លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ព្រះយេហូវ៉ាបង្វឹកបង្វឺនពួកអ្នកគង្វាលដើម្បីឃ្វាលហ្វូងចៀមទ្រង់

ព្រះយេហូវ៉ាបង្វឹកបង្វឺនពួកអ្នកគង្វាលដើម្បីឃ្វាលហ្វូងចៀមទ្រង់

ព្រះ​យេហូវ៉ា​បង្វឹក​បង្វឺន​ពួក​អ្នក​គង្វាល​ដើម្បី​ឃ្វាល​ហ្វូង​ចៀម​ទ្រង់

​«ព្រះ​យេហូវ៉ា​ទ្រង់​ប្រទាន​ឲ្យ​មាន​ប្រាជ្ញា ឯ​ដំរិះ[ឬ​«ចំណេះវិជ្ជា»​, ខ.ស.]នឹង​យោបល់[ឬ​«សមត្ថភាព​វែកញែក»​, ព.ថ.] នោះ​ចេញ​ពី​ព្រះ​ឱស្ឋ​របស់​ទ្រង់​មក»។—សុភាសិត ២:៦

១, ២​. តើ​អ្វី​ជំរុញ​ពួក​ប្រុសៗ​ដែល​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​ខំ​ទទួល​ភារកិច្ច​បន្ថែម​ក្នុង​ក្រុមជំនុំ?

បង​ប្រុស​ឈ្មោះ​និក ដែល​បាន​បម្រើ​ជា​អ្នក​ចាស់​ទុំ​អស់​៧​ឆ្នាំ​ហើយ មាន​ប្រសាសន៍​ថា​៖ «ខ្ញុំ​មាន​ចិត្ត​រីករាយ​ណាស់ ពេល​បាន​ទទួល​មុខ​តំណែង​ជា​អ្នក​ចាស់​ទុំ។ ខ្ញុំ​ចាត់​ទុក​ឯកសិទ្ធិ​នេះ​ជា​ឱកាស​បម្រើ​ព្រះ​យេហូវ៉ា​កាន់​តែ​ច្រើន។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ជំពាក់​គុណ​ទ្រង់​ណាស់ ដោយ​ព្រោះ​អ្វីៗ​ទាំង​អស់​ដែល​ទ្រង់​បាន​ធ្វើ​ដើម្បី​ខ្ញុំ។ ខ្ញុំ​ក៏​មាន​បំណង​ចង់​ជួយ​បងប្អូន​ក្នុង​ក្រុមជំនុំ​ឲ្យ​បាន​ច្រើន​បំផុត គឺ​ចង់​ជួយ​ពួក​គាត់​ដូច​ជា​ពួក​អ្នក​ចាស់​ទុំ​ទាំង​ឡាយ​បាន​ជួយ​ខ្ញុំ​ដែរ»។ ទោះ​ជា​បង​ប្រុស​និក​មាន​អំណរ​ក្ដី គាត់​ក៏​មាន​កង្វល់​ខ្លះ​ដែរ។ គាត់​ប្រាប់​ជា​បន្ត​ថា​៖ «ពេល​ខ្ញុំ​បាន​ទទួល​មុខ​តំណែង​ជា​អ្នក​ចាស់​ទុំ អាយុ​ខ្ញុំ​មិន​ទាន់​បាន​៣០​ឆ្នាំ​ទេ ដូច្នេះ​ខ្ញុំ​ខ្វល់ខ្វាយ​ថា​ប្រហែល​ជា​ខ្ញុំ​ខ្វះ​បំនិន​ដូច​ជា​ប្រាជ្ញា​និង​សមត្ថភាព​វែកញែក​ដែល​ជា​ចាំបាច់​ដើម្បី​ឃ្វាល​ក្រុមជំនុំ​ដោយ​ប្រសិទ្ធភាព»។

ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​តែងតាំង​ឲ្យ​មើល​ថែរក្សា​ហ្វូង​ចៀម​របស់​ទ្រង់​មាន​មូលហេតុ​ជា​ច្រើន​ឲ្យ​មាន​អំណរអរ។ សាវ័ក​ប៉ុល​បាន​រំលឹក​ពួក​អ្នក​ចាស់​ទុំ​ពី​ទី​ក្រុង​អេភេសូរ​អំពី​មូលហេតុ​មួយ​ដែល​ពួក​គាត់​គួរ​តែ​អរ​សប្បាយ​ក្នុង​កិច្ចការ​នោះ គឺ​ដោយសារ​ការ​«ឲ្យ នោះ​បាន​ពរ​ជាជាង​ទទួល»។ (កិច្ចការ ២០:៣៥) ចំពោះ​ពួក​ប្រុសៗ​ដែល​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ហើយ ការ​បម្រើ​ជា​អ្នក​ងារ​ជំនួយ​ឬ​ជា​អ្នក​ចាស់​ទុំ​ហុច​ឱកាស​បន្ថែម​ដើម្បី​ឲ្យ​ដល់​ព្រះ​យេហូវ៉ា​និង​បងប្អូន​ក្នុង​ក្រុមជំនុំ។ ជា​ឧទាហរណ៍ ពួក​អ្នក​ងារ​ជំនួយ​ធ្វើ​ការ​ជា​មួយ​នឹង​ពួក​អ្នក​ចាស់​ទុំ។ ពួក​អ្នក​ងារ​ជំនួយ​ក៏​ធ្វើ​ការ​ច្រើន​ដែល​ជា​ចាំបាច់​ណាស់​ក្នុង​ក្រុមជំនុំ ហើយ​កិច្ចការ​នោះ​ក៏​តម្រូវ​ឲ្យ​ចំណាយ​ពេល​ច្រើន​ដែរ។ សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​និង​អ្នក​ជិត​ខាង​ជា​អ្វី​ដែល​ជំរុញ​ឲ្យ​បងប្អូន​ប្រុសៗ​ទាំង​នេះ​ធ្វើ​ការ​ដ៏​សំខាន់​នោះ។—ម៉ាកុស ១២:៣០, ៣១

៣​. ហេតុ​អ្វី​ក៏​បងប្អូន​ប្រុសៗ​ខ្លះ​មិន​ចង់​ទទួល​ភារកិច្ច​ក្នុង​ក្រុមជំនុំ?

