លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

វិធីតែមួយគត់ដើម្បីបំបាត់ចោលសេចក្ដីស្លាប់!

វិធីតែមួយគត់ដើម្បីបំបាត់ចោលសេចក្ដីស្លាប់!

វិធី​តែ​មួយ​គត់​ដើម្បី​បំបាត់​ចោល​សេចក្ដី​ស្លាប់!

បុរស​ម្នាក់​ឈ្មោះ​ឡាសារ ព្រម​ទាំង​បងប្អូន​របស់​គាត់​នាង​ម៉ាថា​និង​នាង​ម៉ារា ធ្លាប់​រស់​នៅ​ភូមិ​បេថានី ជា​ទី​ក្រុង​មួយ​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​បី​គីឡូម៉ែត្រ​ពី​ទី​ក្រុង​យេរូសាឡិម នា​ប្រទេស​អ៊ីស្រាអែល។ មាន​ថ្ងៃ​មួយ​ព្រះ​យេស៊ូ​ដែល​ជា​មិត្ត​សំឡាញ់​របស់​ពួក​គាត់ មិន​បាន​នៅ​ជា​មួយ​ពួក​គាត់​ទេ។ ខណៈ​នោះ​ឡាសារ​ធ្លាក់​ខ្លួន​ឈឺ​ជា​ទម្ងន់។ នាង​ម៉ាថា​និង​នាង​ម៉ារា ទាំង​ពីរ​នាក់​ខ្វល់ខ្វាយ​ពី​ឡាសារ​ណាស់។ ពួក​គាត់​ក៏​ចាត់​គេ​ឲ្យ​ទៅ​ឯ​ព្រះ​យេស៊ូ។ ព្រះ​យេស៊ូ​ក៏​ត្រឡប់​មក​ជួប​ឡាសារ​វិញ ពីរ​ថ្ងៃ​បន្ទាប់​ពី​ទ្រង់​បាន​ទទួល​ដំណឹង។ នៅ​តាម​ផ្លូវ​ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​កាន់​ពួក​សិស្ស​ទ្រង់​ថា ដែល​ទ្រង់​យាង​ទៅ​ទី​នោះ​គឺ​ដើម្បី​នឹង​ដាស់​ឡាសារ ឲ្យ​ភ្ញាក់​ពី​ដំណេក។ ជា​ដំបូង​សិស្ស​របស់​ទ្រង់​មិន​យល់​អំពី​អ្វី​ដែល​ទ្រង់​មាន​បន្ទូល​ទេ ក៏​ប៉ុន្តែ​ព្រះ​យេស៊ូ​បាន​បំភ្លឺ​ពួក​គេ​យ៉ាង​ច្បាស់​ថា​៖ «ឡាសារ​ស្លាប់​ហើយ»។—យ៉ូហាន ១១:១​-​១៤

ពេល​ព្រះ​យេស៊ូ​យាង​ទៅ​ដល់​កន្លែង​បញ្ចុះ​សព​ឡាសារ​ដែល​នៅ​ក្នុង​រអាង​ភ្នំ​នោះ ដំបូង​ទ្រង់​ណែនាំ​គេ​ឲ្យ​យក​ថ្ម​ដែល​បិទ​សន្ធប់​ចេញ​ពី​ផ្លូវ​ចូល​ទៅ​រអាង​ភ្នំ។ បន្ទាប់​ពី​អធិស្ឋាន​យ៉ាង​ឮ ទ្រង់​ក៏​បង្គាប់​ថា​៖ «ឡាសារ​អើយ! ចូរ​ចេញ​មក»។ នោះ​ឡាសារ​ក៏​ចេញ​មក។ បុរស​ដែល​បាន​ស្លាប់​អស់​រយ:បួន​ថ្ងៃ​ហើយ ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ។—យ៉ូហាន ១១:៣៨​-​៤៤

