លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកសួរថា‹តើព្រះយេហូវ៉ានៅឯណាឬទេ›?

តើអ្នកសួរថា‹តើព្រះយេហូវ៉ានៅឯណាឬទេ›?

តើ​អ្នក​សួរ​ថា‹តើ​ព្រះ​យេហូវ៉ា​នៅ​ឯ​ណា​ឬ​ទេ›?

​«គេ​ថយ​ទៅ​ឆ្ងាយ​ពី​អញ​ដូច្នេះ . . . គេ​ក៏​មិន​បាន​សួរ​ថា . . . តើ[ព្រះ​យេហូវ៉ា]ទ្រង់​នៅ​ឯ​ណា?»។—យេរេមា ២:៥, ៦

១​. នៅ​ពេល​មនុស្ស​សួរ​ថា​«តើ​ព្រះ​នៅ​ឯ​ណា?» តើ​ពួក​គេ​ប្រហែល​ជា​ចង់​សួរ​អំពី​អ្វី?

​«តើ​ព្រះ​នៅ​ឯ​ណា?» មនុស្ស​ជា​ច្រើន​បាន​សួរ​សំនួរ​នេះ។ មនុស្ស​ខ្លះ​គ្រាន់​តែ​ចង់​យល់​នូវ​ការ​ពិត​អំពី​ព្រះ​ដែល​ជា​អ្នក​បង្កើត ពោល​គឺ តើ​ទ្រង់​គង់​នៅ​កន្លែង​ណា? មនុស្ស​ឯ​ទៀត​បាន​សួរ​សំនួរ​នេះ​ក្រោយ​ពី​មាន​វិបត្ដិ​ភ័យ​នៅ​គ្រប់​ទី​កន្លែង ឬ​នៅ​ពេល​ដែល​គេ​មាន​ការ​លំបាក​ក្រៃលែង ហើយ​និង​មិន​អាច​យល់​នូវ​មូលហេតុ​ដែល​ព្រះ​មិន​បាន​ធ្វើ​អន្តរាគមន៍។ ប៉ុន្តែ ក៏​នៅ​មាន​អ្នក​ឯ​ទៀត​ដែល​មិន​បាន​សួរ​សំនួរ​នេះ​សោះ ពីព្រោះ​ពួក​គេ​ជឿ​ថា​គ្មាន​ព្រះ​នោះ​ទេ។—ទំនុកដំកើង ១០:៤

២​. តើ​អ្នក​ណា​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ស្វែង​រក​ព្រះ?

ប្រាកដ​ហើយ គឺ​មាន​មនុស្ស​ជា​ច្រើន​ដែល​បាន​ទទួល​ស្គាល់​នូវ​ទីសំអាង​ជា​ច្រើន​អនេក ដែល​បង្ហាញ​ថា​មាន​ព្រះ​មួយ​អង្គ​មែន។ (ទំនុកដំកើង ១៩:១; ១០៤:២៤) ហើយ​ក្នុង​ចំណោម​ពួក​គេ​ទាំង​នេះ គឺ​មាន​មនុស្ស​ខ្លះ​ដែល​ពេញ​ចិត្ត​នឹង​កាន់​សាសនា​ណា​មួយ​ក៏​បាន។ ប៉ុន្តែ សេចក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង​ចំពោះ​សេចក្ដី​ពិត​បាន​ជំរុញ​មនុស្ស​រាប់​លាន​នាក់​ឯ​ទៀត​ដែល​នៅ​គ្រប់​ប្រទេស ឲ្យ​ស្វែង​រក​ព្រះ​ដ៏​ពិត។ ការ​ខំ​ព្យាយាម​របស់​ពួក​គេ​ដើម្បី​ស្វែង​រក​ព្រះ​មិន​មែន​ឥត​ប្រយោជន៍​ឡើយ ពីព្រោះ​ទ្រង់​«មិន​គង់​ឆ្ងាយ​ពី​យើង​និមួយៗ»​ទេ។—កិច្ចការ ១៧:២៦​-​២៨

៣​. (ក) តើ​ដំណាក់​របស់​ព្រះ​នៅ​ឯ​ណា? (ខ) តើ​សំនួរ​ដែល​មាន​មូលដ្ឋាន​ក្នុង​ព្រះ​គម្ពីរ​ដែល​ថា ‹តើ​ព្រះ​យេហូវ៉ា​នៅ​ឯ​ណា›មាន​ន័យ​យ៉ាង​ណា?

នៅ​ពេល​ដែល​បុគ្គល​ម្នាក់​ពិត​ជា​បាន​រក​ឃើញ​ព្រះ​យេហូវ៉ា គាត់​ដឹង​ថា​«ព្រះ​ទ្រង់​ជា​វិញ្ញាណ» ហើយ​មនុស្ស​មើល​ទ្រង់​ពុំ​ឃើញ​ឡើយ។ (យ៉ូហាន ៤:២៤) ព្រះយេស៊ូ​បាន​មាន​បន្ទូល​សំដៅ​ទៅ​ព្រះ​ដ៏​ពិត​មួយ​អង្គ​ជា​«ព្រះ​វរបិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថានសួគ៌»។ តើ​នេះ​មាន​ន័យ​យ៉ាង​ណា? គឺ​មាន​ន័យ​ថា ដំណាក់​ដែល​ព្រះ​វរបិតា​សួគ៌ា​គង់​នៅ​នោះ ក្នុង​ន័យ​ខាង​វិញ្ញាណ គឺ​ខ្ពស់​ក្រៃលែង​ប្រៀប​ដូច​ជា​មេឃ​ដែល​នៅ​សែន​ឆ្ងាយ​ពី​ផែនដី។ (ម៉ាថាយ ១២:៥០; អេសាយ ៦៣:១៥) ប៉ុន្តែ ទោះ​ជា​យើង​មើល​ព្រះ​ពុំ​ឃើញ​ក៏​ដោយ ក៏​ទ្រង់​ធ្វើ​ឲ្យ​យើង​មាន​លទ្ធភាព​ស្គាល់​ទ្រង់​និង​អាច​រៀន​យ៉ាង​ច្រើន​អំពី​គោល​បំណង​របស់​ទ្រង់​ដែរ។ (និក្ខមនំ ៣៣:២០; ៣៤:៦, ៧) ទ្រង់​ឆ្លើយ​សំនួរ​ជា​ច្រើន​របស់​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ដែល​ចង់​ដឹង​អំពី​អត្ថន័យ​នៃ​ជីវិត។ ស្តី​អំពី​រឿង​ដែល​មាន​អានុភាព​លើ​ជីវិត​របស់​យើង ទ្រង់​ក៏​ប្រទាន​នូវ​មូលដ្ឋាន​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​សំរាប់​ឲ្យ​យើង​ដឹង​នូវ​ទស្សនៈ​របស់​ទ្រង់ គឺ​ថា តើ​ទ្រង់​មាន​ទស្សនៈ​យ៉ាង​ណា​អំពី​រឿង​ផ្សេងៗ និង​ថា​តើ​សេចក្ដី​ប្រាថ្នា​របស់​យើង​គឺ​សម​ស្រប​នឹង​គោល​បំណង​របស់​ទ្រង់​ឬ​ក៏​យ៉ាង​ណា? ព្រះ​ចង់​ឲ្យ​យើង​ទូល​សួរ​ទ្រង់​ដើម្បី​សុំ​ការ​ណែនាំ​អំពី​រឿង​ដែល​ទាក់ទង​នឹង​ជីវិត​យើង និង​ឲ្យ​យើង​ខំ​ប្រឹង​ព្យាយាម​ដើម្បី​អាច​រក​ចម្លើយ​ចំពោះ​សំនួរ​ទាំង​នោះ​បាន។ តាម​រយៈ​ព្យាការី​យេរេមា ព្រះ​យេហូវ៉ា​បាន​ប្រដៅ​តម្រង់​ពួក​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ ពីព្រោះ​ពួក​គេ​មិន​បាន​ធ្វើ​ដូច្នេះ។ ពួក​គេ​ស្គាល់​ព្រះ​នាម​របស់​ព្រះ ប៉ុន្តែ​ពួក​គេ​មិន​បាន​សួរ​ថា​«តើ​ទ្រង់​នៅ​ឯ​ណា?»​ទេ។ (យេរេមា ២:៦) ពួក​គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​គោល​បំណង​របស់​ព្រះយេហូវ៉ា​ជាង​គេ​បំផុត​នោះ​ឡើយ។ ហើយ​ពួក​គេ​ក៏​មិន​បាន​ស្វែង​រក​ការ​ណែនាំ​ពី​ទ្រង់​ដែរ។ ពេល​អ្នក​ត្រូវ​សម្រេច​ចិត្ត​ចំពោះ​រឿង​ធំ​និង​រឿង​តូចតាច តើ​អ្នក​សួរ​ថា‹តើ​ព្រះ​យេហូវ៉ា​នៅ​ឯ​ណា​ឬ​ទេ›?