ចុះ​យ៉ាង​ណា​ចំពោះ​បុរស​គ្រីស្ទាន​ដែល​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​តែ​មាន​អារម្មណ៍​ថា​ខ្លួន​ខ្វះ​សមត្ថភាព ដូច្នេះ​មិន​ចង់​ទទួល​ភារកិច្ច​ជា​អ្នក​ងារ​ជំនួយ​ឬ​នៅ​ទីបំផុត​ជា​អ្នក​ចាស់​ទុំ​ដែរ? ប្រហែល​ជា​គាត់​ខ្វល់ខ្វាយ​ដូច​បង​ប្រុស​និក​ដែរ ថា​ខ្លួន​គ្មាន​បំនិន​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ជា​អ្នក​គង្វាល​ដែល​មាន​ប្រសិទ្ធភាព។ តើ​អ្នក​ជា​បុរស​ដែល​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ហើយ​មាន​អារម្មណ៍​ដូច​នេះ​ឬ​ទេ? ពួក​អ្នក​គង្វាល​ដែល​ព្រះ​យេហូវ៉ា​តែងតាំង​នោះ មាន​ហេតុ​ខ្វល់ខ្វាយ​បន្ដិច​មែន ដ្បិត​ពួក​គាត់​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ទ្រង់​ស្តី​អំពី​របៀប​ដែល​ពួក​គាត់​ប្រព្រឹត្ត​លើ​ហ្វូង​ចៀម។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ «អស់​អ្នក​ណា​ដែល​គេ​ប្រគល់​ទុក​ជា​ច្រើន​ឲ្យ នោះ​គេ​នឹង​ទារ​ជា​ច្រើន​ពី​អ្នក​នោះ​វិញ។ គេ​នឹង​សូម​លើស​ទៅ​ទៀត​ពី​អ្នក​ណា​ដែល​គេ​បាន​ផ្ញើ​ទុក​ជា​ច្រើន​ផង»។—លូកា ១២:៤៨

៤​. តើ​ព្រះ​យេហូវ៉ា​ជួយ​អស់​អ្នក​ដែល​ទ្រង់​តែងតាំង​ឲ្យ​មើល​ថែរក្សា​ហ្វូង​ចៀម​ទ្រង់​ដោយ​របៀប​ណា?

ចំពោះ​អស់​អ្នក​ដែល​ព្រះ​យេហូវ៉ា​តែងតាំង​ជា​អ្នក​ងារ​ជំនួយ​និង​អ្នក​ចាស់​ទុំ​នោះ តើ​ទ្រង់​តម្រូវ​ឲ្យ​ពួក​គាត់​បំពេញ​ភារកិច្ច​បន្ថែម​ដោយ​គ្មាន​ជំនួយ​ទេ​ឬ​អ្វី? អត់​ទេ! ផ្ទុយ​ទៅ​វិញ ព្រះ​យេហូវ៉ា​ផ្ដល់​ជំនួយ​ដែល​មិន​គ្រាន់​តែ​ជួយ​ពួក​អ្នក​បម្រើ​នោះ​ឲ្យ​ស៊ូទ្រាំ​ប៉ុណ្ណោះ​ទេ តែ​ជួយ​គាត់​ឲ្យ​លូត​លាស់​ទៀត​ផង​ដែរ។ ដូច​បាន​ពិគ្រោះ​ក្នុង​អត្ថបទ​មុន​នេះ ព្រះ​យេហូវ៉ា​ប្រទាន​វិញ្ញាណ​បរិសុទ្ធ​ដល់​ពួក​អ្នក​បម្រើ​ក្នុង​ក្រុមជំនុំ ហើយ​ផលផ្លែ​នៃ​វិញ្ញាណ​ទ្រង់​ជួយ​ពួក​គាត់​ឲ្យ​ថែទាំ​ហ្វូង​ចៀម​របស់​ទ្រង់​ដោយ​សេចក្ដី​ស្រឡាញ់។ (កិច្ចការ ២០:២៨; កាឡាទី ៥:២២, ២៣) បន្ថែម​ទៅ​ទៀត ព្រះ​យេហូវ៉ា​ក៏​ប្រទាន​ឲ្យ​ពួក​អ្នក​បម្រើ​មាន​ប្រាជ្ញា ចំណេះ​និង​សមត្ថភាព​វែកញែក។ (សុភាសិត ២:៦) តើ​ព្រះ​យេហូវ៉ា​ប្រទាន​ជំនួយ​នេះ​ដោយ​របៀប​ណា? សូម​យើង​ពិភាក្សា​អំពី​វិធី​បី​យ៉ាង​ដែល​ព្រះ​យេហូវ៉ា​បង្វឹក​បង្វឺន​បុគ្គល​ដែល​ទ្រង់​តែងតាំង​ឲ្យ​មើល​ថែរក្សា​ហ្វូង​ចៀម​របស់​ទ្រង់។

ត្រូវ​បង្វឹក​បង្វឺន​ដោយ​ពួក​អ្នក​គង្វាល ដែល​មាន​បទពិសោធន៍​ច្រើន

៥​. ហេតុ​អ្វី​ក៏​ពេត្រុស​និង​យ៉ូហាន​ជា​អ្នក​គង្វាល​ដែល​មាន​ប្រសិទ្ធភាព?

ពេល​សាវ័ក​ពេត្រុស​និង​យ៉ូហាន​បាន​ឈរ​មុខ​ក្រុមជំនុំ​ដែល​ជា​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​នៃ​សាសន៍​យូដា ពួក​ចៅក្រម​ដែល​ជា​អ្នកប្រាជ្ញ​ក្នុង​តុលាការ​នោះ​បាន​ចាត់​ទុក​សាវ័ក​ទាំង​ពីរ​នាក់​នោះ​ជា​«មនុស្ស​មិន​សូវ​ចេះ​ជ្រៅជ្រះ»។ ពេត្រុស​និង​យ៉ូហាន​ជា​មនុស្ស​ដែល​ចេះ​អក្សរ​ពិត​មែន តែ​ពួក​គាត់​មិន​ធ្លាប់​ទទួល​ការ​បង្រៀន​ពី​គ្រូ​ឧត្តម​ខាង​សាសនា​យូដា​ទេ។ យ៉ាង​ណា​ក៏​ដោយ ពេត្រុស​និង​យ៉ូហាន​ព្រម​ទាំង​សិស្ស​ឯ​ទៀត​របស់​ព្រះ​យេស៊ូ ជា​អ្នក​បង្រៀន​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ជំរុញ​អ្នក​ស្ដាប់​ជា​ច្រើន​ឲ្យ​ក្លាយ​ជា​អ្នក​ជឿ។ តើ​មនុស្ស​សាមញ្ញ​ធម្មតា​ទាំង​នេះ​បាន​ក្លាយ​ជា​អ្នក​ពូកែ​បង្រៀន​ដោយ​របៀប​ណា? ពេល​ស្ដាប់​ពេត្រុស​និង​យ៉ូហាន តុលាការ​នោះ​«យល់​ឃើញ​ថា គេ​ធ្លាប់​នៅ​ជា​មួយ​នឹង​ព្រះ​យេស៊ូ​វ»។ (កិច្ចការ ៤:១​-​៤, ១៣) ទោះ​ជា​ពេត្រុស​និង​យ៉ូហាន​បាន​ទទួល​វិញ្ញាណ​បរិសុទ្ធ​ក៏​ដោយ ពួក​ចៅក្រម​ដែល​មិន​យល់​អ្វីៗ​ខាង​វិញ្ញាណ​ក៏​បាន​ទទួល​ស្គាល់​យ៉ាង​ច្បាស់​ថា ព្រះ​យេស៊ូ​បាន​បង្វឹក​បង្វឺន​បុរស​ទាំង​នោះ​ដែរ។ (កិច្ចការ ១:៨) ពេល​ព្រះ​យេស៊ូ​គង់​នៅ​លើ​ផែនដី​ជា​មួយ​ពួក​សាវ័ក ទ្រង់​មិន​គ្រាន់​តែ​បង្រៀន​ពួក​គាត់​ឲ្យ​ចេះ​ប្រមូល​ពួក​អ្នក​ដែល​មាន​លក្ខណៈ​ដូច​ជា​ចៀម​ប៉ុណ្ណោះ​ទេ តែ​ទ្រង់​ក៏​បង្រៀន​ពួក​គាត់​ឲ្យ​ចេះ​ឃ្វាល​មនុស្ស​ទាំង​នោះ​ដែរ ពេល​ដែល​ពួក​គេ​រួម​ចំណែក​ក្នុង​ហ្វូង​ចៀម។—ម៉ាថាយ ១១:២៩; ២០:២៤​-​២៨; ពេត្រុសទី១ ៥:៤

