លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរយកតម្រាប់តាមព្រះយេហូវ៉ា ជាព្រះមិនរើសមុខរបស់យើង

ចូរយកតម្រាប់តាមព្រះយេហូវ៉ា ជាព្រះមិនរើសមុខរបស់យើង

ចូរ​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា ជា​ព្រះ​មិន​រើស​មុខ​របស់​យើង

​«ព្រះ​ជា​ម្ចាស់​មិន​រើស​មុខ​នរណា​ឡើយ»។—រ៉ូម ២:១១, ខ.ស.

១, ២​. (ក) តើ​អ្វី​ជា​គោល​បំណង​របស់​ព្រះ​យេហូវ៉ា ស្តី​អំពី​ប្រជាជាតិ​កាណាន​ទូទៅ​នោះ? (ខ) តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​យ៉ាង​ណា? ហើយ​នេះ​នាំ​ឲ្យ​មាន​សំនួរ​អ្វី​ខ្លះ?

ពួក​អ៊ីស្រាអែល​បាន​ស្ដាប់​ម៉ូសេ​ដោយ​យក​ចិត្ត​ទុក​ដាក់ កាល​ដែល​ពួក​គេ​បាន​ទៅ​បោះ​ជំរំ​នៅ​វាល​ម៉ូអាប់​នា​ឆ្នាំ​១៤៧៣ មុន​ស.យ.។ នៅ​ខាង​នាយ​ទន្លេ​យ័រដាន់​មាន​ស្ថានការណ៍​ដ៏​ពិបាក។ លោក​ម៉ូសេ​បាន​ប្រកាស​ប្រាប់​នូវ​គោល​បំណង​របស់​ព្រះ​យេហូវ៉ា ដែល​ចង់​ឲ្យ​អ៊ីស្រាអែល​វាយ​យក​ឈ្នះ​សាសន៍​កាណាន​ខ្លាំង​ក្លា​ទាំង​ប្រាំ​ពីរ​ដែល​នៅ​ក្នុង​ស្រុក​សន្យា។ ពាក្យ​របស់​ម៉ូសេ​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​មែន ដែល​ថា​៖ «ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​ប្រគល់​សាសន៍​ទាំង​នោះ​មក​ឯង ហើយ​ឯង​បាន​ឈ្នះ​គេ នោះ​ត្រូវ​ឲ្យ​បំផ្លាញ​គេ​ឲ្យ​អស់​រលីង​ចេញ»! សាសន៍​អ៊ីស្រាអែល​មិន​ត្រូវ​ចង​សម្ព័ន្ធ​មេត្រី​ជា​មួយ​ពួក​គេ ហើយ​ក៏​មិន​ត្រូវ​សន្ដោស​ប្រណី​នឹង​ពួក​គេ​ដែរ។—ចោទិយកថា ១:១; ៧:១, ២

ក៏​ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​សង្គ្រោះ​ក្រុម​គ្រួសារ​មួយ​ពី​ទី​ក្រុង​ទី​មួយ ដែល​អ៊ីស្រាអែល​បាន​វាយ​ប្រហារ​នោះ។ ប្រជាជន​ពី​ទី​ក្រុង​បួន​ទៀត​ក៏​បាន​ទទួល​ការ​ការពារ​របស់​ព្រះ​ដែរ។ ហេតុ​អ្វី​ក៏​ដូច្នេះ? តើ​ព្រឹត្ដិការណ៍​ដ៏​អស្ចារ្យ​ដែល​ទាក់ទង​នឹង​ការ​រួច​រស់​ជីវិត​នៃ​ប្រជាជាតិ​កាណាន បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ព្រះ​យេហូវ៉ា? ហើយ​តើ​យើង​អាច​យក​តម្រាប់​តាម​ទ្រង់​យ៉ាង​ដូច​ម្ដេច?

ប្រតិកម្ម​ចំពោះ​កិត្ដិនាម​របស់​ព្រះ​យេហូវ៉ា

៣, ៤​. តើ​ពត៌មាន​អំពី​ជ័យជំនះ​របស់​អ៊ីស្រាអែល​បាន​មាន​អានុភាព​អ្វី​លើ​ប្រជាជន​ដែល​រស់​នៅ​ស្រុក​សន្យា?

ព្រះ​យេហូវ៉ា​បាន​ការពារ​និង​ប្រយុទ្ធ​ជំនួស​រាស្ត្រ​របស់​ទ្រង់​ក្នុង​កំឡុង​ពេល​៤០​ឆ្នាំ​ដែល​អ៊ីស្រាអែល​នៅ​ក្នុង​ទី​រហោ​ស្ថាន មុន​នឹង​ពួក​គេ​ចូល​ស្រុក​សន្យា។ ពួក​អ៊ីស្រាអែល​ប្រឈម​មុខ​នឹង​ស្តេច​អើរ៉ាត​ជា​ជនជាតិ​កាណាន ដែល​នៅ​ទិស​ខាង​ត្បូង​នៃ​ស្រុក​សន្យា។ ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា នោះ​ពួក​អ៊ីស្រាអែល​ទទួល​ជ័យជំនះ​លើ​ស្តេច​អើរ៉ាត​និង​រាស្ត្រ​ទ្រង់​នៅ​ស្រុក​ហោម៉ា។ (ជនគណនា ២១:១​-​៣) ក្រោយ​មក ពួក​អ៊ីស្រាអែល​ដើរ​វាង​ទឹក​ដី​នៃ​ស្រុក​អេដំម រួច​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ខាង​ជើង​ឆៀង​ខាង​កើត​នៃ​សមុទ្រ​ស្លាប់។ សាសន៍​អាម៉ូរី​រស់​នៅ​ក្នុង​តំបន់​នេះ តែ​ពី​មុន​សាសន៍​ម៉ូអាប់​ធ្លាប់​រស់​នៅ​ទី​នេះ។ ស្តេច​ស៊ីហុន​នៃ​សាសន៍​អាម៉ូរី​មិន​ព្រម​ឲ្យ​ពួក​អ៊ីស្រាអែល​ដើរ​កាត់​ទឹក​ដី​របស់​ទ្រង់​ទេ។ ស្តេច​ស៊ីហុន​ប្រមូល​ពួក​ជន​ទាំង​អស់​ទៅ​វាយ​ប្រយុទ្ធ​ពួក​អ៊ីស្រាអែល​នៅ​ត្រង់​យ៉ាហាស់ តាម​មើល​ទៅ​គឺ​នៅ​ឯ​ស្ទឹង​អើណូន​នេះ​ហើយ ដែល​ស្តេច​ស៊ីហុន​បាន​សោយទិវង្គត​នោះ។ (ជនគណនា ២១:២៣, ២៤; ចោទិយកថា ២:៣០​-​៣៣) ឆ្ងាយ​ពី​នេះ​ទៅ​ទិស​ខាង​ជើង​ទៀត មាន​ស្តេច​អុក​ជា​អ្នក​គ្រប់គ្រង​លើ​ប្រជាជាតិ​អាម៉ូរី​ឯទៀត​ដែល​រស់​នៅ​ស្រុក​បាសាន។ ទោះ​ជា​ស្តេច​អុក​មាន​មាឌ​ធំ​ក្រៃលែង​ក៏​ដោយ តែ​ស្តេច​នេះ​ពុំ​អាច​តទល់​ឈ្នះ​ព្រះ​យេហូវ៉ា​បាន​ឡើយ។ ស្តេច​អុក​ក៏​បាន​សោយទិវង្គត​នៅ​ត្រង់​អេទ្រី​ទៅ។ (ជនគណនា ២១:៣៣​-​៣៥; ចោទិយកថា ៣:១​-​៣, ១១) ដំណឹង​អំពី​ជ័យជំនះ​ទាំង​នេះ​រួម​ទាំង​កំណត់​ហេតុ​អំពី​ពួក​អ៊ីស្រាអែល​ត្រូវ​ជម្លៀ​ស​ចេញ​ស្រុក​អេស៊ីប មាន​អានុភាព​យ៉ាង​ខ្លាំង​ទៅ​លើ​មនុស្ស​នៅ​ស្រុក​កាណាន។ *

