ចូរ«កាន់កិរិយាមារយាទអោយបានថ្លៃថ្នូរនៅក្នុងចំណោមសាសន៍ដទៃ»
ចូរ«កាន់កិរិយាមារយាទអោយបានថ្លៃថ្នូរនៅក្នុងចំណោមសាសន៍ដទៃ»
«ចូរគោរពមនុស្សគ្រប់ៗរូប ចូរស្រឡាញ់បងប្អូនរួមជំនឿ»។—ពេត្រុសទី១ ២:១៧, ព្រះគម្ពីរភាសាខ្មែរសម្រាយ
១, ២. (ក) តើអ្នកកាសែតម្នាក់បានមានប្រសាសន៍យ៉ាងណា អំពីស្មរបន្ទាល់ព្រះយេហូវ៉ា? (ខ) ហេតុដូចម្ដេចបានជាស្មរបន្ទាល់ព្រះយេហូវ៉ាខំរក្សាឲ្យមានខ្នាតតម្រាខ្ពង់ខ្ពស់ខាងកិរិយាមារយាទ?
ប៉ុន្មានឆ្នាំមុននេះ អ្នកកាសែតម្នាក់នៅទីក្រុងអាម៉ារិឡូ រដ្ឋតិចសាស់ ស.រ.អ. បានចុះធ្វើទស្សនកិច្ចនៅព្រះវិហារផ្សេងៗក្នុងតំបន់នោះ ហើយគាត់ក៏បានរាយការណ៍អំពីអ្វីដែលគាត់បានធ្វើការសង្កេតនៅទីនោះដែរ។ គាត់បានកត់សម្គាល់ឃើញមនុស្សមួយក្រុមដែលប្លែកពីគេ។ គាត់បានមានប្រសាសន៍ថា៖ «អស់រយៈបីឆ្នាដែលខ្ញុំបានចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា នៅឯមជ្ឈមណ្ឌលប្រជាជាតិនៅទីក្រុងអាម៉ារិឡូ។ ពេលដែលខ្ញុំចូលរួមជាមួយនឹងពួកគេ ខ្ញុំមិនដែលឃើញមនុស្សណាម្នាក់អុជបារី គាស់ប៊ីយែរសូម្បីតែមួយកំប៉ុង ឬពោលពាក្យជេរប្រមាថសោះឡើយ។ ពួកគេជាក្រុមមនុស្សស្អាតស្អំ និងស្លូតបូតជាងគេ ថែមទាំងស្លៀកពាក់សមរម្យ និងមានកិរិយាមារយាទល្អបំផុតដែលខ្ញុំធ្លាប់ជួប»។ មនុស្សជាច្រើនទៀតក៏មានប្រសាសន៍ស្រដៀងនេះដែរ អំពីស្មរបន្ទាល់ព្រះយេហូវ៉ា ហើយពាក្យសំដីដែលគេពោលសរសើរពួកស្មរបន្ទាល់ក៏បានចុះផ្សាយក្នុងសារពត៌មានផងដែរ។ ហេតុអ្វីបានជាមនុស្សដែលមិនមានជំនឿដូចស្មរបន្ទាល់ មានប្រសាសន៍សរសើរពួកគេជាញឹកញយដូច្នេះ?
២ តាមធម្មតាមនុស្សឯទៀតសរសើររាស្ត្ររបស់ព្រះ ពីព្រោះរាស្ត្ររបស់ទ្រង់មានកិរិយាមារយាទល្អ។ កាលដែលខ្នាតតម្រាទូទៅកំពុងតែសាបរលាបទៅៗ នោះស្មរបន្ទាល់ព្រះយេហូវ៉ាចាត់ទុកខ្នាតតម្រាអំពីកិរិយាល្អជាកាតព្វកិច្ចរបស់ពួកគេផ្ទាល់ ហើយក៏ចាត់ទុកនោះជាផ្នែកមួយក្នុងការថ្វាយបង្គំរបស់ពួកគេផងដែរ។ ស្មរបន្ទាល់ព្រះយេហូវ៉ាដឹងថា កិរិយាប្រព្រឹត្តរបស់ពួកគេអាចនាំសេចក្ដីសរសើរឬសេចក្ដីតិះដៀលមកទៅលើកិត្ដិនាមព្រះយេហូវ៉ា និងកេរ្ដិ៍ឈ្មោះរបស់បងប្អូនគ្រីស្ទានរបស់ពួកគេ។ ពួកគេក៏យល់ដឹងថា កិរិយាមារយាទល្អអាចលើកដំកើងសេចក្ដីពិតដែលពួកគេកំពុងតែផ្សព្វផ្សាយ។ (យ៉ូហាន ១៥:៨; ទីតុស ២:៧, ៨) បើដូច្នេះ ចូរឲ្យយើងពិនិត្យមើលនូវរបៀបដែលយើងអាចរក្សាឲ្យមានកិរិយាមារយាទល្អ ដើម្បីជួយលើកតំកើងកិត្ដិនាមព្រះយេហូវ៉ា និងកេរ្ដិ៍ឈ្មោះល្អរបស់ស្មរបន្ទាល់របស់ទ្រង់។ ហើយយើងក៏ចង់ពិនិត្យមើលនូវអត្ថប្រយោជន៍ដែលយើងនឹងទទួលដែលមកពីការធ្វើដូច្នោះដែរ។
ក្រុមគ្រួសារគ្រីស្ទាន
៣. តើយើងត្រូវការពារក្រុមគ្រួសារពីអ្វីទៅ?
៣ សូមពិចារណាកិរិយាមារយាទរបស់យើងក្នុងក្រុមគ្រួសារ។ សៀវភៅរបស់លោកហ្គែហាត បេសៀ និងលោកអ៊ែវីន ស៊រអិស ចែងថា៖ «[ស្មរបន្ទាល់ព្រះយេហូវ៉ា]ចាត់ទុកក្រុមគ្រួសារជាអ្វីដែលគេត្រូវការពារជាចំបង»។ (Die Neuen Inquisitoren: Religionsfreiheit und Glaubensneid) ចំណែងនេះគឺជាការពិតមែន ហើយសព្វថ្ងៃនេះយើងត្រូវការពារក្រុមគ្រួសាររបស់យើងពីគ្រោះថ្នាក់ជាច្រើនរាប់មិនអស់ ពោលគឺ ក្មេងៗ«មិនស្ដាប់បង្គាប់ឪពុកម្ដាយ» មនុស្សពេញវ័យដែល‹មិនចេះស្រឡាញ់តាមធម្មតាមនុស្ស› និង«មិនចេះទប់ចិត្ត»។ (ធីម៉ូថេទី២ ៣:២, ៣) អំពើហិង្សាភាគច្រើនកើតមានក្នុងរង្វង់គ្រួសារតែម្ដង ពោលគឺស្វាមីនិងភរិយា មាតាបិតានិងបុត្រធីតា ឬរហូតដល់មាតាបិតាមិនបីបាច់ថែរក្សាបុត្រធីតារបស់ខ្លួនទៀតផង។ ពួកយុវវ័យចេះតែបះបោរ ប្រើប្រាស់ឱសថខុសវេជ្ជបញ្ជាពេទ្យ ប្រើគ្រឿងញៀន ធ្វើអំពើអសីលធម៌ និងរត់ចេញពីផ្ទះជាដើម។ បញ្ហាទាំងឡាយនេះជាលទ្ធផលមកពី‹វិញ្ញាណនៃលោកីយ៍នេះ› ដែលកំពុងបង្ខូចចិត្តគំនិតរបស់មនុស្ស។ (អេភេសូរ ២:១, ២) យើងត្រូវតែការពារក្រុមគ្រួសាររបស់យើងពីវិញ្ញាណអាក្រក់ទាំងនោះ។ តើដោយរបៀបណាទៅ? គឺដោយធ្វើតាមដំបូន្មាននិងការណែនាំរបស់ព្រះយេហូវ៉ាចំពោះសមាជិកគ្រួសារនិមួយៗ។
៤. តើសមាជិកគ្រួសារគ្រីស្ទានត្រូវប្រព្រឹត្តយ៉ាងណាចំពោះគ្នាទៅវិញទៅមក?
៤ គូស្វាមីភរិយាគ្រីស្ទានទទួលស្គាល់ថា ពួកគេមានកាតព្វកិច្ចដែលត្រូវបំពេញចំពោះគ្នាទៅវិញទៅមក ទាំងផ្លូវកាយ ផ្លូវចិត្ត ព្រមទាំងខាងវិញ្ញាណផងដែរ។ (កូរិនថូសទី១ ៧:៣-៥; អេភេសូរ ៥:២១-២៣; ពេត្រុសទី១ ៥:៧) មាតាបិតាគ្រីស្ទានក៏មានភារកិច្ចដ៏ធ្ងន់ដែរ ចំពោះបុត្រធីតារបស់ខ្លួន។ (សុភាសិត ២២:៦; កូរិនថូសទី២ ១២:១៤; អេភេសូរ ៦:៤) ពេលកូនៗក្នុងក្រុមគ្រួសារគ្រីស្ទានធំឡើងនោះ ពួកគេរៀនដឹងថា ខ្លួនគេក៏មានកាតព្វកិច្ចដែលត្រូវបំពេញផងដែរ។ (សុភាសិត ១:៨, ៩; ២៣:២២; អេភេសូរ ៦:១; ធីម៉ូថេទី១ ៥:៣, ៤, ៨) ការបំពេញកាតព្វកិច្ចក្នុងក្រុមគ្រួសារតម្រូវឲ្យយើងខំប្រឹងប្រែង ប្ដេជ្ញាចិត្ត និងមានសេចក្ដីស្រឡាញ់ដោយស្មារតីចេះលះបង់ប្រយោជន៍ផ្ទាល់ខ្លួន។ បើសមាជិកគ្រួសារទាំងឡាយបំពេញតាមកាតព្វកិច្ចដែលព្រះកំណត់ឲ្យពួកគេធ្វើប៉ុនណា នោះពួកគេក៏មានតម្លៃចំពោះបងប្អូនគ្នីគ្នានិងចំពោះក្រុមជំនុំប៉ុណ្ណោះដែរ។ សំខាន់ជាងនេះទៅទៀត ពួកគេលើកកិត្ដិយសថ្វាយព្រះយេហូវ៉ា ជាអ្នកបង្កើតក្រុមគ្រួសារដំបូង។—លោកុប្បត្តិ ១:២៧, ២៨; អេភេសូរ ៣:១៥
ភាតរភាពគ្រីស្ទាន
៥. តើយើងអាចទទួលប្រយោជន៍អ្វីខ្លះ ពីការរាប់អានគ្នាជាមួយនឹងពួកគ្រីស្ទានគ្នីគ្នា?
៥ ដោយព្រោះយើងជាជនគ្រីស្ទាន មានអ្វីផ្សេងទៀតដែលយើងត្រូវប្រព្រឹត្តចំពោះគ្រីស្ទានគ្នីគ្នាដែលនៅក្នុងក្រុមជំនុំជាមួយយើង ហើយបន្ទាប់មក ចំពោះ«បងប្អូន[ទាំងឡាយ]របស់អ្នករាល់គ្នាដែលនៅក្នុងលោកីយនេះ»។ (ពេត្រុសទី១ ៥:៩) សុខុមាលភាពខាងវិញ្ញាណរបស់យើងពាក់ព័ន្ធទៅនឹងទំនាក់ទំនងរបស់យើងជាមួយនឹងបងប្អូនក្នុងក្រុមជំនុំ។ ពេលដែលយើងជួបជុំជាមួយនឹងពួកគ្រីស្ទានឯទៀតយើងទទួលបាននូវការលើកទឹកចិត្តយ៉ាងច្រើន ព្រមទាំងទទួលអាហារខាងវិញ្ញាណពី‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›ផងដែរ។ (ម៉ាថាយ ២៤:៤៥-៤៧) បើយើងមានបញ្ហាណា យើងអាចសុំយោបល់ពីបងប្អូនយើង ជាយោបល់ល្អដែលមានមូលដ្ឋានលើគោលការណ៍ព្រះគម្ពីរ។ (សុភាសិត ១៧:១៧; សាស្ដា ៤:៩; យ៉ាកុប ៥:១៣-១៨) បើយើងមានការខ្វះខាតហើយត្រូវការជំនួយ បងប្អូនរបស់យើងមិនបោះបង់ចោលយើងឡើយ។ ការរួមចំណែកក្នុងអង្គការរបស់ព្រះពិតជានាំឲ្យមានពរដ៏វិសេសមែន!
