លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ព្រះយេហូវ៉ាចេះសង្គ្រោះរាស្ដ្ររបស់លោក

ព្រះយេហូវ៉ាចេះសង្គ្រោះរាស្ដ្ររបស់លោក

ព្រះ​យេហូវ៉ា​ចេះ​សង្គ្រោះ​រាស្ត្រ​របស់​លោក

​«​ព្រះ​យេហូវ៉ា​ចេះ​សង្គ្រោះ​មនុស្ស​ដែល​មាន​ភក្ដីភាព​ចំពោះ​លោក​ឲ្យ​រួច​ពី​ទុក្ខ​លំបាក​»។—២ពេ. ២:៩

ហេតុ​អ្វី​យើង​អាច​ទុក​ចិត្ត​ថា​ ព្រះ​យេហូវ៉ា:

ធ្វើ​ឲ្យ​ព្រឹត្ដិការណ៍​ផ្សេង​ៗ​កើត​ឡើង​តាម​ពេល​ដែល​លោក​បាន​កំណត់ ដើម្បី​សម្រេច​គោល​បំណង​របស់​លោក?

នឹង​ប្រើ​ឫទ្ធានុភាព​របស់​លោក​ដើម្បី​ធ្វើ​អន្តរាគមន៍​ជួយ​រាស្ត្រ​របស់​លោក?

ដឹង​ប្រាកដ​អំពី​អ្វី​ដែល​នឹង​កើត​ឡើង ​ក្នុង​អំឡុង​គ្រា​ទុក្ខវេទនា​ជា​ខ្លាំង?

១​. តើ​គ្រា​«​ទុក្ខវេទនា​ជា​ខ្លាំង​»​នឹង​មាន​ស្ថានភាព​យ៉ាង​ណា?

ការ​បំផ្លាញ​ចោល​ពិភព​លោក​របស់​សាថាន​នឹង​កើត​ឡើង​មួយ​រំពេច។ (​១ថែ. ៥:២, ៣​) ក្នុង​អំឡុង​«​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​»​ សង្គម​មនុស្ស​នឹង​ជ្រួល​ច្របល់​កាន់​តែ​ខ្លាំង​ឡើង។ (​សេផ. ១:១៤​-​១៧​) ស្ថានភាព​ពិបាក​និង​ការ​ខ្វះ​ខាត​នឹង​ទៅ​ជា​រឿង​ធម្មតា។ គ្រា​នោះ​នឹង​ជា​គ្រា​លំបាក​«​ដែល​មិន​ធ្លាប់​មាន​តាំង​ពី​កំណើត​ពិភព​លោក​រហូត​ដល់​ឥឡូវ​នេះ​»។—សូម​អាន ម៉ាថាយ ២៤:២១, ២២

២, ៣​. ​(​ក​) តើ​រាស្ត្រ​របស់​ព្រះ​នឹង​ប្រឈម​មុខ​នឹង​អ្វី​នៅ​គ្រា​«​ទុក្ខវេទនា​ជា​ខ្លាំង​»​? (​ខ​) តើ​អ្វី​អាច​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​ចំពោះ​អ្វី​ៗ​ដែល​នឹង​កើត​ឡើង​នៅ​ខាង​មុខ?

អេសេគាល​បាន​ទាយ​អំពី​ការ​វាយ​ប្រហារ​ផ្ដាច់​ព្រ័ត្រ​មក​លើ​រាស្ត្រ​របស់​ព្រះ​នៅ​ជិត​ទី​បញ្ចប់​នៃ​គ្រា​ទុក្ខវេទនា​ជា​ខ្លាំង។ ​«​កុក​នៃ​ស្រុក​ម៉ា​កុក​»​នឹង​វាយ​ប្រហារ​យ៉ាង​ពេញ​ទំហឹង​មក​លើ​រាស្ត្រ​របស់​ព្រះ។ ក្នុង​អំឡុង​ការ​វាយ​ប្រហារ​នោះ ​«​ពួក​កង​[​ទ័ព​]យ៉ាង​សន្ធឹក​»​នឹង​មក​ប្រឆាំង​រាស្ត្រ​របស់​ព្រះ​«​ដូច​ជា​ពពក​ដែល​គ្រប​ស្រុក​»។ (​អេស. ៣៨:២, ១៤​-​១៦; ព.ថ.​) គ្មាន​អង្គការ​ណា​របស់​មនុស្ស​នឹង​ការពារ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​ឡើយ។ ពួក​គេ​នឹង​រួច​ជីវិត លុះ​ត្រា​តែ​ពួក​គេ​ពឹង​ផ្អែក​ទៅ​លើ​ព្រះ។ តើ​ពួក​គេ​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា​ពេល​សត្រូវ​មក​ដើម្បី​បំផ្លាញ​ពួក​គេ​ទាំង​អស់?

