«ទ្រង់នឹងចូលមកជិតអ្នករាល់គ្នាដែរ»
«ទ្រង់នឹងចូលមកជិតអ្នករាល់គ្នាដែរ»
«[ព្រះ]មិនគង់ឆ្ងាយពីយើងនិមួយៗ»។—កិច្ចការ ១៧:២៧
១, ២. (ក) ពេលយើងសម្លឹងមើលផ្ទៃមេឃដែលពោរពេញទៅដោយផ្កាយ តើយើងប្រហែលជាសួរសំនួរអ្វីអំពីអ្នកបង្កើត? (ខ) តើព្រះគម្ពីរចែងយ៉ាងណាបានជាយើងអាចជឿជាក់ថា ព្រះយេហូវ៉ាយកព្រះទ័យទុកដាក់នឹងមនុស្សជាតិមែន?
ពេលយប់ដែលមានផ្ទៃមេឃស្រឡះ តើអ្នកធ្លាប់សម្លឹងមើលផ្កាយហើយនឹកអស្ចារ្យក្នុងចិត្តទេ? ចំនួនផ្កាយនិងភាពធំធេងនៃសកលលោកនេះធ្វើឲ្យយើងកោតស្ញប់ស្ញែងណាស់។ បើប្រៀបនឹងសកលលោកដ៏ធំសម្បើមនេះ ផែនដីយើងប្រៀបដូចជាល្អងធូលីដ៏តូចមួយប៉ុណ្ណោះ។ ប៉ុន្តែ តើនេះបានន័យថា អ្នកបង្កើតដែលជា«ព្រះដ៏ខ្ពស់បំផុតលើផែនដីទាំងមូល» មានឋានៈខ្ពង់ខ្ពស់ដល់ម្ល៉េះបានជាទ្រង់មិនយកព្រះទ័យទុកដាក់នឹងមនុស្ស ឬក៏ជាព្រះអាថ៌កំបាំងដែលគង់នៅឆ្ងាយដល់ម្ល៉េះបានជាយើងមិនអាចស្គាល់ទ្រង់ឬ?—ទំនុកដំកើង ៨៣:១៨
២ អ្វីដែលព្រះគម្ពីរចែងធ្វើឲ្យយើងជឿជាក់ថា មនុស្សជាតិគឺសំខាន់ណាស់ចំពោះព្រះយេហូវ៉ា។ ការពិត ព្រះបន្ទូលរបស់ព្រះលើកទឹកចិត្តយើងឲ្យស្វែងរកទ្រង់ដោយចែងថា៖ «ទ្រង់មិនគង់ឆ្ងាយពីយើងនិមួយៗ»ទេ។ (កិច្ចការ ១៧:២៧; របាក្សត្រទី១ ២៨:៩) ពិតណាស់ បើយើងព្យាយាមចូលទៅជិតព្រះ នោះទ្រង់នឹងប្រព្រឹត្តតបចំពោះការព្យាយាមរបស់យើង។ តើទ្រង់នឹងប្រព្រឹត្តតបយ៉ាងណា? បទគម្ពីរប្រចាំឆ្នាំ២០០៣នេះ ផ្ដល់ចម្លើយដែលធ្វើឲ្យយើងមានអារម្មណ៍កក់ក្ដៅក្នុងចិត្តណាស់ដែលថា៖ ‹ទ្រង់នឹងចូលមកជិតយើងដែរ›។ (យ៉ាកុប ៤:៨) សូមឲ្យយើងរៀបរាប់នូវពរដ៏ប្រសើរថ្លៃថ្លាដែលព្រះយេហូវ៉ាប្រទានចំពោះអស់អ្នកដែលចូលទៅជិតទ្រង់នោះ។
អំណោយមួយមកពីព្រះយេហូវ៉ាផ្ទាល់
៣. តើព្រះយេហូវ៉ាប្រទានអំណោយអ្វីដល់អ្នកដែលចូលមកជិតទ្រង់?
៣ ទីមួយ ព្រះយេហូវ៉ាមានអំណោយដ៏ថ្លៃវិសេសមួយដែលទ្រង់បំរុងទុកសំរាប់រាស្ត្រទ្រង់។ អំណាច ទ្រព្យសម្បត្ដិ និងការអប់រំក្នុងរបបលោកីយ៍នេះមិនអាចផ្ដល់ឲ្យយើងនូវអំណោយនេះបានទេ។ នេះជាអំណោយមួយដែលព្រះយេហូវ៉ាប្រទានដោយអង្គទ្រង់ផ្ទាល់ចំពោះតែអ្នកដែលមានភាពជិតស្និទ្ធនឹងទ្រង់ប៉ុណ្ណោះ។ តើអំណោយនោះជាអ្វី? ព្រះបន្ទូលរបស់ទ្រង់ឆ្លើយថា៖ «បើឯង . . . បន្លឺសំឡេងឡើង សូមឲ្យបានយោបល់ បើឯងខំរកដូចជារកប្រាក់ ហើយស្វែងរកដូចជារកកំណប់ទ្រព្យ នោះឯងនឹងបានយល់សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា ហើយប៉ះប្រទះនឹងសេចក្ដីស្គាល់ដល់ព្រះអង្គ[ឬ«ចំណេះពីព្រះ», ព.ថ.] ដ្បិតព្រះយេហូវ៉ាទ្រង់ប្រទានឲ្យមានប្រាជ្ញា»។ (សុភាសិត ២:៣-៦) សូមគិតទៅមើល មនុស្សឥតគ្រប់ល័ក្ខណ៍អាចទទួលបាន«ចំណេះពីព្រះ»! អំណោយនេះដែលជាចំណេះក្នុងព្រះបន្ទូលរបស់ព្រះ គឺប្រៀបស្មើនឹង«កំណប់ទ្រព្យ»។ ហេតុអ្វី?
