លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរឲ្យតម្លៃចំពោះកិច្ចប្រជុំពិសិដ្ឋរបស់យើង

ចូរឲ្យតម្លៃចំពោះកិច្ចប្រជុំពិសិដ្ឋរបស់យើង

ចូរ​ឲ្យ​តម្លៃ​ចំពោះ​កិច្ច​ប្រជុំ​ពិសិដ្ឋ​របស់​យើង

​«អញ​នឹង​នាំ​គេ​មក​ឯ​ភ្នំ​បរិសុទ្ធ​របស់​អញ ហើយ​ឲ្យ​គេ​បាន​អរ​សប្បាយ​នៅ​ក្នុង​ដំណាក់​របស់​អញ ដែល​សំ​រាប់​ជា​ទី​អធិស្ឋាន»។—អេសាយ ៥៦:៧

១​. តើ​ព្រះ​គម្ពីរ​ផ្ដល់​ហេតុ​អ្វី​ខ្លះ​ក្នុង​ការ​ឲ្យ​តម្លៃ​ចំពោះ​កិច្ច​ប្រជុំ​របស់​យើង?

ព្រះ​យេហូវ៉ា​បាន​ប្រមូល​រាស្ត្រ​ទ្រង់​ដែល​រួម​បញ្ចូល​ពួក​គ្រិស្ត​សា​សនិក​ចាក់​ប្រេង​តាំង​និង​គូកន​របស់​គាត់​ឲ្យ​មក​ថ្វាយ​បង្គំ​ទ្រង់​នៅ​ឯ​«ភ្នំ​បរិសុទ្ធ»​របស់​ទ្រង់។ ព្រះ​យេហូវ៉ា​កំពុង​តែ​ធ្វើ​ឲ្យ​ពួក​គេ​អរ​សប្បាយ​ក្នុង‹ដំណាក់​របស់​ទ្រង់​សំរាប់​ជា​ទី​អធិស្ឋាន› ពោល​គឺ​ព្រះ​វិហារ​ខាង​វិញ្ញាណ​ដែល​ជា‹ដំណាក់​ជា​ទី​អធិស្ឋាន​សំរាប់​គ្រប់​ទាំង​សាសន៍›។ (អេសាយ ៥៦:៧; ម៉ាកុស ១១:១៧) ការ​ទាំង​នេះ​បង្ហើប​ឲ្យ​ដឹង​ថា ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ជា​អ្វី​បរិសុទ្ធ​និង​មាន​លក្ខណៈ​ខ្ពង់​ខ្ពស់​ផង​ដែរ។ ការ​ឲ្យ​តម្លៃ​យ៉ាង​ត្រឹម​ត្រូវ​ចំពោះ​កិច្ច​ប្រជុំ ការ​សិក្សា​និង​ការ​ថ្វាយ​បង្គំ​ព្រះ បង្ហាញ​ថា​យើង​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​អ្វីៗ​ដែល​ពិសិដ្ឋ។

២​. តើ​អ្វី​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ចាត់​ទុក​កន្លែង​ដែល​ទ្រង់​ជ្រើសរើស​ឲ្យ​មនុស្ស​ថ្វាយ​បង្គំ​ទ្រង់​ជា​ទី​ពិសិដ្ឋ? តើ​ព្រះ​យេស៊ូ​បង្ហាញ​យ៉ាង​ណា​ថា​ទ្រង់​មាន​ទស្សនៈ​ដូច​នេះ​ដែរ?

ពួក​អ៊ីស្រាអែល​សម័យ​បុរាណ​ត្រូវ​ចាត់​ទុក​កន្លែង​ដែល​ព្រះ​យេហូវ៉ា​ជ្រើសរើស​ឲ្យ​គេ​ថ្វាយ​បង្គំ​ទ្រង់​ជា​ទី​ពិសិដ្ឋ។ ពួក​គេ​ត្រូវ​ញែក​ឲ្យ​បរិសុទ្ធ​ហើយ​យក​ប្រេង​ចាក់លាប​រោង​ឧបោសថ​រួម​ទាំង​គ្រឿង​សង្ហា​រិម​និង​ប្រដាប់ប្រដា​ផ្សេងៗ​ទៀត‹ដើម្បី​ឲ្យ​របស់​ទាំង​នោះ​បាន​បរិសុទ្ធ​ជា​ទីបំផុត›។ (និក្ខមនំ ៣០:២៦​-​២៩) គេ​ហៅ​បន្ទប់​ពីរ​ក្នុង​រោង​ឧបោសថ​ថា «ទី​បរិសុទ្ធ»​និង​«ទី​បរិសុទ្ធ​បំផុត»។ (ហេព្រើរ ៩:២, ៣) ក្រោយៗ​មក មាន​ព្រះ​វិហារ​នៅ​ទី​ក្រុង​យេរូសាឡិម​ជំនួស​រោង​ឧបោសថ។ ដោយសារ​ទី​ក្រុង​យេរូសាឡិម​ជា​មជ្ឈ​មណ្ឌល​នៃ​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា គេ​ហៅ​ក្រុង​នោះ​ថា «ទី​ក្រុង​បរិសុទ្ធ»។ (នេហេមា ១១:១; ម៉ាថាយ ២៧:៥៣) ក្នុង​កំលុង​កិច្ច​បម្រើ​ផ្សាយ​របស់​ព្រះ​យេស៊ូ​នៅ​លើ​ផែនដី ទ្រង់​ក៏​បង្ហាញ​ថា​ទ្រង់​ឲ្យ​តម្លៃ​ចំពោះ​ព្រះ​វិហារ​ដែរ។ ព្រះ​យេស៊ូ​មាន​សេចក្ដី​ក្រោធ​ក្រៃលែង​ចំពោះ​ប្រជាជន​ដែល​មិន​ឲ្យ​តម្លៃ​ចំពោះ​ព្រះ​វិហារ​ដោយ​ប្រើ​កន្លែង​នោះ​សម្រាប់​ការ​រក​ស៊ី​លក់ដូរ​ហើយ​ទុក​ជា​ផ្លូវ​ដើរ​កាត់​ផង។—ម៉ាកុស ១១:​១៥, ១៦

៣​. តើ​អ្វី​បង្ហាញ​ថា​ការ​ប្រជុំ​គ្នា​របស់​ពួក​អ៊ីស្រាអែល​មាន​ភាព​ពិសិដ្ឋ?

