លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

គោលសំខាន់ៗពីសៀវភៅនាងអេសធើរ

គោលសំខាន់ៗពីសៀវភៅនាងអេសធើរ

ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា នោះ​រស់​នៅ

គោល​សំខាន់ៗ​ពី​សៀវភៅ​នាងអេសធើរ

គម្រោង​ដើម្បី​សម្លាប់​រង្គាល​សាសន៍​យូដា​ឲ្យ​អស់ ត្រូវ​តែ​សម្រេច​ជា​ពុំ​ខាន។ ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ​ដែល​ត្រូវ​បាន​កំណត់​នោះ ជនជាតិ​យូដា​ទាំង​អស់​ដែល​រស់​នៅ​ក្នុង​ចក្រភព​ពើស៊ី គឺ​ពី​ប្រទេស​ឥណ្ឌា​រហូត​ដល់​ប្រទេស​អេចូ​ពី​នឹង​ត្រូវ​សម្លាប់​ចោល​ឲ្យ​សាប​សូន្យ​ទាំង​អស់។ នេះ​ហើយ​ជា​អ្វី​ដែល​អ្នក​គ្រោង​ការ​បាន​គិត។ ប៉ុន្តែ គាត់​ភ្លេច​គិត​នូវ​កត្ដា​មួយ​ដ៏​សំខាន់។ ព្រះ​នៃ​ស្ថានសួគ៌​អាច​សង្គ្រោះ​រាស្ត្រ​របស់​ទ្រង់​ចេញ​ពី​ស្ថានការណ៍​ដ៏​សែន​ពិបាក​ណា​ក៏​បាន។ ការ​សង្គ្រោះ​នេះ​គឺ​បាន​កត់​ទុក​នៅ​ក្នុង​សៀវភៅ​នាងអេសធើរ។

ម៉ាដេកាយ​ជា​ជាតិ​យូដា ហើយ​ជា​បុរស​ដ៏​ចំណាស់​ម្នាក់។ លោក​បាន​សរសេរ​សៀវភៅ​នាងអេសធើរ​ដែល​រៀប​រាប់​ពី​ព្រឹត្ដិការណ៍​អស់​រយៈ​១៨​ឆ្នាំ​ក្នុង​កំលុង​នៃ​ការ​សោយ​រាជ្យ​របស់​ស្តេច​ពើស៊ី​ព្រះ​នាម​អ័ហាស៊ូរុស ឬ​ស៊ើកសេស​ទី១។ កំណត់​ហេតុ​នេះ​បង្ហាញ​ពី​របៀប​ដែល​ព្រះ​យេហូវ៉ា​សង្គ្រោះ​រាស្ត្រ​របស់​ទ្រង់​ពី​កលល្បិច​របស់​ពួក​សត្រូវ ទោះ​ជា​អ្នក​បម្រើ​ទ្រង់​រស់​នៅ​កន្លែង​ដាច់​ឆ្ងាយ​ពី​គ្នា​នៅ​ក្នុង​ចក្រភព​នោះ​ក៏​ដោយ។ សព្វ​ថ្ងៃ​នេះ ការ​ដឹង​អំពី​សេចក្ដី​សង្គ្រោះ​នេះ​ក៏​ពិត​ជា​ពង្រឹង​ជំនឿ​របស់​ស្មរបន្ទាល់​ដែល​ថ្វាយ​កិច្ចបំរើ​បរិសុទ្ធ​ចំពោះ​ព្រះ​យេហូវ៉ា នៅ​២៣៥​ប្រទេស។ ម្យ៉ាង​វិញ​ទៀត បុគ្គល​ដែល​បាន​រៀប​រាប់​ក្នុង​សៀវភៅ​នាងអេសធើរ ក៏​ផ្ដល់​នូវ​គំរូ​ឲ្យ​យើង​យក​តម្រាប់​តាម​និង​គំរូ​ដែល​យើង​ត្រូវ​ជៀស​វាង។ ប្រាកដ​មែន «ព្រះ​បន្ទូល​នៃ​ព្រះ​នោះ​រស់​នៅ ហើយ​ពូកែ​ផង»។—ហេព្រើរ ៤:១២

ព្រះ​នាង​អគ្គមហេសី​ត្រូវ​តែ​ធ្វើ​អន្តរាគមន៍

(នាងអេសធើរ ១:១​–​៥:១៤)

