លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ហេតុអ្វីយើងចាត់ទុកកិច្ចបម្រើព្រះយេហូវ៉ាជាអ្វីដែលសំខាន់បំផុត?

ហេតុអ្វីយើងចាត់ទុកកិច្ចបម្រើព្រះយេហូវ៉ាជាអ្វីដែលសំខាន់បំផុត?

ហេតុ​អ្វី​យើង​ចាត់​ទុក​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​ជា​អ្វី​ដែល​សំខាន់​បំផុត?

​«​មាត់​ទូល​បង្គំ​នឹង​ថ្លែង​ប្រាប់​ពី​សេចក្ដី​សុចរិត នឹង​ពី​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​ជា​ដរាប​រាល់​ថ្ងៃ​»។—ទំនុក. ៧១:១៥

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

ហេតុ​អ្វី​ណូអេ ម៉ូសេ យេរេមា និង​ប៉ូល​ចាត់​ទុក​ព្រះ​យេហូវ៉ា​ថា​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ពួក​គាត់?

តើ​អ្វី​នឹង​ជួយ​អ្នក​ឲ្យ​សម្រេច​ចិត្ត​អំពី​របៀប​ដែល​អ្នក​ប្រើ​ជីវិត​របស់​អ្នក?

ហេតុ​អ្វី​អ្នក​បាន​តាំង​ចិត្ត​ចាត់​ទុក​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​ជា​អ្វី​ដែល​សំខាន់​បំផុត?

១, ២​. ​(​ក​) ពេល​បុគ្គល​ម្នាក់​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា តើ​គាត់​បង្ហាញ​អំពី​អ្វី? (​ខ​) តើ​គំរូ​របស់​ណូអេ ម៉ូសេ យេរេមា​និង​ប៉ូល​ជួយ​យើង​យ៉ាង​ដូច​ម្ដេច?

ពេល​អ្នក​ប្រគល់​ខ្លួន​ជូន​ព្រះ ហើយ​ទទួល​ការ​ជ្រមុជ​ទឹក​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ អ្នក​កំពុង​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​អ្នក។ នេះ​ហាក់​ដូច​ជា​អ្នក​កំពុង​និយាយ​ថា​៖ ‹ព្រះ​យេហូវ៉ា ខ្ញុំ​ចង់​ឲ្យ​លោក​ធ្វើ​ជា​ម្ចាស់​របស់​ខ្ញុំ​ក្នុង​គ្រប់​សកម្មភាព​ក្នុង​ជីវិត​របស់​ខ្ញុំ។ ខ្ញុំ​ជា​អ្នក​បម្រើ​លោក។ សូម​លោក​ប្រាប់​ខ្ញុំ​អំពី​របៀប​ដែល​ខ្ញុំ​គួរ​ប្រើ​ពេល​របស់​ខ្ញុំ និង​អំពី​អ្វី​ដែល​ខ្ញុំ​គួរ​ចាត់​ទុក​ថា​សំខាន់​បំផុត ហើយ​អំពី​របៀប​ដែល​ខ្ញុំ​គួរ​ប្រើ​ធនធាន​និង​ជំនាញ​របស់​ខ្ញុំ›។

ប្រសិនបើ​អ្នក​ជា​គ្រិស្ត​សាសនិក​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា នេះ​ជា​អ្វី​ដែល​អ្នក​បាន​សន្យា​ចំពោះ​លោក។ ការ​សម្រេច​ចិត្ត​របស់​អ្នក​ពិត​ជា​គួរ​ឲ្យ​សរសើរ​មែន។ នេះ​ជា​អ្វី​ដែល​ត្រឹម​ត្រូវ​និង​ប្រកប​ដោយ​ប្រាជ្ញា។ ប៉ុន្តែ ឥឡូវ​នេះ​ដោយ​សារ​អ្នក​បាន​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​របស់​អ្នក តើ​អ្នក​ប្រើ​ពេល​របស់​អ្នក​យ៉ាង​ដូច​ម្ដេច? គំរូ​របស់​ណូអេ ម៉ូសេ យេរេមា​និង​សាវ័ក​ប៉ូល អាច​ជួយ​យើង​ឲ្យ​ពិចារណា​អំពី​សំណួរ​នេះ។ ពួក​គាត់​ម្នាក់​ៗ​បាន​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​អស់ពី​ចិត្ត។ ស្ថានភាព​របស់​យើង​គឺ​ស្រដៀង​គ្នា​នឹង​ពួក​គាត់។ ការ​សម្រេច​ចិត្ត​របស់​ពួក​គាត់​បង្ហាញ​អំពី​អ្វី​ដែល​ពួក​គាត់​ចាត់​ទុក​ថា​សំខាន់​បំផុត និង​គួរ​ធ្វើ​ឲ្យ​យើង​ចង់​ពិចារណា​អំពី​របៀប​ដែល​យើង​កំពុង​ប្រើ​ពេល​វេលា​របស់​យើង។—ម៉ាថ. ២៨:១៩, ២០; ២ធី. ៣:១

មុន​ទឹក​ជំនន់

៣​. តើ​សម័យ​យើង​និង​សម័យ​ណូអេ​មាន​ភាព​ស្រដៀង​គ្នា​យ៉ាង​ដូច​ម្ដេច?