៦​. តើ​ព្រះ​យេស៊ូ​និង​ប៉ុល​តាំង​គំរូ​អ្វី​ក្នុង​ការ​បង្វឹក​បង្វឺន​អ្នក​ដទៃ?

ពេល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​នោះ ព្រះ​យេស៊ូ​បន្ត​បង្វឹក​បង្វឺន​ពួក​អ្នក​ដែល​ទ្រង់​តែងតាំង​ជា​អ្នក​គង្វាល។ (វិវរណៈ ១:១; ២:១​–​​៣:២២) ជាក់​ស្តែង​ព្រះ​យេស៊ូ​បាន​ជ្រើសរើស​ប៉ុល​ឲ្យ​ធ្វើ​ជា​សាវ័ក​ម្នាក់ ហើយ​បាន​រៀបចំ​ឲ្យ​គាត់​ទទួល​ការ​ហ្វឹកហ្វឺន​ផង។ (កិច្ចការ ២២:​៦​-​១០) ប៉ុល​ពេញ​ចិត្ត​នឹង​ការ​បង្វឹក​បង្វឺន​នោះ ហើយ​គាត់​ក៏​បង្រៀន​ពួក​អ្នក​ចាស់​ទុំ​ឯ​ទៀត​តៗ​គ្នា​តាម​អ្វី​ដែល​គាត់​បាន​រៀន។ (កិច្ចការ ២០:​១៧​-​៣៥) ជា​ឧទាហរណ៍ ប៉ុល​បាន​ចំណាយ​ពេល​និង​កម្លាំង​ច្រើន​ក្នុង​ការ​បង្វឹក​បង្វឺន​ប្អូន​ធីម៉ូថេ​ឲ្យ​ធ្វើ​«ជា​អ្នក​ធ្វើ​ការ»​ក្នុង​កិច្ច​បម្រើ​ព្រះ ដោយ​គ្មាន​ហេតុ​«ត្រូវ​ខ្មាស​ឡើយ»។ (ធីម៉ូថេទី២ ២:១៥) ប៉ុល​បាន​សរសេរ​អំពី​ធីម៉ូថេ​ថា​៖ «គាត់​បាន​បំរើ​នៅ​ជា​មួយ​នឹង​ខ្ញុំ​ក្នុង​ដំណឹង​ល្អ ដូច​ជា​កូន​បំរើ​ឪពុក»។ (ភីលីព ២:២២) ទោះ​ជា​ប៉ុល​និង​ធីម៉ូថេ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​នឹង​គ្នា​ក្ដី ប៉ុល​មិន​មាន​បំណង​ឲ្យ​ធីម៉ូថេ​ឬ​មនុស្ស​ផ្សេង​ទៀត​ក្លាយ​ជា​សិស្ស​របស់​គាត់​ឡើយ។ ផ្ទុយ​ទៅ​វិញ ប៉ុល​បាន​លើក​ទឹក​ចិត្ត​អ្នក​ជឿ​គ្នីគ្នា​ឲ្យ‹ត្រាប់​តាម​គាត់ ដូច​ជា​គាត់​បាន​ត្រាប់​តាម​ព្រះ​គ្រីស្ទ​ដែរ›។—កូរិនថូសទី១ ១១:១

៧, ៨​. (ក) សូម​រៀប​រាប់​បទពិសោធន៍​មួយ​ដែល​បង្ហាញ​ពី​លទ្ធផល​ល្អ​ពេល​ពួក​អ្នក​ចាស់​ទុំ​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេស៊ូ​និង​ប៉ុល។ (ខ) តើ​ពួក​អ្នក​ចាស់​ទុំ​គួរ​តែ​ចាប់​ផ្ដើម​បង្វឹក​បង្វឺន​បងប្អូន​ប្រុសៗ​ឲ្យ​ធ្វើ​ជា​អ្នក​ងារ​ជំនួយ​ឬ​អ្នក​ចាស់​ទុំ​នៅ​ពេល​ណា?

នៅ​សព្វ​ថ្ងៃ​នេះ ពួក​អ្នក​គង្វាល​ដែល​មាន​បទពិសោធន៍​ក៏​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេស៊ូ​និង​សាវ័ក​ប៉ុល​ដោយ​ខំ​បង្វឹក​បង្វឺន​បងប្អូន​ប្រុសៗ​ដែល​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ហើយ។ នេះ​ក៏​នាំ​ឲ្យ​មាន​ផល​ល្អ​ដូច​នៅ​សម័យ​ព្រះ​យេស៊ូ​និង​ប៉ុល​ដែរ។ សូម​គិត​អំពី​បទពិសោធន៍​របស់​បង​ប្រុស​ម្នាក់​ឈ្មោះ​ឆាឌ ដែល​ទើប​តែ​បាន​ទទួល​មុខ​តំណែង​ជា​អ្នក​ចាស់​ទុំ។ បង​ឆាឌ​បាន​ធំ​ឡើង​ក្នុង​រង្វង់​គ្រួសារ​ដែល​មិន​មាន​ជំនឿ​ដូច​គ្នា​ទេ។ គាត់​មាន​ប្រសាសន៍​ថា​៖ «ប៉ុន្មាន​ឆ្នាំ​ហើយ អ្នក​ចាស់​ទុំ​ខ្លះៗ​ដែល​មាន​បទពិសោធន៍​បាន​ជួយ​ខ្ញុំ​រីក​ចម្រើន​ខាង​វិញ្ញាណ។ ឪពុក​ខ្ញុំ​មិន​ជឿ​លើ​ព្រះ​យេហូវ៉ា​ទេ ដូច្នេះ​ពួក​អ្នក​ចាស់​ទុំ​ទាំង​ប៉ុន្មាន​នោះ​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្ញុំ ហើយ​បាន​ក្លាយ​ជា​ឪពុក​ខាង​វិញ្ញាណ​ដល់​ខ្ញុំ។ ពួក​គាត់​បាន​ឆ្លៀត​ពេល​បង្វឹក​បង្វឺន​ខ្ញុំ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ផង ហើយ​ក្រោយ​មក​អ្នក​ចាស់​ទុំ​ម្នាក់​បាន​ជួយ​បង្វឹក​បង្វឺន​ខ្ញុំ​ឲ្យ​ចេះ​បំពេញ​ភារកិច្ច​ផ្សេងៗ​ក្នុង​ក្រុមជំនុំ»។

