លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរបង្រៀនដោយក្ដីស្រឡាញ់ដូចលោកយេស៊ូ

ចូរបង្រៀនដោយក្ដីស្រឡាញ់ដូចលោកយេស៊ូ

ចូរ​បង្រៀន​ដោយ​ក្ដី​ស្រឡាញ់​ដូច​លោក​យេស៊ូ​

​«​មិន​ដែល​មាន​អ្នក​ណា​និយាយ​ដូច​អ្នក​នោះ​ទេ​»។—យ៉ូន. ៧:៤៦

១​. តើ​មនុស្ស​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​របៀប​ដែល​លោក​យេស៊ូ​បង្រៀន?

សូម​ស្រមៃ​ថា អ្នក​បាន​រស់​នៅ​សម័យ​លោក​យេស៊ូ ហើយ​បាន​ឮ​លោក​បង្រៀន នៅ​ពេល​នោះ​អ្នក​ពិត​ជា​រំភើប​ចិត្ត​ណាស់! គម្ពីរ​ជួយ​យើង​ឲ្យ​យល់​អំពី​ឥទ្ធិពល​ដែល​លោក​មាន​ទៅ​លើ​អ្នក​ដែល​បាន​ជួប​លោក។ ជា​ឧទាហរណ៍ លូកា​ដែល​ជា​អ្នក​សរសេរ​សៀវភៅ​ដំណឹង​ល្អ​ម្នាក់ បាន​រៀប​រាប់​ថា​មនុស្ស​នៅ​ក្រុង​ណាសារ៉ែត​«​ចាប់​ផ្ដើម . . . នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ដោយ​សារ​សម្ដី​ពីរោះ​ដែល​ចេញ​ពី​មាត់​លោក​មក​»។ ម៉ាថាយ​បាន​រាយ​ការណ៍​ថា អ្នក​ដែល​ស្ដាប់​លោក​យេស៊ូ​កាល​ដែល​លោក​ថ្លែង​ធម្មទាន​នៅ​លើ​ភ្នំ នោះ​«​កោត​ស្ងើច​ក្រៃ​លែង​នឹង​សេចក្ដី​បង្រៀន​របស់​លោក​»។ យ៉ូហាន​បាន​សង្កេត​ឃើញ​ថា​ពួក​អាជ្ញាធរ​បាន​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​ចាប់​លោក​យេស៊ូ តែ​ពួក​គេ​បាន​មក​វិញ​ដោយ​ដៃ​ទទេ ហើយ​បាន​និយាយ​ថា​៖ ​«​មិន​ដែល​មាន​អ្នក​ណា​និយាយ​ដូច​អ្នក​នោះ​ទេ​»។—លូក. ៤:២២; ម៉ាថ. ៧:២៨; យ៉ូន. ៧:៤៦

២​. តើ​លោក​យេស៊ូ​បង្រៀន​តាម​វិធី​ណាខ្លះ?

ពួក​អាជ្ញាធរ​បាន​និយាយ​យ៉ាង​ត្រឹម​ត្រូវ​អំពី​លោក​យេស៊ូ។ លោក​ពិត​ជា​អ្នក​បង្រៀន​ដ៏​ឧត្តម​បំផុត​ដែល​ធ្លាប់​រស់​នៅ។ លោក​បង្រៀន​តាម​វិធីដែល​ងាយ​យល់​និង​ច្បាស់​លាស់ ហើយ​វែក​ញែក​យ៉ាង​សម​ហេតុ​ផល​ដែល​ពុំ​អាច​ប្រកែក​បាន។ លោក​ប្រើ​រឿង​ប្រៀប​ប្រដូច​និង​សំណួរ​ដោយ​ប៉ិនប្រសប់។ លោក​បាន​ប្រែ​ប្រួល​សេចក្ដី​បង្រៀន​យោង​ទៅ​តាម​អ្នក​ស្ដាប់ មិន​ថា​ពួក​គាត់​មាន​ឋានៈ​ខ្ពស់​ឬ​ជា​មនុស្ស​ធម្មតា​ក្ដី។ សេចក្ដី​ពិត​ដែល​លោក​បង្រៀន​គឺ​ស្រួល​យល់ តែ​មាន​អត្ថន័យ​ជ្រាល​ជ្រៅ។ ក៏​ប៉ុន្តែ មិន​មាន​តែ​វិធី​ទាំង​នេះ​ប៉ុណ្ណោះ​ទេ​ដែល​ធ្វើ​ឲ្យ​លោក​យេស៊ូ​ជា​អ្នក​បង្រៀន​ដ៏​ឧត្តម។

ក្ដី​ស្រឡាញ់​ជា​គុណ​សម្បត្ដិ​សំខាន់​បំផុត

៣​. ក្នុង​នាម​ជា​អ្នក​បង្រៀន តើ​លោក​យេស៊ូ​ខុស​គ្នា​យ៉ាង​ណា​ពី​អ្នក​ដឹក​នាំ​សាសនា​នៅ​សម័យ​របស់​លោក?

