លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរប្រើអំណាចនៃអណ្ដាតរបស់អ្នកឲ្យបានល្អ

ចូរប្រើអំណាចនៃអណ្ដាតរបស់អ្នកឲ្យបានល្អ

«ព្រះយេហូវ៉ា . . . សូមឲ្យពាក្យសំដីដែលចេញមកពីមាត់ទូលបង្គំ . . . គួរគាប់នៅព្រះនេត្រទ្រង់»។—ទំនុកតម្កើង ១៩:១៤

ចម្រៀងលេខ: ២១, ៣៥

១, ២. ហេតុអ្វីគម្ពីរប្រៀបប្រដូចសមត្ថភាពនិយាយរបស់យើងទៅនឹងភ្លើង?

នៅឆ្នាំ១៨៧១ ភ្លើងបានឆេះព្រៃនៅរដ្ឋវិស្កុនស៊ិន សហរដ្ឋអាម៉េរិក។ ភ្លើងនោះបានឆេះរាលដាលយ៉ាងលឿន ហើយដើមឈើប្រហែលជា២.០០០លានដើមបានឆេះអស់។ មនុស្សជាង១.២០០នាក់បានស្លាប់។ តាមពិតទៅ មនុស្សដែលស្លាប់ដោយសារភ្លើងឆេះនោះគឺមានច្រើនជាងភ្លើងឆេះផ្សេងទៀតនៅសហរដ្ឋអាម៉េរិក។ តាមមើលទៅផ្កាភ្លើងតូចដែលចេញពីរថភ្លើងដែលបើកក្បែរព្រៃនោះបានធ្វើឲ្យមានភ្លើងឆេះយ៉ាងធំសម្បើម។ នេះរំលឹកយើងអំពីគម្ពីរមួយថា«គ្រាន់តែអណ្ដាតភ្លើងដ៏តូចមួយធ្វើឲ្យព្រៃធំឆេះ!»។ (យ៉ាកុប ៣:៥) ហេតុអ្វីយ៉ាកុបដែលជាអ្នកសរសេរគម្ពីរម្នាក់និយាយដូច្នេះ?

គាត់ពន្យល់ថា«អណ្ដាតជាភ្លើង»។ (យ៉ាកុប ៣:៦) «អណ្ដាត»សំដៅលើសមត្ថភាពនិយាយរបស់យើង។ ដូចភ្លើងដែរ អ្វីដែលយើងនិយាយអាចធ្វើឲ្យមានបញ្ហាជាច្រើន។ ពាក្យសម្ដីរបស់យើងអាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើអ្នកទៀត។ គម្ពីរថែមទាំងប្រាប់យើងថាអ្វីដែលយើងនិយាយអាចនាំឲ្យពួកគេបានជីវិតក៏នាំឲ្យពួកគេស្លាប់។ (សុភាសិត ១៨:២១) ប៉ុន្ដែ តើនោះមានន័យថាយើងមិនត្រូវនិយាយអ្វីសោះ ដោយសារតែយើងអាចនិយាយអ្វីដែលខុសឬ? ប្រាកដជាមិនមែនដូច្នេះទេ។ យើងមិនឈប់ប្រើភ្លើងដោយសារតែវាអាចធ្វើឲ្យយើងរលាកនោះទេ។ ផ្ទុយទៅវិញ យើងប្រុងប្រយ័ត្នអំពីរបៀបដែលយើងប្រើវា។ ជាឧទាហរណ៍ យើងអាចប្រើភ្លើងដើម្បីចម្អិនអាហារ ដើម្បីធ្វើឲ្យខ្លួនកក់ក្ដៅ ហើយដើម្បីឲ្យមានពន្លឺ។ ដូចគ្នាដែរ បើយើងប្រុងប្រយ័ត្នអំពីរបៀបដែលយើងនិយាយ យើងអាចប្រើសមត្ថភាពនេះដើម្បីលើកតម្កើងព្រះយេហូវ៉ា និងដើម្បីឲ្យអ្នកទៀតទទួលប្រយោជន៍។—ទំនុកតម្កើង ១៩:១៤

. តើអ្វីជាចំណុចបីយ៉ាងដែលនឹងជួយយើងពេលយើងនិយាយលើកទឹកចិត្ដអ្នកទៀត?

