លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ទីបញ្ចប់នៃសង្គ្រាម

ទីបញ្ចប់នៃសង្គ្រាម

ទីបញ្ចប់​នៃ​សង្គ្រាម

ពាក្យ​ដែល​ធ្វើ​ឲ្យ​រំជើបរំជួល​ក្នុង​ចិត្ត​ទាំង​នេះ បញ្ជាក់​នូវ​ក្ដី​សង្ឃឹម​ក្នុង​ចិត្ត​របស់​កុមារ​និង​យុវជន​ដែល​បាន​រង​ការ​ឈឺចាប់​ជា​ច្រើន​ឆ្នាំ​ដោយសារ​សង្គ្រាម​ស៊ីវិល។ ពួក​គេ​គ្រាន់​តែ​ចង់​រស់​នៅ​ដូច​មនុស្ស​ធម្មតា​ប៉ុណ្ណោះ។ ប៉ុន្តែ​ការ​ធ្វើ​ឲ្យ​ក្ដី​សង្ឃឹម​ក្លាយ​ទៅ​ជា​ការ​ពិត គឺ​ជា​ការ​ពិបាក​ណាស់។ តើ​យើង​នឹង​អាច​ឃើញ​សង្គ្រាម​ចប់​មុន​ដែល​យើង​ស្លាប់​ទេ?

នៅ​ឆ្នាំ​ថ្មីៗ​នេះ មាន​ការ​ព្យាយាម​ពី​សំណាក់​អន្តរជាតិ​ដើម្បី​ដោះ​ស្រាយ​សង្គ្រាម​ស៊ីវិល​ដោយ​បង្ខំ​ភាគី​ទាំង​សង​ខាង​ឲ្យ​ចុះ​ហត្ថលេខា​លើស​ន្ធិ​សញ្ញា​សន្ដិភាព​មួយ។ ប្រទេស​ខ្លះ​បាន​បញ្ជូន​កង​កម្លាំង​រក្សា​សន្ដិភាព​ទៅ​បង្ខំ​ឲ្យ​គោរព​តាម​ស​ន្ធិ​សញ្ញា​ទាំង​នេះ។ ប៉ុន្តែ មាន​ប្រទេស​តិច​ណាស់​ដែល​សុខ​ចិត្ត​ឬ​ក៏​មាន​ថវិការ​ល្មម​គ្រប់គ្រាន់​ឲ្យ​ជួយ​តាម​ដាន​សភាព​ការណ៍​នៅ​ប្រទេស​ឆ្ងាយៗ ដែល​នៅ​ប្រទេស​ទាំង​នោះ​ប្រជាជន​ចេះ​តែ​ស្អប់​គ្នា​និង​សង្ស័យ​គ្នា រហូត​នាំ​ឲ្យ​ស​ន្ធិ​សញ្ញា​ណា​ដែល​ភាគី​ទាំង​សង​ខាង​ចុះ​ហត្ថលេខា​នោះ​មាន​ប្រសិទ្ធ​ភាព​តិច​ណាស់។ ជា​ញឹកញយ មាន​សង្គ្រាម​ផ្ទុះ​ឡើង​ម្ដង​ទៀត គ្រាន់​តែ​ប៉ុន្មាន​សប្ដាហ៍​ឬ​ប៉ុន្មាន​ខែ​ក្រោយ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់​នោះ។ ដូច​អង្គការ​SIPRI​បញ្ជាក់​នោះ​៖ «គឺ​ពិបាក​បង្កើត​សន្ដិភាព​ណាស់ នៅ​ពេល​យុទ្ធ​ជន​មាន​ឆន្ទៈ​និង​មាន​លទ្ធភាព​ប្រយុទ្ធ​បន្ត​នោះ»។

