លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរឲ្យ«ដឹងខ្លួន»ជានិច្ច

ចូរឲ្យ«ដឹងខ្លួន»ជានិច្ច

ចូរ​ឲ្យ​«ដឹង​ខ្លួន»​ជានិច្ច

​«មនុស្ស​ឆោត​ល្ងង់​គេ​ជឿ​គ្រប់​ពាក្យ​ទាំង​អស់ តែ​មនុស្ស​មាន​គំនិត​វាងវៃ រមែង​មើល​ផ្លូវ​ខ្លួន​ដោយ​ប្រយ័ត»។—សុភាសិត ១៤:១៥

១, ២​. (ក) តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​បទពិសោធន៍​របស់​ឡុត​នៅ​ទី​ក្រុង​សូដុំម? (ខ) តើ​ឃ្លា​ថា​«ដឹង​ខ្លួន»​មាន​ន័យ​ដូច​ម្ដេច?

នៅ​ពេល​អ័ប្រាហាំ​ឲ្យ​ឡុត​ជ្រើសរើស​មុន នូវ​ស្រុក​ណា​ដែល​គាត់​ចង់​ទៅ​រស់​នៅ នោះ​ឡុត​ចាប់​អារម្មណ៍​នឹង​តំបន់​មួយ​ដែល​មើល​ទៅ​ហាក់​«ដូច​ជា​សួនច្បារ​ផង​ព្រះ​យេហូវ៉ា»។ គាត់​ទំនង​ជា​គិត​ស្មាន​ថា​តំបន់​នោះ​ល្អ​បំផុត​សម្រាប់​ក្រុម​គ្រួសារ​គាត់ ដ្បិត​«ឡុត​ក៏​រើស​យក​វាល​ទន្លេ​យ័រដាន់​ទាំង​អស់ ជា​របស់​ផង​ខ្លួន» រួច​ក៏​តាំង​ទីលំនៅ​ជិត​ទី​ក្រុង​សូដុំម។ ក៏​ប៉ុន្តែ តំបន់​នោះ​ល្អ​តែ​សំបក​ក្រៅ​ទេ ដ្បិត​«ពួក​ក្រុង​សូដុំម គេ​ជា​មនុស្ស​អាក្រក់ [ដែល]ធ្វើ​បាប​នឹង​ព្រះ​យេហូវ៉ា​យ៉ាង​សន្ធឹក»។ (លោកុប្បត្តិ ១៣:៧​-​១៣) ជាយថាហេតុ ឡុត​និង​ក្រុម​គ្រួសារ​របស់​គាត់​ត្រូវ​វេទនា​ណាស់។ លំដាប់​ត​មក គាត់​និង​កូន​ស្រី​ទាំង​ពីរ​នាក់​បាន​ធ្លាក់​ចុះ​អាប់ឱន​រហូត​ដល់​ត្រូវ​រស់​នៅ​ក្នុង​រអាង​ភ្នំ​ទៀត​ផង។ (លោកុប្បត្តិ ១៩:១៧, ២៣​-​២៦, ៣០) ដូច្នេះ​អ្វី​ដែល​គាត់​មើល​នៅ​ដើម​ដំបូង​ស្មាន​ថា​ល្អ បាន​ស​ឲ្យ​ឃើញ​ថា​អាក្រក់​ទាំង​ស្រុង​ពេល​ក្រោយ​មក។

កំណត់​ហេតុ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ឡុត បង្កប់​មេ​រៀន​ដ៏​សំខាន់​មួយ​សម្រាប់​អ្នក​ដែល​បម្រើ​ព្រះ​សព្វ​ថ្ងៃ​នេះ។ នៅ​ពេល​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ណា​មួយ យើង​ចាំបាច់​ត្រូវ​ខំ​ស្វែង​យល់​ពី​ផល​អាក្រក់​ណា​ដែល​អាច​ទទួល​មក​វិញ ហើយ​ត្រូវ​ប្រុង​ប្រយ័ត្ន​មិន​ឲ្យ​សំបក​ក្រៅ​នាំ​ឲ្យ​យើង​ភាន់​ច្រឡំ​នោះ។ ហេតុ​ដូច្នេះ​ហើយ គឺ​ជា​ការ​សមរម្យ​ណាស់​ដែល​ព្រះ​បន្ទូល​របស់​ព្រះ​ដាស់​តឿន​យើង​ថា​៖‹ចូរ​ឲ្យ​ដឹង​ខ្លួន›។ (ពេត្រុស​ទី១ ១:១៣) ពាក្យ​ភាសា​ក្រិច​ដែល​បកប្រែ​ថា​«ដឹង​ខ្លួន»​មាន​ន័យ​ចំៗ​ថា​«មិន​ស្រវឹង»។ យោង​ទៅ​តាម​បណ្ឌិត​ព្រះ​គម្ពីរ​មួយ​រូប​ឈ្មោះ​រីឆឺដ ឡេនស្គី ភាព​មិន​ស្រវឹង​នោះ​សំដៅ​លើ​«ចិត្ត​ស្ងប់​ហើយ​នឹងនរ​ដែល​នាំ​ឲ្យ​ចេះ​គិត​ថ្លឹង​ថ្លែង​និង​ប្រមាណ​មើល​អ្វីៗ​ឲ្យ​បាន​ត្រឹម​ត្រូវ ហើយ​ជា​លទ្ធផល​នាំ​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ដែរ»។ ឥឡូវ​យើង​នឹង​ពិចារណា​កាលៈទេសៈ​ខ្លះៗ​ដែល​តម្រូវ​ឲ្យ​យើង​ដឹង​ខ្លួន។

វិធី​ថ្លឹង​ថ្លែង​នូវ​ផល​ប្រយោជន៍​និង​ផលវិបាក​ពេល​ធ្វើ​ពាណិជ្ជកម្ម

៣​. ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​បើ​មាន​អ្នក​ណា​បបួល​យើង​ឲ្យ​ធ្វើ​ពាណិជ្ជកម្ម?