អស់​អ្នក​ដែល​បាន​ទូល​សុំ​ការ​ណែនាំ​ពី​ព្រះ

៤​. តើ​យើង​អាច​ទទួល​ប្រយោជន៍​ពី​គំរូ​របស់​ដាវីឌ​យ៉ាង​ណា​ក្នុង​ការ​ទូល​សុំ​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា?

ដាវីឌ​ជា​កូន​ប្រុស​របស់​អ៊ីសាយ ហើយ​កាល​នៅ​ជា​យុវ​បុរស គាត់​បាន​បណ្ដុះ​ឲ្យ​មាន​ជំនឿ​ដ៏​មុតមាំ​លើ​ព្រះយេហូវ៉ា។ គាត់​បាន​ដឹង​ថា​ព្រះយេហូវ៉ា​ជា​«ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់»។ ដាវីឌ​បាន​ពិសោធ​ដោយ​ផ្ទាល់​នូវ​ការ​ការពារ​ពី​ព្រះយេហូវ៉ា។ ដោយសារ​ដាវីឌ​ត្រូវ​បាន​ជំរុញ​ដោយ​ជំនឿ​និង​សេចក្ដី​ស្រឡាញ់​ចំពោះ​«ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា» នោះ​ដាវីឌ​បាន​ប្រហារ​សាសន៍​ភីលីស្ទីន​ម្នាក់ ពោល​គឺ​កូលីយ៉ាត​ដែល​មាន​មាឌ​ធំ​ដូច​ជា​យក្ស​ដែល​បាន​បំពាក់​ដោយ​គ្រឿង​អាវុធ​យ៉ាង​សម្បើម។ (សាំយូអែលទី១ ១៧:២៦, ៣៤​-​៥១) យ៉ាង​ណា​ក៏​ដោយ ហេតុ​ដែល​ដាវីឌ​បាន​ជោគជ័យ​នេះ​មិន​បាន​ធ្វើ​ឲ្យ​គាត់​មាន​ទំនុក​ចិត្ត​នឹង​ខ្លួន​គាត់​ទេ។ គាត់​មិន​បាន​វែកញែក​ថា​អ្វីៗ​ក៏​ដោយ​ដែល​គាត់​ធ្វើ​ពី​នេះ​ត​ទៅ នោះ​ព្រះ​យេហូវ៉ា​នឹង​ប្រទាន​ពរ​ឲ្យ​គាត់​នោះ​ទេ។ ម្ដង​ហើយ​ម្ដង​ទៀត ក្នុង​កំឡុង​ច្រើន​ឆ្នាំ​ក្រោយ​មក ដាវីឌ​បាន​ទូល​សុំ​ការ​ណែនាំ​ពី​ព្រះយេហូវ៉ា នៅ​ពេល​ប្រឈម​មុខ​នឹង​ការ​សម្រេច​ចិត្ត។ (សាំយូអែលទី១ ២៣:២; ៣០:៨; សាំយូអែលទី២ ២:១; ៥:១៩) គាត់​បាន​បន្ត​អធិស្ឋាន​ថា​៖ «ឱ​ព្រះយេហូវ៉ា​អើយ! សូម​បង្ហាញ​អស់​ទាំង​ផ្លូវ​របស់​ទ្រង់​ដល់​ទូល​បង្គំ សូម​បង្រៀន​ទូល​បង្គំ​ក្នុង​ផ្លូវ​ច្រក​របស់​ទ្រង់ សូម​នាំ ហើយ​បង្រៀន​ទូល​បង្គំ ក្នុង​សេចក្ដី​ពិត​របស់​ទ្រង់​ផង ដ្បិត​ទ្រង់​ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ទូល​បង្គំ ទូល​បង្គំ​សង្ឃឹម​ដល់​ទ្រង់​ដរាប​រាល់​ថ្ងៃ»។ (ទំនុកដំកើង ២៥:៤, ៥) នេះ​ជា​គំរូ​ដ៏​ល្អ​ណាស់​ហ្ន៎! សំរាប់​ឲ្យ​យើង​យក​តម្រាប់​តាម។

៥, ៦​. តើ​តាម​របៀប​ណា​ដែល​យ៉ូសាផាត​ស្វែង​រក​ព្រះយេហូវ៉ា​នៅ​ក្នុង​គ្រា​ផ្សេងៗ​នៃ​ជីវិត​របស់​ទ្រង់?

នៅ​សម័យ​របស់​ស្តេច​យ៉ូសាផាត ដែល​ជា​ស្តេច​ទី​ប្រាំ​ក្នុង​វង្ស​ត្រកូល​របស់​ដាវីឌ នោះ​មាន​ប្រទេស​បី​បាន​លើក​ទ័ព​ប្រួត​គ្នា​មក​ច្បាំង​នឹង​សាសន៍​យូដា។ នៅ​ពេល​ស្តេច​យ៉ូសាផាត​បាន​ប្រឈម​មុខ​នឹង​គ្រា​អាសន្ន​ក្នុង​ប្រទេស នោះ​ទ្រង់​«តាំង​ព្រះទ័យ​ស្វែង​រក​ព្រះ​យេហូវ៉ា»។ (របាក្សត្រ​ទី២ ២០:១​-​៣) នេះ​មិន​មែន​ជា​លើក​ដំបូង​ដែល​ស្តេច​យ៉ូសាផាត​បាន​ស្វែង​រក​ព្រះ​យេហូវ៉ា​ទេ។ ស្តេច​នេះ​បាន​បដិសេធ​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​បាល ដែល​ពួក​អ្នក​ក្បត់​ជំនឿ​បាន​កាន់​សាសនា​នោះ​ក្នុង​ព្រះ​រាជាណាចក្រ​អ៊ីស្រាអែល​ដែល​ស្ថិត​នៅ​ខាង​ជើង ហើយ​ស្តេច​នេះ​បាន​សម្រេច​ចិត្ត​ប្រព្រឹត្ត​តាម​ផ្លូវ​របស់​ព្រះយេហូវ៉ា។ (របាក្សត្រទី២ ១៧:៣, ៤) ដូច្នេះ​ឥឡូវ​នេះ ពេល​ទ្រង់​បាន​ប្រឈម​មុខ​នឹង​វិបត្ដិ​នេះ តើ​ស្តេច​យ៉ូសាផាត​«តាំង​ព្រះទ័យ​ស្វែង​រក​ព្រះ​យេហូវ៉ា»​យ៉ាង​ដូច​ម្ដេច?