នៅ​ឆ្នាំ​ទី​បី​ក្នុង​រាជ្យ​អ័ហាស៊ូរុស(ឆ្នាំ​៤៩៣ មុនគ.ស.) នោះ​ទ្រង់​ធ្វើ​ពិធី​ជប់លៀង​មួយ។ ព្រះ​នាង​វ៉ាសធី​ជា​អគ្គមហេសី​ដែល​ល្បី​ទូទៅ​ថា​មាន​រូប​ឆោម​ល្អ​បាន​ធ្វើ​ឲ្យ​ស្តេច​មាន​សេចក្ដី​ក្រោធ ហើយ​ព្រះ​រា​ជា​ក៏​បាន​ដក​តំណែង​ជា​អគ្គមហេសី​ពី​ព្រះ​នាង។ នាង​ហាដាសា​ដែល​ជា​ជាតិ​យូដា​ហើយ​ជា​ស្ត្រី​ក្រមុំ​ដែល​មាន​រូប​ឆោម​ស្រស់​ត្រូវ​បាន​រើស​តាំង​ឡើង​ឲ្យ​ធ្វើ​ជា​អគ្គមហេសី ជំនួស​ព្រះ​នាង​វ៉ាសធី​វិញ។ នាង​បាន​លាក់​អត្តសញ្ញាណ​ខ្លួន​ជា​ជាតិ​យូដា ហើយ​ប្រើ​ឈ្មោះ​ជាតិ​ពើស៊ី អេសធើរ​ជំនួស​វិញ។ នាង​ធ្វើ​ដូច្នេះ​តាម​បង្គាប់​របស់​លោក​ម៉ាដេកាយ​ដែល​ជា​ជីដូន​មួយ​របស់​នាង។

ក្រោយ​មក បុរស​អំណួ​ត​ម្នាក់​ឈ្មោះ​ហាម៉ាន ត្រូវ​បាន​តែងតាំង​ឲ្យ​មាន​មុខ​តំណែង​ជា​នាយក​រដ្ឋមន្ត្រី។ ដោយ​ម៉ាដេកាយ​បដិសេធ​មិន​«ឱន​ខ្លួន​ចុះ​គោរព​ដល់​ហាម៉ាន» នោះ​គាត់​ខឹង​យ៉ាង​ខ្លាំង ដូច្នេះ​ហាម៉ាន​គ្រោង​ការ​រក​សម្លាប់​ជនជាតិ​យូដា​ទាំង​អស់​នៅ​ក្នុង​ចក្រភព​ពើស៊ី។ (នាង​អេសធើរ ៣:២) ហាម៉ាន​បាន​បញ្ចុះបញ្ចូល​ស្តេច​អ័ហាស៊ូរុស​រហូត​ដល់ ស្តេច​ស្រប​នឹង​គំនិត​គាត់​ឲ្យ​ចេញ​ក្រឹត្យ​ដើម្បី​សម្លាប់​សាសន៍​យូដា​ទាំង​អស់។ ម៉ាដេកាយ​«ស្លៀក​សំពត់​ធ្មៃ​រោយ​ផែះ​ផង»។ (នាងអេសធើរ ៤:១) ឥឡូវ​នេះ នាងអេសធើរ​ត្រូវ​តែ​ធ្វើ​អន្តរាគមន៍។ ព្រះ​នាង​អញ្ជើញ​ស្តេច​និង​នាយក​រដ្ឋមន្ត្រី​នោះ​មក​ពិធី​ជប់លៀង​មួយ​ដែល​ព្រះ​នាង​បាន​រៀបចំ។ នៅ​ពេល​ដែល​ឃើញ​ថា​ស្តេច​និង​ហាម៉ាន​មាន​ការ​ពេញ​ចិត្ត​នឹង​ពិធី​នេះ ព្រះ​នាងអេសធើរ​ក៏​សុំ​ឲ្យ​មក​ពិធី​ជប់លៀង​នៅ​ថ្ងៃ​ស្អែក​ទៀត។ ហាម៉ាន​មាន​ចិត្ត​សប្បាយ​ណាស់ ប៉ុន្តែ គាត់​ខឹង​ណាស់​ដែល​ម៉ាដេកាយ​មិន​គោរព​គាត់​នោះ។ ហាម៉ាន​បាន​រៀប​គម្រោង​ដើម្បី​សម្លាប់​ម៉ាដេកាយ​មុន​ពិធី​ជប់លៀង​នៅ​ថ្ងៃ​ស្អែក។

