លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មូលហេតុដែលគម្ពីរមានប្រយោជន៍នៅសម័យយើង

មូលហេតុដែលគម្ពីរមានប្រយោជន៍នៅសម័យយើង

មូលហេតុ​ដែល​គម្ពីរ​មាន​ប្រយោជន៍​នៅ​សម័យ​យើង

​«​គ្រប់​ទាំង​បទ​គម្ពីរ​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ ហើយ​មាន​ប្រយោជន៍​»។—​ធីម៉ូថេទី២ ៣:១៦

តាំង​ពី​សម័យ​បុរាណ គម្ពីរ​បាន​ជំរុញ​ទឹក​ចិត្ត​មនុស្ស​គ្រប់​សាសន៍​ឲ្យ​កែប្រែ​ជីវិត​បាន​ល្អ​ប្រសើរ​ជាង។ បទ​គម្ពីរ​ខាង​លើ​នេះ​ពន្យល់​មូលហេតុ​ដែល​គម្ពីរ​មាន​ឥទ្ធិពល​យ៉ាង​នោះ មូលហេតុ​នោះ​គឺ​ប្រាជ្ញា​ដែល​មាន​ក្នុង​គម្ពីរ​គឺ​មក​ពី​ព្រះ។ ទោះ​ជា​មនុស្ស​បាន​សរសេរ​គម្ពីរ​ក៏​ពិត​មែន តែ​គម្ពីរ​បញ្ជាក់​ឲ្យ​យើង​ដឹង​គំនិត​របស់​ព្រះ។ គម្ពីរ​ពន្យល់​ថា​៖ ​«​មនុស្ស​បាន​និយាយ​អ្វីដែល​មក​ពី​ព្រះ ដោយ​មាន​សកម្ម​ពល​បរិសុទ្ធ​ដឹក​នាំ​ពួក​គេ​»។—ពេត្រុសទី២ ១:២១

យ៉ាង​តិច ការ​ណែនាំ​ក្នុង​គម្ពីរ​មាន​ប្រយោជន៍​ពីរ​យ៉ាង។ ទី​១ គម្ពីរ​ជួយ​ឲ្យ​យើង​យល់​ត្រឹម​ត្រូវ​អំពី​អ្វីដែល​ពិត​ជា​ធ្វើ​ឲ្យ​យើង​មាន​ជីវិត​ប្រសើរ​ជាង។ ទី​២ គម្ពីរ​មាន​ឥទ្ធិពល​ជំរុញ​ទឹក​ចិត្ត​មនុស្ស​ឲ្យ​កែប្រែ​អ្វីដែល​ចាំ​បាច់ ដើម្បី​បាន​ជីវិត​ប្រសើរ​ជាង។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​ចំណុច​ទាំង​ពីរ​នេះ​ថែម​ទៀត។

គម្ពីរ​ជួយ​ឲ្យ​យល់​ធ្លុះ​ធ្លាយ​អំពី​គោលដៅ​ដែល​មាន​ប្រយោជន៍

ក្នុង​គម្ពីរ ព្រះ​បាន​សន្យា​ថា​៖ ​«​ខ្ញុំ​នឹង​ជួយ​ឲ្យ​អ្នក​យល់​ធ្លុះធ្លាយ ហើយ​ណែនាំ​អ្នក​ឲ្យ​ដឹង​ផ្លូវ​ណា​ដែល​អ្នក​គួរ​ដើរ។ ខ្ញុំ​នឹង​ឲ្យ​យោបល់​ដល់​អ្នក ហើយ​មើល​អ្នក​ជាប់​»។ (​ទំនុក​តម្កើង ៣២:៨, ព.ថ.​) សូម​កត់​សម្គាល់​ថា ព្រះ​មិន​គ្រាន់តែ​ឲ្យ​យោបល់​ប៉ុណ្ណោះ តែ​ក៏​ជួយ​ឲ្យ​យើង​យល់​ធ្លុះ​ធ្លាយ​ដែរ។ ការ​យល់​ធ្លុះ​ធ្លាយ​ជា​សមត្ថភាព​យល់​ការ​ពិត​អំពី​រឿង​ណា​មួយ។ ដូច្នេះ​ការ​យល់​ធ្លុះ​ធ្លាយ​អំពី​គោលដៅ​ណា​ដែល​ពិត​ជា​មាន​ប្រយោជន៍ អាច​ការពារ​កុំ​ឲ្យ​យើង​បង្ខាត​ជីវិត​ដោយ​ខំ​បំពេញ​គោលដៅ​ដែល​គ្មាន​ប្រយោជន៍។

