លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូររំពឹងគិតអំពីសេចក្ដីស្រឡាញ់ដែលមិនចេះរសាយរបស់ព្រះយេហូវ៉ា

ចូររំពឹងគិតអំពីសេចក្ដីស្រឡាញ់ដែលមិនចេះរសាយរបស់ព្រះយេហូវ៉ា

«ទូលបង្គំនឹងរំពឹងគិតពីគ្រប់ទាំងការរបស់ទ្រង់»។—ទំនុកតម្កើង ៧៧:១២

ចម្រៀងលេខ: ១៨, ២៩

១, ២. () ហេតុអ្វីអ្នកជឿជាក់ថាព្រះយេហូវ៉ាស្រឡាញ់រាស្ដ្ររបស់លោក? () តើមនុស្សជាតិបានត្រូវបង្កើតឲ្យមានសេចក្ដីត្រូវការអ្វី?

ហេតុអ្វីអ្នកជឿជាក់ថាព្រះយេហូវ៉ាស្រឡាញ់រាស្ដ្ររបស់លោក? មុនអ្នកឆ្លើយសំណួរនេះ សូមពិចារណាឧទាហរណ៍ដូចទៅនេះ៖ អស់រយៈពេលប៉ុន្មានឆ្នាំ បងប្អូនបានលើកទឹកចិត្ដបងស្រីថេលីនដោយចិត្ដសប្បុរស។ ពួកគាត់បានប្រាប់នាងថានាងមិនគួរតម្រូវហួសហេតុពេកពីខ្លួននាងឡើយ។ នាងនិយាយថា«ដោយសារព្រះយេហូវ៉ាស្រឡាញ់ខ្ញុំ ទើបលោកបន្ដផ្ដល់ឱវាទដល់ខ្ញុំ»។ បងស្រីប៊ី្រជីត ដែលបានចិញ្ចឹមអប់រំកូនពីរនាក់តែម្នាក់ឯងបន្ទាប់ពីប្ដីរបស់គាត់បានស្លាប់ និយាយថា«ការចិញ្ចឹមអប់រំកូនក្នុងពិភពលោករបស់សាថានគឺជាអ្វីដែលពិបាកខ្លាំងណាស់ ជាពិសេសចំពោះឪពុកម្ដាយដែលគ្មានគូ។ ប៉ុន្ដែ ខ្ញុំជឿជាក់ថាព្រះយេហូវ៉ាស្រឡាញ់ខ្ញុំ ដោយសារលោកបានជួយខ្ញុំនៅពេលដែលខ្ញុំមានទុក្ខលំបាកដែលធ្វើឲ្យស្រក់ទឹកភ្នែកនិងឈឺចិត្ដ ហើយលោកមិនដែលឲ្យខ្ញុំជួបការពិបាកហួសពីសមត្ថភាពស៊ូទ្រាំរបស់ខ្ញុំឡើយ»។ (កូរិនថូសទី១ ១០:១៣) បងស្រីសាន់ដ្រាមានជំងឺធ្ងន់ធ្ងរមួយដែលមិនអាចព្យាបាលបាន។ នៅមហាសន្និបាត បងស្រីម្នាក់បានបង្ហាញការយកចិត្ដទុកដាក់យ៉ាងស្មោះចំពោះគាត់។ ប្ដីរបស់បងសាន់ដ្រានិយាយថា«ទោះជាយើងមិនដែលស្គាល់គាត់ដោយផ្ទាល់ក៏ដោយ ដោយសារគាត់បានបង្ហាញការយកចិត្ដទុកដាក់យ៉ាងខ្លាំង នោះធ្វើឲ្យយើងមានអំណរក្រៃលែង។ សូម្បីតែអ្វីបន្ដិចបន្ដួចដែលបងប្អូននិយាយនិងធ្វើដែលបង្ហាញសេចក្ដីស្រឡាញ់របស់ពួកគាត់ ធ្វើឲ្យខ្ញុំឃើញថាព្រះយេហូវ៉ាស្រឡាញ់យើងយ៉ាងខ្លាំង»។

