លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

យុវជនដែលស្រឡាញ់សេចក្ដីពិតក្នុងព្រះគម្ពីរ

យុវជនដែលស្រឡាញ់សេចក្ដីពិតក្នុងព្រះគម្ពីរ

យុវជន​ដែល​ស្រឡាញ់​សេចក្ដី​ពិត​ក្នុង​ព្រះ​គម្ពីរ

ជាង​២.៤០០​ឆ្នាំ​កន្លង​មក​ហើយ អ្នក​តែង​បទ​ទំនុកដំកើង​ជនជាតិ​ហេព្រើរ​ម្នាក់​បាន​សួរ​សំនួរ​នេះ​ថា​៖ «មនុស្ស​កំឡោះ​នឹង​សំអាត​ផ្លូវ​ដែល​ខ្លួន​ប្រព្រឹត្ត​ដោយសារ​អ្វី»? (ទំនុកដំកើង ១១៩:៩) សំនួរ​នេះ​ក៏​នៅ​ទាក់ទង​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ ពីព្រោះ​យុវជន​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ជា​ច្រើន​ក្នុង​ពិភពលោក​នេះ។ ការ​រួម​ដំណេក​មិន​រើស​មុខ​បាន​ធ្វើ​ឲ្យ​យុវជន​ជា​ច្រើន​មាន​ជំងឺ​អេដស៍ ហើយ​ពួក​យុវជន​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍ គឺ​មាន​អាយុ​ពី​១៥​ឆ្នាំ​ទៅ​២៤​ឆ្នាំ។ ការ​ប្រើ​គ្រឿង​ញៀន​ក៏​ធ្វើ​ឲ្យ​មាន​បញ្ហា​ជា​ច្រើន​ដែរ ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ស្លាប់​មុន​បច្ឆិមវ័យ។ ហើយ​អ្វី​ដែល​មាន​អានុភាព​ដ៏​អាក្រក់​ទៅ​លើ​យុវជន គឺ​បទភ្លេង​និង​ចំរៀង​ដ៏​ថោកទាប ភាពយន្ត​ដែល​បញ្ចាំង​រឿង​អសីលធម៌​និង​អំពើ​ឃោរឃៅ កម្មវិធី​ទូរទស្សន៍​និង​វីដេអូ និង​រូប​អាសអាភាស​នៅ​តាម​ប្រព័ន្ធ​អ៊ិនថឺណិត។ ដូច្នេះ​ហើយ សំនួរ​ដែល​អ្នក​តែង​បទ​ទំនុកដំកើង​នេះ​បាន​សួរ ក៏​ជា​សំនួរ​ដែល​មាតាបិតា​និង​យុវជន​ជា​ច្រើន​សព្វថ្ងៃ​នេះ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជា​ខ្លាំង​ដែរ។

អ្នក​តែង​បទ​ទំនុកដំកើង​នេះ​បាន​ឆ្លើយ​សំនួរ​របស់​ខ្លួន​ថា​៖ «គឺ​ដោយ​ប្រយ័ត​នឹង​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​នៃ​ទ្រង់»។ យ៉ាង​ប្រាកដ​ហើយ ព្រះគម្ពីរ​ជា​បន្ទូល​របស់​ព្រះ មាន​ការ​ណែនាំ​ដ៏​ល្អៗ​សំរាប់​យុវជន ហើយ​យុវវ័យ​ជា​ច្រើន​ក៏​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត​របស់​ខ្លួន​ដោយ​ធ្វើ​តាម​ឱវាទ​ទាំង​នោះ។ (ទំនុកដំកើង ១១៩:១០៥) សូម​ឲ្យ​យើង​ពិនិត្យ​មើល​នូវ​ឧទាហរណ៍​ខ្លះៗ​អំពី​យុវជន​ដែល​ស្រឡាញ់​ព្រះ​និង​ខំ​ប្រឹង​រក្សា​ឲ្យ​មាន​ភាព​រឹង​មាំ​ខាង​វិញ្ញាណ​ក្នុង​លោកីយ៍​ដែល​គិត​តែ​អំពី​ការ​កំសាន្ត​និង​វត្ថុ​ទ្រព្យ។