ឧបមា​ថា​បុគ្គល​ម្នាក់​ដែល​យើង​គោរព​រាប់​អាន បបួល​យើង​ឲ្យ​ធ្វើ​ពាណិជ្ជកម្ម​ជា​មួយ​គាត់។ ប្រហែល​ជា​បុគ្គល​នោះ​ជា​អ្នក​ថ្វាយ​បង្គំ​គ្នីគ្នា​របស់​យើង។ គាត់​និយាយ​ទាំង​មាន​ជំនឿ​ជឿជាក់​ថា​នឹង​ទទួល​បាន​ផល​ចំណេញ ហើយ​គាត់​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ចូល​ជា​មួយ​គាត់​ភ្លាមៗ​កុំ​ឲ្យ​បាត់បង់​ឱកាស។ ពេល​នោះ​យើង​ប្រហែល​ជា​ចាប់​ផ្ដើម​ស្រមៃ​គិត​ថា​យើង​នឹង​អាច​លើក​ស្ទួយ​ជីវភាព​របស់​ក្រុម​គ្រួសារ​យើង ហើយ​រហូត​ដល់​វែកញែក​ថា​យើង​អាច​មាន​ពេល​ច្រើន​ជាង​សម្រាប់​កិច្ចការ​ខាង​វិញ្ញាណ​ទៀត​ផង។ ក៏​ប៉ុន្តែ​សុភាសិត ១៤:១៥ ព្រមាន​ថា​៖ «មនុស្ស​ឆោត​ល្ងង់​គេ​ជឿ​គ្រប់​ពាក្យ​ទាំង​អស់ តែ​មនុស្ស​មាន​គំនិត​វាងវៃ​រមែង​មើល​ផ្លូវ​ខ្លួន​ដោយ​ប្រយ័ត»។ ពេល​ធ្វើ​ពាណិជ្ជកម្ម​ថ្មី យើង​ច្រើន​តែ​មាន​អារម្មណ៍​រំភើប​ពោរពេញ​ដោយ​ក្ដី​សង្ឃឹម។ ជា​លទ្ធផល​យើង​ប្រមាណ​មើល​ខុស​នូវ​លទ្ធភាព​ខាត​បង់ ថែម​ទាំង​ប្រហែល​ជា​ភ្លេច​គិត​ពី​ផលវិបាក​ណា​មួយ ក៏​មិន​ពិចារណា​ឲ្យ​បាន​ជ្រៅជ្រះ​នូវ​ភាព​មិន​ទៀង​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ដែរ។ (យ៉ាកុប ៤:១៣, ១៤) ជា​ការ​សំខាន់​ណាស់! ដែល​យើង​ត្រូវ​ដឹង​ខ្លួន​ជានិច្ច​ក្នុង​កាលៈទេសៈ​បែប​នេះ។

៤​. តើ​យើង​អាច​«រមែង​មើល​ផ្លូវ​ខ្លួន​ដោយ​ប្រយ័ត»​តាម​របៀប​ណា?

អ្នក​ដែល​ចេះ​ប្រុង​ប្រយ័ត្ន​ពិនិត្យ​មើល​ឲ្យ​បាន​ហ្មត់ចត់​នូវ​គម្រោង​ពាណិជ្ជកម្ម មុន​ពេល​ដែល​ធ្វើ​ការ​សម្រេច​ចិត្ត។ (សុភាសិត ២១:៥) ជា​ច្រើន​ដង ពេល​ពិនិត្យ​មើល​គម្រោង​នោះ យើង​នឹង​ឃើញ​នូវ​ផល​វិបាក​ផ្សេងៗ​ដែល​ពីដើម​យើង​ពុំ​បាន​ឃើញ​ឡើយ។ សូម​គិត​អំពី​រឿង​ដូច​ត​ទៅ​នេះ: បុគ្គល​ម្នាក់​ចង់​ខ្ចី​លុយ​អ្នក​ដើម្បី​ធ្វើ​ពាណិជ្ជកម្ម។ គាត់​ប្រាប់​ថា​អ្នក​នឹង​បាន​ផល​ចំណេញ​ច្រើន​ណាស់​ប្រសិន​បើ​អ្នក​ឲ្យ​គាត់​ខ្ចី​លុយ​ធ្វើ​ដើម​ទុន។ គម្រោង​នោះ​ស្ដាប់​ទៅ​ល្អ​ណាស់ ប៉ុន្តែ​តើ​អាច​មាន​ផលវិបាក​អ្វី​ខ្លះ? តើ​កូន​បំណុល​ព្រម​សង​លុយ​អ្នក​វិញ មិន​ថា​គាត់​ធ្វើ​ពាណិជ្ជកម្ម​ខាត​ឬ​ចំណេញ​ក៏​ដោយ? ឬ​ក៏​តើ​គាត់​នឹង​សង​បំណុល​លុះ​ត្រា​តែ​គាត់​ធ្វើ​ពាណិជ្ជកម្ម​បាន​ផល​ចំណេញ​ច្រើន​ប៉ុណ្ណោះ? បើ​និយាយ​ឲ្យ​ចំ តើ​អ្នក​អាច​ខាត​ចុង​ខាត​ដើម​ប្រសិន​បើ​គាត់​ធ្វើ​ពាណិជ្ជកម្ម​មិន​ចំណេញ​ទេ? អ្នក​ក៏​អាច​សួរ​ដែរ​ថា​៖​«ហេតុ​អ្វី​គាត់​ចាំបាច់​ខ្ចី​លុយ​អ្នក​ឯ​ទៀត? តើ​គឺ​ដោយសារ​ធនាគារ​មិន​ព្រម​ឲ្យ​ខ្ចី​លុយ​ធ្វើ​ដើម​ទុន ព្រោះ​គិត​ថា​ពាណិជ្ជកម្ម​នោះ​មាន​លទ្ធភាព​ខាត​ច្រើន​ជាង​ចំណេញ​ឬ​ទេ?»។ បើ​ឆ្លៀត​ពេល​ពិចារណា​នូវ​ផលវិបាក​ដែល​អ្នក​អាច​ទទួល​មក​វិញ នោះ​នឹង​ជួយ​ឲ្យ​អ្នក​ប្រមាណ​មើល​គម្រោង​ពាណិជ្ជកម្ម​នោះ​ដោយ​ត្រឹម​ត្រូវ។—សុភាសិត ១៣:១៦; ២២:៣

៥​. (ក) ពេល​ដែល​យេរេមា​ទិញ​ចំការ​នោះ តើ​គាត់​បាន​បង្ហាញ​ប្រាជ្ញា​ដោយ​ធ្វើ​អ្វី​ទៀត? (ខ) ពេល​ណា​ធ្វើ​គម្រោង​ពាណិជ្ជកម្ម ហេតុ​អ្វី​បាន​ជា​មាន​ប្រយោជន៍​បើ​ធ្វើ​កិច្ច​ព្រម​ព្រៀង​លាយ​លក្ខណ៍​អក្សរ​ជា​ផ្លូវការ?

