លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការទុកចិត្ដអ្នកដទៃគឺចាំបាច់ដើម្បីឲ្យជីវិតបានសប្បាយ

ការទុកចិត្ដអ្នកដទៃគឺចាំបាច់ដើម្បីឲ្យជីវិតបានសប្បាយ

ការ​ទុក​ចិត្ត​អ្នក​ដទៃ​គឺ​ចាំបាច់​ដើម្បី​ឲ្យ​ជីវិត​បាន​សប្បាយ

ការ​ពុល​អាហារ​ជា​អ្វី​ដែល​មនុស្ស​មិន​ចង់​ជួប​ទាល់តែ​សោះ។ មនុស្ស​ដែល​ពុល​អាហារ​ជា​ញឹកញាប់ គួរ​តែ​ប្រុង​ប្រយ័ត្ន​នឹង​អាហារ។ ប៉ុន្តែ បើ​គាត់​តម​អាហារ​ទាំង​អស់​ដើម្បី​កុំ​ឲ្យ​ពុល​ទៀត នោះ​គឺ​មិន​សម​ហេតុ​ផល​ទេ ពីព្រោះ​ការ​តម​អាហារ​ទាំង​អស់​នឹង​នាំ​ឲ្យ​មាន​បញ្ហា​ច្រើន​ថែម​ទៀត។ គ្មាន​អ្នក​ណា​អាច​រស់​បាន​យូរ​បើ​គ្មាន​អាហារ​ទេ។

ស្រដៀង​គ្នា​ដែរ ពេល​មនុស្ស​ដែល​យើង​ទុក​ចិត្ត​បែរ​ជា​ក្បត់ នោះ​យើង​ឈឺចាប់​ណាស់។ ពេល​អ្នក​ដែល​យើង​ទុក​ចិត្ត​បាន​ក្បត់​យើង​ម្ដង​ហើយ​ក្បត់​ទៀត នេះ​ប្រហែល​ជា​ធ្វើ​ឲ្យ​យើង​ចាប់​ផ្ដើម​ប្រុង​ប្រយ័ត្ន​ពេល​រើស​មនុស្ស​យក​មក​ធ្វើ​ជា​គ្នា។ ប៉ុន្តែ ការ​មិន​ទាក់ទង​មនុស្ស​ឯទៀត​សោះ​ក្រែង​ត្រូវ​គេ​ក្បត់​នាំ​ឲ្យ​យើង​ខក​ចិត្ត​ថែម​ទៀត នេះ​មិន​មែន​ជា​ផ្លូវ​ដោះ​ស្រាយ​ទេ។ ហេតុ​អ្វី? ពីព្រោះ​ការ​មិន​ចេះ​ទុក​ចិត្ត​អ្នក​ដទៃ​ធ្វើ​ឲ្យ​យើង​លែង​មាន​សុភមង្គល​ដែរ។ ដើម្បី​ឲ្យ​មាន​ជីវិត​ដ៏​គាប់​ចិត្ត យើង​ត្រូវ​ការ​ចំណង​មិត្តភាព​ដែល​មាន​មូលដ្ឋាន​លើ​ការ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។

សៀវភៅ​យូជិន ឆ្នាំ​២០០២ កត់​សម្គាល់​ថា​៖​«ការ​ទុក​ចិត្ត​អ្នក​ដទៃ​គឺ​ជា​តម្រូវ​ការ​បឋម​សំរាប់​ទំនាក់ទំនង​ប្រចាំ​ថ្ងៃ​ជា​មួយ​អ្នក​ឯ​ទៀត»។ កាសែត​មួយ​បាន​សរសេរ​ថា​៖​«ការ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ជា​អ្វី​ដែល​មនុស្ស​ចង់​បាន​ណាស់»។ (Neue Zürcher Zeitung) «ការ​ទុក​ចិត្ត​គ្នា​ជួយ​លើក​ស្ទួយ​ជីវភាព»​ខ្លាំង​ណាស់​រហូត​ធ្វើ​ឲ្យ​«ការ​ទុក​ចិត្ត​គ្នា​ជា​កត្ដា​ចាំបាច់​មួយ​សំរាប់​ការ​រស់​នៅ»។ ពិត​ណាស់ កាសែត​នោះ​បន្ត​ដោយ​ថា បើ​មិន​ចេះ​ទុក​ចិត្ត​អ្នក​ដទៃ​«មនុស្ស​ម្នាក់​មិន​អាច​តស៊ូ​ក្នុង​ជីវិត​បាន​ទេ»។