លោក​យេស៊ូ​បាន​ប្រៀប​ធៀប​សម័យ​ណូអេ​និង​សម័យ​យើង។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​វត្តមាន​របស់​កូន​មនុស្ស នឹង​ដូច​សម័យ​ណូអេ។ . . . មនុស្ស​នៅ​សម័យ​នោះ មុន​ទឹក​ជំនន់​មក​ដល់ ពួក​គេ​កំពុង​ពិសា​អាហារ​ពិសា​ស្រា រៀប​ការ​ប្ដី​ប្រពន្ធ រហូត​ដល់​ថ្ងៃ​ដែល​ណូអេ​ចូល​ទៅ​ក្នុង​ទូក​ធំ​នោះ ហើយ​ពួក​គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​សោះ រហូត​ដល់​ទឹក​ជន់​ឡើង កញ្ឆក់​យក​គេ​ទាំង​អស់​គ្នា​ទៅ​»។ (​ម៉ាថ. ២៤:៣៧​-​៣៩​) មនុស្ស​ភាគ​ច្រើន​សព្វ​ថ្ងៃ​នេះ​មិន​បាន​ស្ដាប់​ការ​ព្រមាន​របស់​អ្នក​បម្រើ​ព្រះ​ទេ។ ពួក​គេ​មិន​ចាប់​អារម្មណ៍​ថា​យើង​កំពុង​រស់​នៅ​គ្រា​បន្ទាន់​ឡើយ។ ដូច​មនុស្ស​ដែល​រស់​នៅ​សម័យ​ណូអេ មនុស្ស​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ​មិន​ជឿ​ថា​ព្រះ​នឹង​បំផ្លាញ​មនុស្ស​អាក្រក់​ទេ ហើយ​ពួក​គេ​ថែម​ទាំង​សើច​ចំអក​អំពី​រឿង​នេះ​ទៀត​ផង។ (​២ពេ. ៣:៣​-​៧​) ប៉ុន្តែ នៅ​ក្នុង​ស្ថានភាព​ដ៏​ពិបាក​នេះ តើ​ណូអេ​បាន​ប្រើ​ពេល​របស់​គាត់​យ៉ាង​ដូច​ម្ដេច?

៤​. បន្ទាប់​ពី​បាន​ទទួល​បង្គាប់​ពី​ព្រះ​យេហូវ៉ា តើ​ណូអេ​បាន​ប្រើ​ពេល​វេលា​របស់​គាត់​យ៉ាង​ដូច​ម្ដេច ហើយ​ហេតុ​អ្វី?

បន្ទាប់​ពី​ណូអេ​បាន​ដឹង​អំពី​បំណង​របស់​ព្រះ ហើយ​បាន​ទទួល​បង្គាប់​ពី​លោក ណូអេ​បាន​សង់​ទូក​ដើម្បី​សង្គ្រោះ​មនុស្ស​និង​សត្វ​ទាំង​ឡាយ។ (​លោ. ៦:១៣, ១៤, ២២​) ណូអេ​ក៏​បាន​ព្រមាន​មនុស្ស​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ដែរ។ សាវ័ក​ពេត្រុស​បាន​ហៅ​ណូអេ​ថា​ជា​«​អ្នក​ផ្សព្វ​ផ្សាយ​អំពី​សេចក្ដី​សុចរិត​»​ ក្នុង​ន័យ​ថា​ណូអេ​បាន​ព្យាយាម​ជួយ​អ្នក​ជិត​ខាង​គាត់​ឲ្យ​យល់​ថា​ជា​ការ​សំខាន់​ណាស់​ដែល​ពួក​គេ​ធ្វើ​តាម​ការ​ការ​ព្រមាន។ (​សូម​អាន ពេត្រុសទី២ ២:៥) តើ​អ្នក​គិត​ថា​គឺ​សម​ហេតុ​ផល​ឬ​ទេ បើ​ណូអេ​និង​ក្រុម​គ្រួសារ​គាត់​ខំ​ប្រឹង​រក​ស៊ី ដើម្បី​ឲ្យ​បាន​ធូរ​ធារ​ជាង​មនុស្ស​ជំនាន់​ពួក​គាត់ ឬ​ដើម្បី​មាន​ជីវភាព​សុខ​ស្រួល? ពិត​ជា​មិន​សម​ហេតុ​ផល​ទេ! ពួក​គាត់​បាន​ជៀស​វាង​ពី​អ្វី​ទាំង​អស់​ដែល​នឹង​បំបែរ​អារម្មណ៍​ពួក​គាត់​ពី​កិច្ចការ​របស់​ខ្លួន ពីព្រោះ​ពួក​គាត់​បាន​ដឹង​ថា​ព្រះ​យេហូវ៉ា​នឹង​បំផ្លាញ​ពិភព​លោក​នៅ​សម័យ​នោះ។

ជម្រើស​របស់​កូន​ស្តេច​អេស៊ីប

៥, ៦​. ​(​ក​) ហេតុ​អ្វី​ម៉ូសេ​បាន​ត្រូវ​អប់រំ​«​ទៅ​តាម​អស់​ទាំង​ចំណេះ​វិជ្ជា​របស់​ជន​ជាតិ​អេស៊ីប​»​? (​ខ​) ហេតុ​អ្វី​ម៉ូសេ​មិន​បាន​សម្រេច​ចិត្ត​រស់​នៅ​ជា​កូន​ស្តេច​អេស៊ីប?