ព្រះយេហូវ៉ាបានបង្កើតមនុស្សជាតិឲ្យមានសេចក្ដីត្រូវការស្រឡាញ់អ្នកទៀត និងសេចក្ដីត្រូវការឲ្យអ្នកទៀតស្រឡាញ់។ ទោះជាយ៉ាងនោះក្ដី យើងងាយធ្លាក់ទឹកចិត្ដ ដោយសារជំងឺ ឬបញ្ហាលុយកាក់ ឬក៏ដោយសារយើងមិនទទួលលទ្ធផលល្អក្នុងកិច្ចបម្រើផ្សាយ។ បើយើងចាប់ផ្ដើមមានអារម្មណ៍ថាព្រះយេហូវ៉ាឈប់ស្រឡាញ់យើង យើងគួរចាំថាយើងមានតម្លៃចំពោះលោក ហើយក៏គួរចាំដែរថាលោកនៅជាមួយនឹងយើង ដូចជាកំពុងកាន់ដៃស្ដាំយើងនិងជួយយើង។ បើយើងស្មោះត្រង់ចំពោះលោក លោកនឹងមិនភ្លេចយើងឡើយ។—អេសាយ ៤១:១៣; ៤៩:១៥

. តើអ្វីអាចធ្វើឲ្យយើងកាន់តែជឿជាក់ថាសេចក្ដីស្រឡាញ់ដែលព្រះយេហូវ៉ាមានចំពោះយើងគឺមិនចេះរសាយ?

សាក្សីព្រះយេហូវ៉ាដែលបានរៀបរាប់នៅវគ្គខាងលើនេះបានជឿជាក់ថា នៅគ្រាលំបាក ព្រះបាននៅជាមួយនឹងពួកគាត់។ យើងអាចជឿជាក់ដូចពួកគាត់ថាលោកនៅខាងយើង។ (ទំនុកតម្កើង ១១៨:៦, ៧) ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំណោយបួនពីព្រះយេហូវ៉ាដែលបង្ហាញថាលោកស្រឡាញ់យើង។ អំណោយទាំងនោះគឺ៖ () អ្វីដែលលោកបានបង្កើត () គម្ពីរ () ការអធិដ្ឋាន និង () ថ្លៃលោះ។ ការរំពឹងគិតអំពីអ្វីល្អដែលព្រះយេហូវ៉ាបានធ្វើ អាចនាំឲ្យយើងមានអារម្មណ៍កាន់តែកក់ក្ដៅ និងកាន់តែប្រាកដថាលោកមានសេចក្ដីស្រឡាញ់ដែលមិនចេះរសាយចំពោះយើង។—សូមអាន ទំនុកតម្កើង ៧៧:១១, ១២

ចូររំពឹងគិតអំពីអ្វីដែលព្រះយេហូវ៉ាបានបង្កើត

. តើយើងរៀនអ្វីខ្លះពីអ្វីដែលព្រះយេហូវ៉ាបានបង្កើត?

ពេលយើងសង្កេតមើលអ្វីដែលព្រះយេហូវ៉ាបានបង្កើត យើងឃើញថាលោកស្រឡាញ់យើងខ្លាំងណាស់។ (រ៉ូម ១:២០) ជាឧទាហរណ៍ ព្រះយេហូវ៉ាបានរៀបចំផែនដីមិនគ្រាន់តែដើម្បីឲ្យយើងមានជីវិតរស់នៅប៉ុណ្ណោះទេ តែលោកបានផ្ដល់ឲ្យយើងនូវអ្វីផ្សេងដែលយើងត្រូវការដើម្បីសប្បាយនឹងជីវិត។ យើងត្រូវការបរិភោគ ប៉ុន្ដែព្រះយេហូវ៉ាមិនបានបង្កើតអាហារតែប៉ុន្មានមុខប៉ុណ្ណោះទេ លោកបានផ្ដល់ឲ្យយើងនូវអាហារផ្សេងដែលធ្វើឲ្យយើងសប្បាយនឹងបរិភោគ! (សាស្តា ៩:៧) បងស្រីកេតរ៉ឹនចូលចិត្ដមើលអ្វីដែលព្រះបានបង្កើត ជាពិសេសក្នុងអំឡុងរដូវស្លឹកឈើលាស់នៅប្រទេសកាណាដា។ គាត់និយាយថា«របៀបដែលអ្វីទាំងអស់លូតលាស់ឡើងវិញ គឺពិតជាអស្ចារ្យណាស់។ ជាឧទាហរណ៍ នៅពេលកំណត់ដើមផ្កាចាប់ផ្ដើមដុះចេញពីដី ហើយបក្សីផ្សេងត្រឡប់មកពីបម្លាស់ទីវិញ រួមទាំងបក្សីតូចម្យ៉ាងដែលមករកថាសដែលមានចំណីនៅខាងក្រៅបង្អួចផ្ទះបាយរបស់ខ្ញុំ។ ព្រះយេហូវ៉ាច្បាស់ជាស្រឡាញ់យើង ដោយសារលោកផ្ដល់អ្វីជាច្រើនដែលធ្វើឲ្យយើងសប្បាយរីករាយជាខ្លាំង»។ បិតារបស់យើងស្រឡាញ់អ្វីដែលលោកបានបង្កើត ហើយលោកក៏ចង់ឲ្យយើងសប្បាយនឹងអ្វីទាំងនោះដែរ។—សកម្មភាព ១៤:១៦, ១៧

