លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូររកអ្វីដ៏ថ្លៃវិសេសដែល«បានត្រូវលាក់ទុកក្នុងលោក»

ចូររកអ្វីដ៏ថ្លៃវិសេសដែល«បានត្រូវលាក់ទុកក្នុងលោក»

ចូរ​រក​អ្វី​ដ៏​ថ្លៃ​វិសេស​ដែល​«​បាន​ត្រូវ​លាក់​ទុក​ក្នុង​លោក​»​

​«​គ្រប់​ទាំង​ប្រាជ្ញា​និង​ចំណេះ​ដែល​ថ្លៃ​វិសេស​បាន​ត្រូវ​លាក់​ទុក​ក្នុង​លោក​»។—កូឡ. ២:៣

១, ២​. (​ក​) តើ​វត្ថុ​បុរាណ​អ្វី​បាន​ត្រូវ​រក​ឃើញ​នៅ​ឆ្នាំ​១៩២២? ហើយ​តើ​ឥឡូវ​វត្ថុ​បុរាណ​ទាំង​នោះ​នៅ​កន្លែង​ណា? (​ខ​)​ តើ​បណ្ដាំ​របស់​ព្រះ​អញ្ជើញ​មនុស្ស​គ្រប់​រូប​ឲ្យ​ធ្វើ​អ្វី?

ច្រើន​ដង ពេល​គេ​រក​ឃើញ​កំណប់​ទ្រព្យ​ដ៏​ថ្លៃ​វិសេស គេ​បាន​ផ្សាយ​នៅ​ទី​ជិត​ឆ្ងាយ។ ជា​ឧទាហរណ៍ បុរាណវត្ថុវិទូ​ជន​ជាតិ​អង់គ្លេស​ម្នាក់​ឈ្មោះ​ហាវ៉ាត់ខាថឺ បាន​រក​ឃើញ​អ្វី​ដ៏​អស្ចារ្យ​មួយ​នៅ​ឆ្នាំ​១៩២២ ក្រោយ​ពី​បាន​ធ្វើ​ការ​យ៉ាង​ផ្ចិត​ផ្ចង់ ទាំង​រង​ទុក្ខវេទនា​អស់​ច្រើន​ទសវត្សរ៍​នៅ​កន្លែង​ពិបាក​រស់​នៅ។ គាត់​បាន​រក​ឃើញ​កន្លែង​បញ្ចុះ​សព​ស្តេច​អេស៊ីប​ឈ្មោះ​ធូថាន់ខាមិន។ កន្លែង​បញ្ចុះ​សព​នោះ​សឹង​ស្អាត​ដូច​ដើម ហើយ​មាន​វត្ថុ​បុរាណ​ជិត​ប្រាំ​ពាន់។

អ្វីដែល​លោក​ខាថឺ​បាន​រក​ឃើញ​មាន​ភាព​គួរ​ឲ្យ​ស្ងប់​ស្ញែង​មែន តែ​ឥឡូវ​វត្ថុ​បុរាណ​ភាគ​ច្រើន​ដែល​គាត់​បាន​រក​ឃើញ នោះ​ស្ថិត​ក្នុង​សារមន្ទីរ​ឬ​មនុស្ស​បាន​ទិញ​ទុក​ខ្លួន​ឯង។ វត្ថុ​បុរាណ​ទាំង​នោះ​ប្រហែលជា​ជួយ​មនុស្ស​ឲ្យ​រៀន​អំពី​ប្រវត្ដិសាស្ត្រ​ឬ​ផ្នែក​សិល្បៈ ប៉ុន្តែ​វត្ថុ​បុរាណ​ទាំង​នោះ​មាន​ឥទ្ធិពល​តិច ឬ​ក៏​គ្មាន​ឥទ្ធិពល​ទាល់​តែ​សោះ ទៅ​លើ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង។ ក៏​ប៉ុន្តែ បណ្ដាំ​របស់​ព្រះ​អញ្ជើញ​យើង​ឲ្យ​រក​អ្វី​ដ៏​ថ្លៃ​វិសេស​ដែល​ពិត​ជា​មាន​ឥទ្ធិពល​មក​លើ​យើង។ មនុស្ស​ទាំង​អស់​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ធ្វើ​ដូច្នេះ ហើយ​រង្វាន់​ដែល​យើង​អាច​ទទួល​គឺ​មានតម្លៃ​ច្រើន​ជាង​ទ្រព្យ​ណា​ក៏​ដោយ​ដែល​មាន​តម្លៃ​វិសេស។—សូម​អាន សុភាសិត ២:១​-​៦

៣​. ស្តី​អំពី​អ្វី​ដ៏​ថ្លៃ​វិសេស​ដែល​ព្រះ​យេហូវ៉ា​ដាស់​តឿន​អ្នក​គោរព​ប្រណិប័តន៍​លោក​ឲ្យ​ស្វែងរក តើ​អ្វី​ៗ​ទាំង​នោះ​មាន​ប្រយោជន៍​អ្វី​ខ្លះ?