ដំណាល​គ្នា​នេះ​ដែរ ការ​ប្រយុទ្ធ​ដែល​ពិបាក​រក​ដំណោះ​ស្រាយ​ទាំង​នេះ​ដែល​ញាំ​ញី​ភូមិភាគ​ខ្លះ​នៅ​ផែនដី ធ្វើ​ឲ្យ​ជន​គ្រីស្ទាន​នឹក​ចាំ​ពី​បទ​ទំនាយ​ព្រះ​គម្ពីរ​មួយ។ សៀវភៅ​វិវរណៈ​ប្រាប់​អំពី​គ្រា​លំបាក​មួយ​ក្នុង​ប្រវត្ដិសាស្ត្រ ដែល​ក្នុង​គ្រា​នោះ​មាន​អ្នក​ជិះ​សេះ​ជា​អត្ថបដិរូប​មក​«ដក​យក​សេចក្ដី​សុខសាន្ត​ពី​ផែនដី​ចេញ»។ (វិវរណៈ ៦:៤) ការ​ពណ៌នា​អំពី​សង្គ្រាម​ដែល​មិន​ចេះ​ចប់​នេះ​ជា​លក្ខណៈ​មួយ​នៃ​ទី​សម្គាល់​ដែល​បញ្ជាក់​ថា យើង​កំពុង​តែ​រស់​ក្នុង​គ្រា​ដែល​ព្រះ​គម្ពីរ​ហៅ​ថា​«ជាន់​ក្រោយ​បង្អស់»។ * (ធីម៉ូថេទី២ ៣:១) ប៉ុន្តែ ព្រះ​បន្ទូល​របស់​ព្រះ​ផ្ដល់​មូលហេតុ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​ថា គ្រា​ជាន់​ក្រោយ​បង្អស់​នេះ​ជា​ទី​ចាប់​ផ្ដើម​នៃ​សន្ដិភាព។

ព្រះ​គម្ពីរ​ពន្យល់​នៅ​ទំនុកដំកើង ៤៦:៩​ថា សន្ដិភាព​ពិត​មិន​ត្រឹម​តែ​ជា​ការ​លែង​មាន​សង្គ្រាម​នៅ​កន្លែង​មួយ​លើ​ផែនដី​ប៉ុណ្ណោះ​ទេ តែ​ជា​ការ​លែង​មាន​សង្គ្រាម​ទូទាំង​ពិភពលោក​វិញ។ ម្យ៉ាង​ទៀត ទំនុក​ដដែល​នេះ​ប្រាប់​អំពី​ការ​បំផ្លាញ​ចោល​នូវ​សស្ដ្រាវុធ​ដែល​គេ​ធ្លាប់​ប្រើ​ធ្វើ​សង្គ្រាម​នៅ​សម័យ​ព្រះ​គម្ពីរ ដូច​ជា​ធ្នូ​និង​លំពែង​ជា​ដើម។ ដើម្បី​មនុស្ស​អាច​មាន​សន្ដិភាព អាវុធ​ដែល​មាន​បរិបូរ​នៅ​សព្វ​ថ្ងៃ​នេះ​ក៏​ត្រូវ​បំផ្លាញ​ចោល​ដូច​គ្នា។

ប៉ុន្តែ បើ​និយាយ​ឲ្យ​ចំ​ទៅ សង្គ្រាម​ផ្ដើម​មក​ពី​ការ​ស្អប់​គ្នា​និង​ចិត្ត​លោភ​លន់ មិន​មែន​ដោយ​គ្រាប់​កាំភ្លើង​ទេ។ ចិត្ត​លោភ​លន់​គឺ​ជា​មូលហេតុ​ធំ​បំផុត​ដែល​នាំ​ឲ្យ​មាន​សង្គ្រាម ហើយ​ជា​ញឹកញយ​ការ​ស្អប់​គ្នា​នាំ​ឲ្យ​មាន​អំពើ​ឃោរឃៅ។ ដើម្បី​បំបាត់​ចោល​នូវ​អារម្មណ៍​អាក្រក់​ទាំង​នេះ​ចេញ​ពី​ចិត្ត នោះ​មនុស្ស​ត្រូវ​តែ​កែ​ប្រែ​របៀប​ពួក​គេ​គិត។ ពួក​គេ​ត្រូវ​ទទួល​ការ​អប់រំ​ឲ្យ​ចេះ​ដើរ​តាម​ផ្លូវ​សន្ដិភាព។ ហេតុ​នេះ ព្យាការី​ពី​បុរាណ​ឈ្មោះ​អេសាយ​បាន​បញ្ជាក់​ការ​ពិត​ដោយ​ពោល​ថា សង្គ្រាម​នឹង​លែង​មាន​ទាល់​តែ​មនុស្ស​«មិន​ហាត់​រៀន​ធ្វើ​សឹក​សង្គ្រាម​ទៀត»។—អេសាយ ២:៤

