បញ្ហារបស់មនុស្សជាតិនឹងលែងមាននៅបន្ដិចទៀតនេះ!
បញ្ហារបស់មនុស្សជាតិនឹងលែងមាននៅបន្ដិចទៀតនេះ!
«ប្រតិបត្ដិការរបស់មនុស្សធម៌មានប្រសិទ្ធភាពតិចតួចណាស់ បើប្រតិបត្ដិការទាំងនោះមិនមែនជាផ្នែកនៃគម្រោងការដ៏ធំមួយ ហើយបើគ្មានការគាំទ្រផ្នែកនយោបាយដែលតម្រង់មុខព្រួញទៅរកដើមហេតុនៃបញ្ហាទាំងនោះ។ ម្ដងហើយម្ដងទៀត ការពិសោធន៍បានបង្ហាញឲ្យឃើញថា អង្គការមនុស្សធម៌មិនអាចដោះស្រាយបញ្ហា ដែលការពិតជាបញ្ហានយោបាយទៅវិញទេ»។—ស្ថានការណ៍នៃជនភៀសខ្លួនពិភពលោកឆ្នាំ២០០០
ទោះជាមានប្រតិបត្ដិការរបស់មនុស្សធម៌យ៉ាងច្រើនក៏ដោយ បញ្ហារបស់មនុស្សជាតិចេះតែចំរើនទ្វេឡើង។ តើពិតជាមានលទ្ធភាពអាចដោះស្រាយបញ្ហាទាំងនេះដោយផ្អែកលើវិស័យនយោបាយបានទេ? ការពិត គ្មានលទ្ធភាពទេ។ ប៉ុន្តែ តើយើងអាចពឹងពាក់អ្នកណាវិញឲ្យដោះស្រាយនោះ? ពេលសាវ័កប៉ុលសរសេរសំបុត្រទៅកាន់ជនគ្រីស្ទាននៅក្រុងអេភេសូរ គាត់ចាប់ផ្ដើមដោយសរសេរពាក្យដែលមានខ្លឹមសារជ្រាលជ្រៅស្តីអំពីរបៀបដែលព្រះនឹងដោះស្រាយបញ្ហាទាំងឡាយរបស់មនុស្សជាតិ។ ប៉ុលថែមទាំងបានបញ្ជាក់ពីភ្នាក់ងារដែលព្រះនឹងប្រើដើម្បីដោះស្រាយបញ្ហាដែលកំពុងតែមាននេះ ជាភ្នាក់ងារមួយដែលនឹងបំបាត់នូវដើមហេតុដែលបណ្ដាលឲ្យយើងមានបញ្ហាទាំងនេះនៅសព្វថ្ងៃ។ សូមអញ្ជើញពិចារណាអ្វីដែលប៉ុលបានសរសេរ។ សំនេរនោះមាននៅអេភេសូរ ១:៣-១០។
«នឹងបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ»
ប៉ុលពន្យល់ថា ព្រះមានបំណងបង្កើតឲ្យមានអ្វីដែលទ្រង់ហៅថា៖ «ការកាន់កាប់ត្រួតត្រា[ឬការចាត់ចែងម្យ៉ាង] ក្នុងកាលដែលពេលពេញកំណត់បានមកដល់»។ តើនេះបានន័យដូចម្ដេច? នេះបានន័យថា ព្រះបានកំណត់ពេលវេលារួចហើយ ដែលទ្រង់នឹង«បំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ ទាំងរបស់នៅស្ថានសួគ៌ នឹងរបស់នៅផែនដីផង»។ (អេភេសូរ ១:១០, កំណែជាអក្សរទ្រេត) ពិតណាស់ ព្រះបានចាប់ផ្ដើមប្រើការរៀបចំមួយដែលនឹងនាំឲ្យអ្វីៗទាំងអស់នៅស្ថានសួគ៌ និងអ្វីៗនៅលើផែនដី ឲ្យមកក្រោមការកាន់កាប់របស់ទ្រង់។ គួរឲ្យចាប់អារម្មណ៍ណាស់ បណ្ឌិតព្រះគម្ពីរមួយរូប លោកយ៉ូសែប ហ៊ិនរី តេយ៉ឺ បានបកស្រាយអត្ថន័យពាក្យភាសាដើមដែលត្រូវបកប្រែថា«បំព្រួម» ដោយពន្យល់ថា៖ «ប្រមូលសំរាប់អង្គទ្រង់...