សូម​ពិចារណា​តម្លៃ​នៃ​អ្វី​ដ៏​ថ្លៃ​វិសេស​ដែល​ព្រះ​យេហូវ៉ា​ដាស់​តឿន​អ្នក​គោរព​ប្រណិប័តន៍​លោក​ឲ្យ​ខំ​ស្វែងរក។ អ្វី​មួយ​ដែល​ព្រះ​ចង់​ឲ្យ​យើង​ស្វែងរក​គឺ​«​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា​»​ ជា​អ្វីដែល​អាច​ជួយ​ការពារ​យើង​នៅ​គ្រា​នេះ​ដែល​ពោរ​ពេញ​ទៅ​ដោយ​គ្រោះ​ថ្នាក់។ (​ទំនុក. ១៩:៩​) ការ​មាន​ចំណង​មេត្រី​ភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​ដ៏​ខ្ពស់​បំផុត​ជា​កិត្ដិយស​ធំ​ណាស់​ដែល​មនុស្ស​ណា​ក៏​ដោយ​អាច​មាន។ បើ​យើង​រក​ឃើញ​ចំណេះ​ដែល​នាំ​ឲ្យ​‹ស្គាល់​ព្រះ› យើង​អាច​មាន​កិត្ដិយស​ខ្ពង់​ខ្ពស់​បំផុត​ដែល​មនុស្ស​ជាតិ​អាច​មាន គឺ​ចំណង​មេត្រី​ភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​ដ៏​ខ្ពស់​បំផុត។ ណា​មួយ​ទៀត ការ​មាន​អ្វី​ដ៏​ថ្លៃ​វិសេស​ដែល​មក​ពី​ព្រះ ដូច​ជា​ប្រាជ្ញា ចំណេះ យោបល់​ឬ​សមត្ថភាព​វែក​ញែក នោះ​ជួយ​យើង​ឲ្យស៊ូ​ទ្រាំ​នឹង​បញ្ហា​ហើយ​កង្វល់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ (​សុភ. ៩:១០, ១១​) តើ​យើង​អាច​រក​ឃើញ​អ្វី​ដ៏​ថ្លៃ​វិសេស​ទាំង​នេះ​យ៉ាង​ដូច​ម្ដេច?

ចូរ​រក​អ្វី​ដ៏​ថ្លៃ​វិសេស​ដែល​មក​ពី​ព្រះ

៤​. តើ​យើង​អាច​រក​អ្វី​ដ៏​ថ្លៃ​វិសេស​ដែល​ព្រះ​សន្យាយ៉ាង​ដូច​ម្ដេច?

ជា​ញយ​ដង ពួក​បុរាណវត្ថុវិទូ​និង​ពួក​អ្នក​រុករ​ក​ឯ​ទៀត​ត្រូវ​ទៅ​គ្រប់​ទី​កន្លែង​ដើម្បី​រក​ទ្រព្យ​ថ្លៃ​វិសេស។ ប៉ុន្តែ យើង​មិន​បាច់​ធ្វើ​ដូច​ពួក​គាត់​ទេ ពីព្រោះ​យើង​ដឹង​ច្បាស់​ហើយ​ថា​កន្លែង​ណា​មានអ្វី​ដ៏​ថ្លៃ​វិសេស​ដែល​មក​ពី​ព្រះ។ បណ្ដាំ​របស់​ព្រះ​ដែល​ប្រៀប​ដូច​ជា​ផែនទី ចង្អុល​ប្រាប់​ចំ​កន្លែង​ដែល​យើង​អាច​រក​ឃើញ​អ្វី​ដ៏​ថ្លៃ​វិសេស​ដែល​ព្រះ​បាន​សន្យា។ សាវ័ក​ប៉ូល​បាន​សរសេរ​អំពី​គ្រិស្ត​ថា​៖ ​«​គ្រប់​ទាំង​ប្រាជ្ញា​និង​ចំណេះ​ដែល​ថ្លៃ​វិសេស​បាន​ត្រូវ​លាក់​ទុក​ក្នុង​លោក​»។ (​កូឡ. ២:៣​) ពេល​យើង​អាន​ពាក្យ​ទាំង​នោះ ប្រហែលជា​យើង​ឆ្ងល់​ថា ​‹ហេតុ​អ្វី​គប្បីឲ្យ​យើង​រក​អ្វីដែល​ថ្លៃ​វិសេស​នោះ? តើ​អ្វីដែល​ថ្លៃ​វិសេស​នោះ​«​លាក់​ទុក​ក្នុង​»​គ្រិស្ត​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​យើង​អាច​រក​អ្វីដែល​ថ្លៃ​វិសេស​នោះ​បាន​យ៉ាង​ណា?›។ ដើម្បី​ឆ្លើយ​សំណួរ​ទាំង​នេះ សូម​ឲ្យ​យើង​ពិនិត្យ​មើល​ពាក្យ​របស់​សាវ័ក​ប៉ូល​ឲ្យ​បាន​ដិត​ដល់។

៥​. ហេតុ​អ្វី​បាន​ជា​ប៉ូល​សរសេរ​អំពី​អ្វី​ដ៏​ថ្លៃ​វិសេស​ដែល​មក​ពី​ព្រះ?

ក្នុង​វគ្គ​មុន យើង​អាន​អ្វីដែល​ប៉ូល​បាន​សរសេរ​ទៅ​បង​ប្អូន​រួម​ជំនឿ​នៅ​ទី​ក្រុង​កូឡុស។ ប៉ូល​បាន​ប្រាប់​ពួក​គាត់​ថា គាត់​ខំ​តស៊ូ​សម្រាប់​បង​ប្អូន​ទាំង​អស់​នៅ​ទី​នោះ​«​ដើម្បីឲ្យ​ពួក​គាត់​ទទួល​ការ​សម្រាល​ទុក្ខ និង​ដើម្បីឲ្យ​ពួក​គាត់​មាន​សាមគ្គី​ភាព​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​»។ (​សូម​អាន កូឡុស ២:១, ២​) ហេតុ​អ្វី​បាន​ជា​ប៉ូល​ខ្វល់ខ្វាយ​ម្ល៉េះ? តាម​មើល​ទៅ ប៉ូល​ដឹង​ថា​មាន​បង​ប្អូន​រួម​ជំនឿ​ខ្លះ​នៅ​ទី​នោះ​ដែល​បាន​លើក​តម្កើង​ទស្សនវិជ្ជា​ក្រិច ឬ​ជំរុញ​ឲ្យ​បង​ប្អូន​រួម​ជំនឿ​ឯ​ទៀត​គោរព​ក្រឹត្យ​វិន័យ​ម៉ូសេ​វិញ។ ទាំង​អស់​នេះ​ប្រហែលជា​មាន​ឥទ្ធិពល​ទៅ​លើ​បង​ប្អូន​រួម​ជំនឿ​នៅ​ទី​ក្រុង​កូឡុស។ ដូច្នេះ ប៉ូល​បាន​ព្រមាន​បង​ប្អូន​រួម​ជំនឿ​ទាំង​នោះ​យ៉ាង​ខ្លាំង​ថា​៖ ​«​ចូរ​ប្រយ័ត្ន! ក្រែង​លោ​មាន​អ្នក​ណា​ចាប់​យក​អ្នក​រាល់​គ្នា​ធ្វើ​ជា​ចំណី តាម​រយៈ​ទស្សនវិជ្ជា​និង​ការ​បោក​បញ្ឆោត​អសារ​ឥត​ការ ដែល​មាន​មូលដ្ឋាន​លើ​ទំនៀម​ទម្លាប់​របស់​មនុស្ស និង​បឋម​សេចក្ដី​របស់​ពិភព​លោក​នេះ មិន​មែន​មាន​មូលដ្ឋាន​លើ​គ្រិស្ត​ឡើយ​»។—កូឡ. ២:៨

