ព្រះយេហូវ៉ារមែងការពារ និងប្រទានពរដល់អស់អ្នកដែលស្ដាប់បង្គាប់ទ្រង់
ព្រះយេហូវ៉ារមែងការពារ និងប្រទានពរដល់អស់អ្នកដែលស្ដាប់បង្គាប់ទ្រង់
«អ្នកណាដែលស្ដាប់តាមអញ នោះនឹងនៅដោយសេចក្ដីសុខពិត ហើយនឹងមានសេចក្ដីសំរាក ឥតភ័យខ្លាចចំពោះការអាក្រក់ឡើយ»។—សុភាសិត ១:៣៣
១, ២. ហេតុអ្វីបានជាការស្ដាប់បង្គាប់ព្រះគឺចាំបាច់ម្ល៉េះ? សូមពន្យល់ដោយប្រើពាក្យប្រៀបប្រដូច។
កូនមាន់ដែលមានរោមទន់ល្មឿយកំពុងតែរវល់ចឹកស៊ីចំណីតាមវាលស្មៅខៀវខ្ចីរហូតដល់ភ្លេចខ្លួនមិនដឹងថាមានស្ទាំងមួយកំពុងតែហើរឆ្វែលពីលើបំរុងនឹងឆាបវានោះទេ ភ្លាមនោះស្រាប់តែមេមាន់ស្រែកយំហៅកូន ទាំងត្រដាងស្លាបវា។ កូនមាន់រត់ទៅរកមេវា និងវារត់ចូលទៅពួនក្រោមចំអេងស្លាបរបស់មេវាជាប្រញាប់។ ស្ទាំងនោះក៏លែងពាធាកូនមាន់នោះទៅ។ * តើរឿងនេះផ្ដល់មេរៀនអ្វីទៅ? រឿងនេះបង្ហាញថា ការស្ដាប់បង្គាប់អាចជួយសង្គ្រោះជីវិតបាន!
២ មេរៀននោះមានសារៈសំខាន់ជាពិសេសចំពោះពួកគ្រីស្ទានសព្វថ្ងៃនេះ ដ្បិតសាតាំងកំពុងតែព្យាយាមអស់ពីសមត្ថភាពវាដើម្បីលេបត្របាក់រាស្ត្ររបស់ព្រះ។ (វិវរណៈ ១២:៩, ១២, ១៧) សាតាំងមានគោលដៅចង់បណ្ដាច់ចំណងមេត្រីភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា ដើម្បីឲ្យយើងលែងទទួលព្រះគុណពីទ្រង់ ហើយដើម្បីឲ្យយើងបាត់បង់នូវឱកាសទទួលជីវិតជារៀងរហូត។ (ពេត្រុសទី១ ៥:៨) ក៏ប៉ុន្តែ ប្រសិនបើយើងរក្សាខ្លួនឲ្យនៅជិតព្រះ និងប្រញាប់ធ្វើតាមការណែនាំដែលយើងទទួលពីព្រះបន្ទូលនិងអង្គការរបស់ព្រះ នោះទ្រង់ធានាការពារយើងជានិច្ច។ អ្នកតែងបទទំនុកដំកើងបានសរសេរថា៖ «ទ្រង់នឹងក្រុងឯងដោយស្លាបទ្រង់ ហើយឯងនឹងជ្រកនៅក្រោមចំអេងស្លាបរបស់ទ្រង់»។—ទំនុកដំកើង ៩១:៤
សាសន៍មួយដែលមិនស្ដាប់បង្គាប់ បានទទួលនូវក្ដីអន្តរាយ
៣. តើការមិនស្ដាប់បង្គាប់ម្ដងហើយម្ដងទៀតរបស់សាសន៍អ៊ីស្រាអែលបាននាំឲ្យមានផលអ្វី?
៣ ពេលសាសន៍អ៊ីស្រាអែលស្ដាប់បង្គាប់ព្រះយេហូវ៉ា នោះពួកគេបានទទួលប្រយោជន៍ដោយទ្រង់មើលថែទាំពួកគេ។ ប៉ុន្តែ គួរឲ្យសោកស្ដាយមែន ម្ដងហើយម្ដងទៀតប្រជាជននោះបានលះចោលព្រះដែលជាអ្នកបង្កើតគេ ហើយបានគោរពថ្វាយបង្គំព្រះធ្វើពីឈើនិងថ្មវិញ ដែលជា«ការឥតអំពើ ដែលគ្មានប្រយោជន៍ ជាការដែលមិនចេះជួយឲ្យរួចផង»។ (សាំយូអែលទី១ ១២:២១) ក្រោយពីបានបះបោរប្រឆាំងនឹងព្រះជាច្រើនសតវត្សហើយ សាសន៍ទាំងមូលនោះបានពន្លិចខ្លួនទៅក្នុងការក្បត់ជំនឿដល់ម្ល៉េះបានជាងើបមកវិញមិនរួចឡើយ។ ហេតុនេះហើយបានជាព្រះយេស៊ូបានមានបន្ទូលសោយសោកថា៖ «ឱយេរូសាឡិម ក្រុងយេរូសាឡិមអើយ! ឯងដែលសំឡាប់ពួកហោរា ហើយយកថ្មចោលពួកអ្នកដែលបានចាត់មកឯឯង តើប៉ុន្មានដងហើយ ដែលអញចង់ប្រមូលកូនឯងទាំងប៉ុន្មាន ដូចជាមេមាន់ក្រុងកូនវាឲ្យជ្រកក្រោមស្លាប តែឯងមិនព្រមទេ។ មើល! ផ្ទះឯងនឹងត្រូវចោលស្ងាត់ទុកឲ្យឯង»។—ម៉ាថាយ ២៣:៣៧, ៣៨
៤. នៅឆ្នាំ៧០ ស.យ. តើអ្វីទៅបានសឲ្យឃើញថា ព្រះយេហូវ៉ាបានបោះបង់ចោលទីក្រុងយេរូសាឡិមហើយ?