នូវអ្វីៗទាំងអស់ និងបុគ្គលទាំងអស់ (ដែលបានបែកខ្ញែកពីគ្នាដោយសារអំពើបាប) ឲ្យមករួមគ្នាឲ្យមានសាមគ្គីភាពឡើងវិញជាមួយព្រះគ្រីស្ទ»។
នេះបញ្ជាក់ហេតុដែលព្រះត្រូវធ្វើដូច្នេះ គឺដោយគិតអំពីដើមហេតុដែលបណ្ដាលឲ្យមានការបែកខ្ញែកនេះកើតឡើង។ នៅដើមលោកុប្បត្តិ ៣:១–៥) សមស្របទៅតាមយុត្ដិធម៌របស់ព្រះ ពួកគេបានត្រូវបណ្ដេញចេញពីក្រុមគ្រួសាររបស់ព្រះ និងបានបាត់បង់មិត្តភាពជាមួយទ្រង់។ ពួកគេបានទម្លាក់មនុស្សជាតិទៅក្នុងភាពឥតគ្រប់ល័ក្ខណ៍ ឲ្យទទួលលទ្ធផលអាក្រក់ដូចដែលយើងមាននៅសព្វថ្ងៃនេះ។—រ៉ូម ៥:១២
ប្រវត្ដិសាស្ត្ររបស់មនុស្សជាតិ មាតាបិតាដំបូងរបស់យើង ឈ្មោះអ័ដាមនិងអេវ៉ា បានចូលរួមជាមួយអារក្សសាតាំងក្នុងការបះបោរប្រឆាំងនឹងព្រះ។ ពួកគេចង់គ្រប់គ្រងខ្លួនឯង ហើយចង់សម្រេចចិត្តអំពីអ្វីដែលខុសនិងអ្វីដែលត្រូវដោយខ្លួនគេ។ (ការអនុញ្ញាតឲ្យមានអំពើអាក្រក់មួយរយៈ
មនុស្សខ្លះប្រហែលជាសួរថា៖ ‹ហេតុអ្វីព្រះឲ្យមនុស្សធ្វើដូច្នេះ? ហេតុអ្វីទ្រង់មិនគ្រាន់តែប្រើតេជានុភាពដ៏ខ្លាំងក្លារបស់ទ្រង់ និងបង្ខំឲ្យគេធ្វើតាមព្រះហឫទ័យរបស់ទ្រង់? ទង្វើនេះអាចបង្ការកុំឲ្យមានការរងទុក្ខលំបាកដូចសព្វថ្ងៃនេះ›។ ប្រហែលជាគំនិតបែបនេះគឺហាក់ដូចជាសមហេតុសមផលមែន។ ប៉ុន្តែ តើការប្រើអំណាចខ្លាំងក្លាដើម្បីបង្ខិតបង្ខំនោះ ពិតជានឹងផ្ដល់ផលប្រយោជន៍ឬ? តើអ្នកចូលចិត្តមនុស្សដែលប្រើអំណាចដើម្បីបង្ក្រាបមនុស្សភ្លាមៗ កាលបើមើលទៅដូចជាគេមិនចង់ស្ដាប់តាមឬ? អ្នកប្រាកដជាមិនចូលចិត្តទេ!។
