លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកមានទស្សនៈដូចព្រះយេហូវ៉ាចំពោះអ្វីៗពិសិដ្ឋទេ?

តើអ្នកមានទស្សនៈដូចព្រះយេហូវ៉ាចំពោះអ្វីៗពិសិដ្ឋទេ?

តើ​អ្នក​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​អ្វីៗ​ពិសិដ្ឋ​ទេ?

​«[ចូរ]ប្រយ័ត​ឲ្យ​មែន​ទែន . . . ក្រែង​មាន​អ្នក​កំផិត​ឬ​មនុស្ស[«ដែល​មិន​ឲ្យ​តម្លៃ​ចំពោះ​អ្វីៗ​ពិសិដ្ឋ»]»។—ហេព្រើរ ១២:១៥, ១៦; ព.ថ.

១​. តើ​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​មិន​មាន​ចិត្ត​គំនិត​បែប​ណា​ដែល​និយម​ទូទៅ​សព្វ​ថ្ងៃ​នេះ?

បើ​និយាយ​ទូទៅ លោកិយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្វីៗ​ពិសិដ្ឋ​កាន់​តែ​តិច​ទៅៗ។ អ្នក​សិក្សា​សង្គម​ម្នាក់​ជនជាតិ​បារាំង ឈ្មោះ​អេដកឺ ម៉​រេ​ន មាន​ប្រសាសន៍​ថា​៖ «មនុស្ស​លែង​ជឿជាក់​ទាំង​ស្រុង​ថា​ព្រះ ធម្មជាតិ ស្រុក​កំណើត ប្រវត្ដិសាស្ត្រ​និង​ហេតុ​ផល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សីលធម៌​ទៀត​ហើយ។ . . . ឥឡូវ​មនុស្ស​សម្រេច​ដោយ​ខ្លួន​ឯង​អំពី​អ្វី​ដែល​ហៅ​ថា​សីលធម៌»។ នេះ​ហើយ​ជា​ទស្សនៈ​ស្រប​តាម​«វិញ្ញាណ​របស់​លោកីយ»​ឬ​«វិញ្ញាណ​ដែល​សព្វ​ថ្ងៃ​នេះ​បណ្ដាល​មក​ក្នុង​ពួក​មនុស្ស​រឹង​ចចេស»។ (កូរិនថូសទី១ ២:១២; អេភេសូរ ២:២) អស់​អ្នក​ដែល​បាន​ថ្វាយ​ខ្លួន​ដល់​ព្រះ​យេហូវ៉ា​ហើយ​ស្ម័គ្រ​ចិត្ត​ចុះ​ចូល​ចំពោះ​ទ្រង់​ជា​ព្រះ​ដែល​មាន​សិទ្ធិ​គ្រប់គ្រង​នោះ មិន​មាន​ទស្សនៈ​ស្រប​តាម​វិញ្ញាណ​ឬ​ចិត្ត​គំនិត​របស់​លោកិយ​ដែល​មិន​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ពិសិដ្ឋ​ឡើយ។ (រ៉ូម ១២:១, ២) ផ្ទុយ​ទៅ​វិញ អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ទទួល​ស្គាល់​សារៈ​សំខាន់​នៃ​ភាព​ពិសិដ្ឋ ឬ​ភាព​បរិសុទ្ធ​ក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា។ ក្នុង​ជីវិត​របស់​យើង តើ​យើង​គួរ​ចាត់​ទុក​អ្វី​ខ្លះ​គឺ​ពិសិដ្ឋ? អត្ថបទ​នេះ​នឹង​ពិភាក្សា​អំពី​អ្វី​ប្រាំ​យ៉ាង​ដែល​អ្នក​បម្រើ​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា​ចាត់​ទុក​ជា​អ្វី​ពិសិដ្ឋ។ អត្ថបទ​បន្ទាប់​នឹង​បកស្រាយ​អំពី​ភាព​ពិសិដ្ឋ​នៃ​កិច្ច​ប្រជុំ​របស់​យើង​ជា​គ្រិស្ត​សា​សនិក។ ប៉ុន្តែ តើ​ពាក្យ​«បរិសុទ្ធ»​ពិត​ជា​មាន​ន័យ​អ្វី?

២, ៣​. (ក) តើ​ព្រះ​គម្ពីរ​បញ្ជាក់​ពី​ភាព​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ណា? (ខ) តើ​យើង​ចាត់​ទុក​ព្រះ​នាម​ព្រះ​យេហូវ៉ា​ជា​អ្វី​ដែល​បរិសុទ្ធ​យ៉ាង​ដូច​ម្ដេច?

ស្រប​ទៅ​តាម​ភាសា​ហេព្រើរ​ដែល​គេ​ប្រើ​ក្នុង​ការ​សរសេរ​ព្រះ​គម្ពីរ ពាក្យ​«បរិសុទ្ធ»​បញ្ជាក់​ពី​អ្វី​ដែល​ទុក​ដោយ​ឡែក​ពី​របស់​ឯ​ទៀត។ បើ​ទាក់ទង​នឹង​ការ​ថ្វាយ​បង្គំ​ព្រះ ពាក្យ​«បរិសុទ្ធ»​សំដៅ​ទៅ​លើ​អ្វី​ដែល​នៅ​ដាច់​ដោយ​ឡែក​ពី​របស់​ធម្មតា ហើយ​ជា​អ្វី​ពិសិដ្ឋ។ ភាព​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​គឺ​គ្រប់​លក្ខណ៍ ដូច្នេះ​ព្រះ​គម្ពីរ​ហៅ​ទ្រង់​ថា​«ព្រះ​ដ៏​បរិសុទ្ធ​[«បំផុត»]»។ (សុភាសិត ៩:១០; ៣០:៣; ព.ថ.) មួក​របស់​សម្ដេច​សង្ឃ​នៃ​ពួក​អ៊ីស្រាអែល​សម័យ​បុរាណ​មាន​ស្លាក​ឬ​ផ្លាក​មាស​ដែល​ឆ្លាក់​អក្សរ​ថា «បរិសុទ្ធ​ដល់​ព្រះ​យេហូវ៉ា»​ឬ​«ភាព​បរិសុទ្ធ​ជា​របស់​ផង​ព្រះ​យេហូវ៉ា»។ (និក្ខមនំ ២៨:៣៦, ៣៧; ព.ថ.) ព្រះ​គម្ពីរ​រៀប​រាប់​អំពី​ពួក​ចេរូប៊ីន​និង​ពួក​សេរភីម​នៅ​ជុំវិញ​បល្ល័ង្ក​របស់​ព្រះ​យេហូវ៉ា​នា​ស្ថាន​សួគ៌​ដែល​ប្រកាស​ថា​៖ «បរិសុទ្ធ បរិសុទ្ធ គឺ​ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ​ទ្រង់​បរិសុទ្ធ»។ (អេសាយ ៦:២, ៣; វិវរណៈ ៤:៦​-​៨) ការ​ប្រកាស​បី​ដង​នេះ​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​មាន​ភាព​បរិសុទ្ធ ស្អាត​ស្អំ​ហើយ​ពិសិដ្ឋ​ដល់​ម្ល៉េះ​បាន​ជា​គ្មាន​អ្វី​ប្រៀបផ្ទឹម​បាន​ឡើយ។ តាម​ពិត ព្រះ​យេហូវ៉ា​ជា​ប្រភព​នៃ​ភាព​បរិសុទ្ធ​តែ​ម្ដង។

ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា​គឺ​ពិសិដ្ឋ​ឬ​បរិសុទ្ធ។ អ្នក​តែង​បទ​ទំនុក​តម្កើង​បាន​លាន់​មាត់​ថា​៖ «ចូរ​ឲ្យ​គេ​សរសើរ​ដល់​ព្រះ​នាម​ដ៏​ធំ​ហើយ​គួរ​ស្ញែង​ខ្លាច​របស់​ទ្រង់​ចុះ! ដ្បិត​[«ព្រះ​នាម»]​ទ្រង់​បរិសុទ្ធ»។ (ទំនុកដំកើង ៩៩:៣; ព.ថ.) ព្រះ​យេស៊ូ​បាន​បង្រៀន​ឲ្យ​យើង​អធិស្ឋាន​ថា​៖ «ឱ​ព្រះ​វរបិតា​នៃ​យើង​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន​សួគ៌​អើយ! សូម​ឲ្យ​ព្រះ​នាម​ទ្រង់​បាន​បរិសុទ្ធ»។ (ម៉ាថាយ ៦:៩) នាង​ម៉ា​រា​ដែល​ជា​មាតា​របស់​ព្រះ​យេស៊ូ​នៅ​លើ​ផែនដី​បាន​ប្រកាស​ថា​៖ «ព្រលឹង​ខ្ញុំ​លើក​ដំ​កើង​ព្រះ​អម្ចាស់ . . . ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា ទ្រង់​បាន​ប្រោស​សេចក្ដី​យ៉ាង​ល្អ​វិសេស​ដល់​ខ្ញុំ ព្រះ​នាម​ទ្រង់​បរិសុទ្ធ»។ (លូកា ១:៤៦, ៤៩) ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា យើង​ចាត់​ទុក​ព្រះ​នាម​ទ្រង់​ជា​អ្វី​ដែល​បរិសុទ្ធ​ហើយ​យើង​មិន​ធ្វើ​អ្វី​ក៏​ដោយ​ដែល​អាច​នាំ​ឲ្យ​គេ​បង្អាប់​ដល់​ព្រះ​នាម​បរិសុទ្ធ​នោះ។ ម្យ៉ាង​ទៀត យើង​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​អ្វី​ដែល​ពិសិដ្ឋ ដោយ​ចាត់​ទុក​របស់​ទាំង​នោះ​ជា​អ្វី​ពិសិដ្ឋ​ដែរ។—អេម៉ុស ៥:១៤, ១៥

ហេតុ​ដែល​យើង​គោរព​ព្រះ​យេស៊ូ​យ៉ាង​ជ្រាល​ជ្រៅ

៤​. ហេតុ​អ្វី​ព្រះ​គម្ពីរ​ហៅ​ព្រះ​យេស៊ូ​ជា​«ព្រះ​អង្គ​បរិសុទ្ធ»?

ព្រះ​យេហូវ៉ា​ជា​ព្រះ​បរិសុទ្ធ​ដែល​បាន​បង្កើត​ព្រះ​យេស៊ូ​ជា​«រាជបុត្រា​តែ​១»​ដោយ​អង្គ​ទ្រង់​ផ្ទាល់ ដូច្នេះ​ព្រះ​យេស៊ូ​ក៏​បរិសុទ្ធ​ដែរ។ (យ៉ូហាន ១:១៤; កូល៉ុស ១:១៥; ហេព្រើរ ១:១​-​៣) ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​គម្ពីរ​ហៅ​ព្រះ​យេស៊ូ​ជា​«ព្រះ​អង្គ​បរិសុទ្ធ​នៃ​ព្រះ»។ (យ៉ូហាន ៦:៦៩, ព.ថ.) សូម្បី​តែ​ពេល​ជីវិត​របស់​ព្រះ​យេស៊ូ​បាន​ត្រូវ​ផ្លាស់​ពី​ស្ថានសួគ៌​ឲ្យ​មក​ចាប់​កំណើត​នៅ​លើ​ផែនដី​ក្ដី ទ្រង់​នៅ​តែ​មាន​ភាព​បរិសុទ្ធ​ពីព្រោះ​នាង​ម៉ារា​បាន​សម្រាល​បុត្រ​នោះ​ក្រោម​អំណាច​នៃ​វិញ្ញាណ​បរិសុទ្ធ។ ទេវតា​មួយ​រូប​បាន​ប្រាប់​នាង​ម៉ារា​ថា​៖ «វិញ្ញាណ​បរិសុទ្ធ​នឹង​យាង​មក​សណ្ឋិត​លើ​នាង . . . បុត្រ​បរិសុទ្ធ​ដែល​នឹង​ប្រសូត​មក​នោះ ត្រូវ​ហៅ​ថា​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ»។ (លូកា ១:៣៥) ពេល​ពួក​គ្រិស្ត​សា​សនិក​នៅ​ទី​ក្រុង​យេរូសាឡិម​បាន​អធិស្ឋាន​ទូល​ព្រះ​យេហូវ៉ា ពួក​គេ​សំដៅ​ទៅ​លើ​ព្រះ​យេស៊ូ​ពីរ​ដង​ជា‹អ្នក​បំរើ​បរិសុទ្ធ​របស់​ព្រះ›។—កិច្ចការ ៤:២៧, ៣០

៥​. ពេល​ព្រះ​យេស៊ូ​គង់​នៅ​លើ​ផែនដី តើ​ទ្រង់​មាន​ភារកិច្ច​ពិសិដ្ឋ​អ្វី? ហេតុ​អ្វី​ក៏​លោហិត​របស់​ព្រះ​យេស៊ូ​ជា​អ្វី​ដ៏​វិសេស?