ជា​ឧទាហរណ៍ គោលដៅ​របស់​មនុស្ស​ជា​ច្រើន​គឺ​ចង់​ប្រមូល​ទ្រព្យ​សម្បត្ដិ​ឬ​ចង់​បាន​ឈ្មោះ​ល្បី។ មាន​សៀវភៅ​ជំនួយ​ជា​ច្រើន​ដែល​រៀប​រាប់​អំពីវិធី​ប្រើ​ប្រាជ្ញា ដើម្បីជែង​កាត់​មុខ​អ្នក​ឯ​ទៀត​ហើយ​ឲ្យបាន​ល្បី​ឈ្មោះ​ឬ​ទៅ​ជា​អ្នក​មាន។ ផ្ទុយ​ទៅ​វិញ គម្ពីរ​ចែង​ថា​៖ ​«​ចិត្ត​ច្រណែន​ដល់​[​ឬ​«​ការ​ប្រកួតប្រជែង​»​]​គ្នា . . . ជា​ការ​ឥត​មាន​ទំនង ហើយ​ជា​អសារ​ឥត​ការ​ទទេ​»។ ​«​អ្នក​ណា​ដែល​ស្រឡាញ់​ប្រាក់ នោះ​នឹង​មិន​ស្កប់​ចិត្ត​ដោយ​ប្រាក់​ប៉ុណ្ណោះ​ទេ​»។ (​សាស្ដា ៤:៤; ព.ថ.; ៥:១០​) តើ​ការ​ណែនាំ​នោះ​មាន​ប្រយោជន៍​សម្រាប់​យើង​សព្វ​ថ្ងៃ​ទេ?

ដើម្បី​បង្ហាញ​ថា​ការ​ណែនាំ​ក្នុង​គម្ពីរ​មាន​ប្រយោជន៍​ប៉ុណ្ណា សូម​ពិចារណា​អ្វីដែល​បាន​កើត​ឡើង​ដល់​បង​ប្រុស​ម្នាក់​ឈ្មោះ​អាគីណូរី ដែល​រស់​នៅ​ប្រទេស​ជប៉ុន។ អាគីណូរី​បាន​ឈ្នះ​គូ​ប្រជែង​ទាំងអស់ ហើយ​បាន​សម្រេច​គោលដៅ​រៀន​ចប់​នៅ​សកលវិទ្យាល័យ​ដែល​នាំ​មុខ​គេ ហើយ​បាន​ការងារ​ធ្វើ​នៅ​ក្រុមហ៊ុន​ល្បីល្បាញ​មួយ។ តាម​មើល​ទៅ អ្វី​ៗ​ទាំង​អស់​បាន​សម្រេច​ដូច​បំណង​របស់​គាត់​មែន។ ក៏​ប៉ុន្តែ ជោគជ័យ​ក្នុង​ជីវិត​របស់​គាត់​មិន​បាន​ធ្វើ​ឲ្យ​គាត់​មាន​សុភមង្គល​ដូច​គាត់​បាន​នឹក​ស្មាន​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​ខូច​សុខភាព ដោយ​សារ​តាន​តឹង​ចិត្ត​និង​អស់​កម្លាំង​ល្ហិតល្ហៃ។ ពួកម៉ាក​នៅ​កន្លែង​ធ្វើ​ការ​ជួយ​គាត់​បាន​តិច​តួច​ណាស់។ អាគីណូរី​បាន​បាក់ទឹកចិត្ត​និង​ក្លាយ​ជា​អ្នក​ប្រមឹក ហើយ​មាន​គំនិត​ចង់​សម្លាប់​ខ្លួន។ ក្រោយ​មក គាត់​បាន​ចាប់​ផ្ដើម​សិក្សា​គម្ពីរ​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា។ អ្វីដែល​គាត់​រៀន​បាន​ធ្វើ​ឲ្យ​គាត់​ផ្លាស់​ប្ដូរ​គំនិត​អំពី​អ្វីដែល​សំខាន់​បំផុត​ក្នុង​ជីវិត។ មិន​យូរ​ក្រោយ​មក ជំងឺ​ដែល​មក​ពី​ភាព​តាន​តឹង​ចិត្ត​ចាប់​ផ្ដើម​បាត់​ទៅ។ ជា​ជាង​ឲ្យ​អំណួត​ឬ​មហិច្ឆតា​ដឹក​មុខ នោះ​អាគីណូរី​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​អ្វីដែល​សុភាសិត​ក្នុង​គម្ពីរ​ចែង​ថា​៖ ​«​ចិត្ត​ស្ងប់​តែង​តែ​ធ្វើ​អោយ​មាន​សុខភាព​ល្អ​»។—សុភាសិត ១៤:៣០, ខ.ស.