យុវជន​ដែល​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ការ​ណែនាំ​ពី​មាតាបិតា

យ៉ាកុប អ៊ីម៉ានូអែល​បាន​បំរើ​ជា​អ្នក​ត្រួសត្រាយ​ពេញ​ពេល​អស់​ច្រើន​ឆ្នាំ​ហើយ​មុន​នឹង​ទៅ​បំរើ​នៅ​ឯការិយាល័យ​សាខា​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​ម៉ិកស៊ិក។ គាត់​នឹក​ចាំ​ទាំង​មានចិត្ត​កតញ្ញូ​នូវ​របៀប​ដែល​ការ​បំរើ​ព្រះ​បាន​ត្រូវ​បណ្ដុះ​បណ្ដាល​ឡើង គាត់​ពោល​ថា​៖ «មាតា​បិតា​របស់​ខ្ញុំ​មាន​អានុភាព​យ៉ាង​ខ្លាំង​មក​លើខ្ញុំ ហើយ​ខ្ញុំ​ក៏​បាន​ទទួល​ប្រយោជន៍​ពី​ការ​ចង​មិត្តភាព​ជា​មួយ​បងប្អូន​ខ្លះ​ខាង​វិញ្ញាណ​ដែល​មាន​បទ​ពិសោធន៍​ច្រើន​ដែរ។ មាតាបិតា​និង​បងប្អូន​ខាង​វិញ្ញាណ​បាន​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​ស្រឡាញ់​កិច្ចការ​ផ្សព្វផ្សាយ។ បន្ដិច​ម្ដងៗ ពួក​គាត់​ណែនាំ​ខ្ញុំ​ឲ្យ​ដើរ​តាម​ផ្លូវ​ត្រឹមត្រូវ ខ្ញុំ​មិន​ដែល​មាន​អារម្មណ៍​ថា ពួក​គាត់​បាន​បង្ខិត​បង្ខំ​ខ្ញុំ​នោះ​ទេ»។

ដាវីឌ​បាន​បំរើ​ព្រះ​ពេញ​ពេល​បី​បួន​ឆ្នាំ​មក​ហើយ គាត់​បាន​នឹក​ចាំ​នូវ​គំរូ​របស់​មាតា​បិតា​គាត់​ដែល​បាន​បំរើ​ជា​អ្នក​ត្រួសត្រាយ​ពិសេស តាំង​ពី​គាត់​និង​ប្អូន​របស់​គាត់​នៅ​តូចៗ​នៅ​ឡើយ តាម​រយៈ​គំរូ​នេះ​បាន​ដក់​ជាប់​ក្នុង​ចិត្ត​គំនិត​របស់​គាត់​ជានិច្ច។ ពេល​ឪពុក​របស់​គាត់​ស្លាប់​ទៅ ម្ដាយ​របស់​គាត់​បាន​បន្ត​បំរើ​ជា​អ្នក​ត្រួសត្រាយ​ពិសេស។ ម្ដាយ​គាត់​មើល​ថែរក្សា​កូនៗ រួម​ទាំង​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ពេញ​ពេល​ទៀត​ផង។ ដាវីឌ​ពោល​ថា​៖ «ពួក​គាត់​មិន​ដែល​បង្ខំ​ខ្ញុំ​ឲ្យ​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ទេ ប៉ុន្តែ​យើង​មានអំណរ​យ៉ាង​ខ្លាំង​ពី​កិច្ច​បំរើ​ពេញ​ពេល​ជា​គ្រួសារ ហើយ​ការ​មាន​ទំនាក់ទំនង​ដ៏​ល្អ​និង​មាន​បរិយាកាស​រីករាយ​ក្នុង​ក្រុម​គ្រួសារ គឺ​ជា​អ្វី​ដែល​បាន​ជំរុញ​ខ្ញុំ​ឲ្យ​បន្ត​ធ្វើ​ជា​អ្នក​ត្រួសត្រាយ»។ ដាវីឌ​បាន​និយាយ​អំពី​សារៈ​សំខាន់​ពី​ការ​ទទួល​ការ​ណែនាំ​និង​ការ​យក​ចិត្ត​ទុក​ដាក់​ពី​មាតាបិតា ដោយ​ពោល​ថា​៖ «រៀង​រាល់​យប់ ម្ដាយ​របស់​ខ្ញុំ​អាន​រឿង​ឲ្យ​យើង​ស្ដាប់​ពី​សៀវភៅសួន​មនោរម្យ​ដែល​បាន​បាត់បង់ រហូត​ដល់​មាន​សួន​មនោរម្យ​ថ្មី​ដែល​នឹង​ស្ដារ​ឡើង​វិញ។  * របៀប​ដែល​គាត់​បាន​រៀប​រាប់​ប្រាប់​យើង ជួយ​យើង​ឲ្យ​ចូល​ចិត្ត​ទទួល​អាហារ​ខាង​វិញ្ញាណ​មែន»។

