លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរអរសប្បាយនឹងពិធីមង្គលការរបស់កូនចៀម!

ចូរអរសប្បាយនឹងពិធីមង្គលការរបស់កូនចៀម!

«ចូរយើងអរសប្បាយនិងត្រេកអរឲ្យខ្លាំង . . . ពីព្រោះវេលាសម្រាប់ពិធីមង្គលការរបស់កូនចៀមបានមកដល់ហើយ»។—បប. ១៩:៧

១, ២. () តើពិធីមង្គលការរបស់អ្នកណាដែលនាំឲ្យមានអំណរនៅស្ថានសួគ៌? () តើមានសំណួរអ្វីខ្លះ?

មនុស្សតែងតែត្រូវការពេលវេលាដើម្បីរៀបចំពិធីអាពាហ៍ពិពាហ៍មួយ។ ប៉ុន្ដែ យើងនឹងផ្ដោតអារម្មណ៍ទៅលើពិធីអាពាហ៍ពិពាហ៍ដ៏ពិសេសមួយ ពោលគឺពិធីអាពាហ៍ពិពាហ៍របស់ស្ដេចមួយអង្គ។ សូមគិតទៅមើល! អាពាហ៍ពិពាហ៍នោះបានត្រូវរៀបចំអស់រយៈពេលប្រហែលជា២.០០០ឆ្នាំ។ ឥឡូវនេះ ពេលវេលាដែលកូនកំលោះនឹងត្រូវផ្សំផ្គុំជាមួយនឹងកូនក្រមុំកំពុងខិតមកដល់យ៉ាងលឿន។ មិនយូរទៀត ភ្លេងដ៏សប្បាយរីករាយនឹងពេញវាំងរបស់ស្ដេច ហើយក្រុមដ៏ធំនៅស្ថានសួគ៌នឹងច្រៀងឡើងថា«ចូរអ្នករាល់គ្នាសរសើរយ៉ា ពីព្រោះព្រះយេហូវ៉ាដែលជាព្រះរបស់យើង និងជាព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត បានចាប់ផ្ដើមគ្រប់គ្រងជាស្ដេចហើយ។ ចូរយើងអរសប្បាយនិងត្រេកអរឲ្យខ្លាំង ហើយចូរយើងសរសើរតម្កើងលោក ពីព្រោះវេលាសម្រាប់ពិធីមង្គលការរបស់កូនចៀមបានមកដល់ហើយ ឯភរិយារបស់លោកបានរៀបចំខ្លួន»។—បប. ១៩:៦, ៧

«កូនចៀម»ដែលបានត្រូវរៀបរាប់នៅក្នុងគម្ពីរនេះ គឺលោកយេស៊ូគ្រិស្ដ។ (យ៉ូន. ១:២៩) ពិធីមង្គលការរបស់លោកនឹងនាំឲ្យមានអំណរក្រៃលែងនៅស្ថានសួគ៌។ តើលោកស្លៀកពាក់បែបណាសម្រាប់ពិធីមង្គលការនោះ? តើអ្នកណាជាកូនក្រមុំ? តើនាងបានត្រូវរៀបចំយ៉ាងដូចម្ដេចសម្រាប់ពិធីមង្គលការនោះ? តើពិធីមង្គលការនោះធ្វើឡើងនៅពេលណា? ពិធីមង្គលការនោះនឹងនាំឲ្យមានអំណរនៅស្ថានសួគ៌ ប៉ុន្ដែតើពួកអ្នកដែលមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅផែនដីនឹងអរសប្បាយដែរឬ? យើងចង់ដឹងចម្លើយចំពោះសំណួរទាំងនេះយ៉ាងខ្លាំង ដូច្នេះយើងនឹងបន្ដសិក្សាទំនុកទី៤៥។

 សម្លៀកបំពាក់របស់លោក«ផ្សាយក្លិនក្រអូប»

៣, ៤. () តើគម្ពីរចែងយ៉ាងណាអំពីសម្លៀកបំពាក់របស់កូនកំលោះសម្រាប់ពិធីមង្គលការ ហើយតើអ្វីនាំឲ្យលោកមានអំណរថែមទៀត? () តើអ្នកណាជា«បុត្រីស្ដេច»និង«អគ្គមហេសី»ដែលមានអំណរជាមួយនឹងកូនកំលោះ?