នៅ​ពេល​ដែល​អ៊ីស្រាអែល​បាន​ចូល​ស្រុក​កាណាន​ជា​លើក​ដំបូង​ក្រោយ​ពី​ឆ្លង​ទន្លេ​យ័រដាន់ នោះ​ពួក​គេ​បាន​បោះ​ជំរំ​ស្នាក់​នៅ​ត្រង់​គីលកាល។ (យ៉ូស្វេ ៤:៩​-​១៩) មិន​ឆ្ងាយ​ពី​នេះ​គឺ​ជា​ទី​ក្រុង​យេរីខូរ​ដែល​មាន​កំផែង​ព័ទ្ធ​ជុំវិញ។ រ៉ាហាប​ដែល​ជា​ជនជាតិ​កាណាន​បាន​ឮ​អំពី​ការ​ប្រព្រឹត្ត​របស់​ព្រះ​យេហូវ៉ា ហើយ​នេះ​បាន​ជំរុញ​ឲ្យ​គាត់​ប្រព្រឹត្ត​ដោយ​ជំនឿ​ទៅ​លើ​ទ្រង់។ ជា​លទ្ធផល ពេល​ដែល​ព្រះ​យេហូវ៉ា​បាន​បំផ្លាញ​ក្រុង​យេរីខូរ​ចោល ទ្រង់​បាន​សង្គ្រោះ​ជីវិត​គាត់​និង​អ្នក​នៅ​ក្នុង​ផ្ទះ​ជា​មួយ​គាត់។—យ៉ូស្វេ ២:១​-​១៣; ៦:១៧, ១៨; យ៉ាកុប ២:២៥

៥​. តើ​អ្វី​ដែល​ជំរុញ​ឲ្យ​អ្នក​ស្រុក​គីបៀន​ប្រព្រឹត្ត​ដោយ​ឧបាយកល?

ក្រោយ​មក ពួក​អ៊ីស្រាអែល​ក៏​ឡើង​ពី​វាល​ទំនាប​ជិត​ទន្លេ​យ័រដាន់ ចូល​ទៅ​តាម​តំបន់​ភ្នំ​នៃ​ស្រុក​នោះ។ ដោយ​ធ្វើ​តាម​ការ​ដឹក​នាំ​របស់​ព្រះ​យេហូវ៉ា នោះ​យ៉ូស្វេ​បាន​ប្រើ​កលល្បិច​ពួន​ស្ទាក់​វាយ​ប្រឆាំង​ទៅ​លើ​ទី​ក្រុង​អៃយ។ (យ៉ូស្វេ ជំពូក​ទី៨) កាល​ដែល​ស្តេច​ទាំង​ប៉ុន្មាន​របស់​សាសន៍​កាណាន​បាន​ឮ​អំពី​ជ័យជំនះ​របស់​អ៊ីស្រាអែល ពួក​គេ​ក៏​ព្រួត​គ្នា​មក​ច្បាំង​នឹង​អ៊ីស្រាអែល។ (យ៉ូស្វេ ៩:១, ២) ប៉ុន្តែ អ្នក​ស្រុក​គីបៀន​សាសន៍​ហេវី​បាន​មាន​ប្រតិកម្ម​តប​មក​វិញ​គឺ​ខុស​ពី​គេ។ យ៉ូស្វេ ៩:៤ រៀប​រាប់​ថា​៖ «គេ​ក៏​ប្រព្រឹត្ត​ដោយ​ឧបាយកល»។ ដូច​ជា​រ៉ាហាប​ដែរ ពួក​គេ​បាន​ឮ​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​រំដោះ​អ៊ីស្រាអែល​នៅ​ពេល​ជម្លៀ​ស និង​បាន​ឮ​អំពី​ការ​វាយ​យក​ឈ្នះ​ស្តេច​ស៊ីហុន​និង​ស្តេច​អុក។ (យ៉ូស្វេ ៩:៦​-​១០) ពួក​អ្នក​ស្រុក​គីបៀន​បាន​យល់​នូវ​ភាព​ឥត​ប្រយោជន៍​នៃ​ការ​តទល់​ប្រឆាំង។ ដូច្នេះ ដើម្បី​ជា​ប្រយោជន៍​ពួក​គីបៀន និង​ក្រុង​បី​ទៀត​នៅ​ជិត​ខាង គឺ​ក្រុង​កេភីរ៉ា ក្រុង​ប្អៀរ៉ុ​ត​និង​ក្រុង​គារយ៉ាត់​-​យារីម នោះ​ពួក​គេ​រៀប​ចំ​ប្រតិភូ​ឲ្យ​ទៅ​ជួប​លោក​យ៉ូស្វេ​នៅ​គីលកាល ដោយ​ក្លែង​ខ្លួន​ហាក់​ដូច​ជា​មក​ពី​ស្រុក​ឆ្ងាយ។ ពួក​គេ​ក៏​បាន​ទទួល​ជោគជ័យ​នឹង​ឧបាយកល​នេះ ដោយ​លោក​យ៉ូស្វេ​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​មួយ​ជា​មួយ​ពួក​គេ​ដែល​បាន​ការពារ​ជីវិត​របស់​គេ។ បី​ថ្ងៃ​ក្រោយ​ពី​ធ្វើ​កិច្ច​ព្រម​ព្រៀង​នេះ យ៉ូស្វេ​និង​ពួក​អ៊ីស្រាអែល​បាន​ដឹង​ថា​ខ្លួន​ចាញ់​បោក​គេ។ យ៉ាង​ណា​ក៏​ដោយ ពួក​គេ​បាន​ស្បថ​ក្នុង​ព្រះ​នាម​ព្រះ​យេហូវ៉ា​រួច​ទៅ​ហើយ ដូច្នេះ​ត្រូវ​តែ​ធ្វើ​តាម​កិច្ច​ព្រម​ព្រៀង​នេះ។ (យ៉ូស្វេ ៩:១៦​-​១៩) តើ​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​នឹង​ទង្វើ​នេះ​ឬ​ទេ?