ការ​មាន​អំណរគុណ​ចំពោះ​កិច្ច​ប្រជុំ

យុវជន​ខ្លះ​មាន​ការ​ពិបាក​ក្នុង​ការ​មាន​អំណរគុណ​ចំពោះ​កិច្ច​ប្រជុំ​គ្រីស្ទាន។ ពួក​គេ​ទៅ​ឯ​កិច្ច​ប្រជុំ ពីព្រោះ​មាតា​បិតា​យក​ពួក​គេ​ទៅ​ជា​មួយ។ ប៉ុន្តែ បើ​ពួក​គេ​បន្ត​មក​ប្រជុំ ក្រោយ​មក ពួក​គេ​នឹង​ចូល​ចិត្ត​កិច្ចប្រជុំ។ ចូរ​ពិនិត្យ​មើល​នូវ​កាលៈទេសៈ​របស់​អាលហ្វ្រីដូ ពេល​គាត់​មាន​អាយុ​១១​ឆ្នាំ នោះ​គាត់​បាន​ចាប់​ផ្ដើម​កិច្ចបំរើ​ពេញ​ពេល។ គាត់​សារភាព​ថា ពេល​គាត់​មាន​អាយុ​ប្រាំ​ឆ្នាំ គាត់​បាន​ខំ​ជៀស​ពី​ការ​ទៅ​ឯ​កិច្ច​ប្រជុំ ពីព្រោះ​កិច្ច​ប្រជុំ​ធ្វើ​ឲ្យ​គាត់​ងងុយ​គេង តែ​មាតា​បិតា​របស់​គាត់​មិន​អនុញ្ញាត​ឲ្យ​គាត់​គេង​ក្នុង​កំឡុង​ពេល​ប្រជុំ​នោះ​ទេ។ គាត់​នឹក​ចាំ​ថា​៖ «ពេល​ដែល​ខ្ញុំ​ធំ​ឡើង នោះ​បន្ដិច​ម្ដងៗ ខ្ញុំ​បាន​ចាប់​ផ្ដើម​ចាប់​អារម្មណ៍​នឹង​កិច្ច​ប្រជុំ ជា​ពិសេស​ក្រោយ​ពី​ខ្ញុំ​បាន​រៀន​ចេះ​អាន​ចេះ​សរសេរ ពីព្រោះ​ក្រោយ​មក ខ្ញុំ​បាន​ចាប់​ផ្ដើម​ឆ្លើយ​ពី​ចិត្ត​របស់​ខ្ញុំ»។

