លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរសង្ឃឹមលើព្រះយេហូវ៉ាហើយមានចិត្ដក្លាហានចុះ!

ចូរសង្ឃឹមលើព្រះយេហូវ៉ាហើយមានចិត្ដក្លាហានចុះ!

ចូរ​សង្ឃឹម​លើ​ព្រះ​យេហូវ៉ា​ហើយ​មាន​ចិត្ត​ក្លាហាន​ចុះ!

‹ចូរ[«សង្ឃឹម​លើ»]​ព្រះ​យេហូវ៉ា​ចុះ! ចូរ​មាន​កំឡាំង​ហើយ​ឲ្យ​ចិត្ត​ក្លាហាន​ឡើង! អើ! គួរ[«សង្ឃឹម​លើ»]​ព្រះ​យេហូវ៉ា​ទៅ›។—ទំនុកដំកើង ២៧:១៤; ខ.ស.

១​. តើ​សេចក្ដី​សង្ឃឹម​មាន​សារៈ​សំខាន់​ប៉ុណ្ណា? តើ​ពាក្យ​«សង្ឃឹម»​មាន​ន័យ​អ្វី​ខ្លះ​ក្នុង​ព្រះ​គម្ពីរ?

សេចក្ដី​សង្ឃឹម​ពិត​ប្រៀប​ដូច​ជា​ពន្លឺ​ដែល​ភ្លឺ​ចិញ្ចាច​ចិញ្ចែង ដ្បិត​សេចក្ដី​សង្ឃឹម​ផ្ដល់​ហេតុ​ឲ្យ​យើង​សម្លឹង​មើល​ដល់​គ្រា​ដែល​យើង​ផុត​ទុក្ខ។ ជា​លទ្ធផល យើង​មាន​ចិត្ត​ក្លាហាន​និង​អំណរ​ផង ពេល​កំពុង​រង់ចាំ​ព្រឹត្ដិការណ៍​នា​អនាគត។ មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​អាច​ផ្ដល់​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ពិត ហើយ​ទ្រង់​ធ្វើ​ដូច្នេះ​តាម​រយៈ​បន្ទូល​ដែល​ទ្រង់​បណ្ដាល​ឲ្យ​មនុស្ស​សរសេរ។ (ធីម៉ូថេ​ទី២ ៣:១៦) តាម​ការ​ពិត ព្រះ​គម្ពីរ​ប្រើ​ពាក្យ​«សង្ឃឹម»​ជាង​១៦០​ដង។ ពាក្យ​នេះ​អាច​សំដៅ​ទៅ​លើ​ការ​រង់ចាំ​ដោយ​រីករាយ​នូវ​អ្វី​ដ៏​ល្អ​ដែល​នឹង​កើត​ឡើង​ជា​ពិត ហើយ​អាច​សំដៅ​ទៅ​លើ​អ្វី​ដែល​យើង​សង្ឃឹម​ទទួល​ក៏​បាន។ * សេចក្ដី​សង្ឃឹម​នេះ​មិន​មែន​ជា​ការ​ស្រមៃ​ចង់​បាន​អ្វី​ដែល​គ្មាន​មូលដ្ឋាន​ឬ​គ្មាន​លទ្ធភាព​កើត​ឡើង​ទេ តែ​មាន​មូលដ្ឋាន​លើ​ការ​ពិត​វិញ។

២​. តើ​ក្ដី​សង្ឃឹម​មាន​តួ​នាទី​សំខាន់​អ្វី​ចំពោះ​ព្រះ​យេស៊ូ?

ពេល​ព្រះ​យេស៊ូ​ប្រឈម​មុខ​ការ​ល្បងល​និង​ទុក្ខ​លំបាក​ផ្សេងៗ ទ្រង់​បាន​សម្លឹង​ទៅ​ពេល​អនាគត​ហើយ​សង្ឃឹម​ទៅ​លើ​ព្រះ​យេហូវ៉ា។ «ទ្រង់​បាន​រងទ្រាំ​នៅ​ឈើ[ទារុណកម្ម] ទាំង​មើលងាយ​ចំពោះ​សេចក្ដី​អាម៉ាស់​ខ្មាស​នោះ ឲ្យ​តែ​បាន​សេចក្ដី​អំណរ​ដែល​នៅ​ចំពោះ​ទ្រង់ រួច​ទ្រង់​ក៏​គង់​ខាង​ស្ដាំ​បល្ល័ង្ក​នៃ​ព្រះ»។ (ហេព្រើរ ១២:២) ព្រះ​យេស៊ូ​បាន​ផ្ដោត​អារម្មណ៍​ទាំង​ស្រុង​ទៅ​លើ​កិច្ចការ​តម្កើង​ភាព​ខ្ពង់​ខ្ពស់​របស់​ព្រះ​យេហូវ៉ា​និង​ការ​លើក​ព្រះ​នាម​ទ្រង់​ឲ្យ​បាន​បរិសុទ្ធ។ ជា​លទ្ធផល ព្រះ​យេស៊ូ​បាន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ឥត​វៀចវេរ​ឡើយ ទោះ​ជា​មាន​ទុក្ខ​វេទនា​យ៉ាង​ណា​ក៏​ដោយ។

៣​. តើ​ក្ដី​សង្ឃឹម​មាន​តួ​នាទី​អ្វី​ក្នុង​ជីវិត​របស់​អ្នក​បម្រើ​ព្រះ?

ស្តេច​ដាវីឌ​សំដៅ​ទៅ​លើ​ទំនាក់ទំនង​រវាង​សេចក្ដី​សង្ឃឹម​និង​ចិត្ត​ក្លាហាន​ពេល​ទ្រង់​មាន​បន្ទូល​ថា​៖ ‹ចូរ​រង់ចាំ​[ឬ​«សង្ឃឹម​លើ»]​ព្រះ​យេហូវ៉ា​ចុះ! ចូរ​មាន​កំឡាំង​ហើយ​ឲ្យ​ចិត្ត​ក្លាហាន​ឡើង! អើ! គួរ​រង់ចាំ​[ឬ​«សង្ឃឹម​លើ»]​ព្រះ​យេហូវ៉ា​ទៅ›។ (ទំនុកដំកើង ២៧:១៤; ខ.ស.) បើ​យើង​ចង់​រក្សា​ឲ្យ​មាន​កម្លាំង​ចិត្ត​ជានិច្ច យើង​មិន​គួរ​អនុញ្ញាត​ឲ្យ​សេចក្ដី​សង្ឃឹម​របស់​យើង​ទៅ​ជា​ស្រ​ពេច​ស្រពិល​ឡើយ។ ចូរ​ផ្ដិត​សេចក្ដី​សង្ឃឹម​នោះ​ឲ្យ​នៅ​ជាប់​ក្នុង​ចិត្ត​គំនិត​យើង។ បើ​យើង​ធ្វើ​ដូច្នេះ យើង​អាច​មាន​ចិត្ត​ក្លាហាន​និង​ចិត្ត​ខ្នះខ្នែង​ដូច​ព្រះ​យេស៊ូ​ក្នុង​កិច្ចការ​ដែល​ទ្រង់​បាន​បង្គាប់​ឲ្យ​សិស្ស​ទ្រង់​ធ្វើ។ (ម៉ាថាយ ២៤:១៤; ២៨:១៩, ២០) ប្រាកដ​មែន សេចក្ដី​សង្ឃឹម​រួម​ជា​មួយ​ជំនឿ​និង​សេចក្ដី​ស្រឡាញ់ ជា​គុណសម្បត្ដិ​ដែល​ស្ថិតស្ថេរ​ជា​រៀង​រហូត ហើយ​នេះ​ជា​គុណសម្បត្ដិ​ដែល​អ្នក​បម្រើ​ព្រះ​ត្រូវ​ការ​ជា​ចាំបាច់។—កូរិនថូសទី១ ១៣:១៣

តើ​អ្នក​មាន​«សេចក្ដី​សង្ឃឹម​ជា​បរិបូរ»​ទេ?