ក៏​ប៉ុន្តែ នៅ​បច្ចុប្បន្ន​នេះ យើង​រស់​ក្នុង​លោកីយ៍​មួយ​ដែល​មិន​បង្រៀន​មនុស្ស​ពេញ​វ័យ​និង​កុមារ​អំពី​តម្លៃ​នៃ​សន្ដិភាព​ទេ តែ​បង្រៀន​ពួក​គេ​ថា​ការ​ធ្វើ​សង្គ្រាម​នាំ​ឲ្យ​រុងរឿង​វិញ។ គួរ​ឲ្យ​ស្ដាយ​ណាស់ សូម្បីតែ​កុមារ​កំពុង​តែ​ត្រូវ​បង្វឹក​បង្វឺន​ឲ្យ​ចេះ​សម្លាប់​មនុស្ស។

ពួក​គេ​បាន​រៀន​សម្លាប់​មនុស្ស

នៅ​ពេល​អាល​ហា​ជី​មាន​អាយុ​១៤​ឆ្នាំ​ក៏​បាន​ឈប់​ធ្វើ​ទាហាន។ ប៉ុន្តែ នៅ​ពេល​ពួក​ឧទ្ទាម​ចាប់​អាល​ហា​ជី គាត់​មាន​អាយុ​ត្រឹម​តែ​១០​ឆ្នាំ។ ពួក​គេ​បាន​បង្វឹក​បង្វឺន​អាល​ហា​ជី​ឲ្យ​ចេះ​ប្រយុទ្ធ​ដោយ​ប្រើ​កាំភ្លើង​អាកា​៤៧​មួយ​ដើម។ ក្រោយ​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ធ្វើ​ទាហាន អាល​ហា​ជី​ធ្លាប់​ចូល​លុក​លុយ​កន្លែង​ផ្សេងៗ​យក​អាហារ​និង​ដុត​ផ្ទះ​គេ​ចោល ហើយ​ក៏​ធ្លាប់​កាប់​សម្លាប់​មនុស្ស​ផង​ដែរ។ សព្វ​ថ្ងៃ អាល​ហា​ជី​ពិបាក​បំភ្លេច​ចោល​នូវ​សង្គ្រាម ហើយ​ក៏​ពិបាក​កែ​ប្រែ​លក្ខណៈ​ទៅ​ជា​ជន​ស៊ីវិល​ដូច​គេ​ឯង​ដែរ។ អា​ប្រា​ហាំ​ជា​កុមារ​ម្នាក់​ដែល​ធ្លាប់​ធ្វើ​ទាហាន​និង​រៀន​សម្លាប់​មនុស្ស​ដែរ។ ពេល​គេ​រំសាយ​ទ័ព​ហើយ អា​ប្រា​ហាំ​មិន​ចង់​ប្រគល់​អាវុធ​ទេ។ អា​ប្រា​ហាំ​ប្រាប់​ថា​៖ «បើ​ពួក​គេ​ឲ្យ​ខ្ញុំ​ទៅ​វិញ​ដោយ​ឥត​យក​កាំភ្លើង​ទៅ​ជា​មួយ ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​ទេ ហើយ​ក៏​មិន​ដឹង​ថា​នឹង​បាន​អ្វី​ញ៉ាំ​ដែរ»។

