លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជីវិតដែលគ្មានទីបញ្ចប់នៅផែនដី ជាក្ដីសង្ឃឹមព្រះផ្ដល់ឲ្យយើង

ជីវិតដែលគ្មានទីបញ្ចប់នៅផែនដី ជាក្ដីសង្ឃឹមព្រះផ្ដល់ឲ្យយើង

ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ផែនដី ជា​ក្ដី​សង្ឃឹម​ព្រះ​ផ្ដល់​ឲ្យ​យើង

​«​អ្វី​ដែល​ព្រះ​បាន​បង្កើត​បាន​ត្រូវ​បណ្ដាល​ឲ្យ​មាន​ជីវិត​ដែល​ជា​អសារ​ឥត​ការ . . . ដោយ​ផ្ដល់​សេចក្ដី​សង្ឃឹម​»។—រ៉ូម ៨:២០

១, ២​. (​ក​) ហេតុ​អ្វី​បាន​ជា​ក្ដី​សង្ឃឹម​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ផែនដី​គឺ​សំខាន់​សម្រាប់​យើង? (​ខ​) ហេតុ​អ្វី​មនុស្ស​ជា​ច្រើន​ពិបាក​ជឿ​ថា យើង​អាច​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ផែនដី?

ប្រហែលជា​អ្នក​នឹក​ចាំ​អំណរ​ដែល​អ្នក​មាន​ពេល​រៀន​ជា​លើក​ដំបូង​ថា មនុស្ស​នឹង​លែង​ចាស់​លែង​ស្លាប់ តែ​នឹង​រស់​ជា​រៀង​រហូត​នៅ​ផែនដី​វិញ។ (​យ៉ូន. ១៧:៣; បប. ២១:៣, ៤​) អ្នក​ប្រហែលជា​ចូល​ចិត្ត​ប្រាប់​អ្នក​ឯ​ទៀត​អំពី​សេចក្ដី​សង្ឃឹម​នោះ​ដែល​មាន​មូលដ្ឋាន​លើ​បទ​គម្ពីរ។ យ៉ាង​ណា​មិញ ក្ដី​សង្ឃឹម​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ជា​ផ្នែក​សំខាន់​នៃ​ដំណឹង​ល្អ​ដែល​យើង​ផ្សាយ។ ក្ដី​សង្ឃឹម​នេះ​មាន​អានុភាព​ទៅ​លើ​ទស្សនៈ​របស់​យើង​ចំពោះ​ជីវិត។

ភាគ​ច្រើន ពិភព​គ្រិស្ត​សាសនា​មិន​បាន​បង្រៀន​អំពី​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ផែនដី​ទេ។ ទោះ​ជា​គម្ពីរ​បង្រៀន​ថា​ក្រោយ​រូប​កាយ​ស្លាប់​ទៅ គ្មាន​ផ្នែក​ណា​មួយ​សោះ​ដែល​បន្ត​រស់ តែ​សាសនា​ភាគ​ច្រើន​បង្រៀន​លទ្ធិ​ដែល​គ្មាន​មូលដ្ឋាន​លើ​បទ​គម្ពីរ​ថា មនុស្ស​មាន​ព្រលឹង​អមតៈ​ដែល​រស់​ក្រោយ​ពេល​យើង​ស្លាប់ ហើយ​ក្រោយ​មក​ទៅ​កាន់​សុគតិភព។ (​អេស. ១៨:២០​) អាស្រ័យ​ហេតុ​នេះ មនុស្ស​ជា​ច្រើន​ពិបាក​ជឿ​ថា យើង​អាច​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ផែន​ដី។ ដូច្នេះ​យើង​អាច​សួរ​ថា តើ​គម្ពីរ​ពិត​ជា​គាំទ្រ​សេចក្ដី​សង្ឃឹម​នោះ​ទេ? បើ​គាំទ្រ​មែន តើ​ព្រះ​បាន​បើក​បង្ហាញ​ឲ្យ​មនុស្ស​ដឹង​អំពី​ក្ដី​សង្ឃឹម​នេះ​ជា​លើក​ដំបូង​នៅ​ពេល​ណា?

«​បាន​ត្រូវ​បណ្ដាល​ឲ្យ​មាន​ជីវិត​ដែល​ជា​អសារ​ឥត​ការ . . . ដោយ​ផ្ដល់​សេចក្ដី​សង្ឃឹម​»​

៣​. តាំង​ពី​មនុស្ស​ជាតិ​ដំបូង​ត្រូវ​បាន​បង្កើត​មក តើ​គោល​បំណង​របស់​ព្រះ​សម្រាប់​មនុស្ស​ជាតិ​បាន​ស​ឲ្យ​ឃើញ​យ៉ាង​ដូច​ម្ដេច?