ក្នុង​ចំណោម​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​និង​ពួក​ផារិស៊ី ពិត​ជា​មាន​បុរស​វៃ​ឆ្លាត​ដែល​មាន​ចំណេះ​និង​មាន​ជំនាញ​ក្នុង​ការ​បង្រៀន។ តើ​អ្វី​ធ្វើ​ឲ្យ​របៀប​ដែល​លោក​យេស៊ូ​បង្រៀន​ខុស​គ្នា​ឆ្ងាយ​ពី​ពួក​គាត់? អ្នក​ដឹក​នាំ​សាសនា​នៅ​សម័យ​នោះ​គ្មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​ធម្មតា។ ផ្ទុយ​ទៅ​វិញ អ្នក​ដឹក​នាំ​សាសនា​ស្អប់​មនុស្ស​ធម្មតា ហើយ​មាន​ទស្សនៈ​ថា​ពួក​គាត់ជា​«​មនុស្ស​ដែល​ត្រូវ​បណ្ដាសា​»។ (​យ៉ូន. ៧:៤៩​) ខុស​ស្រឡះ​ពី​នេះ លោក​យេស៊ូ​មាន​ចិត្ត​អាណិត​អាសូរ​មនុស្ស​ធម្មតា ពី​ព្រោះ​ពួក​គាត់​បាន​ត្រូវ​«​គេ​ធ្វើ​ទុក្ខ​និង​ទុក​ចោល​ឲ្យ​នៅ​រាត់​រាយ​ដូច​សត្វ​ចៀម​ដែល​គ្មាន​គង្វាល​»។ (​ម៉ាថ. ៩:៣៦​) លោក​សប្បុរស មាន​ក្ដី​មេត្ដា ហើយ​ផ្ដល់​ភាព​កក់​ក្ដៅ។ ម្យ៉ាង​ទៀត អ្នក​ដឹក​នាំ​សាសនា​គ្មាន​សេចក្ដី​ស្រឡាញ់​ពិត​ចំពោះ​ព្រះ។ (​យ៉ូន. ៥:៤២​) ក៏​ប៉ុន្តែ លោក​យេស៊ូ​ស្រឡាញ់​បិតា​នៅ​ស្ថាន​សួគ៌ ហើយ​រំភើប​ចិត្ត​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។ អ្នក​ដឹក​នាំ​សាសនា​កាឡៃ​បណ្ដាំ​របស់​ព្រះ​ដើម្បី​ប្រយោជន៍​ខ្លួន តែ​លោក​យេស៊ូ​ស្រឡាញ់​«​បណ្ដាំ​របស់​ព្រះ​»។ លោក​បាន​បង្រៀន ពន្យល់​និង​ការពារ​បណ្ដាំ​របស់​ព្រះ ព្រម​ទាំង​បាន​រស់​នៅ​សម​ស្រប​តាម​គោលការណ៍​ក្នុង​បណ្ដាំ​នោះ។ (​លូក. ១១:២៨​) តាម​រយៈ​របៀប​ដែល​លោក​យេស៊ូ​បង្រៀន ប្រព្រឹត្ត​ចំពោះ​មនុស្ស និង​ណែនាំ​ពួក​គាត់ នោះ​គ្រិស្ត​បាន​បង្ហាញ​ក្ដី​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ។

៤, ៥​. (​ក​) ហេតុ​អ្វី​សំខាន់​ឲ្យ​យើង​បង្រៀន​ដោយ​សេចក្ដី​ស្រឡាញ់? (​ខ​) ហេតុ​អ្វី​ក៏​សំខាន់​ឲ្យ​មាន​ចំណេះ​និង​ជំនាញ​ក្នុង​ការ​បង្រៀន?

ចុះ​យ៉ាង​ណា​ចំពោះ​យើង​វិញ? ក្នុង​នាម​ជា​អ្នក​កាន់​តាម​គ្រិស្ត យើង​ប្រាថ្នា​យក​តម្រាប់​តាម​លោក​ក្នុង​កិច្ច​បម្រើ​ផ្សាយ​និង​ក្នុង​ជីវិត។ (​១ពេ. ២:២១​) ហេតុ​នេះ​ហើយ គោលដៅ​របស់​យើង​គឺ​មិន​ត្រឹម​តែ​បង្រៀន​មនុស្ស​ឲ្យ​មាន​ចំណេះ​អំពី​គម្ពីរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​ចង់​បង្ហាញ​ឲ្យ​ឃើញ​នូវ​គុណ​សម្បត្ដិ​របស់​ព្រះ​យេហូវ៉ា​ដែរ ជា​ពិសេស​សេចក្ដី​ស្រឡាញ់​របស់​លោក។ មិន​ថា​យើង​មាន​ចំណេះ​ច្រើន​ឬ​តិច ពូកែ​ឬ​មិន​សូវ​ពូកែ​បង្រៀន​ក៏​ដោយ សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​នឹង​ជួយ​យើង​ឲ្យ​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ចិត្ត​របស់​មនុស្ស​ដែល​យើង​ជួប​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ។ យើង​ត្រូវ​បង្រៀន​ដោយ​សេចក្ដី​ស្រឡាញ់​ដូច​លោក​យេស៊ូ ទើប​ពិត​ជា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក។

ពិត​មែន ដើម្បី​ធ្វើ​ជា​អ្នក​បង្រៀន​ល្អ យើង​ត្រូវ​មាន​ចំណេះ​អំពី​អ្វីដែល​យើង​បង្រៀន ហើយ​ត្រូវ​មាន​ជំនាញ​ដើម្បី​អាច​ផ្ដល់​ចំណេះ​នោះ​ដល់​អ្នក​ឯ​ទៀត។ លោក​យេស៊ូ​បាន​ជួយ​អ្នក​កាន់​តាម​លោក​ឲ្យ​មាន​ចំណេះ​និង​ជំនាញ ហើយ​សព្វ​ថ្ងៃ ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​មាន​របស់​ទាំង​ពីរ​នេះ​តាម​រយៈ​អង្គការ​របស់​លោក។ (​សូម​អាន អេសាយ ៥៤:​១៣; លូកា ១២:៤២​) យ៉ាង​ណា​ក៏​ដោយ យើង​មិន​គួរ​បង្រៀន​ដោយ​ប្រើ​ចំណេះ​ប៉ុណ្ណោះ​ទេ តែ​ដោយ​ទឹក​ចិត្ត​យើង​ផង​ដែរ។ បើ​យើង​មាន​ចំណេះ ជំនាញ និង​សេចក្ដី​ស្រឡាញ់​ពេល​យើង​បង្រៀន​អ្នក​ដទៃ នោះ​យើង​អាច​ទទួល​លទ្ធផល​ជា​ទី​គាប់​ចិត្ត។ ដូច្នេះ តើ​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ពេល​យើង​បង្រៀន​តាម​វិធី​ណាខ្លះ? តើ​លោក​យេស៊ូ​និង​អ្នក​កាន់​តាម​លោក​បង្រៀន​ដោយ​សេចក្ដី​ស្រឡាញ់​យ៉ាង​ដូច​ម្ដេច? សូម​ឲ្យ​យើង​ពិនិត្យ​មើល។

យើង​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា

៦​. តើ​យើង​និយាយ​យ៉ាង​ណា​ស្តី​អំពី​បុគ្គល​ដែល​យើង​ស្រឡាញ់?

យើង​សប្បាយ​ចិត្ត​និយាយ​អំពី​អ្វីដែល​យើង​ស្រឡាញ់។ ពេល​យើង​និយាយ​អំពី​អ្វីដែល​សំខាន់​ចំពោះ​យើង នោះ​យើង​និយាយ​ដោយ​រស់​រវើក ហើយ​មនុស្ស​ឯ​ទៀត​អាច​ឃើញ​ថា យើង​រំភើប​ចិត្ត​និង​មាន​អារម្មណ៍​កក់​ក្ដៅ។ យើង​ពិត​ជា​មាន​អារម្មណ៍​ដូច្នេះ​មែន ជា​ពិសេស​ពេល​យើង​និយាយ​អំពី​បុគ្គល​ម្នាក់​ដែល​យើង​ស្រឡាញ់។ ធម្មតា យើង​មាន​ចិត្ត​ចង់​ប្រាប់​អ្នក​ឯ​ទៀត​ពី​អ្វីដែល​យើង​ដឹង​អំពី​បុគ្គល​នោះ។ យើង​គោរព ការពារ និង​ឲ្យ​កិត្ដិយស​បុគ្គល​នោះ។ យើង​ធ្វើ​ដូច្នោះ​ពីព្រោះ​យើង​ចង់​ឲ្យ​អ្នក​ឯ​ទៀត​ស្រឡាញ់​បុគ្គល​នោះ​និង​គុណ​សម្បត្ដិ​របស់​គាត់​ដូច​យើង​ស្រឡាញ់​ដែរ។

៧​. តើ​សេចក្ដី​ស្រឡាញ់​ដែល​លោក​យេស៊ូ​មាន​ចំពោះ​ព្រះ​យេហូវ៉ា​ជំរុញ​លោក​ឲ្យ​ធ្វើ​អ្វី​ខ្លះ?

យើង​ត្រូវ​ស្គាល់​និង​ស្រឡាញ់​ព្រះ​យេហូវ៉ា​ដោយ​ខ្លួន​ឯង​ជា​មុន​សិន ទើប​យើង​អាច​ជួយ​អ្នក​ឯ​ទៀត​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​លោក។ យ៉ាង​ណា​មិញ ការ​គោរព​ប្រណិប័តន៍​ពិត​មាន​មូលដ្ឋាន​ទៅ​លើ​ក្ដី​ស្រឡាញ់​ចំពោះ​ព្រះ។ (​ម៉ាថ. ២២:៣៦​-​៣៨​) លោក​យេស៊ូ​ទុក​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​ស្តី​អំពី​រឿង​នេះ។ លោក​ស្រឡាញ់​ព្រះ​យេហូវ៉ា​អស់ពី​ដួង​ចិត្ត ព្រលឹង សមត្ថភាព​រិះ​គិត និង​កម្លាំង​របស់​លោក។ លោក​យេស៊ូ​ស្គាល់​ព្រះ​យេហូវ៉ា​ច្បាស់ ដោយ​សារ​លោក​បាន​ចំណាយ​ពេល​រាប់​ពាន់​លាន​ឆ្នាំ​នៅ​ស្ថាន​សួគ៌​ជា​មួយ​បិតា​របស់​លោក។ តើ​នេះ​នាំ​ឲ្យ​លោក​យេស៊ូ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​បិតា? លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ស្រឡាញ់​បិតា​នៅ​ស្ថានសួគ៌​»។ (​យ៉ូន. ១៤:៣១​) លោក​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​នោះ​ក្នុង​គ្រប់​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត។ សេចក្ដី​ស្រឡាញ់​បាន​ជំរុញ​ទឹក​ចិត្ត​លោក​ឲ្យ​តែង​តែ​ធ្វើ​អ្វីដែល​ព្រះ​ពេញ​ចិត្ត។ (​យ៉ូន. ៨:២៩​) ម្យ៉ាង​ទៀត សេចក្ដី​ស្រឡាញ់​នាំ​ឲ្យ​លោក​ផ្ដន្ទា​ទោស​អ្នក​ដឹក​នាំ​សាសនា​ដ៏​ពុត​ត្បុត​ដែល​អះអាង​ថា​ពួក​គេ​តំណាង​ព្រះ។ ណា​មួយ​ទៀត សេចក្ដី​ស្រឡាញ់​នេះ​ក៏​ជំរុញ​ទឹក​ចិត្ត​លោក​ឲ្យ​និយាយ​អំពី​ព្រះ​យេហូវ៉ា ហើយ​ជួយ​អ្នក​ដទៃ​ស្គាល់​និង​ស្រឡាញ់​ព្រះ។

៨​. តើ​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​កាន់​តាម​លោក​យេស៊ូ​មាន​ចំពោះ​ព្រះ បាន​ជំរុញ​ឲ្យ​ពួក​គាត់​ធ្វើ​អ្វី?

