ការចោទប្រកាន់មួយដែលជាប់ទាក់ទងនឹងអ្នក
ការចោទប្រកាន់មួយដែលជាប់ទាក់ទងនឹងអ្នក
តើមានបងប្អូនញាតិមិត្តណាម្នាក់ដែលអ្នកស្រឡាញ់ជាងគេទេ? ចុះយ៉ាងណាបើអ្នកដទៃចោទប្រកាន់ថា អ្នកមានភាពជិតស្និទ្ធជាមួយបុគ្គលនោះដោយចង់បានតែប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ? នេះច្បាស់ជាធ្វើឲ្យអ្នកឈឺចិត្តណាស់ ឬប្រហែលជាខឹងទៀតផង មែនទេ? ប៉ុន្តែ អារក្សសាតាំងបានចោទប្រកាន់រួចទៅហើយ ចំពោះអស់អ្នកដែលមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា ថាពួកគេចង់បានតែប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។
សូមគិតអំពីអ្វីដែលបានកើតឡើងពេលសាតាំងបានជោគជ័យក្នុងការញុះញង់មនុស្សមួយគូដំបូង ឈ្មោះអ័ដាមនិងអេវ៉ា ឲ្យធ្វើខុសច្បាប់របស់ព្រះនិងចូលដៃជាមួយវាក្នុងការបះបោរប្រឆាំងនឹងព្រះ។ តើអ្វីដែលកើតឡើងនោះបង្ហាញថាមនុស្សនឹងស្ដាប់បង្គាប់ព្រះយេហូវ៉ាទាល់តែគេទទួលប្រយោជន៍ឬ? (លោកុប្បត្តិ ៣:១-៦) ប្រមាណ២.៥០០ឆ្នាំក្រោយអ័ដាមបានឈប់គោរពព្រះ នោះសាតាំងបានលើករឿងមួយនេះឡើង ដែលទាក់ទងនឹងបុរសម្នាក់ឈ្មោះយ៉ូប។ ការចោទប្រកាន់របស់អារក្សទៅលើយ៉ូបបានបង្កឲ្យទៅជារឿងធំដែលជាប់ទាក់ទងនឹងយើងរាល់គ្នាផងដែរ។ ដូច្នេះ សូមយើងពិនិត្យមើលឲ្យបានដិតដល់នូវកំណត់ហេតុក្នុងព្រះគម្ពីរអំពីលោកយ៉ូប។
‹ខ្ញុំមិនព្រមលះចោលចិត្តស្មោះគ្រប់លក្ខណ៍ឡើយ!›
លោកយ៉ូបជា«អ្នកដែលគ្រប់លក្ខណ៍ហើយទៀងត្រង់ ក៏កោតខ្លាចដល់ព្រះហើយចៀសចេញពីសេចក្ដីអាក្រក់ផង»។ ប៉ុន្តែ សាតាំងចោទប្រកាន់ទៅលើភាពទៀងត្រង់របស់យ៉ូប។ វាទូលសួរព្រះយេហូវ៉ាថា៖ «ដែលយ៉ូបកោតខ្លាចដល់ព្រះអង្គ តើឥតមានប្រយោជន៍ទេឬ?»។ រួចមក អារក្សនិយាយបង្កាច់បង្ខូចព្រះយេហូវ៉ានិងយ៉ូបដោយអះអាងថា ព្រះអង្គទិញទឹកចិត្តយ៉ូបដោយការពារនិងប្រទានពរទៅលើគាត់ឲ្យតែគាត់ស្មោះត្រង់ចំពោះទ្រង់។ ដូច្នេះ ដោយចង់ប្រកួតប្រជែងជាមួយព្រះ សាតាំងពោលថា៖ «ចូរទ្រង់គ្រាន់តែលូកព្រះហស្តទៅពាល់របស់ផងគាត់ទាំងប៉ុន្មានចុះ! នោះគាត់នឹងប្រមាថដល់ទ្រង់នៅចំពោះព្រះភក្ដ្រ»។—យ៉ូប ១:៨-១១