៤ នៅឆ្នាំ៧០ ស.យ. ព្រះយេហូវ៉ាបានសឲ្យឃើញតាមរបៀបខ្លោចផ្សាមែន ថាទ្រង់បោះបង់ចោលសាសន៍អ៊ីស្រាអែលដែលជាសាសន៍បះបោរប្រឆាំងនោះ។ នៅឆ្នាំនោះ ពលទ័ពរ៉ូមដែលកាន់ទង់ជ័យមានរូបឥន្ទ្រី បានចូលមកពេញទីក្រុងយេរូសាឡិមដើម្បីកាប់សម្លាប់មនុស្សជាច្រើននៅក្នុងក្រុងនោះ។ គ្រានោះ ទីក្រុងយេរូសាឡិមបានពេញទៅដោយប្រជាជនដែលទៅធ្វើបុណ្យរំលង។ យញ្ញបូជាជាច្រើនរបស់គេមិនបានទទួលព្រះគុណពីព្រះយេហូវ៉ាសោះឡើយ។ ព្រឹត្ដិការណ៍ដ៏ខ្លោចផ្សានោះបានរំឭកពួកគេឲ្យចាំពាក្យរបស់សាំយូអែលដែលមានប្រសាសន៍ទៅសាំយូអែលទី១ ១៥:២២
កាន់ស្តេចសូលថា៖ «តើព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងដង្វាយដុត ហើយនឹងយញ្ញបូជា ឲ្យស្មើនឹងការស្ដាប់តាមទ្រង់ឬអី? មើល! ដែលស្ដាប់បង្គាប់ នោះវិសេសលើសជាងយញ្ញបូជា ហើយដែលផ្ទៀងត្រចៀក នោះក៏វិសេសជាងខ្លាញ់នៃចៀមឈ្មោលទៅទៀត»។—៥. តើព្រះយេហូវ៉ាតម្រូវឲ្យមនុស្សស្ដាប់បង្គាប់ទ្រង់យ៉ាងដូចម្ដេច? ហើយតើមានភស្តុតាងអ្វីដែលបញ្ជាក់ថា មនុស្សអាចស្ដាប់បង្គាប់បែបនោះបាន?
៥ ព្រះយេហូវ៉ាតម្រូវឲ្យមនុស្សស្ដាប់បង្គាប់ទ្រង់ពិតមែន ក៏ប៉ុន្តែទ្រង់ក៏ជ្រាបថា មនុស្សមិនគ្រប់ល័ក្ខណ៍មានកំរិតដែរ។ (ទំនុកដំកើង ១៣០:៣, ៤) ព្រះយេហូវ៉ាតម្រូវឲ្យមនុស្សមានចិត្តស្មោះត្រង់ ហើយឲ្យគេស្ដាប់បង្គាប់ទ្រង់ដោយព្រោះជឿទៅលើទ្រង់ ព្រមទាំងស្រឡាញ់ទ្រង់ និងកោតខ្លាចទ្រង់ដោយមិនចង់ធ្វើអ្វីដែលទ្រង់មិនសព្វព្រះហឫទ័យឡើយ។ (ចោទិយកថា ១០:១២, ១៣; សុភាសិត ១៦:៦; អេសាយ ៤៣:១០; មីកា ៦:៨; រ៉ូម ៦:១៧) «ស្មរបន្ទាល់១ហ្វូងធំ»ពីមុនជំនាន់ពួកគ្រីស្ទាននោះ ធ្វើជាទីសំអាងដែលបញ្ជាក់ថា មនុស្សអាចស្ដាប់បង្គាប់បែបនេះបាន ពីព្រោះពួកគេបានរក្សាចិត្តស្មោះភក្ដីទោះជាប្រឈមមុខនឹងការល្បងលយ៉ាងខ្លាំង ឬរហូតដល់ស្លាប់ក្ដី។ (ហេព្រើរ ១១:៣៦, ៣៧; ១២:១) មនុស្សមួយហ្វូងនោះច្បាស់ជាបានធ្វើឲ្យព្រះយេហូវ៉ាមានព្រះហឫទ័យរីករាយមែន! (សុភាសិត ២៧:១១) ក៏ប៉ុន្តែ មនុស្សឯទៀតដែលមានភាពស្មោះត្រង់បានខកខានស្ដាប់បង្គាប់ទ្រង់តទៅមុខទៀត។ បុគ្គលម្នាក់ដែលបានធ្វើដូចនេះ គឺស្តេចសាសន៍យូដានៅសម័យបុរាណព្រះនាមយ៉ូអាស។
ស្តេចមួយអង្គដែលត្រូវហិនហោចដោយសារការសេពគប់អាក្រក់
៦, ៧. ពេលយេហូយ៉ាដានៅរស់នៅឡើយ តើស្តេចយ៉ូអាសជាស្តេចប្រភេទណា?