៦​. ហេតុ​អ្វី​បាន​ជា​គប្បីឲ្យ​យើង​ចាប់​អារម្មណ៍​នឹង​ដំបូន្មាន​របស់​ប៉ូល?

សព្វ​ថ្ងៃ យើង​ក៏​ជួប​ប្រទះ​ឥទ្ធិពល​ស្រ​ដៀង​គ្នា​ដែរ​ពី​សាថាន​និង​របប​អាក្រក់​របស់​វា។ ទ្រឹស្តី​របស់​ពិភព​លោក​នេះ រួម​ទាំង​ទ្រឹស្តី​វិវត្តន៍ និង​គំនិត​ដែល​ថា​មនុស្ស​អាច​មាន​សុភមង្គល​ដោយ​មិន​ចាំ​បាច់​មាន​សាសនា បាន​ដឹក​នាំ​គំនិត សីលធម៌ គោលដៅ និង​ជីវភាព​រស់​នៅ​របស់​មនុស្ស។ បុណ្យ​ជា​ច្រើន​ដែល​មនុស្ស​និយម​ធ្វើ​គឺ​ជាប់​ពាក់​ព័ន្ធ​នឹង​សាសនា​មិន​ពិត។ នាទី​កម្សាន្ត​ខំ​បំពេញ​ក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង​របស់​មនុស្ស ហើយ​ព័ត៌មាន​ជា​ច្រើន​ដែល​មាន​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិតអាច​មាន​ឥទ្ធិពល​អាក្រក់​ទៅ​លើ​ចិត្ត​គំនិត​របស់​មនុស្ស​គ្រប់​វ័យ។ បើ​យើង​តែង​តែ​ស្ថិត​ក្នុង​បរិយាកាស​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ ឬ​អំពើ​មិន​ល្អ​ឯ​ទៀត​របស់​ពិភព​លោក​នេះ អ្វី​ៗ​ទាំង​នោះ​អាចប៉ះពាល់​លើ​ចិត្ត​គំនិត​របស់​យើងចំពោះ​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​ឲ្យ​យើង​ចាប់​លែង​ជាប់​នូវ​ជីវិត​ដ៏​ពិត​ប្រាកដ។ (​សូម​អាន ធីម៉ូថេទី១ ៦:១៧​-​១៩​) យ៉ាង​ច្បាស់​ណាស់ ប្រសិនបើ​យើង​មិន​ចង់​ជាប់​អន្ទាក់របស់​សាថាន នោះ​យើង​ត្រូវ​យល់​អត្ថន័យ​នៃ​ពាក្យ​របស់​ប៉ូល​ដែល​គាត់​បាន​សរសេរ​ជូន​បង​ប្អូន​រួម​ជំនឿ​នៅ​ទី​ក្រុង​កូឡុស ហើយ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាម​ដំបូន្មាន​របស់​គាត់​ផង។

៧​. តើ​ប៉ូល​បាន​រៀប​រាប់​ចំណុច​ពីរ​ណា​ដែល​នឹង​ជួយ​បង​ប្អូន​រួម​ជំនឿ​នៅ​ទី​ក្រុង​កូឡុស?

ប្រសិនបើ​យើង​ពិនិត្យ​មើល​ម្ដង​ទៀត​នូវ​ពាក្យ​ដែល​ប៉ូល​បាន​សរសេរ​ទៅ​បង​ប្អូន​រួម​ជំនឿ​នៅ​ក្រុង​កូឡុស យើង​ឃើញ​ថា​ប៉ូល​បាន​រៀប​រាប់​អំពី​កង្វល់​ដែល​គាត់​មាន​ចំពោះ​ពួក​គាត់។ បន្ទាប់​មក ប៉ូល​ចង្អុល​ប្រាប់​អំពី​ចំណុច​ពីរ​យ៉ាង​ដែល​នឹង​ជួយ​ពួក​គាត់​ឲ្យ​ទទួល​ការ​សម្រាល​ទុក្ខ ហើយ​មាន​សាមគ្គី​ភាព​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។ មុន​ដំបូង គាត់​រៀប​រាប់​អំពី​«​ការ​យល់​ដឹង​ដ៏​ច្បាស់​និង​ពិត​ប្រាកដ​»។ ពួក​គាត់​ត្រូវ​តែ​ជឿ​ជាក់​ថា ពួក​គាត់​មាន​ការ​យល់​ដឹង​ត្រឹម​ត្រូវ​អំពី​បទ​គម្ពីរ ដើម្បីឲ្យ​ជំនឿ​របស់​ពួក​គាត់​មាន​មូលដ្ឋាន​រឹង​មាំ។ (​ហេ. ១១:១​) បន្ទាប់​មក ប៉ូល​រៀប​រាប់​អំពី​«​ចំណេះ​ត្រឹម​ត្រូវ​អំពី​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​របស់​ព្រះ​»។ ពួក​គាត់​ត្រូវ​យល់​ច្បាស់​អំពី​សេចក្ដី​ជ្រាល​ជ្រៅ​របស់​ព្រះ មិន​គ្រាន់តែ​ស្គាល់បឋម​សេចក្ដី​ប៉ុណ្ណោះ​ទេ។ ​(​ហេ. ៥:១៣, ១៤​) នេះ​ពិត​ជា​ដំបូន្មាន​ល្អ​មែន! សម្រាប់​បង​ប្អូន​រួម​ជំនឿ​នៅ​ទី​ក្រុង​កូឡុស​និង​សម្រាប់​យើង​សព្វ​ថ្ងៃ​នេះ​ដែរ។ ប៉ុន្តែ តើ​យើង​អាច​មាន​ការ​យល់​ដឹង​ច្បាស់​លាស់​និង​ចំណេះ​ត្រឹម​ត្រូវ​បាន​យ៉ាង​ដូច​ម្ដេច? ប៉ូល​បាន​ពន្យល់​វិធីដែល​យើង​អាច​ទទួល​បាន តាម​រយៈ​ពាក្យ​របស់​គាត់​អំពី​លោក​យេស៊ូ​គ្រិស្ត​ដែល​មាន​ន័យ​ជ្រៅ គាត់​និយាយ​ថា​៖ ​«​គ្រប់​ទាំង​ប្រាជ្ញា​និង​ចំណេះ​ដែល​ថ្លៃ​វិសេស​បាន​ត្រូវ​លាក់​ទុក​ក្នុង​លោក​»។