ដោយសារ​សេចក្ដី​ត្រូវ​ការ​ដ៏​ចាំបាច់​របស់​មនុស្ស គឺ​ជា​ទុក​ចិត្ត​លើ​អ្នក​ឯ​ទៀត នោះ​តើ​មាន​អ្នក​ណា​ដែល​យើង​អាច​ទុក​ចិត្ត​ដោយ​មិន​បាច់​ខ្លាច​ថា​យើង​នឹង​ត្រូវ​ខក​ចិត្ត​នោះ?

ចូរ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត​ចុះ!

ព្រះ​គម្ពីរ​ចែង​ថា​៖​«ចូរ​ទីពឹង[ឬ​«ទុក​ចិត្ត»​, ខ.ស.]ដល់​ព្រះ​យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត»។ (សុភាសិត ៣:៥) ពិត​ណាស់​ដែល​ព្រះ​បន្ទូល​របស់​ព្រះ​លើក​ទឹក​ចិត្ត​យើង​ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត​យើង។

ហេតុ​អ្វី​បាន​ជា​យើង​អាច​ទុក​ចិត្ត​ព្រះ​បាន? ហេតុ​ទី​មួយ ដោយ​ព្រោះ​ព្រះ​យេហូវ៉ា​គឺ​បរិសុទ្ធ។ ព្យាការី​អេសាយ​បាន​សរសេរ​ថា​៖​«បរិសុទ្ធ បរិសុទ្ធ គឺ​ព្រះ​យេហូវ៉ា​នៃ​ពួក​ពលបរិវារ​ទ្រង់​បរិសុទ្ធ»។ (អេសាយ ៦:៣) តើ​ភាព​បរិសុទ្ធ​មិន​ទាក់ទាញ​ទឹក​ចិត្ត​របស់​អ្នក​ទេ​ឬ? ការ​ពិត ភាព​បរិសុទ្ធ​គួរ​ទាក់ទាញ​ទឹក​ចិត្ត​អ្នក​មែន ពីព្រោះ​ភាព​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​មាន​ន័យ​ថា ទ្រង់​វិ​សុទ្ធ គឺ​នៅ​ដាច់​ដោយ​ឡែក​ពី​សេចក្ដី​អាក្រក់​ទាំង​អស់ និង​ជា​បុគ្គល​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ទាំង​ស្រុង។ ទ្រង់​មិន​អាច​ក្លាយ​ទៅ​ជា​បុគ្គល​ខូច​អាក្រក់ ហើយ​ក៏​មិន​អាច​ក្បត់​យើង​ដែល​ជា​អ្នក​ទុក​ចិត្ត​ទ្រង់​បាន​ដែរ។

ម្យ៉ាង​ទៀត យើង​អាច​ទុក​ចិត្ត​ព្រះ​បាន ដោយ​ព្រោះ​ទ្រង់​មាន​សមត្ថភាព​និង​ចង់​គាំទ្រ​អ្នក​ដែល​បំរើ​ទ្រង់។ ជា​ឧទាហរណ៍ តេជានុភាព​ខ្លាំង​ក្លា​បំផុត​របស់​ទ្រង់​ផ្ដល់​សមត្ថភាព​ឲ្យ​ទ្រង់​ធ្វើ​អ្វី​មួយ។ យុត្ដិធម៌និង​ប្រាជ្ញាគ្រប់​ល័ក្ខណ៍​របស់​ទ្រង់​ដឹក​នាទ្រង់​ពេល​ធ្វើ​អ្វី​មួយ។ ហើយ​សេចក្ដី​ស្រឡាញ់ ដែល​ប្រៀបផ្ទឹម​ពុំ​បាន​របស់​ទ្រង់​ជំរុញ​ព្រះទ័យ​ទ្រង់​ឲ្យ​ធ្វើ​អ្វី​មួយ។ សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា​៖​«ព្រះ​ទ្រង់​ជា​សេចក្ដី​ស្រឡាញ់»។ (យ៉ូហានទី១ ៤:៨) សេចក្ដី​ស្រឡាញ់​របស់​ព្រះ​មាន​ឥទ្ធិពល​ទៅ​លើ​អ្វីៗ​ទាំង​អស់​ដែល​ទ្រង់​ធ្វើ។ ភាព​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​និង​គុណសម្បត្ដិ​អស្ចារ្យ​ឯ​ទៀត​របស់​ទ្រង់ ធ្វើ​ឲ្យ​ទ្រង់​ជា​ព្រះ​វរបិតា​ដ៏​ល្អ​បំផុត ហើយ​ជា​បុគ្គល​ដែល​យើង​អាច​ទុក​ចិត្ត​ទាំង​ស្រុង​បាន។ គ្មាន​អ្វី​ណា​មួយ​ឬ​អ្នក​ណា​ម្នាក់​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ជាង​ព្រះ​យេហូវ៉ា​ទេ។

