លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើឱវាទព្រះគម្ពីរអាចជួយអ្នកអប់រំកូនបានទេ?

តើឱវាទព្រះគម្ពីរអាចជួយអ្នកអប់រំកូនបានទេ?

តើ​ឱវាទ​ព្រះ​គម្ពីរ​អាច​ជួយ​អ្នក​អប់រំ​កូន​បាន​ទេ?

ផ្កា​អ័រគីដេ​គឺ​ស្អាត​ណាស់ តែ​ក៏​ពិបាក​ថែ​ដែរ។ អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​សីតុណ្ហភាព ពន្លឺ និង​ទំហំ​ផើង ទើប​អាច​ថែ​ផ្កា​អ័រគីដេ​ឲ្យ​មាន​សម្រស់​មិន​ស្រពោន។ ផ្កា​អ័រគីដេ​ឆាប់​ប្រតិកម្ម​នឹង​សារ​ធាតុ​ក្នុង​ដី​និង​ជី ថែម​ទាំង​ងាយ​រងគ្រោះ​ពី​សត្វល្អិត​និង​ជំងឺ។ ហេតុ​នេះ​ហើយ មនុស្ស​ច្រើន​តែ​មិន​ទទួល​បាន​ជោគជ័យ ពេល​ខំ​ថែ​ផ្កា​អ័រគីដេ​ជា​លើក​ដំបូង។

ការ​អប់រំ​កូន​គឺ​ស្មុគស្មាញ​ជាង​ការ​ថែ​ផ្កា​អ័រគីដេ​ឆ្ងាយ​ណាស់ ហើយ​ក៏​តម្រូវ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ដែរ។ ដូច្នេះ មាតា​បិតា​ជា​ច្រើន​ទ័ល​ប្រាជ្ញា​មិន​ដឹង​ថា​ត្រូវ​អប់រំ​កូន​យ៉ាង​ដូច​ម្ដេច។ មាតា​បិតា​ជា​ច្រើន​មាន​អារម្មណ៍​មួយ​ថា​ខ្លួន​ត្រូវ​ការ​ជំនួយ ដូច​អ្នក​ថែ​ផ្កា​អ័រគីដេ​ត្រូវ​ការ​យោបល់​ពី​អ្នក​ជំនាញ​ដែរ។ មាតា​បិតា​គ្រប់​រូប​ប្រាកដ​ជា​ចង់​បាន​ការ​ណែនាំ​ដ៏​ល្អ​បំផុត។ តើ​អាច​រក​ឃើញ​ការ​ណែនាំ​ដ៏​ល្អ​បំផុត​នៅ​ឯ​ណា?

ទោះ​ជា​សៀវភៅ​ព្រះ​គម្ពីរ​មិន​មែន​ជា​សៀវភៅ​ណែនាំ​អំពី​ការ​អប់រំ​កូន​ក៏​ពិត​មែន តែ​ព្រះ​អាទិទេព​បាន​បណ្ដាល​ឲ្យ​អ្នក​សរសេរ​ព្រះ​គម្ពីរ​សរសេរ​នូវ​ឱវាទ​ជា​ច្រើន​ដែល​មាន​ប្រយោជន៍​ជួយ​ក្នុង​ការ​អប់រំ​កូន។ ព្រះ​គម្ពីរ​ដាក់​ទម្ងន់​លើ​ការ​អប់រំ​កូន​ឲ្យ​មាន​លក្ខណៈ​សម្បត្ដិ​គ្រប់គ្រាន់ ហើយ​នេះ​ជា​ការ​អប់រំ​ម្យ៉ាង​ដែល​មនុស្ស​ជា​ច្រើន​គិត​ថា មាតា​បិតា​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ប៉ុន្មាន​ទេ។ (អេភេសូរ ៤:២២​-​​២៤) ស្តី​អំពី​រឿង​នេះ ឱវាទ​បទ​គម្ពីរ​ជា​ផ្នែក​សំខាន់​មួយ​នៃ​ការ​អប់រំ​ដែល​មាន​តុល្យភាព។ ឱវាទ​នេះ​បាន​ជួយ​មនុស្ស​រាប់​ពាន់​នាក់​ដែល​អនុវត្ត​តាម មិន​ថា​ពួក​គេ​រស់​នៅ​សម័យ​ណា​ឬ​មក​ពី​មជ្ឈដ្ឋាន​ណា​ក៏​ដោយ។ ដូច្នេះ ការ​ធ្វើ​តាម​ឱវាទ​ពី​បទ​គម្ពីរ​ជា​បន្តបន្ទាប់ ក៏​អាច​ជួយ​អ្នក​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​អប់រំ​កូន​របស់​អ្នក​ដែរ។