សូមអាន ទំនុកតម្កើង ៤៥:៨, ៩លោកយេស៊ូគ្រិស្ដដែលជាកូនកំលោះតាក់តែងខ្លួនដោយសម្លៀកបំពាក់ដ៏ល្អអស្ចារ្យរបស់ស្ដេចសម្រាប់អាពាហ៍ពិពាហ៍របស់លោក។ គឺស័ក្ដិសមមែនដែលសម្លៀកបំពាក់របស់លោកផ្សាយក្លិនក្រអូបដូច«គ្រឿងក្រអូបយ៉ាងវិសេស» ដូចជាជ័រល្វីងទេសនិងកំញានជាដើម ដែលនៅក្នុងចំណោមគ្រឿងផ្សំនៃប្រេងបរិសុទ្ធសម្រាប់ចាក់លាបដែលគេប្រើនៅអ៊ីស្រាអែល។—និក្ខ. ៣០:២៣-២៥

ភ្លេងនៅស្ថានសួគ៌ដែលពេញវាំងធ្វើឲ្យកូនកំលោះមានអំណរថែមទៀត កាលដែលពិធីមង្គលការរបស់លោកជិតមកដល់។ «អគ្គមហេសី»ភរិយាដែលជាផ្នែកស្ថានសួគ៌នៃអង្គការរបស់ព្រះ ដែលរួមមាន«បុត្រីស្ដេច» ពោលគឺបណ្ដាទេវតាបរិសុទ្ធ មានអំណរជាមួយនឹងកូនកំលោះ។ សំឡេងនៅស្ថានសួគ៌ប្រកាសថា«ចូរយើងអរសប្បាយនិងត្រេកអរឲ្យខ្លាំង . . . ពីព្រោះវេលាសម្រាប់ពិធីមង្គលការរបស់កូនចៀមបានមកដល់ហើយ»!

កូនក្រមុំបានត្រូវរៀបចំសម្រាប់ពិធីមង្គលការ

. តើអ្នកណាជា«ភរិយារបស់កូនចៀម»?

សូមអាន ទំនុកតម្កើង ៤៥:១០, ១១យើងបានដឹងថាអ្នកណាជាកូនកំលោះ ប៉ុន្ដែតើអ្នកណាជាកូនក្រមុំ? នាងមិនមែនជាបុគ្គលម្នាក់ទេ។ ផ្ទុយទៅវិញ នាងជាតំណាងក្រុមទាំងមូលនៃគ្រិស្ដសាសនិកដែលបានត្រូវរើសតាំងទាំង១៤៤.០០០នាក់។ លោកយេស៊ូជាប្រមុខនៃក្រុមជំនុំនេះនៃអ្នករើសតាំង។ (សូមអាន អេភេសូរ ៥:២៣, ២៤) ពួកគាត់នឹងក្លាយទៅជាផ្នែកមួយនៃរាជាណាចក្ររបស់មេស្ស៊ី។ (លូក. ១២:៣២) គ្រិស្ដសាសនិក១៤៤.០០០នាក់ទាំងនេះដែលបានត្រូវរើសតាំងដោយសកម្មពលបរិសុទ្ធ«ដើរតាមកូនចៀមជាប់ ទោះជាលោកទៅកន្លែងណាក៏ដោយ»។ (បប. ១៤:១-) ពួកគាត់ទៅជា«ភរិយារបស់កូនចៀម» ហើយនៅជាមួយលោកនៅស្ថានសួគ៌។—បប. ២១:៩; យ៉ូន. ១៤:២, ៣

. ហេតុអ្វីអ្នករើសតាំងបានត្រូវហៅថាជា«បុត្រីនៃស្ដេច» ហើយហេតុអ្វីពួកគាត់បានត្រូវសុំឲ្យ«ភ្លេចសាសន៍»របស់ពួកគាត់?

