លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកមាន«ចិត្ដដែលស្គាល់»ព្រះយេហូវ៉ាឬទេ?

តើអ្នកមាន«ចិត្ដដែលស្គាល់»ព្រះយេហូវ៉ាឬទេ?

តើ​អ្នក​មាន​«​ចិត្ត​ដែល​ស្គាល់​»​ព្រះ​យេហូវ៉ា​ឬ​ទេ?

​«​អញ​នឹង​ឲ្យ​គេ​មាន​ចិត្ត​ដែល​ស្គាល់​អញ​ថា​ជា​ព្រះ​យេហូវ៉ា នោះ​គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ​»។—យេ. ២៤:៧

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តើ​តាម​របៀប​ណា​ជន​ជាតិ​យូដា​ជា​ច្រើន​នាក់​នៅ​សម័យ​យេរេមា​«​មិន​បាន​កាត់​ស្បែក​ចិត្ត​»​?

ហេតុ​អ្វី​យើង​ទាំង​អស់​គ្នា​គួរ​ពិនិត្យ​មើល​ចិត្ត​របស់​យើង?

តើ​តាម​របៀប​ណា​យើង​អាច​មាន​«​ចិត្ត​ដែល​ស្គាល់​»​ព្រះ​យេហូវ៉ា?

១, ២​. ហេតុ​អ្វី​អ្នក​ខ្លះ​ប្រហែលជា​ចាប់​អារម្មណ៍​នឹង​ផ្លែ​ល្វា?

តើ​អ្នក​ចូល​ចិត្ត​បរិភោគ​ផ្លែ​ល្វា​ស្រស់​ឬ​ក្រៀម​ឬ​ទេ? មនុស្ស​ជា​ច្រើន​ចូល​ចិត្ត។ ដូច្នេះ​ផ្លែ​ល្វា​ដែល​អាច​ហូប​បាន​ត្រូវ​គេ​ដាំ​នៅ​ច្រើន​កន្លែង​ក្នុង​ពិភព​លោក។ ជន​ជាតិ​យូដា​នៅ​សម័យ​បុរាណ​បាន​ចាត់​ទុក​ផ្លែ​ល្វា​ថា​មាន​តម្លៃ។ (​ណា. ៣:១២; លូក. ១៣:៦​-​៩​) ផ្លែ​ល្វា​មាន​ជាតិ​សរសៃ សារធាតុ​ការពារ​ប្រតិកម្ម​អុកស៊ីត និង​ធាតុ​រ៉ែ ដូច្នេះ​អ្នក​ខ្លះ​និយាយ​ថា​ផ្លែ​នេះ​ល្អ​សម្រាប់​បេះដូង។

ព្រះ​យេហូវ៉ា​ធ្លាប់​បាន​ប្រដូច​មនុស្ស​ទៅ​នឹង​ផ្លែ​ល្វា។ ព្រះ​មិន​បាន​រៀប​រាប់​អំពី​ប្រយោជន៍​ដែល​មក​ពី​ការ​ហូប​ផ្លែ​ល្វា​នោះ​ទេ តែ​លោក​បាន​មាន​ប្រសាសន៍​ក្នុង​ន័យ​ធៀប។ អ្វី​ដែល​លោក​បាន​មាន​ប្រសាសន៍​តាម​រយៈ​អ្នក​ប្រកាស​ទំនាយ​យេរេមា មាន​សារៈសំខាន់​សម្រាប់​ចិត្ត​របស់​អ្នក​និង​ចិត្ត​របស់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក។ កាល​ដែល​យើង​ពិចារណា​អ្វី​ដែល​លោក​បាន​មាន​ប្រសាសន៍ សូម​គិត​អំពី​អ្វី​ដែល​យើង​គួរ​រៀន​ក្នុង​នាម​ជា​គ្រិស្ត​សាសនិក។

៣​. តើ​ផ្លែ​ល្វា​ដែល​បាន​រៀប​រាប់​នៅ​យេរេមា ជំពូក​ទី​២៤​ជា​តំណាង​អ្វី?

មុន​ដំបូង ចូរ​យើង​ពិចារណា​អំពី​អ្វី​ដែល​ព្រះ​បាន​មាន​ប្រសាសន៍​នៅ​សម័យ​យេរេមា​អំពី​ផ្លែ​ល្វា។ នៅ​ឆ្នាំ​៦១៧ មុន​គ.ស. ការ​គោរព​ប្រណិប័តន៍​របស់​ប្រជាជាតិ​យូដា​មាន​សភាព​មិន​ល្អ។ ព្រះ​បាន​ឲ្យ​យេរេមា​ឃើញ​ក្នុង​គំនិត​នូវ​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​អនាគត ដោយ​បង្ហាញ​ឲ្យ​គាត់​ឃើញ​ផ្លែ​ល្វា​ពីរ​ប្រភេទ ពោល​គឺ​ផ្លែ​ល្វា​«​យ៉ាង​ល្អ​ណាស់​»​និង​ផ្លែ​ល្វា​ដែល​«​អាក្រក់​ណាស់​»។ (​សូម​អាន យេរេមា ២៤:១​-​៣) ល្វា​អាក្រក់​សំដៅ​ទៅ​លើ​ស្តេច​សេដេគា​និង​អ្នក​ឯ​ទៀត​ដែល​ដូច​សេដេគា ដែល​បាន​ត្រូវ​ស្តេច​នេប៊ូក្នេសា​និង​កង​ទ័ព​របស់​គាត់​ធ្វើ​ទុក្ខ​យ៉ាង​ខ្លាំង។ ប៉ុន្តែ​មាន​មនុស្ស​ដែល​ប្រៀប​ដូច​ជា​ផ្លែ​ល្វា​ល្អ។ ក្នុង​ចំណោម​ពួក​គេ​មាន​អេសេគាល ដានីយ៉ែល មិត្ត​ភក្ដិ​បី​នាក់​របស់​គាត់ និង​ជន​ជាតិ​យូដា​ខ្លះ​ទៀត​ដែល​បាន​ត្រូវ​ចាប់​ជា​ឈ្លើយ​ទៅ​បាប៊ីឡូន។ ក្រោយ​មក ជន​ជាតិ​យូដា​ខ្លះ​នឹង​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ ហើយ​សង់​វិហារ​ក្នុង​ក្រុង​នោះ​ឡើង​វិញ។—យេ. ២៤:៨​-​១០; ២៥:១១, ១២; ២៩:១០