៦​. តើ​ព្រះ​យេហូវ៉ា​បាន​ប្រតិកម្ម​តប​យ៉ាង​ណា​ចំពោះ​កិច្ច​ព្រម​ព្រៀង ដែល​យ៉ូស្វេ​បាន​ធ្វើ​ជា​មួយ​អ្នក​ស្រុក​គីបៀន​នោះ?

អ្នក​ស្រុក​គីបៀន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ជា​អ្នក​កាប់​ឧស រែក​ទឹក​ឲ្យ​ពួក​អ៊ីស្រាអែល ព្រម​ទាំង‹អាសនៈ​របស់​ព្រះ​យេហូវ៉ា›នៅ​ឯ​រោង​ឧបោសថ។ (យ៉ូស្វេ ៩:២១​-​២៧) ក្រៅ​ពី​នោះ​ទៀត នៅ​ពេល​ដែល​ស្តេច​សាសន៍​អាម៉ូរី​ទាំង​ប្រាំ​អង្គ​និង​ពួក​ពល​ទ័ព​គេ​ទាំង​អស់ មក​គំរាម​កំហែង​អ្នក​ស្រុក​គីបៀន នោះ​ដោយ​អព្ភូតហេតុ ព្រះ​យេហូវ៉ា​បាន​ធ្វើ​អន្តរាគមន៍​ដើម្បី​ជួយ​គេ។ ដុំ​ព្រឹល​ធំៗ​ធ្លាក់​មក​សម្លាប់​ពួក​សត្រូវ​ច្រើន​ជាង​ពួក​ពល​ទ័ព​របស់​យ៉ូស្វេ​បាន​សម្លាប់​សត្រូវ​ទៅ​ទៀត។ ព្រះ​យេហូវ៉ា​ក៏​បាន​តប​ឆ្លើយ​នឹង​សេចក្ដី​អង្វរ​របស់​យ៉ូស្វេ ដែល​សុំ​ឲ្យ​ព្រះ​អាទិត្យ​និង​ព្រះ​ចន្ទ​ឈប់​ទ្រឹង ដើម្បី​វាយ​យក​ឈ្នះ​ពួក​សត្រូវ។ យ៉ូស្វេ​បាន​មាន​ប្រសាសន៍​ថា​៖ «មិន​ដែល​មាន​ថ្ងៃ​ណា​ដូច​ថ្ងៃ​នោះ ទោះ​មុន​ឬ​ក្រោយ ដែល​ព្រះ​យេហូវ៉ា​បាន​ស្ដាប់​តាម​មនុស្ស​ដូច្នេះ​ឡើយ ដ្បិត​ព្រះ​យេហូវ៉ា​ទ្រង់​បាន​ច្បាំង​ជំនួស​សាសន៍​អ៊ីស្រាអែល»។—យ៉ូស្វេ ១០:១​-​១៤

៧​. តើ​ករណី​របស់​ជនជាតិ​កាណាន​ខ្លះ​បាន​បញ្ជាក់​នូវ​សេចក្ដី​ពិត​អ្វី​ដែល​ពេត្រុស​បាន​ទទួល​ស្គាល់​នោះ?

រ៉ាហាប​និង​ក្រុម​គ្រួសារ​គាត់​ដែល​ជា​ជនជាតិ​កាណាន ព្រម​ទាំង​អ្នក​ស្រុក​គីបៀន​បាន​កោត​ខ្លាច​ព្រះ​យេហូវ៉ា ហើយ​បាន​បង្ហាញ​នូវ​ការ​កោត​ខ្លាច​នោះ​ដោយ​ការ​ប្រព្រឹត្ត​របស់​គេ។ អ្វី​ដែល​បាន​កើត​ឡើង​ដល់​ពួក​គេ បង្ហាញ​យ៉ាង​ច្បាស់​នូវ​សេចក្ដី​ពិត​មួយ​ដូច​អ្វី​ដែល​សាវ័ក​ពេត្រុស​ដែល​ជា​គ្រីស្ទាន​ម្នាក់​បាន​មាន​ប្រសាសន៍​នៅ​ក្រោយ​ពី​ព្រឹត្ដិការណ៍​នោះ​ថា​៖ «ប្រាកដ​មែន ខ្ញុំ​យល់​ឃើញ​ថា ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ គឺ​នៅ​ក្នុង​គ្រប់​ទាំង​សាសន៍ អស់​អ្នក​ណា​ដែល​កោត​ខ្លាច​ដល់​ទ្រង់ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​សុចរិត នោះ​គាប់​ដល់​ព្រះ​ហឫទ័យ​ទ្រង់​ដែរ»។—កិច្ចការ ១០:​៣៤, ៣៥

របៀប​ដែល​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​ចំពោះ អ័ប្រាហាំ​និង​សាសន៍​អ៊ីស្រាអែល

៨, ៩​. តើ​ភាព​មិន​រើស​មុខ​របស់​ព្រះ​យេហូវ៉ា បង្ហាញ​ឲ្យ​ឃើញ​ពី​របៀប​ដែល​ទ្រង់​ប្រព្រឹត្ត​ចំពោះ​អ័ប្រាហាំ​និង​សាសន៍​អ៊ីស្រាអែល​យ៉ាង​ណា?

យ៉ាកុប​ជា​សិស្ស​ម្នាក់​របស់​ព្រះ​យេស៊ូ​បាន​ស​បញ្ជាក់​អំពី​ព្រះ​គុណ​ដែល​គ្មាន​សិទ្ធិ​ទទួល​ពី​ព្រះ ដែល​ទ្រង់​បាន​ប្រព្រឹត្ត​ចំពោះ​អ័ប្រាហាំ​និង​កូន​ចៅ​របស់​គាត់។ អ័ប្រាហាំ​ក្លាយ​ជា​មិត្ត «សំឡាញ់​របស់​ទ្រង់» ដោយសារ​ជំនឿ​របស់​គាត់ មិន​មែន​ដោយសារ​សាសន៍​របស់​គាត់​នោះ​ឡើយ។ (យ៉ាកុប ២:២៣) ជំនឿ​និង​សេចក្ដី​ស្រឡាញ់​ដែល​អ័ប្រាហាំ​មាន​ចំពោះ​ព្រះ​យេហូវ៉ា បាន​នាំ​ឲ្យ​មាន​ពរ​ដល់​កូន​ចៅ​របស់​គាត់។ (របាក្សត្រទី២ ២០:៧) ព្រះ​យេហូវ៉ា​បាន​សន្យា​អ័ប្រាហាំ​ថា​៖ «នោះ​អញ​នឹង​ឲ្យ​ពរ​ដល់​ឯង ហើយ​នឹង​ចំរើន​ពូជ​ឯង​ឲ្យ​មាន​គ្នា​សន្ធឹក​ដូច​ផ្កាយ​នៅ​លើ​មេឃ ហើយ​ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ»។ ប៉ុន្តែ ចូរ​កត់​សម្គាល់​នូវ​ខ​ជា​បន្ទាប់ ដែល​ថា​៖ «គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​នឹង​បាន​ពរ​ដោយសារ​ពូជ​ឯង ពីព្រោះ​ឯង​បាន​ស្ដាប់​តាម​ពាក្យ​អញ»។—លោកុប្បត្តិ ២២:១៧, ១៨; រ៉ូម ៤:១​-​៨

