណកម្ម​ដល់​កូន​គាត់ ដោយ​យក​ដៃ​កូន​ដាក់​លើ​ភ្លើង​ទេ។ បើ​គ្រាន់​តែ​គិត​អំពី​ភ្លើង​នរក ច្បាស់​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ​វរបិតា​ដែល​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ជាង​អម្បាលម៉ាន​ទៅ​ទៀត!›។ (​យេរេមា ៧:៣១​) ដើម្បី​បង្រៀន​ថា​ព្រះ​យេហូវ៉ា​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​អ្នក​បំរើ​ម្នាក់​ៗ​របស់​ទ្រង់ យើង​អាច​ពោល​ថា​៖ ‹បើ​ព្រះ​យេហូវ៉ា​ស្គាល់​ឈ្មោះ​ផ្កាយ​មួយ​រយ​លាន​កោដិ តើ​ទ្រង់​នឹង​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​មនុស្ស​ដែល​ស្រឡាញ់​ទ្រង់​ជាង​អម្បាលម៉ាន​ណា​ទៅ​ទៀត ដែល​ទ្រង់​បាន​ទិញ​ពួក​គេ​ដោយ​ប្រើ​លោហិត​ដ៏​មាន​តម្លៃ​របស់​រាជបុត្រា​ទ្រង់​នោះ!›។ (​អេសាយ ៤០:២៦; កិច្ច​ការ ២០:២៨​) ការ​វែក​ញែក​ដែល​មាន​ឥទ្ធិពល​បែប​នេះ អាច​ជួយ​យើង​មាន​អានុភាព​លើ​ចិត្ត​របស់​មនុស្ស។

រឿង​ប្រៀប​ប្រដូច​ដែល​ត្រូវ​តាម​កាលៈទេសៈ

១៦. ហេតុ​អ្វី​បាន​ជា​រឿង​ប្រៀប​ប្រដូច សំខាន់​ចំពោះ​ការ​បង្រៀន?

១៦ រឿង​ប្រៀប​ប្រដូច​ដែល​មាន​ប្រសិទ្ធភាព គឺ​ហាក់​ដូច​ជា​គ្រឿង​ទេស​ដែល​ធ្វើ​ឲ្យ​ការ​បង្រៀន​របស់​យើង ប្រៀប​ដូច​ជា​មាន​ភាពឈ្ងុយ​ឆ្ងាញ់​គួរ​ឲ្យ​ចង់​ស្ដាប់។ ហេតុ​អ្វី​បាន​ជា​រឿង​ប្រៀប​ប្រដូច​មាន​តម្លៃ​ម្ល៉េះ​ក្នុង​ការ​បង្រៀន? អ្នក​អប់រំ​ម្នាក់​បាន​កត់​សម្គាល់​ថា​៖ ​«​សមត្ថភាព​គិត​ដោយ​មិន​អាច​គិត​ឃើញ​ទិដ្ឋភាព ជា​អ្វី​ដ៏​ពិបាក​បំផុត​ចំពោះ​មនុស្ស​»។ រឿង​ប្រៀប​ប្រដូច​ធ្វើ​ឲ្យ​រូប​ភាព​ផ្ដិត​ជាប់​ក្នុង​គំនិត​យើង ជួយ​យើង​ឲ្យ​យល់​បាន​ច្បាស់​លាស់​នូវ​ពត៌មាន​ថ្មី​ៗ។ ព្រះ​យេស៊ូ​ពូកែ​ប្រើ​រឿង​ប្រៀប​ប្រដូច​ណាស់។ (​ម៉ាកុស ៤:៣៣, ៣៤​) យើង​សូម​ពិនិត្យ​មើល​នូវ​របៀប​ដែល​យើង​អាច​ប្រើ​វិធី​បង្រៀន​នេះ។

១៧. តើ​កត្ដា​បួន​អ្វី​ដែល​ធ្វើ​ឲ្យ​រឿង​ប្រៀប​ប្រដូច​មាន​ប្រសិទ្ធភាព?

