៤ បំបាត់ការសង្ស័យដោយរកទីសំអាង
៤ បំបាត់ការសង្ស័យដោយរកទីសំអាង
«អ្នកមានជំនឿតិចអើយ! ហេតុអ្វីបានជាចាប់ផ្ដើមសង្ស័យ?»។ —ម៉ាថាយ ១៤:៣១
ហេតុអ្វីពិបាកធ្វើ? ជួនកាល អ្នកកាន់តាមលោកយេស៊ូក៏មានការសង្ស័យដែរ។ (ម៉ាថាយ ១៤:៣០; លូកា ២៤:៣៦-៣៩; យ៉ូហាន ២០:២៤, ២៥) តាមការពិត គម្ពីរពិពណ៌នាថាការខ្វះជំនឿជា«ការខុសឆ្គងដែលទាក់យើងយ៉ាងងាយ»។ (ហេប្រឺ ១២:១) សាវ័កប៉ូលបានសរសេរថា៖ «មិនមែនមនុស្សទាំងអស់មានជំនឿទេ»។ (ថែស្សាឡូនិចទី២ ៣:២) នេះមិនបានន័យថាមនុស្សខ្លះមិនអាចជឿនោះទេ។ ផ្ទុយទៅវិញ មនុស្សជាច្រើនមិនខំប្រឹងបណ្ដុះឲ្យមានជំនឿឡើយ។ ព្រះនឹងឲ្យពរដល់អស់អ្នកដែលព្យាយាមបណ្ដុះឲ្យមានជំនឿ។
តើលោកអ្នកអាចយកឈ្នះការពិបាកទាំងនេះដោយវិធីណា? សូមកត់សម្គាល់អ្វីដែលធ្វើឲ្យលោកអ្នកមានការសង្ស័យ។ ជាឧទាហរណ៍ អ្នកកាន់តាមលោកយេស៊ូឈ្មោះថូម៉ាស់សង្ស័យថា លោកយេស៊ូមិនបានរស់ឡើងវិញទេ ទោះជាអ្នកកាន់តាមឯទៀតរៀបរាប់យ៉ូហាន ២០:២៤-២៩
ថាពួកគាត់បានឃើញលោកក៏ដោយ។ ថូម៉ាស់ចង់បានទីសំអាងដែលបញ្ជាក់ពីរឿងនេះ។ តើមានអ្វីកើតឡើង? លោកយេស៊ូបានផ្ដល់ទីសំអាងដែលថូម៉ាស់ត្រូវការ ដើម្បីឲ្យគាត់មានជំនឿរឹងមាំ។—តាមរយៈគម្ពីរ ព្រះយេហូវ៉ាផ្ដល់ចម្លើយដែលយើងត្រូវការ ដើម្បីបំបាត់ការសង្ស័យរបស់យើង។ ជាឧទាហរណ៍ មនុស្សជាច្រើនលែងមានជំនឿលើព្រះ ពីព្រោះពេលឃើញមនុស្សរងទុក្ខដោយសារសង្គ្រាម អំពើឃោរឃៅនិងទុក្ខវេទនាផ្សេងៗ នោះពួកគាត់ទម្លាក់កំហុសទៅលើព្រះដោយនិយាយចំៗឬនិយាយបញ្ឆិតបញ្ឆៀង។ តើគម្ពីរបានរៀបរាប់យ៉ាងណាអំពីរឿងនេះ?
