លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«ទីបន្ទាល់ដល់អស់ទាំងសាសន៍»

«ទីបន្ទាល់ដល់អស់ទាំងសាសន៍»

«ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍»

​«អ្នក​រាល់​គ្នា . . . នឹង​ធ្វើ​ជា​ទី​បន្ទាល់​ពី​ខ្ញុំ . . . រហូត​ដល់​ចុង​ផែនដី​បំផុត​ផង»។—កិច្ចការ ១:៨

១​. ចំពោះ​ទំនាយ​នៅ​ម៉ាថាយ ២៤:១៤ តើ​សិស្ស​របស់​ព្រះ​យេស៊ូ​បាន​ឮ​បន្ទូល​នោះ​ជា​លើក​ដំបូង​នៅ​ពេល​ណា? ហើយ​នៅ​កន្លែង​ណា?

យើង​ស្គាល់​បន្ទូល​របស់​ព្រះ​យេស៊ូ​នៅ​ម៉ាថាយ ២៤:១៤ ច្បាស់​ដល់​ម្ល៉េះ​បាន​ជា​យើង​អាច​សូត្រ​បទ​គម្ពីរ​នេះ​ដោយ​រត់​មាត់​បាន។ ហើយ​ទំនាយ​នោះ​គឺ​អស្ចារ្យ​ណាស់! សូម​គិត​ទៅ​មើល​ថា តើ​ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​បាន​ឮ​ទំនាយ​នោះ​ជា​លើក​ដំបូង? សិស្ស​របស់​ព្រះ​យេស៊ូ​បាន​ដើរ​តាម​ទ្រង់​ជិត​បី​ឆ្នាំ​ហើយ​ពេល​ដែល​ព្រះ​យេស៊ូ​មាន​បន្ទូល​ទំនាយ​នោះ​នៅ​ឆ្នាំ​៣៣ គ.ស.។ ពួក​សិស្ស​បាន​ទៅ​ជា​មួយ​ព្រះ​យេស៊ូ​ដល់​ទី​ក្រុង​យេរូសាឡិម។ ពួក​គេ​បាន​ឃើញ​ទ្រង់​ធ្វើ​អព្ភូតហេតុ ហើយ​បាន​ស្ដាប់​ទ្រង់​បង្រៀន​ផង។ សិស្ស​របស់​ទ្រង់​ពេញ​ចិត្ត​ណាស់​ចំពោះ​សេចក្ដី​ពិត​ដ៏​ល្អ​ដែល​ព្រះ​យេស៊ូ​បង្រៀន តែ​ពួក​គេ​ក៏​ជ្រាប​ថា​មនុស្ស​ជា​ច្រើន​មិន​ពេញ​ចិត្ត​ដែរ។ ព្រះ​យេស៊ូ​មាន​សត្រូវ​ដែល​មាន​ទឹក​មាត់​ប្រៃ​និង​មាន​អំណាច​ខ្លាំង​ក្លា​ផង​ដែរ។

២​. តើ​សិស្ស​របស់​ព្រះ​យេស៊ូ​ត្រូវ​រងគ្រោះ​ដោយ​មាន​ការ​ពិបាក​អ្វី​ខ្លះ?

សិស្ស​បួន​នាក់​បាន​អង្គុយ​ជា​មួយ​ព្រះ​យេស៊ូ​នៅ​លើ​ភ្នំ​ដើម​អូលីវ ទាំង​ប្រុង​ស្ដាប់​ទ្រង់​មាន​បន្ទូល​អំពី​ការ​ពិបាក​ដែល​ពួក​គេ​ត្រូវ​រងគ្រោះ​នៅ​ខាង​មុខ។ មុន​នោះ​បន្ដិច ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​ពួក​គេ​ថា មនុស្ស​នឹង​ធ្វើ​គុត​ទ្រង់។ (ម៉ាថាយ ១៦:២១) ដល់​ពេល​អង្គុយ​លើ​ភ្នំ​នោះ ទ្រង់​ក៏​បាន​ពន្យល់​ច្បាស់​ថា ពួក​គេ​ក៏​នឹង​ទទួល​ការ​ប្រឆាំង​ដ៏​សាហាវ​ផង​ដែរ។ ទ្រង់​បាន​មាន​បន្ទូល​ថា​៖ «គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ឲ្យ​មាន​សេចក្ដី​វេទនា ព្រម​ទាំង​សំឡាប់​អ្នក​រាល់​គ្នា ហើយ​គ្រប់​ទាំង​សាសន៍​នឹង​ស្អប់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ»។ មិន​មាន​តែ​ប៉ុណ្ណេះ​ទេ ក៏​ត្រូវ​មាន​ហោរា​ក្លែង​ក្លាយ​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​វង្វេង។ សិស្ស​ខ្លះ​របស់​ព្រះ​យេស៊ូ​នឹង​រវាត​ចិត្ត​ឬ​ដក​ខ្លួន​ចេញ ហើយ​បញ្ជូន​ឬ​ក្បត់​បងប្អូន​រួម​ជំនឿ និង​ស្អប់​គ្នា​ដែរ។ រីឯ​មនុស្ស​ផ្សេង​ទៀត​ដែល​ព្រះ​គម្ពីរ​រៀប​រាប់​ថា​មាន​គ្នា​«ជា​ច្រើន»​នោះ ពួក​គេ​នឹង​អនុញ្ញាត​ឲ្យ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​និង​ព្រះ​បន្ទូល​របស់​ទ្រង់​រសាយ​អស់​ទៅ។—ម៉ាថាយ ២៤:៩​-​១២

៣​. ហេតុ​អ្វី​ក៏​បន្ទូល​របស់​ព្រះ​យេស៊ូ​នៅ​ម៉ាថាយ ២៤:១៤ ជា​ទំនាយ​ដ៏​អស្ចារ្យ​ម្ល៉េះ?