អ្នកបះបោរទាំងនេះមិនបានចោទប្រកាន់ថា ព្រះគ្មានតេជានុភាពខ្លាំងបំផុតនោះឡើយ តែពួកគេបានចោទទៅលើសិទ្ធិនិងភាពត្រឹមត្រូវនៃការគ្រប់គ្រងរបស់ទ្រង់វិញ។ ដើម្បីដោះស្រាយរឿងចំណោទនេះតែមួយដងជាការស្រេច នោះព្រះយេហូវ៉ាបានអនុញ្ញាតឲ្យមនុស្សគ្រប់គ្រងខ្លួនឯងអស់មួយរយៈ ដោយទ្រង់មិនធ្វើអន្តរាគមន៍ដោយអង្គទ្រង់ផ្ទាល់នោះឡើយ។ (សាស្ដា ៣:១; លូកា ២១:២៤) ពេលគ្រាកំណត់របស់ទ្រង់មកដល់ ទ្រង់នឹងធ្វើអន្តរាគមន៍និងចាប់ផ្ដើមគ្រប់គ្រងទៅលើផែនដីម្ដងទៀត។ នៅពេលដែលទ្រង់ធ្វើដូច្នេះ នឹងមានភស្តុតាងជាក់ច្បាស់ជាច្រើនណាស់ថា ការគ្រប់គ្រងរបស់ទ្រង់ជាការគ្រប់គ្រងតែមួយគត់ដែលធានាថាមនុស្សជាតិនឹងបានសេចក្ដីសុខក្សេមក្សាន្ត សុភមង្គល និងភាពរីកចំរើនដែលស្ថិតស្ថេរ។ នៅពេលនោះ អ្នកជិះជាន់ពិភពលោកនឹងត្រូវបំផ្លាញចោលឲ្យលែងមានតទៅទៀត។—ទំនុកដំកើង ៧២:១២-១៤; ដានីយ៉ែល ២:៤៤
«តាំងពីមុនកំណើតលោកីយមក»
ព្រះយេហូវ៉ាមានគោលបំណងធ្វើដូច្នេះតាំងពីយូរមកហើយ។ ប៉ុលសរសេរថា ទ្រង់មានគោលបំណងនេះ«តាំងពីមុនកំណើតលោកីយមក»។ (អេភេសូរ ១:៤, កំណែជាអក្សរទ្រេត) នេះមិនសំដៅទៅពេលមុនទ្រង់បង្កើតផែនដីឬអ័ដាមនិងអេវ៉ាទេ ពីព្រោះលោកីយ៍ពេលនោះពិតជា«ល្អប្រពៃ»ណាស់។ (លោកុប្បត្តិ ១:៣១) ដូច្នេះ តើ«លោកីយ»ដែលប៉ុលបានរៀបរាប់នោះគឺជាអ្វី? នេះសំដៅទៅកូនរបស់អ័ដាមនិងអេវ៉ា ជាលោកីយ៍ដ៏ឥតគ្រប់ល័ក្ខណ៍ដែលត្រូវសង្ឃឹមនឹងទទួលបានការប្រោសលោះ។ មុនដែលអ័ដាមនិងអេវ៉ាបង្កើតកូន ព្រះយេហូវ៉ាបានជ្រាបហើយថា ទ្រង់នឹងធ្វើយ៉ាងណាដើម្បីប្រោសលោះកូនរបស់អ័ដាមឲ្យរួច។—រ៉ូម ៨:២០
ប៉ុន្តែ នេះមិនបានន័យថា ព្រះមហាក្សត្រសកលលោកគិតគូរលៃលកដោះស្រាយបញ្ហាដូចមនុស្សជាតិឡើយ។ មនុស្សជាតិរៀបចំផែនការល្អិតល្អន់ទុកជាមុនដោយព្រោះពួកគេយល់ថា អាចកើតមានរឿងអាសន្នមែន។ ប៉ុន្តែ ផ្ទុយទៅវិញ ព្រះដែលមានគ្រប់ព្រះចេស្ដាគ្រាន់តែមានបន្ទូលអំពីគោលបំណងទ្រង់ រួចទ្រង់សម្រេចគោលបំណងនោះ។ យ៉ាងណាក៏ដោយ ប៉ុលបញ្ជាក់អំពីរបៀបដែលព្រះយេហូវ៉ាបានសម្រេចព្រះទ័យដោះស្រាយបញ្ហានេះ ដើម្បីប្រោសលោះមនុស្សមួយដងជាការស្រេច។ តើព្រះយេហូវ៉ាបានចាត់វិធានការអ្វី?
តើអ្នកណានឹងរំដោះមនុស្ស?