គោល​បំណង​របស់​ព្រះ​យេហូវ៉ា​សម្រាប់​មនុស្ស​ជាតិ​បាន​ស​ឲ្យ​ឃើញ​តាំង​ពី​មនុស្ស​ជាតិ​ដំបូង​ត្រូវ​បាន​បង្កើត​មក។ ព្រះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា អាដាម​អាច​រស់​ជា​រៀង​រហូត​បាន បើ​គាត់​ចេះ​ស្ដាប់​បង្គាប់។ (​លោ. ២:៩, ១៧; ៣:២២​) កូន​ចៅ​អាដាម​ដែល​រស់​នៅ​មិន​យូរ​ក្រោយ​ពី​ពេល​គាត់​បាន​ត្រូវ​បណ្ដេញ​ចេញ​ពី​សួន​អេដែន បាន​ឮ​ក៏​បាន​ឃើញ​ភ័ស្តុតាង​ជាក់​ស្តែង​ដែល​បញ្ជាក់​ថា មនុស្ស​បាន​ធ្វើ​ខុស​ព្រម​ទាំង​លែង​មាន​ភាព​ល្អ​ឥត​ខ្ចោះ។ ពួក​គេ​ឃើញ​ផ្លូវ​ចេញ​ចូល​ទៅ​សួន​អេដែន​បាន​ត្រូវ​បិទ និង​ឃើញ​មនុស្ស​ចាស់​ទៅ​ៗ​ហើយ​ស្លាប់។ (​លោ. ៣:២៣, ២៤​) យូរ​ៗ​ទៅ មនុស្ស​មាន​អាយុ​កាន់​តែ​ខ្លី។ អាដាម​រស់​នៅ​បាន​៩៣០​ឆ្នាំ។ សិម​ដែល​ជា​អ្នក​រួច​ជីវិត​ពី​ទឹក​ជំនន់ បាន​រស់​៦០០​ឆ្នាំ​ប៉ុណ្ណោះ ហើយ​កូន​គាត់​ឈ្មោះ​អាប៉ាក់សាឌ​បាន​រស់​៤៣៨​ឆ្នាំ។ ថេរ៉ា​ដែល​ជា​ឪពុក​របស់​អាប្រាហាំ​បាន​រស់​នៅ​២០៥​ឆ្នាំ។ អាប្រាហាំ​បាន​រស់​នៅ​១៧៥​ឆ្នាំ អ៊ីសាក​ដែល​ជា​កូន​របស់​គាត់​១៨០​ឆ្នាំ ហើយ​យ៉ាកុប​១៤៧​ឆ្នាំ។ (​លោ. ៥:៥; ១១:១០​-​១៣, ៣២; ២៥:៧; ៣៥:​២៨; ៤៧:២៨​) ពេល​មនុស្ស​ឃើញ​ថា​អាយុ​គេ​កាន់​តែ​ខ្លី នោះ​ពួក​គេ​ច្បាស់​ជា​យល់​ថា មនុស្ស​លែង​មាន​ក្ដី​សង្ឃឹម​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ទៀត! តើ​ពួក​គេ​មាន​មូលហេតុ​ជឿ​ថា មនុស្ស​អាច​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ម្ដង​ទៀត​បាន​ទេ?

៤​. ហេតុ​អ្វី​បាន​ជា​បុរស​ស្មោះ​ត្រង់​ពី​សម័យ​បុរាណ​អាច​ជឿ​ថា ពរ​ដែល​អាដាម​បាន​បាត់បង់ ព្រះ​នឹង​ផ្ដល់​ឲ្យ​មនុស្ស​ជាតិ​ម្ដង​ទៀត?

បណ្ដាំ​របស់​ព្រះ​ចែង​ថា​៖ ​«​អ្វី​ដែល​ព្រះ​បាន​បង្កើត​[​គឺ​មនុស្ស​ជាតិ​]​បាន​ត្រូវ​បណ្ដាល​ឲ្យ​មាន​ជីវិត​ដែល​ជា​អសារ​ឥត​ការ . . . ដោយ​ផ្ដល់​សេចក្ដី​សង្ឃឹម​»។ (​រ៉ូម ៨:២០​) តើ​សេចក្ដី​សង្ឃឹម​នេះ​ជា​អ្វី? ទំនាយ​ដំបូង​ក្នុង​គម្ពីរ​បាន​រៀប​រាប់​ថា​នឹង​មាន​«​ពូជ​»​ដែល​‹កិន​ក្បាល​ពស់›។ (​សូម​អាន លោកុប្បត្តិ ៣:១​-​៥, ១៥​) ចំពោះ​មនុស្ស​ស្មោះ​ត្រង់ សេចក្ដី​សន្យា​ដែល​ថា​នឹង​មាន​ពូជ​នោះ ផ្ដល់​មូលដ្ឋាន​ឲ្យ​ពួក​គេ​មាន​ក្ដី​សង្ឃឹម​ថា ព្រះ​នឹង​មិន​បោះ​បង់​ចោល​បំណង​របស់​លោក​សម្រាប់​មនុស្ស​ជាតិ​ឡើយ។ ក្ដី​សន្យា​នោះ​ផ្ដល់​មូលហេតុ​ឲ្យ​បុរស​ដូច​ជា​អេបិល​និង​ណូអេ​ជឿ​ថា ពរ​ដែល​អាដាម​បាន​បាត់បង់ នោះ​ព្រះ​នឹង​ផ្ដល់​ឲ្យ​មនុស្ស​ជាតិ​ម្ដង​ទៀត។ បុរស​ទាំង​នេះ​ប្រហែលជា​បាន​កត់​សម្គាល់​ថា ‹ការ​ចឹក​កែង​ជើង​ពូជ›​នឹង​មាន​ការ​កំចាយ​ឈាម​ផង​ដែរ។—លោ. ៤:៤; ៨:២០; ហេ. ១១:៤

៥​. តើ​អ្វី​បង្ហាញ​ថា​អាប្រាហាំ​មាន​ជំនឿ​ទៅ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ?