កាល​ព្រះ​យេស៊ូ​គង់​នៅ​លើ​ផែនដី ទ្រង់​ត្រូវ​បំពេញ​ភារកិច្ច​ពិសិដ្ឋ។ ពេល​ព្រះ​យេស៊ូ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​២៩ គ.ស. ព្រះ​យេហូវ៉ា​តែងតាំង​ទ្រង់​ឲ្យ​ធ្វើ​ជា​សម្ដេច​សង្ឃ​នៃ​ព្រះ​វិហារ​ដ៏​ឧត្តម​ខាង​វិញ្ញាណ​របស់​ទ្រង់។ (លូកា ៣:២១, ២២; ហេព្រើរ ៧:២៦; ៨:១, ២) បន្ថែម​ទៅ​ទៀត ព្រះ​យេស៊ូ​ត្រូវ​សោយ​ទិវង្គត​ទុក​ជា​យញ្ញ​បូជា។ ព្រះ​លោហិត​របស់​ព្រះ​យេស៊ូ​ដែល​បាន​បង្ហូរ​មក​នោះ ផ្ដល់​នូវ​តម្លៃ​លោះ​ដើម្បី​សង្គ្រោះ​មនុស្ស​ដែល​មាន​បាប។ (ម៉ាថាយ ២០:២៨; ហេព្រើរ ៩:​១៤) ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​ចាត់​ទុក​ព្រះ​លោហិត​របស់​ព្រះ​យេស៊ូ​ជា​អ្វី​ពិសិដ្ឋ​និង​«វិសេស»។—ពេត្រុសទី១ ១:១៩

៦​. តើ​យើង​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ព្រះ​គ្រិស្ត​យេស៊ូ? ហើយ​ហេតុ​អ្វី?

សាវ័ក​ប៉ុល​បង្ហាញ​ថា​យើង​គោរព​ព្រះ​យេស៊ូ​គ្រិស្ត​យ៉ាង​ជ្រាល​ជ្រៅ​ជា​ស្តេច​និង​សម្ដេច​សង្ឃ​របស់​យើង ដោយ​សរសេរ​ថា​៖ «ព្រះ​បាន​លើក​[រាជបុត្រា]​ទ្រង់​ឡើង​យ៉ាង​ខ្ពស់ ហើយ​បាន​ប្រទាន​ឲ្យ​មាន​នាម​ដ៏​ប្រសើរ​លើស​ជាង​អស់​ទាំង​នាម​ផង ដើម្បី​កាល​ណា​ឮ​ព្រះ​នាម​ព្រះ​យេស៊ូ​វ នោះ​ឲ្យ​គ្រប់​ទាំង​ជង្គង់​នៅ​ស្ថានសួគ៌ នៅ​ផែនដី ហើយ​នៅ​ក្រោម​ផែនដី​ត្រូវ​លុត​ចុះ ហើយ​ឲ្យ​គ្រប់​ទាំង​អណ្ដាត​បាន​ថ្លែង​ប្រាប់​ថា ព្រះ​យេស៊ូ​វ​គ្រីស្ទ​ទ្រង់​ជា​ព្រះ​អម្ចាស់​សំរាប់​ជា​សិរី​ល្អ​ដល់​ព្រះ​ដ៏​ជា​ព្រះ​វរបិតា»។ (ភីលីព ២:៩​-​១១) យើង​បង្ហាញ​ថា​យើង​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​អ្វី​ដែល​ពិសិដ្ឋ​ដោយ​ពេញ​ចិត្ត​ចុះ​ចូល​ចំពោះ​ព្រះ​គ្រិស្ត​យេស៊ូ​ដែល​កំពុង​តែ​គ្រប់គ្រង​ជា​ស្តេច ជា​សាស្ដា​ឬ​អ្នក​នាំ​មុខ​យើង ហើយ​ជា​សិរសា​របស់​ក្រុមជំនុំ​នៃ​ពួក​គ្រិស្ត​សា​សនិក។—ម៉ាថាយ ២៣:​១០; កូល៉ុស ១:១៨

៧​. តើ​យើង​បង្ហាញ​យ៉ាង​ណា​ថា​យើង​កំពុង​តែ​ចុះ​ចូល​ចំពោះ​ព្រះ​គ្រិស្ត?

ការ​ចុះ​ចូល​ចំពោះ​ព្រះ​គ្រិស្ត​ក៏​តម្រូវ​ឲ្យ​យើង​បង្ហាញ​ការ​គោរព​ចំពោះ​បុរស​ទាំង​ឡាយ​ដែល​ទ្រង់​កំពុង​តែ​ប្រើ​ក្នុង​ការ​នាំ​មុខ​កិច្ចការ​ដែល​ទ្រង់​ដឹក​នាំ​បច្ចុប្បន្ន​នេះ។ យើង​គួរ​ទទួល​ស្គាល់​តួ​នាទី​របស់​គណៈ​អភិបាល​ជា​មុខ​ងារ​ពិសិដ្ឋ ដែល​ជា​ក្រុម​បុរស​តែងតាំង​ដោយ​វិញ្ញាណ​របស់​ព្រះ។ ដូច​គ្នា​ដែរ យើង​គួរ​ទទួល​ស្គាល់​ភារកិច្ច​របស់​ពួក​អ្នក​ចាស់​ទុំ​ជា​មុខ​ងារ​ពិសិដ្ឋ ដែល​គណៈ​អភិបាល​តែងតាំង​ឲ្យ​មើល​ការ​ខុស​ត្រូវ​ក្នុង​ការិយាល័យ​សាខា​និង​ក្រុមជំនុំ​នានា ព្រម​ទាំង​ពួក​អ្នក​ត្រួត​ពិនិត្យ​តំបន់​និង​មណ្ឌល​ផង។ ដូច្នេះ យើង​ត្រូវ​បង្ហាញ​ការ​គោរព​យ៉ាង​ជ្រាល​ជ្រៅ​និង​ចុះ​ចូល​ចំពោះ​ការ​រៀបចំ​នេះ។—ហេព្រើរ ១៣:៧, ១៧

រាស្ត្រ​បរិសុទ្ធ

៨, ៩​. (ក) តើ​អ្វី​ធ្វើ​ឲ្យ​ពួក​អ៊ីស្រាអែល​ក្លាយ​ជា​សាសន៍​បរិសុទ្ធ? (ខ) ចំពោះ​ពួក​អ៊ីស្រាអែល​នោះ តើ​ព្រះ​យេហូវ៉ា​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​ភាព​ពិសិដ្ឋ​យ៉ាង​ដូច​ម្ដេច?