អ្វី​ដ៏​ថ្លៃ​វិសេស​ដែល​«​បាន​ត្រូវ​លាក់​ទុក​ក្នុង​»​គ្រិស្ត

៨​. សូម​ពន្យល់​អត្ថន័យ​នៃ​ពាក្យ​ដែល​ថា ​«​លាក់​ទុក​ក្នុង​»​គ្រិស្ត។

ពាក្យ​ដែល​ថា​គ្រប់​ទាំង​ប្រាជ្ញា​និង​ចំណេះ​ដែល​ថ្លៃ​វិសេស​«​បាន​ត្រូវ​លាក់​ទុក​ក្នុង​»​គ្រិស្ត មិន​មាន​ន័យ​ថា​ប្រាជ្ញា​និង​ចំណេះ​ដែល​ថ្លៃ​វិសេស​នោះ គឺ​ប្រៀប​ដូច​ជា​របស់​ដែល​នៅ​ក្នុង​ទូ​ចាក់​សោ​ដែល​គ្មាន​អ្នក​ណា​អាចយ​ក​បាន​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ នេះ​បាន​សេចក្ដី​ថា​យើង​ត្រូវខំ​ប្រឹង ហើយ​ត្រូវ​ប្រមូល​អារម្មណ៍​ទៅ​លើ​លោក​យេស៊ូ​គ្រិស្ត ទើប​បាន​ទទួល​អ្វីដែល​ថ្លៃ​វិសេស​នោះ។ នេះ​គឺ​សម​ស្រប​នឹង​អ្វីដែល​លោក​យេស៊ូ​រៀប​រាប់​អំពី​ខ្លួន​លោក ពេល​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដី​ពិត និង​ជា​ជីវិត។ គ្មាន​អ្នក​ណា​អាចម​ក​ឯ​បិតា​នៅ​ស្ថាន​សួគ៌​បាន​ឡើយ លើក​លែង​តែ​អ្នក​នោះ​មក​តាម​ខ្ញុំ​»។ (​យ៉ូន. ១៤:៦​) ត្រូវ​ហើយ ដើម្បី​បាន​ចំណេះ​អំពី​ព្រះ យើង​ត្រូវ​ការ​ជំនួយ​និង​ការ​ណែនាំ​ដែល​លោក​យេស៊ូ​ផ្ដល់​ឲ្យ។

៩​. តើ​លោក​យេស៊ូ​មាន​តួនាទី​អ្វី​ខ្លះ?

លោក​យេស៊ូ​មិន​គ្រាន់តែ​ជា​«​ផ្លូវ​»​ទេ តែ​លោក​មាន​ប្រសាសន៍​ថា​ខ្លួន​លោក​ជា​«​សេចក្ដី​ពិត និង​ជា​ជីវិត​»។ នេះ​បញ្ជាក់​ថា តួនាទី​របស់​លោក​មិន​គ្រាន់តែ​ជា​ផ្លូវ​ឬ​ជា​វិធី​ដើម្បី​មនុស្ស​អាច​ចូល​ទៅ​ជិត​បិតា​នៅ​ស្ថាន​សួគ៌​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​មាន​តួនាទី​សំខាន់​ឯ​ទៀត​ដែល​ជួយ​យើង​យល់​សេចក្ដី​ពិត​ក្នុង​គម្ពីរ និង​ជួយ​យើង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ ពិត​ណាស់ អ្វី​ដ៏​ថ្លៃ​វិសេស​ដែល​មាន​តម្លៃ​កាត់​ថ្លៃ​ពុំ​បាន បាន​ត្រូវ​លាក់​ទុក​ក្នុង​លោក​យេស៊ូ ហើយ​មនុស្ស​ដែល​រៀន​គម្ពីរ​យ៉ាង​ដិត​ដល់​អាច​រក​ឃើញ​បាន។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​អ្វី​ដ៏​ថ្លៃ​វិសេស​ខ្លះ​ៗ​ដែល​មាន​ឥទ្ធិពល​ទៅ​លើ​អនាគត និង​ចំណង​មេត្រី​ភាព​របស់​យើង​ជា​មួយ​ព្រះ។

១០​. តើ​យើង​អាច​រៀន​អ្វី​អំពី​លោក​យេស៊ូ​ពី​សៀវភៅ​កូឡុស ១:១៩ និង​២:៩?