ផ្ទុយ​ពី​ការ​បង្ហាញ​នូវ​ការ​រើស​មុខ នោះ​តាម​រយៈ​ការ​ទាក់ទង​ជា​មួយ​នឹង​អ៊ីស្រាអែល ព្រះ​យេហូវ៉ា​បាន​បង្ហាញ​នូវ​អ្វី​ដែល​ទ្រង់​អាច​ធ្វើ​ចំពោះ​អស់​អ្នក​ដែល​ស្ដាប់​បង្គាប់​ទ្រង់។ ទំនាក់ទំនង​បែប​នេះ​ជា​គំរូ​មួយ​ពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​ស្មោះ​ស្ម័គ្រ​ចំពោះ​ពួក​អ្នក​បំរើ​ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់។ ទោះ​ជា​អ៊ីស្រាអែល​«បាន​ដាច់​ជា​របស់​ផង»​ព្រះ​យេហូវ៉ា នេះ​មិន​មាន​ន័យ​ថា ប្រជាជន​ឯ​ទៀត​មិន​អាច​ទទួល​នូវ​សេចក្ដី​សប្បុរស​របស់​ទ្រង់​ឡើយ។ (និក្ខមនំ ១៩:៥; ចោទិយកថា ៧:៦​-​៨) ពិត​មែន ព្រះ​យេហូវ៉ា​បាន​លោះ​អ៊ីស្រាអែល​ចេញ​ពី​សេវកភាព​នៅ​ស្រុក​អេស៊ីប ហើយ​បាន​ប្រកាស​ជា​បន្ទាប់​ថា​៖ «ក្នុង​អស់​ទាំង​គ្រួ​នៅ​ផែនដី អញ​បាន​ស្គាល់​តែ​ឯង​រាល់​គ្នា​ទេ»។ ប៉ុន្តែ តាម​រយៈ​ព្យាការី​អេម៉ុស​និង​ព្យាការី​ឯ​ទៀត ព្រះ​យេហូវ៉ា​ក៏​បាន​សន្យា​នូវ​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​សំរាប់​ប្រជាជន​នៃ​«អស់​ទាំង​សាសន៍​ផ្សេងៗ»។—អេម៉ុស ៣:២; ៩:១១, ១២; អេសាយ ២:២​-​៤

ព្រះ​យេស៊ូ ជា​គ្រូ​បង្រៀន​ដែល​ឥត​រើស​មុខ

១០​. តើ​ព្រះ​យេស៊ូ​យក​តម្រាប់​តាម​ព្រះ​វរបិតា​ដោយ​បង្ហាញ​ភាព​ឥត​រើស​មុខ​យ៉ាង​ដូច​ម្ដេច?

១០ ក្នុង​កំឡុង​កិច្ច​បំរើ​នៅ​លើ​ផែនដី ព្រះ​យេស៊ូ​ដែល​មាន​លក្ខណៈ​ដូច​ព្រះ​វរបិតា​របស់​ទ្រង់​បេះបិទ​នោះ បាន​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា​ស្តី​អំពី​ភាព​ឥត​រើស​មុខ។ (ហេព្រើរ ១:៣) នៅ​ពេល​នោះ កិច្ចការ​ដ៏​ចំបង​របស់​ទ្រង់​គឺ​ដើម្បី​ស្វែង​រក​«ពួក​កូន​ចៀម​ដែល​បាត់បង់ របស់​ពូជ​ពង្ស​សាសន៍​អ៊ីស្រាអែល»។ ប៉ុន្តែ ទ្រង់​ក៏​បាន​ធ្វើ​បន្ទាល់​ដល់​ស្ត្រី​សាសន៍​សាម៉ារី​ម្នាក់​នៅ​ឯ​មាត់​អណ្ដូង​មួយ។ (ម៉ាថាយ ១៥:២៤; យ៉ូហាន ៤:៧​-​៣០) ហើយ​ទ្រង់​ក៏​បាន​ធ្វើ​អព្ភូតហេតុ​តាម​សំណូម​ពរ​របស់​មេទ័ព​ម្នាក់ តាម​មើល​ទៅ​មិន​មែន​ជា​ជនជាតិ​យូដា​ទេ។ (លូកា ៧:១​-​១០) ព្រះ​យេស៊ូ​បាន​ធ្វើ​ដូច្នេះ ថែម​ទាំង​បាន​សម្ដែង​នូវ​សេចក្ដី​ស្រឡាញ់​ចំពោះ​រាស្ត្រ​របស់​ព្រះ​តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​ទ្រង់។ ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​ក៏​បាន​ផ្សព្វផ្សាយ​នៅ​ប្រទេស​ផ្សេងៗ​ដែរ។ នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា តម្រូវ​ការ​ដើម្បី​ឲ្យ​បាន​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា​គឺ​ទាក់ទង​នឹង​ចិត្ត​គំនិត មិន​មែន​ទាក់ទង​ពូជ​សាសន៍​ទេ។ ពួក​គេ​ត្រូវ​ជា​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប ចិត្ត​ស្មោះ​ត្រង់ និង​ស្រេក​ឃ្លាន​សេចក្ដី​ពិត​ហើយ​ធ្វើ​តាម​ដំណឹង​ល្អ​នៃ​ព្រះ​រាជាណាចក្រ។ ផ្ទុយ​ទៅ​វិញ ពួក​មនុស្ស​ដែល​មាន​ឫក​ធំ​និង​ក្រអឺត​គេ​ស្អប់​ព្រះ​យេស៊ូ​និង​សារ​របស់​ទ្រង់។ ព្រះ​យេស៊ូ​បាន​ប្រកាស​ថា​៖ «ឱ​ព្រះ​វរបិតា ជា​ព្រះ​អម្ចាស់​នៃ​ស្ថានសួគ៌ នឹង​ផែនដី​អើយ! ទូល​បង្គំ​សរសើរ​ដល់​ទ្រង់ ពីព្រោះ​ទ្រង់​បាន​លាក់​សេចក្ដី​ទាំង​នេះ​នឹង​ពួក​អ្នកប្រាជ្ញ ហើយ​នឹង​ពួក​ឈ្លាស​វៃ តែ​បាន​សំដែង​ឲ្យ​ពួក​កូន​ក្មេង​យល់​វិញ អើ! ព្រះ​វរបិតា​អើយ! ដ្បិត​ទ្រង់​បាន​សព្វ​ព្រះ​ហឫទ័យ​យ៉ាង​ដូច្នោះ»។ (លូកា ១០:២១) នៅ​ពេល​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​ដោយ​សេចក្ដី​ស្រឡាញ់​និង​ជំនឿ នោះ​បញ្ជាក់​ថា​យើង​មិន​រើស​មុខ​ចំពោះ​ពួក​គេ ដោយ​ដឹង​ថា​ទង្វើ​នេះ​ជា​អ្វី​ដែល​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា​ដែរ។

១១​. តើ​នៅ​ក្រុមជំនុំ​គ្រីស្ទាន​ពីដើម​បាន​សម្ដែង​ភាព​ឥត​រើស​មុខ​យ៉ាង​ដូច​ម្ដេច?