កំណត់​ហេតុ​ដែល​បាន​រៀប​រាប់​ពី​ឡាសារ​បង្ហាញ​ថា ដំណើរ​រស់​ឡើង​វិញ​គឺ​ជា​វិធី​តែ​មួយ​គត់​ដើម្បី​បំបាត់​ចោល​សេចក្ដី​ស្លាប់។ ក៏​ប៉ុន្តែ តើ​អព្ភូតហេតុ​ស្តី​ពី​ឡាសារ​បាន​រស់​ឡើង​វិញ​ថា ពិត​ជា​បាន​កើត​ឡើង​ឬ​ទេ? ព្រះ​គម្ពីរ​រៀប​រាប់​អំពី​រឿង​នោះ​ថា​ជា​ហេតុ​ការណ៍​ពិត។ ចូរ​អាន​កំណត់​ហេតុ​នៅ​យ៉ូហាន ១១:១​-​៤៤ អ្នក​នឹង​ឃើញ​ថា​របៀប​ដែល​គេ​សរសេរ នោះ​ច្បាស់​លាស់​ថែម​ទាំង​ល្អិតល្អន់​ទៀត​ផង។ តើ​អ្នក​អាច​បដិសេធ​ថា​មិន​បាន​កើត​ឡើង​ឬ? បើ​ដូច្នោះ​មែន នោះ​អាច​នាំ​ឲ្យ​អ្នក​សង្ស័យ​ទៅ​លើ​អព្ភូតហេតុ​ទាំង​អស់​ដែល​បាន​កត់​ទុក​ក្នុង​ព្រះ​គម្ពីរ រួម​បញ្ចូល​ទាំង​ដំណើរ​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូ​គ្រីស្ទ​អង្គ​ទ្រង់​ផ្ទាល់។ ព្រះ​គម្ពីរ​សរសេរ​ថា​៖ «បើ​ព្រះ​គ្រីស្ទ​មិន​បាន​រស់​ឡើង​វិញ​មែន នោះ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ក៏​ជា​ការ​ឥត​អំពើ»។ (កូរិនថូសទី១ ១៥:១៧) ដំណើរ​រស់​ឡើង​វិញ​គឺ​ជា​សេចក្ដី​បង្រៀន​បឋម​មួយ​ដ៏​សំខាន់​ពី​បទ​គម្ពីរ។ (ហេព្រើរ ៦:១, ២) ក៏​ប៉ុន្តែ តើ​«ដំណើរ​រស់​ឡើង​វិញ»​មាន​ន័យ​យ៉ាង​ណា?

តើ​«ដំណើរ​រស់​ឡើង​វិញ»​មាន​ន័យ​យ៉ាង​ណា?

បទ​គម្ពីរ​ភាសា​ក្រិច​មាន ឃ្លា​«ដំណើរ​រស់​ឡើង​វិញ»​ជាង​៤០​ដង។ ឃ្លា​នេះ​បកប្រែ​ពី​ពាក្យ​ភាសា​ក្រិច​មួយ ដែល​មាន​ន័យ​ចំៗ​ថា​«ការ​ងើប​ឈរ​ឡើង​វិញ»។ ពាក្យ​ភាសា​ហេព្រើរ​មាន​ន័យ​ថា​«ការ​រស់​ឡើង​វិញ»។ ក៏​ប៉ុន្តែ ក្រោយ​ពី​មនុស្ស​ស្លាប់​ទៅ តើ​អ្វី​ដែល​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ? រូប​កាយ​មិន​អាច​រស់​ឡើង​វិញ​ទេ ដោយ​ហេតុ​ថា​រូប​កាយ​នោះ​ត្រូវ​ពុក​រលួយ​បន្ដិច​ម្ដងៗ​និង​ត្រឡប់​ទៅ​ជា​ធូលីដី​វិញ។ អ្វី​ដែល​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​គឺ​ជា​បុគ្គល​ដែល​បាន​ស្លាប់ មិន​មែន​រូប​កាយ​របស់​គាត់​ទេ។ ដូច្នេះ ដំណើរ​រស់​ឡើង​វិញ​គឺ​ជា​ការ​បង្កើត​នូវ​បុគ្គលិកលក្ខណៈ ការ​នឹក​ចាំ​ពី​ជីវិត និង​លក្ខណៈ​សម្បត្ដិ​ទាំង​ប៉ុន្មាន​របស់​អ្នក​ដែល​បាន​ស្លាប់។

ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​មាន​ការ​ចង​ចាំ​ដ៏​គ្រប់​ល័ក្ខណ៍ ទ្រង់​គ្មាន​បញ្ហា​ក្នុង​ការ​ចង​ចាំ​អំពី​លក្ខណៈ​របស់​អស់​អ្នក​ដែល​បាន​ស្លាប់​ឡើយ។ (អេសាយ ៤០:២៦) ដោយ​ហេតុ​ថា​ទ្រង់​ជា​ប្រភព​នៃ​ជីវិត ព្រះ​យេហូវ៉ា​អាច​ប្រោស​មនុស្ស​ដដែល​ឲ្យ​រស់​ឡើង​វិញ​បាន​យ៉ាង​ងាយ ដោយ​មាន​រូប​កាយ​ថ្មី​ដែល​មាន​ភិនភាគ​ដូច​ពេល​គាត់​នៅ​រស់។ (ទំនុកដំកើង ៣៦:៩) បន្ថែម​ទៀត ព្រះ​គម្ពីរ​រៀប​រាប់​អំពី​ព្រះ​យេហូវ៉ា​ថា​ទ្រង់​មាន​«បំណង​ព្រះ​ហឫទ័យ» ឬ​មាន​ព្រះទ័យ​ចង់​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​យ៉ាង​ខ្លាំង។ (យ៉ូប ១៤:១៤, ១៥) គួរ​ឲ្យ​រីករាយ​យ៉ាង​ណា​ទៅ​ហ្ន៎! ដែល​ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​អាច​ប្រោស​មនុស្ស​ឲ្យ​រស់​ឡើង​វិញ​បាន​ប៉ុណ្ណោះ តែ​ទ្រង់​មាន​ព្រះទ័យ​ចង់​ធ្វើ​ដូច្នេះ​ដែរ!