ព្រះ​យេហូវ៉ា​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​សាសន៍​អ៊ីស្រាអែល។ ចំណង​មេត្រីភាព​នេះ​បាន​ធ្វើ​ឲ្យ​សាសន៍​ថ្មី​នោះ​មាន​ឋានៈ​ពិសេស។ ព្រះ​យេហូវ៉ា​បាន​ចាត់​ទុក​ពួក​គេ​ជា​សាសន៍​បរិសុទ្ធ​ដោយ​ទុក​ពួក​គេ​ដោយ​ឡែក​ពី​សាសន៍​ឯ​ទៀត។ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ប្រាប់​ពួក​គេ​ថា​៖ «ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បាន​បរិសុទ្ធ​ដល់​អញ ដ្បិត​អញ​នេះ គឺ​ព្រះ​យេហូវ៉ា អញ​បរិសុទ្ធ ហើយ​អញ​បាន​ញែក​ឯង​រាល់​គ្នា​ចេញ​ពី​អស់​ទាំង​សាសន៍​ដទៃ ដើម្បី​ឲ្យ​បាន​ជា​របស់​ផង​អញ​វិញ»។—លេវីវិន័យ ១៩:២; ២០:២៦

តាំង​ពី​ព្រះ​យេហូវ៉ា​បង្កើត​សាសន៍​អ៊ីស្រាអែល​មក​នោះ ទ្រង់​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​ភាព​ពិសិដ្ឋ។ ឧទាហរណ៍ ប្រសិន​បើ​ពួក​គេ​ប៉ះ​ភ្នំ​ស៊ី​ណាយ​ជា​កន្លែង​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​ក្រឹត្យ​វិន័យ​១០​ប្រការ នោះ​គេ​នឹង​ស្លាប់ ពីព្រោះ​នៅ​គ្រា​នោះ​ភ្នំ​ស៊ី​ណាយ​រាប់​ជា​អ្វី​ពិសិដ្ឋ​ដែរ។ (និក្ខមនំ ១៩:១២, ២៣) ពួក​សង្ឃ រោង​ឧបោសថ​ព្រម​ទាំង​គ្រឿង​ប្រដាប់ប្រដា​ដែល​នៅ​ក្នុង​នោះ​ក៏​ជា​អ្វី​ដែល​ត្រូវ​ចាត់​ទុក​ជា​របស់​ពិសិដ្ឋ​ដែរ។ (និក្ខមនំ ៣០:២៦​-​៣០) ចុះ​យ៉ាង​ណា​ចំពោះ​ក្រុមជំនុំ​នៃ​ពួក​គ្រិស្ត​សា​សនិក​វិញ?

១០, ១១​. ហេតុ​អ្វី​ក៏​គួរ​ចាត់​ទុក​ក្រុម​ពួក​គ្រិស្ត​សា​សនិក​ចាក់​ប្រេង​តាំង​ជា​ពួក​ជំនុំ​ពិសិដ្ឋ? តើ​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ពួក​«ចៀម​ឯ​ទៀត»?

១០ ព្រះ​យេហូវ៉ា​ចាត់​ទុក​អស់​ទាំង​គ្រិស្ត​សា​សនិក​ចាក់​ប្រេង​តាំង​ជា​ពួក​ជំនុំ​ពិសិដ្ឋ។ (កូរិនថូសទី១ ១:២) តាម​ការ​ពិត មិន​ថា​ពួក​គ្រិស្ត​សា​សនិក​ចាក់​ប្រេង​តាំង​រស់​នៅ​លើ​ផែនដី​នៅ​សម័យ​ណា​ក៏​ដោយ ពួក​គាត់​រួម​គ្នា​ជា​ក្រុម​ដែល​ប្រៀប​ដូច​ជា​វិហារ​បរិសុទ្ធ​មួយ តែ​មិន​មែន​ជា​ព្រះ​វិហារ​ខាង​វិញ្ញាណ​ដ៏​ឧត្តម​របស់​ព្រះ​យេហូវ៉ា​ទេ។ ព្រះ​យេហូវ៉ា​គង់​នៅ​ក្នុង​ចំណោម​ពួក​គាត់​ដែល​ប្រៀប​ដូច​ជា​ព្រះ​វិហារ​នោះ តាម​រយៈ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់។ សាវ័ក​ប៉ុល​បាន​សរសេរ​ថា​៖ «ដោយសារ​[ព្រះ​យេស៊ូ​គ្រិស្ត] ដំណាក់​ទាំង​មូល​នោះ​បាន​ផ្គុំ​ភ្ជាប់​គ្នា​ទាំង​ចំរើន​ឡើង​ជា​វិហារ​បរិសុទ្ធ​ក្នុង​ព្រះ​អម្ចាស់ ហើយ​អ្នក​រាល់​គ្នា​ក៏​បាន​ស្អាង​ឡើង​ក្នុង​ទ្រង់​ដែរ សំរាប់​ជា​លំនៅ​នៃ​ព្រះ​ដោយ​នូវ​ព្រះ​វិញ្ញាណ»។—អេភេសូរ ២:២១; ពេត្រុសទី១ ២:៥, ៩