ប្រជាជន​អ៊ីស្រាអែល​បាន​ប្រជុំ​គ្នា​ជា​ទៀងទាត់​ដើម្បី​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​និង​ស្ដាប់​ការ​អាន​ក្រឹត្យ​វិន័យ​របស់​ទ្រង់។ ថ្ងៃ​ខ្លះ​ក្នុង​ពិធី​បុណ្យ​ផ្សេងៗ​របស់​ពួក​គេ​ត្រូវ​ហៅ​ថា​ថ្ងៃ​ជំនុំ​បរិសុទ្ធ​ឬ​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ​ដែល​បង្ហាញ​ពី​ភាព​ពិសិដ្ឋ​នៃ​បុណ្យ​ទាំង​នោះ។ (លេវីវិន័យ ២៣:២, ៣, ៣៦, ៣៧) នៅ​ថ្ងៃ​ប្រជុំ​ធំ​មួយ​នា​សម័យ​លោក​អែសរ៉ា​និង​នេហេមា ពួក​លេវី​បាន​«ពន្យល់​ក្រិត្យ​វិន័យ​ដល់​ពួក​ជន»។ ពួក​«ជន​ទាំង​ឡាយ​បាន​យំ​ដោយ​ឮ​ពាក្យ​ក្នុង​ក្រិត្យ​វិន័យ​នោះ» ដូច្នេះ​ពួក​លេវី​«បាន​លួងលោម​ឲ្យ​បណ្ដា​ជន​នៅ​ស្ងៀម​ដោយ​ពាក្យ​ថា​៖ ‹ចូរ​អ្នក​រាល់​គ្នា​ស្ងៀម​ទៅ! ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​បរិសុទ្ធ›»។ រួច​មក ពួក​អ៊ីស្រាអែល​បាន​ធ្វើ​បុណ្យ​បារាំ​អស់​៧​ថ្ងៃ ទាំង​មាន​«សេចក្ដី​រីករាយ​កើត​ឡើង​ជា​ខ្លាំង»។ ម្យ៉ាង​ទៀត «រាល់ៗ​ថ្ងៃ ចាប់​តាំង​ពី​ថ្ងៃ​ដំបូង​ដរាប​ដល់​ថ្ងៃ​ចុង​បំផុត នោះ​លោក​ក៏​អាន​មើល​ក្នុង​គម្ពីរ​ក្រិត្យ​វិន័យ​របស់​ព្រះ។ គេ​ធ្វើ​បុណ្យ​នោះ​អស់​៧​ថ្ងៃ រួច​ដល់​ថ្ងៃ​ទី៨​នោះ​ក៏​ប្រជុំ​ជំនុំ​មុត​មាំ​តាម​របៀប»។ (នេហេមា ៨:៧​-​១១, ១៧, ១៨) ពួក​បណ្ដា​ជន​ត្រូវ​ឲ្យ​តម្លៃ​ចំពោះ​ពិធី​បុណ្យ​ទាំង​នោះ​ដោយ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ ពីព្រោះ​កម្មវិធី​ទាំង​នោះ​ពិត​ជា​ពិធី​បរិសុទ្ធ​មែន។

កិច្ច​ប្រជុំ​របស់​យើង​គឺ​ពិសិដ្ឋ

៤, ៥​. តើ​កិច្ច​ប្រជុំ​របស់​យើង​មាន​លក្ខណៈ​អ្វី​ខ្លះ​ដែល​បង្ហាញ​ថា​នោះ​ជា​កម្មវិធី​ពិសិដ្ឋ?

នៅ​សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​គ្មាន​ទី​ក្រុង​បរិសុទ្ធ​ណា​មួយ​នៅ​លើ​ផែនដី​ដែល​មាន​ព្រះ​វិហារ​ពិសេស​ទុក​ជា​កន្លែង​ថ្វាយ​បង្គំ​ទ្រង់​ទេ។ យ៉ាង​ណា​ក៏​ដោយ យើង​មិន​គួរ​ភ្លេច​ថា កិច្ច​ប្រជុំ​សម្រាប់​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ជា​កម្មវិធី​ពិសិដ្ឋ​ដែរ។ បី​ដង​រាល់​សប្ដាហ៍​យើង​ជួបជុំ​គ្នា​ដើម្បី​អាន​និង​សិក្សា​ព្រះ​គម្ពីរ។ កម្មវិធី​នោះ​រួម​បញ្ចូល​ការ​ពន្យល់​អំពី​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា ហើយ​ដូច​នៅ​សម័យ​នេហេមា​ក៏​មាន​ការ​«ស្រាយ​ន័យ​សេចក្ដី»​ផង​ដែរ។ (នេហេមា ៨:៨) កិច្ច​ប្រជុំ​ទាំង​អស់​របស់​យើង​ចាប់​ផ្ដើម​និង​ចប់​ដោយ​សេចក្ដី​អធិស្ឋាន ហើយ​ក្នុង​កម្មវិធី​ភាគ​ច្រើន​យើង​ក៏​ច្រៀង​ចម្រៀង​សរសើរ​ព្រះ​យេហូវ៉ា​ដែរ។ (ទំនុកដំកើង ២៦:១២) កិច្ច​ប្រជុំ​ជា​ក្រុមជំនុំ​ពិត​ជា​ផ្នែក​មួយ​នៃ​ការ​ថ្វាយ​បង្គំ​របស់​យើង ដូច្នេះ​យើង​គួរ​ឲ្យ​តម្លៃ​ចំពោះ​កម្មវិធី​នោះ​ដោយ​បង្ហាញ​សេចក្ដី​គោរព​តាម​រយៈ​ការ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ក្នុង​ពេល​ប្រជុំ។

