គោលសំខាន់ៗពីសៀវភៅនិក្ខមនំ
ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ
គោលសំខាន់ៗពីសៀវភៅនិក្ខមនំ
សៀវភៅនិក្ខមនំគឺជារឿងពិតអំពីការរំដោះប្រជាជនដែលត្រូវគេបង្ខំឲ្យធ្វើជា«ទាសករ ហើយបង្ខិតបង្ខំអោយធ្វើការយ៉ាងធ្ងន់ធ្ងរ»។ (សេរីភាព [និក្ខមនំ] ១:១៣, ខ.ស.) សៀវភៅនិក្ខមនំក៏ជាកំណត់ហេតុដែលរៀបរាប់អំពីកំណើតនៃសាសន៍អ៊ីស្រាអែលដែលស្ដាប់ទៅគួរឲ្យរំភើបចិត្ត។ ក្នុងកំណត់ហេតុដែលគួរឲ្យចាប់អារម្មណ៍នោះមានរៀបរាប់អំពីអព្ភូតហេតុដ៏អស្ចារ្យ ច្បាប់ដ៏ប្រសើរ និងការសាងសង់រោងឧបោសថ។ បើនិយាយជាសង្ខេប សៀវភៅនិក្ខមនំមានកំណត់ហេតុដូចខាងលើនេះ។
សៀវភៅនិក្ខមនំត្រូវបានសរសេរដោយម៉ូសេជាព្យាការីជាតិហេព្រើរម្នាក់។ សៀវភៅនិក្ខមនំរៀបរាប់អំពីបទពិសោធន៍នៃប្រជាជនអ៊ីស្រាអែលក្នុងកំឡុង១៤៥ឆ្នាំ គឺពីមរណភាពរបស់យ៉ូសែបនៅឆ្នាំ១៦៥៧ មុនស.យ. រហូតដល់ការកសាងរោងឧបោសថចប់នៅឆ្នាំ១៥១២ មុនស.យ.។ ក៏ប៉ុន្តែ កំណត់ហេតុនេះគឺមិនមានតែរឿងប្រវត្ដិសាស្ត្រនោះទេ។ សៀវភៅនិក្ខមនំជាផ្នែកនៃព្រះបន្ទូលឬសាររបស់ព្រះចំពោះមនុស្សជាតិ។ ហេតុដូច្នេះហើយ«ព្រះបន្ទូលនៃព្រះនោះរស់នៅ ហើយពូកែផង»។ (ហេព្រើរ ៤:១២) ដូច្នេះហើយ សៀវភៅនិក្ខមនំ គឺមានអត្ថន័យយ៉ាងសំខាន់សំរាប់យើងរាល់គ្នា។
«ទ្រង់ឮដំងូររបស់គេ»
កូនចៅរបស់យ៉ាកុបដែលរស់នៅស្រុកអេស៊ីបបានកើនចំនួនច្រើនសន្ធឹកសន្ធាប់ដល់ម្ល៉េះ ដែលស្តេចចេញរាជបញ្ជាឲ្យយកពួកគេធ្វើជាទាសករ។ ផារ៉ោនថែមទាំងចេញរាជក្រិត្យឲ្យសម្លាប់ទារកប្រុសៗរបស់ជនជាតិអ៊ីស្រាអែល។ ម៉ូសេដែលមានអាយុ៣ខែបានរួចរស់ជីវិតពីការប៉ុនប៉ងសម្លាប់នេះ ដោយសារបុត្រីរបស់ផារ៉ោនបានយកទៅចិញ្ចឹមជាកូន។ ទោះជាម៉ូសេត្រូវធំឡើងក្នុងដំណាក់ស្តេចក៏ដោយ នោះពេលមានអាយុ៤០ឆ្នាំ ម៉ូសេបានគាំទ្រជនរួមជាតិរបស់គាត់ ហើយបានវាយសម្លាប់ជនជាតិអេស៊ីបម្នាក់។ (កិច្ចការ ៧:២៣, ២៤) ដោយសារទង្វើនេះ គាត់ត្រូវរត់គេចទៅនៅស្រុកម៉ាឌាន។ គាត់បានរៀបការនិងធ្វើជាអ្នកគង្វាលនៅស្រុកម៉ាឌាន។ នៅឯកណ្ដាលគុម្ពោតដែលកំពុងតែមានភ្លើងឆេះដោយអព្ភូតហេតុ នោះព្រះយេហូវ៉ាបញ្ជាម៉ូសេឲ្យត្រឡប់ទៅស្រុកអេស៊ីបវិញ ដើម្បីនាំពួកអ៊ីស្រាអែលចេញពីសេវកភាព។ អើរ៉ុនដែលជាបងប្រុសម៉ូសេត្រូវបានតែងតាំងឲ្យបំរើជាអ្នកនាំពាក្យរបស់គាត់។
ចម្លើយចំពោះសំនួរអំពីបទគម្ពីរ:
៣:១—តើយេត្រូជាសង្ឃបែបណា? នៅសម័យមុនមានក្រិត្យវិន័យ នោះមេគ្រួសារត្រូវបំរើជាសង្ឃសំរាប់គ្រួសាររបស់គាត់។ តាមមើលទៅ យេត្រូជាមេគ្រួសារនៃកុលសម្ព័ន្ធមួយរបស់សាសន៍ម៉ាឌាន។ ដោយសារសាសន៍ម៉ាឌានជាកូនចៅរបស់អ័ប្រាហាំតាមរយៈកិទូរ៉ា ពួកគេក៏ប្រហែលជាដឹងអំពីរបៀបថ្វាយបង្គំព្រះយេហូវ៉ាដែរ។—លោកុប្បត្តិ ២៥:១, ២
៤:១១—តើក្នុងន័យយ៉ាងណាដែលព្រះយេហូវ៉ា‹បង្កើតមនុស្សគ មនុស្សថ្លង់និងមនុស្សខ្វាក់›? ទោះជានៅពេលខ្លះ ព្រះយេហូវ៉ាបានធ្វើឲ្យមនុស្សខ្វាក់ភ្នែកនិងធ្វើឲ្យមនុស្សទៅជាគក៏ដោយ តែទ្រង់មិនមែនទទួលខុសត្រូវចំពោះគ្រប់ករណីនៃភាពពិការនោះទេ។ (លោកុប្បត្តិ ១៩:១១; លូកា ១:២០-២២, ៦២-៦៤) ភាពពិការមកពីយើងមានបាបជាមរតក។ (យ៉ូប ១៤:៤; រ៉ូម ៥:១២) ប៉ុន្តែ ដោយសារព្រះយេហូវ៉ាអនុញ្ញាតឲ្យមានស្ថានការណ៍នេះ ទ្រង់អាចរៀបរាប់អំពីអង្គទ្រង់ជា‹អ្នកបង្កើត›មនុស្សគ មនុស្សថ្លង់និងមនុស្សខ្វាក់។
៤:១៦—តើម៉ូសេនឹងត្រូវបំរើ«បានដូចជាព្រះ»ដល់អើរ៉ុនយ៉ាងដូចម្ដេច? ម៉ូសេជាអ្នកតំណាងរបស់ព្រះ។ ដូច្នេះ ម៉ូសេបាន«ដូចជា ព្រះ»ដល់អើរ៉ុន ក្នុងន័យថាគាត់ត្រូវបំរើជាអ្នកតំណាងរបស់ម៉ូសេ។
មេរៀនសំរាប់យើង:
១:៧, ១៤: ព្រះយេហូវ៉ាបានគាំទ្ររាស្ត្ររបស់ទ្រង់ ក្នុងកាលពួកគេត្រូវគេជិះជាន់នៅប្រទេសអេស៊ីប។ ដូចគ្នាដែរ ទ្រង់នឹងការពារស្មរបន្ទាល់របស់ទ្រង់នៅសម័យនេះ ទោះជាប្រឈមមុខនឹងការបៀតបៀនយ៉ាងខ្លាំងក៏ដោយ។