ពេល​ព្រះ​យេស៊ូ​កំពុង​តែ​មាន​បន្ទូល​អំពី​ព្រឹត្ដិការណ៍​អាក្រក់​ទាំង​នោះ ទ្រង់​ក៏​មាន​ប្រសាសន៍​បន្ថែម​ទៀត​ដែល​ពិត​ជា​ធ្វើ​ឲ្យ​សិស្ស​ទ្រង់​ឆ្ងល់​ណាស់។ ទ្រង់​មាន​បន្ទូល​ថា​៖ «ដំណឹង​ល្អ​នេះ​ដែល​សំដែង​ពី​នគរ​នឹង​ត្រូវ​ប្រកាស​ប្រាប់​ទូទៅ​គ្រប់​ក្នុង​លោកីយ​ទុក​ជា​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍ នោះ​ទើប​នឹង​បាន​ដល់​ចុង​បំផុត»។ (ម៉ាថាយ ២៤:១៤) ពិត​មែន ការ​«ធ្វើ​បន្ទាល់​ពី​សេចក្ដី​ពិត»​ដែល​ព្រះ​យេស៊ូ​បាន​ធ្វើ​ជា​លើក​ដំបូង​នោះ​នៅ​ស្រុក​អ៊ីស្រាអែល ត្រូវ​ផ្សាយ​កាន់​តែ​ច្រើន​រហូត​ដល់​ពេញ​ផែនដី។ (យ៉ូហាន ១៨:៣៧) នេះ​ពិត​ជា​ទំនាយ​មួយ​ដ៏​អស្ចារ្យ​មែន! ពីព្រោះ​ការ​ធ្វើ​បន្ទាល់​ដល់​«អស់​ទាំង​សាសន៍»​ជា​កិច្ចការ​ដ៏​ពិបាក​ណាស់ ហើយ​ពួក​គេ​ក៏​ត្រូវ​បំពេញ​ភារកិច្ច​នេះ​នៅ​ពេល​ដែល‹គ្រប់​ទាំង​សាសន៍​ស្អប់›គេ​ដែរ។ គឺ​មើល​ទៅ​ដូច​ជា​ត្រូវ​ការ​អព្ភូតហេតុ​ទើប​អាច​សម្រេច​ទំនាយ​នោះ​បាន។ ការ​បំពេញ​កិច្ចការ​ដ៏​ធំដុំ​នោះ​មិន​គ្រាន់​តែ​លើក​បញ្ជាក់​ពី​អំណាច​និង​ភាព​ខ្ពង់​ខ្ពស់​របស់​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ទេ តែ​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​ហើយ​ព្រះទ័យ​មេត្ដាករុណា​និង​ការ​អត់ធ្មត់​របស់​ទ្រង់​ដែរ។ ម្យ៉ាង​ទៀត កិច្ចការ​នោះ​អាច​ហុច​ឱកាស​ឲ្យ​អ្នក​បម្រើ​ទ្រង់​បង្ហាញ​ពី​ជំនឿ​និង​ចិត្ត​ភក្ដី​របស់​ខ្លួន។

៤​. តើ​ព្រះ​យេស៊ូ​បង្គាប់​ឲ្យ​អ្នក​ណា​ធ្វើ​បន្ទាល់? តើ​ទ្រង់​មាន​បន្ទូល​យ៉ាង​ណា​ដើម្បី​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ធូរ​ស្រាល?

ព្រះ​យេស៊ូ​បាន​បញ្ជាក់​ដល់​សិស្ស​ទ្រង់​យ៉ាង​ច្បាស់​លាស់​ថា ពួក​គេ​មាន​ភារកិច្ច​ធ្ងន់​ណាស់។ មុន​ព្រះ​យេស៊ូ​បាន​យាង​ឡើង​ទៅ​ស្ថានសួគ៌​នោះ ទ្រង់​បាន​ជួប​ពួក​សិស្ស​ហើយ​មាន​បន្ទូល​ថា​៖ «កាល​ណា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះ​ចេស្ដា ហើយ​នឹង​ធ្វើ​ជា​ទី​បន្ទាល់​ពី​ខ្ញុំ​នៅ​ក្រុង​យេរូសាឡិម ព្រម​ទាំង​ស្រុក​យូដា​នឹង​ស្រុក​សាម៉ារី​ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង»។ (កិច្ចការ ១:៨) មិន​យូរ​មិន​ឆាប់ មនុស្ស​ឯ​ទៀត​បាន​រួម​កម្លាំង​ជា​មួយ​នឹង​ពួក​សិស្ស​នោះ​មែន តែ​ពួក​គេ​នៅ​តែ​មាន​គ្នា​តិច​ណាស់។ ដូច្នេះ ដំណឹង​ដែល​ថា​វិញ្ញាណ​បរិសុទ្ធ​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ​នឹង​ពង្រឹង​កម្លាំង​ពួក​គេ​ឲ្យ​សម្រេច​កិច្ចការ​របស់​ព្រះ នោះ​ពិត​ជា​នាំ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ធូរ​ស្រាល​ណាស់!

៥​. ស្តី​អំពី​ការ​ធ្វើ​បន្ទាល់​នោះ តើ​សិស្ស​របស់​ព្រះ​យេស៊ូ​មិន​ដឹង​អ្វី​ខ្លះ?

សិស្ស​របស់​ព្រះ​យេស៊ូ​ជ្រាប​ថា​ពួក​គេ​ត្រូវ​ផ្សាយ​ដំណឹង​ល្អ​ហើយ​«បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍»។ (ម៉ាថាយ ២៨:១៩, ២០) ប៉ុន្តែ ពួក​គេ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​បន្ទាល់​ប៉ុណ្ណា ឬ​ទីបញ្ចប់​នឹង​មក​ដល់​ពេល​ណា​នោះ​ទេ។ យើង​ក៏​មិន​ដឹង​ដែរ ពីព្រោះ​ការ​នោះ​ស្រេច​លើ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ។ (ម៉ាថាយ ២៤:៣៦) កាល​ណា​យើង​ធ្វើ​បន្ទាល់​ល្មម​នឹង​សព្វ​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា​ហើយ ទ្រង់​នឹង​បំផ្លាញ​ចោល​របប​លោកីយ៍​នេះ។ គឺ​ពេល​នោះ​ឯង​ដែល​ពួក​គ្រីស្ទាន​នឹង​ជ្រាប​ថា កិច្ចការ​ផ្សព្វផ្សាយ​បាន​សព្វ​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា។ សិស្ស​ដំបូង​របស់​ព្រះ​យេស៊ូ​មិន​អាច​នឹក​ស្មាន​បាន​ឡើយ ថា​ការ​ធ្វើ​បន្ទាល់​នោះ​ត្រូវ​ឮ​សុសសាយ​ប៉ុណ្ណា​ក្នុង​គ្រា​ចុង​បញ្ចប់​នេះ។

ការ​ធ្វើ​បន្ទាល់​នៅ​សតវត្សរ៍​ទី​មួយ

៦​. តើ​អ្វី​បាន​កើត​ឡើង​នៅ​បុណ្យ​ថ្ងៃ​ទី៥០ ឆ្នាំ​៣៣ គ.ស. និង​មិន​យូរ​ប៉ុន្មាន​ក្រោយ​នោះ​ទៀត?