១១ ប៉ុល​បាន​សរសេរ​ថែម​ទៀត​ទៅ​កាន់​ពួក​គ្រិស្ត​សា​សនិក​ចាក់​ប្រេង​តាំង​ថា​៖ «តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី ថា​ខ្លួន​អ្នក​រាល់​គ្នា​ជា​ព្រះ​វិហារ​នៃ​ព្រះ ហើយ​ថា​ព្រះ​វិញ្ញាណ​នៃ​ព្រះ ទ្រង់​សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា? . . . ដ្បិត​ព្រះ​វិហារ​នៃ​ព្រះ​ជា​វត្ថុ​ដ៏​បរិសុទ្ធ គឺ​ជា​ខ្លួន​អ្នក​រាល់​គ្នា​នេះ​ឯង»។ (កូរិនថូសទី១ ៣:១៦, ១៧) ព្រះ​យេហូវ៉ា‹គង់​នៅ​ក្នុង›ចំណោម​ពួក​អ្នក​ចាក់​ប្រេង​តាំង ព្រម​ទាំង​«ដើរ​ជា​មួយ»​ពួក​គេ​ផង តាម​រយៈ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់។ (កូរិនថូសទី២ ៦:១៦) ព្រះ​យេហូវ៉ា​តែង​តែ​ជួយ​ណែនាំ​«អ្នក​បំរើ​ស្មោះ​ត្រង់»​របស់​ទ្រង់។ (ម៉ាថាយ ២៤:៤៥​-​៤៧) ពួក​«ចៀម​ឯ​ទៀត»​ក៏​ឲ្យ​តម្លៃ​ចំពោះ​ឯកសិទ្ធិ​ដែល​ពួក​គេ​មាន​ក្នុង​ការ​រួម​ចំណែក​ជា​មួយ​នឹង​ក្រុម​ពួក​អ្នក​ដែល​ប្រៀប​ដូច​ជា​«ព្រះ​វិហារ»​នោះ។—យ៉ូហាន ១០:១៦; ម៉ាថាយ ២៥:៣៧​-​៤០

អ្វីៗ​ដែល​គ្រិស្ត​សា​សនិក​យើង​ចាត់​ទុក​ថា​ពិសិដ្ឋ

១២​. តើ​យើង​ចាត់​ទុក​អ្វី​ខ្លះ​គឺ​ពិសិដ្ឋ? ហើយ​ហេតុ​អ្វី?

១២ មិន​ជា​ការ​ចម្លែក​អ្វី​ឡើយ ថា​ក្រុមជំនុំ​នៃ​ពួក​គ្រិស្ត​សា​សនិក​ចាក់​ប្រេង​តាំង​និង​គូកន​របស់​គាត់​ចាត់​ទុក​អ្វីៗ​ជា​ច្រើន​ថា​ពិសិដ្ឋ ដូច​ជា​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ (របាក្សត្រទី១ ២៨:៩; ទំនុកដំកើង ៣៦:៧) យើង​ចាត់​ទុក​ចំណង​មិត្តភាព​នេះ​ជា​អ្វី​ដ៏​វិសេស​ដល់​ម្ល៉េះ​បាន​ជា​យើង​មិន​អនុញ្ញាត​ឲ្យ​អ្វី​ឬ​មនុស្ស​ណា​ក៏​ដោយ​ធ្វើ​ឲ្យ​ចំណង​មេត្រីភាព​នោះ​ចុះ​ខ្សោយ​ឡើយ។ (របាក្សត្រទី២ ១៥:​២; យ៉ាកុប ៤:៧, ៨) ការ​អធិស្ឋាន​ក៏​មាន​តួ​នាទី​សំខាន់​ដែរ​ដើម្បី​ឲ្យ​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ព្យាការី​ដានីយ៉ែល​ចាត់​ទុក​ការ​អធិស្ឋាន​ជា​អ្វី​ពិសិដ្ឋ​ដល់​ម្ល៉េះ​បាន​ជា​គាត់​មិន​លះបង់​ទម្លាប់​អធិស្ឋាន​ទូល​ព្រះ​យេហូវ៉ា​នោះ​ឡើយ សូម្បី​តែ​ក្រោម​កាលៈទេសៈ​ដែល​តម្រូវ​ឲ្យ​ប្រថុយ​ជីវិត​ក្ដី។ (ដានីយ៉ែល ៦:៧​-​១១) «សេចក្ដី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ»​ឬ​ពួក​គ្រិស្ត​សា​សនិក​ចាក់​ប្រេង​តាំង​ក៏​ប្រៀបប្រដូច​នឹង​គ្រឿង​ក្រអូប​ដែល​ធ្លាប់​ប្រើ​ក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​នៅ​ឯ​ព្រះ​វិហារ។ (វិវរណៈ ៥:៨; ៨:៣, ៤; លេវីវិន័យ ១៦:​១២, ១៣) ការ​ប្រៀបប្រដូច​សេចក្ដី​អធិស្ឋាន​ទៅ​នឹង​គ្រឿង​ក្រអូប​នោះ បញ្ជាក់​ថា​ការ​អធិស្ឋាន​ជា​អ្វី​ពិសិដ្ឋ​ណាស់។ ដូច្នេះ យើង​ពិត​ជា​មាន​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​មែន​ដោយ​មាន​ទំនាក់ទំនង​ជា​មួយ​នឹង​ព្រះ​មហាក្សត្រ​នៃ​សកលលោក​ទាំង​មូល។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ចាត់​ទុក​ការ​អធិស្ឋាន​ជា​អ្វី​ពិសិដ្ឋ​ដែរ។

១៣​. តើ​ថាមពល​អ្វី​មាន​ភាព​បរិសុទ្ធ? តើ​យើង​គួរ​អនុញ្ញាត​ឲ្យ​វិញ្ញាណ​នោះ​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​ជីវិត​យើង?