១:១៧-២១: ព្រះយេហូវ៉ានឹកចាំនូវអ្វីដែលយើងធ្វើដែល«ប្រកបដោយសេចក្ដីល្អ»។—នេហេមា ១៣:៣១
៣:៧-១០: ព្រះយេហូវ៉ាជ្រាបដឹងហើយតបឆ្លើយនឹងសេចក្ដីអំពាវនាវរបស់រាស្ត្រទ្រង់។
៣:១៤: ព្រះយេហូវ៉ានឹងធ្វើតាមគោលបំណងរបស់ទ្រង់ដោយឥតអាក់ខាន។ ដូច្នេះហើយ យើងអាចទុកចិត្តថា ទ្រង់នឹងធ្វើឲ្យសេចក្ដីសង្ឃឹមរបស់យើងដែលមានមូលដ្ឋានក្នុងព្រះគម្ពីរបានសម្រេចជាពុំខាន។
៤:១០, ១៣: ម៉ូសេបានបង្ហាញនូវការមិនទុកចិត្តយ៉ាងខ្លាំងចំពោះសមត្ថភាពនិយាយរបស់គាត់ ហើយទោះជាមានការគាំទ្រពីព្រះក៏ដោយ ក៏គាត់បានអង្វរព្រះឲ្យបញ្ជូនមនុស្សផ្សេងទៀតឲ្យទៅគាល់ផារ៉ោនវិញ។ ក៏ប៉ុន្តែ ព្រះយេហូវ៉ាបានប្រើម៉ូសេនិងប្រទានឲ្យប្រាជ្ញានិងកម្លាំងដើម្បីឲ្យគាត់បំពេញកិច្ចការរបស់គាត់។ ជាជាងគិតតែអំពីការគ្មានសមត្ថភាពគ្រប់គ្រាន់នោះ សូមឲ្យយើងទុកចិត្តលើព្រះយេហូវ៉ានិងបំពេញកិច្ចការរបស់យើងដោយចិត្តស្មោះភក្ដី គឺជាការផ្សព្វផ្សាយនិងបង្រៀន។—ម៉ាថាយ ២៤:១៤; ២៨:១៩, ២០
អព្ភូតហេតុយ៉ាងអស្ចារ្យនាំឲ្យមានការរំដោះ
ម៉ូសេនិងអើរ៉ុនបានទៅគាល់ផារ៉ោន សុំការអនុញ្ញាតឲ្យពួកអ៊ីស្រាអែលទៅធ្វើបុណ្យថ្វាយព្រះយេហូវ៉ានៅទីរហោស្ថាន។ ផារ៉ោនបានបដិសេធសំណូមពរនេះដោយនិយាយផ្គើនឲ្យថែមទៀតផង។ ព្រះយេហូវ៉ាឲ្យម៉ូសេមានអំណាចធ្វើឲ្យមានសេចក្ដីវេទនាម្ដងហើយម្ដងទៀត។ ក្រោយពីសេចក្ដីវេទនាទីដប់ ទើបផារ៉ោនអនុញ្ញាតឲ្យពួកអ៊ីស្រាអែលចេញទៅ។ ប៉ុន្តែ មិនយូរប៉ុន្មាន ផារ៉ោននិងកងទ័ពដេញតាមពួកអ៊ីស្រាអែល។ ប៉ុន្តែ ព្រះយេហូវ៉ារំដោះរាស្ត្រទ្រង់ដោយបើកផ្លូវឲ្យដើរតាមបាតសមុទ្រក្រហម។ ពួកអេស៊ីបដែលបានដេញតាមពួកអ៊ីស្រាអែលត្រូវលង់ទឹកស្លាប់អស់ទៅពេលទឹកសមុទ្របានបោកខ្ទប់ទៅលើពួកគេ។
ចម្លើយចំពោះសំនួរអំពីបទគម្ពីរ:
