លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

គោលសំខាន់ៗពីសៀវភៅទំនុកដំកើង ប៉ែកទីប្រាំ

គោលសំខាន់ៗពីសៀវភៅទំនុកដំកើង ប៉ែកទីប្រាំ

ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា នោះ​រស់​នៅ

គោល​សំខាន់ៗ​ពី​សៀវភៅ​ទំនុកដំកើង ប៉ែក​ទី​ប្រាំ

ពួក​អ្នក​មាន​ប្រហែល​ជា​និយាយ​ថា​៖ «កូន​ប្រុសៗ​របស់​យើង​ខ្ញុំ​នឹង​បាន​ដូច​ជា​ដើម​ណា​ដែល​ចំរើន​ធំ​ឡើង​ពី​កាល​នៅ​ក្មេង ហើយ​កូន​ស្រីៗ​របស់​យើង​ខ្ញុំ​នឹង​បាន​ដូច​ជា​ថ្ម​សីមា​ដែល​ដាប់​ធ្វើ​តាម​របៀប​ព្រះ​រាជ​វាំង ជង្រុក​របស់​យើង​ខ្ញុំ​នឹង​បាន​ពេញ . . . ហ្វូង​ចៀម​របស់​យើង​ខ្ញុំ​នឹង​កើត​កូន​ទាំង​ពាន់​ទាំង​ម៉ឺន»។ ម្យ៉ាង​ទៀត មនុស្ស​ដែល​មាន​ស្តុកស្តម្ភ​ប្រហែល​ជា​លាន់​មាត់​ថា​៖ «សប្បាយ​ហើយ! សាសន៍​ណា​ដែល​មាន​សណ្ឋាន​ដូច្នេះ» គឺ​សាសន៍​ដែល​មាន​ភាព​ចម្រុង​ចម្រើន! តែ​ផ្ទុយ​ទៅ​វិញ អ្នក​តែង​បទ​ទំនុកដំកើង​មាន​ប្រសាសន៍​ថា​៖ «សាសន៍​ណា​ដែល​យក​ព្រះ​យេហូវ៉ា​ទុក​ជា​ព្រះ​របស់​ខ្លួន នោះ​សប្បាយ​ហើយ!»។ (ទំនុកដំកើង ១៤៤:១២​-​១៥) នេះ​ជា​ការ​ពិត​ណាស់ មែន​ទេ? ដ្បិត​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ពរ​ឬ​មាន​សុភមង្គល ដូច្នេះ​មនុស្ស​ណា​ដែល​ថ្វាយ​បង្គំ​ទ្រង់​នឹង​មាន​សុភមង្គល​ដែរ។ (ធីម៉ូថេទី១ ១:១១; ខ.ស.) ការ​ពិត​នេះ​បាន​ត្រូវ​បញ្ជាក់​ក្នុង​ទំនុក​ទី១០​៧​ដល់​១៥០​ក្នុង​ប៉ែក​ទី​ប្រាំ​នៃ​បទ​ចម្រៀង​ដែល​ព្រះ​បណ្ដាល​ឲ្យ​មនុស្ស​សរសេរ។

ប៉ែក​ទី​ប្រាំ​នៃ​សៀវភៅ​ទំនុកដំកើង​លើក​បញ្ជាក់​ពី​គុណសម្បត្ដិ​ដ៏​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា​ដែល​រួម​បញ្ចូល​សេចក្ដី​សប្បុរស សេចក្ដី​ពិត​និង​ព្រះ​ហឫទ័យ​ដ៏​ល្អ​ប្រសើរ​របស់​ទ្រង់។ កាល​ដែល​យើង​យល់​ធ្លុះ​ជ្រៅ​អំពី​បុគ្គលិកលក្ខណៈ​របស់​ព្រះ​យេហូវ៉ា នេះ​ជំរុញ​យើង​ឲ្យ​ចង់​ស្រឡាញ់​និង​កោត​ខ្លាច​ទ្រង់​កាន់​តែ​ច្រើន​ទៀត។ ជា​លទ្ធផល យើង​ក៏​មាន​សុភមង្គល​ច្រើន​ជាង។ សៀវភៅ​ទំនុកដំកើង​ប៉ែក​ទី​ប្រាំ​ពិត​ជា​សារ​ដែល​មាន​តម្លៃ​មែន!—ហេព្រើរ ៤:១២

សេចក្ដី​សប្បុរស​របស់​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​មាន​ពរ

(ទំនុកដំកើង​១០៧:១​–​១១៩:១៧៦)