សូម​ពិចារណា​អំពី​អាប្រាហាំ។ ពេល​ព្រះ​ពិសោធ​អាប្រាហាំ​ដោយ​ឲ្យ​គាត់​បូជា​«​កូន​ប្រុស​តែ​មួយ​របស់​គាត់​»​ នោះ​គាត់​«​បម្រុង​នឹង​បូជា​អ៊ីសាក​»​។ (​ហេ. ១១:១៧​) ហេតុ​អ្វី​បាន​ជា​អាប្រាហាំ​សុខ​ចិត្ត​ធ្វើ​ដូច្នេះ? (​សូម​អាន ហេប្រឺ ១១:១៩​) គឺ​ពីព្រោះ​គាត់​ជឿ​ទៅ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ! អាប្រាហាំ​មាន​ហេតុ​ឲ្យ​ជឿ​ទៅ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ យ៉ាង​ណា​មិញ ទោះ​ជា​អាប្រាហាំ​ជា​មនុស្ស​វ័យ​ចាស់​ក៏​ដោយ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​គាត់​មាន​សមត្ថភាព​បន្ត​ពូជ​ម្ដង​ទៀត ហើយ​ធ្វើ​ឲ្យ​សារ៉ា​ដែល​ជា​ប្រពន្ធ​គាត់​បង្កើត​បាន​កូន​ប្រុស​មួយ។ (​លោ. ១៨:១០​-​១៤; ២១:១​-​៣; រ៉ូម ៤:១៩​-​២១​) ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​បាន​សន្យា​ជា​មួយ​អាប្រាហាំ​ដែរ។ ព្រះ​បាន​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​ពូជ​ឯង​នឹង​បាន​រាប់​ដោយ​សារ​តែ​អ៊ីសាក​»។ (​លោ. ២១:១២​) ដូច្នេះ​ហើយ អាប្រាហាំ​មាន​មូល​ហេតុ​ត្រឹម​ត្រូវ​ដើម្បី​សង្ឃឹម​ថា ព្រះ​នឹង​ប្រោស​អ៊ីសាក​ឲ្យ​រស់​ឡើង​វិញ។

៦, ៧​. (​ក​) តើ​ព្រះ​យេហូវ៉ា​ធ្វើ​កិច្ច​ព្រមព្រៀង​អ្វី​ជា​មួយ​អាប្រាហាំ? (​ខ​) តើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ជា​មួយ​អាប្រាហាំ​ផ្ដល់​ក្ដី​សង្ឃឹម​ឲ្យ​មនុស្ស​ជាតិ​យ៉ាង​ដូច​ម្ដេច?

ព្រះ​យេហូវ៉ា​បាន​ធ្វើ​កិច្ច​ព្រមព្រៀង​ជា​មួយ​អាប្រាហាំ​ស្តី​អំពី​កូន​ចៅ​ឬ​«​ពូជ​»​របស់​គាត់។ ព្រះ​បាន​ធ្វើ​ដូច្នោះ​ដោយ​ព្រោះ​អាប្រាហាំ​មាន​ជំនឿ​ដ៏​អស្ចារ្យ។ (​សូម​អាន លោកុប្បត្តិ ២២:១៨​) ផ្នែក​សំខាន់​បំផុត​នៃ​«​ពូជ​»​នោះ​គឺ​លោក​យេស៊ូ​គ្រិស្ត។ (​កាឡ. ៣:១៦​) ព្រះ​យេហូវ៉ា​បាន​ប្រាប់​អាប្រាហាំ​ថា ​«​ពូជ​»​របស់​គាត់​នឹង​មាន​ចំនួន​ច្រើន​«​សន្ធឹក​ដូច​ផ្កាយ​នៅ​លើ​មេឃ ហើយ​ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ​»​ ពោល​គឺ​ពូជ​នោះ​នឹង​មាន​ចំនួន​ដែល​អាប្រាហាំ​មិន​ដឹង។ (​លោ. ២២:១៧​) ក៏​ប៉ុន្តែ ក្រោយ​មក មនុស្ស​បាន​ដឹង​ពី​ចំនួន​នៃ​ពូជ​នោះ។ លោក​យេស៊ូ​គ្រិស្ត​និង​១៤៤.០០០​នាក់ ដែល​នឹង​គ្រប់​គ្រង​ជា​មួយ​លោក​នៅ​ក្នុង​រាជាណាចក្រ​របស់​លោក នោះ​រួម​គ្នា​ធ្វើ​ជា​«​ពូជ​»។ (​កាឡ. ៣:​២៩; បប. ៧:៤; ១៤:១​) ដូច្នេះ ​«​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​នឹង​បាន​ពរ​»​តាម​រយៈ​រាជាណាចក្រ​នៃ​មេស្ស៊ី។