ប្រសិនបើ​អ្នក​ជា​អ្នក​បម្រើ​ម្នាក់​របស់​ព្រះ​យេហូវ៉ា តើ​អ្នក​មាន​ជំនឿ​ថា​ព្រះ​យេហូវ៉ា​អាច​ការពារ ហើយ​នឹង​ការពារ​រាស្ត្រ​របស់​លោក​នៅ​គ្រា​ទុក្ខវេទនា​ជា​ខ្លាំង​ឬ​ទេ? សាវ័ក​ពេត្រុស​បាន​សរសេរ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ចេះ​សង្គ្រោះ​មនុស្ស​ដែល​មាន​ភក្ដីភាព​ចំពោះ​លោក​ឲ្យ​រួច​ពី​ទុក្ខ​លំបាក តែ​ទុក​មនុស្ស​មិន​សុចរិត​ដោយ​ឡែក​ដើម្បី​ឲ្យ​ទទួល​សេចក្ដី​ហិន​វិនាស​នៅ​ថ្ងៃ​វិនិច្ឆ័យ​ទោស​»។ (​២ពេ. ២:៩​) ការ​សញ្ជឹង​គិត​អំពី​សេចក្ដី​សង្គ្រោះ​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​នៅ​សម័យ​បុរាណ អាច​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​ចំពោះ​អ្វី​ៗ​ដែល​នឹង​កើត​ឡើង​នៅ​ខាង​មុខ។ សូម​យើង​ពិចារណា​គំរូ​បី​ដែល​នឹង​ធ្វើ​ឲ្យ​យើង​ទុក​ចិត្ត​លើ​សមត្ថភាព​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​សង្គ្រោះ​រាស្ត្រ​របស់​លោក។

រួច​ជីវិត​ពី​ទឹក​ជំនន់​លិច​ផែនដី​ទាំង​មូល

៤​. តើ​អ្វី​ខ្លះ​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​រួច​រាល់​មុន​ទឹក​ជំនន់​មក​ដល់?

មុន​ដំបូង សូម​យើង​ពិចារណា​កំណត់​ហេតុ​អំពី​ទឹក​ជំនន់​នៅ​សម័យ​ណូអេ។ ពេល​កំណត់​គឺ​សំខាន់​ដើម្បី​ឲ្យ​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​បាន​សម្រេច។ កិច្ចការ​ធំ​សម្បើម​ដូច​ជា​ការ​សង់​ទូក​ធំ​និង​ការ​ដាក់​សត្វ​នៅ​ក្នុង​ទូក​ដោយ​សុវត្ថិភាព ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​រួច​ស្រេច មុន​ទឹក​ជំនន់​មក​ដល់។ កំណត់​ហេតុ​នៅ​សៀវភៅ​លោកុប្បត្តិ​បង្ហាញ​ថា ព្រះ​យេហូវ៉ា​មិន​បាន​ឲ្យ​សង់​ទូក​ធំ​រួច ទើប​សម្រេច​អំពី​ពេល​វេលា​ដែល​លោក​នឹង​ធ្វើ​ឲ្យ​មាន​ទឹក​ជំនន់ ហាក់​ដូច​ជា​លោក​បារម្ភ​ក្រែង​ទូក​ធំ​សង់​មិន​ទាន់​រួច​មុន​ទឹក​ជំនន់​មក​ដល់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ អស់​រយៈ​ពេល​ជា​យូរ​មុន​លោក​បាន​ប្រាប់​ណូអេ​អំពី​ការ​សង់​ទូក​ធំ ព្រះ​បាន​កំណត់​ពេល​ធ្វើ​ឲ្យ​មាន​ទឹក​ជំនន់។ តើ​យើង​ដឹង​អំពី​រឿង​នេះ​យ៉ាង​ដូច​ម្ដេច?

៥​. តើ​ព្រះ​យេហូវ៉ា​បាន​ប្រកាស​អ្វី​នៅ​លោកុប្បត្តិ​៦:៣ ហើយ​លោក​បាន​ចេញ​សេចក្ដី​ប្រកាស​នេះ​នៅ​ពេល​ណា?

គម្ពីរ​ប្រាប់​យើង​ថា ព្រះ​យេហូវ៉ា​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​នៅ​ស្ថាន​សួគ៌។ យោង​ទៅ​តាម​លោកុប្បត្តិ ៦:៣ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​វិញ្ញាណ​អញ​នឹង​មិន​តវ៉ា​នឹង​មនុស្ស​ជា​ដរាប​ទេ ពីព្រោះ​គេ​ជា​សាច់​ឈាម​ប៉ុណ្ណោះ អាយុ​គេ​នឹង​បាន​ត្រឹម​តែ​១២០​ឆ្នាំ​វិញ​»។ ប្រសាសន៍​របស់​លោក​មិន​សំដៅ​ទៅ​អាយុ​ជា​មធ្យម​របស់​មនុស្ស​នោះ​ទេ។ គឺជា​សេចក្ដី​វិនិច្ឆ័យ​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រកាស ស្តី​អំពី​ពេល​លោក​នឹង​បំផ្លាញ​អំពើ​ឥត​កោត​ខ្លាច​ព្រះ​ចេញ​ពី​ផែនដី។ ដោយ​សារ​ទឹក​ជំនន់​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​២៣៧០​មុន គ.ស. យើង​សន្និដ្ឋាន​ថា ព្រះ​បាន​ចេញ​សេចក្ដី​ប្រកាស​នេះ​នៅ​ឆ្នាំ​២៤៩០​មុន​គ.ស. នៅ​ពេល​ដែល​ណូអេ​មាន​អាយុ​៤៨០​ឆ្នាំ។ (​លោ. ៧:៦​) ប្រហែល​ជា​២០​ឆ្នាំ​ក្រោយ​មក ចាប់​ពី​ឆ្នាំ​២៤៧០​មុន គ.ស. កូន​ប្រុស​ៗ​របស់​ណូអេ​បាន​កើត​មក។ (​លោ. ៥:៣២​) នៅ​សល់​ប្រហែល​ជា​១០០​ឆ្នាំ​មុន​ទឹក​ជំនន់​មក​ដល់ ព្រះ​យេហូវ៉ា​នៅ​តែ​មិន​ទាន់​ប្រាប់​ណូអេ​អំពី​តួនាទី​ពិសេស​ដែល​គាត់​នឹង​មាន​ក្នុង​ការ​ការពារ​ជីវិត​ក្រុម​គ្រួសារ​មនុស្ស។ តើ​ព្រះ​បាន​ចាំ​យូរ​ប៉ុន្មាន​មុន​លោក​ប្រាប់​ណូអេ?