នៅ​សតវត្សរ៍​ទី​មួយ ការ​ផ្សាយ​សារ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​និង​ការ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នោះ បាន​បង្កើត​ផល​ជា​បរិបូរ។ នៅ​បុណ្យ​ថ្ងៃ​ទី៥០ ឆ្នាំ​៣៣ គ.ស. សិស្ស​ប្រមាណ​១២០​នាក់​បាន​ប្រជុំ​គ្នា​នៅ​ឯ​បន្ទប់​ខាង​លើ​ក្នុង​ទី​ក្រុង​យេរូសាឡិម។ ពួក​គេ​បាន​ទទួល​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​ហើយ​សាវ័ក​ពេត្រុស​បាន​ថ្លែង​សុន្ទរកថា​ដ៏​គួរ​ឲ្យ​ជំរុញ​ចិត្ត​ស្តី​អំពី​ហេតុ​ដែល​មាន​អព្ភូតហេតុ​នេះ។ ជា​លទ្ធផល មនុស្ស​ប្រមាណ​៣​.​០០០​នាក់​ព្រម​ជឿ​ហើយ​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក។ មិន​មាន​តែ​ប៉ុណ្ណេះ​ទេ ទោះ​ជា​ពួក​មេ​ដឹក​នាំ​សាសនា​ខិតខំ​បង្ក្រាប​កិច្ចការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ក្ដី «រាល់​តែ​ថ្ងៃ»​ព្រះ​យេហូវ៉ា​បាន‹បន្ថែម​ចំនួន​អ្នក​ដែល​ទ្រង់​សង្គ្រោះ›។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ចំនួន​អ្នក​ជឿ​«បាន​កើន​ឡើង មាន​ប្រុសៗ​ប្រហែល​ជា​៥​ពាន់​នាក់»។ ក្រោយ​នោះ​«ពួក​អ្នក​ដែល​ជឿ​ដល់​ព្រះ​អម្ចាស់​ក៏​បាន​ចំរើន​កាន់​តែ​ច្រើន​ឡើង មាន​មនុស្ស​សន្ធឹក​ទាំង​ប្រុស​ទាំង​ស្រី»។—កិច្ចការ ២:១​-​៤, ៨, ១៤, ៤១, ៤៧; ៤:៤; ៥:១៤

៧​. ពេល​កូនេលាស​មាន​ចិត្ត​ជឿ​នោះ ហេតុ​អ្វី​ក៏​នេះ​ជា​ព្រឹត្ដិការណ៍​ដ៏​គួរ​ឲ្យ​កត់​សំគាល់?

នៅ​ឆ្នាំ​៣៦ គ.ស. មាន​ព្រឹត្ដិការណ៍​សំខាន់​កើត​ឡើង​ទៀត គឺ​បុរស​ម្នាក់​ឈ្មោះ​កូនេលាស​ពី​សាសន៍​ដទៃ​មាន​ចិត្ត​ជឿ​ហើយ​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក។ ពេល​ព្រះ​យេហូវ៉ា​បញ្ជូន​សាវ័ក​ពេត្រុស​ឲ្យ​ទៅ​ជួប​កូនេលាស​ដែល​កោត​ខ្លាច​ទ្រង់​នោះ នេះ​បញ្ជាក់​ថា សេចក្ដី​បង្គាប់​របស់​ព្រះ​យេស៊ូ​ឲ្យ​«បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍»​មិន​សំដៅ​ទៅ​លើ​ការ​បង្រៀន​ជនជាតិ​យូដា​ប៉ុណ្ណោះ​នៅ​ប្រទេស​ផ្សេងៗ​នោះ​ទេ។ (កិច្ចការ ១០:៤៤, ៤៥) ពេល​ពួក​សាវ័ក​និង​អ្នក​ចាស់​ទុំ​នៅ​ស្រុក​យូដា​ទទួល​ស្គាល់​ថា សាសន៍​ដទៃ​ដែល​មិន​មែន​ជា​ជនជាតិ​យូដា​អាច​ទទួល​ដំណឹង​ល្អ​នេះ​ដែរ តើ​ពួក​គាត់​មាន​អារម្មណ៍​យ៉ាង​ណា? ពួក​គាត់​បាន​សរសើរ​ដល់​ព្រះ! (កិច្ចការ ១១:១, ១៨) យ៉ាង​ណា​ក៏​ដោយ ការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​នៅ​តែ​បាន​បង្កើត​ផល​ទៀត​ក្នុង​ចំណោម​សាសន៍​យូដា​នៅ​ឡើយ។ ក្រៅ​ពី​សាសន៍​ដទៃ​ដែល​ជឿ​នោះ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ប្រហែល​ជា​នៅ​ឆ្នាំ​៥៨ គ.ស. ក៏​«មាន​សាសន៍​យូដា​ប៉ុន្មាន​ម៉ឺន[នាក់]បាន​ជឿ»​ដែរ។—កិច្ចការ ២១:២០

៨​. តើ​ដំណឹង​ល្អ​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​មនុស្ស​ដែល​ឮ​នោះ?

សេចក្ដី​រាយ​ការណ៍​ទាំង​នេះ​បង្ហាញ​ពី​ការ​រីក​ចំរើន​ដ៏​គួរ​ឲ្យ​អស្ចារ្យ​ក្នុង​ចំណោម​ពួក​គ្រីស្ទាន​នៅ​សតវត្សរ៍​ទី​មួយ។ ប៉ុន្តែ កុំ​ឲ្យ​យើង​ភ្លេច​ថា ការ​រីក​ចំរើន​នោះ​សំដៅ​ទៅ​លើ​មនុស្ស​ដែល​ទទួល​ឥទ្ធិពល​ខ្លាំង​ពី​សារ​ដែល​គេ​ឮ​ពី​ព្រះ​គម្ពីរ។ (ហេព្រើរ ៤:១២) សារ​នោះ​មាន​ឥទ្ធិពល​លើ​អស់​អ្នក​ដែល​ក្រសោប​យក​សេចក្ដី​ពិត ដោយ​ជំរុញ​ឲ្យ​គេ​កែ​ប្រែ​ជីវិត។ ពួក​គេ​បាន​កសាង​ជីវិត​ថ្មី​ដោយ​ដោះ​មនុស្ស​ចាស់​ចេញ ហើយ​មាន​បុគ្គលិកលក្ខណៈ​ថ្មី​និង​បង្កើត​ឲ្យ​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ។ (អេភេសូរ ៤:២២, ២៣) សព្វ​ថ្ងៃ​នេះ​ក៏​មាន​លទ្ធផល​ដូច​គ្នា​ដែរ ហើយ​អស់​អ្នក​ណា​ដែល​ស្ដាប់​តាម​ដំណឹង​ល្អ​ក៏​មាន​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ ពោល​គឺ​ការ​រស់​នៅ​ជា​និរន្តរ៍។—យ៉ូហាន ៣:១៦