គំរូ​របស់​មាតា​បិតា​ជា​វិធី​អប់រំ​ល្អ​បំផុត

«ដូច្នេះ អ្នក​ឯង​ដែល​បង្រៀន​គេ តើ​មិន​បង្រៀន​ដល់​ខ្លួន​ឯង​ទេ​ឬ​អី? អ្នក​ឯង​ដែល​ប្រដៅ​ថា កុំ​ឲ្យ​លួច​គេ តើ​អ្នក​លួច​ឬ​ទេ? អ្នក​ឯង​ដែល​ថា កុំ​ឲ្យ​ផិត​គ្នា តើ​អ្នក​ផិត​ឬ​ទេ?»។—រ៉ូម ២:២១,​២២, កំណែ​ជា​អក្សរ​ទ្រេត

ប្រធាន​គណៈ​កម្ម​ការ​ការ​អប់រំ​នៅ​ទី​ក្រុង​សេអ៊ូល​បាន​មាន​ប្រសាសន៍​ថា​៖ «វិធី​អប់រំ​ល្អ​បំផុត គឺ​ធ្វើ​ជា​គំរូ​ល្អ​ដល់​កូន​ក្នុង​ការ​និយាយ​និង​ការ​ប្រព្រឹត្ត»។ បើ​ពាក្យ​សំដី​និង​ការ​ប្រព្រឹត្ត​របស់​មាតា​បិតា​ពុំ​មែន​ជា​គំរូ​ល្អ ហើយ​ពួក​គាត់​ក៏​មិន​ឲ្យ​ការ​ណែនាំ​ច្បាស់​លាស់​ដល់​កូន នោះ​កូន​នឹង​សន្និដ្ឋាន​យ៉ាង​រហ័ស​ថា មាតា​បិតា​ខ្លួន​ជា​មនុស្ស​លាក់ពុត។ អ្វី​ដែល​មាតា​បិតា​ប្រាប់​កូន​នោះ នឹង​គ្មាន​ប្រសិទ្ធ​ភាព​សោះ​ឡើយ។ ជា​ឧទាហរណ៍ បើ​មាតា​បិតា​ចង់​បង្រៀន​កូន​ឲ្យ​ធ្វើ​ជា​មនុស្ស​ទៀងត្រង់ ពួក​គេ​ក៏​ត្រូវ​ទៀងត្រង់​ដែរ។ មាតា​បិតា​ជា​ច្រើន​នៅ​ពេល​ដែល​ពួក​គាត់​មិន​ចង់​ជួប​ភ្ញៀវ​ដែល​មក​រក​គាត់​នៅ​ផ្ទះ នោះ​ពួក​គាត់​បង្គាប់​កូន​ឲ្យ​កុហក​ភ្ញៀវ​ថា «ប៉ា(ឬ​ម៉ាក់)ខ្ញុំ​អត់​នៅ​ទេ»។ ការ​បង្គាប់​កូន​ដូច​នេះ ធ្វើ​ឲ្យ​កូន​ខ្មាស​និង​មាន​អារម្មណ៍​មិន​ស្រួល​ហើយ​ពិបាក​យល់​ថា​ទង្វើ​ណា​ខុស​ទង្វើ​ណា​ត្រូវ។ ក្រោយ​មក បើ​កូន​ជួប​ប្រទះ​កាលៈទេសៈ​ណា​ដែល​មិន​ស្រួល កូន​ប្រហែល​ចាប់​ផ្ដើម​កុហក​គេ​ឯង​ដោយ​មិន​ស្ដាយ​ក្រោយ​ទេ។ ហេតុ​នេះ​ហើយ បើ​មាតា​បិតា​ពិត​ជា​ចង់​ឲ្យ​កូន​ជា​មនុស្ស​ទៀងត្រង់​មិន​ចេះ​ភូត​កុហក នោះ​ពួក​គេ​ក៏​ត្រូវ​ប្រព្រឹត្ត​ឲ្យ​សម​ត្រឹម​ត្រូវ​ដែរ។

