លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«សូមផ្ដល់ជំនឿមកយើងថែមទៀត»

«សូមផ្ដល់ជំនឿមកយើងថែមទៀត»

«សុំជួយពង្រឹងជំនឿរបស់ខ្ញុំផង!»។—ម៉ាកុស ៩:២៤

ចម្រៀងលេខ: ៥៤, ២៤

. តើជំនឿគឺសំខាន់យ៉ាងណា? (សូមមើលរូបភាពនៅដើមអត្ថបទ)

តើអ្នកធ្លាប់សួរខ្លួនអ្នកថា ‹តើព្រះយេហូវ៉ានឹងចង់សង្គ្រោះខ្ញុំក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំងទេ›? សាវ័កប៉ូលបាននិយាយថា គុណសម្បត្ដិមួយដ៏សំខាន់ណាស់ដែលយើងត្រូវការដើម្បីរួចជីវិតគឺជំនឿ។ គាត់បាននិយាយថា«បើគ្មានជំនឿ មិនអាចធ្វើឲ្យព្រះពេញចិត្ដបានឡើយ»។ (ហេប្រឺ ១១:៦) នេះប្រហែលជាមើលទៅដូចជាស្រួល ប៉ុន្ដែតាមពិត«មិនមែនមនុស្សទាំងអស់មានជំនឿទេ»។ (ថែស្សាឡូនិចទី២ ៣:២) បទគម្ពីរទាំងពីរនេះជួយយើងយល់ថាគឺសំខាន់ណាស់ដែលយើងពង្រឹងជំនឿរបស់យើង។

២, ៣. () តើជំនឿរបស់យើងគឺសំខាន់យ៉ាងណា? () នៅឥឡូវនេះ តើយើងនឹងពិចារណាអំពីអ្វី?

សាវ័កពេត្រុសបាននិយាយអំពីជំនឿដែលបានត្រូវ«សាកល្បង»។ (សូមអាន ពេត្រុសទី១ ១:៧) គ្រាទុក្ខវេទនាជាខ្លាំងគឺជិតដល់ណាស់ហើយ ហើយយើងចង់ធ្វើ«ជាមនុស្សដែលមានជំនឿដើម្បីរក្សាជីវិត»។ (ហេប្រឺ ១០:៣៩) ដូច្នេះ យើងត្រូវខំព្យាយាមពង្រឹងជំនឿរបស់យើង។ យើងចង់នៅក្នុងចំណោមពួកអ្នកដែលនឹងទទួលរង្វាន់ពេលលោកយេស៊ូគ្រិស្ដដែលជាស្ដេចរបស់យើងនឹងត្រូវសម្ដែងឲ្យឃើញ។ ដូច្នេះ ដូចបុរសដែលបានអង្វរលោកយេស៊ូសុំឲ្យគាត់មានជំនឿថែមទៀត យើងក៏អាចនិយាយថា«សុំជួយពង្រឹងជំនឿរបស់ខ្ញុំផង!»។ (ម៉ាកុស ៩:២៤) ឬដូចពួកសាវ័ក យើងក៏អាចនិយាយថា«សូមផ្ដល់ជំនឿមកយើងថែមទៀត»។—លូកា ១៧:៥

ក្នុងអត្ថបទនេះ យើងនឹងពិចារណាសំណួរដូចទៅនេះ៖ តើយើងអាចពង្រឹងជំនឿរបស់យើងយ៉ាងដូចម្ដេច? តើយើងអាចបង្ហាញយ៉ាងណាថាយើងមានជំនឿមាំមួន? ហេតុអ្វីយើងអាចប្រាកដថាព្រះនឹងធ្វើតាមសំណូមពររបស់យើងពេលយើងសុំឲ្យមានជំនឿថែមទៀត?

ព្រះពេញចិត្ដពេលយើងពង្រឹងជំនឿរបស់យើង

. តើគំរូរបស់អ្នកណាខ្លះអាចជំរុញចិត្ដយើងឲ្យពង្រឹងជំនឿរបស់យើង?