ដូច​លោក​យេស៊ូ អ្នក​កាន់​តាម​របស់​លោក​នៅ​សតវត្សរ៍ទី​១​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​សេចក្ដី​ស្រឡាញ់​នេះ​ជំរុញ​ពួក​គាត់​ឲ្យ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដោយ​ក្លាហាន​និង​ខ្នះខ្នែង។ ពួក​គាត់​បាន​ផ្សាយ​សេចក្ដីបង្រៀន​របស់​ពួក​គាត់​ពេញ​ក្រុង​យេរូសាឡិម ទោះ​ជា​អ្នក​ដឹក​នាំ​សាសនា​ដែល​មាន​អំណាច​បាន​ប្រឆាំង​ពួក​គាត់​ក៏​ដោយ។ អ្នក​កាន់​តាម​លោក​យេស៊ូ​មិន​អាច​ឈប់​និយាយ​អំពី​អ្វីដែល​ពួក​គាត់​បាន​ឃើញ​និង​ឮ​បាន​ឡើយ។ (​សកម្ម. ៤:២០; ៥:២៨​) ពួក​គាត់​ដឹង​ថា​ព្រះ​យេហូវ៉ា​គាំទ្រ​ហើយ​នឹង​ឲ្យ​ពរ​ពួក​គាត់។ នេះ​ពិត​ជា​បាន​កើត​ឡើង​មែន! ពីព្រោះ​តិច​ជាង​៣០​ឆ្នាំ​ក្រោយ​ពី​មរណភាព​របស់​លោក​យេស៊ូ នោះ​សាវ័ក​ប៉ូល​អាច​សរសេរ​ថា ដំណឹង​ល្អ​បាន​ត្រូវ​ផ្សាយ​«​ក្នុង​ចំណោម​មនុស្ស​ទាំង​អស់​នៅ​ក្រោម​មេឃ​»។—កូឡ. ១:២៣

៩​. តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​ស្រឡាញ់​ព្រះ​រឹត​តែ​ខ្លាំង​ឡើង?

យើង​ក៏​ត្រូវ​បន្ត​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​កាន់​តែ​ខ្លាំង​ឡើង បើ​យើង​ចង់​ធ្វើ​ជា​អ្នក​បង្រៀន​ដែល​ពិត​ជា​មាន​ប្រសិទ្ធភាព។ តើធ្វើ​ដូចម្ដេច​ឲ្យ​យើង​ស្រឡាញ់​ព្រះ​រឹត​តែ​ខ្លាំង​ឡើង? គឺ​ដោយ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​ព្រះ​ជា​ញឹក​ញយ​តាម​រយៈ​សេចក្ដី​អធិដ្ឋាន។ យើង​ក៏អាច​ស្រឡាញ់​ព្រះ​រឹត​តែ​ខ្លាំង​ឡើង​ដោយ​សិក្សា​បណ្ដាំ​របស់​លោក អាន​សៀវភៅ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ ហើយ​ដោយ​ទៅ​កិច្ច​ប្រជុំរបស់​ពួក​គ្រិស្ត​សាសនិក។ កាល​ដែល​យើង​មាន​ចំណេះ​អំពី​ព្រះ​កាន់​តែ​ច្រើន​ឡើង នោះ​ចិត្ត​យើង​នឹង​ពោរ​ពេញ​ទៅ​ដោយ​ក្ដី​ស្រឡាញ់​ចំពោះ​លោក។ ក្រោយ​មក ពេល​ដែល​យើង​បង្ហាញ​តាម​រយៈ​ការ​ប្រព្រឹត្ត​និង​ពាក្យសម្ដី​ថា យើង​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ នោះ​អ្នក​ដទៃ​នឹង​ឃើញ​ហើយ​ប្រហែល​នេះ​នឹង​ទាក់​ទាញ​គេ​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា។—សូម​អាន ទំនុក​តម្កើង ១០៤:៣៣, ៣៤

យើង​ត្រូវ​ស្រឡាញ់​អ្វីដែល​យើង​បង្រៀន

១០​. តើ​អ្នក​បង្រៀន​ល្អ​មាន​លក្ខណៈ​ណាខ្លះ?

១០ លក្ខណៈ​មួយ​របស់​អ្នក​បង្រៀន​ល្អ គឺ​អ្នក​នោះ​ស្រឡាញ់​អ្វីដែល​គាត់​បង្រៀន។ គាត់​ត្រូវ​ជឿ​ថា​អ្វីដែល​គាត់​បង្រៀន​គឺជា​ការ​ពិត ជា​ការ​សំខាន់ ហើយ​មាន​សារៈ​ប្រយោជន៍។ ប្រសិនបើ​អ្នក​បង្រៀន​ចូល​ចិត្ត​អ្វីដែល​គាត់​បង្រៀន នោះ​អ្នក​ឯ​ទៀត​អាច​ឃើញ​ថា​គាត់​រំភើប​ចិត្ត ហើយ​នេះ​មាន​អានុភាព​ខ្លាំង​ទៅ​លើ​អ្នក​ដែល​គាត់​បង្រៀន។ ផ្ទុយ​ទៅ​វិញ បើ​អ្នក​បង្រៀន​មិន​គិត​ថា​អ្វីដែល​គាត់​បង្រៀន​មាន​តម្លៃ តើ​គាត់​មាន​ហេតុ​សង្ឃឹម​ថា​សិស្ស​នឹង​ចាត់​ទុក​អ្វីដែល​គាត់​បង្រៀន​នោះ​ថា​មាន​តម្លៃ​ទេ? សូម​កុំ​គិត​ថា គំរូ​របស់​អ្នក​ក្នុង​ការ​បង្រៀន​បណ្ដាំ​របស់​ព្រះ​គឺ​មិន​សូវ​សំខាន់​ឡើយ ព្រោះ​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​អស់​អ្នក​ណា​ដែល​បាន​ត្រូវ​បង្រៀន​យ៉ាង​ល្អ​ឥត​ខ្ចោះ​នឹង​បាន​ដូច​គ្រូ​របស់​ពួក​គេ​»។—លូក. ៦:៤០

១១​. ហេតុ​អ្វី​បាន​ជា​លោក​យេស៊ូ​ស្រឡាញ់​អ្វីដែល​លោក​បង្រៀន?