ជាលទ្ធផល ព្រះយេហូវ៉ាអនុញ្ញាតឲ្យសាតាំងធ្វើទុក្ខដល់យ៉ូបដើម្បីបង្ហាញថា តើការអះអាងរបស់វាពិតឬមិនពិត? អារក្សខំធ្វើឲ្យយ៉ូបឈប់បម្រើព្រះដោយធ្វើទុក្ខម្ដងហើយម្ដងទៀតដល់មនុស្សស្មោះត្រង់នេះ។ មានគេលួចនិងសម្លាប់បសុសត្វទាំងឡាយរបស់យ៉ូប ទាំងសម្លាប់បាវព្រាវ ហើយកូនយ៉ូបទាំងអស់ក៏ស្លាប់។ (យ៉ូប ១:១២-១៩) ប៉ុន្តែ តើសាតាំងបានជោគជ័យទេ? មិនមែនទេ! ដ្បិតទោះជាយ៉ូបមិនដឹងថាអារក្សជាអ្នកបង្កឲ្យមានទុក្ខលំបាកក៏ដោយ គាត់បានលាន់មាត់ថា៖ «ព្រះយេហូវ៉ាទ្រង់បានប្រទានមក ហើយទ្រង់ក៏បានដកយកទៅវិញ។ សូមឲ្យព្រះនាមព្រះយេហូវ៉ាបានព្រះពរចុះ!»។—យ៉ូប ១:២១
ក្រោយមក សាតាំងបានឡើងទៅគាល់ព្រះយេហូវ៉ា ហើយទ្រង់មានបន្ទូលថា៖ «ទោះបើឯងបណ្ដាលឲ្យអញទាស់នឹង[យ៉ូប]ដើម្បីនឹងបំផ្លាញចេញដោយឥតហេតុក៏ដោយ គង់តែគាត់នៅរក្សាលក្ខណៈខ្លួន[ឬ«ចិត្តស្មោះគ្រប់លក្ខណ៍»]ដដែល»។ (យ៉ូប ២:១-៣; ព.ថ.) ចិត្តស្មោះគ្រប់លក្ខណ៍របស់យ៉ូបជារឿងសំខាន់ដែលតម្រូវឲ្យគាត់មានចិត្តស្មោះត្រង់ចំពោះព្រះដោយឥតងាករេ ព្រមទាំងរក្សាឲ្យមានភាពសុចរិតដែរ។ ដូច្នេះ យ៉ូបទទួលជ័យជម្នះក្នុងការរក្សាឲ្យមានចិត្តស្មោះគ្រប់លក្ខណ៍ចំពោះព្រះ។ ប៉ុន្តែ អារក្សមិនចុះចាញ់នោះទេ។
បន្ទាប់មកសាតាំងចោទប្រកាន់ចំពោះមនុស្សលោកទាំងឡាយវិញ។ សាតាំងទូលតបព្រះយេហូវ៉ាថា៖ «ស្បែកឲ្យធួននឹងស្បែកចុះ មនុស្សនឹងសុខចិត្តលះបង់ទាំងអស់ចោល ដើម្បីឲ្យបានជីវិតគង់នៅ។ ចូរយ៉ូប ២:៤, ៥) ពេលអារក្សប្រើពាក្យ«មនុស្ស»ជាជាងប្រើឈ្មោះយ៉ូប នេះបង្ហាញថាវាកំពុងតែចោទប្រកាន់ចំពោះចិត្តស្មោះគ្រប់លក្ខណ៍ឬភក្ដីភាពរបស់មនុស្សលោកទាំងឡាយចំពោះព្រះ។ នេះហាក់ដូចជាវាអះអាងថា៖ ‹មនុស្សនឹងសុខចិត្តធ្វើអ្វីក៏ដោយដើម្បីឲ្យខ្លួនមានជីវិត។ សូមឲ្យឱកាសដល់ខ្ញុំចុះ នោះខ្ញុំនឹងអាចធ្វើឲ្យមនុស្សណាក៏ដោយឈប់គោរពព្រះ›។ សូម្បីស្ថិតក្រោមកាលៈទេសៈណាក៏ដោយ តើគ្មាននរណាសោះនឹងរក្សាឲ្យមានចិត្តស្មោះត្រង់ចំពោះព្រះរហូតឬ?