កុមារា​កុមារី​ជាង​៣០០.០០០​នាក់​កំពុង​តែ​តយុទ្ធ​និង​ស្លាប់​ក្នុង​សង្គ្រាម​ស៊ីវិល​មិន​ចេះ​ចប់​ដែល​កំពុង​តែ​ញាំ​ញី​ផែនដី​នេះ។ មេទ័ព​ពួក​ឧទ្ទាម​ម្នាក់​ពន្យល់​ថា​៖ «ពួក​វា​ស្ដាប់​តាម​បញ្ជា ក៏​មិន​ចាំបាច់​ខ្វល់ខ្វាយ​ពី​រឿង​ត្រឡប់​ទៅ​រក​ប្រពន្ធ​កូន ហើយ​ពួក​វា​ក៏​មិន​ចេះ​ខ្លាច​ដែរ»។ ប៉ុន្តែ កុមារា​កុមារី​ទាំង​នេះ​ចង់​បាន​និង​ក៏​គួរ​ទទួល​បាន​ជីវិត​ល្អ​ជាង។

សំរាប់​អ្នក​នៅ​ប្រទេស​ជឿនលឿន ជីវិត​គួរ​ឲ្យ​សង្វេគ​របស់​កុមារា​កុមារី​ដែល​ជា​ទាហាន​ប្រហែល​ជា​ស្ដាប់​ទៅ​ដូច​ជា​ពិបាក​គិត​ឃើញ​ទិដ្ឋភាព​ណាស់។ យ៉ាង​ណា​ក៏​ដោយ នៅ​ប្រទេស​ខាង​លិច​កុមារា​កុមារី​ដែល​នៅ​ផ្ទះ​របស់​ខ្លួន​សុខៗ​ក៏​កំពុង​តែ​រៀន​ធ្វើ​សង្គ្រាម​ដែរ។ តើ​តាម​របៀប​ណា?

ជា​ឧទាហរណ៍ សូម​គិត​អំពី​ហូសេ​ពី​ប្រទេស​អេស្ប៉ាញ​ប៉ែក​អាគ្នេយ៍ ជា​យុវជន​ម្នាក់​ដែល​ចូល​ចិត្ត​ហាត់​ក្បាច់​គុន។ អ្វី​ដែល​គាត់​ស្រឡាញ់​ជាង​គេ​គឺ​ដាវ​វែង​ម្យ៉ាង​របស់​ជនជាតិ​ជប៉ុន​ដែល​ឪពុក​របស់​គាត់​បាន​ទិញ​ជូន​ជា​កាដូ​សំរាប់​បុណ្យ​ណូអែល។ គាត់​ក៏​ស្រឡាញ់​ហ្គេមវីដេអូ​ណាស់ ជា​ពិសេស​ហ្គេម​ណា​ដែល​ឃោរឃៅ។ នៅ​ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ​២០០០ គាត់​បាន​ធ្វើ​តាម​អំពើ​ឃោរឃៅ​របស់​តួ​ដែល​គាត់​ស្រឡាញ់​ក្នុង​ហ្គេម​នោះ ដោយ​សម្លាប់​ឪពុក​ខ្លួន ម្ដាយ​ខ្លួន និង​ប្អូន​ស្រី​ខ្លួន​ដោយ​ប្រើ​ដាវ​ដែល​ឪពុក​គាត់​បាន​ទិញ​ឲ្យ។ ហូសេ​ពន្យល់​ប្រាប់​ប៉ូលិស​ថា​៖ «ខ្ញុំ​ចង់​នៅ​ម្នាក់​ឯង​ក្នុង​លោក មិន​ចង់​ឲ្យ​ឪពុក​ម្ដាយ​មក​តាម​រក​ខ្ញុំ​នោះ​ទេ»។