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

១:៣​-​៥—តើ​ពិធី​ជប់លៀង​មាន​អស់​១៨០​ថ្ងៃ​ឬ? បទ​គម្ពីរ​មិន​បាន​ចែង​ថា​ពិធី​ជប់លៀង​នោះ​មាន​អស់​១៨០​ថ្ងៃ​ទេ ប៉ុន្តែ​ស្តេច​នោះ​បាន​បង្ហាញ​អស់​ទាំង​មហា​សម្បត្ដិ​នៃ​នគរ​ដ៏​ឧត្តុង្គ​ឧត្តម​របស់​ទ្រង់ និង​កិត្ដិយស​នៃ​អានុភាព​ដ៏​វិសេស​របស់​ទ្រង់​អស់​១៨០​ថ្ងៃ តាម​ព្រះ​គម្ពីរ​ភាសា​ដើម។ ស្តេច​ក៏​ប្រហែល​ជា​ចង់​បង្អួត​នូវ​សិរី​រុង​រឿង​នៃ​នគរ ដើម្បី​ឲ្យ​អស់​ទាំង​មន្ត្រី​ជាន់​ខ្ពស់​ស្ងើច​ចិត្ត​ហើយ​ជឿ​លើ​សមត្ថភាព​ក្នុង​ការ​សម្រេច​គោល​បំណង​របស់​ទ្រង់។ បើ​ដូច្នេះ​មែន ខ​៣​និង​៥​ក៏​អាច​សំដៅ​ទៅ​ពិធី​ជប់​លៀង​អស់​ប្រាំ​ពីរ​ថ្ងៃ ដែល​ធ្វើ​ឡើង​នៅ​ចុង​១៨០​ថ្ងៃ​នោះ​ដែរ។

១:៨—តើ​តាម​របៀប​ណា​ដែល‹គ្មាន​អ្នក​ណា​បង្ខំ​ឲ្យ​ផឹក​តាម​ច្បាប់​នៅ​គ្រា​នោះ›? តាម​ទំនៀម​ទម្លាប់​របស់​សាសន៍​ពើស៊ី​គេ​ជំរុញ​គ្នីគ្នា​ឲ្យ​ផឹក​ស្រា​ច្រើន​ក្នុង​ពិធី​ជប់លៀង។ ប៉ុន្តែ​នៅ​គ្រា​នោះ​យោង​ទៅ​តាម​ឯកសារ​មួយ​ចែង​ថា​ស្តេច​អ័ហាស៊ូរុស​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​«ពួក​គេ​ផឹក​ច្រើន​ឬ​តិច​ប៉ុណ្ណា​តាម​តែ​ចិត្ត»។

១:១០​-​១២—ហេតុ​អ្វី​បាន​ជា​ព្រះ​នាង​វ៉ាសធី​បដិសេធ​ជួប​ស្តេច? អ្នកប្រាជ្ញ​ខ្លះ​ថា ព្រះ​នាង​វ៉ាសធី​នេះ​បាន​បដិសេធ​មិន​ស្ដាប់​បង្គាប់​តាម​ស្តេច ពីព្រោះ​ព្រះ​នាង​មិន​ចង់​បន្ថោក​ខ្លួន​នៅ​ពី​មុខ​ភ្ញៀវ​ដែល​ស្រវឹង​ស្រា​របស់​ស្តេច។ ឬ​ប្រហែល​ជា​ដោយសារ​ព្រះ​នាង​អាង​មាន​រូប​ឆោម​ស្រស់​មិន​ចង់​ចុះ​ចូល​នឹង​ស្តេច​ទៅ​វិញ។ ថ្វី​បើ​ព្រះ​គម្ពីរ​មិន​បាន​ចែង​អំពី​បំណង​ចិត្ត​របស់​ព្រះ​នាង​ក៏​ពិត​មែន តែ​អ្នកប្រាជ្ញ​នៅ​សម័យ​នោះ​បាន​គិត​ថា គំរូ​ដ៏​មិន​ល្អ​របស់​ព្រះ​នាង​វ៉ាសធី​អាច​មាន​អានុភាព​លើ​ប្រពន្ធ​ទាំង​ឡាយ​នៅ​ស្រុក​ពើស៊ី។ ដូច្នេះ​ការ​មិន​ស្ដាប់​បង្គាប់​តាម​ស្វាមី​គឺ​ពិត​ជា​រឿង​ដែល​ត្រូវ​ដោះស្រាយ។

