ការស៊ូទ្រាំនឹងទុក្ខលំបាកនាំមកនូវសេចក្ដីសរសើរចំពោះព្រះយេហូវ៉ា
ការស៊ូទ្រាំនឹងទុក្ខលំបាកនាំមកនូវសេចក្ដីសរសើរចំពោះព្រះយេហូវ៉ា
«បើអ្នកបានប្រព្រឹត្តល្អ ហើយទ្រាំឲ្យគេធ្វើទុក្ខដោយអត់ទ្រាំវិញ នោះទើបជាការដែលគាប់ព្រះហឫទ័យនៅចំពោះព្រះមែន»។—ពេត្រុសទី១ ២:២០
១. ដោយសារគ្រីស្ទានពិតចង់បំពេញតាមការថ្វាយខ្លួន តើយើងត្រូវពិចារណាសំនួរអ្វី?
ជនគ្រីស្ទានបានថ្វាយខ្លួនចំពោះព្រះយេហូវ៉ា និងចង់ធ្វើតាមព្រះហឫទ័យរបស់ទ្រង់។ ដើម្បីបំពេញតាមការថ្វាយខ្លួននោះ ពួកគេព្យាយាមអស់ពីសមត្ថភាពដើម្បីដើរតាមលំអានដាននៃព្រះយេស៊ូគ្រីស្ទដែលជាគំរូរបស់ពួកគេ ហើយធ្វើបន្ទាល់អំពីសេចក្ដីពិត។ (ម៉ាថាយ ១៦:២៤; យ៉ូហាន ១៨:៣៧; ពេត្រុសទី១ ២:២១) ក៏ប៉ុន្តែ ព្រះយេស៊ូនិងអ្នកស្មោះភក្ដីឯទៀតបានពលីជីវិតដើម្បីជំនឿរបស់ពួកគេ។ តើនេះមានន័យថា គ្រីស្ទានគ្រប់រូបនឹងត្រូវស្លាប់ដោយសារជំនឿរបស់ខ្លួនឬ?
២. តើជនគ្រីស្ទានមានទស្សនៈយ៉ាងណាចំពោះការលំបាកនិងការរងទុក្ខ?
២ ក្នុងនាមជាគ្រីស្ទានម្នាក់ យើងបានត្រូវដាស់តឿនឲ្យរក្សាចិត្តស្មោះភក្ដីរហូតដល់ស្លាប់ ប៉ុន្តែ មិនមែនដាស់តឿនឲ្យស្លាប់ដើម្បីជំនឿនោះទេ។ (ធីម៉ូថេទី២ ៤:៧; វិវរណៈ ២:១០) នេះបានន័យថា ទោះជាយើងសុខចិត្តរងទុក្ខនិងស្លាប់ដើម្បីជំនឿរបស់យើងបើចាំបាច់នោះ តែយើងមិនមែនចូលចិត្តរងទុក្ខឬចង់ស្លាប់នោះទេ។ យើងមិនពេញចិត្តនឹងការរងទុក្ខ ក៏មិនចូលចិត្តឈឺចាប់ ឬឲ្យគេបន្ទាបបន្ថោកយើងដែរ។ ប៉ុន្តែ ដោយសារដឹងថាយើងនឹងជួបទុក្ខលំបាកនិងការបៀតបៀន នោះយើងត្រូវតែពិចារណាឲ្យបានដិតដល់នូវអ្វីដែលអាចធ្វើ កាលដែលប្រឈមមុខនឹងទុក្ខលំបាកនិងការបៀតបៀន។
ភាពស្មោះភក្ដីនៅចំពោះមុខការល្បងល
៣. ស្តីអំពីរបៀបប្រព្រឹត្តពេលនៅក្រោមការបៀតបៀននោះ តើអ្នកអាចរៀបរាប់គំរូអ្វីខ្លះពីក្នុងព្រះគម្ពីរ? (សូមមើលប្រអប់«របៀបពួកគេបានប្រព្រឹត្តពេលស្ថិតក្រោមការបៀតបៀន» នៅទំព័រ១៨)
៣ ក្នុងព្រះគម្ពីរមានកំណត់ហេតុជាច្រើន ដែលបង្ហាញនូវរបៀបអ្នកបំរើព្រះនៅសម័យបុរាណបានប្រព្រឹត្តពេលស្ថិតក្នុងស្ថានភាពដែលគំរាមកំហែងដល់ជីវិតពួកគេ។ របៀបផ្សេងៗដែលពួកគេបានប្រព្រឹត្តតប ផ្ដល់ជាការណែនាំសំរាប់ជនគ្រីស្ទាននៅសព្វថ្ងៃនេះ ពេលពួកគេត្រូវប្រឈមមុខនឹងទុក្ខលំបាកឬការបៀតបៀនស្រដៀងគ្នានេះ។ សូមពិចារណានិងខំទាញយកមេរៀនពីកំណត់ហេតុក្នុងប្រអប់ដែលមានចំណងជើងថា «របៀបពួកគេបានប្រព្រឹត្តពេលស្ថិតក្រោមការបៀតបៀន»។
៤. តើព្រះយេស៊ូនិងអ្នកបំរើស្មោះភក្ដីឯទៀតបានធ្វើយ៉ាងណានៅចំពោះមុខទុក្ខលំបាក?