១១ នៅ​ក្រុមជំនុំ​គ្រីស្ទាន​ពីដើម ពួក​សាសន៍​យូដា​និង​សាសន៍​ដទៃ​គឺ​ស្មើ​ភាព​គ្នា។ ប៉ុល​បាន​ពន្យល់​ថា​៖ «រីឯ​សិរី​រុងរឿង កិត្ដិយស និង សេចក្ដី​សុខសាន្ត នឹង​កើត​មាន​ដល់​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ល្អ​វិញ មុន​ដំបូង​ដល់​សាសន៍​យូដា បន្ទាប់​មក​សាសន៍​ក្រិក! ដ្បិត​ព្រះ​ជា​ម្ចាស់​មិន​រើស​មុខ​នរណា​ឡើយ»។ * (រ៉ូម ២:១០, ១១, ខ.ស.) មនុស្ស​អាច​ទទួល​បាន​ព្រះ​គុណ​ឬ​ក៏​មិន​អាច​មិន​មែន​ដោយសារ​ជាតិ​សាសន៍​គេ​ទេ នេះ​អាស្រ័យ​ទៅ​លើ​ប្រតិកម្ម​របស់​គេ​ពេល​ដែល​រៀន​ដឹង​អំពី​ព្រះ​យេហូវ៉ា និង​សេចក្ដី​សង្ឃឹម​ដែល​ផ្ដល់​តាម​រយៈ​តម្លៃ​លោះ​របស់​ព្រះ​យេស៊ូ​ជា​រាជបុត្រា​របស់​ទ្រង់។ (យ៉ូហាន ៣:១៦, ៣៦) ប៉ុល​បាន​សរសេរ​ថា​៖ «សាសន៍​យូដា​ដ៏​ពិត​ប្រាកដ មិន​ស្ថិត​នៅ​ត្រង់​សំបក​ក្រៅ​ទេ រីឯ​ការ​កាត់​ស្បែក​ដ៏​ពិត​ប្រាកដ ក៏​មិន​ស្ថិត​នៅ​ត្រង់​សញ្ញា​លើ​រូប​កាយ​នោះ​ដែរ សាសន៍​យូដា​ដ៏​ពិត​ប្រាកដ​សំដៅ​ទៅ​ផ្នែក​ខាង​ក្នុង​ចិត្ត​ឯណោះ​វិញ រីឯ​ការ​កាត់​ស្បែក​ដ៏​ពិត​ប្រាកដ​ក៏​ស្ថិត​នៅ​លើ​ចិត្ត​ដែរ គឺ​ជា​ការ​កាត់​ស្បែក ស្រប​តាម​ព្រះ​វិញ្ញាណ មិន​មែន​តាម​វិន័យ ជា​លាយ​លក្ខណ៍​អក្សរ​នោះ​ឡើយ»។ រួច​មក ដោយ​ប្រើ​ពាក្យ​«យូដា»​(ដែល​មាន​ន័យ​ថា «របស់​យូដា» ឬ​ថា ត្រូវ​បាន​សរសើរ) ប៉ុល​បាន​លេង​ពាក្យ​ដោយ​ពន្យល់​ថា​៖ «សាសន៍​យូដា​ប្រភេទ​នេះ ទទួល​ការ​កោត​សរសើរ​ពី​ព្រះ​ជា​ម្ចាស់ មិន​មែន​ពី​សំណាក់​មនុស្ស​ទេ»។ (រ៉ូម ២:២៨, ២៩, ខ.ស.) ព្រះ​យេហូវ៉ា​សរសើរ​មនុស្ស​ដោយ​ឥត​រើស​មុខ។ តើ​យើង​ជា​មនុស្ស​ដែល​ឥត​រើស​មុខ​ដែរ​ឬ​ទេ?

១២​. តើ​វិវរណៈ ៧:៩ ផ្ដល់​នូវ​ក្ដី​សង្ឃឹម​អ្វី? ហើយ​ចំពោះ​អ្នក​ណា?

១២ ក្រោយ​មក​ទៀត​នៅ​ក្នុង​ចក្ខុនិមិត្ត​របស់​សាវ័ក​យ៉ូហាន​បាន​ឃើញ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង ដែល​តំណាង​ដោយ​ពួក​១៤៤.០០០​នាក់ គឺ​ជា​សាសន៍​មួយ​ខាង​វិញ្ញាណ​ដែល​ត្រូវ «បាន​បោះត្រា . . . ដែល​មក​ពី​គ្រប់​ទាំង​ពូជ​អំបូរ​នៃ​ជនជាតិ​អ៊ីស្រាអែល»។ ក្រោយ​ពី​ព្រឹត្ដិការណ៍​នេះ យ៉ូហាន​បាន​ឃើញ​«មនុស្ស​១​ហ្វូង​យ៉ាង​ធំ​ដែល​គ្មាន​អ្នក​ណា​អាច​នឹង​រាប់​បាន​ឡើយ គេ​មក​ពី​គ្រប់​ទាំង​សាសន៍ គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា ក៏​ឈរ​នៅ​មុខ​បល្ល័ង្ក នឹង​កូន​ចៀម​ទាំង​ពាក់​អាវ​ស​វែង ហើយ​កាន់​ធាងចាក​នៅ​ដៃ»។ (វិវរណៈ ៧:៤, ៩) ហេតុ​នេះ​ហើយ គ្មាន​ជាតិ​សាសន៍​ណា​ត្រូវ​ហាម​មិន​ឲ្យ​ចូល​ក្រុមជំនុំ​គ្រីស្ទាន​នៅ​សម័យ​នេះ​ឡើយ។ មនុស្ស​ដែល​មក​ពី​គ្រប់​ទាំង​សាសន៍​មាន​សង្ឃឹម​រួច​រស់​ជីវិត​ពី​«គ្រា​វេទនា​យ៉ាង​ធំ»​នៅ​នា​អនាគត និង​ពិសា​ទឹក​ពី​«រន្ធ​ទឹក​នៃ​ជីវិត»​នៅ​ក្នុង​ពិភពលោក​ថ្មី។—វិវរណៈ ៧:១៤​-​១៧

អានុភាព​ដ៏​ល្អ

១៣​-​១៥​. (ក) តើ​យើង​អាច​ឈ្នះ​លើ​ភាព​ខុស​គ្នា​រវាង​ពូជ​សាសន៍​និង​ទំនៀម​ទំលាប់​យ៉ាង​ដូចម្ដេច? (ខ) សូម​រៀប​រាប់​នូវ​គំរូ​នៃ​ផល​ប្រយោជន៍​ដែល​មក​ពី​ការ​បង្ហាញ​ចិត្ត​រាក់ទាក់។

