លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើមានអ្នកណាដែលគួរឲ្យទុកចិត្ដ?

តើមានអ្នកណាដែលគួរឲ្យទុកចិត្ដ?

តើ​មាន​អ្នក​ណា​ដែល​គួរ​ឲ្យ​ទុក​ចិត្ត?

នៅ​ឆ្នាំ​១៩៨៩ បន្ទាប់​ពី​កំផែង​ទី​ក្រុង​ប៊ែឡាំង​ត្រូវ​បាន​រំលំ​នោះ រឿង​សម្ងាត់​ជា​ច្រើន​ដែល​គេ​បាន​លាក់​ជិត​យ៉ាង​ល្អ​នោះ ត្រូវ​បាន​បើក​កកាយ។ ជា​ឧទាហរណ៍ លោក​ស្រី​លីឌា * បាន​ដំណឹង​ថា​ពួក​ស្ដា​ស៊ី ឬ​ប៉ូលិស​សំងាត់​របស់​រដ្ឋ​បាន​កត់​បញ្ជី​មួយ​អំពី​សកម្មភាព​ផ្ទាល់​ខ្លួន​របស់​គាត់ ក្នុង​កំឡុង​ដែល​មាន​របប​សង្គម​និយម​នៅ​ប្រទេស​អាល្លឺម៉ង់​ខាង​កើត។ ទោះ​បើ​ដំណឹង​អំពី​បញ្ជី​នេះ​បាន​ធ្វើ​ឲ្យ​លោក​ស្រី​លីឌា​ភ្ញាក់ផ្អើល​ក្ដី គាត់​បាន​ត្រឡប់​ជា​ស្រឡាំងកាំង​វិញ ពេល​ឮ​ថា​អ្នក​ដែល​ឲ្យ​ពត៌មាន​ដល់​ពួក​ស្ដា​ស៊ី គឺ​ជា​ប្ដី​របស់​គាត់​តែ​ម្ដង។ លោក​ស្រី​លីឌា​ត្រូវ​បាន​ក្បត់​ដោយ​បុគ្គល​ម្នាក់​ដែល​គួរ​ជា​បុគ្គល​ដែល​គាត់​អាច​ទុក​ចិត្ត​ច្រើន​ជាង​គេ។

កាសែត​មួយ​របស់​ទី​ក្រុង​ឡុង​រាយ​ការណ៍​ថា លោក​រ៉ូ​បឺត ជា​បុរស​វ័យ​ចាស់​ដែល​មាន​ការ​«កោត​គោរព​និង​ទុក​ចិត្ត​ជា​ទីបំផុត»​ចំពោះ​គ្រូ​ពេទ្យ​ប្រចាំ​របស់​គាត់។ (The Times) គ្រូ​ពេទ្យ​នោះ​មាន​ឈ្មោះ​ជា​មនុស្ស​«ស្លូតបូត​ដែល​ចេះ​អាណិតអាសូរ»។ ស្រាប់​តែ​នៅ​ថ្ងៃ​មួយ​លោក​រ៉ូ​បឺត​ស្លាប់​ដោយ​គ្មាន​អ្នក​ណា​នឹក​ស្មាន​ដល់។ តើ​គាត់​ស្លាប់​ដោយសារ​គាំង​បេះដូង​ឬ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ទេ? អត់​ទេ! ពួក​អាជ្ញាធរ​សន្និដ្ឋាន​ថា គ្រូ​ពេទ្យ​នោះ​បាន​ទៅ​ពិនិត្យ​លោក​រ៉ូ​បឺត​នៅ​ផ្ទះ​ហើយ​ធ្វើ​ឃាត​គាត់​ដោយ​ចាក់​ថ្នាំ​សម្លាប់ ដែល​លោក​រ៉ូ​បឺត​និង​ក្រុម​គ្រួសារ​មិន​បាន​ដឹង​ទេ។ តាម​មើល​ទៅ អ្នក​ធ្វើ​ឃាត​លោក​រ៉ូ​បឺត​ជា​បុគ្គល​ដែល​គាត់​ទុក​ចិត្ត​ទាំង​ស្រុង។