៦. តើប៉ុលបានបង្ហាញយ៉ាងណាថា យើងជាគ្រីស្ទានមានភារកិច្ចដែលត្រូវធ្វើចំពោះគ្នាទៅវិញទៅមក?
៦ ក៏ប៉ុន្តែ យើងមិនចូលមកក្នុងក្រុមជំនុំដើម្បីទទួលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះទេ តែយើងមានវត្តមានដើម្បីផ្ដល់ប្រយោជន៍ដល់អ្នកឯទៀតដែរ។ ព្រះយេស៊ូមានបន្ទូលថា៖ «ដែលឲ្យ នោះបានពរជាជាងទទួល»។ (កិច្ចការ ២០:៣៥) សាវ័កប៉ុលបានលើកទឹកចិត្តឲ្យយើងមានចិត្តសទ្ធា ពេលដែលគាត់សរសេរថា៖ «ត្រូវឲ្យយើងរាល់គ្នាកាន់ខ្ជាប់ តាមសេចក្ដីបន្ទាល់របស់សេចក្ដីសង្ឃឹមនោះ ឥតរវើរវាយ ដ្បិតព្រះដែលបានសន្យានោះ ទ្រង់ស្មោះត្រង់។ ហើយត្រូវឲ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្ដាលឲ្យមានសេចក្ដីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង ឥតលែងប្រជុំគ្នា ដូចជាអ្នកខ្លះធ្លាប់នោះឡើយ។ ត្រូវឲ្យកំឡាចិត្តគ្នាវិញ ឲ្យកាន់តែខ្លាំងឡើងផង តាមដែលឃើញថាថ្ងៃនោះជិតមកដល់ហើយ»។—ហេព្រើរ ១០:២៣-២៥
៧, ៨. តើយើងបង្ហាញចិត្តសទ្ធាបានយ៉ាងណា ចំពោះបងប្អូនក្នុងក្រុមជំនុំរបស់យើង និងចំពោះបណ្ដាគ្រីស្ទាននៅប្រទេសឯទៀតដែរ?
៧ ក្នុងក្រុមជំនុំ យើងធ្វើ‹បន្ទាល់អំពីសេចក្ដីសង្ឃឹមរបស់យើង› ពេលដែលយើងឆ្លើយក្នុងកិច្ចប្រជុំ ឬរួមចំណែកតាមវិធីផ្សេងៗទៀត។ ការខំរួមចំណែកបែបនេះច្បាស់ជាលើកទឹកចិត្តបងប្អូនយើងណាស់។ យើងក៏លើកទឹកចិត្តបងប្អូនយើងដោយការនិយាយសំណេះសំណាលគ្នាពីមុន និងក្រោយប្រជុំផងដែរ។ នោះជាពេលដែលយើងអាចជួយលើកទឹកចិត្តអស់អ្នកដែលក្រៀមក្រំចិត្ត ហើយអាចជួយផ្ដល់កម្លាំងចិត្តដល់ពួកអ្នកដែលខ្សោយ និងសំរាលទុក្ខពួកអ្នកដែលឈឺដែរ។ (ថែស្សាឡូនីចទី១ ៥:១៤) តាមវិធីនេះ បងប្អូនគ្រីស្ទានស្មោះស តែងតែឲ្យជាជាងទទួល ជាហេតុធ្វើឲ្យមនុស្សជាច្រើនដែលចូលរួមកិច្ចប្រជុំរបស់យើងជាលើកទីមួយ តែងកោតស្ងើចនឹងសេចក្ដីស្រឡាញ់ដែលគេសម្គាល់ឃើញរវាងបងប្អូនយើងមានចំពោះគ្នានិងគ្នានោះ។—ទំនុកដំកើង ៣៧:២១; យ៉ូហាន ១៥:១២; កូរិនថូសទី១ ១៤:២៥
៨ យ៉ាងណាក្ដី យើងមិនគ្រាន់តែមានសេចក្ដីស្រឡាញ់ចំពោះតែក្រុមជំនុំយើងប៉ុណ្ណោះឡើយ។ យើងមានសេចក្ដីស្រឡាញ់ចំពោះបងប្អូនក្នុងភាតរភាពពេញពិភពលោកតែម្ដង។ ហេតុនេះហើយបានជាមានប្រអប់វិភាគទានក្នុងសាលព្រះរាជាណាចក្រនិមួយៗ ដើម្បីដាក់លុយជាវិភាគទានសំរាប់ការសាងសង់សាលព្រះរាជាណាចក្រ។ សាលព្រះរាជាណាចក្ររបស់យើងប្រហែលជាថ្មីហើយស្អាត ប៉ុន្តែយើងដឹងថា បងប្អូនគ្រីស្ទានរាប់ពាន់នាក់ដែលមានជំនឿដូចយើងនៅប្រទេសឯទៀត ពួកគេមិនមានទីកន្លែងសមត្រឹមត្រូវល្អដើម្បីប្រជុំគ្នាទេ។ ពេលដែលយើងដាក់វិភាគទានក្នុងប្រអប់សំរាប់ការសាងសង់សាលព្រះរាជាណាចក្រ យើងបង្ហាញនូវសេចក្ដីស្រឡាញ់របស់យើងចំពោះបងប្អូនទាំងនោះ ទោះជាយើងមិនស្គាល់ពួកគេក្ដី។
៩. តើអ្វីជាមូលហេតុចំបងដែលស្មរបន្ទាល់ព្រះយេហូវ៉ាស្រឡាញ់គ្នាទៅវិញទៅមក?