ចូរ​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​និង​មាន​សុភមង្គល​ចុះ!

មាន​ហេតុ​ត្រឹម​ត្រូវ​មួយ​ទៀត​ដែល​យើង​គួរ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា គឺ​ពីព្រោះ​ទ្រង់​ស្គាល់​យើង​ច្បាស់​ជាង​អ្នក​ឯ​ទៀត​ស្គាល់​យើង។ ទ្រង់​ជ្រាប​ថា មនុស្ស​ម្នាក់ៗ​ត្រូវ​ការ​នូវ​ចំណង​មិត្តភាព​ដ៏​រឹង​មាំ​ហើយ​ស្ថិត​ស្ថេរ ដែល​មាន​មូលដ្ឋាន​លើ​ការ​ទុក​ចិត្ត​ជា​មួយ​នឹង​ព្រះ​ដែល​ជា​អ្នក​បង្កើត។ អស់​អ្នក​ដែល​មាន​ចំណង​មិត្តភាព​បែប​នេះ​មាន​ទំនុក​ចិត្ត​ជាង។ ស្តេច​ដាវីឌ​បាន​សន្និដ្ឋាន​ថា​៖​«មាន​ពរ​ហើយ អ្នក​ណា​ដែល​យក​ព្រះ​យេហូវ៉ា​ជា​ទីពឹង​[ឬ​«ទី​ទុក​ចិត្ត»​, ព.ថ.]»។ (ទំនុកដំកើង ៤០:៤) រាប់​លាន​នាក់​សព្វ​ថ្ងៃ​នេះ​មាន​ទឹក​ចិត្ត​ដូច​ដាវីឌ​ទាំង​ស្រុង។

សូម​ពិចារណា​ឧទាហរណ៍​ខ្លះៗ។ លោក​ស្រី​ដូរីស ធ្លាប់​រស់​នៅ​សាធារណរដ្ឋ​ដូមីនីកាំង ប្រទេស​អាល្លឺម៉ង់ ប្រទេស​ក្រិច និង​សហរដ្ឋ​អាមេរិក។ គាត់​ប្រាប់​ថា​៖​«ខ្ញុំ​រីករាយ​ដោយ​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា​ណាស់។ ទ្រង់​ចេះ​ថែរក្សា​ខ្ញុំ​ខាង​វិញ្ញាណ ខាង​ផ្លូវ​ចិត្ត និង​ខាង​ផ្លូវ​កាយ​ដែរ។ ទ្រង់​ជា​មិត្ត​ល្អ​បំផុត»។ លោក​វ៉ូល​កាង ដែល​ជា​ទីប្រឹក្សា​ផ្នែក​ច្បាប់ គាត់​ពន្យល់​ថា​៖​«ជា​ការ​ល្អ​ណាស់​ដែល​ខ្ញុំ​អាច​ទីពឹង​បុគ្គល​មួយ​អង្គ​ដែល​ចង់​ឲ្យ​យើង​ទទួល​ផល​ប្រយោជន៍​ច្រើន​បំផុត ជា​បុគ្គល​ដែល​មាន​សមត្ថភាព​ហើយ​ពិត​ជា​នឹង​ធ្វើ​អ្វី​ដែល​ជា​ប្រយោជន៍​ច្រើន​បំផុត​ដល់​យើង!»។ លោក​ហាម ដែល​កើត​នៅ​ទ្វីប​អាស៊ី តែ​ឥឡូវ​រស់​នៅ​ទ្វីប​អឺរ៉ុប​វិញ​ប្រាប់​ថា​៖​«ខ្ញុំ​ជឿជាក់​ថា ព្រះ​យេហូវ៉ា​កំពុង​តែ​គ្រប់គ្រង​អ្វី​ទាំង​អស់ ហើយ​ទ្រង់​មិន​ចេះ​ធ្វើ​ខុស​ទេ ដូច្នេះ​ខ្ញុំ​សប្បាយ​ចិត្ត​ពឹង​លើ​ទ្រង់»។