៦ ពេលយ៉ូអាសជាទារកនៅឡើយ យ៉ូអាសស្ទើរតែក្ស័យព្រះជន្មដោយព្រោះមានឃាតករចង់ធ្វើគុតទ្រង់។ ពេលយ៉ូអាសមានព្រះជន្មប្រាំពីរឆ្នាំ សម្ដេចសង្ឃឈ្មោះយេហូយ៉ាដាបានតែងតាំងយ៉ូអាសដោយភាពក្លាហានឲ្យធ្វើជាស្តេច ជាជាងលាក់បាំងនូវអត្តសញ្ញាណរបស់យ៉ូអាសទៀត។ លោកយេហូយ៉ាដាជាមនុស្សម្នាក់ដែលកោតខ្លាចព្រះ ហើយដើរតួជាបិតាផង និងអ្នកជូនយោបល់ឲ្យយ៉ូអាសផង ហេតុនោះហើយបានជាស្តេចនេះពេលនៅព្រះជន្មក្មេងនៅឡើយបាន«ប្រព្រឹត្តសេចក្ដីដ៏ត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា គ្រប់១ជីវិតយេហូយ៉ាដា ដ៏ជាសង្ឃ»។—របាក្សត្រទី២ ២២:១០–២៣:១, ១១; ២៤:១, ២
៧ ការប្រព្រឹត្តដ៏ល្អរបស់ស្តេចយ៉ូអាស គឺរួមមានការជួសជុលព្រះវិហាររបស់ព្រះយេហូវ៉ា ដែលជាអ្វីដែល«យ៉ូអាសទ្រង់មានព្រះទ័យនឹកចង់»ធ្វើ។ ស្តេចយ៉ូអាសបានរំឭកយេហូយ៉ាដាជាសម្ដេចសង្ឃថា ពួកយូដានិងពួកក្រុងយេរូសាឡិមត្រូវបង់ពន្ធសំរាប់ការជួសជុលព្រះវិហារ ដូច‹លោកម៉ូសេបានបង្គាប់›តាំងពីដើម។ តាមមើលទៅ យេហូយ៉ាដាបានទទួលជោគជ័យមែនក្នុងការលើកទឹកចិត្តស្តេចមួយអង្គនេះពេលនៅព្រះជន្មក្មេងនៅឡើយ ឲ្យសិក្សានិងស្ដាប់តាមក្រិត្យវិន័យរបស់ព្រះ។ ជាលទ្ធផលនោះ កិច្ចការជួសជុលព្រះវិហារ និងការធ្វើគ្រឿងប្រដាប់សំរាប់វិហារនោះបានរួចជាស្ថាពរ។—របាក្សត្រទី២ ២៤:៤, ៦, ១៣, ១៤; ចោទិយកថា ១៧:១៨
៨. (ក) តើអ្វីជាហេតុចំបងដែលបណ្ដាលឲ្យស្តេចយ៉ូអាសទន់ខ្សោយខាងវិញ្ញាណ? (ខ) ជាយថាហេតុនោះ តើការមិនស្ដាប់បង្គាប់របស់ស្តេចយ៉ូអាសបាននាំឲ្យទ្រង់ធ្វើអ្វី?
៨ គួរឲ្យសោកស្ដាយមែន ស្តេចយ៉ូអាសមិនស្ដាប់បង្គាប់ព្រះយេហូវ៉ាជាដរាបតទៅនោះទេ។ ហេតុអ្វី? ព្រះបន្ទូលរបស់ព្រះប្រាប់យើងថា៖ «កាលយេហូយ៉ាដាបានស្លាប់ទៅហើយ នោះពួកដែលជាប្រធានក្នុងស្រុកយូដា គេចូលមកក្រាបថ្វាយបង្គំដល់ស្តេច ហើយទ្រង់ក៏ស្ដាប់តាមគេ។ ដូច្នេះ គេបោះបង់ចោលព្រះវិហាររបស់ព្រះយេហូវ៉ា ជាព្រះនៃពួកឰយុកោគេ ទៅគោរពប្រតិបត្ដិតាមរូបព្រះ នឹងអ្នកតាវិញ ហើយមានសេចក្ដីក្រោធមកលើពួកយូដា នឹងពួកក្រុងយេរូសាឡិម ដោយព្រោះការកំហុសដែលគេប្រព្រឹត្តនោះ»។ ឥទ្ធិពលមិនល្អដែលមកពីពួកប្រធានក្នុងស្រុកយូដានោះ ក៏បានបណ្ដាលឲ្យស្តេចយ៉ូអាសមិនអើពើនឹងព្យាការីរបស់ព្រះទៀតឡើយ។ ព្យាការីម្នាក់នោះជាកូនរបស់យេហូយ៉ាដា ឈ្មោះសាការី ដែលមានចិត្តក្លាហានហើយបានស្តីបន្ទោសស្តេចយ៉ូអាសនិងប្រជារាស្ត្រទ្រង់ដែលមិនស្ដាប់បង្គាប់ព្រះយេហូវ៉ា។ ជាជាងប្រែចិត្តវិញ ស្តេចយ៉ូអាសបានបង្គាប់ឲ្យគេចោលថ្មសម្លាប់ព្យាការីសាការីទៅ។ ស្តេចយ៉ូអាសរបាក្សត្រទី២ ២៤:១៧-២២; កូរិនថូសទី១ ១៥:៣៣
ពិតជាបានក្លាយជាស្តេចគ្មានមេត្ដា ហើយមិនស្ដាប់បង្គាប់ព្រះយេហូវ៉ាវិញឡើយ ដោយព្រោះទ្រង់ទទួលអានុភាពពីការសេពគប់អាក្រក់!—៩. តើលទ្ធផលចុងក្រោយរបស់ស្តេចយ៉ូអាសនិងពួកប្រធាននៃសាសន៍អ៊ីស្រាអែលនោះបង្ហាញយ៉ាងណាថា ការមិនស្ដាប់បង្គាប់ព្រះនាំដល់ក្ដីអន្តរាយ?
៩ តើអ្វីបានកើតឡើងដល់ស្តេចយ៉ូអាសនិងពួកប្រធានដែលជាសហការីអាក្រក់របស់ទ្រង់ ដោយព្រោះពួកគេបានបោះបង់ចោលព្រះយេហូវ៉ាដូច្នេះ? ពលទ័ពសាសន៍ស៊ីរីដែល«មានគ្នាតែបន្ដិចទេ» បានរុករានចូលស្រុកយូដាហើយបាន«បំផ្លាញពួកដែលជាប្រធាន ក្នុងបណ្ដាជនទាំងអស់ទៅ»។ ពលទ័ពសាសន៍ស៊ីរីនោះក៏បានបង្ខំស្តេចឲ្យប្រគល់វត្ថុទ្រព្យរបស់អង្គទ្រង់ផ្ទាល់ ព្រមទាំងមាសនិងប្រាក់ពីព្រះវិហារឲ្យដល់គេ។ ទោះជាស្តេចយ៉ូអាសបានរួចរស់ជីវិតក៏ដោយ ទ្រង់មានព្រះសុខភាពខ្សោយទៅៗហើយមានព្រះរោគទៀតផង។ មិនយូរប៉ុន្មានក្រោយមក ពួកមហាតលិករបស់ស្តេចយ៉ូអាសបានរួមគំនិតគ្នាធ្វើគុតទ្រង់។ (របាក្សត្រទី២ ២៤:២៣-២៥; ពង្សាវតារក្សត្រទី២ ១២:១៧, ១៨) ព្រះបន្ទូលរបស់ព្រះយេហូវ៉ាចំពោះពួកអ៊ីស្រាអែលបានសម្រេចមែន ពោលគឺ៖ «បើឯងមិនព្រមស្ដាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃឯង ហើយមិនប្រយ័តនឹងប្រព្រឹត្តតាម គ្រប់ទាំងសេចក្ដីបញ្ញត្ត នឹងច្បាប់ទាំងប៉ុន្មានរបស់ទ្រង់ . . . នោះអស់ទាំងសេចក្ដីបណ្ដាសាទាំងនេះ នឹងផ្សាយមកលើឯង ហើយរត់មករកឯងផង»។—ចោទិយកថា ២៨:១៥
ស្មៀនម្នាក់ដែលរួចរស់ជីវិតដោយព្រោះស្ដាប់បង្គាប់
១០, ១១. (ក) តើការនឹកគិតអំពីដំបូន្មានរបស់ព្រះយេហូវ៉ាជូនចំពោះបារូកនោះ មានប្រយោជន៍អ្វីចំពោះយើង? (ខ) តើព្រះយេហូវ៉ាប្រទានដំបូន្មានអ្វីដល់បារូក?