ប៉ុលពន្យល់ថា សិស្សរបស់ព្រះគ្រីស្ទដែលបានត្រូវតែងតាំងដោយវិញ្ញាណ នឹងមានតួនាទីពិសេសក្នុងការបំបាត់នូវបញ្ហាដែលបណ្ដាលមកពីបាបរបស់អ័ដាម។ ប៉ុលចែងថា ព្រះយេហូវ៉ា«បានរើសយើងរាល់គ្នាក្នុងព្រះគ្រីស្ទ» ដើម្បីគ្រប់គ្រងជាស្តេចជាមួយព្រះយេស៊ូក្នុងព្រះរាជាណាចក្រស្ថានសួគ៌។ ប៉ុលពន្យល់តទៅទៀតដោយថា ព្រះយេហូវ៉ាបាន«ដំរូវយើងរាល់គ្នាទុកជាមុន សំរាប់ឲ្យទ្រង់បានទទួលយើងជាកូនចិញ្ចឹម ដោយសារព្រះយេស៊ូវគ្រីស្ទ»។ (អេភេសូរ ១:៤, ៥, កំណែជាអក្សរទ្រេត) ពិតណាស់ ព្រះយេហូវ៉ាមិនបានរើសឬក៏កំណត់ទុកជាមុនថា ម្នាក់ណានឹងគ្រប់គ្រងនោះឡើយ។ ប៉ុន្តែ ទ្រង់បានកំណត់ទុកជាមុនថា នឹងមានក្រុមមនុស្សដ៏ស្មោះត្រង់ ដែលបានថ្វាយខ្លួនដើម្បីរួមចំណែកជាមួយព្រះគ្រីស្ទក្នុងការបំបាត់នូវការពិបាកដែលអារក្សសាតាំងហើយអ័ដាមនិងអេវ៉ាបាននាំមកលើមនុស្សជាតិ។—លូកា ១២:៣២; ហេព្រើរ ២:១៤-១៨
ក្នុងការចោទប្រកាន់ដំបូងរបស់សាតាំងទៅលើការគ្រប់គ្រងរបស់ព្រះយេហូវ៉ានោះ វាបានអះអាងថា មនុស្សជាតិបានត្រូវបង្កើតមកមានគុណវិបត្ដិ គឺថា កាលណាមានការគាបសង្កត់ឬការល្បួង ពួកគេទាំងអស់គ្នានឹងបះបោរប្រឆាំងនឹងការគ្រប់គ្រងរបស់ព្រះ។ (យ៉ូប ១:៧-១២; ២:២-៥) ក្រោយមក ព្រះបានសម្ដែងនូវ«ព្រះគុណដ៏ ឧត្តមរបស់ទ្រង់»ដោយបង្ហាញថា ទ្រង់មានទំនុកចិត្តទៅលើមនុស្សជាតិ ពេលដែលទ្រង់រើសកូនខ្លះៗរបស់អ័ដាមដែលមានបាប ឲ្យធ្វើជាកូនខាងវិញ្ញាណរបស់ទ្រង់។ ពួកអ្នកក្នុងក្រុមដ៏តូចនេះនឹងត្រូវយកទៅបំរើនៅស្ថានសួគ៌។ នេះជាការដ៏អស្ចារ្យណាស់! ប៉ុន្តែតើពួកគេនឹងបំរើសំរាប់គោលបំណងអ្វី?—អេភេសូរ ១:៣-៦, កំណែជាអក្សរទ្រេត; យ៉ូហាន ១៤:២, ៣; ថែស្សាឡូនីចទី១ ៤:១៥-១៧; ពេត្រុសទី១ ១:៣, ៤
សាវ័កប៉ុលពន្យល់ថា កូនទាំងនេះដែលព្រះបានរើស នឹងក្លាយជា‹អ្នកគ្រងមរដកជាមួយនឹងព្រះគ្រីស្ទ›នៅស្ថានសួគ៌។ (រ៉ូម ៨:១៤-១៧) ក្នុងនាមជាស្តេចនិងជាសង្ឃ ពួកគេនឹងមានចំណែកក្នុងការរំដោះមនុស្សជាតិឲ្យរួចពីទុក្ខលំបាកដែលពួកគេកំពុងតែជួបប្រទះ។ (វិវរណៈ ៥:១០) «ជីវិតទាំងឡាយក៏ថ្ងូរ ហើយឈឺចាប់ជាមួយគ្នា ដរាបដល់គ្រាឥឡូវនេះ»ពិតមែន។ ប៉ុន្តែ បន្ដិចទៀត អ្នកដែលបានត្រូវជ្រើសរើសជាពិសេសឲ្យក្លាយជាកូនរបស់ព្រះ នឹងចាត់វិធានការជាមួយព្រះយេស៊ូគ្រីស្ទ ហើយពេលនោះមនុស្សជាតិទាំងឡាយនឹង«រួចពីចំណងនៃសេចក្ដីពុករលួយ ឲ្យបានសេរីភាពនៃសិរីល្អរបស់ពួកកូនព្រះ»ម្ដងទៀត។—រ៉ូម ៨:១៨-២២