១៣ ពួក​គ្រិស្ត​សា​សនិក​ចាក់​ប្រេង​តាំង​និង​គូកន​របស់​គាត់​មាន​ថាមពល​ម្យ៉ាង​ដែល​ពួក​គាត់​ចាត់​ទុក​ជា​អ្វី​ពិសិដ្ឋ​ដែរ ពោល​គឺ វិញ្ញាណ​បរិសុទ្ធ។ វិញ្ញាណ​នោះ​ជា​សកម្ម​ពល​របស់​ព្រះ​យេហូវ៉ា។ ដោយសារ​វិញ្ញាណ​នោះ​តែង​តែ​ធ្វើ​សម្រេច​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​ដ៏​បរិសុទ្ធ នេះ​ស័ក្ដិ​សម​ហៅ​វិញ្ញាណ​នោះ​ជា​«វិញ្ញាណ​បរិសុទ្ធ» ឬ​«វិញ្ញាណ​នៃ​សេចក្ដី​បរិសុទ្ធ»។ (យ៉ូហាន ១៤:២៦; រ៉ូម ១:៤) ព្រះ​យេហូវ៉ា​តែង​តែ​ប្រើ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់​ដើម្បី​ពង្រឹង​កម្លាំង​របស់​ពួក​អ្នក​បម្រើ​ទ្រង់​ដែល​ផ្សាយ​ដំណឹង​ល្អ។ (កិច្ចការ ១:៨; ៤:៣១) ព្រះ​យេហូវ៉ា​ប្រទាន​វិញ្ញាណ​ទ្រង់​ចំពោះ​«អស់​អ្នក​ដែល​ស្ដាប់​បង្គាប់​ទ្រង់» ហើយ​ចំពោះ​ពួក​អ្នក​ដែល​«ដើរ​ក្នុង​[ឬ​«ស្រប​តាម»]​ព្រះ​វិញ្ញាណ»​នោះ ជា​ជាង​បំពេញ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​សាច់​ឈាម។ (កិច្ចការ ៥:៣២; កាឡាទី ៥:១៦, ២៥; ខ.ស.; រ៉ូម ៨:៥​-​៨) សកម្ម​ពល​ខ្លាំង​ក្លា​នេះ​ជួយ​ពួក​គ្រិស្ត​សា​សនិក​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្ដិ​ល្អៗ​ទុក​ជា​«ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ» ហើយ​ក៏​ជួយ​ឲ្យ​ពួក​គេ​មាន​«កិរិយា​បរិសុទ្ធ»​ដែល​បង្ហាញ​ពី​«សេចក្ដី​គោរព​ប្រតិបត្ដិ»​របស់​ពួក​គេ​ផង។ (កាឡាទី ៥:២២, ២៣; ពេត្រុសទី២ ៣:១១) បើ​យើង​ចាត់​ទុក​វិញ្ញាណ​បរិសុទ្ធ​ជា​អ្វី​ពិសិដ្ឋ យើង​នឹង​ជៀស​វាង​ការ​ប្រព្រឹត្ត​ណា​ក៏​ដោយ​ដែល​អាច​ធ្វើ​ឲ្យ​វិញ្ញាណ​ព្រះ​ព្រួយ​ព្រះ​ហឫទ័យ ឬ​រារាំង​ឥទ្ធិពល​នៃ​វិញ្ញាណ​នោះ​ក្នុង​ជីវិត​យើង។—អេភេសូរ ៤:៣០

១៤​. តើ​ពួក​អ្នក​ចាក់​ប្រេង​តាំង​ចាត់​ទុក​កិច្ចការ​អ្វី​ជា​ឯកសិទ្ធិ​ពិសិដ្ឋ? តើ​ពួក​ចៀម​ឯ​ទៀត​រួម​ចំណែក​យ៉ាង​ណា​ក្នុង​ឯកសិទ្ធិ​នេះ?

១៤ ឯកសិទ្ធិ​តំណាង​ព្រះ​នាម​ព្រះ​ដ៏​បរិសុទ្ធ គឺ​ព្រះ​យេហូវ៉ា ដោយ​ធ្វើ​ជា​ស្មរបន្ទាល់​ឬ​សាក្សី​របស់​ទ្រង់ គឺ​ជា​អ្វី​ដែល​យើង​ចាត់​ទុក​ថា​ពិសិដ្ឋ​ដែរ។ (អេសាយ ៤៣:១០​-​១២, ១៥) ព្រះ​យេហូវ៉ា​ប្រទាន​ឲ្យ​ពួក​គ្រិស្ត​សា​សនិក​ចាក់​ប្រេង​តាំង​មាន​សមត្ថភាព​និង​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​«ធ្វើ​ជា​អ្នក​បំរើ​នៃ​សញ្ញា​ថ្មី»។ (កូរិនថូសទី២ ៣:៥, ៦) ក្នុង​នាម​ជា​អ្នក​តំណាង​សញ្ញា​ថ្មី​ឬ​កិច្ច​ព្រម​ព្រៀង​ថ្មី​នោះ ពួក​គាត់​បាន​ទទួល​ភារកិច្ច​ផ្សាយ‹ដំណឹង​ល្អ​ពី​នគរ​ព្រះ› ហើយ​ត្រូវ​«បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍»។ (ម៉ាថាយ ២៤:​១៤; ២៨:​១៩, ២០) ពួក​គាត់​កំពុង​តែ​បំពេញ​ភារកិច្ច​នោះ​ដោយ​ស្មោះ​ត្រង់ ហើយ​មនុស្ស​រាប់​លាន​នាក់​ដែល​មាន​លក្ខណៈ​ដូច​ចៀម​កំពុង​តែ​ធ្វើ​តាម​អ្វី​ដែល​គេ​ឮ ហាក់​ដូច​ជា​ពួក​គេ​មាន​ប្រសាសន៍​ចំពោះ​ពួក​អ្នក​ចាក់​ប្រេង​តាំង​ថា​៖ «យើង​ខ្ញុំ​នឹង​ទៅ​ជា​មួយ​នឹង​អ្នក​ដែរ ពីព្រោះ​យើង​ខ្ញុំ​បាន​ឮ​ថា​ព្រះ​ទ្រង់​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា»។ (សាការី ៨:​២៣) ក្នុង​ន័យ​ជា​អត្ថបដិរូប អ្នក​ទាំង​នេះ​បម្រើ​ការ​ជា​អ្នក​«ភ្ជួររាស់»​និង​អ្នក​«ថែរក្សា​ចំ​ការ​ទំពាំង​បាយ​ជូរ»​ជា​មួយ​ពួក​អ្នក​ចាក់​ប្រេង​តាំង​ដែល​ជា​«អ្នក​គោរព​ដល់​ព្រះ​នៃ​យើង​រាល់​គ្នា»។ យ៉ាង​នេះ ចៀម​ឯ​ទៀត​ជួយ​ពួក​អ្នក​ចាក់​ប្រេង​តាំង​យ៉ាង​ច្រើន​ក្នុង​ការ​សម្រេច​កិច្ច​បម្រើ​ផ្សាយ​ទូទាំង​ពិភព​លោក។—អេសាយ ៦១:៥, ៦

១៥​. តើ​សាវ័ក​ប៉ុល​ចាត់​ទុក​កិច្ចការ​អ្វី​គឺ​ពិសិដ្ឋ? ហេតុ​អ្វី​ក៏​យើង​មាន​ទស្សនៈ​ដូច​ប៉ុល?

