សំណួរពីអ្នកអាន លេង សំណួរពីអ្នកអាន តើការរំលាយសាកសពសមត្រឹមត្រូវសម្រាប់គ្រិស្ដសាសនិកឬទេ? មានកំណត់ហេតុក្នុងគម្ពីរដែលរៀបរាប់អំពីសាកសពឬឆ្អឹងរបស់បុគ្គលខ្លះដែលបានត្រូវគេរំលាយ។ (យ៉ូស. ៧:២៥; ២រប. ៣៤:៤, ៥) នេះប្រហែលជាបានបញ្ជាក់ថាបុគ្គលទាំងនោះហាក់ដូចជាមិនសមនឹងទទួលនូវការបញ្ចុះដ៏សមរម្យក្នុងទីបញ្ចុះសពទេ។ ប៉ុន្ដែការរំលាយសាកសពរបស់បុគ្គលណាម្នាក់មិនតែងតែមានន័យដូច្នេះទេ។ យើងអាចឃើញចំណុចនេះនៅកំណត់ហេតុអំពីមរណភាពរបស់ស្ដេចសូលនិងកូនប្រុសបីនាក់របស់គាត់។ ពួកគេទាំងបួននាក់បានស្លាប់កាលដែលប្រយុទ្ធនឹងជនជាតិភីលីស្ទីន។ កូនប្រុសម្នាក់ក្នុងចំណោមកូនប្រុសទាំងបីនាក់នោះរបស់សូលគឺយ៉ូណាថាន គាត់ជាអ្នកគាំទ្រយ៉ាងស្មោះនិងជាមិត្ដភក្ដិដ៏ល្អរបស់ដាវីឌ។ ពេលជនជាតិអ៊ីស្រាអែលដ៏ក្លាហានដែលនៅក្រុងយ៉ាបេសកាឡាត បានឮអំពីអ្វីដែលបានកើតឡើង ពួកគេបានយកសាកសពទាំងបួននោះមកវិញ បានរំលាយ ហើយក្រោយមកបានបញ្ចុះឆ្អឹងក្នុងដី។ នៅពេលក្រោយមកដាវីឌបានសរសើរជនជាតិអ៊ីស្រាអែលទាំងនោះដោយសារការប្រព្រឹត្ដរបស់ពួកគេ។—១សាំ. ៣១:២, ៨-១៣; ២សាំ. ២:៤-៦ សេចក្ដីសង្ឃឹមក្នុងបទគម្ពីរសម្រាប់មនុស្សដែលបានស្លាប់គឺការប្រោសឲ្យរស់ឡើងវិញ ពោលគឺព្រះនឹងធ្វើឲ្យបុគ្គលនោះមានជីវិតឡើងវិញ។ ទោះជាបុគ្គលណាម្នាក់បានត្រូវគេរំលាយសាកសពឬមិនរំលាយក៏ដោយ សមត្ថភាពរបស់ព្រះយេហូវ៉ាគឺគ្មានកម្រិតទេក្នុងការប្រោសបុគ្គលនោះឲ្យរស់ឡើងវិញដោយមានរូបកាយថ្មី។ ជនជាតិហេប្រឺដ៏ស្មោះត្រង់បីនាក់ ដែលបានប្រឈមមុខនឹងសេចក្ដីស្លាប់ក្នុងគុកភ្លើងដោយសារបង្គាប់របស់ស្ដេចនេប៊ូក្នេសា គ្មានហេតុខ្លាចថាព្រះមិនអាចប្រោសពួកគេឲ្យរស់ឡើងវិញទេបើរូបកាយបានត្រូវបំផ្លាញដោយភ្លើង។ (ដាន. ៣:១៦-១៨) គឺដូចគ្នាសម្រាប់អ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ានៅក្នុងជំរំឃុំឃាំងនៃពួកណាត្ស៊ី ដែលបានប្រឈមមុខនឹងសេចក្ដីស្លាប់និងការរំលាយសាកសពរបស់ពួកគេ។ អ្នកបម្រើស្មោះត្រង់ផ្សេងៗរបស់ព្រះយេហូវ៉ា