បទពិសោធន៍​របស់​បង​ឆាឌ​បង្ហាញ​ថា ពួក​អ្នក​គង្វាល​ដែល​ចេះ​គិត​ពិចារណា​នោះ គួរ​ចាប់​ផ្ដើម​បង្វឹក​បង្វឺន​បងប្អូន​ប្រុសៗ​យូរ​ឆ្នាំ​មុន​គាត់​មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​ទទួល​ឯកសិទ្ធិ​ជា​អ្នក​ងារ​ជំនួយ​ឬ​អ្នក​ចាស់​ទុំ។ ហេតុ​អ្វី​ក៏​គួរ​បង្វឹក​បង្វឺន​ពួក​គេ​មុន​នឹង​ប្រគល់​ឯកសិទ្ធិ? ពីព្រោះ​ព្រះ​គម្ពីរ​បង្គាប់​ថា ពួក​ប្រុសៗ​ត្រូវ​តែ​ប្រកប​ដោយ​សីលធម៌​ហើយ​បំពេញ​តាម​តម្រូវ​ការ​ខាង​វិញ្ញាណ​មុន​គាត់​អាច​ទទួល​មុខ​តំណែង​ជា​អ្នក​ងារ​ជំនួយ​ឬ​អ្នក​ចាស់​ទុំ។ ព្រះ​គម្ពីរ​បង្គាប់​ឲ្យ‹ល្បងល​អ្នក​ទាំង​នោះ​ជា​មុន​ដំបូង› ទើប​គាត់​អាច​ទទួល​ភារកិច្ច​បាន។—ធីម៉ូថេទី១ ៣:១​-​១០

៩​. តើ​ពួក​អ្នក​គង្វាល​ដែល​មាន​បទពិសោធន៍​ច្រើន មាន​ភារកិច្ច​អ្វី? ហេតុ​អ្វី​បាន​ជា​ពួក​គាត់​មាន​ភារកិច្ច​ធ្វើ​ដូច្នេះ?

ត្រូវ​មែន បើ​ចង់​ល្បងល​លក្ខណៈ​របស់​បងប្អូន​ប្រុសៗ នោះ​គួរ​គប្បី​ឲ្យ​បង្វឹក​បង្វឺន​គាត់​ជា​មុន​សិន។ ឧបមា​ថា បើ​គ្រូ​ឲ្យ​សិស្ស​ប្រឡង​ពិបាក​មួយ តែ​មិន​បង្រៀន​គេ​ទុក​ជា​មុន​នោះ តើ​សិស្ស​មាន​លទ្ធភាព​ប្រឡង​ជាប់​ទេ? គេ​ច្បាស់​ជា​ធ្លាក់​ហើយ! នេះ​បង្ហាញ​ថា ការ​បង្ហាត់​បង្រៀន​ជា​ចាំបាច់​ណាស់។ ប៉ុន្តែ គ្រូ​បង្រៀន​មិន​គ្រាន់​តែ​បង្រៀន​សិស្ស​ដើម្បី​ប្រឡង​ជាប់​ប៉ុណ្ណោះ​ទេ តែ​បង្រៀន​កូន​សិស្ស​ឲ្យ​ចេះ​ប្រើ​ចំណេះ​បន្តបន្ទាប់​ទៀត​ដែរ។ ស្រដៀង​គ្នា​ដែរ ពួក​អ្នក​ចាស់​ទុំ​ខំ​បង្វឹក​បង្វឺន​បងប្អូន​ប្រុសៗ​ដែល​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​មាន​គុណសម្បត្ដិ​គ្រប់គ្រាន់​ដើម្បី​បំពេញ​លក្ខណៈ​ឲ្យ​ទទួល​មុខ​តំណែង​ក្នុង​ក្រុមជំនុំ។ ពួក​អ្នក​ចាស់​ទុំ​មិន​គ្រាន់​តែ​បង្វឹក​បង្វឺន​បងប្អូន​ប្រុសៗ​ដើម្បី​ទទួល​មុខ​តំណែង​ប៉ុណ្ណោះ​ទេ តែ​មាន​បំណង​ជួយ​ពួក​គេ​បំពេញ​ភារកិច្ច​ជា​អ្នក​ថែទាំ​ហ្វូង​ចៀម​ត​ទៅ​ទៀត​ផង។ (ធីម៉ូថេទី២ ២:២) រីឯ​បងប្អូន​ប្រុសៗ​ដែល​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​នោះ ពួក​គេ​ក៏​ត្រូវ​ខំ​ព្យាយាម​ខ្លួន​ឯង​ដែរ ដើម្បី​មាន​លក្ខណៈ​គ្រប់គ្រាន់​ឲ្យ​ធ្វើ​ជា​អ្នក​ងារ​ជំនួយ​ឬ​អ្នក​ចាស់​ទុំ។ (ទីតុស ១:៥​-​៩) យ៉ាង​ណា​ក្ដី ពួក​អ្នក​គង្វាល​ដែល​មាន​បទពិសោធន៍​ច្រើន អាច​ជួយ​បងប្អូន​ប្រុសៗ​ដែល​ខំ​ទទួល​ភារកិច្ច​បន្ថែម​ឲ្យ​រីក​ចម្រើន​កាន់​តែ​ឆាប់ ដោយ​បង្វឹក​បង្វឺន​ពួក​គេ​ស្ម័គ្រ​អស់​ពី​ចិត្ត។

១០, ១១​. តើ​ពួក​អ្នក​គង្វាល​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បង្វឹក​បង្វឺន​បងប្អូន​ប្រុសៗ​ឲ្យ​ចេះ​ទទួល​ភារកិច្ច​ផ្សេងៗ​ក្នុង​ក្រុមជំនុំ?