ព្រះ​យេហូវ៉ា​រមែង​ប្រសិទ្ធពរ​លើ​រាស្ត្រ​ទ្រង់​ពេល​ពួក​គេ​ជួបជុំ​គ្នា​ដើម្បី​ថ្វាយ​បង្គំ​ទ្រង់ សិក្សា​ព្រះ​បន្ទូល​របស់​ទ្រង់ ហើយ​សំណេះសំណាល​គ្នា​យ៉ាង​សប្បាយ​ជា​គ្រិស្ត​សា​សនិក។ ពេល​ដល់​ម៉ោង​ដែល​យើង​ចូល​កិច្ច​ប្រជុំ យើង​អាច​ជឿជាក់​ថា‹ព្រះ​យេហូវ៉ា​នឹង​ប្រទាន​ឲ្យ​មាន​ព្រះ​ពរ›នៅ​ទី​នោះ​មែន។ (ទំនុកដំកើង ១៣៣:១, ៣) បើ​យើង​មាន​វត្តមាន​ហើយ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​កម្មវិធី​ខាង​វិញ្ញាណ​នោះ យើង​ក៏​នឹង​ទទួល​ព្រះ​ពរ​ដែរ។ ម្យ៉ាង​ទៀត ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ «កន្លែង​ណា​ដែល​មាន​២​ឬ​៣​នាក់​ប្រជុំ​ជា​មួយ​គ្នា​ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ខ្ញុំ​ក៏​នៅ​កណ្ដាល​ចំណោម​អ្នក​ទាំង​នោះ​ដែរ»។ បរិបទ​នៃ​ខ​នេះ​សំដៅ​ទៅ​លើ​ពេល​ដែល​ពួក​អ្នក​ចាស់​ទុំ​គ្រិស្ត​សា​សនិក​ជួបជុំ​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ធ្ងន់ធ្ងរ​រវាង​បងប្អូន ប៉ុន្តែ​គោលការណ៍​នេះ​ក៏​អាច​សំដៅ​ទៅ​លើ​កម្មវិធី​ប្រជុំ​របស់​យើង​ដែរ។ (ម៉ាថាយ ១៨:២០) បើ​ព្រះ​គ្រិស្ត​មាន​វត្តមាន​តាម​រយៈ​វិញ្ញាណ​បរិសុទ្ធ​ពេល​ពួក​គ្រិស្ត​សា​សនិក​ជួបជុំ​គ្នា​ដោយ​នូវ​ព្រះ​នាម​ទ្រង់​ឬ​ដោយ​ជឿ​ទៅ​លើ​ទ្រង់ នេះ​គប្បី​ឲ្យ​ចាត់​ទុក​កម្មវិធី​នោះ​ជា​អ្វី​ដែល​ពិសិដ្ឋ​ដែរ មែន​ទេ?

៦​. តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ទី​កន្លែង​ដែល​យើង​ប្រជុំ​គ្នា មិន​ថា​ជា​សាល​ធំ​ឬ​តូច​ក្ដី?

ព្រះ​យេហូវ៉ា​ពិត​ជា​មិន​គង់​នៅ​ក្នុង​អគារ​ដែល​មនុស្ស​ធ្វើ​ទេ។ យ៉ាង​ណា​ក្ដី សាល​ព្រះ​រាជាណាចក្រ​របស់​យើង​ជា​ទី​កន្លែង​រួម​គ្នា​សម្រាប់​ការ​ថ្វាយ​បង្គំ​ពិត។ (កិច្ចការ ៧:៤៨; ១៧:២៤) យើង​ជួបជុំ​គ្នា​ក្នុង​សាល​ទាំង​នេះ​ដើម្បី​សិក្សា​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា អធិស្ឋាន​ទូល​ទ្រង់​និង​ច្រៀង​សរសើរ​ទ្រង់​ផង។ យើង​ក៏​ធ្វើ​ដូច្នេះ​ក្នុង​សាល​ដែល​ប្រើ​សម្រាប់​សន្និបាត​ដែរ។ សូម្បី​តែ​កន្លែង​ធំៗ​ដូច​ជា​សាល​មហោ​ស្រព សាល​ពិព័រណ៍​ឬ​ស្ដា​ត​ដែល​យើង​ជួល​សម្រាប់​កម្មវិធី​សន្និបាត ក៏​ក្លាយ​ជា​ទី​កន្លែង​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ពេល​មាន​កម្មវិធី​ពិសិដ្ឋ​នោះ។ អាកប្បកិរិយា​របស់​យើង​គួរ​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​កម្មវិធី​ថ្វាយ​បង្គំ​នោះ មិន​ថា​មាន​គ្នា​ច្រើន​ឬ​តិច​ក្ដី។

របៀប​ឲ្យ​តម្លៃ​ចំពោះ​កិច្ច​ប្រជុំ​យើង

៧​. តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​កិច្ច​ប្រជុំ​របស់​យើង?