១៧ តើ​អ្វី​ដែល​ធ្វើ​ឲ្យ​រឿង​ប្រៀប​ប្រដូច​មាន​ប្រសិទ្ធភាព​ម្ល៉េះ? មុន​ដំបូង រឿង​ប្រៀប​ប្រដូច​នោះ​ត្រូវ​ស្រួល​យល់​ចំពោះ​ពួក​អ្នក​ស្ដាប់​របស់​យើង គឺ​ដោយ​និយាយ​ពី​កាលៈទេសៈ​ដែល​ពួក​អ្នក​ស្ដាប់​របស់​យើង​ស្គាល់។ យើង​នឹក​ចាំ​ថា ព្រះ​យេស៊ូ​ប្រឌិត​រឿង​ប្រៀប​ប្រដូច​ដែល​ផ្អែក​លើ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួក​អ្នក​ស្ដាប់​របស់​ទ្រង់។ ទី​ពីរ រឿង​ប្រៀប​ប្រដូច​គួរ​តែ​សម​នឹង​ចំណុច​ដែល​យើង​កំពុង​តែ​ពន្យល់។ បើ​ការ​ប្រៀប​ធៀប​មិន​សម​គ្នា​ទេ នោះ​គ្រាន់​តែ​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ពិបាក​យល់​តែ​ប៉ុណ្ណោះ។ ទី​បី រឿង​ប្រៀប​ប្រដូច​មិន​គួរ​រួម​បញ្ចូល​ពត៌មាន​ច្រើន​ពេក​ឡើយ។ ចូរ​នឹក​ចាំ​ថា ព្រះ​យេស៊ូ​បាន​ប្រទាន​នូវ​ពត៌មាន​ចាំ​បាច់ ហើយ​មិន​រួម​បញ្ចូល​ពត៌មាន​ដែល​ឥត​ចាំ​បាច់​នោះ​ទេ។ ទី​បួន ពេល​យើង​ប្រើ​រឿង​ប្រៀប​ប្រដូច យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ថា​អត្ថន័យ​គឺ​ច្បាស់​លាស់។ បើ​មិន​ដូច្នេះ​ទេ អ្នក​ខ្លះ​ពុំ​អាច​យល់​ចំណុច​សំខាន់​ឡើយ។

១៨. តើ​យើង​អាច​ប្រឌិត​រឿង​ប្រៀប​ប្រដូច​ដែល​ត្រូវ​តាម​កាលៈទេសៈ​យ៉ាង​ដូច​ម្ដេច?

១៨ តើ​យើង​អាច​ប្រឌិត​រឿង​ប្រៀប​ប្រដូច​ដែល​ត្រូវ​តាម​កាលៈទេសៈ​យ៉ាង​ដូច​ម្ដេច? យើង​មិន​ចាំ​បាច់​ប្រឌិត​រឿង​វែង ដែល​មាន​ពត៌មាន​ល្អិត​ល្អន់​នោះ​ទេ។ រឿង​ប្រៀប​ប្រដូច​ខ្លី​មាន​ប្រសិទ្ធភាព​ណាស់។ គ្រាន់​តែ​ខំ​គិត​អំពី​ឧទាហរណ៍​ដែល​បញ្ជាក់​ចំណុច​ដែល​អ្នក​កំពុង​តែ​ពិគ្រោះ​នោះ។ ឧបមា​ថា​យើង​កំពុង​តែ​ពិគ្រោះ​អំពី​ការ​អត់​ឱន​ទោស​របស់​ព្រះ ហើយ​យើង​ចង់​ពន្យល់​ចំណុច​នៅ​កិច្ច​ការ ៣:១៩ ដែល​ចែង​ថា​ព្រះ​យេហូវ៉ា‹លុប​ចោល› ឬ​បំបាត់​ចោល​នូវ​កំហុស​របស់​យើង។ នេះ​គឺ​ជា​ការ​និយាយ​ប្រៀប​ធៀប​ទៅ​ហើយ ប៉ុន្តែ​តើ​មាន​គំរូ​ជាក់​លាក់​ណា​ដែល​យើង​អាច​ប្រើ​ដើម្បី​ពន្យល់​នូវ​ចំណុច​នេះ​ទេ? យើង​អាច​ប្រើ​ជ័រ​លុប ឬ​ក៏​អេប៉ុង។ យើង​អាច​និយាយ​ថា​៖ ‹ពេល​ព្រះ​យេហូវ៉ា​អត់​ឱន​ទោស​ឲ្យ​យើង នេះ​គឺ​ហាក់​ដូច​ជា​ទ្រង់​យក​អេប៉ុង (​ឬ​ជ័រ​លុប​) មក​លុប​កំហុស​នោះ​ចេញ›។ ការ​ប្រើ​រឿង​ប្រៀប​ប្រដូច​បែប​នេះ​គឺ​ស្រួល​យល់​មែន។

១៩, ២០. (​ក​) តើ​យើង​អាច​រក​បាន​រឿង​ប្រៀប​ប្រដូច​ដ៏​ល្អ​ៗ​ពី​ណា? (​ខ​) តើ​មាន​ឧទាហរណ៍​ណា​ខ្លះ​ស្តី​អំពី​រឿង​ប្រៀប​ប្រដូច​ដែល​មាន​ប្រសិទ្ធភាព ដែល​បាន​បោះ​ពុម្ព​ក្នុង​ប្រកាសនវត្ថុ​របស់​យើង? (​សូម​មើល​ប្រអប់​)