អនាគតកូនក្រមុំនេះមិនគ្រាន់តែបានត្រូវនិយាយទៅកាន់ថា«កូនស្រីអើយ»ប៉ុណ្ណោះទេ ប៉ុន្ដែក៏បានត្រូវហៅថាជា«បុត្រីនៃស្ដេច»ដែរ។ (ទំនុក. ៤៥:១៣) តើ«ស្ដេច»នេះជាអ្នកណា? គ្រិស្ដសាសនិកដែលបានត្រូវរើសតាំងបានត្រូវទទួលជា«កូន»របស់ព្រះយេហូវ៉ា។ (រ៉ូម ៨:១៥-១៧) ដោយសារពួកគាត់នឹងក្លាយជាកូនក្រមុំនៅស្ថានសួគ៌ អ្នករើសតាំងបានត្រូវបង្គាប់ឲ្យ«ភ្លេចសាសន៍ឯង នឹងផ្ទះឪពុក[បង្កើត]ឯងទៅ»។ ពួកគាត់ត្រូវ«ផ្ចង់ចិត្ដទៅលើអ្វីដែលនៅស្ថានលើ មិនមែនទៅលើអ្វីនៅផែនដីឡើយ»។—កូឡ. ៣:១-

. () តើគ្រិស្ដរៀបចំអនាគតកូនក្រមុំយ៉ាងដូចម្ដេច? () តើកូនក្រមុំមានទស្សនៈយ៉ាងណាចំពោះអនាគតកូនកំលោះ?

អស់ជាច្រើនសតវត្សរ៍ គ្រិស្ដរៀបចំអនាគតកូនក្រមុំសម្រាប់ពិធីមង្គលការនៅស្ថានសួគ៌។ សាវ័កប៉ូលបានពន្យល់ថាគ្រិស្ដ«បានស្រឡាញ់ក្រុមជំនុំ ហើយបានប្រគល់ខ្លួនលោកដើម្បីក្រុមជំនុំ ដើម្បីលោកអាចញែកក្រុមជំនុំជាបរិសុទ្ធ ធ្វើឲ្យស្អាតដោយសម្អាតជាមួយនឹងទឹកដែលជាបណ្ដាំរបស់ព្រះ ដើម្បីលោកអាចនាំក្រុមជំនុំមកនៅចំពោះមុខលោក ដោយមានភាពរុងរឿង ឥតមានប្រឡាក់ ជ្រួញ ឬលក្ខណៈទៀតបែបនោះឡើយ តែដើម្បីឲ្យបានបរិសុទ្ធ ឥតសៅហ្មងវិញ»។ (អេភ. ៥:២៥-២៧) ប៉ូលបានប្រាប់គ្រិស្ដសាសនិកនៅក្រុងកូរិនថូសសម័យបុរាណ ដែលព្រះបានរើសតាំងថា«ខ្ញុំចង់ហួងហែងអ្នករាល់គ្នា ដូចព្រះចង់ហួងហែងអ្នករាល់គ្នាដែរ ដោយសារខ្ញុំបានទុកដាក់អ្នករាល់គ្នាឲ្យមានប្ដីតែមួយ គឺគ្រិស្ដ ហើយខ្ញុំចង់ប្រគល់អ្នករាល់គ្នាក្នុងភាពជាក្រមុំបរិសុទ្ធទៅលោក»។ (២កូ. ១១:២) ដោយសារការគោរពប្រណិប័តន៍របស់កូនក្រមុំគឺស្អាតស្អំ ហើយគាប់ចិត្ដព្រះ នោះលោកយេស៊ូគ្រិស្ដដែលជាស្ដេចចាត់ទុកនាងថាមានលម្អ។ កូនក្រមុំទទួលស្គាល់លោកថាជា«ចៅហ្វាយ» ហើយ«កោតខ្លាច»លោក ជាអនាគតស្វាមី។

‹គេនឹងនាំកូនក្រមុំមក›ឯស្ដេច

. ហេតុអ្វីគឺសមត្រឹមត្រូវដែលកូនក្រមុំបានត្រូវរៀបរាប់ថា«មានសេចក្ដីរុងរឿង»?