តាម​រយៈ​សេចក្ដី​អធិស្ឋាន​ជា​សាធារណៈ​ដែល​យ៉ូសាផាត​បាន​ថ្វាយ​នៅ​ក្នុង​ក្រុង​យេរូសាឡិម​ពេល​មាន​គ្រា​ដ៏​សំខាន់​នោះ ទ្រង់​បាន​បញ្ជាក់​ថា​ទ្រង់​នឹក​ចាំ​អំពី​ព្រះ​ចេស្ដា​ដ៏​ធំ​បំផុត​របស់​ព្រះយេហូវ៉ា។ ស្តេច​នេះ​ទ្រង់​ព្រះ​តំរិះ​យ៉ាង​ខ្លាំង​អំពី​គោល​បំណង​របស់​ព្រះយេហូវ៉ា ដូច​បាន​បង្ហាញ​ឲ្យ​ឃើញ​ពេល​ទ្រង់​បណ្ដេញ​ពួក​សាសន៍​ឯ​ទៀត និង​ផ្ដល់​ឲ្យ​ដី​ដែល​បាន​កំណត់​យ៉ាង​ជាក់លាក់​ដល់​ពួក​អ៊ីស្រាអែល​ជា​កេរ្ដិ៍​មរតក។ ស្តេច​នេះ​បាន​ទទួល​ស្គាល់​នូវ​ជំនួយ​របស់​ព្រះយេហូវ៉ា។ (របាក្សត្រទី២ ២០:៦​-​១២) តើ​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​រាស្ត្រ​រក​ឃើញ​ទ្រង់​នៅ​គ្រា​ដូច​នោះ​ឬ​ទេ? ប្រាកដ​ហើយ។ តាម​រយៈ​យ៉ាហាសៀល​ដែល​ជា​ពួក​លេវី​ម្នាក់ នោះ​ព្រះយេហូវ៉ា​បាន​ប្រទាន​នូវ​ការ​ណែនាំ​ដ៏​ជាក់លាក់ ហើយ​នៅ​ថ្ងៃ​ជា​បន្ទាប់ ទ្រង់​ឲ្យ​រាស្ត្រ​ទទួល​បាន​ជ័យជំនះ។ (របាក្សត្រទី២ ២០:១៤​-​២៨) តើ​អ្នក​អាច​ប្រាកដ​ក្នុង​ចិត្ត​យ៉ាង​ណា ថា​ព្រះយេហូវ៉ា​ក៏​នឹង​ឲ្យ​អ្នក​រក​ឃើញ​ទ្រង់ ពេល​អ្នក​ទូល​សុំ​ការ​ណែនាំ​ពី​ទ្រង់​នោះ?

៧​. តើ​ព្រះ​សណ្ដាប់​សេចក្ដី​អធិស្ឋាន​របស់​អ្នក​ណា?

ព្រះយេហូវ៉ា​មិន​រើស​មុខ​ទេ។ ទ្រង់​អញ្ជើញ​មនុស្ស​ពី​គ្រប់​សាសន៍​ឲ្យ​ស្វែង​រក​ទ្រង់​តាម​រយៈ​សេចក្ដី​អធិស្ឋាន។ (ទំនុកដំកើង ៦៥:២; កិច្ចការ ១០:៣៤, ៣៥) ទ្រង់​ជ្រាប​ថា​មនុស្ស​ដែល​ទូល​ថ្វាយ​ទ្រង់​មាន​ទឹក​ចិត្ត​យ៉ាង​ណា។ ទ្រង់​ធានា​យើង​ថា​ទ្រង់​ព្រះសណ្ដាប់​សេចក្ដី​អធិស្ឋាន​របស់​មនុស្ស​សុចរិត។ (សុភាសិត ១៥:២៩) ទ្រង់​ឲ្យ​មនុស្ស​ដែល​ពី​មុន​ឥត​ចាប់​អារម្មណ៍​នឹង​ទ្រង់​រក​ឃើញ​ទ្រង់ ដោយសារ​ឥឡូវ​គេ​ស្វែង​រក​ការ​ណែនាំ​ពី​ទ្រង់​ដោយ​ចិត្ត​រាបទាប។ (អេសាយ ៦៥:១) ទ្រង់​ក៏​ព្រះ​សណ្ដាប់​សេចក្ដី​អធិស្ឋាន​របស់​អស់​អ្នក​ដែល​មិន​បាន​ធ្វើ​តាម​ក្រិត្យ​វិន័យ​របស់​ទ្រង់ តែ​ឥឡូវ​កែ​ប្រែ​ដោយ​ចិត្ត​រាបទាប។ (ទំនុកដំកើង ៣២:៥, ៦; កិច្ចការ ៣:១៩) យ៉ាង​ណា​ក៏​ដោយ ពេល​ចិត្ត​របស់​មនុស្ស​ម្នាក់​ឥត​ចុះ​ចូល​នឹង​ព្រះ នោះ​សេចក្ដី​អធិស្ឋាន​របស់​គាត់​ឥត​មាន​ប្រយោជន៍​ទេ។ (ម៉ាកុស ៧:៦, ៧) សូម​ពិចារណា​មើល​នូវ​ឧទាហរណ៍​ខ្លះៗ។

ពួក​គេ​អធិស្ឋាន​តែ​ឥត​បាន​ទទួល​ចម្លើយ

៨​. តើ​អ្វី​ដែល​ធ្វើ​ឲ្យ​សេចក្ដី​អធិស្ឋាន​របស់​ស្តេច​សូល គ្មាន​ការ​យល់​ព្រម​ពី​ព្រះ​យេហូវ៉ា?