៦:៣—តើក្នុងន័យអ្វីដែលអ័ប្រាហាំ អ៊ីសាកនិងយ៉ាកុបពុំបានស្គាល់ព្រះនាមរបស់ព្រះ? អយ្យកោទាំងនេះបានប្រើព្រះនាមរបស់ព្រះ និងបានទទួលយកសេចក្ដីសន្យារបស់ព្រះយេហូវ៉ា។ ក៏ប៉ុន្តែ ពួកគាត់ពុំស្គាល់ឬបានពិសោធថាព្រះយេហូវ៉ាជាព្រះដែលធ្វើឲ្យសេចក្ដីសន្យាទាំងនេះបានសម្រេច។—លោកុប្បត្តិ ១២:១, ២; ១៥:៧, ១៣-១៦; ២៦:២៤; ២៨:១០-១៥
៧:១—តើម៉ូសេត្រូវធ្វើ«ជាព្រះដល់ផារ៉ោន»យ៉ាងដូចម្ដេច? ម៉ូសេបានទទួលតេជានុភាពពីព្រះនិងមានអំណាចលើផារ៉ោន។ ហេតុនេះហើយ គឺមិនចាំបាច់ឲ្យម៉ូសេខ្លាចផារ៉ោនឡើយ។
៧:២២—តើពួកគ្រូនៅស្រុកអេស៊ីបបានយកទឹកដែលមិនបានប្រែជាឈាមនោះពីណាមក? ពួកគេអាចប្រើទឹកខ្លះដែលបានយកពីទន្លេនីលមុននឹងមានគ្រោះកាចនេះ។ តាមមើលទៅ ពួកគេក៏អាចបានទឹកស្អាតដោយជីកដីសើមជិតមាត់ទន្លេនីល។—និក្ខមនំ ៧:២៤
៨:២៦, ២៧—ហេតុអ្វីក៏ម៉ូសេនិយាយថាយញ្ញបូជារបស់អ៊ីស្រាអែលនឹងជា«ជាទីស្អប់ខ្ពើមដល់សាសន៍អេស៊ីព្ទ»? នៅស្រុកអេស៊ីប មនុស្សថ្វាយបង្គំសត្វជាច្រើនប្រភេទ។ ការរៀបរាប់អំពីយញ្ញបូជាក៏បញ្ជាក់នូវភាពត្រឹមត្រូវនៃការទាមទាររបស់ម៉ូសេ ឲ្យពួកអ៊ីស្រាអែលមានសិទ្ធិទៅថ្វាយយញ្ញបូជាជូនព្រះយេហូវ៉ា។
១២:២៩—តើនរណាដែលត្រូវចាត់ទុកជាកូនច្បង? កូនច្បងរួមបញ្ចូលតែកូនប្រុសៗទេ។ (ជនគណនា ៣:៤០-៥១) ផារ៉ោនដែលជាបុត្រច្បង មិនបានស្លាប់ទេ។ ផារ៉ោនមានរាជវង្សានុវង្ស។ ប៉ុន្តែគឺជាកូនច្បងភេទប្រុសក្នុងគ្រួសារវិញដែលត្រូវស្លាប់ដោយសារសេចក្ដីវេទនាទីដប់មិនមែនជាមេគ្រួសារនោះទេ។
១២:៤០—តើពួកអ៊ីស្រាអែលរស់នៅស្រុកអេស៊ីបអស់ប៉ុន្មានឆ្នាំ? ៤៣០ឆ្នាំរៀបរាប់ក្នុងខនេះរួមបញ្ចូលពេលវេលាដែលកូនចៅអ៊ីស្រាអែលបានស្នាក់នៅ«ស្រុកអេស៊ីបនិងស្រុកកាណាន»។ (ព្រះគម្ពីរយោង, សម្គាល់ហេតុ) អ័ប្រាហាំដែលមានអាយុ៧៥ឆ្នាំបានឆ្លងទន្លេអ៊ើប្រាតនៅឆ្នាំ១៩៤៣ មុនស.យ. ពេលធ្វើដំណើរទៅស្រុកកាណាន។ (លោកុប្បត្តិ ១២:៤) ពីពេលនោះមកដល់ពេលយ៉ាកុបមានអាយុ១៣០ឆ្នាំទើបបានចូលស្រុកអេស៊ីប នោះមានរយៈពេល២១៥ឆ្នាំ។ (លោកុប្បត្តិ ២១:៥; ២៥:២៦; ៤៧:៩) នេះបានន័យថា ពួកអ៊ីស្រាអែលបានស្នាក់នៅស្រុកអេស៊ីបអស់រយៈពេល២១៥ឆ្នាំ។