ពេលយើងសង្កេតមើលអ្វីដែលព្រះយេហូវ៉ាបានបង្កើត យើងឃើញថាលោកស្រឡាញ់យើងខ្លាំងណាស់

. តើរបៀបដែលព្រះយេហូវ៉ាបានបង្កើតមនុស្សបង្ហាញអំពីសេចក្ដីស្រឡាញ់របស់លោកយ៉ាងដូចម្ដេច?

ព្រះយេហូវ៉ាបានបង្កើតយើងឲ្យមានសមត្ថភាពធ្វើកិច្ចការដែលគាប់ចិត្ដ ហើយសប្បាយនឹងកិច្ចការទាំងនោះ។ (សាស្តា ២:២៤) លោកបានផ្ដល់ឲ្យមនុស្សនូវភារកិច្ចបង្កើតកូនឲ្យមានពាសពេញផែនដី ដាំនិងថែទាំរុក្ខជាតិផ្សេងៗ ហើយថែរក្សាត្រី បក្សាបក្សីនិងភាវរស់ទៀតដែលនៅលើផែនដី។ (លោកុប្បត្ដិ ១:២៦-២៨) ម្យ៉ាងទៀត លោកក៏បានបង្កើតយើងឲ្យមានគុណសម្បត្ដិដ៏ល្អប្រសើរដែរដើម្បីយើងអាចយកតម្រាប់លោក!—អេភេសូរ ៥:១

បណ្ដាំរបស់ព្រះគឺមានតម្លៃ

. ហេតុអ្វីយើងគួរឲ្យតម្លៃយ៉ាងខ្លាំងទៅលើបណ្ដាំរបស់ព្រះ?

ព្រះយេហូវ៉ាបានផ្ដល់គម្ពីរឲ្យយើង ដោយសារលោកស្រឡាញ់យើងខ្លាំងណាស់។ គម្ពីរប្រាប់យើងនូវអ្វីដែលយើងត្រូវដឹងអំពីលោកនិងអារម្មណ៍របស់លោកចំពោះមនុស្សជាតិ។ ជាឧទាហរណ៍ គម្ពីរប្រាប់យើងអំពីអារម្មណ៍របស់ព្រះយេហូវ៉ាចំពោះជនជាតិអ៊ីស្រាអែលដែលច្រើនតែមិនស្តាប់បង្គាប់លោក។ ទំនុកតម្កើង ៧៨:៣៨ចែងថា«ទ្រង់មានសេចក្ដីមេត្ដាករុណា បានជាទ្រង់អត់ទោសចំពោះសេចក្ដីទុច្ចរិតរបស់គេ ហើយមិនបានបំផ្លាញគេទេ។ អើ ទ្រង់បានបង្វែរសេចក្ដីខ្ញាល់ទ្រង់ចេញជាញយៗ ឥតឲ្យសេចក្ដីក្រោធរបស់ទ្រង់ផុលឡើងទាំងអស់ឡើយ»។ ការរំពឹងគិតអំពីនេះអាចជួយអ្នកឲ្យយល់អំពីទំហំនៃសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាចំពោះអ្នក ហើយយល់ថាលោកយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះអ្នក។ យើងអាចមានទំនុកចិត្ដថាព្រះយេហូវ៉ាយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះយើង។—សូមអាន ពេត្រុសទី១ ៥:៦, ៧

គម្ពីរប្រាប់យើងនូវអ្វីដែលយើងត្រូវដឹងអំពីព្រះនិងអារម្មណ៍របស់លោកចំពោះមនុស្សជាតិ

. ហេតុអ្វីយើងគួរចាត់ទុកគម្ពីរថាមានតម្លៃ?