បន្ទាប់​មក សូម​យើង​ពិចារណា​គំរូ​របស់​ម៉ូសេ។ គាត់​បាន​ត្រូវ​បុត្រី​របស់​ផារ៉ូ​ចិញ្ចឹម​ជា​កូន​នៅ​ក្នុង​វាំង​ស្តេច​អេស៊ីប។ ជា​កូន​ស្តេច​វ័យ​ក្មេង​ម្នាក់ គាត់​បាន​ត្រូវ​អប់រំ​«​ទៅ​តាម​អស់​ទាំង​ចំណេះ​វិជ្ជា​របស់​ជន​ជាតិ​អេស៊ីប​»​ (​សកម្ម. ៧:២២; និក្ខ. ២:៩, ១០​) ការ​អប់រំ​នេះ​ទំនង​ជា​ក្នុង​គោលដៅ​ត្រៀម​លក្ខណៈ​ឲ្យ​គាត់​មាន​តំណែង​ក្នុង​វាំង​របស់​ផារ៉ូ។ គាត់​អាច​មាន​មុខ​មាត់​ក្នុង​រដ្ឋាភិបាល​ដែល​មាន​អំណាច​ធំ​បំផុត​នា​សម័យ​នោះ ដោយ​មាន​របស់​ប្រណីត​ៗ មាន​សិទ្ធិ​ពិសេស​និង​ការ​កម្សាន្ត​សប្បាយ​ផ្សេង​ៗ​ដោយ​សារ​ឋានៈ​របស់​គាត់។ ចំពោះ​ម៉ូសេ តើ​អ្វី​ទាំង​នេះ​សំខាន់​ឬ​ទេ?

ដោយ​សារ​ម៉ូសេ​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​ពី​ឪពុក​ម្ដាយ​បង្កើត​របស់​គាត់​ពេល​នៅ​តូច គាត់​ទំនង​ជា​បាន​ដឹង​អំពី​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ជីដូន​ជីតា​របស់​គាត់​គឺ​អាប្រាហាំ អ៊ីសាក​និង​យ៉ាកុប។ ម៉ូសេ​បាន​បង្ហាញ​ជំនឿ​លើ​សេចក្ដី​សន្យា​ទាំង​នោះ។ គាត់​ទំនង​ជា​បាន​គិត​វែង​ឆ្ងាយ​អំពី​អនាគត​និង​ភក្ដីភាព​របស់​គាត់​ចំពោះ​ព្រះ​យេហូវ៉ា។ ដូច្នេះ តើ​ម៉ូសេ​បាន​សម្រេច​ចិត្ត​យ៉ាង​ណា ពេល​ដែល​គាត់​ត្រូវ​ជ្រើស​រើស​រវាង​ការ​ធ្វើ​ជា​កូន​ស្តេច​អេស៊ីប​ឬ​ធ្វើ​ជា​ជន​ជាតិ​អ៊ីស្រាអែល​ដែល​ជា​ខ្ញុំ​បម្រើ? ម៉ូសេ​បាន​សម្រេច​ចិត្ត​«​ឲ្យ​គេ​ធ្វើ​បាប​គាត់​ជា​មួយ​នឹង​រាស្ត្រ​របស់​ព្រះ ជា​ជាង​សប្បាយ​មួយ​រយៈ​ពេល​ខ្លី​នឹង​អំពើ​ខុស​ឆ្គង​»។ (​សូម​អាន ហេប្រឺ ១១:២៤​-​២៦) ក្រោយ​មក គាត់​បាន​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា ស្តី​អំពី​របៀប​ដែល​គាត់​ប្រើ​ជីវិត​របស់​គាត់។ (​និក្ខ. ៣:២, ៦​-​១០​) ហេតុ​អ្វី​ម៉ូសេ​បាន​ធ្វើ​ដូច្នេះ? ពីព្រោះ​គាត់​បាន​ជឿ​លើ​សេចក្ដី​សន្យា​របស់​ព្រះ។ គាត់​បាន​សន្និដ្ឋាន​ថា​គាត់​គ្មាន​អនាគត​នៅ​ប្រទេស​អេស៊ីប​ទេ។ គាត់​បាន​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​មែន។ មិន​យូរ​ក្រោយ​មក​ព្រះ​បាន​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រជាជាតិ​នោះ ដោយ​សេចក្ដី​វេទនា​ទាំង​១០​ប្រការ។ តើ​អ្នក​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នេះ អាច​ទាញ​យក​មេរៀន​អ្វី​ពី​រឿង​នេះ? ជា​ជាង​ប្រមូល​អារម្មណ៍​ទៅ​លើ​ការងារ​ឬ​ការ​កម្សាន្ត​សប្បាយ​នៅ​ក្នុង​ពិភព​លោក​នេះ យើង​គួរ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ព្រះ​យេហូវ៉ា​និង​កិច្ច​បម្រើ​លោក។

យេរេមា​បាន​ដឹង​ថា​អ្វី​នឹង​កើត​ឡើង

៧​. តើ​ស្ថានភាព​របស់​យេរេមា​គឺ​ស្រដៀង​គ្នា​នឹង​ស្ថានភាព​របស់​យើង​យ៉ាង​ដូច​ម្ដេច?