ពេល​ពួក​សាសន៍​យូដា​បាន​ចេញ​ពី​ទីឃុំឃាំង​នៅ​ប្រទេស​បាប៊ីឡូន​ដើម្បី​វិល​ត្រឡប់​ទៅ​ស្រុក​គេ​វិញ ពួក​គេ​បាន​ច្រៀង​ថា​៖ «ឱ​សូម​ឲ្យ​មនុស្ស​ទាំង​ឡាយ​សរសើរ​ដល់​ព្រះ​យេហូវ៉ា​ដោយ​ព្រោះ​សេចក្ដី​សប្បុរស​របស់​ទ្រង់ ហើយ​ដោយ​ព្រោះ​អស់​ទាំង​ការ​អស្ចារ្យ​ដែល​ទ្រង់​បាន​ប្រោស​ដល់​មនុស្ស​ជាតិ»។ (ទំនុកដំកើង ១០៧:៨, ១៥, ២១, ៣១) ដាវីឌ​ក៏​បាន​សរសើរ​ព្រះ​យេហូវ៉ា​ដែរ ដោយ​ច្រៀង​ថា​៖ «សេចក្ដី​ពិត​របស់​ទ្រង់​[គឺ]​ខ្ពស់​ដល់​ពពក»។ (ទំនុកដំកើង ១០៨:៤) ក្នុង​បទ​ទំនុក​ទី១០​៩ ដាវីឌ​អធិស្ឋាន​ទូល​ថា​៖ «ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ទូល​បង្គំ​អើយ! សូម​ជួយ​ទូល​បង្គំ​ផង! ឱ​សូម​ជួយ​សង្គ្រោះ​ទូល​បង្គំ​តាម​សេចក្ដី​សប្បុរស​នៃ​ទ្រង់»។ (ទំនុកដំកើង ១០៩:១៨, ១៩, ២៦) ទំនុក​ទី១១០​ជា​បទ​ទំនាយ​មួយ​អំពី​ការ​គ្រប់គ្រង​របស់​ព្រះមេស្ស៊ី។ បទ​ទំនុក​ទី១១​១​ចែង​ថា​៖ «សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា នោះ​ជា​ដើម​ចម[ឬ​«ប្រភព»]នៃ​ប្រាជ្ញា»។ (ទំនុកដំកើង ១១១:១០; ខ.ស.) ហើយ​យោង​ទៅ​តាម​បទ​ទំនុក​ទី១១​២ «អ្នក​ណា​ដែល​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា» នោះ​«មាន​ពរ​ហើយ»។—ទំនុកដំកើង ១១២:១

ម្ដង​ហើយ​ម្ដង​ទៀត​បទ​ទំនុក​ទី១១​៣​ដល់​១១៨​ដាស់​តឿន​ឲ្យ​សរសើរ​ដល់​ព្រះ​យេហូវ៉ា។ យោង​ទៅ​តាម​គម្ពីរ​ម៉ីស្នា​ដែល​ជា​សំណេរ​ពី​សតវត្សរ៍​ទី​បី​អំពី​ទំនៀម​ទម្លាប់​ដែល​ត​ពី​មាត់​មួយ​ទៅ​មាត់​មួយ នោះ​ពួក​យូដា​បាន​ច្រៀង​បទ​ទំនុកដំកើង​ទាំង​នេះ​ពេល​ធ្វើ​បុណ្យ​រំលង​និង​ពិធី​បុណ្យ​បី​ទៀត​ដែល​គេ​ធ្វើ​ប្រចាំ​ឆ្នាំ។ ទំនុក​ទី១១​៩​ជា​បទ​ចម្រៀង​វែង​ជាង​គេ និង​មាន​ខ​ច្រើន​ជាង​គេ​ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល ហើយ​ក៏​លើក​តម្កើង​ព្រះ​បន្ទូល​ជា​សារ​ដែល​ព្រះ​យេហូវ៉ា​ប្រទាន​ដល់​មនុស្ស។

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

១០៩:២៣—តើ​ដាវីឌ​មាន​ន័យ​អ្វី ពេល​ទ្រង់​មាន​បន្ទូល​ថា​៖ «ទូល​បង្គំ​ទៅ​បាត់​ដូច​ជា​ស្រមោល​ដែល​ជ្រេ​ទៅ»? ដាវីឌ​បាន​សរសេរ​បទ​នេះ​ជា​ពាក្យ​កាព្យ​ដែល​បង្ហាញ​ពី​អារម្មណ៍​របស់​ទ្រង់ ថា​ការ​សោយ​ទិវង្គត​របស់​ទ្រង់​ជិត​មក​ដល់​ហើយ។—ទំនុកដំកើង ១០២:១១

១១០:១, ២—ក្នុង​នាម​ជា​«ព្រះ​អម្ចាស់​នៃ​[ដាវីឌ]» តើ​ព្រះ​យេស៊ូ​គ្រិស្ត​បាន​ធ្វើ​អ្វី​ពេល​អង្គុយ​នៅ​ខាង​ស្ដាំ​ព្រះ​យេហូវ៉ា? ក្រោយ​ព្រះ​យេស៊ូ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ទ្រង់​បាន​ឡើង​ទៅ​ស្ថានសួគ៌ ហើយ​បាន​រង់ចាំ​នៅ​ខាង​ស្ដាំ​ព្រះ​យេហូវ៉ា​រហូត​ដល់​គ្រា​ដែល​ទ្រង់​ត្រូវ​ឡើង​សោយ​រាជ្យ​ជា​ស្តេច​នៅ​ឆ្នាំ​១៩១៤។ ក្នុង​កំលុង​គ្រា​រង់ចាំ​នោះ ព្រះ​យេស៊ូ​បាន​គ្រប់គ្រង​លើ​ពួក​អ្នក​កាន់​តាម​ទ្រង់​ដែល​ជា​អ្នក​ចាក់​ប្រេង​តាំង ហើយ​ទ្រង់​បាន​ជួយ​ណែនាំ​ពួក​គេ​ឲ្យ​ធ្វើ​កិច្ចការ​ផ្សព្វផ្សាយ​និង​ការ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស ព្រម​ទាំង​ជួយ​ពួក​គេ​ត្រៀម​លក្ខណៈ​ដើម្បី​ឡើង​សោយ​រាជ្យ​ក្នុង​ព្រះ​រាជាណាចក្រ​ជា​មួយ​នឹង​ទ្រង់។—ម៉ាថាយ ២៤:១៤; ២៨:១៨​-​២០; លូកា ២២:​២៨​-​៣០