ទ្រង់គ្រាន់តែលូកព្រះហស្តទៅពាល់ដល់ឆ្អឹងនឹងសាច់គាត់ចុះ នោះគាត់នឹងប្រមាថដល់ទ្រង់នៅចំពោះព្រះភក្ដ្រ»។ (ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យអារក្សធ្វើឲ្យយ៉ូបកើតជំងឺរ៉ាំរ៉ៃមួយ។ យ៉ូបកើតទុក្ខយ៉ាងខ្លាំងដល់ម្ល៉េះបានជាគាត់ទូលព្រះថាគាត់ចង់ស្លាប់។ (យ៉ូប ២:៧; ១៤:១៣) យ៉ាងណាក៏ដោយ យ៉ូបបាននិយាយថា៖ «ខ្ញុំមិនព្រមលះចោល[«ចិត្តស្មោះគ្រប់លក្ខណ៍»]ឡើយដរាបដល់ខ្ញុំស្លាប់!»។ (យ៉ូប ២៧:៥; ព.ថ.) យ៉ូបមានប្រសាសន៍យ៉ាងនេះពីព្រោះគាត់ស្រឡាញ់ព្រះ ហើយគ្មានអ្វីអាចបំផ្លាញសេចក្ដីស្រឡាញ់នោះបានទេ។ យ៉ូបបង្ហាញឲ្យឃើញថា គាត់ពិតជាមនុស្សដែលមានចិត្តស្មោះគ្រប់លក្ខណ៍មែន។ ព្រះគម្ពីរចែងថា៖ «ព្រះយេហូវ៉ាទ្រង់បានប្រទានពរដល់យ៉ូបនៅជាន់ក្រោយនេះជាជាងជាន់ដើមទៅទៀត»។ (យ៉ូប ៤២:១០-១៧) ក្រៅពីយ៉ូប តើមានមនុស្សឯទៀតដែលស្មោះត្រង់ចំពោះព្រះទេ? តើពេលវេលាដែលបានកន្លងផុតទៅបង្ហាញយ៉ាងណា?
លទ្ធផលពីការប្រកួតប្រជែង
សាវ័កប៉ុលជាអ្នកសរសេរសៀវភៅហេព្រើរដែលមានក្នុងព្រះគម្ពីរ ហើយក្នុងជំពូក១១ គាត់ប្រាប់ឈ្មោះបុរសស្ត្រីស្មោះត្រង់ជាច្រើនដែលរស់នៅមុនសម័យពួកគ្រិស្តសាសនិក ដូចជាលោកណូអេ អ័ប្រាហាំ នាងសារ៉ានិងលោកម៉ូសេជាដើម។ ក្រោយមក សាវ័កប៉ុលថា៖ «គ្មានពេលវេលានឹងថ្លែងប្រាប់រឿងពី[អ្នកឯទៀត]ទេ»។ (ហេព្រើរ ១១:៣២) អ្នកបម្រើស្មោះត្រង់ទាំងនោះមានចំនួនច្រើនដល់ម្ល៉េះបានជាប៉ុលសំដៅលើពួកគេជា«ស្មរបន្ទាល់១ហ្វូងធំ»។ (ហេព្រើរ ១២:១) ពិតមែន រាប់រយឆ្នាំហើយធ្លាប់មានមនុស្សរាប់មិនអស់ដែលបានប្រើសិទ្ធិសេរីភាពរបស់ខ្លួនដើម្បីជ្រើសរើសបម្រើព្រះយេហូវ៉ាដោយចិត្តស្មោះភក្ដី។—យ៉ូស្វេ ២៤:១៥
ព្រះយេស៊ូគ្រិស្តដែលជារាជបុត្រារបស់ព្រះយេហូវ៉ាបានផ្ដល់ភ័ស្តុតាងខ្លាំងបំផុតដែលបង្ហាញថាសាតាំងបានបរាជ័យក្នុងការអះអាងថាវាអាចធ្វើឲ្យមនុស្សឈប់ថ្វាយបង្គំព្រះបាន។ សូម្បីតែពេលព្រះយេស៊ូរងទុក្ខយ៉ាងឈឺចាប់ជាទីបំផុតនៅលើបង្គោលទារុណកម្មរហូតដល់សោយទិវង្គតក៏ដោយ នោះទ្រង់នៅតែបានរក្សាឲ្យមានចិត្តភក្ដីចំពោះព្រះជានិច្ច។ ពេលព្រះយេស៊ូជិតផុតដង្ហើមចុងក្រោយនោះ ទ្រង់លាន់មាត់ថា៖ «ឱព្រះវរបិតាអើយ! ទូលបង្គំសូមប្រគល់វិញ្ញាណដល់ព្រះហស្តទ្រង់វិញ»។—លូកា ២៣:៤៦
ពេលវេលាដែលបានកន្លងផុតទៅបង្ហាញយ៉ាងច្បាស់ថា អារក្សមិនបានបង្វែរមនុស្សទាំងអស់ចេញពីការបម្រើព្រះពិតទេ។ មនុស្សច្រើនឥតគណនាបានរៀនឲ្យស្គាល់ព្រះយេហូវ៉ាហើយបាន‹ស្រឡាញ់ទ្រង់អស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតរបស់គេ›។ (ម៉ាថាយ ២២:៣៧) ការរក្សាចិត្តស្មោះត្រង់ចំពោះព្រះយេហូវ៉ាដោយឥតប្រែប្រួល បានបង្ហាញថាការចោទប្រកាន់របស់សាតាំងគឺខុសទាំងស្រុងស្តីអំពីចិត្តស្មោះគ្រប់លក្ខណ៍នៃមនុស្ស។ អ្នកក៏អាចបង្ហាញថាអារក្សបានអះអាងខុស ដោយរក្សាឲ្យមានចិត្តស្មោះគ្រប់លក្ខណ៍ចំពោះព្រះ។
តើអ្នកត្រូវធ្វើអ្វី?