ព្យាការី​យេរេមា​បាន​ទិញ​ចំការ​ពី​បងប្អូន​ជីដូន​មួយ​របស់​គាត់ ដែល​ជា​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ដែរ។ ពេល​នោះ​យេរេមា​ធ្វើ​សំបុត្រ​បញ្ជាក់​មួយ​នៅ​ចំពោះ​មុខ​សាក្សី។ (យេរេមា ៣២:៩​-​១២) សព្វ​ថ្ងៃ​នេះ អ្នក​ដែល​មាន​ប្រាជ្ញា​ក៏​ធ្វើ​កិច្ច​ព្រម​ព្រៀង​លាយ​លក្ខណ៍​អក្សរ​ជា​ផ្លូវការ​ដែរ ពេល​ណា​ក៏​ដោយ​ដែល​ធ្វើ​ជា​ភាគី​ក្នុង​គម្រោង​ពាណិជ្ជកម្ម មិន​ថា​អ្នក​នោះ​ជា​បងប្អូន​ញាតិ​មិត្ត​ឬ​អ្នក​ជឿ​គ្នីគ្នា​ក៏​ដោយ។ បើ​មាន​កិច្ច​ព្រម​ព្រៀង​លាយ​លក្ខណ៍​អក្សរ​ដែល​ច្បាស់​ស្រួល​យល់ នោះ​ការពារ​មិន​ឲ្យ​មាន​ការ​យល់​ច្រឡំ ព្រម​ទាំង​ក៏​ជួយ​រក្សា​ឲ្យ​មាន​សាមគ្គីភាព​ផង​ដែរ។ ក៏​ប៉ុន្តែ​ពេល​ណា​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​គ្នីគ្នា​ធ្វើ​ពាណិជ្ជកម្ម ដោយ​គ្មាន​កិច្ច​ព្រម​ព្រៀង​ច្បាស់​ល្អ​ជា​លាយ​លក្ខណ៍​អក្សរ​ទេ នោះ​ច្រើន​តែ​នាំ​ឲ្យ​កើត​មាន​បញ្ហា។ គួរ​ឲ្យ​ស្ដាយ​ណាស់ បញ្ហា​បែប​នេះ​អាច​នាំ​ឲ្យ​មាន​ការ​ឈឺ​ចិត្ត​ផង​ប្រេះ​ឆា​មោះហ្មង​នឹង​គ្នា​ផង រហូត​ដល់​បាត់បង់​នូវ​ភាព​ខាង​វិញ្ញាណ​ទៀត។

៦​. ហេតុ​អ្វី​យើង​ត្រូវ​ជៀស​ពី​សេចក្ដី​លោភ​ចេញ?

ម្យ៉ាង​ទៀត យើង​ត្រូវ​ជៀស​ពី​សេចក្ដី​លោភ​ចេញ។ (លូកា ១២:​១៥) លទ្ធភាព​ទទួល​ផល​ចំណេញ​ជា​ច្រើន​អាច​ធ្វើ​ឲ្យ​យើង​បិទ​ភ្នែក​នឹង​ផលវិបាក​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ដែល​ពុំ​អាច​ទៅ​រួច។ សូម្បី​តែ​បងប្អូន​ខ្លះ​ដែល​ធ្លាប់​មាន​ឯកសិទ្ធិ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​បាន​ធ្លាក់​ខ្លួន​ជាប់​អន្ទាក់​នេះ។ ព្រះ​បន្ទូល​របស់​ព្រះ​ព្រមាន​យើង​ថា​៖ «ចូរ​ឲ្យ​កិរិយា​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត បាន​ឥត​លោភ​ឡើយ ឲ្យ​ស្កប់​ចិត្ត​នឹង​របស់​ដែល​មាន​ហើយ​ប៉ុណ្ណោះ​ចុះ»។ (ហេព្រើរ ១៣:៥) ពេល​ដែល​កំពុង​តែ​ពិចារណា​ថា​តើ​គួរ​ឆ្លៀត​ឱកាស​ធ្វើ​ពាណិជ្ជកម្ម​នោះ គ្រីស្ទាន​ម្នាក់​គួរ​សួរ​ខ្លួន​ឯង​ថា​៖‹តើ​ខ្ញុំ​ពិត​ជា​ត្រូវ​ការ​ចូល​រួម​ធ្វើ​ពាណិជ្ជកម្ម​ទេ?›។ បើ​មាន​ជីវភាព​សាមញ្ញ​ដោយ​យក​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ជា​អ្វី​ដ៏​សំខាន់​បំផុត នោះ​នឹង​ការពារ​យើង​ពី​«សេចក្ដី​អាក្រក់​គ្រប់​យ៉ាង»។—ធីម៉ូថេ​ទី១ ៦:៦​-​១០

ការ​ពិបាក​របស់​គ្រីស្ទាន​ដែល​នៅ​លីវ

៧​. (ក) តើ​គ្រីស្ទាន​ជា​ច្រើន​នាក់​ដែល​នៅ​លីវ​ប្រឈម​មុខ​បញ្ហា​អ្វី? (ខ) តើ​ការ​ជ្រើសរើស​គូ​អាពាហ៍ពិពាហ៍​ទាក់ទង​នឹង​ភាព​ស្មោះ​ត្រង់​នឹង​ព្រះ​យ៉ាង​ដូច​ម្ដេច?

អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ជា​ច្រើន​នាក់​ប៉ង​ប្រាថ្នា​រៀប​អាពាហ៍ពិពាហ៍ ប៉ុន្តែ​ពួក​គាត់​ពុំ​ទាន់​បាន​រក​ឃើញ​នូវ​គូ​ដ៏​ល្អ​ម្នាក់​នៅ​ឡើយ។ នៅ​ប្រទេស​ខ្លះ បងប្អូន​ត្រូវ​ប្រឈម​មុខ​នឹង​ការ​បង្ខិត​បង្ខំ​ឲ្យ​រៀប​អាពាហ៍ពិពាហ៍ តែ​ប្រហែល​ជា​មិន​សូវ​មាន​លទ្ធភាព​រក​ឃើញ​គូ​ម្នាក់​ក្នុង​ចំណោម​អ្នក​ជឿ​គ្នីគ្នា​ទេ។ (សុភាសិត ១៣:១២) ប៉ុន្តែ​គ្រីស្ទាន​ពិត​ទទួល​ស្គាល់​ថា ការ​ធ្វើ​តាម​បង្គាប់​ក្នុង​ព្រះ​គម្ពីរ​ដែល​ឲ្យ​រៀប​ការ​«ក្នុង​ព្រះ​អម្ចាស់»​ប៉ុណ្ណោះ ជា​រឿង​ទាក់ទង​នឹង​ភាព​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា។ (កូរិនថូសទី១ ៧:៣៩) ដើម្បី​កាន់​ជំហរ​មាំមួន​នៅ​ចំពោះ​មុខ​ការ​បង្ខិត​បង្ខំ​និង​សេចក្ដី​ល្បួង​ផ្សេងៗ​នោះ បណ្ដា​គ្រីស្ទាន​ដែល​នៅ​លីវ​ត្រូវ​ដឹង​ខ្លួន​ជានិច្ច។

៨​. តើ​នាង​សាសន៍​ស៊ូ​ឡាម​បាន​ប្រឈម​មុខ​ការ​បង្ខិត​បង្ខំ​អ្វី? តើ​ស្ត្រី​គ្រីស្ទាន​សព្វ​ថ្ងៃ​នេះ​ប្រហែល​ជា​ជួប​នឹង​ការ​ពិបាក​ស្រដៀង​គ្នា​នឹង​នេះ​យ៉ាង​ដូច​ម្ដេច?

បទ​ចម្រៀង​សាឡូម៉ូន​រៀប​រាប់​អំពី​ស្តេច​ដែល​ចាប់​ព្រះ​ទ័យ​ស្រឡាញ់​ស្រី​ជនបទ​ដ៏​សាមញ្ញ​ម្នាក់ ហៅ​ថា​នាង​សាសន៍​ស៊ូ​ឡាម។ ស្តេច​ខំ​ទាក់ទាញ​ចិត្ត​នាង​ឲ្យ​ស្រឡាញ់​ទ្រង់​ដោយ​បង្ហាញ​នូវ​ទ្រព្យ​ស្តុកស្តម្ភ​និង​កិត្យានុភាព​រុងរឿង​របស់​ទ្រង់ ថែម​ទាំង​ខំ​យក​ចិត្ត​នាង ទោះ​ជា​នាង​ស្រឡាញ់​យុវជន​ម្នាក់​ហើយ​ក៏​ដោយ។ (បទ​ចំរៀង​សាឡូម៉ូន ១:៩​-​១១; ៣:៧​-​១០; ៦:៨​-​១០, ១៣) ប្រសិន​បើ​អ្នក​ជា​ស្ត្រី​គ្រីស្ទាន ប្រហែល​ជា​មាន​អ្នក​ណា​ម្នាក់​បង្ហាញ​ចំណាប់អារម្មណ៍​ចំពោះ​រូប​អ្នក ទោះ​ជា​អ្នក​មិន​ចង់​បាន​ក៏​ដោយ។ នៅ​កន្លែង​ធ្វើ​ការ ប្រហែល​ជា​បុរស​ម្នាក់​ដែល​មាន​ឋានៈ​ធំ​ជាង​ខ្លួន​រមែង​សរសើរ​អ្នក ខំ​យក​ចិត្ត​អ្នក ហើយ​ខំ​រក​ឱកាស​នៅ​ជា​មួយ​អ្នក។ ចូរ​ប្រយ័ត្ន​នឹង​អ្នក​ដែល​ធ្វើ​យ៉ាង​នេះ។ ពិត​ថា មិន​មែន​មនុស្ស​ទាំង​អស់​ដែល​ធ្វើ​បែប​នេះ​ចាប់​ចិត្ត​ស្រឡាញ់​អ្នក​ឬ​មាន​បំណង​អាក្រក់​នោះ​ទេ។ ក៏​ប៉ុន្តែ​មនុស្ស​ជា​ច្រើន​មាន​បំណង​ចិត្ត​បែប​នោះ​មែន។ ចូរ​មាន​លក្ខណៈ​ដូច​ជា​នាង​សាសន៍​ស៊ូ​ឡាម​ដែល​ប្រៀប​ដូច​ជា​«កំផែង»។ (បទ​ចំរៀង​សាឡូម៉ូន ៨:៤, ១០) ចូរ​បដិសេធ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការ​បង្ហាញ​នូវ​ចំណាប់អារម្មណ៍​ដែល​មិន​ចង់​បាន​នោះ។ ចាប់​ពី​ថ្ងៃ​ដំបូង​ដែល​អ្នក​ធ្វើ​ការ​នៅ​កន្លែង​ណា​មួយ ចូរ​ប្រាប់​អ្នក​រួម​ការងារ​ឲ្យ​ដឹង​ថា អ្នក​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ ម្យ៉ាង​ទៀត​ចូរ​ឆ្លៀត​គ្រប់​ឱកាស​ដើម្បី​ធ្វើ​បន្ទាល់។ នោះ​នឹង​ការពារ​អ្នក។

៩​. តើ​អាច​មាន​គ្រោះថ្នាក់​អ្វី​បើ​ចង​ស្ពាន​មេត្រី​ជា​មួយ​មនុស្ស​ចម្លែក​តាម​ប្រព័ន្ធ​អ៊ី​នធឺណិ​ត?