៤​. តើ​យើង​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​អ្វី​ពី​ប្រសាសន៍​របស់​ព្រះ​ស្តី​អំពី​ផ្លែ​ល្វា​ល្អ?

ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​អ្នក​ដែល​បាន​ត្រូវ​តំណាង​ដោយ​ផ្លែ​ល្វា​ល្អ​ថា​៖ ​«​អញ​នឹង​ឲ្យ​គេ​មាន​ចិត្ត​ដែល​ស្គាល់​អញ​ថា​ជា​ព្រះ​យេហូវ៉ា នោះ​គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ​»។ (​យេ. ២៤:៧​) ខ​គម្ពីរ​នេះ​ជា​ប្រធានបទ​នៃ​អត្ថបទ​នេះ ហើយ​ពិត​ជា​លើក​ទឹក​ចិត្ត​យើង​មែន! ព្រះ​ពេញ​ចិត្ត​ឲ្យ​មនុស្ស​មាន​«​ចិត្ត​ដែល​ស្គាល់​»​លោក។ ក្នុង​ករណី​នេះ ​«​ចិត្ត​»​ទាក់​ទង​នឹង​ចិត្ត​គំនិត​របស់​ពួក​គេ។ ច្បាស់​ណាស់ អ្នក​ចង់​មាន​ចិត្ត​បែប​នេះ ហើយ​ចង់​ធ្វើ​ជា​រាស្ត្រ​របស់​លោក។ ដើម្បី​ធ្វើ​ជា​មនុស្ស​បែប​នេះ អ្នក​ត្រូវ​សិក្សា អនុវត្ត​បណ្ដាំ​របស់​ព្រះ ប្រែ​ចិត្ត វិល​មក​វិញ ប្រគល់​ជីវិត​អ្នក​ជូន​ព្រះ ហើយ​ទទួល​ការ​ជ្រមុជ​ទឹក​ក្នុង​នាម​របស់​បិតា បុត្រ និង​សកម្មពល​បរិសុទ្ធ។ (​ម៉ាថ. ២៨:១៩, ២០; សកម្ម. ៣:១៩​) អ្នក​ប្រហែលជា​បាន​ធ្វើ​អ្វី​ៗ​ទាំង​នោះ​រួច​ហើយ ឬ​ប្រហែលជា​បាន​មក​ប្រជុំ​ជា​ទៀង​ទាត់​ជា​មួយ​នឹង​សាក្សី​ព្រះ​យេហូវ៉ា ហើយ​កំពុង​ធ្វើ​ដូច្នេះ។

៥​. តើ​ភាគ​ច្រើន​យេរេមា​បាន​សរសេរ​អំពី​ចិត្ត​របស់​អ្នក​ណា?

ទោះ​ជា​យើង​បាន​ធ្វើ​តាម​ជំហាន​ទាំង​នោះ​ខ្លះ ឬ​ទាំង​អស់​ក៏​ដោយ យើង​នៅ​តែ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ចិត្ត​គំនិត​និង​ការ​ប្រព្រឹត្ត​របស់​យើង។ យើង​អាច​ដឹង​អំពី​អ្វី​ផ្សេង​ទៀត​ដែល​យេរេមា​បាន​សរសេរ​អំពី​ចិត្ត។ ជំពូក​ខ្លះ​ក្នុង​សៀវភៅ​យេរេមា​បាន​ចែង​អំពី​ប្រជាជាតិ​នានា​ដែល​នៅ​ជុំ​វិញ ប៉ុន្តែ​ភាគ​ច្រើន ជំពូក​ទាំង​នោះ​និយាយ​អំពី​ប្រជាជាតិ​យូដា​ក្នុង​អំឡុង​ការ​គ្រប់​គ្រង​នៃ​ស្តេច​ប្រាំ​អង្គ​របស់​ប្រជាជាតិ​នោះ។ (​យេ. ១:១៥, ១៦​) យេរេមា​បាន​សរសេរ​អំពី​បុរស ស្ត្រី​និង​កុមារ​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា។ នៅ​សម័យ​ម៉ូសេ បណ្ដា​ជន​បាន​យល់​ព្រម​ធ្វើ​ជា​របស់​ផង​ព្រះ​យេហូវ៉ា។ (​និក្ខ. ១៩:៣​-​៨​) នៅ​សម័យ​យេរេមា​ក៏​ដូច្នោះ​ដែរ បណ្ដា​ជន​បាន​និយាយ​ថា​៖ ​«​យើង​ខ្ញុំ​រាល់​គ្នា​មក​ឯ​ទ្រង់​ហើយ ដ្បិត​ទ្រង់​ជា​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា​»។ (​យេ. ៣:២២​) ប៉ុន្តែ តើ​អ្នក​គិត​យ៉ាង​ណា​អំពី​ចិត្ត​របស់​ពួក​គេ?