៤​. តើ​ពួក​គ្រិស្ត​សា​សនិក​ចាក់​ប្រេង​តាំង​និង​ពួក​«ចៀម​ឯ​ទៀត»​ដែល​ជា​គូកន​របស់​គាត់​រង់ចាំ​ទទួល​អ្វី​ដោយ​រីករាយ?

រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មាន​អនាគត​ល្អ​នៅ​មុខ​ពួក​គេ។ ពួក​គ្រិស្ត​សា​សនិក​ចាក់​ប្រេង​តាំង​រង់ចាំ​ដោយ​រីករាយ​នូវ​ឱកាស​បម្រើ​ការ​នៅ​ស្ថានសួគ៌​ជា​មួយ​ព្រះ​គ្រិស្ត។ ពួក​«ចៀម​ឯ​ទៀត»​សង្ឃឹម​ដល់​ថ្ងៃ​ដែល​ពួក​គេ​អាច​«រួច​ពី​ចំណង​នៃ​សេចក្ដី​ពុក​រលួយ ឲ្យ​បាន​សេរីភាព​នៃ​សិរី​ល្អ​របស់​ពួក​កូន​ព្រះ​[នៅ​លើ​ផែនដី]​វិញ»។ (យ៉ូហាន ១០:១៦; រ៉ូម ៨:១៩​-​២១; ភីលីព ៣:២០) «សេរីភាព​នៃ​សិរី​ល្អ»​នោះ រួម​បញ្ចូល​ការ​ប្រោស​ឲ្យ​រួច​ពី​បាប​និង​ផលវិបាក​ដែល​បណ្ដាល​មក​ពី​ភាព​មិន​គ្រប់​លក្ខណ៍។ ប្រាកដ​ណាស់ ក្នុង​នាម​ជា​អ្នក​ប្រទាន​«គ្រប់​ទាំង​របស់​ដ៏​ល្អ . . . នឹង​អស់​ទាំង​អំណោយ​ទាន​ដ៏​គ្រប់​លក្ខណ៍»​នោះ ព្រះ​យេហូវ៉ា​នឹង​ប្រទាន​សេរីភាព​ដ៏​អស្ចារ្យ​នេះ​ដល់​អស់​អ្នក​ដែល​ស្មោះ​ត្រង់​ចំពោះ​ទ្រង់។—យ៉ាកុប ១:១៧; អេសាយ ២៥:៨

៥​. តើ​យើង​អាច​មាន​«សេចក្ដី​សង្ឃឹម​ជា​បរិបូរ»​ដោយ​ធ្វើ​អ្វី?

តើ​សេចក្ដី​សង្ឃឹម​របស់​យើង​ជា​គ្រិស្ត​សា​សនិក​គួរ​មាន​សារៈ​សំខាន់​ប៉ុណ្ណា? យើង​អាន​ថា​៖ «សូម​ព្រះ​នៃ​សេចក្ដី​សង្ឃឹម​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​អស់​ទាំង​សេចក្ដី​អំណរ​នឹង​សេចក្ដី​សុខសាន្ត​ដ៏​ពោរពេញ​ដោយសារ​សេចក្ដី​ជំនឿ ប្រយោជន៍​ឲ្យ​បាន​សេចក្ដី​សង្ឃឹម​ជា​បរិបូរ​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ»។ (រ៉ូម ១៥:១៣, កំណែ​ជា​អក្សរ​ទ្រេត) ត្រូវ​ហើយ យើង​មិន​ប្រៀបប្រដូច​សេចក្ដី​សង្ឃឹម​ទៅ​នឹង​ភ្លើង​ទាន​ដែល​ភ្លឺ​នៅ​ទី​ងងឹត​ទេ តែ​សេចក្ដី​សង្ឃឹម​របស់​យើង​គួរ​ប្រៀប​ដូច​ជា​សុរិយា​កំពុង​បញ្ចេញ​រស្មី ដ្បិត​សេចក្ដី​សង្ឃឹម​របស់​យើង​នាំ​ឲ្យ​មាន​សេចក្ដី​សុខសាន្ត ជីវិត​ដែល​មាន​គោល​បំណង សុភមង្គល​និង​ចិត្ត​ក្លាហាន។ សូម​កត់​សម្គាល់​ថា យើង​អាច​មាន​«សេចក្ដី​សង្ឃឹម​ជា​បរិបូរ» ឲ្យ​តែ​យើង​ជឿ​ទៅ​លើ​ព្រះ​គម្ពីរ​ជា​បន្ទូល​របស់​ព្រះ​យេហូវ៉ា ហើយ​ទទួល​វិញ្ញាណ​បរិសុទ្ធ​ពី​ទ្រង់។ រ៉ូម ១៥:​៤ ចែង​ថា​៖ «អស់​ទាំង​សេចក្ដី​ដែល​បាន​ចែង​ទុក​មក​ជា​មុន នោះ​បាន​ចែង​សំរាប់​នឹង​បង្រៀន​ដល់​យើង​រាល់​គ្នា ដើម្បី​ឲ្យ​យើង​បាន​សេចក្ដី​សង្ឃឹម​ដោយ​សេចក្ដី​អត់ធន់​នឹង​សេចក្ដី​កំសាន្ត​ចិត្ត​ដោយសារ​គម្ពីរ»។ ដូច្នេះ ចូរ​សួរ​ខ្លួន​ឯង​ថា ‹តើ​ខ្ញុំ​រក្សា​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ច្បាស់​លាស់​ដោយ​ធ្វើ​ជា​សិស្ស​ល្អ​ដែល​មាន​ទម្លាប់​អាន​ព្រះ​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ​ឬ​ទេ? តើ​ខ្ញុំ​អធិស្ឋាន​ជា​រឿយៗ​ដើម្បី​សូម​វិញ្ញាណ​ពី​ព្រះ​យេហូវ៉ា​ទេ?›។—លូកា ១១:១៣

៦​. តើ​យើង​ត្រូវ​ប្រយ័ត្ន​នឹង​អ្វី​ដើម្បី​កុំ​ឲ្យ​ក្ដី​សង្ឃឹម​បែរ​ជា​ស្រ​ពេច​ស្រពិល?