លោក​ស្រី​លីឌា​និង​លោក​រ៉ូ​បឺត​ត្រូវ​បាន​បុគ្គល​ដែល​ខ្លួន​ទុក​ចិត្ត​បែរ​ជា​ក្បត់​តាម​វិធី​គួរ​ឲ្យ​ខ្លាច ហើយ​លទ្ធផល​គឺ​អាក្រក់​ក្រៃលែង។ ក្នុង​ករណី​ដទៃ​ទៀត​នៃ​ការ​ក្បត់​អ្នក​ដែល​ទុក​ចិត្ត លទ្ធផល​មិន​សូវ​ជា​រឿង​ធ្ងន់ធ្ងរ​ប៉ុន្មាន​ទេ។ ទោះ​ជា​យ៉ាង​ណា ក៏​ការ​ខក​ចិត្ត​នឹង​អ្នក​ណា​ម្នាក់​ដែល​យើង​ទុក​ចិត្ត​មិន​មែន​ជា​បញ្ហា​ខុស​ពី​ធម្មតា​ទេ។ វិទ្យា​ស្ថាន​ដែល​នាំ​មុខ​ផ្នែក​ការ​ស្ទង់​មតិ​ប្រចាំ​ប្រទេស​អាល្លឺម៉ង់ បាន​បោះ​ពុម្ព​សេចក្ដី​រាយ​ការណ៍​ពី​ការ​ស្ទង់​មតិ​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា ៨៦​ភាគ​រយ​នៃ​អ្នក​ដែល​បាន​ឆ្លើយ​ចំពោះ​ការ​ស្ទង់​មតិ​នោះ ធ្លាប់​ខក​ចិត្ត​នឹង​បុគ្គល​ដែល​ខ្លួន​ទុក​ចិត្ត។ (Allensbacher Jahrbuch der Demoskopie 1998-2002) ប្រហែល​ជា​អ្នក​ក៏​ធ្លាប់​មាន​ការ​ខក​ចិត្ត​ដូច្នេះ​ដែរ។ ហេតុ​នេះ​ហើយ គ្មាន​អ្វី​ចំឡែក​ទេ​ដែល​កាសែត​មួយ​នៅ​ប្រទេស​ស្វីស បាន​រាយ​ការណ៍​នៅ​ឆ្នាំ​២០០២​ថា «នៅ​ប្រទេស​ខាង​លិច​ដែល​ជា​ប្រទេស​ឧស្សាហកម្ម​នោះ ទំនាក់ទំនង​ដែល​មាន​មូលដ្ឋាន​លើ​ការ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក បាន​ចាប់​ផ្ដើម​មាន​តិច​ទៅៗ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ»។ (Neue Zürcher Zeitung)

បណ្ដុះ​ការ​ទុក​ចិត្ត​ត្រូវ​ការ​ពេល តែ​អាច​បំផ្លាញ​ទៅ​មួយ​រំពេច

តើ​ការ​ទុក​ចិត្ត​ជា​អ្វី​ទៅ? យោង​ទៅ​តាម​វចនានុក្រម​មួយ ការ​ទុក​ចិត្ត​ទៅ​លើ​អ្នក​ដទៃ​មាន​ន័យ​ថា យើង​ជឿ​ថា​ពួក​គេ​ជា​មនុស្ស​ទៀងត្រង់ មាន​ចិត្ត​ស្មោះ និង​មិន​ចង់​ធ្វើ​ទុក្ខ​អ្វី​ដល់​យើង​ដោយ​ចេតនា​នោះ​ទេ។ ការ​ទុក​ចិត្ត​ត្រូវ​បណ្ដុះ​បន្ដិច​ម្ដងៗ តែ​អាច​បំផ្លាញ​ទៅ​វិញ​ក្នុង​មួយ​រំពេច​ប៉ុណ្ណោះ។ ដោយសារ​មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​មួយ​ថា អ្នក​ដែល​ពួក​គេ​ទុក​ចិត្ត​បាន​បែរ​ជា​ក្បត់​វិញ គ្មាន​អ្វី​ប្លែក​ទេ​ដែល​ពួក​គេ​ជា​ច្រើន​មិន​សូវ​ចង់​ទុក​ចិត្ត​អ្នក​ដទៃ​នោះ មែន​ទេ? យោង​ទៅ​តាម​លទ្ធផល​ពី​ការ​ស្ទង់​មតិ​មួយ​ដែល​បោះ​ពុម្ព​នៅ​ប្រទេស​អាល្លឺម៉ង់​នា​ឆ្នាំ​២០០២ «យុវជន​តិច​ជាង​ម្នាក់​ក្នុង​បី​មាន​ទំនុក​ចិត្ត​ទៅ​លើ​អ្នក​ឯ​ទៀត»។

យើង​ប្រហែល​ជា​សួរ​ខ្លួន​ថា​៖ ‹តើ​យើង​ពិត​ជា​អាច​ទុក​ចិត្ត​នឹង​អ្នក​ឯទៀត​បាន​ទេ? តើ​គួរ​ប្រថុយ​ទុក​ចិត្ត​អ្នក​ដទៃ​ទោះ​ជា​ពួក​គេ​អាច​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត​បាន​នោះ?›។

[កំណត់​សម្គាល់]

^ វគ្គ 2 ឈ្មោះ​ត្រូវ​បាន​ប្ដូរ

[រូបភាព​នៅ​ទំព័រ​៣]

ការ​ស្ទង់​មតិ​មួយ​បង្ហាញ​ឲ្យ​ដឹង​ថា ៨៦​ភាគ​រយ​នៃ​មនុស្ស​ដែល​ឆ្លើយ​តប​ការ​ស្ទង់​មតិ ធ្លាប់​ខក​ចិត្ត​នឹង​បុគ្គល​ដែល​ពួក​គេ​ទុក​ចិត្ត