គប្បី​ឲ្យ​យើង​ប្រព្រឹត្ត​បែប​ណា​ដែល​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​កម្មវិធី​ប្រជុំ។ វិធី​មួយ​គឺ​ដោយ​ចូល​រួម​ការ​ច្រៀង​ចម្រៀង​ព្រះ​រាជាណាចក្រ។ ចម្រៀង​ភាគ​ច្រើន​នោះ​បាន​ត្រូវ​តែង​មក​ជា​ទំនូល​អធិស្ឋាន​ទូល​ព្រះ ដូច្នេះ​យើង​គួរ​ច្រៀង​ចម្រៀង​ទាំង​នោះ​ដោយ​បង្ហាញ​ការ​គោរព​ផង​ដែរ។ សាវ័ក​ប៉ុល​បាន​ដក​ស្រង់​បទ​ទំនុកដំកើង​ទី២២ ពេល​សរសេរ​អំពី​ព្រះ​យេស៊ូ​ថា​៖ «ទូល​បង្គំ​នឹង​ប្រកាស​ប្រាប់​ពី​ព្រះ​នាម​ទ្រង់​ដល់​ពួក​បងប្អូន ទូល​បង្គំ​នឹង​ច្រៀង​សរសើរ​ពី​ទ្រង់​នៅ​កណ្ដាល​ពួក​ជំនុំ»។ (ហេព្រើរ ២:១២) ហេតុ​នេះ​ហើយ​បាន​ជា​យើង​គួរ​ខំ​បណ្ដុះ​ឲ្យ​មាន​ទម្លាប់​អង្គុយ​មុន​អ្នក​បើក​កម្មវិធី​ប្រាប់​លេខ​ចម្រៀង រួច​មក​ក៏​គប្បី​ឲ្យ​យើង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អត្ថន័យ​ពាក្យ​ដែល​យើង​កំពុង​តែ​ច្រៀង។ ចូរ​ឲ្យ​យើង​ច្រៀង​បែប​យ៉ាង​ណា​ឲ្យ​សម​ស្រប​ទៅ​តាម​ទស្សនៈ​របស់​អ្នក​តែង​បទ​ទំនុកដំកើង​ដែល​សរសេរ​ថា​៖ «ខ្ញុំ​នឹង​អរ​ព្រះ​គុណ​ដល់​ព្រះ​យេហូវ៉ា​ដោយ​អស់​ពី​ចិត្ត​នៅ​ក្នុង​ចំណោម​នៃ​មនុស្ស​ទៀងត្រង់ ហើយ​ក្នុង​ពួក​ជំនុំ​ជន»។ (ទំនុកដំកើង ១១១:១) ពិត​មែន​ហើយ ការ​ច្រៀង​សរសើរ​ព្រះ​យេហូវ៉ា​ជា​មូលហេតុ​សំខាន់​មួយ​ឲ្យ​យើង​ចូល​រួម​កម្មវិធី​ប្រជុំ​មុន​ម៉ោង​ព្រម​ទាំង​នៅ​រហូត​ដល់​ចប់​ផង។

៨​. តើ​មាន​គំរូ​អ្វី​ក្នុង​ព្រះ​គម្ពីរ​ដែល​បង្ហាញ​ថា​យើង​គួរ​ឲ្យ​តម្លៃ​ចំពោះ​សេចក្ដី​អធិស្ឋាន​ក្នុង​កិច្ច​ប្រជុំ​ដោយ​ប្រុង​ស្ដាប់?

ផ្នែក​សំខាន់​មួយ​ទៀត​នៃ​កិច្ច​ប្រជុំ​យើង​គឺ​ជា​សេចក្ដី​អធិស្ឋាន​ដែល​បងប្អូន​ប្រុសៗ​ទូល​អស់​ពី​ដួង​ចិត្ត​ជំនួស​ក្រុមជំនុំ។ មាន​គ្រា​មួយ​ដែល​ពួក​គ្រិស្ត​សា​សនិក​ក្នុង​ទី​ក្រុង​យេរូសាឡិម​នៅ​សតវត្សរ៍​ទី​មួយ​បាន​ជួបជុំ​គ្នា​ហើយ​បាន​«បន្លឺ​ឧទាន​ព្រម​គ្នា»​ក្នុង​ការ​អធិស្ឋាន​អស់​ពី​ចិត្ត​«ទូល​ដល់​ព្រះ»។ ជា​លទ្ធផល ពួក​គេ​«បាន​ផ្សាយ​ព្រះ​បន្ទូល​ដោយ​សេចក្ដី​ក្លាហាន​ដ៏​ពេញលេញ»​ទោះ​ជា​មាន​ទុក្ខ​បៀតបៀន​ក្ដី។ (កិច្ចការ ៤:២៤​-​៣១) តើ​យើង​នឹក​ស្មាន​ថា បងប្អូន​ខ្លះ​ទី​នោះ​មាន​អារម្មណ៍​ហោះ​ហើរ​ពី​នេះ​ទៅ​នោះ​ក្នុង​កំលុង​ពេល​អធិស្ឋាន​ឬ? ពួក​គេ​មិន​ធ្វើ​ដូច្នេះ​ទេ! ដ្បិត​ពួក​គេ​បាន​អធិស្ឋាន​«ព្រម​គ្នា»​តែ​ម្ដង។ សេចក្ដី​អធិស្ឋាន​ដែល​ទូល​ឡើង​ក្នុង​កម្មវិធី​ប្រជុំ​របស់​យើង​បង្ហាញ​ពី​អារម្មណ៍​របស់​គ្រប់​គ្នា​ដែល​មាន​វត្តមាន។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​គួរ​ឲ្យ​តម្លៃ​ចំពោះ​សេចក្ដី​អធិស្ឋាន​ដោយ​ប្រុង​ស្ដាប់។

៩​. ស្តី​អំពី​អាកប្បកិរិយា​និង​របៀប​ស្លៀក​ពាក់ តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​ភាព​ពិសិដ្ឋ​នៃ​កម្មវិធី​ប្រជុំ?