គម្ពីរគួរតែជាអ្វីដែលមានតម្លៃណាស់ចំពោះយើង។ ហេតុអ្វី? ពីព្រោះព្រះយេហូវ៉ាប្រស្រ័យទាក់ទងជាមួយនឹងយើងតាមរយៈបណ្ដាំរបស់លោក។ ពេលឪពុកម្ដាយនិងកូនប្រស្រ័យទាក់ទងគ្នាដោយឥតលាក់លៀម ពួកគេពង្រឹងសេចក្ដីស្រឡាញ់និងទំនុកចិត្ដចំពោះគ្នាទៅវិញទៅមក។ ព្រះយេហូវ៉ាគឺជាបិតារបស់យើងដែលប្រកបទៅដោយសេចក្ដីស្រឡាញ់។ ទោះជាយើងមិនដែលឃើញលោក ឬសម្លេងរបស់លោកក៏ដោយ តាមរយៈគម្ពីរគឺហាក់ដូចជាលោកប្រស្រ័យទាក់ទងជាមួយនឹងយើងដោយផ្ទាល់។ យើងគួរតែបន្ដស្តាប់លោកជានិច្ច! (អេសាយ ៣០:២០, ២១) ពេលយើងអានបណ្ដាំរបស់ព្រះ យើងស្គាល់និងទុកចិត្ដព្រះយេហូវ៉ាដែលណែនាំនិងការពារយើង។—សូមអាន ទំនុកតម្កើង ១៩:៧-១១; សុភាសិត ១:៣៣

ទោះជាយេហ៊ូវត្រូវផ្ដល់ឱវាទឲ្យយេហូសាផាតក៏ដោយ ព្រះយេហូវ៉ាបានឃើញ«សេចក្ដីល្អ»របស់ស្ដេចនោះ (សូមមើលវគ្គ៨, ៩)

៨, ៩. តើព្រះយេហូវ៉ាចង់ឲ្យយើងដឹងអ្វី? សូមលើកឧទាហរណ៍មួយក្នុងគម្ពីរ។

ព្រះយេហូវ៉ាចង់ឲ្យយើងដឹងថាលោកស្រឡាញ់យើង ហើយថាលោកមិនផ្ដោតអារម្មណ៍ទៅលើភាពមិនល្អឥតខ្ចោះរបស់យើងទេ។ លោករកមើលចំណុចល្អរបស់យើង។ (របាក្សត្រទី២ ១៦:៩) សូមយើងពិចារណាអំពីរបៀបដែលព្រះយេហូវ៉ាបានឃើញចំណុចល្អរបស់ស្ដេចយេហូសាផាតនៃស្រុកយូដា។ យេហូសាផាតបានធ្វើការសម្រេចចិត្ដមិនត្រឹមត្រូវដោយចូលរួមជាមួយនឹងស្ដេចអ័ហាប់នៃស្រុកអ៊ីស្រាអែល ហើយបានប្រយុទ្ធប្រឆាំងនឹងជនជាតិស៊ីរីនៅរ៉ាម៉ូតកាឡាត។ ទោះជាអ្នកប្រកាសទំនាយក្លែងក្លាយ៤០០នាក់បានប្រាប់ស្ដេចដ៏អាក្រក់អ័ហាប់ថាគាត់នឹងឈ្នះការប្រយុទ្ធក៏ដោយ មីកាយ៉ាដែលជាអ្នកប្រកាសទំនាយពិតរបស់ព្រះយេហូវ៉ាបានប្រាប់យេហូសាផាតនិងអ័ហាប់ថាបើពួកគាត់ប្រយុទ្ធ ពួកគាត់នឹងចាញ់។ នេះបានកើតឡើងមែន។ អ័ហាប់បានស្លាប់ក្នុងការប្រយុទ្ធ ហើយយេហូសាផាតស្ទើរតែមិនរួចជីវិត។ បន្ទាប់ពីការប្រយុទ្ធ ព្រះយេហូវ៉ាបានប្រើយេហ៊ូវឲ្យផ្ដល់ឱវាទដល់យេហូសាផាត ដោយសារគាត់បានធ្វើខុស។ ប៉ុន្ដែ យេហ៊ូវក៏បានប្រាប់គាត់ដែរថា«ឃើញមានសេចក្ដីល្អខ្លះ នៅក្នុងទ្រង់ដែរ»។—របាក្សត្រទី២ ១៨:៤, ៥, ១៨-២២, ៣៣, ៣៤; ១៩:១-