តើ​អ្នក​ចង់​អប់រំ​កូន​ឲ្យ​មាន​សុជីវធម៌​ទេ? បើ​ចង់​មែន អ្នក​ត្រូវ​ធ្វើ​ជា​គំរូ​ល្អ​ដល់​កូន​សិន។ កូន​នឹង​ឆាប់​ធ្វើ​តាម​គំរូ​របស់​អ្នក។ លោក​សុង​ស៊ី​ក​ដែល​ជា​ឪពុក​មាន​កូន​បួន​នាក់​ប្រាប់​ថា​៖ «យើង​ពីរ​នាក់​ប្ដី​ប្រពន្ធ​បាន​តាំង​ចិត្ត​មិន​ប្រើ​ពាក្យ​អសុរោះ​ឡើយ។ យើង​បង្ហាញ​ការ​គោរព​គ្នា​ហើយ​មិន​និយាយ​គំហក​ទោះ​បើ​យើង​ខឹង​ឬ​មួម៉ៅ​ចិត្ត​ក៏​ដោយ។ ការ​ធ្វើ​ជា​គំរូ​ល្អ​បែប​នេះ​មាន​ប្រសិទ្ធ​ភាព​ជាង​ការ​អប់រំ​ដោយ​ពាក្យ​សំដី​ឆ្ងាយ​ណាស់។ យើង​សប្បាយ​ចិត្ត​ដែល​កូន​របស់​យើង​ប្រើ​ពាក្យ​ដោយ​គោរព​ហើយ​មាន​សុជីវធម៌​ពេល​និយាយ​ជា​មួយ​នឹង​អ្នក​ឯ​ទៀត»។ នៅ​កាឡាទី ៦:៧ ព្រះ​គម្ពីរ​ចែង​ថា​៖ «ពូជ​ណា​ដែល​មនុស្ស​ព្រោះ​ចុះ នោះ​នឹង​ច្រូត​បាន​ពូជ​នោះ​ឯង​វិញ»។ មាតា​បិតា​ដែល​ចង់​ឲ្យ​កូន​មាន​សីលធម៌​ល្អ​ប្រសើរ​នោះ ត្រូវ​បង្ហាញ​ថា​ខ្លួន​មាន​សីលធម៌​ជា​មុន​សិន។

ត្រូវ​ប្រស្រ័យ​ទាក់ទង​គ្នា​ជានិច្ច

«ត្រូវ​ឲ្យ​ប្រិតប្រៀន​សេចក្ដី​ទាំង​នេះ[បញ្ញត្ដិ​របស់​ព្រះ]ដល់​កូន​ចៅ​ឯង​ព្រម​ទាំង​និយាយ​ដំណាល ក្នុង​កាល​ដែល​អង្គុយ​នៅ​ក្នុង​ផ្ទះ​ហើយ​ដើរ​តាម​ផ្លូវ ក្នុង​កាល​ដែល​ដេក ហើយ​ក្រោក​ឡើង​ផង»។—ចោទិយកថា ៦:៧, កំណែ​ជា​អក្សរ​ទ្រេត

មនុស្ស​កាន់​តែ​ច្រើន​ឡើង​ត្រូវ​ធ្វើ​ការ​លើស​ម៉ោង។ ការ​រក​លុយ​ដោយ​ធ្វើ​ការ​ទាំង​ប្ដី​ទាំង​ប្រពន្ធ ក៏​ប៉ះ​ពាល់​ដល់​កូន​យ៉ាង​ខ្លាំង​ដែរ។ ពេល​វេលា​ដែល​មាតា​បិតា​ជា​ច្រើន​ចំណាយ​ជា​មួយ​កូន​កំពុង​តែ​ថយ​ចុះ។ ពេល​ដែល​មាតា​បិតា​នៅ​ផ្ទះ ពួក​គាត់​ត្រូវ​ធ្វើ​ការងារ​ផ្ទះ​និង​កិច្ចការ​ឯ​ទៀត។ ដូច្នេះ​ពួក​គាត់​ប្រហែល​ជា​អស់​កម្លាំង​ណាស់។ ក្នុង​កាលៈទេសៈ​នេះ តើ​អាច​រក្សា​ឲ្យ​មាន​ការ​ប្រស្រ័យ​ទាក់​ទង​នឹង​កូន​យ៉ាង​ដូច​ម្ដេច​បាន? បើ​អ្នក​និង​កូន​ធ្វើ​ការងារ​ផ្ទះ​ជា​មួយ​គ្នា​នោះ ប្រហែល​ជា​មាន​ឱកាស​និយាយ​គ្នា។ ឪពុក​ម្នាក់​បាន​សម្រេច​ថា​កុំ​ឲ្យ​មាន​ទូរទស្សន៍​ទៀត ដោយ​មាន​បំណង​ចង់​ចំណាយ​ពេល​ច្រើន​ជាង​ជា​មួយ​កូន។ គាត់​កត់​សម្គាល់​ថា​៖ «នៅ​ដើម​ដំបូង​កូន​បាន​អផ្សុក។ ប៉ុន្តែ នៅ​ពេល​ខ្ញុំ​លេង​ល្បែង​ល្បង​ប្រាជ្ញា​ជា​មួយ​នឹង​ពួក​គេ​និង​និយាយ​អំពី​សៀវភៅ​រឿង​ល្អៗ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ ពួក​គេ​ចាប់​ផ្ដើម​ទម្លាប់​ខ្លួន​នឹង​ការ​គ្មាន​ទូរទស្សន៍»។