៩ ហេតុអ្វីបានជាស្មរបន្ទាល់ព្រះយេហូវ៉ាស្រឡាញ់គ្នាទៅវិញទៅមកដូចនេះ? គឺពីព្រោះព្រះយេស៊ូបានបង្គាប់ឲ្យពួកគេធ្វើដូច្នេះ។ (យ៉ូហាន ១៥:១៧) ហើយសេចក្ដីស្រឡាញ់នេះដែលពួកគេបង្ហាញចំពោះគ្នាទៅវិញទៅមកជាទីសំអាងថា វិញ្ញាណរបស់ព្រះកំពុងតែមានឥទ្ធិពលលើពួកគេម្នាក់ៗ និងលើក្រុមទាំងមូលរបស់គេផង។ សេចក្ដីស្រឡាញ់ក៏មានក្នុង«ផលផ្លែនៃព្រះវិញ្ញាណ»ដែរ។ (កាឡាទី ៥:២២, ២៣) ពេលដែលស្មរបន្ទាល់ព្រះយេហូវ៉ាសិក្សាព្រះគម្ពីរ ព្រមទាំងចូលរួមកិច្ចប្រជុំគ្រីស្ទាន ហើយអធិស្ឋានឥតឈប់ឈរទូលថ្វាយព្រះ នោះពួកគេចេះបង្ហាញសេចក្ដីស្រឡាញ់បានយ៉ាងស្រួល ទោះជាពួកគេរស់នៅក្នុងលោកីយ៍នេះដែល‹សេចក្ដីស្រឡាញ់របស់មនុស្សជាច្រើនបានរសាយអស់ទៅ›ក្ដី។—ម៉ាថាយ ២៤:១២
ទំនាក់ទំនងជាមួយនឹងសង្គមមនុស្សដែលនៅជុំវិញយើង
១០. តើយើងមានភារកិច្ចធ្វើអ្វីចំពោះមនុស្សក្នុងលោកីយ៍នេះ?
១០ ពំនោលរបស់ប៉ុលអំពីការធ្វើ‹បន្ទាល់ពីសេចក្ដីសង្ឃឹមរបស់យើង›នោះ រំឭកយើងពីភារកិច្ចមួយទៀត។ ការធ្វើបន្ទាល់នេះជាកិច្ចការផ្សព្វផ្សាយដំណឹងល្អដល់អស់អ្នកដែលមិនទាន់ក្លាយជាបងប្អូនគ្រីស្ទានរបស់យើងនៅឡើយ។ (ម៉ាថាយ ២៤:១៤; ២៨:១៩, ២០; រ៉ូម ១០:៩, ១០, ១៣-១៥) ការផ្សព្វផ្សាយបែបនេះជាការឲ្យម្យ៉ាងទៀតដែលប្រសើរជាងទទួល។ ការរួមចំណែកក្នុងកិច្ចបំរើផ្សាយនោះ តម្រូវឲ្យយើងចំណាយពេលនិងកម្លាំង រៀបចំជាមុន បង្វឹកបង្វឺនខ្លួន ព្រមទាំងចំណាយធនធានផ្ទាល់ខ្លួនផងដែរ។ ប៉ុន្តែ ប៉ុលក៏បានសរសេរថា៖ «ខ្ញុំមានសេចក្ដីជំពាក់ទាំងសាសន៍ក្រេក នឹងសាសន៍ដទៃ ទាំងអ្នកប្រាជ្ញ នឹងអ្នកខ្លៅផង ដូច្នេះ ឯខ្ញុំៗប្រុងប្រៀបតែនឹងប្រាប់ដំណឹងល្អមកអ្នករាល់គ្នា ដែលនៅក្រុងរ៉ូមដែរ»។ (រ៉ូម ១:១៤, ១៥) ដូចប៉ុលដែរ ចូរឲ្យយើងសង«បំណុល»នេះដោយក្ដីពេញចិត្ត
១១. បទគម្ពីរមានគោលការណ៍ពីរដែលដាក់កំរិតទៅលើទំនាក់ទំនងរបស់យើងជាមួយនឹងលោកីយ៍នេះ។ តើគោលការណ៍ពីរនោះជាអ្វីទៅ? ថ្វីបើដូច្នេះក៏ដោយ តើយើងនៅតែទទួលស្គាល់អ្វី?
១១ តើយើងមានភារកិច្ចថែមទៀតដែលត្រូវធ្វើ ចំពោះពួកអ្នកដែលមិនមានជំនឿដូចយើងឬទេ? យើងពិតជាមានមែន! យើងទទួលស្គាល់ថា «លោកីយទាំងមូលដេកនៅក្នុងឱវាទនៃមេកំណាច»។ (យ៉ូហានទី១ ៥:១៩) យើងក៏ជ្រាបពីបន្ទូលរបស់ព្រះយេស៊ូអំពីពួកសិស្សទ្រង់ថា៖ «គេមិនមែនជារបស់ផងលោកីយ ដូចជាទូលបង្គំក៏មិនមែនជារបស់លោកីយដែរ»។ ថ្វីបើយើងមិនមែនជារបស់ផងលោកីយ៍ក្ដី យើងនៅតែរស់ក្នុងលោកីយ៍នេះ ប្រកបការងារដើម្បីចិញ្ចឹមជីវិតក្នុងលោកីយ៍នេះ ហើយប្រើប្រាស់សេវាកម្មផ្សេងៗក្នុងលោកីយ៍នេះដែរ។ (យ៉ូហាន ១៧:១១,១៥, ១៦) ដូច្នេះ យើងក៏មានកាតព្វកិច្ចផ្សេងៗចំពោះសង្គមមនុស្សដែលនៅជុំវិញយើងដែរ។ តើយើងមានកាតព្វកិច្ចអ្វីខ្លះ? សាវ័កពេត្រុសបានឆ្លើយសំនួរនេះ។ មិនយូរប៉ុន្មានមុននឹងការបំផ្លាញចោលនូវទីក្រុងយេរូសាឡិមនោះ ពេត្រុសបានសរសេរសំបុត្រមួយជូនចំពោះពួកគ្រីស្ទាននៅស្រុកអាស៊ីមីន័រ ហើយវគ្គខ្លះៗក្នុងសំបុត្រនោះអាចជួយឲ្យយើងមានតុល្យភាពក្នុងការមានទំនាក់ទំនងជាមួយនឹងលោកីយ៍នេះ។
១២. តើពួកគ្រីស្ទានជា‹ពួកប្រទេសក្រៅ និងជាពួកអ្នកដែលគ្រាន់តែសំណាក់នៅ›យ៉ាងណា? ហើយបើដូច្នេះ តើពួកគេត្រូវជៀសវាងពីអ្វីទៅ?