ច្រើនឆ្នាំមុននោះ យេហូសាផាតបានប្រាប់ពួកអ្នកដែលជាប្រធាន ពួកលេវី និងពួកសង្ឃឲ្យទៅក្រុងទាំងអស់នៃស្រុកយូដាដើម្បីបង្រៀនបណ្ដាជនអំពីច្បាប់របស់ព្រះយេហូវ៉ា។ ពួកគេបានទទួលជោគជ័យខ្លាំងដល់ម៉្លេះបានជាសូម្បីតែបណ្ដាជនពីប្រជាជាតិទៀតក៏បានស្គាល់ព្រះយេហូវ៉ាដែរ។ (របាក្សត្រទី២ ១៧:៣-១០) ដូច្នេះ ទោះជាក្រោយមកយេហូសាផាតបានធ្វើការសម្រេចចិត្ដមិនត្រឹមត្រូវក៏ដោយ ព្រះយេហូវ៉ាមិនបានភ្លេចអំពីអ្វីដ៏ល្អដែលគាត់បានធ្វើពីមុនឡើយ។ ឧទាហរណ៍នោះពិតជាសម្រាលទុក្ខយើងណាស់ ដោយសារជួនកាលយើងក៏ធ្វើខុសដែរ។ ទោះជាយ៉ាងនោះក្ដី បើយើងខំប្រឹងអស់ពីសមត្ថភាពដើម្បីបម្រើព្រះយេហូវ៉ា លោកនឹងបន្ដស្រឡាញ់យើង ហើយលោកនឹងមិនភ្លេចអ្វីល្អដែលយើងបានធ្វើឡើយ។

ចូរឲ្យតម្លៃចំពោះឯកសិទ្ធិនៃការអធិដ្ឋាន

១០, ១១. () ហេតុអ្វីការអធិដ្ឋានគឺជាអំណោយដ៏ពិសេសមួយពីព្រះយេហូវ៉ា? () តើព្រះយេហូវ៉ាអាចតបឆ្លើយសេចក្ដីអធិដ្ឋានរបស់យើងយ៉ាងដូចម្ដេច? (សូមមើលរូបភាពនៅដើមអត្ថបទ)

១០ ឪពុកដែលស្រឡាញ់កូនឆ្លៀតពេលស្តាប់កូនរបស់គាត់ ពេលកូនចង់និយាយជាមួយនឹងគាត់។ គាត់ចង់ដឹងអំពីអារម្មណ៍របស់កូន ដោយសារគាត់យកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះកូន។ ព្រះយេហូវ៉ាដែលជាបិតារបស់យើងដែលមានសេចក្ដីស្រឡាញ់ក៏ធ្វើដូច្នេះដែរ។ លោកស្តាប់យើង ពេលយើងអធិដ្ឋានទៅលោក។ ការនិយាយជាមួយនឹងបិតារបស់យើងគឺជាឯកសិទ្ធិដ៏មានតម្លៃ!