ជំនឿគឺសំខាន់ខ្លាំងណាស់ ហេតុនេះព្រះយេហូវ៉ាបានឲ្យយើងនូវគំរូជាច្រើនក្នុងគម្ពីរអំពីជំនឿ។ គំរូទាំងនេះ«បានត្រូវសរសេរទុកដើម្បីណែនាំយើង»។ (រ៉ូម ១៥:៤) គំរូរបស់អាប្រាហាំ សារ៉ា អ៊ីសាក យ៉ាកុប ម៉ូសេ រ៉ាហាប គេឌាន បារ៉ាក់ និងបុគ្គលជាច្រើននាក់ទៀត អាចជំរុញចិត្ដយើងឲ្យពង្រឹងជំនឿរបស់យើង។ (ហេប្រឺ ១១:៣២-៣៥) ក្រៅពីគំរូនៅអតីតកាល យើងក៏មានគំរូដ៏អស្ចារ្យអំពីជំនឿក្នុងចំណោមបងប្អូនរួមជំនឿរបស់យើងនៅសព្វថ្ងៃនេះដែរ * (សូមមើលកំណត់សម្គាល់)។

យើងមានគំរូដ៏អស្ចារ្យអំពីជំនឿក្នុងចំណោមបងប្អូនរួមជំនឿរបស់យើងនៅសព្វថ្ងៃនេះ

. តើតាមរបៀបណាអេលីយ៉ាបានបង្ហាញថាគាត់មានជំនឿមាំមួនទៅលើព្រះយេហូវ៉ា ហើយតើយើងគួរសួរខ្លួនយើងនូវសំណួរអ្វី?

គំរូមួយពីគម្ពីរគឺអ្នកប្រកាសទំនាយអេលីយ៉ា។ ពេលអ្នករំពឹងគិតអំពីគំរូរបស់គាត់ សូមកត់សម្គាល់ស្ថានភាពប្រាំយ៉ាងដែលគាត់បានបង្ហាញថាគាត់ទុកចិត្ដព្រះយេហូវ៉ាយ៉ាងខ្លាំង។ () ពេលអេលីយ៉ាបានប្រាប់ស្ដេចអ័ហាប់ថាព្រះយេហូវ៉ានឹងធ្វើឲ្យមានគ្រោះរាំងស្ងួត អេលីយ៉ាបាននិយាយដោយជឿជាក់ថា«ទូលបង្គំស្បថដោយនូវព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលដ៏មានព្រះជន្មរស់ ដែលទូលបង្គំឈរនៅចំពោះទ្រង់នេះថា ក្នុងប៉ុន្មានឆ្នាំទៅមុខនេះនឹងគ្មានភ្លៀង គ្មានសន្សើមឡើយ»។ (ពង្សាវតារក្សត្រទី១ ១៧:១) () អេលីយ៉ាបានជឿថាព្រះយេហូវ៉ានឹងឲ្យគាត់និងអ្នកទៀតនូវអ្វីដែលពួកគេត្រូវការក្នុងអំឡុងពេលមានគ្រោះរាំងស្ងួត។ (ពង្សាវតារក្សត្រទី១ ១៧:៤, ៥, ១៣, ១៤) () អេលីយ៉ាក៏មានទំនុកចិត្ដដែរថាព្រះយេហូវ៉ាអាចប្រោសកូនប្រុសរបស់ស្ដ្រីមេម៉ាយម្នាក់ឲ្យរស់ឡើងវិញ។ (ពង្សាវតារក្សត្រទី១ ១៧:២១) () ដោយគ្មានការសង្ស័យសោះ គាត់បានជឿថាភ្លើងពីព្រះយេហូវ៉ានឹងបព្ឆោះគ្រឿងបូជារបស់គាត់នៅលើភ្នំកើមែល។ (ពង្សាវតារក្សត្រទី១ ១៨:២៤, ៣៧) () សូម្បីតែមុនភ្លៀងបានចាប់ផ្ដើមធ្លាក់ អេលីយ៉ាបានប្រាប់អ័ហាប់ដោយមានទំនុកចិត្ដថា«សូមស្ដេចឡើងទៅសោយព្រះស្ងោយចុះ ដ្បិតមានសូរសន្ធឹកភ្លៀងជាធំមកហើយ»។ (ពង្សាវតារក្សត្រទី១ ១៨:៤១) ដូច្នេះ ក្រោយពីពិចារណាបទពិសោធន៍ទាំងនេះ យើងអាចសួរខ្លួនយើងថា ‹តើជំនឿរបស់ខ្ញុំមាំមួនដូចអេលីយ៉ាទេ?›។

តើយើងអាចធ្វើអ្វីខ្លះដើម្បីពង្រឹងជំនឿរបស់យើង?