ព្រះយេហូវ៉ាបានឲ្យយើងនូវសមត្ថភាពប្រាប់អ្នកទៀតអំពីគំនិតនិងអារម្មណ៍របស់យើង ដោយនិយាយក៏ធ្វើសញ្ញាដោយដៃ។ ដូច្នេះ តើតាមរបៀបណាយើងអាចប្រើអំណោយដ៏អស្ចារ្យនេះដើម្បីលើកទឹកចិត្ដអ្នកទៀត? (សូមអាន យ៉ាកុប ៣:៩, ១០) យើងត្រូវដឹងអំពីពេលណាដែលយើងគួរនិយាយ អំពីអ្វីដែលយើងគួរនិយាយ និងអំពីរបៀបដែលយើងគួរនិយាយ។

តើយើងគួរតែនិយាយនៅពេលណា?

. តើយើងគួរតែនៅស្ងៀមនៅពេលណាខ្លះ?

ជួនកាល គឺជាការល្អដែលយើងមិននិយាយ។ គម្ពីរចែងថាមាន«ពេលដែលគួរនៅស្ងៀម»។ (សាស្តា ៣:៧) ជាឧទាហរណ៍ យើងនៅស្ងៀមកាលដែលអ្នកទៀតកំពុងនិយាយដើម្បីបង្ហាញថាយើងគោរពពួកគេ។ (យ៉ូប ៦:២៤) ម្យ៉ាងទៀត យើងមិននិយាយអំពីអ្វីដែលជារឿងផ្ទាល់ខ្លួនរបស់គេ និងអំពីអ្វីដែលមនុស្សទៀតមិនគួរដឹងឡើយ។ (សុភាសិត ២០:១៩) ម្យ៉ាងវិញទៀត ពេលអ្នកណាម្នាក់ធ្វើឲ្យយើងខឹង យើងនឹងប្រព្រឹត្ដដោយឈ្លាសវៃ បើយើងព្យាយាមរក្សាចិត្ដស្ងប់ និងមិននិយាយ។—ទំនុកតម្កើង ៤:៤

. តើតាមរបៀបណាយើងអាចបង្ហាញព្រះយេហូវ៉ាថាយើងដឹងគុណលោកដោយសារលោកបានផ្ដល់ឲ្យយើងនូវសមត្ថភាពនិយាយ?

ប៉ុន្ដែ ក៏មានពេលដែលយើងគួរនិយាយដែរ។ (សាស្តា ៣:៧) មានពេលដើម្បីសរសើរព្រះយេហូវ៉ា ដើម្បីលើកទឹកចិត្ដអ្នកទៀត ដើម្បីប្រាប់អំពីអារម្មណ៍របស់យើង និងដើម្បីប្រាប់មនុស្សទៀតអំពីអ្វីដែលយើងត្រូវការ។ (ទំនុកតម្កើង ៥១:១៥) ម្យ៉ាងទៀត បើយើងប្រើសមត្ថភាពនិយាយរបស់យើងតាមរបៀបនេះ យើងបង្ហាញព្រះយេហូវ៉ាថាយើងដឹងគុណលោកដោយសារលោកបានផ្ដល់អំណោយនេះឲ្យយើង។ យ៉ាងណាមិញ ពេលមិត្ដភក្ដិឲ្យអំណោយដ៏ស្អាតមួយដល់យើង យើងចង់ប្រើវាតាមរបៀបដ៏ល្អបំផុត។

. ហេតុអ្វីជាការសំខាន់ដែលយើងជ្រើសរើសពេលត្រឹមត្រូវដើម្បីនិយាយ?