៤, ៥. ហេតុអ្វីបានជា«ចំណេះពីព្រះ»អាចប្រៀបស្មើនឹង«កំណប់ទ្រព្យ»? សូមឲ្យឧទាហរណ៍មួយ។
៤ ហេតុមួយគឺ «ចំណេះពីព្រះ»មានតម្លៃណាស់។ ផ្នែកមួយដ៏វិសេស នៃចំណេះនោះ គឺសេចក្ដីសង្ឃឹមឲ្យបានជីវិតជារៀងរហូត។ (យ៉ូហាន ១៧:៣) ក៏ប៉ុន្តែ សូម្បីតែនៅឥឡូវនេះ «ចំណេះពីព្រះ»ក៏ធ្វើឲ្យជីវិតរបស់យើងបានប្រសើរឡើងថែមទៀត។ ជាឧទាហរណ៍ ដោយការសិក្សាព្រះបន្ទូលរបស់ព្រះយ៉ាងហ្មត់ចត់ យើងបានស្គាល់ចម្លើយចំពោះសំនួរជាច្រើនដ៏សំខាន់ដូចជា៖ តើព្រះមានព្រះនាមអ្វី? (ទំនុកដំកើង ៨៣:១៨) តើអ្វីជាសភាពពិតនៃមនុស្សស្លាប់? (សាស្ដា ៩:៥, ១០) តើអ្វីជាគោលបំណងរបស់ព្រះសំរាប់ផែនដីនិងមនុស្សជាតិ? (អេសាយ ៤៥:១៨) យើងក៏បានដើរតាមវិថីជីវិតដ៏ល្អបំផុត ពោលគឺ ការអនុវត្តតាមដំបូន្មានក្នុងព្រះគម្ពីរ ដែលជាដំបូន្មានប្រកបទៅដោយប្រាជ្ញា។ (អេសាយ ៣០:២០, ២១; ៤៨:១៧, ១៨) ដូច្នេះ យើងទទួលនូវការណែនាំដ៏ត្រឹមត្រូវ ដែលជួយយើងស៊ូទ្រាំនឹងការគាបសង្កត់នៃជីវិត និងជួយយើងឆ្ពោះទៅតាមមាគ៌ាដែលបណ្ដាលឲ្យមានសុភមង្គលនិងការពេញចិត្តដ៏ពិត។ សំខាន់បំផុត ការសិក្សាព្រះបន្ទូលរបស់ព្រះបានផ្ដល់លទ្ធភាពឲ្យយើងស្គាល់គុណសម្បត្ដិដ៏ប្រសើររបស់ព្រះយេហូវ៉ា និងចូលទៅជិតទ្រង់។ ពិតជាគ្មានអ្វីសោះដែលមានតម្លៃថ្លៃជាងចំណងមិត្តភាពដ៏ជិតស្និទ្ធជាមួយព្រះយេហូវ៉ាដោយមានមូលដ្ឋានលើ«ចំណេះពីព្រះ» មែនទេ?
៥ មានហេតុមួយទៀតដែល «ចំណេះពីព្រះ» គឺស្មើនឹង «កំណប់ទ្រព្យ»។ «ចំណេះពីព្រះ»ក៏ដូចជាទ្រព្យសម្បត្ដិដែរ ពីព្រោះរបស់ទាំងពីរនេះកម្រមានអ្នកណារកឃើញណាស់នៅក្នុងរបបលោកីយ៍នេះ។ ក្នុងចំណោម៦ពាន់លាននាក់នៅលើផែនដី មានតែ៦លាននាក់ដែលថ្វាយបង្គំព្រះយេហូវ៉ា នេះគឺបានន័យថាមានតែមនុស្សម្នាក់ក្នុងមួយពាន់នាក់ដែលបានរកឃើញ«ចំណេះពីព្រះ»។ ដើម្បីយល់ថាពិតជាកម្រមានអ្នកស្គាល់សេចក្ដីពិតអំពីព្រះបន្ទូលរបស់ព្រះនោះ សូមពិចារណាសំនួរមួយជាឧទាហរណ៍ គឺសំនួរខាងព្រះគម្ពីរដែលថា៖ តើមានអ្វីកើតឡើងពេលមនុស្សស្លាប់? យើងដឹងតាមរយៈបទគម្ពីរថា ព្រលឹងចេះស្លាប់ និងមនុស្សស្លាប់លែងដឹងអ្វីទាំងអស់។ (អេសេគាល ១៨:៤) ក៏ប៉ុន្តែ សាសនាភាគច្រើនលើផែនដីនេះជឿជាក់ទៅលើជំនឿមិនពិតថា មានអ្វីក្នុងរូបកាយមនុស្សដែលនៅតែបន្តរស់តទៅទៀត ក្រោយពីមនុស្សម្នាក់បានស្លាប់។ ជំនឿនេះជាផ្នែកនៃមូលដ្ឋានគ្រឹះរបស់ពិភពគ្រីស្ទសាសនា។ ជំនឿនេះក៏មានក្នុងពុទ្ធសាសនា សាសនាហិណ្ឌូ អ៊ីស្លាម ជេន យូដា ស៊ីនតូ ស៊ីក និងតាវ។ សូមគិតទៅមើល គ្រាន់តែជំនឿមិនពិតតែមួយនេះ បាននាំឲ្យមនុស្សរាប់ពាន់លាននាក់ភាន់ច្រឡំទៅហើយ!