តើ​អ្នក​គិត​ថា​គោលដៅ​ដែល​មាន​ប្រយោជន៍​ច្រើន​បំផុត​ក្នុង​ជីវិត​គឺជា​គោលដៅ​អ្វី? តើ​អ្វី​ពិត​ជា​នឹង​ធ្វើ​ឲ្យ​អ្នក​សប្បាយ? តើ​អ្នក​ចង់​បាន​សុភមង្គល​ក្នុង​អាពាហ៍ពិពាហ៍ ឬ​រៀប​ចំ​ឲ្យ​កូន​មាន​អនាគត​ល្អ​ទេ? ឬ​ក៏​តើ​អ្នក​ចង់​មាន​ពួកម៉ាក​ច្រើន​ឬ​សប្បាយ​ក្នុង​ជីវិត? គោលដៅទាំង​អស់​នេះ​ពិត​ជា​មាន​ប្រយោជន៍មែន។ តាម​ពិត គម្ពីរ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​មាន​គោលដៅ​ទាំង​នោះ តែ​គោលដៅ​ទាំង​នោះ​មិន​មែន​ជា​គោលដៅ​សំខាន់​បំផុត​ក្នុង​ជីវិត​យើង​ទេ។ ដោយ​មាន​ការ​យល់​ធ្លុះ​ធ្លាយ​អំពី​អ្វីដែល​មាន​ប្រយោជន៍ នោះ​គម្ពីរ​បញ្ជាក់​តម្រូវ​ការ​ដ៏​ចាំ​បាច់​ដើម្បីឲ្យ​យើង​ពេញ​ចិត្ត​នឹង​ជីវិត ដោយ​ចែង​ថា​៖ ​«​ចូរ​កោត​ខ្លាច​ដល់​ព្រះ ហើយ​កាន់​តាម​បញ្ញត្ត​ទ្រង់​ចុះ! ដ្បិត​ប៉ុណ្ណេះ​ឯង​ជា​កិច្ច​ទាំង​មូល​ដែល​មនុស្ស​ត្រូវ​ធ្វើ​»។ (​សាស្ដា ១២:១៣​) ពេល​យើង​មិន​ធ្វើ​តាម​បង្គាប់​នេះ នោះ​យើង​ធុញ​ទ្រាន់​នឹង​ជីវិត ជួប​រឿង​ខក​ចិត្ត ហើយ​ជីវិត​យើង​ក៏​គ្មាន​ន័យ​ដែរ។ ម្យ៉ាង​វិញ​ទៀត គម្ពីរ​ធានា​យើង​ថា​៖ ​«​អ្នក​ណា​ដែល​ទុក​ចិត្ត​ដល់​ព្រះ​យេហូវ៉ា នោះ​សប្បាយ​ហើយ​»។—សុភាសិត ១៦:២០