សូមអាន ទំនុកតម្កើង ៤៥:១៣, ១៤កូនក្រមុំ«បានតុបតែងខ្លួនដើម្បីស្វាមីរបស់នាង» ហើយ«មានសេចក្ដីរុងរឿង»សម្រាប់ពិធី មង្គលការជាមួយនឹងស្ដេច។ នៅសៀវភៅការបើកបង្ហាញ ២១:២ កូនក្រមុំគឺប្រៀបបាននឹងក្រុងមួយ ពោលគឺក្រុងយេរូសាឡិមថ្មី។ ក្រុងនៅស្ថានសួគ៌នេះ«ប្រកបដោយសិរីរុងរឿងរបស់ព្រះ» ហើយមានរស្មី«ដូចត្បូងល្អវិសេស ដូចត្បូងយ៉ាស្បាដែលភ្លឺថ្លាដូចកែវចរណៃ»។ (បប. ២១:១០, ១១) ភាពរុងរឿងនៃក្រុងយេរូសាឡិមថ្មីបានត្រូវរៀបរាប់យ៉ាងពីរោះនៅក្នុងសៀវភៅការបើកបង្ហាញ។ (បប. ២១:១៨-២១) មិនចម្លែកឡើយដែលអ្នកតែងទំនុកតម្កើងបានរៀបរាប់អំពីកូនក្រមុំថា«មានសេចក្ដីរុងរឿង»! យ៉ាងណាមិញ ពិធីមង្គលការរបស់ស្ដេចធ្វើឡើងនៅស្ថានសួគ៌។

. តើអ្នកណាជាស្ដេចដែលគេនាំកូនក្រមុំមក ហើយតើនាងស្លៀកពាក់បែបណា?

កូនក្រមុំបានត្រូវនាំទៅកូនកំលោះដែលជាស្ដេចនិងជាមេស្ស៊ី។ លោកកំពុងរៀបចំនាងដោយ‹ធ្វើឲ្យនាងស្អាតដោយសម្អាតជាមួយនឹងទឹកដែលជាបណ្ដាំរបស់ព្រះ›។ នាង«បរិសុទ្ធ ឥតសៅហ្មង»។ (អេភ. ៥:២៦, ២៧) កូនក្រមុំក៏ត្រូវស្លៀកពាក់សមនឹងឱកាសនោះដែរ។ នាងបានធ្វើដូច្នេះមែន! សម្លៀកបំពាក់«របស់នាងចំរុះដោយមាស» ហើយ«គេនឹងនាំនាងមក»ស្ដេច «ប្រដាប់ដោយព្រះភូសាប៉ាក់»តាក់តែងខ្លួនដោយសម្លៀកបំពាក់ប៉ាក់។ សម្រាប់ពិធីមង្គលការរបស់កូនចៀម «នាងបានត្រូវអនុញ្ញាតឲ្យស្លៀកពាក់ក្រណាត់សាច់ល្អដែលស្អាតហើយភ្លឺ ពីព្រោះក្រណាត់សាច់ល្អនោះជាតំណាងការប្រព្រឹត្ដដ៏សុចរិតរបស់ពួកអ្នកបរិសុទ្ធ»។—បប. ១៩:៨

‹វេលាសម្រាប់ពិធីមង្គលការបានមកដល់›

១០. តើពិធីមង្គលការរបស់កូនចៀមត្រូវធ្វើឡើងនៅពេលណា?

១០ សូមអាន ការបើកបង្ហាញ ១៩:៧តើពិធីមង្គលការរបស់កូនចៀមត្រូវធ្វើឡើងនៅពេលណា? ទោះជាសៀវភៅការបើកបង្ហាញ ១៩:៧ចែងថា«ភរិយារបស់លោកបានរៀបចំខ្លួន»សម្រាប់ពិធីមង្គលការនោះក៏ដោយ ខបន្ទាប់មិនរៀបរាប់អំពីពិធីមង្គលការទេ។ ផ្ទុយទៅវិញ ខនោះរៀបរាប់យ៉ាងច្បាស់អំពីដំណាក់កាលចុងក្រោយនៃគ្រាទុក្ខវេទនាជាខ្លាំង។ (បប. ១៩:១១-២១) តើនេះមានន័យថាពិធីមង្គលការនោះធ្វើឡើងមុនស្ដេចដែលជាកូនកំលោះបង្ហើយជ័យជម្នះរបស់លោកឬ? មិនមែនទេ។ ការបើកឲ្យឃើញក្នុងគំនិតនៅសៀវភៅការបើកបង្ហាញមិនបានរៀបរាប់តាមលំដាប់ពេលទេ។ នៅទំនុកទី៤៥ ពិធីមង្គលការរបស់ស្ដេចធ្វើឡើងក្រោយពីស្ដេច ពោលគឺលោកយេស៊ូគ្រិស្ដ ក្រវាត់ដាវរបស់លោក ហើយ«មានជ័យជំនះ»លើសត្រូវរបស់លោក។—ទំនុក. ៤៥:៣, ៤

១១. តើគ្រិស្ដនឹងបង្ហើយជ័យជម្នះរបស់លោកតាមលំដាប់ពេលយ៉ាងដូចម្ដេច?