១១ លោក​យេស៊ូ​ស្រឡាញ់​អ្វីដែល​លោក​បង្រៀន។ លោក​ជ្រាប​ថា​លោក​មាន​អ្វី​មួយ​ដែល​មាន​តម្លៃ​ដែល​លោក​ចង់​ប្រាប់​អ្នក​ឯ​ទៀត ពោល​គឺ​សេចក្ដី​ពិត​អំពី​បិតា​នៅ​ស្ថាន​សួគ៌ ​«​ប្រសាសន៍​របស់​ព្រះ​»​ និង​‹ប្រសាសន៍ដែល . . . នាំ​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់›។ (​យ៉ូន. ៣:៣៤; ៦:៦៨​) ដូច​ជា​ពន្លឺ​ភ្លឺ​ត្រចះ​ត្រចង់ សេចក្ដី​ពិត​ដែល​លោក​យេស៊ូ​បង្រៀន​បាន​លាត​ត្រដាង​អ្វីដែល​អាក្រក់ ហើយ​បញ្ជាក់​ពី​អ្វីដែល​ល្អ។ សេចក្ដី​ពិត​នោះ​ធ្វើ​ឲ្យ​មនុស្ស​រាបសា​មាន​សេចក្ដី​សង្ឃឹម​និង​ទទួល​ការ​សម្រាល​ទុក្ខ ពីព្រោះ​ពួក​គេ​បាន​ត្រូវ​បំភាន់​ដោយ​អ្នក​ដឹក​នាំ​សាសនា​មិន​ពិត ហើយ​បាន​ត្រូវ​បៀតបៀន​ដោយ​មេកំណាច។ (​សកម្ម. ១០:​៣៨​) សេចក្ដី​បង្រៀន និង​ការ​ប្រព្រឹត្ត​ទាំង​អស់​របស់​លោក ស​ឲ្យ​ឃើញ​ថា​លោក​ស្រឡាញ់​សេចក្ដី​ពិត។

១២​. តើ​សាវ័ក​ប៉ូល​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​ដំណឹង​ល្អ?

១២ ដូច​លោក​យេស៊ូ​បាន​ស្រឡាញ់​សេចក្ដី​ពិត​ដែល​លោក​បង្រៀន នោះ​អ្នក​កាន់​តាម​លោក​ក៏​បាន​ស្រឡាញ់​និង​ឲ្យ​តម្លៃ​ទៅ​លើ​ក្ដី​ពិត​អំពី​ព្រះ​យេហូវ៉ា​និង​គ្រិស្ត​ដែរ។ ពួក​គាត់​ស្រឡាញ់​និង​ឲ្យ​តម្លៃ​ទៅ​លើ​ក្ដី​ពិត​ខ្លាំង​ដល់​ម្ល៉េះ ដែល​សូម្បីតែ​អ្នក​ប្រឆាំង​ក៏​មិន​អាច​រារាំង​ពួក​គាត់​ក្នុង​ការ​ប្រាប់​អ្នក​ឯ​ទៀត​ដែរ។ ប៉ូល​បាន​សរសេរ​ទៅ​បង​ប្អូន​រួម​ជំនឿ​នៅ​ក្រុង​រ៉ូម​ថា​៖ ​«​ខ្ញុំ​ក៏​ចង់​ប្រកាស​ដំណឹង​ល្អ . . . ជា​ខ្លាំង​ដែរ។ ខ្ញុំ​គ្មាន​សេចក្ដី​អៀន​ខ្មាស​ព្រោះ​ដំណឹង​ល្អ​នោះ​ឡើយ ព្រោះ​តាម​ពិត​នោះ​ជា​ឫទ្ធានុភាព​របស់​ព្រះ​ដើម្បី​សង្គ្រោះ​អស់​អ្នក​ដែល​មាន​ជំនឿ​»។ (​រ៉ូម ១:១៥, ១៦​) ប៉ូល​បាន​ចាត់​ទុក​ការ​ប្រកាស​សេចក្ដី​ពិត​ថា​ជា​កិត្ដិយស​ខ្ពង់​ខ្ពស់។ គាត់​បាន​សរសេរ​ថា​៖ ​«​គុណ​ដ៏​វិសេស​លើស​លប់​នេះ​បាន​ត្រូវ​ឲ្យ​ដល់​ខ្ញុំ . . . គឺថា ខ្ញុំ​ត្រូវ​ប្រកាស​ដំណឹង​ល្អ​ដល់​ប្រជាជាតិ​នានា អំពី​ទ្រព្យ​សម្បត្ដិ​របស់​គ្រិស្ត​ដែល​ជា​ទ្រព្យ​សម្បត្ដិ​ដ៏​អស្ចារ្យ​ហួស​ពី​ការ​នឹក​ស្មាន​»។ (​អេភ. ៣:៨​) ដូច្នេះ មិន​ពិបាក​ទេ​ឲ្យ​យើង​ស្រមៃ​គិត​អំពី​ក្ដី​រំភើប​របស់​ប៉ូល​កាល​ដែល​គាត់​បង្រៀន​អ្នក​ឯ​ទៀត​អំពី​ព្រះ​យេហូវ៉ា​និង​គោល​បំណង​របស់​លោក។

១៣​. តើ​យើង​ស្រឡាញ់​ដំណឹង​ល្អ​ដោយ​សារ​មូលហេតុ​អ្វី?