៦​. តើ​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ណូអេ​ឲ្យ​សង់​ទូក​ធំ​នៅ​ពេល​ណា?

តាម​មើល​ទៅ​ព្រះ​យេហូវ៉ា​បាន​រង់​ចាំ​ច្រើន​ទសវត្សរ៍​មុន​នឹង​ប្រាប់​ណូអេ​អំពី​អ្វី​ដែល​លោក​នឹង​ធ្វើ។ តើ​យើង​សន្និដ្ឋាន​យ៉ាង​នេះ​ដោយ​ផ្អែក​លើ​អ្វី? កំណត់​ហេតុ​គម្ពីរ​បាន​បង្ហាញ​ថា​កូន​របស់​ណូអេ​បាន​ធំ​ពេញ​វ័យ ហើយ​បាន​រៀប​ការ​នៅ​ពេល​ដែល​ព្រះ​បង្គាប់​ណូអេ​ឲ្យ​សង់​ទូក​ធំ។ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ណូអេ​ថា​៖ ​«​អញ​នឹង​តាំង​សេចក្ដី​សញ្ញា​អញ​ចំពោះ​ឯង ហើយ​ឯង​នឹង​ចូល​ទៅ​ក្នុង​ទូក​ធំ​នោះ ព្រម​ទាំង​ប្រពន្ធ​កូន នឹង​កូន​ប្រសា​ឯង​ជា​មួយ​នឹង​ឯង​ដែរ​»។ (​លោ. ៦:៩​-​១៨​) ហេតុ​នេះ ប្រហែលជា​នៅ​ពេល​ដែល​ណូអេ​ទទួល​ភារកិច្ច​ឲ្យ​សង់​ទូក​ធំ នោះ​នៅ​សល់​ពេល​តែ​៤០​ឬ​៥០​ឆ្នាំ​មុន​ទឹក​ជំនន់​មក​ដល់។

៧​. ​(​ក​) តើ​ណូអេ​និង​ក្រុម​គ្រួសារ​គាត់​បាន​បង្ហាញ​ជំនឿ​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​ពេល​ណា​ព្រះ​យេហូវ៉ា​បាន​ប្រាប់​ណូអេ​ថា ទឹក​ជំនន់​នឹង​ចាប់​ផ្ដើម?

នៅ​ពេល​ដែល​ការ​សង់​ទូក​ធំ​ជឿន​ទៅ​មុខ ណូអេ​និង​គ្រួសារ​របស់​គាត់​ទំនង​ជា​ឆ្ងល់​អំពី​របៀប​ដែល​ព្រះ​នឹង​សម្រេច​សេចក្ដី​សន្យា​របស់​លោក​និង​អំពី​ពេល​វេលា​ដែល​ទឹក​ជំនន់​នឹង​ចាប់​ផ្ដើម។ ប៉ុន្តែ ទោះ​ជា​ពួក​គាត់​មិន​បាន​ដឹង​ច្បាស់​ពី​រឿង​ទាំង​នេះ​ក៏​ដោយ ពួក​គាត់​មិន​បាន​ឈប់​សង់​ទូក​ធំ​នោះ​ទេ។ កំណត់​ហេតុ​គម្ពីរ​បាន​ចែង​ថា ​«​ណូអេ​ក៏​ធ្វើ​ដូច្នោះ តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ​បាន​បង្គាប់ គាត់​ធ្វើ​ការ​នោះ​សំ​រេច​ទាំង​អស់​»។ (​លោ. ៦:២២​) នៅ​ទី​បំផុត​ព្រះ​យេហូវ៉ា​បាន​ប្រាប់​ណូអេ​ថា ទឹក​ជំនន់​នឹង​ចាប់​ផ្ដើម​នៅ​៧​ថ្ងៃ​ទៀត។ នេះ​បាន​អនុញ្ញាត​ឲ្យ​ណូអេ​និង​ក្រុម​គ្រួសារ​របស់​គាត់​មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​ប្រមូល​សត្វ​ទាំង​ឡាយ​ចូល​ក្នុង​ទូក​ធំ។ ដូច្នេះ នៅ​ពេល​ទ្វារ​ទំនប់​នៅ​លើ​មេឃ​បាន​បើក​«​គឺ​នៅ​ឆ្នាំ​៦០០ ក្នុង​អាយុ​ណូអេ ក្នុង​ថ្ងៃ​១៧ ខែ​ទី​២​»​ អ្វី​ៗ​ទាំង​អស់​បាន​ត្រៀម​រួច​ជា​ស្រេច។—លោ. ៧:១​-​៥, ១១

៨​. តើ​តាម​របៀប​ណា​ដែល​កំណត់​ហេតុ​អំពី​ទឹក​ជំនន់​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា ព្រះ​យេហូវ៉ា​ដឹង​ពេល​វេលា​ដែល​លោក​នឹង​សង្គ្រោះ​រាស្ត្រ​លោក?