១១០:៤—តើ​ព្រះ​យេហូវ៉ា​«ស្បថ»​ធ្វើ​អ្វី​ដោយ​«មិន​ប្រែ​ព្រះ​ហឫទ័យ»? សម្បថ​នោះ​ជា​កិច្ច​ព្រម​ព្រៀង​ដែល​ព្រះ​យេហូវ៉ា​ចុះ​ជា​មួយ​ព្រះ​យេស៊ូ​គ្រិស្ត​ឲ្យ​ទ្រង់​បម្រើ​ជា​ស្តេច​និង​សម្ដេច​សង្ឃ។—លូកា ២២:២៩

១១៣:៣—តើ​មនុស្ស​គួរ​សរសើរ​ព្រះ​នាម​ព្រះ​យេហូវ៉ា​«ចាប់​តាំង​ពី​ទី​ថ្ងៃ​រះ​រហូត​ដល់​ទី​ថ្ងៃ​លិច»​យ៉ាង​ដូច​ម្ដេច? នេះ​មិន​សំដៅ​ទៅ​លើ​មនុស្ស​មួយ​ក្រុម​ដែល​ថ្វាយ​បង្គំ​ព្រះ​រាល់​ថ្ងៃ​ប៉ុណ្ណោះ​ទេ ដ្បិត​រស្មី​ពី​ព្រះ​អាទិត្យ​តែង​បំភ្លឺ​ផែនដី​ទាំង​មូល​ចាប់​ពី​ថ្ងៃ​រះ​នៅ​ទិស​ខាង​កើត​រហូត​ដល់​ពេល​អស្តង្គ​ត​នៅ​ទិស​ខាង​លិច។ ដូច​គ្នា​ដែរ ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​ទទួល​សេចក្ដី​សរសើរ​ទូទាំង​ពិភពលោក។ បើ​គ្មាន​ការ​សហ​ការ​គ្នា នេះ​មិន​អាច​កើត​មាន​ឡើង​បាន​ទេ។ ក្នុង​នាម​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា យើង​មាន​ឯកសិទ្ធិ​សរសើរ​ព្រះ​យេហូវ៉ា​និង​រួម​ចំណែក​យ៉ាង​ខ្នះខ្នែង​ក្នុង​ការ​ផ្សាយ​ប្រកាស​ពី​ព្រះ​រាជាណាចក្រ​របស់​ទ្រង់។

១១៦:១៥—តើ​«ការ​ស្លាប់​របស់​ពួក​អ្នក​បរិសុទ្ធ​នៃ​ព្រះ​យេហូវ៉ា ជា​ការ​វិសេស»​ដល់​ទ្រង់​ក្នុង​ន័យ​អ្វី? ខ​នេះ​ក្នុង​ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ​បកប្រែ​ថា​៖ «ព្រះ​អម្ចាស់​ព្រួយ​ព្រះ​ហឫទ័យ​ណាស់ នៅ​ពេល​ប្រជាជន​ដ៏​វិសុទ្ធ​ណា​ម្នាក់​ស្លាប់»។ ដូច្នេះ នេះ​បាន​ន័យ​ថា ពួក​អ្នក​បរិសុទ្ធ​នៃ​ព្រះ​យេហូវ៉ា​មាន​តម្លៃ​វិសេស​ណាស់​ចំពោះ​ទ្រង់ មិន​ថា​ពេល​គេ​រស់​ឬ​ស្លាប់​ក្ដី។ ចំពោះ​ព្រះ​យេហូវ៉ា ពួក​អ្នក​ថ្វាយ​បង្គំ​ទ្រង់​ជា​មនុស្ស​វិសេស​ដល់​ម្ល៉េះ​បាន​ជា​ទ្រង់​មិន​អនុញ្ញាត​ឲ្យ​ពួក​គេ​ស្លាប់​ទាំង​អស់​នោះ​ទេ។ ដ្បិត​បើ​ពួក​គេ​ទាំង​អស់​គ្នា​ស្លាប់​ទៅ នេះ​បាន​ន័យ​ថា សត្រូវ​របស់​ព្រះ​យេហូវ៉ា​មាន​អំណាច​ខ្លាំង​ជាង​ទ្រង់​ទៅ​ទៀត។ ម្យ៉ាង​ទៀត បើ​ពួក​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ស្លាប់​បាត់​អស់ នោះ​នឹង​លែង​មាន​មនុស្ស​ណា​ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ពិភពលោក​ថ្មី។

១១៩:៧១—តើ​ការ​កើត​ទុក្ខ​ព្រួយ​អាច​នាំ​ឲ្យ​មាន​ប្រយោជន៍​អ្វី? ការ​រង​ទុក្ខ​លំបាក​អាច​ជួយ​យើង​ឲ្យ​រៀន​ចេះ​ពឹងផ្អែក​លើ​ព្រះ​យេហូវ៉ា​ច្រើន​ជាង ហើយ​អាច​ជំរុញ​យើង​ឲ្យ​អធិស្ឋាន​ទូល​ទ្រង់​អស់​ពី​ដួង​ចិត្ត​ជាង​មុនៗ ព្រម​ទាំង​សិក្សា​ព្រះ​គម្ពីរ​ដោយ​ខ្នះខ្នែង​និង​ធ្វើ​តាម​បន្ទូល​នោះ​ច្រើន​ជាង។ ម្យ៉ាង​ទៀត អារម្មណ៍​របស់​យើង​ចំពោះ​ការ​រង​ទុក្ខ​អាច​ស​ឲ្យ​ឃើញ​នូវ​លក្ខណៈ​មិន​ល្អ​របស់​យើង​ដែល​គួរ​តែ​កែ​ប្រែ។ បើ​យើង​ទាញ​យក​មេ​រៀន​ល្អៗ​ពី​ការ​រង​ទុក្ខ យើង​នឹង​មិន​ខឹង​ឬ​បាក់​ទឹក​ចិត្ត​ឡើយ។