អាប្រាហាំ​មិន​អាច​យល់​ពេញ​លេញ​ពី​សារៈសំខាន់​នៃ​កិច្ច​ព្រម​ព្រៀង​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​ជា​មួយ​គាត់។ យ៉ាង​ណា​ក្ដី គម្ពីរ​ចែង​ថា​៖ ​«​គាត់​រង់​ចាំ​ក្រុង​ដែល​មាន​គ្រឹះ​ដ៏​ពិត​»។ (​ហេ. ១១:១០​) ក្រុង​នោះ​គឺ​រាជាណាចក្រ​របស់​ព្រះ។ អាប្រាហាំ​ត្រូវ​រស់​ម្ដង​ទៀត ទើប​អាច​ទទួល​ពរ​ពី​រាជាណាចក្រ​នោះ។ គាត់​អាច​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​បាន តាម​រយៈ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ណា​មួយ​ទៀត អ្នក​ដែល​រួច​រស់​ជីវិត​ពី​សង្គ្រាម​ហា​ម៉ា​គេ​ដូន ឬ​អ្នក​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ក៏​អាច​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ដែរ។—បប. ៧:៩, ១៤; ២០:១២​-​១៤

«​វិញ្ញាណ​ដែល​សណ្ឋិត​នៅ​នឹង​ខ្ញុំ ក៏​បណ្ដាល​ខ្ញុំ​»​

៨, ៩​. ហេតុ​អ្វី​សៀវភៅ​យ៉ូប​មិន​គ្រាន់តែ​ជា​កំណត់​ហេតុ​អំពី​ទុក្ខ​លំបាក​របស់​បុគ្គល​ម្នាក់​ប៉ុណ្ណោះ?

យ៉ូសែប​ជា​ចៅ​ទួត​របស់​អាប្រាហាំ ហើយ​ម៉ូសេ​ជា​អ្នក​ប្រកាស​ទំនាយ​ម្នាក់ ក្នុង​រវាង​សម័យ​របស់​ពួក​គាត់​ទាំង​ពីរ នោះ​មាន​បុរស​ម្នាក់​ឈ្មោះ​យ៉ូប។ ម៉ូសេ​ប្រហែលជា​អ្នក​សរសេរ​សៀវភៅ​យ៉ូប​ក្នុង​គម្ពីរ ហើយ​សៀវភៅ​នេះ​ពន្យល់​ហេតុ​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​យ៉ូប​រង​ទុក្ខវេទនា និង​ពន្យល់​ពី​អ្វី​ដែល​បាន​កើត​ឡើង​ដល់​គាត់​នៅ​ទី​បំផុត។ ក៏​ប៉ុន្តែ សៀវភៅ​យ៉ូប​មិន​គ្រាន់តែ​ជា​កំណត់​ហេតុ​អំពី​ទុក្ខ​លំបាក​របស់​បុគ្គល​ម្នាក់​ប៉ុណ្ណោះ​ទេ តែ​រៀប​រាប់​អំពី​រឿង​ដែល​ទាក់​ទង​នឹង​មនុស្ស​ជាតិ​ហើយ​ទេវតា​ទាំង​ឡាយ។ សៀវភៅ​យ៉ូប​ឲ្យ​យល់​ធ្លុះ​អំពី​ចំណុច​ថា ព្រះ​យេហូវ៉ា​គ្រប់​គ្រង​ដោយ​ក្ដី​សុចរិត ហើយ​បង្ហាញ​ថា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​របស់​អស់​អ្នក​ដែល​បម្រើ​ព្រះ​នៅ​ផែនដី​និង​ក្ដី​សង្ឃឹម​របស់​ពួក​គាត់​ដើម្បី​ទទួល​ជីវិត នោះ​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​ដែល​បាន​ត្រូវ​លើក​ឡើង​នៅ​សួន​អេដែន។ ទោះ​បី​យ៉ូប​មិន​យល់​អំពី​រឿង​នេះ​ក៏​ពិត​មែន តែ​គាត់​មិន​ឲ្យ​មិត្ត​ភក្ដិ​បី​នាក់​របស់​គាត់​ធ្វើ​ឲ្យ​គាត់​គិត​ថា គាត់​មិន​បាន​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ឡើយ។ (​យ៉ូប ២៧:៥​) នេះ​គួរ​ពង្រឹង​ជំនឿ​របស់​យើង ហើយ​ជួយ​ឲ្យ​យើង​យល់​ថា យើង​អាច​រក្សា​ឲ្យ​មាន​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​និង​គាំទ្រ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​បាន។

ក្រោយ​ពី​មិត្ត​ភក្ដិ​បី​នាក់​របស់​យ៉ូប​ដែល​ជា​អ្នក​សម្រាល​ទុក្ខ​ក្លែង​ក្លាយ​បាន​និយាយ​អស់​ហើយ នោះ​«​អេលីហ៊ូវ​ជា​កូន​បារ៉ាគា​ល សាសន៍​ប៊ូស គាត់​ឆ្លើយ​»​ម្ដង។ តើ​អ្វី​ជំរុញ​ទឹក​ចិត្ត​ឲ្យ​គាត់​និយាយ? គាត់​ពោល​ថា​៖ ​«​ខ្ញុំ​មាន​ពេញ​ហើយ​ដោយ​ខ​សេចក្ដី ឯ​វិញ្ញាណ​ដែល​សណ្ឋិត​នៅ​នឹង​ខ្ញុំ​ក៏​បណ្ដាល​ខ្ញុំ​»។ (​យ៉ូប ៣២:៥, ៦, ១៨​) អេលីហ៊ូវ​បាន​និយាយ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ ហើយ​អ្វី​ដែល​គាត់​បាន​ប្រាប់​នោះ បាន​ត្រូវ​សម្រេច​ពេល​យ៉ូប​លែង​មាន​ទុក្ខ​លំបាក​ទៀត។ ក៏​ប៉ុន្តែ ពាក្យ​របស់​គាត់​ក៏​នៅ​តែ​មាន​ន័យ​សម្រាប់​អ្នក​ឯ​ទៀត​ដែរ ហើយ​ផ្ដល់​ក្ដី​សង្ឃឹម​ដល់​អស់​អ្នក​ដែល​រក្សា​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ។

១០​. តើ​អ្វី​បង្ហាញ​ថា​ជួនកាល​ព័ត៌មាន​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​បុគ្គល​ម្នាក់​ក៏​ជាប់​ទាក់​ទង​នឹង​មនុស្ស​ជាតិ​ទូទៅ​ដែរ?