ស៊ីនធា​មាន​អាយុ​១៧​ឆ្នាំ​ជា​អ្នក​ត្រួសត្រាយ​ពេញ​ពេល​ក៏​បាន​ប្រាប់​ថា ការ​មាន​មិត្តភក្ដិ​ល្អ ក៏​ជា​អ្វី​ដ៏​សំខាន់​ដែល​បណ្ដាល​ឲ្យ​នាង​បណ្ដុះ​នូវ​សេចក្ដី​ស្រឡាញ់​ចំពោះ​កិច្ច​បំរើ​របស់​ព្រះ។ នាង​ពោល​ថា​៖ «ការ​មាន​មិត្តភាព​ដ៏​ល្អ​ជា​មួយ​នឹង​បងប្អូន និង​ការ​ទៅ​ឯ​កិច្ច​ប្រជុំ​ជា​ទៀងទាត់ បាន​ជួយ​ខ្ញុំ​ឲ្យ​លែង​នឹក​មិត្តភក្ដិ​ខាង​លោកីយ៍ និង​លែង​នឹក​ឃើញ​សកម្មភាព​ដែល​ក្មេងៗ​ចូល​ចិត្ត​លេង ពោល​គឺ​ការ​ទៅ​កន្លែង​រាំ​ជា​ដើម។ ពេល​ដែល​ខ្ញុំ​ស្ដាប់​នូវ​ចម្លើយ​និង​បទ​ពិសោធន៍​របស់​បងប្អូន​នៅ​ឯ​កិច្ច​ប្រជុំ ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ប្រាថ្នា​ចង់​ថ្វាយ​ឲ្យ​ព្រះ​យេហូវ៉ា​នូវ​អ្វី​ដែល​ខ្ញុំ​មាន ហើយ​ខ្ញុំ​គិត​ថា អ្វី​ដែល​ខ្ញុំ​មាន​ច្រើន​ជាង​គេ គឺ​កម្លាំង​នៃ​ភាព​យុវ​វ័យ​របស់​ខ្ញុំ។ ហេតុ​នេះ​ហើយ ខ្ញុំ​ក៏​បាន​សម្រេច​ចិត្ត​ចំណាយ​ពេល​យុវ​វ័យ​របស់​ខ្ញុំ​ដើម្បី​បំរើ​ទ្រង់»។

ប៉ុន្តែ នាង​ក៏​សារភាព​ថា​៖ «មុន​នឹង​ខ្ញុំ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ការ​រក​លេស​មិន​ទៅ​កិច្ច​ប្រជុំ​គឺ​ស្រួល​ណាស់​ចំពោះ​ខ្ញុំ ដោយ​ដោះសា​ថា​មាន​កិច្ចការ​គ្រូ​ដាក់​ឲ្យ​ធ្វើ ឬ​កិច្ចការ​ផ្សេងៗ​ទៀត​ពី​សាលា។ ខ្ញុំ​ខាន​ទៅ​ប្រជុំ​បី​បួន​ដង ហើយ​នេះ​ក៏​មាន​អានុភាព​លើ​ភាព​ខាង​វិញ្ញាណ​របស់​ខ្ញុំ។ ខ្ញុំ​បាន​ចាប់​ផ្ដើម​សេពគប់​ជា​មួយ​ក្មេង​ប្រុស​ម្នាក់ ដែល​មិន​ទាំង​សិក្សា​ព្រះគម្ពីរ​ផង។ តែ​ដោយសារ​ជំនួយ​ពី​ព្រះ​យេហូវ៉ា ខ្ញុំ​បាន​កែ​ប្រែ​ជីវិត​របស់​ខ្ញុំ​បាន​ទាន់​ពេល​វេលា»។

ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន

យុវ​បុរស​ម្នាក់​ទៀត​ឈ្មោះ​ប៉ាប្លូ​កំពុង​តែ​បំរើ​ព្រះយេហូវ៉ា​ពេញ​ពេល ហើយ​គេ​ក៏​បាន​សួរ​គាត់​ថា​តើ​អ្វី​ដែល​គាត់​គិត​ថា​ជា​គន្លឹះ​ក្នុង​ការ​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​បន្ទូល​របស់​ព្រះ? គាត់​ឆ្លើយ​ថា​៖ «ខ្ញុំ​គិត​ថា​គឺ​មាន​ចំណុច​ពីរ​យ៉ាង គឺ​ការ​សិក្សា​ផ្ទាល់​ខ្លួន​ជា​ទៀងទាត់ និង​ការ​មាន​ចិត្ត​ខ្នះខ្នែង​ចំពោះ​ការ​ផ្សព្វផ្សាយ។ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​មាតា​បិតា​របស់​ខ្ញុំ​ដែល​បាន​បង្រៀន​ខ្ញុំ​នូវ​សេចក្ដី​ពិត​អំពី​ព្រះយេហូវ៉ា និង​ខ្ញុំ​មាន​អារម្មណ៍​ថា នេះ​ជា​អ្វី​ដ៏​ល្អ​បំផុត​ដែល​ពួក​គាត់​បាន​ផ្ដល់​ឲ្យ​ខ្ញុំ។ ប៉ុន្តែ ខ្ញុំ​ត្រូវ​បញ្ជាក់​ដោយ​ផ្ទាល់​នូវ​ហេតុ​ដែល​ខ្ញុំ​ស្រឡាញ់​ព្រះ​យេហូវ៉ា។ ចំពោះ​រឿង​នេះ ខ្ញុំ​ត្រូវ​ការ​ឲ្យ​គេ​ដឹង​ជា​ចាំបាច់​នូវ‹ទទឹង​និង​កំពស់›នៃ​សេចក្ដី​ពិត​ក្នុង​ព្រះ​គម្ពីរ។ មាន​តែ​ធ្វើ​ដូច្នេះ​ទេ ទើប​យើង​អាច​សង្វាត​រៀន​ពី​បន្ទូល​របស់​ព្រះ​យេហូវ៉ា ដែល​ហាក់​ដូច​ជា‹ភ្លើង​ឆេះ›ក្នុង​ចិត្ត​របស់​យើង ដើម្បី​និយាយ​ប្រាប់​អ្នក​ដទៃ។ ហើយ​ចិត្ត​ខ្នះខ្នែង​ចំពោះ​ការ​ផ្សព្វផ្សាយ នឹង​ពង្រឹង​អំណរគុណ​ដែល​យើង​មាន​ចំពោះ​សេចក្ដី​ពិត»។—អេភេសូរ ៣:១៨; យេរេមា ២០:៩

យ៉ាកុប អ៊ីម៉ានូអែល​ដែល​យើង​បាន​លើក​មក​និយាយ​នៅ​ខាង​ដើម​នេះ គាត់​ក៏​នឹក​ចាំ​នូវ​សារៈ​សំខាន់​នៃ​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន​ក្នុង​ការ​បំរើ​ព្រះ​យេហូវ៉ា​ដែរ។ គាត់​ពោល​ថា​មាតា​បិតា​របស់​គាត់ មិន​ដែល​បង្ខំ​ឲ្យ​គាត់​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ទេ។ «ខ្ញុំ​ជឿជាក់​ថា នេះ​ជា​ផ្លូវ​ដ៏​ប្រសើរ​មែន ពីព្រោះ​ខ្ញុំ​ឃើញ​នូវ​លទ្ធផល​ល្អ។ ជា​ឧទាហរណ៍ យុវជន​ខ្លះ​ដែល​ខ្ញុំ​ធ្លាប់​សេពគប់​ជា​មួយ បាន​សម្រេច​ចិត្ត​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ពេល​ជា​មួយ​គ្នា។ ទោះ​ជា​ទង្វើ​នេះ​មើល​ទៅ​ដូច​ជា​ល្អ​ក្ដី ខ្ញុំ​អាច​ឃើញ​ថា អ្នក​ខ្លះ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ដោយ​មាន​មូលដ្ឋាន​លើ​អារម្មណ៍​ប៉ុណ្ណោះ ហើយ​បន្ដិច​ក្រោយ​មក ចិត្ត​ខ្នះខ្នែង​របស់​គេ​ចំពោះ​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​បាន​បន្ថយ។ ចំពោះ​ខ្ញុំ មាតា​បិតា​មិន​បាន​បង្ខំ​ខ្ញុំ​ឲ្យ​សម្រេច​ចិត្ត​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា​ទេ។ ខ្ញុំ​បាន​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន​ក្នុង​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា»។