ម្យ៉ាង​ទៀត យើង​អាច​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ប៉ុណ្ណា​ចំពោះ​ភាព​ពិសិដ្ឋ​នៃ​កម្មវិធី​ប្រជុំ​របស់​យើង​ដោយ​របៀប​ស្លៀក​ពាក់។ អាការ​ក្រៅ​ដែល​រួម​បញ្ចូល​សម្លៀក​បំពាក់​និង​របៀប​សម្អិត​សម្អាង​ខ្លួន​អាច​ជួយ​ឲ្យ​កម្មវិធី​ប្រជុំ​យើង​មាន​ភាព​ថ្លៃថ្នូរ។ សាវ័ក​ប៉ុល​បាន​ជូន​ឱវាទ​ថា​៖ «ខ្ញុំ​ចង់​ឲ្យ​ពួក​ប្រុសៗ​លើក​ដៃ​បរិសុទ្ធ​ឡើង​នឹង​អធិស្ឋាន​នៅ​គ្រប់​ទី​កន្លែង​ដោយ​ឥត​ខឹង​ឬ​ឈ្លោះ​ប្រកែក​ឡើយ។ ឯ​ពួក​ស្រីៗ នោះ​ខ្ញុំ​ក៏​ចង់​ឲ្យ​គេ​តែង​ខ្លួន​តាម​បែប​គួរ​សម ឲ្យ​ចេះ​អៀន​ខ្លួន​ហើយ​ដឹង​ប្រមាណ​ខ្លួន មិន​មែន​ជា​អ្នក​តែង​ខ្លួន​ដោយ​ក្រង​សក់​ឬ​ពាក់​មាស កែវ​មុក្ដា​ឬ​សំលៀក​បំពាក់​យ៉ាង​ថ្លៃ​ពេក​នោះ​ឡើយ តែ​ឲ្យ​សំណំ​នឹង​ពួក​ស្ត្រី​ដែល​រាប់​ខ្លួន​ជា​អ្នក​កោត​ខ្លាច​ដល់​ព្រះ»។ (ធីម៉ូថេទី១ ២:៨​-​១០) ពេល​យើង​ចូល​រួម​កម្មវិធី​សន្និបាត​ក្នុង​ស្ដា​ត​ធំៗ​ដែល​គ្មាន​ដំបូល យើង​គួរ​ស្លៀក​ពាក់​ឲ្យ​សម​នឹង​អាកាសធាតុ​នោះ តែ​នៅ​តែ​មាន​ភាព​ថ្លៃថ្នូរ។ បន្ថែម​ទៅ​ទៀត បើ​យើង​ឲ្យ​តម្លៃ​ចំពោះ​កម្មវិធី​សន្និបាត នោះ​យើង​នឹង​មិន​ទំពា​ស្ករ​កៅស៊ូ​ឬ​ញ៉ាំ​អ្វី​ទៀត​ក៏​ដោយ។ អាកប្បកិរិយា​ត្រឹម​ត្រូវ​និង​របៀប​ស្លៀក​ពាក់​សម​គួរ​នៅ​ឯ​កម្មវិធី​ប្រជុំ​របស់​យើង​នឹង​សរសើរ​ព្រះ​យេហូវ៉ា ហើយ​លើក​តម្កើង​ការ​ថ្វាយ​បង្គំ​ទ្រង់​ព្រម​ទាំង​លើក​កិត្ដិយស​បងប្អូន​រួម​ជំនឿ​ផង​ដែរ។

ការ​ប្រព្រឹត្ត​សម​ជា​ពួក​ជំនុំ ក្នុង​ដំណាក់​ព្រះ

១០​. តើ​សាវ័ក​ប៉ុល​បង្ហាញ​យ៉ាង​ណា​ថា​កិច្ច​ប្រជុំ​របស់​យើង​ជា​គ្រិស្ត​សា​សនិក​ត្រូវ​មាន​របៀប​រៀប​រយ?

១០ ក្នុង​សៀវភៅ​កូរិនថូសទី១ ជំពូក​១៤ យើង​អាន​ឱវាទ​ល្អៗ​របស់​សាវ័ក​ប៉ុល​ស្តី​អំពី​របៀប​រៀបចំ​កម្មវិធី​ប្រជុំ។ គាត់​បាន​បញ្ចប់​សេចក្ដី​ដោយ​សរសេរ​ថា​៖ «[ចូរ]ធ្វើ​ការ​ទាំង​អស់​តាម​បែប​គួរ​សម​ហើយ​ដោយ​លំដាប់​លំដោយ​ផង»។ (កូរិនថូសទី១ ១៤:៤០) ក្រុមជំនុំ​នៃ​ពួក​គ្រិស្ត​សា​សនិក​ចាត់​ទុក​កិច្ច​ប្រជុំ​ជា​កម្មវិធី​សំខាន់ ដូច្នេះ​នេះ​តម្រូវ​ឲ្យ​មាន​ការ​ប្រព្រឹត្ត​ដែល​សម​គួរ​សម្រាប់​ពួក​ដំណាក់​ព្រះ។

១១, ១២​. (ក) តើ​ក្មេងៗ​គួរ​យល់​យ៉ាង​ណា​អំពី​កិច្ច​ប្រជុំ​របស់​យើង? (ខ) នៅ​ឯ​កិច្ច​ប្រជុំ​របស់​យើង តើ​មាន​វិធី​ល្អ​អ្វី​ឲ្យ​កូនៗ​ប្រាប់​ពី​ជំនឿ​របស់​គេ?