១០ ជួនកាល ព្រះ​យេហូវ៉ា​ផ្ដល់​ព័ត៌មាន​ដល់​បុគ្គល​ម្នាក់ តែ​ព័ត៌មាន​នោះ​ក៏​ជាប់​ទាក់​ទង​នឹង​មនុស្ស​ជាតិ​ទូទៅ​ដែរ។ ស្តី​អំពី​ចំណុច​នេះ យើង​អាច​គិត​អំពី​ទំនាយ​ដែល​ដានីយ៉ែល​បាន​ប្រកាស។ ទំនាយ​នោះ​ទាក់​ទង​នឹង​សុបិន​អំពី​ការ​កាប់​ដើម​ធំ​មួយ ដែល​ជា​សុបិន​របស់​ស្តេច​ជន​ជាតិ​បាប៊ីឡូន​ឈ្មោះ​នេប៊ូក្នេសា។ (​ដាន. ៤:១០​-​២៧​) ទោះ​ជា​សុបិន​នោះ​បាន​ត្រូវ​សម្រេច​ចំពោះ​នេប៊ូក្នេសា​ក៏​ពិត​មែន តែ​នោះ​ក៏​បាន​ចង្អុល​ប្រាប់​អំពី​អ្វី​ដែល​អស្ចារ្យ​ជាង។ សុបិន​នោះ​បញ្ជាក់​ថា​ការ​គ្រប់​គ្រង​របស់​ព្រះ​បាន​ត្រូវ​តំណាង​នៅ​ផែនដី​ដោយ​រាជាណាចក្រ​ដែល​គ្រប់​គ្រង​ដោយ​កូន​ចៅ​របស់​ស្តេច​ដាវីឌ ការ​គ្រប់​គ្រង​របស់​ព្រះ​នោះ​នឹង​មាន​ម្ដង​ទៀត​ក្រោយ​ពី​២.៥២០​ឆ្នាំ​កន្លង​ផុត​ទៅ ដោយ​ចាប់​រាប់​ពី​ឆ្នាំ​៦០៧ មុន​គ.ស.។ ព្រះ​ចាប់​ផ្ដើម​បង្ហាញ​ម្ដង​ទៀត​ថា លោក​មាន​សិទ្ធិ​គ្រប់​គ្រង​ផែនដី ពេល​ដែល​តែង​តាំង​លោក​យេស៊ូ​គ្រិស្ត​ជា​ស្តេច​នៅ​ស្ថាន​សួគ៌​នា​ឆ្នាំ​១៩១៤។ សូម​គិត​អំពី​របៀប​ដែល​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​របស់​ព្រះ បន្ដិច​ទៀត​នឹង​បំពេញ​ក្ដី​សង្ឃឹម​របស់​មនុស្ស​ដែល​ស្ដាប់​បង្គាប់!

«​កុំ​ឲ្យ​ធ្លាក់​ចុះ​ក្នុង​រណ្ដៅ​»​

១១​. តើ​ពាក្យ​របស់​អេលីហ៊ូវ​បញ្ជាក់​អ្វី​អំពី​ព្រះ?

១១ ពេល​អេលីហ៊ូវ​ឆ្លើយ​តប​យ៉ូប គាត់​បាន​រៀប​រាប់​អំពី​«​ទេវតា​១ . . . ថ្លែង​ការ​គឺ​១​ក្នុង​១​ពាន់ សំ​រាប់​នឹង​បង្ហាញ​ឲ្យ​មនុស្ស​ស្គាល់​ផ្លូវ​ដែល​ត្រូវ​ប្រព្រឹត្ត​»។ ចុះ​បើ​ទេវតា​មួយ​នេះ​«​អធិស្ឋាន​ដល់​ព្រះ​»​ដើម្បី​ឲ្យ​ព្រះ​‹ប្រោស​ប្រណី​ដល់​គេ›? អេលីហ៊ូវ​ពោល​ថា​៖ ​«​ទ្រង់​ប្រោស​មេត្ដា​ដល់​គេ ដោយ​បន្ទូល​ថា​៖ ‹ចូរ​ជួយ​ឲ្យ​រួច កុំ​ឲ្យ​ធ្លាក់​ចុះ​ក្នុង​រណ្ដៅ​ឡើយ! ដ្បិត​អញ​រក​បាន​ថ្លៃ​លោះ​គេ​ហើយ យ៉ាង​នោះ​សាច់​គេ​នឹង​បាន​ស្រស់​ជាង​សាច់​របស់​កូន​ក្មេង ក៏​នឹង​ប្រែ​ទៅ​ដូច​កាល​នៅ​ក្មេង​វិញ›​»។ (​យ៉ូប ៣៣:​២៣​-​២៦​) ពាក្យ​ទាំង​នេះ​បញ្ជាក់​ថា ព្រះ​ស្ម័គ្រ​ចិត្ត​ទទួល​«​ថ្លៃ​លោះ​»​ឬ​អ្វី​ដែល​គ្រប​បាំង​ការ​ខុស​ឆ្គង​របស់​មនុស្ស​ដែល​កែប្រែ​ចិត្ត។—យ៉ូប ៣៣:២៤

១២​. តើ​ពាក្យ​របស់​អេលីហ៊ូវ​ផ្ដល់​ក្ដី​សង្ឃឹម​អ្វី​សម្រាប់​មនុស្ស​ជាតិ?

