តើព្រះពេញចិត្ដនឹងការគោរពប្រណិប័តន៍គ្រប់បែបគ្រប់យ៉ាងឬទេ?
តើព្រះពេញចិត្តនឹងការគោរពប្រណិប័តន៍គ្រប់បែបគ្រប់យ៉ាងឬទេ?
គេនិយមឆ្លើយថា:
◼ «សាសនាទាំងអស់សុទ្ធតែល្អ ហើយនាំទៅដល់ព្រះ»។
◼ «មិនសំខាន់អ្វីដែលយើងជឿទេ ឲ្យតែចិត្តស្មោះ»។
តើលោកយេស៊ូមានប្រសាសន៍ថាអ្វី?
◼ «ចូរចូលតាមខ្លោងទ្វារតូច ពីព្រោះផ្លូវដែលនាំទៅដល់ការវិនាសជីវិត គឺធំហើយទូលាយផង ក៏មានមនុស្សច្រើនចូលតាមផ្លូវនោះ។ រីឯផ្លូវដែលទៅឯជីវិត នោះចង្អៀត ក៏មានខ្លោងទ្វារតូចផង ហើយមានមនុស្សតិចណាស់ដែលរកផ្លូវនោះឃើញ»។ (ម៉ាថាយ ៧:១៣, ១៤) លោកយេស៊ូមិនបានជឿថាសាសនាទាំងអស់សុទ្ធតែល្អហើយនាំទៅដល់ព្រះទេ។
◼ «នៅថ្ងៃនោះ មនុស្សជាច្រើននឹងនិយាយមកខ្ញុំថា៖ ‹លោកម្ចាស់! លោកម្ចាស់! តើយើងមិនបានប្រកាសទំនាយតាងនាមលោក ហើយបណ្ដេញវិញ្ញាណកំណាចតាងនាមលោក ថែមទាំងធ្វើការដែលប្រកបដោយឫទ្ធានុភាពជាច្រើនតាងនាមលោកទេឬ?›។ ទោះជាយ៉ាងនោះក៏ដោយ ខ្ញុំនឹងប្រកាសប្រាប់ពួកគេជាសាធារណៈនៅពេលនោះថា៖ នែ! មនុស្សប្រព្រឹត្តប្រឆាំងច្បាប់! ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ! ចូរទៅឆ្ងាយពីខ្ញុំទៅ!»។ (ម៉ាថាយ ៧:២២, ២៣) លោកយេស៊ូមិនទទួលស្គាល់មនុស្សទាំងអស់ដែលអះអាងថាជាអ្នកកាន់តាមលោកឡើយ។
មនុស្សជាច្រើនដែលជឿទៅលើព្រះចាត់ទុកជំនឿនិងទំនៀមទម្លាប់របស់ខ្លួនជាអ្វីដ៏សំខាន់ណាស់។ ប៉ុន្តែ ចុះយ៉ាងណាទៅ បើសេចក្ដីបង្រៀនដែលយើងជឿទៅលើ គឺមិនសមស្របនឹងអ្វីដែលបានកត់ទុកក្នុងគម្ពីរដែលជាបណ្ដាំរបស់ព្រះ? លោកយេស៊ូបានបង្ហាញអំពីលទ្ធផលអាក្រក់ដែលមកពីការកាន់តាមទំនៀមទម្លាប់មនុស្ស ពេលលោកបាននិយាយទៅអ្នកនាំមុខសាសនានៅសម័យលោកថា៖ «អ្នករាល់គ្នាបានធ្វើឲ្យបណ្ដាំរបស់ព្រះទៅជាអសារឥតការដោយសារទំនៀមទម្លាប់របស់អ្នក»។ បន្ទាប់មកលោកបានដកស្រង់ពាក្យរបស់ព្រះដែលថា៖ «បណ្ដាជននេះគោរពខ្ញុំតែបបូរមាត់ទេ តែចិត្តរបស់ពួកគេបានឃ្លាតឆ្ងាយពីខ្ញុំ។ គឺជាការឥតប្រយោជន៍ទេ ដែលពួកគេបន្តគោរពប្រណិប័តន៍ខ្ញុំនោះ ពីព្រោះសេចក្ដីបង្រៀនរបស់ពួកគេគឺជាបទបញ្ជារបស់មនុស្សតែប៉ុណ្ណោះ»។—ម៉ាថាយ ១៥:១-៩; អេសាយ ២៩:១៣