១០«​គុណ​សម្បត្ដិ​របស់​ព្រះ​នៅ​ក្នុង​លោក​បាន​ពេញ​ខ្នាត​»។ (​កូឡ. ១:១៩; ២:៩​) លោក​យេស៊ូ​ស្គាល់​បុគ្គលិក​លក្ខណៈ​និង​បំណង​ប្រាថ្នា​របស់​ព្រះ​ច្បាស់​ជាង​គេ ពីព្រោះ​លោក​បាន​រស់​នៅ​ជា​មួយ​បិតា​នៅ​ស្ថាន​សួគ៌​អស់​រាប់​លាន​ឆ្នាំ។ ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​លោក​យេស៊ូ​នៅ​ផែនដី លោក​បង្រៀន​អ្នក​ឯ​ទៀត​អំពី​អ្វីដែល​បិតា​នៅ​ស្ថាន​សួគ៌​បាន​បង្រៀន​លោក ហើយ​បាន​បង្ហាញ​លក្ខណៈ​របស់​បិតា​ដោយ​ការ​ប្រព្រឹត្ត។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​យេស៊ូ​អាច​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ណា​ដែល​បាន​ឃើញ​ខ្ញុំ អ្នក​នោះ​បាន​ឃើញ​បិតា​ដែល​នៅ​ស្ថាន​សួគ៌​ហើយ​»។ (​យ៉ូន. ១៤:៩​) គ្រប់​ទាំង​ប្រាជ្ញា​និង​ចំណេះ​អំពី​ព្រះ​បាន​ត្រូវ​លាក់​ទុក​ឬ​មាន​នៅ​ក្នុង​គ្រិស្ត។ ដូច្នេះ វិធី​ល្អ​បំផុត​ដើម្បី​រៀន​អំពី​ព្រះ​យេហូវ៉ា គឺ​យើង​ត្រូវ​រៀន​ឲ្យ​ដិត​ដល់​នូវ​អ្វី​ៗ​ទាំង​អស់​ដែល​យើង​អាច​រៀន​បាន​អំពី​លោក​យេស៊ូ។

១១​. តើ​លោក​យេស៊ូ​និង​ទំនាយ​ដែល​មាន​ក្នុង​គម្ពីរ​ពាក់​ព័ន្ធ​គ្នា​យ៉ាង​ណា?

១១«​ការ​ធ្វើ​ជា​សាក្សី​អំពី​លោក​យេស៊ូ ជា​គោល​បំណង​នៃ​ការ​ប្រកាស​ទំនាយ​»។ (​បប. ១៩:១០​) ពាក្យ​ទាំង​នោះ​បញ្ជាក់​ថា លោក​យេស៊ូ​ជា​បុគ្គល​សំខាន់​បំផុត​ក្នុង​ការ​សម្រេច​នៃ​ទំនាយ​ជា​ច្រើន​ដែល​មាន​ក្នុង​គម្ពីរ។ តាំង​ពី​ពេល​ព្រះ​យេហូវ៉ា​ប្រកាស​ទំនាយ​ដំបូង​ដែល​បាន​កត់​ទុក​នៅ​សៀវភៅ​លោកុប្បត្តិ ៣:១៥ រហូត​ដល់​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​ដែល​ត្រូវ​រៀប​រាប់​នៅ​សៀវភៅការ​បើក​បង្ហាញ នោះ​យើង​អាច​យល់​ត្រឹម​ត្រូវ​នូវ​ទំនាយ​ក្នុង​គម្ពីរ​បាន បើ​សិន​យើង​គិត​អំពី​តួនាទី​របស់​លោក​យេស៊ូ​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​រាជាណាចក្រ​នៃ​មេស្ស៊ី។ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​ដែល​មិន​ទទួល​ស្គាល់​លោក​យេស៊ូ​ជា​មេស្ស៊ី​ដែល​ព្រះ​សន្យា​ថា​នឹង​លេច​មក នោះ​ពិបាក​យល់​ទំនាយ​ជា​ច្រើន​ដែល​មាន​ក្នុង​បទ​គម្ពីរ​ជា​ភាសា​ហេប្រឺ។ ម្យ៉ាង​ទៀត ដោយ​សារ​បទ​គម្ពីរ​ជា​ភាសា​ហេប្រឺ​មាន​ទំនាយ​ជា​ច្រើន​អំពី​មេស្ស៊ី នោះ​មនុស្ស​ដែល​គិត​ថា​បទ​គម្ពីរ​ភាសា​ហេប្រឺ​គ្មាន​តម្លៃ ចាត់​ទុក​ថា​លោក​យេស៊ូ​គ្រាន់តែ​ជា​មនុស្ស​ល្អ​ម្នាក់​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ ចំណេះ​អំពី​លោក​យេស៊ូ​ជួយ​រាស្ត្រ​របស់​ព្រះ​ឲ្យ​យល់​អត្ថន័យ​នៃ​ទំនាយ​ក្នុង​គម្ពីរ​ដែល​មិន​ទាន់​បាន​សម្រេច។—២កូ. ១:២០

១២, ១៣​. (​ក​) តើ​លោក​យេស៊ូ​ជា​«​ពន្លឺ​បំភ្លឺ​ពិភព​លោក​»​យ៉ាង​ដូច​ម្ដេច? (​ខ​)​ ដោយ​សារ​អ្នក​កាន់​តាម​របស់​គ្រិស្ត​បាន​ត្រូវ​រំដោះ​ពី​សេចក្ដី​ងងឹត​ខាង​សាសនា តើ​ពួក​គេ​មាន​ភារកិច្ច​ធ្វើ​អ្វី?

១២«​ខ្ញុំ​ជា​ពន្លឺ​បំភ្លឺ​ពិភព​លោក​»។ (​សូម​អាន យ៉ូហាន ៨:១២; ៩:​៥​) ច្រើន​ឆ្នាំ​មុន​កំណើត​របស់​លោក​យេស៊ូ​នៅ​ផែនដី អេសាយ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ពោល​ថា​៖ ​«​ឯ​បណ្ដា​ជន​ដែល​ដើរ​ក្នុង​សេចក្ដី​ងងឹត គេ​បាន​ឃើញ​ពន្លឺ​យ៉ាង​ធំ។ ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក​នៃ​ម្លប់​សេចក្ដី​ស្លាប់ គេ​មាន​ពន្លឺ​ភ្លឺ​មក​លើ​គេ​ហើយ​»។ (​អេ. ៩:​២​) សាវ័ក​ម៉ាថាយ​ពន្យល់​ថា​លោក​យេស៊ូ​បាន​សម្រេច​ទំនាយ​នោះ ពេល​លោក​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ ហើយ​ពេល​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត ព្រោះ​រាជាណាចក្រ​ស្ថាន​សួគ៌​គឺ​ជិត​ដល់​ហើយ​»។ (​ម៉ាថ. ៤:១៦, ១៧​) កិច្ច​បម្រើ​ផ្សាយ​របស់​លោក​យេស៊ូ​បាន​បំភ្លឺ​ភ្នែក​បណ្ដា​ជន ហើយ​រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​ការ​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​សាសនា​ដែល​មាន​សេចក្ដី​បង្រៀន​មិន​ពិត។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​បាន​មក​ដើម្បី​ធ្វើ​ជា​ពន្លឺ​ក្នុង​ពិភព​លោក​នេះ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ដែល​ជឿ​លើ​ខ្ញុំ​ស្ថិត​ក្នុង​ភាព​ងងឹត​ត​ទៅ​ទៀត​»។—យ៉ូន. ១:៣​-​៥; ១២:៤៦