១៥ សាវ័ក​ប៉ុល​ជា​មនុស្ស​ម្នាក់​ដែល​ចាត់​ទុក​កិច្ច​បម្រើ​ផ្សាយ​របស់​គាត់​ជា​អ្វី​ពិសិដ្ឋ​ឬ​បរិសុទ្ធ។ ប៉ុល​បាន​ចាត់​ទុក​ខ្លួន​គាត់​«ជា​ភ្នាក់ងារ​នៃ​ព្រះ​យេស៊ូ​វ​គ្រីស្ទ​ដល់​ពួក​សាសន៍​ដទៃ» ហើយ​គាត់​«ធ្វើ​ការងារ​បរិសុទ្ធ គឺ​ជា​ការ​ផ្សាយ​ដំណឹង​ល្អ​របស់​ព្រះ»។ (រ៉ូម ១៥:១៦) ពេល​ប៉ុល​សរសេរ​សំបុត្រ​ជូន​ពួក​គ្រិស្ត​សា​សនិក​នៅ​ទី​ក្រុង​កូរិនថូស គាត់​សំដៅ​ទៅ​លើ​កិច្ច​បម្រើ​ផ្សាយ​របស់​គាត់​ជា​«ទ្រព្យ​សម្បត្ដិ»​មួយ។ (កូរិនថូសទី២ ៤:១, ៧) យើង​ក៏​«បញ្ចេញ​ព្រះ​បន្ទូល​[«ពិសិដ្ឋ»]​នៃ​ព្រះ»​ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​យើង​ដែរ។ (ពេត្រុសទី១ ៤:១១; ព.ថ.) ដូច្នេះ មិន​ថា​យើង​រួម​ចំណែក​ក្នុង​ចំណោម​ពួក​អ្នក​ចាក់​ប្រេង​តាំង​ឬ​ពួក​ចៀម​ឯ​ទៀត​ក្ដី យើង​ក៏​ចាត់​ទុក​ការ​ធ្វើ​បន្ទាល់​ជា​ឯកសិទ្ធិ​ពិសិដ្ឋ​ដែរ។

ការ​«បង្ហើយ​សេចក្ដី​បរិសុទ្ធ ដោយ​នូវ​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ»

១៦​. តើ​អ្វី​នឹង​ជួយ​កុំ​ឲ្យ​យើង​ក្លាយ​ជា​មនុស្ស​ដែល​«មិន​ឲ្យ​តម្លៃ​ចំពោះ​អ្វីៗ​ពិសិដ្ឋ»?

១៦ សាវ័ក​ប៉ុល​បាន​ព្រមាន​ពួក​គ្រិស្ត​សា​សនិក​គ្នីគ្នា​ថា កុំ​ឲ្យ​ក្លាយ​ជា​មនុស្ស​ដែល​«មិន​ឲ្យ​តម្លៃ​ចំពោះ​អ្វីៗ​ពិសិដ្ឋ»។ ផ្ទុយ​ទៅ​វិញ គាត់​ដាស់​តឿន​ឲ្យ​ពួក​គេ​«បាន​ញែក​ជា​បរិសុទ្ធ» ព្រម​ទាំង​«ប្រយ័ត​ឲ្យ​មែន​ទែន​ក្រែង​មាន . . . ឫស​ជូរចត់​ណា​ពន្លក​ឡើង​នាំ​ឲ្យ​ទំនាស់​ចិត្ត រួច​មាន​មនុស្ស​ជា​ច្រើន​បាន​ស្មោកគ្រោក​ដោយសារ​សេចក្ដី​នោះ»។ (ហេព្រើរ ១២:១៤​-​១៦) ពាក្យ​«ឫស​ជូរចត់»​នេះ​សំដៅ​ទៅ​លើ​បងប្អូន​ខ្លះ​ដែល​ចេះ​តែ​រិះគន់​ចំពោះ​ការ​រៀបចំ​ក្នុង​ក្រុមជំនុំ​នៃ​ពួក​គ្រិស្ត​សា​សនិក។ ជា​ឧទាហរណ៍ ប្រហែល​ជា​ពួក​គេ​មិន​ឯកភាព​នឹង​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ភាព​ពិសិដ្ឋ​នៃ​អាពាហ៍ពិពាហ៍ ឬ​ចំពោះ​សារៈ​សំខាន់​នៃ​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌។ (ថែស្សាឡូនីចទី១ ៤:៣​-​៧; ហេព្រើរ ១៣:៤) ឬ​មួយ​ក៏​ពួក​គេ​បញ្ចេញ​ទស្សនៈ​ដូច​ជា​អ្នក​ក្បត់​ជំនឿ ដោយ​មាន​«ពាក្យ​សំដី​ឡេះឡោះ​ឥត​ប្រយោជន៍​[«ដែល​បន្ទាបបន្ថោក​អ្វី​ដែល​បរិសុទ្ធ»]» ស្រប​ទៅ​តាម​ទស្សនៈ​របស់​ពួក​អ្នក​ដែល​បាន​«ជ្រួស​ហួស​ចេញ​ពី​សេចក្ដី​ពិត»​ហើយ។—ធីម៉ូថេទី២ ២:១៦​-​១៨; ព.ថ.

១៧​. ហេតុ​អ្វី​ក៏​ពួក​អ្នក​ចាក់​ប្រេង​តាំង​ត្រូវ​ខិតខំ​ជា​និច្ច​ឲ្យ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​អ្វី​ដែល​បរិសុទ្ធ?

១៧ សាវ័ក​ប៉ុល​បាន​សរសេរ​ជូន​ពួក​អ្នក​ចាក់​ប្រេង​តាំង​គ្នីគ្នា​ថា​៖ «ពួក​ស្ងួនភ្ងា​អើយ! . . . ត្រូវ​ឲ្យ​យើង​រាល់​គ្នា​សំអាត​ខ្លួន​យើង​ពី​គ្រប់​ទាំង​សេចក្ដី​ដែល​ប្រឡាក់​ខាង​សាច់​ឈាម​ចេញ ហើយ​ខាង​ព្រលឹង​វិញ្ញាណ​ផង ព្រម​ទាំង​បង្ហើយ​សេចក្ដី​បរិសុទ្ធ​ដោយ​នូវ​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ»។ (កូរិនថូសទី២ ៧:១) ពាក្យ​នេះ​បង្ហាញ​ថា ពួក​គ្រិស្ត​សា​សនិក​ចាក់​ប្រេង​តាំង​ដែល​«មាន​ចំណែក​ក្នុង​ការងារ​ស្ថានសួគ៌»​ត្រូវ​ខិតខំ​ជា​និច្ច​ឲ្យ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ក្នុង​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​ចំពោះ​អ្វី​ដែល​បរិសុទ្ធ។ (ហេព្រើរ ៣:១) ស្រដៀង​គ្នា​ដែរ ចំពោះ​បងប្អូន​តែងតាំង​ដោយ​វិញ្ញាណ​បរិសុទ្ធ​ដែល​ប្រៀប​«ដូច​ជា​ពួក​កូន​ដែល​ស្ដាប់​បង្គាប់»​ព្រះ នោះ​សាវ័ក​ពេត្រុស​ដាស់​តឿន​ពួក​គាត់​ថា​៖ «[កុំ]​បណ្ដោយ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​អ្នក​រាល់​គ្នា​មាន​ពី​កាល​នៅ​ល្ងង់​ពី​ដើម​នោះ​ឡើយ តែ​ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិសុទ្ធ​ក្នុង​គ្រប់​កិរិយា​ទាំង​អស់ ដូច​ជា​ព្រះ​ដែល​ហៅ​អ្នក​រាល់​គ្នា​ទ្រង់​បរិសុទ្ធ​ដែរ»។—ពេត្រុសទី១ ១:១៤, ១៥