២:១៤​-​១៧—តើ​នាងអេសធើរ​បាន​ប្រព្រឹត្ត​អំពើ​អសីលធម៌​ជា​មួយ​នឹង​ស្តេច​ឬ​ទេ? គឺ​អត់​ទេ។ កំណត់​ហេតុ​ចែង​ថា​ស្ត្រី​ណា​ដែល​ត្រូវ​គេ​យក​ទៅ​ថ្វាយ​ស្តេច បាន​ត្រឡប់​ទៅ​ផ្ទះ​ទីពីរ​នៅ​ពេល​ព្រឹក​ដែល​ជា​ផ្ទះ​ស្ថិត​ក្រោម​អំណាច​អ្នក​គម្រៀវ​របស់​ស្តេច​ជា​អ្នក​«រក្សា​ពួក​ស្រី​អ្នក​ម្នាង»។ ពួក​ស្ត្រី​ដែល​នៅ​ជា​មួយ​នឹង​ស្តេច​ពេល​យប់​ក្រោយ​មក​ក៏​បាន​ក្លាយ​ទៅ​ជា​អ្នក​ម្នាង ឬ​ព្រះ​ជាយា​ទីពីរ។ ក៏​ប៉ុន្តែ ក្រោយ​ពី​បាន​ជួប​ស្តេច គេ​ឥត​បាន​យក​នាង​អេសធើរ​ទៅ​ផ្ទះ​នៃ​អ្នក​ម្នាង​នោះ​ទេ។ នៅ​ពេល​ដែល​គេ​នាំ​នាងអេសធើរ​ទៅ​ជួប​ស្តេច​អ័ហាស៊ូរុស នោះ​«ស្តេច​ទ្រង់​ក៏​ស្រឡាញ់​អេសធើរ​លើស​ជាង​ស្ត្រី​ឯ​ទៀត ហើយ​នាង​ទទួល​បាន​ព្រះ​គុណ នឹង​សេចក្ដី​ប្រោស​ប្រាណ​នៅ​ចំពោះ​ទ្រង់ លើស​ជាង​ពួក​ស្រី​ក្រមុំ​ទាំង​ប៉ុន្មាន»។ (នាងអេសធើរ ២:១៧) តើ​នាងអេសធើរ​«ទទួល​បាន​ព្រះ​គុណ នឹង​សេចក្ដី​ប្រោស​ប្រាណ»​របស់​ស្តេច​អ័ហាស៊ូរុស​យ៉ាង​ដូច​ម្ដេច? នេះ​គឺ​ដូច​របៀប​ដែល​នាង​ទទួល​គុណ​ពី​អ្នក​ដទៃ​នោះ​ដែរ។ «នាង​ជា​ទី​ពេញ​ចិត្ត​ដល់​គាត់​[ហេកាយ]​ណាស់ គាត់​ក៏​សំដែង​សេចក្ដី​សប្បុរស​ដល់​នាង»។ (នាងអេសធើរ ២:៨, ៩) ហេកាយ​ពេញ​ចិត្ត​នឹង​នាង​ដោយ​ផ្អែក​លើ​អ្វី​ដែល​គាត់​បាន​សង្កេត​ឃើញ ពោល​គឺ​រូប​រាង​និង​គុណសម្បត្ដិ​ដ៏​ល្អ​របស់​នាង។ តាម​ការ​ពិត «អស់​អ្នក​ណា​ដែល​ឃើញ​នាង​ក៏​ពេញ​ចិត្ត​នឹង​នាង»។ (នាងអេសធើរ ២:១៥) ស្រដៀង​គ្នា​ដែរ ស្តេច​នោះ​បាន​ស្ងើច​នឹង​អ្វី​ដែល​ទ្រង់​បាន​ឃើញ​ក្នុង​នាងអេសធើរ ហើយ​ក៏​ស្រឡាញ់​នាង​ទៅ។

៣:២; ៥:៩—ហេតុ​អ្វី​ក៏​ម៉ាដេកាយ​បដិសេធ​ឱន​គោរព​លោក​ហាម៉ាន? គឺ​មិន​ខុស​ទេ​ឲ្យ​ជនជាតិ​អ៊ីស្រាអែល​ទទួល​ស្គាល់​ឋានៈ​ធំដុំ​នៃ​មនុស្ស​ខ្ពង់​ខ្ពស់ ដោយ​ឱន​ក្បាល​គោរព។ ប៉ុន្តែ ក្នុង​ករណី​របស់​លោក​ហាម៉ាន គឺ​ទាក់ទង​ច្រើន​ទៀត។ ហាម៉ាន​ជា​កុលសម្ព័ន្ធ​អ័កាក់ ប្រហែល​ជា​សាសន៍​អាម៉ាលេក ហើយ​ព្រះ​យេហូវ៉ា​បាន​តាំង​ព្រះទ័យ​ថា​នឹង​ត្រូវ​សម្លាប់​ចោល​សាសន៍​អាម៉ាលេក។ (ចោទិយកថា ២៥:១៩) បើ​ម៉ាដេកាយ​ឱន​ក្បាល​គោរព​ហាម៉ាន​បាន​ន័យ​ថា គាត់​មិន​មាន​ចិត្ត​ភក្ដី​ចំពោះ​ព្រះ​យេហូវ៉ា​ឡើយ។ គាត់​បាន​បដិសេធ​ជា​ដាច់ខាត ដោយ​ប្រាប់​ថា​គាត់​ជា​ជនជាតិ​យូដា។—នាងអេសធើរ ៣:៣, ៤