គឺ​ជា​ការ​ពិត​ដែល​ថា យើង​ម្នាក់ៗ​មិន​គ្រាន់​តែ​ត្រូវ​ទុក​ចិត្ត​ព្រះ​អង្គ​ដែល​ជា​អ្នក​បង្កើត​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​ទុក​ចិត្ត​មនុស្ស​ឯ​ទៀត​ផង​ដែរ។ ដូច្នេះ ក្នុង​នាម​ជា​មិត្ត​សំឡាញ់​ដែល​មាន​ប្រាជ្ញា​និង​ពោរពេញ​ដោយ​បទ​ពិសោធន៍​យ៉ាង​ច្រើន​នោះ ព្រះ​យេហូវ៉ា​ទូន្មាន​យើង​អំពី​មនុស្ស​បែប​ណា​ដែល​យើង​គួរ​ទុក​ចិត្ត។ បើ​យើង​អាន​ព្រះ​គម្ពីរ​ដោយ​យក​ចិត្ត​ទុក​ដាក់ យើង​អាច​កត់​សម្គាល់​នូវ​ឱវាទ​របស់​ទ្រង់​ស្តី​អំពី​រឿង​នេះ។

មនុស្ស​ដែល​យើង​អាច​ទុក​ចិត្ត​បាន

អ្នក​តែង​បទ​ទំនុក​បាន​សរសេរ​ថា​៖​«កុំ​ឲ្យ​ទុក​ចិត្ត​នឹង​អ្នក​ធំ ឬ​នឹង​ពូជ​ពង្ស​នៃ​មនុស្ស​ណា​ឡើយ គេ​នឹង​ជួយ​ឯង​មិន​បាន​ទេ»។ (ទំនុកដំកើង ១៤៦:៣) ពាក្យ​នេះ​ដែល​ព្រះ​បណ្ដាល​ឲ្យ​សរសេរ​ជួយ​យើង​ទទួល​ស្គាល់​ថា មាន​មនុស្ស​ជា​ច្រើន​ដែល​មិន​គួរ​ឲ្យ​ទុក​ចិត្ត​ទេ។ សូម្បីតែ​អ្នក​ដែល​ត្រូវ​គេ​គោរព​ជា​«អ្នក​ធំ»​ក្នុង​លោកីយ៍​នេះ ដូច​ជា​អ្នក​ជំនាញ​ក្នុង​វិស័យ​ណា​មួយ ក៏​មិន​មែន​ជា​បុគ្គល​ដែល​យើង​គួរ​ទុក​ចិត្ត​ភ្លាមៗ​នោះ​ទេ។ ជា​ញយៗ ការ​ណែនាំ​របស់​ពួក​គាត់​គឺ​ខុស ហើយ​ការ​ទុក​ចិត្ត​«អ្នក​ធំ»​ទាំង​នេះ អាច​ប្រែ​ក្លាយ​ទៅ​ជា​ការ​ខក​ចិត្ត​ទៅ​វិញ​យ៉ាង​ឆាប់​រហ័ស។