ក្រោយ​ពី​ព្យាការី​សាំយូអែល​ប្រាប់​ស្តេច​សូល​ថា​ព្រះ​បាន​បដិសេធ​ទ្រង់ ដោយ​ព្រោះ​ទ្រង់​ឥត​ស្ដាប់​បង្គាប់ នោះ​សូល​បាន​ក្រាប​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា។ (សាំយូអែលទី១ ១៥:៣០, ៣១) ប៉ុន្តែ នេះ​គ្រាន់​តែ​ជា​ការ​ធ្វើ​ពុត​ប៉ុណ្ណោះ។ សេចក្ដី​ប្រាថ្នា​របស់​សូល​គឺ​ចង់​ទទួល​កិត្ដិយស​ពី​ប្រជា​រាស្ត្រ​របស់​ទ្រង់ មិន​មែន​ចង់​ស្ដាប់​បង្គាប់​ព្រះ​នោះ​ឡើយ។ ក្រោយ​មក ពេល​ពួក​ភីលីស្ទីន​កំពុង​តែ​ច្បាំង​នឹង​សាសន៍​អ៊ីស្រាអែល នោះ​ស្តេច​សូលទូល​សុំ​ការ​ណែនាំ​ពី​ព្រះយេហូវ៉ា​សំរាប់​តែ​ជា​ការ​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ។ យ៉ាង​ណា​ក៏​ដោយ ពេល​សូល​ពុំ​បាន​ទទួល​ចម្លើយ សូល​ទៅ​ពឹង​ជំនួយ​ពី​គ្រូខាប ទោះ​ជា​សូល​ដឹង​ថា​ព្រះយេហូវ៉ា​បាន​ផ្ដន្ទា​ទោស​ចំពោះ​ទង្វើ​នេះ​ក៏​ដោយ។ (ចោទិយកថា ១៨:១០​-​១២; សាំយូអែលទី១ ២៨:៦, ៧) សរុប​សេចក្ដី​ទៅ​របាក្សត្រទី១ ១០:១៤ ចែង​ថា​សូល «ឥត​ទូល​សួរ​ដល់​ព្រះ​យេហូវ៉ា»​ទេ។ ហេតុ​អ្វី​ក៏​ចែង​ដូច្នេះ? ពីព្រោះ​សេចក្ដី​អធិស្ឋាន​របស់​សូល​ពុំ​មាន​មូលដ្ឋាន​លើ​ជំនឿ។ ហេតុ​នេះ​ហើយ គឺ​ហាក់​ដូច​ជា​សូល​មិន​បាន​អធិស្ឋាន​តែ​ម្ដង។

៩​. ហេតុ​អ្វី​បាន​ជា​សេចក្ដី​អង្វរ​របស់​ស្តេច​សេដេគា ដែល​ទូល​សុំ​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា​នោះ​មិន​ត្រឹម​ត្រូវ?

ស្រដៀង​គ្នា​ដែរ កាល​ដែល​ព្រះ​រាជាណាចក្រ​អ៊ីស្រាអែល​ដែល​ស្ថិត​នៅ​ខាង​ត្បូង​ជិត​មក​ដល់​ទីបញ្ចប់​នោះ គឺ​មាន​សេចក្ដី​អធិស្ឋាន​ច្រើន​ទៀត​ដែល​ទូល​ថ្វាយ​ព្រះយេហូវ៉ា និង​មាន​ការ​សុំ​យោបល់​ពី​ព្យាការី​របស់​ទ្រង់។ ក៏​ប៉ុន្តែ ប្រជាជន​បាន​ពោល​អះអាង​ថា​ខ្លួន​គេ​គោរព​កោត​ខ្លាច​ព្រះយេហូវ៉ា តែ​ពួក​គេ​ក៏​បាន​ថ្វាយ​បង្គំ​រូប​ព្រះ​ផង​ដែរ។ (សេផានា ១:៤​-​៦) ទោះ​ជា​ពួក​គេ​ទូល​សុំ​ការ​ណែនាំ​ពី​ព្រះ​សំរាប់​តែ​ជា​ការ​បង្គ្រប់​កិច្ច​ក៏​ដោយ ពួក​គេ​មិន​បាន​មាន​ចិត្ត​ស្មោះ​ចំពោះ​ការ​ចុះ​ចូល​ធ្វើ​តាម​ព្រះហឫទ័យ​ទ្រង់ទេ។ ស្តេច​សេដេគា​បាន​អង្វរ​ឲ្យ​យេរេមា​ទូល​សួរ​ព្រះយេហូវ៉ា​ជំនួស​ទ្រង់។ ព្រះយេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់​ស្តេច​នេះ​ពី​អ្វី​ដែល​ត្រូវ​ធ្វើ។ ប៉ុន្តែ ដោយ​ការ​ខ្វះ​ជំនឿ​និង​ខ្លាច​មនុស្ស ស្តេច​សេដេគា​មិន​បាន​ស្ដាប់​ព្រះយេហូវ៉ា ហើយ​ព្រះយេហូវ៉ា​មិន​បាន​ឆ្លើយ​តាម​អ្វី​ដែល​ស្តេច​ប្រាថ្នា​ចង់​បាន​នោះ​ទេ។—យេរេមា ២១:១​-​១២; ៣៨:១៤​-​១៩

១០​. ហេតុ​អ្វី​ការ​ស្វែង​រក​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា​របស់​យ៉ូហាណាន​គឺ​មិន​ត្រឹម​ត្រូវ? តើ​យើង​រៀន​មេ​រៀន​អ្វី​ពី​កំហុស​របស់​គាត់?

១០ ក្រោយ​ពី​ក្រុង​យេរូសាឡិម​ត្រូវ​បាន​បំផ្លាញ និង​កងទ័ព​បាប៊ីឡូន​បាន​ចាក​ចេញ​ទាំង​យក​ពួក​យូដា​ជា​និរទេស​ជន​ទៅ​ជា​មួយ នោះ​យ៉ូហាណាន​បាន​រៀបចំ​ឲ្យ​ពួក​យូដា​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​ទៅ​ស្រុក​អេស៊ីប។ ពួក​គេ​បាន​រៀបចំ​គម្រោង​ការ​នេះ ប៉ុន្តែ​មុន​នឹង​ចេញ​ដំណើរ​ទៅ ពួក​គេ​បាន​សុំ​ឲ្យ​យេរេមា​អធិស្ឋាន​ទូល​សុំ​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា​ជំនួស​ពួក​គេ។ ប៉ុន្តែ នៅ​ពេល​ពួក​គេ​មិន​បាន​ទទួល​នូវ​ចម្លើយ​ដែល​គេ​ចង់​បាន ពួក​គេ​នៅ​តែ​ធ្វើ​តាម​គម្រោង​ការ​របស់​ពួក​គេ​ដដែល។ (យេរេមា ៤១:១៦​–​​៤៣:៧) នៅ​ក្នុង​ព្រឹត្ដិការណ៍​ទាំង​នេះ តើ​អ្នក​ឃើញ​នូវ​មេ​រៀន​ដែល​អាច​មាន​ប្រយោជន៍​ចំពោះ​អ្នក ក្នុង​កាល​ដែល​អ្នក​ស្វែង​រក​ការណែនាំ​ពី​ព្រះ​យេហូវ៉ា​ជានិច្ច នោះ​ទ្រង់​នឹង​ឲ្យ​អ្នក​រក​ឃើញ?

«ត្រូវ​រិះ​គិត​មើល​អោយ​ដឹង»

១១​. ហេតុអ្វី​ក៏​យើង​ត្រូវ​អនុវត្ត​តាម​អេភេសូរ ៥:១០?