ម្យ៉ាងទៀត មិនគ្រាន់តែជំនឿទេដែលសំខាន់ តែកិរិយាប្រព្រឹត្តក៏សំខាន់ដែរ។ ចំពោះមនុស្សខ្លះដែលអះអាងថាខ្លួនជាអ្នកគោរពប្រណិប័តន៍ព្រះ គម្ពីររៀបរាប់ថា៖ «ពួកគេប្រកាសជាសាធារណៈថា ពួកគេស្គាល់ព្រះ ក៏ប៉ុន្តែការប្រព្រឹត្តរបស់ពួកគេបង្ហាញថាពួកគេមិនទទួលស្គាល់ព្រះទេ»។ (ទីតុស ១:១៦) តាមពិត គម្ពីររៀបរាប់អំពីមនុស្សដែលរស់នៅសម័យយើងថា៖ «[ពួកគេ]ស្រឡាញ់ការសប្បាយជាជាងស្រឡាញ់ព្រះ។ ធ្វើឫកពាជាមនុស្សមានភក្ដីភាពចំពោះព្រះ ប៉ុន្តែពួកគេមិនព្រមទទួលឥទ្ធិពលពីភក្ដីភាពនោះទេ។ ចូរជៀសចេញពីមនុស្សទាំងនោះ»។—ធីម៉ូថេទី២ ៣:៤, ៥
អ្នកដែលគោរពប្រណិប័តន៍ព្រះត្រូវមានចិត្តស្មោះ ក៏ប៉ុន្តែពួកគេត្រូវមានអ្វីច្រើនជាងចិត្តស្មោះទៀត។ ហេតុអ្វី? ពីព្រោះបុគ្គលម្នាក់អាចមានគំនិតខុសហើយមានចិត្តស្មោះផងដែរ។ ដូច្នេះ ចំណេះត្រឹមត្រូវអំពីព្រះគឺសំខាន់ចាំបាច់។ (រ៉ូម ១០:២, ៣) ការក្រេបជញ្ជក់យកចំណេះនិងការប្រព្រឹត្តតាមព័ត៌មានដែលមានក្នុងគម្ពីរ នោះនឹងជួយយើងក្នុងការផ្គាប់ចិត្តព្រះ។ (ម៉ាថាយ ៧:២១) ដូច្នេះ សាសនាដែលត្រឹមត្រូវជាប់ទាក់ទងនឹងបំណងចិត្តត្រឹមត្រូវ ជំនឿត្រឹមត្រូវ និងការប្រព្រឹត្តត្រឹមត្រូវ។ ការប្រព្រឹត្តដ៏ត្រឹមត្រូវមានន័យថាការធ្វើតាមបំណងប្រាថ្នារបស់ព្រះជារៀងរាល់ថ្ងៃ។—យ៉ូហានទី១ ២:១៧
ប្រសិនបើអ្នកចង់ដឹងថែមទៀតអំពីអ្វីដែលគម្ពីរបង្រៀនស្តីអំពីព្រះ សូមអញ្ជើញទាក់ទងសាក្សីព្រះយេហូវ៉ាដើម្បីទទួលការសិក្សាគម្ពីរតាមផ្ទះដោយឥតគិតថ្លៃ។
[ឃ្លាអក្សរធំនៅទំព័រ៨]
សាសនាដែលត្រឹមត្រូវជាប់ទាក់ទងនឹង បំណងចិត្តត្រឹមត្រូវ ជំនឿត្រឹមត្រូវ និងការប្រព្រឹត្តត្រឹមត្រូវ