ពិត​ណាស់​ដែល​នេះ​មិន​គួរ​នាំ​ឲ្យ​យើង​លែង​ទុក​ចិត្ត​មនុស្ស​ទាំង​អស់នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ យើង​ពិត​ជា​ត្រូវ​ចេះ​ជ្រើសរើស​ដោយ​ប្រុង​ប្រយ័ត្ន​នូវ​អ្នក​ដែល​យើង​នឹង​ទុក​ចិត្ត។ តើ​យើង​គួរ​រើស​ដោយ​ផ្អែក​លើ​ខ្នាត​តម្រា​អ្វី? គំរូ​របស់​សាសន៍​អ៊ីស្រាអែល​ពី​បុរាណ​ប្រហែល​ជា​អាច​ជួយ​យើង​បាន។ ពេល​សាសន៍​អ៊ីស្រាអែល​ត្រូវ​តែងតាំង​បុគ្គល​ណា​ម្នាក់​ឲ្យ​កាន់​មុខ​តំណែង​សំខាន់ ម៉ូសេ​ត្រូវ​បាន​ណែនាំ​ថា​៖​«រើស​យក​មនុស្ស​ប៉ិនប្រសប់ ដែល​មាន​ចិត្ត​កោត​ខ្លាច​ដល់​ព្រះ​ក្នុង​ពួក​ជន ជា​មនុស្ស​ទៀងត្រង់​ដែល​ស្អប់​ការ​សំណូក»។ (និក្ខមនំ ១៨:២១) តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​នេះ?

មុន​ដែល​គេ​ទុក​ចិត្ត​ឲ្យ​កាន់​តំណែង​ជា​អ្នក​ទទួល​ខុសត្រូវ នោះ​បុរស​ទាំង​នេះ​ត្រូវ​ជា​អ្នក​ដែល​បាន​បង្ហាញ​គុណសម្បត្ដិ​មួយ​ចំនួន​ដូច​ព្រះ។ ពួក​គាត់​បាន​បង្ហាញ​ឲ្យ​ឃើញ​រួច​ហើយ​ថា ជា​អ្នក​កោត​ខ្លាច​និង​គោរព​ព្រះ​ដែល​ជា​អ្នក​បង្កើត ហើយ​ក៏​ខ្លប​ខ្លាច​មិន​ចង់​ធ្វើ​អ្វី​ដែល​មិន​សព្វ​ព្រះ​ហឫទ័យ​ទ្រង់​ឡើយ។ មនុស្ស​ទាំង​អស់​គ្នា​បាន​ឃើញ​ច្បាស់​ថា បុរស​ទាំង​នេះ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​កាន់​តាម​ខ្នាត​តម្រា​របស់​ព្រះ។ ពួក​គាត់​ស្អប់​សំណូក​ដែល​ជា​លក្ខណៈ​មួយ​បង្ហាញ​ថា​ប្រកាន់​សីលធម៌​យ៉ាង​មុតមាំ និង​ជា​លក្ខណៈ​ដែល​ទប់​មិន​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​ពុក​រលួយ​ដោយសារ​បាន​អំណាច​នោះ។ ពួក​គាត់​នឹង​មិន​រំលោភ​បំពាន​ទៅ​លើ​អ្នក​ដែល​បាន​ទុក​ចិត្ត​ពួក​គាត់ ដោយ​ខំ​ស្វែង​រក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឬ​ប្រយោជន៍​បងប្អូន​ញាតិ​មិត្ត​ឬ​ពួក​ម៉ាក​នោះ​ទេ។

សព្វ​ថ្ងៃ​នេះ គួរ​គប្បី​ឲ្យ​យើង​ផ្អែក​លើ​ខ្នាត​តម្រា​ដូច​គ្នា​ពេល​កំពុង​សម្រេច​ចិត្ត​ថា យើង​នឹង​ទុក​ចិត្ត​អ្នក​ណា​ដែរ មែន​ទេ? តើ​យើង​ស្គាល់​អ្នក​ខ្លះ​ដែល​មាន​កិរិយា​ប្រព្រឹត្ត​ដែល​បង្ហាញ​ថា ពួក​គាត់​កោត​ខ្លាច​ព្រះ​ឬ? តើ​ពួក​គាត់​តាំង​ចិត្ត​កាន់​តាម​ខ្នាត​តម្រា​របស់​ទ្រង់​ស្តី​អំពី​កិរិយា​ប្រព្រឹត្ត​ឬ​ទេ? តើ​ពួក​គាត់​មាន​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​ដើម្បី​ទប់ទល់​មិន​ធ្វើ​អ្វី​ដែល​ខុស​ទេ? តើ​ពួក​គាត់​ជា​មនុស្ស​ទៀងត្រង់​មិន​ឆក់​ឱកាស​ជញ្ជក់​យក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឬ? មនុស្ស​ប្រុស​ស្រី​ដែល​មាន​គុណសម្បត្ដិ​បែប​នេះ​ពិត​ជា​គួរ​ឲ្យ​ទុក​ចិត្ត​មែន។