១៩ តើ​យើង​អាច​រក​រឿង​ប្រៀប​ប្រដូច​ដែល​ត្រូវ​កាលៈទេសៈ ដែល​ជា​ឧទាហរណ៍​ពិត​ក្នុង​ជីវិត​ពី​កន្លែង​ណា? ចូរ​រក​ឧទាហរណ៍​ក្នុង​ជីវិត​របស់​អ្នក ឬ​ក្នុង​បទ​ពិសោធន៍​និង​ខ្សែ​ជីវិត​នៃ​អ្នក​ជឿ​គ្នី​គ្នា។ យើង​អាច​ជ្រើស​រើស​រឿង​ប្រៀប​ប្រដូច​ពី​ប្រភព​ជា​ច្រើន ដែល​រួម​បញ្ចូល​សត្វ​និង​វត្ថុ​ដែល​គ្មាន​ជីវិត គ្រឿង​ប្រដាប់​ប្រដា​ក្នុង​ផ្ទះ ឬ​ព្រឹត្ដិការណ៍​ថ្មី​ៗ​ដែល​គេ​ដឹង​ទូទៅ​ក្នុង​សហគមន៍។ វិធី​ដ៏​សំខាន់​ដើម្បី​ស្វែង​រក​រឿង​ប្រៀប​ប្រដូច​គឺ​ការ​ចេះ​សង្កេត ដោយ‹ពិនិត្យ​មើល​យ៉ាង​ប្រយ័ត្ន​ប្រយែង›ក្នុង​កាលៈទេសៈ​ប្រចាំ​ថ្ងៃ​នៅ​ជុំ​វិញ​យើង។ (​កិច្ច​ការ ១៧:២២, ២៣​) ឯកសារ​ណែនាំ​មួយ​អំពី​ការ​ថ្លែង​សុន្ទរកថា​ជា​សាធារណៈ ពន្យល់​ថា​៖ ​«​អ្នក​ថ្លែង​សុន្ទរកថា​ដែល​ទស្សនា​អំពី​ជីវិត​មនុស្ស​និង​មុខ​របរ​ផ្សេង​ៗ ហើយ​និយាយ​ជា​មួយ​មនុស្ស​គ្រប់​ប្រភេទ រួច​ពិនិត្យ​ពិច័យ​អ្វី​ផ្សេង​ៗ និង​សួរ​សំនួរ​ទាល់​តែ​គាត់​យល់ នឹង​ប្រមូល​បាន​ពត៌មាន​ច្រើន ដែល​នឹង​ជា​ផល​ប្រយោជន៍​ចំពោះ​គាត់​ពេល​ត្រូវ​ការ​ពត៌មាន​នោះ​»។

២០ គឺ​មាន​ប្រភព​ដ៏​វិសេស​មួយ​ទៀត​នៃ​រឿង​ប្រៀប​ប្រដូច​ដែល​មាន​ប្រសិទ្ធភាព គឺ​ទស្សនាវដ្ដី​ប៉ម​យាម និង​ភ្ញាក់​រឭក! និង​ប្រកាសនវត្ថុ​ផ្សេង​ៗ​ដែល​បាន​ផលិត​ដោយ​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា។ អ្នក​អាច​រៀន​បាន​ច្រើន​ដោយ​សង្កេត​នូវ​របៀប​ដែល​ប្រកាសនវត្ថុ​ទាំង​នេះ ប្រើ​រឿង​ប្រៀប​ប្រដូច​នោះ។ c ជា​ឧទាហរណ៍ ចូរ​មើល​នូវ​រឿង​ប្រៀប​ប្រដូច​ដែល​បាន​ប្រើ​ក្នុង​សៀវភៅ​ចំណេះ នៅ​ជំពូក​ទី​១៧ វគ្គ​ទី​១១។ គឺ​ប្រៀប​ធៀប​នូវ​បុគ្គលិក​លក្ខណៈ​ផ្សេង​ៗ​ក្នុង​ក្រុម​ជំនុំ ទៅ​នឹង​រថ​យន្ត​ផ្សេង ដែល​កំពុង​តែ​ធ្វើ​ដំណើរ​នៅ​ជិត​អ្នក។ តើ​ហេតុ​អ្វី​ក៏​រឿង​ប្រៀប​ប្រដូច​នេះ​មាន​ប្រសិទ្ធភាព​ម្ល៉េះ? ចូរ​កត់​សម្គាល់​ថា រឿង​ប្រៀប​ប្រដូច​នេះ​មាន​មូលដ្ឋាន​លើ​កាលៈទេសៈ​ប្រចាំ​ថ្ងៃ ហើយ​ក៏​ទាក់​ទង​នឹង​ចំណុច​ដែល​កំពុង​តែ​ពិគ្រោះ​នោះ និង​អត្ថន័យ​គឺ​ច្បាស់​មែន។ យើង​អាច​ប្រើ​រឿង​ប្រៀប​ប្រដូច​បែប​នេះ​ក្នុង​ពេល​បង្រៀន ប្រហែល​ជា​កែ​សម្រួល​ទៅ​តាម​តម្រូវ​ការ​នៃ​សិស្ស​ព្រះ​គម្ពីរ ឬ​ក៏​សំរាប់​ប្រើ​ក្នុង​សុន្ទរកថា។