១១៩:៩៦—តើ​«ចុង​នៃ​សេចក្ដី​គ្រប់​លក្ខណ៍»​មាន​ន័យ​អ្វី? អ្នក​តែង​បទ​ទំនុកដំកើង​កំពុង​តែ​មាន​ប្រសាសន៍​អំពី​ទីបញ្ចប់​នៃ​អ្វី​ដែល​មនុស្ស​ចាត់​ទុក​ជា​ការ​ល្អ​គ្រប់​លក្ខណ៍​ឬ​ឥតខ្ចោះ។ គាត់​ប្រហែល​ជា​ចង់​បញ្ជាក់​ថា មនុស្ស​យើង​មិន​យល់​ច្បាស់​អំពី​ភាព​គ្រប់​លក្ខណ៍​ទេ។ ផ្ទុយ​ទៅ​វិញ សេចក្ដី​បង្គាប់​របស់​ព្រះ​យេហូវ៉ា​គ្មាន​កម្រិត។ ការ​ណែនាំ​ពី​ទ្រង់​ទាក់ទង​នឹង​គ្រប់​កាលៈទេសៈ​នៃ​ជីវិត​យើង។ ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ​បកប្រែ​ឃ្លា​នេះ​ថា​៖ «ទូល​បង្គំ​ឃើញ​ថា សូម្បី​អ្វីៗ​ដ៏​ល្អ​ឥតខ្ចោះ​ក៏​នឹង​មាន​ទីបញ្ចប់​ដែរ ប៉ុន្តែ វិន័យ​របស់​ព្រះ​អង្គ​ទូលំទូលាយ ឥត​មាន​ព្រំដែន​សោះ​ឡើយ»។

១១៩:១៦៤—តើ​ការ​សរសើរ​ព្រះ​យេហូវ៉ា​«ក្នុង​១​ថ្ងៃ​៧​ដង»​មាន​ន័យ​អ្វី? លេខ​៧​អាច​សំដៅ​ទៅ​លើ​ភាព​ពេញលេញ។ ដូច្នេះ អ្នក​តែង​បទ​ទំនុកដំកើង​កំពុង​តែ​មាន​ប្រសាសន៍​ថា ព្រះ​យេហូវ៉ា​គួរ​ទទួល​គ្រប់​ទាំង​សេចក្ដី​សរសើរ។

មេ​រៀន​សម្រាប់​យើង:

១០៧:២៧​-​៣១: លោកិយ​នេះ​នឹង​«ទាល់​ប្រាជ្ញា»​ពេល​អើម៉ាគេដូន​ចាប់​ផ្ដើម​ឡើង។ (វិវរណៈ ១៦:១៤, ១៦) ប្រាជ្ញា​របស់​លោកិយ​នេះ​មិន​អាច​សង្គ្រោះ​មនុស្ស​ណា​សោះ​ពី​សេចក្ដី​ហិនវិនាស។ មាន​តែ​ពួក​អ្នក​ដែល​ពឹង​លើ​ព្រះ​យេហូវ៉ា​ដើម្បី​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ​ដែល​អាច​រួច​រស់​ជីវិត​និង​«សរសើរ[ទ្រង់]ដោយ​ព្រោះ​សេចក្ដី​សប្បុរស​របស់​ទ្រង់»។

១០៩:៣០, ៣១; ១១០:៥: បើ​ទាហាន​កាន់​ខែល​ដៃ​ឆ្វេង នោះ​គ្មាន​អ្វី​ការពារ​ដៃ​ស្ដាំ​ដែល​កាន់​ដាវ​ទេ។ បើ​និយាយ​ជា​ការ​ប្រៀបប្រដូច ព្រះ​យេហូវ៉ា​«គង់​នៅ​ខាង​ស្ដាំ»​ពួក​អ្នក​បម្រើ​ទ្រង់​ដើម្បី​ប្រយុទ្ធ​ការពារ​គេ។ យ៉ាង​នេះ ព្រះ​យេហូវ៉ា​ផ្ដល់​ជំនួយ​និង​ការពារ​រាស្ត្រ​ទ្រង់ ហើយ​នេះ​ជា​មូលហេតុ​ល្អ​ឲ្យ​យើង​«អរ​ព្រះ​គុណ​[ទ្រង់]​យ៉ាង​ក្រៃលែង»។

១១៣:៤​-​៩: ព្រះ​យេហូវ៉ា​មាន​ភាព​ខ្ពង់​ខ្ពស់​ដល់​ម្ល៉េះ​បាន​ជា​ទ្រង់​ត្រូវ​«ឱន​ព្រះ​នេត្រ​ដើម្បី​ទត​មើល​ផ្ទៃ​មេឃ»។ យ៉ាង​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​នៅ​តែ​បង្ហាញ​ព្រះទ័យ​អាណិត​មេត្ដា​ចំពោះ​មនុស្ស​ក្រីក្រ មនុស្ស​កម្សត់​ទុគ៌ត​និង​ស្រី​អារ។ ព្រះ​យេហូវ៉ា​ជា​ព្រះ​អម្ចាស់​មហាក្សត្រ​ដែល​មាន​ព្រះទ័យ​រាប​ទាប ហើយ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​ពួក​អ្នក​ថ្វាយ​បង្គំ​ទ្រង់​បង្ហាញ​ចិត្ត​រាប​ទាប​ឬ​ចិត្ត​រាបសា។—យ៉ាកុប ៤:៦

