ព្រះគម្ពីរអាចជួយពង្រឹងចំណងអាពាហ៍ពិពាហ៍របស់អ្នក
ព្រះគម្ពីរអាចជួយពង្រឹងចំណងអាពាហ៍ពិពាហ៍របស់អ្នក
ពាក្យមួយម៉ាត់ថាអាពាហ៍ពិពាហ៍បានធ្វើឲ្យមនុស្សខ្លះគិតឃើញក្នុងចិត្តនូវទិដ្ឋភាពសប្បាយរីករាយ សោតឯក្នុងចិត្តមនុស្សឯទៀតផុសឡើងនូវការឈឺចាប់។ ស្ត្រីម្នាក់បាននិយាយដោយក្ដីសោកសង្រេងថា«ខ្ញុំមានអារម្មណ៍មួយថា ប្ដីខ្ញុំបានលែងលះខ្ញុំក្នុងចិត្តគាត់រួចហើយ។ ជារៀងរាល់ដង ខ្ញុំមានអារម្មណ៍កំព្រាឯកោនិងមានអារម្មណ៍ថាប្ដីមិនយកចិត្តទុកដាក់នឹងខ្ញុំសោះឡើយ»។
តើអ្វីដែលបណ្ដាលឲ្យមនុស្សពីរនាក់ហ៊ានស្បថជាមួយគ្នាថាស្រឡាញ់គ្នាដោយថ្និតថ្នម តែប្រែជាឃ្លាតឆ្ងាយពីគ្នាទៅវិញ? កត្ដាមួយគឺការខ្វះខាតនូវចំណេះដឹងស្តីពីអ្វីដែលអាពាហ៍ពិពាហ៍រួមបញ្ចូល។ អ្នកកាសែតម្នាក់ផ្នែកវេជ្ជសាស្ត្របានមានប្រសាសន៍ថា៖ «យើងចងសម្ព័ន្ធមេត្រីអាពាហ៍ពិពាហ៍ដោយគ្មានការណែនាំអ្វីសោះ»។
គម្រោងរបស់ជាតិខាងអាពាហ៍ពិពាហ៍ដែលជាកម្មវិធីស្រាវជ្រាវនៃសកលវិទ្យាល័យរូតហ្គឺនៅរដ្ឋនូហ្សឹហ្សេ សហរដ្ឋអាមេរិកសបញ្ជាក់ឲ្យឃើញថាចំណេះដឹងនេះកម្រមានណាស់។ ក្រុមនាយកនៃកម្មវិធីនេះបានសរសេរថា៖ «មនុស្សជាច្រើនដែលទាក់ទិននឹងការស្រាវជ្រាវនេះបានធំឡើងក្នុងគ្រួសារមានឪពុកម្ដាយដែលមិនពេញចិត្តនឹងអាពាហ៍ពិពាហ៍របស់ខ្លួន ឬក៏បានលែងលះគ្នានោះ។ ពួកគេដឹងជាក់ថា អាពាហ៍ពិពាហ៍ដែលគ្មានសុភមង្គលជាអ្វី ប៉ុន្តែគេមិនសូវយល់ថាអាពាហ៍ពិពាហ៍ដ៏មានសុភមង្គលយ៉ាងណាទេ។ ពួកគេខ្លះគ្រាន់តែពណ៌នាថា អាពាហ៍ពិពាហ៍ដែលមានសុភមង្គលគឺ‹ផ្ទុយពីអាពាហ៍ពិពាហ៍របស់ឪពុកម្ដាយខ្ញុំ›»។
តើជនគ្រីស្ទានអាចមានបញ្ហាអាពាហ៍ពិពាហ៍ដែរឬទេ? អាចមានមែន។ ការពិត គ្រីស្ទានខ្លះនៅសតវត្សទីមួយធ្លាប់ត្រូវការដំបូន្មានយ៉ាងចំៗថា«កុំឲ្យរកផ្លូវនឹងលែងគ្នាឡើយ»។ (កូរិនថូសទី១ ៧:២៧) គឺច្បាស់ហើយដែលថា អាពាហ៍ពិពាហ៍រវាងមនុស្សឥតគ្រប់ល័ក្ខណ៍ពីរនាក់គង់តែនឹងមានបញ្ហាជាមិនខាន ប៉ុន្តែយើងក៏មានជំនួយផងដែរ។ គូស្វាមីភរិយាអាចពង្រឹងចំណងអាពាហ៍ពិពាហ៍របស់ខ្លួនបានដោយអនុវត្តតាមគោលការណ៍ព្រះគម្ពីរ។