២១. ជា​គ្រូ​បង្រៀន​ដែល​មាន​ប្រសិទ្ធភាព តើ​នោះ​នាំ​ឲ្យ​មាន​ប្រយោជន៍​អ្វី​ខ្លះ?

២១ ការ​ធ្វើ​ជា​គ្រូ​បង្រៀន​ដែល​មាន​ប្រសិទ្ធភាព​គឺ​មាន​ប្រយោជន៍​ច្រើន​ណាស់។ ពេល​យើង​បង្រៀន យើង​ចែក​ប្រាប់​អ្នក​ដទៃ យើង​ប្រើ​ធន​ធាន​របស់​យើង​ដើម្បី​ជួយ​ពួក​គេ។ ការ​ឲ្យ​បែប​នេះ​នាំ​ឲ្យ​យើង​មាន​សុភមង្គល ដ្បិត​ព្រះ​គម្ពីរ​ចែង​ថា​៖ ​«​ដែល​ឲ្យ នោះ​បាន​ពរ​ជា​ជាង​ទទួល​»។ (​កិច្ច​ការ ២០:៣៥​) ជា​គ្រូ​បង្រៀន​នៃ​ព្រះ​បន្ទូល​របស់​ព្រះ នោះ​យើង​មាន​សុភមង្គល​ព្រោះ​យើង​ដឹង​ថា យើង​កំពុង​តែ​ឲ្យ​អ្វី​ដែល​ពិត​ជា​មាន​តម្លៃ គឺ​ជា​សេចក្ដី​ពិត​អំពី​ព្រះ​យេហូវ៉ា។ យើង​ក៏​អាច​មាន​ការ​ស្កប់​ចិត្ត ដោយ​សារ​យើង​ដឹង​ថា យើង​កំពុង​តែ​យក​តម្រាប់​តាម​ព្រះ​យេស៊ូ​គ្រីស្ទ ជា​អ្នក​បង្រៀន​ដ៏​ឧត្តម។

[​កំណត់​សម្គាល់​]

a បាន​បោះ​ពុម្ព​ដោយ​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា។

b សូម​មើល​ប្រធាន​ថា ​«​ពាក្យ​ផ្ដើម​សំរាប់​ប្រើ​ក្នុង​កិច្ច​ផ្សាយ​បំរើ​»​ នៅ​ទំព័រ​២​ទៅ​ទំព័រ​៧ ដែល​បាន​បោះ​ពុម្ព​ដោយ​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា។

c ដើម្បី​រក​ឧទាហរណ៍​នានា សូម​មើល លិបិក្រម​ប្រកាសនវត្ថុ​ប៉ម​យាម ក្រោម​ចំណង​ជើង​«​រឿង​ប្រៀប​ប្រដូច​»​—ដែល​បាន​បោះ​ពុម្ព​ដោយ​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​ក្នុង​ភាសា​មួយ​ចំនួន។

តើ​អ្នក​នៅ​ចាំ​ឬ​ទេ?

• តើ​តាម​របៀប​ណា​ដែល​យើង​អាច​បង្រៀន​ដោយ​ប្រើ​ពាក្យ​សម្ដី​ដ៏​ស្រួល​យល់ ពេល​ដឹក​នាំ​ការ​សិក្សា​ព្រះ​គម្ពីរ​តាម​ផ្ទះ ពេល​ថ្លែង​សុន្ទរកថា​ក្នុង​ក្រុម​ជំនុំ?

• ពេល​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ តើ​យើង​អាច​ប្រើ​សំនួរ​តាម​របៀប​ដែល​មាន​ប្រសិទ្ធភាព​យ៉ាង​ដូច​ម្ដេច?