៤ អាស្រ័យទៅលើកាលៈទេសៈ ព្រះយេស៊ូនិងអ្នកឯទៀតដែលបំរើព្រះយ៉ាងស្មោះភក្ដីបានប្រព្រឹត្តខុសគ្នាពេលស្ថិតក្រោមការបៀតបៀន។ ប៉ុន្តែ ទោះជាបានប្រព្រឹត្តខុសគ្នាក៏ដោយ ក៏យើងអាចឃើញច្បាស់ថា អ្នកបំរើទាំងនេះមិនបានប្រថុយជីវិតដោយមិនចាំបាច់នោះទេ។ នៅពេលស្ថិតក្នុងស្ថានភាពដែលអាចបង្កគ្រោះថ្នាក់ នោះពួកគេមានចិត្តក្លាហាន តែក៏បានប្រុងប្រយ័ត្នផងដែរ។ (ម៉ាថាយ ១០:១៦, ២៣, ខ.ស.) ពួកគេមានគោលបំណងចង់ពង្រីកកិច្ចផ្សព្វផ្សាយនិងរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍ចំពោះព្រះយេហូវ៉ា។ របៀបដែលពួកគេបានប្រព្រឹត្តពេលស្ថិតក្នុងស្ថានភាពផ្សេងៗ គឺជាគំរូសំរាប់ជនគ្រីស្ទាននៅសព្វថ្ងៃនេះ ដែលប្រឈមមុខនឹងទុក្ខលំបាកនិងការបៀតបៀន។
៥. នៅប្រទេសម៉ាឡាវីនាទសវត្សរ៍នៃឆ្នាំ១៩៦០ តើមានការបៀតបៀនអ្វី? ហើយតើស្មរបន្ទាល់នៅទីនោះបានប្រព្រឹត្តតបយ៉ាងណា?
៥ នៅសម័យទំនើបនេះ រាស្ត្រព្រះយេហូវ៉ាជួបជាញឹកញាប់នូវសភាពលំបាកលំបិននិងការខ្វះខាតយ៉ាងខ្លាំងដោយសារសង្គ្រាម បំរាម និងការបៀតបៀនចំៗ។ ជាឧទាហរណ៍ នៅទសវត្សរ៍នៃឆ្នាំ១៩៦០ ស្មរបន្ទាល់ព្រះយេហូវ៉ាបានរងការបៀតបៀនយ៉ាងសាហាវព្រៃផ្សៃនៅប្រទេសម៉ាឡាវី។ ទ្រព្យសម្បត្ដិស្ទើរតែទាំងអស់របស់ស្មរបន្ទាល់ត្រូវបានគេបំផ្លាញខ្ទេចខ្ទី រួមទាំងសាលព្រះរាជាណាចក្រ ផ្ទះសម្បែង ស្បៀងអាហារ និងហាងលក់ដូរ។ ពួកគេបានត្រូវគេវាយតប់និងធ្វើទុក្ខទោសគួរឲ្យរន្ធត់។ តើបងប្អូនយើងបានប្រព្រឹត្តតបយ៉ាងណា? បងប្អូនរាប់ពាន់នាក់ត្រូវភៀសខ្លួនចេញពីភូមិ។ ពួកគេជាច្រើនបានទៅជ្រកនៅក្នុងព្រៃ រីឯអ្នកឯទៀតបានភៀសខ្លួនជាបណ្ដោះអាសន្នទៅប្រទេសម៉ូសំប៊ិចដែលជា
ប្រទេសជិតខាង។ បងប្អូនស្មោះភក្ដីជាច្រើនបានបាត់បង់ជីវិត តែបងប្អូនឯទៀតបានសម្រេចចិត្តភៀសខ្លួនចេញពីតំបន់គ្រោះថ្នាក់ ដែលតាមមើលទៅជាការសម្រេចចិត្តដ៏សមហេតុសមផលក្នុងកាលៈទេសៈនោះ។ ដោយធ្វើដូច្នេះ បងប្អូននោះបានធ្វើតាមគំរូដើមរបស់ព្រះយេស៊ូនិងប៉ុល។៦. ទោះជាត្រូវគេធ្វើទុក្ខបៀតបៀនយ៉ាងសាហាវយង់ឃ្នងក៏ដោយ តើស្មរបន្ទាល់នៅប្រទេសម៉ាឡាវីមិនបានលះចោលអ្វី?
៦ ទោះជាបងប្អូននៅម៉ាឡាវីត្រូវផ្លាស់ទីលំនៅឬពួនសម្ងំក៏ដោយ ពួកគេបានសុំការណែនាំពីអង្គការរបស់ព្រះ ហើយដោយខំប្រឹងអស់ពីសមត្ថភាពពួកគេបានបន្តធ្វើសកម្មភាពគ្រីស្ទានដោយសម្ងាត់។ តើមានលទ្ធផលយ៉ាងណា? មិនយូរមុនដែលត្រូវគេដាក់បំរាមនៅឆ្នាំ១៩៦៧ ចំនួនអ្នកផ្សាយនៅទីនោះបានឡើងដល់កំពូល គឺ១៨.៥១៩នាក់។ ទោះជាមានបំរាមហើយបងប្អូនជាច្រើនត្រូវភៀសខ្លួនទៅប្រទេសម៉ូសំប៊ិចក៏ពិតមែន តែនៅឆ្នាំ១៩៧២ ចំនួនថ្មីនៃអ្នកផ្សាយបានឡើងដល់កំពូល គឺ២៣.៣៩៨នាក់។ ជាមធ្យមពួកគេបានផ្សព្វផ្សាយ១៦ម៉ោងជារៀងរាល់ខែ។ គ្មានការសង្ស័យអ្វីឡើយ ការប្រព្រឹត្តរបស់ពួកគេបាននាំមកនូវសេចក្ដីសរសើរចំពោះព្រះយេហូវ៉ា និងព្រះពររបស់ព្រះយេហូវ៉ាបានស្ថិតលើបងប្អូនស្មោះភក្ដីទាំងនោះក្នុងកំឡុងគ្រាដ៏សែនលំបាកនោះ។ *
៧, ៨. តើមានហេតុអ្វីខ្លះដែលបងប្អូនខ្លះមិនភៀសខ្លួនចេញ ទោះជាមានការប្រឆាំងនាំឲ្យពិបាកក៏ដោយ?