បុរស​ម្នាក់​ទៀត​ដែល​បាន​ចាត់​ទុក​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​ជា​អ្វី​ដែល​សំខាន់​បំផុត គឺ​យេរេមា។ ព្រះ​យេហូវ៉ា​បាន​បង្គាប់​យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ​របស់​លោក​ឲ្យ​ផ្សព្វ​ផ្សាយ​អំពី​ការ​វិនិច្ឆ័យ​ទោស​បណ្ដា​ជន​នៅ​ក្រុង​យេរូសាឡិម និង​ស្រុក​យូដា​ដែល​ក្បត់​ជំនឿ។ ស្ថានភាព​របស់​យេរេមា​គឺ​ស្រដៀង​គ្នា​នឹង​ស្ថានភាព​របស់​យើង។ គាត់​ក៏​បាន​រស់​នៅ​គ្រា​«​ជាន់​ក្រោយ​»​បង្អស់​ដែរ។ (​យេ. ២៣:១៩, ២០​) គាត់​បាន​ដឹង​ច្បាស់​ណាស់​ថា​របៀប​របប​ដែល​គាត់​កំពុង​រស់​នៅ​នោះ​នឹង​មិន​នៅ​យូរ​ត​ទៅ​ទៀត​ឡើយ។

៨, ៩​. ​(​ក​) ហេតុ​អ្វី​ព្រះ​ត្រូវ​កែ​តម្រង់​របៀប​គិត​គូរ​របស់​បារូក? (​ខ​) ពេល​យើង​ធ្វើ​គម្រោង​ផ្សេង​ៗ តើ​យើង​គួរ​ចាំ​អំពី​អ្វី?

ដោយ​សារ​អ្វី​ដែល​យេរេមា​បាន​ជឿ តើ​គាត់​មិន​បាន​ធ្វើ​អ្វី? គាត់​មិន​បាន​ព្យាយាម​កសាង​អនាគត​នៅ​ក្នុង​របៀប​របប​នោះ​ដែល​នឹង​ត្រូវ​បំផ្លាញ​ចោល​នោះ​ទេ ពីព្រោះ​បើ​ធ្វើ​ដូច្នោះ​គឺ​មិន​សម​ហេតុ​ផល​សោះ។ ប៉ុន្តែ​អស់​មួយ​រយៈ​ពេល បារូក​ដែល​ជា​លេខាធិការ​របស់​យេរេមា មិន​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ដូច​យេរេមា​ទេ។ ដូច្នេះ ព្រះ​បាន​បណ្ដាល​ឲ្យ​យេរេមា​ប្រាប់​លេខាធិការ​របស់​គាត់​ថា​៖ ​«​មើល​របស់​អ្វី​ដែល​អញ​បាន​ស្អាង​ឡើង នោះ​អញ​នឹង​រំលំ​ចុះ ហើយ​របស់​អ្វី​ដែល​អញ​បាន​ដាំ នោះ​អញ​នឹង​ដក​រំលើង​វិញ ក៏​នឹង​ធ្វើ​យ៉ាង​នោះ​នៅ​ពេញ​ក្នុង​ស្រុក​ផង ដូច្នេះ តើ​ឯង​ស្វែងរក​ការ​យ៉ាង​ធំ​សំ​រាប់​ខ្លួន​ឬ? កុំ​ឡើយ . . . អញ​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​គ្រប់​ទាំង​សាច់ តែ​ឯ​ជីវិត​ឯង នោះ​អញ​នឹង​ឲ្យ​ដល់​ឯង​ទុក​ជា​រំពា នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​ឯង​នឹង​ទៅ​ផង​»។—យេ. ៤៥:៤, ៥

យើង​មិន​អាច​ដឹង​ប្រាកដ​ថា​«​ការ​យ៉ាង​ធំ​»​ដែល​បារូក​ស្វែងរក​គឺ​ជា​អ្វី​ឡើយ។ * ក៏​ប៉ុន្តែ​យើង​ពិត​ជា​ដឹង​ថា​ការ​យ៉ាង​ធំ​ទាំង​នោះ​គឺជា​អ្វី​ដែល​គ្មាន​អនាគត អ្វី​ដែល​នឹង​លែង​មាន​ទៀត ពេល​ពួក​បាប៊ីឡូន​វាយ​យក​បាន​ក្រុង​យេរូសាឡិម​នៅ​ឆ្នាំ​៦០៧ មុន​គ.ស.។ តើ​យើង​អាច​ទាញ​មេរៀន​អ្វី​ពី​រឿង​នេះ? យើង​ទទួល​ស្គាល់​ថា​យើង​ត្រូវ​មាន​គម្រោង​ខ្លះ​ដើម្បី​ឲ្យ​ប្រាកដ​ថា​យើង​មាន​អ្វី​ដែល​យើង​ត្រូវ​ការ​ដើម្បី​រស់​នៅ​ឥឡូវ​នេះ។ (​សុភ. ៦:៦​-​១១​) ប៉ុន្តែ តើ​មាន​ប្រយោជន៍​ឬ​ទេ បើ​យើង​ប្រើ​ពេល​និង​កម្លាំង​របស់​យើង​ដើម្បី​បាន​អ្វី​ដែល​មិន​ស្ថិតស្ថេរ? ពិត​មែន អង្គការ​ព្រះ​យេហូវ៉ា​បន្ត​ធ្វើ​គម្រោង​សម្រាប់​សាល​ប្រជុំ​ថ្មី អគារ​ការិយាល័យ​សាខា​និង​កិច្ចការ​ឯ​ទៀត។ ក៏​ប៉ុន្តែ គម្រោង​ទាំង​នេះ​ពិត​ជា​មាន​អនាគត ពីព្រោះ​គោលដៅ​របស់​វា​គឺ​ដើម្បី​គាំទ្រ​រាជាណាចក្រ​ព្រះ។ ហេតុ​នេះ ពេល​រាស្ត្រ​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​ហើយ ធ្វើ​គម្រោង​ផ្សេង​ៗ រាជាណាចក្រ​ព្រះ​គួរ​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ពួក​គេ។ តើ​អ្នក​ជឿ​ជាក់​ក្នុង​ចិត្ត​ថា អ្នក​កំពុង​«​ស្វែងរក​រាជាណាចក្រ​និង​សេចក្ដី​សុចរិត​របស់​[​ព្រះ​យេហូវ៉ា​]​ជា​មុន​ឬ​ទេ​»​?—ម៉ាថ. ៦:៣៣