តើ​ចិត្ត​ត្រូវ​ការ​ការ​វះ​កាត់​ក្នុង​ន័យ​ធៀប​ឬ​ទេ?

៦​. ហេតុ​អ្វី​យើង​គួរ​ចាប់​អារម្មណ៍​នឹង​អ្វី​ដែល​ព្រះ​មាន​ប្រសាសន៍​អំពី​ចិត្ត?

គ្រូ​ពេទ្យ​អាច​ប្រើ​ម៉ាស៊ីន​ដើម្បី​ឃើញ​អ្វី​ដែល​នៅ​ក្នុង​ខ្លួន​យើង និង​ដើម្បី​ដឹង​ថា បេះដូង​របស់​យើង​មាន​សុខភាព​ល្អ​ឬ​មិន​ល្អ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​ក៏​អាច​ដឹង​អំពី​បេះដូង​ក្នុង​ន័យ​ធៀប​ដែរ ពោល​គឺ​ចិត្ត​របស់​យើង។ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ឯ​ចិត្ត​ជា​គ្រឿង​បញ្ឆោត​លើស​ជាង​ទាំង​អស់ ហើយ​ក៏​អាក្រក់​ហួស​ល្បត់​ផង តើ​អ្នក​ណា​នឹង​អាច​ស្គាល់​បាន អញ​នេះ​គឺ​ព្រះ​យេហូវ៉ា អញ​ស្ទង់​ចិត្ត . . . ដើម្បី​នឹង​សង​ដល់​មនុស្ស​ទាំង​អស់​តាម​ផ្លូវ​គេ​ប្រព្រឹត្ត ហើយ​តាម​ផល​នៃ​កិរិយា​របស់​គេ​»។ (​យេ. ១៧:៩, ១០​) ព្រះ​អាច​ដឹង​អំពី​អ្វី​ដែល​យើង​ចង់​បាន អំពី​អារម្មណ៍​របស់​យើង ចិត្ត​គំនិត​របស់​យើង និង​អ្វី​ដែល​យើង​សង្ឃឹម​ថា​នឹង​ធ្វើ​ក្នុង​ជីវិត​របស់​យើង។ ព្រះ​នឹង​ពិនិត្យ​ចិត្ត​របស់​អ្នក។ ប៉ុន្តែ អ្នក​ក៏​អាច​ព្យាយាម​ពិនិត្យ​អ្វី​ដែល​មាន​ក្នុង​ចិត្ត​របស់​អ្នក​ដែរ។

៧​. តើ​យេរេមា​បាន​ពណ៌​នា​យ៉ាង​ណា​អំពី​ចិត្ត​របស់​ជន​ជាតិ​យូដា​ភាគ​ច្រើន​នៅ​សម័យ​គាត់?

ដើម្បី​ត្រៀម​ខ្លួន​ធ្វើ​ការ​ពិនិត្យ​នេះ យើង​ប្រហែលជា​សួរ​ថា ‹តើ​ចិត្ត​របស់​ជន​ជាតិ​យូដា​ភាគ​ច្រើន​នៅ​សម័យ​យេរេមា​គឺ​យ៉ាង​ណា​ដែរ?›។ ដើម្បី​ដឹង​ចម្លើយ សូម​ពិចារណា​ឃ្លា​មិន​ធម្មតា​មួយ​ដែល​យេរេមា​បាន​ប្រើ ដែល​ថា​៖ ​«​ពួក​វង្ស​អ៊ីស្រាអែល​ទាំង​អស់ ក៏​មិន​បាន​កាត់​ស្បែក​ចិត្ត​ដែរ​»។ គាត់​មិន​បាន​សំដៅ​ទៅ​លើ​ការ​កាត់​ចុង​ស្បែក​របស់​បុរស​ជន​ជាតិ​យូដា​តាម​ទំនៀម​ទម្លាប់​នោះ​ទេ ពីព្រោះ​គាត់​បាន​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល នឹង​មាន​គ្រាម​ក​ដល់ ដែល​អញ​នឹង​វាយ​ផ្ចាល​ពួក​កាត់​ស្បែក ដែល​កាត់​មិន​ស្មោះ​ត្រង់​»។ ដូច្នេះ សូម្បី​តែ​បុរស​ជន​ជាតិ​យូដា​ក៏​«​មិន​បាន​កាត់​ស្បែក​ចិត្ត​»​ដែរ។ (​យេ. ៩:​២៥, ២៦​) តើ​នេះ​មាន​ន័យ​យ៉ាង​ណា?

៨, ៩​. តើ​ជន​ជាតិ​យូដា​ភាគ​ច្រើន​ត្រូវ​ធ្វើ​អ្វី​ស្តី​អំពី​ចិត្ត​របស់​ពួក​គេ?