១៣ ដំណឹង​ល្អ​ដែល​មាន​ក្នុង​បណ្ដាំ​របស់​ព្រះ​ជួយ​យើង​ឲ្យ​ស្គាល់​ព្រះ​ដែល​ជា​អ្នក​បង្កើត ហើយ​ឲ្យ​មាន​ចំណង​មេត្រី​ភាព​ជិត​ស្និទ្ធ​ជា​មួយ​លោក។ ដំណឹង​ល្អ​មាន​ឫទ្ធានុភាព​ដើម្បីកែប្រែ​ជីវិត ផ្ដល់​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម ពង្រឹង​កម្លាំង​ចិត្ត​យើង​ពេល​មាន​ទុក្ខ​លំបាក ហើយ​ផ្ដល់​ចម្លើយ​ដែល​នាំ​ឲ្យ​យើង​ពេញ​ចិត្ត​ស្តី​អំពី​សំណួរ​សំខាន់​ៗ​អំពី​ជីវិត។ បន្ថែម​ទៅ​ទៀត ដំណឹង​ល្អ​នោះ​អាច​នាំ​យើង​មាន​ជីវិត​គ្មាន​ទី​បញ្ចប់ ដែល​ជា​ជីវិត​មាន​ន័យ​ខ្លឹម​សារ។ គ្មាន​ចំណេះ​ណា​ដែល​មាន​តម្លៃ​ឬ​សំខាន់​ស្មើ​នឹង​ចំណេះ​អំពី​ដំណឹង​ល្អ​ទេ។ យើង​ទទួល​ដំណឹង​ល្អ​ដែល​ជា​អំណោយ​ទាន​កាត់​ថ្លៃ​ពុំ​បាន ហើយ​នេះ​នាំ​ឲ្យ​យើង​ត្រេក​អរ​ខ្លាំង​ណាស់។ ណា​មួយ​ទៀត យើង​នឹង​មាន​អំណរ​ថែម​ទៀត​ពេល​យើង​ពាំ​នាំ​ដំណឹង​ល្អ​នោះ​ដែល​ជា​អំណោយ​ទាន​ទៅ​ឲ្យ​អ្នក​ដទៃ។—សកម្ម. ២០:៣៥

១៤​. តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ច្រើន​ចំពោះ​អ្វីដែល​យើង​បង្រៀន?

១៤ តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ច្រើន​ចំពោះ​ដំណឹង​ល្អ? ពេល​អ្នក​អាន​បណ្ដាំ​របស់​ព្រះ សូម​ផ្អាក​ហើយ​ជញ្ជឹង​គិត​អំពី​អ្វីដែល​អ្នក​អាន។ ជា​ឧទាហរណ៍ សូម​ស្រមៃ​ថា​អ្នក​កំពុង​ដើរ​ជា​មួយ​លោក​យេស៊ូ​ពេល​លោក​កំពុងផ្សព្វផ្សាយ ឬ​ធ្វើ​ដំណើរ​ជា​មួយ​សាវ័ក​ប៉ូល។ ណា​មួយ​ទៀត សូម​គិត​ក្នុង​ចិត្ត​ថា​អ្នក​នៅ​ក្នុង​ពិភព​លោក​ថ្មី ហើយ​គិតអំពីជីវិត​របស់​ខ្លួន​ឯង​នឹង​ខុស​គ្នា​យ៉ាង​ណា​នៅ​ពេល​នោះ បើប្រៀប​ធៀប​នឹង​សម័យ​នេះ។ សូម​គិត​អំពី​ពរ​ដែល​អ្នក​ទទួល​ដោយ​សារ​អ្នក​ធ្វើ​តាម​ដំណឹង​ល្អ។ បើ​អ្នក​រក្សា​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ខ្លាំង​ចំពោះ​ដំណឹង​ល្អ សិស្ស​គម្ពីរ​នឹង​ឃើញ​សេចក្ដី​ស្រឡាញ់​នោះ។ ដូច្នេះ យើង​មាន​មូល​ហេតុ​ល្អ​ឲ្យ​សញ្ជឹង​គិត​យ៉ាង​ដិត​ដល់​អំពី​អ្វីដែល​យើង​បាន​រៀន ហើយ​យក​ចិត្ត​ទុក​ដាក់​នឹង​អ្វីដែល​យើង​បង្រៀន។—សូម​អាន ធីម៉ូថេ​ទី១ ៤:១៥, ១៦

យើង​ត្រូវ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស

១៥​. ហេតុ​អ្វី​គប្បីឲ្យ​អ្នក​បង្រៀន​ស្រឡាញ់​សិស្ស?

១៥ អ្នក​បង្រៀន​ល្អ​ធ្វើ​ឲ្យ​សិស្ស​មាន​អារម្មណ៍​ស្រួល​ដើម្បីឲ្យ​សិស្ស​ចង់​រៀន​និង​ប្រាប់​ពី​មតិ​របស់​ខ្លួន​ពេល​កំពុង​សិក្សា។ អ្នក​បង្រៀន​ដែល​យក​ចិត្ត​ទុក​ដាក់​ផ្ដល់​ចំណេះ​ដោយ​សារ​គាត់​ពិត​ជា​ស្រឡាញ់​សិស្ស។ គាត់​ផ្លាស់​ប្ដូរ​វិធី​បង្រៀន​ទៅ​តាម​សេចក្ដី​ត្រូវ​ការ​និង​ការ​យល់​ដឹង​របស់​សិស្ស។ គាត់​ចេះ​គិត​អំពី​សមត្ថភាព​និង​កាលៈទេសៈ​របស់​សិស្ស។ កាល​ណា​អ្នក​បង្រៀន​មាន​សេចក្ដី​ស្រឡាញ់​បែប​នេះ នោះ​សិស្ស​នឹង​ដឹង ហើយ​ការ​រៀន​និង​ការ​បង្រៀន​មិន​មែន​ជា​កិច្ចការ​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់​ទេ។

១៦​. តើ​លោក​យេស៊ូ​បាន​បង្ហាញ​ក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​តាម​វិធី​ណាខ្លះ?