. ដើម្បីពង្រឹងជំនឿរបស់យើង តើយើងត្រូវការអ្វីពីព្រះយេហូវ៉ា?

យើងមិនអាចពង្រឹងជំនឿរបស់យើងដោយខ្លួនយើងបានទេ ដូច្នេះយើងត្រូវសុំសកម្មពលបរិសុទ្ធពីព្រះ។ ហេតុអ្វី? ដោយសារជំនឿគឺជាលក្ខណៈមួយនៃផលដែលបង្កើតដោយសកម្មពលបរិសុទ្ធ។ (កាឡាទី ៥:២២) គឺជាការឈ្លាសវៃដែលយើងធ្វើតាមឱវាទរបស់លោកយេស៊ូដែលឲ្យយើងអធិដ្ឋានសុំសកម្មពលបរិសុទ្ធថែមទៀត។ លោកយេស៊ូបានសន្យាថាព្រះយេហូវ៉ានឹង«ផ្ដល់សកម្មពលបរិសុទ្ធរបស់លោកដល់អ្នកដែលសុំពីលោក»។—លូកា ១១:១៣

គឺជាការឈ្លាសវៃដែលយើងធ្វើតាមឱវាទរបស់លោកយេស៊ូដែលឲ្យយើងអធិដ្ឋានសុំសកម្មពលបរិសុទ្ធថែមទៀត

. សូមរៀបរាប់អំពីរបៀបដែលយើងអាចរក្សាជំនឿរបស់យើងឲ្យមាំមួន។

ពេលយើងមានជំនឿមាំមួនលើព្រះ យើងត្រូវរក្សាជំនឿនោះ។ យើងអាចប្រៀបប្រដូចជំនឿរបស់យើងទៅនឹងភ្លើង។ ពេលយើងបព្ឆោះភ្លើង អណ្ដាតភ្លើងអាចឆាបឆេះយ៉ាងខ្លាំង។ ប៉ុន្ដែ បើយើងមិនបន្ថែមឧសទេ នៅទីបំផុតភ្លើងនោះនឹងរលត់ ហើយក្លាយទៅជាផេះដែលគ្មានកម្ដៅ។ ផ្ទុយទៅវិញ បើយើងបន្ថែមឧសជាទៀងទាត់ យើងអាចធ្វើឲ្យភ្លើងនោះបន្ដឆេះ។ ជំនឿរបស់យើងគឺដូចគ្នា។ បើយើងបន្ដអាននិងសិក្សាបណ្ដាំរបស់ព្រះជារៀងរាល់ថ្ងៃ សេចក្ដីស្រឡាញ់ដែលយើងមានចំពោះគម្ពីរនិងព្រះយេហូវ៉ានឹងបន្ដកើនឡើង។ ជាលទ្ធផល យើងនឹងរក្សានិងពង្រឹងជំនឿរបស់យើង។

. តើអ្វីនឹងជួយអ្នកពង្រឹងនិងរក្សាជំនឿរបស់អ្នក?

អ្នកមិនត្រូវស្កប់ចិត្ដតែនឹងអ្វីដែលអ្នកបានរៀនមុនអ្នកទទួលការជ្រមុជទឹកប៉ុណ្ណោះទេ។ (ហេប្រឺ ៦:១, ២) ជាឧទាហរណ៍ ការសិក្សាទំនាយក្នុងគម្ពីរដែលបានសម្រេចរួចហើយនឹងជួយអ្នកពង្រឹងនិងរក្សាជំនឿរបស់អ្នក។ អ្នកក៏អាចប្រើបណ្ដាំរបស់ព្រះដែរដើម្បីពិនិត្យមើលថាជំនឿរបស់អ្នកគឺមាំមួនយ៉ាងណា។—សូមអាន យ៉ាកុប ១:២៥; ២:២៤, ២៦

៩, ១០. តើតាមរបៀបណាជំនឿរបស់យើងបានត្រូវពង្រឹងដោយ () មិត្ដភក្ដិល្អ? () កិច្ចប្រជុំ? () កិច្ចផ្សព្វផ្សាយ?