ហេតុអ្វីជាការសំខាន់ដែលយើងជ្រើសរើសពេលត្រឹមត្រូវដើម្បីនិយាយ? សុភាសិត ២៥:១១ ចែងថា«ពាក្យសំដីដែលនិយាយចំពេល នោះធៀបដូចជាផ្លែសារីមាសឆ្លាក់ភ្ជាប់នឹងក្បាច់ប្រាក់»។ ផ្លែសារីមាសគឺស្អាត ប៉ុន្ដែផ្លែនោះនឹងស្អាតជាង ពេលវានៅមុខអ្វីដែលមានពណ៌ប្រាក់។ ស្រដៀងគ្នាដែរ យើងប្រហែលជាមានអ្វីដែលល្អដើម្បីនិយាយទៅកាន់អ្នកណាម្នាក់។ ប៉ុន្ដែ បើយើងជ្រើសរើសពេលត្រឹមត្រូវដើម្បីនិយាយ យើងអាចជួយបុគ្គលនោះច្រើនជាង។ តើតាមរបៀបណាយើងអាចធ្វើដូច្នេះ?

៧, ៨. តើតាមរបៀបណាបងប្អូនរបស់យើងនៅប្រទេសជប៉ុនបានធ្វើតាមគំរូរបស់លោកយេស៊ូ?

បើយើងនិយាយនៅពេលដែលមិនត្រឹមត្រូវ មនុស្សទៀតប្រហែលជាមិនយល់មិនព្រមទទួលយកអ្វីដែលយើងនិយាយឡើយ។ (សូមអាន សុភាសិត ១៥:២៣) ជាឧទាហរណ៍ នៅខែមីនា ឆ្នាំ២០១១ ការរញ្ជួយដីនិងរលកយក្សស៊ូណាមីបានបំផ្លាញក្រុងជាច្រើននៅភាគខាងកើតនៃប្រទេសជប៉ុន។ មនុស្សជាង១៥.០០០នាក់បានស្លាប់។ ទោះជាសាក្សីព្រះយេហូវ៉ាជាច្រើននាក់បានបាត់បង់ក្រុមគ្រួសារនិងមិត្ដភក្ដិក្ដី ពួកគាត់ចង់ប្រើគម្ពីរដើម្បីជួយអ្នកទៀតដែលមានស្ថានភាពដូចពួកគាត់ដែរ។ ប៉ុន្ដែ ពួកគាត់ដឹងថាមនុស្សជាច្រើនទាំងនោះគឺជាអ្នកកាន់ពុទ្ធសាសនា ហើយពួកគេមិនសូវស្គាល់គម្ពីរទេ។ ហេតុនេះ នៅពេលនោះជាជាងប្រាប់ពួកគេអំពីការប្រោសឲ្យរស់ឡើងវិញ បងប្អូនរបស់យើងបានសម្រាលទុក្ខពួកគេ ហើយបានពន្យល់អំពីមូលហេតុដែលរឿងដ៏អាក្រក់បែបនេះកើតឡើងចំពោះមនុស្សល្អ។

បងប្អូនទាំងនោះបានយកតម្រាប់លោកយេស៊ូ។ លោកបានដឹងថាពេលណាគួរនៅស្ងៀម ប៉ុន្ដែលោកក៏ដឹងដែរថាពេលណាគួរនិយាយ។ (យ៉ូហាន ១៨:៣៣-៣៧; ១៩:៨-១១) ម្យ៉ាងទៀត លោកបានរង់ចាំពេលត្រឹមត្រូវដើម្បីបង្រៀនអ្នកកាន់តាមលោកអំពីរឿងខ្លះ។ (យ៉ូហាន ១៦:១២) បងប្អូននៅប្រទេសជប៉ុនបានរង់ចាំពេលត្រឹមត្រូវដើម្បីប្រាប់មនុស្សទៀតអំពីការប្រោសឲ្យរស់ឡើងវិញ។ ពីរឆ្នាំកន្លះក្រោយពីរលកយក្សស៊ូណាមី ពួកគាត់បានស្នើផ្ដល់ឲ្យមនុស្សទៀតនូវខិត្ដប័ណ្ណដែលមានចំណងជើងថា តើមនុស្សស្លាប់ពិតជាអាចរស់ម្ដងទៀតឬ? មនុស្សជាច្រើនបានយកខិត្ដប័ណ្ណនោះ ហើយបានទទួលការសម្រាលទុក្ខពីអ្វីដែលពួកគេអាន។ យើងក៏គួរគិតដែរអំពីវប្បធម៌និងជំនឿរបស់មនុស្សដែលនៅក្នុងតំបន់ផ្សាយរបស់យើងដើម្បីយើងអាចជ្រើសរើសពេលត្រឹមត្រូវដើម្បីនិយាយទៅកាន់ពួកគេ។