កំណត់​ហេតុ​អំពី​ទឹក​ជំនន់​បង្ហាញ​ថា ព្រះ​យេហូវ៉ា​តែង​តែ​ដឹង​អំពី​ពេល​វេលា​និង​របៀប​ល្អ​បំផុត​ដើម្បី​សង្គ្រោះ​រាស្ត្រ​លោក។ នៅ​ពេល​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​កាន់​តែ​ជិត​មក​ដល់ យើង​អាច​ប្រាកដ​ថា​គោល​បំណង​របស់​ព្រះ​នឹង​សម្រេច​នៅ​ចំ​នឹង​«​ថ្ងៃ​និង​ម៉ោង​»​ដែល​លោក​បាន​សម្រេច។—ម៉ាថ. ២៤:៣៦; សូម​អាន ហាបាគុក ២:៣

បាន​ត្រូវ​សង្គ្រោះ​នៅ​សមុទ្រក្រហម

៩, ១០​. តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​ប្រើ​រាស្ត្រ​របស់​លោក​ដើម្បី​បញ្ឆោត​កង​ទ័ព​អេស៊ីប​ឲ្យ​ធ្លាក់​ក្នុង​អន្ទាក់?

មក​ដល់​ត្រឹម​នេះ យើង​បាន​ឃើញ​ថា​ព្រះ​យេហូវ៉ា​កាន់កាប់​ទាំង​ស្រុង​ទៅ​លើ​ពេល​កំណត់​នៃ​ព្រឹត្ដិការណ៍​ផ្សេង​ៗ​ដើម្បី​សម្រេច​គោល​បំណង​របស់​លោក។ ក៏​ប៉ុន្តែ​គំរូ​ទី​២​ដែល​យើង​នឹង​ពិចារណា លើក​បញ្ជាក់​មូលហេតុ​មួយ​ទៀត​ដែល​យើង​អាច​ទុក​ចិត្ត​ថា ព្រះ​យេហូវ៉ា​នឹង​សង្គ្រោះ​រាស្ត្រ​របស់​លោក គឺ​លោក​នឹង​ប្រើ​ឫទ្ធានុភាព​ដែល​គ្មាន​កម្រិត​របស់​លោក ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា បំណង​ប្រាថ្នា​របស់​លោក​នឹង​បាន​សម្រេច។ ព្រះ​យេហូវ៉ា​តែង​តែ​មាន​សមត្ថភាព​សង្គ្រោះ​អ្នក​បម្រើ​របស់​លោក ប៉ុន្តែ​ជួនកាល​លោក​បាន​ប្រើ​ពួក​គេ​ជា​នុយ​ដើម្បី​បញ្ឆោត​សត្រូវ​ឲ្យ​ធ្លាក់​ក្នុង​អន្ទាក់។ នេះ​បាន​កើត​ឡើង​ពេល​ដែល​លោក​រំដោះ​បណ្ដា​ជន​អ៊ីស្រាអែល​ចេញ​ពី​ទាសភាព​នៅ​ស្រុក​អេស៊ីប។

១០ ជន​ជាតិ​អ៊ីស្រាអែល​ដែល​បាន​ចេញ​ពី​ស្រុក​អេស៊ីប​មាន​ចំនួន​ប្រហែលជា​បី​លាន​នាក់។ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ម៉ូសេ​ដឹក​នាំ​ពួក​គេ​តាម​របៀប​ដែល​ធ្វើ​ឲ្យ​ផារ៉ូ​គិត​ថា​ពួក​គេ​កំពុង​វង្វេង។ (​សូម​អាន និក្ខមនំ ១៤:១​-​៤) ដូច្នេះ ផារ៉ូ​និង​កង​ទ័ព​របស់​គាត់​បាន​ដេញ​តាម​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ទៅ​ទាន់​ពួក​គេ​នៅ​ឆ្នេរ​សមុទ្រក្រហម។ តាម​មើល​ទៅ​ហាក់​ដូច​ជា​ពួក​គេ​គ្មាន​ផ្លូវ​ណា​ចេញ​រួច​ទេ។ (​និក្ខ. ១៤:៥​-​១០​) ក៏​ប៉ុន្តែ តាម​ពិត​ជន​ជាតិ​អ៊ីស្រាអែល​មិន​អាច​ជួប​គ្រោះ​ថ្នាក់​អ្វី​ទេ។ ហេតុ​អ្វី? ដោយ​សារ​ព្រះ​យេហូវ៉ា​ហៀបនឹង​ធ្វើ​អន្តរាគមន៍​ដើម្បី​ជួយ​ពួក​គេ។

១១, ១២​. ​(​ក​) តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អន្តរាគមន៍​ដើម្បី​ជួយ​រាស្ត្រ​លោក​យ៉ាង​ដូច​ម្ដេច? (​ខ​) ពេល​ព្រះ​ធ្វើ​អន្តរាគមន៍ តើ​មាន​លទ្ធផល​យ៉ាង​ណា ហើយ​តើ​កំណត់​ហេតុ​នេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ព្រះ​យេហូវ៉ា?