១២ ពេត្រុសបានចាប់ផ្ដើមដោយមានប្រសាសន៍ថា៖ «ឱពួកស្ងួនភ្ងាអើយ! ខ្ញុំទូន្មានអ្នករាល់គ្នាទុកដូចជាពួកប្រទេសក្រៅ ហើយដូចជាពួកអ្នក ដែលគ្រាន់តែសំណាក់នៅថា ចូរឲ្យអ្នករាល់គ្នាចៀសពីសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាម ដែលតយុទ្ធនឹងព្រលឹងវិញ្ញាណចេញ»។ (ពេត្រុសទី១ ២:១១) ក្នុងន័យខាងវិញ្ញាណ ពួកគ្រីស្ទានដ៏ពិតប្រៀបដូចជា‹ពួកប្រទេសក្រៅ និងជាពួកអ្នកដែលគ្រាន់តែសំណាក់នៅប៉ុណ្ណោះ› ពីព្រោះពួកគេផ្ចង់ចិត្តទៅលើសេចក្ដីសង្ឃឹមដែលមានជីវិតជារៀងរហូត។ ពួកអ្នកតែងតាំងដោយវិញ្ញាណ សង្ឃឹមនឹងទទួលបានជីវិតនៅស្ថានសួគ៌ ហើយពួក«ចៀមឯទៀត»រង់ចាំអនាគតដែលរស់នៅក្នុងទីមនោរម្យនៅលើផែនដីនេះវិញ។ (យ៉ូហាន ១០:១៦; ភីលីព ៣:២០, ២១; ហេព្រើរ ១១:១៣; វិវរណៈ ៧:៩, ១៤-១៧) ប៉ុន្តែ តើ«សេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាម»នោះ ជាអ្វីទៅ? សេចក្ដីប៉ងប្រាថ្នានេះរួមមានការចង់ធ្វើជាអ្នកមានស្តុកស្តម្ភ ចិត្តប្រាថ្នាចង់បានឋានៈធំដុំ ការកើតមានកាមតណ្ហាដែលនាំឲ្យធ្វើអំពើអសីលធម៌ ហើយក៏មានសេចក្ដីប៉ងប្រាថ្នាផ្សេងៗដូចបានរៀបរាប់ជា«សេចក្ដីឈ្នានីស»និង«សេចក្ដីលោភ»ជាដើម។—កូល៉ុស ៣:៥; ធីម៉ូថេទី១ ៦:៤, ៩; យ៉ូហានទី១ ២:១៥, ១៦
១៣. តើសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាម«តយុទ្ធនឹងព្រលឹង»យើងយ៉ាងណា?
១៣ សេចក្ដីប៉ងប្រាថ្នាដែលមាននៅខាងលើនេះ ពិតជា«តយុទ្ធនឹងព្រលឹង»យើងមែន។ ចំណង់ចិត្តបែបនេះនឹងធ្វើឲ្យទំនាក់ទំនងរបស់យើងជាមួយនឹងព្រះរសាយបន្ដិចម្ដងៗ ដូច្នេះនោះអាចនាំឲ្យយើងបាត់បង់នូវសេចក្ដីសង្ឃឹមគ្រីស្ទានរបស់យើង (ដែលជា«ព្រលឹង» ឬជីវិតរបស់យើង)។ ជាឧទាហរណ៍ ប្រសិនបើយើងបង្កើតឲ្យមានចិត្តចាប់អារម្មណ៍ចំពោះអ្វីៗដែលទាក់ទងនឹងអំពើអសីលធម៌នោះ តើធ្វើដូចម្ដេចឲ្យយើងថ្វាយខ្លួន«ជាយញ្ញបូជារស់ ហើយបរិសុទ្ធ ដែលគាប់ព្រះហឫទ័យដល់ព្រះ»នោះបាន? បើយើងធ្លាក់ខ្លួនទៅក្នុងអន្ទាក់នៃការស្វែងរកទ្រព្យសម្បត្ដិនោះ តើយើងអាច‹ស្វែងរកព្រះរាជាណាចក្ររបស់ព្រះជាមុនសិន›បានយ៉ាងណា? (រ៉ូម ១២:១, ២; ម៉ាថាយ ៦:៣៣; ធីម៉ូថេទី១ ៦:១៧-១៩) មាគ៌ាដ៏ប្រសើរជាងនោះ គឺការយកតម្រាប់តាមគំរូរបស់លោកម៉ូសេ ដោយបដិសេធអ្វីៗក្នុងលោកីយ៍ដែលទាក់ទាញចិត្តយើង ហើយឲ្យកិច្ចបំរើព្រះមានអាទិភាពក្នុងជីវិតយើងជានិច្ច។ (ម៉ាថាយ ៦:១៩, ២០; ហេព្រើរ ១១:២៤-២៦) នេះហើយជាគន្លឹះមួយដើម្បីឲ្យមានតុល្យភាពក្នុងការមានទំនាក់ទំនងជាមួយនឹងសង្គមមនុស្សដែលនៅជុំវិញយើងនេះ។
‹ចូររក្សាឲ្យមានកិរិយាមារយាទថ្លៃថ្នូរ›
១៤. ក្នុងនាមជាគ្រីស្ទាន ហេតុអ្វីបានជាយើងខំរក្សាឲ្យមានកិរិយាមារយាទថ្លៃថ្នូរដូច្នេះ?