ព្រះ​យេស៊ូ​គ្រីស្ទ​ក៏​មាន​តួ​នាទី​សំខាន់​ណាស់​ដែរ ក្នុង​ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ បន្ទាប់​ពី​កិច្ច​បម្រើ​អស់​រយៈ​ជាង​មួយ​ឆ្នាំ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ «ដ្បិត​ដែល​ព្រះ​វរបិតា​ទ្រង់​ប្រោស​មនុស្ស​ស្លាប់ ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ​យ៉ាង​ណា នោះ​ព្រះ​រាជបុត្រា​នឹង​ប្រោស​ដល់​អ្នក​ណា ដែល​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ក៏​យ៉ាង​ដូច្នោះ​ដែរ»។ (យ៉ូហាន ៥:២១) បទពិសោធន៍​របស់​ឡាសារ​បង្ហាញ​ថា​ព្រះ​យេស៊ូ​មាន​អំណាច ព្រម​ទាំង​មាន​បំណង​ហឫទ័យ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ មែន​ទេ?

ចុះ​យ៉ាង​ណា​ទៅ​វិញ គំនិត​ដែល​ថា​មាន​អ្វី​មួយ​នៅ​ក្នុង​ខ្លួន​បន្ត​រស់​ក្រោយ​ពេល​យើង​ស្លាប់? តាម​ការ​ពិត សេចក្ដី​បង្រៀន​អំពី​ដំណើរ​រស់​ឡើង​វិញ និង​គំនិត​នៃ​ព្រលឹង​ឬ​វិញ្ញាណ​អមតៈ​មិន​ស៊ី​គ្នា​ទាល់តែ​សោះ។ បើ​អ្វី​មួយ​ក្នុង​ខ្លួន​យើង​បន្ត​រស់​បាន តើ​ដំណើរ​រស់​ឡើង​វិញ​មាន​ប្រយោជន៍​អ្វី? នាង​ម៉ាថា​ដែល​ជា​បងប្អូន​របស់​ឡាសារ មិន​ជឿ​ថា​ពេល​ឡាសារ​ស្លាប់​គាត់​បន្ត​រស់​នៅ​ភព​មួយ​ផ្សេង​ឡើយ។ នាង​មាន​ជំនឿ​លើ​ដំណើរ​រស់​ឡើង​វិញ។ ពេល​ព្រះ​យេស៊ូ​បញ្ជាក់​ប្រាប់​នាង​ថា​៖ «ប្អូន​នាង​នឹង​រស់​ឡើង​វិញ» ម៉ាថា​ទូល​ទ្រង់​ថា​៖ «ខ្ញុំ​ដឹង​ថា នៅ​ថ្ងៃ​ចុង​បំផុត កាល​ណា​មនុស្ស​ត្រូវ​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​នឹង​រស់​ឡើង​ដែរ»។ (យ៉ូហាន ១១:២៣, ២៤) ពេល​ដែល​ឡាសារ​បាន​រស់​ឡើង​វិញ គាត់​មិន​បាន​ប្រាប់​អ្វី​បន្ដិច​សោះ អំពី​ជីវិត​ក្រោយ​ពេល​ស្លាប់។ គាត់​ស្លាប់​ហើយ។ ព្រះ​គម្ពីរ​សរសេរ​ថា​៖ «មនុស្ស​ស្លាប់​ឥត​ដឹង​អ្វី​ឡើយ . . . ដ្បិត​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ [ជា​និមិត្តរូប​នៃ​ស្ថានភាព​មនុស្ស​ស្លាប់] ជា​កន្លែង​ដែល​ឯង​ត្រូវ​នៅ នោះ​គ្មាន​ការ​ធ្វើ គ្មាន​ការ​គិតគូរ គ្មាន​ដំរិះ ឬ​ប្រាជ្ញា​ឡើយ»។—សាស្ដា ៩:៥, ១០

ដូច្នេះ យោង​ទៅ​តាម​ព្រះ​គម្ពីរ វិធី​តែ​មួយ​គត់​ដើម្បី​បំបាត់​ចោល​សេចក្ដី​ស្លាប់​គឺ​ដំណើរ​រស់​ឡើង​វិញ។ ប៉ុន្តែ ក្នុង​ចំណោម​មនុស្ស​ច្រើន​ឥត​គណនា​ដែល​បាន​ស្លាប់ តើ​នរណា​ខ្លះ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ? និង​នៅ​ទីណា?