១១ ​«​បង្គោល​ពពក​»​ដែល​បាន​នាំ​មុខ​ជន​ជាតិ​អ៊ីស្រាអែល បាន​ត្រឡប់​ទៅ​នៅ​ខាង​ក្រោយ​វិញ​ដើម្បី​រាំង​ស្កាត់​មិន​ឲ្យ​កង​ទ័ព​របស់​ផារ៉ូ​ចូល​ទៅ​ជិត ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ស្ថិត​នៅ​ក្នុង​ភាព​ងងឹត។ ក៏​ប៉ុន្តែ ខាង​ជន​ជាតិ​អ៊ីស្រាអែល ជា​អព្ភូតហេតុ បង្គោល​ពពក​បាន​ភ្លឺ​ឡើង​នៅ​ពេល​យប់។ (​សូម​អាន និក្ខមនំ ១៤:១៩, ២០) បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​ញែក​ទឹក​សមុទ្រ​ចេញ​ពី​គ្នា ដោយ​ប្រើ​កម្លាំង​ខ្យល់​ដែល​បក់​យ៉ាង​ខ្លាំង​ពី​ទិស​ខាង​កើត ​«​ធ្វើ​ឲ្យ . . . សមុទ្រ​ទៅ​ជា​គោក​វិញ​»។ នេះ​ពិត​ជា​ត្រូវ​ការ​រយៈ​ពេល​យូរ ពីព្រោះ​កំណត់​ហេតុ​គម្ពីរ​ចែង​ថា ​«​ព្រះ​យេហូវ៉ា​ទ្រង់​ច្រាន​ផាត់​សមុទ្រ​ចេញ ដោយ​កំឡាំង​ខ្យល់​ពី​ខាង​កើត​ដែល​បក់​យ៉ាង​ខ្លាំង​ពេញ​១​យប់​នោះ ទ្រង់​ធ្វើ​ឲ្យ​ទឹក​បាន​ញែក​ចេញ​ពី​គ្នា ឲ្យ​សមុទ្រ​ទៅ​ជា​គោក​វិញ រួច​ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​ក៏​ចូល​ទៅ​នា​កណ្ដាល​សមុទ្រ តាម​ដី​គោក​»។ បើ​ប្រៀប​ធៀប​នឹង​កង​ទ័ព​របស់​ផារ៉ូ​ដែល​ជិះ​លើ​រទេះ​ចម្បាំង ជន​ជាតិ​អ៊ីស្រាអែល​បាន​ធ្វើ​ដំណើរ​យឺត​ណាស់។ ក៏​ប៉ុន្តែ ជន​ជាតិ​អេស៊ីប​មិន​អាច​តាម​ទាន់​ពួក​គេ​ឡើយ ពីព្រោះ​ព្រះ​យេហូវ៉ា​បាន​ច្បាំង​ជំនួស​ជន​ជាតិ​អ៊ីស្រាអែល។ ​«​ទ្រង់​បណ្ដាល​ឲ្យ​ពួក​ពល​ទ័ព​សាសន៍​អេស៊ីព្ទ​កោលាហល​ឡើង ក៏​ធ្វើ​ឲ្យ​របូត​កង់​ពី​រទេះ​គេ​ចេញ ឲ្យ​គេ​បរ​ដោយ​ពិបាក​»។—និក្ខ. ១៤:២១​-​២៥

១២ ពេល​ដែល​ជន​ជាតិ​អ៊ីស្រាអែល​បាន​ទៅ​ដល់​ត្រើយ​ម្ខាង​ដោយ​សុវត្ថិភាព​ភ្លាម ព្រះ​យេហូវ៉ា​បាន​បង្គាប់​ម៉ូសេ​ថា​៖ ​«​ចូរ​ឯង​លើក​ដៃ​ទៅ​លើ​សមុទ្រ​ទៅ ដើម្បី​ឲ្យ​ទឹក​បាន​ហូរ​ត្រឡប់​គ្រប​ទៅ​លើ​ពួក​សាសន៍​អេស៊ីព្ទ ព្រម​ទាំង​រទេះ នឹង​ពួក​ទ័ព​សេះ​គេ​ផង​»។ នៅ​ពេល​ដែល​ពួក​ទ័ព​បាន​ខំ​រត់​ចេញ​ពី​ទឹក​ដែល​ហូរ​យ៉ាង​លឿន​មក​លើ​ពួក​គេ នោះ​«​ព្រះ​យេហូវ៉ា​ទ្រង់​ផ្ដួល​គេ​នៅ​កណ្ដាល​សមុទ្រ​»។ ពួក​គេ​មិន​អាច​គេច​រួច​បាន​ទេ គឺ​«​គ្មាន​រួច​អ្នក​ណា​មួយ​សោះ​ឡើយ​»។ (​និក្ខ. ១៤:​២៦​-​២៨​) ហេតុ​នេះ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ថា លោក​មាន​ឫទ្ធានុភាព​សង្គ្រោះ​រាស្ត្រ​លោក ទោះ​ជា​ពួក​គេ​ស្ថិត​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ។

រួច​ផុត​ពី​ការ​ហិន​វិនាស​នៃ​ក្រុង​យេរូសាឡិម

១៣​. តើ​លោក​យេស៊ូ​បាន​ឲ្យ​ការ​ណែនាំ​អ្វី​ដល់​អ្នក​កាន់​តាម​លោក ហើយ​តើ​ពួក​អ្នក​កាន់​តាម​លោក​ប្រហែលជា​ឆ្ងល់​អំពី​អ្វី?