ព្រះយេហូវ៉ាស្តាប់សំណូមពរដ៏ស្មោះរបស់យើង ហើយលោកយល់អ្វីទាំងអស់អំពីយើង ទោះជាអ្នកទៀតមិនយល់ក៏ដោយ

១១ យើងអាចអធិដ្ឋានទៅព្រះយេហូវ៉ានៅពេលណាក៏បាន។ លោកគឺជាមិត្ដរបស់យើង ហើយលោកតែងតែប្រុងប្រៀបស្តាប់សេចក្ដីអធិដ្ឋានរបស់យើង។ បងថេលីនដែលបានរៀបរាប់ខាងលើ និយាយថា«យើងអាចនិយាយអ្វីក៏បានទៅកាន់លោកយ៉ាងអស់សេចក្ដី»។ ពេលយើងប្រាប់ព្រះយេហូវ៉ាយ៉ាងអស់ពីចិត្ដអំពីគំនិតនិងអារម្មណ៍របស់យើង លោកប្រហែលជាតបឆ្លើយតាមរយៈគម្ពីរណាមួយ អត្ថបទណាមួយក្នុងសៀវភៅផ្សេងរបស់យើង ឬការលើកទឹកចិត្ដពីបងប្អូន។ ព្រះយេហូវ៉ាស្តាប់សំណូមពរដ៏ស្មោះរបស់យើង ហើយលោកយល់អ្វីទាំងអស់អំពីយើង ទោះជាអ្នកទៀតមិនយល់ក៏ដោយ។ ចម្លើយរបស់លោកចំពោះសេចក្ដីអធិដ្ឋានរបស់យើងបង្ហាញថាលោកមានសេចក្ដីស្រឡាញ់ដែលមិនចេះរសាយចំពោះយើង។

១២. ហេតុអ្វីយើងគួរសិក្សាអំពីសេចក្ដីអធិដ្ឋានដែលមាននៅក្នុងគម្ពីរ? សូមលើកឧទាហរណ៍មួយ។

១២ យើងអាចទាញមេរៀនដ៏សំខាន់ពីសេចក្ដីអធិដ្ឋានដែលមាននៅក្នុងគម្ពីរ។ ការសិក្សាសេចក្ដីអធិដ្ឋានខ្លះទាំងនោះម្ដងម្កាលក្នុងអំឡុងការគោរពប្រណិប័តន៍ជាក្រុមគ្រួសារគឺមានប្រយោជន៍។ ពេលយើងរំពឹងគិតអំពីសំណូមពរដ៏ស្មោះរបស់អ្នកបម្រើព្រះនៅសម័យមុន នោះនឹងធ្វើឲ្យសេចក្ដីអធិដ្ឋានរបស់យើងកាន់តែមានន័យខ្លឹមសារ។ ជាឧទាហរណ៍ សូមសិក្សាអំពីសេចក្ដីអធិដ្ឋានដោយចិត្ដរាបទាបរបស់យ៉ូណាស កាលដែលគាត់នៅក្នុងពោះត្រីធំមួយ។ (យ៉ូណាស ១:១៧–២:១០) សូមពិចារណាសេចក្ដីអធិដ្ឋានដ៏ស្មោះរបស់សាឡូម៉ូនទៅព្រះយេហូវ៉ា នៅពេលពិធីសម្ពោធវិហារ។ (ពង្សាវតារក្សត្រទី១ ៨:២២-៥៣) ម្យ៉ាងទៀត សូមរំពឹងគិតអំពីសេចក្ដីអធិដ្ឋានគំរូរបស់លោកយេស៊ូ។ (ម៉ាថាយ ៦:៩-១៣) អ្វីដែលសំខាន់បំផុត ជារឿយ«ចូរជម្រាបព្រះអំពីសំណូមពររបស់អ្នករាល់គ្នា ក្នុងគ្រប់ការទាំងអស់»។ ជាលទ្ធផល «សេចក្ដីសុខសាន្ដរបស់ព្រះដែលហួសពីការនឹកស្មាន នឹងការពារចិត្ដនិងសមត្ថភាពរិះគិតរបស់អ្នករាល់គ្នា»។ យើងនឹងកាន់តែឲ្យតម្លៃចំពោះសេចក្ដីស្រឡាញ់ដែលមិនចេះរសាយរបស់ព្រះយេហូវ៉ា។—ភីលីព ៤:៦, ៧

ចូរបង្ហាញថាអ្នកដឹងគុណព្រះយេហូវ៉ាចំពោះថ្លៃលោះ

១៣. ដោយសារថ្លៃលោះ តើយើងមានឱកាសអ្វី?