ព្រះ​យេស៊ូ​ជា​អ្នក​តាំង​គំរូ​សម្រាប់​យើង ហើយ​ទ្រង់​តែង​តែ​ទទួល​កម្លាំង​ពី​ព្រះ​បន្ទូល​របស់​ព្រះ។ បើ​យើង​ពិចារណា​មើល​គំរូ​របស់​ទ្រង់​យ៉ាង​ដិត​ដល់ យើង​នឹង​មិន​«នឿយ​ហត់»​ឬ​«រសាយ​ចិត្ត»​ទេ។ (ហេព្រើរ ១២:៣) ដ្បិត​បើ​សេចក្ដី​សង្ឃឹម​ដែល​ព្រះ​ប្រទាន​ឲ្យ​យើង​បែរ​ជា​ស្រ​ពេច​ស្រពិល ឬ​យើង​ចាប់​ផ្ដើម​គិត​ច្រើន​ពេក​អំពី​រឿង​ផ្សេង​ទៀត ដូច​ជា​ទ្រព្យ​សម្បត្ដិ​ឬ​គោល​ដៅ​ក្នុង​លោកិយ នោះ​យើង​អាច​ទៅ​ជា​ខ្សោយ​ខាង​វិញ្ញាណ។ ជា​លទ្ធផល យើង​នឹង​រសាយ​ចិត្ត​ក្លាហាន​ហើយ​លែង​មាន​ទឹក​ចិត្ត​រក្សា​ភាព​សីលធម៌។ បើ​មាន​ចិត្ត​គំនិត​បែប​នេះ គឺ​ងាយ​ស្រួល​ឲ្យ​យើង​«លិច​បាត់​ខាង​ឯ​សេចក្ដី​ជំនឿ»។ (ធីម៉ូថេទី១ ១:១៩) ផ្ទុយ​ទៅ​វិញ សេចក្ដី​សង្ឃឹម​ពិត​រមែង​ពង្រឹង​ជំនឿ​របស់​យើង។

សេចក្ដី​សង្ឃឹម​និង​ជំនឿ​រមែង​ផ្សា​ភ្ជាប់​គ្នា

៧​. តើ​ក្ដី​សង្ឃឹម​និង​ជំនឿ​ផ្សា​ភ្ជាប់​គ្នា​យ៉ាង​ដូច​ម្ដេច?

ព្រះ​គម្ពីរ​ចែង​ថា​៖ «សេចក្ដី​ជំនឿ . . . ជា​ចិត្ត​ដែល​ដឹង​ជាក់​ថា នឹង​បាន​ដូច​សង្ឃឹម ជា​សំគាល់​ពី​ការ​ដែល​មើល​មិន​ឃើញ»។ (ហេព្រើរ ១១:១) ដូច្នេះ សេចក្ដី​សង្ឃឹម​និង​ជំនឿ​របស់​យើង​មិន​មែន​ជា​គុណសម្បត្ដិ​ដែល​មិន​ទាក់ទង​គ្នា​ទេ ពីព្រោះ​សេចក្ដី​សង្ឃឹម​ជា​ផ្នែក​សំខាន់​មួយ​នៃ​ជំនឿ​របស់​យើង។ សូម​គិត​អំពី​លោក​អ័ប្រាហាំ។ ព្រះ​យេហូវ៉ា​បាន​សន្យា​ថា អ័ប្រាហាំ​និង​ភរិយា​ឈ្មោះ​សារ៉ា​នឹង​បង្កើត​កូន។ ប៉ុន្តែ ពេល​ទ្រង់​សន្យា​នោះ អ្នក​ទាំង​ពីរ​មាន​អាយុ​ដែល​មនុស្ស​ធម្មតា​ចាត់​ទុក​ថា មិន​អាច​បង្កើត​កូន​បាន​ទេ។ (លោកុប្បត្តិ ១៧:១៥​-​១៧) តើ​អ័ប្រាហាំ​មាន​អារម្មណ៍​យ៉ាង​ណា? «កាល​លោក​អស់​ទី​សង្ឃឹម​ហើយ នោះ​ក៏​ចេះ​តែ​ជឿ​ដោយ​សង្ឃឹម​វិញ ដើម្បី​ឲ្យ​បាន​ត្រឡប់​ជា​ឪពុក​ដល់​សាសន៍​ជា​ច្រើន»។ (រ៉ូម ៤:១៨, កំណែ​ជា​អក្សរ​ទ្រេត) ត្រូវ​ហើយ សេចក្ដី​សង្ឃឹម​ដែល​ព្រះ​យេហូវ៉ា​ប្រទាន​ឲ្យ​អ័ប្រាហាំ​នោះ ផ្ដល់​ហេតុ​ឲ្យ​គាត់​ជឿ​ថា​នឹង​បាន​កូន​មែន ហើយ​ជំនឿ​នោះ​ក៏​ពង្រឹង​កម្លាំង​គាត់​ឲ្យ​មាន​សង្ឃឹម​ខ្លាំង​ឡើង។ យ៉ាង​ណា​មិញ អ័ប្រាហាំ​និង​សារ៉ា​មាន​ចិត្ត​ក្លាហាន​ដល់​ម្ល៉េះ​បាន​ជា​សុខ​ចិត្ត​ចោល​ផ្ទះ​នៅ​ស្រុក​កំណើត​និង​លា​ចេញ​ពី​ពួក​ញាតិ​សន្ដាន ព្រម​ទាំង​រស់​អស់​មួយ​ជីវិត​ក្នុង​ត្រសាល​នៅ​ប្រទេស​ក្រៅ!

៨​. តើ​ការ​ស៊ូទ្រាំ​ដោយ​ស្មោះ​ត្រង់​អាច​ពង្រឹង​ក្ដី​សង្ឃឹម​របស់​យើង​បាន​យ៉ាង​ណា?