១០ យូរៗម្ដង ដោយសារអ្នកចូលរួមកិច្ចការផ្សាយរបស់ពួកគ្រីស្ទានយើងនេះ និងអ្នកជួបតែមនុស្សមិនបង្ហាញនូវចំណាប់អារម្មណ៍សោះទៅលើដំណឹងល្អ តើអ្នកមានចិត្តជិនណាយបន្ដិចឬទេ? ជួនកាល តើអ្នកមានចិត្តច្រណែនបន្ដិចជាមួយពួកអ្នកមាន និងរបៀបរស់នៅដ៏ហ៊ឺហារបស់គេឬទេ? បើដូច្នេះមែន សូមនឹកគិតអំពីបារូក ជាស្មៀនរបស់យេរេមា ព្រមទាំងគិតអំពីដំបូន្មានពីព្រះយេហូវ៉ាដែលពោរពេញទៅដោយសេចក្ដីស្រឡាញ់ជូនចំពោះបារូក។
១១ ព្រះយេហូវ៉ាបានផ្ដោតអារម្មណ៍ទៅលើបារូក កាលដែលគាត់កំពុងតែសរសេរសារទំនាយមួយ។ ហេតុអ្វី? ពីព្រោះបារូកបានចាប់ផ្ដើមនឹកស្ដាយ និងតូចចិត្តនឹងជីវិតខ្លួនជាខ្លាំង ហើយគាត់ថែមទាំងប្រាថ្នាចង់បានអ្វីដ៏ប្រសើរជាងឯកសិទ្ធិពិសេសរបស់គាត់ក្នុងការបំរើព្រះទៅទៀត។ ព្រះយេហូវ៉ាបានទតឃើញបារូកមានចិត្តគំនិតប្រែប្រួលបន្ដិច ហើយទ្រង់បានផ្ដល់ឱវាទច្បាស់លាស់ដោយមេត្ដាករុណាថា៖ «តើឯងស្វែងរកការយ៉ាងធំសំរាប់ខ្លួនឬ? កុំឡើយ។ . . . មើល! អញនឹងនាំសេចក្ដីអាក្រក់មកលើគ្រប់ទាំងសាច់ តែឯជីវិតឯង នោះអញនឹងឲ្យដល់ឯងទុកជារំពា នៅគ្រប់ទីកន្លែងណាដែលឯងនឹងទៅផង»។—យេរេមា ៣៦:៤; ៤៥:៥
១២. តើហេតុអ្វីបានជាយើងត្រូវជៀសវាងការស្វែងរក«ការយ៉ាងធំ»សំរាប់ខ្លួនក្នុងលោកីយ៍នេះ?
១២ ពេលអ្នកអានបន្ទូលរបស់ព្រះយេហូវ៉ាជូនចំពោះបារូកនោះ តើអ្នកទទួលស្គាល់ថា ព្រះយេហូវ៉ាយកព្រះទ័យទុកដាក់យ៉ាងខ្លាំងចំពោះបុរសដ៏ល្អនេះ ដែលបានបំរើទ្រង់យ៉ាងស្មោះអស់ពីចិត្តជាមួយយេរេមា ហើយក៏មានចិត្តក្លាហានផងដែរឬទេ? សព្វថ្ងៃនេះក៏ដូចគ្នាដែរ ព្រះយេហូវ៉ានៅតែយកព្រះទ័យទុកដាក់យ៉ាងជ្រាលជ្រៅចំពោះអស់អ្នកដែលមានទំនោរចិត្តទោរទន់ទៅរកភាពស្តុកស្តម្ភក្នុងរបបលោកីយ៍នេះ។ គួរឲ្យសប្បាយណាស់ហ្ន៎! បងប្អូនជាច្រើនបានធ្វើដូចបារូកដែរ ដោយស្ដាប់តាមការកែតម្រង់ដែលពេញទៅដោយសេចក្ដីស្រឡាញ់ ពីបងប្អូនដែលមានភាពចាស់ទុំខាងវិញ្ញាណ។ (លូកា ១៥:៤-៧) ត្រូវហើយ សូមឲ្យយើងរាល់គ្នាប្រើការត្រិះរិះវិនិច្ឆ័យឲ្យបានល្អដើម្បីដឹងថា គ្មានអនាគតល្អសោះឡើយ សំរាប់ពួកអ្នកដែលស្វែងរក«ការយ៉ាងធំ»សំរាប់ខ្លួនក្នុងលោកីយ៍នេះ។ មនុស្សបែបនោះមិនត្រឹមតែមិនទទួលសុភមង្គលប៉ុណ្ណោះ តែអាក្រក់ជាងនោះទៅទៀត ពួកគេនឹងកន្លងផុតទៅជាមួយលោកីយ៍នេះនិងប៉ងប្រាថ្នាដ៏អត្តទត្ថរបស់វាដែរ។—ម៉ាថាយ ៦:១៩, ២០; យ៉ូហានទី១ ២:១៥-១៧
១៣. តើដំណើររឿងរបស់បារូក បង្រៀនយើងនូវមេរៀនអ្វីស្តីអំពីចិត្តរាបទាប?