១១៤:៣​-​៧: ពេល​យើង​រៀន​អំពី​ការ​ដ៏​អស្ចារ្យ​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដើម្បី​ជួយ​រាស្ត្រ​ទ្រង់​នៅ​ឯ​សមុទ្រ​ក្រហម​ហើយ​នៅ​ទន្លេ​យ័រដាន់​និង​ភ្នំ​ស៊ី​ណាយ​ដែរ នេះ​គួរ​មាន​ឥទ្ធិពល​ខ្លាំង​លើ​យើង។ «ផែនដី»​ជា​តំណាង​មនុស្ស​ជាតិ​ដែល​គួរ​តែ​«ញ័រ​រន្ធត់»​ឬ​កោត​ស្ងើច​ចំពោះ​កិច្ចការ​របស់​ព្រះ​អម្ចាស់។

១១៩:៩៧​-​១០១: ការ​ទទួល​ប្រាជ្ញា យោបល់​និង​ការ​យល់​ដឹង​ពី​ព្រះ​បន្ទូល​របស់​ព្រះ​នឹង​ការពារ​យើង​ពី​គ្រោះថ្នាក់​ខាង​វិញ្ញាណ។

១១៩:១០៥: ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា​ជា​ចង្កៀង​ដល់​ជើង​ក្នុង​ន័យ​ថា អាច​ជួយ​យើង​យក​ឈ្នះ​បញ្ហា​ដែល​យើង​កំពុង​តែ​ជួបប្រទះ​ពេល​ឥឡូវ​នេះ។ ព្រះ​បន្ទូល​ទ្រង់​ក៏​បំភ្លឺ​ផ្លូវ​របស់​យើង​ដោយ​ទាយ​ប្រាប់​អំពី​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ពេល​អនាគត។

សប្បាយ​ទោះ​ជា​មាន​លំបាក

(ទំនុកដំកើង ១២០:១​–​១៤៥:២១)

តើ​យើង​អាច​ស៊ូទ្រាំ​កាលៈទេសៈ​ដ៏​ពិបាក​និង​រួច​ពី​ទុក្ខ​វេទនា​បាន​យ៉ាង​ណា? បទ​ទំនុក​ទី១២០​ដល់​១៣៤​ឆ្លើយ​សំណួរ​នេះ​យ៉ាង​ច្បាស់។ យើង​អាច​អត់​ទ្រាំ​នឹង​ការ​ពិបាក​ព្រម​ទាំង​រក្សា​ឲ្យ​មាន​អំណរ​បាន ដោយ​រក​ជំនួយ​ពី​ព្រះ​យេហូវ៉ា។ ប្រជាជន​អ៊ីស្រាអែល​ប្រហែល​ជា​បាន​ច្រៀង​បទ​ទាំង​នេះ​ដែល​ហៅ​ថា ទំនុក​ច្រៀង​តាម​ថ្នាក់ ពេល​ដែល​ពួក​គេ​បាន​ធ្វើ​ដំណើរ​ឡើង​ទៅ​ឯ​ទី​ក្រុង​យេរូសាឡិម​ដើម្បី​ធ្វើ​បុណ្យ​នានា​ប្រចាំ​ឆ្នាំ។

បទ​ទំនុក​ទី១៣​៥​ដល់​១៣៦​ពន្យល់​អំពី​ព្រះ​យេហូវ៉ា​ជា​ព្រះ​អង្គ​ដែល​ធ្វើ​អ្វីៗ​ក៏​ដោយ​តាម​ព្រះ​ហឫទ័យ​ទ្រង់។ យ៉ាង​នេះ ព្រះ​យេហូវ៉ា​មាន​លក្ខណៈ​ខុស​ប្លែក​ពី​រូប​បដិមា​ដែល​គ្មាន​លទ្ធភាព​ធ្វើ​អ្វី​សោះ។ បទ​ទី១៣​៦​បាន​ត្រូវ​តែង​ឲ្យ​ច្រៀង​ឆ្លើយ​ឆ្លង​គ្នា ដោយ​ច្រៀង​ឃ្លា​ទីពីរ​ក្នុង​វគ្គ​នីមួយៗ​ដើម្បី​បញ្ជាក់​ឃ្លា​ទី​មួយ។ ទំនុក​ទី១៣​៧​រៀប​រាប់​ពី​ការ​បាក់​ទឹក​ចិត្ត​របស់​ពួក​យូដា​នៅ​ទី​ក្រុង​បាប៊ីឡូន ដោយ​ព្រោះ​ពួក​គេ​ប្រាថ្នា​ចង់​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​នៅ​ទី​ក្រុង​ស៊ី​យ៉ូន។ បទ​ទំនុកដំកើង​១៣៨​ដល់​១៤៥​ជា​បទ​ដែល​ដាវីឌ​តែង​មក។ ដាវីឌ​ចង់‹អរ​ព្រះ​គុណ​ដល់​ព្រះ​យេហូវ៉ា​អស់​អំពី​ចិត្ត›។ ហេតុ​អ្វី? ដាវីឌ​ឆ្លើយ​ថា គឺ​ពីព្រោះ​ព្រះ​យេហូវ៉ា​«បាន​បង្កើត​[យើង]​មក​យ៉ាង​គួរ​កោត គួរ​អស្ចារ្យ»។ (ទំនុកដំកើង ១៣៨:១; ១៣៩:១៤) ក្នុង​បទ​ទំនុក​ទី១៤​៦​ដល់​១៥០ ដាវីឌ​បាន​អធិស្ឋាន​សូម​ព្រះ​យេហូវ៉ា​ការពារ​ទ្រង់​ពី​មនុស្ស​អាក្រក់ និង​ប្រៀនប្រដៅ​ទ្រង់​ដោយ​សេចក្ដី​សុចរិត។ ដាវីឌ​បាន​សូម​ព្រះ​យេហូវ៉ា​ប្រោស​ទ្រង់​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក​ដែល​កំពុង​តែ​បៀតបៀន​ទ្រង់ ហើយ​ក៏​សូម​ការ​ណែនាំ​អំពី​របៀប​ប្រព្រឹត្ត​ដោយ​ត្រឹម​ត្រូវ​ផង។ ដាវីឌ​បញ្ជាក់​ថា សាសន៍​ដែល​ជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មាន​ហេតុ​អរ​សប្បាយ​មែន។ (ទំនុកដំកើង ១៤៤:១៥) ក្រោយ​ដាវីឌ​រៀប​រាប់​អំពី​សណ្ឋាន​ដ៏​ធំ​ប្រសើរ​និង​ភាព​ល្អ​របស់​ព្រះ​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ថា​៖ «មាត់​ទូល​បង្គំ​នឹង​ពោល​ពាក្យ​សរសើរ​ពី​ព្រះ​យេហូវ៉ា។ គួរ​ឲ្យ​មនុស្ស​ទាំង​ឡាយ​បាន​សូម​ឲ្យ​ព្រះ​នាម​បរិសុទ្ធ​របស់​ទ្រង់​បាន​ពរ​នៅ​អស់កល្ប​ជានិច្ច​ដែរ»។—ទំនុកដំកើង ១៤៥:២១