វិធី​ដែល​គម្ពីរ​ជំរុញ​មនុស្ស​ឲ្យ​កែ​ខ្លួន

សាវ័ក​ប៉ូល​បាន​សរសេរ​ថា​៖ ​«​បណ្ដាំ​របស់​ព្រះ​គឺ​មាន​ជីវិត​រស់​នៅ ហើយ​មាន​ឫទ្ធានុភាព​»។ ដូច​ដាវ​ដែល​មាន​មុខ​ពីរ គម្ពីរ​អាច​មាន​ឥទ្ធិពល​ទៅ​លើ​បំណង​ចិត្ត​និង​គំនិត​ដែល​កប់​យ៉ាង​ជ្រៅ​ក្នុង​ដួង​ចិត្ត​របស់​មនុស្ស។ (​ហេប្រឺ ៤:១២​) គម្ពីរ​មាន​អានុភាព​ធ្វើ​ឲ្យ​មនុស្ស​កែប្រែ​ជីវិត​រស់​នៅ។ នេះ​គឺ​ដោយ​សារ​គម្ពីរ​ជួយ​ពួក​គាត់​ឲ្យ​យល់​ថា​ខ្លួន​ពិត​ជា​មនុស្ស​ប្រភេទ​ណា ទោះ​ជា​នោះ​ខុស​ពី​ទស្សនៈ​ដែល​គាត់​មាន​ចំពោះ​ខ្លួន​ឯង​ក៏​ដោយ។ ក្រោយ​មក មនុស្ស​ដែល​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​នឹង​កត់​សម្គាល់​ថា ខ្លួន​ត្រូវ​ធ្វើ​ការ​កែប្រែ​ជា​ចាំ​បាច់។ ជា​ឧទាហរណ៍ ស្តី​អំពី​អស់​អ្នក​នៅ​ក្នុង​ក្រុម​ជំនុំ​ពួក​គ្រិស្ត​សាសនិក​នាទី​ក្រុង​កូរិនថូស​ពី​បុរាណ ដែល​ធ្លាប់​ជា​ចោរ អ្នក​ប្រមឹក និង​អ្នក​ផិត​ក្បត់​ជា​ដើម នោះ​ប៉ូល​បាន​សរសេរ​ថា​៖ ​«​អ្នក​រាល់​គ្នា​ខ្លះ​ធ្លាប់​ជា​មនុស្ស​បែប​នោះ។ តែ​អ្នក​រាល់​គ្នា​បាន​ត្រូវ​លាង​សម្អាត . . . ដោយ​សកម្ម​ពល​នៃ​ព្រះ​របស់​យើង​»។ (​កូរិនថូសទី១ ៦:៩​-​១១​) សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​នៅ​តែ​មាន​ឫទ្ធានុភាព​ដូច​នៅ​សម័យ​បុរាណ ហើយ​ព្រះ​នៅ​តែ​ប្រើស​កម្ម​ពល​របស់​លោក​សព្វ​ថ្ងៃ​នេះ។ សកម្ម​ពល​នោះ​អាច​ជំរុញ​ទឹក​ចិត្ត​មនុស្ស​ឲ្យ​កែប្រែ​អ្វីដែល​ចាំ​បាច់។

នៅ​ទ្វីប​អឺរ៉ុប មាន​បុរស​ម្នាក់​ឈ្មោះ​ម៉ារីអូ ដែល​ធ្លាប់​ជា​មនុស្ស​ឃោរឃៅ ហើយ​ធ្លាប់​ជក់​និង​លក់​កញ្ឆា។ នៅ​ថ្ងៃ​មួយ ពេល​ប៉ូលិស​បាន​រឹប​អូស​កញ្ឆា​របស់​គាត់ នោះ​ម៉ារីអូ​ខឹង​ខ្លាំង​ដល់​ម្ល៉េះ​ដែល​គាត់​វាយ​ប៉ូលិស​នោះ​ហើយ​បំផ្លាញ​ឡាន​ប៉ូលិស​ចោល។ បន្ថែម​ទៅ​ទៀត ម៉ារីអូ​គ្មាន​ការងារ​ធ្វើ ហើយ​ថែម​ទាំង​ជំពាក់​បំណុល​គេ​ទៀត។ គាត់​ទទួល​ស្គាល់​ថា គាត់​ខ្វះ​ប្រាជ្ញា មិន​អាច​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​បាន​ដោយ​ខ្លួន​ឯង​ទេ ដូច្នេះ​គាត់​ព្រម​សិក្សា​គម្ពីរ។ កាល​ដែល​ម៉ារីអូ​មាន​ចំណេះ​អំពី​ព្រះ​កាន់​តែ​ច្រើន​ឡើង នោះ​គាត់​ទៅ​ជា​មនុស្ស​ស្អាត​បាត ឈប់​ជក់​និង​លក់​កញ្ឆា ហើយ​ឈប់​ប្រើ​អំពើ​ហិង្សា។ មនុស្ស​ជា​ច្រើន​ដែល​ធ្លាប់​ស្គាល់​ម៉ារីអូ​និង​របៀប​ដែល​គាត់​ប្រព្រឹត្ត​ពី​មុន​បាន​ភ្ញាក់​ផ្អើល​ណាស់ ហើយ​និយាយ​ថា​៖ ​«​បង​ម៉ារីអូ! យើង​មើល​មិន​ស្គាល់​បង​សោះ!​»។