១៣ ព្រះ​យេហូវ៉ា​ស្គាល់​យើង​ច្បាស់​ណាស់ គឺ​ដូច​ជា​បិតា​ដ៏​ល្អ​ម្នាក់​ស្គាល់​កូន​របស់​គាត់​ដែរ។ យ៉ាង​ដូច្នេះ​ដែរ នៅ​ពេល​យើង​ស្គាល់​នរណា​ម្នាក់​ដោយ​ចាប់​អារម្មណ៍​នឹង​ទំនៀម​ទំលាប់​ហើយ​សាវតារ​របស់​គេ នោះ​ការ​ខ្វែង​គំនិត​គ្នា​គឺ​ទៅ​ជា​រឿង​ពុំ​សូវ​សំខាន់​វិញ។ ការ​រើសអើង​ក៏​រសាយ​ទៅ រួច​ចំណង​មិត្តភាព និង​សេចក្ដី​ស្រឡាញ់​នឹង​ត្រូវ​ពង្រឹង​ឡើង ហើយ​ធ្វើ​ឲ្យ​មាន​សាមគ្គីភាព​គ្នា​យ៉ាង​ប្រសើរ​ដែរ។ (កូរិនថូសទី១ ៩:១៩​-​២៣) នេះ​បាន​ស​បញ្ជាក់​ឲ្យ​ឃើញ​ច្បាស់​ដោយ​សកម្មភាព​របស់​សាសនទូត ដែល​បំរើ​នៅ​បរទេស។ ពួក​គេ​បង្ហាញ​នូវ​ការ​ចាប់​អារម្មណ៍​នឹង​ប្រជាជន​ដែល​រស់​នៅ​ប្រទេស​នោះ ហើយ​ជា​លទ្ធផល មិន​យូរ​ប៉ុន្មាន ពួក​សាសនទូត​ចូល​ចុះ​នឹង​បងប្អូន​ក្រុមជំនុំ​នៅ​តំបន់​នោះ​បាន។—ភីលីព ២:៤

១៤ អានុភាព​ដ៏​ល្អ​នៃ​ការ​មិន​រើស​មុខ​គឺ​ឃើញ​ជាក់​ស្តែង​ក្នុង​ប្រទេស​ជា​ច្រើន។ អាលីលូ ដែល​មក​ពី​ប្រទេស​អេចូពី មាន​អារម្មណ៍​ឯកកោ​នៅ​ទី​ក្រុង​ឡុង រដ្ឋធានី​ប្រទេស​អង់គ្លេស។ គាត់​មាន​អារម្មណ៍​បែប​នេះ​កាន់​តែ​ខ្លាំង​ឡើងៗ ដោយ​គាត់​គិត​ថា មនុស្ស​ទូទៅ​ឥត​មាន​ចិត្ត​រាក់ទាក់​នឹង​មនុស្ស​ដែល​មក​ពី​ប្រទេស​ផ្សេង​នោះ​ទេ ហើយ​នេះ​ជា​អ្វី​ដែល​គេ​យល់​ឃើញ​ដូច្នេះ​ស្តី​អំពី​ក្រុង​ជា​ច្រើន​នៅ​អឺរ៉ុប​សម័យ​នេះ។ នៅ​ពេល​ដែល​អាលីលូ​បាន​ទៅ​ប្រជុំ​នៅ​ឯ​សាល​ប្រជុំ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា នោះ​គាត់​មាន​អារម្មណ៍​ថា​គឺ​ខុស​គ្នា​ឆ្ងាយ​ពី​បទ​ពិសោធន៍​ដែល​គាត់​ធ្លាប់​មាន គឺ​អស់​អ្នក​ដែល​នៅ​ក្នុង​សាល​ប្រជុំ​បាន​ទទួល​ស្វាគមន៍​គាត់ ហើយ​មិន​យូរ​ក្រោយ​មក គាត់​មាន​អារម្មណ៍​ថា​ស្រួល​ឡើង​វិញ។ អាលីលូ​បាន​រីក​ចំរើន​យ៉ាង​លឿន​ចំពោះ​ការ​យល់​និង​ការ​ដឹង​គុណ​ចំពោះ​ព្រះ​ដែល​ជា​អ្នក​បង្កើត។ មិន​យូរ​ប៉ុន្មាន គាត់​បាន​រក​ឱកាស​ដើម្បី​ចូល​រួម​ផ្សព្វផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​ដល់​អ្នក​រស់​នៅ​ក្នុង​តំបន់​របស់​គាត់។ ប្រាកដ​មែន នៅ​ថ្ងៃ​មួយ​ពេល​ដែល​គូ​ផ្សព្វផ្សាយ​របស់​អាលីលូ​បាន​សួរ​អំពី​គោល​ដៅ​ទៅ​ថ្ងៃ​អនាគត​របស់​គាត់ នោះ​អាលីលូ​បាន​តប​ឆ្លើយ​យ៉ាង​លឿន​ថា នៅ​ថ្ងៃ​ណា​មួយ​គាត់​សង្ឃឹម​ថា​នឹង​អាច​មាន​ចំណែក​ក្នុង​ក្រុមជំនុំ​ដែល​និយាយ​ភាសា​អាំហារិក​របស់​គាត់។ នៅ​ពេល​ដែល​អ្នក​ចាស់​ទុំ​ក្នុង​ក្រុមជំនុំ​ភាសា​អង់គ្លេស បាន​ដឹង​អំពី​រឿង​នេះ ពួក​គេ​បាន​រៀប​ចំ​ឲ្យ​មាន​សុន្ទរកថា​សាធារណៈ​ជា​ភាសា​របស់​អាលីលូ។ ជន​បរទេស​និង​ប្រជាជន​ជា​ច្រើន​ក្នុង​តំបន់​នោះ​បាន​មក​តាម​សេចក្ដី​អញ្ជើញ ដើម្បី​គាំទ្រ​ប្រជុំ​សាធារណៈ​ជា​ភាសា​អាំហារិក​ដែល​ជា​លើក​ទី​មួយ​នៅ​ប្រទេស​អង់គ្លេស។ សព្វ​ថ្ងៃ​នេះ ជនជាតិ​អេចូពី​និង​ជនជាតិ​ផ្សេង​នៅ​តំបន់​នោះ មាន​សាមគ្គីភាព​ក្នុង​ក្រុមជំនុំ​ភាសា​អាំហារិក។ មនុស្ស​ជា​ច្រើន​បាន​ឃើញ​ថា គ្មាន​អ្វី​ដែល​បង្ការ​គេ​ពី​ការ​គាំទ្រ​ខាង​ព្រះ​យេហូវ៉ា​ទេ ហើយ​គេ​បង្ហាញ​ការ​នេះ​ដោយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក។—កិច្ចការ ៨:២៦​-​៣៦