១០ តើ​ពួក​អ្នក​គង្វាល​ដែល​មាន​បទពិសោធន៍​ច្រើន​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បង្វឹក​បង្វឺន​បងប្អូន​ប្រុសៗ​ឲ្យ​ចេះ​ទទួល​ភារកិច្ច​ផ្សេងៗ​ក្នុង​ក្រុមជំនុំ? មុន​ដំបូង ពួក​អ្នក​ចាស់​ទុំ​ត្រូវ​បង្ហាញ​ចំណាប់អារម្មណ៍​ចំពោះ​បងប្អូន​ក្នុង​ក្រុមជំនុំ​ដោយ​ផ្សព្វផ្សាយ​ជា​មួយ​ពួក​គេ​ជា​រឿយៗ ទាំង​ជួយ​ពួក​គេ​មាន​សមត្ថភាព​«កាត់​ស្រាយ​ព្រះ​បន្ទូល​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹម​ត្រូវ»​ហើយ​កាន់​តែ​ប្រសើរ​ថែម​ទៀត។ (ធីម៉ូថេទី២ ២:១៥) ពួក​អ្នក​គង្វាល​ដែល​មាន​បទពិសោធន៍​ច្រើន​ក៏​ពិភាក្សា​ជា​មួយ​បងប្អូន​ប្រុសៗ​ទាំង​នោះ​អំពី​អំណរ​ដែល​មក​ពី​ការ​បម្រើ​អ្នក​ដទៃ និង​ការ​ស្កប់​ចិត្ត​ដែល​គាត់​មាន​ពេល​កំណត់​និង​បំពេញ​គោល​ដៅ​ខាង​វិញ្ញាណ។ ពួក​អ្នក​ចាស់​ទុំ​ក៏​ជូន​យោបល់​ជាក់លាក់​អំពី​របៀប​បងប្អូន​ប្រុសៗ​អាច​«ធ្វើ​ជា​គំរូ»​កាន់​តែ​ល្អ​«ដល់​ហ្វូង​ចៀម»។—ពេត្រុសទី១ ៥:៣, ៥

១១ ពេល​បង​ឬ​ប្អូន​ប្រុស​ណា​មួយ​ទទួល​មុខ​តំណែង​ជា​អ្នក​ងារ​ជំនួយ យក​ល្អ​ឲ្យ​ពួក​អ្នក​គង្វាល​បង្វឹក​បង្វឺន​ពួក​គេ​ត​ទៅ​ទៀត។ បង​ប្រុស​ម្នាក់​ឈ្មោះ​ប៊្រូស ដែល​បាន​បម្រើ​ជា​អ្នក​ចាស់​ទុំ​អស់​ច្រើន​ទសវត្សរ៍​ហើយ គាត់​មាន​ប្រសាសន៍​ថា​៖ «ខ្ញុំ​ចូល​ចិត្ត​អង្គុយ​ជា​មួយ​ប្អូន​ប្រុសៗ​ដែល​ទើប​តែ​បាន​ទទួល​មុខ​តំណែង​ជា​អ្នក​ងារ​ជំនួយ ហើយ​ពិនិត្យ​មើល​ជា​មួយ​ពួក​គេ​នូវ​ការ​ណែនាំ​ដែល​អ្នក​បម្រើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ​បាន​បោះ​ពុម្ព​ក្នុង​សៀវភៅ​ផ្សេងៗ។ យើង​ក៏​អាន​ពាក្យ​ណែនាំ​ណា​ដែល​ទាក់ទង​នឹង​កិច្ចការ​ដែល​ប្អូន​ប្រុស​នេះ​ត្រូវ​ធ្វើ​ក្នុង​ក្រុមជំនុំ រួច​មក​ខ្ញុំ​ពេញ​ចិត្ត​ធ្វើ​ការ​ជា​មួយ​ប្អូន​ទាល់តែ​គេ​ចេះ​ធ្វើ​កិច្ចការ​នោះ​ដោយ​ខ្លួន​ឯង»។ ពេល​អ្នក​ងារ​ជំនួយ​មាន​បទពិសោធន៍​ច្រើន​បន្ដិច ពួក​អ្នក​ចាស់​ទុំ​ក៏​អាច​ចាប់​ផ្ដើម​បង្វឹក​បង្វឺន​ពួក​គេ​អំពី​របៀប​ឃ្វាល​ហ្វូង​ចៀម​ដោយ​ជួប​ជា​មួយ​បងប្អូន​ម្នាក់ៗ។ បង​ប្រុស​ប៊្រូស មាន​ប្រសាសន៍​ទៀត​ថា​៖ «ពេល​អញ្ជើញ​អ្នក​ងារ​ជំនួយ​ឲ្យ​មក​ឃ្វាល​ពួក​ចៀម​ជា​មួយ​ខ្ញុំ​ដោយ​ជួប​បងប្អូន ខ្ញុំ​ក៏​ជួយ​គេ​ជ្រើសរើស​បទ​គម្ពីរ​ដែល​អាច​លើក​ទឹក​ចិត្ត​និង​ជំរុញ​ចិត្ត​បងប្អូន​ឬ​ក្រុម​គ្រួសារ​ដែល​យើង​ទៅ​ជួប​នោះ។ ពួក​អ្នក​ងារ​ជំនួយ​ត្រូវ​រៀន​ឲ្យ​ចេះ​ប្រើ​ខ​គម្ពីរ​ដើម្បី​ឲ្យ​មាន​អានុភាព​លើ​ចិត្ត​បងប្អូន ទើប​គេ​អាច​ក្លាយ​ជា​អ្នក​គង្វាល​ដែល​មាន​ប្រសិទ្ធភាព»។—ហេព្រើរ ៤:១២; ៥:១៤

១២​. តើ​ពួក​អ្នក​គង្វាល​ដែល​មាន​បទពិសោធន៍​ច្រើន​អាច​ជួយ​បង្វឹក​បង្វឺន​អ្នក​ចាស់​ទុំ​ដែល​ទើប​តែ​បាន​ទទួល​មុខ​តំណែង​នោះ​ដោយ​របៀប​ណា?