១៤ ពាក្យបន្តបន្ទាប់របស់ពេត្រុសផ្ដល់ការណែនាំដ៏សំខាន់ម្យ៉ាងទៀត ពោលគឺ៖ «ត្រូវកាន់កិរិយាមារយាទអោយបានថ្លៃថ្នូរនៅក្នុងចំណោមសាសន៍ដទៃ។ ដូច្នេះ ត្រង់ចំណុចណាដែលគេចោទថា បងប្អូនប្រព្រឹត្តអាក្រក់ គេបែរជាឃើញអំពើល្អរបស់បងប្អូនទៅវិញ ហើយនៅថ្ងៃដែលព្រះជាម្ចាស់យាងមក គេនឹងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គថែមទៀតផង»។ (ពេត្រុសទី១ ២:១២, ព្រះគម្ពីរភាសាខ្មែរសម្រាយ) ក្នុងនាមជាជនគ្រីស្ទាន ចូរយើងខំទុកគំរូល្អដល់អ្នកដទៃ។ នៅសាលារៀនយើងខំសិក្សា។ នៅកន្លែងធ្វើការ យើងធ្វើការដោយឧស្សាហ៍ហើយទៀងត្រង់ផង មិនថានិយោជកទាមទារឲ្យយើងធ្វើការហួសហេតុពេកក៏ដោយ។ ក្នុងក្រុមគ្រួសារដែលមិនមានជំនឿដូចគ្នា ស្វាមីឬភរិយាដែលជាស្មរបន្ទាល់នោះ គាត់ព្យាយាមធ្វើតាមគោលការណ៍គ្រីស្ទាន។ ការធ្វើដូចនេះមិនតែងតែស្រួលទេ តែយើងដឹងថា ចរិយាដ៏ល្អរបស់យើងតែងផ្គាប់ព្រះហឫទ័យរបស់ព្រះយេហូវ៉ា ហើយច្រើនតែមានអានុភាពល្អលើពួកអ្នកដែលមិនមែនជាស្មរបន្ទាល់ដែរ។—ពេត្រុសទី១ ២:១៨-២០; ៣:១
១៥. តើដូចម្ដេចបានជាយើងដឹងថា មនុស្សទូទៅទទួលស្គាល់ស្មរបន្ទាល់ព្រះយេហូវ៉ាជាមនុស្សដែលមានខ្នាតតម្រាខាងកិរិយាមារយាទល្អ?
១៥ ក្នុងកំឡុងប៉ុន្មានឆ្នាំកន្លងទៅនេះ ពាក្យសំដីរបស់មនុស្សឯទៀតដែលសរសេរជាលាយលក្ខណ៍អក្សរបានបញ្ជាក់ថា ស្មរបន្ទាល់ព្រះយេហូវ៉ា
ភាគច្រើនបានជោគជ័យក្នុងការធ្វើតាមខ្នាតតម្រាល្អៗនោះ។ ជាក់ស្តែងមានកាសែតមួយនៅប្រទេសអ៊ីតាលីដែលរៀបរាប់ថា៖ «មនុស្សដែលធ្វើការជាមួយនឹងស្មរបន្ទាល់ព្រះយេហូវ៉ា តែងពណ៌នាអំពីស្មរបន្ទាល់ជាអ្នកធ្វើការយ៉ាងទៀងត្រង់ ដែលមានជំនឿស៊ប់ដល់ម្ល៉េះដែលមើលទៅដូចជាជំនឿជ្រុលនិយមទៅវិញ។ យ៉ាងណាក្ដី យើងគួរនឹងគោរពពួកគេដោយសារភាពត្រឹមត្រូវរបស់ពួកគេខាងសីលធម៌»។ (Il Tempo) កាសែតភាសាអង់គ្លេសនៅទីក្រុងប៊័នណុសអេរីស ប្រទេសអាកសង់ទីនចែងថា៖ «ប៉ុន្មានឆ្នាំកន្លងទៅនេះបានសឲ្យឃើញថា ស្មរបន្ទាល់ព្រះយេហូវ៉ាជាពលរដ្ឋដែលធ្វើការនឿយហត់ មានគំនិតនឹងនរ សន្សំសំច័យ ហើយកោតខ្លាចព្រះ»។ (Herald) បណ្ឌិតម្នាក់ជនជាតិរុស្សី ឈ្មោះស៊ែហ្គេ អ៊ីវ៉នញេងកូ បានមានប្រសាសន៍ថា៖ «ទូទាំងផែនដីស្មរបន្ទាល់ព្រះយេហូវ៉ាបានត្រូវសម្គាល់ជាមនុស្សដែលតែងតែស្ដាប់តាមច្បាប់រដ្ឋ ហើយយកចិត្តទុកដាក់បង់ពន្ធមិនដែលខាន»។ នៅប្រទេសស៊ិមបាវេ ស្មរបន្ទាល់ព្រះយេហូវ៉ាបានជួលកីឡាដ្ឋានមួយសំរាប់មហាសន្និបាតរបស់ពួកគេ លោកស្រីដែលជាអ្នកចាត់ការម្នាក់នៅកីឡាដ្ឋាននោះបានរៀបរាប់ថា៖ «ខ្ញុំឃើញស្មរបន្ទាល់ខ្លះប្រមូលសំរាម ហើយខ្លះលាងបង្គន់។ ទីកន្លែងនេះតែងស្អាតជាងមុនៗទៅទៀត។ ពួកយុវវ័យរបស់អ្នកមានកិរិយាមារយាទល្អ។ ខ្ញុំប្រាថ្នាចង់ឲ្យផែនដីទាំងមូលពេញទៅដោយស្មរបន្ទាល់ព្រះយេហូវ៉ា»។ការចុះចូលរបស់ពួកគ្រីស្ទាន
១៦. តើភារកិច្ចអ្វីដែលយើងត្រូវធ្វើចំពោះរាជការ? ហើយហេតុអ្វី?