១១ ហេតុនេះ យើងអាចសន្និដ្ឋានថាលំដាប់នៃព្រឹត្ដិការណ៍នានានឹងមានដូចទៅនេះ៖ ដំបូង ការវិនិច្ឆ័យនឹងត្រូវអនុវត្ដទៅលើ«មេស្ដ្រីពេស្យា» ពោលគឺបាប៊ីឡូនដ៏ខ្លាំងក្លា ដែលជាសាសនាមិនពិតទាំងអស់។ (បប. ១៧:១, ៥, ១៦, ១៧; ១៩:១, ២) បន្ទាប់មក គ្រិស្ដនឹងចេញទៅដើម្បីអនុវត្ដការវិនិច្ឆ័យរបស់ព្រះទៅលើផ្នែកផ្សេងទៀតទាំងអស់នៃរបៀបរបបដ៏អាក្រក់របស់សាថាននៅផែនដី ដោយបំផ្លាញផ្នែកទាំងនោះចោលនៅសង្គ្រាមហាម៉ាគេដូន ដែលជា«សង្គ្រាមដែលនឹងកើតឡើងនៅថ្ងៃដ៏ធំរបស់ព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត»។ (បប. ១៦:១៤-១៦; ១៩:១៩-២១) នៅទីបំផុត ស្ដេចដែលពូកែធ្វើសង្គ្រាមនឹងបង្ហើយជ័យជម្នះរបស់លោកដោយបោះសាថាននិងពួកវិញ្ញាណកំណាចរបស់វាទៅក្នុងទីជ្រៅបំផុត ហើយធ្វើឲ្យពួកវាលែងមានសកម្មភាពដែលមានសភាពដូចជាស្លាប់។—បប. ២០:១-

១២, ១៣. () តើពិធីមង្គលការរបស់កូនចៀមនឹងធ្វើឡើងនៅពេលណា? () នៅស្ថានសួគ៌ តើអ្នកណានឹងអរសប្បាយនឹងពិធីមង្គលការរបស់កូនចៀម?

១២ កាលដែលគ្រិស្ដសាសនិកដែលព្រះបានរើសតាំងបានស្លាប់ក្នុងអំឡុងវត្ដមានរបស់គ្រិស្ដ នោះពួកគាត់បានត្រូវប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌។ មួយរយៈពេលក្រោយពីការបំផ្លាញចោលនៃបាប៊ីឡូនដ៏ខ្លាំងក្លា លោកយេស៊ូនឹងប្រមូលសមាជិកទាំងអស់នៃក្រុមកូនក្រមុំដែលមិនទាន់ឡើងទៅស្ថានសួគ៌ឲ្យនៅជាមួយនឹងលោក។ (១ថែ. ៤:១៦, ១៧) ដូច្នេះ មុនសង្គ្រាមហាម៉ាគេដូនផ្ទុះឡើង សមាជិកទាំងអស់នៃ«កូនក្រមុំ»នឹងនៅស្ថានសួគ៌។ ក្រោយសង្គ្រាមនោះ ពិធីមង្គលការរបស់កូនចៀមអាចធ្វើឡើង។ ពិធីមង្គលការនោះពិតជាឱកាសគួរឲ្យសប្បាយរីករាយមែន! សៀវភៅការបើកបង្ហាញ ១៩:៩ចែងថា«អស់អ្នកដែលបានត្រូវអញ្ជើញឲ្យចូលរួមពិសាភោជនាហារនៅពិធីមង្គលការរបស់កូនចៀម មានសុភមង្គល»។ សមាជិកនៃក្រុមកូនក្រមុំទាំង១៤៤.០០០នាក់នឹងពិតជាសប្បាយមែន។ ស្ដេចនឹងអរសប្បាយដោយមានអ្នករើសតាំងទាំងអស់នៅជាមួយលោកនៅស្ថានសួគ៌។ (លូក. ២២:១៨, ២៨-៣០) ប៉ុន្ដែ មិនត្រឹម តែកូនកំលោះនិងកូនក្រមុំប៉ុណ្ណោះទេដែលអរសប្បាយនឹងពិធីមង្គលការនោះ។