១៣ ដំណើររឿងនេះអំពីលោកបារូកក៏បង្រៀនមេរៀនដ៏ល្អមួយអំពីចិត្តរាបទាបដែរ។ សូមកត់សម្គាល់ថា ព្រះយេហូវ៉ាមិនបានទូន្មានបារូកដោយអង្គទ្រង់ផ្ទាល់ទេ តែទ្រង់មានបន្ទូលតាមលោកយេរេមា ជាបុរសម្នាក់ដែលបារូកស្គាល់ច្បាស់ថា មានលក្ខណៈនិងទំលាប់មិនគ្រប់ល័ក្ខណ៍ដែរ។ (យេរេមា ៤៥:១, ២) ប៉ុន្តែ បារូកមិនមានចិត្តអំនួតឡើយ។ បារូកបានបន្ទាបខ្លួនហើយបានទទួលស្គាល់ព្រះយេហូវ៉ាជាប្រភពពិតនៃដំបូន្មាននោះ។ (របាក្សត្រទី២ ២៦:៣, ៤, ១៦; សុភាសិត ១៨:១២; ១៩:២០) ដូច្នេះ ប្រសិនណាយើងហៀបនឹង«ធ្វើខុសអ្វី»ដោយមិនដឹងខ្លួន ថែមទាំងយើងបានទទួលដំបូន្មានដ៏ចាំបាច់ពីព្រះបន្ទូលរបស់ព្រះផងនោះ ចូរយើងយកតម្រាប់តាមភាពចាស់ទុំរបស់បារូក ទាំងមានការវិនិច្ឆ័យខាងវិញ្ញាណនិងចិត្តរាបទាបដូចគាត់ដែរ។—កាឡាទី ៦:១
១៤. ហេតុអ្វីបានជាយកល្អឲ្យយើងស្ដាប់តាមពួកអ្នកដែលនាំមុខក្នុងចំណោមយើងរាល់គ្នា?
១៤ ពេលយើងមានចិត្តរាបទាបដូចនោះដែរ គឺស្រួលជាងសំរាប់ពួកអ្នកជូនឱវាទយើង។ ហេព្រើរ ១៣:១៧ ចែងថា៖ «ចូរស្ដាប់តាម ហើយចុះចូលនឹងពួកអ្នក ដែលនាំមុខអ្នករាល់គ្នាចុះ! ដើម្បីឲ្យអ្នកទាំងនោះបានថែរក្សាព្រលឹងអ្នករាល់គ្នាដោយអំណរ មិនមែនដោយស្រែកថ្ងូរទេ ដ្បិត បើត្រូវស្រែកថ្ងូរ នោះបង់ប្រយោជន៍ដល់អ្នករាល់គ្នាហើយ»។ ពួកអ្នកចាស់ទុំខំប្រឹងអធិស្ឋានដល់ព្រះយេហូវ៉ាជាញឹកញយ ដោយទូលសុំឲ្យមានចិត្តក្លាហាន ប្រាជ្ញា និងសមត្ថភាពនិយាយយ៉ាងត្រឹមត្រូវ ដែលចាំបាច់ដើម្បីជូនយោបល់និងបំពេញកិច្ចការនេះជាអ្នកគង្វាល! ចូរឲ្យយើង«រាប់អានមនុស្សយ៉ាងនោះចុះ!»។—កូរិនថូសទី១ ១៦:១៨
១៥. (ក) តើយេរេមាបានធ្វើយ៉ាងណា ដែលបង្ហាញថាគាត់ទុកចិត្តបារូក? (ខ) តើបារូកបានទទួលរង្វាន់អ្វី ដោយព្រោះគាត់ព្រមស្ដាប់បង្គាប់ដោយចិត្តរាបទាប?
១៥ យើងអាចឃើញថា បារូកសុខចិត្តកែប្រែគំនិតរបស់ខ្លួន ដ្បិតក្រោយមកយេរេមាបានឲ្យបារូកធ្វើកិច្ចការដ៏ពិបាកមួយ គឺថា បារូកត្រូវទៅព្រះវិហារនិងអានឲ្យឮៗនូវសារជំនុំជំរះដែលគាត់បានសរសេរដោយផ្ទាល់តាមពាក្យសំដីយេរេមា។ តើបារូកយល់ព្រមធ្វើការនោះទេ? បារូកព្រមធ្វើមែន ហើយគាត់ក៏បាន«សំរេចតាមគ្រប់ទាំងសេចក្ដីដែលហោរាយេរេមាបានបង្គាប់»។ តាមពិត បារូកក៏បានអានសារដដែលនោះជូនឲ្យពួកចៅហ្វាយនៅទីក្រុងយេរូសាឡិមស្ដាប់ ដែលនេះតម្រូវឲ្យមានចិត្តក្លាហានមោះមុតមែន។ (យេរេមា ៣៦:១-៦, ៨, ១៤, ១៥) ពេលទីក្រុងនោះបានចុះចាញ់នឹងពួកសាសន៍បាប៊ីឡូន ប្រមាណ១៨ឆ្នាំក្រោយនោះមក សូមស្រមៃគិតទៅមើល បារូកពិតជាដឹងគុណណាស់ ពីព្រោះគាត់បានស្ដាប់តាមការព្រមានពីព្រះយេហូវ៉ា ហើយបានឈប់ស្វែងរក«ការយ៉ាងធំ»សំរាប់ខ្លួន ទីបំផុតគាត់បានរួចរស់ជីវិតមែន!—យេរេមា ៣៩:១, ២, ១១, ១២; ៤៣:៦
ការស្ដាប់បង្គាប់ជួយសង្គ្រោះជីវិត ពេលពួកទ័ពឡោមព័ទ្ធទីក្រុង
១៦. ពេលពួកសាសន៍បាប៊ីឡូនបានឡោមព័ទ្ធទីក្រុងយេរូសាឡិមនៅឆ្នាំ៦០៧ មុនស.យ. តើព្រះយេហូវ៉ាបានបង្ហាញព្រះទ័យសន្ដោសប្រណីយ៉ាងណា ដល់ពួកសាសន៍យូដាក្នុងទីក្រុងនោះ?