១៦ ពេត្រុសក៏បានពន្យល់អំពីភារកិច្ចដែលយើងត្រូវធ្វើចំពោះរាជការ។ គាត់មានប្រសាសន៍ថា៖ «ចូរឲ្យចុះចូល នឹងគ្រប់ទាំងច្បាប់ នៃមនុស្សលោកដោយយល់ដល់ព្រះអម្ចាស់ ទោះបើនឹងស្តេច ទុកជាធំបណ្ដាច់ ឬនឹងចៅហ្វាយ ទុកដូចជាអ្នកដែលស្តេចចាត់ចែងផង ដែលលោកទាំងនោះសំរាប់ធ្វើទោសដល់ពួកអ្នក ដែលប្រព្រឹត្តអាក្រក់ ហើយនឹងសរសើរដល់ពួកអ្នក ដែលប្រព្រឹត្តល្អវិញ។ ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យឲ្យបំបាត់ពាក្យសំដីចំកួតរបស់មនុស្សខ្លៅល្ងង់ចេញ ដោយសារកិរិយាល្អ»។ (ពេត្រុសទី១ ២:១៣-១៥) យើងតែងដឹងគុណចំពោះប្រយោជន៍ដែលយើងបានទទួលពីរដ្ឋាភិបាលដែលមានរបៀបរៀបរយ យើងក៏ស្ដាប់តាមច្បាប់រដ្ឋនិងបង់ពន្ធដែរ ស្របតាមពាក្យណែនាំរបស់ពេត្រុសនោះ។ យើងទទួលស្គាល់ថា រាជការមានសិទ្ធិកាត់ទោសដល់ពួកអ្នកដែលរំលងច្បាប់រដ្ឋ ស្របតាមសិទ្ធិដែលព្រះបានប្រទានដល់ពួករាជការនោះ ប៉ុន្តែមូលហេតុចំបងដែលយើងចុះចូលចំពោះពួករាជការគឺ «ដោយយល់ដល់ព្រះអម្ចាស់»។ ព្រះមានព្រះហឫទ័យឲ្យយើងស្ដាប់បង្គាប់ពួករាជការតាមវិធីនេះ។ ម្យ៉ាងទៀត យើងមិនចង់បង្អាប់ដល់ព្រះនាមព្រះ ដោយត្រូវរដ្ឋដាក់ទោសយើងដោយព្រោះយើងធ្វើខុសនោះទេ។—រ៉ូម ១៣:១, ៤-៧; ទីតុស ៣:១; ពេត្រុសទី១ ៣:១៧
១៧. ពេលដែល«មនុស្សខ្លៅល្ងង់»ប្រឆាំងនឹងយើង តើយើងអាចមានទំនុកចិត្តយ៉ាងណា?
១៧ គួរឲ្យសោកស្ដាយមែន ដែល«មនុស្សខ្លៅល្ងង់»ខ្លះមានអំណាច ធ្វើទុក្ខបៀតបៀនដល់យើង ប្រឆាំងនឹងយើងដោយវិធីផ្សេងៗ ដូចជានិយាយបង្កាច់បង្ខូចកេរ្ដិ៍ឈ្មោះយើងដើម្បីឲ្យអ្នកឯទៀតស្អប់យើង។ យ៉ាងណាក៏ដោយ មកដល់ពេលកំណត់របស់ព្រះយេហូវ៉ា ពាក្យកំភូតរបស់គេតែងតែត្រូវសឲ្យឃើញថា មិនពិតទាល់តែសោះ ដូច្នេះ«ពាក្យសំដីចំកួត»របស់ពួកគេក៏ត្រូវបំបាត់ចោលដែរ។ កិរិយាដ៏ល្អរបស់យើងរមែងធ្វើជាភស្តុតាងបង្ហាញអំពីអ្នកណាដែលនិយាយពិតត្រង់។ ហេតុនេះហើយបានជាពួករាជការដែលមានចិត្តស្មោះសនិយាយសរសើរយើងជាញឹកញយថា យើងជាពួកអ្នកដែលប្រព្រឹត្តល្អ។—រ៉ូម ១៣:៣; ទីតុស ២:៧, ៨
អ្នកបំរើរបស់ព្រះ
១៨. ក្នុងនាមជាគ្រីស្ទាន តើយើងអាចជៀសវាងពីការប្រើសេរីភាពរបស់យើងដើម្បីប្រព្រឹត្តអ្វីដ៏ខុសយ៉ាងដូចម្ដេចបាន?
១៨ ពេត្រុសព្រមានថា៖ «គឺត្រូវចុះចូលទុកដូចជាមនុស្សមានសេរីភាព តែមិនមែនដោយប្រើសេរីនោះ ដើម្បីនឹងបំបិតបំបាំងសេចក្ដីអាក្រក់ឡើយ ត្រូវចុះចូលដូចជាអ្នកបំរើរបស់ព្រះវិញ»។ (ពេត្រុសទី១ ២:១៦; កាឡាទី ៥:១៣) សព្វថ្ងៃនេះចំណេះរបស់យើងខាងព្រះគម្ពីរ ជួយប្រោសយើងឲ្យរួចពីសេចក្ដីបង្រៀនរបស់សាសនាមិនពិត។ (យ៉ូហាន ៨:៣២) បន្ថែមទៀតនោះ យើងមានសេរីភាពដើម្បីអាចធ្វើការសម្រេចចិត្តដោយខ្លួនយើងផ្ទាល់បាន។ ប៉ុន្តែ យើងមិនប្រើសេរីភាពរបស់យើងដើម្បីប្រព្រឹត្តខុសឡើយ។ ពេលដែលយើងធ្វើការសម្រេចចិត្តថាយើងនឹងសេពគប់មនុស្សបែបណា ស្លៀកសំលៀកបំពាក់ណា សំអិតសំអាងខ្លួនបែបណា ដើរកំសាន្តនៅកន្លែងណា ឬសូម្បីតែម្ហូបអាហារនិងភេសជ្ជៈណាដែលយើងត្រូវទទួលទានក្ដី ក៏យើងត្រូវនឹកចាំជានិច្ចថា ជនគ្រីស្ទានពិតដែលជាអ្នកបំរើព្រះ មិនមែនបំពេញតែចំណង់ចិត្តខ្លួនឡើយ។ យើងសម្រេចចិត្តបំរើព្រះយេហូវ៉ាជាជាងអនុលោមតាមសេចក្ដីប៉ងប្រាថ្នាខាង សាច់ឈាមរបស់យើងផ្ទាល់ ឬតាមម៉ូដពេញនិយម និងនិន្នាការរបស់លោកីយ៍នេះ។—កាឡាទី ៥:២៤; ធីម៉ូថេទី២ ២:២២; ទីតុស ២:១១, ១២
១៩-២១. (ក) តើយើងត្រូវមានទស្សនៈយ៉ាងណាចំពោះអ្នកមានអំណាច? (ខ) តើបងប្អូនខ្លះបង្ហាញ‹សេចក្ដីស្រឡាញ់ចំពោះបងប្អូនរួមជំនឿ›យ៉ាងណា? (គ) តើភារកិច្ចចំបងរបស់យើងជាអ្វី?