ជាការពិតមែនដែលថា ព្រះគម្ពីរមិនមែនជាសៀវភៅក្បួនសំរាប់អាពាហ៍ពិពាហ៍នោះទេ។ ប៉ុន្តែ ដោយសារព្រះគម្ពីរត្រូវបាននិពន្ធដោយបុគ្គលដែលបានផ្ដើមសម្ព័ន្ធអាពាហ៍ពិពាហ៍នោះ យើងអាចដឹងជាមុនថា គោលការណ៍ក្នុងនោះអាចជួយយើងបាន។ ព្រះយេហូវ៉ាបានមានបន្ទូលតាមរយៈព្យាការីអេសាយថា៖‹ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះអ្នក គឺជាព្រះបរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា យើងនេះ គឺយេហូវ៉ា ជាព្រះនៃអ្នក ជាអ្នកដែលបង្រៀនឲ្យអ្នកបានទទួលប្រយោជន៍ ហើយក៏នាំអ្នកទៅក្នុងផ្លូវដែលអ្នកគួរដើរ ឱបើអ្នកបានស្ដាប់តាមបញ្ញត្តទាំងប៉ុន្មានរបស់យើងទៅអេះ នោះសេចក្ដីសុខរបស់អ្នកនឹងបានដូចជាទន្លេ សេចក្ដីសុចរិតរបស់អ្នក នឹងបានដូចជារលកនៃសមុទ្រហើយ›។—អេសាយ ៤៨:១៧, ១៨
តើសេចក្ដីស្រឡាញ់ដែលធ្លាប់មានរវាងប្ដីប្រពន្ធអ្នកបានរលាយសាបសូន្យអស់ទៅនោះទេ? តើអ្នកមានអារម្មណ៍ថា អ្នកកំពុងតែស្ថិតក្នុងអាពាហ៍ពិពាហ៍មួយដែលគ្មានសេចក្ដីស្រឡាញ់ហាក់ដូចជាកំពុងតែជាប់គុកឬទេ? ស្ត្រីម្នាក់ដែលជាភរិយាអស់២៦ឆ្នាំហើយបានពោលថា៖«ទំនាក់ទំនងបែបនេះបណ្ដាលឲ្យកើតមានក្ដីឈឺចាប់មិនអាចបរិយាយបាន គឺជាការឈឺចាប់មិនចេះស្រាកដែលដូចជាស្រមោលអន្ទោលតាមប្រាណជានិច្ច»។ ជាជាងអស់សង្ឃឹមបង្ខំខ្លួនទ្រាំនឹងគូដែលអ្នកមិនពេញចិត្តនោះ សូមប្ដេជ្ញាចិត្តដោះស្រាយបញ្ហានោះវិញ។ អត្ថបទជាបន្ទាប់នឹងបង្ហាញគូស្វាមីភរិយានូវវិធីដែលគោលការណ៍ព្រះគម្ពីរអាចជួយពង្រឹងចំណងអាពាហ៍ពិពាហ៍ក្នុងទិដ្ឋភាពមួយជាពិសេស នោះគឺការតាំងចិត្តគោរពតាមពាក្យសន្យាចំពោះអាពាហ៍ពិពាហ៍។