១១ ជា​ពិសេស គឺ​សំខាន់​ណាស់​ឲ្យ​កូន​ក្មេង​រៀន​ឲ្យ​ដឹង​ថា គេ​គួរ​ប្រព្រឹត្ត​បែប​យ៉ាង​ណា​នៅ​ឯ​កម្មវិធី​ប្រជុំ។ មាតា​បិតា​ដែល​ជា​គ្រិស្ត​សា​សនិក​ត្រូវ​ពន្យល់​ដល់​កូន​ថា សាល​ព្រះ​រាជាណាចក្រ​និង​ទី​កន្លែង​ដែល​យើង​ចូល​រួម​សិក្សា​សៀវភៅ​តាម​ក្រុមជំនុំ​មិន​មែន​ជា​កន្លែង​ដែល​កូន​អាច​ប្រឡែង​គ្នា​លេង​ទេ។ យើង​ទៅ​កន្លែង​ទាំង​នោះ​ដើម្បី​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​និង​សិក្សា​ព្រះ​បន្ទូល​របស់​ទ្រង់។ ស្តេច​សាឡូម៉ូន​ដែល​មាន​ប្រាជ្ញា​លើស​លប់​នោះ​បាន​សរសេរ​ថា​៖ «ចូរ​រក្សា​ជើង​ឯង​ក្នុង​កាល​ដែល​ចូល​ទៅ​ក្នុង​ដំណាក់​នៃ​ព្រះ ដ្បិត​[ឯង]​ចូល​ទៅ​ជិត​ដើម្បី​ស្ដាប់»​ទ្រង់​វិញ។ (សាស្ដា ៥:១) លោក​ម៉ូសេ​បាន​បង្រៀន​ឲ្យ​ពួក​អ៊ីស្រាអែល​ជួបជុំ​គ្នា ទាំង​មនុស្ស​ពេញ​វ័យ​ផង និង​«កូន​ក្មេង»​ផង​ដែរ។ ម៉ូសេ​មាន​ប្រសាសន៍​ថា​៖ «ត្រូវ​ឲ្យ​ប្រមូល​បណ្ដា​ជន . . . ដើម្បី​ឲ្យ​គេ​ស្ដាប់ ហើយ​បាន​រៀន ព្រម​ទាំង​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទាំង​ប្រយ័ត​នឹង​ប្រព្រឹត្ត​តាម​អស់​ទាំង​ពាក្យ​ក្នុង​ក្រិត្យ​វិន័យ​នេះ ហើយ​ឲ្យ​កូន​ចៅ​គេ​ដែល​មិន​ដឹង​បាន​ឮ​ដែរ ហើយ​បាន​ទំលាប់​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា»។—ចោទិយកថា ៣១:១២, ១៣, កំណែ​ជា​អក្សរ​ទ្រេត

១២ ស្រ​ដៀង​គ្នា​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ កូនៗ​មាន​វត្តមាន​នៅ​ឯ​កិច្ច​ប្រជុំ​ជា​មួយ​មាតា​បិតា​ដើម្បី​ស្ដាប់​និង​រៀន។ ពេល​កូន​មាន​អាយុ​ល្មម​នឹង​ស្ដាប់​ហើយ​យល់​បឋម​សិក្សា​ក្នុង​ព្រះ​គម្ពីរ គេ​ក៏​អាច​«ថ្លែង​ប្រាប់»​ពី​ជំនឿ​របស់​គេ​ដោយ​ឆ្លើយ​ខ្លីៗ តាម​គំរូ​របស់​មាតា​បិតា​ដែល​មាន​ទម្លាប់​ឆ្លើយ​ដែរ។ (រ៉ូម ១០:១០) កូន​តូច​អាច​ចាប់​ផ្ដើម​ដោយ​ឆ្លើយ​តែ​ប៉ុន្មាន​ម៉ាត់​ចំពោះ​សំណួរ​ដែល​កូន​យល់។ មុន​ដំបូង ប្រហែល​ជា​កូន​ត្រូវ​អាន​ចម្លើយ ប៉ុន្តែ​យូរៗ​ទៅ​គេ​អាច​ឆ្លើយ​ដោយ​ប្រើ​ពាក្យ​ខ្លួន​ឯង។ ចម្លើយ​បែប​នេះ​មាន​ប្រយោជន៍​ហើយ​កូន​នឹង​ចូល​ចិត្ត​ឆ្លើយ​ដូច​នោះ​ច្រើន​ជាង​ដែរ។ ណា​មួយ​ទៀត ពេល​កូន​បង្ហាញ​ពី​ជំនឿ​របស់​ខ្លួន​ដោយ​ឆ្លើយ​អស់​ពី​ចិត្ត​បែប​នេះ បងប្អូន​ឯ​ទៀត​ក្នុង​ក្រុមជំនុំ​នឹង​ត្រេកអរ​ដែរ។ យក​ល្អ​ឲ្យ​កូន​មាន​ព្រះ​គម្ពីរ​មួយ​ច្បាប់​ផ្ទាល់​ខ្លួន ព្រម​ទាំង​សៀវភៅ​ចម្រៀង​និង​សៀវភៅ​ឯ​ទៀត​ដែល​ក្រុមជំនុំ​កំពុង​សិក្សា។ កូន​ក៏​ត្រូវ​រៀន​ឲ្យ​ចេះ​ឲ្យ​តម្លៃ​ចំពោះ​សៀវភៅ​ទាំង​នោះ​ដោយ​ថែរក្សា​យ៉ាង​ល្អ​ផង។ បើ​ធ្វើ​ទាំង​អស់​នេះ កូនៗ​ក៏​នឹង​យល់​យ៉ាង​ឆាប់​ថា កិច្ច​ប្រជុំ​របស់​យើង​ជា​កម្មវិធី​ពិសិដ្ឋ​មែន។

១៣​. ពេល​មនុស្ស​ចូល​រួម​កម្មវិធី​ប្រជុំ​យើង​លើក​ទី​មួយ​នោះ តើ​យើង​សង្ឃឹម​ថា​ពួក​គេ​នឹង​មាន​ទស្សនៈ​យ៉ាង​ណា?