១២ អេលីហ៊ូវ​ប្រហែល​ជា​មិន​យល់​ពេញ​លេញ​នូវ​សារៈសំខាន់​ថ្លៃ​លោះ ដូច​អ្នក​ប្រកាស​ទំនាយ​ក៏​មិន​យល់​ពេញ​លេញ​ពី​អ្វី​ដែល​ពួក​គេ​បាន​កត់​ទុក​ដែរ។ (​ដាន. ១២:៨; ១ពេ. ១:១០​-​១២​) យ៉ាង​ណា​ក៏​ដោយ ពាក្យ​របស់​អេលីហ៊ូវ​បង្ហាញ​ក្ដី​សង្ឃឹម​ដែល​ថា នៅ​ថ្ងៃ​មួយ​ព្រះ​នឹង​ទទួល​ថ្លៃ​លោះ ហើយ​រំដោះ​មនុស្ស​ពី​ជរា​ភាព​និង​ក្ដី​ស្លាប់។ ពាក្យ​របស់​អេលីហ៊ូវ​បង្ហាញ​ថា មនុស្ស​មាន​លទ្ធភាព​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ សៀវភៅ​យ៉ូប​ក៏​បង្ហាញ​ដែរ​ថា នឹង​មាន​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។—យ៉ូប ១៤:១៤, ១៥

១៣​. តើ​ពាក្យ​របស់​អេលីហ៊ូវ​មាន​ន័យ​អ្វី​សម្រាប់​ពួក​គ្រិស្ត​សាសនិក?

១៣ សព្វ​ថ្ងៃ ពាក្យ​របស់​អេលីហ៊ូវ​នៅ​តែ​មាន​ន័យ​សម្រាប់​ពួក​គ្រិស្ត​សាសនិក​រាប់​លាន​នាក់​ដែល​សង្ឃឹម​នឹង​រួច​រស់​ជីវិត​ពី​ការ​ហិន​វិនាស​នៃ​របៀប​របប​ពិភព​លោក​នេះ។ បង​ប្អូន​វ័យ​ចាស់​ក្នុង​ចំណោម​អ្នក​រួច​រស់​ជីវិត​នោះ នឹង​ក្លាយ​ទៅ​ជា​ក្មេង​វិញ។ (​បប. ៧:៩, ១០, ១៤​-​១៧​) ម្យ៉ាង​ទៀត មនុស្ស​ស្មោះ​ត្រង់​នៅ​តែ​មាន​ចិត្ត​រំភើប​ណាស់​ដោយ​ដឹង​ថា ពួក​គាត់​អាច​ឃើញ​អ្នក​ដែល​បាន​រស់​ឡើង​វិញ​ក្លាយ​ទៅ​ជា​ក្មេង។ ច្បាស់​ហើយ ការ​ទទួល​ជីវិត​អមតៈ​នៅ​ស្ថាន​សួគ៌​សម្រាប់​ពួក​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង ហើយ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ផែនដី​សម្រាប់​«​ចៀម​ឯ​ទៀត​»​របស់​លោក​យេស៊ូ នោះ​អាស្រ័យ​ទៅ​លើ​ពួក​គាត់​មាន​ជំនឿ​លើ​គ្រឿង​បូជា​ដែល​ជា​ថ្លៃ​លោះ​របស់​គ្រិស្ត។—យ៉ូន. ១០:១៦; រ៉ូម ៦:២៣

លែង​មាន​ក្ដី​ស្លាប់​នៅ​ផែនដី

១៤​. តើ​អ្វី​បង្ហាញ​ថា​បណ្ដា​ជន​អ៊ីស្រាអែល​ត្រូវ​រំដោះ​ឲ្យ​រួច​ពី​បណ្ដាសា​នៃ​ច្បាប់​ម៉ូសេ​ដើម្បី​មាន​ក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត?