១៦ អវសានកាលនៃទីក្រុងយេរូសាឡិមនាឆ្នាំ៦០៧ មុនស.យ.នោះ ព្រះហឫទ័យមេត្ដាករុណារបស់ព្រះយេហូវ៉ាបានត្រូវបង្ហាញឲ្យឃើញម្ដងទៀត។ មកដល់ពេលពួកទ័ពបានឡោមព័ទ្ធទីក្រុងយ៉ាងយូរនិងជិតសំរុកចូលហើយនោះ ព្រះយេហូវ៉ាបានមានបន្ទូលទៅកាន់ពួកសាសន៍យូដាថា៖ «មើល! អញដាក់ផ្លូវជីវិត នឹងផ្លូវស្លាប់នៅមុខឯងរាល់គ្នា។ អ្នកណាដែលនៅជាប់ក្នុងក្រុងនេះ នឹងត្រូវស្លាប់ដោយដាវ ដោយអំណត់អត់ ហើយដោយអាសន្នរោគ តែឯអ្នកណាដែលចេញទៅខាងពួកខាល់ដេ ជាខ្មាំងដែលឡោមព័ទ្ធឯងរាល់គ្នា នោះនឹងរស់នៅវិញ ហើយនឹងបានជីវិតខ្លួនទុកដូចជារបឹប»។ (យេរេមា ២១:៨, ៩) ទោះជាពួកអ្នកដែលស្នាក់នៅទីក្រុងយេរូសាឡិមនោះគួរនឹងទទួលសេចក្ដីហិនវិនាសក៏ដោយ ព្រះយេហូវ៉ាបានបង្ហាញព្រះទ័យសន្ដោសប្រណីដល់អស់អ្នកដែលស្ដាប់បង្គាប់ទ្រង់ សូម្បីតែនៅគ្រាបន្ទាន់នោះក្ដី។ *
១៧. (ក) ពេលព្រះយេហូវ៉ាបានបង្គាប់យេរេមាឲ្យប្រាប់ដល់បណ្ដាជនយូដាដែលជាប់ក្នុងទីក្រុងយេរូសាឡិមនោះ ឲ្យ«ចូលទៅខាងពួកខាល់ដេ» តើសេចក្ដីបង្គាប់នេះសាកលមើលការស្ដាប់បង្គាប់របស់យេរេមា តាមរបៀបពីរយ៉ាងណា? (ខ) តើយើងអាចទាញប្រយោជន៍អ្វី ពីគំរូរបស់យេរេមាក្នុងការស្ដាប់បង្គាប់ដោយចិត្តក្លាហាន?
១៧ ការបង្គាប់ឲ្យពួកសាសន៍យូដាចុះចូលចំពោះពួកទ័ពនោះ ច្បាស់ជាបានសាកលមើលការស្ដាប់បង្គាប់របស់យេរេមាផងដែរ។ មូលហេតុមួយគឺ យេរេមាមានចិត្តឈឺឆ្អាលចំពោះព្រះនាមរបស់ព្រះយេហូវ៉ា ហើយគាត់មិនចង់ឲ្យពួកសត្រូវតិះដៀលព្រះនាមព្រះយេហូវ៉ា ដោយព្រោះពួកគេដឹងគុណរូបបដិមាករដែលគ្មានជីវិត ចំពោះជ័យជំនះដែលគេបានទទួលនោះ។ (យេរេមា ៥០:២, ១១; បរិទេវ ២:១៦) ម្យ៉ាងទៀត យេរេមាដឹងថា គាត់ប្រហែលជានឹងប្រថុយជីវិតខ្លួនដោយបង្គាប់ឲ្យប្រជាជនសុខចិត្តចុះចាញ់នោះ ពីព្រោះមានមនុស្សជាច្រើនចាត់ទុកពាក្យសំដីរបស់គាត់ជាពាក្យបំបះបំបោរប្រជាជនឲ្យប្រឆាំងនឹងជាតិខ្លួន។ ប៉ុន្តែ យេរេមាមិនចេះខ្លាចឡើយ ផ្ទុយទៅវិញគាត់បានស្ដាប់បង្គាប់ព្រះយេហូវ៉ា ហើយបានប្រកាស បន្ទូលរបស់ទ្រង់។ (យេរេមា ៣៨:៤, ១៧, ១៨) ដូចយេរេមាដែរ យើងក៏កំពុងតែប្រកាសសារដែលមនុស្សមិនចូលចិត្តស្ដាប់ដែរ។ នេះជាសារដែលធ្លាប់នាំឲ្យមនុស្សមើលងាយព្រះយេស៊ូ។ (អេសាយ ៥៣:៣; ម៉ាថាយ ២៤:៩) ដូច្នេះ កុំបីឲ្យយើង‹ខ្លាចមនុស្ស›ឡើយ តែត្រូវធ្វើដូចយេរេមាហើយស្ដាប់បង្គាប់ព្រះយេហូវ៉ាដោយចិត្តក្លាហាន ទាំងទុកចិត្តទៅលើទ្រង់អស់ពីដួងចិត្តផង។—សុភាសិត ២៩:២៥
ស្ដាប់បង្គាប់ជានិច្ច ទោះជាកុកពាធាក៏ដោយ
១៨. នៅពេលអនាគត តើរាស្ត្ររបស់ព្រះយេហូវ៉ានឹងជួបប្រទះទុក្ខលំបាកអ្វីខ្លះ ដែលនឹងល្បងលការស្ដាប់បង្គាប់របស់គេ?