១៥:៨—តើទឹកដែល«បានកកខះ»នាសមុទ្រក្រហមពិតជាបានក្លាយជាទឹកកកមែនឬ? ពាក្យកិរិយាស័ព្ទរបស់ភាសាហេព្រើរដែលត្រូវបកប្រែថា«កកខះ» មានន័យថារួញឬឡើងខាប់។ នៅយ៉ូប១០:១០ ពាក្យនេះត្រូវបានប្រើទាក់ទងនឹងទឹកដោះ។ ហេតុដូច្នេះ ទឹកដែលកកខះមិនបានសេចក្ដីថា ទឹកដែលត្រូវបានធ្វើឲ្យកកនោះទេ។ ប្រសិនបើ«កំឡាំងខ្យល់ពីខាងកើត»ដែលបានរៀបរាប់នៅនិក្ខមនំ ១៤:២១ គឺត្រជាក់ដល់ម្ល៉េះដែលធ្វើឲ្យទឹកទៅជាកក នោះប្រាកដជានឹងមានការរៀបរាប់សំដៅទៅភាពត្រជាក់ខ្លាំងបែបនេះជាមិនខាន។ ដោយសារគ្មានឃើញអ្វីទប់ទឹកទេ នោះមើលទៅដូចជាទឹកនោះត្រូវបានកកខះ រឹងឬឡើងខាប់។
មេរៀនសំរាប់យើង:
៧:១៤–១២:៣០: សេចក្ដីវេទនាទាំងដប់ប្រការ មិនមែនកើតឡើងដោយចៃដន្យទេ។ គឺត្រូវបានទាយ ហើយបានកើតឡើងដូចបានទាយបេះបិទមែន។ សេចក្ដីវេទនាទាំងដប់ប្រការ សម្ដែងយ៉ាងច្បាស់ថាព្រះមានអំណាចលើទឹក ពន្លឺ សត្វល្អិត សត្វនិងមនុស្ស! សេចក្ដីវេទនាទាំងដប់ប្រការក៏បង្ហាញថា ព្រះអាចនាំឲ្យមានអន្តរាយមកលើសត្រូវ ក្នុងកាលដែលការពាររាស្ត្ររបស់ទ្រង់។
១១:២; ១២:៣៦: ព្រះយេហូវ៉ាប្រទានពរឲ្យរាស្ត្រទ្រង់។ តាមមើលទៅ ទ្រង់ធានារ៉ាប់រងថា ពួកអ៊ីស្រាអែលនឹងទទួលប្រាក់សំណងចំពោះការងារដែលគេបានធ្វើនៅស្រុកអេស៊ីប។ ពួកគេបានចូលក្នុងស្រុកអេស៊ីបជាមនុស្សមានសេរីភាព មិនមែនជាឈ្លើយដើម្បីធ្វើជាទាសករទេ។
១៤:៣០: យើងអាចទុកចិត្តថាព្រះយេហូវ៉ានឹងរំដោះអ្នកថ្វាយបង្គំទ្រង់ក្នុងគ្រានៃ«សេចក្ដីវេទនាជាខ្លាំង»នៅខាងមុខ។—ម៉ាថាយ ២៤:២០-២២; វិវរណៈ ៧:៩, ១៤
ព្រះយេហូវ៉ារៀបចំសាសន៍មួយ ដែលមានទ្រង់ជាអ្នកគ្រប់គ្រង