១២ ពេល​បុរស​ទទួល​មុខ​តំណែង​ជា​អ្នក​គង្វាល គួរ​គប្បី​ឲ្យ​គាត់​ទទួល​ការ​បង្វឹក​បង្វឺន​ថែម​ទៀត​ដែរ។ នៅ​ដើម​អត្ថបទ​នេះ​យើង​បាន​អាន​អំពី​បង​ប្រុស​ឈ្មោះ​និក ដែល​មាន​ប្រសាសន៍​ទៀត​ថា​៖ «ខ្ញុំ​បាន​ទទួល​ការ​បង្វឹក​បង្វឺន​ដែល​ជួយ​ខ្ញុំ​ច្រើន​ណាស់ ជា​ពិសេស​ពី​អ្នក​ចាស់​ទុំ​ពីរ​នាក់។ តាម​ធម្មតា បង​ប្រុស​ទាំង​ពីរ​នាក់​នោះ​ដឹង​អំពី​វិធី​ធ្វើ​អ្វីៗ​ដោយ​ប្រសិទ្ធភាព។ ពួក​គាត់​តែង​តែ​ស្ដាប់​ខ្ញុំ​ដោយ​អត់ធ្មត់ ទាំង​គិត​ពិចារណា​អំពី​ទស្សនៈ​របស់​ខ្ញុំ សូម្បី​តែ​ពេល​ដែល​គាត់​មិន​ឯកភាព​ក៏​ដោយ។ ខ្ញុំ​បាន​រៀន​ច្រើន​ណាស់​ដោយ​មើល​ពួក​គាត់​មាន​ទំនាក់ទំនង​ជា​មួយ​នឹង​បងប្អូន​ក្នុង​ក្រុមជំនុំ​ដោយ​បង្ហាញ​ចិត្ត​រាប​ទាប​ទាំង​លើក​កិត្ដិយស​ពួក​គេ​ផង។ អ្នក​ចាស់​ទុំ​ពីរ​នាក់​នោះ​បាន​បញ្ជាក់​យ៉ាង​ខ្លាំង​ថា យើង​ត្រូវ​តែ​ចេះ​ប្រើ​ព្រះ​គម្ពីរ​យ៉ាង​ប៉ិនប្រសប់​ពេល​លើក​ទឹក​ចិត្ត​បងប្អូន​ឬ​ពេល​ជួយ​ដោះស្រាយ​បញ្ហា​ផ្សេងៗ»។

ត្រូវ​បង្វឹក​បង្វឺន​ដោយ​ព្រះ​បន្ទូល​របស់​ព្រះ

១៣​. (ក) តើ​បងប្អូន​ប្រុសៗ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ឲ្យ​មាន​សមត្ថភាព​ធ្វើ​ជា​អ្នក​គង្វាល​ដែល​មាន​ប្រសិទ្ធភាព? (ខ) ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖​«សេចក្ដី​ដែល​ខ្ញុំ​បង្រៀន​នេះ មិន​មែន​ជា​របស់​ខ្ញុំ​ទេ»?

១៣ ប្រាកដ​ហើយ ព្រះ​គម្ពីរ​ដែល​ជា​ព្រះ​បន្ទូល​របស់​ព្រះ​មាន​ច្បាប់ គោលការណ៍​និង​ឧទាហរណ៍​ផ្សេងៗ​ដែល​ពួក​អ្នក​គង្វាល​ត្រូវ​ការ​ដើម្បី​ឲ្យ​មាន​លក្ខណៈ​«គ្រប់​លក្ខណ៍ ហើយ​មាន​គ្រប់​ទាំង​ចំណេះ​សំរាប់​នឹង​ធ្វើ​ការ​ល្អ​គ្រប់​មុខ»។ (ធីម៉ូថេទី២ ៣:១៦, ១៧) សមត្ថភាព​ធ្វើ​ជា​អ្នក​គង្វាល​មិន​អាស្រ័យ​លើ​ការ​រៀន​សូត្រ​ខ្ពង់​ខ្ពស់​ក្នុង​លោកិយ​នេះ​ទេ តែ​ទាក់ទង​នឹង​ចំណេះ​អំពី​ព្រះ​គម្ពីរ​និង​របៀប​ប្រើ​បទ​គម្ពីរ​ទាំង​នោះ​វិញ។ សូម​គិត​អំពី​គំរូ​របស់​ព្រះ​យេស៊ូ។ ទ្រង់​ជា​អ្នក​គង្វាល​ខាង​វិញ្ញាណ​នៅ​លើ​ផែនដី​នេះ​ដែល​មាន​ប្រាជ្ញា​និង​ចំណេះ​ខ្ពង់​ខ្ពស់​បំផុត ហើយ​ក៏​ចេះ​វិនិច្ឆ័យ​យល់​កាលៈទេសៈ​ច្បាស់​ជាង​គេ។ យ៉ាង​ណា​ក៏​ដោយ ពេល​បង្រៀន​ពួក​ចៀម​របស់​ព្រះ​យេហូវ៉ា នោះ​ព្រះ​យេស៊ូ​មិន​ពឹងផ្អែក​លើ​ប្រាជ្ញា​របស់​អង្គ​ទ្រង់​ផ្ទាល់​ឡើយ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ «សេចក្ដី​ដែល​ខ្ញុំ​បង្រៀន​នេះ មិន​មែន​ជា​របស់​ខ្ញុំ​ទេ គឺ​ជា​របស់​ផង​ព្រះ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​នោះ​វិញ»។ ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូ​លើក​កិត្ដិយស​ថ្វាយ​ព្រះ​វរបិតា​ទ្រង់​នៅ​ស្ថានសួគ៌? ព្រះ​យេស៊ូ​ពន្យល់​ថា​៖ «អ្នក​ណា​ដែល​និយាយ​ដោយ​អាង​ខ្លួន​ឯង នោះ​ចង់​តែ​លើក​ដំកើង​ដល់​ខ្លួន​ទេ»។—យ៉ូហាន ៧:១៦, ១៨

១៤​. តើ​ពួក​អ្នក​គង្វាល​មិន​លើក​តម្កើង​ខ្លួន​ឯង​ដោយ​ធ្វើ​អ្វី?