១៣ តាម​ពិត យើង​មិន​ចង់​ឲ្យ​កម្មវិធី​ប្រជុំ​របស់​យើង​មាន​លក្ខណៈ​ដូច​កម្មវិធី​ក្នុង​វិហារ​នៃ​ពិភព​គ្រិស្ត​សាសនា​ទេ។ មនុស្ស​នៅ​វិហារ​ខ្លះ​មាន​ទឹក​មុខ​សោះ​កក្រោះ ខ្លះ​មើល​ទៅ​ដូច​ជា​ពួក​ជ្រុល​និយម ហើយ​នៅ​វិហារ​ឯ​ទៀត​មាន​សភាព​អ៊ូអរ​ពេក​ដូច​ជា​ក្លិប​រាត្រី​វិញ។ យើង​ចង់​ឲ្យ​កិច្ច​ប្រជុំ​ក្នុង​សាល​ព្រះ​រាជាណាចក្រ​របស់​យើង​មាន​ភាព​កក់ក្ដៅ​និង​រាក់ទាក់ តែ​មិន​គួរ​ជ្រុល​ពេក​ហាក់​ដូច​ជា​ទី​កន្លែង​កម្សាន្ត។ យើង​ជួបជុំ​គ្នា​ដើម្បី​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា ដូច្នេះ​កិច្ច​ប្រជុំ​របស់​យើង​ត្រូវ​មាន​ភាព​ថ្លៃថ្នូរ​ជា​និច្ច។ ពេល​មនុស្ស​ចូល​រួម​លើក​ទី​មួយ​និង​ស្ដាប់​ព័ត៌មាន​ដែល​ថ្លែង​ជូន ព្រម​ទាំង​ឃើញ​អាកប្បកិរិយា​ល្អ​របស់​យើង​និង​ក្មេងៗ យើង​សង្ឃឹម​ថា​អ្នក​ទាំង​នោះ​នឹង​មាន​ទស្សនៈ​ថា «ព្រះ​ទ្រង់​គង់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មែន!»។—កូរិនថូសទី១ ១៤:២៥

ផ្នែក​មួយ​នៃ​ការ​ថ្វាយ​បង្គំ​ព្រះ ដែល​នឹង​មាន​ជា​រៀង​រហូត

១៤, ១៥​. (ក) តើ​យើង​អាច​ធ្វើ​ដូច​ម្ដេច​កុំ​ឲ្យ‹ភ្លេច​គិត​ពី​ព្រះ​វិហារ​របស់​ព្រះ​នៃ​យើង›? (ខ) តើ​អេសាយ ៦៦:២៣ កំពុង​សម្រេច​យ៉ាង​ណា?

១៤ ដូច​បាន​បញ្ជាក់​ខាង​លើ​នេះ ព្រះ​យេហូវ៉ា​កំពុង​តែ​ប្រមូល​រាស្ត្រ​ទ្រង់​ឲ្យ​មាន​ចិត្ត​អរ​សប្បាយ​ក្នុង​ព្រះ​វិហារ​ខាង​វិញ្ញាណ​របស់​ទ្រង់​ដែល​ជា‹ដំណាក់​សំរាប់​ជា​ទី​អធិស្ឋាន›។ (អេសាយ ៥៦:៧) លោក​នេហេមា​ជា​មនុស្ស​ស្មោះ​ត្រង់​ម្នាក់​ដែល​បាន​រំលឹក​ប្រជាជន​យូដា​ថា ពួក​គេ​ត្រូវ​ប្រើ​ធនធាន​របស់​ខ្លួន​ក្នុង​ការ​ឲ្យ​តម្លៃ​ចំពោះ​ព្រះ​វិហារ​របស់​ព្រះ​យេហូវ៉ា។ គាត់​មាន​ប្រសាសន៍​ថា​៖ «យើង​រាល់​គ្នា​មិន​ព្រម​បោះបង់​ចោល​[ឬ​«មិន​គួរ​ភ្លេច​គិត​ពី»]​ព្រះ​វិហារ​របស់​ព្រះ​នៃ​យើង​ឡើយ»។ (នេហេមា ១០:៣៩; ព.ថ.) ម្យ៉ាង​ទៀត យើង​មិន​គួរ​ភ្លេច​សេចក្ដី​អញ្ជើញ​ពី​ព្រះ​យេហូវ៉ា​ឲ្យ​ចូល​រួម​ថ្វាយ​បង្គំ​ទ្រង់​ក្នុង‹ដំណាក់​សំរាប់​ជា​ទី​អធិស្ឋាន›របស់​ទ្រង់។

១៥ អេសាយ​ក៏​បាន​សរសេរ​ទំនាយ​មួយ​ដែល​បង្ហាញ​ពី​សារៈ​សំខាន់​នៃ​ការ​ជួបជុំ​គ្នា​ក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា។ គាត់​សរសេរ​ថា​៖ «‹គ្រា​នោះ​នឹង​កើត​មាន​ដូច្នេះ​ថា ចាប់​តាំង​ពី​ថ្ងៃ​ចូល​ខែ​១​ដរាប​ដល់​ថ្ងៃ​ចូល​ខែ​១​ទៀត ហើយ​ពី​ថ្ងៃ​ឈប់​សំរាក​១​ដរាប​ដល់​ថ្ងៃ​ឈប់​សំរាក​១​ទៀត នោះ​គ្រប់​មនុស្ស​ទាំង​អស់​នឹង​មក​ក្រាប​ថ្វាយ​បង្គំ​នៅ​ចំពោះ​អញ› នេះ​ជា​ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា»។ (អេសាយ ៦៦:២៣) នៅ​សព្វ​ថ្ងៃ នេះ​កំពុង​តែ​កើត​ឡើង​មែន។ រាល់​សប្ដាហ៍​រាល់​ខែ​ជា​ទៀងទាត់​ពួក​គ្រិស្ត​សា​សនិក​ដែល​បាន​ឧទ្ទិស​ថ្វាយ​ខ្លួន​កំពុង​តែ​ជួបជុំ​គ្នា​ដើម្បី​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា។ ពួក​គេ​រួម​គ្នា​ថ្វាយ​បង្គំ​ទ្រង់​ដោយ​ធ្វើ​កិច្ចការ​ផ្សព្វផ្សាយ​និង​ចូល​រួម​កិច្ច​ប្រជុំ​ដែរ។ តើ​អ្នក​កំពុង​តែ​រួម​ចំណែក​ក្នុង​ចំណោម​ពួក​អ្នក​ដែល​ចូល‹មក​ក្រាប​ថ្វាយ​បង្គំ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា›ជា​ទៀងទាត់​ឬ?