គឺ​សំខាន់​ដែល​កូន​ចាប់​ផ្ដើម​មាន​ទម្លាប់​ប្រស្រ័យ​ទាក់ទង​ជា​មួយ​នឹង​ឪពុក​ម្ដាយ​តាំង​ពី​តូច។ បើ​ពុំ​នោះ​ទេ ពេល​កូន​ធំ​ដល់​វ័យ​ជំទង់​ហើយ​មាន​បញ្ហា​ណា​មួយ នោះ​ពួក​គេ​នឹង​មិន​ចាត់​ទុក​ឪពុក​ម្ដាយ​ជា​មិត្តភក្ដិ​ដែល​ពួក​គេ​អាច​និយាយ​ចេញ​ពី​ចិត្ត​ជា​មួយ​នោះ​ឡើយ។ តើ​អ្នក​អាច​ជួយ​កូន​របស់​អ្នក​និយាយ​ចេញ​ពី​ចិត្ត​យ៉ាង​ដូច​ម្ដេច? សុភាសិត ២០:៥​ប្រាប់​ថា​៖ «សេចក្ដី​ដំបូន្មាន​នៅ​ក្នុង​ចិត្ត​មនុស្ស នោះ​ធៀប​ដូច​ជា​អណ្ដូង​ដ៏​ជ្រៅ តែ​មនុស្ស​ដែល​មាន​យោបល់ គេ​នឹង​ដង​ឡើង​បាន»។ ដោយ​ប្រើ​សំនួរ​សួរ​អំពី​ទស្សនៈ​កូន ដូច​ជា​«តើ​កូន​គិត​យ៉ាង​ណា​ដែរ?» ធ្វើ​ដូច​នេះ​មាតា​បិតា​លើក​ទឹក​ចិត្ត​កូន​ឲ្យ​ប្រាប់​ពី​គំនិត​និង​អារម្មណ៍​របស់​ខ្លួន។

តើ​អ្នក​នឹង​ធ្វើ​អ្វី​ទៅ​បើ​កូន​មាន​កំហុស​ធ្ងន់ធ្ងរ? នេះ​ជា​ពេល​ដែល​កូន​ត្រូវ​ការ​នូវ​ការ​យោគ​យល់​អំពី​មាតា​បិតា។ ចូរ​ទប់​អារម្មណ៍​ពេល​ដែល​ស្ដាប់​កូន​និយាយ។ ឪពុក​ម្នាក់​ប្រាប់​អំពី​របៀប​គាត់​ប្រព្រឹត្ត​ថា​៖ «នៅ​ពេល​កូន​ខ្ញុំ​ធ្វើ​ខុស ខ្ញុំ​ខំ​ទប់​ចិត្ត​កុំ​ឲ្យ​ច្រឡោត។ ខ្ញុំ​អង្គុយ​ហើយ​ស្ដាប់​កូន​និយាយ​សិន។ ខ្ញុំ​ខំ​យល់​សព្វ​គ្រប់​អំពី​រឿង​នោះ។ កាល​បើ​ខ្ញុំ​ពិបាក​ទប់​ចិត្ត ខ្ញុំ​ចាំ​ទាល់តែ​មាន​អារម្មណ៍​ស្ងប់​សិន»។ បើ​អ្នក​ទប់​អារម្មណ៍​ហើយ​ស្ដាប់​កូន​និយាយ​សិន នោះ​កូន​នឹង​ព្រម​ស្ដាប់​តាម​ការ​ទូន្មាន​ប្រដៅ​របស់​អ្នក​ជាង។