យើង​រក​ឃើញ​តម្រុយ​មួយ​ដែល​ជួយ​ឲ្យ​យល់​អត្ថន័យ​នៃ​ពាក្យ​«​មិន​បាន​កាត់​ស្បែក​ចិត្ត​»​ នៅ​ក្នុង​ឱវាទ​របស់​ព្រះ​ចំពោះ​ជន​ជាតិ​យូដា ដែល​ថា​៖ ​«​ឱ​មនុស្ស​នៅ​ស្រុក​យូដា នឹង​ពួក​ក្រុង​យេរូសាឡិម​អើយ . . . ចូរ​កាត់​យក​ស្បែក​ចិត្ត​ឯង​ចោល​ចេញ​ចុះ ក្រែង​សេចក្ដី​ក្រោធ​របស់​អញ​ចេញ​មក . . . ដោយ​ព្រោះ​សេចក្ដី​អាក្រក់​ដែល​ឯង​រាល់​គ្នា​ប្រព្រឹត្ត​នោះ​»។ ប៉ុន្តែ តើ​អំពើ​អាក្រក់​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ចេញ​មក​ពី​ណា? គឺ​មក​ពី​ក្នុង​ចិត្ត​របស់​ពួក​គេ។ (​សូម​អាន ម៉ាកុស ៧:​២០​-​២៣) ពួក​គេ​បាន​បេះ​បោរ ហើយ​មិន​ព្រម​កែ​ខ្លួន។ ចំពោះ​ព្រះ​យេហូវ៉ា ចិត្ត​របស់​ពួក​គេ​ដែល​រួម​មាន​បំណង​ចិត្ត និង​គំនិត​របស់​ពួក​គេ​គឺ​អាក្រក់។ (​សូម​អាន យេរេមា ៥:២៣, ២៤; ៧:២៤​-​២៦) ព្រះ​បាន​ប្រាប់​ពួក​គេ​ថា​៖ ​«​ចូរ​ឯង​រាល់​គ្នា​កាត់​ស្បែក​ថ្វាយ​ខ្លួន​ដល់​ព្រះ​យេហូវ៉ា ចូរ​កាត់​យក​ស្បែក​ចិត្ត​ឯង​ចោល​ចេញ​ចុះ​»។—យេ. ៤:​៤; ១៨:១១, ១២

អាស្រ័យ​ហេតុ​នេះ ចិត្ត​របស់​ជន​ជាតិ​យូដា​នៅ​សម័យ​យេរេមា ក៏​ដូច​ជន​ជាតិ​យូដា​នៅ​សម័យ​ម៉ូសេ​ដែរ ពួក​គេ​ត្រូវ​ការ​ការ​វះ​កាត់​ក្នុង​ន័យ​ធៀប ពោល​គឺ​ការ​«​កាត់​ស្បែក​ចិត្ត​»។ (​ចោ. ១០:១៦; ៣០:​៦​) តើ​ជន​ជាតិ​យូដា​អាច​‹កាត់​យក​ស្បែក​ចិត្ត​ចោល​ចេញ›​យ៉ាង​ដូច​ម្ដេច? ពួក​គេ​ត្រូវ​បំបាត់​ចោល​របៀប​គិត​គូរ សេចក្ដី​ប៉ង​ប្រាថ្នា ឬ​បំណង​ចិត្ត​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មិន​អើពើ​នឹង​បញ្ញត្ដិ​របស់​ព្រះ​យេហូវ៉ា។—សកម្ម. ៧:៥១, កំណត់​សម្គាល់

តើ​តាម​របៀប​ណា​យើង​អាច​មាន​«​ចិត្ត​ដែល​ស្គាល់​»​ព្រះ?

១០​. ដូច​គំរូ​របស់​ដាវីឌ តើ​យើង​គួរ​ធ្វើ​អ្វី?

១០ យើង​ពិត​ជា​អរគុណ​ព្រះ​មែន​ដែល​ជួយ​យើង​ឲ្យ​យល់​អំពី​ចិត្ត! បង​ប្អូន​ខ្លះ​ប្រហែលជា​ឆ្ងល់​ថា ‹ប៉ុន្តែ​ហេតុ​អ្វី​សាក្សី​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នេះ​គួរ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​រឿង​នេះ?›។ នេះ​មិន​មែន​ដោយ​សារ​គ្រិស្ត​សាសនិក​ជា​ច្រើន​នៅ​ក្នុង​ក្រុម​ជំនុំ​កំពុង​ប្រព្រឹត្ត​អំពើ​អាក្រក់ ឬ​ក្លាយ​ទៅ​ជា​«​ផ្លែ​ល្វា​អាក្រក់​»​ ដូច​ជន​ជាតិ​យូដា​នៅ​សម័យ​យេរេមា​ទេ។ ផ្ទុយ​ទៅ​វិញ អ្នក​បម្រើ​របស់​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ​គឺជា​រាស្ត្រ​ដ៏​ស្អាត​ស្អំ​និង​ស្មោះ​ភក្ដី។ ប៉ុន្តែ សូម​រំពឹង​គិត​អំពី​ពាក្យ​អង្វរករ​របស់​ដាវីឌ​ទៅ​ព្រះ​យេហូវ៉ា ដែល​ថា​៖ ​«​ឱ​ព្រះ​អង្គ​អើយ សូម​ពិនិត្យ​មើល​ឲ្យ​បាន​ស្គាល់​ចិត្ត​ទូល​បង្គំ​ផង សូម​ល្បង​ល​ឲ្យ​បាន​ជ្រាប​អស់​ទាំង​គំនិត​នៃ​ទូល​បង្គំ​ចុះ សូម​ទត​មើល​បើ​មាន​អំពើ​អាក្រក់​ណា​នៅ​ក្នុង​ទូល​បង្គំ​»។—ទំនុក. ១៧:​៣; ១៣៩:២៣, ២៤

១១, ១២​. ​(​ក​) ហេតុ​អ្វី​យើង​ម្នាក់​ៗ​គួរ​ពិនិត្យ​មើល​ចិត្ត​របស់​យើង? (​ខ​) តើ​ព្រះ​នឹង​មិន​ធ្វើ​អ្វី?