លោក​ដេវ ក្រូសម៉ាណ ដែល​ជា​អ្នក​និពន្ធ​ផង​និង​មន្ត្រី​យោធា​ផង លោក​បាន​កត់​សម្គាល់​ថា​៖ «ឥឡូវ​នេះ ចិត្ត​របស់​យើង​ហាក់​ដូច​ជា​ស្ពឹក​រហូត​ដល់​មើល​មនុស្ស​រង​ទុក្ខ​រង​ការ​ឈឺចាប់​បាន​ក្លាយ​ទៅ​ជា​ការ​កំសាន្ត​វិញ ហើយ​ជាជាង​ស្អប់​ខ្ពើម យើង​មើល​ដោយ​ក្ដី​រំភើប​ចិត្ត​ដោយ​គិត​ស្រមៃ​ថា​ខ្លួន​ជា​អ្នក​ដែល​ធ្វើ​អំពើ​នោះ​វិញ។ យើង​កំពុង​តែ​រៀន​សម្លាប់​មនុស្ស ហើយ​កំពុង​តែ​ត្រូវ​គេ​បញ្ចេះ​ឲ្យ​ចូល​ចិត្ត​នឹង​អំពើ​នោះ​ទៀត​ផង»។

អាល​ហា​ជី​និង​ហូសេ​ទាំង​ពីរ​នាក់​បាន​រៀន​សម្លាប់​មនុស្ស។ ដើម​ដំបូង​ពួក​គាត់​គ្មាន​បំណង​ទៅ​ជា​ឃាតករ​ទេ ប៉ុន្តែ​ស្មារតី​របស់​ពួក​គាត់​ត្រូវ​បាន​ពង្វក់​ដោយ​អ្វី​ដែល​បញ្ចេះ​ឲ្យ​ធ្វើ​អំពើ​នេះ។ ការ​បញ្ចេះ​នេះ មិន​ថា​ជា​បញ្ចេះ​កុមារ​ឬ​ក៏​មនុស្ស​ធំ​ក៏​ដោយ នោះ​ជា​ជំហាន​ដំបូង​ដែល​នាំ​ឲ្យ​ធ្វើ​អំពើ​ឃោរឃៅ​និង​ធ្វើ​សង្គ្រាម។

ការ​រៀន​បង្កើត​នូវ​សន្ដិភាព​ជាជាង​បង្កើត​សង្គ្រាម

សន្ដិភាព​ដែល​ស្ថិត​ស្ថេរ​មិន​អាច​មាន ពេល​ដែល​មនុស្ស​កំពុង​តែ​រៀន​សម្លាប់​គ្នា​ទេ។ រាប់​សតវត្ស​មុន ព្យាការី​អេសាយ​បាន​សរសេរ​ថា​៖ «ឱ​បើ​ឯង​បាន​ស្ដាប់​តាម​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់[ព្រះ]ទៅ​អេះ! នោះ​សេចក្ដី​សុខ​របស់​ឯង​នឹង​បាន​ដូច​ជា​ទន្លេ»។ (អេសាយ ៤៨:១៧, ១៨) នៅ​ពេល​មនុស្ស​ទទួល​បាន​ចំណេះ​ត្រឹម​ត្រូវ​អំពី​ព្រះ​បន្ទូល​របស់​ព្រះ និង​រៀន​ស្រឡាញ់​ច្បាប់​របស់​ព្រះ នោះ​ពួក​គេ​ចាប់​ផ្ដើម​ស្អប់​ខ្ពើម​នូវ​សង្គ្រាម​និង​អំពើ​ឃោរឃៅ។ សូម្បីតែ​ឥឡូវ​នេះ ឪពុក​ម្ដាយ​យក​ចិត្ត​ទុក​ដាក់​មិន​ឲ្យ​កូន​លេង​ហ្គេម​ណា​ដែល​លើក​ទឹក​ចិត្ត​ឲ្យ​ធ្វើ​អំពើ​ឃោរឃៅ។ មនុស្ស​ធំ​ក៏​អាច​រៀន​បំបាត់​ចោល​នូវ​ការ​ស្អប់​គ្នា​និង​ចិត្តលោភ​លន់​ដែរ។ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ឃើញ​ម្ដង​ហើយ​ម្ដង​ទៀត​ថា ព្រះ​បន្ទូល​របស់​ព្រះ​បញ្ចេញ​ឥទ្ធិពល​ដែល​អាច​កែ​ប្រែ​បុគ្គលិកលក្ខណៈ​របស់​មនុស្ស​បាន។—ហេព្រើរ ៤:១២