ការ​ទូន្មាន​ប្រដៅ ដែល​ផុស​ចេញ​ពី សេចក្ដី​ស្រឡាញ់​គឺ​ចាំបាច់

«ឪពុក​រាល់​គ្នា​អើយ! កុំ​ឲ្យ​ចាក់​រុក​កូន​របស់​ខ្លួន​ឡើយ ចូរ​បង្រៀន​វា​ទៅ​តាម​ដំបូន្មាន នឹង​សេចក្ដី​ដាស់​តឿន​របស់​ព្រះ​អម្ចាស់​វិញ»។—អេភេសូរ ៦:៤, កំណែ​ជា​អក្សរ​ទ្រេត

ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ នោះ​របៀប​អ្នក​ប្រដៅ​កូន​ដោយ​សេចក្ដី​ស្រឡាញ់​គឺ​សំខាន់។ តើ​មាតា​បិតា​«ចាក់​រុក»​កូន​ក្នុង​ន័យ​អ្វី? បើ​ប្រដៅ​ដោយ​ដាក់​ទោស​ធ្ងន់​ជាង​កំហុស ឬ​រិះគន់​ចាប់​កំហុស​ហួស​ហេតុ​ពេក​នោះ កូន​នឹង​មិន​ព្រម​ស្ដាប់​អ្នក​ទេ។ ត្រូវ​ប្រដៅ​កូន​ដោយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ជានិច្ច។ (សុភាសិត ១៣:២៤) បើ​អ្នក​វែកញែក​ជា​មួយ​កូន នោះ​កូន​នឹង​ទទួល​ស្គាល់​ថា អ្វី​ដែល​អ្នក​ប្រដៅ​ពួក​គេ​នោះ​គឺ​ដោយសារ​អ្នក​ស្រឡាញ់​គេ។—សុភាសិត ២២:១៥; ២៩:១៩

ម្យ៉ាង​ទៀត យក​ល្អ​ឲ្យ​កូន​ពិសោធន៍​នូវ​លទ្ធផល​ពី​កំហុស​ដែល​គេ​បាន​ធ្វើ។ ជា​ឧទាហរណ៍ បើ​កូន​ធ្វើ​បាប​អ្នក​ណា​ម្នាក់ អ្នក​អាច​បង្គាប់​កូន​ឲ្យ​សុំ​អត់​ទោស​ពី​អ្នក​នោះ។ នៅ​ពេល​ធ្វើ​ខុស​បញ្ញត្ដិ​គ្រួសារ អ្នក​អាច​ដក​ហូត​នូវ​សិទ្ធិ​ខ្លះៗ​មិន​ឲ្យ​ធ្វើ​អ្វី​ដែល​កូន​ធ្លាប់​ចូល​ចិត្ត​ដើម្បី​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​ការ​ធ្វើ​តាម​បង្គាប់​នោះ។

យក​ល្អ​អ្នក​ប្រដៅ​កូន​នៅ​ពេល​ត្រឹម​ត្រូវ​ដែរ។ សាស្ដា ៨:១១​បញ្ជាក់​ថា​៖ «ចិត្ត​របស់​ពួក​មនុស្ស​ជាតិ​បាន​ផ្ដាច់​ទៅ ឲ្យ​ប្រព្រឹត្ត​តាម​អំពើ​អាក្រក់​ជានិច្ច​ដោយ​ព្រោះ​តែ​ការ​ធ្វើ​ទោស​ចំពោះ​អំពើ​អាក្រក់ មិន​បាន​សំរេច​ជា​យ៉ាង​ឆាប់»។ ស្រដៀង​គ្នា​ដែរ កូន​នឹង​សាកល្បង​ថា តើ​គេ​អាច​គេច​រួច​ពី​ទោស​ក្រោយ​បាន​ធ្វើ​ខុស​ឬ​យ៉ាង​ណា? ដូច្នេះ ក្រោយ​អ្នក​ព្រមាន​កូន​ថា នឹង​ត្រូវ​ដាក់​ទោស​ចំពោះ​កំហុស​ណា​មួយ​ដែល​គេ​បាន​ធ្វើ នោះ​អ្នក​ត្រូវ​ដាក់​ទោស​កុំ​ខាន។

ការ​លេង​កំសាន្ត​ដែល​ល្អ នោះ​មាន​តម្លៃ

«មាន​ពេល . . . សើច មាន​ពេល​សំរាប់ . . . លោត​កញ្ឆេង»។—សាស្ដា ៣:១, , កំណែ​ជា​អក្សរ​ទ្រេត