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

១២២:៣—តើ​យេរូសាឡិម​«ជា​ទី​ក្រុង​ដែល​ណែនណាន់​ជាប់​គ្នា»​ក្នុង​ន័យ​អ្វី? តាម​ទម្លាប់​នៅ​ទី​ក្រុង​នា​សម័យ​បុរាណ គេ​បាន​សង់​ផ្ទះ​ជិតៗ​គ្នា​ក្នុង​ទី​ក្រុង​យេរូសាឡិម ដូច្នេះ​ក៏​ងាយ​ទប់ទល់​នឹង​ខ្មាំង​សត្រូវ​ផង​ដែរ។ ម្យ៉ាង​ទៀត ដោយសារ​ផ្ទះ​ស្ថិត​ជិតៗ​គ្នា​ដូច​នេះ ប្រជាជន​អាច​ការពារ​និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ ដូច្នេះ នេះ​តំណាង​នូវ​សាមគ្គីភាព​ខាង​វិញ្ញាណ​នៃ​កុលសម្ព័ន្ធ​ទាំង​១២​របស់​សាសន៍​អ៊ីស្រាអែល​ពេល​រួម​គ្នា​ដើម្បី​ថ្វាយ​បង្គំ​ព្រះ។

១២៣:២—តើ​ពាក្យ​ប្រៀបប្រដូច​អំពី​ភ្នែក​របស់​ពួក​ទាសាទាសី​មាន​ន័យ​អ្វី? ពួក​ទាសាទាសី​មាន​មូលហេតុ​ពីរ​យ៉ាង​ឲ្យ​ក្រឡេក​ទៅ​មើល​ដៃ​ចៅហ្វាយ​ប្រុស​ស្រី​របស់​ខ្លួន គឺ​ដោយ​ចង់​ដឹង​ពី​អ្វី​ដែល​ចៅហ្វាយ​ត្រូវ​ការ ហើយ​ដើម្បី​ពឹង​ឲ្យ​គាត់​ជួយ​ចិញ្ចឹម​និង​ការពារ​ទាសាទាសី។ ស្រដៀង​គ្នា​ដែរ យើង​ក្រឡេក​ទៅ​មើល​ព្រះ​យេហូវ៉ា​ដើម្បី​ដឹង​អំពី​ព្រះ​ហឫទ័យ​របស់​ទ្រង់ ហើយ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ទ្រង់​សព្វ​ព្រះទ័យ​នឹង​យើង។

១៣១:១​-​៣—តើ​ដាវីឌ‹រំងាប់​ហើយ​ព្រ​លួង​ព្រលឹង​ទ្រង់​ដូច​ជា​ក្មេង​ដែល​ម្ដាយ​បាន​ផ្ដាច់​ដោះ›យ៉ាង​ដូច​ម្ដេច? ក្មេង​ដែល​ម្ដាយ​ផ្ដាច់​ដោះ​អាច​មាន​អារម្មណ៍​ស្រួល​ពេល​ម្ដាយ​ឱប​វា។ ដូច​គ្នា​ដែរ ដាវីឌ​បាន​រៀន​ឲ្យ​ចេះ​រំងាប់​ឬ​បន្ធូរ​កង្វល់​ដើម្បី​មាន​ចិត្ត​ស្ងប់​«ដូច​ជា​ក្មេង​ដែល​ម្ដាយ​បាន​ផ្ដាច់​ដោះ»។ តើ​ទ្រង់​ធ្វើ​ដូច្នេះ​ដោយ​របៀប​ណា? គឺ​ដោយ​មិន​មាន​ចិត្ត​ឆ្មើងឆ្មៃ មិន​មាន​ភ្នែក​ប្រកាន់​យស​ឬ​ប្រកាន់​ខ្លួន ហើយ​ដោយ​មិន​ស្វែង​រក​ការ​ដែល​ធំ​ពេក​សម្រាប់​ខ្លួន។ ជាជាង​ចង់​បាន​មុខ​មាត់​ធំ ដាវីឌ​បង្ហាញ​ចិត្ត​រាប​ទាប​ដោយ​ព្រោះ​ទ្រង់​ទទួល​ស្គាល់​ថា ជួន​កាល​ខ្លួន​ខ្វះ​សមត្ថភាព​ដែរ។ គួរ​គប្បី​ឲ្យ​យើង​មាន​ទស្សនៈ​ដូច​ទ្រង់ ជា​ពិសេស​ពេល​ដែល​យើង​ប្រាថ្នា​ចង់​ទទួល​ភារកិច្ច​ផ្សេងៗ​ក្នុង​ក្រុមជំនុំ។