៦, ៧. (ក) តើអ្នកណាដែលអាចរកឃើញនូវ«ចំណេះពីព្រះ»? (ខ) តើឧទាហរណ៍អ្វីបង្ហាញថា ព្រះយេហូវ៉ាបានប្រទានពរទៅលើយើងឲ្យមានការយល់ធ្លុះជ្រៅដែល«ពួកអ្នកប្រាជ្ញ ហើយនឹងពួកឈ្លាសវៃ»មិនមាននោះ?
៦ ហេតុអ្វីបានជាមនុស្សជាច្រើនមិនអាចរកឃើញនូវ «ចំណេះពីព្រះ»? ពីព្រោះបើគ្មានជំនួយពីព្រះ នោះគ្មានអ្នកណាអាចយល់ទាំងស្រុងអំពីខ្លឹមសារក្នុងព្រះបន្ទូលរបស់ទ្រង់បានឡើយ។ សូមចាំថា ចំណេះនេះជាអំណោយមួយពីព្រះ។ ព្រះយេហូវ៉ាប្រទានអំណោយនេះចំពោះតែអ្នកដែលសុខចិត្តស្វែងយល់ព្រះបន្ទូលរបស់ទ្រង់ ដោយព្រមទទួលស្គាល់សេចក្ដីពិត និងដោយចិត្តរាបទាប។ មនុស្សបែបនេះប្រហែលមិនមែនជា «អ្នកប្រាជ្ញច្រើនខាងឯសាច់ឈាម» ទេ។ (កូរិនថូសទី១ ១:២៦) លោកីយ៍នេះប្រហែលជាចាត់ទុកពួកគេជាច្រើននាក់ជាអ្នកដែល«មិនសូវចេះជ្រៅជ្រះ ហើយឥតបានរៀនសូត្រប៉ុន្មានផង»។ (កិច្ចការ ៤:១៣) ប៉ុន្តែ ទស្សនៈរបស់លោកីយ៍នេះគឺមិនសំខាន់ទេ។ ព្រះយេហូវ៉ាប្រទានរង្វាន់ដល់យើងជា«ចំណេះពីព្រះ»អាស្រ័យលើគុណសម្បត្ដិដែលទ្រង់ទតឃើញក្នុងចិត្តរបស់យើង។
៧ សូមពិចារណាឧទាហរណ៍មួយ។ បណ្ឌិតជាច្រើនក្នុងពិភពគ្រីស្ទសាសនាបានបោះពុម្ពឯកសារដែលមានការពន្យល់ដ៏ពិស្ដារអំពីព្រះគម្ពីរ។ ឯកសារយោងទាំងនេះប្រហែលជាពន្យល់ពីប្រវត្ដិសាស្ត្រ ហើយអត្ថន័យពាក្យហេព្រើរនិងក្រិចជាដើម។ ទោះជាពួកគេរៀនសូត្របានជ្រៅជ្រះហើយក៏ដោយ តើពួកគេពិតជាបានរកឃើញនូវ«ចំណេះពីព្រះ»ឬ? ដើម្បីដឹង សូមគិតអំពីសំនួរនេះ តើពួកគេយល់យ៉ាងច្បាស់អំពីសាច់រឿងព្រះគម្ពីរ ដែលជាការបង្ហាញឲ្យឃើញតាមរយៈព្រះរាជាណាចក្ររបស់ទ្រង់នៅស្ថានសួគ៌ថា ការគ្រប់គ្រងរបស់ព្រះយេហូវ៉ាគឺត្រឹមត្រូវនោះ? តើពួកគេដឹងថា ព្រះយេហូវ៉ាមិនមែនជាព្រះបីអង្គរួមតែមួយអង្គទេ?។ ប៉ុន្តែ យើងមានការយល់ដឹងដ៏ត្រឹមត្រូវអំពីរឿងទាំងនេះ។ ហេតុអ្វី? ព្រះយេហូវ៉ាបានប្រទានពរមកលើយើងឲ្យមានការយល់ធ្លុះជ្រៅអំពីសេចក្ដីពិតខាងវិញ្ញាណ ដែល«ពួកអ្នកប្រាជ្ញ ហើយនឹងពួកឈ្លាសវៃ»ចាប់ពុំបាន។ (ម៉ាថាយ ១១:២៥) ព្រះយេហូវ៉ាពិតជាប្រទានពរមកលើពួកអ្នកដែលមានភាពជិតស្និទ្ធនឹងទ្រង់មែន!
«ព្រះយេហូវ៉ាទ្រង់រមែងការពារអស់អ្នកដែលស្រឡាញ់ទ្រង់»
៨, ៩. (ក) តើដាវីឌពណ៌នាអំពីពរអ្វីទៀត ដែលអ្នកគ្រាន់តែចូលទៅជិតព្រះយេហូវ៉ាមាននោះ? (ខ) ហេតុអ្វីបានជាគ្រីស្ទានពិតត្រូវការព្រះការពារពួកគេ?