សាវ័កប៉ូលបាននិយាយថាគ្រិស្ដសាសនិកអាច‹លើកទឹកចិត្ដគ្នាទៅវិញទៅមក ដោយជំនឿរបស់ពួកគេ›។ (រ៉ូម ១:១២) តើនេះមានន័យយ៉ាងណា? យើងអាចពង្រឹងជំនឿគ្នាទៅវិញទៅមក ពេលយើងចំណាយពេលជាមួយនឹងបងប្អូនរបស់យើង ជាពិសេសពេលយើងចំណាយពេលជាមួយនឹងអ្នកដែលមានជំនឿដែលបានត្រូវ«សាកល្បង»។ (យ៉ាកុប ១:៣) មិត្ដភក្ដិអាក្រក់បង្ខូចជំនឿរបស់យើង ប៉ុន្ដែ មិត្ដភក្ដិល្អពង្រឹងជំនឿរបស់យើងវិញ។ (កូរិនថូសទី១ ១៥:៣៣) នេះជាមូលហេតុដែលយើងទទួលឱវាទឲ្យចូលរួមកិច្ចប្រជុំជាទៀងទាត់។ នៅកិច្ចប្រជុំ យើងអាចបន្ដ«លើកទឹកចិត្ដគ្នាទៅវិញទៅមក»។ (សូមអាន ហេប្រឺ ១០:២៤, ២៥) បន្ថែមទៅទៀត ការណែនាំដែលយើងទទួលនៅកិច្ចប្រជុំពង្រឹងជំនឿរបស់យើង។ គម្ពីរចែងថា«ក្រោយពីបណ្ដាំ ទើបមានជំនឿ»។ (រ៉ូម ១០:១៧) ដូច្នេះ សូមសួរខ្លួនអ្នកថា ‹ក្នុងជីវិតរបស់ខ្ញុំជាគ្រិស្ដសាសនិក តើខ្ញុំចូលរួមកិច្ចប្រជុំជាទៀងទាត់ទេ?›។

១០ យើងក៏ពង្រឹងជំនឿរបស់យើងដែរនៅពេលយើងផ្សព្វផ្សាយនិងបង្រៀនដំណឹងល្អអំពីគម្ពីរដល់អ្នកទៀត។ ដូចគ្រិស្ដសាសនិកសម័យដើម យើងរៀនឲ្យចេះទុកចិត្ដព្រះយេហូវ៉ានិងនិយាយដោយចិត្ដក្លាហាន ទោះជាយើងស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ។—សកម្មភាព ៤:១៧-២០; ១៣:៤៦

១១. ហេតុអ្វីកាលែបនិងយ៉ូស្វេមានជំនឿមាំមួន ហើយតើតាមរបៀបណាយើងអាចមានជំនឿដូចពួកគាត់?

១១ ជំនឿរបស់យើងទៅលើព្រះយេហូវ៉ាកាន់តែមាំមួនឡើងពេលយើងឃើញរបៀបដែលលោកជួយយើងនិងរបៀបដែលលោកតបឆ្លើយសេចក្ដីអធិដ្ឋានរបស់យើង។ នោះជាអ្វីដែលបានកើតឡើងដល់កាលែបនិងយ៉ូស្វេ។ ពួកគាត់បានបង្ហាញជំនឿលើព្រះយេហូវ៉ាពេលពួកគាត់ស៊ើបការណ៍នៅស្រុកដែលលោកបានសន្យា។ កាលដែលពេលវេលាបានកន្លងទៅ រាល់លើកដែលពួកគាត់បានឃើញរបៀបដែលព្រះយេហូវ៉ាបានជួយពួកគាត់ ជំនឿរបស់ពួកគាត់បានមាំមួនជាង។ យ៉ូស្វេអាចនិយាយដោយមានទំនុកចិត្ដទៅកាន់ជនជាតិអ៊ីស្រាអែលថា«អស់ទាំងសេចក្ដីល្អដែលព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់បានមានបន្ទូលសន្យាហើយ នោះគ្មានខ្វះណាមួយសោះ»។ ក្រោយមកគាត់បាននិយាយថា«ដូច្នេះ ឥឡូវនេះចូរកោតខ្លាចដល់ព្រះយេហូវ៉ា ហើយគោរពប្រតិបត្ដិដល់ទ្រង់ដោយចិត្ដស្មោះត្រង់»។ គាត់បានបន្ថែមថា«អញនឹងពួកគ្រួអញ យើងទាំងអស់គ្នានឹងគោរពប្រតិបត្ដិដល់ព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ»។ (យ៉ូស្វេ ២៣:១៤; ២៤:១៤, ១៥) ពេលយើងទុកចិត្ដព្រះយេហូវ៉ា ហើយឃើញរបៀបដែលលោកជួយខ្លួនយើងផ្ទាល់ ជំនឿរបស់យើងនឹងកាន់តែមាំមួន។—ទំនុកតម្កើង ៣៤:៨

របៀបដែលយើងអាចបង្ហាញជំនឿ

១២. តើតាមរបៀបណាយើងបង្ហាញថាយើងមានជំនឿមាំមួន?