មេ​រៀន​សម្រាប់​យើង:

២:១០, ២០; ៤:១២​-​១៦: នាងអេសធើរ​បាន​ទទួល​ការ​ណែនាំ​និង​ឱវាទ​ពី​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា ដែល​មាន​គំនិត​ចាស់​ទុំ។ បើ​យើង​ជា​អ្នក​មាន​ប្រាជ្ញា​ចូរ​ឲ្យ​«ស្ដាប់​តាម ហើយ​ចុះ​ចូល​នឹង​ពួក​អ្នក ដែល​នាំ​មុខ​អ្នក​រាល់​គ្នា​ចុះ»!—ហេព្រើរ ១៣:១៧

២:១១; ៤:៥: គប្បី​«កុំ​ឲ្យ​គ្រប់​គ្នា​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ត្រូវ​ស្វែង​រក​ចំពោះ​អ្នក​ដទៃ​ផង»។—ភីលីព ២:៤

២:១៥: នាងអេសធើរ​បាន​បង្ហាញ​ចិត្ត​ស្លូតបូត​និង​ការ​ចេះ​ទប់​ចិត្ត ដោយ​មិន​សុំ​គ្រឿង​អលង្ការ​ថែម​ទៀត ឬ​សម្លៀកបំពាក់​ល្អៗ​ដែល​ត្រូវ​ផ្ដល់​ឲ្យ​ដោយ​ហេកាយ។ នាង​គឺ​ជា​«មនុស្ស​លាក់​កំបាំង​ក្នុង​ចិត្ត​វិញ ដោយ​គ្រឿង​ដ៏​មិន​ចេះ​ពុក​រលួយ​របស់​វិញ្ញាណ​សំឡូត ហើយ​រម្យទម»​ជា​ហេតុ​ធ្វើ​ឲ្យ​ស្តេច​ស្រឡាញ់​នាងអេសធើរ។—ពេត្រុសទី១ ៣:៤

២:២១​-​២៣: នាងអេសធើរ​និង​ម៉ាដេកាយ​ជា​គំរូ​ដ៏​ល្អ​ចំពោះ​ការ​«ចុះ​ចូល​នឹង​រាជការ»។—រ៉ូម ១៣:១

៣:៤: នៅ​ក្នុង​ស្ថានការណ៍​ខ្លះ គឺ​មាន​ប្រាជ្ញា​ជាង​បើ​នៅ​ស្ងៀម​ឥត​ប្រាប់​អត្តសញ្ញាណ​របស់​យើង ដូច​នាងអេសធើរ​ដែរ។ ប៉ុន្តែ នៅ​ពេល​ដែល​យើង​ត្រូវ​កាន់​ជំហរ​លើ​រឿង​សំខាន់ៗ ដូច​ជា​អធិបតេយ្យ​របស់​ព្រះ​យេហូវ៉ា​និង​ភក្ដីភាព​របស់​យើង​ជា​ដើម នោះ​យើង​មិន​ត្រូវ​ខ្លាច​ប្រាប់​គេ​ថា​យើង​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ឡើយ។

៤:៣: នៅ​ពេល​ដែល​យើង​ជួបប្រទះ​នឹង​ការ​ពិបាក យើង​គួរ​ពឹង​លើ​ព្រះ​យេហូវ៉ា​ដោយ​អធិស្ឋាន​ទូល​ថ្វាយ​ទ្រង់​ឲ្យ​ជួយ​ពង្រឹង​កម្លាំង​និង​ឲ្យ​យើង​មាន​ប្រាជ្ញា។

៤:៦​-​៨: ម៉ាដេកាយ​បាន​រក​ដំណោះ​ស្រាយ​យ៉ាង​ត្រឹម​ត្រូវ​តាម​ច្បាប់​ចំពោះ​ការ​គំរាម​កំហែង​ដែល​ហាម៉ាន​បាន​ធ្វើ​នោះ។—ភីលីព ១:៧

៤:១៤: ទំនុក​ចិត្ត​របស់​ម៉ាដេកាយ​លើ​ព្រះ​យេហូវ៉ា​គឺ​ជា​គំរូ​ដ៏​ល្អ។

៤:១៦: ទោះ​ជា​ត្រូវ​ប្រថុយ​ជីវិត​នាងអេសធើរ​ពឹង​លើ​ព្រះ​យេហូវ៉ា​ទាំង​ស្រុង ហើយ​បាន​ប្រឈម​មុខ​នឹង​ស្ថានការណ៍​នោះ​យ៉ាង​ស្មោះ​និង​ដោយ​ចិត្ត​ក្លាហាន។ គឺ​សំខាន់​ណាស់​ដែល​យើង​រៀន​ឲ្យ​ចេះ​ពឹង​លើ​ព្រះ​យេហូវ៉ា មិន​មែន​លើ​ខ្លួន​ឯង​ទេ។