វើបសាយ​អ៊ី​នធឺណិ​ត​ដែល​ជួយ​មនុស្ស​ដែល​នៅ​លីវ​ឲ្យ​រក​គូ​អាពាហ៍ពិពាហ៍ បាន​ក្លាយ​ខ្លួន​ទៅ​ជា​សេ​វា​កម្ម​ពេញ​និយម​មួយ។ មនុស្ស​ខ្លះ​ចាត់​ទុក​វើបសាយ​ទាំង​នេះ​ជា​អ្វី​ដែល​ផ្ដល់​ឱកាស​ស្គាល់​មនុស្ស​ដែល​ពួក​គេ​ប្រហែល​ជា​នឹង​គ្មាន​ឱកាស​ជួប​នោះ​ទេ។ ក៏​ប៉ុន្តែ ការ​ចង​ស្ពាន​មេត្រី​ជា​មួយ​មនុស្ស​ចម្លែក​គឺ​ជា​ការ​ផ្សង​គ្រោះថ្នាក់​ណាស់។ តាម​ប្រព័ន្ធ​អ៊ី​នធឺណិ​ត​យើង​ពិបាក​ដឹង​ថា​អ្វី​ជា​ការ​ពិត​នឹង​អ្វី​ជា​ការ​មិន​ពិត។ (ទំនុកដំកើង ២៦:៤) មិន​មែន​មនុស្ស​ទាំង​អស់​ដែល​អះអាង​ថា​ពួក​គេ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា ពិត​ជា​អ្នក​បម្រើ​ទ្រង់​ឡើយ។ ម្យ៉ាង​ទៀត ពេល​រក​គូ​អាពាហ៍ពិពាហ៍​តាម​ប្រព័ន្ធ​អ៊ី​នធឺណិ​ត ធ្វើ​ឲ្យ​ជំពាក់​ចិត្ត​នឹង​បុគ្គល​នោះ​យ៉ាង​លឿន ហើយ​ការ​ផ្ដេក​ផ្ដួល​ចិត្ត​នេះ​អាច​រារាំង​សមត្ថភាព​គិតគូរ​ពិចារណា​យ៉ាង​ត្រឹម​ត្រូវ។ (សុភាសិត ២៨:២៦) មិន​ថា​តាម​រយៈ​ប្រព័ន្ធ​អ៊ី​នធឺណិ​ត​ឬ​តាម​វិធី​ផ្សេង​ទៀត ការ​បណ្ដុះ​ឲ្យ​មាន​ភាព​ស្និទ្ធស្នាល​ជា​មួយ​បុគ្គល​ដែល​យើង​មិន​សូវ​ស្គាល់ បង្ហាញ​ថា​យើង​ជា​មនុស្ស​ឥត​ប្រាជ្ញា។—កូរិនថូសទី១ ១៥:៣៣

១០​. តើ​គ្រីស្ទាន​ដែល​នៅ​លីវ​អាច​ត្រូវ​លើក​ទឹក​ចិត្ត​ដោយ​អ្នក​ជឿ​គ្នីគ្នា​យ៉ាង​ដូច​ម្ដេច?

១០ ព្រះ​យេហូវ៉ា​«មាន​ព្រះ​ហឫទ័យ​មេត្ដាករុណា»​ចំពោះ​អ្នក​បម្រើ​ទ្រង់។ (យ៉ាកុប ៥:១១) ទ្រង់​ជ្រាប​ថា បងប្អូន​ដែល​នៅ​លីវ​តែ​ចង់​រៀប​អាពាហ៍ពិពាហ៍ ជួប​ការ​ពិបាក​ផ្សេងៗ​ដែល​ធ្វើ​ឲ្យ​ធ្លាក់​ទឹក​ចិត្ត។ ប៉ុន្តែ​ទ្រង់​ឲ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​ភាព​ស្មោះ​ត្រង់​របស់​ពួក​គាត់។ តើ​អ្នក​ឯ​ទៀត​អាច​លើក​ទឹក​ចិត្ត​ពួក​គាត់​យ៉ាង​ដូច​ម្ដេច? យើង​គួរ​សរសើរ​ពួក​គាត់​ជា​ញយៗ ដោយសារ​ពួក​គាត់​ស្ដាប់​បង្គាប់​ព្រះ​និង​បង្ហាញ​នូវ​ស្មារតី​លះបង់​ប្រយោជន៍​ខ្លួន។ (ពួក​ចៅហ្វាយ ១១:៣៩, ៤០) យើង​ក៏​អាច​អញ្ជើញ​ពួក​គាត់​ឲ្យ​សំណេះសំណាល​ជា​មួយ​យើង​ដើម្បី​ទទួល​ការ​លើក​ទឹក​ចិត្ត។ តើ​អ្នក​បាន​ធ្វើ​ដូច្នេះ​នៅ​ពេល​ថ្មីៗ​នេះ​ទេ? ម្យ៉ាង​ទៀត យើង​អាច​អធិស្ឋាន​សុំ​ព្រះ​យេហូវ៉ា​ជួយ​ឲ្យ​ពួក​គាត់​រក្សា​លំនឹង​ខាង​វិញ្ញាណ​ហើយ​មាន​អំណរ​ក្នុង​ការ​បម្រើ​ទ្រង់។ បើ​យើង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ស្មោះ​ចំពោះ​ពួក​គាត់ យើង​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​បងប្អូន​ស្មោះ​ត្រង់​ទាំង​នេះ ដូច​ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ពួក​គាត់​ដែរ។—ទំនុកដំកើង ៣៧:២៨

ការ​ស៊ូ​ទ្រាំ​នឹង​បញ្ហា​សុខភាព

១១​. តើ​បញ្ហា​ធ្ងន់ធ្ងរ​ខាង​សុខភាព​នាំ​ឲ្យ​មាន​ការ​លំបាក​អ្វី​ខ្លះ?