៨ ពួកអ្នកដែលចូលទៅជិតព្រះយេហូវ៉ាមានពរមួយទៀត ពោលគឺ ទំនុកដំកើង ១៤៥:១៨-២០) ពិតណាស់ ព្រះយេហូវ៉ាគង់នៅជិតអស់អ្នកណាដែលស្រឡាញ់ទ្រង់។ ហេតុនេះទ្រង់អាចប្រព្រឹត្តតបយ៉ាងឆាប់រហ័សពេលពួកគេអំពាវនាវរកជំនួយពីទ្រង់។
ព្រះការពារពួកគេ។ ស្តេចដាវីឌជាអ្នកតែងបទទំនុកដំកើង ទ្រង់ធ្លាប់ឆ្លងកាត់ទុក្ខលំបាកច្រើនយ៉ាងណាស់ ហើយទ្រង់បានសរសេរថា៖ «ព្រះយេហូវ៉ាទ្រង់គង់នៅជិតនឹងអស់អ្នកដែលអំពាវនាវដល់ទ្រង់ គឺអស់អ្នកដែលអំពាវនាវដល់ទ្រង់ដោយពិតត្រង់។ ទ្រង់នឹងបំពេញបំណងចិត្តនៃអស់អ្នកដែលកោតខ្លាចដល់ទ្រង់ ក៏នឹងឮពាក្យអំពាវនាវរបស់គេ ព្រមទាំងជួយសង្គ្រោះគេផង។ ព្រះយេហូវ៉ាទ្រង់រមែងការពារអស់អ្នកដែលស្រឡាញ់ទ្រង់»។ (៩ ហេតុអ្វីបានជាយើងត្រូវការមានព្រះការពារ? ក្រៅពីផលអាក្រក់ដែលបណ្ដាលមកពីការរស់នៅក្នុង«គ្រាលំបាក»នេះ ជនគ្រីស្ទានដ៏ពិតក៏ជាទីបាញ់វង់ពិសេសរបស់អារក្សសាតាំងជាមេសត្រូវរបស់ព្រះយេហូវ៉ា។ (ធីម៉ូថេទី២ ៣:១) មេសត្រូវដ៏ឆ្លៀវឆ្លាតនេះ ខិតខំខ្លាំងណាស់ដោយចង់«ត្របាក់លេប»យើងគ្រប់គ្នា។ (ពេត្រុសទី១ ៥:៨) សាតាំងបៀតបៀន គាបសង្កត់ និងល្បួងយើង។ វាក៏ចាំតែជញ្ជក់យកប្រយោជន៍ពីចិត្តគំនិតមិនល្អរបស់យើង។ វាមានគោលបំណងមួយ គឺចង់ធ្វើឲ្យជំនឿរបស់យើងខ្សោយទៅៗ រួចបំផ្លាញភាពខាងវិញ្ញាណរបស់យើង។ (វិវរណៈ ១២:១២, ១៧) ដោយយើងមានសត្រូវដ៏ខ្លាំងដូច្នេះ ការដឹងថា‹ព្រះយេហូវ៉ារមែងការពារអស់អ្នកដែលស្រឡាញ់ទ្រង់› ជាអ្វីដែលសម្រាលទុក្ខយើងណាស់ មែនទេ?
១០. (ក) តើព្រះយេហូវ៉ាការពាររាស្ត្ររបស់ទ្រង់យ៉ាងដូចម្ដេច? (ខ) តើអ្វីជាការការពារដ៏សំខាន់បំផុត? ហេតុអ្វី?
១០ ប៉ុន្តែ តើព្រះយេហូវ៉ាការពាររាស្ត្រទ្រង់ដោយដូចម្ដេច? សេចក្ដីសន្យារបស់ទ្រង់ថាទ្រង់នឹងការពារយើង មិនមែនជាការធានាថាយើងនឹងមិនដែលមានបញ្ហាក្នុងរបបលោកីយ៍នេះឡើយ ហើយថា ទ្រង់ត្រូវតែធ្វើអព្ភូតហេតុដើម្បីការពារយើង នោះក៏មិនមែនដែរ។ យ៉ាងណាក៏ដោយ ព្រះយេហូវ៉ាការពាររាស្ត្រទ្រង់ជាក្រុម។ យ៉ាងណាមិញ ទ្រង់នឹងមិនអនុញ្ញាតឲ្យអារក្សបំផ្លាញរាស្ត្រទ្រង់អស់ពីផែនដីឡើយ! (ពេត្រុសទី២ ២:៩) សំខាន់បំផុត ព្រះយេហូវ៉ាការពារយើងខាងវិញ្ញាណ។ ទ្រង់ផ្គត់ផ្គង់អ្វីដែលយើងត្រូវការដើម្បីស៊ូទ្រាំនឹងការល្បងល និងការពារចំណងមេត្រីភាពរបស់យើងជាមួយនឹងទ្រង់។ នៅទីបំផុត ការការពារខាងវិញ្ញាណ គឺជាការការពារដ៏សំខាន់បំផុត។ ហេតុអ្វី? ពីព្រោះ ដរាបណាដែលយើងមានចំណងមេត្រីភាពជាមួយព្រះយេហូវ៉ា គ្មានអ្វីអាចធ្វើទុក្ខយើងជានិច្ចឡើយ សូម្បីតែសេចក្ដីស្លាប់ក៏ដោយ។—ម៉ាថាយ ១០:២៨
១១. តើព្រះយេហូវ៉ាប្រទានសំវិធានការអ្វីខ្លះដើម្បីការពារភាពខាងវិញ្ញាណរបស់រាស្ត្រទ្រង់?