កុំ​អាល​អស់​សង្ឃឹម​ដោយសារ​ខក​ចិត្ត​ម្ដងៗ

នៅ​ពេល​កំពុង​សម្រេច​ចិត្ត​ថា គួរ​នឹង​ទុក​ចិត្ត​អ្នក​ណា​ទៅ នោះ​យើង​ត្រូវ​ចេះ​អត់ធ្មត់ ដ្បិត​ត្រូវ​ការ​រយៈ​ពេល​យូរ​ទើប​អាច​ដឹង​ថា គួរ​ទុក​ចិត្ត​ឬ​យ៉ាង​ណា។ យក​ល្អ​ឲ្យ​យើង​ចាប់​ផ្ដើម​ទុក​ចិត្ត​អ្នក​ណា​ម្នាក់​បន្ដិច​ម្ដងៗ​សិន។ តើ​យ៉ាង​ដូច​ម្ដេច? យើង​ប្រហែល​ជា​មើល​ការ​ប្រព្រឹត្ត​របស់​គាត់​អស់​មួយ​រយៈ ដោយ​កត់​សម្គាល់​ទង្វើ​របស់​គាត់​ក្នុង​កាលៈទេសៈ​ផ្សេងៗ។ តើ​គាត់​គួរ​ឲ្យ​ទុក​ចិត្ត​ក្នុង​រឿង​តូចតាច​ឬ​ទេ? ជា​ឧទាហរណ៍ នៅ​ពេល​គាត់​ខ្ចី​អ្វីៗ តើ​គាត់​ឲ្យ​វិញ​តាម​ពាក្យ​សន្យា​ទេ? ហើយ​នៅ​ពេល​គាត់​ណាត់​ជួប​ជា​មួយ​គេ តើ​គាត់​មក​ទាន់​ពេល​ឬ​ទេ? បើ​ដូច្នេះ យើង​ប្រហែល​ជា​អាច​គិត​ថា យើង​អាច​ទុក​ចិត្ត​គាត់​ក្នុង​រឿង​សំខាន់​ជាង​ដែរ។ នេះ​គឺ​សម​ស្រប​ទៅ​តាម​គោលការណ៍​ថា​៖​«អ្នក​ណា​ដែល​ស្មោះ​ត្រង់​ក្នុង​ការ​តូច​បំផុត នោះ​ក៏​ឈ្មោះ​ថា ស្មោះ​ត្រង់​ក្នុង​ការ​ធំ»។ (លូកា ១៦:១០) បើ​ជ្រើសរើស​ដោយ​ប្រុង​ប្រយ័ត្ន​និង​ដោយ​អត់ធ្មត់ នោះ​ជួយ​កុំ​ឲ្យ​យើង​ខក​ចិត្ត​ខ្លាំង។