១១ ការ​ថ្វាយ​បង្គំ​ពិត​រួម​បញ្ចូល​អ្វី​ច្រើន​ទៀត មិន​គ្រាន់​តែ​បង្ហាញ​នូវ​ការ​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​ដោយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ទៅ​ប្រជុំ​តាម​ក្រុមជំនុំ និង​ចូល​រួម​ក្នុង​កិច្ច​បំរើ​ផ្សាយ​នោះ​ទេ។ នេះ​គឺ​ទាក់ទង​ជីវិត​ទាំង​មូល​របស់​យើង។ ជា​រៀង​រាល់​ថ្ងៃ​យើង​ពិសោធ​នូវ​ការ​បង្ខិត​បង្ខំ​ជា​ច្រើន ការ​បង្ខិត​បង្ខំ​ខ្លះ​គឺ​ពិបាក​ដឹង ខ្លះ​ទៀត​គឺ​ឃើញ​ជាក់​ស្តែង ដែល​អាច​បំបែរ​យើង​ចេញ​ពី​ផ្លូវ​ដែល​ត្រឹមត្រូវ​ក្នុង​ការ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ។ តើ​យើង​នឹង​ប្រព្រឹត្ត​យ៉ាង​ណា​ពេល​ប្រឈម​មុខ​នឹង​ការ​បង្ខិត​បង្ខំ​ទាំង​នេះ? ពេល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ​ទៅ​គ្រីស្ទាន​ស្មោះ​ត្រង់​នៅ​ក្រុង​អេភេសូរ គាត់​បាន​ដាស់​តឿន​ពួកគេ​ថា​៖ «ត្រូវ​រិះ​គិត​មើល​អោយ​ដឹង​ថា​ការ​ណា​គាប់​ព្រះ​ហឫទ័យ​ព្រះ​អម្ចាស់»។ (អេភេសូរ ៥:១០, ខ.ស.) យើង​ឃើញ​ថា​ការ​ធ្វើ​ដូច្នេះ​គឺ​ជា​ការ​មាន​ប្រាជ្ញា ដូច​ដែល​បាន​បង្ហាញ​ក្នុង​ស្ថានការណ៍​ជា​ច្រើន​ដែល​បាន​ពណ៌នា​ក្នុង​បទ​គម្ពីរ។

១២​. ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា​មិន​សព្វ​ព្រះ​ហឫទ័យ ពេល​ដាវីឌ​បង្គាប់​ឲ្យ​គេ​យក​ហិប​នៃ​កិច្ច​ព្រម​ព្រៀង​ទៅ​ក្រុង​យេរូសាឡិម?

១២ ក្រោយ​ពី​ហិប​នៃ​កិច្ច​ព្រម​ព្រៀង​បាន​យក​ទៅ​អ៊ីស្រាអែល​វិញ ហើយ​បាន​ទុក​នៅ​ក្រុង​គារយ៉ាត់​-​យារីម​អស់​ជា​ច្រើន​ឆ្នាំ នោះ​ស្តេច​ដាវីឌ​មាន​ក្ដី​ប្រាថ្នា​ចង់​យក​ហិប​នៃ​កិច្ច​ព្រម​ព្រៀង​ទៅ​ក្រុង​យេរូសាឡិម​វិញ។ ទ្រង់​បាន​ពិគ្រោះ​ជា​មួយ​មេ​ដឹក​នាំ​ទាំង​អស់ ហើយ​មាន​បន្ទូល​ថា​នឹង​ត្រូវ​យក​ហិប​នេះ​ទៅ​កន្លែង​ផ្សេង​ទៀត ‹បើ​ការ​នេះ​ពេញ​ចិត្ត​ដល់​អ្នក​រាល់គ្នា ហើយ​បើ​ព្រះយេហូវ៉ា​យល់​ព្រម​នឹង​ការ​នេះ›ដែរ។ ប៉ុន្តែ ដាវីឌ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ទូល​សុំ​ការ​ណែនាំ​ពី​ព្រះ​ឲ្យ​បាន​សព្វ​គ្រប់​នោះ​ទេ ដើម្បី​ឲ្យ​ឃើញ​ជាក់​ថា​ព្រះយេហូវ៉ា​មាន​ព្រះហឫទ័យ​យ៉ាង​ណា​ចំពោះ​រឿង​នេះ។ ប្រសិន​បើ​ដាវីឌ​បាន​ទូល​សុំ​ឲ្យ​បាន​សព្វ​គ្រប់ នោះ​ទ្រង់​មិន​ត្រូវ​ឲ្យ​គេ​ដាក់​ហិប​នេះ​នៅ​លើ​រទេះ​ឡើយ។ ពួក​លេវី​គ្រួសារ​កេហាត់​ត្រូវ​សែង​ហិប​នេះ ដូច​ជា​ព្រះ​បាន​ណែនាំ​យ៉ាង​ច្បាស់។ ទោះ​ជា​ដាវីឌ​បាន​ទូល​សុំ​ការ​ណែនាំ​ពី​ព្រះយេហូវ៉ា​ជា​ញឹកញយ​ក៏​ដោយ ប៉ុន្តែ​លើក​នេះ ដាវីឌ​មិន​បាន​ធ្វើ​តាម​របៀប​ត្រឹម​ត្រូវ​នោះ​ទេ។ ដូច្នេះ លទ្ធផល​គឺ​ជា​ក្ដី​អន្តរាយ។ ក្រោយ​មក ដាវីឌ​បាន​ទទួល​ស្គាល់​ថា​៖ «ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​ប្រហារ​ពួក​យើង​ទៅ គឺ​ពីព្រោះ​យើង​រាល់​គ្នា​មិន​បាន​រក​ទ្រង់ ឲ្យ​ត្រូវ​តាម​ច្បាប់»។—របាក្សត្រទី១ ១៣:១​-​៣; ១៥:១១​-​១៣; ជនគណនា ៤:៤​-​៦, ១៥; ៧:១​-​៩

១៣​. នៅ​ក្នុង​ចំរៀង​ដែល​បាន​ច្រៀង​ពេល​រើ​ហិប​បាន​សំរេច តើ​មាន​ការ​រួម​បញ្ចូល​នូវ​ការ​រំឭក​អ្វី?

១៣ នៅ​ទីបំផុត ពេល​ពួក​លេវី​ពី​គ្រួសារ​អូបិឌ​-​អេដំម​សែង​ហិប​នេះ​ទៅ​ក្រុង​យេរូសាឡិម នោះ​គេ​បាន​ច្រៀង​ចំរៀង​ដែល​ដាវីឌ​បាន​តែង។ ចំរៀង​នេះ​រួម​បញ្ចូល​នូវ​ការ​រំឭក​ចេញ​ពី​ចិត្ត​ថា​៖ «ចូរ​សង្កិន​រក​ព្រះ​យេហូវ៉ា នឹង​ឥទ្ធានុភាព​របស់​ទ្រង់ ចូរ​រក​ព្រះ​ភ័ក្ដ្រ​ទ្រង់​ជានិច្ច ចូរ​នឹក​ចាំ​ពី​អស់​ទាំង​ការ​អស្ចារ្យ ដែល​ទ្រង់​បាន​ធ្វើ គឺ​ពី​ការ​ចំឡែក​របស់​ទ្រង់ នឹង​ពី​សេចក្ដី​យុត្ដិធម៌ ដែល​ចេញ​ពី​ព្រះ​ឱស្ឋ​ទ្រង់​មក»។—របាក្សត្រទី១ ១៦:១១, ១២

១៤​. តើ​តាម​របៀប​ណា​ដែល​យើង​អាច​ទទួល​ប្រយោជន៍​ពី​គំរូ​ដ៏​ល្អ​របស់​សាឡូម៉ូន និង​ពី​កំហុស​របស់​ទ្រង់​ពេល​ចាស់​ទៅ​នោះ?

១៤ មុន​ដាវីឌ​សោយទិវង្គត ដាវីឌ​បាន​ឲ្យ​ឱវាទ​ដល់​សាឡូម៉ូន​ជា​បុត្រ​ថា​៖ «ប្រសិន​បើ​បុត្រ​ស្វែង​រក[ព្រះ​យេហូវ៉ា] នោះ​ព្រះ​អង្គ​នឹង​អោយ​បុត្រ​រក​ឃើញ»។ (របាក្សត្រទី១ ២៨:៩, ខ.ស.) នៅ​ពេល​ឡើង​សោយ​រាជ្យ សាឡូម៉ូន​បាន​យាង​ទៅ​ក្រុង​គីបៀន ជា​កន្លែង​នៃ​ត្រសាល​ជំនុំ​ព្រះ និង​ថ្វាយ​ដង្វាយ​ថ្វាយ​ព្រះយេហូវ៉ា។ នៅ​ទី​នោះ ព្រះយេហូវ៉ា​បាន​អញ្ជើញ​សាឡូម៉ូន​ថា​៖ «ចូរ​ឲ្យ​ឯង​សូម​ចុះ! តើ​ចង់​ឲ្យ​អញ​ឲ្យ​អ្វី​ដល់​ឯង?» ក្នុង​ការ​តប​ឆ្លើយ​នឹង​សំណូម​ពរ​របស់​សាឡូម៉ូន ព្រះ​យេហូវ៉ា​បាន​ប្រទាន​ឲ្យ​សាឡូម៉ូន​មាន​ប្រាជ្ញា​និង​ចំណេះ​ដឹង​យ៉ាង​ច្រើន​ដើម្បី​គ្រប់គ្រង​លើ​សាសន៍​អ៊ីស្រាអែល ហើយ​បន្ថែម​ពី​លើ​នោះ ទ្រង់​ប្រទាន​ឲ្យ​សាឡូម៉ូន​មាន​ទ្រព្យ​សម្បត្ដិ​ស្តុកស្តម្ភ​និង​ភាព​ថ្កុំថ្កើង​រុងរឿង។ (របាក្សត្រទី២ ១:៣​-​១២) សាឡូម៉ូន​បាន​សង់​ព្រះ​វិហារ​ដ៏​អស្ចារ្យ​មួយ ដោយ​ប្រើ​ប្លង់​ដែល​ព្រះយេហូវ៉ា​ប្រទាន​ទៅ​ដាវីឌ។ ប៉ុន្តែ ស្តី​អំពី​រឿង​អាពាហ៍ពិពាហ៍ នោះ​សាឡូម៉ូន​បាន​ធ្វេសប្រហែស​ស្វែង​រក​ការ​ណែនាំ​ពី​ព្រះយេហូវ៉ា។ សាឡូម៉ូន​បាន​រៀប​ការ​ជា​មួយ​ស្រី​ជា​ច្រើន​ដែល​មិន​មែន​ជា​អ្នក​ថ្វាយ​បង្គំ​ព្រះយេហូវ៉ា។ ពេល​សាឡូម៉ូន​ចាស់​ទៅ នោះ​ជាយា​ទាំង​នេះ​បាន​ទាញ​ចិត្ត​ទ្រង់​ចេញ​ពី​ព្រះ​យេហូវ៉ា។ (ពង្សាវតារក្សត្រទី១ ១១:១​-​១០) ទោះ​ជា​យើង​ទំនង​ជា​មនុស្ស​ធំដុំ មាន​ប្រាជ្ញា​ឬ​មាន​ចំណេះ​ប៉ុន​ណា​ក៏​ដោយ គឺ​សំខាន់​ណាស់​ដែល​យើង​បន្ត​«រិះ​គិត​មើល​អោយ​ដឹង​ថា​ការ​ណា​គាប់​ព្រះហឫទ័យ​ព្រះ​អម្ចាស់»!

១៥​. ពេល​សេរ៉ាស​ជា​សាសន៍​អេចូពី​បាន​លើក​ទ័ព​មក​ច្បាំង​នឹង​ពួក​យូដា ហេតុ​អ្វី​ក៏​អេសា​អាច​អធិស្ឋាន​ទូល​ព្រះ​យេហូវ៉ា​ដោយ​មាន​ទំនុក​ចិត្ត​ថា ទ្រង់​នឹង​ជួយ​រំដោះ​ពួក​យូដា?

១៥ តម្រូវ​ការ​ឲ្យ​ដឹង​ថា​ការ​ណា​គាប់​ព្រះ​ហឫទ័យ​ព្រះ គឺ​ត្រូវ​បាន​បញ្ជាក់​ថែម​ទៀត​ដោយ​កំណត់​ហេតុ​នៃ​ការ​សោយ​រាជ្យ​របស់​ស្តេច​អេសា ដែល​ជា​ចៅទួត​របស់​សាឡូម៉ូន។ ដប់​មួយ​ឆ្នាំ​ក្រោយ​ពី​អេសា​បាន​ក្លាយ​ទៅ​ជា​ស្តេច នោះ​សេរ៉ាស​ជា​សាសន៍​អេចូពី​បាន​លើក​ទ័ព​មួយ​លាន​នាក់​មក​ច្បាំង​នឹង​ពួក​យូដា។ តើ​ព្រះយេហូវ៉ា​នឹង​ជួយ​រំដោះ​ស្រុក​យូដា​ឬ​ទេ? ៥០០​ឆ្នាំ​មុន​នេះ ព្រះយេហូវ៉ា​បាន​មាន​បន្ទូល​យ៉ាង​ច្បាស់​ថា​រាស្ត្រ​ទ្រង់​អាច​ទទួល​បាន​អ្វី​ប្រសិន​បើ​គេ​ស្ដាប់​បង្គាប់​ទ្រង់ និង​បន្ត​រក្សា​ធ្វើ​តាម​សេចក្ដី​បង្គាប់​របស់​ទ្រង់ ហើយ​ពួក​គេ​នឹង​ត្រូវ​ទទួល​បាន​លទ្ធផល​បែប​ណា​បើ​ពួក​គេ​មិន​ស្ដាប់​បង្គាប់​វិញ​នោះ។ (ចោទិយកថា ២៨:១, ៧, ១៥, ២៥) នៅ​ដើម​នៃ​ការ​សោយ​រាជ្យ​របស់​អេសា ទ្រង់​បាន​បំបាត់​អស់​អាសនៈ​និង​បង្គោល​ថ្ម​ដែល​ប្រើ​សំរាប់​ការ​ថ្វាយ​បង្គំ​មិន​ពិត​ចេញ​ពី​ស្រុក​យូដា។ អេសា​បាន​ដាស់​តឿន​រាស្ត្រ​ទ្រង់​«ឲ្យ​គេ​ស្វែង​រក​ព្រះ​យេហូវ៉ា»។ អេសា​បាន​ធ្វើ​ដូច​នេះ​មុន​នឹង​ប្រឈម​មុខ​នឹង​វិបត្ដិ​ភ័យ។ ដូច្នេះ ដោយ​មាន​ជំនឿ​លើ​ព្រះ​យេហូវ៉ា អេសា​អាច​អធិស្ឋាន​ទូល​ទ្រង់​ឲ្យ​ចាត់​វិធានការ​ជួយ​ពួក​គេ។ តើ​មាន​លទ្ធផល​យ៉ាងណា? ស្រុក​យូដា​បាន​ទទួល​ជ័យជំនះ​ដែល​គួរ​ឲ្យ​កត់​សម្គាល់។—របាក្សត្រទី២ ១៤:២​-​១២

១៦, ១៧​. (ក) ទោះ​ជា​អេសា​មាន​ជ័យជំនះ តើ​ព្រះ​យេហូវ៉ា​ប្រទាន​ឲ្យ​ការ​រំឭក​អ្វី​ដល់​ទ្រង់? (ខ) នៅ​ពេល​អេសា​ប្រព្រឹត្ត​ដោយ​គ្មាន​ប្រាជ្ញា តើ​ទ្រង់​បាន​ទទួល​ជំនួយ​អ្វី? ប៉ុន្តែ​តើ​ទ្រង់​បាន​តប​ឆ្លើយ​យ៉ាង​ណា? (គ) តើ​តាម​របៀប​ណា​ដែល​យើង​អាច​ទទួល​ប្រយោជន៍​ពី​ការ​ពិនិត្យ​មើល​នូវ​ការ​ប្រព្រឹត្ត​របស់​អេសា​នោះ?

១៦ យ៉ាង​ណា​ក៏​ដោយ ពេល​អេសា​ត្រឡប់​មក​វិញ​ដោយ​មាន​ជ័យជំនះ នោះ​ព្រះ​យេហូវ៉ា​បាន​បញ្ជូន​អ័សារា​ទៅ​ទទួល​ស្តេច​អេសា ដោយ​ទូល​ថា​៖ «បពិត្រ​ព្រះ​ករុណា​អេសា ព្រម​ទាំង​ពួក​យូដា នឹង​ពួក​បេនយ៉ាមីន​ទាំង​អស់​គ្នា​អើយ! សូម​ស្ដាប់​ចុះ! កំពុង​ដែល​អ្នក​រាល់​គ្នា​នៅ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា នោះ​ទ្រង់​ក៏​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដែរ បើ​អ្នក​រាល់​គ្នា​ស្វែង​រក​ទ្រង់ នោះ​នឹង​រក​ឃើញ​ពិត តែ​បើ​អ្នក​រាល់​គ្នា​បោះបង់​ចោល​ទ្រង់​វិញ ទ្រង់​ក៏​នឹង​បោះបង់​ចោល​អ្នក​រាល់​គ្នា​ដែរ»។ (របាក្សត្រទី២ ១៥:២) ដោយ​មាន​ចិត្ត​ខ្នះខ្នែង​ម្ដង​ទៀត អេសា​បាន​លើក​ដំកើង​ការ​ថ្វាយ​បង្គំ​ពិត។ ប៉ុន្តែ ២៤​ឆ្នាំ​ក្រោយ​មក ពេល​ប្រឈម​មុខ​នឹង​សង្គ្រាម​ម្ដង​ទៀត អេសា​មិន​បាន​សុំ​ការ​ណែនាំ​ពី​ព្រះយេហូវ៉ា​ទេ។ អេសា​ពុំ​បាន​សង្កិន​រក​ព្រះ​បន្ទូល​របស់​ព្រះ និង​មិន​បាន​នឹក​ចាំ​នូវ​អ្វី​ដែល​ព្រះយេហូវ៉ា​បាន​ជួយ ពេល​ពួក​កងទ័ព​សាសន៍​អេចូពី​មក​ឈ្លានពាន​ស្រុក​យូដា​នោះ។ ដោយ​គ្មាន​ប្រាជ្ញា អេសា​បាន​ចង​សម្ព័ន្ធ​មេត្រី​នឹង​ស្រុក​ស៊ីរី​ទៅ​វិញ។—របាក្សត្រទី២ ១៦:១​-​៦

១៧ ដោយ​ហេតុ​នេះ​ហើយ ព្រះយេហូវ៉ា​បាន​ឲ្យ​ហាណានី​ដែល​ជា​ព្យាការី​ទៅ​ប្រដៅ​តម្រង់​អេសា។ សូម្បីតែ​នៅ​គ្រា​នោះ ពេល​បាន​ស្ដាប់​នូវ​ការ​ពន្យល់​ប្រាប់​អំពី​ទស្សនៈ​របស់​ព្រះយេហូវ៉ា ក៏​អេសា​នៅ​តែ​អាច​ទទួល​ប្រយោជន៍​បាន​ដែរ។ ផ្ទុយ​ទៅ​វិញ អេសា​បាន​ទៅ​ជា​តូច​ចិត្ត និង​យក​ហាណានី​ដាក់​គុក។ (របាក្សត្រទី២ ១៦:៧​-​១០) នេះ​គឺ​ជា​អ្វី​ដែល​គួរ​ឲ្យ​សោក​ស្ដាយ​មែន! ចុះ​យើង​វិញ​យ៉ាង​ណា​ដែរ? តើ​យើង​ស្វែង​រក​ព្រះ​យេហូវ៉ា តែ​បដិសេធ​មិន​ព្រម​ទទួល​ដំបូន្មាន​របស់​ទ្រង់​ឬ​ទេ? ពេល​អ្នក​ចាស់​ទុំ​ម្នាក់​ដែល​យក​ចិត្ត​ទុក​ដាក់ ប្រើ​ព្រះ​គម្ពីរ​ដើម្បី​ឲ្យ​ឱវាទ​យើង​ពីព្រោះ​យើង​កំពុង​ជាប់​រវល់​នឹង​របស់​ខាង​លោកីយ៍​នេះ តើ​យើង​បង្ហាញ​ការ​ដឹង​គុណ​ចំពោះ​ជំនួយ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ដើម្បី​ឲ្យ​ដឹង​«ថា​ការ​ណា​គាប់​ព្រះ​ហឫទ័យ​ព្រះ​អម្ចាស់»?

កុំ​បី​ភ្លេច​សួរ​ថា តើ​ព្រះ​យេហូវ៉ា​នៅ​ឯ​ណា?

១៨​. តើ​យើង​អាច​ទទួល​ប្រយោជន៍​ពី​ពាក្យ​របស់​អេលីហ៊ូវ​ដល់​យ៉ូប​យ៉ាង​ដូច​ម្ដេច?

១៨ សូម្បីតែ​ពួក​អ្នក​ដែល​បាន​បំរើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​ក៏​ដោយ ពេល​ស្ថិត​នៅ​ក្រោម​ការ​លំបាក នោះ​ពួក​គេ​អាច​ធ្វើ​អ្វី​ដែល​មិន​ផ្គាប់​ព្រះទ័យ​របស់​ព្រះ​វិញ។ នៅ​ពេល​យ៉ូប​មាន​ការ​ឈឺចាប់​ដោយសារ​រោគ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម និង​កូនៗ​ទាំង​អស់​របស់​គាត់​បាន​ស្លាប់ ថែម​ទាំង​បាន​បាត់បង់​ទ្រព្យ​សម្បត្ដិ ហើយ​មិត្តភក្ដិ​បែរ​ជា​ចោទ​ប្រកាន់​ដោយ​ឥត​ត្រឹម​ត្រូវ នោះ​គាត់​បាន​ប្រមូល​អារម្មណ៍​គិត​តែ​អំពី​ខ្លួន​ឯង​វិញ។ អេលីហ៊ូវ​បាន​រំឭក​យ៉ូប​ថា​៖ «តែ​ពុំ​មាន​នរណា​ម្នាក់​ពោល​ថា​៖ ‹ព្រះ​ជា​ម្ចាស់​ដែល​បាន​បង្កើត​ខ្ញុំ . . . តើ​ព្រះ​អង្គ​គង់​នៅ​ឯ​ណា?›»។ (យ៉ូប ៣៥:១០, ខ.ស.) យ៉ូប​គួរ​តែ​ប្រមូល​អារម្មណ៍​គិត​អំពី​ព្រះ​យេហូវ៉ា​វិញ និង​ពិនិត្យ​មើល​នូវ​ទស្សនៈ​របស់​ទ្រង់​ចំពោះ​រឿង​នោះ។ ដោយ​ចិត្ត​រាប​ទាប យ៉ូប​បាន​ទទួល​ការ​រំឭក​នោះ ហើយ​គំរូ​របស់​គាត់​អាច​ជួយ​យើង​ឲ្យ​ធ្វើ​ដូច្នេះ​ដែរ។

១៩​. តើ​ប្រជា​រាស្ត្រ​អ៊ីស្រាអែល​តែង​តែ​ភ្លេច​ធ្វើ​អ្វី?