សូម​ពិចារណា​គំរូ​របស់ ហ័រតេនស្យូ។ នៅ​ពេល​គេ​ចាប់​បង្ខំ​ឲ្យ​គាត់​ធ្វើ​ទាហាន គាត់​ជា​យុវជន​ហើយ។ ការ​ហាត់​រៀន​ដើម្បី​ប្រយុទ្ធ​គ្នា​បាន​រៀប​ចំ​ឡើង​ដើម្បី​«បញ្ចេះ​យើង​ឲ្យ​ចង់​សម្លាប់​មនុស្ស និង​មិន​ខ្លាច​សម្លាប់​មនុស្ស» នេះ​ជា​ការ​ពន្យល់​របស់​ហ័រតេនស្យូ។ គាត់​បាន​ប្រយុទ្ធ​ក្នុង​សង្គ្រាម​ស៊ីវិល​ដែល​អូស​បន្លាយ​យ៉ាង​យូរ​នៅ​ទ្វីប​អា​ព្រិច។ ហ័រតេនស្យូ​សារភាព​ថា​៖ «សង្គ្រាម​នោះ​បាន​មាន​អានុភាព​លើ​បុគ្គលិកលក្ខណៈ​របស់​ខ្ញុំ។ សូម្បីតែ​ឥឡូវ​នេះ​ក៏​ដោយ ខ្ញុំ​នៅ​តែ​នឹក​ចាំ​ពី​អ្វី​ទាំង​អស់​ដែល​ខ្ញុំ​ធ្លាប់​ធ្វើ។ ខ្ញុំ​ពិបាក​ចិត្ត​ណាស់​ពេល​គិត​អំពី​អ្វី​ដែល​គេ​បង្ខំ​ឲ្យ​ខ្ញុំ​ធ្វើ​នោះ»។

នៅ​ពេល​ទាហាន​គ្នីគ្នា​ម្នាក់​និយាយ​ជា​មួយ​នឹង​ហ័រតេនស្យូ​អំពី​ព្រះ​គម្ពីរ នេះ​បាន​មាន​អានុភាព​លើ​ចិត្ត​របស់​គាត់។ សេចក្ដី​សន្យា​របស់​ព្រះ​នៅ​ទំនុកដំកើង ៤៦:៩ ថា​ទ្រង់​នឹង​បញ្ចប់​សង្គ្រាម​សព្វ​បែប​យ៉ាង​បាន នេះ​ធ្វើ​ឲ្យ​ហ័រតេនស្យូ​កោត​ស្ងើច។ ពេល​គាត់​រៀន​អំពី​ព្រះ​គម្ពីរ​កាន់​តែ​ច្រើន​ទៅៗ គាត់​មាន​ចំណង់​ចង់​ប្រយុទ្ធ​កាន់​តែ​តិច​ទៅៗ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ហ័រតេនស្យូ​និង​មិត្តភក្ដិ​ពីរ​នាក់​របស់​គាត់​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ទ័ព រួច​មក​ពួក​គេ​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា។ ហ័រតេនស្យូ​ពន្យល់​ថា​៖ «សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ​បាន​ជួយ​ខ្ញុំ​ស្រឡាញ់​សត្រូវ​របស់​ខ្ញុំ។ ខ្ញុំ​ចាប់​ផ្ដើម​យល់​ឃើញ​ថា ពេល​ដែល​ខ្ញុំ​ប្រយុទ្ធ​ក្នុង​សង្គ្រាម ខ្ញុំ​កំពុង​តែ​ធ្វើ​បាប​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា ដ្បិត​ព្រះ​មាន​បន្ទូល​ថា យើង​មិន​គួរ​សម្លាប់​មនុស្ស​ឯ​ទៀត​ទេ។ ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​នេះ ខ្ញុំ​ត្រូវ​ដូរ​របៀប​គិតគូរ​របស់​ខ្ញុំ និង​ឈប់​ចាត់​ទុក​មនុស្ស​ជា​សត្រូវ​របស់​ខ្ញុំ»។