តួ​នាទី​នៃ​ក្រុមជំនុំ

យុវជន​ខ្លះ​បាន​រៀន​សេចក្ដី​ពិត​ពី​បន្ទូល​របស់​ព្រះ​ដោយ​ខ្លួន​ឯង គឺ​គ្មាន​ជំនួយ​ពី​មាតា​បិតា​របស់​ខ្លួន​ទេ។ គឺ​ប្រាកដ​ជា​ពិបាក​មែនក្រោម​កាលៈទេសៈ​នេះ ដើម្បី​រៀន​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ និង​ធ្វើ​តាម​ផ្លូវ​នោះ​ជា​បន្ត។

ណូអី​នឹក​ចាំ​នូវ​របៀប​ដែល​គាត់​ទទួល​ប្រយោជន៍​ពី​សេចក្ដី​ពិត។ គាត់​ឆាប់​ខឹង​និង​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​តាំង​តែ​ពី​ក្មេង​មក​ម្ល៉េះ។ កាល​គាត់​បាន​ចាប់​ផ្ដើម​សិក្សា​ព្រះគម្ពីរ​ពេល​គាត់​អាយុ​១៤​ឆ្នាំ នោះ​ចិត្ត​របស់​គាត់​ក៏​បាន​ប្រសើរ​ឡើង ហើយ​នេះ​ធ្វើ​ឲ្យ​មាតា​បិតា​មាន​ចិត្ត​សប្បាយ​ណាស់ តែ​ពួក​គាត់​មិន​បាន​ចាប់​អារម្មណ៍​នឹង​ព្រះ​គម្ពីរ​នៅ​ពេល​នោះ​ទេ។ ពេល​ណូអី​បាន​ចំរើន​ភាព​ខាង​វិញ្ញាណ​របស់​គាត់​រួច​មក គាត់​ចង់​ប្រើ​ជីវិត​របស់​គាត់​ដើម្បី​បំរើ​ព្រះ​ឲ្យ​បាន​ពេញលេញ។ សព្វ​ថ្ងៃ​នេះ គាត់​កំពុង​តែ​បំរើ​ព្រះ​ពេញ​ពេល។

ស្រដៀង​គ្នា​ដែរ អាឡេហាន់ត្រូ​បាន​ចាប់​ផ្ដើម​ចាប់​អារម្មណ៍​នឹង​សេចក្ដី​ពិត ពេល​គាត់​មាន​អាយុ​ក្មេង ទោះ​ជា​មាតា​បិតា​គាត់​មិន​ចាប់​អារម្មណ៍​ក៏​ដោយ។ គាត់​មាន​អំណរគុណ​ចំពោះ​សេចក្ដី​ពិត ដោយ​ពោល​ថា​៖ «ខ្ញុំ​ធំ​ឡើង​នៅ​ក្នុង​គ្រួសារ​ដែល​កាន់​សាសនា​កាតូលិក។ ដោយ​ព្រោះ​សាសនា​នេះ​មិន​អាច​ឆ្លើយ​នឹង​សំនួរ​ផ្សេងៗ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ខ្វល់​ចិត្ត​តាំង​តែ​ពី​នៅ​ក្មេង​នោះ ខ្ញុំ​ក៏​មាន​ទំនោរ​ចិត្ត​ទៅ​លើ​ការ​គាំទ្រ​របប​កុំមុយនីស​ខាង​លទ្ធិ​បដិសេធ​មិន​ជឿ​ព្រះ។ អង្គការ​របស់​ព្រះ​យេហូវ៉ា​បាន​ជួយ​ខ្ញុំ​ឲ្យ​ទទួល​នូវ​ចំណេះ​ពិត​អំពី​ព្រះ គឺ​បាន​សង្គ្រោះ​ជីវិត​ខ្ញុំ ពីព្រោះ​បើ​ខ្ញុំ​មិន​បាន​សិក្សា​ព្រះគម្ពីរ​ទេ មក​ដល់​ពេល​នេះ​ខ្ញុំ​ប្រហែល​ជា​ប្រព្រឹត្ត​អំពើ​អសីលធម៌ ញៀន​ស្រា​និង​គ្រឿង​ញៀន​ផ្សេង​ទៀត​មិន​ខាន។ ខ្ញុំ​ប្រហែល​ជា​ចូល​រួម​នឹង​ក្រុម​បដិវត្តន៍ ហើយ​នឹង​ទទួល​នូវ​លទ្ធផល​គួរ​ឲ្យ​ឈឺចាប់​ជាក់​ជា​មិន​ខាន»។

តើ​យុវជន​ម្នាក់​បន្ត​ខំ​ស្វែង​រក​សេចក្ដី​ពិត​និង​កាន់​ជាប់​នឹង​សេចក្ដី​ពិត ដោយ​គ្មាន​ជំនួយ​ពី​មាតា​បិតា​យ៉ាង​ដូច​ម្ដេច? ពិត​ណាស់ ពួក​អ្នក​ចាស់​ទុំ​និង​បងប្អូន​ឯ​ទៀត​ក្នុង​ក្រុមជំនុំ​មាន​តួ​នាទី​យ៉ាង​សំខាន់។ ណូអី​នឹក​ចាំ​ថា​៖ «ខ្ញុំ​មិន​ដែល​មាន​អារម្មណ៍​ថា​រូប​ខ្ញុំ​នៅ​កណ្ដោចកណ្ដែង​ម្នាក់​ឯង​ទេ ដ្បិត​ព្រះ​យេហូវ៉ា​តែង​តែ​គង់​នៅ​ជិត​ខ្ញុំ។ ម្យ៉ាង​វិញ​ទៀត ខ្ញុំ​មាន​ការ​គាំទ្រ​ពី​បងប្អូន​ប្រុស​ស្រី​ជា​ច្រើន​គួរ​ជា​ទី​ស្រឡាញ់ ដែល​បាន​ក្លាយ​ទៅ​ជា​បិតា មាតា និង​បងប្អូន​ខាង​វិញ្ញាណ​របស់​ខ្ញុំ»។ ឥឡូវ​នេះ គាត់​កំពុង​តែ​បំរើ​នៅ​ឯ​បេតអែល ហើយ​ចំណាយ​ពេលវេលា​របស់​គាត់​ដើម្បី​បំរើ​ព្រះ​វិញ។ អាឡេហាន់ត្រូ​នឹក​ចាំ​ថា​៖ «ខ្ញុំ​តែង​តែ​មាន​អំណរគុណ​ចំពោះ​ផល​ប្រយោជន៍​ដែល​ខ្ញុំ​បាន​ទទួល​ក្នុង​ក្រុមជំនុំ​ដែល​មាន​ក្រុម​អ្នក​ចាស់​ទុំ ដែល​បង្ហាញ​នូវ​ការ​ចាប់​អារម្មណ៍​និង​សេចក្ដី​ស្រឡាញ់​ដល់​ខ្ញុំ​ផង។ ខ្ញុំ​មាន​ចិត្ត​កតញ្ញូ​ជា​ពិសេស​ពេល​ខ្ញុំ​បាន​ចាប់​ផ្ដើម​សិក្សា​ព្រះគម្ពីរ ដោយ​ព្រោះ​ពេល​ខ្ញុំ​អាយុ​១៦​ឆ្នាំ សេចក្ដី​ទុក្ខ​ព្រួយ​ដែល​មាន​ជា​ទូទៅ​ចំពោះ​យុវជន ក៏​មាន​មក​លើ​ខ្ញុំ​នោះ​ដែរ។ ក្រុម​គ្រួសារ​ក្នុង​ក្រុមជំនុំ​មិន​ដែល​បោះបង់​ខ្ញុំ​ចោល​ទេ។ គឺ​តែង​មាន​គេ​ទទួល​ខ្ញុំ​យ៉ាង​រាក់ទាក់ ហើយ​ផ្ដល់​ឲ្យ​អាហារ​និង​ឲ្យ​ផ្ទះ​ខ្ញុំ​ស្នាក់​នៅ ព្រម​ទាំង​មាន​ចិត្ត​សប្បុរស​ចំពោះ​ខ្ញុំ​ទៀត​ផង»។ អាឡេហាន់ត្រូ​បាន​បំរើ​ព្រះ​ពេញ​ពេល​អស់​រយៈ​ពេល​១៣​ឆ្នាំ​មក​ហើយ។