១៣ ច្រើន​ឆ្នាំ​ក្រោយ​មក សាវ័ក​ប៉ូល​បាន​ប្រាប់​បង​ប្អូន​រួម​ជំនឿ​ថា​៖ ​«​អ្នក​រាល់​គ្នា​ធ្លាប់​ជា​ភាព​ងងឹត តែ​ឥឡូវ​ជា​ពន្លឺ​វិញ ពីព្រោះ​អ្នក​រាល់​គ្នា​ជា​របស់​លោក​ម្ចាស់។ ចូរ​បន្ត​រស់​នៅ​ជា​កូន​នៃ​ពន្លឺ​»។ (​អេភ. ៥:៨​) ដោយ​សារ​ពួក​គ្រិស្ត​សាសនិក​បាន​ត្រូវ​រំដោះ​ពី​សេចក្ដី​ងងឹត​ខាង​សាសនា នោះ​ពួក​គេ​មាន​ភារកិច្ច​រស់​នៅ​ជា​កូន​នៃ​ពន្លឺ។ នេះ​គឺ​សម​ស្រប​នឹង​អ្វីដែល​លោក​យេស៊ូ​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ក្នុង​ធម្មទាន​នៅ​លើ​ភ្នំ ពេល​លោក​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ពន្លឺ​របស់​អ្នក។ យ៉ាង​នោះ ពួក​គេ​នឹង​សរសើរ​បិតា​របស់​អ្នក​ដែល​នៅ​ស្ថាន​សួគ៌ ពេល​ដែល​ឃើញ​ការ​ល្អ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​»។ (​ម៉ាថ. ៥:១៦​) តើ​អ្នក​គិត​ថា​អ្វី​ដ៏​ថ្លៃ​វិសេស​ដែល​អ្នកបាន​រក​ឃើញ​ក្នុង​លោក​យេស៊ូ​មាន​តម្លៃ​ច្រើន​ទេ? តើ​អ្នក​គិត​ថា​អ្វី​ទាំង​នេះ​មាន​តម្លៃ​ច្រើន​ដល់​ម្ល៉េះ​ដែល​អ្នក​ចង់​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​ដោយ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​ឲ្យ​ខំ​រក​អ្វីដែល​ថ្លៃ​វិសេស​ដែរ​ទេ?

១៤, ១៥​. (​ក​) តើ​សត្វ​ចៀម​និង​សត្វ​ឯ​ទៀត​បាន​ត្រូវ​ប្រើ​យ៉ាង​ណា​ក្នុង​ការ​គោរព​ប្រណិប័តន៍​ដ៏​ពិត​នៅ​សម័យ​គម្ពីរ? (​ខ​)​ ហេតុ​អ្វី​បាន​ជា​លោក​យេស៊ូ​ជា​អ្វី​ដ៏​ថ្លៃ​វិសេស​ដែល​ប្រៀប​ផ្ទឹម​ពុំ​បាន​ក្នុង​តួនាទី​ជា​«​កូន​ចៀម​របស់​ព្រះ​»​?

១៤លោក​យេស៊ូ​ជា​«​កូន​ចៀម​របស់​ព្រះ​»។ (​យ៉ូន. ១:២៩, ៣៦​) ក្នុង​គម្ពីរ​ទាំង​មូល ចៀម​គឺជា​សត្វ​ដ៏​សំខាន់​មួយ​ដែល​គេ​បាន​ប្រើ​ដើម្បី​សូមព្រះ​អភ័យទោស​ភាព​ខុស​ឆ្គង ហើយ​ដើម្បី​ចូល​ទៅ​ជិត​ព្រះ។ ជា​ឧទាហរណ៍ ក្រោយ​ពី​ពេល​អាប្រាហាំ​បង្ហាញ​ថា គាត់​សុខ​ចិត្ត​បូជា​កូន​របស់​គាត់​ឈ្មោះ​អ៊ីសាក នោះ​ព្រះ​បាន​ប្រាប់​គាត់​ថា​មិន​ឲ្យលូក​ដៃ​ទៅ​ពាល់​អ៊ីសាក​ឡើយ ហើយ​លោក​ផ្ដល់​ចៀម​ឈ្មោល​មួយ​ជំនួសវិញ។ (​លោ. ២២:១២, ១៣​) ពេល​បណ្ដា​ជន​អ៊ីស្រាអែល​បាន​ត្រូវ​រំដោះ​ចេញ​ពី​ប្រទេស​អេស៊ីប នោះ​សត្វ​ចៀម​មាន​មុខ​នាទី​សំខាន់​ម្ដង​ទៀត គឺជា​ផ្នែក​នៃ​«​ដំណើរ​រំលង​ព្រះ​យេហូវ៉ា​»​ឬ​បុណ្យ​រំលង​របស់​ព្រះ​យេហូវ៉ា។ (​និក្ខ. ១២:១​-​១៣​) ម្យ៉ាង​ទៀត ក្រោម​ក្រឹត្យ​វិន័យ​ម៉ូសេ បណ្ដា​ជន​អាច​ប្រើ​សត្វ​ផ្សេង​ៗ​ដើម្បី​ធ្វើ​ជា​គ្រឿង​បូជា រួម​ទាំង​សត្វ​ចៀម​និង​សត្វ​ពពែ​ដែរ។—និក្ខ. ២៩:៣៨​-​៤២; លេវី. ៥:៦, ៧

១៥ តាម​ពិត គ្រឿង​បូជា​ទាំង​នោះ​ឬ​គ្រឿង​បូជា​ណា​ដែល​មនុស្ស​ធ្វើ​ក្ដី នោះ​មិន​អាច​ប្រោស​យើង​ឲ្យ​រួច​ពី​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់​ជា​រៀង​រហូត​បាន​ឡើយ។ (​ហេ. ១០:១​-​៤​) ផ្ទុយ​ទៅ​វិញ លោក​យេស៊ូ​ជា​«​កូន​ចៀម​របស់​ព្រះ​ដែល​ដក​យក​ភាព​ខុស​ឆ្គង​របស់​ពិភព​លោក​ចេញ​»។ ការ​ពិត​នេះ​ធ្វើ​ឲ្យ​លោក​យេស៊ូ​វិសេស​ជាង​កំណប់​ទ្រព្យ​ណា​ក៏​ដោយ​ដែល​គេ​បាន​រក​ឃើញ។ ហេតុ​នេះ​ហើយ​បាន​ជាយ​ក​ល្អ​ឲ្យ​យើង​ចំណាយ​ពេល​សិក្សា​យ៉ាង​ដិត​ដល់​អំពី​ថ្លៃ​លោះ ហើយ​មាន​ជំនឿ​ទៅ​លើ​ការ​រៀប​ចំ​ដ៏​អស្ចារ្យ​នោះ។ ប្រសិនបើ​យើង​ធ្វើ​ដូច្នេះ នោះ​យើង​មាន​សេចក្ដី​សង្ឃឹម​ទទួល​ពរ​និង​រង្វាន់​ដ៏​ល្អ​ក្រៃ​លែង ពោល​គឺ​សិរី​រុងរឿង​និង​កិត្ដិយស​ជា​មួយ​គ្រិស្ត​នៅ​ស្ថាន​សួគ៌​សម្រាប់​«​ហ្វូង​តូច​»​ ហើយ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ក្នុង​សួន​ឧទ្យាន​នៅ​ផែនដី​សម្រាប់​«​ចៀម​ឯ​ទៀត​»។—លូក. ១២:៣២; យ៉ូន. ៦:៤០, ៤៧; ១០:១៦

១៦, ១៧​. ហេតុ​អ្វី​សំខាន់​ចាំ​បាច់​ឲ្យ​យើង​យល់​តួនាទី​របស់​លោក​យេស៊ូ​ជា​«​មេ​ដឹក​នាំ​ដែល​ធ្វើ​ឲ្យ​យើង​មាន​ជំនឿ​ហើយ​ធ្វើ​ឲ្យ​ជំនឿ​របស់​យើង​បាន​ពេញ​លក្ខណៈ​»​?

១៦លោក​យេស៊ូ​ជា​«​មេ​ដឹក​នាំ​ដែល​ធ្វើ​ឲ្យ​យើង​មាន​ជំនឿ​ហើយ​ធ្វើ​ឲ្យ​ជំនឿ​របស់​យើង​បាន​ពេញ​លក្ខណៈ​»។ (​សូម​អាន ហេប្រឺ ១២:១, ២​) នៅ​សៀវភៅ​ហេប្រឺ​ជំពូក​ទី​១១ ប៉ូល​បាន​រៀប​រាប់​យ៉ាង​ប៉ិនប្រសប់​អំពី​ជំនឿ។ ក្នុង​ជំពូក​នោះ​គាត់​បាន​ពន្យល់យ៉ាង​ខ្លី​អំពី​ជំនឿ ព្រម​ទាំង​បាន​រាយ​នាម​ឈ្មោះ​របស់​បង​ប្អូន​ប្រុស​ស្រីដែល​បានរស់​នៅ​ស្រប​តាម​ជំនឿ​របស់​ពួក​គេ​ដូច​ជា​ណូអេ អាប្រាហាំ សារ៉ា និង​រ៉ាហាប។ ប៉ូល​បាន​គិត​អំពី​ចំណុច​ទាំង​នោះ ពេល​គាត់​ដាស់​តឿន​បង​ប្អូន​រួម​ជំនឿ​ឲ្យ​«​សម្លឹង​មើល​ទៅ​លោក​យេស៊ូ ជា​មេ​ដឹក​នាំ​ដែល​ធ្វើ​ឲ្យ​យើង​មាន​ជំនឿ​ហើយ​ធ្វើ​ឲ្យ​ជំនឿ​របស់​យើង​បាន​ពេញ​លក្ខណៈ​»។ ហេតុ​អ្វី​បាន​ប៉ូល​ចង់​ឲ្យ​យើង​សម្លឹង​មើល​ទៅ​លោក​យេស៊ូ?

១៧ បង​ប្អូន​ប្រុស​ស្រី​ដ៏​ស្មោះ​ត្រង់​ដែល​មាន​ឈ្មោះ​កត់​ទុក​ក្នុង​សៀវភៅ​ហេប្រឺ​ជំពូក​ទី​១១ ច្បាស់​ជា​មាន​ជំនឿ​ខ្លាំង​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ។ ប៉ុន្តែ ពួក​គាត់​មិន​ដឹង​រឿង​ល្អិត​ល្អន់​ទាំង​អស់​អំពី​របៀប​ដែល​ព្រះ​នឹង​សម្រេច​សេចក្ដី​សន្យា​របស់​លោក តាម​រយៈ​អ្នក​ដែល​ជា​មេស្ស៊ី​និង​តាម​រយៈ​រាជាណាចក្រ​របស់​លោក។ ក្នុង​ន័យ​នេះ ពួក​គាត់​មិន​មាន​ជំនឿ​ដែល​ពេញ​លក្ខណៈ​ទេ។ តាម​ពិត សូម្បីតែ​អ្នក​ដែល​ព្រះ​យេហូវ៉ា​ប្រើ​ដើម្បី​សរសេរ​ទំនាយ​ជា​ច្រើន​អំពី​មេស្ស៊ី ក៏​មិន​បាន​យល់​ច្បាស់​នូវ​សារៈសំខាន់​នៃ​អ្វីដែល​ពួក​គាត់​បាន​សរសេរ​ដែរ។ (​១ពេ. ១:១០​-​១២​) ពិត​មែន គឺ​តាម​រយៈ​លោក​យេស៊ូ​តែ​មួយ​គត់​ទេ ដែល​ជំនឿ​របស់​យើង​អាច​ទៅ​ជា​ពេញ​លក្ខណៈ​បាន។ ដូច្នេះ គឺ​សំខាន់​ណាស់​ឲ្យ​យើង​យល់​ច្បាស់​និង​ទទួល​ស្គាល់​តួនាទី​របស់​លោក​យេស៊ូ ជា​«​មេ​ដឹក​នាំ​ដែល​ធ្វើ​ឲ្យ​យើង​មាន​ជំនឿ​ហើយ​ធ្វើ​ឲ្យ​ជំនឿ​របស់​យើង​បាន​ពេញ​លក្ខណៈ​»​!