១១ យើង​ពិត​ជា​កើត​ទុក្ខ​ខ្លាំង​ណាស់! ពេល​ដែល​យើង​ឬ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ។ (អេសាយ ៣៨:១​-​៣) យើង​ប្រហែល​ជា​ខំ​ស្វែង​រក​ការ​ព្យាបាល​ដែល​មាន​ប្រសិទ្ធភាព​ក៏​ពិត​មែន តែ​ក៏​ជា​ការ​ចាំបាច់​ណាស់​ដែល​យើង​កាន់​តាម​គោលការណ៍​ព្រះ​គម្ពីរ​ដែរ។ ជា​ឧទាហរណ៍ គ្រីស្ទាន​ពិត​ព្យាយាម​ធ្វើ​តាម​បង្គាប់​ក្នុង​ព្រះ​គម្ពីរ​ដែល​ឲ្យ​ជៀស​វាង​ពី​ឈាម ហើយ​ពួក​គេ​ជៀស​ចេញ​ពី​វិធី​វិនិច្ឆ័យ​រោគ​ឬ​វិធី​ព្យាបាល​ណា​ដែល​ទាក់ទង​នឹង​មន្តអាគម។ (កិច្ចការ ១៥:២៨, ២៩; កាឡាទី ៥:១៩​-​២១) ក៏​ប៉ុន្តែ សម្រាប់​អ្នក​ដែល​គ្មាន​ចំណេះ​អំពី​វេជ្ជសាស្ត្រ​នោះ ការ​ថ្លឹង​ថ្លែង​នូវ​វិធី​ព្យាបាល​ផ្សេងៗ​គឺ​ពិបាក​ណាស់។ តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ដឹង​ខ្លួន​ជានិច្ច?

១២​. ពេល​កំពុង​តែ​គិត​ថ្លឹង​ថ្លែង​ពី​វិធី​ព្យាបាល​រោគ តើ​គ្រីស្ទាន​ម្នាក់​អាច​រក្សា​ឲ្យ​មាន​ទស្សនៈ​ប្រកប​ដោយ​តុល្យភាព​ដោយ​ដូច​ម្ដេច?

១២ ដោយ​ស្រាវជ្រាវ​ក្នុង​ព្រះ​គម្ពីរ​និង​សៀវភៅ​ផ្សេងៗ​របស់​គ្រីស្ទាន​ពិត នោះ​«មនុស្ស​មាន​គំនិត​វាងវៃ​រមែង​មើល​ផ្លូវ​ខ្លួន​ដោយ​ប្រយ័ត»។ (សុភាសិត ១៤:១៥) នៅ​កន្លែង​ណា​ដែល​មិន​សូវ​មាន​គ្រូ​ពេទ្យ​ឬ​មន្ទីរពេទ្យ​នោះ ប្រហែល​ជា​មាន​តែ​ថ្នាំ​បុរាណ​ប៉ុណ្ណោះ។ ប្រសិន​បើ​យើង​កំពុង​តែ​គិត​ចង់​ប្រើ​វិធី​ព្យាបាល​បែប​នេះ យើង​ប្រហែល​ជា​ត្រូវ​ស្រាវជ្រាវ​ឲ្យ​ដឹង​ថា អ្នក​ធ្វើ​ថ្នាំ​បុរាណ​នោះ​តើ​គាត់​ជា​អ្នក​ធ្វើ​មន្តអាគម​ដែរ​ឬ​ទេ? តើ​វិធី​ព្យាបាល​របស់​គាត់​មាន​មូលដ្ឋាន​ទៅ​លើ​ជំនឿ​ថា ជំងឺ​និង​សេចក្ដី​ស្លាប់​បណ្ដាល​មក​ពី​កំហឹង​របស់​ព្រះ​ផ្សេងៗ​(ឬ​វិញ្ញាណ​ក្ខន្ធ​ជីដូន​ជីតា) ឬ​មួយ​ក៏​ដោយសារ​សត្រូវ​ដាក់​អំពើ​ឬ​ទេ? ពេល​ដែល​ធ្វើ​ឬ​ប្រើ​ថ្នាំ​បុរាណ​នោះ តើ​គាត់​សែន​ព្រេន សូត្រ​អាគម​គាថា ឬ​ធ្វើ​ក្បួន​រីតិ៍​មន្តអាគម​ណា​ផ្សេង​ទៀត​ទេ? (ចោទិយកថា ១៨:១០​-​១២) ការ​ស្រាវជ្រាវ​នេះ​នឹង​ជួយ​ឲ្យ​យើង​ធ្វើ​តាម​ឱវាទ​ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​សរសេរ​ដែល​ថា​៖​«ចូរ​លមើល​គ្រប់​ទាំង​អស់ ហើយ​កាន់​ខ្ជាប់​តាម​សេចក្ដី​ដែល​ត្រឹម​ត្រូវ»។ * (ថែស្សាឡូនីចទី១ ៥:២១) នោះ​នឹង​ជួយ​ឲ្យ​យើង​មាន​ទស្សនៈ​ប្រកប​ដោយ​តុល្យភាព។

១៣, ១៤​. (ក) តើ​យើង​អាច​បង្ហាញ​តុល្យភាព​ដូច​ម្ដេច​ចំពោះ​ការ​ថែទាំ​សុខភាព? (ខ) ហេតុ​អ្វី​ត្រូវ​មាន​តុល្យភាព​ពេល​ពិគ្រោះ​រឿង​សុខភាព​ជា​មួយ​អ្នក​ឯ​ទៀត?