១៤ កូន​ចៅ​របស់​អាប្រាហាំ​បាន​ទៅ​ជា​ប្រទេស​ឯករាជ្យ​មួយ ពេល​ពួក​គេ​ចូល​ជា​ភាគី​ក្នុង​កិច្ច​ព្រមព្រៀង​ជា​មួយ​ព្រះ។ ពេល​ព្រះ​យេហូវ៉ា​ផ្ដល់​ច្បាប់​ឲ្យ​ពួក​គាត់ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​កាន់​តាម​អស់​ទាំង​ច្បាប់​នឹង​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​អញ បើ​អ្នក​ណា​កាន់​តាម នោះ​នឹង​រស់​នៅ​ដោយ​សារ​សេចក្ដី​ទាំង​នោះ​ឯង​»។ (​លេវី. ១៨:៥, កំណែ​ជា​អក្សរ​ទ្រេត​) ក៏​ប៉ុន្តែ ដោយ​សារ​បណ្ដា​ជន​អ៊ីស្រាអែល​មិន​បាន​ធ្វើ​តាម​ច្បាប់​ដែល​មាន​ខ្នាត​តម្រា​ល្អ​ឥត​ខ្ចោះ នោះ​ពួក​គាត់​បាន​ត្រូវ​បណ្ដាសា​ដោយ​ច្បាប់​នោះ ហើយ​ត្រូវ​ការ​អ្វី​ផ្សេង​ទៀត​ក្រៅ​ពី​ច្បាប់​ម៉ូសេ​ដើម្បី​រំដោះ​ឲ្យ​រួច​ពី​បណ្ដាសា។—សូម​អាន កាឡាទី ៣:១៣

១៥​. តើ​ដាវីឌ​បាន​ត្រូវ​ដឹក​នាំ​ដោយ​ព្រះ​ឲ្យ​សរសេរ​អំពី​ពរ​អ្វី​នៅ​អនាគត?

១៥ ព្រះ​យេហូវ៉ា​បាន​ដឹក​នាំ​អ្នក​សរសេរ​គម្ពីរ​ឯ​ទៀត​ក្រោយ​ម៉ូសេ ឲ្យ​រៀប​រាប់​អំពី​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ (​ទំនុក. ២១:៤; ៣៧:​២៩​) ជា​ឧទាហរណ៍ ដាវីឌ​ដែល​ជា​អ្នក​តែង​ទំនុក​តម្កើង​បាន​រៀប​រៀង​ទំនុក​មួយ​អំពី​សាមគ្គី​ភាព​ដែល​មាន​ក្នុង​ចំណោម​អ្នក​គោរព​ប្រណិប័តន៍​ពិត​នៅ​ទី​ក្រុង​ស៊ីយ៉ូន ដោយ​ថ្លែង​ថា​៖ ​«​នៅ​ទី​នោះ​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ព្រះ​ពរ គឺជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច​[​ឬ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​]​»។—ទំនុក. ១៣៣:៣

១៦​. តាម​រយៈ​អេសាយ តើ​ព្រះ​យេហូវ៉ា​បាន​សន្យា​អ្វី​អំពី​អនាគត​របស់​«​ផែនដី​ទាំង​មូល​»​?

១៦ ព្រះ​យេហូវ៉ា​បាន​ដឹក​នាំ​អេសាយ​ឲ្យ​ប្រកាស​ទំនាយ​អំពី​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ផែនដី។ (​សូម​អាន អេសាយ ២៥:៧, ៨​) ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់​ប្រៀប​ដូច​របស់​ដ៏​ធ្ងន់​មួយ​ដែល​គ្រប​សង្កត់​មនុស្ស​ជាតិ​ធ្វើ​ឲ្យ​ថប់​ដង្ហើម​និង​រើ​មិន​រួច។ ព្រះ​យេហូវ៉ា​ធានា​រាស្ត្រ​របស់​លោក​ថា ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់​នឹង​ត្រូវ​ដក​ឬ​បំផ្លាញ​ឲ្យ​សាប​សូន្យ​«​ពី​ផែនដី​ទាំង​មូល​ចេញ​»។

១៧​. ក្នុង​ទំនាយ​អំពី​មេស្ស៊ី តើ​តួនាទី​អ្វី​របស់​លោក​បាន​បើក​ឱកាស​ឲ្យ​មនុស្ស​ទទួល​ជីវិត​គ្មាន​ទី​បញ្ចប់?

១៧ សូម​ពិចារណា​អំពី​វិធី​ដែល​បាន​រៀប​រាប់​ក្នុង​ច្បាប់​ម៉ូសេ​ស្តី​អំពី​ពពែ​ដែល​គេ​បំបរបង់។ មួយ​ដង​ក្នុង​មួយ​ឆ្នាំ​នៅ​ថ្ងៃ​បុណ្យ​ធួន​នឹង​ភាព​ខុស​ឆ្គង សម្ដេច​សង្ឃ​បាន​‹ដាក់​ដៃ​ទាំង​២​នៅ​លើ​ក្បាល​ពពែ លន់​តួ​ពី​អស់​ទាំង​សេចក្ដី​ទុច្ចរិត​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទៅ​លើ​ក្បាល​ពពែ​នោះ។ ឯ​ពពែ​នោះ​ត្រូវ​ផ្ទុក​អស់​ទាំង​សេចក្ដី​ទុច្ចរិត​របស់​គេ លើ​ខ្លួន​ចេញ​ទៅ​ឯ​ទី​ដំបន់​សូន្យ​ស្ងាត់›។ (​លេវី. ១៦:៧​-​១០, ២១, ២២​) អេសាយ​បាន​ប្រកាស​ទំនាយ​អំពី​មេស្ស៊ី​ដែល​នឹង​លេច​មក ហើយ​មាន​តួនាទី​ស្រ​ដៀង​នឹង​ពពែ​នោះ ព្រម​ទាំង​ដាក់​«​សេចក្ដី​ឈឺ​ចាប់​»​ ​«​សេចក្ដី​ទុក្ខ​ព្រួយ​»​និង​«​អំពើ​បាប​របស់​មនុស្ស​ជា​ច្រើន​»​លើ​ខ្លួន​លោក ហើយ​យ៉ាង​នោះ​បើក​ឱកាស​ឲ្យ​មនុស្ស​អាច​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។—សូម​អាន អេសាយ ៥៣:៤​-​៦, ១២

១៨, ១៩​. តើ​សៀវភៅ​អេសាយ ២៦:១៩ និង​ដានីយ៉ែល ១២:១៣ ពន្យល់​អំពី​សេចក្ដី​សង្ឃឹម​អ្វី?