ព្រះយេហូវ៉ាសព្វព្រះហឫទ័យ«ឲ្យមនុស្សទាំងអស់បានសង្គ្រោះ ហើយឲ្យបានស្គាល់សេចក្ដីពិត»។ (ធីម៉ូថេទី១ ២:៤) តើអ្នកអាចស្គាល់សេចក្ដីពិតបានយ៉ាងណា? ចូរឆ្លៀតពេលសិក្សាព្រះគម្ពីរដើម្បី‹ស្គាល់ព្រះពិតតែ១ នឹងព្រះយេស៊ូវគ្រីស្ទដែលទ្រង់បានចាត់ឲ្យមកផង›។—យ៉ូហាន ១៧:៣
សាតាំងបានចោទប្រកាន់ចំពោះចិត្តស្មោះគ្រប់លក្ខណ៍របស់មនុស្សជាតិដោយលើកឡើងនូវការសង្ស័យអំពីបំណងចិត្តរបស់មនុស្សក្នុងការបម្រើព្រះ។ ចំណេះដែលអ្នកទទួលត្រូវជ្រាបចូលទៅក្នុងចិត្តទើបអាចមានអានុភាពលើបំណងចិត្តរបស់អ្នក។ ប៉ុន្តែ បើយើងគ្រាន់តែចង់ដឹងព័ត៌មានក្នុងព្រះគម្ពីរប៉ុណ្ណោះ នោះនឹងមិនធ្វើឲ្យចំណេះនេះជ្រាបចូលទៅក្នុងចិត្តទេ។ ដូច្នេះ ចូរមានទម្លាប់រំពឹងគិតអំពីអ្វីដែលអ្នករៀន។ (ទំនុកដំកើង ១៤៣:៥) ពេលអានព្រះគម្ពីរឬសៀវភៅដែលបកស្រាយន័យព្រះគម្ពីរ ចូរឆ្លៀតពេលហើយគិតវែងឆ្ងាយអំពីសំណួរដូចតទៅនេះ: ‹តើនេះបង្រៀនអ្វីខ្លះអំពីព្រះយេហូវ៉ា? តើនេះបង្ហាញពីគុណសម្បត្ដិអ្វីខ្លះរបស់ទ្រង់? តើខ្ញុំគួរកែប្រែជីវិតខ្ញុំយ៉ាងណាខ្លះដើម្បីមានលក្ខណៈដូចនេះ? តើព្រះសព្វព្រះហឫទ័យឬមិនសព្វព្រះហឫទ័យចំពោះអ្វីខ្លះ? តើនេះមានឥទ្ធិពលយ៉ាងណាលើទស្សនៈរបស់ខ្ញុំចំពោះទ្រង់?›។ ការសញ្ជឹងគិតបែបនេះនឹងជួយឲ្យចិត្តរបស់អ្នកពោរពេញទៅដោយសេចក្ដីស្រឡាញ់និងមានកតញ្ញូធម៌ចំពោះព្រះដែលជាអ្នកបង្កើតអ្វីៗទាំងអស់។
យើងរក្សាឲ្យមានចិត្តស្មោះគ្រប់លក្ខណ៍ចំពោះព្រះ មិនគ្រាន់តែអំពីរឿងជំនឿសាសនាប៉ុណ្ណោះទេ។ (ពង្សាវតារក្សត្រទី១ ៩:៤) ការ រក្សាឲ្យមានចិត្តស្មោះគ្រប់លក្ខណ៍ចំពោះព្រះយេហូវ៉ាតម្រូវឲ្យយើងមានភាពស្អាតស្អំខាងសីលធម៌គ្រប់បែបយ៉ាងទាំងអស់ក្នុងជីវិតយើង។ យ៉ាងណាក៏ដោយ ការរក្សាឲ្យមានចិត្តស្មោះគ្រប់លក្ខណ៍មិនមានន័យថាយើងមិនអាចមានការសប្បាយឡើយ ដ្បិតព្រះយេហូវ៉ាជា‹ព្រះដែលប្រកបដោយសុភមង្គល› ហើយទ្រង់សព្វព្រះហឫទ័យឲ្យយើងមានជីវិតសប្បាយដែរ។ (ធីម៉ូថេទី១ ១:១១, ខ.ស.) ឥឡូវ សូមគិតពិចារណាអំពីការប្រព្រឹត្តខ្លះដែលយើងត្រូវជៀសវាងដើម្បីរក្សាឲ្យមានភាពស្អាតស្អំខាងសីលធម៌ ហើយជាលទ្ធផលនឹងមានជីវិតសប្បាយព្រមទាំងផ្គាប់ព្រះហឫទ័យព្រះផងដែរ។
ចូរជៀសវាងការប្រព្រឹត្តដែលខុសពីសីលធម៌
ក្នុងព្រះគម្ពីរដែលជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ទ្រង់បានប្រទានខ្នាតតម្រាចំពោះគូអាពាហ៍ពិពាហ៍ថា៖ «មនុស្សប្រុសនឹងលាចេញពីឪពុកម្ដាយខ្លួនទៅនៅជាប់នឹងប្រពន្ធវិញ ហើយអ្នកទាំង២នោះនឹងត្រឡប់ជាសាច់តែ១សុទ្ធ»។ (លោកុប្បត្តិ ២:២១-២៤) ដោយសារគូស្វាមីភរិយាក្លាយជា«សាច់តែ១»ដូច្នេះ ពួកគេឲ្យតម្លៃចំពោះអាពាហ៍ពិពាហ៍ដែលព្រះយេហូវ៉ាបានរៀបចំឲ្យ ដោយរួមដំណេកតែជាមួយគូរបស់ខ្លួនប៉ុណ្ណោះ។ សាវ័កប៉ុលបានមានប្រសាសន៍ថា៖ «ការវិវាហមង្គលជាការប្រសើរដល់គ្រប់គ្នា ហើយដែលរួមដំណេក នោះក៏ជាការឥតសៅហ្មងដែរ តែព្រះទ្រង់នឹងជំនុំជំរះមនុស្សកំផិត ហើយនឹងមនុស្សសហាយស្មន់គ្នាវិញ»។ (ហេព្រើរ ១៣:៤) ពាក្យ«រួមដំណេក»នេះសំដៅទៅលើការរួមភេទរវាងបុរសនិងស្ត្រីដែលបានរៀបអាពាហ៍ពិពាហ៍ស្របច្បាប់។ បើស្វាមីឬភរិយារួមភេទជាមួយមនុស្សដែលមិនមែនជាគូរបស់ខ្លួន នេះជាអំពើកំផិតហើយអាចនាំឲ្យគាត់ទទួលទោសពីព្រះផង។—ម៉ាឡាគី ៣:៥
ចុះយ៉ាងណាចំពោះការរួមភេទមុនរៀបការ? នេះក៏ជាអំពើខុសពីខ្នាតតម្រាសីលធម៌របស់ព្រះយេហូវ៉ា។ ព្រះគម្ពីរចែងថា៖ «ព្រះទ្រង់សព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាបានញែកជាបរិសុទ្ធដើម្បីឲ្យបានចៀសពីសេចក្ដីកំផិតចេញ»។ (ថែស្សាឡូនីចទី១ ៤:៣) ការរួមដំណេករវាងមនុស្សភេទដូចគ្នា ការរួមភេទជាមួយសមាជិកគ្រួសារឬសាច់ញាតិរបស់ខ្លួន ហើយការរួមសង្វាសនឹងសត្វក៏ជាអំពើបាបប្រឆាំងនឹងព្រះ។ (លេវីវិន័យ ១៨:៦, ២៣; រ៉ូម ១:២៦, ២៧) អ្នកណាដែលចង់បានសុភមង្គលពិត ហើយចង់ផ្គាប់ព្រះហឫទ័យព្រះ នោះត្រូវជៀសឲ្យឆ្ងាយពីអំពើអសីលធម៌។
ចុះយ៉ាងណាចំពោះការប្រព្រឹត្តទាំងឡាយណាដែលនាំឲ្យមនុស្សនៅលីវស្រើបស្រាល? ការប្រព្រឹត្តទាំងនោះមិនផ្គាប់ព្រះហឫទ័យព្រះយេហូវ៉ាទេ។ (កាឡាទី ៥:១៩) មនុស្សត្រូវរក្សាឲ្យមានគំនិតស្អាតស្អំដោយមិនគិតអំពីអ្វីដែលជាអំពើអសីលធម៌សោះឡើយ។ ព្រះយេស៊ូមានបន្ទូលថា៖ «អ្នកណាដែលគ្រាន់តែក្រឡេកឃើញស្ត្រីហើយមានដំរេកសំរើបចង់បាននោះឈ្មោះថា បានប្រព្រឹត្តសេចក្ដីកំផិតនឹងនាងនោះនៅក្នុងចិត្តខ្លួនហើយ»។ (ម៉ាថាយ ៥:២៨) បន្ទូលនោះក៏សំដៅទៅលើការមើលរូបអាសអាភាសដែលបោះពុម្ពក្នុងសៀវភៅនិងទស្សនាវដ្ដីផ្សេងៗ កុននិងតាមប្រព័ន្ធអ៊ីនធឺណិតជាដើម។ នេះក៏អាចរួមបញ្ចូលការមើលឯកសារដែលពន្យល់អំពីក្បាច់នៃការរួមភេទ ហើយការស្ដាប់បទចម្រៀងដែលបង្កប់អត្ថន័យទាក់ទងនឹងការរួមភេទ។ ការជៀសវាងរបស់ទាំងនេះផ្គាប់ព្រះហឫទ័យព្រះហើយក៏ជួយឲ្យមានជីវិតកាន់តែប្រសើរ។
ចុះយ៉ាងណាចំពោះការចែចង់? ការចែចង់ត្រូវបានបកស្រាយថា «ជាការញ៉ែដើម្បីលេងសើចឬការនិយាយទាក់ទាញឲ្យគេស្រឡាញ់ខ្លួន»។ បើស្វាមីឬភរិយាចែចង់បុរសឬស្ត្រីដែលមិនមែនជាគូរបស់ខ្លួន នេះជាការប្រព្រឹត្តខុសពីគោលការណ៍ព្រះគម្ពីរ ហើយជាអ្វីដែលមិនបង្ហាញការគោរពចំពោះព្រះយេហូវ៉ាទេ។ (អេភេសូរ ៥:២៨-៣៣) ចំពោះពួកអ្នកនៅលីវ គឺមិនជាការគួរសមទេឲ្យញ៉ែគេទុកជាការលេងសើច! ដ្បិតចុះយ៉ាងណាបើគេយល់ខុសថាអ្នកពិតជាស្រឡាញ់គេនោះ? សូមគិតអំពីទំហំនៃការឈឺចាប់របស់គេ។ ណាមួយទៀត ចូរចាំមិនភ្លេចថា ការចែចង់អាចនាំឲ្យប្រព្រឹត្តអំពើអសីលធម៌ឬការផិតក៏មាន។ ផ្ទុយទៅវិញ ការប្រព្រឹត្តដោយគួរសមលើមនុស្សភេទខុសពីយើងនាំឲ្យខ្លួនមានកិត្ដិយសវិញ។—ធីម៉ូថេទី១ ៥:១, ២
ការផ្គាប់ព្រះហឫទ័យព្រះក្នុងរឿងឯទៀត
នៅប្រទេសជាច្រើន គឺមិនពិបាកឲ្យមនុស្សរកទិញភេសជ្ជៈដែលមានជាតិសុរាទេ។ តើការពិសាស្រាជាការខុសទេ? ព្រះគម្ពីរមិនដាក់បម្រាមលើការពិសាបន្ដិចបន្តួចនូវស្រាក្រហម ស្រាបៀរនិងភេសជ្ជៈឯទៀតដែលមានជាតិសុរា។ (ទំនុកដំកើង ១០៤:១៥; ធីម៉ូថេទី១ ៥:២៣) ក៏ប៉ុន្តែ ព្រះយេហូវ៉ាចាត់ទុកការពិសាស្រាច្រើននិងការប្រមឹកជាការខុសតែម្ដង។ (កូរិនថូសទី១ ៥:១១-១៣) អ្នកច្បាស់ជាមិនចង់ឲ្យការពិសាស្រានាំឲ្យខូចសុខភាពនិងបង្ខូចជីវិតគ្រួសាររបស់អ្នកទេ។—សុភាសិត ២៣:២០, ២១, ២៩-៣៥
ព្រះយេហូវ៉ាជា«ព្រះនៃសេចក្ដីពិត»។ (ទំនុកដំកើង ៣១:៥) ព្រះគម្ពីរចែងថា៖ «ព្រះទ្រង់កុហកពុំបានទេ»។ (ហេព្រើរ ៦:១៨) បើចង់ឲ្យព្រះសព្វព្រះហឫទ័យចំពោះអ្នក នោះត្រូវជៀសវាងពីការភូតកុហក។ (សុភាសិត ៦:១៦-១៩; កូល៉ុស ៣:៩, ១០) ព្រះគម្ពីរ ដាស់តឿនពួកគ្រិស្តសាសនិកថា៖ «ត្រូវឲ្យនិយាយសេចក្ដីពិតនឹងអ្នកជិតខាងរៀងខ្លួនវិញ»។—អេភេសូរ ៤:២៥
ណាមួយទៀត ក៏មានការលេងល្បែងស៊ីសងផងដែរ។ ទោះជាមនុស្សជាច្រើនចូលចិត្តល្បែងស៊ីសងក្ដី នេះជាការលោភលន់ម្យ៉ាងពីព្រោះជាការខិតខំប្រមូលលុយដោយធ្វើឲ្យអ្នកដទៃបាត់បង់លុយកាក់។ ព្រះយេហូវ៉ាមិនសព្វព្រះហឫទ័យចំពោះមនុស្សដែល«រកប្រាក់តាមរបៀបថោកទាប»នោះទេ។ (ធីម៉ូថេទី១ ៣:៨, ខ.ស.) បើអ្នកចង់ផ្គាប់ព្រះហឫទ័យព្រះយេហូវ៉ា អ្នកត្រូវជៀសវាងគ្រប់ទាំងល្បែងស៊ីសង រួមមានកន្ទុយលេខ ឡូតូ ចាក់ឆ្នោតនិងចាក់បាល់ជាដើម។ ជាលទ្ធផល អ្នកប្រហែលជានឹងឃើញថាមានលុយច្រើនជាងមុនដើម្បីចិញ្ចឹមក្រុមគ្រួសារ។
ការលួចឬការយកអ្វីដែលមិនមែនជាកម្មសិទ្ធិរបស់ខ្លួនក៏ជាការលោភលន់ម្យ៉ាងដែរ។ ព្រះគម្ពីរចែងថា៖ «កុំឲ្យលួចប្លន់ឲ្យសោះ»។ (និក្ខមនំ ២០:១៥) ការទិញអ្វីដែលយើងដឹងថាជារបស់ដែលគេបានលួចនោះ ជាការខុស។ ហើយការយកអ្វីដោយគ្មានការអនុញ្ញាតជាមុនក៏ជាការខុសដែរ។ ព្រះគម្ពីរចែង៖ «អ្នកណាដែលធ្លាប់លួចត្រូវឈប់លួចទៅ ស៊ូឲ្យអ្នកនោះទ្រាំនឿយហត់ជាជាង ទាំងធ្វើការល្អដោយដៃខ្លួនវិញ ដើម្បីឲ្យមានអ្វីនឹងចែកដល់អ្នកណាដែលត្រូវការផង»។ (អេភេសូរ ៤:២៨) ជាជាងស៊ីម៉ោងរបស់ថៅកែ ពួកអ្នកដែលស្រឡាញ់ព្រះយេហូវ៉ាតែងធ្វើការពេញម៉ោងអស់ពីសមត្ថភាព។ ពួកអ្នកស្រឡាញ់ព្រះ«ប្រាថ្នាចង់ប្រព្រឹត្តល្អក្នុងគ្រប់ការទាំងអស់»។ (ហេព្រើរ ១៣:១៨) ជាលទ្ធផល ពួកគេមានចិត្តស្ងប់ដោយព្រោះមនសិការមិនធ្វើទុក្ខ។
តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះមនុស្សច្រឡោត? ព្រះគម្ពីរព្រមានថា៖ «កុំឲ្យចងជាមិត្រនឹងមនុស្សណាដែលអាសាខឹងឡើយ ក៏កុំឲ្យភប់ប្រសព្វនឹងមនុស្សមួម៉ៅដែរ»។ (សុភាសិត ២២:២៤) ម្ដងហើយម្ដងទៀតការមិនចេះទប់កំហឹងនាំឲ្យមានអំពើហិង្សា។ (លោកុប្បត្តិ ៤:៥-៨) ចំពោះការសងសឹក ព្រះគម្ពីរចែងថា៖ «កុំឲ្យធ្វើការអាក្រក់ស្នងនឹងការអាក្រក់ឡើយ ត្រូវតែខំសំដែងកិរិយាល្អនៅចំពោះមុខមនុស្សទាំងអស់វិញ។ ខាងឯពួកអ្នករាល់គ្នា នោះឲ្យខំនៅជាមេត្រីនឹងមនុស្សទាំងអស់ចុះ បើសិនជាបាន។ ឱពួកស្ងួនភ្ងាអើយ! កុំឲ្យសងសឹកឡើយ ចូរថយចេញពីសេចក្ដីកំហឹងទៅ ដ្បិតមានសេចក្ដីចែងទុកមកថា៖ ‹ព្រះអម្ចាស់ទ្រង់មានបន្ទូលថា ការសងសឹកនោះស្រេចនឹងអញ អញនឹងសងដល់គេ›»។ (រ៉ូម ១២:១៧-១៩) ពេលយើងធ្វើតាមដំបូន្មាននេះ យើងនឹងមានសេចក្ដីសុខក្នុងជីវិតដែលនាំឲ្យមានសុភមង្គលច្រើនជាង។
អ្នកអាចទទួលបានជោគជ័យ
ដោយសារមានការបង្ខិតបង្ខំផ្សេងៗឲ្យលះបង់ចិត្តភក្ដីចំពោះព្រះយេហូវ៉ា តើអ្នកអាចទទួលបានជោគជ័យក្នុងការរក្សាឲ្យមានចិត្តស្មោះគ្រប់លក្ខណ៍ចំពោះទ្រង់បានទេ? អ្នកពិតជាអាចទទួលបានមែន! ចូរទទួលស្គាល់ថាព្រះយេហូវ៉ាចង់ឲ្យអ្នកទទួលបានជោគជ័យក្នុងការបង្ហាញថាការអះអាងរបស់សាតាំងមិនត្រឹមត្រូវទេ ក្នុងការចោទប្រកាន់ថាមនុស្សនឹងមិនអាចរក្សាឲ្យមានចិត្តស្មោះគ្រប់លក្ខណ៍ចំពោះព្រះបានទេ។ ដ្បិតព្រះគម្ពីរដែលជាព្រះបន្ទូលរបស់ព្រះយេហូវ៉ាចែងថា៖ «កូនអើយ! ចូរឲ្យឯងមានប្រាជ្ញាឡើង ហើយឲ្យចិត្តអញបានរីករាយចុះ ដើម្បីឲ្យអញអាចតបឆ្លើយចំពោះមនុស្សដែលដៀលតិះដល់អញ»។—សុភាសិត ២៧:១១
អ្នកអាចអធិស្ឋានសូមឲ្យព្រះយេហូវ៉ាពង្រឹងកម្លាំងរបស់អ្នកដើម្បីធ្វើអ្វីដែលត្រឹមត្រូវនៅចំពោះទ្រង់។ (ភីលីព ៤:៦, ៧, ១៣) ដូច្នេះ ចូរព្យាយាមក្រេបជញ្ជក់យកចំណេះថែមទៀតពីព្រះគម្ពីរដែលជាព្រះបន្ទូលរបស់ព្រះ។ ការរំពឹងគិតដោយមានចិត្តកតញ្ញូចំពោះអ្វីដែលអ្នកកំពុងតែរៀនក្នុងព្រះគម្ពីរនឹងជួយអ្នកបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ជ្រាលជ្រៅចំពោះព្រះ ព្រមទាំងជំរុញអ្នកឲ្យធ្វើអ្វីដែលផ្គាប់ព្រះហឫទ័យទ្រង់។ យ៉ូហានទី១ ៥:៣ ចែងថា៖ «នេះហើយជាសេចក្ដីស្រឡាញ់ដល់ព្រះ គឺឲ្យយើងកាន់តាមអស់ទាំងបញ្ញត្តរបស់ទ្រង់ ឯបញ្ញត្តទ្រង់នោះមិនមែនជាបន្ទុកដ៏ធ្ងន់ទេ»។ ពួកស្មរបន្ទាល់ព្រះយេហូវ៉ានៅតំបន់លោកអ្នកនឹងសប្បាយចិត្តជួយអ្នករៀនព្រះគម្ពីរ។ សូមអញ្ជើញទៅជួបពួកគេនាតំបន់លោកអ្នក ឬសរសេរសំបុត្រជូនអ្នកបោះពុម្ពទស្សនាវដ្ដីនេះក៏បាន។
[រូបភាពនៅទំព័រ៤]
លោកយ៉ូបបានរក្សាឲ្យមានចិត្តស្មោះត្រង់ចំពោះព្រះ ទោះជាមានទុក្ខលំបាកណាក៏ដោយ
[រូបភាពនៅទំព័រ៧]
ការបង្កើនចំណេះពីព្រះបន្ទូលរបស់ព្រះនឹងផ្ដល់កម្លាំងឲ្យអ្នកតាំងចិត្តធ្វើអ្វីដែលត្រឹមត្រូវ