ពេល​លំហែ​កាយ​និង​លេង​កំសាន្ត​ដ៏​ល្អ​ដោយ​មាន​តុល្យភាព​គឺ​ចាំបាច់​ចំពោះ​ការ​លូត​លាស់​ខាង​ផ្លូវ​កាយ​និង​សតិ​អារម្មណ៍​របស់​កូន។ នៅ​ពេល​មាតា​បិតា​លេង​កំសាន្ត​ជា​មួយ​នឹង​កូន នោះ​ពង្រឹង​ចំណង​ក្រុម​គ្រួសារ​ហើយ​កូន​មាន​អារម្មណ៍​ថា​ឪពុក​ម្ដាយ​របស់​ខ្លួន​មាន​សេចក្ដី​ស្រឡាញ់។ តើ​ក្រុម​គ្រួសារ​អាច​ធ្វើ​អ្វី​ខ្លះ​ជា​មួយ​គ្នា? បើ​អ្នក​ឆ្លៀត​ពេល​គិត អ្នក​អាច​គិត​ឃើញ​ការ​កំសាន្ត​សប្បាយ​ជា​ច្រើន​ដែល​អាច​ធ្វើ​ជា​មួយ​គ្នា​បាន។ មាន​កីឡា​ដូច​ជា​ការ​ជិះ​កង់ វាយសី លេង​បាល់​ទាត់​និង​បាល់ទះ។ អ្វី​ដែល​ធ្វើ​ឲ្យ​សប្បាយ​រីករាយ​ដែរ​នោះ បើ​ក្រុម​គ្រួសារ​លេង​ភ្លេង​ជា​មួយ​គ្នា។ បើ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ផ្សេងៗ​មើល​ទេសភាព​ស្រូប​ខ្យល់​អាកាស ក្រុម​គ្រួសារ​អាច​សាង​នូវ​អនុស្សាវរីយ៍​ជា​ច្រើន។

ពេល​ធ្វើ​ដូច្នេះ មាតា​បិតា​អាច​អប់រំ​កូន​ឲ្យ​មាន​ទស្សនៈ​ប្រកប​ដោយ​តុល្យភាព​អំពី​ការ​លេង​កំសាន្ត។ បុរស​ម្នាក់​ដែល​កាន់​គ្រីស្ទ​សាសនា​មាន​កូន​ប្រុស​បី​នាក់​ប្រាប់​ថា​៖ «ខ្ញុំ​លេង​កំសាន្ត​ជា​មួយ​កូន​បើ​មាន​លទ្ធភាព។ ជា​ឧទាហរណ៍ ពេល​ពួក​គេ​លេង​ហ្គេម​កុំព្យូទ័រ ខ្ញុំ​សួរ​អំពី​ហ្គេម​នោះ។ ពេល​ពួក​គេ​ពន្យល់​ដោយ​រំភើប​ចិត្ត​អំពី​ហ្គេម​នោះ ខ្ញុំ​ឆ្លៀត​ឱកាស​ប្រាប់​អំពី​គ្រោះថ្នាក់​ដែល​មក​ពី​ការ​លេង​កំសាន្ត​មិន​ល្អ។ ខ្ញុំ​បាន​កត់​សម្គាល់​ថា​ពួក​គេ​ចេះ​ចៀស​វាង​ការ​កំសាន្ត​ដែល​មិន​ល្អ»។ ពិត​ណាស់​ថា កូន​ដែល​សប្បាយ​លេង​កំសាន្ត​ជា​មួយ​ក្រុម​គ្រួសារ​មិន​សូវ​មាន​ភាព​ទន់​ទោរ​ទៅ​រក​ការ​មើល​កម្មវិធី​ទូរទស្សន៍ វីដេអូ កុន ឬ​ហ្គេម​អ៊ិនថឺណិត​ដែល​មាន​អំពើ​ឃោរឃៅ អំពើ​អសីលធម៌ ឬ​ការ​ប្រើ​ថ្នាំ​ញៀន​នោះ​ទេ។

ត្រូវ​ជួយ​កូន​ជ្រើសរើស​មិត្ត​ល្អ

«អ្នក​ណា​ដែល​ដើរ​ជា​មួយ​នឹង​មនុស្ស​ប្រាជ្ញ នោះ​នឹង​មាន​ប្រាជ្ញា​ដែរ តែ​អ្នក​ណា​ដែល​ភប់ប្រសព្វ​នឹង​មនុស្ស​ល្ងីល្ងើ នោះ​នឹង​ត្រូវ​ខូច​បង់​វិញ»។—សុភាសិត ១៣:២០, កំណែ​ជា​អក្សរ​ទ្រេត