អ្នក​ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ

៩​. តើ​ពួក​គ្រីស្ទាន​សម័យ​ដើម​ទទួល​ស្គាល់​ថា គេ​មាន​ឯកសិទ្ធិ​និង​ភារកិច្ច​អ្វី?

ពេល​មនុស្ស​ជា​ច្រើន​បាន​កែ​ប្រែ​ជីវិត ពួក​គ្រីស្ទាន​សម័យ​ដើម​មិន​បាន​ឲ្យ​កិត្ដិយស​ខ្លួន​ឯង​ចំពោះ​ការ​សម្រេច​ទាំង​នោះ​ទេ។ ពួក​គេ​ទទួល​ស្គាល់​ថា «ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ»​កំពុង​តែ​គាំទ្រ​កិច្ចការ​ផ្សព្វផ្សាយ​នោះ។ (រ៉ូម ១៥:១៣, ១៩) ព្រះ​យេហូវ៉ា​ជា​អ្នក​ធ្វើ​ឲ្យ​មាន​ការ​រីក​ចំរើន​នោះ។ ដំណាល​គ្នា​នេះ ពួក​គ្រីស្ទាន​ក៏​ជ្រាប​ថា ពួក​គេ​មាន​ឯកសិទ្ធិ​និង​ភារកិច្ច​«ជា​អ្នក​ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ»។ (កូរិនថូសទី១ ៣:៦​-​៩) ជា​លទ្ធផល ពួក​គេ​បាន​ធ្វើ​តាម​បន្ទូល​របស់​ព្រះ​យេស៊ូ​ដែល​ដាស់​តឿន​គេ​ឲ្យ​ខំ​ប្រឹង​យ៉ាង​អស់​ពី​ចិត្ត​ក្នុង​កិច្ចការ​ដែល​ព្រះ​ប្រគល់​ឲ្យ​គេ​ធ្វើ។—លូកា ១៣:២៤

១០​. តើ​គ្រីស្ទាន​ខ្លះ​នៅ​សម័យ​ដើម​បាន​ធ្វើ​អ្វី​ក្នុង​ការ​ព្យាយាម​ធ្វើ​បន្ទាល់​ដល់​អស់​ទាំង​សាសន៍?

១០ ក្នុង​នាម​ជា​«សាវ័ក​ដល់​សាសន៍​ដទៃ»​នោះ ប៉ុល​បាន​ធ្វើ​ដំណើរ​រាប់​ពាន់​គីឡូម៉ែត្រ​លើ​ផ្ទៃ​សមុទ្រ​និង​ដី​គោក ទាំង​បង្កើត​ក្រុមជំនុំ​ជា​ច្រើន​នៅ​ប្រទេស​ក្រិច​និង​ទ្វីប​អាស៊ី​ដែល​ស្ថិត​ក្រោម​អាណានិគម​រ៉ូម។ (រ៉ូម ១១:១៣) ប៉ុល​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​រ៉ូម​ហើយ​ប្រហែល​ជា​រហូត​ដល់​ប្រទេស​អេស្ប៉ាញ​ក៏​មាន។ ក្នុង​កំឡុង​ពេល​នោះ សាវ័ក​ពេត្រុស​មាន​ភារកិច្ច​ផ្សាយ​«ដំណឹង​ល្អ[ដល់]ពួក​កាត់​ស្បែក» ហើយ​គាត់​ធ្វើ​ដំណើរ​ផ្ទុយ​ពី​ទិស​របស់​ប៉ុល ដោយ​ធ្វើ​កិច្ចបំរើ​នៅ​ទី​ក្រុង​បាប៊ីឡូន​ដែល​សម័យ​នោះ​មាន​ជនជាតិ​យូដា​ច្រើន​ណាស់​រស់​នៅ​ទី​នោះ។ (កាឡាទី ២:៧​-​៩; ពេត្រុសទី១ ៥:១៣) ក្នុង​ចំណោម​បងប្អូន​ជា​ច្រើន​ដែល​បាន​ធ្វើ​ការ​នឿយ​ហត់​ក្នុង​ព្រះ​អម្ចាស់ មាន​ស្ត្រី​ផង​ដែរ ដូច​ជា​នាង​ទ្រីភេន​និង​នាង​ទ្រីផូស​ជា​ដើម។ ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ​នាង​ពើ​ស៊ី​ស​បាន​ត្រូវ​រៀប​រាប់​ជា​អ្នក​«ធ្វើ​ការ​នឿយ​ហត់​ជា​ច្រើន​ក្នុង​ព្រះ​អម្ចាស់»។—រ៉ូម ១៦:១២

១១​. តើ​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ពរ​យ៉ាង​ណា​លើ​ការ​ព្យាយាម​របស់​សិស្ស​ព្រះ​យេស៊ូ?