• តើ​តាម​របៀប​ណា​ដែល​យើង​អាច​ប្រើ​ការ​វែក​ញែក​ដែល​ត្រឹម​ត្រូវ ដើម្បី​បញ្ជាក់​នូវ​គុណ​សម្បត្ដិ​និង​ផ្លូវ​របស់​ព្រះ​យេហូវ៉ា?

• តើ​យើង​អាច​រក​ឃើញ​រឿង​ប្រៀប​ប្រដូច​ដែល​ត្រូវ​កាលៈទេសៈ​ពី​កន្លែង​ណា?

[​សំណួរ​សម្រាប់​អត្ថបទ​សិក្សា​]

[​ប្រអប់​នៅ​ទំព័រ​១៨​]

តើ​អ្នក​ចាំ​នូវ​រឿង​ប្រៀប​ប្រដូច ទាំង​នេះ​ឬ​ទេ?

ជា​បន្ត​បន្ទាប់​នេះ​គឺ​ជា​រឿង​ប្រៀប​ប្រដូច​ខ្លះ​ៗ​ដែល​មាន​ប្រសិទ្ធភាព។ អញ្ជើញ​មើល​អត្ថបទ​ដែល​មាន​រឿង​ប្រៀប​ប្រដូច​នេះ​និង​កត់​សម្គាល់​នូវ​របៀប​ដែល​រឿង​ប្រៀប​ប្រដូច​នេះ បាន​ជួយ​បញ្ជាក់​ចំណុច​ដែល​កំពុង​តែ​ពិគ្រោះ​នោះ។

• ដូច​ជា​អ្នក​លេង​សៀ​ក​ឬ​ក៏​គូ​កីឡា​រាំ​ជិះ​ស្គី​លើ​ទឹក​កក​នោះ អស់​អ្នក​ដែល​ចង់​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​បាន​រឹង​មាំ ក៏​ត្រូវ​ពឹង​ទាំង​ស្រុង​ទៅ​លើ​ការ​មាន​គូ​ដែល​ត្រូវ​គ្នា​ដែរ។—ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០០១ ទំព័រ ២៣

• ការ​ថ្លែង​ប្រាប់​គំនិត​របស់​ខ្លួន អាច​ប្រៀប​ប្រដូច​នឹង​ការ​បោះ​បាល់​មួយ។ អ្នក​អាច​បោះ​បាល់​យ៉ាង​ថ្នម​ៗ​អោយ​អ្នក​ចាប់ ឬ​ក៏​អ្នក​អាច​គប់​វា​មួយ​ទំហឹង​ដៃ​ដែល​ធ្វើ​ឲ្យ​អ្នក​ចាប់​មាន​របួស។—សៀវភៅ ចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់​កល្ប​ជា​និច្ច ទំព័រ ១៤៤

• ការ​រៀន​ឲ្យ​ចេះ​សម្ដែង​សេចក្ដី​ស្រឡាញ់ ក៏​ដូច​គ្នា​នឹង​ការ​រៀន​ភាសា​ថ្មី​មួយ​ដែរ។—ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​១៩៩៩ ទំព័រ ២៨

• មន្តអាគម​មាន​ប្រយោជន៍​ដល់​ពួក​បិសាច ដូច​ជា​នុយ​មាន​ប្រយោជន៍​ដល់​ពួក​ព្រាន​ព្រៃ​ដូច្នោះ​ដែរ: គឺ​វា​ទាក់​ទាញ​សត្វ​ទាំង​ឡាយ។—សៀវភៅ ចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់​កល្ប​ជា​និច្ច ទំព័រ ១១១

• របៀប​ដែល​ព្រះ​យេស៊ូ​មក​សង្គ្រោះ​កូន​ចៅ​របស់​អ័ដាម អាច​ត្រូវ​ប្រៀប​ប្រដូច​នឹង​សប្បុរសជន​ជា​អ្នក​មាន​ម្នាក់ ដែល​បាន​បង់​លុយ​សង​បំណុល​របស់​រោង​ចក្រ មួយ(​ដែល​បាន​ជាប់​បំណុល​ដោយ​សារ​ចៅហ្វាយ​រក​ស៊ី​ឥត​ស្មោះ​ត្រង់​) ហើយ​ក៏​បាន​បើក​រោង​ចក្រ​នេះ​ម្ដង​ទៀត។ ជា​លទ្ធផល​នោះ និយោជិត​ជា​ច្រើន​នាក់​ទទួល​ផល​ប្រយោជន៍​ពី​នោះ។—ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​១៩៩៩ ទំព័រ ២៦