១៩ ពេត្រុសចែងទៀតថា៖ «ចូរគោរពមនុស្សគ្រប់ៗរូប ចូរស្រឡាញ់បងប្អូនរួមជំនឿ ចូរគោរពកោតខ្លាចព្រះជាម្ចាស់ និង គោរពព្រះរាជាផង»។ (ពេត្រុសទី១ ២:១៧, ព្រះគម្ពីរភាសាខ្មែរសម្រាយ) ព្រះយេហូវ៉ាអនុញ្ញាតឲ្យមនុស្សមានអំណាចគ្រប់គ្រងផ្សេងៗ អាស្រ័យហេតុនេះហើយបានជាយើងត្រូវបង្ហាញការគោរពដ៏ត្រឹមត្រូវចំពោះអ្នកទាំងនោះ។ យើងក៏អធិស្ឋានទូលសុំព្រះជួយធ្វើឲ្យពួកអ្នកមានអំណាចទាំងនោះ អនុញ្ញាតឲ្យយើងបំពេញកិច្ចបំរើផ្សាយរបស់យើងដោយសុខសាន្ត ព្រមទាំងអាចគោរពប្រណិប័តន៍ដល់ព្រះផងដែរ។ (ធីម៉ូថេទី១ ២:១-៤) ប៉ុន្តែ ដំណាលគ្នានោះ យើងនៅតែ«ស្រឡាញ់បងប្អូនរួមជំនឿ»។ យើងតែងតែធ្វើអ្វីៗប្រយោជន៍ឲ្យបងប្អូនគ្រីស្ទានរបស់យើង ដោយមិនចង់នាំឲ្យពួកគេទទួលរងនូវគ្រោះថ្នាក់ឡើយ។
២០ ជាក់ស្តែងគឺពេលដែលមានការកាប់សម្លាប់គ្នារវាងកុលសម្ព័ន្ធផ្សេងៗនៅប្រទេសមួយនាទ្វីបអាព្រិច។ ក្នុងព្រឹត្ដិការណ៍នោះ កិរិយាមារយាទគ្រីស្ទានរបស់ស្មរបន្ទាល់ព្រះយេហូវ៉ាបានត្រូវសឲ្យឃើញខុសប្លែកពីអ្នកដទៃ។ កាសែតមួយនៅប្រទេសស៊្វីសបានរាយការណ៍ថា៖ «នៅឆ្នាំ១៩៩៥ អង្គការសិទ្ធិមនុស្សរបស់ជនជាតិអាព្រិច . . . បានបង្ហាញភស្តុតាងដែលបញ្ជាក់ថា គ្រប់ទាំងសាសនាបានរួមចំណែក[ក្នុងជំលោះនោះ] លើកលែងតែស្មរបន្ទាល់ព្រះយេហូវ៉ាប៉ុណ្ណោះ»។ (Reformierte Presse) ពេលដែលប្រទេសដទៃបានទទួលដំណឹងអំពីព្រឹត្ដិការណ៍ដ៏គួរឲ្យខ្លោចផ្សានេះ ស្មរបន្ទាល់ព្រះយេហូវ៉ានៅទ្វីបអឺរ៉ុបបានផ្ញើជំនួយយ៉ាងរហ័ស គឺបានផ្ញើស្បៀងអាហារនិងថ្នាំពេទ្យដល់បងប្អូនយើង និងដល់មនុស្សឯទៀតនៅប្រទេសនោះដែលកំពុងតែរងគ្រោះ។ (កាឡាទី ៦:១០) បងប្អូនដែលនៅទ្វីបអឺរ៉ុបបានធ្វើតាមបន្ទូលនៅសុភាសិត ៣:២៧ ដែលចែងថា៖ «កាលណាឯងមានកំឡាំងដៃ អាចធ្វើគុណឲ្យអ្នកណា ដែលគួរផ្ដល់ឲ្យ នោះកុំឲ្យបង្ខាំងទុកឡើយ»។
២១ ប៉ុន្តែ យើងមានភារកិច្ចសំខាន់ជាងការគោរពចំពោះរាជការ ហើយក៏សំខាន់ជាងសេចក្ដីស្រឡាញ់ដែលយើងគួរមានចំពោះបងប្អូនយើងទៅទៀត។ តើភារកិច្ចនោះជាអ្វីទៅ? ពេត្រុសបានមានប្រសាសន៍ថា៖ «ចូរគោរពកោតខ្លាចព្រះ»។ យើងជំពាក់គុណព្រះយេហូវ៉ាច្រើនជាងយើងជំពាក់គុណមនុស្សឆ្ងាយណាស់។ តើហេតុអ្វី? ដោយសារយើងមានកាតព្វកិច្ចចំពោះព្រះ និងមានកាតព្វកិច្ចចំពោះរាជការផងដែរ។ តើយើងអាចធ្វើយ៉ាងណាដើម្បីឲ្យមានតុល្យភាពចំពោះរឿងនេះ? សំនួរទាំងនេះត្រូវឆ្លើយក្នុងអត្ថបទជាបន្ទាប់។
តើអ្នកនៅចាំទេ?
• តើពួកគ្រីស្ទានមានភារកិច្ចអ្វីខ្លះក្នុងក្រុមគ្រួសារ?
• តើយើងអាចបង្ហាញចិត្តសទ្ធាយ៉ាងណាក្នុងក្រុមជំនុំ?
• តើយើងមានភារកិច្ចធ្វើអ្វីចំពោះមនុស្ស ក្នុងលោកីយ៍នេះ?
• តើការរក្សាកិរិយាមារយាទឲ្យបានថ្លៃថ្នូរ មានប្រយោជន៍អ្វីខ្លះ?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ៩]
តើក្រុមគ្រួសារគ្រីស្ទានអាចជាប្រភពនៃអំណរ ដោយពួកគេរួមគ្នាធ្វើអ្វី?
[រូបភាពនៅទំព័រ១០]
ហេតុអ្វីបានជាស្មរបន្ទាល់ព្រះយេហូវ៉ា ស្រឡាញ់គ្នាទៅវិញទៅមកដូចនេះ?
[រូបភាពនៅទំព័រ១០]
តើយើងអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះបងប្អូនយើងបានយ៉ាងណា ថ្វីបើយើងមិនស្គាល់ពួកគេក្ដី?