យើងត្រូវមានចិត្ដអត់ធ្មត់ ហើយរកពេលមួយដែលមនុស្សទៀតសុខចិត្ដស្តាប់យើង

. តើមានស្ថានភាពណាផ្សេងទៀតដែលយើងគួររង់ចាំពេលត្រឹមត្រូវដើម្បីនិយាយ?

តើមានស្ថានភាពណាផ្សេងទៀតដែលយើងគួររង់ចាំពេលត្រឹមត្រូវដើម្បីនិយាយ? ប្រហែលជាមានអ្នកណាម្នាក់និយាយអ្វីដែលធ្វើឲ្យយើងទើសចិត្ដ។ ជាជាងតបឆ្លើយភ្លាមៗ ហើយនិយាយអ្វីដោយមិនបានគិត ជាការល្អដែលយើងទុកពេលគិតសិន ហើយសួរខ្លួនថា ‹តើគាត់មានបំណងចង់និយាយមិនស្លូតបូតបែបនេះទេ? តើខ្ញុំពិតជាត្រូវនិយាយទៅគាត់អំពីអ្វីដែលគាត់បាននិយាយទេ?›។ ប្រហែលជាការល្អបំផុតដែលយើងមិននិយាយអ្វីទេ។ ប៉ុន្ដែ បើមានមូលហេតុត្រឹមត្រូវដើម្បីនិយាយទៅគាត់ យើងគួររង់ចាំរហូតដល់ពេលយើងឈប់ខឹង។ (សូមអាន សុភាសិត ១៥:២៨) ក៏ប្រហែលជាយើងចង់លើកទឹកចិត្ដសមាជិកក្រុមគ្រួសាររបស់យើងដែលមិនមែនជាសាក្សីឲ្យស្គាល់ព្រះយេហូវ៉ា។ យើងត្រូវមានចិត្ដអត់ធ្មត់ ត្រូវគិតយ៉ាងដិតដល់អំពីអ្វីដែលយើងនឹងនិយាយ ហើយរកពេលមួយដែលពួកគេប្រហែលជានឹងសុខចិត្ដស្តាប់។

តើយើងគួរនិយាយអ្វីខ្លះ?

១០. () ហេតុអ្វីយើងគួរប្រុងប្រយ័ត្នអំពីពាក្យដែលយើងនិយាយ? () តើរបៀបនិយាយបែបណាដែលយើងត្រូវជៀសវាង?

