តើព្រះទទួលខុសត្រូវចំពោះបញ្ហាទាំងប៉ុន្មានរបស់យើងឬ?
តើព្រះទទួលខុសត្រូវចំពោះបញ្ហាទាំងប៉ុន្មានរបស់យើងឬ?
នៅពេលកូនស្រីពេញវ័យរបស់ម៉ារីនត្រូវរបួសខួរក្បាលយ៉ាងខ្លាំង នោះគាត់បានអធិស្ឋានឲ្យព្រះជួយដូចយើងភាគច្រើននឹងធ្វើដែរ។ * ម៉ារីននិយាយថា៖ «ខ្ញុំមិនដែលនឹកចាំថាខ្ញុំធ្លាប់មានអារម្មណ៍អស់សង្ឃឹមបែបនេះទេ»។ ក្រោយមក កូនគាត់កាន់តែឈឺធ្ងន់ឡើងៗ ហើយម៉ារីនចាប់ផ្ដើមសង្ស័យថាតើមានព្រះឬក៏អត់។ គាត់បានសួរថា៖ «ហេតុអ្វីក៏រឿងនេះកើតឡើងដូច្នេះ?»។ គាត់ពុំយល់សោះថាព្រះដែលប្រកបដោយសេចក្ដីស្រឡាញ់និងយកព្រះទ័យទុកដាក់អាចបោះបង់ចោលគាត់ដូច្នេះបាន។
មនុស្សជាច្រើនក៏ធ្លាប់ពិសោធន៍ដូចម៉ារីនដែរ។ នៅជុំវិញពិភពលោកមនុស្សជាច្រើនមានអារម្មណ៍ថាព្រះបានបោះបង់ចោលពួកគេក្នុងកាលដែលគេត្រូវការទ្រង់។ លីសា ក្រោយពីចៅគាត់ត្រូវគេសម្លាប់ បានពោលថា៖ «ខ្ញុំនៅតែពិបាកយល់‹ហេតុអ្វីក៏ព្រះអនុញ្ញាតឲ្យរឿងនេះកើតឡើង›។ ខ្ញុំមិនទាន់ឈប់មានជំនឿលើព្រះទាំងស្រុងទេ ប៉ុន្តែជំនឿខ្ញុំឥតមាំមួនដូចមុនៗទេ»។ ដូចគ្នាដែរ ស្ត្រីម្នាក់ក្រោយពីទារករបស់គាត់ស្លាប់យ៉ាងខ្លោចផ្សាបានពោលថា៖ «ព្រះពុំបានសម្រាលទុក្ខខ្ញុំសោះចំពោះអ្វីដែលបានកើតឡើងដល់ខ្ញុំ។ ទ្រង់មិនបានសម្ដែងថាទ្រង់យកព្រះទ័យទុកដាក់ឬសេចក្ដីមេត្ដាសោះឡើយ»។ គាត់បាននិយាយបន្ថែមថា៖ «ខ្ញុំពុំអាចអត់ទោសឲ្យព្រះបានទេ»។
មនុស្សឯទៀតមានអារម្មណ៍ខឹងព្រះ ពេលគេមើលឃើញព្រឹត្ដិការណ៍ក្នុងលោកនេះ។ ពួកគេឃើញនូវភាពក្រីក្រនិងការអត់អាហារក្នុងប្រទេសជាច្រើន ជនភៀសខ្លួនដែលគ្មានសេចក្ដីសង្ឃឹម ក្មេងកំព្រាដែលមានចំនួនច្រើនរាប់ពុំអស់ដោយសារជំងឺអេដស៍ ហើយមនុស្សរាប់លាននាក់មានជំងឺផ្សេងៗទៀត។ ដោយប្រឈមមុខនឹងរឿងខ្លោចផ្សាទាំងនេះ មនុស្សជាច្រើនបន្ទោសព្រះ ដោយសារមើលទៅទ្រង់ទំនងជាពុំបានចាត់វិធានការធ្វើអ្វីសោះ។
យ៉ាងណាក៏ដោយ ហេតុពិតគឺថា ព្រះមិនត្រូវទទួលកំហុសចំពោះបញ្ហាទាំងប៉ុន្មានដែលមនុស្សជាតិមាននោះទេ។ តាមការពិត មានមូលហេតុត្រឹមត្រូវដោយជឿថា មិនយូរប៉ុន្មានទៀត ព្រះនឹងដោះស្រាយនូវបញ្ហាទាំងប៉ុន្មានដែលមនុស្សជាតិកំពុងតែពិសោធ។ យើងអញ្ជើញអ្នកបើកទៅអត្ថបទបន្ទាប់ហើយពិនិត្យមើលថា ព្រះពិតជាយកព្រះទ័យទុកដាក់នឹងយើងមែន។
[កំណត់សម្គាល់]
^ វគ្គ 2 ឈ្មោះត្រូវបានប្ដូរ