បានត្រូវស្លាប់ក្នុងការផ្ទុះ ឬតាមវិធីឯទៀត ដោយរូបកាយរបស់ពួកគេគ្មានអ្វីនៅសេសសល់ឡើយ។ ប៉ុន្ដែ ពួកគេប្រាកដជានឹងទទួលការប្រោសឲ្យរស់ឡើងវិញ។—បប. ២០:១៣ ព្រះយេហូវ៉ាមិនចាំបាច់មានអ្វីៗពីរូបកាយមុនរបស់បុគ្គលណាម្នាក់ ដើម្បីប្រោសឲ្យគាត់រស់ឡើងវិញទេ។ នោះបានសឲ្យឃើញក្នុងការប្រោសគ្រិស្ដសាសនិកដែលបានត្រូវរើសតាំង ឲ្យមានជីវិតនៅស្ថានសួគ៌។ ដូចលោកយេស៊ូ ដែល«បានត្រូវប្រោសឲ្យមានជីវិតរស់ឡើងវិញជាវិញ្ញាណ» គ្រិស្ដសាសនិកដែលបានរើសតាំងបានត្រូវប្រោសឲ្យរស់ឡើងវិញជាបុគ្គលដដែល ប៉ុន្ដែមានរូបកាយជាវិញ្ញាណ។ គ្មានផ្នែកណាមួយនៃរូបកាយសាច់ឈាមរបស់ពួកគាត់ពីមុនទៅស្ថានសួគ៌ជាមួយពួកគាត់ឡើយ។—១ពេ. ៣:១៨; ១កូ. ១៥:៤២-៥៣; ១យ៉ូន. ៣:២ សេចក្ដីសង្ឃឹមរបស់យើងទៅលើការប្រោសឲ្យរស់ឡើងវិញ មិនពឹងផ្អែកលើអ្វីដែលកើតឡើងដល់សាកសពទេ ប៉ុន្ដែពឹងផ្អែកលើជំនឿលើសមត្ថភាពនិងបំណងប្រាថ្នារបស់ព្រះដើម្បីសម្រេចសេចក្ដីសន្យារបស់លោក។ (សកម្ម. ២៤:១៥) ពិតមែនតែយើងប្រហែលជាមិនយល់ច្បាស់អំពីរបៀបដែលព្រះបានធ្វើការអស្ចារ្យដើម្បីប្រោសមនុស្សខ្លះឲ្យរស់ឡើងវិញនៅសម័យមុនៗ ឬអំពីរបៀបដែលលោកនឹងធ្វើដូច្នេះនៅអនាគត ប៉ុន្ដែយើងនៅតែទុកចិត្ដទៅលើព្រះយេហូវ៉ា។ លោកបានផ្ដល់«ការធានា»ដោយបានប្រោសលោកយេស៊ូឲ្យរស់ឡើងវិញ។—សកម្ម. ១៧:៣១; លូក. ២៤:២, ៣ គ្រិស្ដសាសនិកគួរពិចារណាអំពីអ្វីដែលមនុស្សធ្វើជាធម្មតាក្នុងសង្គម ទស្សនៈរបស់មនុស្សក្នុងតំបន់ដែលពួកគាត់រស់នៅ និងអ្វីដែលច្បាប់តម្រូវស្ដីអំពីសាកសព។ (២កូ. ៦:៣, ៤) បន្ទាប់មក ការសម្រេចចិត្ដឲ្យរំលាយសាកសពឬមិនរំលាយ គឺជាការសម្រេចចិត្ដរបស់បុគ្គលម្នាក់ៗឬក្រុមគ្រួសាររបស់ពួកគាត់។ ថយ បន្ទាប់ Print ចែក ចែក សំណួរពីអ្នកអាន ទស្សនាវដ្ដីប៉មយាម សម្រាប់សិក្សា សំណួរពីអ្នកអាន (ខែមិថុនា ឆ្នាំ២០១៤) ខ្មែរ សំណួរពីអ្នកអាន (ខែមិថុនា ឆ្នាំ២០១៤) https://cms-imgp.jw-cdn.org/img/p/2014443/univ/art/2014443_univ_sqr_xl.jpg