១១ ព្រះយេហូវ៉ាបានប្រទានសំវិធានការជាច្រើន ដើម្បីការពារភាពខាងវិញ្ញាណរបស់អស់អ្នកដែលមានភាពស្និទ្ធស្នាលជាមួយទ្រង់។ តាមរយៈព្រះបន្ទូលរបស់ទ្រង់ជាព្រះគម្ពីរ ទ្រង់ប្រទានប្រាជ្ញាឲ្យយើងដើម្បីស៊ូទ្រាំនឹងការល្បងលផ្សេងៗ។ (យ៉ាកុប ១:២-៥) ការអនុវត្តតាមដំបូន្មានក្នុងបទគម្ពីរ ជាអ្វីដែលការពារយើង។ ម្យ៉ាងទៀត ព្រះយេហូវ៉ាប្រទាន«វិញ្ញាណបរិសុទ្ធ មកអស់អ្នកដែលសូម»។ (លូកា ១១:១៣) វិញ្ញាណនោះគឺជាថាមពលដ៏ខ្លាំងបំផុតក្នុងសកលលោក ដូច្នេះវិញ្ញាណនោះប្រាកដជាអាចជួយយើងឲ្យឈ្នះការល្បងលឬការល្បួងណាដែលយើងប្រឈមមុខ។ តាមរយៈព្រះគ្រីស្ទ ព្រះយេហូវ៉ាប្រទាន«អំណោយទានដែលជាមនុស្ស»។ (អេភេសូរ ៤:៨, ព.ថ.) ពួកបុរសទាំងនេះដែលមានលក្ខណៈគ្រប់គ្រាន់ខាងវិញ្ញាណ ព្យាយាមសម្ដែងសេចក្ដីមេត្ដាករុណាដូចព្រះយេហូវ៉ាក្នុងការជួយអ្នកថ្វាយបង្គំគ្នីគ្នា។—យ៉ាកុប ៥:១៤, ១៥
១២, ១៣. (ក) តើព្រះយេហូវ៉ាផ្គត់ផ្គង់ម្ហូបអាហារខាងវិញ្ញាណតាមត្រូវពេលយ៉ាងដូចម្ដេច? (ខ) ស្តីអំពីសំវិធានការរបស់ព្រះយេហូវ៉ាសំរាប់សុខុមាលភាពខាងវិញ្ញាណរបស់យើង តើអ្នកមានអារម្មណ៍យ៉ាងណា?
១២ ព្រះយេហូវ៉ាប្រទានអ្វីមួយទៀតដែលការពារយើង ពោលគឺម្ហូបអាហារខាងវិញ្ញាណតាមត្រូវពេល។ (ម៉ាថាយ ២៤:៤៥) តាមរយៈប្រកាសនវត្ថុ ដូចជាទស្សនាវដ្ដីប៉មយាមនិងភ្ញាក់រឭក! ព្រមទាំង កិច្ចប្រជុំ សន្និបាត និងមហាសន្និបាត ព្រះយេហូវ៉ាបំពេញនូវតម្រូវការរបស់យើង នៅពេលដែលយើងត្រូវការនោះ។ តើអ្នកអាចនឹកចាំពីអ្វីដែលអ្នកធ្លាប់ឮនៅកិច្ចប្រជុំគ្រីស្ទាន នៅឯសន្និបាត ឬនៅមហាសន្និបាតដែលបានជំរុញទឹកចិត្តនិងពង្រឹងកម្លាំងអ្នក ឬក៏បានសម្រាលទុក្ខអ្នកទេ? តើអ្នកធ្លាប់អានអត្ថបទក្នុងទស្សនាវដ្ដីដែលរៀបរាប់ដូចខាងលើនេះ ហើយមានអារម្មណ៍ថាអត្ថបទនោះចំនឹងអ្វីដែលអ្នកត្រូវការនោះទេ?
១៣ អាវុធរបស់សាតាំងដែលមានប្រសិទ្ធភាពច្រើនបំផុត គឺជាការធ្វើឲ្យយើងធ្លាក់ទឹកចិត្ត ហើយយើងទាំងអស់គ្នាអាចទទួលរងនូវឥទ្ធិពលនៃអាវុធនោះ។ វាដឹងថា ការធ្លាក់ទឹកចិត្តមួយរយៈយូរធ្វើឲ្យយើងអស់កម្លាំងចិត្ត និងរហូតដល់ងាយរងគ្រោះទៀត។ (សុភាសិត ២៤:១០) ពីព្រោះសាតាំងខិតខំជញ្ជក់យកប្រយោជន៍ពីអារម្មណ៍មិនល្អរបស់យើង ដូច្នេះយើងពិតជាត្រូវការជំនួយមែន។ ម្ដងម្កាល ទស្សនាវដ្ដីប៉មយាមនិងភ្ញាក់រឭក! មានអត្ថបទដែលជួយយើងឈ្នះលើការធ្លាក់ទឹកចិត្ត។ ស្តីអំពីអត្ថបទមួយបែបនេះ បងស្រីគ្រីស្ទានម្នាក់បានសរសេរថា៖ «ខ្ញុំអានអត្ថបទនោះស្ទើរតែរាល់ថ្ងៃ ហើយកាលណាអាន ខ្ញុំចាប់ផ្ដើមយំដូចកំពុងតែអានជាលើកទីមួយ។ ខ្ញុំទុកអត្ថបទនោះនៅក្បែរគ្រែរបស់ខ្ញុំនៅជិតៗដៃ ដើម្បីអាចទាញយកមកអានបាននៅពេលណាដែលខ្ញុំធ្លាក់ទឹកចិត្ត។ អត្ថបទបែបនេះ ធ្វើឲ្យខ្ញុំមានអារម្មណ៍ដូចជាព្រះយេហូវ៉ាកំពុងឱបការពារខ្ញុំក្នុងរង្វង់ព្រះហស្តទ្រង់»។ យើងពិតជាដឹងគុណណាស់ ដោយសារព្រះយេហូវ៉ាផ្គត់ផ្គង់ម្ហូបអាហារខាងវិញ្ញាណតាមត្រូវពេល មែនទេ? សូមចាំថា សំវិធានការសំរាប់សុខុមាលភាពខាងវិញ្ញាណរបស់យើង ជាភស្តុតាងដែលបញ្ជាក់ថា ទ្រង់នៅជិតយើង ហើយកំពុងតែការពារយើង។
ទូលចំពោះ«ព្រះដែលស្ដាប់សេចក្ដីអធិស្ឋាន»
១៤, ១៥. (ក) តើព្រះយេហូវ៉ាទ្រង់ប្រទានពរអ្វីដល់ពួកអ្នកដែលស្និទ្ធស្នាលនឹងទ្រង់? (ខ) ហេតុអ្វីបានជាការអធិស្ឋានទូលព្រះយេហូវ៉ាដោយសេរីជាឯកសិទ្ធិដ៏ប្រសើរ?