មនុស្ស​ខ្លះ​គិត​ថា សាសនា​គឺ​សំរាប់​តែ​មនុស្ស​ចាស់​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ យុវជន​ជា​ច្រើន​បាន​រៀន​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ នៅ​ពេល​ជា​យុវ​វ័យ និង​រៀន​ឲ្យ​ចេះ​ស្រឡាញ់​ព្រះ​យេហូវ៉ា និង​បន្ត​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ទ្រង់។ ពាក្យ​សំដី​របស់​ដាវីឌ​នៅ​ទំនុកដំកើង ១១០:៣ គឺ​ទាក់ទង​នឹង​យុវជន​ទាំង​នេះ​មែន ដែល​ពោល​ថា​៖ «រាស្ត្រ​របស់​ឯង​គេ​ថ្វាយ​ខ្លួន​ស្ម័គ្រ​ពី​ចិត្ត នៅ​ថ្ងៃ​ដែល​ឯង​ដំ​រៀប​ក្បួន​ទ័ព​ដ៏​ប្រដាប់ ដោយ​គ្រឿង​បរិសុទ្ធ ពួក​កំឡោះ​របស់​ឯង នឹង​បាន​ដូច​ជា​ទឹក​សន្សើម ដែល​ចេញ​ពី​ផ្ទៃ​នៃ​បច្ចូស​កាល​មក»។

ចំពោះ​យុវជន ការ​រៀន​អំពី​សេចក្ដី​ពិត​ហើយ​បន្ត​កាន់​តាម​ផ្លូវ​នោះ គឺ​ត្រូវ​តែ​ខំ​ប្រឹង​និង​ត្រូវ​ប្ដេជ្ញា​ចិត្ត​ជានិច្ច។ យើង​មាន​អំណរ​មែន! ពេល​ឃើញ​យុវជន​ជា​ច្រើន​នៅ​ជិត​អង្គការ​របស់​ព្រះ​យេហូវ៉ា ការ​ចូល​រួម​ប្រជុំ​ជា​ទៀងទាត់ និង​ការ​សិក្សា​ព្រះ​គម្ពីរ​ដោយ​យក​ចិត្ត​ទុក​ដាក់។ ដោយ​ធ្វើ​ដូច្នេះ ពួកគេ​បាន​ជួយ​មនុស្ស​ជា​ច្រើន​ឲ្យ​បណ្ដុះ​នូវ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ចំពោះ​បន្ទូល​របស់​ព្រះ​និង​កិច្ច​បំរើ​របស់​ទ្រង់!—ទំនុកដំកើង ១១៩:១៥, ១៦

[កំណត់​សម្គាល់]

^ វគ្គ 6 បោះពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះយេហូវ៉ា​នៅ​ឆ្នាំ​១៩៥៨ សព្វ​ថ្ងៃ​នេះ​លែង​បោះពុម្ព​ហើយ។