១៩ ប្រជាជន​អ៊ីស្រាអែល​បាន​ដឹង​នូវ​កំណត់​ហេតុ​នៃ​ទំនាក់ទំនង​របស់​ព្រះ​ជា​មួយ​នឹង​សាសន៍​របស់​ពួក​គេ។ ប៉ុន្តែ​ពេល​គេ​ដោះ​ស្រាយ​បញ្ហា​ណា​មួយ​ក្នុង​ជីវិត​របស់​គេ​នោះ គឺ​ញឹកញប់​ណាស់​ដែល​ពួក​គេ​មិន​បាន​នឹក​ចាំ​នូវ​របៀប​ដែល​ព្រះ​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​នោះ​ទេ។ (យេរេមា ២:៥, ៦, ៨) នៅ​ពេល​ប្រឈម​មុខ​នឹង​ការ​សម្រេច​ចិត្ត​ដែល​មាន​ក្នុង​ជីវិត ពួក​គេ​គិត​តែ​អំពី​អ្វី​ដែល​ខ្លួន​ពេញ​ចិត្ត​ប៉ុណ្ណោះ​ជាជាង​ទូល​សួរ​ថា «តើ[ព្រះ​យេហូវ៉ា]ទ្រង់​នៅ​ឯ​ណា?»​—អេសាយ ៥:១១, ១២

ចូរ​ខំ​បន្ត​សួរ​ថា​«តើ[ព្រះ​យេហូវ៉ា]ទ្រង់​នៅ​ឯ​ណា?»

២០, ២១​. (ក) តើ​អ្នក​ណា​សព្វ​ថ្ងៃ​នេះ ដែល​បង្ហាញ​នូវ​គតិ​ដូច​អេលីសេ​ក្នុង​ការ​ស្វែង​រក​ការ​ណែនាំ​របស់​ព្រះយេហូវ៉ា? (ខ) តើ​យើង​អាច​យក​តម្រាប់​តាម​និង​ទទួល​ប្រយោជន៍​ពី​គំរូ​នៃ​ជំនឿ​របស់​ពួក​គេ​យ៉ាង​ដូច​ម្ដេច?

២០ ពេល​កិច្ច​បំរើ​ផ្សាយ​របស់​អេលីយ៉ា​បាន​ចប់ នោះ​អ្នក​បំរើ​គាត់​ឈ្មោះ​អេលីសេ​បាន​យក​ក្រមា​របស់​អេលីយ៉ា​ដែល​ជ្រុះ​នោះ​ទៅ​ទន្លេ​យ័រដាន់ ហើយ​បាន​វាយ​ទឹក រួច​បាន​ទូល​សួរ​ថា​៖​«តើ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​អេលីយ៉ា ទ្រង់​គង់​នៅ​ឯ​ណា?»។ (ពង្សាវតារក្សត្រទី២ ២:១៤) ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​ដោយ​បង្ហាញ​ថា​វិញ្ញាណ​របស់​ទ្រង់​ស្ថិត​នៅ​លើ​អេលីសេ។ តើ​យើង​អាច​រៀន​អ្វី​ពី​រឿង​នេះ?

២១ នៅ​សម័យ​នេះ ក៏​មាន​អ្វី​ស្រដៀង​គ្នា​បាន​កើត​ឡើង​ដែរ។ ពួក​អ្នក​បំរើ​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ខ្លះ​ដែល​បាន​នាំមុខ​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​បាន​បាន​ទទួល​មរណភាព។ បន្ទាប់មក អស់​អ្នក​ដែល​មើល​ការ​ខុសត្រូវ​បាន​ពិនិត្យ​មើល​បទគម្ពីរ​និង​អធិស្ឋាន​សុំ​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា។ ពួក​គេ​មិន​ដែល​ខាន​ទេ​ក្នុង​ការ​ទូល​សួរ​ថា​«តើ[ព្រះ​យេហូវ៉ា]ទ្រង់​នៅ​ឯ​ណា?»។ ជា​លទ្ធផល ព្រះយេហូវ៉ា​បាន​បន្ត​ដឹក​នាំ​រាស្ត្រ​របស់​ទ្រង់​និង​ធ្វើ​ឲ្យ​កិច្ចការ​របស់​គេ​បាន​រីក​ចំរើន។ តើ​យើង​នឹង​យក​តម្រាប់​តាម​ជំនឿ​របស់​ពួក​គេ​ទេ? (ហេព្រើរ ១៣:៧) ប្រសិន​បើ​ធ្វើ​ដូច្នេះ យើង​នឹង​នៅ​ជិត​អង្គការ​របស់​ព្រះយេហូវ៉ា ហើយ​ធ្វើ​តាម​ការ​ដឹក​នាំ​នៃ​អង្គការ​នោះ និង​ចូល​រួម​យ៉ាង​ពេញលេញ​ក្នុង​កិច្ចការ​ដែល​អង្គការ​នោះ​កំពុង​តែ​ធ្វើ ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​យេស៊ូ​គ្រីស្ទ។—សាការី ៨:២៣

តើ​អ្នក​នឹង​ត្រូវ​ឆ្លើយ​យ៉ាង​ណា?

តើ​យើង​គួរ​មាន​បំណង​យ៉ាង​ណា​ពេល​ទូល​សួរ​ថា​«តើ[ព្រះ​យេហូវ៉ា]ទ្រង់​នៅ​ឯ​ណា»​នោះ?

តើ​យើង​សព្វ​ថ្ងៃ​នេះ​អាច​រក​ចម្លើយ​នឹង​សំនួរ​ថា​«តើ[ព្រះ​យេហូវ៉ា]ទ្រង់​នៅ​ឯ​ណា»​ដោយ​ដូច​ម្ដេច?

ហេតុ​អ្វី​ក៏​សេចក្ដី​អធិស្ឋាន​ខ្លះ​ដែល​សុំ​ការ​ណែនាំ​ពី​ព្រះ​នោះ មិន​បាន​ទទួល​ចម្លើយ?

តើ​គំរូ​ណា​ខ្លះ​ក្នុង​ព្រះ​គម្ពីរ​ដែល​បង្ហាញ​នូវ​តម្រូវ​ការ ឲ្យ​បន្ត​«រិះ​គិត​មើល​អោយ​ដឹង​ថា​ការ​ណា​គាប់​ព្រះ​ហឫទ័យ​ព្រះ​អម្ចាស់»?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​៩]

តើ​ស្តេច​យ៉ូសាផាត​បាន​ស្វែង​រក ព្រះយេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

[រូបភាព​នៅ​ទំព័រ​១២]

ការ​សិក្សា ការ​អធិស្ឋាន​និង​ការ​រំពឹង​គិត​ជួយ​យើង​ឲ្យ​ដឹង​ច្បាស់​ថា ‹តើ​ព្រះ​យេហូវ៉ា​នៅ​ឯ​ណា?›