៥:៦​-​៨: ដើម្បី​ឲ្យ​ទទួល​បាន​ព្រះ​គុណ​ពី​ស្តេច​អ័ហាស៊ូរុស នោះ​នាង​អេសធើរ​បាន​អញ្ជើញ​ទ្រង់​មក​ពិធី​ជប់លៀង​ទីពីរ។ នាងអេសធើរ​បាន​ប្រព្រឹត្ត​ដោយ​វាងវៃ យើង​ក៏​ត្រូវ​ធ្វើ​ដូច្នេះ​ដែរ។—សុភាសិត ១៤:១៥

ស្ថានការណ៍​ផ្លាស់ប្ដូរ​ម្ដង​ហើយ​ម្ដង​ទៀត

(នាងអេសធើរ ៦:១​–​១០:៣)

ស្ថានការណ៍​ដែល​ធ្លាប់​មាន​ពី​មុន ត្រូវ​បាន​ផ្លាស់ប្ដូរ​ទាំង​ស្រុង។ ហាម៉ាន​ត្រូវ​គេ​ចង​ព្យួរ​សម្លាប់​លើ​បង្គោល​ឈើ ជា​បង្គោល​ដែល​គាត់​បាន​ធ្វើ​សម្រាប់​ម៉ាដេកាយ នៅ​ទីបំផុត​អ្នក​ដែល​រងគ្រោះ ត្រូវ​លើក​ជា​នាយក​រដ្ឋមន្ត្រី​វិញ! ចុះ​យ៉ាង​ណា​ចំពោះ​គម្រោង​ការណ៍​ចង់​សម្លាប់​រង្គាល​ជនជាតិ​យូដា? ចំពោះ​រឿង​នេះ ក៏​មាន​ការ​ផ្លាស់ប្ដូរ​ដែរ។

ដោយ​ចិត្ត​ស្មោះ​ត្រង់ នាងអេសធើរ​ក៏​និយាយ​ប្រាប់​ម្ដង​ទៀត។ នាង​អេសធើរ​ប្រថុយ​ជីវិត ដោយ​ទៅ​ជួប​ស្តេច ទាំង​អង្វរ​ព្រះ​រា​ជា​ឲ្យ​ជួយ​ដោះស្រាយ​កលល្បិច​របស់​ហាម៉ាន។ ស្តេច​អ័ហាស៊ូរុស​ជ្រាប​នូវ​អ្វី​ដែល​ទ្រង់​ត្រូវ​ធ្វើ។ ដូច្នេះ នៅ​ពេល​មក​ដល់​ថ្ងៃ​ដែល​ត្រូវ​ធ្វើ​ការ​សម្លាប់​រង្គាល នោះ​អស់​អ្នក​ដែល​ព្យាយាម​ចង់​សម្លាប់​ពួក​យូដា​ត្រូវ​បាន​គេ​សម្លាប់​ចោល​វិញ។ ម៉ាដេកាយ​ចេញ​ច្បាប់​ឲ្យ​ធ្វើ​បុណ្យ​ពោរ​រៀង​រាល់​ឆ្នាំ​ដើម្បី​រំឭក​នូវ​ការ​សង្គ្រោះ​យ៉ាង​ធំ​នេះ។ ហើយ​ដោយ​មាន​អំណាច​ទីពីរ​បន្ទាប់​ពី​ស្តេច​អ័ហាស៊ូរុស នោះ​ម៉ាដេកាយ​«រក​តែ​សេចក្ដី​ល្អ​ដល់​សាសន៍​របស់​ខ្លួន ហើយ​និយាយ​ជា​ពាក្យ​ស្រគត់ស្រគំ​ដល់​ជាតិ​ផង»។—នាងអេសធើរ ១០:៣