១៨ មិនយូរប៉ុន្មានទៀត របបលោកីយ៍ដ៏អាក្រក់របស់សាតាំងទាំងមូលនេះ នឹងត្រូវបំផ្លាញចោលក្នុង‹សេចក្ដីវេទនា ដែលខ្លាំង›ជាងអ្វីៗទាំងអស់ដែលធ្លាប់កើតមានឡើង។ (ម៉ាថាយ ២៤:២១) រាស្ត្ររបស់ព្រះច្បាស់ជានឹងជួបប្រទះទុក្ខលំបាកផ្សេងៗដែលល្បងលជំនឿនិងការស្ដាប់បង្គាប់របស់គេ មុននឹងគ្រាវេទនានោះ និងក្នុងកំឡុងពេលគ្រានោះផងដែរ។ ឧបមាថា ព្រះគម្ពីរប្រាប់យើងថា សាតាំងនឹងដើរតួជា«កុកនៃស្រុកម៉ាកុក» ហើយពាធាពួកអ្នកបំរើព្រះយេហូវ៉ាយ៉ាងខ្លាំង។ កុកនឹងត្រៀមពលទ័ពទាំងអស់របស់វា ដែលបានត្រូវពណ៌នាជា«ពលទ័ពខ្លាំងពូកែ . . . ដូចជាពពកដែលគ្របស្រុក»។ (អេសេគាល ៣៨:២, ១៤-១៦) រាស្ត្ររបស់ព្រះយេហូវ៉ាដែលមានគ្នាតិច ទាំងគ្មានសាស្ដ្រាវុធជាមួយ នឹងរកពួនខ្លួនក្រោមចំអេងស្លាបដែលព្រះយេហូវ៉ាត្រដាងដើម្បីការពារពួកគេដែលជាមនុស្សគ្មានទោស។
១៩, ២០. (ក) នៅឯមាត់សមុទ្រក្រហមនោះ តើហេតុអ្វីបានជាចាំបាច់ឲ្យប្រជាជនអ៊ីស្រាអែលស្ដាប់បង្គាប់? (ខ) តើយើងអាចទាញប្រយោជន៍អ្វី ពីការត្រិះរិះពិចារណា រួមជាមួយការអធិស្ឋានអំពីព្រឹត្ដិការណ៍នៅសមុទ្រក្រហមនោះ?
១៩ ស្ថានការណ៍នេះរំឭកយើងពីពេលពួកអ៊ីស្រាអែលបានចាកចេញពីស្រុកអេស៊ីប។ បន្ទាប់ពីព្រះយេហូវ៉ាធ្វើឲ្យមានសេចក្ដីវេទនាទាំងដប់ប្រការលើស្រុកអេស៊ីបរួចមក ទ្រង់បានដឹកនាំប្រជារាស្ត្ររបស់ទ្រង់ទៅតាមផ្លូវទៅឯស្រុកសន្យា។ ក៏ប៉ុន្តែ ព្រះយេហូវ៉ាមិននាំគេទៅតាមផ្លូវដែលមានចំងាយជិតបំផុតទេ តែទ្រង់បាននាំឲ្យប្រជាជនចុះទៅមាត់សមុទ្រក្រហម ជាទីកន្លែងរត់មិនរួចពេលមានពលទ័ពមកវាយប្រហារពីក្រោយនោះ។ ដំណើរទៅទីនោះមើលទៅដូចជានឹងមានមហន្តរាយជាពុំខាន បើគិតតាមយុទ្ធសាស្ត្រ។ ចុះយ៉ាងណាបើអ្នកមានវត្តមាននៅទីនោះ អ្នកដឹងថាស្រុកសន្យាមិនមែនតាមផ្លូវនោះ តើអ្នកនឹងស្ដាប់បង្គាប់របស់ព្រះយេហូវ៉ាតាមរយៈលោកម៉ូសេ ហើយដើរចុះទៅសមុទ្រទាំងមានទំនុកចិត្តចំពោះទ្រង់ឬទេ?—និក្ខមនំ ១៤:១-៤
២០ ពេលយើងអានតទៅទៀតក្នុងសៀវភៅនិក្ខមនំជំពូក១៤នោះ យើងអាចឃើញនូវរបៀបដែលព្រះយេហូវ៉ាបានប្រោសលោះរាស្ត្ររបស់ទ្រង់ ដោយបង្ហាញនូវមហានុភាពនៃព្រះចេស្ដាទ្រង់។ កំណត់ហេតុបែបនេះពិតជាអាចជួយពង្រឹងជំនឿរបស់យើងបាន កាលដែលយើងឆ្លៀតពេលសិក្សានិងរំពឹងគិតអំពីរឿងទាំងនោះ! (ពេត្រុសទី២ ២:៩) ដំណាលគ្នានោះ ជំនឿដ៏មុតមាំនឹងពង្រឹងកម្លាំងរបស់យើងដើម្បីស្ដាប់បង្គាប់ព្រះយេហូវ៉ា សូម្បីតែពេលតម្រូវការរបស់ទ្រង់មើលទៅដូចជាប្រាសចាកពីហេតុផលតាមទស្សនៈរបស់មនុស្សក្ដី។ (សុភាសិត ៣:៥, ៦) ដូច្នេះ សូមដណ្ដឹងសួរខ្លួនថា៖ ‹តើខ្ញុំខំពង្រឹងជំនឿរបស់ខ្ញុំ ដោយប្រុងសិក្សាព្រះគម្ពីរ ព្រមទាំងអធិស្ឋាន និងខំរំពឹងគិត ថែមទាំងចូលរួមជាទៀងទាត់ជាមួយប្រជារាស្ត្ររបស់ព្រះឬទេ?›។—ហេព្រើរ ១០:២៤, ២៥; ១២:១-៣
ការស្ដាប់បង្គាប់តែងផ្ដល់នូវសេចក្ដីសង្ឃឹម
២១. តើពួកអ្នកដែលស្ដាប់បង្គាប់ព្រះ នឹងទទួលរង្វាន់អ្វីខ្លះ នៅពេលអនាគតនិងនាបច្ចុប្បន្នកាលនេះដែរ?