១៤ តើអ្នកធ្លាប់កត់សម្គាល់ទេថា ពេលមនុស្សមានអំណាចរឹតតែច្រើន នោះពួកគេទៅជាមនុស្សដែលរឹតតែពិបាករកជួបហើយទាក់ទង។ ចុះយ៉ាងណាវិញចំពោះព្រះយេហូវ៉ា? តើទ្រង់គង់ឆ្ងាយដល់ម្ល៉េះដែលទ្រង់មិនចាប់អារម្មណ៍ទៅលើការទូលរបស់មនុស្សជាតិឬ? ប្រាកដជាមិនដូច្នេះទេ! សេចក្ដីអធិស្ឋានជាអំណោយមួយទៀតដែលព្រះយេហូវ៉ាប្រទានចំពោះពួកអ្នកដែលមានភាពជិតស្និទ្ធជាមួយទ្រង់។ យើងមានសិទ្ធិទូលដោយសេរីចំពោះ«ព្រះដែលស្ដាប់សេចក្ដីអធិស្ឋាន» នេះគឺជាឯកសិទ្ធិដ៏ប្រសើរកន្លង។ (ទំនុកដំកើង ៦៥:២) ហេតុអ្វី?
១៥ ជាឧទាហរណ៍: ប្រធានក្រុមហ៊ុនដ៏ធំមួយមានភារកិច្ចជាច្រើន។ គាត់សម្រេចចិត្តអំពីរឿងណាដែលគាត់នឹងធ្វើខ្លួនឯង ហើយរឿងណាដែលគាត់នឹងផ្ទេរឲ្យអ្នកផ្សេងទៀតធ្វើ។ ស្រដៀងគ្នាដែរ ព្រះមហាក្សត្រសកលលោកមានសិទ្ធិជ្រើសរើសរឿងណាដែលទ្រង់នឹងធ្វើដោយអង្គទ្រង់ផ្ទាល់ និងរឿងណាដែលទ្រង់នឹងប្រគល់ឲ្យអ្នកផ្សេងទៀត។ សូមគិតអំពីអ្វីៗជាច្រើនដែលព្រះយេហូវ៉ាបានប្រគល់ដល់រាជបុត្រាស្ងួនភ្ងារបស់ទ្រង់ ព្រះយេស៊ូ។ រាជបុត្រាទ្រង់បានទទួល«អំណាច . . . ជំនុំជំរះ»។ (យ៉ូហាន ៥:២៧) បណ្ដាទេវតាក៏ត្រូវ«ចុះចូលនឹងទ្រង់»ដែរ។ (ពេត្រុសទី១ ៣:២២) ព្រះយេហូវ៉ាបានប្រទានវិញ្ញាណបរិសុទ្ធដ៏ខ្លាំងក្លារបស់ទ្រង់ ដើម្បីជួយព្រះយេស៊ូដឹកនាំសិស្សរបស់ទ្រង់នៅលើផែនដី។ (យ៉ូហាន ១៥:២៦; ១៦:៧) ដូច្នេះ ព្រះយេស៊ូអាចមានបន្ទូលយ៉ាងត្រឹមត្រូវថា៖ «គ្រប់ទាំងអំណាចបានប្រគល់មកខ្ញុំនៅលើស្ថានសួគ៌ ហើយលើផែនដីផង»។ (ម៉ាថាយ ២៨:១៨) ប៉ុន្តែ ចំណែកឯសេចក្ដីអធិស្ឋានរបស់យើងវិញ ព្រះយេហូវ៉ាបានសម្រេចព្រះទ័យទុកសេចក្ដីអធិស្ឋានរបស់យើងដើម្បីសណ្ដាប់ដោយអង្គទ្រង់ផ្ទាល់វិញ។ ហេតុនេះហើយ ព្រះគម្ពីរណែនាំយើងឲ្យ អធិស្ឋានទូលព្រះយេហូវ៉ាតែប៉ុណ្ណោះ តាមរយៈព្រះនាមព្រះយេស៊ូ។—ទំនុកដំកើង ៦៩:១៣; យ៉ូហាន ១៤:៦, ១៣
១៦. ហេតុអ្វីបានជាយើងអាចជឿជាក់ថា ព្រះយេហូវ៉ាពិតជាព្រះសណ្ដាប់នូវសេចក្ដីអធិស្ឋានរបស់យើង?
១៦ តើព្រះយេហូវ៉ាពិតជាព្រះសណ្ដាប់នូវសេចក្ដីអធិស្ឋានរបស់យើងឬ? បើទ្រង់មិនយកព្រះទ័យទុកដាក់ឬមិនចាប់អារម្មណ៍ចំពោះយើង នោះទ្រង់នឹងមិនជំរុញយើងឲ្យ«ខ្ជាប់ខ្ជួនក្នុងសេចក្ដីអធិស្ឋាន» ឬផ្ទេរបន្ទុករបស់យើងទៅលើទ្រង់នោះទេ។ (រ៉ូម ១២:១២; ទំនុកដំកើង ៥៥:២២; ពេត្រុសទី១ ៥:៧) អ្នកស្មោះត្រង់ពីសម័យព្រះគម្ពីរបានជឿជាក់ថា ព្រះយេហូវ៉ាសណ្ដាប់សេចក្ដីអធិស្ឋាន។ (យ៉ូហានទី១ ៥:១៤) ដូច្នេះ ដាវីឌជាអ្នកតែងបទទំនុកដំកើងបានប្រាប់ថា៖ «[ព្រះយេហូវ៉ា]នឹងស្ដាប់សំឡេងខ្ញុំជាមិនខាន»។ (ទំនុកដំកើង ៥៥:១៧) យើងក៏មានហេតុជឿជាក់ថា ព្រះយេហូវ៉ាគង់នៅជិត និងប្រុងប្រៀបស្ដាប់យើងពេលយើងទូលអំពីគំនិតនិងកង្វល់សព្វបែបយ៉ាងរបស់យើងដែរ។
ព្រះយេហូវ៉ាប្រទានរង្វាន់ដល់អ្នកបំរើរបស់ទ្រង់
១៧, ១៨. (ក) តើព្រះយេហូវ៉ាមានព្រះទ័យយ៉ាងណាចំពោះកិច្ចបំរើដ៏ស្មោះត្រង់របស់បុគ្គលវិញ្ញាណនិងមនុស្សជាតិ? (ខ) សូមពន្យល់នូវរបៀបដែលសុភាសិត ១៩:១៧ បញ្ជាក់ឲ្យដឹងថា ព្រះយេហូវ៉ាតែងតែកត់សម្គាល់ពេលយើងប្រព្រឹត្តដោយសេចក្ដីមេត្ដាករុណា?