១៥ មនុស្ស​យើង​មាន​លក្ខណៈ​និង​សាវតារ​ផ្សេងៗ​គ្នា។ នេះ​មិន​មែន​ថា​ខ្លួន​ខ្ពង់​ខ្ពស់​ជាង​គេ​ឬ​ទាប​ជាង​គេ​ឡើយ គឺ​គ្រាន់​តែ​ជា​លក្ខណៈ​ម្យ៉ាង​ដែល​ផ្សេង​គ្នា។ នៅ​ពេល​មើល​ពិធី​ជ្រមុជ​ទឹក​អ្នក​ថ្មី​ដែល​បាន​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា​នៅ​កោះ​ម៉ាល់​តា នោះ​ស្មរបន្ទាល់​ក្នុង​តំបន់​បាន​បង្ហាញ​នូវ​សេចក្ដី​ត្រេកអរ​យ៉ាង​ខ្លាំង ហើយ​ស្មរបន្ទាល់​ដែល​ជា​ភ្ញៀវ​មក​ពី​ប្រទេស​អង់គ្លេស​បាន​រំភើប​ចិត្ត​ណាស់​រហូត​ដល់​ស្រក់​ទឹក​ភ្នែក។ ទាំង​ពីរ​ក្រុម​នេះ​គឺ​បងប្អូន​ជនជាតិ​ម៉ាល់​តា​និង​ជនជាតិ​អង់គ្លេស​បាន​បង្ហាញ​នូវ​អារម្មណ៍​របស់​ខ្លួន តែ​តាម​របៀប​ផ្សេង​គ្នា ហើយ​សេចក្ដី​ស្រឡាញ់​ដ៏​រឹង​មាំ​ចំពោះ​ព្រះ​យេហូវ៉ា បាន​ផ្សារ​ភ្ជាប់​គ្នា​ជា​ចំណង​មិត្តភាព​គ្រីស្ទាន​របស់​ពួក​គេ។—ទំនុកដំកើង ១៣៣:១; កូល៉ុស ៣:១៤

ការ​ឈ្នះ​លើ​ការ​រើសអើង

១៦​-​១៨​. ចូរ​រៀប​រាប់​អំពី​បទ​ពិសោធន៍​ដែល​បង្ហាញ​នូវ​របៀប​ឈ្នះ​លើ​ការ​រើស​អើង​ក្នុង​ក្រុមជំនុំ​គ្រីស្ទាន។

១៦ កាល​ដែល​យើង​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ​យេហូវ៉ា​និង​បងប្អូន​គ្រីស្ទាន​របស់​យើង នោះ​យើង​ក៏​អាច​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា ក្នុង​របៀប​ដែល​ទ្រង់​មាន​ទស្សនៈ​ចំពោះ​អ្នក​ដទៃ​ដែរ។ យើង​ក៏​អាច​ឈ្នះ​លើ​ការ​រើស​អើង​ណា​ដែល​យើង​ធ្លាប់​មាន​ចំពោះ​ជន​ជាតិ ពូជ​អំបូរ ឬ​ក៏​វប្បធម៌។ ជា​ឧទាហរណ៍ សូម​គិត​អំពី​ករណី​របស់​អាលបឺត ដែល​ធ្លាប់​ធ្វើ​ទាហាន​ក្នុង​ទ័ព​អង់គ្លេស​ក្នុង​សង្គ្រាម​លោក​លើក​ទី២ ហើយ​ត្រូវ​ទ័ព​ជប៉ុន​ចាប់​បាន​ពេល​ប្រទេស​សិង្ហបុរី​ត្រូវ​រលំ​នា​ឆ្នាំ​១៩៤២។ ក្រោយ​មក គាត់​បាន​ធ្វើ​ការ​នៅ​កន្លែង​មួយ​ហៅ​ថា​«ផ្លូវ​រទេះ​ភ្លើង​នាំ​ទៅ​ដល់​សេចក្ដី​ស្លាប់»​ជិត​បី​ឆ្នាំ​កន្លះ នៅ​ជិត​កន្លែង​ដែល​មាន​ឈ្មោះ​ថា​ស្ពាន​ឆ្លង​ទន្លេ​ខ្វៃ។ នៅ​ពេល​ចប់​សង្គ្រាម គាត់​ត្រូវ​បាន​ដោះ​លែង ពេល​នោះ​គាត់​មាន​ទម្ងន់​តែ​៣២​គីឡូ​ក្រាម បាក់​ថ្គាម បាក់​ខ្ទង់​ច្រមុះ មាន​រោគ​មួល ស្រែង និង​ជំងឺ​គ្រុន​ចាញ់។ ឈ្លើយ​សង្គ្រាម​រាប់​ពាន់​នាក់​ទៀត​គឺ​ឈឺ​ខ្លាំង​ជាង​គាត់​ទៅ​ទៀត ហើយ​មាន​មនុស្ស​ច្រើន​ត្រូវ​បាន​ស្លាប់។ ដោយសារ​អាលបឺត​បាន​ឃើញ​ការ​ប្រព្រឹត្ត​ដ៏​សាហាវ​ព្រៃផ្សៃ​និង​បាន​ពិសោធ​ផ្ទាល់​ខ្លួន ពេល​គាត់​ត្រឡប់​មក​មាតុ​ប្រទេស​វិញ​នៅ​ឆ្នាំ​១៩៤៥​ដោយ​មាន​ចិត្ត​ខឹង​ហើយ​តូច​ចិត្ត​នោះ គាត់​មិន​ខ្ចី​ចាប់​អារម្មណ៍​នឹង​ព្រះ​ឬ​សាសនា​ណា​ឡើយ។

១៧ ភរិយា​របស់​អាលបឺត ឈ្មោះ​អៃរិន​បាន​ក្លាយ​ទៅ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់។ អាលបឺត​បាន​ទៅ​ប្រជុំ​បី​បួន​ដង​នៅ​ឯ​សាល​ប្រជុំ​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​តំបន់​គាត់ ដើម្បី​ផ្គាប់​ចិត្ត​ភរិយា​របស់​គាត់។ ប៉ុល​ដែល​ជា​យុវ​គ្រីស្ទាន​បំរើ​ព្រះ​ពេញ​ពេល បាន​ទៅ​លេង​អាលបឺត​ដើម្បី​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​គាត់។ មិន​យូរ​ក្រោយ​មក អាលបឺត​ដឹង​ថា​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​បុគ្គល​ម្នាក់​គឺ​អាស្រ័យ​លើ​សន្ដាន​ចិត្ត​របស់​គេ។ គាត់​បាន​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក។