៧ ម្យ៉ាងវិញទៀត នៅពេលការប្រឆាំងបង្កឲ្យមានបញ្ហានៅប្រទេសណាមួយ នោះបងប្អូនខ្លះប្រហែលជាសម្រេចចិត្តមិនចាកចេញទេ ទោះជាអាចភៀសខ្លួនចេញក៏ដោយ។ ការផ្លាស់ទីលំនៅប្រហែលជាដោះស្រាយបញ្ហាខ្លះៗពិតមែន តែក៏ប្រហែលជាបង្កឲ្យមានការពិបាកផ្សេងទៀតដែរ។ ជាឧទាហរណ៍ តើពួកគេនឹងអាចរក្សាទំនាក់ទំនងជាមួយភាតរភាពគ្រីស្ទានដើម្បីកុំឲ្យម្នាក់ឯងខាងវិញ្ញាណឥតការគាំទ្រ? តើពួកគេនឹងអាចរក្សាទម្លាប់ធ្វើអ្វីៗខាងវិញ្ញាណបានឬទេ? នៅដំណាលគ្នាដែលពួកគេព្យាយាមកសាងជីវិតថ្មីនៅកន្លែងផ្សេងទៀត ដែលប្រហែលជានៅក្នុងប្រទេសជឿនលឿន ឬប្រទេសមួយដែលផ្ដល់ឱកាសឲ្យរីកចំរើនខាងទ្រព្យសម្បត្ដិនោះ។—៨ បងប្អូនឯទៀតសម្រេចចិត្តមិនចេញទៅទេ ដោយខ្វល់ខ្វាយអំពីភាពខាងវិញ្ញាណរបស់បងប្អូននៅទីនោះ។ ពួកគេសម្រេចចិត្តរស់នៅកន្លែងដដែលដើម្បីបន្តផ្សព្វផ្សាយនៅប្រទេសខ្លួន និងលើកទឹកចិត្តអ្នកថ្វាយបង្គំគ្នីគ្នា។ (ភីលីព ១:១៤) ដោយសម្រេចចិត្តដូច្នេះ នៅទីបំផុតបងប្អូនខ្លះបានមានសមត្ថភាពជួយឲ្យទទួលបានជ័យជំនះក្នុងតុលាការប្រទេសខ្លួន។ *
៩. មុនដែលសម្រេចចិត្តឲ្យបន្តនៅឬផ្លាស់លំនៅដោយសារការបៀតបៀននោះ តើត្រូវពិចារណាកត្ដាអ្វីខ្លះ?
៩ មិនថាបន្តនៅឬភៀសខ្លួនចេញក្ដី នោះជាការសម្រេចចិត្តផ្ទាល់ខ្លួន។ ជាការពិតមែនដែលថា ការសម្រេចចិត្តនេះគួរធ្វើក្រោយយើងអធិស្ឋានសុំការណែនាំពីព្រះយេហូវ៉ា។ ប៉ុន្តែ មិនថាយើងសម្រេចចិត្តធ្វើយ៉ាងណាក៏ដោយ យើងត្រូវតែចាំពំនោលរបស់សាវ័កប៉ុលដែលថា៖«យើងទាំងអស់គ្នានឹងត្រូវរាប់រៀបទូលថ្វាយព្រះ ពីដំណើររបស់ខ្លួនយើងជាមិនខាន»។ (រ៉ូម ១៤:១២) ដូចយើងបានកត់សម្គាល់មុននោះ ព្រះយេហូវ៉ាតម្រូវឲ្យអ្នកបំរើម្នាក់ៗរបស់ទ្រង់រក្សាភាពស្មោះភក្ដីនៅគ្រប់កាលៈទេសៈទាំងអស់។ អ្នកបំរើខ្លះរបស់ទ្រង់កំពុងតែប្រឈមមុខការបៀតបៀនសព្វថ្ងៃនេះហើយ រីឯអ្នកឯទៀតប្រហែលជានឹងជួបក្រោយមក។ យើងទាំងអស់គ្នានឹងត្រូវល្បងលម្យ៉ាងម្នាក់ ហើយគ្មាន អ្នកណាគួរសង្ឃឹមថានឹងត្រូវរួចខ្លួនទេ។ (យ៉ូហាន ១៥:១៩, ២០) ក្នុងនាមជាអ្នកបំរើដែលបានថ្វាយខ្លួនចំពោះព្រះយេហូវ៉ា យើងមិនអាចគេចផុតពីរឿងចំណោទដែលរួមបញ្ចូលបុគ្គលទាំងអស់ហើយទាក់ទងនឹងការញែកព្រះនាមព្រះយេហូវ៉ាឲ្យបរិសុទ្ធ និងការបង្ហាញភាពត្រឹមត្រូវនៃអធិបតីភាពរបស់ទ្រង់។—អេសេគាល ៣៨:២៣; ម៉ាថាយ ៦:៩, ១០
«កុំឲ្យធ្វើការអាក្រក់ស្នងនឹងការអាក្រក់ឡើយ»
១០. តើព្រះយេស៊ូនិងពួកសាវ័ករបស់ទ្រង់បានធ្វើជាគំរូយ៉ាងណាសំរាប់យើង ស្តីអំពីរបៀបប្រព្រឹត្តនៅក្រោមការគាបសង្កត់និងការបៀតបៀន?