១៧ អ្វីដែលមនុស្សជាតិប្រព្រឹត្តឬក៏មិនប្រព្រឹត្តនោះ នឹងមិនប៉ះពាល់ដល់ឋានៈរបស់ព្រះយេហូវ៉ាជាព្រះមហាក្សត្រសកលលោកទេ។ យ៉ាងណាក៏ដោយ ព្រះយេហូវ៉ាជាព្រះកតញ្ញូ។ ការពិត កិច្ចបំរើស្មោះត្រង់របស់បុគ្គលវិញ្ញាណនិងមនុស្សជាតិ ជាអ្វីដែលមានតម្លៃវិសេសនៅចំពោះទ្រង់។ (ទំនុកដំកើង ១៤៧:១១) ដូច្នេះ នេះជាប្រយោជន៍មួយទៀតសំរាប់អស់អ្នកដែលនៅជិតស្និទ្ធនឹងព្រះយេហូវ៉ា គឺទ្រង់ប្រទានរង្វាន់ចំពោះអស់អ្នកដែលបំរើទ្រង់។—ហេព្រើរ ១១:៦
១៨ ព្រះគម្ពីរបញ្ជាក់យ៉ាងច្បាស់ថា កិច្ចបំរើរបស់អស់អ្នកដែលថ្វាយបង្គំព្រះយេហូវ៉ាមានតម្លៃណាស់ចំពោះទ្រង់។ ជាឧទាហរណ៍ យើងអានថា៖ «អ្នកណាដែលមានចិត្តអាណិត ចែកដល់ពួកទាល់ក្រ នោះឈ្មោះថាថ្វាយឲ្យព្រះយេហូវ៉ាខ្ចី ទ្រង់នឹងតបស្នងសងគុណអ្នកនោះវិញ»។ (សុភាសិត ១៩:១៧) ការយកព្រះទ័យទុកដាក់របស់ព្រះយេហូវ៉ាទៅលើអ្នកក្រីក្រ គឺជាក់ស្តែងក្នុងក្រិត្យវិន័យម៉ូសេ។ (លេវីវិន័យ ១៤:២១; ១៩:១៥) តើព្រះយេហូវ៉ាមានព្រះទ័យយ៉ាងណា ពេលយើង យកតម្រាប់តាមសេចក្ដីមេត្ដាករុណារបស់ទ្រង់ ក្នុងការប្រព្រឹត្តទៅលើពួកអ្នកខ្សោយជាងយើងនោះ? ពេលដែលយើងឲ្យដល់អ្នកទាល់ក្រ ដោយមិនចង់ឲ្យគេសងគុណយើងវិញនោះ ព្រះយេហូវ៉ាចាត់ទុកនេះជាការថ្វាយឲ្យទ្រង់ខ្ចីវិញ។ ទ្រង់សន្យាថា ទ្រង់នឹងសងគុណយើងវិញ ដោយប្រទានព្រះគុណនិងព្រះពរ។ (សុភាសិត ១០:២២; ម៉ាថាយ ៦:៣, ៤; លូកា ១៤:១២-១៤) ពិតណាស់ ពេលយើងបង្ហាញសេចក្ដីមេត្ដាករុណាចំពោះអ្នកថ្វាយបង្គំគ្នីគ្នា នោះធ្វើឲ្យព្រះយេហូវ៉ារីករាយ។ យើងពិតជាដឹងគុណណាស់ ដែលព្រះវរបិតារបស់យើងនៅស្ថានសួគ៌តែងតែកត់សម្គាល់ដោយកតញ្ញូតាធម៌នៅពេលដែលឃើញយើងប្រព្រឹត្តដោយសេចក្ដីមេត្ដាករុណា!—ម៉ាថាយ ៥:៧
១៩. (ក) ហេតុអ្វីបានជាយើងអាចជឿជាក់ថា ព្រះយេហូវ៉ាមានកតញ្ញូតាធម៌ចំពោះអ្វីដែលយើងធ្វើក្នុងកិច្ចការផ្សាយនិងការបញ្ចុះបញ្ចូលឲ្យមានសិស្ស? (ខ) តើព្រះយេហូវ៉ាប្រទានរង្វាន់យ៉ាងណាចំពោះកិច្ចបំរើដែលគាំទ្រព្រះរាជាណាចក្រទ្រង់?