ឪពុក​ម្នាក់​ដែល​កាន់​គ្រីស្ទ​សាសនា​និង​បាន​អប់រំ​កូន​បួន​នាក់​ដោយ​ទទួល​បាន​ជោគជ័យ​បាន​មាន​ប្រសាសន៍​ថា​៖ «ខ្ញុំ​សូម​សង្កត់​ធ្ងន់​ថា ការ​ជ្រើសរើស​មិត្តភក្ដិ​ល្អ​គឺ​សំខាន់​ណាស់។ មិត្ត​អាក្រក់​តែ​ម្នាក់​អាច​នាំ​បង្ខូច​លក្ខណៈ​ល្អ​ដែល​អ្នក​បាន​អប់រំ​កូន​ឲ្យ​មាន​នោះ»។ ដើម្បី​ជួយ​កូន​របស់​គាត់​ឲ្យ​ជ្រើសរើស​មិត្តភក្ដិ​ល្អ គាត់​សួរ​កូន​ថា​៖ ‹តើ​អ្នក​ណា​ជា​មិត្ត​ជិត​ស្និទ្ធ​បំផុត​របស់​កូន? ហេតុ​អ្វី​បាន​ជា​កូន​ចូល​ចិត្ត​គាត់? តើ​លក្ខណៈ​មួយ​ណា​របស់​គាត់​ដែល​កូន​ចង់​ត្រាប់​តាម?›។ ឪពុក​ម្នាក់​ទៀត​អញ្ជើញ​មិត្តភក្ដិ​ជិតដិត​របស់​កូន​ឲ្យ​មក​លេង​ផ្ទះ។ ពេល​នោះ គាត់​អាច​សង្កេត​មើល​មិត្ត​ទាំង​នោះ​ហើយ​ឲ្យ​ការ​ណែនាំ​ដល់​កូន​សម​ស្រប​តាម​អ្វី​ដែល​គាត់​បាន​សង្កេត​ឃើញ។

ក៏​ជា​ការ​សំខាន់​ដែរ​ដែល​មាតា​បិតា​បង្រៀន​កូន​ឲ្យ​ចេះ​យក​មនុស្ស​ចាស់​ជាង​ធ្វើ​ជា​មិត្តភក្ដិ​នោះ មិន​ត្រឹម​តែ​វ័យ​ស្រករ​គ្នា​ទេ។ លោក​ប៊ូមសុន​ដែល​មាន​កូន​ប្រុស​បី​នាក់​ប្រាប់​ថា​៖ «ខ្ញុំ​ជួយ​កូន​របស់​ខ្ញុំ​យល់​ថា មិត្តភក្ដិ​មិន​ចាំបាច់​តែ​វ័យ​ស្រករ​គ្នា​ទេ តួ​យ៉ាង​ដូច​ជា​ដាវីឌ​និង​យ៉ូណាថាន​ក្នុង​ព្រះ​គម្ពីរ។ ការ​ពិត ខ្ញុំ​អញ្ជើញ​បងប្អូន​គ្រីស្ទាន​គ្រប់​អាយុ​ឲ្យ​មក​សំណេះ​សំ​ណា​ល​ជា​មួយ​នឹង​កូន​ខ្ញុំ។ លទ្ធផល​គឺ កូន​ខ្ញុំ​អាច​សំណេះ​សំ​ណា​ល​ជា​មួយ​នឹង​មនុស្ស​ជា​ច្រើន​ដែល​មិន​គ្រាន់​តែ​ជា​មនុស្ស​ដែល​មាន​វ័យ​ស្រករ​ពួក​គេ​នោះ​ទេ»។ ការ​សំណេះ​សំ​ណា​ល​ជា​មួយ​នឹង​មនុស្ស​ចាស់​ជាង​ដែល​ជា​គំរូ​ល្អ មាន​ប្រយោជន៍​ឲ្យ​កូន​ទាញ​យក​បទ​ពិសោធន៍​ពី​ពួក​គាត់។