១៦​. នៅ​សព្វ​ថ្ងៃ​នេះ ហេតុ​អ្វី​ក៏​យើង​គួរ​ចូល​រួម​កិច្ច​ប្រជុំ​ជា​ទៀងទាត់?

១៦ អេសាយ ៦៦:២៣ នឹង​មាន​ការ​សម្រេច​យ៉ាង​ពេញលេញ​នៅ​ពេល​ដែល​យើង​ចូល​ទៅ​ក្នុង​ពិភព​លោក​ថ្មី​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា​ប្រទាន​មក។ នៅ​គ្រា​នោះ «គ្រប់​មនុស្ស​ទាំង​អស់»​នឹង​ចូល​«មក​ក្រាប​ថ្វាយ​បង្គំ​នៅ​ចំពោះ»​ព្រះ​យេហូវ៉ា​រាល់​សប្ដាហ៍​រាល់​ខែ​ជា​រៀង​រហូត​ត​ទៅ។ ក្នុង​របប​ថ្មី​របស់​ព្រះ​យេហូវ៉ា ការ​ប្រជុំ​គ្នា​ជា​ផ្នែក​មួយ​នៃ​ការ​ថ្វាយ​បង្គំ​ទ្រង់​ដែល​នឹង​មាន​ជា​រៀង​រហូត ដូច្នេះ​យើង​គួរ​ចូល​រួម​កិច្ច​ប្រជុំ​ពិសិដ្ឋ​ជា​ទៀងទាត់​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ មែន​ទេ?

១៧​. ពេល​«ឃើញ​ថា​ថ្ងៃ​នោះ​ជិត​មក​ដល់​ហើយ» ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​ការ​«កាន់​តែ​ខ្លាំង»​នូវ​កម្មវិធី​ប្រជុំ?

១៧ ពេល​ទីបញ្ចប់​នៃ​របប​លោកិយ​នេះ​ជិត​មក​ដល់ ពួក​គ្រិស្ត​សា​សនិក​យើង​ក៏​គួរ​ប្ដេជ្ញា​ចិត្ត​ចូល​រួម​កិច្ច​ប្រជុំ​ដើម្បី​ថ្វាយ​បង្គំ​ព្រះ។ ដោយសារ​យើង​ឲ្យ​តម្លៃ​ចំពោះ​កិច្ច​ប្រជុំ​របស់​យើង​ជា​អ្វី​ដ៏​ពិសិដ្ឋ​នោះ យើង​មិន​អនុញ្ញាត​ឲ្យ​ការងារ លំ​ហាត់​សាលា​និង​ការ​រៀន​បន្ថែម​នៅ​សាលា​ឯក​ជន ធ្វើ​ឲ្យ​យើង​ខក​ខាន​ម្ដង​ហើយ​ម្ដង​ទៀត​ពី​ការ​ចូល​រួម​កិច្ច​ប្រជុំ​ជា​មួយ​បងប្អូន​រួម​ជំនឿ។ យើង​ត្រូវ​ការ​កម្លាំង​ចិត្ត​ដែល​មក​ពី​ការ​សេពគប់​ជា​មួយ​បងប្អូន​ក្នុង​ក្រុមជំនុំ ហើយ​កិច្ច​ប្រជុំ​ក៏​ហុច​ឱកាស​ឲ្យ​យើង​រាប់​អាន​គ្នា​និង​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​«បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ»។ យើង​ក៏​ត្រូវ​ធ្វើ​ការ​ទាំង​អស់​នេះ​«កាន់​តែ​ខ្លាំង​ឡើង​ផង តាម​ដែល​[យើង]​ឃើញ​ថា​ថ្ងៃ​នោះ​ជិត​មក​ដល់​ហើយ»។ (ហេព្រើរ ១០:២៤, ២៥) ហេតុ​នេះ​ហើយ ចូរ​យើង​ឲ្យ​តម្លៃ​ចំពោះ​កិច្ច​ប្រជុំ​ពិសិដ្ឋ​របស់​យើង​ដោយ​ចូល​រួម​យ៉ាង​ទៀងទាត់ មាន​អាកប្បកិរិយា​ល្អ​និង​ស្លៀក​ពាក់​សម្អិត​សម្អាង​ខ្លួន​យ៉ាង​សមរម្យ។ បើ​ធ្វើ​ដូច្នេះ យើង​បង្ហាញ​ថា​យើង​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​អ្វី​ដែល​ពិសិដ្ឋ។

ការ​សើរើ​ឡើង​វិញ

តើ​អ្វី​បង្ហាញ​ថា​យើង​ចាត់​ទុក​កិច្ច​ប្រជុំ​នៃ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ជា​អ្វី​ពិសិដ្ឋ?

តើ​កិច្ច​ប្រជុំ​របស់​យើង​មាន​លក្ខណៈ​អ្វី​ខ្លះ​ដែល​បង្ហាញ​ថា​ជា​កម្មវិធី​ពិសិដ្ឋ?

តើ​ក្មេងៗ​អាច​បង្ហាញ​យ៉ាង​ណា​ថា​គេ​ឲ្យ​តម្លៃ​ចំពោះ​កិច្ច​ប្រជុំ​របស់​យើង​ជា​កម្មវិធី​ពិសិដ្ឋ?

ហេតុ​អ្វី​ក៏​យើង​គួរ​ចូល​រួម​កិច្ច​ប្រជុំ​ជា​ទៀងទាត់?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​៣០]

កិច្ច​ប្រជុំ​សម្រាប់​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ជា​អ្វី​ដែល​ពិសិដ្ឋ មិន​ថា​យើង​ប្រជុំ​គ្នា​នៅ​កន្លែង​ណា​ក៏​ដោយ

[រូបភាព​នៅ​ទំព័រ​៣១]

ក្មេងៗ​ចូល​រួម​កិច្ច​ប្រជុំ​ដើម្បី​ស្ដាប់​និង​រៀន