១២ តើតាមរបៀបណាយើងបង្ហាញថាយើងមានជំនឿមាំមួន? យ៉ាកុបដែលជាអ្នកកាន់តាមលោកយេស៊ូបាននិយាយថា«ខ្ញុំនឹងបង្ហាញជំនឿរបស់ខ្ញុំឲ្យអ្នកឃើញ តាមរយៈការប្រព្រឹត្ដរបស់ខ្ញុំ»។ (យ៉ាកុប ២:១៨) ការប្រព្រឹត្ដរបស់យើងបង្ហាញថាយើងមានជំនឿមាំមួន។ តើតាមរបៀបណា? សូមឲ្យយើងពិចារណាអំពីរឿងនេះ។

ពួកអ្នកដែលខំអស់ពីសមត្ថភាពក្នុងកិច្ចបម្រើផ្សាយបង្ហាញអំពីជំនឿមាំមួនរបស់ពួកគេ (សូមមើលវគ្គ១៣)

១៣. តើតាមរបៀបណាយើងបង្ហាញជំនឿរបស់យើងពេលយើងផ្សព្វផ្សាយ?

១៣ កិច្ចផ្សព្វផ្សាយជារបៀបដ៏ល្អមួយដើម្បីបង្ហាញជំនឿរបស់យើង។ ហេតុអ្វី? ពីព្រោះពេលយើងផ្សព្វផ្សាយ យើងបង្ហាញថាយើងជឿថាទីបញ្ចប់គឺជិតមកដល់ ហើយថាទីបញ្ចប់នោះនឹងមកដោយ«ឥតរារង់ឡើយ!»។ (ហាបាគុក ២:៣) ដើម្បីដឹងថាជំនឿរបស់យើងគឺមាំមួនយ៉ាងណា យើងអាចសួរខ្លួនយើងថា ‹តើកិច្ចផ្សព្វផ្សាយគឺសំខាន់យ៉ាងណាចំពោះខ្ញុំ? តើខ្ញុំកំពុងធ្វើអ្វីទាំងអស់ដែលខ្ញុំអាចធ្វើបានដើម្បីប្រាប់អ្នកទៀតអំពីព្រះទេ? តើខ្ញុំស្វែងរករបៀបផ្សេងដើម្បីបម្រើព្រះយេហូវ៉ាច្រើនជាងទេ?›។ (កូរិនថូសទី២ ១៣:៥) យើងបង្ហាញថាជំនឿរបស់យើងមាំមួនដល់កម្រិតណា ដោយ‹ប្រកាសជាសាធារណៈអំពីជំនឿនោះ ដើម្បីឲ្យគេទទួលបានសេចក្ដីសង្គ្រោះ› ពោលគឺដោយផ្សព្វផ្សាយដំណឹងល្អ។—សូមអាន រ៉ូម ១០:១០

១៤, ១៥. () តើតាមរបៀបណាយើងអាចបង្ហាញជំនឿក្នុងជីវិតប្រចាំថ្ងៃរបស់យើង? () សូមលើកបទពិសោធន៍មួយរបស់បុគ្គលដែលបានបង្ហាញជំនឿមាំមួន។