១០ អ្វីដែលយើងនិយាយអាចធ្វើឲ្យអ្នកទៀតមានអារម្មណ៍ល្អប្រសើរជាង ឬអាចធ្វើឲ្យពួកគេកាន់តែពិបាកចិត្ដ។ (សូមអាន សុភាសិត ១២:១៨) មនុស្សជាច្រើននៅក្នុងពិភពលោករបស់សាថានប្រើ«ពាក្យជូរចត់»ពាក្យឃោរឃៅ ដែលដូចជា«ព្រួញ»«ដាវ» ដោយសារពួកគេចង់ធ្វើឲ្យមនុស្សឈឺចិត្ដនិងទើសចិត្ដ។ (ទំនុកតម្កើង ៦៤:៣) មនុស្សជាច្រើនរៀននិយាយតាមភាពយន្ដ និងកម្មវិធីទូរទស្សន៍ដែលពួកគេមើល។ ប៉ុន្ដែ គ្រិស្ដសាសនិកមិននិយាយដោយមិនស្លូតបូតនិងទ្រគោះបោះបោកឡើយ សូម្បីតែនិយាយកំប្លែង។ ការនិយាយបែបកំប្លែងគឺល្អ ហើយអាចធ្វើឲ្យអ្វីដែលយើងនិយាយកាន់តែគួរឲ្យចាប់អារម្មណ៍។ ប៉ុន្ដែ យើងមិនគួរប្រើពាក្យចំអកបញ្ឈឺចិត្ដ ពោលគឺនិយាយអ្វីដែលធ្វើឲ្យអ្នកណាម្នាក់ខ្មាសគេ ឬថែមទាំងនិយាយប្រមាថមើលងាយបុគ្គលនោះដើម្បីធ្វើឲ្យអ្នកទៀតសើចឡើយ។ គម្ពីរបង្គាប់គ្រិស្ដសាសនិកមិនឲ្យប្រើ«ពាក្យប្រមាថមើលងាយ»ឡើយ។ គម្ពីរក៏ចែងដែរថា«កុំឲ្យពាក្យអាក្រក់ណាមួយចេញពីមាត់អ្នករាល់គ្នាឡើយ តែត្រូវពោលពាក្យណាដែលល្អសម្រាប់ពង្រឹងអ្នកទៀតតាមកាលៈទេសៈ ដើម្បីផ្ដល់ប្រយោជន៍ដល់អ្នកស្តាប់»។—អេភេសូរ ៤:២៩, ៣១

១១. តើអ្វីអាចជួយយើងឲ្យជ្រើសរើសពាក្យត្រឹមត្រូវ?

១១ លោកយេស៊ូបានបង្រៀនថា«មាត់តែងនិយាយអ្វីដែលមានពោរពេញនៅក្នុងចិត្ដ»។ (ម៉ាថាយ ១២:៣៤) នេះមានន័យថាអ្វីដែលយើងនិយាយអាចបង្ហាញអំពីអារម្មណ៍របស់យើង។ ហេតុនេះ បើយើងស្រឡាញ់មនុស្សទៀត ហើយពិតជាយកចិត្ដទុកដាក់ចំពោះពួកគេ យើងនឹងទំនងជាជ្រើសរើសពាក្យត្រឹមត្រូវដើម្បីនិយាយទៅកាន់ពួកគេ។ បើដូច្នេះ យើងនឹងនិយាយអ្វីដែលល្អនិងដែលលើកទឹកចិត្ដអ្នកទៀត។

១២. តើអ្វីទៀតអាចជួយយើងឲ្យជ្រើសរើសពាក្យត្រឹមត្រូវ?

១២ យើងត្រូវខំប្រឹងព្យាយាមដើម្បីរកពាក្យត្រឹមត្រូវដើម្បីនិយាយទៅកាន់អ្នកទៀត។ ទោះជាស្ដេចសាឡូម៉ូនមានប្រាជ្ញាឈ្លាសវៃក៏ដោយ គាត់«បានរំពឹងគិត» ព្រមទាំងធ្វើការស្រាវជ្រាវដើម្បីឲ្យសំណេររបស់គាត់ត្រឹមត្រូវនិងដើម្បីឲ្យមនុស្សទៀតចូលចិត្ដអាន។ (សាស្តា ១២:៩, ១០) តើអ្វីអាចជួយយើងឲ្យដឹងអំពីពាក្យដែលយើងគួរនិយាយ? យើងអាចពិនិត្យមើលគម្ពីរនិងសៀវភៅរបស់យើងដែលជួយយើងរកឃើញរបៀបថ្មីដើម្បីប្រាប់អ្នកទៀតអំពីអារម្មណ៍និងគំនិតរបស់យើង។ យើងអាចរៀនអំពីអត្ថន័យនៃពាក្យផ្សេងដែលយើងមិនយល់។ យើងក៏អាចសិក្សាអំពីគំរូរបស់លោកយេស៊ូដែរ ដើម្បីចេះនិយាយតាមរបៀបដែលនឹងជួយអ្នកទៀត។ លោកដឹងច្បាស់អំពីអ្វីដែលគួរនិយាយ ដោយសារព្រះយេហូវ៉ាបានបង្រៀនលោកឲ្យ«ចេះប្រើពាក្យសំដី នឹងជ្រោងមនុស្សគ្រាកចិត្ដឡើង»។ (អេសាយ ៥០:៤) ការគិតអំពីឥទ្ធិពលនៃពាក្យសម្ដីរបស់យើងទៅលើអ្នកទៀត ក៏សំខាន់ដែរ។ (យ៉ាកុប ១:១៩) យើងអាចសួរខ្លួនយើងថា ‹បើខ្ញុំនិយាយដូច្នេះ តើបុគ្គលនោះនឹងយល់អ្វីដែលខ្ញុំចង់ប្រាប់គាត់ទេ? តើគាត់នឹងមានអារម្មណ៍យ៉ាងណា?›។