តើ​នរណា​ខ្លះ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ?

ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ «មាន​ពេល​វេលា​មក ដែល​អស់​ទាំង​ខ្មោច​នៅ​ក្នុង​ផ្នូរ នឹង​ឮ​សំឡេង​ទ្រង់[ព្រះ​យេស៊ូ] ហើយ​នឹង​ចេញ​មក»។ (យ៉ូហាន ៥:២៨, ២៩) ស្រប​តាម​សេចក្ដី​សន្យា​នេះ អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ការ​ចង​ចាំ​របស់​ព្រះ​គឺ​ប្រៀប​ដូច​ជា​នៅ​ក្នុង​ផ្នូរ​ដែល​រំឭក​យើង​ពី​អ្នក​ស្លាប់។ អ្នក​ទាំង​នោះ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ដូច្នេះ សំណួរ​ដែល​យើង​ត្រូវ​ពិចារណា​គឺ ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​ស្លាប់ តើ​នរណា​ខ្លះ​ស្ថិត​នៅ​ក្នុង​ការ​ចង​ចាំ​របស់​ព្រះ ហើយ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​អនាគត?

សៀវភៅ​ហេព្រើរ​ជំពូក​ទី១១ រៀប​រាប់​តាម​ឈ្មោះ​នៃ​បុរស​និង​ស្ត្រី​ដែល​បាន​បម្រើ​ព្រះ​យ៉ាង​ស្មោះ​គ្រប់​ល័ក្ខណ៍។ ពួក​គាត់​ក៏​ដូច​ជា​ពួក​អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​ព្រះ​ដែល​បាន​ស្លាប់​នៅ​ឆ្មាំ​ថ្មីៗ​នេះ​ដែរ។ ពួក​គាត់​នឹង​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ចុះ​យ៉ាង​ណា​វិញ ចំពោះ​អ្នក​ដែល​មិន​បាន​ធ្វើ​តាម​ខ្នាត​តម្រា​សុចរិត​របស់​ព្រះ ប្រហែល​ដោយសារ​មិន​ធ្លាប់​រៀន​ខ្នាត​តម្រា​ទាំង​នោះ? តើ​ពួក​គេ​ស្ថិត​នៅ​ក្នុង​ការ​ចង​ចាំ​របស់​ព្រះ​ដែរ​ឬ​ទេ? មនុស្ស​ជា​ច្រើន​បែប​នោះ​ស្ថិត​ក្នុង​ការ​ចង​ចាំ​របស់​ព្រះ​មែន ព្រោះ​ព្រះ​គម្ពីរ​សន្យា​ថា​៖ «ទាំង​មនុស្ស​សុចរិត នឹង​មនុស្ស​ទុច្ចរិត នឹង​បាន​រស់​ឡើង​វិញ​ទាំង​អស់​គ្នា»។—កិច្ចការ ២៤:១៥