១៣ ព្រះ​យេហូវ៉ា​ដឹង​យ៉ាង​ប្រាកដ​ថា ព្រឹត្ដិការណ៍​ទាំង​ឡាយ​នឹង​កើត​ឡើង​យ៉ាង​ណា​ដើម្បី​សម្រេច​គោល​បំណង​របស់​លោក។ ចំណុច​សំខាន់​នេះ បាន​ត្រូវ​លើក​បញ្ជាក់​នៅ​ក្នុង​គំរូ​ទី​៣​ដែល​យើង​នឹង​លើក​មក​ពិចារណា​គឺ ការ​ឡោម​ព័ទ្ធ​ក្រុង​យេរូសាឡិម​នៅ​សតវត្សរ៍​ទី​១។ តាម​រយៈ​បុត្រ​លោក ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ការ​ណែនាំ​ដើម្បី​ឲ្យ​គ្រិស្ត​សាសនិក​ដែល​រស់​នៅ​ក្រុង​យេរូសាឡិម​និង​ស្រុក​យូដា​អាច​រួច​ជីវិត មុន​ក្រុង​នោះ​ត្រូវ​បំផ្លាញ​ចោល​នៅ​ឆ្នាំ​៧០ គ.ស.។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​នៅ​ពេល​ដែល​អ្នក​រាល់​គ្នា​ក្រឡេក​ទៅ​ឃើញ​អ្វី​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​ដែល​បំផ្លិចបំផ្លាញ កំពុង​ឈរ​នៅ​កន្លែង​បរិសុទ្ធ ដូច​ទំនាយ​ដែល​បាន​ត្រូវ​ប្រកាស​តាម​រយៈ​ដានីយ៉ែល . . . នោះ​ចូរ​ឲ្យ​អ្នក​ដែល​នៅ​តំបន់​យូឌា​ចាប់​ផ្ដើម​រត់​ទៅ​តំបន់​ភ្នំ​»។ (​ម៉ាថ. ២៤:​១៥, ១៦​) ប៉ុន្តែ តើ​អ្នក​កាន់​តាម​លោក​យេស៊ូ​អាច​ដឹង​យ៉ាង​ដូច​ម្ដេច​ថា ទំនាយ​នេះ​កំពុង​សម្រេច?

១៤​. តើ​ព្រឹត្ដិការណ៍​ដែល​បាន​កើត​ឡើង​ធ្វើ​ឲ្យ​អ្នក​កាន់​តាម​លោក​យេស៊ូ​យល់​ច្បាស់​នូវ​អត្ថន័យ​នៃ​ការ​ណែនាំ​របស់​លោក​យ៉ាង​ដូច​ម្ដេច?

១៤ ពេល​ដែល​ព្រឹត្ដិការណ៍​បាន​កើត​ឡើង នោះ​អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​យល់​ច្បាស់​នូវ​អត្ថន័យ​នៃ​ប្រសាសន៍​របស់​លោក។ នៅ​ឆ្នាំ​៦៦ គ.ស. កង​ទ័ព​រ៉ូម​ក្រោម​ការ​ដឹក​នាំ​របស់​ស៊ីស្ទាសហ្គាឡាស បាន​មក​ដល់​ក្រុង​យេរូសាឡិម​ដើម្បី​បង្ក្រាប​ការ​បះបោរ​របស់​ជន​ជាតិ​យូដា។ ពេល​ដែល​អ្នក​បះបោរ​ជន​ជាតិ​យូដា​ដែល​គេ​ហៅ​ថា ពួក​ជ្រុល​និយម​ខាង​សាសនា បាន​រត់​ទៅ​ជ្រក​នៅ​ក្នុង​កំពែង​វិហារ ទាហាន​រ៉ូម​បាន​ចាប់​ផ្ដើម​ជីក​បំផ្លាញ​កំពែង​នោះ។ ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​ដែល​នឹក​ចាំ​ការ​ណែនាំ​របស់​លោក បាន​យល់​ទាំង​ស្រុង​អំពី​អត្ថន័យ​នៃ​ប្រសាសន៍​របស់​លោក។ ពួក​គេ​ឃើញ​កង​ទ័ព​មួយ​ដែល​មិន​កាន់​គ្រិស្ត​សាសនា​កំពុង​កាន់​ទង់​ដែល​មាន​រូប​ដែល​គេ​គោរព​បូជា(​«​អ្វី​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​»​)។ កង​ទ័ព​នោះ​បាន​ចូល​ទៅ​ដល់​កំពែង​វិហារ(​«​កន្លែង​បរិសុទ្ធ​»​)។ នេះ​ជា​ពេល​ដែល​អ្នក​កាន់​តាម​លោក​យេស៊ូ​ត្រូវ​«​ចាប់​ផ្ដើម​រត់​ទៅ​តំបន់​ភ្នំ​»។ ប៉ុន្តែ​តើ​ពួក​គេ​រត់​ចេញ​យ៉ាង​ដូច​ម្ដេច​ពី​ក្រុង​ដែល​បាន​ត្រូវ​ឡោម​ព័ទ្ធ? អ្វី​មួយ​ដែល​គេ​មិន​នឹក​ស្មាន​ដល់​ហៀបនឹង​កើត​ឡើង។

១៥, ១៦​. ​(​ក​) តើ​ការ​ណែនាំ​ជាក់​លាក់​អ្វី​ដែល​លោក​យេស៊ូ​បាន​ឲ្យ ហើយ​ហេតុ​អ្វី​ជា​ការ​សំខាន់​ណាស់​ដែល​អ្នក​កាន់​តាម​លោក​ធ្វើ​តាម​ការ​ណែនាំ​នោះ? (​ខ​) តើ​សេចក្ដី​សង្គ្រោះ​របស់​យើង​នឹង​អាស្រ័យ​ទៅ​លើ​អ្វី?