២១ អស់អ្នកណាដែលតាំងចិត្តស្ដាប់បង្គាប់ព្រះយេហូវ៉ាជានិច្ចនោះ អាចទទួលសេចក្ដីសុខពេលឥឡូវនេះបាន ដូចបានរៀបរាប់ក្នុងសុភាសិត ១:៣៣ ដែលចែងថា៖ «អ្នកណាដែលស្ដាប់[បង្គាប់]តាមអញ នោះនឹងនៅដោយសេចក្ដីសុខពិត ហើយនឹងមានសេចក្ដីសំរាក ឥតភ័យខ្លាចចំពោះការអាក្រក់ឡើយ»។ ក្នុងកំឡុងពេលថ្ងៃសងសឹករបស់ព្រះយេហូវ៉ាដែល កំពុងតែឆ្ពោះមកដល់នោះ ពាក្យសំរាលទុក្ខខាងលើនេះនឹងជួយយើងច្រើនណាស់! តាមការពិត ព្រះយេស៊ូបានមានបន្ទូលប្រាប់ពួកសិស្សទ្រង់ថា៖ «កាលណាការទាំងនេះចាប់តាំងកើតមក នោះឲ្យអ្នករាល់គ្នាងើបមើលទៅលើ ពីព្រោះសេចក្ដីប្រោសលោះរបស់អ្នករាល់គ្នាជិតដល់ហើយ»។ (លូកា ២១:២៨) យ៉ាងច្បាស់ណាស់ មានតែពួកអ្នកដែលស្ដាប់បង្គាប់ព្រះប៉ុណ្ណោះ នឹងមានទំនុកចិត្តធ្វើតាមបន្ទូលនោះ។—ម៉ាថាយ ៧:២១
២២. (ក) តើរាស្ត្ររបស់ព្រះយេហូវ៉ាមានមូលហេតុអ្វី ក្នុងការមានទំនុកចិត្តលើទ្រង់? (ខ) តើអត្ថបទបន្តបន្ទាប់នេះនឹងពិគ្រោះរឿងអ្វីខ្លះ?
២២ មូលហេតុមួយទៀតដែលយើងអាចទុកចិត្តទៅលើព្រះបាន នោះគឺពីព្រោះ«ព្រះយេហូវ៉ាទ្រង់នឹងមិនធ្វើអ្វីដូច្នោះឡើយ លើកតែទ្រង់សំដែង ឲ្យពួកហោរា ជាអ្នកបំរើទ្រង់ ឃើញគំនិតលាក់កំបាំងរបស់ទ្រង់ផង»។ (អេម៉ុស ៣:៧) សព្វថ្ងៃនេះព្រះយេហូវ៉ាមិនបញ្ចេញវិញ្ញាណបណ្ដាលឲ្យពួកព្យាការីសរសេរដូចសម័យពីដើមនោះទេ តែទ្រង់បានតែងតាំងអ្នកបំរើស្មោះត្រង់មួយក្រុមដើម្បីផ្គត់ផ្គង់ឲ្យអាហារខាងវិញ្ញាណតាមត្រូវពេលដល់ពួកអ្នកបំរើទ្រង់។ (ម៉ាថាយ ២៤:៤៥-៤៧) បើដូច្នេះ ការរក្សាឲ្យមានចិត្តគំនិតស្ដាប់បង្គាប់តាម«អ្នកបំរើ»នោះគឺជាអ្វីដែលសំខាន់ណាស់! អត្ថបទបន្តបន្ទាប់នេះនឹងបង្ហាញថា ការស្ដាប់បង្គាប់បែបនេះក៏សបញ្ជាក់ពីចិត្តគំនិតរបស់យើងចំពោះព្រះយេស៊ូ ជាម្ចាស់នៃ«អ្នកបំរើ»នោះ ដ្បិត «បណ្ដាជនទាំងឡាយនឹងចុះចូលចំពោះទ្រង់»។—លោកុប្បត្តិ ៤៩:១០
[កំណត់សម្គាល់]
^ វគ្គ 1 យើងច្រើនតែគិតថាមេមាន់ជាសត្វកំសាក ប៉ុន្តែប្រកាសនវត្ថុរបស់អង្គការមួយដែលជួយការពារសត្វពន្យល់ថា៖ «មេមាន់នឹងខំតយុទ្ធរហូតដល់ស្លាប់ ដើម្បីការពារកូនវា»។
^ វគ្គ 16 យេរេមា ៣៨:១៩ បង្ហាញថា បណ្ដាជនយូដាមួយចំនួនបាន«ចូលទៅខាង»ពួកខាល់ដេ ហើយបានរួចជីវិត តែត្រូវគេធ្វើនិរទេសវិញ។ កំណត់ហេតុមិនប្រាប់យើងថា ពួកទាំងនេះបានសុខចិត្តចុះចាញ់នឹងពួកទ័ពដោយធ្វើតាមពាក្យរបស់យេរេមាឬយ៉ាងណានោះទេ។ យ៉ាងណាក្ដី ពាក្យរបស់ព្យាការីយេរេមាបានត្រូវសឲ្យឃើញថាពិតមែន ដោយសារមនុស្សមួយចំនួននោះបានរួចរស់ជីវិត។
តើអ្នកនៅចាំទេ?
• តើការមិនស្ដាប់បង្គាប់ម្ដងហើយម្ដងទៀតរបស់សាសន៍អ៊ីស្រាអែល បានបង្កើតផលអ្វី?
• តើការសេពគប់របស់ស្តេចយ៉ូអាសមានអានុភាពអ្វីលើទ្រង់ ពេលនៅព្រះជន្មក្មេងនិងពេលក្រោយៗមកទៀតដែរ?
• តើយើងអាចទាញយកមេរៀនអ្វីខ្លះពីលោកបារូក?
• ពេលរបបលោកីយ៍នេះមកជិតដល់ទីបញ្ចប់ហេតុអ្វីបានជារាស្ត្រដែលស្ដាប់បង្គាប់ព្រះយេហូវ៉ាមិនមានហេតុភ័យឡើយ?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ១២]
យ៉ូអាសនៅព្រះជន្មក្មេងបានស្ដាប់បង្គាប់ព្រះយេហូវ៉ា ដោយសារមានលោកយេហូយ៉ាដាណែនាំផ្លូវទ្រង់
[រូបភាពនៅទំព័រ១៤]
ការសេពគប់អាក្រក់របស់ស្តេចយ៉ូអាស បានបណ្ដាលឲ្យទ្រង់សម្លាប់ព្យាការីរបស់ព្រះ
[រូបភាពនៅទំព័រ១៤]
បើអ្នកមានវត្តមាននៅទីនោះ តើអ្នកនឹងយល់ព្រមស្ដាប់តាមបន្ទូល របស់ព្រះយេហូវ៉ា ហើយមើលមហានុភាពរបស់ទ្រង់ក្នុងការសង្គ្រោះឬទេ?