១៤ ពួក​អ្នក​គង្វាល​ស្មោះ​ត្រង់​មិន​ប្រាថ្នា​លើក​តម្កើង​ខ្លួន​ឯង​ទេ។ ពួក​គាត់​ជូន​យោបល់​ហើយ​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ដោយ​ផ្អែក​លើ​ព្រះ​បន្ទូល​របស់​ព្រះ មិន​មែន​ប្រាជ្ញា​របស់​ខ្លួន​ឡើយ។ ពួក​អ្នក​ចាស់​ទុំ​ទទួល​ស្គាល់​ថា​អ្នក​គង្វាល​មាន​ភារកិច្ច​ជួយ​ពួក​ចៀម​ឲ្យ​មាន​«គំនិត​ជា​របស់​ផង​ព្រះ​គ្រីស្ទ» មិន​មែន​គំនិត​របស់​អ្នក​ចាស់​ទុំ​ទេ។ (កូរិនថូសទី១ ២:១៤​-​១៦) ជា​ឧទាហរណ៍ ចុះ​យ៉ាង​ណា​បើ​អ្នក​ចាស់​ទុំ​ម្នាក់​ចង់​ជួយ​ស្វាមី​ភរិយា​មួយ​គូ​ដែល​មាន​បញ្ហា​ក្នុង​ជី​វិ​ត​អាពាហ៍ពិពាហ៍​របស់​ពួក​គេ ហើយ​គាត់​ជូន​យោបល់​ដែល​មាន​មូលដ្ឋាន​លើ​បទពិសោធន៍​របស់​ខ្លួន​ប៉ុណ្ណោះ ជាជាង​ផ្អែក​លើ​គោលការណ៍​ព្រះ​គម្ពីរ​និង​ព័ត៌​មាន​ក្នុង​សៀវភៅ​ផ្សេងៗ​ពី‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›រៀបចំ​នោះ? (ម៉ាថាយ ២៤:៤៥) ប្រហែល​ជា​យោបល់​របស់​អ្នក​ចាស់​ទុំ​នោះ​ចង្អៀត​ចង្អល់​ដោយ​ព្រោះ​គាត់​មិន​សូវ​មាន​ចំណេះ​ច្រើន ឬ​ច្រើន​តែ​ទាក់ទង​នឹង​ទំនៀម​ទម្លាប់​ដែល​មាន​នៅ​តំបន់​នោះ។ តាម​ធម្មតា ទំនៀម​ទម្លាប់​មិន​មែន​អាក្រក់​ទេ ហើយ​អ្នក​ចាស់​ទុំ​ប្រហែល​ជា​មាន​បទពិសោធន៍​ច្រើន​ដែរ ប៉ុន្តែ ពួក​ចៀម​នឹង​ទទួល​ប្រយោជន៍​ច្រើន​បំផុត​ពេល​ដែល​អ្នក​គង្វាល​លើក​ទឹក​ចិត្ត​បងប្អូន​ឲ្យ​ស្ដាប់​តាម​សំឡេង​របស់​ព្រះ​យេស៊ូ​និង​ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា ជាជាង​ស្ដាប់​តាម​ទស្សនៈ​របស់​មនុស្ស​ឬ​ទំនៀម​ទម្លាប់​ណា​មួយ។—ទំនុកដំកើង ១២:៦; សុភាសិត ៣:៥, ៦

ត្រូវ​បង្វឹក​បង្វឺន ដោយ‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›

១៥​. តើ​ព្រះ​យេស៊ូ​បង្គាប់​ឲ្យ‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›ធ្វើ​ការ​អ្វី? ហេតុ​អ្វី​ក៏​ក្រុម​អ្នក​បម្រើ​អាច​សម្រេច​ការ​នោះ​ដោយ​ជោគជ័យ?

១៥ ពួក​អ្នក​គង្វាល​ដូច​ជា​សាវ័ក​ពេត្រុស យ៉ូហាន​និង​ប៉ុល​បាន​រួម​ចំណែក​ក្នុង​ចំណោម​មនុស្ស​មួយ​ក្រុម​ដែល​ព្រះ​យេស៊ូ​ហៅ​ថា ‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›។ ពួក​អ្នក​ចាក់​ប្រេង​តាំង​ដែល​រស់​នៅ​លើ​ផែនដី​សព្វ​ថ្ងៃ​នេះ ប្រៀប​ដូច​ជា​ប្អូនៗ​របស់​ព្រះ​យេស៊ូ​ហើយ​មាន​សេចក្ដី​សង្ឃឹម​សោយ​រាជ្យ​ជា​មួយ​ព្រះ​គ្រីស្ទ​នៅ​ស្ថានសួគ៌។ ពួក​គាត់​កំពុង​តែ​រួម​គ្នា​ជា​ក្រុម​អ្នក​បម្រើ​ស្មោះ​ត្រង់​នោះ។ (វិវរណៈ ៥:៩, ១០) ក្នុង​កំលុង​គ្រា​ចុង​ក្រោយ​បង្អស់​នៃ​របប​លោកិយ​នេះ មិន​ជា​ការ​ចម្លែក​ទេ ដែល​ប្អូនៗ​របស់​ព្រះ​គ្រីស្ទ​នៅ​លើ​ផែនដី​មាន​ចំនួន​កាន់​តែ​តិច​ទៅៗ​នោះ។ យ៉ាង​ណា​ក៏​ដោយ កិច្ចការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ដែល​ព្រះ​យេស៊ូ​បង្គាប់​ឲ្យ​ពួក​គាត់​ធ្វើ​មុន​ទីបញ្ចប់​នៃ​របប​លោកិយ​នេះ បាន​រីក​ចម្រើន​ទៀត ហើយ​ក្រុម​អ្នក​បម្រើ​នៅ​តែ​សម្រេច​ការ​នោះ​ដោយ​ជោគជ័យ! ហេតុ​អ្វី? មូលហេតុ​មួយ​គឺ​ដោយ​ព្រោះ​ពួក​គាត់​បាន​បង្វឹក​បង្វឺន​បងប្អូន​ពី​ចំណោម​ពួក​«ចៀម​ឯ​ទៀត»​ឲ្យ​ជួយ​ធ្វើ​ការ​ផ្សព្វផ្សាយ​និង​ការ​បង្រៀន​ដែរ។ (យ៉ូហាន ១០:១៦; ម៉ាថាយ ២៤:១៤; ២៥:៤០) នៅ​សព្វ​ថ្ងៃ​នេះ កិច្ចការ​ផ្សព្វផ្សាយ​ភាគ​ច្រើន​បាន​ត្រូវ​ធ្វើ​ដោយ​ក្រុម​ពួក​ចៀម​ឯ​ទៀត​ដ៏​ស្មោះ​ត្រង់។

១៦​. តើ​ក្រុម​អ្នក​បម្រើ​កំពុង​តែ​បង្វឹក​បង្វឺន​បុរស​តែងតាំង​ដោយ​របៀប​ណា​ខ្លះ?