១៣ ដូចបានរៀបរាប់ខាងលើ ក្រុមដ៏ធំនៅស្ថានសួគ៌រួមគ្នាច្រៀងថា«ចូរយើងអរសប្បាយនិងត្រេកអរឲ្យខ្លាំង ហើយចូរយើងសរសើរតម្កើងលោក[ព្រះយេហូវ៉ា] ពីព្រោះវេលាសម្រាប់ពិធីមង្គលការរបស់កូនចៀមបានមកដល់ហើយ ឯភរិយារបស់លោកបានរៀបចំខ្លួន»។ (បប. ១៩:៦, ៧) ប៉ុន្ដែចុះយ៉ាងណាអ្នកបម្រើព្រះយេហូវ៉ានៅផែនដី? តើពួកគេក៏នឹងចូលរួមអរសប្បាយដែរទេ?

«នឹងមានអ្នកនាំគេចូលមក . . . ដោយមានសេចក្ដីរីករាយសប្បាយ»

១៤. ដូចបានរៀបរាប់នៅទំនុកទី៤៥ តើអ្នកណាជា«ពួកព្រហ្មចារីជាភឿន»នៃកូនក្រមុំ?

១៤ សូមអាន ទំនុកតម្កើង ៤៥:១២, ១៤ខ, ១៥សាការីដែលជាអ្នកប្រកាសទំនាយបានទាយថានៅគ្រាចុងក្រោយបង្អស់ ដោយចិត្ដដឹងគុណ មនុស្សទូទាំងពិភពលោកនឹងបម្រើព្រះយេហូវ៉ាជាមួយនឹងអ្នករើសតាំងដែលមិនទាន់ឡើងទៅស្ថានសួគ៌។ គាត់បានសរសេរថា«នៅគ្រានោះមនុស្ស១០នាក់ពីភាសាផ្សេងនឹងចាប់តោងជាយអាវរបស់សាសន៍យូដាម្នាក់ ដោយពាក្យថា៖ ‹យើងខ្ញុំនឹងទៅជាមួយនឹងអ្នកដែរ ពីព្រោះយើងខ្ញុំបានថា ព្រះទ្រង់គង់ជាមួយនឹងអ្នករាល់គ្នា›»។ (សាក. ៨:២៣) នៅទំនុកតម្កើង ៤៥:១២ «មនុស្ស១០នាក់»ក្នុងន័យធៀបបានត្រូវហៅថាជា«បុត្រីក្រុងទីរ៉ុស»និង«ពួកអ្នកមានក្នុងបណ្ដាជន»។ ពួកគេមកអ្នករើសតាំងដែលមិនទាន់ឡើងទៅស្ថានសួគ៌ដោយមានអំណោយ ដើម្បីទទួលការពេញចិត្ដពីពួកអ្នករើសតាំងនិងដើម្បីទទួលជំនួយក្នុងការបម្រើព្រះ។ តាំងពីឆ្នាំ១៩៣៥ មនុស្សរាប់លាននាក់បានឲ្យអ្នករើសតាំងដែលមិនទាន់ឡើងទៅស្ថានសួគ៌នាំពួកគេឲ្យ«មកសេចក្ដីសុចរិត»។ (ដាន. ១២:៣) «មនុស្ស១០នាក់»ទាំងនេះគឺជាដៃគូដ៏ស្មោះត្រង់នៃអ្នករើសតាំងបានសម្អាតជីវិតរបស់ពួកគេពីការគោរពប្រណិប័តន៍មិនពិតទាំងអស់។ «ពួកព្រហ្មចារីជាភឿន»ទាំងនេះនៃកូនក្រមុំបានប្រគល់ខ្លួនជូនព្រះ យេហូវ៉ា ហើយបានបង្ហាញថាពួកគេជារាស្ដ្រដ៏ស្មោះត្រង់នៃស្ដេចដែលជាកូនកំលោះ។

១៥. តើតាមរបៀបណា«ពួកព្រហ្មចារីជាភឿន»បានសហការជាមួយនឹងពួកអ្នកនៅក្នុងក្រុមកូនក្រមុំដែលនៅផែនដីនៅឡើយ?