នៅក្នុងខែទីបីក្រោយពីបានរំដោះពីស្រុកអេស៊ីប នោះពួកអ៊ីស្រាអែលបានបោះជំរំនៅជើងភ្នំស៊ីណាយ។ នៅទីនោះ ពួកគេបានទទួលក្រិត្យវិន័យដប់ប្រការនិងក្រិត្យឯទៀត ហើយបានធ្វើកិច្ចព្រមព្រៀងជាមួយនឹងព្រះយេហូវ៉ា ព្រមទាំងបានក្លាយទៅជាសាសន៍ដែលមានព្រះជាអ្នកគ្រប់គ្រង។ ម៉ូសេបានចំណាយ៤០ថ្ងៃនៅលើភ្នំក្នុងបំណងទទួលសេចក្ដីបង្គាប់អំពីការថ្វាយបង្គំពិត និងរបៀបកសាងរោងឧបោសថដែលជាព្រះវិហារចល័តពីកន្លែងមួយទៅកន្លែងមួយ។ ព្រមជាមួយគ្នានោះ ពួកអ៊ីស្រាអែលបានធ្វើកូនគោមាសយកមកថ្វាយបង្គំ។ ពេលម៉ូសេចុះពីភ្នំវិញឃើញព្រឹត្ដិការណ៍នេះ គាត់ខឹងដល់ម្ល៉េះដែលគាត់ទម្លាក់ចោលបន្ទះថ្មពីរដែលព្រះប្រទានឲ្យគាត់នោះ។ ក្រោយពីពួក
អ្នកដែលបានធ្វើអំពើអាក្រក់ទាំងនេះទទួលទោសយ៉ាងសក្ដិសមហើយ នោះម៉ូសេក៏ឡើងទៅលើភ្នំម្ដងទៀតដើម្បីទទួលថ្មពីរបន្ទះទៀត។ ពេលម៉ូសេចុះមកវិញ ការសាងសង់រោងឧបោសថបានចាប់ផ្ដើម។ នៅចុងបញ្ចប់នៃឆ្នាំទីមួយនៃការមានសេរីភាពរបស់ពួកគេ នោះការសាងសង់ត្រសាលដ៏ល្អវិចិត្រនេះនិងការរៀបចំគ្រឿងតុបតែងខាងក្នុងនោះត្រូវបានបញ្ចប់រួចរាល់អស់ហើយ។ បន្ទាប់មកព្រះយេហូវ៉ាបានធ្វើឲ្យរោងនោះពេញដោយសីរីរុងរឿងរបស់ទ្រង់។ចម្លើយចំពោះសំនួរអំពីបទគម្ពីរ:
២០:៥—តើតាមរបៀបណាដែលព្រះយេហូវ៉ា«ទំលាក់ការទុច្ចរិតរបស់ឪពុក»ទៅលើមនុស្សតំណក្រោយ? ពេលបានធំពេញវ័យហើយ នោះបុគ្គលម្នាក់ៗត្រូវបានជំនុំជំរះលើការប្រព្រឹត្តនិងមារយាទរបស់គាត់។ ប៉ុន្តែ ពេលសាសន៍អ៊ីស្រាអែលបានចាប់ផ្ដើមថ្វាយបង្គំរូបព្រះ សាសន៍នោះបានទទួលលទ្ធផលអាក្រក់រហូតដល់រាប់តំណក្រោយមក។ សូម្បីតែពួកអ៊ីស្រាអែលដែលមានចិត្តស្មោះត្រង់ក៏រងនូវឥទ្ធិពលនៃការប្រព្រឹត្តខុសរបស់សាសន៍នេះដែរ ដ្បិតនោះធ្វើឲ្យពួកគាត់ពិបាករក្សានូវចិត្តស្មោះគ្រប់លក្ខណ៍។
២៣:១៩; ៣៤:២៦—តើសេចក្ដីបង្គាប់មិនឲ្យស្ងោរកូនពពែនឹងទឹកដោះរបស់មេវា បង្កប់អត្ថន័យអ្វី? ការស្ងោរកូន(កូនពពែឬកូនសត្វឯទៀត)ជាមួយនឹងទឹកដោះរបស់មេវា គឺជាក្បួនរិតិ៍សាសនាក្លែងក្លាយដែលគេគិតថា នឹងធ្វើឲ្យមានភ្លៀង។ ម្យ៉ាងវិញទៀត ដោយព្រោះទឹកដោះមេគឺសំរាប់ឲ្យកូនវាបានធំធាត់ នោះការស្ងោរកូនវានឹងទឹកដោះរបស់មេវា គឺជាការប្រព្រឹត្តដ៏ឃោរឃៅ។ ច្បាប់នេះបានជួយឲ្យរាស្ត្ររបស់ព្រះដឹងថា ពួកគេត្រូវមានចិត្តមេត្ដាករុណា។