១៨ ក្រោយ​មក ប៉ុល​ផ្លាស់​ទៅ​រស់​នៅ​ក្រុង​ឡុង បាន​រៀន​ចេះ​និយាយ​ភាសា​ជប៉ុន និង​បំរើ​នៅ​ក្រុមជំនុំ​ភាសា​ជប៉ុន។ ពេល​ប៉ុល​ប្រាប់​បងប្អូន​ក្នុង​ក្រុមជំនុំ​ដើម ថា​គាត់​ចង់​យក​ស្មរបន្ទាល់​ជនជាតិ​ជប៉ុន​ទៅ​លេង​ក្រុមជំនុំ​ដើម​របស់​គាត់ បងប្អូន​ក្នុង​ក្រុមជំនុំ​បាន​នឹក​ចាំ​នូវ​ការ​រើស​អើង​របស់​អាលបឺត​ជា​មួយ​នឹង​មនុស្ស​មក​ពី​ប្រទេស​ជប៉ុន។ តាំង​តែ​ពី​អាលបឺត​បាន​ត្រឡប់​មក​រស់​នៅ​ប្រទេស​អង់គ្លេស​វិញ អាលបឺត​បាន​ជៀស​មិន​ឲ្យ​ជួប​មនុស្ស​ដែល​មក​ពី​ប្រទេស​ជប៉ុន ដូច្នេះ​បងប្អូន​ក្នុង​ក្រុមជំនុំ​បាន​ឆ្ងល់​ថា​តើ​គាត់​នឹង​ប្រព្រឹត្ត​យ៉ាង​ណា​ទៅ។ ពួក​គេ​មិន​គួរ​ព្រួយ​បារម្ភ​ឡើយ ដ្បិត​អាលបឺត​បាន​ទទួល​ភ្ញៀវ​ទាំង​នោះ​ដោយ​សេចក្ដី​ស្រឡាញ់​ជា​បងប្អូន។—ពេត្រុសទី១ ៣:៨, ៩

ចូរ​បង្ហាញ‹ចិត្ត​ទូលាយ​ឡើង›

១៩​. តើ​ដំបូន្មាន​របស់​សាវ័ក​ប៉ុល​អាច​ជួយ​យើង​យ៉ាង​ណា ប្រសិន​បើ​យើង​ទំនង​ជា​មាន​ការ​រើស​មុខ​នោះ?

១៩ ស្តេច​សាឡូម៉ូន​ដែល​ប្រកប​ដោយ​ប្រាជ្ញា​បាន​សរសេរ​ថា​៖ «ការ​ដែល​យោគ​យល់​ខាង[«បង្ហាញ​ការ​រើស​មុខ»​,ព.ថ.]មនុស្ស​ណា នោះ​មិន​ល្អ​ទេ»។ (សុភាសិត ២៨:២១) ចំពោះ​អស់​អ្នក​ដែល​យើង​ស្គាល់​ច្បាស់ នោះ​ងាយ​ស្រួល​មាន​អារម្មណ៍​ជិត​ស្និទ្ធ​នឹង​បុគ្គល​នោះ។ ប៉ុន្តែ ជួន​កាល​យើង​ទំនង​ដូច​ជា​មិន​សូវ​ចាប់​អារម្មណ៍​នឹង​អស់​អ្នក ដែល​យើង​មិន​សូវ​ស្គាល់​ច្បាស់។ ការ​រើស​មុខ​បែប​នេះ​គឺ​មិន​សម​ជា​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​ទេ។ ប្រាកដ​ហើយ យក​ល្អ​យើង​ធ្វើ​តាម​ដំបូន្មាន​ដ៏​ច្បាស់​របស់​សាវ័ក​ប៉ុល ដែល​ឲ្យ​យើង​បង្ហាញ‹ចិត្ត​ទូលាយ​ឡើង› ត្រូវ​ហើយ សូម​ឲ្យ​មាន​ចិត្ត​ទូលាយ​ដោយ​ក្ដី​ស្រឡាញ់​ចំពោះ​បងប្អូន​គ្រីស្ទាន​របស់​យើង​ដែល​ជា​ជនជាតិ​ផ្សេងៗ។—កូរិនថូសទី២ ៦:១៣

២០​. តើ​មាន​ទិដ្ឋភាព​ណា​ខ្លះ​ក្នុង​ជីវិត ដែល​យើង​គួរ​តែ​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា ដែល​ជា​ព្រះ​មិន​រើស​មុខ​របស់​យើង?

២០ មិន​ថា​យើង​មាន​កិត្ដិយស​ទៅ​ស្ថានសួគ៌​ឬ​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ជា​រៀង​រហូត​នៅ​លើ​ផែនដី​ក៏​ដោយ នោះ​បើ​យើង​មិន​មាន​ភាព​រើស​មុខ នេះ​នឹង​ជួយ​យើង​ឲ្យ​មាន​សាមគ្គីភាព​ជា​ហ្វូង​តែ​មួយ ក្រោម​អ្នក​គង្វាល​តែ​មួយ​ដែរ។ (អេភេសូរ ៤:៤, ៥, ១៦) ប្រសិន​បើ​យើង​ស្រវា​ស្រទេញ​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​ឥត​រើស​មុខ នេះ​អាច​ជួយ​យើង​ក្នុង​កិច្ច​បំរើ​គ្រីស្ទាន ក្នុង​ក្រុម​គ្រួសារ និង​ក្នុង​ក្រុមជំនុំ មែន​ហើយ​គឺ​នៅ​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​តែ​ម្ដង។ តើ​អាច​ជួយ​យើង​តាម​របៀប​ណា​ទៅ? អត្ថបទ​ជា​បន្ទាប់​នឹង​ពន្យល់​អំពី​ប្រធាន​នេះ។

[កំណត់​សម្គាល់]

^ វគ្គ 3 ក្រោយ​មក កិត្ដិនាម​របស់​ព្រះ​យេហូវ៉ា បាន​ត្រូវ​តែង​ជា​ចំរៀង​ដ៏​ពិសិដ្ឋ។—ទំនុកដំកើង ១៣៥:៨​-​១១; ១៣៦:១១​-​២០

^ វគ្គ 11 ពាក្យ‹ក្រិច›នៅ​ទី​នេះ គឺ​សំដៅ​ទៅ​សាសន៍​ដទៃ​ទូទៅ—សៀវភៅ​ការ​យល់​ធ្លុះ​ជ្រៅ​នឹង​បទ​គម្ពីរ ក្បាល​ទី១ ទំព័រ១០០៤ បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជា​ភាសា​អង់គ្លេស។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តើ​ព្រះ​យេហូវ៉ា​បង្ហាញ​នូវ​ភាព​មិន​រើស​មុខ​ចំពោះ​រ៉ាហាប​និង​អ្នក​ស្រុក​គីបៀន​យ៉ាង​ដូច​ម្ដេច?

តើ​ព្រះ​យេស៊ូ​បង្ហាញ​នូវ​ភាព​មិន​រើស​មុខ​ក្នុង​សេចក្ដីបង្រៀន​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច?

តើ​អ្វី​ដែល​អាច​ជួយ​យើង​ឲ្យ​ឈ្នះ​លើ​ការ​រើសអើង​ពូជសាសន៍​និង​វប្បធម៌​នោះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​២២]

ប្រជុំ​សាធារណៈ​ជា​ភាសា​អាំហារិក​នៅ​ប្រទេស​អង់គ្លេស

[រូបភាព​នៅ​ទំព័រ​២២]

សេចក្ដី​ស្រឡាញ់​របស់​អាលបឺត​ចំពោះ​ព្រះ​យេហូវ៉ា បាន​ជួយ​គាត់​ឲ្យ​ឈ្នះ​លើ​ការ​រើសអើង