យ៉ាង​ណា​ក៏​ដោយ មិន​មែន​គ្រប់​គ្នា​ដែល​ធ្លាប់​រស់​នៅ នឹង​ទទួល​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទាំង​អស់​ឡើយ។ ព្រះ​គម្ពីរ​សរសេរ​ថា​៖ «ដ្បិត​ក្រោយ​ដែល​យើង​បាន​ទទួល​ស្គាល់​សេចក្ដី​ពិត​ហើយ បើ​យើង​ធ្វើ​បាប​ស្ម័គ្រ​ពី​ចិត្ត​ទៀត​នោះ​គ្មាន​យញ្ញបូជា​ណា សំ​រាប់​នឹង​លោះ​បាប​ទៀត​ទេ មាន​តែ​រង់ចាំ​ដោយ​ស្ញែង​ខ្លាច​ចំពោះ​សេចក្ដី​ជំនុំជំរះ»។ (ហេព្រើរ ១០:២៦, ២៧) អ្នក​ខ្លះ​បាន​ប្រព្រឹត្ត​អំពើ​បាប​ដោយ​មិន​មាន​ការ​អត់​ឱន​ទោស។ ពួក​គេ​មិន​ទៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទេ​(ជា​និមិត្តរូប​នៃ​ស្ថានភាព​មនុស្ស​ស្លាប់) តែ​ពួក​គេ​ទៅ​ហ្គេហេណា(ដែល​ព្រះ​គម្ពីរ​ភាសា​ខ្មែរ​បកប្រែ​ថា​«នរក»)។ ហ្គេហេណា​ជា​និមិត្តរូប​នៃ​ការ​បំផ្លាញ​ចោល​ជា​រៀង​រហូត។ (ម៉ាថាយ ២៣:៣៣) ក៏​ប៉ុន្តែ យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ដោយ​មិន​វិនិច្ឆ័យ​ថា​មនុស្ស​ខ្លះ​នឹង​បាន​ឬ​មិន​បាន​រស់​ឡើង​វិញ​ឡើយ។ សេចក្ដី​វិនិច្ឆ័យ​នេះ​គឺ​ស្រេច​លើ​ព្រះ​យេហូវ៉ា។ ទ្រង់​ជ្រាប​ថា​អ្នក​ណា​ត្រូវ​ទៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ឬ​អ្នក​ណា​ត្រូវ​ទៅ​ហ្គេហេណា។ ចំពោះ​យើង​វិញ យក​ល្អ​យើង​ត្រូវ​រស់​នៅ​ឲ្យ​ស្រប​តាម​ព្រះ​ហឫទ័យ​ព្រះ។

តើ​នរណា​ខ្លះ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ឲ្យ​មាន​ជីវិត នៅ​ស្ថានសួគ៌?

ដំណើរ​រស់​ឡើង​វិញ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​បំផុត គឺ​ដំណើរ​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូ​គ្រីស្ទ។ ទ្រង់​«ត្រូវ​គេ​ធ្វើ​គុត​ខាង​សាច់​ឈាម តែ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ជា​វិញ្ញាណ» (ពេត្រុសទី១ ៣:១៨, ..) គ្មាន​មនុស្ស​ណា​ម្នាក់​ធ្លាប់​ពិសោធន៍​ដំណើរ​រស់​ឡើង​វិញ​បែប​នេះ​ទេ​ពី​មុន​មក។ ព្រះ​យេស៊ូ​អង្គ​ទ្រង់​មាន​បន្ទូល​ថា​៖ «គ្មាន​អ្នក​ណា​បាន​ឡើង​ទៅ​ស្ថានសួគ៌​ឡើយ មាន​តែ​ព្រះ​អង្គ ដែល​យាង​ចុះ​ពី​ស្ថានសួគ៌​មក​ប៉ុណ្ណោះ គឺ​ជា​កូន​មនុស្ស​ដែល​នៅ​ស្ថានសួគ៌​នោះ​ឯង»។ (យ៉ូហាន ៣:១៣) ពាក្យ​«កូន​មនុស្ស»​សំដៅ​លើ​ព្រះ​យេស៊ូ​គ្រីស្ទ។ ត្រូវ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មុន​គេ​បង្អស់ ជា​បុគ្គល​វិញ្ញាណ។ (កិច្ចការ ២៦:២៣) បន្ទាប់​ពី​ទ្រង់​ត្រូវ​មាន​បុគ្គល​ឯ​ទៀត។ បទ​គម្ពីរ​សរសេរ​ថា​៖ «តែ​គ្រប់​គ្នា​តាម​លំដាប់​រៀង​ខ្លួន គឺ​ព្រះ​គ្រីស្ទ​ជា​ផល​ដំបូង រួច​ពួក​អ្នក​ដែល​ជា​របស់​ផង​ព្រះ​គ្រីស្ទ ក្នុង​កាល​ដែល​ទ្រង់​យាង​មក»។—កូរិនថូសទី១ ១៥:២៣