១១ ព្រះ​យេហូវ៉ា​បាន​ប្រទាន​ពរ​យ៉ាង​វិសេស​លើ​អ្នក​ទាំង​នោះ​និង​បងប្អូន​ឯ​ទៀត​ដែល​បាន​ធ្វើ​បន្ទាល់​ដោយ​ខ្នះខ្នែង។ តិច​ជាង​៣០​ឆ្នាំ​ក្រោយ​ព្រះ​យេស៊ូ​បាន​ទាយ​អំពី​ការ​ធ្វើ​បន្ទាល់​ដល់​អស់​ទាំង​សាសន៍​នោះ ប៉ុល​បាន​សរសេរ​ថា «ដំណឹង​ល្អ . . . បាន​ផ្សាយ​ទៅ​ដល់​គ្រប់​ទាំង​មនុស្ស​ដែល​កើត​ក្រោម​មេឃ»។ (កូល៉ុស ១:២៣) តើ​ចុង​បំផុត​បាន​មក​ដល់​នៅ​ពេល​នោះ​ទេ? ក្នុង​ន័យ​ម្យ៉ាង ចុង​បំផុត​បាន​មក​ដល់​មែន! របប​យូដា​បាន​មក​ដល់​ទីបញ្ចប់​នៅ​ឆ្នាំ​៧០ គ.ស. ពេល​ពួក​ទ័ព​រ៉ូម​បំផ្លាញ​ចោល​ទី​ក្រុង​យេរូសាឡិម​និង​ព្រះ​វិហារ​នៅ​ទី​នោះ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​សម្រេច​ព្រះទ័យ​ថា អ្នក​បម្រើ​របស់​ទ្រង់​ត្រូវ​ធ្វើ​បន្ទាល់​កាន់​តែ​ខ្លាំង​ថែម​ទៀត​មុន​ទ្រង់​បំផ្លាញ​របប​លោកីយ៍​ទាំង​មូល​របស់​សាតាំង​ចោល។

ការ​ធ្វើ​បន្ទាល់​នៅ​សព្វ​ថ្ងៃ​នេះ

១២​. តើ​សិស្ស​ព្រះ​គម្ពីរ​សម័យ​ដើម​យល់​ច្បាស់​ប៉ុណ្ណា​នូវ​សេចក្ដី​បង្គាប់​ឲ្យ​ផ្សព្វផ្សាយ?

១២ យូរ​យារ​មក​ហើយ​មាន​គ្រីស្ទ​សាសនា​មិន​ពិត តែ​ដល់​ជិត​ដំណាច់​សតវត្សរ៍​ទី១៩ ការ​ថ្វាយ​បង្គំ​ពិត​បាន​ត្រូវ​ស្ដារ​ឡើង​វិញ។ នៅ​គ្រា​នោះ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ហៅ​ថា​សិស្ស​ព្រះ​គម្ពីរ ហើយ​ពួក​គេ​យល់​ច្បាស់​ថា​មាន​សេចក្ដី​បង្គាប់​ឲ្យ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​ទូទាំង​ពិភពលោក។ (ម៉ាថាយ ២៨:១៩, ២០) មក​ដល់​ឆ្នាំ​១៩១៤ មាន​អ្នក​ផ្សព្វផ្សាយ​ប្រមាណ​៥​.​១០០​នាក់​មាន​សកម្មភាព​ក្នុង​កិច្ចការ​នោះ ហើយ​ពួក​គេ​បាន​ផ្សាយ​ដំណឹង​ល្អ​នៅ​៦៨​ប្រទេស។ យ៉ាង​ណា​ក៏​ដោយ សិស្ស​ព្រះ​គម្ពីរ​នៅ​សម័យ​នោះ​មិន​ទាន់​យល់​ច្បាស់​ថា ម៉ាថាយ ២៤:១៤ ត្រូវ​សម្រេច​ប៉ុណ្ណា​ទេ។ ជិត​ដំណាច់​សតវត្សរ៍​ទី១៩ សមាគម​ព្រះ​គម្ពីរ​ផ្សេងៗ​បាន​បកប្រែ​និង​បោះ​ពុម្ព​ព្រះ​គម្ពីរ​ជា​ច្រើន​ភាសា ហើយ​ព្រះ​គម្ពីរ​ដែល​មាន​ដំណឹង​ល្អ​នោះ​បាន​ត្រូវ​គេ​ចែក​ចាយ​ទូទាំង​ពិភពលោក។ ដូច្នេះ អស់​ប៉ុន្មាន​ទសវត្សរ៍​នោះ ពួក​សិស្ស​ព្រះ​គម្ពីរ​ស្មាន​ថា​ការ​ធ្វើ​បន្ទាល់​ដល់​អស់​ទាំង​សាសន៍​បាន​កើត​ឡើង​ហើយ។

១៣, ១៤​. ទស្សនាវដ្ដី​ប៉មយាម នៅ​ឆ្នាំ​១៩២៨ បាន​ពន្យល់​ច្បាស់​ជាង​មុនៗ​ទៅ​ទៀត​អំពី​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ តើ​ទស្សនាវដ្ដី​នោះ​ពន្យល់​យ៉ាង​ណា?

១៣ បន្ដិច​ម្ដងៗ​ព្រះ​យេហូវ៉ា​បាន​ជួយ​រាស្ត្រ​ទ្រង់​ឲ្យ​មាន​ការ​យល់​ដឹង​កាន់​តែ​ច្បាស់​អំពី​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់។ (សុភាសិត ៤:១៨) ទស្សនាវដ្ដី​ប៉មយាម ជា​ភាសា​អង់គ្លេស​ដែល​ចុះ​ថ្ងៃ​ទី១ ខែ​ធ្នូ ឆ្នាំ​១៩២៨ ចែង​ថា​៖ «តើ​យើង​អាច​អះអាង​ថា ការ​ចែក​ព្រះ​គម្ពីរ​យ៉ាង​ពាស​ពេញ​នេះ​បាន​បំពេញ​ទំនាយ​អំពី​កិច្ចការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ? ប្រាកដ​ជា​មិន​បាន​ទេ! ទោះ​ជា​ព្រះ​គម្ពីរ​បាន​ត្រូវ​ចែក​ចាយ​យ៉ាង​ពាស​ពេញ​ក៏​ដោយ ស្មរបន្ទាល់​មួយ​ក្រុម​តូច​នេះ​ដែល​បម្រើ​ព្រះ​យេហូវ៉ា​នៅ​លើ​ផែនដី​នៅ​តែ​មាន​ភារកិច្ច​បោះ​ពុម្ព​សៀវភៅ​ផ្សេងៗ​ដើម្បី​ពន្យល់​អំពី[គោល​បំណង]របស់​ព្រះ ហើយ​មនុស្ស​ដែល​បាន​ទទួល​ព្រះ​គម្ពីរ​ទាំង​នោះ យើង​ក៏​ចង់​ជួប​នៅ​ឯ​ផ្ទះ​របស់​គេ​ផង​ដែរ។ បើ​យើង​មិន​ធ្វើ​ដូច្នេះ មនុស្ស​ទាំង​នោះ​នឹង​ស្ថិត​ក្នុង​ភាព​ងងឹត​ជា​ដរាប ស្តី​អំពី​រាជ​រដ្ឋាភិបាល​របស់​ព្រះមេស្ស៊ី​ដែល​បាន​ស្ថាបនា​នៅ​សម័យ​យើង​នេះ​ហើយ»។