១៤ យើងក៏បង្ហាញជំនឿរបស់យើងទៅលើព្រះយេហូវ៉ាដែរពេលយើងស៊ូទ្រាំនឹងការពិបាកផ្សេងក្នុងជីវិតនៅពិភពលោកនេះ។ ពេលយើងឈឺ ធ្លាក់ទឹកចិត្ដ មានជំងឺផ្លូវចិត្ដ ក្រីក្រ ឬមានបញ្ហាផ្សេងទៀត យើងត្រូវមានជំនឿថាព្រះយេហូវ៉ានិងលោកយេស៊ូនឹងជួយយើង«នៅពេលដែលយើងត្រូវការជំនួយ»។ (ហេប្រឺ ៤:១៦) យើងបង្ហាញជំនឿលើព្រះយេហូវ៉ាពេលយើងសុំលោកជួយយើង។ លោកយេស៊ូបានមានប្រសាសន៍ថា យើងអាចសុំព្រះយេហូវ៉ាផ្ដល់«អាហារឲ្យយើងសម្រាប់ថ្ងៃនេះ តាមសេចក្ដីត្រូវការរបស់យើងនៅថ្ងៃនេះ»។ (លូកា ១១:៣) កំណត់ហេតុក្នុងគម្ពីរជាទីសំអាងថាព្រះយេហូវ៉ាអាចផ្ដល់ឲ្យយើងនូវអ្វីណាក៏ដោយដែលយើងត្រូវការ។ ជាឧទាហរណ៍ ក្នុងអំឡុងគ្រាដែលមានគ្រោះរាំងស្ងួតនៅស្រុកអ៊ីស្រាអែល ព្រះយេហូវ៉ាបានផ្ដល់អាហារនិងទឹកឲ្យអេលីយ៉ា។ គម្ពីរចែងថា«រាល់ព្រឹករាល់ល្ងាច ក្អែកតែងពាំនំប៉័ងនឹងសាច់មកជូនលោក លោកក៏ផឹកទឹកពីជ្រោះ»។ (ពង្សាវតារក្សត្រទី១ ១៧:៣-) យើងមានជំនឿថាព្រះយេហូវ៉ាក៏អាចផ្ដល់ឲ្យយើងនូវអ្វីដែលយើងត្រូវការដែរ។

យើងបង្ហាញជំនឿពេលយើងស៊ូទ្រាំនឹងការពិបាកផ្សេងក្នុងជីវិតនៅពិភពលោកនេះ (សូមមើលវគ្គ១៤)

១៥ យើងជឿជាក់ថាពេលយើងធ្វើតាមគោលការណ៍គម្ពីរ យើងនឹងអាចបំពេញសេចក្ដីត្រូវការរបស់ក្រុមគ្រួសារយើង។ នៅទ្វីបអាស៊ី បងស្រីរេបិកាដែលបានរៀបការហើយ ពន្យល់អំពីរបៀបដែលនាងនិងក្រុមគ្រួសាររបស់នាងបានធ្វើតាមគោលការណ៍នៅម៉ាថាយ ៦:៣៣និងសុភាសិត ១០:៤។ នាងនិយាយថាប្ដីរបស់នាងគិតថាការងាររបស់គាត់អាចបង្ខូចចំណងមិត្ដភាពរបស់ពួកគាត់ជាមួយនឹងព្រះយេហូវ៉ា។ ដូច្នេះ គាត់បានលាឈប់ពីការងារនោះ។ ប៉ុន្ដែពួកគាត់ត្រូវចិញ្ចឹមកូនបួននាក់ ដូច្នេះពួកគាត់ចាប់ផ្ដើមធ្វើបង្អែមលក់។ លទ្ធផលនៃការខំប្រឹងរបស់ពួកគាត់ គឺពួកគាត់តែងតែមានលុយគ្រប់គ្រាន់ដើម្បីបំពេញសេចក្ដីត្រូវការរបស់ក្រុមគ្រួសារ។ នាងនិយាយថា«យើងមានអារម្មណ៍ថាព្រះយេហូវ៉ាមិនដែលបោះបង់យើងទេ។ យើងមិនដែលដាច់បាយមួយពេលណាឡើយ»។ តើអ្នកធ្លាប់មានបទពិសោធន៍បែបនេះដែលបានពង្រឹងជំនឿរបស់អ្នកទេ?

យើងជឿជាក់ថាពេលយើងធ្វើតាមគោលការណ៍គម្ពីរ យើងនឹងអាចបំពេញសេចក្ដីត្រូវការរបស់ក្រុមគ្រួសារយើង

១៦. តើអ្វីនឹងកើតឡើងបើយើងទុកចិត្ដលើព្រះ?