១១ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ម្នាក់​ៗ​ស្គាល់​លោក ពោល​គឺ​ដើម្បី​ទទួល​ការ​ពេញ​ចិត្ត​ពី​លោក ហើយ​បន្ត​ធ្វើ​ដូច្នេះ។ ស្តី​អំពី​ពួក​អ្នក​សុចរិត យេរេមា​បាន​ទទួល​ស្គាល់​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ ជា​ព្រះ​ដែល​ល្បង​ល​ពួក​សុចរិត ហើយ​ទត​ឃើញ​ចិត្ត​នឹង​ថ្លើម​អើយ​»។ (​យេ. ២០:១២​) ប្រសិនបើ​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំងក្លា​បំផុត​ពិនិត្យ​មើល​សូម្បី​តែ​ចិត្ត​របស់​ពួក​អ្នក​សុចរិត​ក៏​ដោយ នោះ​យើង​ក៏​គួរ​ពិនិត្យ​ពិចារណា​អំពី​ខ្លួន​យើង​យ៉ាង​ស្មោះ​ត្រង់​ដែរ។ (​សូម​អាន ទំនុកតម្កើង ១១:៥) កាល​ដែល​យើង​ធ្វើ​ដូច្នោះ យើង​ប្រហែល​ជា​ដឹង​អំពី​ចិត្ត​គំនិត គោលដៅ ឬ​អារម្មណ៍​ដែល​ដក់​ជាប់​យ៉ាង​ជ្រៅ​នៅ​ក្នុង​ចិត្ត ដែល​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់។ យើង​អាច​ដឹង​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​ចិត្ត​របស់​យើង​យឺត​នឹង​ស្ដាប់​បង្គាប់​ព្រះ ដែល​ប្រៀប​ដូច​ជា​‹ស្បែក​ចិត្ត​របស់​យើង›​ដែល​យើង​ដឹង​ថា​គួរតែ​កាត់​វា​ចេញ។ នេះ​ជា​ការ​វះ​កាត់​ក្នុង​ន័យ​ធៀប។ ប្រសិនបើ​យើង​យល់​ស្រប​ថា ជា​ការ​ល្អ​ដែល​យើង​ពិនិត្យ​មើល​ចិត្ត​របស់​យើង តើ​យើង​ប្រហែលជា​រក​មើល​អ្វី? ហើយ​តើ​តាម​របៀប​ណា​យើង​អាច​ធ្វើ​ការ​កែប្រែ​ណា​ដែល​ចាំ​បាច់?—យេ. ៤:៤

១២ ព្រះ​យេហូវ៉ា​មិន​បង្ខំ​យើង​ឲ្យ​កែ​ខ្លួន​ទេ។ លោក​បាន​មាន​ប្រសាសន៍​អំពី​‹ផ្លែ​ល្វា​ល្អ›​ដែល​លោក​នឹង​«​ឲ្យ[​ពួក​]​គេ​មាន​ចិត្ត​ដែល​ស្គាល់​»​លោក។ លោក​មិន​បាន​មាន​ប្រសាសន៍​ថា​លោក​នឹង​បង្ខំ​ពួក​គេ​ឲ្យ​កែប្រែ​ចិត្ត​ឡើយ។ ពួក​គេ​ត្រូវ​ចង់​មាន​ចិត្ត​ដែល​ឆាប់​ស្ដាប់​បង្គាប់​ព្រះ ដែល​បង្ហាញ​ថា ពួក​គេ​ស្គាល់​លោក។ យើង​ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ដែរ។

១៣, ១៤​. តើ​អ្វី​ដែល​នៅ​ក្នុង​ចិត្ត​បុគ្គល​ម្នាក់​អាច​នាំ​ឲ្យ​គាត់​មាន​គ្រោះ​ថ្នាក់​យ៉ាង​ដូច​ម្ដេច?

១៣ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​គំនិត​អាក្រក់ ឃាតកម្ម ការ​ផិត​ក្បត់ អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ការ​លួច ការ​ធ្វើ​ជា​សាក្សី​ក្លែង​ក្លាយ និង​ពាក្យ​ប្រមាថ សុទ្ធតែ​ចេញ​ពី​ក្នុង​ចិត្ត​មក​»។ (​ម៉ាថ. ១៥:១៩​) ច្បាស់​ណាស់ ប្រសិនបើ​ចិត្ត​ដែល​មិន​ស្ដាប់​បង្គាប់​របស់​បង​ប្រុស​ម្នាក់​បាន​ជំរុញ​គាត់​ឲ្យ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ឬ​អំពើ​ប្រាសចាក​សីលធម៌ ហើយ​គាត់​មិន​ព្រម​ប្រែ​ចិត្ត នោះ​គាត់​អាច​ធ្វើ​ឲ្យ​ព្រះ​លែង​ពេញ​ចិត្ត​នឹង​គាត់​ជា​រៀង​រហូត។ ប៉ុន្តែ​សូម្បី​តែ​បុគ្គល​ម្នាក់​ដែល​មិន​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​បែប​នេះ​ក៏​ដោយ គាត់​ប្រហែលជា​អនុញ្ញាត​ឲ្យ​សេចក្ដី​ប៉ង​ប្រាថ្នា​មួយ​ដែល​មិន​ត្រឹម​ត្រូវ​ដុះ​ដាល​នៅ​ក្នុង​ចិត្ត​របស់​គាត់។ (​សូម​អាន ម៉ាថាយ ៥:២៧, ២៨) ជា​ការ​សំខាន់​ដែល​យើង​ធ្វើ​ឲ្យ​ប្រាកដ​ថា យើង​មិន​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង​នៅ​ក្នុង​ចិត្ត​របស់​យើង​ទេ។ បើ​យើង​ពិនិត្យ​ចិត្ត​របស់​យើង តើ​យើង​នឹង​រក​ឃើញ​ថា យើង​មាន​មនោសញ្ចេតនា​មិន​ត្រឹម​ត្រូវ​ចំពោះ​អ្នក​ណា​ម្នាក់​ដែល​មាន​ភេទ​ផ្ទុយ ដែល​ជា​ចំណង់​សម្ងាត់​ដែល​ព្រះ​មិន​ពេញ​ចិត្ត ហើយ​ដែល​ត្រូវ​បំបាត់​ចោល​ឬ​ទេ?