១៨, ១៩​. (ក) តើ​ពួក​អ្នក​ក្នុង​ចំណោម​«មនុស្ស​១​ហ្វូង​យ៉ាង​ធំ»​បង្ហាញ​យ៉ាង​ណា​ថា​គេ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​អ្វី​ដែល​ពិសិដ្ឋ? (ខ) តើ​អត្ថបទ​បន្ទាប់​នឹង​ពិភាក្សា​អំពី​លក្ខណៈ​ពិសិដ្ឋ​មួយ​ណា​នៃ​ជីវិត​ពួក​គ្រិស្ត​សា​សនិក?

១៨ ចុះ​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​ក្នុង​ចំណោម​«មនុស្ស​១​ហ្វូង​យ៉ាង​ធំ»​ដែល​នឹង​រួច​រស់​ជីវិត​ពី​«គ្រា​វេទនា​យ៉ាង​ធំ»? ពួក​គេ​ក៏​ត្រូវ​បង្ហាញ​ថា​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​អ្វី​ដែល​ពិសិដ្ឋ​ដែរ។ សៀវភៅ​វិវរណៈ​ពណ៌នា​ថា​ពួក​គេ​កំពុង​តែ​«បំរើ»​ឬ​«ធ្វើ​កិច្ច​បម្រើ​ពិសិដ្ឋ​ថ្វាយ»​ព្រះ​យេហូវ៉ា​នៅ​លើ​ផែនដី​ដែល​ជា​ទីធ្លា​នៃ​ព្រះ​វិហារ​ខាង​វិញ្ញាណ​របស់​ទ្រង់។ ពួក​គេ​មាន​ជំនឿ​លើ​យញ្ញបូជា​លោះ​របស់​ព្រះ​គ្រិស្ត ហើយ​ក្នុង​ន័យ​ជា​អត្ថបដិរូប​នោះ​កំពុង​តែ​«បោក​អាវ . . . ឲ្យ​ឡើង​ស​ក្នុង​ឈាម​របស់​កូន​ចៀម»។ (វិវរណៈ ៧:៩, ១៤, ១៥; ព.ថ.) ជា​លទ្ធផល ព្រះ​យេហូវ៉ា​ចាត់​ទុក​ពួក​គេ​ជា​មនុស្ស​ស្អាត​ស្អំ ហើយ​នេះ​ក៏​តម្រូវ​ឲ្យ​ពួក​គេ​«សំអាត​ខ្លួន . . . ពី​គ្រប់​ទាំង​សេចក្ដី​ដែល​ប្រឡាក់​ខាង​សាច់​ឈាម​ចេញ ហើយ​ខាង​ព្រលឹង​វិញ្ញាណ​ផង ព្រម​ទាំង​បង្ហើយ​សេចក្ដី​បរិសុទ្ធ​ដោយ​នូវ​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ»។

១៩ ការ​ជួបជុំ​គ្នា​ដើម្បី​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​និង​សិក្សា​ព្រះ​បន្ទូល​របស់​ទ្រង់​ជា​លក្ខណៈ​សំខាន់​មួយ​នៃ​ជីវិត​របស់​ពួក​គ្រិស្ត​សា​សនិក​ចាក់​ប្រេង​តាំង​និង​គូកន​របស់​ពួក​គាត់។ ព្រះ​យេហូវ៉ា​ចាត់​ទុក​កម្មវិធី​ប្រជុំ​របស់​រាស្ត្រ​ទ្រង់​ជា​អ្វី​ពិសិដ្ឋ។ អត្ថបទ​បន្ទាប់​នឹង​បញ្ជាក់​ហេតុ​ដែល​យើង​គួរ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​កិច្ច​ប្រជុំ​យើង ហើយ​របៀប​បង្ហាញ​ថា​យើង​ចាត់​ទុក​កម្មវិធី​ទាំង​នោះ​ជា​អ្វី​ពិសិដ្ឋ​ដែរ។

ការ​សើរើ​ឡើង​វិញ

តើ​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​មិន​ស្រប​គំនិត​បែប​ណា​ជា​មួយ​នឹង​លោកិយ​នេះ?

ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា​ជា​ប្រភព​នៃ​អ្វីៗ​ទាំង​អស់​ដែល​បរិសុទ្ធ?

តើ​យើង​បង្ហាញ​ការ​គោរព​យ៉ាង​ណា​ចំពោះ​ភាព​បរិសុទ្ធ​របស់​ព្រះ​គ្រិស្ត?

តើ​យើង​គួរ​ចាត់​ទុក​អ្វី​ខ្លះ​គឺ​ពិសិដ្ឋ​ក្នុង​ជីវិត​យើង?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​២៥]

ពួក​អ៊ីស្រាអែល​សម័យ​បុរាណ​ចាត់​ទុក​ពួក​សង្ឃ រោង​ឧបោសថ​និង​គ្រឿង​ប្រដាប់ប្រដា​ដែល​នៅ​ក្នុង​នោះ​ជា​របស់​ពិសិដ្ឋ

[រូបភាព​នៅ​ទំព័រ​២៧]

ការ​អធិស្ឋាន​និង​កិច្ច​បម្រើ​ផ្សាយ​របស់​យើង​ជា​ឯកសិទ្ធិ​ពិសិដ្ឋ