១៤ ទស្សនាវដ្ដី​ប៉មយាម​នោះ​បាន​រៀប​រាប់​ទៀត​ថា​៖ «នៅ​ឆ្នាំ​១៩២០ . . . ពួក​សិស្ស​ព្រះ​គម្ពីរ​បាន​យល់​យ៉ាង​ច្បាស់​អំពី​ទំនាយ​របស់​ព្រះ​អម្ចាស់​យើង ដែល​បាន​កត់​ទុក​នៅ​ម៉ាថាយ ២៤:១៤។ ពួក​គាត់​យល់​ថា ‹ដំណឹង​ល្អ​នេះ›ដែល​ត្រូវ​ប្រកាស​ប្រាប់​ទូទាំង​ពិភពលោក​ទុក​ជា​ទី​បន្ទាល់​ដល់​សាសន៍​ដទៃ​ឬ​អស់​ទាំង​សាសន៍​នោះ មិន​មែន​ជា​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​មួយ​ដែល​ត្រូវ​កើត​មក​នៅ​ពេល​អនាគត​នោះ​ទេ តែ​ជា​ដំណឹង​ល្អ​ដែល​ថា ព្រះមេស្ស៊ី​បាន​ចាប់​ផ្ដើម​សោយ​រាជ្យ​លើ​ផែនដី​នេះ​រួច​ហើយ»។

១៥​. តើ​មាន​ការ​ផ្សព្វផ្សាយ​កាន់​តែ​ច្រើន​ឡើងៗ​ប៉ុណ្ណា​តាំង​ពី​ទសវត្សរ៍​នៃ​ឆ្នាំ​១៩២០?

១៥ «ស្មរបន្ទាល់​មួយ​ក្រុម​តូច»​នោះ​ក្នុង​ទសវត្សរ៍​នៃ​ឆ្នាំ​១៩២០ មិន​មាន​ចំនួន​តិច​រហូត​ទេ។ ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ទសវត្សរ៍​ក្រោយ​មក ពួក​គេ​បាន​ទទួល​ស្គាល់​អត្តសញ្ញាណ​នៃ​ពួក​«មនុស្ស​១​ហ្វូង​យ៉ាង​ធំ»​ដែល​ជា​«ចៀម​ឯ​ទៀត»​នោះ ហើយ​បាន​ចាប់​ផ្ដើម​ប្រមូល​ពួក​គេ​ផង​ដែរ។ (វិវរណៈ ៧:៩; យ៉ូហាន ១០:១៦) សព្វ​ថ្ងៃ​នេះ​មាន​អ្នក​ប្រកាស​ប្រាប់​ដំណឹង​ល្អ​ចំនួន​៦​.​៦១៣​.​៨២៩​នាក់​នៅ​២៣៥​ប្រទេស។ នេះ​ជា​ភស្តុតាង​ដែល​បង្ហាញ​ពី​ការ​សម្រេច​យ៉ាង​អស្ចារ្យ​នៃ​បទ​ទំនាយ​នោះ! មនុស្ស​មិន​ធ្លាប់​ប្រកាស​ផ្សាយ​«ដំណឹង​ល្អ​នេះ​ដែល​សំដែង​ពី​នគរ»​ព្រះ​ទូទាំង​ពិភពលោក​ដល់​កំរិត​ធំ​ដូច​នេះ​ឡើយ។ ហើយ​ក្នុង​ប្រវត្ដិសាស្ត្រ​មនុស្ស​ក៏​អត់​ធ្លាប់​មាន​អ្នក​បម្រើ​ស្មោះ​ភក្ដី​ច្រើន​ដូច​នៅ​សព្វ​ថ្ងៃ​នេះ​ទេ។

១៦​. តើ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ការ​ច្រើន​ប៉ុណ្ណា​ក្នុង​កំឡុង​ឆ្នាំ​កិច្ចបំរើ​កន្លង​ទៅ​នេះ?

១៦ ស្មរបន្ទាល់​មួយ​ហ្វូង​យ៉ាង​ធំ​នេះ​បាន​មូល​គ្នា​ធ្វើ​ការ​ច្រើន​ណាស់​ក្នុង​កំឡុង​ឆ្នាំ​កិច្ចបំរើ​២០០៥។ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ចំណាយ​ជាង​១០០​កោដិ​ម៉ោង​ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ​នៅ​២៣៥​ប្រទេស។ ពួក​គេ​បាន​ត្រឡប់​ទៅ​ជួប​មនុស្ស​រាប់​លាន​ដង​ហើយ​បាន​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​សិស្ស​រាប់​លាន​នាក់​ដែរ។ ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ចំណាយ​ពេល​និង​ធនធាន​របស់​ខ្លួន​ក្នុង​ការ​ប្រាប់​អ្នក​ដទៃ​អំពី​ព្រះ​បន្ទូល​របស់​ព្រះ​ដោយ​ឥត​គិត​ថ្លៃ​ហើយ​ដោយ​ឥត​ទទួល​ប្រាក់​ខែ​ដែរ។ (ម៉ាថាយ ១០:៨ខ.ស.) ព្រះ​យេហូវ៉ា​នៅ​តែ​ប្រើ​វិញ្ញាណ​បរិសុទ្ធ​ដ៏​ខ្លាំង​ក្លា​របស់​ទ្រង់​ដើម្បី​ពង្រឹង​កម្លាំង​អ្នក​បម្រើ​ទ្រង់​ឲ្យ​បំពេញ​ព្រះ​ហឫទ័យ​ទ្រង់។—សាការី ៤:៦

ការ​ខំ​ប្រឹង​ធ្វើ​បន្ទាល់

១៧​. តើ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​កំពុង​តែ​ធ្វើ​អ្វី​តាម​បង្គាប់​របស់​ព្រះ​យេស៊ូ​ឲ្យ​ផ្សព្វផ្សាយ​ដំណឹង​ល្អ?