១៤ ស្រដៀង​គ្នា​ដែរ គ្រិស្ត​សាសនិក​ម្នាក់​ប្រហែលជា​ឲ្យ​កំហឹង​របស់​គាត់​ចំពោះ​បង​ប្រុស​ម្នាក់​ទៀត​មាន​កាន់​ខ្លាំង​ឡើង​រហូត​ដល់​គាត់​ចាប់​ផ្ដើម​ស្អប់​បង​ប្រុស​នោះ​នៅ​ក្នុង​ចិត្ត​របស់​គាត់។ (​លេវី. ១៩:១៧​) គាត់​ត្រូវ​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​បំបាត់​ចោល​អារម្មណ៍​ទាំង​នោះ។—ម៉ាថ. ៥:២១, ២២

១៥, ១៦​. ​(​ក​) សូម​លើក​ឧទាហរណ៍​មួយ​អំពី​របៀប​ដែល​គ្រិស្ត​សាសនិក​ម្នាក់​«​មិន​បាន​កាត់​ស្បែក​ចិត្ត​»។ (​ខ​) ហេតុ​អ្វី​អ្នក​គិត​ថា បុគ្គល​ដែល​«​មិន​បាន​កាត់​ស្បែក​ចិត្ត​»​នឹង​មិន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត?

១៥ គ្រិស្ត​សាសនិក​ភាគ​ច្រើន​មិន​អនុញ្ញាត​ឲ្យ​ខ្លួន​គាត់​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​និង​អារម្មណ៍​បែប​នេះ​នៅ​ក្នុង​ចិត្ត​ទេ។ ប៉ុន្តែ លោក​យេស៊ូ​ក៏​បាន​មាន​ប្រសាសន៍​អំពី​«​គំនិត​អាក្រក់​»​ដែរ។ នេះ​គឺជា​ទស្សនៈ​ឬ​ចិត្ត​គំនិត​ដែល​អាច​មាន​ឥទ្ធិពល​អាក្រក់​ទៅ​លើ​អ្វី​ជា​ច្រើន​ដែល​យើង​ធ្វើ​ក្នុង​ជីវិត។ ជា​ឧទាហរណ៍ បុគ្គល​ម្នាក់​អាច​យល់​ខុស​អំពី​ភក្ដីភាព​ចំពោះ​សាច់​ញាតិ​របស់​គាត់។ យ៉ាង​ណា​មិញ គ្រិស្ត​សាសនិក​ចង់​មាន​«​សេចក្ដី​ស្រឡាញ់​តាម​ធម្មជាតិ​ជា​មនុស្ស​»​ចំពោះ​សាច់​ញាតិ មិន​មែន​ដូច​មនុស្ស​ជា​ច្រើន​ដែល​ខ្វះ​សេចក្ដី​ស្រឡាញ់​បែប​នេះ​នៅ​«​គ្រា​ចុង​ក្រោយ​បង្អស់​»​ឡើយ។ (​២ធី. ៣:១,​) ប៉ុន្តែ យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​នោះ​ហួស​ហេតុ​ពេក។ មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ថា យើង​ត្រូវ​គាំទ្រ​សាច់​ញាតិ​យើង​ជា​ជាង​គាំទ្រ​អ្នក​ឯ​ទៀត​ដែល​មិន​មែន​ជា​សាច់​ញាតិ។ ហេតុ​នេះ ពួក​គេ​ប្រហែលជា​ការពារ​ឬ​កាន់​ខាង​សាច់​ញាតិ ទោះ​ជា​សាច់​ញាតិ​របស់​ពួក​គេ​ខុស​ឬ​ត្រូវ​ក៏​ដោយ ហើយ​បើ​សាច់​ញាតិ​ណា​ម្នាក់​ខឹង ពួក​គេ​ក៏​ខឹង​ដែរ។ បង​ប្រុស​ៗ​របស់​នាង​ឌីណា​បាន​ខឹង​ខ្លាំង​ណាស់​ដោយ​សារ​មាន​គេ​បាន​ប្រព្រឹត្ត​អាក្រក់​ទៅ​លើ​នាង។ (​លោ. ៣៤:​១៣, ២៥​-​៣០​) ម្យ៉ាង​ទៀត សូម​ស្រមៃ​គិត​អំពី​អ្វី​ដែល​នៅ​ក្នុង​ចិត្ត​របស់​អាប់សាឡំម ដែល​នាំ​ឲ្យ​គាត់​ធ្វើ​ឃាត​អាំណូន​ជា​បង​ប្រុស​គាត់​ដែល​មាន​ឪពុក​ជា​មួយ ម្ដាយ​ទីទៃ។ (​២សាំ. ១៣:១​-​៣០​) មែន​ហើយ ​«​គំនិត​អាក្រក់​»​អាច​បង្ក​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់។