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

៧:៤—តើ​ការ​សម្លាប់​ចោល​ជនជាតិ​យូដា​នាំ​ឲ្យ​មាន​ការ​«ខូច​ខាត ដែល​នឹង​កើត​ឡើង​ដល់​ស្តេច»​យ៉ាង​ដូច​ម្ដេច? ដោយ​ប៉ិនប្រសប់​នាងអេសធើរ​បាន​ពន្យល់​ពី​លទ្ធផល​ខូច​ខាត​ដល់​ស្តេច​ដែល​មក​ពី​ការ​សម្លាប់​ពួក​យូដា​ចោល ជាជាង​លក់​ពួក​គេ​ជា​បាវ​បម្រើ​វិញ។ ប្រាក់​១០.០០០​ដុំ​ដែល​ហាម៉ាន​បាន​សន្យា​ថ្វាយ​ស្តេច​នោះ​គឺ​មិន​បាន​ចំណេញ​ដល់​ស្តេច​ទេ បើ​ប្រៀប​នឹង​ប្រាក់​ចំណេញ​ដែល​មក​ពី​ការ​លក់​ពួក​គេ​ជា​បាវ​បម្រើ​នោះ។ ប្រសិន​បើ​ធ្វើ​តាម​គម្រោង​ការណ៍​ដើម្បី​សម្លាប់​ចោល​ជនជាតិ​យូដា នោះ​ក៏​បាន​ន័យ​ថា នាងអេសធើរ​ក៏​ត្រូវ​ស្លាប់​ដែរ។

៧:៨—ហេតុ​អ្វី​បាន​ជា​ពួក​មន្ត្រី​គ្រប​មុខ​ហាម៉ាន? នេះ​គឺ​ប្រហែល​ជា​បង្ហើប​នូវ​ភាព​អាម៉ាស់​មុខ​ឬ​អ្វី​ដ៏​អាក្រក់​ដែល​នឹង​ត្រូវ​កើត​ឡើង។ យោង​ទៅ​តាម​ឯកសារ​យោង​មួយ «ជួន​កាល​មនុស្ស​នៅ​សម័យ​បុរាណ​គ្រប​ក្បាល​នៃ​អស់​អ្នក​ដែល​នឹង​ត្រូវ​គេ​សម្លាប់​ចោល»។

៨:១៧—តើ​តាម​របៀប​ណា​ដែល‹មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ស្រុក​ប្រកាស​ថា​ខ្លួន​ជា​សាសន៍​យូដា›? តាម​មើល​ទៅ ពួក​ពើស៊ី​ជា​ច្រើន​បាន​ចូល​សាសនា​យូដា ដោយ​ឃើញ​ពី​លទ្ធផល​កាត់​ក្ដី​ផ្ទុយ​ពី​គម្រោង​របស់​ហាម៉ាន​ដែល​បង្ហាញ​ថា ព្រះ​សព្វ​ព្រះ​ហឫទ័យ​នឹង​ពួក​យូដា។ ហេតុ​ការណ៍​ស្រដៀង​គ្នា​នេះ​ក៏​ជាប់​ទាក់ទង​នឹង​ការ​សម្រេច​បទ​ទំនាយ​ក្នុង​សៀវភៅ​សាការី​ដែល​ចែង​ថា​៖ «នៅ​គ្រា​នោះ​មនុស្ស​១០​នាក់​ពី​ភាសា​ផ្សេងៗ​នឹង​ចាប់​តោង​ជាយ​អាវ​របស់​សាសន៍​យូដា​ម្នាក់ ដោយ​ពាក្យ​ថា​៖‹យើង​ខ្ញុំ​នឹង​ទៅ​ជា​មួយ​នឹង​អ្នក​ដែរ ពីព្រោះ​យើង​ខ្ញុំ​បាន​ឮ​ថា ព្រះ​ទ្រង់​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា›»។—សាការី ៨:២៣

៩:១០, ១៥, ១៦—ទោះ​ជា​មាន​ច្បាប់​ចេញ​ឲ្យ​សាសន៍​យូដា​យក​របឹប​ក៏​ដោយ ហេតុ​អ្វី​ក៏​ពួក​គេ​មិន​យក​សោះ? ការ​មិន​យក​របឹប​នោះ បញ្ជាក់​ថា​គោល​បំណង​របស់​ពួក​គេ​គឺ​ចង់​បាន​ការ​សង្គ្រោះ មិន​មែន​ចង់​បាន​ជា​អ្នក​មាន​នោះ​ទេ។

មេ​រៀន​សម្រាប់​យើង:

៦:៦​-​១០: «សេចក្ដី​ឆ្មើងឆ្មៃ​នាំ​មុខ​សេចក្ដី​ហិនវិនាស ហើយ​ចិត្ត​ព្រហើន​ក៏​នាំ​ឲ្យ​ដួល​ចុះ​ដែរ»។—សុភាសិត ១៦:១៨

៧:៣, ៤: ទោះ​ជា​ត្រូវ​ទទួល​ការ​បៀតបៀន តើ​យើង​អាច​បង្ហាញ​ចិត្ត​ក្លាហាន​ដោយ​ឲ្យ​មនុស្ស​សម្គាល់​យើង​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ឬ​ទេ?