១៣. ហេតុអ្វីយើងគួរនិយាយឲ្យគេស្រួលយល់?

១៣ នៅអ៊ីស្រាអែល គេប្រើសំឡេងត្រែដើម្បីឲ្យសញ្ញា។ សំឡេងមួយនៃត្រែនោះឲ្យសញ្ញាថាបណ្ដាជនគួរជួបជុំគ្នា។ សំឡេងមួយទៀតឲ្យសញ្ញាថាពួកទាហានគួរវាយប្រហារ។ សូមស្រមៃគិតថាអ្វីនឹងកើតឡើងចំពោះពួកទាហាន បើត្រែបន្លឺសំឡេងមិនច្បាស់! គម្ពីរប្រៀបប្រដូចសំឡេងច្បាស់របស់ត្រែទៅនឹងពាក្យសម្ដីដែលស្រួលយល់។ បើយើងមិនពន្យល់អ្វីមួយយ៉ាងច្បាស់លាស់ទេ មនុស្សទៀតអាចយល់ច្រឡំ ឬអាចជឿអ្វីដែលមិនមែនជាការពិត។ ទោះបីជាយើងចង់ប្រាប់អ្នកទៀតឲ្យបានច្បាស់អំពីអារម្មណ៍និងគំនិតរបស់យើងក៏ដោយ យើងគួរតែប្រុងប្រយ័ត្នថាអ្វីដែលយើងនិយាយគឺគួរសម ឬបង្ហាញការគោរព។—សូមអាន កូរិនថូសទី១ ១៤:៨, ៩

១៤. តើឧទាហរណ៍អ្វីបង្ហាញថារបៀបដែលលោកយេស៊ូនិយាយគឺស្រួលយល់?

១៤ ម៉ាថាយ ជំពូកទីដល់ជំពូកទី៧ គឺជាឧទាហរណ៍ដ៏ល្អប្រសើរស្ដីអំពីរបៀបដែលលោកយេស៊ូបានជ្រើសរើសពាក្យដែលស្រួលយល់។ ក្នុងសុន្ទរកថារបស់លោក លោកមិនបានព្យាយាមធ្វើឲ្យមនុស្សកោតស្ងើចដោយប្រើពាក្យដែលស្មុគស្មាញ ឬពាក្យដែលមិនចាំបាច់ឡើយ។ ម្យ៉ាងទៀត លោកមិនបាននិយាយអ្វីដែលធ្វើឲ្យអ្នកទៀតឈឺចិត្ដទេ។ លោកយេស៊ូបានបង្រៀនមេរៀនដ៏សំខាន់ណាស់ដែលមានអត្ថន័យជ្រាលជ្រៅ ប៉ុន្ដែអ្វីដែលលោកបាននិយាយគឺស្រួលយល់។ ជាឧទាហរណ៍ លោកយេស៊ូចង់ពង្រឹងទំនុកចិត្ដរបស់អ្នកកាន់តាមលោកថាពួកគេមិនចាំបាច់បារម្ភថានឹងបានអ្វីបរិភោគជារៀងរាល់ថ្ងៃឡើយ។ ដូច្នេះ លោកបានពន្យល់ថាព្រះយេហូវ៉ាតែងតែផ្ដល់អាហារឲ្យសត្វស្លាប។ ក្រោយមក លោកបានសួរពួកគាត់ថា«តើអ្នកមិនមានតម្លៃជាងសត្វស្លាបទាំងនោះទៅទៀតទេឬ?»។ (ម៉ាថាយ ៦:២៦) ដោយប្រើពាក្យដែលស្រួលយល់ទាំងនោះ លោកយេស៊ូបានជួយពួកគេឲ្យយល់មេរៀនដ៏សំខាន់មួយ និងឲ្យពួកគេមានកម្លាំងចិត្ដ។

តើតាមរបៀបណាយើងគួរនិយាយទៅកាន់អ្នកទៀត?