ព្រះមិនគ្រប់គ្រងតាមរយៈរដ្ឋាភិបាលមនុស្សទេ។ លោកយេស៊ូបានសំដៅទៅសាថានដែលជាវិញ្ញាណមួយរូបដែលយើងមើលមិនឃើញ ថាជា«អ្នកគ្រប់គ្រងពិភពលោកនេះ»។ (យ៉ូហាន ១៤:៣០) សាថានចង់ឲ្យលោកយេស៊ូនូវអំណាចលើរាជាណាចក្រទាំងឡាយនៅផែនដី បើលោកយេស៊ូក្រាបប្រណិប័តន៍វាម្ដង។ វានិយាយថា៖ «ខ្ញុំនឹងឲ្យអ្នកនូវអំណាចលើរាជាណាចក្រទាំងអស់នេះ និងភាពរុងរឿងរបស់រាជាណាចក្រទាំងនេះ ពីព្រោះអ្វីៗទាំងនោះបានត្រូវប្រគល់មកឲ្យខ្ញុំ ហើយខ្ញុំអាចឲ្យអ្នកណាក៏ដោយស្រេចនឹងចិត្តខ្ញុំ»។ លោកយេស៊ូមិនបានបដិសេធថា សាថានគ្មានអំណាចធ្វើដូចនោះទេ។ ផ្ទុយទៅវិញ លោកមានប្រសាសន៍ថា៖ «បទគម្ពីរចែងថា៖ ‹គឺព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលអ្នកត្រូវគោរពប្រណិប័តន៍ ហើយគឺសម្រាប់តែលោកប៉ុណ្ណោះ ដែលអ្នកត្រូវបំពេញកិច្ចបម្រើពិសិដ្ឋ›»។ (លូកា ៤:៥-៨) ដូច្នេះ ការឈឺចាប់ដែលមាននៅទូទាំងផែនដី គឺដោយសារសាថាននិងរដ្ឋាភិបាលរបស់មនុស្ស មិនមែនព្រះនោះទេ។—ការបើកបង្ហាញ ១២:៩, ១២
មិនយូរប៉ុន្មានទៀត ព្រះយេហូវ៉ានឹងបំបាត់ចោលអ្វីៗទាំងអស់ដែលបណ្ដាលឲ្យឈឺចាប់។ ព្រះបានរៀបចំរួចជាស្រេចនូវរាជាណាចក្រឬរដ្ឋាភិបាលមួយគ្រប់គ្រងលើមនុស្សជាតិ ក្រោមបង្គាប់គ្រិស្តយេស៊ូដែលជាបុត្ររបស់លោក។ (ម៉ាថាយ ៦:៩, ១០; កូរិនថូសទី១ ១៥:២០-២៨) ដំណឹងល្អអំពីរាជាណាចក្រនេះរបស់ព្រះកំពុងត្រូវផ្សព្វផ្សាយនៅទូទាំងផែនដី ស្របតាមទំនាយដែលមានក្នុងគម្ពីរ។ (ម៉ាថាយ ២៤:១៤) បន្ដិចទៀត រាជាណាចក្រនេះនឹងកម្ចាត់អស់អ្នកដែលប្រឆាំងនឹងការគ្រប់គ្រងរបស់រាជាណាចក្រព្រះ ព្រមទាំងបំបាត់ចោលអ្វីដែលបណ្ដាលឲ្យមនុស្សឈឺចាប់។—ដានីយ៉ែល ២:៤៤; ម៉ាថាយ ២៥:៣១-៣៣, ៤៦; ការបើកបង្ហាញ ២១:៣, ៤
តើមានផលប្រយោជន៍អ្វី? អ្នកសង្ស័យគឺប្រៀបដូចជារលកសមុទ្រដែលត្រូវបក់ផាត់ដោយ«ខ្យល់នៃសេចក្ដីបង្រៀនគ្រប់បែបយ៉ាង ដោយស្ដាប់មនុស្សដែលជាអ្នកបោកបញ្ឆោត»។ (អេភេសូរ ៤:១៤; ពេត្រុសទី២ ២:១) ផ្ទុយទៅវិញ អស់អ្នកដែលរកបានចម្លើយដែលនាំឲ្យស្កប់ចិត្ត នោះអាច«កាន់ជំហរមាំមួនក្នុងជំនឿ»។—កូរិនថូសទី១ ១៦:១៣
សាក្សីព្រះយេហូវ៉ាដែលជាអ្នកបោះពុម្ពទស្សនាវដ្ដីនេះ ចង់ជួយលោកអ្នកឲ្យរកចម្លើយចំពោះសំណួរដែលលោកអ្នកសង្ស័យ។ យើងសូមអញ្ជើញលោកអ្នកឲ្យមកចូលរួមជាមួយយើង ហើយពិនិត្យមើលសេចក្ដីបង្រៀនរបស់យើងដោយខ្លួនឯង។ ការធ្វើដូច្នេះនឹងធ្វើឲ្យលោកអ្នកមានជំនឿរឹងមាំទៅលើព្រះ។
ដើម្បីទទួលព័ត៌មានបន្ថែម សូមមើលសៀវភៅតើព្រះគម្ពីរ ពិតជាបង្រៀនយ៉ាងណា? * ជំពូកទី៨ដែលមានចំណងជើងថា «តើព្រះរាជាណាចក្ររបស់ព្រះជាអ្វី?» និងជំពូកទី១១ដែលមានចំណងជើងថា «ហេតុអ្វីព្រះឲ្យមនុស្សរងទុក្ខវេទនា?»។
[កំណត់សម្គាល់]
^ វគ្គ 10 បោះពុម្ពដោយសាក្សីព្រះយេហូវ៉ា។
[រូបភាពនៅទំព័រ៩]
អស់អ្នកដែលរកបានចម្លើយដែលស្កប់ចិត្ត មានជំនឿដែលមានមូលដ្ឋានរឹងមាំ