១៣ យើង​ត្រូវ​មាន​តុល្យភាព​ក្នុង​គ្រប់​ការ​ទាំង​អស់ រួម​ទាំង​ការ​ថែទាំ​សុខភាព​ដែរ។ ពេល​យើង​យក​ចិត្ត​ទុក​ដាក់​នឹង​សុខភាព​របស់​យើង​ដោយ​មាន​តុល្យភាព នោះ​បង្ហាញ​ថា​យើង​ចាត់​ទុក​ជីវិត​ជា​អំណោយ​ដ៏​វិសេស ហើយ​យើង​ជា​មនុស្ស​កតញ្ញូ។ នៅ​ពេល​យើង​មាន​បញ្ហា​សុខភាព​នោះ ជា​ការ​ត្រឹម​ត្រូវ​ដែល​យើង​ខំ​រក​ការ​ព្យាបាល។ ក៏​ប៉ុន្តែ យើង​មិន​អាច​មាន​សុខភាព​គ្រប់​លក្ខណ៍ ទាល់តែ​កំណត់​ពេល​របស់​ព្រះ​មក​ដល់​សម្រាប់​«មើល​អស់​ទាំង​សាសន៍​ឲ្យ​ជា»។ (វិវរណៈ ២២:១, ២) យើង​ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​រវល់​នឹង​ការ​ថែទាំ​សុខភាព​រហូត​ដល់​បែរ​ចាត់​ទុក​អ្វី​ដ៏​សំខាន់​ជាង ពោល​គឺ​កិច្ចការ​ខាង​វិញ្ញាណ​ជា​អ្វី​ដ៏​បន្ទាប់បន្សំ​វិញ។—ម៉ាថាយ ៥:៣; ភីលីព ១:១០

១៤ យើង​ក៏​ត្រូវ​មាន​តុល្យភាព​ពេល​ដែល​និយាយ​ជា​មួយ​អ្នក​ឯ​ទៀត​អំពី​រឿង​សុខភាព។ រឿង​ទាំង​នោះ​មិន​ត្រូវ​ជា​អ្វី​ដែល​យើង​និយាយ​ច្រើន​ជាង​គេ​ពេល​ជួបជុំ​ជា​មួយ​បងប្អូន​នៅ​ឯ​កិច្ច​ប្រជុំ​ឬ​សន្និបាត ដែល​ជា​ពេល​សម្រាប់​ពិភាក្សា​រឿង​ខាង​វិញ្ញាណ។ ម្យ៉ាង​ទៀត ការ​សម្រេច​ចិត្ត​អំពី​ការ​ព្យាបាល​ច្រើន​តែ​រួម​បញ្ចូល​គោលការណ៍​ព្រះ​គម្ពីរ មនសិការ​របស់​បងប្អូន​ម្នាក់ៗ ហើយ​ចំណង​មិត្តភាព​របស់​ពួក​គេ​ជា​មួយ​ព្រះ​យេហូវ៉ា។ ហេតុ​នេះ បើ​យើង​បង្ខំ​អ្នក​ជឿ​គ្នីគ្នា​ឲ្យ​មាន​ទស្សនៈ​ដូច​យើង​ឬ​ជំរុញ​ឲ្យ​ប្រព្រឹត្ត​ផ្ទុយ​ពី​មនសិការ​របស់​ខ្លួន នោះ​មាន​ន័យ​ថា​យើង​មិន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ទេ។ យើង​អាច​សុំ​យោបល់​ពី​បងប្អូន​ក្នុង​ក្រុមជំនុំ​ដែល​មាន​ភាព​ចាស់​ទុំ​បាន ក៏​ប៉ុន្តែ​នៅ​ទីបំផុត​គ្រីស្ទាន​ម្នាក់ៗ​ត្រូវ​«ទទួល​បន្ទុក​ជា​របស់​ផង​ខ្លួន»​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត ហើយ​«យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​រាប់​រៀប​ទូល​ថ្វាយ​ព្រះ ពី​ដំណើរ​របស់​ខ្លួន​យើង​ជា​មិន​ខាន»។—កាឡាទី ៦:៥; រ៉ូម ១៤:១២, ២២, ២៣

ពេល​មាន​ទុក្ខ​លំបាក

១៥​. តើ​ទុក្ខ​លំបាក​អាច​បង្ក​បញ្ហា​អ្វី?

១៥ ពេល​មាន​ទុក្ខ​លំបាក សូម្បី​តែ​អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​អាច​ភ្លាត់​និយាយ​ឬ​ប្រព្រឹត្ត​ដោយ​មិន​គួរ​គប្បី។ (សាស្ដា ៧:​៧) នៅ​ពេល​យ៉ូប​ឆ្លង​កាត់​ការ​ល្បងល​ដ៏​ខ្លាំង​នោះ គាត់​បាត់បង់​នូវ​លំនឹង​បន្ដិច ហើយ​ត្រូវ​ការ​គេ​ជូន​ឱវាទ​ឲ្យ​កែ​គំនិត។ (យ៉ូប ៣៥:២, ៣; ៤០:៦​-​៨) ទោះ​ជា‹ម៉ូសេ​សុភាព​ណាស់​លើស​អស់​ទាំង​មនុស្ស​នៅ​លើ​ផែនដី›ក៏​ពិត​មែន តែ​មាន​គ្រា​មួយ​ដែល​គាត់​បាន​ខឹង​រហូត​ដល់​និយាយ​ដោយ​មិន​គិត។ (ជនគណនា ១២:៣; ២០:៧​-​១២; ទំនុកដំកើង ១០៦:៣២, ៣៣) ដាវីឌ​បាន​ទប់​ព្រះទ័យ​យ៉ាង​ល្អ​ដោយ​មិន​ធ្វើ​គុត​ស្តេច​សូល តែ​ពេល​ដែល​ណា​បាល​បាន​ជេរ​ប្រមាថ​គាត់​និង​គូកន​របស់​គាត់ ដាវីឌ​ខឹង​ខ្លាំង​ណាស់​រហូត​ដល់​លែង​គិត​ពិចារណា​ត្រឹម​ត្រូវ។ មាន​តែ​ពេល​អ័ប៊ីកែល​ធ្វើ​អន្តរាគមន៍ ទើប​ដាវីឌ​ដឹង​ខ្លួន ដោយ​ហៀប​នឹង​ធ្វើ​កំហុស​មួយ​ដែល​នាំ​ឲ្យ​អន្តរាយ​ខ្លួន។—សាំយូអែលទី១ ២៤:២​-​៧; ២៥:៩​-​១៣, ៣២, ៣៣

១៦​. តើ​អ្វី​អាច​ជួយ​ឲ្យ​យើង​ជៀស​ចេញ​ពី​ការ​ប្រព្រឹត្ត​ដោយ​មិន​គិត​មុខ​គិត​ក្រោយ​នោះ?