យ៉ាង​ណា​ក៏​ដោយ ចុះ​បើ​អ្នក​ណា​ម្នាក់​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត? សិស្ស​ព្រះ​គម្ពីរ​នឹក​ចាំ​ថា នៅ​រាត្រី​ដែល​ព្រះ​យេស៊ូ​គ្រីស្ទ​ត្រូវ​គេ​ចាប់​ទ្រង់ នោះ​សាវ័ក​របស់​ទ្រង់​ធ្វើ​ឲ្យ​ទ្រង់​ខក​ព្រះទ័យ​យ៉ាង​ខ្លាំង។ យូដាស អ៊ីស្ការីយ៉ុត​បាន​ក្បត់​ទ្រង់ ហើយ​សាវ័ក​ឯ​ទៀត​ក៏​ភ័យ​ខ្លាច​និង​រត់​ចោល​ទ្រង់។ ពេត្រុស​ក៏​បាន​បដិសេធ​បី​ដង​ថា មិន​ស្គាល់​ព្រះ​យេស៊ូ​ទេ។ ប៉ុន្តែ ព្រះ​យេស៊ូ​បាន​វិនិច្ឆ័យ​យល់​ថា មាន​តែ​យូដាស​ទេ​ដែល​មាន​ចេតនា​ក្បត់​ទ្រង់។ ទោះ​ជា​ពួក​សាវ័ក​បាន​ធ្វើ​ឲ្យ​ទ្រង់​ខក​ព្រះទ័យ​នៅ​គ្រា​សំខាន់​នោះ​ក៏​ដោយ គ្រាន់​តែ​ប៉ុន្មាន​សប្ដាហ៍​ក្រោយ​មក​ទៀត នោះ​ទ្រង់​នៅ​តែ​បាន​បញ្ជាក់​ថា ទ្រង់​ទុក​ចិត្ត​សាវក​ទាំង​១១​នាក់​ដែល​នៅ​សល់។ (ម៉ាថាយ ២៦:៤៥​-​៤៧, ៥៦, ៦៩​-​៧៥; ២៨:១៦​-​២០) ស្រដៀង​គ្នា​ដែរ បើ​យើង​មាន​អារម្មណ៍​ថា មនុស្ស​ដែល​យើង​ទុក​ចិត្ត​បាន​ក្បត់​យើង នោះ​យក​ល្អ​ឲ្យ​យើង​ពិចារណា​ថា ទង្វើ​របស់​គាត់​ដែល​យើង​ចាត់​ទុក​ជា​ការ​ក្បត់​នោះ តើ​គាត់​បាន​ធ្វើ​ដោយសារ​ខ្លួន​ជា​មនុស្ស​មិន​គួរ​ឲ្យ​ទុក​ចិត្ត​ឬ​ក៏​គ្រាន់​តែ​ជា​ការ​ជ្រុល​ធ្វើ​ខុស​ម្ដង?

តើ​ខ្ញុំ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ឬ?

មនុស្ស​ម្នាក់​ដែល​សម្រេច​ចិត្ត​ជ្រើសរើស​ដោយ​ប្រុង​ប្រយ័ត្ន​នូវ​អ្នក​ណា​ដែល​គាត់​នឹង​ទុក​ចិត្ត​នោះ ក៏​ត្រូវ​មាន​យុត្ដិធម៌​ដែរ​ដោយ​សួរ​ខ្លួន​ថា​៖​‹តើ​ខ្ញុំ​ជា​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ត​ឬ? តើ​ខ្ញុំ​គួរ​តម្រូវ​ឲ្យ​ខ្លួន​ឯង​និង​អ្នក​ដទៃ​មាន​ភាព​គួរ​ឲ្យ​ទុក​ចិត្ត​ប៉ុន​ណា​ទៅ?›។