១០ គោលការណ៍មួយទៀតដ៏សំខាន់ដែលយើងអាចរៀនពីរបៀបដែលព្រះយេស៊ូនិងពួកសាវ័ករបស់ទ្រង់បានប្រព្រឹត្តនៅក្រោមការគាបសង្កត់នោះ គឺមិនត្រូវតបតនឹងអ្នកដែលបៀតបៀនយើងសោះឡើយ។ គ្មានបទគម្ពីរណាមួយសោះដែលបង្ហើបឲ្យយើងគិតថា ព្រះយេស៊ូនិងអ្នកកាន់តាមទ្រង់បាននាំគ្នារៀបចំឲ្យមានក្រុមអ្នកតស៊ូ ឬប្រើធម៌ក្ដៅដើម្បីតយុទ្ធនឹងអ្នកដែលបៀតបៀនពួកគេនោះ។ ផ្ទុយទៅវិញ សាវ័កប៉ុលទូន្មានជនគ្រីស្ទានថា៖ «កុំឲ្យធ្វើការអាក្រក់ស្នងនឹងការអាក្រក់ឡើយ . . . ឱពួកស្ងួនភ្ងាអើយ! កុំឲ្យសងសឹកឡើយ ចូរថយចេញពីសេចក្ដីកំហឹងទៅ ដ្បិតមានសេចក្ដីចែងទុកមកថា៖ ‹ព្រះអម្ចាស់ ទ្រង់មានបន្ទូលថា ការសងសឹក នោះស្រេចនឹងអញ អញនឹងសងដល់គេ›»។ ម្យ៉ាងទៀត «កុំឲ្យសេចក្ដីអាក្រក់ឈ្នះអ្នកឡើយ ត្រូវឲ្យអ្នកឈ្នះសេចក្ដីអាក្រក់ ដោយសារសេចក្ដីល្អវិញ»។—រ៉ូម ១២:១៧-២១; ទំនុកដំកើង ៣៧:១-៤; សុភាសិត ២០:២២
១១. តើប្រវត្ដិវិទូម្នាក់សរសេរយ៉ាងណាអំពីចិត្តគំនិតដែលជនគ្រីស្ទានសម័យដើមមានចំពោះរដ្ឋាភិបាល?
១១ ជនគ្រីស្ទាននៅសម័យដើមបានធ្វើតាមឱវាទនេះ។ ក្នុងសៀវភៅចំណងជើងថា គ្រីស្ទសាសនាសម័យដើម និងលោកីយ៍ លោកសេស៊ីល ចន ខឌូ ដែលជាប្រវត្ដិវិទូម្នាក់ បានសរសេរពណ៌នាអំពីចិត្តគំនិតដែលជនគ្រីស្ទានមានចំពោះរដ្ឋាភិបាលក្នុងកំឡុងឆ្នាំ៣០ ដល់៧០ ស.យ.។ គាត់សរសេរថា៖«យើងគ្មានភស្តុតាងជាក់ស្តែងណាដែលនាំឲ្យគេគិតថា ជនគ្រីស្ទាននៅសម័យនោះបានប្រើធម៌ក្ដៅដើម្បីខំតស៊ូនឹងអ្នកបៀតបៀនទេ។ យ៉ាងច្រើន ពួកគេស្តីបន្ទោសអ្នកគ្រប់គ្រងយ៉ាងចាស់ដៃ ឬក៏គេចវេះមិនឲ្យរកឃើញ។ ក៏ប៉ុន្តែ ការប្រព្រឹត្តតបធម្មតារបស់ជនគ្រីស្ទានមិនមានលើសពីការបដិសេធយ៉ាងគួរសមហើយដាច់ខាតថា ពួកគេនឹងមិនស្ដាប់តាមច្បាប់ណាដែលគេចាត់ទុកជាការប្រឆាំងជំទាស់នឹងការស្ដាប់តាមព្រះគ្រីស្ទ»។
១២. ហេតុអ្វីការស៊ូទ្រាំពេលរងទុក្ខនោះ គឺល្អជាងការតបតទៅវិញ?