១៣ ព្រះយេហូវ៉ាបានផ្ដល់ឲ្យយើងនូវអំណោយដែលជាថ្លៃលោះ ដើម្បី«យើងអាចបានជីវិត»។ (យ៉ូហានទី១ ៤:៩) ពេលរៀបរាប់អំពីរបៀបដ៏អស្ចារ្យនេះដែលព្រះបង្ហាញសេចក្ដីស្រឡាញ់របស់លោក សាវ័កប៉ូលបានសរសេរថា«គ្រិស្ដបានស្លាប់នៅពេលកំណត់ ដើម្បីមនុស្សដែលមិនគោរពព្រះ។ ពីព្រោះកម្រមានអ្នកណាសុខចិត្ដស្លាប់ដើម្បីមនុស្សសុចរិត តែដើម្បីមនុស្សល្អ ប្រហែលជាមានអ្នកដែលហ៊ានស្លាប់។ ប៉ុន្ដែព្រះសម្ដែងឲ្យយើងឃើញសេចក្ដីស្រឡាញ់របស់លោក តាមរបៀបនេះ៖ គ្រិស្ដស្លាប់ដើម្បីយើង កាលដែលយើងនៅជាអ្នកធ្វើខុសនៅឡើយ»។ (រ៉ូម ៥:៦-) ថ្លៃលោះគឺជាគំរូដ៏អស្ចារ្យបំផុតអំពីសេចក្ដីស្រឡាញ់របស់ព្រះ ហើយថ្លៃលោះនោះផ្ដល់ឲ្យមនុស្សជាតិនូវឱកាសមានចំណងមិត្ដភាពជិតស្និទ្ធជាមួយនឹងលោក។

១៤, ១៥. តើថ្លៃលោះផ្ដល់ប្រយោជន៍អ្វីដល់ () គ្រិស្ដសាសនិកដែលព្រះបានរើសតាំង? () ពួកអ្នកដែលមានសេចក្ដីសង្ឃឹមរស់នៅផែនដី?

១៤ គ្រិស្ដសាសនិកមួយក្រុមតូចទទួលសេចក្ដីស្រឡាញ់ដែលមិនចេះរសាយរបស់ព្រះយេហូវ៉ាតាមរបៀបដ៏ពិសេសមួយ។ (យ៉ូហាន ១:១២, ១៣; ៣:៥-) ព្រះបានរើសតាំងពួកគាត់ដោយសកម្មពលបរិសុទ្ធ ហេតុនេះពួកគាត់ជាកូនរបស់លោកនៅឥឡូវនេះ។ (រ៉ូម ៨:១៥, ១៦) ដោយហេតុថាពួកគាត់ខ្លះនៅតែនៅផែនដីនៅឡើយ ហេតុអ្វីប៉ូលនិយាយថាពួកគាត់បានអង្គុយ«ជាមួយគ្នានៅស្ថានសួគ៌ ក្នុងនាមជាអ្នកកាន់តាមគ្រិស្ដ»? (អេភេសូរ ២:៦) គឺដោយសារព្រះយេហូវ៉ាបានផ្ដល់ឲ្យពួកគាត់នូវសេចក្ដីសង្ឃឹមអំពីជីវិតដែលគ្មានទីបញ្ចប់នៅស្ថានសួគ៌។—អេភេសូរ ១:១៣, ១៤; កូឡុស ១:៥

ថ្លៃលោះបញ្ជាក់អំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាចំពោះមនុស្សទាំងអស់

១៥ អស់អ្នកដែលមិនបានត្រូវរើសតាំងអាចក្លាយទៅជាមិត្ដរបស់លោកបាន បើពួកគេបង្ហាញជំនឿទៅលើថ្លៃលោះ។ ពួកគេក៏អាចទៅជាកូនព្រះដែរ ហើយរស់ជារៀងរហូតនៅផែនដីជាសួនឧទ្យាន។ ថ្លៃលោះបញ្ជាក់អំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាចំពោះមនុស្សទាំងអស់។ (យ៉ូហាន ៣:១៦) យើងរំភើបចិត្ដណាស់ដោយដឹងថា បើយើងបម្រើព្រះយ៉ាងស្មោះត្រង់ លោកនឹងផ្ដល់ឲ្យយើងនូវជីវិតដ៏ប្រសើរបំផុតក្នុងពិភពលោកថ្មី! ដូច្នេះ សូមឲ្យយើងបង្ហាញថាយើងឲ្យតម្លៃចំពោះថ្លៃលោះ ដែលជាភ័ស្ដុតាងដ៏អស្ចារ្យបំផុតអំពីសេចក្ដីស្រឡាញ់ដែលមិនចេះរសាយរបស់ព្រះចំពោះយើង។

ចូរបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា

១៦. ក្រោយពីរំពឹងគិតអំពីសេចក្ដីស្រឡាញ់របស់ព្រះ តើយើងនឹងធ្វើអ្វី?