«​ខ្ញុំ . . . ចាត់​ទុក​អ្វី​ៗ​ទាំង​អស់​ជា​សំរាម​»​

១០, ១១​. ​(​ក​) មុន​ប៉ូល​បាន​ក្លាយ​ជា​គ្រិស្ត​សាសនិក តើ​គាត់​បាន​ប្រមូល​អារម្មណ៍​ទៅ​លើ​អ្វី? (​ខ​) ហេតុ​អ្វី​ប៉ូល​បាន​ផ្លាស់​ប្ដូរ​គោលដៅ​របស់​គាត់​ទាំង​ស្រុង?

១០ ចុង​ក្រោយ​បង្អស់ សូម​យើង​ពិចារណា​គំរូ​របស់​ប៉ូល។ មុន​គាត់​ផ្លាស់​ប្ដូរ​មក​កាន់​គ្រិស្ត​សាសនា គាត់​មាន​អ្វី​ដែល​មើល​ទៅ​ហាក់​ដូច​ជា​មាន​អនាគត​ល្អ។ គាត់​បាន​សិក្សា​ខាង​ច្បាប់​របស់​ជន​ជាតិ​យូដា​ជា​មួយ​គ្រូ​ដ៏​ល្បីល្បាញ​ម្នាក់​នៅ​សម័យ​របស់​គាត់។ គាត់​បាន​ទទួល​អំណាច​ពី​សម្ដេច​សង្ឃ​ជន​ជាតិ​យូដា។ គាត់​មាន​ការ​រីក​ចម្រើន​ក្នុង​សាសនាយូដា​ខ្លាំង​ជាង​មនុស្ស​ជា​ច្រើន​នៅ​ជំនាន់​គាត់។ (​សកម្ម. ៩:១, ២; ២២:៣; ២៦:១០; កាឡ. ១:១៣, ១៤​) ប៉ុន្តែ ជីវិត​របស់​ប៉ូល​បាន​ផ្លាស់​ប្ដូរ​ទាំង​ស្រុង​ពេល​ដែល​គាត់​បាន​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​បដិសេធ​លែង​ទទួល​ស្គាល់​ប្រជាជាតិ​យូដា​ជា​រាស្ត្រ​របស់​លោក។

១១ ប៉ូល​បាន​ទទួល​ស្គាល់​ថា​អាជីព​នៅ​ក្នុង​របៀប​របប​ជន​ជាតិ​យូដា​គ្មាន​តម្លៃ​ទេ​តាម​ទស្សនៈ​របស់​ព្រះ។ ប្រជាជាតិ​នោះ​គ្មាន​អនាគត​ល្អ​ទេ។ (​ម៉ាថ. ២៤:២​) ប៉ូល​បាន​យល់​អំពី​គោល​បំណង​របស់​ព្រះ ហើយ​បាន​ដឹង​ថា​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​គឺជា​កិត្ដិយស​ដ៏​ខ្ពង់​ខ្ពស់​មួយ។ គាត់​ថែម​ទាំង​បាន​និយាយ​ថា​អ្វី​ដែល​ពី​មុន​គាត់​ចាត់​ទុក​ថា​សំខាន់​បំផុត​គឺជា​«​សំរាម​»​ទៅ​វិញ។ ប៉ូល​បាន​បោះបង់​ចោល​កិច្ចការ​នៅ​ក្នុង​សាសនាយូដា ហើយ​គាត់​បាន​ប្រើ​ជីវិត​ចុង​ក្រោយ​របស់​គាត់​នៅ​ផែនដី​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។—សូម​អាន ភីលីព ៣:៤​-​៨, ១៥; សកម្ម. ៩:១៥

ចូរ​ពិនិត្យ​មើល​អ្វី​ដែល​អ្នក​ចាត់​ទុក​ថា​សំខាន់​បំផុត

១២​. បន្ទាប់​ពី​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ តើ​លោក​យេស៊ូ​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី?