១៨ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​រាស្ត្រ​របស់​លោក​តាម​រយៈ​អេសាយ​ថា​៖ ​«​ពួក​ស្លាប់​របស់​ឯង គេ​នឹង​រស់​ទៀត គេ​នឹង​រស់​ឡើង​វិញ​ជា​មួយ​នឹង​សព​របស់​អញ។ ឯង​រាល់​គ្នា​ដែល​អាស្រ័យ​នៅ​ក្នុង​ធូលី​ដី​អើយ! ចូរ​ភ្ញាក់​ឡើង​ហើយ​ច្រៀង​ចុះ! ដ្បិត​ទឹក​សន្សើម​របស់​ឯង ប្រៀប​ដូច​ជា​ទឹក​សន្សើម​ពេល​ព្រលឹម ឯ​ដី​នឹង​បញ្ចេញ​មនុស្ស​ស្លាប់​មក​»។ (​អេ. ២៦:១៩​) បទ​គម្ពីរ​ភាសា​ហេប្រឺ​បង្ហាញ​យ៉ាង​ច្បាស់​ថា មនុស្ស​មាន​ក្ដី​សង្ឃឹម​រស់​ឡើង​វិញ ហើយ​ក៏​មាន​ក្ដី​សង្ឃឹម​រស់​នៅ​ផែនដី។ ជា​ឧទាហរណ៍ ពេល​ដានីយ៉ែល​មាន​អាយុ​ជិត​១០០​ឆ្នាំ ព្រះ​យេហូវ៉ា​បាន​ធានា​គាត់​ថា​៖ ​«​អ្នក​នឹង​ត្រូវ​សំ​រាក​ទៅ តែ​នឹង​បាន​ឈរ​ឡើង​វិញ ដើម្បី​ទទួល​ចំណែក​របស់​អ្នក​នៅ​គ្រា​ចុង​បំផុត​»។—ដាន. ១២:១៣

១៩ ម៉ាថា​មាន​ក្ដី​សង្ឃឹម​ទៅ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហេតុ​នេះ​ហើយ​បាន​ជា​គាត់​អាច​ជម្រាប​លោក​យេស៊ូ​ស្តី​អំពី​ប្អូន​ប្រុស​គាត់​ដែល​បាន​ស្លាប់​ថា​៖ ​«​ខ្ញុំ​ដឹង​ថា​គាត់​នឹង​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ចុង​ក្រោយ​»។ (​យ៉ូន. ១១:២៤​) តើ​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ ហើយ​សៀវភៅ​ដែល​អ្នក​កាន់​តាម​លោក​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ ផ្លាស់​ប្ដូរ​ក្ដី​សង្ឃឹម​នេះ​ទេ? តើ​ព្រះ​យេហូវ៉ា​នៅ​តែ​ផ្ដល់​ឲ្យ​មនុស្ស​នូវ​ក្ដី​សង្ឃឹម​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ផែនដី​ទេ? យើង​នឹង​ពិភាក្សា​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ​នៅ​អត្ថបទ​បន្ទាប់។

តើ​អ្នក​អាច​ពន្យល់​បាន​ទេ?

តើ​មនុស្ស​«​បាន​ត្រូវ​បណ្ដាល​ឲ្យ​មាន​ជីវិត​ដែល​ជា​អសារ​ឥត​ការ​»​ ដោយ​មាន​សេចក្ដី​សង្ឃឹម​អ្វី?

តើ​អ្វី​បង្ហាញ​ថា​អាប្រាហាំ​មាន​ជំនឿ​ទៅ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ?

តើ​ពាក្យ​ដែល​អេលីហ៊ូវ​និយាយ​ទៅ​កាន់​យ៉ូប​ផ្ដល់​ឲ្យ​មនុស្ស​មាន​ក្ដី​សង្ឃឹម​អ្វី?

ស្តី​អំពី​ក្ដី​សង្ឃឹម​ឲ្យ​រស់​ឡើង​វិញ ហើយ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ផែនដី តើ​បទ​គម្ពីរ​ភាសា​ហេប្រឺ​ដៅ​បញ្ជាក់​យ៉ាង​ដូច​ម្ដេច?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​១០]

ពាក្យ​ដែល​អេលីហ៊ូវ​និយាយ​ទៅ​កាន់​យ៉ូប​ផ្ដល់​ក្ដី​សង្ឃឹម​ថា មនុស្ស​នឹង​ត្រូវ​រំដោះ​ពី​ជរា​ភាព​និង​ក្ដី​ស្លាប់

[រូបភាព​នៅ​ទំព័រ​១២]

ព្រះ​បាន​ធានា​ដានីយ៉ែល​ថា ‹គាត់​នឹង​ឈរ​ឡើង​ដើម្បី​ទទួល​ចំណែក​របស់​គាត់​នៅ​គ្រា​ចុង​បំផុត›