តើ​អ្វី​ជំរុញ​ទឹក​ចិត្ត​បុគ្គល​ដូច​ជា​អាគីណូរី​និង​ម៉ារីអូ​ឲ្យ​កែ​ខ្លួន​ហើយ​មាន​សុភមង្គល​ក្នុង​ជីវិត? យ៉ាង​ច្បាស់​ណាស់ គឺ​ចំណេះ​អំពី​ព្រះ​ដែល​ពួក​គាត់​បាន​ទទួល​ពី​ការ​សិក្សា​គម្ពីរ​ដែល​បាន​ជំរុញ​ទឹក​ចិត្ត​ពួក​គាត់​ឲ្យ​កែ​ខ្លួន។ មាន​តែ​ព្រះ​ទេ​ដែល​អាច​ឲ្យ​ការ​ណែនាំ​ដែល​យើង​ត្រូវ​ការ​ដើម្បី​ទទួល​ជោគជ័យ​ក្នុង​ជីវិត​ឥឡូវ​នេះ ហើយ​មាន​សេចក្ដី​សង្ឃឹម​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​អនាគត។ តាម​រយៈ​គម្ពីរ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​យើង ដូច​បិតា​និយាយ​ទៅ​កូន ពេល​លោក​ណែនាំ​ថា​៖ ​«​ចូរ​ស្ដាប់ កូន​អើយ! ហើយ​ទទួល​ពាក្យ​របស់​អញ​ចុះ នោះ​ឆ្នាំ​នៃ​អាយុ​ឯង​នឹង​បាន​យឺន​យូរ . . . កាល​ណា​ឯង​ដើរ​ទៅ នោះ​ជំហាន​ឯង​នឹង​មិន​ទើស​ទាល់ ហើយ​កាល​ណា​ឯង​រត់ នោះ​ឯង​នឹង​មិន​ចំពប់​ឡើយ។ ចូរ​តោង​ជាប់​តាម​សេចក្ដី​ដំបូន្មាន​កុំ​លែង​ឲ្យ​សោះ ត្រូវ​ឲ្យ​រក្សា​ទុក ដ្បិត​សេចក្ដី​នោះ​ជា​ជីវិត​របស់​ឯង​»។ (​សុភាសិត ៤:១០​-​​១៣​) យោបល់​នោះ​បំផុស​ទឹក​ចិត្ត​យើង​ឲ្យ​ស្វែងរក​ការ​ណែនាំ​ពី​ព្រះ​ដែល​ជា​អ្នក​បង្កើត​យើង។ ច្បាស់​ជា​គ្មាន​យោបល់​ណា​ដែល​មាន​ប្រយោជន៍​ជាង​យោបល់​នោះ​ឡើយ មែន​ទេ?