ចូរ​រក​ឥត​ឈប់

១៨, ១៩​. (​ក​) សូម​រៀប​រាប់​អ្វី​ដ៏​វិសេស​ឯ​ទៀត​ដែល​បាន​ត្រូវ​លាក់​ទុក​ក្នុង​គ្រិស្ត។ (​ខ​) ហេតុ​អ្វី​បាន​ជា​គប្បីឲ្យ​យើង​បន្ត​ពឹង​ទៅ​លើ​លោក​យេស៊ូ​ដើម្បីទទួល​អ្វី​ដ៏​វិសេស?

១៨ យើង​បាន​ពិចារណា​តួនាទី​ដ៏​សំខាន់​មួយ​ចំនួន​ដែល​លោក​យេស៊ូ​មាន​ក្នុង​គោល​បំណង​របស់​ព្រះ​ដែល​ទាក់​ទង​នឹង​ការ​សង្គ្រោះមនុស្ស​លោក។ ប៉ុន្តែ នៅ​តែ​មាន​អ្វី​ដ៏​វិសេស​ឯ​ទៀត​ដែល​បាន​ត្រូវ​លាក់​ទុក​ក្នុង​គ្រិស្ត។ ការ​រក​ឃើញ​អ្វី​ៗ​ទាំង​នោះ​នឹង​នាំ​ឲ្យ​យើង​រំភើប​ចិត្ត​និង​ទទួលប្រយោជន៍។ ជា​ឧទាហរណ៍ សាវ័ក​ពេត្រុស​បាន​ហៅ​លោក​យេស៊ូ​ថា ​«​មេ​ដឹក​នាំ​ដែល​ផ្ដល់​ជីវិត​»​និង​«​ផ្កាយ​ព្រឹក​»​ដែល​រះ​ឡើង។ (​សកម្ម. ៣:១៥; ៥:៣១; ២ពេ. ១:១៩​) ណា​មួយ​ទៀត គម្ពីរ​បាន​ប្រើ​ពាក្យ​«​អាមេន​»​ដើម្បី​សំដៅ​ទៅ​លើ​លោក​យេស៊ូ។ (​បប. ៣:​១៤​) តើ​អ្នក​យល់​អត្ថន័យ​និង​សារៈសំខាន់​នៃ​តួនាទី​ទាំង​នោះ​ទេ? ដូច​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា បើ​អ្នក​«​រក​ឥត​ឈប់ នោះ​អ្នក​នឹង​រក​ឃើញ​»។—ម៉ាថ. ៧:៧

១៩ ក្នុង​ប្រវត្ដិសាស្ត្រ គ្មាន​មនុស្ស​ណា​ម្នាក់​មាន​ជីវិត​ដែល​មាន​ន័យ​ជ្រៅ​ជាង​ជីវិត​របស់​លោក​យេស៊ូ​ទេ ហើយ​បើ​គិត​អំពី​ការ​ជួយ​យើង​ឲ្យ​បាន​ប្រយោជន៍​ជា​រៀង​រហូត គ្មាន​អ្នក​ណា​មាន​តួនាទី​សំខាន់​ជាង​លោក​យេស៊ូ​ឡើយ។ ក្នុង​លោក​យេស៊ូ​គឺ​មាន​អ្វី​ដ៏​ថ្លៃ​វិសេស​ដែល​អស់​អ្នក​ដែល​មាន​ចិត្ត​ស្មោះ​អាច​រក​ឃើញ​បាន​យ៉ាង​ងាយ។ សូម​ឲ្យ​អ្នក​មាន​អំណរ​និង​បាន​ពរ​ក្នុង​ការ​រក​អ្វី​ដ៏​ថ្លៃ​វិសេស​ដែល​«​បាន​ត្រូវ​លាក់​ទុក​ក្នុង​លោក​»។

តើ​អ្នក​នៅ​ចាំ​ទេ?

• តើ​ពួក​គ្រិស្ត​សាសនិក​បាន​ត្រូវ​ដាស់​តឿន​ឲ្យ​រក​អ្វីដែលថ្លៃ​វិសេស​នោះ?

• ហេតុ​អ្វី​ដំបូន្មាន​របស់​ប៉ូល​សម្រាប់​បង​ប្អូន​រួម​ជំនឿ​នៅ​ទី​ក្រុង​កូឡុស នៅ​តែ​សម​ត្រឹម​ត្រូវ​សម្រាប់​យើងសព្វ​ថ្ងៃ​នេះ​ដែរ?

• សូម​ពន្យល់​និង​រៀប​រាប់​អំពី​អ្វី​ដ៏​ថ្លៃ​វិសេស​ខ្លះ​ៗ​ដែល​«​បាន​ត្រូវ​លាក់​ទុក​ក្នុង​»​គ្រិស្ត។

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​១០]

គម្ពីរ​គឺ​ដូច​ជា​ផែនទីដែល​នាំ​យើង​ឲ្យ​រក​ឃើញ​អ្វី​ដ៏​ថ្លៃ​វិសេស​ដែល​«​បាន​ត្រូវ​លាក់​ទុក​ក្នុង​»​គ្រិស្ត