អ័ប្រាហាំ​បាន​រក្សា​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​រឹង​មាំ​ដោយ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ទាំង​ស្រុង សូម្បី​តែ​ពេល​ពិបាក​ធ្វើ​ដូច្នេះ​ក៏​ដោយ។ (លោកុប្បត្តិ ២២:២, ១២) ស្រដៀង​គ្នា​ដែរ យើង​ក៏​នឹង​ទទួល​រង្វាន់​ជា​មិន​ខាន ឲ្យ​តែ​យើង​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​និង​ស៊ូទ្រាំ​ក្នុង​កិច្ច​បម្រើ​ទ្រង់។ ប៉ុល​បាន​សរសេរ​ថា ការ​«ទ្រាំទ្រ»​នាំ​«ឲ្យ​មាន​សេចក្ដី​ស៊ាំ​ថ្នឹក»​ឬ​ក៏​ធ្វើ​ឲ្យ​ព្រះ​សព្វ​ព្រះ​ហឫទ័យ​នឹង​យើង ហើយ​នេះ​បង្កើត​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ដែល​«មិន​ធ្វើ​អោយ​យើង​ខក​ចិត្ត​ឡើយ»។ (រ៉ូម ៥:៤, ៥; ខ.ស.) ហេតុ​នេះ​ហើយ​បាន​ជា​ប៉ុល​សរសេរ​ថា​៖ «យើង​ចង់​អោយ​បងប្អូន​ម្នាក់ៗ​នៅ​តែ​មាន​ចិត្ត​ខ្នះខ្នែង​រហូត​ដល់​ចុង​បញ្ចប់ គឺ​ធ្វើ​អោយ​សេចក្ដី​សង្ឃឹម​របស់​បងប្អូន​បាន​ពេញ​លក្ខណៈ»​ឬ​ឲ្យ​គេ​ជឿជាក់​ថា​នឹង​បាន​ដូច​សង្ឃឹម។ (ហេប្រឺ [ហេព្រើរ] ៦:១១, ខ.ស.) ពេល​មាន​ទុក្ខ​ផ្សេងៗ ទស្សនៈ​វិជ្ជមាន​បែប​នេះ​ដែល​មាន​មូលដ្ឋាន​លើ​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា អាច​ជួយ​យើង​មាន​ចិត្ត​ក្លាហាន​និង​អំណរ​ផង។

«ចូរ​អរ​សប្បាយ​ដោយ​មាន​សង្ឃឹម»

៩​. តើ​យើង​ត្រូវ​ធ្វើ​អ្វី​ជា​ញឹកញយ​ដើម្បី‹អរ​សប្បាយ​នឹង​សេចក្ដី​សង្ឃឹម›ជានិច្ច?

សេចក្ដី​សង្ឃឹម​ដែល​ព្រះ​យេហូវ៉ា​ប្រទាន​ឲ្យ​យើង មាន​តម្លៃ​ជាង​អ្វីៗ​ទាំង​អស់​ដែល​លោកិយ​នេះ​អាច​ផ្ដល់​ឲ្យ។ បទ​ទំនុក​មួយ​ចែង​ថា​៖ ‹ចូរ​[«សង្ឃឹម​លើ»]​ព្រះ​យេហូវ៉ា ហើយ​កាន់​តាម​ផ្លូវ​ទ្រង់​ចុះ! នោះ​ទ្រង់​នឹង​ដំកើង​អ្នក​ឲ្យ​បាន​ផែនដី​ជា​មរ​ដក។ នៅ​គ្រា​ដែល​មនុស្ស​អាក្រក់​ត្រូវ​កាត់​ចេញ នោះ​អ្នក​នឹង​បាន​ឃើញ​ហើយ›។ (ទំនុកដំកើង ៣៧:៣៤; ខ.ស.) ត្រូវ​មែន យើង​ពិត​ជា​មាន​មូលហេតុ​ត្រឹម​ត្រូវ​ឲ្យ​មាន​ចិត្ត​«អរ​សប្បាយ​ដោយ​មាន​សង្ឃឹម»។ (រ៉ូម ១២:១២) ប៉ុន្តែ បើ​យើង​ចង់​មាន​ចិត្ត​អរ​សប្បាយ​នោះ យើង​ត្រូវ​គិត​ជានិច្ច​អំពី​សេចក្ដី​សង្ឃឹម​របស់​យើង។ ដូច្នេះ តើ​អ្នក​រំពឹង​គិត​ជា​ញឹកញយ​អំពី​សេចក្ដី​សង្ឃឹម​ដែល​ព្រះ​យេហូវ៉ា​ប្រទាន​ឲ្យ​ទេ? តើ​អ្នក​ស្រមៃ​ឃើញ​ខ្លួន​ក្នុង​សួន​មនោរម្យ មាន​ទឹក​មុខ​សប្បាយ​រីករាយ​ដោយ​ព្រោះ​មាន​សុខភាព​ល្អ​និង​គ្មាន​កង្វល់​អ្វី​សោះ​ទេ? តើ​អ្នក​អាច​ស្រមៃ​ឃើញ​ខ្លួន​កំពុង​តែ​ធ្វើ​កិច្ចការ​ដែល​ពេញ​ចិត្ត ហើយ​មាន​បងប្អូន​ជា​ទី​ស្រឡាញ់​នៅ​ជុំវិញ​ឬ​ទេ? ពេល​មើល​រូបភាព​ពី​សួន​មនោរម្យ តើ​អ្នក​ឆ្លៀត​ឱកាស​ដើម្បី​រំពឹង​គិត​អំពី​ស្ថានភាព​នោះ​ឬ? ពេល​យើង​គិត​វែង​ឆ្ងាយ​អំពី​រឿង​នោះ​ម្ដង​ហើយ​ម្ដង​ទៀត នេះ​ប្រៀប​ដូច​ជា​ការ​សម្អាត​កញ្ចក់​ដើម្បី​មើល​ទេសភាព​ស្រស់​បំព្រង​នៅ​ខាង​ក្រៅ។ បើ​យើង​ភ្លេច​សម្អាត​កញ្ចក់ មិន​យូរ​មិន​ឆាប់​យើង​ក៏​លែង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ទេសភាព​ស្អាត​នោះ ពីព្រោះ​វា​មាន​ភាព​ស្រអាប់​វិញ ដោយសារ​កញ្ចក់​មិន​ស្អាត។ ជា​លទ្ធផល យើង​ចាប់​ផ្ដើម​មើល​ឬ​គិត​អំពី​អ្វីៗ​ផ្សេង​ទៀត។ កុំ​ឲ្យ​សេចក្ដី​សង្ឃឹម​របស់​យើង​ប្រែ​ជា​ស្រអាប់​ដូច​នេះ​ឡើយ!

១០​. តើ​ការ​សម្លឹង​ទៅ​រង្វាន់​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​យើង​មាន​ចំណង​មិត្តភាព​ល្អ​ជា​មួយ​ព្រះ​យេហូវ៉ា?