១៦ មនុស្ស​ខ្លះ​ខឹង​ខ្លាំង​ណាស់ ពេល​ដែល​សមាជិក​ក្រុម​គ្រួសារ​របស់​ពួក​គេ​បាន​ត្រូវ​គេ​ធ្វើ​ទុក្ខ ឬ​ប្រហែលជា​ពេល​ពួក​គេ​គ្រាន់តែ​គិត​ថា សមាជិក​ម្នាក់​ក្នុង​ក្រុម​គ្រួសារ​បាន​ត្រូវ​គេ​ធ្វើ​ទុក្ខ។ ដូច្នេះ តើ​ពួក​គេ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​ដែល​ពួក​គេ​គិត​ថា​បាន​ធ្វើ​ឲ្យ​សាច់​ញាតិ​របស់​ពួក​គេ​ខឹង? ពួក​គេ​ប្រហែលជា​មិន​ព្រម​ទទួល​ការ​អញ្ជើញ​របស់​បង​ប្អូន​រួម​ជំនឿ ដែល​ពួក​គេ​មាន​អារម្មណ៍​ថា​បាន​ធ្វើ​អាក្រក់​ទៅ​លើ​សាច់​ញាតិ​ណា​ម្នាក់​របស់​ពួក​គេ ឬ​ពួក​គេ​មិន​អញ្ជើញ​គាត់​មក​ផ្ទះ​របស់​ពួក​គេ​ទេ។ (​ហេ. ១៣:១, ២​) ប៉ុន្តែ គ្រិស្ត​សាសនិក​ម្នាក់​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន​របស់​គាត់ មិន​ធ្វើ​ដូច្នេះ​ឡើយ។ ព្រះ​យេហូវ៉ា​ជ្រាប​អំពី​អ្វី​ដែល​នៅ​ក្នុង​ចិត្ត​របស់​យើង ប្រសិនបើ​លោក​ឃើញ​អ្វី​មិន​ល្អ​ក្នុង​ចិត្ត​របស់​យើង លោក​នឹង​និយាយ​ថា​យើង​«​មិន​បាន​កាត់​ស្បែក​ចិត្ត​»​ឡើយ។ (​យេ. ៩:២៥, ២៦​) សូម​ចាំ​អំពី​ពាក្យ​របស់​ព្រះ​យេហូវ៉ា​ដែល​បាន​ដាស់​តឿន​ថា​៖ ​«​ចូរ​កាត់​យក​ស្បែក​ចិត្ត​ឯង​ចោល​ចេញ​»។—យេ. ៤:៤

ចូរ​កែប្រែ ហើយ​រក្សា​«​ចិត្ត​ដែល​ស្គាល់​»​ព្រះ

១៧​. តើ​តាម​របៀប​ណា​ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​មាន​ចិត្ត​ដែល​ឆាប់​ស្ដាប់​បង្គាប់​ជាង?

១៧ កាល​ណា​អ្នក​ពិនិត្យ​មើល​ចិត្ត​របស់​អ្នក អ្នក​ប្រហែលជា​ឃើញ​ថា អ្នក​មិន​ឆាប់​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា ដូច​ដែល​អ្នក​គួរ​ធ្វើ​នោះ​ទេ។ តាម​របៀប​ណា​មួយ អ្នក​ប្រហែលជា​«​មិន​បាន​កាត់​ស្បែក​ចិត្ត​»​ទេ។ អ្នក​ប្រហែលជា​រក​ឃើញ​ថា អ្នក​ខ្លាច​មនុស្ស ចង់​បាន​មុខ​មាត់ ឬ​របស់​របរ​ល្អ​ប្រណីត ឬ​ថែម​ទាំង​មាន​ចិត្ត​ចង់​តែ​រឹង​ចចេស ឬ​ចង់​ធ្វើ​តាម​តែ​ចិត្ត​របស់​អ្នក។ អ្នក​ឯ​ទៀត​ក៏​ធ្លាប់​មាន​អារម្មណ៍​ដូច្នោះ​ដែរ។ (​យេ. ៧:២៤; ១១:៨​) យេរេមា​បាន​សរសេរ​ថា ជន​ជាតិ​យូដា​ដែល​មិន​ស្មោះ​ត្រង់​នៅ​សម័យ​របស់​គាត់​មាន​«​ចិត្ត​រឹង​ចចេស ហើយ​បះបោរ​»។ គាត់​បាន​បន្ថែម​ថា​៖ ​«​[​ពួក​]​គេ​ក៏​មិន​ដែល​នឹក​ក្នុង​ចិត្ត​ថា ឥឡូវ​នេះ​ចូរ​យើង​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​យើង​វិញ ដែល​ទ្រង់​ប្រទាន​ភ្លៀង​មក គឺ​ទាំង​ភ្លៀង​ដើម ហើយ​ចុង​រដូវ​ផង​»។ (​យេ. ៥:២៣, ២៤​) បើ​យើង​កោត​ខ្លាច​ព្រះ​យេហូវ៉ា ពោល​គឺ បើ​យើង​គោរព​លោក យើង​នឹង​បំបាត់​ចោល​សេចក្ដី​អាក្រក់​ពី​ក្នុង​ចិត្ត​របស់​យើង។ យើង​នឹង​ងាយ​ស្រួល​ធ្វើ​ការ​កែប្រែ​នៅ​ក្នុង​ចិត្ត​របស់​យើង ហើយ​ធ្វើ​អ្វី​ក៏​ដោយ​ដែល​ព្រះ​យេហូវ៉ា​សុំ​ឲ្យ​យើង​ធ្វើ។

១៨​. តើ​ព្រះ​យេហូវ៉ា​បាន​សន្យា​អ្វី​ចំពោះ​ពួក​អ្នក​ដែល​ជា​ភាគី​នៃ​កិច្ច​ព្រមព្រៀង​ថ្មី?

១៨ កាល​ដែល​យើង​បន្ត​ព្យាយាម​ធ្វើ​ដូច្នេះ ព្រះ​យេហូវ៉ា​នឹង​ឲ្យ​យើង​មាន​«​ចិត្ត​ដែល​ស្គាល់​»​លោក។ តាម​ការ​ពិត នោះ​ជា​អ្វី​ដែល​លោក​បាន​សន្យា​នឹង​ធ្វើ​សម្រាប់​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ថ្មី​ដែល​ថា​៖ ​«​អញ​នឹង​ដាក់​ក្រិត្យ​វិន័យ​របស់​អញ នៅ​ខាង​ក្នុង​ខ្លួន​គេ ទាំង​ចារឹក​ទុក​ក្នុង​ចិត្ត​គេ នោះ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ហើយ​គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ​»។ ចុះ​យ៉ាង​ណា​ការ​ស្គាល់​លោក​យ៉ាង​ច្បាស់? លោក​បាន​បន្ថែម​ថា​៖ ​«​គេ​នឹង​លែង​បង្រៀន​អ្នក​ជិត​ខាង ហើយ​នឹង​បង​ប្អូន​គេ​រៀង​ខ្លួន​ទៀត​ថា ចូរ​ឲ្យ​ស្គាល់​ព្រះ​យេហូវ៉ា​ចុះ ដ្បិត . . . គេ​នឹង​ស្គាល់​អញ​គ្រប់​ៗ​គ្នា តាំង​ពី​អ្នក​តូច​បំផុត រហូត​ដល់​អ្នក​ធំ​បំផុត​ក្នុង​ពួក​គេ ព្រោះ​អញ​នឹង​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​គេ ហើយ​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប​គេ​ទៀត​ជា​ដរាប​ទៅ​»។—យេ. ៣១:​៣១​-​៣៤ *

១៩​. តើ​គ្រិស្ត​សាសនិក​ពិត​មាន​លទ្ធភាព​ដ៏​អស្ចារ្យ​អ្វី?

១៩ ទោះ​ជា​យើង​ទន្ទឹង​រង់​ចាំ​ទទួល​ប្រយោជន៍​ជា​រៀង​រហូត​ពី​កិច្ច​ព្រមព្រៀង​ថ្មី​នៅ​ស្ថាន​សួគ៌​ឬ​នៅ​ផែនដី​ក៏​ដោយ យើង​គួរ​ចង់​ស្គាល់​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​ជា​រាស្ត្រ​របស់​លោក។ អ្វី​ដែល​យើង​ត្រូវ​មាន​ជា​មុន​ដើម្បី​ទទួល​ប្រយោជន៍​ទាំង​នេះ គឺ​យើង​ត្រូវ​ទទួល​ការ​អភ័យទោស​ចំពោះ​អំពើ​ខុស​ឆ្គង​ដោយ​ផ្អែក​លើ​ថ្លៃ​លោះ​របស់​គ្រិស្ត។ ដោយ​សារ​យើង​អាច​ទទួល​ការ​អភ័យទោស យើង​គួរតែ​ចង់​អភ័យទោស​ឲ្យ​អ្នក​ឯ​ទៀត សូម្បី​តែ​យើង​ប្រហែលជា​ពិបាក​ធ្វើ​ដូច្នោះ​ក៏​ដោយ។ យើង​គួរ​ខំ​ប្រឹង​បំបាត់​ឲ្យ​អស់​នូវ​កំហឹង​និង​ការ​ស្អប់​ដែល​យើង​ប្រហែលជា​មាន​ចំពោះ​អ្នក​ឯ​ទៀត។ នេះ​នឹង​ជួយ​យើង​ឲ្យ​បង្ហាញ​ថា យើង​ចង់​បម្រើ​ព្រះ​យេហូវ៉ា ហើយ​ស្គាល់​លោក​កាន់​តែ​ប្រសើរ​ជាង។ យើង​នឹង​ដូច​ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​តាម​រយៈ​យេរេមា​ថា​៖ ​«​ឯង​រាល់​គ្នា​នឹង​ស្វែងរក​អញ ហើយ​នឹង​ឃើញ​ផង គឺ​កាល​ណា​ឯង​ស្វែងរក​អញ​ឲ្យ​អស់​អំពី​ចិត្ត . . . អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​រក​អញ​ឃើញ​»។—យេ. ២៩:១៣, ១៤

[​កំណត់​សម្គាល់​]

^ វគ្គ 18 កិច្ច​ព្រមព្រៀង​ថ្មី​នឹង​ត្រូវ​ពិភាក្សា​នៅ​ជំពូក​ទី​១៤​នៃ​សៀវភៅ អ្វី​ដែល​ព្រះ​មាន​ប្រសាសន៍​មក​យើង​តាម​រយៈ​យេរេមា (​God’s Word for Us Through Jeremiah​)។

[​សំណួរ​សម្រាប់​វគ្គ​នីមួយ​ៗ​]

[​រូបភាព​នៅ​ទំព័រ​៨​]

[​រូបភាព​នៅ​ទំព័រ​១០​]

[​រូបភាព​នៅ​ទំព័រ​១១​]

ចូរ​ពិនិត្យ​មើល​ចិត្ត​របស់​អ្នក ហើយ​បំបាត់​ឲ្យ​អស់​នូវ​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង​ដើម្បី​ឲ្យ​អ្នក​អាច​ទទួល​ពរ​ពី​ព្រះ

[​រូបភាព​នៅ​ទំព័រ​១២​]