មនុស្ស​មួយ​ក្រុម​តូច​គឺ​«ពួក​អ្នក​ដែល​ជា​របស់​ផង​ព្រះ​គ្រីស្ទ» នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថានសួគ៌​ដើម្បី​គោល​បំណង​ពិសេស​មួយ។ (រ៉ូម ៦:៥) ពួក​គេ​នឹង​«សោយ​រាជ្យ​លើ​ផែនដី»​ជា​មួយ​ព្រះ​គ្រីស្ទ។ (វិវរណៈ ៥:៩, ១០) បន្ថែម​ទៅ​ទៀត ពួក​គេ​នឹង​បម្រើ​ជា​សង្ឃ​ក្នុង​ន័យ​ថា​ពួក​គេ​នឹង​រួម​ចំណែក​ក្នុង​ការ​លុប​បំបាត់​ឥទ្ធិពល​នៃ​អំពើ​បាប​ដែល​មនុស្ស​ជាតិ​បាន​ទទួល​ជា​មត៌ក​ពី​បុរស​ទី​មួយ​គឺ​អ័ដាម។ (រ៉ូម ៥:១២) ពួក​អ្នក​សោយ​រាជ្យ​ជា​មួយ​ព្រះ​គ្រីស្ទ​ដែល​ជា​ស្តេច​និង​សង្ឃ​មាន​ចំនួន​១៤៤​.​០០០​នាក់។ (វិវរណៈ ១៤:១, ៣) តើ​ពួក​គេ​មាន​រូប​កាយ​បែប​ណា​ពេល​ពួក​គេ​រស់​ឡើង​វិញ? ព្រះ​គម្ពីរ​សរសេរ​ថា​៖ «រូប​កាយ​ខាង​វិញ្ញាណ»។ នោះ​គឺ​ជា​រូប​កាយ​ដែល​អាច​រស់​នៅ​ស្ថានសួគ៌​បាន។—កូរិនថូសទី១ ១៥:៣៥, ៣៨, ៤២​-​៤៥

តើ​មនុស្ស​មួយ​ក្រុម​តូច​ត្រូវ​ប្រោស​ឲ្យ​មាន​ជីវិត​រស់​ឡើង​នៅ​ស្ថានសួគ៌​នៅ​ពេល​ណា? កូរិនថូសទី១ ១៥:២៣​បញ្ជាក់​ថា​៖ «ក្នុង​កាល​ដែល​[ព្រះ​គ្រីស្ទ]​យាង​មក»។ ព្រឹត្ដិការណ៍​ពិភពលោក​ចាប់​តាំង​ពី​ឆ្នាំ​១៩១៤ បញ្ជាក់​យ៉ាង​ច្បាស់​ថា​ការ​យាង​មក​របស់​ព្រះ​គ្រីស្ទ​និង​«បំផុត​កល្ប​[ឬ​«អវសាន​កាល​នៃ​ពិភពលោក»]»​បាន​ចាប់​ផ្ដើម​ព្រម​គ្នា​នៅ​ឆ្នាំ​នោះ​ឯង។ (ម៉ាថាយ ២៤:៣​-​៧; ខ.ស.) ដូច្នេះ នេះ​ជា​មូលហេតុ​ឲ្យ​យើង​សន្និដ្ឋាន​បាន​ថា​ដំណើរ​រស់​ឡើង​វិញ​របស់​គ្រីស្ទាន​ស្មោះ​ត្រង់​បាន​ចាប់​ផ្ដើម​រួច​ហើយ ទោះ​ជា​មនុស្ស​ជាតិ​មិន​អាច​មើល​ឃើញ​ក៏​ពិត​មែន។ នោះ​នឹង​មាន​ន័យ​ថា ពួក​សាវ័ក​និង​ពួក​គ្រីស្ទាន​ជំនាន់​ដើម​បាន​ត្រូវ​ប្រោស​ឲ្យ​មាន​ជីវិត​នៅ​ស្ថានសួគ៌​រួច​ហើយ។ ចុះ​យ៉ាង​ណា​ទៅ​វិញ ចំពោះ​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ដែល​មាន​សេចក្ដី​សង្ឃឹម​ដ៏​ពិត​ថា​នឹង​ទៅ​សោយ​រាជ្យ​ជា​មួយ​ព្រះ​គ្រីស្ទ ពេល​ដែល​ពួក​គាត់​ស្លាប់​នៅ​សម័យ​យើង​នេះ? ទាំង​អស់​គ្នា​ត្រូវ​បាន​ប្រោស​«ក្នុង​១​ប៉ប្រិច​ភ្នែក» នេះ​មាន​ន័យ​ថា​បាន​ផ្លាស់​ប្រែ​ទៅ​ក្នុង​មួយ​រំពេច​បន្ទាប់​ពី​ស្លាប់។ (កូរិនថូសទី១ ១៥:៥២) ដោយ​ហេតុ​ថា ដំណើរ​រស់​ឡើង​វិញ​នៃ​ក្រុម​តូច​ដែល​មាន​ចំនួន​១៤៤​.​០០០​នាក់​កើត​ឡើង​មុន ដំណើរ​រស់​ឡើង​វិញ​នៃ​មនុស្ស​មួយ​ហ្វូង​ធំ​ដែល​ត្រូវ​ប្រោស​ឲ្យ​មាន​ជីវិត​នៅ​ផែនដី​នោះ បាន​ត្រូវ​ហៅ​ថា​«សេចក្ដី​រស់​ពី​ស្លាប់​ឡើង​វិញ​[«ខណ​ទី១»]» ឬ​ដំណើរ​«រស់​ឡើង​វិញ​ជាន់​មុន​ដំបូង»។—ភីលីព ៣:១១; ព.ថ.; វិវរណៈ ២០:៦

តើ​នរណា​ខ្លះ​នឹង​ត្រូវ​ប្រោស​ឲ្យ​មាន​ជីវិត​នៅ​ផែនដី?