១០ ពិត​មែន មូលហេតុ​ចម្បង​ដែល​យើង​បម្រើ​ព្រះ​យេហូវ៉ា​គឺ​ដោយ​ព្រោះ​យើង​ស្រឡាញ់​ទ្រង់។ (ម៉ាកុស ១២:៣០) យ៉ាង​ណា​ក៏​ដោយ គឺ​សំខាន់​ឲ្យ​យើង​សម្លឹង​ទៅ​រង្វាន់​ដោយ​ចិត្ត​រីករាយ។ តាម​ការ​ពិត ការ​ចង់​បាន​រង្វាន់​របស់​យើង​នោះ ព្រះ​យេហូវ៉ា​ពិត​ជា​សព្វ​ព្រះ​ហឫទ័យ​មែន! ហេព្រើរ ១១:៦ ចែង​ថា​៖ «បើ​ឥត​មាន​សេចក្ដី​ជំនឿ​ទេ នោះ​មិន​អាច​នឹង​គាប់​ដល់​ព្រះ​ហឫទ័យ​ព្រះ​បាន​ឡើយ ដ្បិត​អ្នក​ណា​ដែល​ចូល​ទៅ​ឯ​ព្រះ នោះ​ត្រូវ​តែ​ជឿ​ថា​មាន​ព្រះ​មែន ហើយ​ថា​ទ្រង់​ប្រទាន​រង្វាន់​ដល់​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់»។ ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​យើង​សង្ឃឹម​លើ​ទ្រង់​ជា​អ្នក​ប្រទាន​រង្វាន់? គឺ​ពីព្រោះ​ពេល​ដែល​យើង​ធ្វើ​ដូច្នេះ យើង​បង្ហាញ​ថា​យើង​ស្គាល់​ព្រះ​វរបិតា​របស់​យើង​នៅ​ស្ថានសួគ៌​យ៉ាង​ច្បាស់។ ព្រះ​យេហូវ៉ា​មាន​ព្រះទ័យ​សទ្ធា​ហើយ​ស្រឡាញ់​កូន​ចៅ​របស់​ទ្រង់។ សូម​គិត​ទៅ​មើល បើ​យើង​គ្មាន‹សេចក្ដី​សង្ឃឹម​នៅ​ចុង​បំផុត›នោះ យើង​ពិត​ជា​អត់​សប្បាយ​ហើយ​ងាយ​ធ្លាក់​ទឹក​ចិត្ត​ណាស់ មែន​ទេ?—យេរេមា ២៩:១១

១១​. តើ​ក្ដី​សង្ឃឹម​ដែល​ព្រះ​ប្រទាន​ឲ្យ​ម៉ូសេ​ជួយ​គាត់​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​យ៉ាង​ណា?

១១ លោក​ម៉ូសេ​បាន​តាំង​គំរូ​ដ៏​អស្ចារ្យ​ក្នុង​ការ​ផ្ដោត​អារម្មណ៍​ជានិច្ច​លើ​សេចក្ដី​សង្ឃឹម​ដែល​ព្រះ​យេហូវ៉ា​ប្រទាន​ឲ្យ។ ក្នុង​នាម​ជា​«កូន​របស់​បុត្រី​ផារ៉ោន» ម៉ូសេ​អាច​ទទួល​អំណាច បុណ្យ​ស័ក្ដិ​និង​ទ្រព្យ​សម្បត្ដិ​ច្រើន​សន្ធឹក​ណាស់​ក្នុង​ស្រុក​អេស៊ីប។ តើ​ម៉ូសេ​ដេញ​តាម​របស់​ទាំង​នោះ​ឬ​បម្រើ​ព្រះ​យេហូវ៉ា​វិញ? ម៉ូសេ​បាន​បង្ហាញ​ចិត្ត​ក្លាហាន​ដោយ​សម្រេច​ចិត្ត​បម្រើ​ព្រះ​យេហូវ៉ា។ ហេតុ​អ្វី? ពីព្រោះ​ម៉ូសេ​បាន​«សំឡឹង​ចំ​ទៅ​ឯ​រង្វាន់​វិញ»។ (ហេព្រើរ ១១:២៤​-​២៦, កំណែ​ជា​អក្សរ​ទ្រេត) ពិត​មែន​ហើយ ម៉ូសេ​បាន​ចាត់​ទុក​សេចក្ដី​សង្ឃឹម​ពី​ព្រះ​យេហូវ៉ា​ជា​អ្វី​ដែល​សំខាន់​ណាស់!

១២​. ហេតុ​អ្វី​ក៏​សេចក្ដី​សង្ឃឹម​របស់​ពួក​គ្រិស្ត​សា​សនិក​ប្រៀប​ដូច​ជា​មួក​សឹក?

១២ សាវ័ក​ប៉ុល​បាន​ប្រៀបប្រដូច​សេចក្ដី​សង្ឃឹម​ទៅ​នឹង​មួក​សឹក។ មួក​ជា​អត្ថបដិរូប​នេះ​អាច​ការពារ​គំនិត​របស់​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ល្អ ជ្រើសរើស​អ្វី​ដែល​គួរ​មាន​អាទិ​ភាព​ក្នុង​ជីវិត និង​រក្សា​ឲ្យ​មាន​ចិត្ត​ស្មោះ​គ្រប់​លក្ខណ៍​ផង។ (ថែស្សាឡូនីចទី១ ៥:៨) តើ​អ្នក​គិត​ជានិច្ច​អំពី​សេចក្ដី​សង្ឃឹម​របស់​អ្នក ហាក់​ដូច​ជា​កំពុង​តែ​ពាក់​មួក​សឹក​រហូត​ឬ​ទេ? បើ​ធ្វើ​ដូច្នេះ​មែន អ្នក​កំពុង​តែ​ធ្វើ​តាម​គំរូ​របស់​ម៉ូសេ​និង​ប៉ុល​ដោយ​មិន‹ទុក​ចិត្ត​[ឬ​«យក​ជា​ទី​សង្ឃឹម»​នូវ]​ទ្រព្យ​សម្បត្ដិ​ដែល​មិន​ទៀង​នោះ​ឡើយ› តែ​«ទុក​ចិត្ត​[ឬ​«សង្ឃឹម​លើ»]​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​វិញ ដែល​ទ្រង់​ប្រទាន​គ្រប់​ទាំង​អស់​មក​យើង​រាល់​គ្នា​ជា​បរិបូរ​ឲ្យ​យើង​បាន​អរ​សប្បាយ»។ ប្រាកដ​ណាស់ យើង​ត្រូវ​តែ​មាន​ចិត្ត​ក្លាហាន​ដើម្បី​បដិសេធ​នឹង​ការ​រក​តែ​ប្រយោជន៍​ខ្លួន​ឯង​ដូច​មនុស្ស​ដទៃ។ ទង្វើ​បែប​នេះ​ពិត​ជា​នាំ​ឲ្យ​មាន​ផល​ល្អ! ដ្បិត​អស់​អ្នក​ណា​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​សង្ឃឹម​លើ​ទ្រង់​អាច​ទទួល​«ជីវិត​អស់កល្ប​ជានិច្ច» ហើយ​គ្មាន​រង្វាន់​អ្វី​សោះ​ដែល​ប្រសើរ​ជាង​នេះ!—ធីម៉ូថេទី១ ៦:១៧, ១៩; ខ.ស.

«អញ​នឹង​មិន​ចាក​ចេញ​ពី​ឯង»

១៣​. ចំពោះ​អស់​អ្នក​ដែល​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា តើ​ទ្រង់​ធានា​យ៉ាង​ណា?