«សេចក្ដីប្រោសលោះ»
ទាំងអស់នេះអាចកើតឡើងបានដោយសារតម្លៃលោះរបស់ព្រះយេស៊ូគ្រីស្ទ ដែលជាការសម្ដែងយ៉ាងអស្ចារ្យបំផុតនិងប្រសើរបំផុតនូវសេចក្ដីសប្បុរសរបស់ព្រះចំពោះមនុស្សជាតិដែលអាចត្រូវលោះបាន ទោះបីពួកគេគ្មានសិទ្ធិទទួលក្ដី។ ប៉ុលបានសរសេរថា៖ «យើងបានសេចក្ដីប្រោសលោះនៅក្នុង[ព្រះយេស៊ូគ្រីស្ទ] ដោយសារព្រះលោហិតទ្រង់ គឺជាសេចក្ដីប្រោសឲ្យរួចពីទោស តាមព្រះគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់»។—អេភេសូរ ១:៧, កំណែជាអក្សរទ្រេត
ព្រះយេស៊ូគ្រីស្ទគឺជាតួសំខាន់ចំបងក្នុងការសម្រេចនូវគោលបំណងរបស់ព្រះ។ (ហេព្រើរ ២:១០) តម្លៃលោះរបស់ទ្រង់ផ្ដល់គ្រឹះមូលដ្ឋានត្រឹមត្រូវតាមច្បាប់ ឲ្យព្រះយេហូវ៉ារើសកូនខ្លះរបស់អ័ដាមឲ្យមករួមក្នុងក្រុមគ្រួសារនៅស្ថានសួគ៌ និងរំដោះមនុស្សពីលទ្ធផលនៃបាបរបស់អ័ដាម ដោយមិនបំពានលើច្បាប់និងគោលការណ៍របស់ទ្រង់ឡើយ។ (ម៉ាថាយ ២០:២៨; ធីម៉ូថេទី១ ២:៦) ព្រះយេហូវ៉ាបានសម្រេចគោលបំណងទ្រង់តាមរបៀបមួយដែលគាំទ្រសេចក្ដីសុចរិតរបស់ទ្រង់ ហើយដោយយុត្ដិធម៌ដ៏គ្រប់ល័ក្ខណ៍។—រ៉ូម ៣:២២-២៦
«សេចក្ដីអាថ៌កំបាំង»របស់ព្រះ
អស់រាប់ពាន់ឆ្នាំ ព្រះមិនបានសម្ដែងឲ្យដឹងយ៉ាងច្បាស់នូវរបៀបដែលទ្រង់នឹងសម្រេចគោលបំណងរបស់ទ្រង់សំរាប់ផែនដីនោះឡើយ។ នៅសតវត្សទីមួយស.យ. «[ព្រះ]សំដែង ឲ្យ[ជនគ្រីស្ទាន]ស្គាល់សេចក្ដីអាថ៌កំបាំង នៃព្រះហឫទ័យទ្រង់»។ (អេភេសូរ ១:៩, កំណែជាអក្សរទ្រេត) ប៉ុលនិងគ្រីស្ទានចាក់ប្រេងតាំងឯទៀតបានយល់ច្បាស់អំពីតួនាទីដ៏អស្ចារ្យដែលព្រះយេស៊ូគ្រីស្ទមានក្នុងការសម្រេចនូវគោលបំណងរបស់ព្រះ។ ពួកគេក៏បានចាប់ផ្ដើមយល់តម្លៃពិសេសនៃតួនាទីដែលពួកគេមានជាអ្នកគ្រងមរតកជាមួយព្រះគ្រីស្ទក្នុងព្រះរាជាណាចក្រស្ថានសួគ៌។ (អេភេសូរ ៣:៥, ៦, ៨-១១) ពិតមែនហើយ រាជរដ្ឋាភិបាលក្រោមអំណាចព្រះយេស៊ូគ្រីស្ទនិងអ្នកគ្រប់គ្រងជាមួយទ្រង់ ជាភ្នាក់ងារដែលព្រះនឹងប្រើដើម្បីនាំមកនូវសេចក្ដីសុខក្សេមក្សាន្តជានិច្ច មិនគ្រាន់តែនៅស្ថានសួគ៌ប៉ុណ្ណោះ តែនៅផែនដីផងដែរ។ (ម៉ាថាយ ៦:៩, ១០) តាមរយៈរាជរដ្ឋាភិបាលនេះ ព្រះយេហូវ៉ានឹងស្ដារផែនដីឲ្យល្អឡើងវិញ តាមរាជបំណងដើមរបស់ទ្រង់។—អេសាយ ៤៥:១៨; ៦៥:២១-២៣; កិច្ចការ ៣:២១