[រូបភាព​នៅ​ទំព័រ​៧]

ការ​ណែនាំ​ដែល​មាន​ប្រយោជន៍​នៅសម័យ​យើង

គម្ពីរ​មាន​សេចក្ដីណែនាំ​ដែល​ស្រួល​យល់​ស្រួល​ធ្វើ​តាម ហើយ​មាន​តម្លៃ​សម្រាប់​ដឹក​នាំ​យើង​ក្នុង​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​នៅ​សម័យ​យើង​នេះ។ សូម​មើល​ឧទាហរណ៍​ខ្លះ​ៗ​ដូច​ត​ទៅ:

វិធី​បង្កើត​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​អ្នក​ដទៃ

​«​អ្នក​ចង់​ឲ្យ​មនុស្ស​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​អ្នក អ្នក​ក៏​ត្រូវ​ប្រព្រឹត្ត​យ៉ាង​នោះ​ចំពោះ​ពួក​គេ​ដែរ​»។—ម៉ាថាយ ៧:១២

​«​អ្នក​ណា​ដែល​កាន់​ចរិយា​ជា​អ្នក​តូច​ជាង​គេ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​នោះ​គឺ​អ្នក​ធំ​»។—លូកា ៩:៤៨

​«​ចូរ​មាន​ទម្លាប់​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់​»។—រ៉ូម ១២:១៣

វិធី​បោះបង់​ចោល​ទម្លាប់​អាក្រក់

​«​អ្នក​ណា​ដែល​ដើរ​ជា​មួយ​នឹង​មនុស្ស​ប្រាជ្ញ នោះ​នឹង​មាន​ប្រាជ្ញា​ដែរ តែ​អ្នក​ណា​ដែល​ភប់​ប្រសព្វ​នឹង​មនុស្ស​ល្ងីល្ងើ នោះ​នឹង​ត្រូវ​ខូច​បង់​វិញ​»។—សុភាសិត ១៣:២០

​«​កុំ​ឲ្យ​នៅ​កណ្ដាល​ពួក​អ្នក​ប្រមឹក​ស្រា​»។—សុភាសិត ២៣:២០

​«​កុំ​ឲ្យ​ចង​ជា​មិត្រ​នឹង​មនុស្ស​ណា​ដែល​អាសា​ខឹង​ឡើយ​»។—សុភាសិត ២២:២៤

វិធី​ធ្វើ​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​ស្ថិតស្ថេរ

​«​ចូរ​អ្នក​រាល់​គ្នា​ម្នាក់​ៗ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ដូច​ស្រឡាញ់​ខ្លួន​អ្នក ឯ​ប្រពន្ធ​ត្រូវ​គោរព​ប្ដី​យ៉ាង​ជ្រាល​ជ្រៅ​»។—អេភេសូរ ៥:៣៣

​«​ចូរ​បំពាក់​ខ្លួន​ដោយ​សេចក្ដី​មេត្ដា​ករុណា​ដ៏​ជ្រាល​ជ្រៅ​បំផុត សេចក្ដី​សប្បុរស ចិត្ត​រាប​ទាប ចិត្ត​ស្លូតបូត និង​ចិត្ត​ធ្ងន់។ ចូរ​ទ្រាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​អភ័យទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ​»។—កូឡុស ៣:១២, ១៣

វិធី​ជួយ​កូន

​«​ចូរ​បង្ហាត់​កូន​ក្មេង​ឲ្យ​ប្រព្រឹត្ត​តាម​ផ្លូវ​ដែល​គួរ​ប្រព្រឹត្ត នោះវានឹង​មិន​លះ​បង់​ពី​ផ្លូវ​នោះ​ដរាប​ដល់​ចាស់​»។—សុភាសិត ២២:៦

​«​ចំណែក​អ្នក​រាល់​គ្នា​ដែល​ជា​ឪពុក កុំ​ធ្វើ​ឲ្យ​កូន​ខឹង តែចូរអប់រំ​កូន​ទៅ​តាម​ការ​ប្រៀន​ប្រដៅ​របស់​ព្រះ​យេហូវ៉ា ហើយបណ្ដុះ​ឲ្យ​កូន​មាន​គំនិត​ដូច​លោក​»។—អេភេសូរ ៦:៤

វិធី​បង្ការ​ជម្លោះ

​«​ពាក្យ​តប​ឆ្លើយ​ដោយ​ស្រទន់ នោះ​រមែង​រំ​ងាប់​សេចក្ដីក្រោធ​ទៅ តែ​ពាក្យ​គំរោះគំរើយ នោះ​បណ្ដាល​ឲ្យ​មាន​សេចក្ដី​កំហឹង​វិញ​»។—សុភាសិត ១៥:១