១៥ ក្រុមកូនក្រមុំដែលមិនទាន់ឡើងទៅស្ថានសួគ៌មានចិត្ដដឹងគុណ«ពួកព្រហ្មចារីជាភឿន»ទាំងនេះដោយសារពួកគេបានជួយយ៉ាងខ្នះខ្នែងក្នុងកិច្ចផ្សព្វផ្សាយ«ដំណឹងល្អនេះអំពីរាជាណាចក្រ»នៅគ្រប់ទីអាស្រ័យនៅផែនដី។ (ម៉ាថ. ២៤:១៤) មិនមានតែ«សកម្មពលនិងកូនក្រមុំនិយាយឥតឈប់ថា៖ ‹មកចុះ!›»ប៉ុណ្ណោះទេ ប៉ុន្ដែពួកអ្នកដែលក៏និយាយថា«មកចុះ!»ដែរ។ (បប. ២២:១៧) មែនហើយ «ចៀមទៀត»បានសមាជិកនៃក្រុមកូនក្រមុំដែលបានត្រូវរើសតាំងនិយាយថា«មកចុះ!» ហើយបានចូលរួមជាមួយនឹងកូនក្រមុំដោយនិយាយថា«មកចុះ!»ទៅបណ្ដាជននៅផែនដី។—យ៉ូន. ១០:១៦

១៦. តើព្រះយេហូវ៉ាបានឲ្យចៀមទៀតមានឯកសិទ្ធិអ្វី?

១៦ ពួកអ្នករើសតាំងដែលមិនទាន់ឡើងទៅស្ថានសួគ៌ស្រឡាញ់ចៀមទៀត។ ពួកអ្នករើសតាំងសប្បាយដោយដឹងថាព្រះយេហូវ៉ាក៏ឲ្យចៀមទៀតមានឯកសិទ្ធិចូលរួមអរសប្បាយនឹងពិធីមង្គលការនោះដែរ។ គម្ពីរបានទាយអំពី«ពួកព្រហ្មចារីជាភឿន»ទាំងនេះថាពួកគេនឹងត្រូវមក«ដោយមានសេចក្ដីរីករាយសប្បាយ»។ មែនហើយ ចៀមទៀតដែលសង្ឃឹមថានឹងរស់ជារៀងរហូតនៅផែនដីនឹងចូលរួមក្នុងការអរសប្បាយនៅទូទាំងសកលលោក ពេលពិធីមង្គលការរបស់កូនចៀមធ្វើឡើងនៅស្ថានសួគ៌។ ជាការសមត្រឹមត្រូវដែលសៀវភៅការបើកបង្ហាញរៀបរាប់ថា«មនុស្សមួយក្រុមធំ . . . កំពុងឈរនៅមុខបល្ល័ង្កនិងនៅមុខកូនចៀម»។ ពួកគេបំពេញកិច្ចបម្រើពិសិដ្ឋជូនព្រះយេហូវ៉ានៅទីធ្លានៃវិហាររបស់ព្រះក្នុងន័យធៀប ដែលនៅផែនដី។—បប. ៧:៩, ១៥

«នឹងបានព្រះរាជបុត្រជំនួសឪពុក»

១៧, ១៨. តើអាពាហ៍ពិពាហ៍របស់កូនចៀមផ្ដល់ផលប្រយោជន៍អ្វី ហើយតើគ្រិស្ដនឹងទៅជាឪពុករបស់អ្នកណា ក្នុងអំឡុងការគ្រប់គ្រងមួយពាន់ឆ្នាំរបស់លោក?