១៦ យើង​ប្រហែល​ជា​ជួប​នឹង​ទុក្ខ​លំបាក​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​យើង​គិត​មិន​ត្រឹម​ត្រូវ​ដែរ។ បើ​យើង​ស្ដាប់​ទស្សនៈ​របស់​អ្នក​ឯ​ទៀត​ហើយ​គិត​ពិចារណា​ឲ្យ​បាន​ជ្រៅជ្រះ​ដូច​ដាវីឌ​បាន​ធ្វើ នោះ​អាច​ជួយ​ឲ្យ​យើង​ជៀស​ចេញ​ពី​ការ​ប្រព្រឹត្ត​ដោយ​មិន​គិត​មុខ​គិត​ក្រោយ ហើយ​រហ័ស​ទៅ​ធ្វើ​អំពើ​បាប។ (សុភាសិត ១៩:២) ម្យ៉ាង​ទៀត ព្រះ​បន្ទូល​របស់​ព្រះ​ដាស់​តឿន​យើង​ថា​៖​«ចូរ​មាន​ចិត្ត​ញ័រ[ឬ​ចិត្ត​«ខឹង»]ចុះ តែ​កុំ​ឲ្យ​ធ្វើ​បាប​ឡើយ ចូរ​រំពឹង​គិត​នៅ​ក្នុង​ចិត្ត ក្នុង​កាល​ដែល​ដេក​លើ​ដំណេក ហើយ​នៅ​ស្ងៀម​ចុះ»។ (ទំនុកដំកើង ៤:៤; ទំនុក​តម្កើង ៤:៥, ខ.ស.) បើ​អាច​ធ្វើ​ទៅ​បាន យក​ល្អ​យើង​ចាំ​ទាល់តែ​មាន​ចិត្ត​ស្ងប់​សិន សឹម​ធ្វើ​ការ​សម្រេច​ចិត្ត​ឬ​ចាប់​ធ្វើ​កិច្ចការ​អ្វី​មួយ។ (សុភាសិត ១៤:១៧, ២៩) យើង​អាច​អធិស្ឋាន​ទូល​ព្រះ​យេហូវ៉ា​អស់​អំពី​ចិត្ត​ហើយ​«សេចក្ដី​សុខសាន្ត​របស់​ព្រះ ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត នឹង​ជួយ​ការពារ​ចិត្ត ហើយ​នឹង​គំនិត​របស់[យើង] ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូ​វ»។ (ភីលីព ៤:៦, ៧) ចិត្ត​ស្ងប់​ឬ​សេចក្ដី​សុខសាន្ត​ដែល​ព្រះ​ប្រទាន​នឹង​ជួយ​ឲ្យ​យើង​រក្សា​លំនឹង​ហើយ​ដឹង​ខ្លួន​ជានិច្ច។

១៧​. ដើម្បី​ដឹង​ខ្លួន​ជានិច្ច ហេតុ​អ្វី​យើង​ត្រូវ​ពឹង​ព្រះ​យេហូវ៉ា?

១៧ ទោះ​ជា​យើង​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​ជៀស​ចេញ​ពី​គ្រោះថ្នាក់​សព្វ​បែប​យ៉ាង ហើយ​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​ក៏​ដោយ យើង​ទាំង​អស់​គ្នា​ភ្លាត់​ធ្វើ​ខុស។ (យ៉ាកុប ៣:២) យើង​ប្រហែល​ជា​ជិត​ធ្វើ​ខុស​នាំ​ឲ្យ​អន្តរាយ​ខ្លួន ហើយ​មិន​ទាំង​ដឹង​ខ្លួន​ទៀត។ (ទំនុកដំកើង ១៩:១២, ១៣) ម្យ៉ាង​ទៀត ដោយសារ​យើង​ជា​មនុស្ស យើង​គ្មាន​សមត្ថភាព​ហើយ​ក៏​គ្មាន​សិទ្ធិ​តម្រង់​ជំហាន​ខ្លួន​ដោយ​គ្មាន​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា។ (យេរេមា ១០:២៣) យើង​មាន​ចិត្ត​កតញ្ញូ​មែន​ដែល​ទ្រង់​សន្យា​ថា​៖​«អញ​នឹង​បង្ហាត់​បង្រៀន​ឲ្យ​ឯង​ស្គាល់​ផ្លូវ​ដែល​ឯង​ត្រូវ​ដើរ អញ​នឹង​ទូន្មាន​ឯង ដោយ​ភ្នែក​អញ​មើល​ឯង​ជាប់»។ (ទំនុកដំកើង ៣២:៨) យើង​ពិត​ជា​អាច​ដឹង​ខ្លួន​ជានិច្ច​ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា។

[កំណត់​សម្គាល់]

^ វគ្គ 12 វិធី​នេះ​ក៏​មាន​ប្រយោជន៍​សម្រាប់​អ្នក​ដែល​កំពុង​តែ​សម្រេច​ចិត្ត​ថា តើ​នឹង​ប្រើ​វិធី​ព្យាបាល​ដែល​ខុស​ក្បួន​ពេទ្យ​ធម្មតា​និង​ពុំ​ទាន់​ត្រូវ​គេ​ទទួល​ស្គាល់​ជា​ទូទៅ​ថា​ល្អ​នៅ​ឡើយ។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តើ​យើង​អាច​បង្ហាញ​ថា​យើង​ដឹង​ខ្លួន​ដោយ​ដូច​ម្ដេច

ពេល​មាន​គេ​បបួល​យើង​ឲ្យ​ធ្វើ​ពាណិជ្ជកម្ម?

ពេល​ស្វែង​រក​គូ​អាពាហ៍ពិពាហ៍?

ពេល​មាន​បញ្ហា​សុខភាព?

ពេល​មាន​ទុក្ខ​លំបាក?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​២៦]

តើ​ស្ត្រី​គ្រីស្ទាន​អាច​ធ្វើ​តាម​គំរូ​របស់​នាង សាសន៍​ស៊ូឡាម​យ៉ាង​ដូច​ម្ដេច?