មេ​រៀន​សម្រាប់​យើង:

១២០:១, ២, ៦, ៧: ការ​បង្កាច់​បង្ខូច​និង​និយាយ​ដើម​អ្នក​ដទៃ​អាច​បញ្ឈឺ​ចិត្ត​គេ​យ៉ាង​ខ្លាំង។ ការ​ទប់​អណ្ដាត​ជា​របៀប​មួយ​ដែល​យើង​បង្ហាញ​ថា យើង​«ចូល​ចិត្ត​ខាង​សេចក្ដី​សុខ»។

១២០:៣, ៤: ទោះ​បើ​យើង​ប្រហែល​ជា​ត្រូវ​ស៊ូទ្រាំ​នឹង​សម្ដី​របស់​មនុស្ស​ដែល​មាន​«អណ្ដាត​ដែល​បញ្ឆោត»​ក៏​ដោយ យើង​មាន​អារម្មណ៍​ធូរ​ស្រាល​ដោយ​ដឹង​ថា ព្រះ​យេហូវ៉ា​នឹង​កែ​តម្រង់​ស្ថានការណ៍​នោះ​តាម​កំណត់​ពេល​របស់​ទ្រង់។ មនុស្ស​ដែល​និយាយ​បង្កាច់​បង្ខូច​នឹង​ទទួល​ទោស​ពី​«មនុស្ស​ខ្លាំង​ពូកែ» ហើយ​ពិត​ជា​នឹង​ទទួល​ទោស​ពី​ព្រះ​យេហូវ៉ា​ដែល​ប្រៀប​ដូច​ជា​«រងើក​ភ្លើង​ឈើ​ដង្កោ»។

១២៧:១, ២: យើង​គួរ​រក​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា​ក្នុង​គ្រប់​អ្វីៗ​ទាំង​អស់​ដែល​យើង​ធ្វើ។

១៣៣:១​-​៣: សាមគ្គីភាព​របស់​រាស្ត្រ​នៃ​ព្រះ​យេហូវ៉ា​ជា​ការ​ល្អ​ដែល​ជួយ​ពង្រឹង​កម្លាំង​និង​នាំ​ឲ្យ​មាន​ការ​ស្រាកស្រាន្ត។ យើង​មិន​គួរ​បង្ខូច​សាមគ្គីភាព​នោះ​ដោយ​រក​រឿង ឈ្លោះ​ប្រកែក​ឬ​ត្អូញត្អែរ​ឡើយ។

១៣៧:១, ៥, ៦: ពួក​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ដែល​បាន​ត្រូវ​បំបរបង់​ចេញ​ទៅ​ស្រុក​ក្រៅ នៅ​តែ​ជាប់​ចិត្ត​នឹង​ទី​ក្រុង​ស៊ី​យ៉ូន​នៅ​ឡើយ ដែល​បាន​តំណាង​អង្គការ​របស់​ព្រះ​យេហូវ៉ា។ ចុះ​យ៉ាង​ណា​ចំពោះ​យើង​វិញ? តើ​យើង​មាន​ចិត្ត​ភក្ដី​ចំពោះ​អង្គការ​ដែល​ព្រះ​យេហូវ៉ា​កំពុង​តែ​ប្រើ​នៅ​សព្វ​ថ្ងៃ​នេះ​ឬ​ទេ?

១៣៨:២: ព្រះ​យេហូវ៉ា​«ដំកើង​ព្រះ​បន្ទូល​ទ្រង់​ឲ្យ​ធំ​លើ​ព្រះ​នាម​ទ្រង់​ទៅ​ទៀត»​ក្នុង​ន័យ​ថា អ្វី​ដែល​ទ្រង់​បាន​សន្យា​ដោយ​នូវ​ព្រះ​នាម​ទ្រង់ នោះ​ទ្រង់​នឹង​សម្រេច​យ៉ាង​ល្អ​ហួស​ពី​អ្វី​ដែល​យើង​នឹក​ស្មាន។ ពិត​ណាស់​ហើយ មាន​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​នៅ​ពី​មុខ​យើង​នៅ​ឡើយ។