គ្រាកំណត់ដែលទ្រង់នឹងចាត់វិធានការដើម្បីបំបាត់ការជិះជាន់និងភាពអយុត្ដិធម៌ចេញពីផែនដី គឺជិតមកដល់ហើយ។ ប៉ុន្តែ តាមពិត ព្រះយេហូវ៉ាបានចាប់ផ្ដើមការស្ដារឡើងវិញនេះនៅបុណ្យឆ្នាំទី៥០ នៅឆ្នាំ៣៣ ស.យ.។ តើយ៉ាងដូចម្ដេច? គឺនៅពេលនោះទ្រង់បានចាប់ផ្ដើម«បំព្រួមគ្រប់ទាំងអស់...នៅស្ថានសួគ៌» ពោលគឺ ពួកអ្នកដែលនឹងគ្រប់គ្រងជាមួយព្រះគ្រីស្ទនៅស្ថានសួគ៌។ នេះរួមបញ្ចូលជនគ្រីស្ទាននៅក្រុងអេភេសូរ។ (អេភេសូរ ២:៤-៧, កំណែជាអក្សរទ្រេត) នៅ សម័យយើងវិញ ព្រះយេហូវ៉ាកំពុងតែបំព្រួម«គ្រប់ទាំងអស់...នៅផែនដី»។ (អេភេសូរ ១:១០, កំណែជាអក្សរទ្រេត) តាមរយៈប្រតិបត្ដិការផ្សព្វផ្សាយទូទាំងផែនដី ទ្រង់បានធ្វើឲ្យឮសុសសាយដល់គ្រប់ទាំងសាសន៍អំពីដំណឹងល្អស្តីអំពីរាជរដ្ឋាភិបាលរបស់ទ្រង់នៅក្រោមអំណាចព្រះយេស៊ូគ្រីស្ទ។ សូម្បីតែឥឡូវនេះ អស់អ្នកដែលប្រព្រឹត្តតបកំពុងតែត្រូវបំព្រួមឲ្យចូលក្នុងកន្លែងនៃការការពារខាងវិញ្ញាណ និងការប្រោសឲ្យជាខាងវិញ្ញាណ។ (យ៉ូហាន ១០:១៦) បន្ដិចទៀត នៅលើផែនដីដែលបានត្រូវសំអាតឡើងវិញនោះ មនុស្សនឹងរួចផុតពីភាពអយុត្ដិធម៌និងការរងទុក្ខសព្វបែបយ៉ាង។—ពេត្រុសទី២ ៣:១៣; វិវរណៈ ១១:១៨
«មានការឈានទៅមុខយ៉ាងអស្ចារ្យ»ក្នុងសកម្មភាពនៃអង្គការមនុស្សធម៌ ដើម្បីជួយមនុស្សជាតិដែលកំពុងតែត្រូវគេជិះជាន់។ (ស្ថានការណ៍នៃកុមារពិភពលោក ឆ្នាំ២០០០) ប៉ុន្តែ ការឈានទៅមុខដ៏អស្ចារ្យជាងគេបំផុតនោះ គឺនៅបន្ដិចទៀតជាពេលដែលព្រះគ្រីស្ទយេស៊ូនិងអ្នកគ្រប់គ្រងជាមួយទ្រង់នៅក្នុងរាជរដ្ឋាភិបាលស្ថានសួគ៌នឹងធ្វើអន្តរាគមន៍។ ព្រះយេស៊ូហើយអ្នកគ្រប់គ្រងជាមួយទ្រង់នឹងបំបាត់ចោលទាំងស្រុងនៅដើមហេតុនៃការពិបាកសព្វបែបយ៉ាងព្រមទាំងបញ្ចប់នូវបញ្ហារបស់មនុស្សជាតិផងដែរ។—វិវរណៈ ២១:១-៤
[រូបភាពនៅទំព័រ៤]
ការប្រព្រឹត្តរបស់អង្គការមនុស្សធម៌ មិនបានដោះស្រាយបញ្ហា របស់មនុស្សជាតិឡើយ
[រូបភាពនៅទំព័រ៦]
តម្លៃលោះរបស់ព្រះគ្រីស្ទបានបើកផ្លូវឲ្យ មនុស្សជាតិអាចរួចផុតពីបាបរបស់អ័ដាម
[រូបភាពនៅទំព័រ៧]
យើងអាចរកឃើញ នូវការការពារខាងវិញ្ញាណ និងការប្រោសឲ្យជាខាងវិញ្ញាណ នៅសព្វថ្ងៃនេះបាន
[រូបភាពនៅទំព័រ៧]
បន្ដិចទៀតនេះ ព្រះរាជាណាចក្ររបស់ព្រះមេស្ស៊ី នឹងដោះស្រាយបញ្ហាទាំងអស់