២៣:២០-២៣—តើទេវតាមួយរូបដែលត្រូវរៀបរាប់នៅទីនេះជានរណា? តើតាមរបៀបណាដែលព្រះនាមរបស់ព្រះយេហូវ៉ាបាន«នៅក្នុងទ្រង់»? ទេវតានេះប្រហែលជាព្រះយេស៊ូមុនទ្រង់មានអត្ថិភាពជាមនុស្ស។ ព្រះបានប្រើទេវតានេះដើម្បីដឹកនាំពួកអ៊ីស្រាអែលទៅស្រុកសន្យា។ (កូរិនថូសទី១ ១០:១-៤) ព្រះនាមរបស់ព្រះយេហូវ៉ា«នៅក្នុងទ្រង់»ក្នុងន័យថា ព្រះយេស៊ូគឺជាបុគ្គលដ៏សំខាន់បំផុតក្នុងការគាំទ្រនិងធ្វើឲ្យព្រះនាមរបស់ព្រះវរបិតាបានបរិសុទ្ធ។
៣២:១-៨, ២៥-៣៥—ហេតុអ្វីក៏អើរ៉ុនមិនទទួលទោសពីការធ្វើកូនគោមាស? អើរ៉ុនមិនបានឯកភាពនឹងការថ្វាយបង្គំរូបព្រះទេ។ ក្រោយមក តាមមើលទៅគាត់បានចូលរួមជាមួយនឹងពួកលេវីក្នុងការគាំទ្រព្រះនិងប្រឆាំងអស់អ្នកដែលជាសត្រូវរបស់ម៉ូសេ។ ក្រោយពីបានសម្លាប់ពួកអ្នកមានទោស ម៉ូសេបានរំឭកប្រជាជនថាពួកគេបានប្រព្រឹត្តអំពើបាបច្រើនណាស់។ នេះបញ្ជាក់ថាមានអ្នកឯទៀត ក្រៅពីអើរ៉ុនក៏បានទទួលសេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ាដែរ។
៣៣:១១, ២០—តើព្រះមានបន្ទូលជាមួយនឹងម៉ូសេ«ប្រទល់មុខ»យ៉ាងដូចម្ដេច? ពាក្យនេះបង្ហាញនូវភាពស្និទ្ធស្នាលក្នុងការនិយាយឆ្លងឆ្លើយគ្នា។ ម៉ូសេបាននិយាយជាមួយនឹងអ្នកតំណាងរបស់ព្រះ និងបានទទួលសេចក្ដីបង្គាប់ពីព្រះឱស្ឋរបស់ព្រះយេហូវ៉ាតាមរយៈបុគ្គលនោះ។ ប៉ុន្តែ ម៉ូសេមិនបានឃើញព្រះយេហូវ៉ាទេ ដោយព្រោះ‹គ្មានអ្នកណាអាចឃើញព្រះ ហើយនៅរស់បានឡើយ›។ តាមការពិត ព្រះយេហូវ៉ាមិនបានមានបន្ទូលផ្ទាល់នឹងម៉ូសេទេ។ កាឡាទី ៣:១៩ចែងថា ច្បាប់ត្រូវបានប្រគល់ឲ្យតាមរយៈ«ពួកទេវតា នៅដៃនៃអ្នកកណ្ដាលម្នាក់»។
មេរៀនសំរាប់យើង:
១៥:២៥; ១៦:១២: ព្រះយេហូវ៉ាផ្គត់ផ្គង់រាស្ត្ររបស់ទ្រង់។