១៦ លោក​យេស៊ូ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស។ លោក​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​បំផុត​ដោយ​លះ​បង់​ជីវិត​ល្អ​ឥត​ខ្ចោះ​របស់​លោក ដើម្បី​អ្នក​ឯ​ទៀត​អាច​ទទួល​សេចក្ដី​សង្គ្រោះ។ (​យ៉ូន. ១៥:១៣​) ក្នុង​អំឡុង​កិច្ច​បម្រើ​ផ្សាយ លោក​យេស៊ូ​ប្រុង​ប្រៀប​ជា​និច្ច​ដើម្បី​ជួយ​មនុស្ស ហើយ​បង្រៀន​ពួក​គេ​អំពី​បិតា​របស់​លោក​នៅ​ស្ថាន​សួគ៌។ ជា​ជាង​សង្ឃឹម​ឲ្យ​មនុស្ស​មក​ជួប​លោក លោក​បាន​ដើរ​រាប់​រយ​គីឡូម៉ែត្រ​ដើម្បី​ផ្សាយ​ដំណឹង​ល្អ​ដល់​អ្នក​ឯ​ទៀត។ (​ម៉ាថ. ៤:២៣​-​២៥; លូក. ៨:១​) លោក​មាន​ចិត្ត​អត់​ធ្មត់​និង​ចេះ​យោគ​យល់។ ពេល​ចាំ​បាច់ លោក​បាន​ទូន្មាន​អ្នក​កាន់​តាម​លោក​ដោយ​សេចក្ដី​ស្រឡាញ់។ (​ម៉ាក. ៩:៣៣​-​៣៧​) លោក​បាន​លើក​ទឹក​ចិត្ត​ពួក​គាត់​ដោយ​បង្ហាញ​ទំនុក​ចិត្ត​ថា ពួក​គាត់​នឹង​ទៅ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដែល​មាន​ប្រសិទ្ធភាព។ គ្មាន​អ្នក​បង្រៀន​ណា​ដែល​មាន​ក្ដី​ស្រឡាញ់​ច្រើន​ជាង​លោក​យេស៊ូ​ឡើយ។ សេចក្ដី​ស្រឡាញ់​ដែល​លោក​បង្ហាញ​អ្នក​កាន់​តាម​លោក​បាន​ជំរុញ​ទឹក​ចិត្ត​ពួក​គាត់​ឲ្យ​ស្រឡាញ់​លោក​វិញ ហើយ​ធ្វើ​តាម​បង្គាប់​របស់​លោក​ផង។—សូម​អាន យ៉ូហាន ១៤:១៥

១៧​. តើ​អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​បង្ហាញ​ក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ឯ​ទៀត​យ៉ាង​ណា?

១៧ អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​បង្ហាញ​ក្ដី​ស្រឡាញ់​និង​មនោសញ្ចេតនា​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​មនុស្ស​ដែល​គាត់​ជួប​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ ដូច​ជា​លោក​យេស៊ូ​ដែរ។ ពួក​គាត់​បាន​ស៊ូ​ទ្រាំ​ការ​បៀតបៀន​ហើយ​ក៏​ប្រថុយ​ជីវិត តែ​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​និង​ក្នុង​ការ​បម្រើ​អ្នក​ឯ​ទៀត។ ពួក​គាត់​ច្បាស់​ជា​មាន​ក្ដី​ស្រឡាញ់​ចំពោះ​អស់​អ្នក​ដែល​បាន​ធ្វើ​តាម​ដំណឹង​ល្អ! ពាក្យ​របស់​សាវ័ក​ប៉ូល​ធ្វើ​ឲ្យ​យើង​រំជួល​ចិត្ត ពេល​គាត់​សរសេរ​ថា​៖ ​«​យើង​បាន​ប្រព្រឹត្ត​ដោយ​ស្លូតបូត​ចំពោះ​អ្នក​រាល់​គ្នា ដូច​ម្ដាយ​ដែល​បំបៅ​កូន ស្រឡាញ់​ថ្នាក់​ថ្នម​កូន។ ដូច្នេះ ដោយ​មាន​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​អ្នក​រាល់​គ្នា យើង​សប្បាយ​ចិត្ត​ផ្ដល់​ឲ្យ មិន​ត្រឹម​តែ​ដំណឹង​ល្អ​របស់​ព្រះ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជីវិត​យើង​ទៀត​ផង ពីព្រោះ​អ្នក​រាល់​គ្នា​គឺជា​ទី​ស្រឡាញ់​របស់​យើង​»។—១ថែ. ២:៧, ៨

១៨, ១៩​. (​ក​) ហេតុ​អ្វី​បាន​ជា​យើង​ស្ម័គ្រ​ចិត្ត​លះ​បង់​ប្រយោជន៍​ដើម្បី​បំពេញ​កិច្ច​ផ្សព្វ​ផ្សាយ​របស់​យើង? (​ខ​)​ សូម​លើក​ឧទាហរណ៍​ដើម្បី​បង្ហាញ​ថា អ្នក​ឯ​ទៀត​កត់​សម្គាល់​សេចក្ដី​ស្រឡាញ់​ដែល​យើង​បង្ហាញ។