បទ​ពិសោធន៍​ពិតៗ​ទាំង​នេះ​បង្ហាញ​ថា ការ​អប់រំ​អំពី​ព្រះ​គម្ពីរ​ពិត​ជា​នាំ​ឲ្យ​មាន​សន្ដិភាព​មែន។ នេះ​មិន​មែន​ជា​ការ​ចម្លែក​ទេ។ ព្យាការី​អេសាយ​បាន​មាន​ប្រសាសន៍​ថា ការ​អប់រំ​ពី​ព្រះ​និង​ការ​មាន​សន្ដិភាព​គឺ​ជាប់​ទាក់ទង​គ្នា។ អេសាយ​បាន​ទាយ​ថា​៖ «កូន​ចៅ​ទាំង​ប៉ុន្មាន​របស់​ឯង នឹង​ធ្វើ​ជា​សិស្ស​របស់​ព្រះ​យេហូវ៉ា ហើយ​វា​រាល់​គ្នា​នឹង​មាន​សន្ដិសុខ​ជា​បរិបូរ»។ (អេសាយ ៥៤:១៣) ព្យាការី​ដដែល​នេះ​បាន​ទាយ​អំពី​ពេល​មួយ​ដែល​មនុស្ស​ពី​គ្រប់​សាសន៍​នឹង​មក​ហូរហែ​ចូល​ក្នុង​ការ​ថ្វាយ​បង្គំ​ពិត​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​និង​រៀន​អំពី​ផ្លូវ​របស់​ទ្រង់។ តើ​មាន​លទ្ធផល​យ៉ាង​ណា? «គេ​នឹង​យក​ដាវ​របស់​ខ្លួន​ដំ​ធ្វើ​ជា​ផាល​នង្គ័ល ហើយ​លំពែង​គេ​ធ្វើ​ជា​ដង្កាវ​វិញ នគរ​១​នឹង​មិន​លើក​ដាវ​ទាស់​នឹង​នគរ​១​ទៀត​ឡើយ ក៏​មិន​ហាត់​រៀន ធ្វើ​សឹក​សង្គ្រាម​ទៀត​ដែរ»។—អេសាយ ២:២​-​៤

ស្រប​តាម​ទំនាយ​នេះ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​កំពុង​តែ​ធ្វើ​កិច្ចការ​អប់រំ​ទូទាំង​ពិភពលោក​មួយ​ដែល​បាន​ជួយ​មនុស្ស​រាប់​លាន​នាក់​ឲ្យ​បំបាត់​ចោល​នូវ​ការ​ស្អប់​គ្នា​ដែល​ជា​រឹស​គល់​នៃ​សង្គ្រាម។

អ្វី​ដែល​ធានា​ឲ្យ​មាន​សន្ដិភាព​ទូទាំង​ពិភពលោក

ក្រៅ​ពី​ការ​អប់រំ ព្រះ​បាន​រៀប​ចំ​រដ្ឋាភិបាល​ឬ​ក៏​«ព្រះ​រាជាណាចក្រ»​មួយ ដែល​អាច​នាំ​ឲ្យ​មាន​សន្ដិភាព​ទូទាំង​ពិភពលោក។ នេះ​ពិត​ជា​គួរ​ឲ្យ​កត់​សម្គាល់​មែន ព្រះ​គម្ពីរ​ពណ៌នា​អំពី​ព្រះ​យេស៊ូ​គ្រីស្ទ​ដែល​ព្រះ​បាន​ជ្រើសរើស​ឲ្យ​គ្រប់គ្រង​នោះ​ថា ទ្រង់​ជា​«ម្ចាស់​នៃ​មេត្រីភាព»។ ក៏​ធានា​ថែម​ទៀត​ថា​៖ «សេចក្ដី​សុខសាន្ត​របស់​ទ្រង់ នោះ​នឹង​មិន​ចេះ​ផុត»។—អេសាយ ៩:៦, ៧