១៣ «សេចក្ដី​ទុក្ខ»​ក្នុង​លោកិយ​នេះ​ចេះ​តែ​ចម្រើន​ឡើងៗ​ជានិច្ច។ (ម៉ាថាយ ២៤:៨) ដូច្នេះ មនុស្ស​ដែល​សង្ឃឹម​លើ​របប​លោកិយ​នេះ​តែ​ប៉ុណ្ណោះ ច្បាស់​ជា​ខ្វល់ខ្វាយ​ណាស់​អំពី​ពេល​អនាគត។ ប៉ុន្តែ មនុស្ស​ដែល​សង្ឃឹម​លើ​ព្រះ​យេហូវ៉ា​មិន​ព្រួយ​បារម្ភ​ដូច​អ្នក​ទាំង​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ អស់​អ្នក​ដែល​សង្ឃឹម​លើ​ព្រះ​យេហូវ៉ា​ចេះ​តែ​រស់​នៅ​«ដោយ​សេចក្ដី​សុខ​ពិត ហើយ​[ក៏]​មាន​សេចក្ដី​សំរាក ឥត​ភ័យ​ខ្លាច​ចំពោះ​ការ​អាក្រក់​ឡើយ»។ (សុភាសិត ១:៣៣) ដោយសារ​ពួក​គេ​មិន​សង្ឃឹម​លើ​របប​លោកិយ​នា​បច្ចុប្បន្ន​នេះ នោះ​គេ​ពេញ​ចិត្ត​ធ្វើ​តាម​ឱវាទ​របស់​ប៉ុល​ដែល​ដាស់​តឿន​ថា​៖ «ចូរ​ឲ្យ​កិរិយា​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត បាន​ឥត​លោភ​ឡើយ ឲ្យ​ស្កប់​ចិត្ត​នឹង​របស់​ដែល​មាន​ហើយ​ប៉ុណ្ណោះ​ចុះ! ដ្បិត​ទ្រង់​មាន​បន្ទូល​ថា​៖ ‹អញ​នឹង​មិន​ចាក​ចេញ​ពី​ឯង ក៏​មិន​បោះបង់​ចោល​ឯង​ឡើយ›»។—ហេព្រើរ ១៣:៥

១៤​. ហេតុ​អ្វី​បាន​ជា​ពួក​គ្រិស្ត​សា​សនិក​មិន​ចាំបាច់​ខ្វល់ខ្វាយ​ច្រើន​ពេក​អំពី​ការ​ចិញ្ចឹម​ជីវិត?

១៤ បន្ទូល​របស់​ព្រះ​យេហូវ៉ា​ដែល​ថា​នឹង‹មិន​ចាក​ចេញ​ឬ​បោះបង់​ចោល​យើង​ឡើយ› ធ្វើ​ឲ្យ​យើង​ដឹង​ប្រាកដ​ក្នុង​ចិត្ត​ថា​ទ្រង់​នឹង​ថែរក្សា​យើង​ជានិច្ច។ ព្រះ​យេស៊ូ​ក៏​ធានា​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​ហើយ​យក​ព្រះទ័យ​ទុក​ដាក់​ចំពោះ​យើង​ដោយ​មាន​បន្ទូល​ថា​៖ «ចូរ​ស្វែង​រក​នគរ​នឹង​សេចក្ដី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន ទើប​គ្រប់​របស់​ទាំង​នោះ​[ដែល​ចាំបាច់​ដើម្បី​ចិញ្ចឹម​ជីវិត]​នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង។ ដូច្នេះ កុំ​ឲ្យ​ខ្វល់ខ្វាយ​នឹង​ថ្ងៃ​ស្អែក​ឡើយ ពីព្រោះ​ថ្ងៃ​ស្អែក​នឹង​ខ្វល់ខ្វាយ​ចំពោះ​ការ​របស់​ថ្ងៃ​នោះ​ឯង»។ (ម៉ាថាយ ៦:៣៣, ៣៤) ព្រះ​យេហូវ៉ា​ជ្រាប​ថា ជា​ការ​ពិបាក​ណាស់​ឲ្យ​យើង​ខ្នះខ្នែង​ធ្វើ​កិច្ច​បម្រើ​ខាង​ព្រះ​រាជាណាចក្រ​របស់​ទ្រង់​ព្រម​ទាំង​បំពេញ​ភារកិច្ច​ចិញ្ចឹម​ជីវិត​ខ្លួន​ផង។ ដូច្នេះ ចូរ​ឲ្យ​យើង​ទុក​ចិត្ត​ទាំង​ស្រុង​ថា ព្រះ​យេហូវ៉ា​មាន​សមត្ថភាព​ផ្ដល់​អ្វីៗ​ដែល​យើង​ត្រូវ​ការ ហើយ​ទ្រង់​ក៏​សព្វ​ព្រះ​ហឫទ័យ​ធ្វើ​ដូច្នេះ​ដែរ។—ម៉ាថាយ ៦:២៥​-​៣២; ១១:២៨​-​៣០

១៥​. តើ​ពួក​គ្រិស្ត​សា​សនិក​គួរ​រក្សា​ឲ្យ​មាន‹ភ្នែក​ល្អ›យ៉ាង​ដូច​ម្ដេច?

១៥ យើង​ក៏​បង្ហាញ​ថា​យើង​ពឹង​ទៅ​លើ​ព្រះ​យេហូវ៉ា​ដោយ​រក្សា​ឲ្យ​មាន‹ភ្នែក​ល្អ›។ (ម៉ាថាយ ៦:២២, ២៣) ភ្នែក​ល្អ​នេះ​មាន​ន័យ​ថា យើង​មាន​ចិត្ត​ស្មោះ មាន​បំណង​ចិត្ត​ត្រឹម​ត្រូវ ហើយ​គ្មាន​ចិត្ត​លោភ​ឬ​មហិច្ឆតា​ឡើយ។ ប៉ុន្តែ ការ​រក្សា​ឲ្យ​មាន​ភ្នែក​ល្អ​ដោយ​មាន​របៀប​រស់​នៅ​សាមញ្ញៗ មិន​មាន​ន័យ​ថា​យើង​ត្រូវ​លះបង់​ទ្រព្យ​សម្បត្ដិ​ទាំង​អស់ ហើយ​ក្លាយ​ជា​ជន​ក្រីក្រ​ដែល​គ្មាន​លទ្ធភាព​ចិញ្ចឹម​ជីវិត​ឡើយ ដ្បិត​ពួក​គ្រិស្ត​សា​សនិក​ក៏​មាន​ភារកិច្ច​ចិញ្ចឹម​គ្រួសារ​របស់​ខ្លួន​ដែរ។ ផ្ទុយ​ទៅ​វិញ ពេល​យើង​ចាត់​ទុក​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​ជា​អាទិ​ភាព​ក្នុង​ជីវិត នេះ​បង្ហាញ​ថា​យើង​មាន​«ប្រាជ្ញា​នឹង​ធឹង»​ដោយសារ​មាន​ភ្នែក​ល្អ។—ធីម៉ូថេទី២ ១:៧

១៦​. ហេតុ​អ្វី​ក៏​ចាំបាច់​ឲ្យ​យើង​មាន​ជំនឿ​និង​ចិត្ត​ក្លាហាន​ដើម្បី​រក្សា​ឲ្យ​មាន​ភ្នែក​ល្អ?