១៧ សូមអាន ទំនុកតម្កើង ៤៥:១៦«ពួកព្រហ្មចារីជាភឿន»នៃកូនក្រមុំនឹងមានហេតុថែមទៀតដើម្បីអរសប្បាយ ពេលពួកគេឃើញអាពាហ៍ពិពាហ៍នោះផ្ដល់ផលប្រយោជន៍ក្នុងពិភពលោកថ្មី។ លោកយេស៊ូគ្រិស្ដដែលជាស្ដេចនឹងប្រោស«ឪពុក»ពួកបុព្វបុរសរបស់លោកឲ្យរស់ឡើងវិញ។ ដោយសារគ្រិស្ដនឹងធ្វើឲ្យពួកបុព្វបុរសមានជីវិតឡើងវិញ នោះពួកបុព្វបុរសទាំងនោះនឹងទៅជា«បុត្រ»របស់លោក។ (យ៉ូន. ៥:២៥-២៩; ហេ. ១១:៣៥) ពីចំណោមពួកអ្នកទាំងនោះ លោកនឹងតែងតាំង«ចៅហ្វាយនៅគ្រប់លើផែនដី»។ គ្រិស្ដច្បាស់ជានឹងតែងតាំងអ្នកទៀតពីចំណោមពួកអ្នកចាស់ទុំដ៏ស្មោះត្រង់នៅសព្វថ្ងៃនេះឲ្យនាំមុខនៅពិភពលោកថ្មី។—អេ. ៣២:១

១៨ ក្នុងអំឡុងការគ្រប់គ្រងមួយពាន់ឆ្នាំរបស់គ្រិស្ដ លោកក៏នឹងទៅជាបិតាមួយរូបរបស់អ្នកទៀតដែរ។ តើតាមរបៀបណា? ពួកអ្នកដែលបង្ហាញជំនឿលើគ្រឿងបូជាលោះរបស់លោកយេស៊ូនឹងរស់ជារៀងរហូតនៅផែនដី។ (យ៉ូន. ៣:១៦) អាស្រ័យហេតុនេះ លោកទៅជា«ព្រះវរបិតាដ៏គង់នៅអស់កល្ប»របស់ពួកគេ។—អេ. ៩:៦, ៧

មានចិត្ដជំរុញឲ្យ«មានសេចក្ដីរឭកនឹកចាំពីឈ្មោះឯង»

១៩, ២០. តើព្រឹត្ដិការណ៍គួរឲ្យរំភើបចិត្ដដែលបានរៀបរាប់នៅទំនុកទី៤៥មានឥទ្ធិពលយ៉ាងណាទៅលើគ្រិស្ដសាសនិកពិតទាំងអស់សព្វថ្ងៃនេះ?

១៩ សូមអាន ទំនុកតម្កើង ៤៥:១, ១៧ពិតមែន ព្រឹត្ដិការណ៍នានាដែលបានកត់ទុកក្នុងទំនុកទី៤៥ជាប់ទាក់ទងនឹងគ្រិស្ដសាសនិកទាំងអស់។ ពួកអ្នករើសតាំងដែលនៅផែនដីនៅឡើយមានចិត្ដរំភើបដោយមានសេចក្ដីសង្ឃឹមថាមិនយូរទៀតពួកគាត់នឹងរួបរួមជាមួយនឹងកូនកំលោះនិងបងប្អូនរបស់ពួកគាត់នៅស្ថានសួគ៌។ ចៀមទៀតមានចិត្ដជំរុញឲ្យកាន់តែចុះចូលក្រោមអំណាចស្ដេចដ៏រុងរឿងរបស់ពួកគេ ហើយមានចិត្ដដឹងគុណចំពោះឯកសិទ្ធិក្នុងការសេពគប់ជាមួយនឹងសមាជិកនៃកូនក្រមុំដែលនៅផែនដីនៅឡើយ។ ក្រោយពិធីមង្គលការរបស់ពួកគាត់ ពរដែលគ្រិស្ដនិងកូនក្រមុំនឹងផ្ដល់ឲ្យមនុស្សជាតិទាំងអស់គឺអស្ចារ្យជាងយើងគិតស្មានទៅទៀត។—បប. ៧:១៧; ២១:១-

២០ កាលដែលយើងទន្ទឹងរង់ចាំការសម្រេចនៃទំនាយស្ដីអំពីស្ដេចដែលជាមេស្ស៊ី យើងប្រាកដជាមានចិត្ដជំរុញឲ្យប្រកាសផ្សាយនាមរបស់លោក។ សូមឲ្យយើងនៅក្នុងចំណោមពួកអ្នកដែល‹នឹងសរសើរដល់ស្ដេចនៅអស់កល្បជានិច្ចរៀងរាបទៅ›។