១២ តើការចុះចូលដោយឥតតបតដូច្នេះ ពិតជាសមហេតុសមផលឬ? អ្នកដែលធ្វើដូច្នេះប្រាកដជានឹងក្លាយជាកូនមាន់ក្នុងកណ្ដាប់ដៃអ្នកដែលបានចងចិត្តធ្វើពួកគេវិនាស មែនទេ? គឺល្អជាងឲ្យគេការពារខ្លួន មែនទេ? បើគិតដោយផ្អែកលើទស្សនៈមនុស្ស ដូចជាល្អជាងមែន។ ប៉ុន្តែ ក្នុងនាមជាអ្នកបំរើព្រះយេហូវ៉ា យើងមានទំនុកចិត្តទាំងស្រុងថា ការអនុវត្តន៍តាមការណែនាំរបស់ព្រះយេហូវ៉ាក្នុងគ្រប់រឿងទាំងអស់ ជាផ្លូវល្អបំផុត។ យើងចងចាំនូវពំនោលរបស់ពេត្រុសដែលថា៖«បើអ្នកបានប្រព្រឹត្តល្អ ហើយទ្រាំឲ្យគេធ្វើទុក្ខដោយអត់ទ្រាំវិញ នោះទើបជាការដែលគាប់ព្រះហឫទ័យនៅចំពោះព្រះមែន»។ (ពេត្រុសទី១ ២:២០) យើងមានទំនុកចិត្តទាំងស្រុងថា ព្រះយេហូវ៉ាជ្រាបច្បាស់ពីស្ថានភាពនោះ ហើយក៏នឹងមិនអនុញ្ញាតឲ្យការពិបាកមានបន្តជានិច្ចទេ។ ហេតុអ្វីបានជាយើងអាចជឿយ៉ាងប្រាកដដូច្នេះ? ព្រះយេហូវ៉ាបានប្រកាសប្រាប់រាស្ត្រទ្រង់ដែលបានជាប់ជាឈ្លើយនៅប្រទេសបាប៊ីឡូនថា៖«អ្នកណាដែលពាល់ឯងរាល់គ្នា នោះគឺជាពាល់ដល់ប្រស្រីព្រះនេត្រនៃទ្រង់ហើយ»។ (សាការី ២:៨) តើមនុស្សម្នាក់នឹងឲ្យអ្នកដទៃពាល់ប្រស្រីភ្នែកដល់ណាទៅ? គ្មានការសង្ស័យអ្វីឡើយ ព្រះយេហូវ៉ានឹងរំដោះយើងនៅពេលត្រឹមត្រូវ។—ថែស្សាឡូនីចទី២ ១:៥-៨
១៣. ហេតុអ្វីបានជាព្រះយេស៊ូអនុញ្ញាតឲ្យសត្រូវចាប់ខ្លួនទ្រង់?
១៣ ស្តីអំពីរឿងនេះ ព្រះយេស៊ូជាគំរូដល់យើង។ ព្រះយេស៊ូបានអនុញ្ញាតឲ្យសត្រូវចាប់ខ្លួនទ្រង់នៅក្នុងសួនគែតសេម៉ានី នេះមិនមែនដោយសារទ្រង់ការពារខ្លួនពុំបាននោះទេ។ ការពិត ទ្រង់បានមានបន្ទូលប្រាប់សិស្សរបស់ទ្រង់ថា៖«តើអ្នកស្មានថា ខ្ញុំមិនអាចនឹងសូមដល់ព្រះវរបិតាខ្ញុំឥឡូវ ដែលទ្រង់នឹងចាត់ពួកទេវតា១២កងមកខ្ញុំជា១រំពេចទេឬអី? បើយ៉ាងនោះ ធ្វើដូចម្ដេចនឹងបានសំរេចតាមគម្ពីរ ដែលថាត្រូវតែកើតមានដូច្នេះ?»។ (ម៉ាថាយ ២៦:៥៣, ៥៤) ការសម្រេចនូវព្រះហឫទ័យរបស់ព្រះយេហូវ៉ាគឺជាអ្វីដ៏សំខាន់បំផុតក្នុងព្រះជន្មព្រះយេស៊ូ ទោះបើនោះតម្រូវឲ្យទ្រង់រងទុក្ខក៏ដោយ។ ទ្រង់ជឿជាក់ទៅលើទំនាយនៅក្នុងទំនុកដំកើងរបស់ដាវីឌដែលថា៖«ទ្រង់មិនទុកឲ្យព្រលឹងទូលបង្គំ នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ។ ក៏មិនព្រមឲ្យអ្នកបរិសុទ្ធរបស់ទ្រង់ឃើញសេចក្ដីពុករលួយដែរ»។ (ទំនុកដំកើង ១៦:១០) រាប់ឆ្នាំក្រោយមក សាវ័កប៉ុលបាននិយាយអំពីព្រះយេស៊ូថា៖«ទ្រង់បានរងទ្រាំនៅឈើឆ្កាង ទាំងមើលងាយចំពោះសេចក្ដីអាម៉ាស់ខ្មាសនោះ ឲ្យតែបានសេចក្ដីអំណរដែលនៅចំពោះទ្រង់ រួចទ្រង់ក៏គង់ខាងស្ដាំបល្ល័ង្កនៃព្រះ»។—ហេព្រើរ ១២:២
អំណរដែលមកពីការញែកព្រះនាមព្រះយេហូវ៉ាឲ្យបរិសុទ្ធ
១៤. តើអំណរអ្វីបានទ្រទ្រង់ព្រះយេស៊ូក្នុងកំឡុងទុក្ខលំបាករបស់ទ្រង់?