១៧ ជិត​២០០០​ឆ្នាំ​បាន​កន្លង​ទៅ​តាំង​ពី​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា ដំណឹង​ល្អ​ត្រូវ​ប្រកាស​ប្រាប់​ទូទៅ។ យ៉ាង​ណា​ក៏​ដោយ រាស្ត្រ​របស់​ព្រះ​មិន​បាន​រសាយ​ការ​ព្យាយាម​ក្នុង​កិច្ចការ​នោះ​ទេ។ យើង​ដឹង​ថា ដរាប​ណា​ដែល​យើង​តស៊ូ​ក្នុង​ការ​ល្អ​នេះ នោះ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់ ក្ដី​មេត្ដាករុណា​និង​ចិត្ត​អត់ធ្មត់​ដូច​ព្រះ​យេហូវ៉ា។ យើង​ក៏​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ដោយ​មិន​ចង់​ឲ្យ​មនុស្ស​ណា​វិនាស​ឡើយ តែ​ចង់​ឲ្យ​គេ​ប្រែ​ចិត្ត​និង​មាន​ចំណង​មេត្រីភាព​ជា​មួយ​ទ្រង់។ (កូរិនថូសទី២ ៥:១៨​-​២០; ពេត្រុសទី២ ៣:៩) វិញ្ញាណ​របស់​ព្រះ​កំពុង​តែ​ជួយ​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ឲ្យ​ព្យាយាម​ខ្នះខ្នែង​ក្នុង​កិច្ចការ​ប្រកាស​ប្រាប់​ដំណឹង​ល្អ​ដល់​ចុង​ផែនដី​បំផុត។ (រ៉ូម ១២:១១) ជា​លទ្ធផល​នោះ មនុស្ស​ទូទាំង​ពិភពលោក​កំពុង​តែ​ធ្វើ​តាម​សេចក្ដី​ពិត​ក្នុង​ព្រះ​គម្ពីរ​ដោយ​កែ​ប្រែ​ជីវិត​ឲ្យ​ស្រប​ទៅ​តាម​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា​ដែល​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់។ សូម​មើល​ឧទាហរណ៍​ខ្លះ។

១៨, ១៩​. សូម​រៀប​រាប់​បទពិសោធន៍​របស់​មនុស្ស​ខ្លះ​ដែល​បាន​កែ​ប្រែ​ជីវិត​ឲ្យ​ស្រប​ទៅ​តាម​ដំណឹង​ល្អ​ដែល​គេ​ឮ។

១៨ បុរស​ម្នាក់​ឈ្មោះ​ឆាល្ស ជា​កសិករ​នៅ​ប្រទេស​កេនីញ៉ា​ប៉ែក​ខាង​លិច។ នៅ​ឆ្នាំ​១៩៩៨​គាត់​លក់​ស្លឹក​ថ្នាំ​ជក់​ជាង​៨​.​០០០​គីឡូ​ក្រាម ហើយ​បាន​ទទួល​ប័ណ្ណ​សរសើរ​ជា​កសិករ​លេខ​មួយ​ក្នុង​ការ​ដាំ​ថ្នាំ​ជក់។ នៅ​ពេល​នោះ ឆាល្ស​បាន​ចាប់​ផ្ដើម​សិក្សា​ព្រះ​គម្ពីរ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក គាត់​ទទួល​ស្គាល់​ថា មនុស្ស​ដែល​រួម​ដៃ​ក្នុង​ការ​ផលិត​ថ្នាំ​ជក់​កំពុង​តែ​បំពាន​ច្បាប់​របស់​ព្រះ​យេស៊ូ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង។ (ម៉ាថាយ ២២:៣៩) បង​ប្រុស​ឆាល្ស​សម្រេច​ចិត្ត​ថា ការ​ធ្វើ​ជា‹អ្នក​ដាំ​ថ្នាំ​ជក់​លេខ​មួយ›នោះ មាន​ន័យ​ពិត​ប្រាកដ​ថា ជា‹អ្នក​ពូកែ​សម្លាប់​គេ​លេខ​មួយ› ដូច្នេះ​គាត់​បាញ់​ថ្នាំ​ពុល​ទៅ​លើ​ដើម​ថ្នាំ​ជក់​ទាំង​នោះ។ គាត់​បាន​រីក​ចំរើន​ខាង​វិញ្ញាណ​រហូត​ដល់​ឧទ្ទិស​ថ្វាយ​ខ្លួន​និង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក ហើយ​ឥឡូវ​គាត់​ក៏​ជា​អ្នក​ត្រួសត្រាយ​ពេញ​ពេល​និង​ជា​អ្នក​ងារ​ជំនួយ​ផង​ដែរ។

១៩ ព្រះ​យេហូវ៉ា​ច្បាស់​ជា​បាន​អង្រួន​អស់​ទាំង​សាសន៍​តាម​រយៈ​ការ​ធ្វើ​បន្ទាល់​ទូទាំង​ផែនដី ហើយ​មនុស្ស​ដែល​ជា​ទីគាប់​ចិត្ត​កំពុង​តែ​ចូល​មក​មែន។ (ហាកាយ ២:៧) ពេល​មាន​អាយុ​តែ​១៣​ឆ្នាំ បុរស​ម្នាក់​ឈ្មោះ​ពេ​ត្រូ នៅ​ប្រទេស​ព័រទុយហ្គាល់ បាន​ចូល​សាលា​ពិសេស​ដើម្បី​រៀន​ធ្វើ​ជា​បុព្វ​ជិត​សាសនា។ គាត់​មាន​គោល​ដៅ​ធ្វើ​ជា​សាសនទូត​និង​គ្រូ​បង្រៀន​ព្រះ​គម្ពីរ។ ប៉ុន្តែ មិន​យូរ​ក្រោយ​មក ពេ​ត្រូ​ឈប់​រៀន​នៅ​សាលា​ពិសេស​នោះ​ពីព្រោះ​កម្រ​ណាស់​ដែល​គេ​បង្រៀន​ព្រះ​គម្ពីរ​ក្នុង​កម្មវិធី​នោះ។ ប្រាំ​មួយ​ឆ្នាំ​ក្រោយ​មក​គាត់​កំពុង​តែ​រៀន​ចិត្ត​វិជ្ជា​នៅ​ឯ​សកល​វិទ្យាល័យ​មួយ​នៅ​ទី​ក្រុង​លី​ស្បោន។ នៅ​ទី​ក្រុង​នោះ ពេ​ត្រូ​រស់​ជា​មួយ​ម្ដាយ​មីង​ដែល​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ហើយ​មីង​បាន​លើក​ទឹក​ចិត្ត​ក្មួយ​ឲ្យ​រៀន​ព្រះ​គម្ពីរ។ ប៉ុន្តែ មក​ដល់​ពេល​នោះ ពេ​ត្រូ​មិន​ប្រាកដ​ក្នុង​ចិត្ត​ថា​មាន​ព្រះ​មែន​ឬ​ក៏​អត់ ហើយ​គាត់​ក៏​ពិបាក​សម្រេច​ចិត្ត​ថា​តើ​គួរ​សិក្សា​ព្រះ​គម្ពីរ​ឬ​ទេ? ពេ​ត្រូ​បាន​ជួប​ជា​មួយ​សាស្ដ្រាចារ្យ​ដែល​បង្រៀន​ចិត្ត​វិជ្ជា​នោះ ហើយ​ប្រាប់​គាត់​អំពី​ការ​មិន​ចេះ​សម្រេច​ចិត្ត​របស់​ខ្លួន។ លោក​សាស្ដ្រាចារ្យ​បាន​ពន្យល់​ថា ចំណុច​មួយ​ដែល​គេ​បង្រៀន​ក្នុង​ផ្នែក​ចិត្ត​វិជ្ជា​នោះ គឺ​ថា ការ​មិន​ចេះ​សម្រេច​ចិត្ត​ដូច្នេះ ច្រើន​តែ​នាំ​ឲ្យ​ខ្លួន​ជួប​គ្រោះថ្នាក់។ ភ្លាមៗ​នោះ ពេ​ត្រូ​សម្រេច​ចិត្ត​រៀន​ព្រះ​គម្ពីរ។ ពេល​ថ្មីៗ​នេះ​គាត់​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក ហើយ​កំពុង​តែ​ដឹក​នាំ​ការ​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​មនុស្ស​ដទៃ​ទៀត​ដែរ។