១៥. ហេតុអ្វីយើងត្រូវនិយាយដោយស្លូតបូត?

១៥ របៀបដែលយើងនិយាយទៅកាន់អ្នកទៀតក៏អាចសំខាន់ដូចអ្វីដែលយើងនិយាយដែរ។ មនុស្សចូលចិត្ដស្តាប់លោកយេស៊ូ ដោយសារលោកបាននិយាយ«ពីរោះ»និយាយដោយស្លូតបូត។ (លូកា ៤:២២) ពេលយើងនិយាយដោយស្លូតបូត មនុស្សទំនងជាចង់ស្តាប់យើងនិងទទួលយកអ្វីដែលយើងនិយាយ។ (សុភាសិត ២៥:១៥) យើងនឹងអាចនិយាយដោយស្លូតបូតទៅកាន់អ្នកទៀត បើយើងគោរពពួកគេ ហើយគិតអំពីអារម្មណ៍របស់ពួកគេ។ នោះគឺជាអ្វីដែលលោកយេស៊ូបានធ្វើ។ ជាឧទាហរណ៍ ពេលលោកឃើញមនុស្សមួយក្រុមធំខំប្រឹងយ៉ាងខ្លាំងដើម្បីទៅស្តាប់លោក លោកពិតជាសប្បាយរីករាយចំណាយពេលជាមួយនឹងពួកគេនិងបង្រៀនពួកគេ។ (ម៉ាកុស ៦:៣៤) ទោះជាពេលមនុស្សជេរប្រមាថលោកយេស៊ូក៏ដោយ លោកមិនបានជេរប្រមាថគេវិញទេ។—ពេត្រុសទី១ ២:២៣

១៦, ១៧. () ពេលយើងនិយាយជាមួយនឹងក្រុមគ្រួសារនិងមិត្ដភក្ដិរបស់យើង តើយើងអាចយកតម្រាប់លោកយេស៊ូយ៉ាងដូចម្ដេច? (សូមមើលរូបភាពនៅដើមអត្ថបទ) () តើម្ដាយម្នាក់បានទទួលលទ្ធផលល្អយ៉ាងណាពីការនិយាយដោយស្លូតបូត?

១៦ ទោះជាយើងស្រឡាញ់ក្រុមគ្រួសារនិងមិត្ដភក្ដិរបស់យើងក្ដី យើងប្រហែលជានិយាយអ្វីដែលមិនបង្ហាញចិត្ដស្លូតបូតទៅកាន់ពួកគេ ដោយសារយើងស្គាល់ពួកគេច្បាស់។ យើងប្រហែលជាគិតថាយើងមិនចាំបាច់ប្រុងប្រយ័ត្នអំពីរបៀបដែលយើងនិយាយទៅកាន់ពួកគេទេ។ ប៉ុន្ដែ លោកយេស៊ូមិនដែលនិយាយដោយមិនស្លូតបូតទៅកាន់មិត្ដភក្ដិរបស់លោកឡើយ។ ពេលពួកគេខ្លះឈ្លោះគ្នាអំពីអ្នកណាធំជាងគេ លោកបានកែតម្រង់ពួកគេដោយស្លូតបូត ហើយបានយកកូនក្មេងជាគំរូដើម្បីជួយពួកគេឲ្យផ្លាស់ប្ដូរចិត្ដគំនិតរបស់ពួកគេ។ (ម៉ាកុស ៩:៣៣-៣៧) អ្នកចាស់ទុំអាចធ្វើតាមគំរូរបស់លោកយេស៊ូដោយផ្ដល់ឱវាទឲ្យអ្នកទៀតតាមរបៀបស្លូតបូត។—កាឡាទី ៦:១