១៩ ព្រះយេហូវ៉ាពិតជាដឹងគុណចំពោះអ្វីដែលយើងធ្វើដើម្បីជាប្រយោជន៍ឲ្យព្រះរាជាណាចក្ររបស់ទ្រង់។ ពេលដែលយើងចូលទៅជិតព្រះយេហូវ៉ានោះ គឺជាការធម្មតាទេ ដែលយើងចង់ប្រើពេលវេលា កម្លាំង និងធនធានរបស់យើងដើម្បីចូលរួមឲ្យបានច្រើនបំផុតក្នុងកិច្ចការផ្សព្វផ្សាយបញ្ចុះបញ្ចូលឲ្យមានសិស្ស។ (ម៉ាថាយ ២៨:១៩, ២០) ជួនកាល យើងប្រហែលជាគិតថា យើងមិនបានសម្រេចការប៉ុន្មានទេ។ ចិត្តឥតគ្រប់ល័ក្ខណ៍របស់យើងប្រហែលជាធ្វើឲ្យយើងឆ្ងល់ថា តើព្រះយេហូវ៉ាពិតជាពេញព្រះហឫទ័យនឹងការព្យាយាមរបស់យើងឬក៏អត់។ (យ៉ូហានទី១ ៣:១៩, ២០) ប៉ុន្តែ ព្រះយេហូវ៉ាចាត់ទុកគ្រប់ទាំងអំណោយ មិនថាតិចឬច្រើន ជាអ្វីដ៏វិសេស ឲ្យតែនោះចេញពីដួងចិត្តរបស់យើង។ (ម៉ាកុស ១២:៤១-៤៤) ព្រះគម្ពីរធានាយើងថា៖ «ព្រះទ្រង់មិនមែនជាអ្នករមិលគុណ ដែលទ្រង់នឹងភ្លេចការអ្នករាល់គ្នាធ្វើ នឹងសេចក្ដីស្រឡាញ់ ដែលអ្នករាល់គ្នាបានសំដែងដល់ព្រះនាមទ្រង់»។ (ហេព្រើរ ៦:១០) ប្រាកដហើយ ព្រះយេហូវ៉ាចាំតែនិងប្រទានរង្វាន់ចំពោះកិច្ចបំរើសំរាប់ព្រះរាជាណាចក្រទ្រង់ សូម្បីតែយើងបំពេញកិច្ចបំរើនោះតិចតួចបំផុតក្ដី។ បន្ថែមទៅនឹងពរជាច្រើនខាងវិញ្ញាណនៅឥឡូវនេះ យើងអាចទន្ទឹងចាំទទួលនូវអំណរក្នុងពិភពលោកថ្មីរបស់ទ្រង់ ពេលព្រះយេហូវ៉ាលាព្រះហស្តនឹងបំពេញសេចក្ដីប៉ងប្រាថ្នាដ៏សុចរិតទាំងប៉ុន្មានរបស់អ្នកដែលជិតស្និទ្ធនឹងទ្រង់!—ទំនុកដំកើង ១៤៥:១៦; ពេត្រុសទី២ ៣:១៣
២០. ក្នុងកំឡុងឆ្នាំ២០០៣ តើយើងអាចបង្ហាញថាយើងចាំបន្ទូលក្នុងខគម្ពីរប្រចាំឆ្នាំយ៉ាងដូចម្ដេច? តើនឹងមានលទ្ធផលអ្វី?
២០ ក្នុងកំឡុងឆ្នាំ២០០៣ សូមឲ្យយើងសួរខ្លួនថា តើយើងកំពុងតែព្យាយាមជានិច្ចដើម្បីចូលទៅជិតព្រះវរបិតារបស់យើងនៅស្ថានសួគ៌ឬក៏យ៉ាងណា? បើយើងកំពុងតែធ្វើដូច្នេះមែន យើងអាចជឿជាក់ថា ទ្រង់នឹងប្រព្រឹត្តតបដូចទ្រង់បានសន្យា។ ប្រាកដណាស់«ព្រះ . . . មិនចេះភូត»ទេ។ (ទីតុស ១:២) បើអ្នកចូលទៅជិតព្រះ ទ្រង់នឹងចូលមកជិតអ្នកវិញ។ (យ៉ាកុប ៤:៨) តើនឹងមានលទ្ធផលអ្វី? ពរជាច្រើននៅឥឡូវនេះ និងសេចក្ដីសង្ឃឹមចូលទៅជិតព្រះយេហូវ៉ាជារៀងរហូត!
តើអ្នកចាំទេ?
• តើអំណោយអ្វីដែលព្រះយេហូវ៉ាប្រទានចំពោះអស់អ្នកដែលចូលទៅជិតទ្រង់?
• តើសំវិធានការអ្វីដែលព្រះយេហូវ៉ាប្រទានដើម្បីការពារភាពខាងវិញ្ញាណនៃរាស្ត្ររបស់ទ្រង់?
• ហេតុអ្វីបានជាការអធិស្ឋានទូលព្រះយេហូវ៉ាដោយសេរី ជាឯកសិទ្ធិដ៏ប្រសើរ?
• តើព្រះគម្ពីរបង្ហាញយ៉ាងដូចម្ដេចថា ព្រះយេហូវ៉ាត្រេកអរនឹងកិច្ចបំរើស្មោះត្រង់របស់បុគ្គលវិញ្ញាណ និងមនុស្សជាតិ?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ២៩]
ព្រះយេហូវ៉ាបានប្រទានពរ ជាការយល់ធ្លុះជ្រៅ នូវសេចក្ដីពិតនានាខាងវិញ្ញាណ
[រូបភាពនៅទំព័រ៣១]
ព្រះយេហូវ៉ាប្រទានការការពារខាងវិញ្ញាណ
[រូបភាពនៅទំព័រ៣២]
ព្រះយេហូវ៉ាគង់នៅជិតយើង ហើយប្រុងប្រៀបសណ្ដាប់ នូវសេចក្ដីអធិស្ឋានទាំងអស់របស់យើង