៨:៣​-​៦: យើង​មាន​សិទ្ធិ​សូម​អាជ្ញាធរ​និង​តុលាការ​ឲ្យ​ការពារ​យើង​ពី​ពួក​សត្រូវ។

៨:៥: ដោយ​ប៉ិនប្រសប់ នាងអេសធើរ​មិន​បាន​ប្រាប់​នូវ​ភារកិច្ច​ដែល​ស្តេច​ត្រូវ​ធ្វើ​ចំពោះ​ការ​សម្លាប់​រង្គាល​សាសន៍​របស់​នាង​នោះ​ទេ។ ស្រដៀង​គ្នា​ដែរ យើង​ត្រូវ​តែ​ប៉ិនប្រសប់ ក្នុង​ការ​ពន្យល់​កិច្ចការ​និង​ជំនឿ​របស់​យើង​ចំពោះ​មន្ត្រី​ជាន់​ខ្ពស់។

៩:២២: យើង​មិន​គួរ​ភ្លេច​មនុស្ស​ក្រីក្រ ដែល​ចូល​រួម​ជា​មួយ​នឹង​យើង​នោះ​ទេ។—កាឡាទី ២:១០

ព្រះ​យេហូវ៉ា​នឹង​ប្រទាន​ឲ្យ​«មាន​សេចក្ដី​សង្គ្រោះ នឹង​សេចក្ដី​ប្រោស​ឲ្យ​រួច»

ម៉ាដេកាយ​បាន​បង្ហើប​ឲ្យ​ឃើញ​នូវ​គោល​បំណង​របស់​ព្រះ តាម​រយៈ​នាងអេសធើរ​ទទួល​តំណែង​ជា​អគ្គមហេសី។ នៅ​ពេល​ដែល​ពួក​យូដា​ត្រូវ​បាន​គេ​គំរាម​កំហែង នោះ​ពួក​គេ​តម​អាហារ​និង​ទូល​ថ្វាយ​ឲ្យ​ទ្រង់​ជួយ។ នាងអេសធើរ​បាន​ទៅ​ជួប​ស្តេច​ដោយ​គ្មាន​ការ​អញ្ជើញ តែ​ស្តេច​ទទួល​ព្រះ​នាង​រាល់​ដង។ នៅ​ចំ​រាត្រី​ដ៏​សំខាន់​នេះ ស្តេច​ពុំ​អាច​ផ្ទំ​លក់​បាន​ទេ។ ប្រាកដ​មែន សៀវភៅ​នាងអេសធើរ​រៀប​រាប់​អំពី​របៀប​ព្រះ​យេហូវ៉ា​ផ្លាស់​ប្រែ​ព្រឹត្ដិការណ៍​ដើម្បី​ជា​ប្រយោជន៍​ដល់​រាស្ត្រ​របស់​ទ្រង់។

កំណត់​ហេតុ​ដ៏​អស្ចារ្យ​នៃ​សៀវភៅ​នាងអេសធើរ គឺ​ពិត​ជា​លើក​ទឹក​ចិត្ត​ដល់​យើង​ដែល​រស់​នៅ​«គ្រា​ចុង​បំផុត»​នេះ។ (ដានីយ៉ែល ១២:​៤) «នៅ​ជាន់​ក្រោយ​បង្អស់» ឬ​គ្រា​ចុង​បំផុត​នៃ​ទីបញ្ចប់ នោះ​កុក​នៃ​សាសន៍​ម៉ាកុក ដែល​ជា​អារក្ស​សាតាំង នឹង​ពាធា​យ៉ាង​ខ្លាំង​លើ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា។ វា​មាន​គោល​បំណង​ចង់​សម្លាប់​ពួក​អ្នក​ថ្វាយ​បង្គំ​ព្រះ​ទាំង​អស់​ចោល។ ប៉ុន្តែ ដូច​នៅ​សម័យ​របស់​នាងអេសធើរ នោះ​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ឲ្យ​«មាន​សេចក្ដី​សង្គ្រោះ នឹង​សេចក្ដី​ប្រោស​ឲ្យ​រួច» សម្រាប់​អស់​អ្នក​ដែល​ថ្វាយ​បង្គំ​ទ្រង់។—អេសេគាល ៣៨:១៦​-​២៣; នាងអេសធើរ ៤:១៤

[រូបភាព​នៅ​ទំព័រ​៣១]

នាងអេសធើរ​និង​ម៉ាដេកាយ​នៅ​ពី​មុខ​ស្តេច​អ័ហាស៊ូរុស