១២ ណូអេ ម៉ូសេ យេរេមា ប៉ូល​និង​អ្នក​ឯ​ទៀត​ជា​ច្រើន​ដូច​ពួក​គាត់​បាន​ចំណាយ​ពេល​និង​កម្លាំង​ភាគ​ច្រើន​ក្នុង​កិច្ច​បម្រើ​ព្រះ។ ពួក​គាត់​ជា​គំរូ​ល្អ​សម្រាប់​យើង។ ក្នុង​ចំណោម​អ្នក​បម្រើ​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា លោក​យេស៊ូ​គឺជា​គំរូ​ល្អ​បំផុត។ (​១ពេ. ២:​២១​) បន្ទាប់​ពី​ទទួល​ការ​ជ្រមុជ​ទឹក លោក​យេស៊ូ​បាន​ប្រើ​ជីវិត​ចុង​ក្រោយ​របស់​លោក​នៅ​លើ​ផែនដី​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​និង​លើក​កិត្ដិយស​ព្រះ​យេហូវ៉ា។ ដូច្នេះ ចំពោះ​គ្រិស្ត​សាសនិក​ម្នាក់​ៗ​ដែល​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ ហើយ​ទុក​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​របស់​ពួក​គាត់ ការ​បម្រើ​ព្រះ​យេហូវ៉ា​គួរ​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត។ តើ​អ្នក​កំពុង​ធ្វើ​ដូច្នេះ​ឬ​ទេ? តើ​យើង​អាច​មាន​តុល្យ​ភាព​រវាង​ការ​ព្យាយាម​សម្រេច​គោលដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ និង​កិច្ចការ​ចាំ​បាច់​ក្នុង​ការ​ចិញ្ចឹម​ជីវិត​យ៉ាង​ដូច​ម្ដេច?—សូម​អាន ទំនុកតម្កើង ៧១:១៥; ១៤៥:២

១៣, ១៤​. ​(​ក​) តើ​គ្រិស្ត​សាសនិក​ទាំង​អស់​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​ពិចារណា​អំពី​អ្វី? (​ខ​) តើ​អ្វី​នឹង​ធ្វើ​ឲ្យ​រាស្ត្រ​របស់​ព្រះ​អរ​សប្បាយ?

១៣ ច្រើន​ឆ្នាំ​មក​ហើយ អង្គការ​ព្រះ​យេហូវ៉ា​បាន​លើក​ទឹក​ចិត្ត​គ្រិស្ត​សាសនិក​ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ​ពិចារណា​និង​អធិដ្ឋាន​ដើម្បី​ដឹង​ថា​ពួក​គេ​អាច​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ឬ​មិន​អាច។ ដោយ​មាន​មូលហេតុ​ផ្សេង​ៗ ស្ថានភាព​អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ខ្លះ​មិន​អនុញ្ញាត​ឲ្យ​ពួក​គេ​ចំណាយ​ពេល​៧០​ម៉ោង​ជា​មធ្យម​ក្នុង​មួយ​ខែ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ឡើយ។ ពួក​គាត់​មិន​គួរ​តូច​ចិត្ត​ចំពោះ​រឿង​នេះ​ទេ។ (​១ធី. ៥:៨​) ប៉ុន្តែ​ចុះ​ចំពោះ​អ្នក​វិញ? តើ​អ្នក​ពិត​ជា​មិន​មាន​លទ្ធភាព​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​មែន​ឬ?

១៤ សូម​គិត​អំពី​អំណរ​ដែល​រាស្ត្រ​ជា​ច្រើន​នាក់​របស់​ព្រះ​មាន​ក្នុង​អំឡុង​ខែ​ដែល​មាន​ពិធី​រំលឹក​មរណភាព​របស់​លោក​យេស៊ូ​ឆ្នាំ​នេះ។ ក្នុង​អំឡុង​ខែ​មីនា មាន​ការ​រៀបចំ​ពិសេស​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ត្រួស​ត្រាយ​ជំនួយ​សម្រេច​ចិត្ត​ថា​គាត់​ចំណាយ​ពេល​៣០​ឬ​៥០​ម៉ោង​ក្នុង​ការ​ផ្សព្វ​ផ្សាយ។ (​ទំនុក. ១១០:៣​) បង​ប្អូន​រាប់​លាន​នាក់​បាន​ចូល​រួម​ត្រួស​ត្រាយ​ជំនួយ ហើយ​បង​ប្អូន​នៅ​ក្នុង​ក្រុម​ជំនុំ​នានា​មើល​ទៅ​ហាក់​ដូច​ជា​មាន​អំណរ ហើយ​រំភើប​ចិត្ត​ខ្លាំង​ជាង​ធម្មតា។ តើ​អ្នក​អាច​កែ​សម្រួល​កាលវិភាគ​របស់​អ្នក​ដើម្បី​អ្នក​អាច​ត្រួស​ត្រាយ​ជំនួយ​ឲ្យ​បាន​ញឹក​ញាប់​ជាង​ឬ​ទេ? ពេល​ដែល​គ្រិស្ត​សាសនិក​ដែល​បាន​ជ្រមុជ​ទឹក​ហើយ បម្រើ​ជា​អ្នក​ត្រួស​ត្រាយ គាត់​សប្បាយ​ចិត្ត​នៅ​ចុង​ថ្ងៃ​នីមួយ​ៗ ហើយ​អាច​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​អើយ ខ្ញុំ​បាន​ធ្វើ​អ្វី​ៗ​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ដើម្បី​បម្រើ​លោក​»។

១៥​. តើ​អ្វី​គួរ​ជា​គោលដៅ​របស់​គ្រិស្ត​សាសនិក​វ័យ​ក្មេង​ស្តី​អំពី​ការ​សិក្សា​នៅ​សាលា?