១៧ សូម្បីតែពេលអ្នកណាម្នាក់និយាយអ្វីដែលធ្វើឲ្យយើងទើសចិត្ដ បើយើងនិយាយដោយស្លូតបូត នោះអាចនាំឲ្យមានលទ្ធផលល្អ។ (សុភាសិត ១៥:១) ជាឧទាហរណ៍ កូនប្រុសជំទង់របស់ម្ដាយដែលគ្មានគូ បានធ្វើអ្វីដែលមិនត្រឹមត្រូវកាលដែលកូននោះធ្វើពុតជាបម្រើព្រះយេហូវ៉ា។ បងស្រីម្នាក់ដែលនៅក្នុងក្រុមជំនុំរបស់គាត់អាណិតម្ដាយនោះ ហើយបានប្រាប់គាត់ថា«គួរឲ្យស្តាយណាស់ដែលបងបានបរាជ័យក្នុងការអប់រំកូន»។ ម្ដាយនោះបានគិតមួយស្របក់ ហើយក្រោយមកបាននិយាយថា«ពិតមែនតែអ្វីគឺមិនសូវល្អមែននៅឥឡូវនេះ ប៉ុន្ដែការអប់រំកូនរបស់ខ្ញុំមិនទាន់ចប់ទេ។ សូមមកនិយាយជាមួយនឹងខ្ញុំក្រោយសង្គ្រាមហាម៉ាគេដូនដើម្បីឲ្យយើងដឹងជាក់ជាមិនខាន»។ ដោយសារម្ដាយនោះបានរក្សាចិត្ដស្ងប់ និងប្រព្រឹត្ដដោយស្លូតបូតចំពោះបងស្រីនោះ ពួកគាត់នៅតែជាមិត្ដភក្ដិនឹងគ្នា។ ម្យ៉ាងទៀត កូនប្រុសនោះបានអ្វីដែលម្ដាយរបស់គាត់និយាយ ហើយបានទទួលស្គាល់ថាម្ដាយគាត់នៅតែជឿថាគាត់អាចកែប្រែបាន។ ហេតុនេះ គាត់បានឈប់ដើរលេងជាមួយនឹងមិត្ដភក្ដិមិនល្អ បានទទួលការជ្រមុជទឹក ហើយក្រោយមកបានបម្រើនៅបេតអែល។ ទោះជាយើងនិយាយជាមួយនឹងបងប្អូនរួមជំនឿ ក្រុមគ្រួសាររបស់យើង ឬមនុស្សដែលយើងមិនស្គាល់ក៏ដោយ ពាក្យសម្ដីរបស់យើងគួរតែ«ប្រកបដោយភាពសប្បុរស ប្រៀបដូចជាបានត្រូវបង់អំបិល»ជានិច្ច។—កូឡុស ៤:៦

១៨. ស្ដីអំពីរបៀបដែលយើងនិយាយ តើយើងអាចធ្វើតាមគំរូរបស់លោកយេស៊ូយ៉ាងដូចម្ដេច?

១៨ សមត្ថភាពប្រាប់អ្នកទៀតអំពីគំនិតនិងអារម្មណ៍របស់យើង គឺពិតជាអំណោយដ៏អស្ចារ្យមួយពីព្រះយេហូវ៉ា។ បើយើងធ្វើតាមគំរូរបស់លោកយេស៊ូ យើងនឹងជ្រើសរើសពេលត្រឹមត្រូវដើម្បីនិយាយ យើងនឹងប្រុងប្រយ័ត្ននឹងអ្វីដែលយើងនិយាយ ហើយយើងនឹងតែងតែព្យាយាមនិយាយដោយស្លូតបូត។ ហេតុនេះ សូមឲ្យយើងប្រើពាក្យសម្ដីរបស់យើងដើម្បីលើកទឹកចិត្ដអ្នកទៀត និងដើម្បីធ្វើឲ្យព្រះយេហូវ៉ាសប្បាយចិត្ដ។