១៨:២១: មនុស្សដែលត្រូវបានរើសឲ្យមានមុខងារមើលខុសត្រូវក្នុងក្រុមជំនុំគ្រីស្ទាន ត្រូវតែមានសមត្ថភាព កោតខ្លាចព្រះ គួរឲ្យទុកចិត្តបាននិងមិនគិតប្រយោជន៍ខ្លួន។
២០:១–២៣:៣៣: ព្រះយេហូវ៉ាជាអ្នកប្រទានច្បាប់ដ៏ឧត្តម។ ពេលពួកអ៊ីស្រាអែលស្ដាប់តាមច្បាប់ នេះបានជួយពួកគេឲ្យថ្វាយបង្គំទ្រង់ដោយមានសណ្ដាប់ធ្នាប់និងតាមរបៀបដែលនាំឲ្យសប្បាយ។ សព្វថ្ងៃនេះ ព្រះយេហូវ៉ាមានអង្គការដែលទ្រង់គឺជាអ្នកគ្រប់គ្រង។ ការធ្វើតាមការណែនាំរបស់អង្គការនេះ នាំឲ្យយើងមានសុភមង្គលនិងសុវត្ថិភាព។
អត្ថន័យពិតសំរាប់យើង
តើសៀវភៅនិក្ខមនំប្រាប់យើងអ្វីខ្លះអំពីព្រះយេហូវ៉ា? សៀវភៅនេះបង្ហាញថា ទ្រង់ជាអ្នកផ្គត់ផ្គង់ដែលប្រកបដោយសេចក្ដីស្រឡាញ់ ជាអ្នករំដោះដែលគ្មាននរណាប្រៀបផ្ទឹមស្មើ និងជាអ្នកបំពេញតាមសេចក្ដីសន្យារបស់ទ្រង់។ ព្រះយេហូវ៉ាគឺជាព្រះដែលគ្រប់គ្រងក្នុងអង្គការរបស់ទ្រង់។
កាលដែលអ្នកអានអំនានព្រះគម្ពីរប្រចាំសប្ដាហ៍សំរាប់សាលាកិច្ចបំរើព្រះធិបតេយ្យ ចិត្តរបស់អ្នកច្បាស់ជានឹងត្រូវបានជំរុញយ៉ាងខ្លាំងដោយអ្វីដែលអ្នករៀនពីសៀវភៅនិក្ខមនំ។ ពេលអ្នកពិនិត្យមើលនូវអ្វីដែលបានចែងក្នុងផ្នែកដែលមានចំណងជើងថា«ចម្លើយចំពោះសំនួរអំពីបទគម្ពីរ» អ្នកនឹងបានយល់ធ្លុះជ្រៅថែមទៀតក្នុងបទគម្ពីរខ្លះៗ។ អ្វីដែលចែងក្រោមចំណងជើង«មេរៀនសំរាប់យើង» ក៏នឹងបង្ហាញនូវរបៀបដែលអ្នកអាចទទួលប្រយោជន៍ពីការអានអំនានព្រះគម្ពីរប្រចាំសប្ដាហ៍។
[រូបភាពនៅទំព័រ២៩]
ព្រះយេហូវ៉ាប្រគល់មុខតំណែងឲ្យម៉ូសេដែលជាមនុស្សសុភាពឲ្យនាំពួកអ៊ីស្រាអែលចេញពីសេវកភាព
[រូបភាពនៅទំព័រ៣០]
សេចក្ដីវេទនាទាំងដប់ប្រការបានបង្ហាញនូវអំណាចរបស់ព្រះជាអ្នកបង្កើតដែលទ្រង់មានអំណាចលើទឹក ពន្លឺ សត្វល្អិត សត្វ និងមនុស្ស
[រូបភាពនៅទំព័រ៣១]
តាមរយៈលោកម៉ូសេ ព្រះយេហូវ៉ាបានរៀបចំពួកអ៊ីស្រាអែលឲ្យទៅជាសាសន៍ដែលមានទ្រង់ជាអ្នកគ្រប់គ្រង