១៤ ក្នុងកំឡុងការល្បងលដ៏ខ្លាំងរកពណ៌នាពុំបាននេះ តើអំណរដែលបានទ្រទ្រង់ព្រះយេស៊ូនោះ ជាអំណរអ្វី? ក្នុងចំណោមអ្នកបំរើទាំងឡាយរបស់ព្រះយេហូវ៉ា ព្រះយេស៊ូដែលជារាជបុត្រាស្ងួនភ្ងារបស់ព្រះ ប្រាកដជាទីបាញ់វង់ដ៏ចំបងរបស់សាតាំង។ ដូច្នេះ បើព្រះយេស៊ូរក្សាព្រះទ័យស្មោះគ្រប់ល័ក្ខណ៍នៅក្រោមការល្បងល នោះនឹងឆ្លើយតបមួយដងជាការស្រេចនូវការចោទប្រកាន់របស់សាតាំងចំពោះព្រះយេហូវ៉ា។ (សុភាសិត ២៧:១១) តើអ្នកអាចគិតដល់អំណរនិងក្ដីពេញចិត្តដែល ព្រះយេស៊ូមានឬទេ? ក្រោយត្រូវប្រោសឲ្យរស់ឡើងវិញ ហើយបានទទួលស្គាល់ថា ទ្រង់បានបំពេញតួនាទីរបស់ទ្រង់ជាបុរសគ្រប់ល័ក្ខណ៍ដែលនឹងបង្ហាញភាពត្រឹមត្រូវនៃអធិបតីភាពរបស់ព្រះយេហូវ៉ានិងការញែកព្រះនាមទ្រង់ឲ្យបរិសុទ្ធ ទ្រង់ច្បាស់ជាបានរីករាយណាស់។ ម្យ៉ាងទៀត ការអង្គុយ«ខាងស្ដាំបល្ល័ង្កនៃព្រះ»ពិតជាកិត្ដិយសខ្ពង់ខ្ពស់បំផុត និងជាប្រភពអំណរខ្លាំងបំផុតចំពោះព្រះយេស៊ូ។—ទំនុកដំកើង ១១០:១, ២; ធីម៉ូថេទី១ ៦:១៥, ១៦
១៥, ១៦. តើអ្វីជាការបៀតបៀនដ៏ឃោរឃៅក្រៃលែងដែលស្មរបន្ទាល់នៅសាក្សិនហោសិនត្រូវស៊ូទ្រាំ? ហើយតើអ្វីបានផ្ដល់កម្លាំងឲ្យពួកគេអាចធ្វើដូច្នេះ?
១៥ ចំពោះជនគ្រីស្ទាន យើងក៏មានអំណរមកពីយើងរួមចំណែកក្នុងការញែកព្រះនាមព្រះយេហូវ៉ាឲ្យបរិសុទ្ធដោយស៊ូទ្រាំនឹងទុក្ខលំបាកហើយការបៀតបៀនតាមគំរូព្រះយេស៊ូ។ តួយ៉ាងដូចជាបទពិសោធន៍របស់ពួកស្មរបន្ទាល់ដែលបានរងទុក្ខវេទនានៅក្នុងសាក្សិនហោសិនដែលជាជំរំឃុំឃាំងដ៏ល្បីឈ្មោះ តែពួកគេបានរួចរស់ជីវិតក្រោយបានត្រូវបង្ខំឲ្យធ្វើដំណើរទាំងលំបាកវេទនានៅចុងសង្គ្រាមលោកលើកទី២។ ក្នុងកំឡុងការធ្វើដំណើរដ៏សែនពិបាកក្រៃលែងនោះ អ្នកដែលត្រូវឃុំឃាំងរាប់ពាន់នាក់បានស្លាប់ដោយសារនៅហាលភ្លៀងហាលខ្យល់ក្ដៅរងា ដោយសារជំងឺ ឬការអត់ឃ្លាន ឬដោយត្រូវទាហានណាស៊ីប្រហារជីវិតយ៉ាងឃោរឃៅនៅតាមផ្លូវ។ ស្មរបន្ទាល់២៣០នាក់បានរួចរស់ជីវិតដោយនៅជិតៗគ្នានិងជួយគ្នាទោះជាត្រូវប្រថុយជីវិតខ្លួនក៏ដោយ។
១៦ តើអ្វីបានពង្រឹងកម្លាំងរបស់ស្មរបន្ទាល់ទាំងនេះឲ្យអាចស៊ូទ្រាំនឹងការបៀតបៀនដ៏ឃោរឃៅក្រៃលែងនេះបាន? នៅពេលបានមកដល់កន្លែងមានសុវត្ថិភាពហើយ ពួកគេបានប្រាប់ពីអំណរនិងកតញ្ញូធម៌ដែលពួកគេមានចំពោះព្រះយេហូវ៉ា ក្នុងឯកសារមួយចំណងជើងថា«ការប្ដេជ្ញារបស់ស្មរបន្ទាល់ព្រះយេហូវ៉ា២៣០នាក់ពីប្រាំមួយសាសន៍ ដែលបានជួបជុំគ្នានៅក្នុងព្រៃនៅជិតទីក្រុងស្វេរិន នៅតំបន់មិក្លិនបឺង»។ ក្នុងឯកសារនោះ ពួកគេមានប្រសាសន៍ថា៖«រយៈពេលមួយដ៏វែងនិងលំបាកដែលប្រកបដោយការល្បងលបានកន្លងបាត់ទៅហើយ។ អ្នកដែលបានរួចរស់ជីវិតប្រៀបដូចជាត្រូវបានកញ្ឆក់យកចេញពីភ្លើងមក ក៏ឥតមានក្លិនឈ្ងៀមនៅជាប់លើខ្លួនទៀត។ (សូមមើលដានីយ៉ែល ៣:២៧) ផ្ទុយទៅវិញ ពួកគេពេញដោយកម្លាំងនិងថាមពលពីព្រះយេហូវ៉ា ហើយកំពុងតែរង់ចាំដោយក្ដីរំភើបឲ្យទទួលបង្គាប់ថ្មីពីស្តេចដើម្បីពង្រីកកិច្ចការព្រះរាជាណាចក្ររបស់ព្រះ»។ *
១៧. តើរាស្ត្ររបស់ព្រះកំពុងតែប្រឈមមុខនឹងការល្បងលអ្វីខ្លះសព្វថ្ងៃនេះ?