អ្នក​អាច​អប់រំ​កូន​ដោយ​ជោគជ័យ​បាន

យោង​ទៅ​តាម​ការ​ស្ទង់​មតិ​មួយ​នៅ​សហរដ្ឋ​អាមេរិក មាតា​បិតា​ជា​ច្រើន​ដែល​បាន​ព្យាយាម​អប់រំ​កូន​ឲ្យ​មាន​លក្ខណៈ​សម្បត្ដិ​ដូច​ជា ការ​ចេះ​ទប់​ចិត្ត ចេះ​លត់​ដំ​ខ្លួន និង​មាន​ភាព​ទៀងត្រង់​ជា​ដើម មិន​សូវ​បាន​ទទួល​ជោគជ័យ​ទេ។ ហេតុ​អ្វី​ពិបាក​ម្ល៉េះ? ម្ដាយ​មួយ​រូប​ដែល​បាន​ឆ្លើយ​នឹង​ការ​ស្ទង់​មតិ​នោះ​ប្រាប់​ថា​៖ ‹គួរ​ឲ្យ​ស្ដាយ​ណាស់ មាន​វិធី​តែ​មួយ​គត់​ដែល​អាច​ការពារ​កូន​បាន គឺ​ដាក់​ក្នុង​បន្ទប់​បិទ​ជិត​មិន​ឲ្យ​ចេញ​ទៅ​ណា​ស្គាល់​ពិភពលោក›។ គាត់​ចង់​និយាយ​ថា សព្វ​ថ្ងៃ​នេះ កូន​ត្រូវ​រស់​នៅ​ក្នុង​ស្ថានភាព​មួយ​ដែល​អាក្រក់​ជាង​សម័យ​មុនៗ​ឆ្ងាយ​ណាស់។ ក្នុង​ស្ថានភាព​បែប​នេះ តើ​ពិត​ជា​អាច​អប់រំ​កូន​ដោយ​ជោគជ័យ​បាន​ឬ​ទេ?

បើ​អ្នក​ចង់​ថែ​ផ្កា​អ័រគីដេ​តែ​ខ្លាច​ថា​វា​នឹង​ស្រពោន​ទៅ អ្នក​ប្រហែល​ជា​មិន​ហ៊ាន​យក​មក​ថែ​ទេ។ ប៉ុន្តែ បើ​អ្នក​ជំនាញ​ខាង​ផ្កា​អ័រគីដេ​ជូន​យោបល់​ល្អៗ​និង​និយាយ​ដោយ​ជឿជាក់​ថា «អ្នក​នឹង​បានជោគជ័យ​បើ​អ្នក​ធ្វើ​តាម​យោបល់​ទាំង​នេះ» អ្នក​នឹង​សប្បាយ​ចិត្ត​ណាស់! ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​ដែល​ចេះ​ដឹង​ជាង​គេ​បំផុត​អំពី​លក្ខណៈ​មនុស្ស ហើយ​ទ្រង់​ផ្ដល់​យោបល់​អំពី​វិធី​ល្អ​បំផុត​សំរាប់​អប់រំ​កូន។ ទ្រង់​មាន​បន្ទូល​ថា​៖ «ចូរ​បង្ហាត់​កូន​ក្មេង ឲ្យ​ប្រព្រឹត្ត​តាម​ផ្លូវ​ដែល​គួរ​ប្រព្រឹត្ត នោះ​វា​នឹង​មិន​លះបង់​ពី​ផ្លូវ​នោះ​ដរាប​ដល់​ចាស់»។ (សុភាសិត ២២:៦) នៅ​ពេល​អ្នក​អប់រំ​កូន​ទៅ​តាម​ឱវាទ​ក្នុង​ព្រះ​គម្ពីរ នោះ​អ្នក​ទំនង​ជា​នឹង​មាន​ក្ដី​សប្បាយ​រីករាយ​ដោយ​ឃើញ​កូន​របស់​អ្នក​ធំ​ឡើង​ទៅ​ជា​មនុស្ស​ពេញ​វ័យ​ដែល​ចេះ​ទទួល​ខុសត្រូវ មាន​សុជីវធម៌ និង​ប្រកាន់​សីលធម៌។ យ៉ាង​នេះ អ្នក​ដទៃ​នឹង​ស្រឡាញ់​កូន​របស់​អ្នក អ្វី​ដែល​សំខាន់​បំផុត ព្រះ​យេហូវ៉ា​ជា​ព្រះ​វរបិតា​របស់​យើង​នៅ​ស្ថានសួគ៌ ទ្រង់​នឹង​ស្រឡាញ់​កូន​របស់​អ្នក​ដែរ។