១៦ របៀបដែលព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់ចំពោះយើង គឺច្រើនរាប់មិនអស់ទេ។ ស្ដេចដាវីឌបានច្រៀងថា«ព្រះអង្គអើយ ព្រះដំរិះរបស់ទ្រង់មានតម្លៃវិសេសដល់ទូលបង្គំណាស់ហ្ន៎! ក៏មានចំនួនច្រើនណាស់ផង! បើសិនជាទូលបង្គំនឹងខំរាប់ចំនួន នោះមានច្រើនជាងគ្រាប់ខ្សាច់ទៅទៀត»។ (ទំនុកតម្កើង ១៣៩:១៧, ១៨) ការរំពឹងគិតអំពីរបៀបជាច្រើនដែលព្រះយេហូវ៉ាបង្ហាញថាលោកស្រឡាញ់យើង នឹងជំរុញចិត្ដយើងឲ្យស្រឡាញ់លោកវិញ ហើយជូនលោកនូវអ្វីដែលល្អបំផុត។

១៧, ១៨. តើមានរបៀបណាខ្លះដែលយើងអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះ?

១៧ មានរបៀបជាច្រើនដែលយើងអាចបង្ហាញព្រះយេហូវ៉ាថាយើងស្រឡាញ់លោក។ ជាឧទាហរណ៍ យើងអាចបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ា ដោយប្រាប់អ្នកទៀតយ៉ាងខ្នះខ្នែងអំពីដំណឹងល្អនៃរាជាណាចក្រព្រះ។ (ម៉ាថាយ ២៤:១៤; ២៨:១៩, ២០) យើងក៏អាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះដោយរក្សាចិត្ដស្មោះត្រង់នៅពេលយើងស៊ូទ្រាំនឹងទុក្ខលំបាកដែលល្បងជំនឿរបស់យើង។ (សូមអាន ទំនុកតម្កើង ៨៤:១១; យ៉ាកុប ១:២-) ទោះបីយើងមានទុក្ខលំបាកយ៉ាងខ្លាំងក៏ដោយ យើងអាចប្រាកដថាព្រះយេហូវ៉ាឃើញការឈឺចាប់របស់យើង ហើយលោកនឹងជួយយើង ដោយសារយើងមានតម្លៃចំពោះលោក។—ទំនុកតម្កើង ៥៦:៨

១៨ សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ាជំរុញយើងឲ្យរំពឹងគិតអំពីអ្វីដ៏អស្ចារ្យដែលព្រះបានបង្កើត។ យើងបង្ហាញព្រះយេហូវ៉ាថាយើងស្រឡាញ់លោកនិងបណ្ដាំរបស់លោក ដោយសិក្សាគម្ពីរយ៉ាងហ្មត់ចត់។ យើងអធិដ្ឋានទៅព្រះយេហូវ៉ាជាទៀងទាត់ ពីព្រោះយើងស្រឡាញ់លោកនិងចង់ពង្រឹងចំណងមិត្ដភាពរវាងយើងនិងលោក។ ម្យ៉ាងទៀត ពេលយើងរំពឹងគិតអំពីថ្លៃលោះដែលជាអំណោយដ៏មានតម្លៃពីព្រះ នោះយើងស្រឡាញ់លោកកាន់តែខ្លាំងថែមទៀត។ (យ៉ូហានទី១ ២:១, ២) អ្វីទាំងអស់នេះគ្រាន់តែជារបៀបមួយចំនួនដែលយើងបង្ហាញព្រះយេហូវ៉ាថាយើងឲ្យតម្លៃចំពោះសេចក្ដីស្រឡាញ់ដែលមិនចេះរសាយរបស់លោកចំពោះយើង។