មនុស្ស​ម្នាក់​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​តែង​និយាយ​សេចក្ដី​ពិត​ជានិច្ច។ (អេភេសូរ ៤:២៥) គាត់​មិន​គេច​កែ​សំដី​ដើម្បី​ផ្គាប់​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​ខ្លួន​បាន​ផល​ប្រយោជន៍​ទេ។ ហើយ​បើ​សន្យា​អ្វី​មួយ មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​តាម​ពាក្យ​សន្យា​នោះ។ (ម៉ាថាយ ៥:៣៧) បើ​មនុស្ស​ម្នាក់​មក​ប្រាប់​រឿង​សម្ងាត់​របស់​ខ្លួន​ផ្ទាល់ នោះ​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​មិន​ធ្លាយ​ប្រាប់​អ្នក​ដទៃ​ហើយ​ក៏​មិន​និយាយ​ដើម​គេ​ទេ។ មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​គឺ​ស្មោះ​ត្រង់​នឹង​គូអាពាហ៍ពិពាហ៍។ គាត់​មិន​មើល​រូប​អាសអាភាស មិន​គិត​មមៃ​ពី​រឿង​ភេទ ហើយ​ក៏​មិន​ចែចង់​អ្នក​ដទៃ​ដែរ។ (ម៉ាថាយ ៥:២៧,​២៨) មនុស្ស​ម្នាក់​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ខំ​ប្រឹងប្រែង​ធ្វើ​ការ​ចិញ្ចឹម​ខ្លួន​និង​ក្រុម​គ្រួសារ ហើយ​គាត់​មិន​ប្រើ​អ្នក​ដទៃ​ជា​ឈ្នាន់​ឲ្យ​ខ្លួន​បាន​លុយ​ដោយ​ស្រួល​នោះ​ទេ។ (ធីម៉ូថេទី១ ៥:៨) ការ​ចង​ចាំ​នូវ​ខ្នាត​តម្រា​បទ​គម្ពីរ​ដ៏​សម​ហេតុ​សម​ផល​ទាំង​នេះ​នឹង​ជួយ​យើង​យល់​ដឹង​ថា មនុស្ស​ណា​ដែល​យើង​អាច​ទុក​ចិត្ត​បាន។ ម្យ៉ាង​ទៀត ការ​កាន់​តាម​ខ្នាត​តម្រា​ទាំង​នោះ​ដោយ​ខ្លួន​ឯង​នឹង​ជួយ​យើង​ម្នាក់ៗ​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​អ្នក​ឯ​ទៀត​អាច​ទុក​ចិត្ត​បាន។

បើ​អាច​រស់​នៅ​ក្នុង​លោកីយ៍​មួយ​ដែល​មនុស្ស​ទាំង​អស់​គួរ​ឲ្យ​ទុក​ចិត្ត ហើយ​គ្មាន​ការ​ក្បត់​ដែល​នាំ​ឲ្យ​ខក​ចិត្ត​ទៀត នោះ​ពិត​ជា​គាប់​ចិត្ត​ណាស់! តើ​នេះ​គឺ​ជា​ការ​យល់សប្ដិ​ប៉ុណ្ណោះ​ឬ? ចំពោះ​អ្នក​ដែល​ជឿ​ទៅ​លើ​សេចក្ដី​សន្យា​ក្នុង​ព្រះ​គម្ពីរ នេះ​មិន​មែន​ជា​ការ​យល់សប្ដិ​នោះ​ទេ ដ្បិត​ព្រះ​បន្ទូល​របស់​ព្រះ​ទាយ​អំពី​«ផែនដី​ថ្មី»​ដ៏​សែន​ស្អាត​ដែល​គ្មាន​ការ​បោកប្រាស់ ភូត​កុហក និង​ការ​ជញ្ជក់​ផល​ប្រយោជន៍​ពី​អ្នក​ដទៃ ថែម​ទាំង​គ្មាន​សេចក្ដី​សោក​សង្រេង ការ​ឈឺថ្កាត់ និង​សេចក្ដី​ស្លាប់​ទៀត​ផង! (ពេត្រុសទី២ ៣:១៣; ទំនុកដំកើង ៣៧:១១, ២៩; វិវរណៈ ២១:៣​-​៥) ដូច្នេះ​គួរ​គប្បី​ឲ្យ​យើង​រៀន​ថែម​ទៀត​អំពី​សេចក្ដី​សង្ឃឹម​នេះ មែន​ទេ? ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​សប្បាយ​ចិត្ត​ផ្ដល់​ពត៌មាន​ថែម​ទៀត​ដល់​អ្នក​អំពី​រឿង​នេះ និង​រឿង​ឯ​ទៀត​ដែល​សំខាន់​ចាំបាច់។

[រូបភាព​នៅ​ទំព័រ​៤]

ការ​មិន​ចេះ​ទុក​ចិត្ត​អ្នក​ដទៃ ធ្វើ​ឲ្យ​យើង​លែង​មាន​សុភមង្គល

[រូបភាព​នៅ​ទំព័រ​៥]

ព្រះ​យេហូវ៉ា​ពិត​ជា គួរ​ឲ្យ​ទុក​ចិត្ត​បំផុត

[រូបភាព​នៅ​ទំព័រ​៧]

យើង​ទាំង​អស់​គ្នា​ត្រូវ​ការ ទំនាក់ទំនង​ដែល​មាន​មូលដ្ឋាន លើ​ការ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក