គោលសំខាន់ៗពីសៀវភៅជនគណនា
ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ
គោលសំខាន់ៗពីសៀវភៅជនគណនា
បន្ទាប់ពីជនជាតិអ៊ីស្រាអែលបានចេញពីស្រុកអេស៊ីបមក ពួកគេត្រូវបានរៀបចំឲ្យទៅជាសាសន៍មួយ។ មិនយូរក្រោយនោះ ជនជាតិអ៊ីស្រាអែលអាចចូលទៅក្នុងស្រុកសន្យា ប៉ុន្តែ ពួកគេមិនបានចូលទេ។ ផ្ទុយទៅវិញ ជនជាតិអ៊ីស្រាអែលត្រូវដើរវិលវល់អស់ជិត៤០ឆ្នាំនៅ«ទីរហោស្ថានសំបើមគួរស្ញែងខ្លាច»។ (ចោទិយកថា ៨:១៥) តើហេតុអ្វី? កំណត់ហេតុក្នុងសៀវភៅជនគណនារៀបរាប់នូវអ្វីដែលកើតមានឡើង។ កំណត់ហេតុនោះគួរធ្វើឲ្យយើងចាំមិនភ្លេចថា យើងត្រូវតែស្ដាប់បង្គាប់ព្រះយេហូវ៉ា និងគោរពអ្នកដែលទ្រង់តែងតាំងជាអ្នកតំណាង។
ម៉ូសេបានសរសេរសៀវភៅជនគណនានៅទីរហោស្ថាន និងនៅវាលទំនាបស្រុកម៉ូអាប់។ សៀវភៅជនគណនារៀបរាប់អំពីព្រឹត្ដិការណ៍ដែលបានកើតឡើងក្នុងរយៈពេល៣៨ឆ្នាំ ៩ខែ ចាប់ពីឆ្នាំ១៥១២មុនស.យ. ទៅដល់ឆ្នាំ១៤៧៣មុនស.យ.។ (ជនគណនា ១:១; ចោទិយកថា ១:៣) សៀវភៅនេះមានឈ្មោះថាជនគណនា ដោយសារមានការគណនា ឬធ្វើជំរឿនប្រជាជនអ៊ីស្រាអែលពីរដងក្នុងរយៈពេល៣៨ឆ្នាំនោះ។ (ជំពូកទី១-៤, ជំពូកទី២៦) កំណត់ហេតុក្នុងសៀវភៅជនគណនាត្រូវបានបែងចែកជាបីផ្នែក។ ផ្នែកទីមួយជាប់ទាក់ទងនឹងព្រឹត្ដិការណ៍ដែលកើតឡើងនៅឯភ្នំស៊ីណាយ។ ផ្នែកទីពីរជាប់ទាក់ទងនឹងអ្វីដែលកើតឡើងក្នុងកំឡុងពេលដែលជនជាតិអ៊ីស្រាអែលដើរវិលវល់ក្នុងទីរហោស្ថាន។ ផ្នែកចុងក្រោយរៀបរាប់នូវព្រឹត្ដិការណ៍ដែលកើតឡើងនៅវាលទំនាបស្រុកម៉ូអាប់។ នៅពេលដែលអ្នកអានកំណត់ហេតុនេះ អ្នកអាចសួរខ្លួនឯងថា ‹តើខ្ញុំអាចទាញយកមេរៀនអ្វីពីរឿងទាំងនេះ? តើមានគោលការណ៍អ្វីខ្លះក្នុងសៀវភៅនេះដែលអាចមានប្រយោជន៍ជួយខ្ញុំសព្វថ្ងៃនេះ?›។
នៅឯភ្នំស៊ីណាយ
ការធ្វើជំរឿនប្រជាជនជាលើកទីមួយ គឺនៅពេលដែលជនជាតិអ៊ីស្រាអែលនៅឯជើងភ្នំស៊ីណាយនៅឡើយ។ ការស្រង់ចំនួនបុរសទាំងឡាយដែលមានអាយុ២០ឆ្នាំឡើងបានឲ្យដឹងថា មានបុរស៦០៣.៥៥០នាក់។ ចំនួននេះមិនរួមបញ្ចូលបុរសពីកុលសម្ព័ន្ធលេវីទេ។ តាមមើលទៅ ជំរឿននេះគឺសំរាប់ពលទ័ព។ សរុបទៅ ជនជាតិអ៊ីស្រាអែលទាំងឡាយ ទាំងស្ត្រី កុមារាកុមារី និងពួកលេវីប្រហែលជាមានចំនួនជាង៣លាននាក់។
បន្ទាប់ពីការធ្វើជំរឿននោះ ជនជាតិអ៊ីស្រាអែលបានទទួលការណែនាំស្តីអំពីរបៀបដើរតាមលំដាប់ជាកុលសម្ព័ន្ធ ពត៌មានល្អិតល្អន់អំពីភារកិច្ចរបស់កុលសម្ព័ន្ធលេវី និងកិច្ចបំរើនៅឯរោងឧបោសថ បញ្ញត្ដិផ្សេងៗស្តីអំពីការបង្ខាំងទុកអ្នកជំងឺ ហើយច្បាប់ផ្សេងៗទាក់ទងនឹងការប្រច័ណ្ឌ និងការបន់បំណន់ឬសម្បថរបស់ពួកន៉ាសារីត។ ជំពូកទី៧មានពត៌មានអំពីដង្វាយដែលត្រូវថ្វាយដោយមេកុលសម្ព័ន្ធដើម្បីសម្ពោធអាសនៈ ហើយជំពូកទី៩រៀបរាប់អំពីការធ្វើបុណ្យរំលង។ ជនជាតិអ៊ីស្រាអែលក៏ត្រូវបានណែនាំអំពីការតម្លើងត្រសាលនិងពីការធ្វើដំណើរដែរ។
ចម្លើយចំពោះសំនួរអំពីបទគម្ពីរ:
២:១, ២—នៅទីរហោស្ថាន តើជនជាតិអ៊ីស្រាអែលត្រូវតម្លើងត្រសាលនៅជុំវិញ«ទង់ជ័យ»អ្វី? ព្រះគម្ពីរមិនបានចែងពីទង់ជ័យឬទង់សញ្ញា (ខ.ស.) ទាំងនោះជាអ្វីទេ។ ក៏ប៉ុន្តែ ជនជាតិអ៊ីស្រាអែលមិនបានចាត់ទុកទង់សញ្ញាទាំងនោះជានិមិត្តរូបពិសិដ្ឋមួយទេ ក៏មិនបានចាត់ទុកជាអ្វីដែលទាក់ទងនឹងសាសនាដែរ។ ទង់សញ្ញាទាំងនោះគឺដើម្បីជួយប្រជាជនឲ្យដឹងថាកុលសម្ព័ន្ធខ្លួនត្រូវតម្លើងត្រសាលនៅកន្លែងណាក្នុងជំរំ។
៥:២៧—ឃ្លាថាប្រពន្ធណាដែលធ្វើអំពើផិតក្បត់ «ភ្លៅនាងនឹងរលួយទៅ» តើឃ្លានេះមានន័យអ្វី? ក្នុងខនេះ ពាក្យ«ភ្លៅ»សំដៅលើអង្គជាតរបស់ស្ត្រី។ (លោកុប្បត្តិ ៤៦:២៦) ពាក្យថា«រលួយទៅ»ធ្វើឲ្យយល់ន័យថាអង្គជាតនឹងទៅជាខូចវិញ ដើម្បីមិនអាចមានផ្ទៃពោះបាន។
មេរៀនសំរាប់យើង:
៦:១-៧: ពួកន៉ាសារីតមិនត្រូវពិសាអ្វីដែលធ្វើពីផ្លែទំពាំងបាយជូរ ក៏មិនត្រូវផឹកគ្រឿងស្រវឹងសោះឡើយ។ ទង្វើនេះតម្រូវឲ្យធ្វើ ពលិកម្ម។ ពួកន៉ាសារីតត្រូវទុកឲ្យសក់ដុះវែង ហើយនេះបង្ហាញថាពួកគេចុះចូលចំពោះព្រះយេហូវ៉ា ដូចជាស្ត្រីត្រូវចុះចូលចំពោះប្ដីឬឪពុករបស់ខ្លួនដែរ។ ពួកន៉ាសារីតត្រូវរក្សាខ្លួនឲ្យបរិសុទ្ធដោយមិនទៅជិតខ្មោចស្លាប់ណាមួយឡើយ សូម្បីតែខ្មោចរបស់សាច់ញាតិជិត។ សព្វថ្ងៃនេះ អ្នកបំរើពេញពេលបង្ហាញស្មារតីលះបង់ស្តីអំពីការធ្វើពលិកម្ម ហើយការចុះចូលចំពោះព្រះយេហូវ៉ានិងរបៀបរៀបចំរបស់ទ្រង់។ អ្នកបំរើពេញពេលខ្លះ ប្រហែលជាត្រូវបំរើនៅប្រទេសឆ្ងាយ។ នេះអាចធ្វើឲ្យពួកគាត់ពិបាកក្នុងការវិលត្រឡប់ទៅឯស្រុកកំណើតវិញសំរាប់ប្រារព្ធបុណ្យសពរបស់សាច់សាលោហិត ឬគ្មានលទ្ធភាពត្រឡប់ទៅស្រុកខ្លួនវិញបានឡើយ។
៨:២៥, ២៦: បុរសដែលមានអាយុច្រើនត្រូវបានបង្គាប់ឲ្យចូលនិវត្តន៍ បញ្ចប់កិច្ចបំរើដែលច្បាប់តម្រូវឲ្យបំពេញនោះ ដើម្បីមានតែបុរសដែលមានសមត្ថភាពបំពេញកិច្ចបំរើរបស់ពួកលេវី ហើយដើម្បីបង្ហាញការយោគយល់ចំពោះបុរសវ័យចាស់ទាំងនេះ។ ក៏ប៉ុន្តែ បុរសវ័យចាស់អាចស្ម័គ្រចិត្តជួយពួកលេវីបាន។ សព្វថ្ងៃនេះ គ្មានការរៀបចំឲ្យចូលនិវត្តន៍ពីកិច្ចផ្សព្វផ្សាយក៏ពិតមែន តែយើងអាចទាញយកមេរៀនដ៏សំខាន់ពីគោលការណ៍ដែលជាមូលដ្ឋាននៃច្បាប់ស្តីអំពីការចូលនិវត្តន៍បាន។ បើគ្រីស្ទានណាម្នាក់មិនអាចបំពេញភារកិច្ចខ្លះៗដោយសារមានអាយុច្រើននោះ គាត់អាចចូលរួមក្នុងកិច្ចបំរើផ្សេងទៀតដែលគាត់មានកម្លាំងអាចធ្វើទៅបាន។
ការផ្លាស់ពីកន្លែងមួយទៅកន្លែងមួយ នៅទីរហោស្ថាន
នៅពេលពពកខាងលើរោងឧបោសថរសាត់ឡើងលើ ជនជាតិអ៊ីស្រាអែលចាប់ផ្ដើមធ្វើដំណើរដែលមានរយៈពេល៣៨ឆ្នាំមួយឬពីរខែទៀត ហើយបានឈប់ធ្វើដំណើរនៅវាលទំនាបស្រុកម៉ូអាប់។
ពេលដែលធ្វើដំណើរទៅកាដេស នាទីរហោស្ថានប៉ារ៉ាន ប្រជាជនបានរអ៊ូរទាំយ៉ាងតិចបីដង។ លើកទីមួយ ព្រះយេហូវ៉ាបង្ក្រាបមនុស្សរអ៊ូរទាំទាំងនោះដោយធ្វើឲ្យមានភ្លើងឆេះបំផ្លាញពួកគេខ្លះ។ រួចមក ជនជាតិអ៊ីស្រាអែលរអ៊ូរទាំពីព្រោះចង់បរិភោគសាច់ ហើយព្រះយេហូវ៉ាក៏ប្រទានសត្វក្រួចឲ្យពួកគេ។ ពេលម៉ារាមនិងអើរ៉ុនរអ៊ូរទាំដាក់ម៉ូសេ លទ្ធផលគឺម៉ារាមកើតជំងឺឃ្លង់អស់មួយរយៈ។
នៅពេលដែលជនជាតិអ៊ីស្រាអែលតម្លើងត្រសាលនៅកាដេស ម៉ូសេចាត់បុរស១២នាក់ទៅឈ្លបមើលស្រុកសន្យា។ ក្រោយ៤០ថ្ងៃ បុរស១២នាក់នោះត្រឡប់មកវិញ។ ដោយសារជនជាតិអ៊ីស្រាអែលជឿរឿងអាក្រក់ដែលបុរស១០នាក់រៀបរាប់ប្រាប់នោះ ប្រជាជនចង់យកដុំថ្មគប់សម្លាប់ម៉ូសេ អើរ៉ុន និងឈ្លបស្មោះត្រង់ពីរនាក់គឺ យ៉ូស្វេនិងកាលែប។ ព្រះយេហូវ៉ាមានបន្ទូលថាទ្រង់នឹងដាក់ទោសពួកគេដោយអាសន្នរោគ ប៉ុន្តែម៉ូសេទូលអង្វរព្រះយេហូវ៉ាជំនួសពួកគេ ហើយព្រះមានបន្ទូលថាជនជាតិអ៊ីស្រាអែលនឹងដើរវិលវល់ក្នុងទីរហោស្ថានអស់៤០ឆ្នាំទាល់តែអស់អ្នកដែលត្រូវបានរាប់ក្នុងជំរឿនបានស្លាប់អស់ទៅ។
ព្រះយេហូវ៉ាមានបន្ទូលប្រាប់នូវបញ្ញត្ដិថែមទៀត។ កូរេនិងអ្នកឯទៀតបះបោរប្រឆាំងនឹងម៉ូសេហើយអើរ៉ុន ប៉ុន្តែអ្នកបះបោរទាំងនោះត្រូវបំផ្លាញចោលដោយភ្លើងឬត្រូវដីប្រេះចេញពីគ្នាហាយកពួកគេទៅ។ ថ្ងៃស្អែកឡើង ប្រជាជនទាំងឡាយរអ៊ូរទាំប្រឆាំងម៉ូសេនិងអើរ៉ុនទៀត។ ជាលទ្ធផល ១៤.៧០០នាក់ស្លាប់ដោយព្រះហស្តព្រះយេហូវ៉ា។ ព្រះបង្ហាញឲ្យឃើញថា ទ្រង់ជ្រើសរើសអើរ៉ុនជាសម្ដេចសង្ឃដោយធ្វើឲ្យដំបងរបស់អើរ៉ុនចេញផ្កា។ បន្ទាប់មក ព្រះយេហូវ៉ាមានបន្ទូលប្រាប់ច្បាប់ថែមទៀតដែលទាក់ទងនឹងភារកិច្ចរបស់ពួកលេវីថែមទាំងការធ្វើឲ្យប្រជាជនស្អាតឡើងវិញ។ ការប្រើផេះដែលមកពីការដុតគោញី១សម្បុរទង់ដែង តំណាងដង្វាយរបស់ព្រះយេស៊ូដែលលាងបាប។—ហេព្រើរ ៩:១៣, ១៤
យ៉ូហាន ៣:១៤, ១៥) ជនជាតិអ៊ីស្រាអែលឈ្នះស្តេចសាសន៍អាម៉ូរីពីរអង្គ គឺស្តេចស៊ីហុននិងស្តេចអុក ក្រោយនោះជនជាតិអ៊ីស្រាអែលចាប់យកទឹកដីរបស់ពួកអាម៉ូរី។
ជនជាតិអ៊ីស្រាអែលត្រឡប់ទៅកាដេសហើយម៉ារាមបានស្លាប់នៅទីនោះ។ ប្រជាជនរអ៊ូរទាំប្រឆាំងម៉ូសេនិងអើរ៉ុនម្ដងទៀត។ តើហេតុអ្វី? គឺដោយសារប្រជាជនអស់ទឹក។ ដោយសារម៉ូសេនិងអើរ៉ុនមិនបានលើកព្រះនាមព្រះយេហូវ៉ាឲ្យបានបរិសុទ្ធនៅពេលដែលទ្រង់ធ្វើអព្ភូតហេតុនាំឲ្យមានទឹកនោះ ពួកគេបាត់បង់នូវឯកសិទ្ធិចូលទៅក្នុងស្រុកសន្យា។ សាសន៍អ៊ីស្រាអែលចាកចេញពីកាដេស ហើយអើរ៉ុនស្លាប់នៅភ្នំហោរ។ ពេលដែលដើរវាងពីស្រុកអេដំម ប្រជាជនបានអស់កម្លាំង រួចចាប់ផ្ដើមនិយាយប្រឆាំងព្រះនិងម៉ូសេ។ ព្រះយេហូវ៉ាដាក់ទោសប្រជាជនដោយឲ្យពស់ដែលមានពិសទៅចឹក។ ម្ដងទៀត ម៉ូសេទូលអង្វរព្រះជំនួសពួកគេ ហើយព្រះណែនាំគាត់ឲ្យធ្វើពស់មួយពីស្ពាន់ហើយដាក់លើបង្គោលមួយដើម្បីឲ្យអ្នកដែលត្រូវពស់ចឹកអាចជាឡើងវិញដោយសម្លឹងមើលវាឲ្យចំ។ ពស់នោះបង្ហាញទុកជាមុនថា ព្រះយេស៊ូគ្រីស្ទនឹងត្រូវគេធ្វើគុតលើបង្គោលឈើ ដើម្បីប្រយោជន៍ជាអនន្តរបស់យើង។ (ចម្លើយចំពោះសំនួរអំពីបទគម្ពីរ:
១២:១—តើម៉ារាមនិងអើរ៉ុនបានរអ៊ូរទាំប្រឆាំងម៉ូសេដោយព្រោះអ្វី? មូលហេតុពិតប្រាកដដែលពួកគាត់បានរអ៊ូរទាំនេះគឺពីព្រោះម៉ារាមចង់បានមុខមាត់ធំជាង។ នៅពេលដែលសេផូរ៉ា ប្រពន្ធរបស់ម៉ូសេមកនៅជាមួយនឹងម៉ូសេក្នុងទីរហោស្ថាន នោះម៉ារាមប្រហែលជាខ្លាចប្រជាជនអ៊ីស្រាអែលនឹងលែងចាត់ទុកគាត់ជាស្ត្រីសំខាន់បំផុតក្នុងចំណោមសាសន៍អ៊ីស្រាអែល។—និក្ខមនំ ១៨:១-៥
១២:៩-១១—ហេតុអ្វីបានជាព្រះដាក់ទោសតែម៉ារាមប៉ុណ្ណោះឲ្យកើតជំងឺឃ្លង់? ទំនងជាម៉ារាមបានផ្ដើមការរអ៊ូរទាំនេះរួចបញ្ចុះបញ្ចូលអើរ៉ុនឲ្យចូលជាមួយគាត់ដែរ។ អើរ៉ុនបានបង្ហាញចិត្តគំនិតត្រឹមត្រូវដោយសារភាពកំហុសរបស់ខ្លួន។
២១:១៤, ១៥—តើខនេះសំដៅទៅសៀវភៅអ្វី? បទគម្ពីរប្រាប់ពីសៀវភៅផ្សេងៗដែលអ្នកសរសេរព្រះគម្ពីរបានប្រើជាឯកសារយោង។ (យ៉ូស្វេ ១០:១២, ១៣; ពង្សាវតារក្សត្រទី១ ១១:៤១; ១៤:១៩, ២៩) «សៀវភៅ ដែលនិទានពីចំបាំងផងព្រះយេហូវ៉ា»គឺជាសៀវភៅមួយដែលអ្នកសរសេរព្រះគម្ពីរធ្លាប់ប្រើជាឯកសារយោង។ សៀវភៅនោះមានកំណត់ហេតុប្រវត្ដិសាស្ត្រដែលរៀបរាប់អំពីសង្គ្រាមផ្សេងៗរបស់រាស្ត្រព្រះយេហូវ៉ា។
មេរៀនសំរាប់យើង:
១១:២៧-២៩: ម៉ូសេជាគំរូល្អប្រសើរស្តីអំពីរបៀបយើងគួរប្រព្រឹត្ត នៅពេលដែលអ្នកឯទៀតទទួលឯកសិទ្ធិក្នុងកិច្ចបំរើរបស់ព្រះយេហូវ៉ា។ ជាជាងមានចិត្តច្រណែននិងបែរជាខំលើកតម្កើងខ្លួនឯងនោះ ម៉ូសេសប្បាយចិត្តនៅពេលដែលអែលដាតនិងមីដាតចាប់ផ្ដើមប្រព្រឹត្តដូចព្យាការី។
១២:២, ៩, ១០; ១៦:១-៣, ១២-១៤, ៣១-៣៥, ៤១, ៤៦-៥០: ព្រះយេហូវ៉ាតម្រូវឲ្យអ្នកថ្វាយបង្គំទ្រង់គោរពអ្នកដែលមានអំណាចពីទ្រង់។
១៤:២៤: ដើម្បីទប់ទល់នឹងឥទ្ធិពលនៃលោកីយ៍នេះដែលខំអូសទាញយើងឲ្យប្រព្រឹត្តអំពើខុសឆ្គងនោះ គឺសំខាន់ណាស់ដែលយើងលត់ដំខ្លួនឲ្យមាន«វិញ្ញាណផ្សេង»ឬចិត្តគំនិតផ្សេងពីលោកីយ៍។
១៥:៣៧-៤១: មូលហេតុដែលជនជាតិអ៊ីស្រាអែលត្រូវមានជាយអាវប្លែកពីសាសន៍ដទៃ គឺដើម្បីរំឭកជនជាតិអ៊ីស្រាអែលឲ្យចាំថា ពួកគេជាមនុស្សមួយពួកញែកចេញដោយឡែកសំរាប់ការថ្វាយបង្គំព្រះ ហើយដើម្បីរំឭកពួកគេឲ្យស្ដាប់តាមបង្គាប់របស់ទ្រង់។ ដូច្នេះគួរគប្បីឲ្យយើងមានរបៀបរស់នៅសមស្របតាមខ្នាតតម្រារបស់ព្រះ ហើយនេះគួរលេចធ្លោឲ្យឃើញថាយើងខុសគ្នាពីលោកីយ៍ដែរ មែនទេ?
នៅវាលទំនាបស្រុកម៉ូអាប់
នៅពេលដែលជនជាតិអ៊ីស្រាអែលតម្លើងត្រសាលនៅវាលទំនាបស្រុកម៉ូអាប់ដែលសុទ្ធតែជាវាលខ្សាច់នោះ ជនជាតិម៉ូអាប់ញ័ររន្ធត់ណាស់។ ដូច្នេះ ស្តេចបាឡាក ស្តេចរបស់សាសន៍ម៉ូអាប់ជួលបាឡាមឲ្យមកដាក់បណ្ដាសាលើជនជាតិអ៊ីស្រាអែល។ ប៉ុន្តែ ព្រះយេហូវ៉ាបង្ខំឲ្យបាឡាមប្រទានពរទៅលើជនជាតិអ៊ីស្រាអែលវិញ។ បន្ទាប់មក ស្ត្រីសាសន៍ម៉ូអាប់និងសាសន៍ម៉ាឌានបានចាត់ឲ្យទៅដើម្បីលួងលោមបុរសអ៊ីស្រាអែលឲ្យធ្វើអំពើអសីលធម៌និងថ្វាយបង្គំរូបព្រះ។ ជាលទ្ធផលគឺព្រះយេហូវ៉ាបំផ្លាញអស់២៤.០០០នាក់ដែលប្រព្រឹត្តអំពើខុសឆ្គងនោះ។ ការបំផ្លាញនោះត្រូវចប់ពេលដែលភីនេហាសបង្ហាញថា គាត់មិនសុខចិត្តឲ្យអ្វីដណ្ដើមយកការថ្វាយបង្គំរបស់ព្រះយេហូវ៉ាបានឡើយ។
ការធ្វើជំរឿនប្រជាជនជាលើកទីពីរបានឲ្យដឹងថា បុរសទាំងអស់ដែលត្រូវបានរាប់ក្នុងជំរឿនទីមួយបានស្លាប់អស់ហើយ លើកលែងតែយ៉ូស្វេនិងកាលែប។ យ៉ូស្វេត្រូវតែងតាំងជាអ្នកដឹកនាំក្រោយម៉ូសេ។ ជនជាតិអ៊ីស្រាអែលទទួលការណែនាំស្តីអំពីទំរង់ការសំរាប់ការថ្វាយដង្វាយផ្សេងៗ និងរបៀបស្បថ។ ប្រជាជនអ៊ីស្រាអែលក៏សងសឹកទៅលើសាសន៍ម៉ាឌានដែរ។ កុលសម្ព័ន្ធរូបេន កាឌ់ និងពាក់កណ្ដាលកុលសម្ព័ន្ធម៉ាន៉ាសេបានតាំងលំនៅនាខាងកើតទន្លេយ័រដាន់។ សាសន៍អ៊ីស្រាអែលទទួលការណែនាំអំពីរបៀបឆ្លងទន្លេយ័រដាន់ហើយរបៀបចាប់យកស្រុកនោះ។ ព្រំប្រទល់ត្រូវបញ្ជាក់យ៉ាងល្អិតល្អន់។ មរតកត្រូវចែកដោយចាប់ឆ្នោត។ ពួកលេវីទទួល៤៨ក្រុង ដែលក្នុងនោះ៦ក្រុងត្រូវទុកសំរាប់ប្រើជាទីក្រុងពំនាក់។
ចម្លើយចំពោះសំនួរអំពីបទគម្ពីរ:
២២:២០-២២—ហេតុអ្វីបានជាសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាក៏ក្ដៅឡើងចំពោះបាឡាម? ព្រះយេហូវ៉ាបានមានបន្ទូលប្រាប់បាឡាមថា គាត់មិនត្រូវដាក់បណ្ដាសាជនជាតិអ៊ីស្រាអែលឡើយ។ (ជនគណនា ២២:១២) ក៏ប៉ុន្តែ ព្យាការីបាឡាមបានទៅជាមួយនឹងពួកនាម៉ឺនរបស់ស្តេចបាឡាកក្នុងបំណងតែមួយគត់ គឺដើម្បីដាក់បណ្ដាសាជនជាតិអ៊ីស្រាអែល។ បាឡាមចង់គាប់ព្រះទ័យស្តេចស្រុកម៉ូអាប់ហើយចង់ទទួលរង្វាន់ពីទ្រង់ដែរ។ (ពេត្រុសទី២ ២:១៥, ១៦; យូដាស ១១) សូម្បីតែនៅពេលដែលបាឡាមត្រូវបានបង្ខំឲ្យប្រទានពរជាជាងដាក់បណ្ដាសាសាសន៍អ៊ីស្រាអែលនោះ គាត់ចង់ផ្គាប់ផ្គុនស្តេចដោយជូនយោបល់ឲ្យស្តេចចាត់ស្ត្រីដែលថ្វាយបង្គំព្រះបាលឲ្យទៅលួងលោមបុរសជនជាតិអ៊ីស្រាអែល។ (ជនគណនា ៣១:១៥, ១៦) ម្ល៉ោះហើយ មូលហេតុដែលសេចក្ដីខ្ញាល់របស់ព្រះបានក្ដៅឡើងចំពោះបាឡាមគឺដោយសារគាត់មានចិត្តលោភលន់ចាកគន្លងសីលធម៌។
៣០:៦-៨—តើបុរសគ្រីស្ទានអាចផ្ដាច់បំណន់ឬលុបចោលសម្បថរបស់ប្រពន្ធគាត់បានឬទេ? ឥឡូវនេះព្រះយេហូវ៉ាឲ្យអ្នកថ្វាយបង្គំទ្រង់ម្នាក់ៗទទួលខុសត្រូវស្តីអំពីអ្វីដែលពួកគេស្បថ។ ជាឧទាហរណ៍ ការឧទ្ទិសថ្វាយខ្លួនចំពោះព្រះយេហូវ៉ាជាការស្បថមួយដែលត្រូវធ្វើឡើងដោយខ្លួនឯងផ្ទាល់។ (កាឡាទី ៦:៥) ប្ដីមួយរូបគ្មានសិទ្ធិផ្ដាច់ឬលុបចោលសម្បថមួយនេះទេ។ ប៉ុន្តែ ចំណែកប្រពន្ធគួរតែចៀសវាងពីការស្បថអ្វីដែលផ្ទុយនឹងព្រះបន្ទូលរបស់ព្រះឬក៏ភារកិច្ចរបស់នាងចំពោះប្ដី។
មេរៀនសំរាប់យើង:
២៥:១១: ភីនេហាសជាគំរូល្អប្រសើរណាស់ស្តីអំពីចិត្តខ្នះខ្នែងចំពោះការថ្វាយបង្គំព្រះយេហូវ៉ា! ចំណង់ដើម្បីរក្សាឲ្យក្រុមជំនុំបានស្អាតស្អំក៏គួរជំរុញយើងឲ្យប្រាប់អ្នកចាស់ទុំពេលដែលយើងដឹងអំពីការប្រព្រឹត្តអំពើអសីលធម៌ដែរ មែនទេ?
៣៥:៩-២៩: អ្នកដែលសម្លាប់គេដោយគ្មានចេតនាត្រូវរត់ចេញពីផ្ទះទៅនៅទីក្រុងពំនាក់អស់មួយរយៈ។ នេះជាមេរៀនដែលបង្រៀនយើងថា ជីវិតគឺពិសិដ្ឋ ហើយយើងត្រូវតែគោរពចំពោះជីវិត។
៣៥:៣៣: ផែនដីដែលស្មោកគ្រោកដោយសារការបង្ហូរឈាមរបស់មនុស្សគ្មានទោសនោះ អាចត្រូវជំរះឲ្យរួចពីភាពស្មោកគ្រោកបានដោយសារតែឈាមរបស់ឃាតករប៉ុណ្ណោះ។ ហេតុនេះគឺសមរម្យណាស់ដែលព្រះយេហូវ៉ាបំផ្លាញមនុស្សទុច្ចរិតចោលមុនផែនដីក្លាយជាសួនមនោរម្យនោះ!—សុភាសិត ២:២១, ២២; ដានីយ៉ែល ២:៤៤
ព្រះបន្ទូលរបស់ព្រះពូកែ
យើងត្រូវតែគោរពព្រះយេហូវ៉ានិងអ្នកដែលតែងតាំងឲ្យទទួលខុសត្រូវក្នុងចំណោមរាស្ត្រទ្រង់។ សៀវភៅជនគណនាបញ្ជាក់ការពិតនេះយ៉ាងជាក់ច្បាស់។ នេះជាមេរៀនដ៏សំខាន់ណាស់! ដែលជួយរក្សាមិត្តភាពនិងសាមគ្គីភាពក្នុងក្រុមជំនុំសព្វថ្ងៃនេះ។
ព្រឹត្ដិការណ៍ដែលត្រូវរៀបរាប់ក្នុងសៀវភៅជនគណនាបង្ហាញថា អ្នកដែលមិនយកចិត្តទុកដាក់នឹងភាពខាងវិញ្ញាណអាចធ្លាក់ខ្លួនធ្វើអំពើខុសឆ្គងដូចជាការរអ៊ូរទាំ អំពើអសីលធម៌ និងការថ្វាយបង្គំរូបព្រះយ៉ាងងាយស្រួលណាស់។ គំរូនិងមេរៀនខ្លះៗក្នុងសៀវភៅជនគណនាអាចជាមូលដ្ឋានសំរាប់សេចក្ដីត្រូវការតាមតំបន់ក្នុងប្រជុំអប់រំកិច្ចបំរើនៅឯក្រុមជំនុំស្មរបន្ទាល់ព្រះយេហូវ៉ា។ ពិតមែនហើយ«ព្រះបន្ទូលនៃព្រះនោះរស់នៅ ហើយពូកែ»ក្នុងជីវិតរបស់យើង។—ហេព្រើរ ៤:១២
[រូបភាពនៅទំព័រ៣០]
ព្រះយេហូវ៉ាឲ្យជនជាតិអ៊ីស្រាអែលដឹងអំពីពេលដែលត្រូវតម្លើងត្រសាលនិងពេលចេញដំណើរ តាមរយៈពពកលើរោងឧបោសថដែលជាអព្ភូតហេតុនោះ
[រូបភាពនៅទំព័រ៣១]
គួរគប្បីឲ្យយើងស្ដាប់បង្គាប់ព្រះយេហូវ៉ាហើយទ្រង់តម្រូវឲ្យយើងគោរពអ្នកតំណាងរបស់ទ្រង់