១៣៩:១​-​៦, ១៥, ១៦: ព្រះ​យេហូវ៉ា​ជ្រាប​ពី​ទង្វើ គំនិត​និង​សម្ដី​របស់​យើង​មុន​យើង​ពោល​ពាក្យ​នោះ​នៅ​ឡើយ។ ព្រះ​យេហូវ៉ា​ស្គាល់​ធាតុ​របស់​យើង​កាល​នៅ​ជា​ទារក​ក្នុង​ផ្ទៃ​ម្ដាយ​ដែល​មិន​ទាន់​មាន​អវយវៈ​ច្បាស់​លាស់​នៅ​ឡើយ។ អ្វី​ដែល​ព្រះ​យេហូវ៉ា​ជ្រាប​អំពី​យើង​ម្នាក់ៗ គឺ​«អស្ចារ្យ​ហួស​ល្បត់»។ យើង​ពិត​ជា​ទទួល​ការ​សម្រាល​ទុក្ខ​មែន ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​ទត​ឃើញ​កាលៈទេសៈ​ពិបាក​របស់​យើង​ទេ តែ​ទ្រង់​ក៏​យល់​អារម្មណ៍​របស់​យើង​នៅ​ពេល​នោះ​ដែរ។

១៣៩:៧​-​១២: ព្រះ​យេហូវ៉ា​អាច​ទៅ​ទីណា​ក៏​ដោយ​ដើម្បី​ពង្រឹង​កម្លាំង​យើង ទោះ​ជា​កន្លែង​ដាច់​ស្រយាល​ណា​ក្ដី។

១៣៩:១៧, ១៨: តើ​យើង​គាប់​ចិត្ត​ចំពោះ​ការ​ចេះ​ដឹង​ដែល​មក​ពី​ការ​ស្គាល់​ព្រះ​យេហូវ៉ា​ឬ​ទេ? (សុភាសិត ២:១០) បើ​គាប់​ចិត្ត​មែន យើង​បាន​រក​អ្វី​ដែល​នាំ​ឲ្យ​មាន​អំណរ​ឥត​ចេះ​ឈប់។ ព្រះ​តម្រិះ​របស់​ព្រះ​យេហូវ៉ា​«មាន​ច្រើន​ជាង​គ្រាប់​ខ្សាច់​ទៅ​ទៀត»។ យើង​អាច​រៀន​ថែម​ទៀត​អំពី​ទ្រង់​ជា​រៀង​រហូត​បាន។

១៣៩:២៣, ២៤: យើង​គួរ​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​ពិនិត្យ​ចិត្ត​ថ្លើម​របស់​យើង​ដើម្បី​ស្ទង់​មើល​ថា តើ​យើង​«មាន​អំពើ​អាក្រក់​ណា»​ក្នុង​ខ្លួន​ឬ​ទេ? នេះ​អាច​រួម​បញ្ចូល​គំនិត ចំណង់​ចំណូល​ចិត្ត​និង​ទំនោរ​ចិត្ត​មិន​ល្អ​ជា​ដើម។ បើ​មាន​មែន យើង​ក៏​គួរ​សូម​ទ្រង់​ជួយ​បំបាត់​អំពើ​អាក្រក់​ទាំង​នោះ​ចោល​ដែរ។

១៤៣:៤​-​៧: តើ​យើង​អាច​ស៊ូទ្រាំ​នឹង​ទុក្ខ​វេទនា​ដ៏​ខ្លាំង​បាន​យ៉ាង​ណា? អ្នក​តែង​បទ​ទំនុកដំកើង​ជូន​យោបល់​ថា ចូរ​រំពឹង​គិត​ពី​អស់​ទាំង​កិច្ចការ​របស់​ព្រះ​យេហូវ៉ា ទាំង​នឹក​ជញ្ជឹង​ពី​អស់​ទាំង​ស្នា​ដៃ​នៃ​ព្រះ​ហស្ត​ទ្រង់ ហើយ​អធិស្ឋាន​សូម​ជំនួយ​ពី​ទ្រង់។

«ចូរ​សរសើរ​ដល់​ព្រះ​យេហូវ៉ា​ចុះ!»

ប៉ែក​ទី​មួយ​ដល់​បួន​ក្នុង​សៀវភៅ​ទំនុកដំកើង​ចប់​ដោយ​មាន​ពំនោល​សរសើរ​ព្រះ​យេហូវ៉ា។ (ទំនុកដំកើង ៤១:១៣; ៧២:១៩, ២០; ៨៩:៥២; ១០៦:៤៨) ប៉ែក​ទី​ប្រាំ​នេះ​ក៏​ដូច្នេះ​ដែរ។ បទ​ទំនុក​ទី១៥០:៦​ចែង​ថា​៖ «គួរ​ឲ្យ​ជីវិត​ទាំង​ឡាយ​ដែល​មាន​ដង្ហើម​បាន​សរសើរ​ដល់​ព្រះ​យេហូវ៉ា។ ចូរ​សរសើរ​ដល់​ព្រះ​យេហូវ៉ា​ចុះ!»។ ការ​សរសើរ​នោះ​នឹង​ក្លាយ​ជា​ការ​ពិត​ទាំង​ស្រុង​ក្នុង​ពិភពលោក​ថ្មី​របស់​ព្រះ។

ក្នុង​កំលុង​ពេល​នេះ​ដែល​យើង​កំពុង​តែ​រង់ចាំ​គ្រា​នោះ យើង​មាន​មូលហេតុ​ជា​ច្រើន​ឲ្យ​យើង​លើក​តម្កើង​ព្រះ​ពិត​និង​សរសើរ​ព្រះ​នាម​របស់​ទ្រង់។ ពេល​គិត​អំពី​សុភមង្គល​ដែល​មក​ពី​ការ​ស្គាល់​និង​ការ​ចង​សម្ព័ន្ធ​មេត្រីភាព​ជា​មួយ​ព្រះ​យេហូវ៉ា នោះ​ចិត្ត​កតញ្ញូ​គួរ​ជំរុញ​យើង​ឲ្យ​ចង់​សរសើរ​ទ្រង់​ថែម​ទៀត​ផង។