១៨ ស្រ​ដៀង​គ្នា​ដែរ​នៅ​សព្វ​ថ្ងៃ​នេះ សាក្សី​ព្រះ​យេហូវ៉ា​ផ្សព្វ​ផ្សាយ​នៅ​ទូ​ទាំង​ផែនដី​ដើម្បី​ខំ​សង្វាត​រក​អ្នក​ដែល​មាន​ចិត្ត​ចង់​ស្គាល់​និង​បម្រើ​ព្រះ។ តាម​ពិត បើ​គិត​ចាប់​ពី​១៧​ឆ្នាំ​កន្លង​មក​នេះ យើង​បាន​ចំណាយ​ពេល​អស់​ជាង​មួយ​ពាន់​លាន​ម៉ោង​ជា​រៀង​រាល់​ឆ្នាំ ក្នុង​ការ​ផ្សព្វ​ផ្សាយ​និង​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។ យើង​នៅ​តែ​ធ្វើ​កិច្ចការ​នេះ​បន្ត​ទៀត! យើង​ស្ម័គ្រ​ចិត្ត​ផ្សព្វ​ផ្សាយ ទោះ​ជា​នេះ​តម្រូវ​ឲ្យ​យើង​លះ​បង់​ពេល​វេលា កម្លាំង និង​សម្ភារៈ​ក៏​ដោយ។ ដូច​លោក​យេស៊ូ យើង​យល់​ថា​បិតា​នៅ​ស្ថាន​សួគ៌​របស់​យើង​ដែល​ប្រកប​ដោយ​ក្ដី​ស្រឡាញ់ មាន​បំណង​ប្រាថ្នា​ឲ្យ​មនុស្ស​ទទួល​ចំណេះ​ដែល​នាំ​ឲ្យ​បាន​ជីវិត។ (​យ៉ូន. ១៧:៣; ១ធី. ២:៣, ៤​) សេចក្ដី​ស្រឡាញ់​ជំរុញ​ទឹក​ចិត្ត​យើង​ជួយ​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ឲ្យ​ស្គាល់​និង​ស្រឡាញ់​ព្រះ​យេហូវ៉ា​ដូច​យើង​ស្រឡាញ់​លោក​ដែរ។

១៩ មនុស្ស​ឯ​ទៀត​កត់​សម្គាល់​សេចក្ដី​ស្រឡាញ់​ដែល​យើង​បង្ហាញ។ ជា​ឧទាហរណ៍ បង​ស្រី​ម្នាក់​នៅ​សហរដ្ឋអាម៉េរិក​សរសេរ​សំបុត្រ​ទៅ​មនុស្ស​ដែល​មាន​ញាតិ​មិត្ត​ជា​ទី​ស្រឡាញ់​ស្លាប់ ដើម្បី​សម្រាល​ទុក្ខ​ពួក​គាត់។ បុរស​ម្នាក់​បាន​សរសេរ​តប​ថា​៖ ​«​មុន​ដំបូង​ខ្ញុំ​ភ្ញាក់​ផ្អើល​ដែល​មាន​បុគ្គល​ម្នាក់​ខំ​ប្រឹង​សរសេរ​សំបុត្រ​ទៅ​មនុស្ស​ចម្លែក ក្នុង​បំណង​ជួយ​គាត់​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក។ ខ្ញុំ​មាន​តែ​សន្និដ្ឋាន​ថា​អ្នក​ស្រឡាញ់​មនុស្ស​ឯ​ទៀត និង​ស្រឡាញ់​ព្រះ​ដែល​ណែនាំ​មនុស្ស​ឲ្យ​ដើរ​ក្នុង​ផ្លូវ​ជីវិត​»។

២០​. តើ​ការ​បង្រៀន​ដោយ​សេចក្ដី​ស្រឡាញ់​គឺ​សំខាន់​ប៉ុណ្ណា?

២០ ធ្លាប់​មាន​គេ​និយាយ​ថា ពេល​បុគ្គល​ម្នាក់​មាន​សេចក្ដី​ស្រឡាញ់​និង​ជំនាញ នោះ​ស្នា​ដៃ​របស់​គាត់​គឺ​ល្អ​ឯក។ ក្នុង​ការ​បង្រៀន យើង​ខំ​ជួយ​បណ្ដុះ​បណ្ដាល​សិស្ស​ឲ្យ​មាន​គំនិត​ចង់​ស្គាល់​ព្រះ ហើយ​មាន​ចិត្ត​ស្រឡាញ់​លោក។ ត្រូវ​ហើយ ដើម្បី​ទៅ​ជា​អ្នក​បង្រៀន​ដែល​ពិត​ជា​មាន​ប្រសិទ្ធភាព សេចក្ដី​ស្រឡាញ់​របស់​យើង​ត្រូវ​មាន​លក្ខណៈ​បី​យ៉ាង ពោល​គឺ​ស្រឡាញ់​ព្រះ ស្រឡាញ់​សេចក្ដី​ពិត និង​ស្រឡាញ់​មនុស្ស។ ពេល​ដែល​យើង​បណ្ដុះ​ឲ្យ​មាន​និង​បង្ហាញ​សេចក្ដី​ស្រឡាញ់​បែប​នេះ​ក្នុង​កិច្ច​បម្រើ​ផ្សាយ នោះ​យើង​មិន​គ្រាន់តែ​មាន​អំណរ​ដោយ​សារ​ឲ្យ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​មាន​ចិត្ត​ស្កប់​ស្កល់​ដោយ​ដឹង​ថា យើង​បាន​យក​តម្រាប់​តាម​លោក​យេស៊ូ ហើយ​ផ្គាប់​ចិត្ត​ព្រះ​យេហូវ៉ា។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• ពេល​ដែល​យើង​បង្រៀន​អ្នក​ឯ​ទៀត​អំពី​ដំណឹង​ល្អ ហេតុ​អ្វី​សំខាន់​ឲ្យ​យើង . . .

ស្រឡាញ់​ព្រះ?

ស្រឡាញ់​អ្វីដែល​យើង​បង្រៀន?

ស្រឡាញ់​មនុស្ស​ដែល​យើង​បង្រៀន?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​២៣]

តើវិធី​ដែល​លោក​យេស៊ូ​បង្រៀន​ខុស​គ្នា​យ៉ាង​ណា​ពី​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​និង​ពួក​ផារិស៊ី?

[រូបភាព​នៅ​ទំព័រ​២៥]

ការ​បង្រៀន​ដោយ​ប្រសិទ្ធភាព​តម្រូវ​ឲ្យ​មាន​ចំណេះ​ការ​ប៉ិនប្រសប់ ហើយ​សំខាន់​បំផុត​ត្រូវ​មាន​ក្ដី​ស្រឡាញ់