ស្រប​ទៅ​តាម​បទ​គម្ពីរ អ្នក​ដែល​បាន​ស្លាប់​មួយ​ចំនួន​យ៉ាង​ធំ​ត្រូវ​ប្រោស​ឲ្យ​មាន​ជីវិត​នៅ​ផែនដី។ (ទំនុកដំកើង ៣៧:២៩; ម៉ាថាយ ៦:១០) សាវ័ក​យ៉ូហាន​បាន​សរសេរ​អំពី​អ្វី​ដែល​ព្រះ​បើក​សម្ដែង​ឲ្យ​ឃើញ ស្តី​អំពី​ដំណើរ​រស់​ឡើង​វិញ​ថា​៖ «ឯ​សមុទ្រ នោះ​បាន​ប្រគល់​ពួក​មនុស្ស​ស្លាប់ ដែល​នៅ​ក្នុង​ទឹក​មក​វិញ ហើយ​សេចក្ដី​ស្លាប់ នឹង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​ប្រគល់​ពួក​មនុស្ស​ស្លាប់ ដែល​នៅ​ឯ​ណោះ​មក​វិញ​ដែរ រួច​គេ​ត្រូវ​ជំនុំជំរះ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​រៀង​ខ្លួន ចំណែក​សេចក្ដី​ស្លាប់ នឹង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នោះ​ត្រូវ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង​ដែរ នេះ​ជា​សេចក្ដី​ស្លាប់​ទី២»។ (វិវរណៈ ២០:១១​-​១៤) អស់​អ្នក​ដែល​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ដែល​ជា​និមិត្តរូប​នៃ​ស្ថានភាព​មនុស្ស​ស្លាប់ ពួក​គេ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ចង​ចាំ​របស់​ព្រះ។ ពួក​គេ​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទាំង​អស់​គ្នា។ (ទំនុកដំកើង ១៦:១០; កិច្ចការ ២:៣១) រួច​ហើយ​ម្នាក់ៗ នឹង​ត្រូវ​ជំនុំជំរះ​តាម​ការ​ប្រព្រឹត្ត​និង​ចរិយា​របស់​ខ្លួន បន្ទាប់​ពី​ខ្លួន​គេ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ដូច្នេះ តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​សេចក្ដី​ស្លាប់​និង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់? ទាំង​សេចក្ដី​ស្លាប់​ទាំង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ត្រូវ​បោះ​ទៅ​ក្នុង​«បឹង​ភ្លើង»។ នេះ​មាន​ន័យ​ថា​សេចក្ដី​ស្លាប់​ដែល​មនុស្ស​ជាតិ​បាប​ឆ្លង​ពី​អ័ដាម​នឹង​លែង​មាន​អានុភាព​លើ​ពួក​គេ​ទៀត​ហើយ។

សូម​គិត​អំពី​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​នោះ! ដែល​មាន​នៅ​ចំពោះ​មុខ​អស់​អ្នក​ដែល​បងប្អូន​ជា​ទី​ស្រឡាញ់​បាន​ស្លាប់។ ស្ត្រី​មេម៉ាយ​នៅ​ស្រុក​ណា​អ៊ី​ន​មាន​អំណរ​ប៉ុណ្ណា​ទៅ! នៅ​ពេល​ដែល​ព្រះ​យេស៊ូ​បាន​ប្រោស​ឲ្យ​កូន​ប្រុស​តែ​មួយ​គត់​របស់​គាត់​ឲ្យ​រស់​ឡើង​វិញ។ (លូកា ៧:១១​-​១៧) ស្តី​ពី​អារម្មណ៍​របស់​ឪពុក​ម្ដាយ​នៃ​ក្មេង​ស្រី​អាយុ​១២​ឆ្នាំ ដែល​ព្រះ​យេស៊ូ​បាន​ប្រោស​ឲ្យ​នាងរស់​ឡើង​វិញ​នោះ ព្រះ​គម្ពីរ​សរសេរ​ថា​៖ «ឯ​មនុស្ស​រាល់​គ្នា គេ​មាន​សេចក្ដី​អស្ចារ្យ​ជា​ខ្លាំង​ក្រៃលែង»។ (ម៉ាកុស ៥:២១​-​២៤, ៣៥​-​៤២; លូកា ៨:៤០​-​៤២, ៤៩​-​៥៦) ក្នុង​ពិភពលោក​ថ្មី​ដែល​ព្រះ​បាន​សន្យា យើង​នឹង​មាន​អំណរ​ជា​ខ្លាំង ដើម្បី​ទទួល​ស្វាគមន៍​ដល់​បងប្អូន​ជា​ទី​ស្រឡាញ់​របស់​យើង​ដែល​បាន​រស់​ឡើង​វិញ។