​«​ក្នុង​ការ​លើក​កិត្ដិយស​គ្នា​ទៅ​វិញ​ទៅ​មក ចូរលើកកិត្ដិយស​គេ​មុន​»។—រ៉ូម ១២:១០

ពេល​ណា​ខ្ចី​ប្រាក់ ឬ​ឲ្យ​គេ​ខ្ចី​ប្រាក់ ឬ​ក៏​រក​ស៊ី​ជា​មួយ​អ្នក​ដទៃ សូម្បីតែ​អ្នក​នោះ​ជា​មិត្ត​ភក្ដិ​ក៏​ដោយ យើង​អាច​បង្ការ​ជម្លោះ​ដោយ​ធ្វើ​កិច្ច​សន្យា​ជា​មួយ​គ្នា​ទុក​ជា​មុន។ ដូច​យេរេមា​ជា​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​បាន​សរសេរ​ថា​៖ ​«​[​ខ្ញុំ​]​ធ្វើ​សំបុត្រ ហើយ​បិទ​ត្រា រួច​ហៅ​ស្មរបន្ទាល់​[​ឬ​សាក្សី​]​មក ហើយ​ថ្លឹង​ប្រាក់​ក្នុង​ជញ្ជីង​ប្រគល់​ដល់​គាត់​»។—យេរេមា ៣២:១០

វិធី​ធ្វើ​ជា​មនុស្ស​ដែល​តែង​តែ​គិត​ពី​អ្វីដែល​លើក​ទឹក​ចិត្ត

​«​អ្វី​ៗ​ដែល​ពិត . . . ដែល​គួរ​ឲ្យ​ស្រឡាញ់ . . . ដែល​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ អ្វីដែល​ប្រកប​ដោយ​គុណធម៌ និង​អ្វីដែល​គួរ​ឲ្យ​សរសើរ ចូរ​បន្ត​ពិចារណា​អ្វី​ៗ​ទាំង​នោះ​»។—ភីលីព ៤:៨

គម្ពីរ​រៀប​រាប់​ថា​ការ​គិតតែ​ពី​អ្វីដែល​ធ្វើ​ឲ្យ​ធ្លាក់​ទឹក​ចិត្ត​គឺ​មិន​ល្អ​ទេ ហើយ​ក៏​ផ្ដន្ទា​ទោស​អ្នក​ដែល​«​ចេះ​តែ​ត្អូញត្អែរ រអ៊ូ​រទាំ​អំពី​ជីវភាព​របស់​ខ្លួន​»។ គម្ពីរ​ចែង​ថា​៖ ​«​ចូរ​អរ​សប្បាយ​នឹង​សេចក្ដី​សង្ឃឹម​»។—យូដាស ៤, ១៦; រ៉ូម ១២:១២

ការ​អនុវត្ត​តាម​សេចក្ដីណែនាំ​ល្អ​ៗ​ទាំង​នេះ មិន​គ្រាន់តែ​ជួយ​ឲ្យ​យើង​មាន​ភាព​សុខសាន្ត​និង​ចិត្ត​ស្កប់​ឥឡូវ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជួយ​ឲ្យ​យើង​ធ្វើ​តាម​អ្វីដែល​ព្រះ​តម្រូវ​ពី​យើង ហើយ​ទទួល​ពរ​ពី​លោក​ផង​ដែរ។ គម្ពីរ​ចែង​ថា​៖ ​«​ពួក​អ្នក​សុចរិត​នឹង​បាន​ស្រុក​ទុក​ជាម​រដក ហើយ​នឹង​នៅ​ក្នុង​ស្រុក​នោះ​ជានិច្ច​»។—ទំនុក​តម្កើង ៣៧:២៩

[រូបភាព​នៅ​ទំព័រ​៥]

អាគីណូរី កាល​ដែល​ធ្វើ​ការ​ក្រុមហ៊ុន (​ខាង​ឆ្វេង​) ហើយ​អាគីណូរី​សព្វ​ថ្ងៃ​ជា​មួយ​ភរិយា​កំពុង​ផ្សព្វ​ផ្សាយ ​យ៉ាង​រីករាយ​នូវ​សេចក្ដី​ពិត​ពី​គម្ពីរ