១៦ ការ​រក្សា​ឲ្យ​មាន​ភ្នែក​ល្អ​តម្រូវ​ឲ្យ​យើង​មាន​ជំនឿ​និង​ចិត្ត​ក្លាហាន។ ជា​ឧទាហរណ៍ ចុះ​យ៉ាង​ណា​បើ​ថៅកែ​បង្ខិត​បង្ខំ​អ្នក​ឲ្យ​ធ្វើ​ការ​រាល់​សប្ដាហ៍​ចំ​ម៉ោង​ដែល​គួរ​ចូល​រួម​កិច្ច​ប្រជុំ​ជា​មួយ​បងប្អូន​រួម​ជំនឿ? តើ​អ្នក​នឹង​មាន​ចិត្ត​ក្លាហាន​ហើយ​បំពេញ​ភារកិច្ច​របស់​ខ្លួន​ជា​គ្រិស្ត​សា​សនិក​ឬ​ទេ? បើមិន​ទុក​ចិត្ត​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា ថា​ទ្រង់​នឹង​ថែរក្សា​អ្នក​បម្រើ​ទ្រង់ អ្នក​នោះ​ប្រហែល​ជា​សុខ​ចិត្ត​ឈប់​ទៅ​ប្រជុំ​ភ្លាមៗ ពេល​សាតាំង​បណ្ដាល​ឲ្យ​មាន​ការ​បង្ខិត​បង្ខំ​ខ្លាំង​បន្ដិច។ ត្រូវ​មែន បើ​យើង​ខ្វះ​ជំនឿ សាតាំង​អាច​មាន​ឥទ្ធិពល​លើ​យើង​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​វា​ជ្រើសរើស​អ្វី​ដែល​មាន​អាទិ​ភាព​ក្នុង​ជីវិត​យើង​ជំនួស​ព្រះ​យេហូវ៉ា។ គួរ​ឲ្យ​ស្ដាយ​ណាស់! បើ​វា​ឈ្នះ​លើ​យើង​បែប​នេះ។—កូរិនថូសទី២ ១៣:៥

‹ចូរ​សង្ឃឹម​លើ​ព្រះ​យេហូវ៉ា​ចុះ!›

១៧​. បច្ចុប្បន្ន​នេះ តើ​ពួក​អ្នក​ដែល​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​ទទួល​ពរ​អ្វី?

១៧ បទ​គម្ពីរ​នានា​បង្ហាញ​ថា មនុស្ស​ដែល​ពឹង​ព្រះ​យេហូវ៉ា​ហើយ​សង្ឃឹម​លើ​ទ្រង់ នឹង​មិន​ដែល​ខក​ចិត្ត​ឡើយ។ (សុភាសិត ៣:៥, ៦; យេរេមា ១៧:៧) ជួន​កាល​ពួក​គេ​មិន​សូវ​មាន​វត្ថុ​ទ្រព្យ​ច្រើន​ដូច​អ្នក​ដទៃ​មែន ប៉ុន្តែ​ពួក​គេ​សុខ​ចិត្ត​ខ្វះ​បន្ដិច​បន្តួច​ដើម្បី​ឲ្យ​បាន​ពរ​ជា​បរិបូរ​នៅ​ពេល​អនាគត។ យ៉ាង​នេះ ពួក​គេ​បង្ហាញ​ថា​គេ​កំពុង​តែ‹រង់ចាំ​[ឬ​«សង្ឃឹម​លើ»]​ព្រះ​យេហូវ៉ា› ហើយ​ទុក​ចិត្ត​ថា​ទ្រង់​នឹង​បំពេញ​បំណង​ចិត្ត​ត្រឹម​ត្រូវ​របស់​អស់​អ្នក​ដែល​ស្មោះ​ត្រង់​ចំពោះ​ទ្រង់។ (ទំនុកដំកើង ៣៧:៤, ៣៤; ខ.ស.) ជា​លទ្ធផល បច្ចុប្បន្ន​នេះ​ពួក​គេ​មាន​សុភមង្គល​ដែរ។ «ការ​សង្ឃឹម​របស់​មនុស្ស​សុចរិត នោះ​នាំ​ឲ្យ​មាន​ចិត្ត​រីករាយ តែ​សេចក្ដី​ទុក​ចិត្ត​របស់​មនុស្ស​អាក្រក់​នឹង​សូន្យ​បាត់​ទៅ»។—សុភាសិត ១០:២៨

១៨, ១៩​. (ក) តើ​ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ធានា​ធ្វើ​អ្វី? (ខ) តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​មាន​ព្រះ​យេហូវ៉ា​«គង់​នៅ​ខាង​ស្ដាំ»​យើង​ជានិច្ច?

១៨ ពេល​ឪពុក​ដើរ​កាន់​ដៃ​កូន វា​គ្មាន​ហេតុ​ភ័យ​ខ្លាច​អ្វី​ឡើយ។ នេះ​គឺ​ដូច​គ្នា​ដែរ ពេល​ដែល​យើង​ដើរ​ជា​មួយ​នឹង​ព្រះ​វរបិតា​របស់​យើង​នៅ​ស្ថានសួគ៌។ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ដល់​ប្រជាជន​អ៊ីស្រាអែល​ថា​៖ «កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ​នឹង​ឯង . . . អញ​នឹង​ជួយ​ឯង . . . ដ្បិត​អញ​នេះ​គឺ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង អញ​នឹង​កាន់​ដៃ​ស្ដាំ​ឯង ដោយ​ពោល​នឹង​ឯង​ថា​៖ ‹កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ អញ​នឹង​ជួយ​ឯង›»។—អេសាយ ៤១:១០, ១៣

១៩ នេះ​ពិត​ជា​ធ្វើ​ឲ្យ​យើង​គិត​ពី​ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​កក់ក្ដៅ​ណាស់! ពោល​គឺ​មាន​ព្រះ​យេហូវ៉ា​កាន់​ដៃ​យើង។ ដាវីឌ​បាន​សរសេរ​ថា​៖ «ទូល​បង្គំ​បាន​តាំង​ព្រះ​យេហូវ៉ា​នៅ​មុខ​ទូល​បង្គំ​ជា​ដរាប ហើយ​ដោយ​ព្រោះ​ទ្រង់​គង់​នៅ​ខាង​ស្ដាំ​ទូល​បង្គំ​បាន​ជា​ទូល​បង្គំ​មិន​ត្រូវ​រង្គើ​ឡើយ»។ (ទំនុកដំកើង ១៦:៨) តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​មាន​ព្រះ​យេហូវ៉ា​«គង់​នៅ​ខាង​ស្ដាំ»​យើង​ជានិច្ច? យ៉ាង​ហោច​ណាស់​មាន​វិធី​ពីរ​យ៉ាង។ ទី​មួយ យើង​អនុញ្ញាត​ឲ្យ​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​ណែនាំ​ជីវិត​យើង​គ្រប់​យ៉ាង។ ទីពីរ យើង​ផ្ដោត​អារម្មណ៍​លើ​រង្វាន់​ដ៏​អស្ចារ្យ​ដែល​ព្រះ​យេហូវ៉ា​ដាក់​នៅ​ពី​មុខ​យើង។ លោក​អេសាភ​ជា​អ្នក​ច្រៀង​បទ​ទំនុក​មួយ​ថា​៖ «ទូល​បង្គំ​នៅ​ជាប់​នឹង​ទ្រង់​ជានិច្ច ទ្រង់​បាន​កាន់​ដៃ​ស្ដាំ​នៃ​ទូល​បង្គំ ទ្រង់​នឹង​នាំ​ទូល​បង្គំ​ដោយ​ដំបូន្មាន​របស់​ទ្រង់ រួច​នឹង​ទទួល​ទូល​បង្គំ​ចូល​ក្នុង​សិរី​ល្អ»។ (ទំនុកដំកើង ៧៣:២៣, ២៤) ការ​ធានា​បែប​នេះ​ពិត​ជា​ជួយ​យើង​ឈាន​ទៅ​មុខ​ដោយ​មាន​ទំនុក​ចិត្ត​មែន។