១៥ ប្រសិនបើ​អ្នក​ជា​គ្រិស្ត​សាសនិក​វ័យ​ក្មេង​ដែល​រៀន​ជិត​ចប់​នៅ​សាលា អ្នក​ប្រហែលជា​មាន​សុខភាព​ល្អ ហើយ​មិន​សូវ​មាន​ភារកិច្ច​ច្រើន​ប៉ុន្មាន​ទេ។ តើ​អ្នក​បាន​ពិចារណា​យ៉ាង​ដិត​ដល់​អំពី​លទ្ធភាព​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ឬ​ទេ? គ្រូ​បង្រៀន​របស់​អ្នក​ទំនង​ជា​ជឿ​ថា​ការ​រៀន​សូត្រ​នៅ​សកលវិទ្យាល័យ​ជា​វិធី​ដ៏​ប្រសើរ​បំផុត​ដែល​អ្នក​អាច​រក​ការងារ​បាន​ល្អ​នៅ​អនាគត។ ពួក​គាត់​មាន​ទំនុក​ចិត្ត​ទៅ​លើ​អង្គការ​របស់​មនុស្ស​និង​លុយ​កាក់ ប៉ុន្តែ​អ្វី​ៗ​ទាំង​នេះ​គ្មាន​អនាគត​ល្អ​ទេ។ ផ្ទុយ​ទៅ​វិញ ដោយ​ធ្វើ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ពេញ​ពេល នោះ​អ្នក​ពិត​ជា​នឹង​ព្យាយាម​សម្រេច​គោលដៅ​ដែល​មាន​តម្លៃ​និង​ស្ថិតស្ថេរ។ ដូច្នេះ អ្នក​នឹង​ធ្វើ​តាម​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​លោក​យេស៊ូ។ ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​សប្បាយ​រីករាយ។ នេះ​នឹង​ការពារ​អ្នក ហើយ​នឹង​បង្ហាញ​ថា​អ្នក​កំពុង​រស់​នៅ​ស្រប​តាម​ការ​ប្រគល់​ខ្លួន​របស់​អ្នក​ជូន​ព្រះ​យេហូវ៉ា។—ម៉ាថ. ៦:១៩​-​២១; ១ធី. ៦:៩​-​១២

១៦, ១៧​. តើ​គ្រិស្ត​សាសនិក​គួរ​សួរ​ខ្លួន​នូវ​សំណួរ​អ្វី​ខ្លះ​ស្តី​អំពី​កិច្ច​បម្រើ​របស់​គាត់​ចំពោះ​ព្រះ​យេហូវ៉ា?

១៦ អ្នក​បម្រើ​ជា​ច្រើន​នាក់​របស់​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ​ធ្វើ​ការ​ច្រើន​ម៉ោង​ដើម្បី​ផ្គត់​ផ្គង់​អ្វី​ដែល​ចាំ​បាច់​សម្រាប់​ក្រុម​គ្រួសារ​របស់​ពួក​គាត់។ ប៉ុន្តែ​បង​ប្អូន​ខ្លះ​ប្រហែលជា​ធ្វើ​ការ​ច្រើន​ម៉ោង​លើស​ពី​ពួក​គាត់​ត្រូវ​ការ។ (​១ធី. ៦:៨​) អ្នក​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​ពិភព​លោក​កំពុង​ខំ​អស់ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​យើង​ជឿ​ថា យើង​មិន​អាច​រស់​នៅ​ដោយ​គ្មាន​ផលិតផល​ជា​ច្រើន​របស់​ពួក​គេ និង​ស៊េរី​ថ្មី​ៗ​នៃ​របស់​ទាំង​នោះ​ដែល​ដាក់​លក់​នៅ​ទី​ផ្សារ​ឡើយ។ ប៉ុន្តែ​គ្រិស្ត​សាសនិក​ពិត​មិន​ចង់​ឲ្យ​ពិភព​លោក​របស់​សាថាន​ណែនាំ​ពួក​គេ​អំពី​អ្វី​ដែល​ពួក​គេ​ចាត់​ទុក​ថា​សំខាន់​បំផុត​ឡើយ។ (​១យ៉ូន. ២:១៥​-​១៧​) ចំពោះ​ពួក​អ្នក​ដែល​ចូល​និវត្តន៍ គ្មាន​វី​ធី​ណា​ប្រសើរ​ជាង​ការ​ប្រើ​ពេល​វេលា​របស់​ពួក​គាត់​ក្នុង​កិច្ច​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល ដោយ​ចាត់​ទុក​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​ជា​អ្វី​ដែល​សំខាន់​បំផុត​ឡើយ។

១៧ អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​ទាំង​អស់​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​ហើយ អាច​សួរ​ខ្លួន​ថា: តើ​គោលដៅ​សំខាន់​បំផុត​របស់​ខ្ញុំ​ក្នុង​ជីវិត​គឺ​អ្វី? តើ​ខ្ញុំ​កំពុង​ចាត់​ទុក​រាជាណាចក្រ​ព្រះ​ជា​អ្វី​ដែល​សំខាន់​បំផុត​ឬ​ទេ? តើ​ខ្ញុំ​កំពុង​ធ្វើ​តាម​ចិត្ត​គំនិត​លះ​បង់​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​លោក​យេស៊ូ​ឬ​ទេ? តើ​ខ្ញុំ​កំពុង​ធ្វើ​តាម​ដំបូន្មាន​របស់​លោក​យេស៊ូ​ដែល​ឲ្យ​កាន់​តាម​លោក​ជា​និច្ច​ឬ​ទេ? តើ​ខ្ញុំ​អាច​កែ​សម្រួល​កាលវិភាគ​របស់​ខ្ញុំ​ដើម្បី​ចំណាយ​ពេល​ច្រើន​ជាង​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ ឬ​ក្នុង​កិច្ចការ​ឯ​ទៀត​នៃ​កិច្ច​បម្រើ​ព្រះ​ឬ? ទោះ​ជា​ស្ថានភាព​របស់​ខ្ញុំ​នៅ​ពេល​នេះ​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​បង្កើន​កិច្ច​បម្រើ​របស់​ខ្ញុំ​ក៏​ដោយ តើ​ខ្ញុំ​បន្ត​បណ្ដុះ​នូវ​គំនិត​លះ​បង់​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឬ​ទេ?