១៥ តាម​មើល​ទៅ ស៊ីស្ទាសហ្គាឡាស​និង​កង​ទ័ព​របស់​គាត់​បាន​ដក​ថយ​ពី​ក្រុង​យេរូសាឡិម ហើយ​ត្រឡប់​ទៅ​វិញ​ដោយ​គ្មាន​មូលហេតុ​ច្បាស់​លាស់។ ពួក​ជ្រុល​និយម​ខាង​សាសនា​បាន​ដេញ​តាម​ពួក​គេ។ ពេល​កង​ទ័ព​រ៉ូម​និង​ពួក​ជ្រុល​និយម​បាន​ចេញ​ទៅ ភ្លាម​ៗ​នោះ​អ្នក​កាន់​តាម​លោក​យេស៊ូ​មាន​ឱកាស​រត់​គេច​ខ្លួន។ លោក​យេស៊ូ​បាន​ឲ្យ​ការ​ណែនាំ​ជាក់​លាក់ ឲ្យ​ពួក​គេ​ទុក​ចោល​ទ្រព្យ​សម្បត្ដិ ហើយ​ឲ្យ​រត់​ចេញ​ដោយ​មិន​បង្អង់។ (​សូម​អាន ម៉ាថាយ ២៤:​១៧, ១៨) ជា​ការ​សំខាន់​ដែល​ពួក​គេ​ធ្វើ​តាម​បង្គាប់​លោក​យេស៊ូ​ហើយ​ចាក​ចេញ​ភ្លាម​ៗ។ ហេតុ​អ្វី? តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ពួក​ជ្រុល​និយម​ខាង​សាសនា​បាន​ត្រឡប់​មក​វិញ ហើយ​ចាប់​ផ្ដើម​បង្ខំ​បណ្ដា​ជន​នៅ​ក្រុង​យេរូសាឡិម​និង​ស្រុក​យូដា​ឲ្យ​ចូល​រួម​ការ​បះបោរ។ ក្រុម​ជន​ជាតិ​យូដា​មួយ​ចំនួន ប្រយុទ្ធ​គ្នា​ដើម្បី​កាន់​អំណាច ហើយ​ស្ថានការណ៍​កាន់​តែ​អាក្រក់​ទៅ​ៗ។ ការ​រត់​ចេញ​កាន់​តែ​ពិបាក​ឡើង​ៗ។ ពេល​ដែល​កង​ទ័ព​រ៉ូម​បាន​ត្រឡប់​មក​វិញ​នៅ​ឆ្នាំ​៧០ គ.ស. នោះ​គេ​មិន​អាច​រត់​ចេញ​បាន​ទេ។ (​លូក. ១៩:​៤៣​) អ្នក​ណា​ដែល​បាន​បង្អែ​បង្អង់​មិន​អាច​គេច​ផុត​ពី​គ្រោះ​ថ្នាក់​បាន​ទេ! ចំពោះ​គ្រិស្ត​សាសនិក​ដែល​បាន​រត់​ចេញ​ទៅ​ភ្នំ ការ​ធ្វើ​តាម​ការ​ណែនាំ​របស់​លោក​យេស៊ូ បាន​សង្គ្រោះ​ជីវិត​របស់​ពួក​គេ។ ពួក​គេ​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​របៀប​ដែល​ព្រះ​យេហូវ៉ា​សង្គ្រោះ​រាស្ត្រ​លោក។ តើ​យើង​អាច​ទាញ​មេរៀន​អ្វី​ពី​កំណត់​ហេតុ​នេះ?

១៦ ក្នុង​អំឡុង​គ្រា​ទុក្ខវេទនា​ជា​ខ្លាំង គ្រិស្ត​សាសនិក​ត្រូវ​តែ​ធ្វើ​តាម​ការ​ណែនាំ​ពី​បណ្ដាំ​របស់​ព្រះ​និង​ពី​អង្គការ​របស់​លោក។ ជា​ឧទាហរណ៍​លោក​យេស៊ូ​បាន​បង្គាប់​អ្នក​កាន់​តាម​លោក​ឲ្យ ​«​ចាប់​ផ្ដើម​រត់​ទៅ​តំបន់​ភ្នំ​»។ យើង​ក៏​នឹង​ទទួល​ការ​ណែនាំ​ឲ្យ​«​ចាប់​ផ្ដើម​រត់​»​ដែរ ក្នុង​អំឡុង​គ្រា​ទុក្ខវេទនា​ជា​ខ្លាំង។ តើ​យើង​នឹង​រត់​តាម​របៀប​ណា? ឥឡូវ​នេះ​យើង​មិន​ទាន់​បាន​ដឹង​ច្បាស់​នោះ​ទេ។ * ក៏​ប៉ុន្តែ យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​យើង​យល់​ច្បាស់​នូវ​អត្ថន័យ​នៃ​ការ​ណែនាំ​ទាំង​នោះ នៅ​ពេល​ដែល​យើង​ត្រូវ​ធ្វើ​តាម។ ដោយ​ហេតុ​ថា សេចក្ដី​សង្គ្រោះ​របស់​យើង​នឹង​អាស្រ័យ​ទៅ​លើ​ការ​ស្ដាប់​បង្គាប់ ជា​ការ​ល្អ​ឲ្យ​យើង​សួរ​ខ្លួន​យើង​ថា ‹ឥឡូវ​នេះ ពេល​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ការ​ណែនាំ​ឲ្យ​រាស្ត្រ​លោក តើ​ខ្ញុំ​ធ្វើ​តាម​ការ​ណែនាំ​នោះ​ភ្លាម​ៗ ឬ​ក៏​ស្ទាក់​ស្ទើរ?›។—យ៉ា. ៣:១៧

ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​ចំពោះ​អ្វី​ៗ​ដែល​នឹង​កើត​ឡើង​នៅ​ខាង​មុខ

១៧​. តើ​យើង​អាច​ទាញ​យក​មេរៀន​អ្វី​ពី​ទំនាយ​របស់​ហាបាគុក​អំពី​ការ​វាយ​ប្រហារ​មក​លើ​រាស្ត្រ​របស់​ព្រះ​នៅ​ថ្ងៃ​មុខ?