១៧ ដូចអ្នកស្មោះភក្ដី២៣០នាក់នោះ យើងក៏ប្រហែលជានឹងត្រូវទទួលការល្បងលជំនឿរបស់យើង ទោះជាយើងមិនទាន់‹តយុទ្ធរហូតដល់ហូរឈាមនៅឡើយ›ក៏ដោយ។ (ហេព្រើរ ១២:៤) ប៉ុន្តែ ការល្បងលអាចមានលក្ខណៈផ្សេងៗ។ នេះអាចជាការសើចចំអក ឬក៏ការគាបសង្កត់ពីពួកស្រករឲ្យប្រព្រឹត្តអំពើអសីលធម៌ឬអំពើអាក្រក់ឯទៀត។ ម្យ៉ាងទៀត ការតាំងចិត្តឲ្យចៀសពីឈាម រៀបការតែក្នុងព្រះអម្ចាស់ និងការចិញ្ចឹមអប់រំកូនឲ្យមានជំនឿទោះបីក្នុងក្រុមគ្រួសារដែលមានសមាជិកមិនជឿ ក៏អាចនាំឲ្យមានការគាបសង្កត់និងទុក្ខលំបាកយ៉ាងខ្លាំងដែរ។—កិច្ចការ ១៥:២៩; កូរិនថូសទី១ ៧:៣៩; អេភេសូរ ៦:៤; ពេត្រុសទី១ ៣:១, ២
១៨. ទោះជាជួបនឹងទុក្ខលំបាកខ្លាំងបំផុត ហេតុអ្វីយើងអាចជឿជាក់ថាយើងអាចស៊ូទ្រាំបាន?
១៨ ក៏ប៉ុន្តែ មិនថាយើងជួបនឹងការល្បងលអ្វីក៏ដោយ យើងដឹងថា យើងរងទុក្ខដោយសារស្វែងរកព្រះយេហូវ៉ានិងព្រះរាជាណាចក្ររបស់ទ្រង់ជាមុន ហើយចាត់ទុកការធ្វើដូច្នេះជាឯកសិទ្ធិដ៏ពិតមួយនិងជាប្រភពនៃអំណរ។ យើងអាចប្រមូលភាពក្លាហានក្រោយពីអានសំនេររបស់ពេត្រុសដែលចែងថា៖«បើសិនជាគេតិះដៀលអ្នករាល់គ្នា ដោយព្រោះព្រះគ្រីស្ទ នោះមានពរហើយ ពីព្រោះព្រះវិញ្ញាណដ៏មានសិរីល្អ គឺជាព្រះវិញ្ញាណនៃព្រះ ទ្រង់សណ្ឋិតលើអ្នករាល់គ្នាហើយ»។ (ពេត្រុសទី១ ៤:១៤) ដោយកម្លាំងពីវិញ្ញាណរបស់ព្រះយេហូវ៉ា យើងមានកម្លាំងអាចស៊ូទ្រាំនៅក្រោមការល្បងលដ៏លំបាកបំផុត និងនាំឲ្យទ្រង់ទទួលសិរីរុងរឿងនិងសេចក្ដីសរសើរ។—កូរិនថូសទី២ ៤:៧; អេភេសូរ ៣:១៦; ភីលីព ៤:១៣
[កំណត់សម្គាល់]
^ វគ្គ 6 ព្រឹត្ដិការណ៍នាទសវត្សរ៍ នៃឆ្នាំ១៩៦០ គ្រាន់តែជាការចាប់ផ្ដើមនៃការបៀតបៀនដ៏សាហាវព្រៃផ្សៃនិងពោរពេញដោយឃាតកម្ម ដែលស្មរបន្ទាល់នៅប្រទេសម៉ាឡាវីត្រូវស៊ូទ្រាំជិត៣០ឆ្នាំ។ ដើម្បីអានកំណត់ហេតុទាំងមូល សូមមើលសៀវភៅប្រចាំឆ្នាំនៃស្មរបន្ទាល់ព្រះយេហូវ៉ា ឆ្នាំ១៩៩៩ ទំព័រ១៧១-២១២ (ជាភាសាអង់គ្លេស)
^ វគ្គ 8 សូមមើលអត្ថបទ«តុលាការជាន់ខ្ពស់គាំទ្រការថ្វាយបង្គំពិតនៅ‹ស្រុកអារ៉ារ៉ាត›»ក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមេសា ឆ្នាំ២០០៣ ទំព័រ១១-១៤ (ជាភាសាអង់គ្លេស)
^ វគ្គ 16 ដើម្បីអានពីឯកសារទាំងមូលឲ្យបានពេញលេញដែលបញ្ជាក់ពីការប្ដេជ្ញារបស់ពួកគេនោះ សូមមើលសៀវភៅប្រចាំឆ្នាំនៃស្មរបន្ទាល់ព្រះយេហូវ៉ា ឆ្នាំ១៩៧៤ ទំព័រ២០៨-២០៩ (ជាភាសាអង់គ្លេស) ក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមករា ឆ្នាំ១៩៩៨ ទំព័រ២៥-២៩ (ជាភាសាអង់គ្លេស) បានរៀបរាប់អំពីអ្នកដែលបានរួចរស់ជីវិត។
តើអ្នកអាចពន្យល់បានទេ?
• តើជនគ្រីស្ទានមានទស្សនៈយ៉ាងណាចំពោះការរងទុក្ខនិងការបៀតបៀន?
• តើយើងអាចរៀនអ្វីដោយមើលរបៀបដែលព្រះយេស៊ូនិងអ្នកស្មោះភក្ដីឯទៀតបានប្រព្រឹត្តនៅក្រោមទុក្ខលំបាក?