តើ​អ្វី​ធានា​ថា​ការ​គ្រប់គ្រង​របស់​ព្រះ​គ្រីស្ទ​នឹង​បញ្ចប់​សង្គ្រាម​សព្វ​បែប​យ៉ាង​នោះ? ព្យាការី​អេសាយ​បន្ថែម​ថា​៖ «សេចក្ដី​ឧស្សាហ៍​របស់​ព្រះ​យេហូវ៉ា​នៃ​ពួក​ពលបរិវារ នឹង​សំរេច​ការ​នេះ»។ (អេសាយ ៩:៧) ព្រះ​មាន​ព្រះ​ហឫទ័យ​និង​សមត្ថភាព​រក្សា​សន្ដិភាព​ឲ្យ​ស្ថិត​ស្ថេរ​ជានិច្ច។ ព្រះ​យេស៊ូ​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​សេចក្ដី​សន្យា​នេះ។ ហេតុ​នេះ​ទ្រង់​បាន​បង្រៀន​សិស្ស​របស់​ទ្រង់​អធិស្ឋាន​សុំ​ឲ្យ​រាជ្យ​របស់​ព្រះ​មក​ដល់ ឬ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ឲ្យ​មក ថែម​ទាំង​សុំ​ឲ្យ​ព្រះ​ហឫទ័យ​របស់​ព្រះ​សម្រេច​លើ​ផែនដី។ (ម៉ាថាយ ៦:៩, ១០) នៅ​ទីបំផុត នៅ​ពេល​ដែល​សំណូម​ពរ​ដ៏​ស្មោះ​នោះ​ត្រូវ​បំពេញ ពេល​នោះ​នឹង​លែង​មាន​សង្គ្រាម​ដែល​ធ្វើ​ឲ្យ​កករ​ល្អក់​ដល់​ផែនដី​ទៀត​ហើយ។

[កំណត់​សម្គាល់]

^ វគ្គ 4 ដើម្បី​ពិចារណា​ភស្តុតាង​ដែល​បញ្ជាក់​ថា យើង​កំពុង​តែ​រស់​ក្នុង​គ្រា​ជាន់​ក្រោយ​បង្អស់ សូម​មើល​ជំពូក​ទី១១​ក្នុង​សៀវភៅ​ចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់កល្ប​ជានិច្ច បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

[រូបភាព​នៅ​ទំព័រ​៥]

‹យើង​មាន​អាយុ​ត្រឹម​តែ​១២​ឆ្នាំ​ទេ។ យើង​គ្មាន​អានុភាព​លើ​អ្នក​នយោបាយ​ឬ​សង្គ្រាម​ទេ តែ​យើង​ចង់​រស់! យើង​ទន្ទឹង​ចាំ​សន្ដិភាព តើ​សន្ដិភាព​នឹង​មក​មុន​យើង​ស្លាប់​ទេ?›។—ក្រុម​កុមារ​ដែល​រៀន​ថ្នាក់​ទី​ប្រាំ

[រូបភាព​នៅ​ទំព័រ​៥]

‹យើង​ចង់​ទៅ​រៀន​ឬ​ទៅ​លេង​មិត្តភក្ដិ​និង​បងប្អូន ដោយ​មិន​ចាំបាច់​ខ្លាច​ថា មាន​គេ​ចាប់​យើង​ទេ។ ខ្ញុំ​សង្ឃឹម​ថា​រដ្ឋាភិបាល​នឹង​ស្ដាប់​យើង។ យើង​ចង់​បាន​ជីវិត​ល្អ​ជាង យើង​ចង់​បាន​សន្ដិភាព›។—អាលហាជី អាយុ​១៤​ឆ្នាំ

[រូបភាព​នៅ​ទំព័រ​៧]

ការ​អប់រំ​ពី​ព្រះ​គម្ពីរ​នាំ​ឲ្យ​មាន​សន្ដិភាព​ពិត