១៦ យើងអាចប្រាកដថាបើយើងធ្វើតាមការណែនាំរបស់ព្រះយេហូវ៉ា លោកនឹងជួយយើង។ ប៉ូលបានដកស្រង់ពាក្យរបស់ហាបាគុកពេលគាត់បាននិយាយថា«មនុស្សសុចរិតនឹងរស់ដោយសារជំនឿ»។ (កាឡាទី ៣:១១; ហាបាគុក ២:៤) នេះជាមូលហេតុដែលយើងគួរមានជំនឿមាំមួនទៅលើលោកដែលពិតជាអាចជួយយើង។ ប៉ូលរំលឹកយើងថាព្រះគឺជាអ្នក«ដែលអាចធ្វើហួសពីអ្វីទាំងអស់ដែលយើងសុំគិតឃើញ ដោយឫទ្ធានុភាពរបស់លោកដែលកំពុងមានសកម្មភាពក្នុងយើង»។ (អេភេសូរ ៣:២០) អ្នកបម្រើព្រះយេហូវ៉ាខំអស់ពីសមត្ថភាពដើម្បីធ្វើតាមបំណងប្រាថ្នារបស់ព្រះ ប៉ុន្ដែពួកគេក៏ដឹងដែរថាសមត្ថភាពរបស់ពួកគេមានកម្រិត។ យើងសប្បាយចិត្ដយ៉ាងខ្លាំងដែលព្រះនៅជាមួយនឹងយើង ហើយថាលោកកំពុងផ្ដល់ពរលើការខំព្យាយាមរបស់យើង។

សំណូមពរឲ្យមានជំនឿបានត្រូវធ្វើតាម

១៧. () តើតាមរបៀបណាលោកយេស៊ូបានធ្វើតាមសំណូមពររបស់ពួកសាវ័ក? () ហេតុអ្វីយើងអាចរំពឹងថាព្រះយេហូវ៉ានឹងធ្វើតាមសំណូមពររបស់យើងដែលសុំឲ្យមានជំនឿថែមទៀត?

១៧ អ្វីដែលយើងបានពិចារណា ប្រហែលជាធ្វើឲ្យយើងមានអារម្មណ៍ដូចពួកសាវ័កធ្លាប់មានពេលពួកគាត់បានសុំលោកយេស៊ូថា«សូមផ្ដល់ជំនឿមកយើងថែមទៀត»។ (លូកា ១៧:៥) លោកយេស៊ូបានធ្វើតាមសំណូមពររបស់ពួកសាវ័កតាមរបៀបដ៏ពិសេសមួយនៅបុណ្យថ្ងៃទី៥០ នាឆ្នាំ៣៣ គ.ស. ពេលពួកគាត់បានទទួលសកម្មពលបរិសុទ្ធ ហើយបានយល់អំពីគោលបំណងរបស់ព្រះកាន់តែជ្រាលជ្រៅ។ នេះបានពង្រឹងជំនឿរបស់ពួកគាត់។ តើនេះមានលទ្ធផលយ៉ាងណា? ពួកគាត់បានចាប់ផ្ដើមកិច្ចការផ្សព្វផ្សាយដ៏ធំបំផុតដែលមិនធ្លាប់មានមុនពេលនោះ។ (កូឡុស ១:២៣) តើយើងអាចរំពឹងថាព្រះនឹងធ្វើតាមសំណូមពររបស់យើងដែលសុំឲ្យមានជំនឿថែមទៀតទេ? ព្រះយេហូវ៉ាសន្យានឹងយើងថាយើងអាចរំពឹងដូច្នេះបាន ពេលយើងអធិដ្ឋានសុំអ្វី«ដែលសមស្របតាមបំណងប្រាថ្នារបស់ព្រះ»។—យ៉ូហានទី១ ៥:១៤

១៨. តើព្រះយេហូវ៉ានឹងឲ្យពរយ៉ាងណាដល់ពួកអ្នកដែលពង្រឹងជំនឿរបស់ខ្លួន?

១៨ ពេលយើងទុកចិត្ដព្រះយេហូវ៉ាទាំងស្រុង លោកនឹងពេញចិត្ដយើង។ លោកនឹងធ្វើតាមសំណូមពររបស់យើងដែលសុំឲ្យមានជំនឿថែមទៀត ជំនឿរបស់យើងនឹងកាន់តែមាំមួន ហើយយើងនឹងទៅជា«អ្នកដែលសមនឹងទទួលរាជាណាចក្រនៃព្រះ»។—ថែស្សាឡូនិចទី២ ១:៣,

^ វគ្គ 4 ដើម្បីអានគំរូរបស់បងប្អូនខ្លះ សូមមើលសៀវភៅរាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ! ជំពូក១៤ វគ្គ១២-២១, ជំពូក១៥ វគ្គ-១១ និងវគ្គ១៦, ១៧។