១៧ សូម​ឲ្យ​យើង​ពិចារណា​ថែម​ទៀត​អំពី​ការ​វាយ​ប្រហារ​របស់​កុក​ដែល​បាន​រៀប​រាប់​នៅ​ដើម​អត្ថបទ។ នៅ​ក្នុង​ទំនាយ​របស់​ហាបាគុក​ដែល​ទាក់​ទង​នឹង​រឿង​នេះ គាត់​បាន​ពោល​ថា​៖ ​«​ខ្ញុំ​បាន​ឮ​ហើយ​បុក​ពោះ បបូរ​មាត់​ខ្ញុំ​ក៏​ញ័រ​ទទ្រើត​ពេល​ខ្ញុំ​ឮ​សំឡេង​នោះ ឆ្អឹង​របស់​ខ្ញុំ​ចាប់​ផ្ដើម​ពុក ហើយ​ខ្ញុំ​ក៏​ភ័យ​ញ័រ​នៅ​ក្នុង​ខ្លួន ពីព្រោះ​ខ្ញុំ​ត្រូវ​រង់​ចាំ​ថ្ងៃ​វេទនា​[​ពី​ព្រះ​]​ដោយ​អំណត់ គឺ​ពេល​ដែល​លោក​មក​វាយ​ប្រហារ​សាសន៍​របស់​ពួក​គេ​[​ពួក​អ្នក​ដែល​វាយ​ប្រហារ​រាស្ត្រ​របស់​ព្រះ​]​»។ (​ហាប. ៣:១៦, ព.ថ.​) គ្រាន់តែ​ឮ​ដំណឹង​អំពី​ការ​វាយ​ប្រហារ​មក​លើ​រាស្ត្រ​របស់​ព្រះ​ដែល​ជិត​មក​ដល់ ធ្វើ​ឲ្យ​ហាបាគុក​បុក​ពោះ បបូរ​មាត់​គាត់​ញ័រ ហើយ​គាត់​អស់​កម្លាំង។ ប្រតិកម្ម​របស់​ហាបាគុក​បញ្ជាក់​អំពី​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង​ដែល​នឹង​កើត​ឡើង ពេល​កង​ទ័ព​របស់​កុក​មក​វាយ​ប្រហារ​យើង។ ប៉ុន្តែ ហាបាគុក​បាន​រង់​ចាំ​ដោយ​អំណត់​នូវ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​ដោយ​ទុក​ចិត្ត​ថា ព្រះ​យេហូវ៉ា​នឹង​សង្គ្រោះ​រាស្ត្រ​លោក។ យើង​ក៏​អាច​មាន​ទំនុក​ចិត្ត​ដូច​គាត់​ដែរ។—ហាប. ៣:១៨, ១៩

១៨​. ​(​ក​) ហេតុ​អ្វី​យើង​មិន​គួរ​ខ្លាច​ពេល​សត្រូវ​របស់​យើង​វាយ​ប្រហារ​មក​លើ​យើង? (​ខ​) តើ​យើង​នឹង​ពិចារណា​អំពី​អ្វី​នៅ​អត្ថបទ​បន្ទាប់?

១៨ គំរូ​ទាំង​បី​ដែល​យើង​បាន​ពិចារណា​បង្ហាញ​ថា ព្រះ​យេហូវ៉ា​ប្រាកដជា​ចេះ​សង្គ្រោះ​រាស្ត្រ​របស់​លោក។ គោល​បំណង​របស់​លោក​មិន​អាច​បរាជ័យ​ឡើយ ហើយ​លោក​នឹង​មាន​ជ័យ​ជម្នះ​លើ​សត្រូវ​របស់​លោក​ជា​មិន​ខាន។ ក៏​ប៉ុន្តែ ដើម្បី​រួម​ចំណែក​ក្នុង​ជ័យ​ជម្នះ​ដ៏​ត្រចះ​ត្រចង់​របស់​លោក យើង​ត្រូវ​តែ​នៅ​ស្មោះ​ត្រង់​រហូត​ដល់​ទី​បញ្ចប់។ តើ​ឥឡូវ​នេះ​ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​យ៉ាង​ដូច​ម្ដេច? អត្ថបទ​បន្ទាប់​នឹង​ពិចារណា​អំពី​រឿង​នេះ។

[​កំណត់​សម្គាល់​]

^ វគ្គ 16 សូម​មើល​ទស្សនាវដ្ដី​ប៉មយាម​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​១៩៩៩ ទំព័រ​១៦, ១៧

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​២៤​]

តើ​ជន​ជាតិ​អ៊ីស្រាអែល​អាច​រង​គ្រោះ​ថ្នាក់​ដោយ​សារ​កង​ទ័ព​របស់​ផារ៉ូ​ឬ​ទេ?