• ហេតុអ្វីជាការល្អបើមិនតបតពេលត្រូវគេបៀតបៀន?
• តើអំណរអ្វីបានទ្រទ្រង់ព្រះយេស៊ូក្នុងកំឡុង ទុក្ខលំបាក? ហើយតើយើងអាចទាញមេរៀនអ្វីពីនេះ?
[សំណួរសម្រាប់អត្ថបទសិក្សា]
[ប្រអប់/រូបភាពនៅទំព័រ១៨]
របៀបពួកគេបានប្រព្រឹត្តពេលស្ថិតក្រោមការបៀតបៀន
• មុនដែលទាហានរបស់ស្តេចហេរ៉ូឌបានមកដល់ភូមិបេថ្លេហិមដើម្បីសម្លាប់កូនក្មេងទាំងអស់ដែលមានអាយុពីរឆ្នាំឬក្មេងជាងនោះ យ៉ូសែបបានទទួលការណែនាំពីទេវតាមួយរូបឲ្យយកម៉ារានិងព្រះយេស៊ូដែលជាទារកនៅឡើយឲ្យរត់ទៅស្រុកអេស៊ីប។—ម៉ាថាយ ២:១៣-១៦
• ជាច្រើនដងក្នុងកំឡុងកិច្ចបំរើរបស់ព្រះយេស៊ូ ពួកសត្រូវបានរកធ្វើគុតទ្រង់ដោយសារទ្រង់ធ្វើបន្ទាល់យ៉ាងខ្លាំងដែលបដិសេធពុំបាន។ ព្រះយេស៊ូបានគេចផុតជារៀងរាល់ដង។—ម៉ាថាយ ២១:៤៥, ៤៦; លូកា ៤:២៨-៣០; យ៉ូហាន ៨:៥៧-៥៩
• នៅពេលដែលពួកទាហានបានចូលទៅក្នុងសួនគែតសេម៉ានីដើម្បីចាប់ខ្លួនព្រះយេស៊ូទ្រង់បានមានបន្ទូលដោយចំហពីរដងថា«គឺខ្ញុំនេះហើយ»។ ទ្រង់រហូតដល់បានឃាត់មិនឲ្យអ្នកកាន់តាមទ្រង់តបត ហើយក៏បានឲ្យក្រុមមនុស្សចាប់ទ្រង់យកទៅ។—យ៉ូហាន ១៨:៣-១២
• នៅទីក្រុងយេរូសាឡិម ពេត្រុសនិងអ្នកឯទៀតត្រូវបានគេចាប់ខ្លួន វាយនឹងរំពាត់និងបង្គាប់ឲ្យឈប់ផ្សព្វផ្សាយអំពីព្រះយេស៊ូ។ ប៉ុន្តែ នៅពេលបានត្រូវរំដោះហើយ ពួកគេ«ចេញពីពួកក្រុមជំនុំទៅ . . . ហើយអ្នកទាំងនោះចេះតែបង្រៀន ព្រមទាំងប្រាប់ដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទ នៅក្នុងព្រះវិហារ ហើយនៅអស់ទាំងផ្ទះរាល់តែថ្ងៃជានិច្ច»។—កិច្ចការ ៥:៤០-៤២
• នៅពេលសុលដែលក្រោយមកបានទៅជាសាវ័កប៉ុល ដឹងថាពួកយូដានៅទីក្រុងដាម៉ាសបានឃុបឃិតគ្នាដើម្បីសម្លាប់គាត់ នោះបងប្អូនបានដាក់គាត់ក្នុងកញ្ជើមួយសំរូតចុះតាមកំផែងក្រុងទៅទាំងយប់ ហើយគាត់បានគេចខ្លួនទៅ។—កិច្ចការ ៩:២២-២៥
• ប៉ុន្មានឆ្នាំក្រោយមក ប៉ុលបានសម្រេចចិត្តរើក្ដីទៅសេសារ ទោះជាទាំងអភិបាលលោកភេស្ទុសនិងស្តេចអ័គ្រីប៉ាបានឃើញថា គាត់«មិនបានធ្វើអ្វីគួរនឹងស្លាប់ឬនឹងជាប់ចំណងសោះ»។—កិច្ចការ ២៥:១០-១២, ២៤-២៧; ២៦:៣០-៣២
[រូបភាពនៅទំព័រ១៩]
ទោះជាការបៀតបៀនយ៉ាងព្រៃផ្សៃបង្ខំឲ្យភៀសខ្លួនក៏ដោយ ស្មរបន្ទាល់ស្មោះភក្ដីរាប់ពាន់នាក់នៅប្រទេសម៉ាឡាវីបានបន្ត កិច្ចបំរើព្រះរាជាណាចក្រព្រះដោយអំណរ
[រូបភាពនៅទំព័រ២០]
អំណរដែលមកពីការញែកព្រះនាមព្រះយេហូវ៉ាឲ្យបរិសុទ្ធ បានទ្រទ្រង់បងប្អូនស្មោះភក្ដីទាំងនេះក្នុងកំឡុងដែលនៅជំរំឃុំឃាំងរបស់ពួកណាស៊ី និងពេលត្រូវគេបង្ខំឲ្យធ្វើដំណើររហូតដល់ជិតស្លាប់
[អ្នកផ្ដល់សិទ្ធិ]
Death march: KZ-Gedenkstätte Dachau, courtesy of the USHMM Photo Archives
[រូបភាពនៅទំព័រ២១]
ទុក្ខលំបាកនិងការគាបសង្កត់អាចមានច្រើនយ៉ាង