២០​. ហេតុ​អ្វី​ក៏​កិច្ចការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ទូទាំង​ពិភពលោក​គួរ​នាំ​យើង​ឲ្យ​មាន​ចិត្ត​សប្បាយ?

២០ សព្វ​ថ្ងៃ​នេះ​យើង​នៅ​តែ​មិន​ដឹង​ថា យើង​ត្រូវ​ធ្វើ​បន្ទាល់​ប៉ុណ្ណា​ដល់​អស់​ទាំង​សាសន៍ ឬ​ថា​ទីបញ្ចប់​នឹង​មក​ដល់​នៅ​ថ្ងៃ​ណា​ខែ​ណា​នោះ​ទេ។ យើង​គ្រាន់​តែ​ដឹង​ថា ថ្ងៃ​នោះ​ជិត​ដល់​ហើយ។ កិច្ចការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ទូទៅ​នេះ​នាំ​ឲ្យ​យើង​មាន​ចិត្ត​សប្បាយ ពីព្រោះ​នេះ​ជា​លក្ខណៈ​មួយ​ក្នុង​ចំណោម​ទីសំគាល់​ជា​ច្រើន​ដែល​បង្ហាញ​ថា ព្រះ​រាជាណាចក្រ​របស់​ព្រះ​នឹង​គ្រប់គ្រង​ជំនួស​រដ្ឋាភិបាល​ទាំង​ឡាយ​របស់​មនុស្ស​លោក​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ (ដានីយ៉ែល ២:៤៤) រៀង​រាល់​ឆ្នាំ​មនុស្ស​រាប់​លាន​នាក់​មាន​ឱកាស​កែ​ប្រែ​ជីវិត​ឲ្យ​ស្រប​ទៅ​តាម​ដំណឹង​ល្អ​ដែល​គេ​ឮ ហើយ​នេះ​ជា​អ្វី​ដែល​សរសើរ​ដំកើង​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​របស់​យើង។ ចូរ​ឲ្យ​យើង​តាំង​ចិត្ត​រក្សា​ឲ្យ​មាន​ចិត្ត​ស្មោះ​ភក្ដី ហើយ​រួម​កម្លាំង​ជា​មួយ​នឹង​បងប្អូន​របស់​យើង​ទូទាំង​ពិភពលោក​ក្នុង​ការ​ធ្វើ​បន្ទាល់​ដល់​អស់​ទាំង​សាសន៍។ បើ​យើង​ធ្វើ​ដូច្នេះ នោះ​យើង​នឹង​សង្គ្រោះ​ខ្លួន​យើង​បាន ព្រម​ទាំង​ពួក​អ្នក​ដែល​ស្ដាប់​យើង​ផង។—ធីម៉ូថេទី១ ៤:១៦

តើ​អ្នក​ចាំ​ទេ?

ហេតុ​អ្វី​ក៏​បន្ទូល​នៅ​ម៉ាថាយ ២៤:១៤ ជា​ទំនាយ​ដ៏​អស្ចារ្យ​ម្ល៉េះ?

តើ​ពួក​គ្រីស្ទាន​សម័យ​ដើម​ព្យាយាម​ផ្សព្វផ្សាយ​ប៉ុណ្ណា? ហើយ​តើ​មាន​លទ្ធផល​អ្វី?

តើ​អ្វី​បាន​ជួយ​ពួក​សិស្ស​ព្រះ​គម្ពីរ​ឲ្យ​យល់​ថា គេ​ត្រូវ​ធ្វើ​បន្ទាល់​ដល់​អស់​ទាំង​សាសន៍?

ពេល​គិត​អំពី​សកម្មភាព​របស់​រាស្ត្រ​ព្រះ​ក្នុង​កំឡុង​ឆ្នាំ​កិច្ចបំរើ​កន្លង​ទៅ​នេះ តើ​អ្នក​ស្ងើច​ចិត្ត​នឹង​ចំណុច​មួយ​ណា?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​៣០]

ព្រះ​យេហូវ៉ា​បាន​បញ្ជូន​ពេត្រុស​ឲ្យ​ធ្វើ​បន្ទាល់ ដល់​កូនេលាស​និង​ក្រុម​គ្រួសារ​របស់​លោក

[ផែនទី/​រូបភាព​នៅ​ទំព័រ​៣១]

ប៉ុល​បាន​ធ្វើ​ដំណើរ​រាប់​ពាន់​គីឡូម៉ែត្រ​លើ​ផ្ទៃ​សមុទ្រ និង​ដី​គោក​ដើម្បី​ផ្សព្វផ្សាយ​ដំណឹង​ល្អ