«​ដើម្បី​ឲ្យ . . . មាន​បំណង​ប្រាថ្នា​និង​មាន​ការ​ប្រព្រឹត្ត​»​

១៨, ១៩​. តើ​អ្នក​អាច​អធិដ្ឋាន​អំពី​អ្វី ហើយ​ហេតុ​អ្វី​ការ​អធិដ្ឋាន​ដូច​នេះ​នឹង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត?

១៨ ពេល​យើង​ឃើញ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មាន​ចិត្ត​ខ្នះខ្នែង នោះ​នាំ​ឲ្យ​យើង​មាន​អំណរ។ ក៏​ប៉ុន្តែ​បង​ប្អូន​ខ្លះ​ដែល​អាច​ត្រួស​ត្រាយ​ប្រហែលជា​មិន​មាន​ចិត្ត​ចង់​ធ្វើ​ដូច្នេះ​ទេ ឬ​ពួក​គាត់​ប្រហែលជា​គិត​ថា​ពួក​គាត់​មិន​សូវ​ប្រសប់​ផ្សព្វ​ផ្សាយ​ឡើយ។ (​និក្ខ. ៤:១០; យេ. ១:​៦​) បើ​អ្នក​គិត​ដូច្នេះ តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា? សូម​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា។ ប៉ូល​បាន​ប្រាប់​បង​ប្អូន​រួម​ជំនឿ​ថា ព្រះ​យេហូវ៉ា​«​គឺជា​អ្នក​ដែល​កំពុង​មាន​សកម្មភាព​ក្នុង​អ្នក​រាល់​គ្នា​តាម​ដែល​លោក​ពេញ​ចិត្ត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​បំណង​ប្រាថ្នា​និង​មាន​ការ​ប្រព្រឹត្ត​»។ (​ភី. ២:១៣​) បើ​អ្នក​គ្មាន​ចិត្ត​ចង់​បង្កើន​កិច្ច​បម្រើ​ផ្សាយ​ទេ សូម​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​អ្នក​មាន​បំណង​ប្រាថ្នា​និង​មាន​សមត្ថភាព​ដើម្បី​បង្កើន​កិច្ច​បម្រើ​ផ្សាយ។—២ពេ. ៣:៩, ១១

១៩ ណូអេ ម៉ូសេ យេរេមា ប៉ូល​និង​លោក​យេស៊ូ​សុទ្ធតែ​ជា​បុរស​ដែល​មាន​ភក្ដីភាព។ ពួក​គាត់​បាន​ប្រើ​ពេល​និង​កម្លាំង​របស់​ពួក​គាត់​ដើម្បី​ប្រកាស​អំពី​សេចក្ដី​ព្រមាន​របស់​ព្រះ​យេហូវ៉ា។ ពួក​គាត់​មិន​បាន​ឲ្យ​អ្វី​ៗ​ទាំង​អស់​មក​បំបែរ​អារម្មណ៍​របស់​ពួក​គាត់​ឡើយ។ ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​គឺ​ជិត​ដល់​ហើយ។ ដូច្នេះ យើង​ទាំង​អស់​គ្នា​ដែល​បាន​ប្រគល់​ជីវិត​របស់​យើង​ជូន​ព្រះ ត្រូវ​ប្រាកដ​ថា​យើង​កំពុង​បន្ត​ព្យាយាម​អស់ពី​សមត្ថភាព​របស់​យើង ដើម្បី​ធ្វើ​តាម​គំរូ​ដ៏​ប្រសើរ​ទាំង​នេះ​ក្នុង​គម្ពីរ។ (​ម៉ាថ. ២៤:៤២; ២ធី. ២:១៥​) ដោយ​ធ្វើ​ដូច្នេះ យើង​អាច​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ហើយ​ទទួល​ពរ​ដ៏​វិសេស​ពី​លោក។—សូម​អាន ម៉ាឡាគី ៣:១០

[​កំណត់​សម្គាល់​]

^ វគ្គ 9 សូម​មើល​សៀវភៅ អ្វី​ដែល​ព្រះ​មាន​ប្រសាសន៍​មក​យើង​តាម​រយៈ​យេរេមា (​God’s Word for Us Through Jeremiah​) ទំព័រ​១០៤​-​១០៦។

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​២១​]

មនុស្ស​នៅ​សម័យ​ណូអេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ព្រមាន​របស់​គាត់​ទេ

[​រូបភាព​នៅ​ទំព័រ​២៤​]

តើ​អ្នក​បាន​ពិចារណា​យ៉ាង​ដិត​ដល់​អំពី​លទ្ធភាព​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​ឬ​ទេ?