ការ​ដឹង​សេចក្ដី​ពិត​អំពី​ដំណើរ​រស់​ឡើង​វិញ តើ​មាន​ឥទ្ធិពល​អ្វី​លើ​យើង​ឥឡូវ​នេះ? សព្វ​វចនាធិប្បាយ​មួយ​សរសេរ​ថា​៖ «មនុស្ស​ភាគ​ច្រើន​ខ្លាច​សេចក្ដី​ស្លាប់ និង​ខំ​ជៀស​មិន​គិត​អំពី​សេចក្ដី​ស្លាប់»។ (The World Book Encyclopedia) ហេតុ​អ្វី? ដោយ​ហេតុ​ថា សម្រាប់​មនុស្ស​ភាគ​ច្រើន សេចក្ដី​ស្លាប់​គឺ​ជា​អាថ៌កំបាំង​មួយ​ដែល​គួរ​ឲ្យ​ខ្លាច។ ការ​យល់​សេចក្ដី​ពិត​អំពី​ស្ថានភាព​មនុស្ស​ស្លាប់​និង​ការ​មាន​សេចក្ដី​សង្ឃឹម​លើ​ដំណើរ​រស់​ឡើង​វិញ អាច​ផ្ដល់​ឲ្យ​យើង​នូវ​ចិត្ត​ក្លាហាន បើ​យើង​ត្រូវ​ប្រឈម​មុខ​នឹង​«ខ្មាំង​សត្រូវ​ក្រោយ​បង្អស់ . . . គឺ​ជា​សេចក្ដី​ស្លាប់»។ (កូរិនថូសទី១ ១៥:២៦) ចំណេះ​នេះ​ក៏​ជួយ​ឲ្យ​យើង​ស៊ូ​ទ្រាំ​ការ​ឈឺ​ចាប់​នៅ​ពេល​ដែល​យើង​មាន​បងប្អូន​ញាតិ​មិត្ត​ជិត​ស្និទ្ធ​បាន​ស្លាប់។

តើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​មាន​ជីវិត​នៅ​លើ​ផែនដី​នឹង​ចាប់​ផ្ដើម​នៅ​ពេល​ណា? ផែនដី​សព្វ​ថ្ងៃ​នេះ​ពោរពេញ​ទៅ​ដោយ​អំពើ​ឃោរឃៅ ការ​ហែកហួរ​គ្នា ការ​បង្ហូរ​ឈាម និង​ការ​ធ្វើ​ឲ្យ​កខ្វក់​បរិស្ថាន។ បើ​អ្នក​ស្លាប់​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​លើ​ផែនដី​ក្នុង​ស្ថានភាព​បែប​នេះ នោះ​សុភមង្គល​កម្រិត​ណា​ក៏​ដោយ​គឺ​គ្រាន់​តែ​ជា​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ។ យ៉ាង​ណា​ក៏​ដោយ ព្រះ​ជា​អ្នក​បង្កើត ទ្រង់​បាន​សន្យា​ថា​នឹង​បំផ្លាញ​លោកិយ​ដែល​សាតាំង​ជា​មេ​ដឹក​នាំ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ (សុភាសិត ២:២១, ២២; ដានីយ៉ែល ២:៤៤; យ៉ូហានទី១ ៥:១៩) គោល​បំណង​របស់​ព្រះ​សម្រាប់​ផែនដី​ជិត​សម្រេច​ណាស់​ហើយ។ បន្ទាប់​មក​នឹង​មាន​សន្ដិភាព​ដ៏​បរិបូរ​នៅ​ក្នុង​ពិភពលោក​ថ្មី​របស់​ព្រះ មនុស្ស​រាប់​លាន​នាក់​ដែល​ឥឡូវ​នេះ​កំពុង​តែ​ដេក​លក់​ក្នុង​សេចក្ដី​ស្លាប់​នឹង​ត្រូវ​ភ្ញាក់​ឡើង​វិញ។

[រូបភាព​នៅ​ទំព័រ​៧]

មនុស្ស​ស្លាប់​ភាគ​ច្រើន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​ឲ្យ​មាន​ជីវិត​នៅ​លើ​ផែនដី