‹សេចក្ដី​ប្រោស​លោះ​ជិត​ដល់​ហើយ›

២០, ២១​. តើ​អស់​អ្នក​ដែល​សង្ឃឹម​លើ​ព្រះ​យេហូវ៉ា​អាច​ទទួល​អនាគត​បែប​ណា?

២០ ក្នុង​កំលុង​គ្រា​នេះ គឺ​ចាំបាច់​ណាស់​ដែល​ព្រះ​យេហូវ៉ា​គង់​នៅ​ខាង​ស្ដាំ​យើង​ជានិច្ច។ មិន​យូរ​ប៉ុន្មាន​ទៀត របប​លោកិយ​របស់​សាតាំង​នឹង​រង​សេចក្ដី​វេទនា​ជា​ខ្លាំង​ជាង​មុនៗ​ទៅ​ទៀត ដែល​ត្រូវ​ចាប់​ផ្ដើម​ដោយ​បំផ្លាញ​ចោល​សាសនា​មិន​ពិត​ទាំង​ឡាយ។ (ម៉ាថាយ ២៤:២១) មនុស្ស​ដែល​គ្មាន​ជំនឿ​លើ​ព្រះ​យេហូវ៉ា​នឹង​ស្រយុត​ចិត្ត​ជា​ខ្លាំង។ គ្រា​នោះ​នឹង​ពេញ​ទៅ​ដោយ​ភាព​ច្របូកច្របល់​ណាស់ ប៉ុន្តែ​ពួក​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ដែល​មាន​ចិត្ត​ក្លាហាន​និង​មាន​ចិត្ត​រីករាយ​វិញ ដោយ​ព្រោះ​មាន​សេចក្ដី​សង្ឃឹម! ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ «កាល​ណា​ការ​ទាំង​នេះ​ចាប់​តាំង​កើត​មក នោះ​ឲ្យ​អ្នក​រាល់​គ្នា​ងើប​មើល​ទៅ​លើ ពីព្រោះ​សេចក្ដី​ប្រោស​លោះ​របស់​អ្នក​រាល់​គ្នា​ជិត​ដល់​ហើយ»។—លូកា ២១:២៨

២១ ដូច្នេះ ចូរ​ឲ្យ​យើង​មាន​ចិត្ត​រីករាយ​ចំពោះ​សេចក្ដី​សង្ឃឹម​ដែល​ព្រះ​យេហូវ៉ា​ប្រទាន​ឲ្យ​យើង ហើយ​កុំ​ចាញ់​បញ្ឆោត​សាតាំង​ឬ​អនុញ្ញាត​ឲ្យ​វា​ប្រើ​ល្បិច​អ្វី​ក៏​ដោយ​ដើម្បី​បំបែរ​អារម្មណ៍​របស់​យើង​ចេញ​ពី​សេចក្ដី​សង្ឃឹម​នេះ។ ដំណាល​គ្នា​នោះ ចូរ​ឲ្យ​យើង​ព្យាយាម​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា ព្រម​ទាំង​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​និង​ជំនឿ​ថែម​ទៀត។ បើ​យើង​ធ្វើ​ដូច្នេះ យើង​នឹង​មាន​ចិត្ត​ក្លាហាន​ដើម្បី​តស៊ូ​ឬ​ប្រឆាំង​នឹង​អារក្ស ដោយ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ក្នុង​គ្រប់​កាលៈទេសៈ​ទាំង​អស់។ (យ៉ាកុប ៤:៧, ៨) ត្រូវ​មែន ចូរ​«សង្ឃឹម​ដល់​ព្រះ​យេហូវ៉ា​[ចុះ]! ចូរ​មាន​កំឡាំង​ឡើង​ហើយ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​បាន​ក្លាហាន​ចុះ!»។—ទំនុកដំកើង ៣១:២៤

[កំណត់​សម្គាល់]

^ វគ្គ 1 បទ​គម្ពីរ​ភាសា​ក្រិច​ច្រើន​តែ​ប្រើ​ពាក្យ​«សង្ឃឹម»​នេះ សំដៅ​ទៅ​លើ​រង្វាន់​ដែល​ពួក​គ្រិស្ត​សា​សនិក​ចាក់​ប្រេង​តាំង​នឹង​ទទួល​នៅ​ស្ថានសួគ៌។ ប៉ុន្តែ អត្ថបទ​នេះ​នឹង​ពិភាក្សា​អំពី​សេចក្ដី​សង្ឃឹម​ដែល​មាន​ន័យ​ទូលំទូលាយ​វិញ។

តើ​អ្នក​អាច​ឆ្លើយ​បាន​ទេ?

តើ​សេចក្ដី​សង្ឃឹម​បាន​ជួយ​ព្រះ​យេស៊ូ​យ៉ាង​ណា​ឲ្យ​មាន​ព្រះទ័យ​ក្លាហាន?

តើ​សេចក្ដី​សង្ឃឹម​និង​ជំនឿ​ជាប់​ទាក់ទង​គ្នា​យ៉ាង​ដូច​ម្ដេច?

ពេល​ត្រូវ​សម្រេច​អំពី​អ្វី​ដែល​គួរ​មាន​អាទិ​ភាព​ក្នុង​ជីវិត តើ​ក្ដី​សង្ឃឹម​រួម​ជា​មួយ​ជំនឿ​នឹង​ជួយ​គ្រិស្ត​សា​សនិក​មាន​ចិត្ត​ក្លាហាន​បាន​យ៉ាង​ណា?

ចំពោះ​អស់​អ្នក​ដែល‹សង្ឃឹម​លើ​ព្រះ​យេហូវ៉ា› ហេតុ​អ្វី​ក៏​ពួក​គេ​អាច​មាន​ទំនុក​ចិត្ត​ពេល​រង់ចាំ​អនាគត​ល្អ​នោះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​៣០]

ទោះ​ជា​ចាស់​ឬ​ក្មេង​ក្ដី តើ​អ្នក​ស្រមៃ​ឃើញ​ខ្លួន​ក្នុង​សួន​មនោរម្យ​ទេ?