១៦ តើ​ក្រុម​អ្នក​បម្រើ​បង្វឹក​បង្វឺន​ពួក​ចៀម​ឯ​ទៀត​ដោយ​របៀប​ណា? នៅ​សតវត្សរ៍​ទី​មួយ ក្រុម​អ្នក​បម្រើ​បាន​ជ្រើសរើស​អ្នក​តំណាង​ខ្លះ​ដើម្បី​បង្វឹក​បង្វឺន​និង​តែងតាំង​បុរស​ខ្លះ​ឲ្យ​ធ្វើ​ជា​អ្នក​ត្រួត​ពិនិត្យ​ក្រុមជំនុំ​នានា ហើយ​អ្នក​ត្រួត​ពិនិត្យ​ទាំង​នោះ​ក៏​បាន​បង្វឹក​បង្វឺន​ពួក​ចៀម​តៗ​គ្នា​ដែរ។ (កូរិនថូសទី១ ៤:១៧) នៅ​សព្វ​ថ្ងៃ​នេះ​ក៏​ដូច​គ្នា​ដែរ។ ពួក​អ្នក​ចាស់​ទុំ​ដែល​ជា​អ្នក​ចាក់​ប្រេង​តាំង​មួយ​ក្រុម​តូច​កំពុង​តែ​រួម​គ្នា​ជា​គណៈ​អភិបាល​ដែល​តំណាង​ក្រុម​អ្នក​បម្រើ​ទាំង​មូល។ គណៈ​អភិបាល​នេះ​ប្រគល់​ដល់​ពួក​អ្នក​តំណាង​នូវ​សិទ្ធិ​បង្វឹក​បង្វឺន​និង​តែងតាំង​ពួក​អ្នក​ងារ​ជំនួយ​និង​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុមជំនុំ​រាប់​ម៉ឺន​ទូទាំង​ពិភពលោក។ ម្យ៉ាង​ទៀត គណៈ​អភិបាល​ក៏​រៀបចំ​ឲ្យ​មាន​សិក្ខា​សាលា​ផ្សេងៗ​ដើម្បី​បង្វឹក​បង្វឺន​បងប្អូន​ប្រុសៗ​អំពី​របៀប​ថែទាំ​ពួក​ចៀម​យ៉ាង​ល្អ​ប្រសើរ។ សិក្ខា​សាលា​ទាំង​នេះ​រួម​បញ្ចូល​កម្មវិធី​សម្រាប់​ពួក​អ្នក​ងារ​ជំនួយ ពួក​អ្នក​ចាស់​ទុំ ពួក​អ្នក​ដែល​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ក្រុមជំនុំ​នានា​និង​សម្រាប់​បងប្អូន​ដែល​រួម​ចំណែក​ក្នុង​គណៈ​កម្មាធិការ​ការិយាល័យ​សាខា​នីមួយៗ។ គណៈ​អភិបាល​ក៏​ផ្ដល់​ការ​ណែនាំ​តាម​រយៈ​សំបុត្រ ព្រម​ទាំង​អត្ថបទ​ផ្សេងៗ​ក្នុង​ទស្សនាវដ្ដី​ប៉មយាម ហើយ​តាម​រយៈ​សៀវភៅ​ផ្សេងៗ​ដែរ ដូច​ជា​សៀវភៅ​ជា​ភាសា​អង់គ្លេស​ដែល​មាន​ចំណង​ជើង​ថា អង្គការ​ដែល​ធ្វើ​តាម​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា។ *

១៧​. (ក) តើ​ព្រះ​យេស៊ូ​បាន​ធ្វើ​អ្វី ដែល​បង្ហាញ​ថា​ទ្រង់​ទុក​ចិត្ត​លើ​ក្រុម​អ្នក​បម្រើ? (ខ) តើ​ពួក​អ្នក​គង្វាល​អាច​ធ្វើ​អ្វី​ដើម្បី​បង្ហាញ​ថា​ពួក​គាត់​ក៏​ទុក​ចិត្ត​លើ​ក្រុម​អ្នក​បម្រើ​ដែរ?

១៧ ព្រះ​យេស៊ូ​ទុក​ចិត្ត​លើ​ក្រុម​អ្នក​បម្រើ​យ៉ាង​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​ទ្រង់​បាន​តាំង​ក្រុម​នោះ‹ឲ្យ​ត្រួត​លើ​របស់​ទ្រព្យ​ទាំង​អស់›របស់​ទ្រង់ ពោល​គឺ​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី​ដែល​ទាក់ទង​នឹង​ការ​ថ្វាយ​បង្គំ​ពិត។ (ម៉ាថាយ ២៤:៤៧) ពួក​អ្នក​ដែល​ត្រូវ​បាន​តែងតាំង​ជា​អ្នក​គង្វាល​នោះ បង្ហាញ​ថា​ពួក​គាត់​ទុក​ចិត្ត​លើ​ក្រុម​អ្នក​បម្រើ​ដែរ ដោយ​ធ្វើ​តាម​ការ​ណែនាំ​ដែល​មក​ពី​គណៈ​អភិបាល។ ពិត​មែន​ហើយ ពេល​ដែល​ពួក​អ្នក​គង្វាល​បង្វឹក​បង្វឺន​បងប្អូន​ឯ​ទៀត និង​អនុញ្ញាត​ឲ្យ​ព្រះ​បន្ទូល​របស់​ព្រះ​បង្វឹក​បង្វឺន​ខ្លួន ហើយ​ធ្វើ​តាម​ការ​ហ្វឹកហ្វឺន​ដែល​មក​ពី​ក្រុម​អ្នក​បម្រើ​នោះ ពួក​គាត់​ក៏​ជួយ​ហ្វូង​ចៀម​ឲ្យ​មាន​សាមគ្គីភាព​ដែរ។ យើង​ពិត​ជា​មាន​ចិត្ត​កតញ្ញូ​ណាស់! ដែល​ព្រះ​យេហូវ៉ា​បាន​បង្វឹក​បង្វឺន​បុរស​ទាំង​ប៉ុន្មាន​ដែល​មាន​ជម្រៅ​ចិត្ត​ស្រឡាញ់​ហើយ​ថែទាំ​បងប្អូន​ទាំង​ឡាយ​ក្នុង​ក្រុមជំនុំ​គ្រីស្ទាន។

[កំណត់​សម្គាល់]

^ វគ្គ 16 បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តើ​ពួក​អ្នក​គង្វាល​ខាង​វិញ្ញាណ​ដែល​មាន​បទពិសោធន៍​ច្រើន​កំពុង​តែ​បង្វឹក​បង្វឺន​បងប្អូន​ប្រុសៗ​ឯ​ទៀត​ដោយ​របៀប​ណា?

ហេតុ​អ្វី​ក៏​ពួក​អ្នក​គង្វាល​មិន​បង្រៀន​អ្វីៗ​ដោយ​ផ្អែក​លើ​គំនិត​របស់​ខ្លួន​គាត់​ផ្ទាល់?

តើ​ពួក​អ្នក​គង្វាល​បង្ហាញ​យ៉ាង​ណា​ថា​គាត់​ទុក​ចិត្ត​លើ​ក្រុម​អ្នក​បម្រើ? ហេតុ​អ្វី​បាន​ជា​ពួក​គាត់​ទុក​ចិត្ត​លើ​ក្រុម​អ្នក​បម្រើ​ដូច្នេះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​២៥]

ពួក​អ្នក​ចាស់​ទុំ​គ្រីស្ទាន​បង្វឹក​បង្វឺន​ប្អូន​ប្រុសៗ​ក្នុង​ក្រុមជំនុំ

[រូបភាព​នៅ​ទំព័រ​២៦]

‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›បាន​រៀបចំ​កម្មវិធី​បង្វឹក​បង្វឺន​ជា​ច្រើន​សម្រាប់​ពួក​អ្នក​ចាស់​ទុំ